VOA News: ព័ត៌មាន: “ចិនផ្តល់ជំនួយឯកសណ្ឋានយោធាដល់កងទ័ពកម្ពុជា” plus 2 more |
- ចិនផ្តល់ជំនួយឯកសណ្ឋានយោធាដល់កងទ័ពកម្ពុជា
- ក្លឹបភ្នំពេញក្រោនចូលប្រកួតវគ្គផ្តាច់ព្រ័ត្រយកពាន AFC President's Cup
- មីនចង្កោមត្រូវបានរកឃើញក្នុងផ្ទៃដីជាង៣០០ហិកតា
ចិនផ្តល់ជំនួយឯកសណ្ឋានយោធាដល់កងទ័ពកម្ពុជា Posted: 26 May 2011 10:38 AM PDT ប្រទេសចិនបានផ្តល់អំណោយឯកសណ្ឋានយោធាដល់ក្រសួងការពារជាតិកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ។ លោក ស្សាង ជានលីន (Zhang Jianlin) មន្ត្រីអនុព័ន្ធយោធាចិនអមស្ថានទូតចិនប្រចាំកម្ពុជា បានប្រគល់អំណោយទាំងនេះដល់លោកឧត្តមសេនីយ៍ឯក ស៊ុន សំណាង អគ្គនាយកនៃនាយកដ្ឋានភ័ស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងការពារជាតិកម្ពុជា ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ផ្កាយមាសបួន ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជានៅអាកាសយានដ្ឋានយោធាទីក្រុងភ្នំពេញ។ លោកស្សាង ជានលីន បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា ក្រសួងការពារប្រទេសចិនបានផ្តល់អំណោយជាសម្លៀកបំពាក់ចំនួន៥០.០០០សម្រាប់ ស្បែកជើងចំនួន៥ម៉ឺនគូ មួក៥ម៉ឺន ខ្សែក្រវ៉ាត់ចំនួន៥ម៉ឺន និងសាំងតែរ៉ុង(ខ្សែពាក់ឈៀង)ចំនួន៥០.០០០ដល់ក្រសួងការពារជាតិកម្ពុជា។ ប្រទេសចិនបានផ្តល់អំណោយជារថយន្តយោធាចំនួន២៥៧គ្រឿង និងសម្លៀកបំពាក់ចំនួន៥ម៉ឺនសម្រាប់ដល់កងទ័ពកម្ពុជានៅក្នុងខែមិថុនាឆ្នាំ២០១០។ ការផ្តល់អំណោយនេះត្រូវបានធ្វើឡើង បន្ទាប់ពីការសន្យារបស់លោក ហ៊ូ ជីនតាវ (Hu Jintao) ប្រធានាធិបតីចិន។ លោក ស្សាង ជានលីន បានថ្លែងថា ក្រសួងការពារប្រទេសចិន សង្ឃឹមថា អំណោយឯកសណ្ឋានទាំងនេះនឹងជួយសម្រាលដល់ការខ្វះខាតរបស់កងទ័ពកម្ពុជា ហើយអំណោយនេះក៏បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏ស្មោះត្រង់ និងដ៏ល្អរវាងកងទ័ពកម្ពុជា និងកងទ័ពចិន។ លោក ស្សាង ជានលីន បានបន្ថែមថាប្រទេសចិនរីករាយនឹងជួយកងទ័ពកម្ពុជាដើម្បីរិតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាតិទាំងពីរ។ លោក ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងថា អំណោយសម្លៀកបំពាក់យោធានេះគឺចំពេលដែលប្រទេសកម្ពុជាកំពុងតែខ្វះខាតសម្ភារៈយោធានេះ ហើយប្រទេសកម្ពុជាសង្ឃឹមថា ប្រទេសចិននឹងបន្តជួយដល់កងទ័ពកម្ពុជាបន្ថែមទៀត។ លោកសំផនបញ្ជាក់ថា៖ «ការខ្វះខាតរបស់យើងមិនជាខ្វះអ្វីទេ ប៉ុន្តែយើងត្រូវរកបំពេញបន្ថែម ដើម្បីឱ្យកងទ័ពរបស់យើងប្រើប្រាស់បានទូលំទូលាយបន្តិច»។ លោក ផាន ហ្គ័ងស្ស៊ូ (Pan Guangxue) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានផ្តល់អំណោយសៀវភៅជាភាសាចិនចំនួនជាង២០០ក្បាលដល់រាជបណ្ឌិតសភាកម្ពុជាកាលពីថ្ងៃពុធ។ សៀវភៅទាំងនេះរួមមានវចនានុក្រម សៀវភៅវប្បធម៌ សៀវភៅប្រពៃណី សៀវភៅសេដ្ឋកិច្ច សៀវភៅនយោបាយ សៀវភៅរឿង សៀវភៅវិទ្យាសាស្ត្រ និងសៀវភៅកំណាព្យជាដើម។ លោកឯកអគ្គរដ្ឋទូតចិន សង្ឃឹមថា សៀវភៅទាំងនេះនឹងជួយនិស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ឲ្យយល់ដឹងទូលំទូលាយអំពីប្រទេសចិន។ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក វ៉ាន ជីហ្វេ (Wan Jifei) ប្រធានសភាពាណិជ្ជកម្មអន្តរជាតិចិនបានចុះហត្ថលេខា លើអនុស្សារណៈយោគយល់ស្តីពីការអភិវឌ្ឍពាណិជ្ជកម្មទ្វេភាគីកាលពីថ្ងៃអង្គារសំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសជាតិទាំងពីរ។ លោក វ៉ាន ជីហ្វេ ជឿថា កម្ពុជានិងចិននឹងអាចសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន២ម៉ឺន៥ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១២៕ This posting includes an audio/video/photo media file: Download Now |
ក្លឹបភ្នំពេញក្រោនចូលប្រកួតវគ្គផ្តាច់ព្រ័ត្រយកពាន AFC President's Cup Posted: 26 May 2011 08:45 AM PDT បន្ទាប់ពីការប្រកួតជម្រុះវិលជុំអស់រយៈពេលចំនួនប្រាំថ្ងៃកន្លងមកនេះក្លឹបភ្នំពេញក្រោនរបស់កម្ពុជា និងក្លឹម Nefchi របស់ប្រទេសកៀកិស្ថាន មានលទ្ធភាពទៅរកការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វាន់ AFC President's Cup។ ក្នុងការប្រកួតជម្រុះវិលជុំនៅល្ងាចថ្ងៃពុធនេះ ក្លឹប Nefchi បានបំបាក់ក្លឹបភ្នំពេញក្រោនដែលជាម្ចាស់ផ្ទះក្នុងពិន្ទុ១ទល់នឹង០ក្នុងនាទីទី៧៨។ ក្រុមកីឡាករទាំងពីរបានធ្វើការប្រកួតយ៉ាងស្វិតស្វាញ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ក្រុមទាំងពីរមានវាសនាដូចគ្នា បានឈានទៅរកការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនាពេលខាងមុខនេះ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះនឹងចាប់ផ្តើមពីថ្ងៃទី១៩ដល់ថ្ងៃទី២៥ ខែកញ្ញា ក៏ប៉ុន្តែមិនទាន់ដឹងថា ប្រទេសណាជាអ្នករៀបចំការប្រកួតទេ។ ប្រទេសចំនួន៦យ៉ាងតិច ត្រូវបានជ្រើសរើសក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ដែលរួមមាន កម្ពុជា ចិនតៃប៉ិក ភូមា កៀជីស្ថាន ទកមិនីស្ថាន (Turkmenistan) និង តាជីគីស្ថាន (Tajikistan)។ លោកម៉ៃ តុលា អ្នកនាំពាក្យសហព័ន្ឋកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា បើទោះបីជាក្លឹបភ្នំពេញក្រោនមិនទទួលបានជ័យជម្នះក៏ដោយ ក៏កម្ពុជាបានឈានទៅការប្រកួតវគ្គផ្តាច់ព្រ័ត្រដែរ។ លោកបានមានប្រសាសន៍ទៀតថា ក្លឹប Nefchi បានលេខ១ ហើយក្លឹបភ្នំពេញក្រោនទទួលបានចំណាត់ថ្នាក់លេខ២។ «តាមពិតថ្ងៃនេះ បើតាមការវាយតម្លៃយើងឃើញក្រុមកម្ពុជាភ្នំពេញក្រោនក៏លេងបានល្អដែរ ជាពិសេសនៅផ្នែកខ្លះក្នុងវគ្គទី២ ដោយសារទី១ឃើញថា នៅក្នុងការចាប់ផ្តើមវគ្គដំបូងដោយសារតែគ្រូគាត់រៀបចំដាក់សមាសភាពដែលកីឡាករល្អៗ គឺទុកសិនមិនទាន់ដាក់ពីដំបូង»។ ការប្រកួតកីឡាបាល់ទាត់ដើម្បីដណ្តើមពានរង្វាន់ AFC President's Cup នេះ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់វិស័យកីឡានៅក្នុងប្រទេសដែលមានវិស័យកីឡាដ៏អន់ថយ។ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតជម្រុះវិលជុំចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៥នេះ ហើយសម្រាប់អ្នកដែលបានទទួលពានរង្វាន់ និងទទួលបានទឹកប្រាក់ចំនួន៥០.០០០ ដុល្លារអាមេរិក។ កម្ពុជាពុំធ្លាប់បានទទួលជោគជ័យក្នុងការប្រកួត AFC President's Cup ទេ ចាប់តាំងពីការប្រកួតនេះ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០០៥មកម្ល៉េះ។ ការប្រកួត AFC President's Cup មានចំនួន៤៧ប្រទេសជាសមាជិកនៅក្នុងទ្វីបអាស៊ីដែលសុទ្ធសឹងជាប្រទេសដែលមានវិស័យកីឡាដ៏អន់ថយ៕ This posting includes an audio/video/photo media file: Download Now |
មីនចង្កោមត្រូវបានរកឃើញក្នុងផ្ទៃដីជាង៣០០ហិកតា Posted: 25 May 2011 03:18 PM PDT ក្រុមមន្ត្រីអាជ្ញាធរមីនបានថ្លែងនៅថ្ងៃពុធនេះថា មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានរកឃើញផ្ទៃដីទំហំជាង៣០០ហិកតា គ្របដណ្តប់ដោយគ្រាប់មីនចង្កោមដែលត្រូវបានបាញ់ដោយកងទ័ពថៃចូលមកក្នុងទឹកដីកម្ពុជានៅតាមព្រំដែនក្បែរប្រាសាទព្រះវិហារ។ កងទ័ពថៃបានបាញ់កាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រដោយផ្ទុកគ្រាប់មីនចង្កោមចូលមកក្នុងទឹកដីកម្ពុជាក្នុងអំឡុងប្រយុទ្ធគ្នាជាមួយកងទ័ពកម្ពុជានៅតាមព្រំដែនក្បែរប្រាសាទព្រះវិហារនៅថ្ងៃទី៤ដល់ទី៧ ខែកុម្ភៈឆ្នាំ២០១១។ លោក ហេង រតនា អគ្គលេខាធិការមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានថ្លែងប្រាប់វីអូអេខ្មែរថា៖ «ឥឡូវនេះ វាមិនទាន់ហើយទេ។ វានៅច្រើនទៀត។ យើងធ្វើការស្រាវជ្រាវ (ក្នុងតំបន់រងផលប៉ះពាល់ដោយគ្រាប់មីនចង្កោម) កំពុងរីកចម្រើននៅឡើយ។ មកដល់ថ្ងៃនេះ យើងបានរកឃើញទំហំផ្ទៃដីជាង៣០០ហិកតា ដែលទទួលរងផលប៉ះពាល់ពីការបាញ់គ្រាប់មីនចង្កោមរបស់កងទ័ពថៃកាលពីខែកុម្ភៈ»។ ក្រុម CMAC បានចាប់ផ្តើមធ្វើការស្រាវជ្រាវតំបន់រងផលប៉ះពាល់ដោយគ្រាប់មីនចង្កោមនៅថ្ងៃទី២០ខែមេសា។ លោក ជេន អេរិកស្ទៀ មន្ត្រីគ្រប់គ្រងកម្មវិធីសកម្មភាពមីននៃអង្គការជំនួយរបស់ប្រជាពលរដ្ឋណ័ររវ៉ បានថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃពុធនេះថា មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា និងអង្គការជំនួយរបស់ប្រជាពលរដ្ឋណ័រវ៉េបានចុះបេសកកម្មសង្កេត ឬបេសកកម្មស្វែងរកការពិតនៅកន្លែងកើតហេតុដែលបានធ្វើឡើងថ្ងៃទី១-២ ខែមេសា។ លោកជេន អេរិកស្ទៀ បានបញ្ជាក់ថា៖ «យើងបានរកឃើញតំបន់ទទួលរងផលប៉ះពាល់ដោយគ្រាប់មីនចង្កោមចំនួន១២កន្លែងនៅប្រាសាទព្រះវិហារ។ តំបន់ប៉ះពាល់ចំនួន១២កន្លែងដោយមានស្លាកស្នាមគ្រាប់មីនចង្កោមជាច្រើន គ្របដណ្តប់លើផ្ទៃដីប្រមាណ១,៥ ទៅ ២លានម៉ែក្រការ៉េ។ គោលបំណងនៃបេសកកម្មនេះគឺបញ្ជាក់ពីការចោទប្រកាន់អំពីការប្រើគ្រាប់មីនចង្កោម វាយតម្លៃផលប៉ះពាល់ជាមួយ អ្នកភូមិ និងវាយតម្លៃការគំរាមកំហែងប្រជាពលរដ្ឋ»។ លោក ជេន អេរិកស្ទៀ បានបន្ថែមថា តំបន់ប៉ះពាល់ចំនួនបួនកន្លែង ក្នុងចំណោម១២កន្លែងត្រូវបានបញ្ជាក់ថា ជាភូមិ ហើយប្រជាពលរដ្ឋរវាងពី៥.០០០នាក់ ទៅ១០.០០០នាក់បានទទួលផលប៉ះពាល់ដោយផ្ទាល់ដោយការប្រើគ្រាប់មីនចង្កោមនេះដែលមានន័យថា តំបន់ទាំងនេះមានគ្រាប់មីនតូចៗនៅចន្លោះផ្ទះដែលការរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះប្រឈមនឹងគ្រោះថ្នាក់។ លោកបញ្ជាក់ថា៖ «យើងរកឃើញប្រភេទគ្រាប់មីនពីរប្រភេទ គឺប្រភេទ M៤២ និងប្រភេទ M៨៥»។ លោក ជេន អេរិកស្ទៀ បានបន្តថា គ្រាប់មីនតូចៗជាច្រើនដែលមិនទាន់ផ្ទុះបានបង្កឱ្យមានផលប៉ះពាល់ និងធ្វើឱ្យមានគ្រោះថ្នាក់រយៈពេលយូរដោយគ្រាប់មិនទាន់ផ្ទុះតូចៗយ៉ាងប្រល័យនេះ និងមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដីធ្លីកសិកម្ម ការធ្វើដំណើរ និងទេសចរណ៍។ ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានប្រជាពលរដ្ឋណាម្នាក់បានរងគ្រោះដោយគ្រាប់មីនចង្កោមនេះទេ។ ក្រុមអាជ្ញាធរមីនបានប៉ាន់ស្មានថា ក្រុមអ្នកដោះមីនអាចនឹងប្រើរយៈពេលចាប់ពីមួយឆ្នាំឡើងទៅដើម្បីបោសសម្អាតគ្រាប់មីនចង្កោមនេះ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |