VOA News: ព័ត៌មាន: “សាលា​ក្រុង​​ភ្នំពេញ​​មិន​ឲ្យ​ពលរដ្ឋ​តំបន់​បឹងកក់​ហែ​ក្បួន​បាតុកម្ម” plus 4 more

VOA News: ព័ត៌មាន: “សាលា​ក្រុង​​ភ្នំពេញ​​មិន​ឲ្យ​ពលរដ្ឋ​តំបន់​បឹងកក់​ហែ​ក្បួន​បាតុកម្ម” plus 4 more


សាលា​ក្រុង​​ភ្នំពេញ​​មិន​ឲ្យ​ពលរដ្ឋ​តំបន់​បឹងកក់​ហែ​ក្បួន​បាតុកម្ម

Posted: 24 May 2011 02:34 PM PDT

សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​សម្រេច​មិន​ឲ្យ​ក្រុម​ប្រជា​ពលរដ្ឋ​តំបន់​បឹងកក់​ដែល​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ ធ្វើការ​ដើរ​ហែ​ក្បួន​បាតុកម្ម​នៅ​ថ្ងៃពុធ​ស្អែក​នេះ​ឡើយ ​មូលហេតុ​ដោយ​សារ​តែ​ខ្លាច​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​និង​ស្ថិរភាព​សង្គម​ នេះ​បើ​យោង​តាម​សេចក្ដី​សម្រេច​ក្រោយ​ពី​កិច្ច​ប្រជុំ​រវាង​តំណាង​ប្រជា​ពលរដ្ឋ​តំបន់​បឹងកក់​ចំនួន​ដប់នាក់​ជាមួយ​លោក​ កើត ឆែ​ នាយក​រង​ខុទ្ទកាល័យ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

ក្រុម​អ្នក​ភូមិ​បឹងកក់​ប្រមាណ​ជា​១.៥០០​គ្រួសារ​ ដែល​នៅ​សេស​សល់​ពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ គ្រោង​នឹង​ធ្វើការ​ដើរ​ដង្ហែ​ជា​ក្បួន​បាតុកម្ម​តាម​ដង​ផ្លូវ​នៅ​ថ្ងៃ​ស្អែក​នេះ​ ដោយ​ឆ្លង​កាត់​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ទៅ​កាន់​វិមាន​ឯករាជ្យ​កាត់មុខ​ព្រះបរមរាជវាំង​ និង​វិល​មក​កាន់​វត្តភ្នំ​វិញ។​ គោល​បំណង​គឺ​ដើម្បី​ជំរុញ​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ធ្វើការ​សម្រេច​ចេញ​ជារូបរាង​ពិត​ប្រាកដ​ឲ្យ​បាន​ឆាប់​រហ័ស​នូវ​ការ​សន្យា​ស្ដីពី​ការ​ធ្វើ​ការ​អភិវឌ្ឈ​នៅ​នឹង​កន្លែង​សម្រាប់​ពួក​គេ។

នៅ​ក្នុង​សេចក្ដី​សម្រេច​នៅថ្ងៃ​នេះ​ សាលា​រាជធានី​ភ្នំពេញ​បាន​ហាមប្រាម​មិន​ឲ្យ​ក្រុម​ប្រជាជន​ទាំងនេះ​ធ្វើ​តាម​គម្រោង​របស់​ពួក​គេ​ឡើយ ​ប៉ុន្ដែ​បាន​កំណត់​ថ្ងៃ​ជួប​ជជែក​ដោះស្រាយ​ជាមួយ​ពួកគេ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ។

សេចក្តី​រាយការណ៍​អំពី​ការ​បង្ក្រាប​ហឹង្សា​របស់​ប៉ូលីស​ទៅ​លើ​អ្នក​តវ៉ា​បឹងកក់​កាល​ពី​ថ្ងៃ​ទី​២១​ខែ​មេសា​កន្លង​ទៅ​នេះ៖


លោក​ កើត ឆែ ​នាយក​រង​ខុទ្ទកាល័យ​សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់​តាម​ទូរស័ព្ទ​ថា​ លោក​មិន​មាន​អ្វី​បញ្ជាក់​បន្ថែម​លើស​ពី​កំណត់​ហេតុ​ចំពោះ​មុខ​ក្រុម​ប្រជា​ពលរដ្ឋ​តំបន់​បឹងកក់​កាល​ពី​ព្រឹកមិញ​នោះ​ទេ។

«ខ្ញុំអត់​អ្វីប​ញ្ជាក់​លើស​ពី​កំណត់ហេតុ​ខ្ញុំ​បាន​ចុះ​ហត្ថលេខា​ជាមួយ​គាត់​ទេ។ ​អញ្ចឹង​ក្នុង​កំណត់ហេតុ​មាន​សរសេរ​អស់​ហើយ»។

អ្នកស្រី​ទេព​ វណ្ណី ​តំណាង​សហគមន៍​បឹងកក់​ មាន​ប្រសាសន៍​ថា​ ក្រុម​អ្នកភូមិ​យល់​ព្រម​តាម​សេចក្ដី​សម្រេចរ​បស់​សាលា​រាជធានី​ភ្នំពេញ​ ក៏​ប៉ុន្ដែ​ក្រុម​អ្នក​ភូមិ​គ្រោង​នឹង​ទាមទារ​ឲ្យ​អាជ្ញាធរ​ក្រុងភ្នំពេញ​សន្យា​ជាក់ស្ដែង​ចំពោះ​មុខ​ពួកគេ​ក្នុង​ជំនួប​ខាង​មុខ​នេះ។

«ពួកខ្ញុំ​ជជែក​អំពី​បញ្ហា​នេះ​​សម្រេច​តែម្តង​ ឲ្យ​មាន​លាយ​លក្ខណ៍​អក្សរ​ឲ្យ​ច្បាស់លាស់​នៅ​ក្នុង​ថ្ងៃ​នេះ​តែ​ម្តង​ ពីព្រោះ​សំណើ​ខ្ញុំ​ដាក់​ច្រើន​ដង​ហើយ។ ​អញ្ចឹង​ឯកសារ​អ្វី​ដែល​ប្រជា​ពលរដ្ឋ​ចង់​បាន​ គឺ​ការ​ទាមទារ​របស់​គាត់​សុំ​នៅ​តំបន់​បឹងកក់។​ អញ្ចឹង​ពួក​ខ្ញុំ​ចង់​ឲ្យ​គាត់​ជួប​ប្រជុំ​ជាមួយ​សហគមន៍​បឹងកក់​នៅ​ថ្ងៃទី​២៧​ គឺ​សម្រេច​នូវ​សំណើ​តែម្តង»។

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ជួល​ដី​តំបន់​បឹងកក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ Sukaku Inc ​របស់​លោក​ឧកញ៉ា​ឡាវ ម៉េង​ឃីន ​និង​ជា​​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ឆ្នាំ​២០០៧​ ដើម្បីធ្វើ​ការ​អភិវឌ្ឍ​ក្នុង​តម្លៃ​៧៩​លាន​ដុល្លារ​អាមេរិក​លើ​ផ្ទៃដី​ចំនួន​១៣៣​ ហិកតា​សម្រាប់​រយៈពេល​ជិត​មួយ​សតវត្ស​គឺ​៩៩​ឆ្នាំ។ ​ចាប់​ពី​ពេល​នោះ​មក​ ប្រជាជន​ប្រមាណ​ជា​៤.០០០​គ្រួសារ​បាន​ទទួល​រង​ការ​បណ្ដេញ​ចេញ​ជា​បន្ដ​បន្ទាប់​ ហើយ​ការ​តវ៉ា​របស់​ពួក​គេ​មួយ​ចំនួន​ទទួល​បាន​ការ​រារាំង​ និង​ការ​បង្រ្កាប​យ៉ាង​ហិង្សា។

កាលពី​ថ្ងៃ​ទី​១៦​ខែ​ឧសភា​នេះ ​ធនាគារ​ពិភព​លោក​ ដែល​ជាម្ចាស់​ជំនួយ​ដ៏ធំ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ និង​ភាគី​អ្នកភូមិ​បឹងកក់​ដែល​កំពុង​ប្រឈម​មុខ​គ្នា​ក្នុង​ជម្លោះ​ដី​ធ្លីនេះ​ រក​ដំណោះ​ស្រាយ​ជាមួយ​គ្នា​ ហើយ​ធនាគារ​ពិភព​លោក​ព្រមាន​ថា ​ខ្លួន​នឹង​តាម​ឃ្លាំមើល​ដំណើរការ​នេះ​យ៉ាង​ដិតដល់​បំផុត៕

This posting includes an audio/video/photo media file: Download Now

សាលា​ឧទ្ធរណ៍​តម្កល់​សាលដីកា​ផ្តន្ទាទោស​​ប្រធាន​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ

Posted: 24 May 2011 02:15 PM PDT

សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​តម្កល់​សាលដីកា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដោយ​សម្រេច​ផ្តន្ទាទោស​លោក​មឿង សុន ​ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​ដដែល ​ក៏​ប៉ុន្តែ​បាន​កែប្រែ​បទ​ចោទ​ប្រកាន់​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​មក​ញុះញ៉ង់​វិញ​ គឺ​តាម​មាត្រា​៤៩៤ ​និង​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី។

អ្នកស្រី​ចាន់ ម៉ាឌីណា​ ចៅក្រម​ប្រឹក្សា​នៃ​សាលា​ឧទ្ធរណ៍​បាន​ប្រកាស​ថា ​តាម​ការ​ស្តាប់​ខ្សែ​អាត់​សំឡេង​ជា​ស៊ីឌី​ និង​វីស៊ីឌី ​ជន​ជាប់ចោទ​លោក​មឿង សុន​ពិតជា​បាន​ញុះញ៉ង់​ធ្វើ​ឲ្យ​សាធារណ​ជន​មាន​ការ​ភាន់​ច្រឡំ​ និង​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម។

អ្នកស្រី​បាន​បញ្ជាក់​ទៀត​ថា​ សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាល​ដីកា​របស់​សាលា​ដំបូង​ឲ្យ​នៅ​ដដែល។ ​ក៏​ប៉ុន្តែ​បាន​បន្ធូរ​បន្ថយ​ពិន័យ​ជាប្រាក់​ពី​១៥​លានរៀល​ មក​នៅត្រឹម​៤​លាន​រៀល​វិញ។

លោក​មឿង សុន ​អាយុ​៦២​ឆ្នាំ ​ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​ ដែល​បច្ចុប្បន្ន​នេះ​កំពុង​ស្នាក់នៅ​ឯ​ក្រៅ​ប្រទេស​នោះ ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​កំបាំង​មុខ​ កាលពី​ថ្ងៃទី​១៤​ខែ​កក្កដា​ ឆ្នាំ​២០០៩​ ដោយ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរឆ្នាំ​ និង​ពិន័យ​ជាប្រាក់​ចំនួន​១៥​លានរៀល​ ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ ដោយ​ភ្ជាប់​ទៅ​នឹង​ខ្លឹមសារ​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ទី២៦​ខែ​ឧសភា​ឆ្នាំ​២០០៩។

នៅ​ក្នុង​អង្គ​សន្និសីទ​កាសែត​នោះ ​លោក​មឿង សុន​បាន​លើក​ឡើង​ថា​ ការ​ដាក់​តំាង​អំពូល​ភ្លើង​អគ្គិសនី​សម្រាប់​បំភ្លឺ​នៅ​ប្រាសាទ​អង្គរវត្ត​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ថ្ម​របស់​ប្រាសាទ​ ហើយ​កម្តៅ​ដែល​ភាយ​ចេញ​ពី​អំពូល​ហ្នឹង​ធ្វើ​ឲ្យ​ក្បាច់​របស់​ប្រាសាទ​សឹក​រិចរិល។

លោក​ប៉ាល់ ចាន់តារា​ មេធាវី​ការពារ​ក្តី​ឲ្យ​រដ្ឋាភិបាល​ បាន​សាទរ​ចំពោះ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍។ ​លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ទាំង​សាលា​ដំបូង ​និង​សាលា​ឧទ្ធរណ៍​ពិតជា​បាន​ផ្តល់​យុត្តិធម៌​ជូន​រដ្ឋាភិបាល។

«ទោះបី​ត្រង់​ចំណុច ​ដែល​ពិន័យ​ជាប្រាក់​ពី​៧​លាន​មក​៤​លាន​រៀល​ ដែល​សាលា​ឧទ្ធរណ៍​ប្រកាស​អម្បាញ់​មិញនេះ ​ខ្ញុំ​យល់​ឃើញ​ថា​ ទាំង​សាលា​ឧទ្ធរណ៍​ ទំាង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពិតជា​បាន​រក​យុត្តិធម៌​ជូន​រាជ​រដ្ឋាភិបាល​ប្រាកដ​មែន»។

លោក​សុខ សំអឿន​ មេធាវី​ការពារក្តី​ឲ្យ​លោក​មឿង សុន ​បាន​មាន​ប្រសាសន៍​ថា​ លោក​ទទួល​សាលក្រម​របស់​សាលា​ឧទ្ធរណ៍​ ក៏ប៉ុន្តែ​លោក​នឹង​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត។

«ឥឡូវ​នៅ​តុលាការ​ស្រុក​ខ្មែរ​ យើង​ដោះ​រឿង​​មួយ​ គេ​ទៅ​ជា​យក​រឿង​មួយ​ទៀត​មក​ដាក់។​ កាលពី​មុន​ម៉េច​ក៏​មិន​ចោទ​ថា​ញុះញ៉ង់​អញ្ចឹង​ដែរទៅ? ​ម៉េច​ចាំបាច់​ដូរ​ពេល​នេះ? អញ្ចឹង​យើង​មាន​ការ​ពិបាក។​ ធម្មតា​បើ​យើង​មេធាវី​ការពារ​ក៏យើង​មិន​ដឹង​ការពារ​ម៉េច​ដែរ​ បើ​សិន​ការពារ​បទ​ល្មើស​មួយ​ ហើយ​គេ​ទៅ​យក​បទល្មើស​មួយ​ទៀត​មក​ដាក់ ​ធ្វើ​យ៉ាង​ម៉េច​ទៅ?»

ចំណែក​អ្នកស្រី​យី ផល្លី ​អាយុ​៦៦ឆ្នាំ​ ត្រូវ​ជា​ភរិយា​របស់​លោក​មឿង សុន​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​បរិវេណ​របស់​សាលា​ឧទ្ធរណ៍​ថា​ តុលាការ​គួរតែ​ពិចារណា​ម្តងទៀត​ អំពី​ទោស​កំហុស​ស្វាមី​របស់​អ្នកស្រី។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ប្រសិន​បើ​លោក​មឿង សុន​បាន​ប្រព្រឹត្ត​ខុស​ ហេតុអ្វី​បាន​ជា​អំពូល​ភ្លើង​ត្រូវ​ដោះ​ចេញ​ពី​ប្រាសាទ​អង្គរវត្ត?

«អំពូល​ភ្លើង​ដោះចេញ​ហើយ​ មនុស្ស​នៅតែ​ជាប់​ទោស​ទៀត។ អាហ្នឹង​ខ្ញុំ​សូម​ឲ្យ​សម្តេច​ទាំងបី​ ហើយ​នឹង​ព្រះ​ករុណា​ សូម​ជួយ​ដោះស្រាយ​ផង ​ឲ្យ​កូន​ចៅ​បាន​រួចខ្លួន​ បាន​ចូល​មក​ស្រុក​វិញ»។

អាជ្ញាធរ​អប្សរា​ធ្លាប់​បាន​ចេញ​សេចក្តី​បំភ្លឺ​ថា​ ការ​ដាក់​អំពូល​ភ្លើង​អគ្គិសនី​នៅ​ប្រាសាទ​អង្គរវត្ត​ពុំ​បាន​ប៉ះពាល់​ដល់​ថ្ម ​និង​ក្បាច់​ចម្លាក់​របស់​ប្រាសាទ​អង្គរវត្ត​ទេ។ ​ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ បន្ទាប់ពី​មាន​ការ​រិះគន់​របស់​លោក​មឿង​ សុន ​ការ​ដាក់​តាំង​អំពូល​ភ្លើង​នៅ​ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​ដោះ​ចេញ​ហើយ៕

This posting includes an audio/video/photo media file: Download Now

ចៅហ្វាយ​ក្រុង​ភ្នំពេញ​មិន​ឲ្យ​មន្ត្រី​ផ្តល់​ព័ត៌មាន​រឿង​គ្រឿង​ញៀន

Posted: 24 May 2011 01:57 PM PDT

សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​បម្រាម​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ឱ្យ​បញ្ឈប់​ការ​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​ការ​បង្ក្រាប​គ្រឿង​ញៀន​និង​បទ​ល្មើស​ផ្សេងៗ​ដល់​បណ្តាញ​សារព័ត៌មាន។​ បម្រាម​នេះ​ត្រូវ​មន្ត្រី​សិទ្ធិ​មនុស្ស ​និង​សមាគម​អ្នក​កាសែត​រិះគន់​នៅ​ថ្ងៃ​អង្គារ​នេះ។

បម្រាម​ចុះ​ថ្ងៃទី​១១​ខែ​ឧសភា​នេះ​បាន​ហាមឃាត់​ការ​ផ្តល់​ព័ត៌មាន​ជុំវិញ​ការ​បង្ក្រាប​គ្រឿងញៀន​ និង​បទ​ល្មើស​ផ្សេងៗ ​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ ​និង​មាន​ចរិត​ជា​បទ​ល្មើស​បន្ត។

លោក​កែប ជុតិមា ​អភិបាល​រាជធានី​ភ្នំពេញ ​បាន​បញ្ជាក់​នៅ​ក្នុង​បម្រាម​នេះ​ថា ​ដើម្បី​ជៀសវាង​បាតុភាព​អសកម្ម ​សាលា​រាជធានី​ភ្នំពេញ​សូម​ណែនាំ​ដល់​លោក​អភិបាល​ខណ្ឌ​ទាំង​ប្រាំបី​ មិនត្រូវ​ផ្តល់​ព័ត៌មាន​ដល់​បណ្តាញ​សារព័ត៌មាន​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ​ជា​ដាច់ខាត។

លោក​កែប ជុតិមា ​បាន​បន្ត​ថា​ ក្នុង​ករណី​នៅ​តែ​ផ្តល់​ព័ត៌មាន​ដល់​បណ្តាញ​សារព័ត៌មាន​ ដោយ​គ្មាន​ការ​អនុញ្ញាត​ទៀត​ នឹង​ត្រូវ​ទទួល​វិន័យ​ផ្នែក​រដ្ឋបាល​ និង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជាធរមាន។

លោក​ប៉ែន សមិទ្ធី ​ប្រធាន​ក្លឹម​អ្នក​កាសែត​កម្ពុជា ​បាន​ថ្លែង​យ៉ាងដូ​ច្នេះ​ថា៖​ «គេហាម​ដោយសារ​តែ​វា​អាច​បែក​ការ​សម្ងាត់​ ប៉ុន្តែ​ទោះ​យ៉ាងម៉េច​ក៏ដោយ ​គួរមាន​ច្រក​មួយ​ដើម្បី​ធ្វើ​ទំនាក់​ទំនង​ជាមួយ​អ្នក​សារព័ត៌មាន​ ដើម្បី​រួមគ្នា​ក្នុង​ការ​ទប់ស្កាត់​រឿង​គ្រឿងញៀន​នេះ។​ សំបុត្រ​នេះ​កំហិត​ក្នុង​ក្របខ័ណ្ឌ​គ្រឿងញៀន​ និង​បទ​ល្មើស​ដែល​អត់ទាន់​ចប់។ ​របៀប​នេះ​មិនមែន​ជា​វិធី​ដោះ​ស្រាយ​ទេ»។

លោក​អ៊ូ វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ថ្លែង​ថា​ សាលា​រាជធានី​ភ្នំពេញ​គួរតែ​បញ្ជាក់​អំពី​មូលហេតុ​ជាក់លាក់​អំពី​ការ​ហាមឃាត់​មន្ត្រី​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដល់​បណ្តាញ​សារព័ត៌មាន។

«យើង​យល់ថា​ ការ​បិទនេះ​អាច​នឹង​ឈាន​ទៅ​បិទ​ព័ត៌មាន​លើស​លប់។ ​បើ​អ្នក​សារព័ត៌មាន​ទទួល​បាន​ព័ត៌មាន​ គាត់​មាន​សិទ្ធិ​ផ្សាយ​ហើយ។​ វា​អត់​មាន​អ្វី​ខុស​ទេ។​ លើក​លែង​​ករណី​កំពុង​ស៊ើប​អង្កេត​ ហើយ​មាន​មូលហេតុ។ ​ធម្មនុញ្ញ​របស់​យើង​អាច​អនុញ្ញាត​ឱ្យ​បិទ​ព័ត៌មាន​ទាក់ទង​នឹង​សន្តិសុខ​ជាតិ»។

លោក​នេត្រ ភត្រា ​អគ្គលេខាធិការ​សមាគម​ការពារ​អ្នក​កាសែត​កម្ពុជា​ បាន​ថ្លែង​ថា​ បម្រាម​នេះ​គឺ​ជា​ការ​បញ្ចប់​នូវ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ ​និង​សិទ្ធិ​យក​ព័ត៌មាន​របស់​អ្នក​កាសែត។

«ខ្ញុំ​គិត​ថា​ បម្រាម​របស់​សាលាក្រុង​ភ្នំពេញ​ហាមឃាត់​អាជ្ញាធរ​ក្រោម​បង្គាប់​របស់​ខ្លួន​មិន​ឱ្យ​បញ្ចេញ​នូវ​ព័ត៌មាន​ទាក់ទង​ជាមួយ​ការ​បង្ក្រាប​គ្រឿងនេះ​ វា​ជា​ការ​រំលោភ​សិទ្ធិ​ ក៏​ដូចជា​ការ​បិទសិទ្ធិ​ក្នុង​ការ​ទទួល​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ ​ក៏​ដូច​ជា​សិទ្ធិ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​អ្នក​កាសែត​ដែរ»។

លោក​ធន សារ៉ាយ​ ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​ Adhoc ​បាន​ថ្លែង​ថា ​អាជ្ញាធរ​មាន​សិទ្ធិ​បិទ​បាំង​ព័ត៌មាន​ ខណៈ​ដែល​អាជ្ញាធរ​កំពុង​តែ​បង្ក្រាប​និង​ចាប់​ខ្លួន​ជន​ល្មើស​គ្រឿង​ញៀន​និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ ប៉ុន្តែ​ក្រោយ​ប្រតិបត្តិការ​ អាជ្ញាធរ​ត្រូវ​ជូន​ព័ត៌មាន​ដល់​សាធារណជន។

«ការ​សម្ងាត់​ធំ​ពីរ​ដែល​គេ​មិន​អាច​ប្រាប់​ទៅ​សាធារណជន​បាន​ គឺ​ទីមួយ​រឿង​សន្តិសុខ​ជាតិ ​និង​ទីពីរ​រឿង​កំពុង​ចាប់​ជនល្មើស។ ​ប៉ុន្តែ​នៅពេល​អាជ្ញាធរ​បង្ក្រាប​រួច ​អាជ្ញាធរ​ត្រូវ​ជូន​ដំណឹង​ដល់​សាធារណជន​ ដើម្បី​ជា​ការព្រមាន ​និង​បំបាក់​ស្មារតី​អ្នក​កំពុង​ប្រព្រឹត្ត​ និង​អ្នក​ត្រៀម​ប្រព្រឹត្ត​បទល្មើស​ទៅ​ថ្ងៃ​មុខ»។

បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ​បាន​បញ្ជាក់​ថា​ ប្រតិបត្តិការ​បង្ក្រាប​ឈាន​ដល់​ការ​ចាប់​មេខ្លោង​ ត្រូវ​ជួប​ការ​លំបាក​ស្មុគស្មាញ​ ដោយសារ​តែ​ជន​ល្មើស​បាន​ដឹង​តាម​រយៈ​សារ​ព័ត៌មាន​ផ្សព្វផ្សាយ​ ដែល​បាន​ផ្តល់​ដោយ​មន្ត្រី​មាន​សមត្ថកិច្ច៕

This posting includes an audio/video/photo media file: Download Now

រឿង​ចម្រូង​ចម្រាស​ក្នុង​សំណុំ​រឿង​០០៣​និង​០០៤​មាន​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ

Posted: 24 May 2011 12:39 PM PDT

អ្នក​ឃ្លាំមើល​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​បង្ហាញ​ឲ្យ​ឃើញ​ថា ​ភាព​ចម្រូងចម្រាស​ចុងក្រោយ​ទាក់ទង​នឹង​ដំណើរការ​នាំខ្លួន​ជន​សង្ស័យ​បន្ថែម​មក​ជំនុំជម្រះ​ទោស​ មាន​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ។

អ្នក​ឃ្លាំមើល​អន្តរជាតិ​មួយ​ចំនួន​សម្រាប់​សាលាក្តី​ខ្មែរក្រហម​កត់​សម្គាល់​ថា​ សម្ពាធ​នយោបាយ​ ដែល​រារាំង​មិនឲ្យ​មាន​ការ​កាត់ទោស​បន្ថែម​លើ​ជន​សង្ស័យ​ជា​កម្មាភិបាល​ខ្មែរក្រហម​នោះ​ ត្រូវ​គេ​ចាត់​ទុក​ថា​ជាស្នូល​នៃ​ភាព​ចម្រូង​ចម្រាស​​ចុង​ក្រោយ​ក្នុង​តុលាការ​កាត់ទោស​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប.។

សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​លោក​ Andrew ​Cayley​ ជនជាតិ​អង់គ្លេស ​បាន​និយាយ​ ជា​ចំហ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​ថា ​សហ​ចៅក្រម​ស៊ើប​អង្កេត​ទាំង​ពីរ​ ខកខាន​មិន​បាន​ស៊ើប​អង្កេត​ឲ្យ​បាន​គ្រប់គ្រាន់​លើ​សំណុំ​រឿង​០០៣​ទាក់ទង​នឹង​ បទ​ឧក្រិដ្ឋ​ ទីតាំង​ឧក្រិដ្ឋកម្ម​ និង​មិន​បាន​កោះហៅ​ជនសង្ស័យ​មក​សាកសួរ​ដើម្បី​នាំ​ខ្លួន​ ជន​សង្ស័យ​បន្ថែម​ទៀត​មក​ជំនុំ​ជម្រះ​ទោស​ទេ។​ ភ្លាមៗ​នោះ​ សហ​ចៅក្រម​ស៊ើប​អង្កេត​ទាំងពីរ​គឺ​ លោក​យូ ប៊ុនឡេង​ និងលោក​ Siegfried Blunk​ ជនជាតិ​អាល្លឺម៉ង់​បាន​ចាត់​ទុក​ថា​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហ​ព្រះរាជ​អាជ្ញា​ជា​ការ​ខុស​ច្បាប់​និង​រំលោភភាព​សម្ងាត់​របស់​តុលាការ​ ហើយ​លោក​ទាំងពីរ​បាន​បង្គាប់​ជា​ផ្លូវការ​និង​ជា​សាធារណៈ​ឲ្យ​លោក​សហ​ព្រះរាជ​អាជ្ញា​លុបចោល​ភាគខ្លះ​នៃ​សេចក្តី​ថ្លែង​ការណ៍​នោះ។

លោក​ Brad Adams​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch​ ទទួល​បន្ទុក​នៅ​តំបន់​អាស៊ី​ បាន​ថ្លែង​ប្រាប់​ វីអូអេ ខ្មែរ ​តាម​រយៈ​ ទូរស័ព្ទ​ថា ​សហចៅក្រម​ស៊ើប​អង្កេត​បាន​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ទាត់ចោល​សំណុំ​រឿង​ទាំង​ឡាយ​ដែល​សហ​ព្រះរាជអាជ្ញា​បាន​ស៊ើប​អង្កេត​យ៉ាង​ល្អិតល្អន់​និង​ច្បាស់លាស់ ​ហើយ​ចៅក្រម​ធ្វើ​ដូច្នេះ​ទំនង​ជា​មកពី​ហេតុផល​នយោបាយ។

«តុលាការ​ឥតលំអៀង​នឹង​និយាយ​ថា​ តាមពិត​ទៅ​លោក​ Cayley ​ជាអ្នក​ដែល​ធ្វើការ​តាម​វិជ្ជាជីវៈ​ រីឯ​លោក​ Blunk​ និង​លោក​យូ ប៊ុនឡេង​គឺជា​អ្នក​ធ្វើការ​តាម​ផ្លូវ​នយោបាយ​ និង​គ្មាន​វិជ្ជាជីវៈ»។

លោក​ Brad Adams ​បាន​អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ព្យាយាម​រារាំង​សឹងតែ​គ្រប់​សំណុំ​រឿង​នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម​តាំងពី​មានការ​ចរចា​បង្កើត​តុលាការ​កាត់ទោស​ខ្មែរក្រហម​ដំបូង​ម្ល៉េះ។​ តែ​លោក​បញ្ជាក់​ថា​ អ.ស.ប.​ ដែល​ចូលរួម​ មាន​តួនាទី​ជំរុញ​ឲ្យ​មាន​ដំណើរការ​ស្វែង​រក​ការណ៍​ពិត​ និងផ្តល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ។​ លោក​ក៏​សង្ឃឹម​ដែរ​ថា​ ចៅក្រម​អ.ស.ប.​នឹង​បំពេញ​តាម​គោល​ការណ៍​នេះ​ដើម្បី​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​កម្ពុជា។

«ប្រសិន​បើ​អ.ស.ប.​មិនអាច​ធ្វើដូច្នោះ​បានទេ​ អ.ស.ប.​គួរតែ​ដើរ​ចេញ​ ពីព្រោះ​ភាគី​កម្ពុជា​មាន​សមត្ថភាព​ ហើយ​ពូកែ​ណាស់​ខាង​បង្កើត​ការ​កាត់ទោស​ដែល​ជា​ឆាក​​ល្ខោន​ និង​ធ្វើ​ការ​កាត់ក្តី​ដើម្បី​ហេតុផល​ និង​ផល​ប្រយោជន៍​នយោបាយ»។

លោក​ Brad Adams ​ថ្លែង​ថា​ មាន​ពលរដ្ឋ​ខ្មែរ​ច្រើន​ណាស់​ដែល​រងគ្រោះ​ និង​ស្លាប់​នៅ​ក្នុង​មហា​វិនាសកម្ម​នៃ​របប​ខ្មែរក្រហម​ ហើយ​វា​ប៉ះ​ទង្គិច​ដល់​កម្ពុជា​យូរ​ណាស់​មក​ហើយ។​ កិច្ចការ​តុលាការ​នេះ​គួរ​ជា​កិច្ចការ​សាធាណៈ​ មិនត្រូវ​បិទ​បាំង​ទេ។

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​បដិសេធ​ថា​ រដ្ឋាភិបាល​មិន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង ​និង​​មិន​ជ្រៀតជ្រែក​ការ​សម្រេច​របស់​តុលាការ​ទេ។ ​លោក​ចាត់ទុក​ថា ​រឿង​របស់​សាលាក្តី​ខ្មែរក្រហម​នៅ​ក្រៅ​កិច្ចការ​របស់​រដ្ឋាភិបាល។

«ការ​សម្រេច​គឺ​អាស្រ័យ​ទៅ​ដោយ​នីតិវិធី​ ហើយ​និង​អាស្រ័យ​លើ​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ដែល​បម្រើការ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​នោះ»។

ទោះជា​យ៉ាងណា​ក៏ដោយ​ រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​មន្ត្រី​ផ្សេងៗ​ទៀត​បាន​ប្រកាស​ជា​សាធារណៈ​ថា​ ខ្លួន​នឹង​រារាំង​មិនឲ្យ​មាន​ការ​នាំ​ ខ្លួន​ពួក​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម​មក​កាត់ទោស​បន្ថែមទៀត​ ក្រៅ​ពី​៥​នាក់​ក្នុង​សំណុំ​ រឿង​០០១​និង​០០២​នោះទេ​ ដោយ​ព្រួយ​បារម្ភ​ថា​ វា​អាច​ប៉ះពាល់​ដល់​សន្តិភាព​និង​សន្តិសុខ។

លោក​បណ្ឌិត​ John Ciorciari ​សាស្ត្រាចារ្យ​​ជំនួយ​​ផ្នែក​គោល​នយោបាយ​សាធារណៈ​នៃ​សាលា​ Gerald R. Ford ​របស់​សាកល​វិទ្យាល័យ​រដ្ឋ ​Michigan ​បាន​ថ្លែង​ថា​ ការ​ប្រកាស​របស់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​លើ​ករណី​០០៣​និង​០០៤ ​គឺ​ជា​ការ​បញ្ជាក់​​ថា​ ការ​សង្ស័យ​របស់​ក្រុម​អ្នក​សង្កេត​ការណ៍​លើ​សាលាក្តី​ខ្មែរក្រហម​គឺ​ជា​ការ​សង្ស័យ​ត្រឹម​ត្រូវ។

«ប្រសិន​បើ​សំណុំ​រឿង​០០៣​ និង​០០៤​ ប្រាកដជា​ត្រូវ​ទាល់ចោល​ ហើយ​ទោះ​ជា​សំណុំ​រឿង​០០២​ អាច​ដំណើរការ​បាន​ក៏ដោយ​ ក៏​សាធារណជន​នឹង​មើល​ឃើញ​ថា​សាលាក្តី​នេះ​ស្ថិត​ក្នុង​ការ​ត្រួតត្រា​ដោយ​នយោបាយ​ដ៏តឹងរឹង​ ហើយ​ថែម​ទាំង​មាន​ការ​ជ្រៀតជ្រែក​ជាចំហ​ទៀត​ផង»។

លោក ​Ciorciari ​បាន​អះអាង​បន្ថែម​ថា​ យោងតាម​វិធាន​ផ្ទៃ​ក្នុង ​លោក​សហ​ព្រះរាជ​អាជ្ញា​ Adrew ​Cayley ​មាន​សិទ្ធិ​ក្នុង​ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ ​ដោយ​ធ្វើការ​សង្ខេប​អំពី​បទឧក្រិដ្ឋ​នានា​ដែល​លោក​បាន​លើក​ឡើង​នៅ​ក្នុង​ដីការ​សន្និដ្ឋាន​ជាបឋម​របស់​លោក​ ដាក់​ជូន​សហ​ចៅក្រម​ស៊ើប​អង្កេត។​ លោក​បាន​បន្ថែម​ ទៀត​ថា​ គេពិបាក​ជៀសវាង​ការ​សន្និដ្ឋាន​ដែល​ថា​ ការ​ស៊ើប​អង្កេត​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​តិចតួច​ ពីព្រោះ​គេគ្រោង​ទាត់​ចោល​សំណុំ​រឿង​ទាំងនេះ​រួច​ទៅ​ហើយ។

លោក ​Jeffrey S. Brand​ ជា​នាយក​និង​ជា​សាស្ត្រាចារ្យ​សាលា​ច្បាប់​នៃ​សាកល​វិទ្យាល័យ​ច្បាប់​ San Francisco​ រដ្ឋ​កាលីហ្វ័រញ៉ា​ បាន​សរសេរ​ប្រាប់​ វីអូអេ ខ្មែរ ​តាម​សារ​អេឡិចត្រូនិច​អ៊ីម៉េល​ថា​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហ​ព្រះរាជ​អាជ្ញា​ លោក​ Andrew​ Cayley ​ធ្វើឡើង​ដើម្បី​ជំរុញឲ្យ​បន្តការ​ស៊ើប​អង្កេត​លើ​អង្គហេតុ​ ដែល​បញ្ជាក់​ក្នុង​សំណុំ​រឿង​០០៣។​ ការ​បង្គាប់​បញ្ជា​ឲ្យ​លោក​ Cayley ​លុបចោល​ភាគ​ខ្លះ​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​នោះ​គឺ​ជា​ភស្តុតាង​បន្ថែម​ទៀត​ ដែល​បង្ហាញ​ថា​ គេ​គ្មាន​បំណង​បន្ត​សំណុំ​រឿង​០០៣​នេះ​ទេ។​ លោក​បាន​សង្កត់ធ្ងន់​ថា​ បញ្ហា​នេះ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​របស់​តុលាការ​ ជា​ពិសេស​ជនរង​គ្រោះ។

«តាម​ទស្សនៈ​របស់ខ្ញុំ​ ការ​បង្គាប់​បញ្ជា​របស់​តុលាការ​ពេលនេះ​មិន​ការពារ​ផល​ប្រយោជន៍​ជន​រងគ្រោះ​ឲ្យបាន​សមរម្យ​ទេ»។

លោក ​Jeffrey S. Brand ​បាន​បន្ថែម​ថា​ តុលាការ​ផ្តល់​ភស្តុតាង​តិចតួច​ក្នុង​សេចក្តី​ សម្រេច​ចុង​ក្រោយ​បំផុត​របស់ខ្លួន​ នូវអ្វី​ជា​អង្គហេតុ​ជាក់លាក់​ ហើយអ្វី​ជា​គ្រោះ​ថ្នាក់​កើត​ចេញពី​អ្វី​ដែល​លោក​ Cayley ​បាន​សរសេរ​នោះ។

«សហ​ចៅក្រម​ហាក់ដូច​ជាព្រួយ​បារម្ភ​ទាក់ទង​នឹង​ទស្សនៈ​របស់​លោក​សហ​ព្រះរាជអាជ្ញា​ Cayley ​ដែល​បង្ហាញ​ពី​ភាព​ចាំ​បាច់​នៃ​ការ​ស៊ើប​អង្កេត​បន្ថែម​នោះ​ ច្រើន​ជាង​ ការ​ព្រួយ​បារម្ភ​អំពី​អង្គហេតុ​ដែល​ត្រូវ​បាន​ទម្លាយ​ការណ៍​ពិត​នោះ»។

សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ លោក​ Andrew ​Cayley ​និង​សហ​ព្រះ​រាជ​អាជ្ញា​ជាតិ ​លោក​ស្រី​ជា លាង​បាន​ខ្វែង​គំនិត​គ្នា​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ជន​សង្ស័យ​បន្ថែម​ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​៥នាក់​សម្រាប់​សំណុំ​រឿង​០០៣​និង​០០៤។ ​ការ​បដិសេធ​របស់​លោក​ស្រី​ធ្វើ​ឡើង​មុនពេល​លោក​ Andrew ​Cayley ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក។​ លោក​ Cayley ​ចាត់​ទុក​ថា​ ជនទាំង​៥នាក់​ថ្មី​នោះ​ស្ថិត​ក្នុង​យុត្តាធិការ​របស់​សាលាក្តី​ ហើយ​វា​ផ្ទុយ​ពី​លោកស្រី​ជា លាង​ ដែល​មាន​ជំហរ​ស្រដៀង​នឹង​ជំហរ​រដ្ឋាភិបាល​ដែល​ថា​ ជន​ទាំងនោះ​មិន​ស្ថិត​ក្នុង​យុត្តាធិការ​ដែល​ត្រូវ​នាំ​ខ្លួន​មក​ជំនុំជម្រះ​ទោស​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​ Cayley​ បាន​ចេញ​ជា​សារធារណៈ​ នៅ​ពេល​មាន​ការ​ខ្វែង​គំនិត​គ្នា​ នៅពេល​មាន​សម្ពាធ​ពី​ជនរង​គ្រោះ​ដែល​ថា​ ខ្លួន​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​សម្រាប់​ដាក់ពាក្យ​ប្តឹង​ នៅ​ពេល​មានការ​សង្ស័យ​ថា ​រដ្ឋាភិបាល​រារាំង​ និង​នៅពេល​មិនមាន​កិច្ច​សហការ​ល្អពី​ភាគី​កម្ពុជា​ដើម្បី​បន្ត​នីតិវិធី​ក្នុង​ តុលាការ​នោះ។

អ្នក​វិភាគ​ខ្លះ​និយាយ​ថា ​សេចក្តី​ប្រកាស​ព័តមាន​ដ៏​សំខាន់​របស់​សហ​ព្រះ​រាជ​អាជ្ញា​ អាច​ជា​ការ​ដាក់​សម្ពាធ​ដល់​សហ​ចៅក្រម​ស៊ើប​អង្កេត​ឲ្យ​ធ្វើ​តាម​ការ​ចង់​បាន​របស់​លោក​សហ​ព្រះ​រាជអាជ្ញា។

មន្ត្រី​អ្នក​ការ​ទូតម្នាក់​ក្នុង​ទីក្រុង​ញូវយ៉ក ​ដែលជា​តំណាង​ប្រទេស​អ្នកផ្តល់​ជំនួយ​ បាន​ថ្លែង​ថា​ លោក​អគ្គ​លេខា​ធិការ​អ.ស.ប.​ Ban Ki-Moon​ និង​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​សំខាន់ៗ​មួយចំនួន​ ត្រូវ​គេ​ប្រាប់​ឲ្យដឹង​អំពី​រឿង​រ៉ាង​ចុងក្រោយ​ដែល​កើត​ ឡើង​ក្នុង​តុលាការ​ខ្មែរ​ក្រហម។ ​អ្នក​ការទូត​ដដែល​នោះ​អះអាង​ថា​ លោក​ Ban Ki-Moon ​និង​តំណាង​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ត្រូវ​គេ​ជូន​ដំណឹង​ដើម្បី​ឲ្យ​ពិចារណា។

អ្នក​ការទូត​ដដែល​បាន​បន្ថែម​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ធានា​ប្រាប់​អ.ស.ប.​និង​ ប្រទេស​ផ្តល់ជំនួយ​អំពី​ការ​មិន​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ អំពី​ឯករាជ្យ​ភាព​របស់​ តុលាការ។​ ការ​ធានា​នេះ​ធ្វើ​ឡើង​ ជាពិសេស​នៅ​ពេល​លោក​ Ban Ki-Moon​​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​ទៅ។​ មាន​របាយ​ការណ៍​ថា​ ពេល​នោះ​ ​រដ្ឋាភិបាល​បាន​​បញ្ជាក់​ថា​ ខ្លួន​ឈប់​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ ដែលនាំ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព​របស់​តុលាការ​ហើយ។​ គួរ​រំឭក​ដែរ​ថា​ ការ​លាឈប់​ពី​តំណែង​របស់​សហ​ព្រះ​រាជអាជ្ញា​អន្តរជាតិ​គឺ​លោក​ Robert Pertit​ និង​សហ​ចៅក្រម​គឺ​លោក​ Marcel Lemond ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ទាក់ទង​នឹង​បញ្ហា​មិន​មាន​ឯករាជ្យភាព​ និង​មិនមាន​កិច្ច​សហការ​គ្រប់គ្រាន់​ក្នុង​សាលាក្តី​នេះ៕

This posting includes an audio/video/photo media file: Download Now

វេទិកា​ខេមរសិក្សា​លើក​ទី​៣​ទាក់ទាញ​អ្នក​ចូល​រូម​កាន់​តែ​ច្រើន​និង​ចម្រុះ​ឡើង

Posted: 24 May 2011 03:23 PM PDT

ក្រោយ​ពី​បាន​ចាប់​ដំណើរការ​អស់​រយៈពេល​៣​ឆ្នាំ​រួច​មក​ វេទិកា​ខេមរសិក្សា​​ប្រចាំ​ឆ្នាំ​របស់​សាកលវិទ្យាល័យ​អូហៃយ៉ូ​ សាហរដ្ឋ​អាមេរិក​ បាន​វិវត្ត​ទៅ​ជា​សន្និសីទ​ពេញ​លេញ​មួយ។ កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ​នេះ​ មាន​មនុស្ស​ប្រហែល​១០០​នាក់​បាន​ចូល​រួម​នៅ​ក្នុង​វេទិកា​នេះ​ដើម្បី​ពិភាក្សា​គ្នា​អំពី​ប្រធានបទ​​នានា​ជា​ច្រើន​ទាក់​ទង​នឹង​ប្រទេស​កម្ពុជា។

វេទិកា​ខេមរសិក្សា​លើក​ទី​៣​នេះ​ បាន​ទាក់ទាញ​​ក្រុម​អ្នក​ចូល​រួម​ចំនួន​កាន់​តែ​ច្រើន​និង​មាន​លក្ខណៈ​កាន់​តែ​ចម្រុះ​ឡើង។ ព្រឹត្តិការណ៍​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​អូហៃអូ​ នៅ​ក្រុង​អាថេនស៍​ (Athens) រដ្ឋ​អូហៃអូ​ (Ohio) ពី​ថ្ងៃ​ទី​២៩​​ដល់​៣០​ខែ​មេសា​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ។

បណ្ឌិត គ្រីស្ទីន ស៊ូ (Christine Su) ប្រធាន​ជំនួយ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អំពី​អាស៊ី​អាគ្នេយ៍​នៅ​សាកលវិទ្យាល័យ​អូហៃយ៉ូ និង​ជា​អ្នក​រៀប​ចំ​វេទិកា​នេះ​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ខ្មែរ​ថា​ វេទិកា​​ក្នុង​ឆ្នាំ​នេះ​កាន់​តែ​រីក​ធំ​ឡើង​ពី​វេទិកា​ដំបូង​បំផុត​ ដែល​​ពេល​នោះ​មាន​រយៈពេល​តែ​មួយ​ថ្ងៃ​និង​គ្រាន់​តែ​ជា​ការ​ជួប​ប្រជុំ​គ្នា​ក្រៅ​ផ្លូវការ​រវាង​និស្សិត​ក្រោយ​ឧត្តមសិក្សា​និង​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។

«នេះ​ជា​ឆ្នាំ​ទី​៣​ហើយ​ ហើយ​វេទិកា​ត្រូវ​បាន​ពង្រីក​ដល់​២​ថ្ងៃ​ ហើយ​មិន​ត្រឹម​តែ​មាន​និស្សិត​សាកលវិទ្យាល័យ​អូហៃយ៉ូ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​អ្នក​ចូលរួម​ដែល​មាន​ចំណាប់អារម្មណ៍​ចំពោះ​ខេមរសិក្សា​មក​ពី​ទូទាំង​សហរដ្ឋ​អាមេរិក​ផង​។ ម៉្លេះ​ហើយ​ឆ្នាំ​នេះ​ យើង​ឃើញ​មាន​អ្នក​ចូល​រួម​មក​ពី​រដ្ឋ​ហាវ៉ៃ​ ក្រុង​បូស្តុន​ (Boston) ក្រុង​ញូវយ៉ក​ ពី​រដ្ឋ​កាលីហ្វ័រញ៉ា​ ពី​ក្រុង​ស៊ីអេថល​ (Seattle) ជាដើម»។

បណ្ឌិត​ស៊ូ​និយាយ​ថា​គោលបំណង​សំខាន់​បំផុត​របស់​វេទិកា​នេះ​ គឺ​ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នក​ទាំង​ឡាយ​ដែល​មាន​ចំណាប់​អារម្មណ៍​ពិភាក្សា​អំពី​បញ្ហា​នានា​​របស់​ខ្មែរ​ មិន​ថា​បញ្ហា​ក្នុង​​ប្រវត្តិសាស្ត្រ​ឬ​ក្នុង​ពេល​បច្ចុប្បន្ន។ បណ្ឌិត​ស៊ូ​ ​មាន​ឪពុក​ជា​ជនជាតិ​ខ្មែរ​ ហើយ​លោក​​ស្រី​​​ក៏​មាន​ការ​ពេញ​ចិត្ត​​ផ្ទាល់ខ្លួន​ចំពោះ​ការណ៍​ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​អំពី​ខ្មែរ​បែប​នេះ​ដែរ។

ប្រធានបទ​នៅ​ក្នុង​វេទិកា​នេះ​មាន​ចម្រុះ​និង​ប្លែកៗ​គ្នា​ រួម​មាន​ដូច​ជា​ «ឱកាស​និង​មធ្យោបាយ​ក្នុង​ការ​រៀន​និង​បង្រៀនភាសា​ខ្មែរ​នៅ​រដ្ឋ​ហាវ៉ៃ»​ «ទូរស័ព្ទ​ដៃ​និង​ការ​អប់រំ​ពី​ចម្ងាយ​នៅ​ជនបទ​កម្ពុជា» និង​ប្រធានបទ​ «ស្ថានភាព​របស់​អ្នក​និពន្ធ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន»​ ជា​ដើម។ ប្រធានបទ​ទាំង​នេះ​ត្រូវ​បាន​គេ​បញ្ចូល​គ្នា​ជា​ប្រធានបទ​ធំៗ​​ សម្រាប់​ការ​ពិភាក្សា​ចំនួន​៥​ គឺ​ ភាសា​​និង​អក្សរសិល្ប៍​ខ្មែរ​ អន្តោប្រវេសន៍​និង​អត្តសញ្ញាណ​ យុត្តិធម៌​និង​ការ​សះស្បើយ​ពី​របប​ខ្មែរ​ក្រហម​ ការ​អភិវឌ្ឍ​និង​បច្ចេកវិជ្ជា​នៅ​កម្ពុជា​ និង​ការ​បង្កើត​វប្បធម៌​នៅ​កម្ពុជា។

មាន​អ្នក​ចូល​រួម​ប្រមាណ​១០០​​នាក់​នៅ​ក្នុង​​វេទិកា​រយៈពេល​២​ថ្ងៃ​នេះ។ ថ្វី​បើ​កម្មវិធី​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ក្នុង​ទីតាំង​សាកលវិទ្យាល័យ​មួយ​ក្តី​ ក៏​វាគ្មិន​មិន​មែន​មាន​ត្រឹម​តែ​ជា​អ្នក​​សិក្សា​ស្រាវជ្រាវ​ប៉ុណ្ណោះ​ទេ។ ក្រៅ​ពី​និស្សិត​ គ្រូ​បង្រៀន​និង​អ្នក​ស្រាវជ្រាវ​ ក៏​មាន​វាគ្មិន​ជា​សកម្មជន​សហគមន៍​ អ្នក​និពន្ធ​ អ្នក​ជំនាញ​នានា​ និង​អ្នក​ដែល​​មាន​ចំណាប់​អារម្មណ៍​អំពី​ប្រទេស​កម្ពុជា​ផង​ដែរ។

កញ្ញា​ ហ៊ឹម ចាន់រិទ្ធី​ ជា​អ្នក​និពន្ធ​សៀវភៅ​កំណត់ហេតុ​ផ្ទាល់​ខ្លួន​​ពី​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម​ ដែល​ទទួល​បាន​រង្វាន់​មាន​ចំណង​ជើង​ថា​ «ពេល​ដែល​អំបែង​​អណ្តែត»។ កញ្ញា​បាន​ធ្វើ​ជា​វាគ្មិន​កិត្តិយស​នៅ​ក្នុង​វេទិកា​នេះ។ កញ្ញា​និយាយ​ថា​វេទិកា​នេះ​ជា​វេទិកា​ខេមរសិក្សា​ដ៏​ល្អ​បំផុត​មួយ​ដែល​កញ្ញា​ធ្លាប់​បាន​ចូល​រួម។

កញ្ញា​និយាយ​ថា​ បើ​ប្រៀប​ធៀប​នឹង​វេទិកា​ដទៃ​ទៀត​ វេទិកា​ខេមរសិក្សា​នៅ​សាកលវិទ្យាល័យ​អូហៃយ៉ូ​នេះ​មាន​លក្ខណៈ​ពិសេស​ដោយ​មាន​ប្រធានបទ​ចម្រុះ​និង​ផ្សេងៗ​គ្នា​ច្រើន​ ដែល​នេះ​អនុញ្ញាត​ឲ្យ​កញ្ញា​​​អាច​​យល់​ដឹង​ពី​ប្រធានបទ​ថ្មីៗ​និង​ជួប​ជាមួយ​អ្នក​ជំនាញ​ផ្សេងៗ​ដែល​មិនដែល​ជួប​ពី​​មុន។

អ្នក​រៀបចំ​អះអាង​ថា​​វេទិកា​នេះ​ជា​វេទិកា​ខេមរសិក្សា​តែ​មួយ​គត់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ហើយ​ឆ្នាំ​នេះ​ គេ​ក៏​ឃើញ​មាន​វាគ្មិន​ជា​ជនជាតិ​ខ្មែរ-អាមេរិកាំង​ចូល​រួម​ផង​ដែរ។ ពួក​គាត់​បាន​ពិភាក្សា​អំពី​បញ្ហា​សំខាន់ៗ​ដែល​មាន​នៅ​ក្នុង​សហគមន៍​ខ្មែរ​អាមេរិកាំង​ រួម​ទាំង​បញ្ហា​ការ​​ចាប់​បញ្ជូន​ជនជាតិ​ខ្មែរ​អាមេរិកាំង​ទៅ​ប្រទេស​កម្ពុជា​វិញ។

វាគ្មិន​នៅ​ក្នុង​វេទិកា​ខេមរសិក្សា​នេះ​មិន​មាន​ត្រឹម​តែ​ជនជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ។

លោក​ ត្រេនថ៍ វ៉ឃ័រ (Trent Walker) អ្នក​ស្រាវជ្រាវ​អាមេរិកាំង​ម្នាក់​នៅ​ឯ​មជ្ឈមណ្ឌល​ពុទ្ធិកសិក្សា​នៃ​សាកលវិទ្យាល័យ​ស្ទេនហ្វដ (Stanford) រដ្ឋ​កាលីហ្វ័រញ៉ា​ និយាយ​ថា​ វេទិកា​នេះ​បាន​លើក​ទឹក​ចិត្ត​ដល់​លោក​ឲ្យ​បន្ត​ការ​ស្រាវជ្រាវ​ក្នុង​ផ្នែក​ខេមរសិក្សា។ លោក​ថ្លែង​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«កាល​ខ្ញុំ​រៀន​នៅ​​ ស្ទេនហ្វដ​ រៀន​នៅ​កន្លែង​ផ្សេងៗ​ មាន​តែ​ខ្ញុំ​ម្នាក់​ទេ​ដែល​​រៀន​ខាង​ខេមរសិក្សា​ ក៏​អ្នក​ផ្សេង​អត់​សូវ​អាច​យល់​​អំពី​កិច្ចការ​ស្រាវជ្រាវ​របស់​ខ្ញុំ។ ក៏​ប៉ុន្តែ​កាល​ណា​ខ្ញុំ​មក​ចូល​រួម​នៅ​ទី​នេះ​ ក៏​ខ្ញុំ​ឃើញ​មាន​​មនុស្ស​ច្រើន​ណាស់​ ទាំង​ខ្មែរ​​ទាំង​បរទេស​ ដែល​មាន​ចំណាប់​អារម្មណ៍​ដូច​នឹង​ខ្ញុំ​ដែរ​ខាង​​ខេមរសិក្សា​នេះ»។

អ្នក​នាង​ ហឿន ង្វៀង (Huyen Nguyen) ​និស្សិត​វៀតណាម​ថ្នាក់​អនុបណ្ឌិត​ម្នាក់​នៅ​សាកលវិទ្យាល័យ​អូហៃយ៉ូ​ បាន​ដឹង​អំពី​វេទិកា​នេះ​តាម​រយៈ​មិត្តភក្តិ​ជា​ជនជាតិ​ខ្មែរ។​ នាង​ក៏​សម្រេច​ចិត្ត​ធ្វើ​ជា​វាគ្មិន​ពិភាក្សា​អំពី​​ប្រធាន​បទ​​ស្នេហា​និង​មនោសញ្ចេតនា​នៅ​ក្នុង​រឿង​ប្រជាប្រិយ​ខ្មែរ​រឿង​​«ទុំទាវ» និង​រឿង​ប្រជាប្រិយ​វៀតណាម​មួយ​ដែល​អ្នក​ចូល​រួម​ខ្មែរ​ភាគ​ច្រើន​ប្រហែល​មិន​ដែល​ធ្លាប់​ឮ​ពី​មុន​មក។ រឿង​នោះ​មាន​ឈ្មោះ​ថា​ «រឿង​និទាន​ផ្លែ​ទុរេន» ដែល​រៀបរាប់​អំពី​​ស្នេហា​រវាង​ស្រ្តី​ខ្មែរ​ម្នាក់​និង​បុរស​វៀតណាម​ម្នាក់​ក្នុង​សតវត្សរ៍​ទី​១៨។

អ្នក​នាង​ ហឿន ង្វៀង ដែល​ចេះ​ភាសា​ខ្មែរ​ខ្លះៗ​ផង​នោះ​ និយាយ​ថា​ ក្នុង​នាម​ជា​ពលរដ្ឋ​ប្រទេស​ជិត​ខាង​កម្ពុជា​ វេទិកា​នេះ​ផ្តល់​ឱកាស​ឲ្យ​អ្នក​​នាង​បាន​ជួប​​និង​រាប់អាន​ជាមួយ​អ្នក​ស្រាវជ្រាវ​ខ្មែរ។

«កត្តា​​មួយ​ទៀត​​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​ចង់​មក​ចូល​រួម​នៅ​ក្នុង​វេទិកា​នេះ​ គឺ​មិត្តភាព​ជាមួយ​ប្រជាជន​កម្ពុជា។ ខ្ញុំ​ចង់​បង្ហាញ​ថា​ខ្ញុំ​មាន​ការ​កោត​សរសើរ​ចំពោះ​វប្បធម៌​ខ្មែរ​និង​ចង់​​ឲ្យ​​មាន​ការ​យោគយល់​គ្នា​​រវាង​ប្រជាជន​វៀតណាម​និង​ប្រជាជន​កម្ពុជា។»

ក្នុង​ចំណោម​និស្សិត​ខ្មែរ​តែ​ពីរ​រូប​នៅ​សាកលវិទ្យាល័យ​អូហៃយ៉ូ​នេះ​ លោក បូរី ស៊ីលីវណ្ណ​ បាន​ធ្វើ​បទ​បង្ហាញ​ជា​វីដេអូ​ភាពយន្ត​ឯកសារ​​អំពី​អង្គការ​កុមារ​កំព្រា​ឈ្មោះ​ «សុវណ្ណ​កុមារ» ​ដែល​លោក​បាន​ផលិត​​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១០។ លោក ស៊ីលីវណ្ណ​ ដែល​​ជា​និស្សិត​អាហារូបករណ៍​ Fulbright​ កំពុង​បន្ត​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ការ​សិក្សា​​អំពី​គមនាគមន៍​​និង​ការ​អភិវឌ្ឍ​ (communications development studies) និយាយ​ថា​ វេទិកា​ខេមរសិក្សា​នេះ​ជួយ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ដល់​​មជ្ឈដ្ឋាន​​និស្សិត​អន្តរជាតិ។

«ដោយ​សារ​តែ​នៅ​សាលា​យើង​​មាន​ជនជាតិ​ខ្មែរ​តែ​៣​នាក់​ទេ​ យើង​ក៏​អត់​ទាន់​មាន​សមាគម​និស្សិត​ខ្មែរ​អី​នៅ​ទី​នេះ​ដែរ​ ដូច្នេះ​ការ​បង្កើត​ឲ្យ​មាន​វេទិកា​​ខេមរសិក្សា​នៅ​​សាកលវិទ្យាល័យ​អូហៃយ៉ូ​​នេះ​ដូច​ជា​ការ​បើក​ភ្នែក​​ឲ្យ​និស្សិត​អន្តរជាតិ​ផ្សេងៗ​​ដែល​នៅ​សាលា​បាន​ស្គាល់​​បាន​យល់​ដឹង​ពី​ស្រុក​ខ្មែរ​ ហើយ​ក៏​ជា​ឱកាស​មួយ​​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​​ជា​ខ្មែរ​ផ្ទាល់​​បាន​ជួប​ខ្មែរៗ​ដែល​នៅ​អាមេរិក។»

លោក​ តាន់វៀរ​ តានីម (Tanvir R. Tanim) និស្សិត​​អនុបណ្ឌិត​ផ្នែក​វិស្វកម្ម​មេកានិក​មក​ពី​ប្រទេស​បង់ក្លាដេស​និយាយ​ថា ​លោក​​មាន​ការ​កោត​សរសើរ​​ដែល​​ជនជាតិ​ខ្មែរ​ចំនួន​តែ​ពីរ​បី​នាក់​​ប៉ុណ្ណោះ​អាច​រៀបចំ​ព្រឹត្តិការណ៍​​នេះ​បាន​​យ៉ាង​ល្អ។ លោក​ថា​នៅ​ក្នុង​វេទិកា​នេះ​ រឿងរ៉ាវ​ជីវិត​​របស់​​កញ្ញា​ ហ៊ឹម ចាន់រិទ្ធី​​ ក្នុង​សម័យ​ខ្មែរ​ក្រហម​បាន​ធ្វើ​ឲ្យ​លោក​រំជួល​ចិត្ត​ជា​ខ្លាំង​ ព្រោះ​វា​ស្រដៀង​គ្នា​នឹង​ព្រឹត្តិការណ៍​​ហិង្សា​​ដ៏​​សោកនាដកម្ម​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​របស់​​លោក។

និស្សិត​អាមេរិកាំង​ ផេច អាឡេកស៊ិស​ វ៉លធ័រស៍ (Paige Alexis Walters) ដែល​កំពុង​សិក្សា​អំពី​កិច្ចការ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​អូហៃយ៉ូ​ ក៏​រំជួល​ចិត្ត​នឹង​រឿងរ៉ាវ​ក្នុង​សៀវភៅ​ «ពេល​ដែល​អំបែង​អណ្តែត» នេះ​ដែរ។ នាង​ម​ក​ចូល​រួម​ក្នុង​បំណង​មក​ស្តាប់​អ្នក​និពន្ធ​ ហ៊ឹម ចាន់រិទ្ធី ក៏​ប៉ុន្តែ​នាង​បាន​ពេញ​ចិត្ត​នឹង​វេទិកា​ទាំង​មូល​ផងដែរ ​ហើយ​មាន​បំណង​នឹង​ចូលរួម​​ទៀត​នៅ​ឆ្នាំ​ក្រោយ។

«ខ្ញុំ​មាន​អារម្មណ៍​ស្រស់ស្រាយ​មែនទែន​ដែល​បាន​ជួប​មនុស្ស​ជា​ច្រើន​ដែល​មាន​ចំណាប់​អារម្មណ៍​នឹង​ប្រធានបទ​អន្តរជាតិ​នានា​ ហើយ​ដែល​ពួក​គាត់​មាន​​ចំណេះដឹង​យ៉ាង​ច្រើន​អំពី​តំបន់​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ដឹង​អ្វី​សោះ។»

លោក​ ដន ដ្យេម៉ឺសាន់ (Donald Jameson) អតីត​អ្នក​ការទូត​ម្នាក់​នៅ​ប្រទេស​កម្ពុជា​ក្នុង​ទសវត្សរ៍​​១៩៧០​ បាន​ធ្វើ​បទ​អត្ថាធិប្បាយ​អំពី​​ប្រធានបទ​ ដំណើរការ​អភិវឌ្ឍន៍​ដ៏​«រដេប​រដុប​»​របស់​ប្រទេស​កម្ពុជា។ លោក​និយាយ​ថា​ ថ្វី​បើ​គេ​ឃើញ​មាន​ចំណាប់​អារម្មណ៍​អំពី​ប្រទេស​កម្ពុជា​ បាន​កើន​ឡើង​ក្នុង​ចំណោម​​មជ្ឈដ្ឋាន​អ្នក​សិក្សា​ស្រាវជ្រាវ​​ក្តី​ ក៏​ចំណាប់​អារម្មណ៍​កម្រិត​ដូច​គ្នា​នេះ​មិន​មាន​​ឃើញ​ក្នុង​ចំណោម​អ្នក​ធ្វើ​គោលនយោបាយ​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​ទេ​ លើក​លែង​តែ​ចំពោះ​ប្រធានបទ​ខ្លះ​ដូច​ជា​​ឥទ្ធិពល​ប្រទេស​ចិន​​និង​ការ​កើនឡើង​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​ជា​ដើម។ ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ថា​ការណ៍​នេះ​ជា​សញ្ញា​ល្អ​ទៅ​វិញ​ទេ ​ដែល​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​មាន​​ស្ថិរភាព​និង​សន្តិសុខ​​ល្អ។

វេទិកា​ខេមរសិក្សា​នៅ​សាកលវិទ្យាល័យ​អូហៃយ៉ូ​នេះ​ បាន​បញ្ចប់​ទៅ​ដោយ​មាន​បទ​បង្ហាញ​អំពី​មានការ​ធ្វើ​ម្ហូប​ខ្មែរ​ ការ​បង្ហាញ​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​ និង​ការ​សម្តែង​ក្បាច់​គុន​បុរាណ​ខ្មែរ​ ​ដោយ​ក្រុម​«គីរីហិង្សា​គុន​ខ្មែរ»​ ប្រចាំ​ក្រុង​ខូឡាំប៊ឹស (Columbus) រដ្ឋ​អូហៃអូ​ ចម្ងាយ​ប្រហែល​១២០​គ.ម.​ពី​សាកលវិទ្យាល័យ​អូហៃយ៉ូ។

បណ្ឌិត​ គ្រីស្ទីន ស៊ូ​ និយាយ​ថា​លោក​ស្រី​សប្បាយ​ចិត្ត​ដែល​វេទិកា​នេះ​បាន​ដំណើរការ​ដោយ​ជោគជ័យ​ ហើយ​សង្ឃឹម​ថា​និស្សិត​ខ្មែរ​ដែល​គេ​រំពឹង​ថា​នឹង​មក​សិក្សា​នៅ​សាកលវិទ្យាល័យ​អូហៃយ៉ូ​នៅ​ឆ្នាំ​ក្រោយ​ នឹង​ជួយ​ដល់​ការ​រៀបចំ​​វេទីកា​ទី​៤​ប្រកប​ដោយ​ជោគជ័យ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!