VOA News: ព័ត៌មាន: “ដៃគូ​អភិវឌ្ឍន៍​មាន​កង្វល់​អំពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ​និង​សេចក្តី​ព្រាងច្បាប់​អង្គការ” plus 3 more

VOA News: ព័ត៌មាន: “ដៃគូ​អភិវឌ្ឍន៍​មាន​កង្វល់​អំពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ​និង​សេចក្តី​ព្រាងច្បាប់​អង្គការ” plus 3 more


ដៃគូ​អភិវឌ្ឍន៍​មាន​កង្វល់​អំពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ​និង​សេចក្តី​ព្រាងច្បាប់​អង្គការ

Posted: 20 Apr 2011 02:46 PM PDT

ដៃគូ​អភិវឌ្ឍន៍​បាន​សម្តែង​ការ​ខ្វល់ខ្វាយ​នឹង​បញ្ហា​បណ្តេញ​ចេញ​ដោយ​បង្ខំ ​និង​សេចក្តី​ព្រាង​ច្បាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល ​ខណៈ​ដែល​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ តំណាង​ដៃគូ​អភិវឌ្ឍន៍​ និង​អង្គការ​សង្គម​ស៊ីវិល​ បាន​ពិភាក្សា​គ្នា​អំពី​ការ​ពិនិត្យ​មើល​ដំណើរ​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នានា​ ក្រោម​ជំនួយ​របស់​ប្រទេស​ផ្តល់​ជំនួយ។

នៅ​ថ្ងៃ​ពុធ​នេះ​ ក្រុម​ប្រទេស​ផ្តល់​ជំនួយ​បាន​លើក​ឡើង​នូវ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​បណ្តេញចេញ​ដោយ​បង្ខំ ​និង​សេចក្តី​ព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​គណៈ​កម្មាធិការ​រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​ តំណាង​ដៃគូ​អភិវឌ្ឍន៍​ និង​អង្គការ​សង្គម​ស៊ីវិល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ ភ្នំពេញ ​ដើម្បី​ពិនិត្យ​មើល​ដំណើរការ​អភិវឌ្ឍន៍​ក្រោម​ជំនួយ​របស់​ប្រទេស​ផ្តល់​ជំនួយ​ និង​ស្តាប់​អំពី​តម្រូវ​ការ​របស់​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០១២។

លោក ​Qimiao Fan​ តំណាង​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា​ បាន​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ថា ​បញ្ហា​ដីធ្លី​គឺ​ជា​បញ្ហា​ប្រឈម​បំផុត​នៅ​កម្ពុជា។

លោក​ Qimiao Fan ​បាន​បញ្ជាក់​ថា​ ដោយ​កើត​មាន​នគរូបនីយកម្ម​យ៉ាងឆាប់​រហ័ស​ ការ​កើន​ឡើង​វិញ​នូវ​កំណើន​សេដ្ឋ​កិច្ច​ និង​អត្ថ​ប្រយោជន៍​កើន​ឡើង​ពី​ក្រុម​អ្នក​វិនិយោគ​ក្នុង​កសិដ្ឋាន​ពាណិជ្ជ​កម្ម​ខ្នាត​ធំ​​នោះ​បញ្ហា​ដីធ្លី​នឹង​ក្លាយ​ទៅជា​ការ​ប្រឈម​កាន់តែ​ខ្លាំង​ ជាតួយ៉ាង​នៅ​តំបន់​បឹងកក់។

លោក​ Qimiao Fan ​បាន​ថ្លែង​ថា ​​ការ​រីក​ចម្រើន​ដ៏​សំខាន់​ត្រូវ​បាន​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​បណ្ណ​កាន់កាប់​ដី​ស្របច្បាប់​ ប៉ុន្តែ​សន្តិសុខ​ដីធ្លី ​និង​ការ​តាំង​ទីលំនៅ​ជាថ្មី​នៅតែ​ជា​ការ​ប្រឈម​ ហើយ​ដៃគូ​អភិវឌ្ឍន៍​ត្រៀម​ខ្លួន​ជួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​និង​បញ្ហា​ដទៃ​ទៀត​ដែល​ប្រឈម​នឹង​ការ​អភិវឌ្ឍ​ប្រទេស។ ​លោក​រង់ចាំ​ចម្លើយ​ជាវិជ្ជមាន​ពី​រដ្ឋាភិបាល​ក្នុង​ការ​លុប​បំបាត់​បញ្ហា​ប្រឈម​ទាំង​នេះ។

លោក​ Qimiao Fan​ បាន​បន្ថែម​ថា​ ដៃគូ​អភិវឌ្ឍន៍​ជឿជាក់​ថា​ វា​ជា​ផលប្រយោជន៍​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ ដើម្បី​បង្កើត​គោល​នយោបាយ​នានា​ដែល​ធានា​ថា ​ការតាំង​ទី​លំនៅ​ជាថ្មី​ធ្វើឡើង​តាម​ដំណើរ​ការ​ច្បាប់​និង​ផ្តល់​សំណង​សមរម្យ ​និង​ជួយ​គាំទ្រ​ឲ្យ​ពួកគេ​តាំង​ទីលំនៅ​តាម​វិធី​ដែល​មិន​បណ្តាល​ឱ្យ​គ្រោះ​ថ្នាក់​បន្ថែម​ទៀត​ ហើយ​តាមពិត​ជួយ​ធ្វើ​ឱ្យ​លក្ខខណ្ឌ​រស់នៅ​របស់​ពួកគេ​បាន​ប្រសើរ។

លោក​ Qimiao Fan ​បាន​ថ្លែង​ថា​ អង្គការ​សង្គម​ស៊ីវិល​ដើរ​តួនាទី​ក្នុង​ការ​រួម​ភាគ​ដល់​ការ​អភិវឌ្ឍ ​រួមមាន​ ការ​ការពារ​សង្គម ​និង​ផ្តល់​ការ​ជួយ​គាំទ្រ​ និង​សេវា​កម្ម​នានា​ដល់​ជន​ក្រីក្រ។

លោក ​Qimiao Fan ​បាន​បញ្ជាក់​ថា​ ដៃគូ​អភិវឌ្ឍន៍​បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ពិភាក្សា​ផល​ប៉ះពាល់​នៃ​ ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល ​ដែល​អាច​កើតមាន​ទៅ​លើ​ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស។

លោក​ Flynn Fuller ​នាយក​នៃ​បេសក​កម្ម​របស់ទី​ភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​ ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ ប្រចាំ​កម្ពុជា​ (USAID) ​បាន​បញ្ជាក់​ថា​ USAID​នៅតែ​មាន​កង្វល់​ពី​ភាព​ចាំបាច់​នៃ​សេចក្តី​ព្រាង​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល ​និង​លទ្ធផល​របស់​វា​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ធ្វើ​សកម្មភាព​ដោយ​សេរី​នៅ​ប្រទេស​កម្ពុជា។

លោក​ Andrew Mace ​ឯកអគ្គ​រាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ​បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ថា​ ដៃគូ​អភិវឌ្ឍន៍​ បាន​ព្រួយ​បារម្ភ​អំពី​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ច្បាប់ នេះ​ឡើង​វិញ។

លោក​លន់ បូរិទ្ធី ​នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា ​បាន​និយាយ​ថា​អង្គការ​សង្គម​ស៊ីវិល​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​បន្ត​ការ​ពិភាក្សា​លើក​សេចក្តី​ព្រាងច្បាប់​នេះ​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល។

លោក​គាត ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ថា​ អង្គការ​មិនមែន​ រដ្ឋាភិបាល​ខ្លះ​មិន​យល់ព្រម​នឹង​សេចក្តី​ព្រាងច្បាប់​នេះ​ទេ​ ប៉ុន្តែ​អង្គការ​ខ្លះ​ទៀត​ពេញចិត្ត​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ លោក​នឹង​នាំ​យក​ក្តីព្រួយ​បារម្ភ​នេះ​កាន់​កិច្ច​ប្រជុំ​របស់​គណៈ​រដ្ឋមន្ត្រី។

«ខ្ញុំ​ទុកចិត្ត​ទាំងស្រុង​ទៅលើ​ការ​ដឹកនាំ​របស់​ឯកឧត្តម​ស ខេង​ ក្នុង​ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​នេះ។​ ចំពោះ​ករណី​បឹងកក់​ ខ្ញុំ​ជឿជាក់​លើ​កិច្ចការ​ដោះស្រាយ​របស់​សាលា​ក្រុង​ភ្នំពេញ»។

លោក​នី ចរិយា ​ប្រធាន​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស ​Adhoc​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​គិត​ថា​ ការ​លើកឡើង​របស់​ក្រុម​ម្ចាស់​ជំនួយ​នេះ​គឺ​ជា​ការ​លើកឡើង​មួយ​ដែល​ចំ​បញ្ហា​ជាក់ស្តែង​ ដែល​កើត​មាន​នៅ​ក្នុង​ស្រុក​យើង​ ហើយ​ជា​កង្វល់​ទូទៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ»។

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ Adhoc​បាន​បង្ហាញ​ថា​ ក្នុង​ឆ្នាំ​២០១០​មាន​ជម្លោះ​ដីធ្លី​ចំនួន​១៩៦​ករណី​ និង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ចំនួន​២៤​ករណី៕

This posting includes an audio/video/photo media file: Download Now

ម្ចាស់​ជំនួយ​ជួប​រដ្ឋាភិបាល​ពិនិត្យ​មើល​ការ​រីកចម្រើន

Posted: 20 Apr 2011 01:47 PM PDT

តំណាង​ប្រទេស​អ្នកផ្តល់​ជំនួយ​និង​មន្ត្រី​សង្គម​ស៊ីវិល​និយាយ​ថា​បញ្ហា​សេចក្តី​ព្រាង​ច្បាប់​អង្គការ​ដ៏​ចម្រូង​ចម្រាស​​មិន​ទាន់​ដឹង​ថា​​នឹង​ត្រូវ​គេ​លើក​យក​មក​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ឬ​យ៉ាង​ណា​ទេ។

ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​និង​មន្ត្រី​រដ្ឋា​ភិបាល​គ្រោង​ជួប​ប្រជុំ​ពិភាក្សា​គ្នា​នៅ​ព្រឹក ថ្ងៃ​ពុធ​នេះ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​មួយ​ចំនួន​ដែល​រដ្ឋា​ភិបាល​បាន សន្យា​កែ​ទម្រង់។​ តែ​ទោះ​ជា​យ៉ាង​ក៏​ដោយ​សេចក្តី​ព្រាង​ច្បាប់​អង្គការ​សមាគម​ដែល​រដ្ឋាភិបាល​កម្ពុជា​ប៉ុន​ប៉ង​បង្កើត​ហើយ​ត្រូវ​ក្រុម​សង្គម​ស៊ីវិល​ និង​តំណាង​ប្រទេស​ផ្តល់​ជំនួយ​ដូច​ជា​ស.រ.អ​បាន​ជំទាស់​យ៉ាង​ខ្លាំង​នោះ​មិន​ត្រូវ​គេ​ដឹង​ថា​ នឹង​ក្លាយ​ជា​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​ស្ថានទូត​ស.រ.អ.​លោក ​Mark ​Wenig​ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ពី​ប្រធានបទ​ ដែល​ស.រ.អ​នឹង​លើក​មក​ជជែក​ក្នុង​ពេល​កិច្ច​ប្រជុំ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ដោយ​ថ្លែង​ថា៖

«ខ្ញុំ​មិន​អាច​និយាយ​លម្អិត​អំពី​អ្វី​ដែល​យើង​ត្រូវ​ ហើយ​នឹង​មិន​ត្រូវ​លើក​មក​ពិភាក្សា​នៅ​ឯ​កិច្ច​ប្រជុំ​អ្នក​ផ្តល់​ជំនួយ​ដែល​មិន​មែន​ជា​កិច្ច​ប្រជុំ​សាធារណៈ​នោះ​ទេ»។

ទោះ​ជា​យ៉ាង​ក៏​ដោយ​លោក ​Wenig ​បង្ហាញ​ពី​ជំហរ​របស់​ស.រ.អ​ដែល​ចង់​ឃើញ រដ្ឋា​ភិបាល​កម្ពុជា​គិត​គូរ​ឡើង​វិញ​ចំពោះ​ភាព​ចាំ​បាច់​នៃ​ច្បាប់​អង្គការ​នេះ​ ដោយ​បញ្ជាក់​ថា​ប្រសិន​បើ​ចាំ​បាច់​ ច្បាប់​នេះ​ត្រូវ​អនុម័ត​និង​អនុវត្ត​ ទៅ​តាម​ការ​សន្យា​ ដើម្បី​ពង្រីក​ ជា​ជាង​ការរិត​ត្បឹត​ សេរីភាព​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​កិច្ច​ប្រតិបត្តិការ។

លោក​ Wenig​ ដែល​បាន​អះអាង​ថា​ស.រ.អ​បាន​ធ្វើ​កិច្ចការ​យ៉ាង​ជិត​ដិត​ជា​មួយ​ដៃគូ​ជា​សមាគម​និងអង្គការ​នានា​អំពី​ច្បាប់​ដែល​ទំនង​ជា​ប៉ះ​ពាល់​ដល់​កិច្ចការ​របស់​ពួក​គេ​នោះ​លោក​បាន​សង្កត់​ធ្ងន់​ថា៖

«ស.រ.អ​ មាន​ជំនឿ​ដ៏​មុត​មាំ​ថា​ការមាន​សហគមន៍​សង្គម​ស៊ីវិល​ដ៏​ចម្រុះ​ ឯករាជ្យ​ និង ខ្លាំង​មួយ​ គឺ​ជា​បញ្ហា​មិន​អាច​ជៀស​វាង​បាន​សម្រាប់​លទ្ធិ​ប្រជា​ធិបតេយ្យ​ហើយ​នឹង​ការ​អភិវឌ្ឍ​ជា​និរន្តន៍​ចំពោះ​កម្ពុជា»។

អង្គការ​និង​សមាគម​មិនមែន​រដ្ឋាភិបាល​ជាង​៣០០​នៅ​សប្តាហ៍​ថ្មីៗ​បាន​ជំទាស់ នឹង​​សេចក្តី​ព្រាង​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ចុង​ក្រោយ​ ដែល​គេ​មើល​ទៅ ឃើញ​ថា​មាន​លក្ខណៈ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​ និង​គំរាម​កំហែង​ដល់​សកម្មភាព​នានា​របស់​អង្គការ​សង្គម​ស៊ីវិល​ ដូច​ជា​ទាក់​ទង​នឹង​ការ​ចុះ​បញ្ជី​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ជា​កាតព្វ​កិច្ច​ និង​មាន​ភាព​ស្មុគ​ស្មាញ​ ពុំ​មាន​ដំណើរ​ការ​បណ្តឹង​ឧទ្ធរណ៍​សម្រាប់​ការ​បដិសេធ​ការ​ចុះ​បញ្ជី​ និង​ពុំមាន​ការកំណត់​និយមន័យ​ទៅ​លើ​វាក្យ ស័ព្ទ​សំខាន់ៗ​នៅ​ក្នុង​ច្បាប់​ និង​ផ្នែក​ជា​ច្រើន​ពុំមាន​ភាព​ច្បាស់​លាស់​ ព្រមទាំង​បាន​ផ្តល់​សិទ្ធិ​អំណាច​យ៉ាង​ទូលំទូលាយ​ដល់​អាជ្ញាធរ​ ដើម្បី​ត្រួត​ពិនិត្យ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រមូល​ផ្តុំ ​និង​អនុវត្ត​សិទ្ធិ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​បញ្ជាក់​ថា​ការ​ធ្វើ​ច្បាប់​នេះ​គឺ​មាន​គោល​បំណង​ការពារ​អង្គការ​សង្គម​ស៊ីវិល​ជាង​៣.០០០​ឲ្យ​មាន​របៀប​របប​ការងារ​ មិន​មាន​ការ​រឹត​បន្តឹង​នោះ​ទេ។

លោក ​ហង្ស ​ឆាយា ​នាយក​ប្រតិបត្តិ​នៃ​វិទ្យា​ស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ បាន​អះអាង​ថា​ច្បាប់​នេះ​នឹង​នាំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ មតិ​ ការ​អភិវឌ្ឍ​ប្រទេស​ជា​ដើម​នោះ​បាន​អះអាង​ថា​ច្បាប់​នេះ​មិន​គួរ​ទាន់​ប្រញាប់ ចេញ​នោះ​ទេ​នៅ​អាណត្តិ​រដ្ឋា​ភិបាល​បច្ចុប្បន្ន​នេះ។​ លោក​ បាន​ថ្លែង​ថា​ លោក មិន​បាន​ដឹង​ថា​តើ​បញ្ហា​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​ពិភាក្សា​គ្នា​ក្នុង​ពេល​កិច្ច ប្រជុំ ​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ឬ​យ៉ាង​ណាទេ។

«មិន​ទាន់​ច្បាស់​លាស់​ថា​តើ​អាហ្នឹង​វា​ពាក់​ព័ន្ធ​នឹង​រឿង​ហ្នឹង​ឬ​អត់។​ យើង​លើក​ឡើង​ថា​ រដ្ឋា​ភិបាល​គួរ​ពិចារណា​ឡើង​វិញ​ អាហ្នឹង​ក៏​មិន​ទាន់​ច្បាស់​លាស់​​នៅ​ឡើយ ​ហើយ​សង្គម​ស៊ីវិល​មិន​ទាន់​មាន​ជំហរ​ថា​តើ​គួរ​តែ​លើក​អាហ្នឹង​ឡើង​ទេ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ខេមរភាសា​ពីទី​ក្រុង​ភ្នំពេញ​តាម ទូរស័ព្ទ​ លោក​ Kamayana ​M. Putu​ នាយក​ធនាគា​អភិវឌ្ឍន៍​អាស៊ី​ ADB​ប្រចាំ កម្ពុជា​បាន​អះអាង​ថា​របៀប​វារៈ​ប្រជុំ​ពុំ​មាន​ការ​ជជែក​អំពី​រឿង​ច្បាប់​អង្គការ សមាគម​ទេ​ ក៏​ប៉ុន្តែ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ដែល​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ អាច​លើក​ឡើង​បាន​ថា​តើ​ គេ​អាច​ជជែក​គ្នា​បាន​ឬ​យ៉ាង​ណា។​ លោក​ថ្លែង​ថា ប្រធាន​បទ​ ដែល​ត្រូវ​ជជែក​គ្នា​ក្នុង​កិច្ច​ប្រជុំ​កន្លះ​ថ្ងៃនោះ​គឺ​ផ្តោត​ជា​សំខាន់​ទៅ លើ​បញ្ហា​កែ​ទម្រង់​ចំនួន​បី​ដែល​បាន​ពិភាក្សា​គ្នា​កន្លង​មក​គឺ​ ទី១​ ​យុទ្ធ​សាស្ត្រ​គាំពារ​បញ្ហា​សង្គម​ថា​តើ​ រដ្ឋា​ភិបាល​ត្រូវ​អនុវត្ត​របៀប​ណា​ ហើយ​ដៃគូ​អភិវឌ្ឍន៍​ត្រូវ​ចូលរួម​យ៉ាង​ម៉េច ​​​ទី២​បញ្ហា​ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សមា​ហរណកម្ម​​នៃ​គម្រោង​របស់ រដ្ឋា​ភិបាល​ ដំណើរ​ការ​គ្រប់​គ្រង​ផ្នែក​ថវិកា​ ទី៣​ អំពី​វិធី​ដែល​ត្រូវ​ ធ្វើឲ្យ​ប្រសើរ ឡើង​នូវ​ប្រព័ន្ធ​ពិភាក្សា​ រវាង​ រដ្ឋា​ភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​ជាដើម​ដែល​លោក ​Putu ​បាន​ចាត់​ទុក​ថា​កិច្ច​ប្រជុំ ​ថ្ងៃពុធ​នេះ​ នឹង​មាន​ការ​ផ្តល់​យោបល់​ទៅ​ដល់​របាយ​ការណ៍​របស់​រដ្ឋា​ភិបាល​ដែល​អាច​នាំ​ទៅ​ដល់​កិច្ច​ព្រមព្រៀង។

«ខ្ញុំ​ប្រាកដ​ណាស់​ថា​នឹង​មាន​កិច្ច​ពិភាក្សា​ដ៏​ល្អ​រវាង​ក្រសួង​រដ្ឋ​នានា​ ហើយ​នឹង​ដៃគូ​អភិវឌ្ឍន៍​អំពី​បញ្ហា​សំខាន់ៗ​ ហើយ​នឹង​​កិច្ច​សន្ទនា​សម្រាប់​ដៃ​គូរ​អភិវឌ្ឍន៍​ដើម្បី​គាំទ្រ​ដល់​បញ្ហា​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​ការ​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា»។

ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​សហគមន៍​​ដ៏​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​​កម្ពុជា​ចំពោះ​ការ​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​ផ្សេងៗ​ ក្នុង​គោល​ដៅ​អភិវឌ្ឍន៍​ប្រទេស​​ដែល​ទើប​ចេញ​ពី​សង្រ្គាម​ឲ្យ​មាន​ប្រសិទ្ធភាព​។ កម្ពុជា​ទទួល​ជំនួយ​និង​​កម្ចី​ជាង​​១.០០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ពី​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​នានា។ ADB​ ជា​​ស្ថាប័ន​ផ្តល់​ជំនួយ​ធំ​មួយ​ សម្រាប់​កម្ពុជា​ចំពោះ​ការអភិវឌ្ឍ​លើ​វិស័យ​នានា​ រួម​ទាំង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​សេដ្ឋកិច្ច៕

This posting includes an audio/video/photo media file: Download Now

បញ្ហា​ទំនប់សាយ៉ាប៊ូរី​មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត

Posted: 20 Apr 2011 01:47 PM PDT

ក្រុម​ប្រទេស​ទន្លេ​មេគង្គ​ក្រោម​មិន​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ថា ​តើ​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​សាង់​សង់​ទំនប់​​វារីអគ្គិសនី​សាយ៉ាបូរី​របស់​ប្រទេស​ឡាវ ​ឬ​យ៉ាង​ណា​នោះ​ទេ។​ ការ​មិន​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​នេះ​​គឺ​ដោយ​​សារ​​ប្រទេស​នីមួយៗ​មាន​​ជំហរ​ផ្សេង​គ្នា​ទៅ​លើ​គម្រោង​ទំនប់​ដ៏​ចម្រូង​ចម្រាស់​នោះ។

ប្រទេស​ជា​​សមាជិក​​​ទាំង​បួន​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​គឺ​ថៃ​ កម្ពុជា​​ ​វៀតណាម​ និង​ឡាវ​​មិន​បាន​សម្រេច​យល់​ព្រម​គ្នា​ទៅ​លើ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​​នោះ​ទេ​ នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ពួក​គេ​ក្នុង​ទី​ក្រុង​វៀង​ច័ន្ទ​ នៅ​ថ្ងៃ​អង្គារ​ទី​១៩​ ខែ​មេសា​នេះ។

លោក​តែ​ ណាវុធ ​អគ្គ​លេខាធិការ​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​កម្ពុជា​និង​ជា​ប្រធាន​កិច្ច​ប្រជុំ​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ពី​កិច្ច​ប្រជុំ​​នេះ​ថា​ ការ​បរាជ័យ​មិន​បាន​ឈាន​ទៅ​ដល់​កិច្ច​ព្រម​ព្រៀង​គ្នា​នេះ​គឺ​ដោយ​សារ​ប្រទេស​នីមួយៗ​យល់​ខុស​គ្នា​ទៅ​លើ​គម្រោង​ទំនប់​វារីអគ្គិសនី​សាយ៉ាប៊ូរី​នោះ។

«ដោយ​សារ​គណៈ​កម្មាធិការ​រួម​មិន​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ ឬ​ការ​សម្រេច​ចិត្ត​រួម​គ្នា​មួយបាន​​ គណៈ​កម្មាធិការ​នេះ​​នឹង​រាយ​ការណ៍​ទៅ​ថ្នាក់​លើ​បន្ទាប់​ទៀត​ ដែល​តំណាង​ដោយ​​​​រដ្ឋមន្ត្រី​​ក្រសួង​បរិស្ថាន​ ធនធាន​ធម្មជាតិ​ ឬ​ធនធាន​ទឹក​និង​ឧតុនិយម​នៃ​ប្រទេស​ជា​សមាជិក​ទាំង​បួន»។

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ ប្រទេស​ឡាវ​ទទូច​ថា​ ដំណើរ​ការ​​ពិគ្រោះ​យោបល់​ជា​មុន​ទៅ​លើ​គម្រោង​សាងសង់​ទំនប់​របស់​ខ្លួន​នោះ​គួរ​តែ​បញ្ចប់​ត្រឹម​ពេល​នេះ​ ប៉ុន្តែ​បណ្តា​ប្រទេស​ន្លេ​មេគ្រោង​ក្រោម​បី​ផ្សេង​ទៀត​បាន​ស្នើ​ឲ្យ​មាន​ការ​ពន្យារ​ពេល​ដំណើរ​ការ​ពិគ្រោះ​យោបល់​នេះ​​ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​សិក្សា​ និង​ពិភាក្សា​ជា​សាធារណៈ​​​បន្ថែម​ទៀត​អំពី​ផល​ប៉ះពាល់​ឆ្លង​ព្រំដែន​ដែល​អាច​បណ្តាល​មក​ពី​​ការ​សាងសង់​ទំនប់​សាយ៉ាបូរី​របស់​ប្រទេស​ឡាវ​នោះ​ នេះ​បើ​យោង​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ ដែល​បាន​ចេញ​ផ្សាយ​​ក្រោយ​ពី​កិច្ច​ប្រជុំ​បិទ​ទ្វារ​រយៈ​ពេល​១​ថ្ងៃ​នោះ។

ប្រទេស​វៀតណាម​បាន​ស្នើ​ឲ្យ​មាន​ការ​ពន្យារ​ពេល​​សាងសង់​ទំនប់នោះ​ យ៉ាងតិច​ឲ្យ​បាន​១០​ឆ្នាំ​ទៀត។​ ចំណែក​ប្រទេស​កម្ពុជា​វិញ​​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ពន្យារ​ពេល​នៃ​ការ​ពិគ្រោះ​យោបល់​​បន្ថែម​ទៀត​ ប៉ុន្តែ​មិន​បាន​កំណត់​អំពី​រយៈ​ពេល​ជាក់លាក់​នោះ​ទេ។

ដោយ​ឡែក​ប្រទេស​ថៃ​ក៏​ចង់​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​ទៅ​លើ​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ឡើង​ដែរ​ ប៉ុន្តែ​ហាក់​ដូច​ជា​មិន​បញ្ជាក់​អំពី​គោល​ជំហរ​របស់​ខ្លួន​ឲ្យ​ច្បាស់​ថា​ តើ​ខ្លួន​ចង់​ឲ្យ​មាន​ការ​ពន្យារ​ពេល​​បន្ថែម​ទៀត​ ឬ​ក៏​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​ទំនប់​សាយ៉ាបូរី​នោះ​ នេះ​បើ​ផ្អែក​តាម​លោក​តែ ណាវុធ។

បើ​តាម​គម្រោង​ ​​​​​​​ទំនប់​សាយ៉ាបូរី​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ​នឹង​ត្រូវ​សាងសង់​ដោ​យ​ក្រុមហ៊ុន​ថៃ​មួយ​ឈ្មោះ​Ch Karnchang ​ដោយ​គ្រោង​ផលិត​ថាមពល​អគ្គិសនី​​​​កម្រិត​១២៦០​មេហ្គាវ៉ាត់។​ ៩៥%​នៃ​ថាមពល​អគ្គិសនី​ដែល​ទំនប់​របស់​ឡាវ​​​​ផលិត​បាន​នេះ​​ នឹង​ត្រូវ​លក់​ទៅ​ឲ្យ​ប្រទេស​ថៃ​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​ទន្លេ​អន្តរជាតិ​ (International Rivers)។

របាយ​ការណ៍​ក៏​បង្ហាញ​ផង​ដែរ​​ថា​ ទំនប់​សាយ៉ា​បូរី​​ ដែល​ជា​ទំនប់​ដំបូង​គេ​ក្នុង​ចំណោម​ទំនប់​វារីអគ្គិសនី​ធំៗ​យ៉ាង​តិច​ចំនួន​១១​​ដែល​គេ​គ្រោង​នឹង​សាងសង់​លើ​ដង​ទន្លេមេគង្គ​ក្រោម​នេះ ​​នឹង​ធ្វើ​ឲ្យ​ខូចខាត​ប្រព័ន្ធ​អេកូឡូស៊ី​​និង​ជីវចម្រុះ​នៅ​ក្នុង​ទន្លេ​មេគង្គ​​ជា​រៀង​រហូត​ ប្រសិន​បើ​ត្រូវ​បាន​សាងសង់​មែន​នោះ​ ហើយ​វា​ក៏​​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ពពួក​ពូជ​មច្ឆា​យ៉ាង​តិច​ចំនួន​៤១​ប្រភេទ​ ដូចជា​ពូជ​ត្រី​រាជ​​ជា​ដើម​ផង​ដែរ។

ការ​បាត់​បង់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​រាប់​លាន​នាក់​ ជា​ពិសេស​ប្រជាជន​កម្ពុជា​​​ដែល​​រស់​នៅ​ពឹង​អាស្រ័យ​​ទៅ​លើ​ទន្លេ​មេគង្គ​​នេះ។

សហគមន៍​​ អង្គការ​និង​សកម្មជន​​ការពារ​បរិស្ថាន​ទាំង​ថ្នាក់​ជាតិ​ តំបន់​និង​អន្តរ​ជាតិ​បាន​ជំទាស់​ទៅ​នឹង​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​នេះ​ ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​លុប​ចោល​គម្រោង​ទំនប់​ដ៏​ចម្រូង​ចម្រាស់​មួយ​នេះ។

ប៉ុន្តែ​បណ្តាញ​សារព័ត៌មាន​​ថៃ​​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​របស់​ប្រទេស​ឡាវ​នេះ​បាន​ចាប់​ផ្តើម​រួច​ទៅ​ហើយ​ គឺធ្វើ​តាំង​ពី​មុន​មាន​កិច្ច​ប្រជុំ​ដើម្បី​សម្រេច​ជា​ផ្លូវការ​ ថា​តើ​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​ទំនប់​នេះ​ម៉្លេះ។

មន្ត្រី​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល​ឡាវ​មិន​អាច​ទាក់​ទង​​ដើម្បី​ស្នើ​សុំ​ការ​បញ្ជាក់​​ណាមួយ​បាន​ទេ ​ហើយ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ក៏​មិន​អាច​ផ្តល់​ការ​បញ្ជាក់​បាន​ដែរ​​នៅ​ថ្ងៃ​អង្គារ​នេះ​ចំពោះ​របាយ​ការណ៍​ព័ត៌មាន​អំពី​ការ​ចាប់​ផ្តើម​សាងសង់​ទំនប់​សាយ៉ាបូរី​នោះ។

ទោះជាយ៉ាង​នេះ​ក្តី​ លោក​តែ ណាវុធ​ ប្រធាន​អង្គ​ប្រជុំ​នៃ​គណៈ​កម្មាធិការ​រួម​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ មាន​ប្រសាសន៍​ថា​ តំណាង​ប្រទេស​ទាំង​បួន​នឹង​រាយ​ការណ៍​​អំពី​ការ​យល់​ផ្សេង​គ្នា​ទៅ​លើ​គម្រោង​ទំនប់​សាយ៉ាបូរី​នេះ​ជូន​ក្រុម​ប្រឹក្សា​គណៈ​កម្មការ​ទន្លេ​មេគង្គ​ ដែល​ជាស្ថាប័ន​កំពូល​ តំណាង​ដោយ​រដ្ឋា​ភិបាល​នៃ​ប្រទេស​ទាំង​បួន​ ដើម្បី​សម្រេច​ ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​ទៀត​ទាក់​ទង​នឹង​គម្រោង​សាងសង់​ទំនប់​លើ​ដង​ទន្លេ​មេគង្គ​នេះ។

លោក​តែ ណាវុធ​មាន​ប្រសាសន៍​ថា ​ក្រុម​ប្រឹក្សា​គណៈ​កម្មការ​ទន្លេ​មេគង្គ​​នេះ​ ជា​ធម្មតា​គ្រោង​​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ខែ​តុលា​ ឬ​វិច្ឆិកា​ឆ្នាំ​នេះ៕

This posting includes an audio/video/photo media file: Download Now

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​គ្រោង​តាំង​ពិព័រណ៍​រូបថត​ខ្មែរ​ក្រហម

Posted: 19 Apr 2011 04:39 PM PDT

ក្រោយ​ពី​ខួប​ទី​៣៦​ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​ពួក​ខ្មែរ​ក្រហម​ថ្ងៃទី​១៧មេសា ​ទើបតែ​បាន​កន្លង​ផុត​ទៅ​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​ជាទី​កន្លែង​ប្រមូល​ផ្ដុំ​ឯកសារ​​ដ៏​ធំ​ទាក់ទង​នឹង​របប​ខ្មែរក្រហម​ក្នុង​ប្រទេស​កម្ពុជា​ គ្រោង​នឹង​បើក​ការ​តាំង​ពិព័រណ៍​រូបថត​នៃ​ការ​ចូលកាន់​កាប់​ទីក្រុងភ្នំ​ពេញ​របស់​ពួក​ ខ្មែរក្រហម​នៅ​សម័យ​នោះ​ គឺជា​រូបភាព​ដែល​ថត​ដោយ​អ្នក​ថត​រូប​ជនជាតិ​បរទេស​ចំនួន​ពីរ​រូប។

ចាប់ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​នេះ​តទៅ ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​នឹង​ធ្វើការ​ដាក់​តាំង​ពិព័រណ៍​រូប​ ថត​ចំនួន​១៧​ផ្ទាំង​ ដើម្បី​រំឭក​ និង​ឧទ្ទិស​ដល់​ថ្ងៃ​ទី១៧ ​មេសា​ឆ្នាំ​១៩៧៥។​ ថ្ងៃ​ដែល​ពួក​ខ្មែរក្រហម​បាន​ ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​ទាំងស្រុង​ ហើយ​បាន​ឡើង​កាន់​អំណាច​ដោយ​ចុង​កាំភ្លើង។

លោក​ឆាំង យុ ​នាយក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ រូបថត​ទាំង​១៧​ផ្ទាំង​នេះ​គឺជា​ រូបថត​ដែល​កម្រ​ ហើយ​ថត​ដោយ​អ្នក​ថតរូប​ជនជាតិ​អាមេរិកាំង​ លោក ​Al Rockoff ​និង​អ្នកថត​រូប​ជនជាតិ​បារាំង​លោក ​Roland Neveu ​ហើយ​នេះ​គឺ​ជា​ការ​តាំង​ពិព័រណ៍​រូបថត​ជា​លក្ខណៈ​អចិន្ដ្រៃយ៍​ ដើម្បី​រំឭក​អ្នក​ទស្សនា​ និង​អ្នក​ចូល​ស្រាវជ្រាវ​មជ្ឈ​មណ្ឌល​របស់​លោក​អំពី​ការ​ចាប់ផ្ដើម​នៃ​របប​ឃោរឃៅ​របស់​ពួក​ខ្មែរក្រហម។

«ដើម្បី​សិក្សា​ស្វែងយល់​អំពី​ថ្ងៃ​១៧​មេសា ​តើ​ក្មេង​ជំនាន់​នេះ​យល់​យ៉ាងម៉េច​ចំពោះ​ថ្ងៃទី​១៧ ​មេសា ​ហើយ​ជនរង​គ្រោះ​យល់​យ៉ាងម៉េច​ ហើយ​បរទេស​យល់​យ៉ាង​ណាដែរ?​ ដើម្បី​ជាការ​ពិភាក្សា​មួយ​ចំពោះ​ថ្ងៃនេះ ដែ​លជាថ្ងៃ​ពួកខ្មែរ​ក្រហម​ចូល​មក​ដល់។ ហើយ​យើង​គិត​ថា ​ភ្ញៀវ​ ដែល​ចូល​មក​ដល់​កន្លែង ​យើង​នឹង​បាន​ឃើញ​រូប​ទាំងនេះ។​ ពេល​ចេញ​ទៅ​វិញ​ វា​ឆ្លុះ​បញ្ចាំង​អំពី​ទីក្រុង​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន»។

លោក​ឆាំង យុ​ អះអាង​ថា​ មាន​អ្នក​មក​ទស្សនា​មជ្ឈមណ្ឌល​ឯកសារ​របស់​លោក​ចំនួន​ចន្លោះ​ពី​៦០០​ នាក់​ទៅ​៨០០​នាក់​ជារៀង​រាល់ខែ។​ ដូច្នេះ​ពួកគេ​នឹង​អាច​ឃើញ​រូប​ទាំងនេះ​ ដាក់តាំង​នៅ​តាម​ជាន់​នានា​ ដូច​ជា​រូបថត​នៃ​ការ​អបអរសាទរ​នូវ​ជ័យជម្នះ​របស់​ពួក​កងទ័ព​ខ្មែរក្រហម​ រូបថត​អំពី​ការ​ទទួល​ស្វាគមន៍​របស់​ប្រជា​ពលរដ្ឋ​ក្រុង​ភ្នំពេញ​ និង​ការ​លើក​ទង់​ពណ៌ស​ ដែល​ជា​សញ្ញា​នៃ​ការ​ចុះ​ចាញ់​សង្រ្គាម​ រូបថត​នៃ​ការ​ការពារ​មន្ដ្រី​រដ្ឋការ​របស់​របប​លោក​សេនាប្រមុខ​លន់ នល់​ និង​ឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក ​នៅ​សម័យ​នោះ​ដោយ​កង​ទ័ព​នៃ​របប​លន់ នល់។ ​រូបថត​ដទៃ​ទៀត​ ដូចជា​ រូប​ដែល​ពិពណ៌នា​អំពី​ការ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ​តាម​មហា​វិថី​ព្រះមុន្នីវង្ស​ ការ​ដឹក​ជញ្ជូន​ពលរដ្ឋ​ខ្មែរ​ចូល​ស្ថានទូត​បារាំង​ដោយ​រថយន្ដ​កាកបាទ​ក្រហម​ ការ​ផ្លោះ​របង​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ចូល​ស្ថានទូត​បារាំង​ដើម្បី​ស្វែងរក​កន្លែង​សុវត្ថិភាព ​រូបថត​កងទ័ព​​ខ្មែរក្រហម​​ស្ពាយ​កាំភ្លើង​ ​និង​ការ​ទម្លាក់​អាវុធ​របស់​កងទ័ព​លន់ នល់ ​រួមទាំង​រូបថត​ស្ដ្រី​ម្នាក់​យំ​ឱប​សពប្ដី​របស់​គាត់​ពេល​កំពុង​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីក្រុង​ជាដើម។

លោក​ឌឹម​ សុវណ្ណារុំ​ អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​មិន​ធ្វើ​សេចក្ដី​អធិប្បាយ​ចំៗ​លើ​ការ​តាំង​ពិព័រណ៍​នេះ​ទេ​ ក៏​ប៉ុន្ដែ​លោក​មាន​ប្រសាសន៍​ថា​ ការ​ឧទ្ទិស​ណាមួយ​ដើម្បី​ជា​ការ​ចងចាំ​ថ្ងៃ​១៧​មេសា​គឺ​ជា​ការ​រំឭក​នូវ​ប្រវត្តិ​សាស្ដ្រ​របស់​ប្រទេស​ដែល​ត្រូវ​បំផ្លាញ​ និង​កាប់​សម្លាប់​ដោយ​ពួក​ខ្មែរក្រហម។ ​មាន​មួល​ហេតុជាច្រើន​​ដែល​នាំ​ឲ្យ​មាន​បេសកម្ម​របស់​សាលាក្ដី​ខ្មែរក្រហម​នៅ​ទី​នេះ។

«ការ​ធ្វើ​ក្នុង​ទិសដៅ​ណាមួយ​ដើម្បី​ចងចាំ​នៅ​ថ្ងៃ​ហ្នឹង​ជា​រឿង​មួយ​ដែល​សំខាន់។​ ប្រទេស​កម្ពុជា​ខ្ទេច​ខ្ទាំ​ក៏​ដោយសារ​ថ្ងៃ​១៧ ​មេសា​ហ្នឹងដែរ​ រាប់​ទាំង​មនុស្ស​ជាង​ពីរ​លាន​នាក់​ ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​របប​ហ្នឹង។​ ហើយ​អង្គជំនុំជម្រះ​ក្នុង​តុលាការ​កម្ពុជា​កំពុង​ចោទ​ប្រកាន់​លើ​មេ​ដឹកនាំ​ជាន់ខ្ពស់​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​នេះ»។

របប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​គ្រប់គ្រង​ប្រទេស​កម្ពុជា​អស់រយៈ​ពេល​ចំនួន​បី​ឆ្នាំ​ប្រាំបី ​ខែ​និង​ម្ភៃថ្ងៃ។ ​បច្ចុប្បន្ន​ ថ្ងៃ​ទី​១៧​មេសា​បាន​ក្លាយ​ទៅ​ជា​ការ​ប្រារព្ធ​មួយ​យ៉ាង​ទៀត​ទាត់។​ លោក ​ប៊ូ ម៉េង​ អតីត​អ្នក​ទោស​គុក​ទួលស្លែង​ ដែល​បាន​នៅ​រស់រាន​មាន​ជីវិត​ បាន​ធ្វើ​ពិធី​សាសនា​សម្រាប់​រំឭក​ខួប​ថ្ងៃ​១៧​មេសា​នេះ​ដែរ​ រីឯ​ដែល​​មេ​ដឹកនាំ​គណបក្ស​ជំទាស់​លោក​សម រង្ស៊ី​បាន​ចាប់​យក​ឱកាស​នេះ​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ថា​ ជា​មេដឹក​នាំ​ខ្មែរក្រហម​ជំនាន់​ថ្មី៕

This posting includes an audio/video/photo media file: Download Now

One Response so far.

  1. AMISHA says:

    ដំណឹងល្អសម្រាប់អ្នករាល់គ្នា

    ឈ្មោះរបស់ខ្ញុំគឺ Zara ខ្ញុំចង់ប្រើពេលវេលានេះដើម្បីព្រមានមនុស្សដែលស្វែងរកប្រាក់កម្ចីអ៊ិនធឺណេតនៅអាស៊ីនិងនៅជុំវិញពិភពលោកដើម្បីប្រុងប្រយ័ត្នដោយសារតែពួកគេបោកប្រាស់និងផ្តល់ប្រាក់កម្ចីក្លែងក្លាយតាមអ៊ិនធរណេត។

    ខ្ញុំចង់ចែកចាយទីបន្ទាល់របស់ខ្ញុំអំពីរបៀបដែលមិត្តម្នាក់បានយកខ្ញុំទៅអ្នកអោយខ្ចីបន្ទាប់ពីខ្ញុំត្រូវបានបោកប្រាស់ដោយនារីម្នាក់ដែលអះអាងថានាងមកពីប្រទេសប្រេស៊ីល។ ខ្ញុំស្ទើរតែបាត់បង់ក្តីសង្ឃឹមរហូតដល់ខ្ញុំបានជួបជាមួយក្រុមហ៊ុនវិនិយោគ Suzan ។ Suzan បានផ្តល់លុយ 600 លានរៀលដល់ខ្ញុំក្នុងរយៈពេលតិចជាង 72 ម៉ោងដោយគ្មានការគាបសង្កត់។

    ខ្ញុំមានការភ្ញាក់ផ្អើលនិងរីករាយដែលបានទទួលប្រាក់កំចីរបស់ខ្ញុំ។ ខ្ញុំសន្យាថាខ្ញុំនឹងចែករំលែករឿងនេះដើម្បីឱ្យប្រជាជនអាចទទួលបានប្រាក់កម្ចីងាយស្រួលដោយគ្មានភាពតានតឹង។ ដូច្នេះប្រសិនបើអ្នកត្រូវការប្រាក់កម្ចីសូមទាក់ទងពួកគេតាមអ៊ីម៉ែល: (suzaninvestment@gmail.com) ។ អ្នកនឹងមិនខកចិត្តទេ។

    អ្នកអាចទាក់ទងខ្ញុំតាមអាស័យដ្ឋាន (Ammisha1213@gmail.com) ប្រសិនបើអ្នកត្រូវការជំនួយឬព័ត៌មាន (lukman.karina@yahoo.com) ដែលថ្មីៗនេះបានទទួលប្រាក់កម្ចីពីក្រុមហ៊ុន។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!