VOA News: ព័ត៌មាន: “ប៉ូលីស វាយបំបែកនិង​ចាប់​ឃាត់ខ្លួន​ក្រុម​អ្នក​តវ៉ាបឹងកក់” plus 5 more

VOA News: ព័ត៌មាន: “ប៉ូលីស វាយបំបែកនិង​ចាប់​ឃាត់ខ្លួន​ក្រុម​អ្នក​តវ៉ាបឹងកក់” plus 5 more


ប៉ូលីស វាយបំបែកនិង​ចាប់​ឃាត់ខ្លួន​ក្រុម​អ្នក​តវ៉ាបឹងកក់

Posted: 21 Apr 2011 10:39 AM PDT

ប៉ូលីស​បាន​ចាប់ខ្លួន​អ្នក​តវ៉ា​បឹងកក់​យ៉ាងតិច​១១នាក់​ខណៈ​ដែល​មាន​អ្នកតវ៉ា​បួននាក់​ផ្សេង​ទៀត​បាន​ទទួល​រងរបួស​ពី​ការវាយ​ដុំ​របស់​ប៉ូលីស​នៅក្នុង​ការបង្ក្រាប​ដោយ​អំពើ​ហិង្សា​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។

សាក្សី​ បាន​និយាយថា​ ប៉ូលីស​ជាង​១០០នាក់​ប្រដាប់​ដោយ​ដំបង​ឆក់​ និង​ខែល បាន​សំរុក​ចូល​ទៅក្នុង​ហ្វូងអ្នក​តវ៉ា​បឹងកក់​ដែល​មានគ្នា​ប្រមាណ​១០០នាក់​ដែល​កំពុង​ឈរ​តវ៉ា​ទាមទារ​សិទ្ធិ​លំនៅដ្ឋាន​និង​សិទ្ធិ​ដីធ្លី​នៅ​ខាងក្រៅ​សាលាក្រុង​ភ្នំពេញ។

អ្នកទាំង​១១​នាក់នេះ​ រួមមាន​ក្មេងប្រុស​ពីរនាក់​និង​ស្ត្រី​ជាតំណាង​អ្នកភូមិ​បឹងកក់​ចំនួន​ប្រាំបួន​នាក់​ គឺ​អ្នកស្រី​ ទេព វណ្ណី ​អាយុ​២៨ឆ្នាំ ​អ្នកស្រី ​លី មុំ ​អាយុ​ ៤៤ឆ្នាំ ​អ្នកស្រី​ រស់ ស្រីនាង ​អាយុ ​៣៧ឆ្នាំ ​អ្នកស្រី​ ហេង មុំ​ អាយុ​៤៦ឆ្នាំ​ អ្នកស្រី​ កឹម វាន់នី​ អាយុ ​៤៦ឆ្នាំ​ អ្នកស្រី ​សុន សុភ័ណ្ណ ​អាយុ ​២៦ឆ្នាំ ​ឥឡូវ​កំពុង​ស្ថិត​ក្នុង​ការឃុំឃាំង​នៅ​ស្នងការ​ប៉ូលីស​ក្រុង​ភ្នំពេញ។ នេះ បើតាម​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​បាន​ប្រាប់​ឱ្យ​ដឹង។

អ្នកស្រី​ ង៉ែត ឃុន ​អាយុ៧១ឆ្នាំ ​នៅភូមិ​២២ ​ជា​ជនរងគ្រោះ​ក្នុង​ការបង្ក្រាប​របស់​ប៉ូលីស​ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖

«គេ​វាយ​ខ្ញុំ​ត្រូវ​បែកក្បាល​និង​ត្រូវ​ដៃហើម។ ពួក​ប៉ូលីស​វាយ​ខ្ញុំ​នឹង​ដំបង​ឆក់ ដាក់ខ្ញុំ​មួយ​ដំបង​ហើយ​ ហើយ​ថែម មួយ​ដំបង​ទៀត។ ខ្ញុំ​រងដៃ​ ត្រូវ​ដៃ។ ខ្ញុំ​ទៅ​តវ៉ា​ដើម្បី​តែ​ផ្ទះ​របស់​ខ្ញុំ ហើយ​ស្រាប់តែ​យក​កម្លាំង​មក​វាយ​ធ្វើបាប​ខ្ញុំ​អញ្ចឹង​។ ខ្ញុំ​ចាស់​ហើយ​ ខ្ញុំ​មាន​កម្លាំង​ណា​ទៅ​វាយ​អ្វី​ឈ្នះ​វា»។

អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ការវាយដំ​និង​ការចាប់​ខ្លួន​អ្នក​តវ៉ា​បឹងកក់​ចំពោះ​ការប្រើ​អំពើ​ហិង្សា​របស់​សមត្ថកិច្ច​ចម្រុះ​ដែល​បាន​វាយ​បង្ក្រាប​ទៅលើ​អ្នកភូមិ​រងគ្រោះ​បឹងកក់​ ដោយ​គ្រាន់តែ​ធ្វើការ​ទាមទារ​តវ៉ា​ដោយ​អហិង្សា​នៅមុខ​សាលាក្រុង​ភ្នំពេញ។

លោក​ចាន់ សាវ៉េត​ ប្រធាន​ផ្នែក​ឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស​នៃ​សមាគម​សិទ្ធិមនុស្ស ​អាដហុក ​បាន​ថ្លែងថា​ អាជ្ញាធរ​ បាន​ប្រើ​កម្លាំង​បាយ​ខ្លាំង​ជ្រុលពេក​ទៅលើ​អ្នក​តវ៉ា​បឹងកក់។

«យើង​មើលឃើញ​កម្លាំង​ ប្រដាប់​អាវុធ​ទៅ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី។ វាខុស​ពី​ធម្មតា ​ដែល​យើង​ចាត់​ទុកថា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ​ជាពិសេស​គាត់​អត់បាន​គិត​ពី​មនុស្សជាតិ​ដែល​មាន​សេចក្តី​ត្រូវការ​និង​ទាមទារ​ឱ្យមាន​ការដោះស្រាយ​ដ៏យុត្តិធម៌​នោះ។ យើង​ចាត់ទុក​ថា​ទង្វើ​នៃ​ការប្រើ​អំពើ​ហិង្សា​គឺជា​អំពើ​ខុសច្បាប់​និង​ជា​ការរំលោភ​សិទ្ធិ​មនុស្ស»។

លោក​អ៊ូ វីរៈ ​ប្រធាន​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​នេះ​ជារឿង​តក់ស្លុត​និង​ការឆ្លើយតប​យ៉ាង​អយុត្តិធម៌​ចំពោះ​ការតវ៉ា​ដោយ​សន្តិវិធី​របស់​ប្រជាពលរដ្ឋ​បឹងកក់​លែង​ឱ្យ​មាន​សេរីភាព​ ហើយ​ការចាប់ខ្លួន​កូនក្មេង​និង​ការវាយដំ​មនុស្ស​ចាស់​បង្ហាញ​នូវ​ការធ្លាក់​ចុះ​ថ្មីមួយ​ ក្នុង​អ្វី​ដែល​បាន​ខំប្រឹងប្រែង​តស៊ូ​នឹង​រឿង​ជម្លោះ​ដីធ្លី។

សមាគម​សិទ្ធិមនុស្ស​អាដហុក​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​និង​សាលាក្រុង​ភ្នំពេញ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រើអំពើហិង្សា​និង​ឱ្យ​ដោះលែង​អ្នកតវ៉ា​បឹងកក់​និង​បញ្ឈប់​ការតាមចាប់​ខ្លួន​អ្នកភូមិ​ដទៃទៀត​ហើយ​បន្ត​យន្តការ​ដោះស្រាយ​ទំនាស់​នេះ​ដោយ​សន្តិវិធី។

លោក​ចាន់ សាវ៉េត​ ​បាន​ថ្លែង ក្រោយ​ពី​ជំនួប​រវាងក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ជាមួយ​លោក​កែប ជុតិមា ​អភិបាល​ក្រុង​ភ្នំពេញ​ ថា​សាលាក្រុង​ ភ្នំពេញ​នឹង​ពិចារណា​ដោះលែង​អ្នក​ទាំង១១​នាក់​នៅថ្ងៃស្អែក​បើពួកគាត់​ទទួលស្គាល់​នូវ​អ្វី​ដែល​បាន​ធ្វើ​ខុស៕

This posting includes an audio/video/photo media file: Download Now

ពេល​ត្រឡប់​ពី​ម៉ាឡេស៊ី​វិញ ពលការិនី​ប្រកែក​ថាមិន​មាន​ការរំលោភ​ទេ

Posted: 21 Apr 2011 10:06 AM PDT

អតីត​ពលការិនី​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ច្រានចោល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នូវ​ការអះអាង​ របស់​ខ្លួន​កាលពី​លើកមុន​ថា​ខ្លួន​បាន​ទទួល​រង​ការរំលោភ​បំពាន​ផ្លូវភេទ​នៅក្នុង​ពេល​ដែល​កំពុង​បម្រើការ​នៅ​ក្រៅ​ប្រទេស។

ការបកស្រាយ​ឡើងវិញ​បាន​ធ្វើ​ឲ្យ​មន្រ្តី​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​មាន​ការភ្ញាក់​ផ្អើល ហើយ​មន្រ្តី​គណបក្ស​ជំទាស់​ចាត់ទុក​ថា ​ពលការិនី​រូប​នេះ​ទទួល​រង​នូវការ​កៀបសង្កត់។

អ្នកស្រី​អ៊ុក សេង​ អាយុ​២៧ឆ្នាំ ​មកពី​ខេត្ត​ស្វាយរៀង​ ត្រូវម្តាយ​របស់​នាង​អះអាង​ថាបាន​ទទួល រងការ​រំលោភ​បំពាន​ផ្លូវភេទ​ចំនួន​ពីរដង​ កាលពី​ខែ​មីនា​ឆ្នាំ២០១១​ ដោយ​ថៅកែ​របស់​នាង​នៅ​ប្រទេស ម៉ាឡេស៊ី។

ម្តាយ​របស់​នាង ​គឺ​អ្នកស្រី ​ស្រី សុផល ​បាន​ប្រាប់​ក្រុម​អ្នកកាសែត​ដែល​រៀបចំ​ដោយ​លោកស្រី​ មូរ សុខហួរ ​តំណាងរាស្រ្ត​គណបក្ស​ជំទាស់​សម រង្ស៊ី ​កាលពី​ដើមខែ​មេសា ថា​ កូនស្រី​របស់​អ្នកស្រី​ បាន​ទូរស័ព្ទ​មកពី​ប្រទេស​ម៉ាឡេស៊ី​ស្វែងរក​ជំនួយ ​លាយឡំ​ជាមួយ ​នឹង​ការយំសោក​ប្រកប​ទៅដោយ​ ការភ័យខ្លាច​អ្នកស្រី​អះអាង​ថា ​កូន​របស់​អ្នកស្រី​ទទួល​រង​ការធ្វើទារុណកម្ម ​និង​ខ្វះ​អាហារ​គ្រប់គ្រាន់។

នៅក្នុង​សន្និសីទ​កាសែត​ ក្នុង​ទីក្រុង​ភ្នំពេញ ​ដែល​រៀបចំ​ដោយ​ប៉ូលីស​ក្រសួង​មហាផ្ទៃ ​អ្នកស្រី​ អ៊ុក សេង ​ដែល​ទើប​មកពី​ប្រទេស​ម៉ាឡេស៊ី ​បាន​ច្រានចោល​សេចក្តី​អះអាង​ខាង​លើ​ទាំងស្រុង។

អ្នកស្រី​និយាយថា​ អ្នកស្រី​ និង​ម្តាយ​របស់​អ្នកស្រី​ បាន​ព្រមព្រៀង​គ្នា​ធ្វើការ​ភូតកុហក​ប្រឌិត​នូវ​ព័ត៌មាន​អំពី​ការចាប់រំលោភ​និង​ការធ្វើ​ទារុណកម្ម ដោយសារ​អ្នកស្រី​នឹក​កូន​និង​ចង់​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជាវិញ។

«ខ្ញុំសូម​ជម្រាប​ជូន​ថា​ អត់មាន​អ្នកណា​ចាប់​រំលោភ​ខ្ញុំទេ។ គឺជា​ពាក្យ​មិនពិត»។

សូមបញ្ជាក់​ថា​ម្តាយ​របស់​អ្នក​ស្រីអ៊ុក​ សេង​ គឺ​អ្នកស្រី​ ស្រី សុផល ​ធ្លាប់​បាន​ប្រកាស​ប្រាប់​ក្រុមអ្នកកាសែត​យ៉ាង​រឹងមំាំ​ថា​ កូន​របស់​អ្នកស្រី​ពិតជា​ទទួលរង​នូវ​ការរំលោភ​ដោយ​ថៅកែ​របស់​នាង​មែន។ លោកស្រី​បាន​ប្រកាស​នាពេល​នោះ​ថា៖

«សូម​មេត្តា​ជួយ​រំដោះ​កូនខ្ញុំ​ឲ្យ​បាន​មក​ស្រុកខ្មែរ​វិញ​ក្នុង​ពេល​ឆាប់ៗ​ពីព្រោះ​កូនខ្ញុំ​ភ័យ​ណាស់។ យំ ស្រែក​មក​គឺ​មាន​ការលំបាក​ភ័យ​ហើយ​ខ្លាច​អ្នក​ដែល​ចាប់រំលោភ​វា​យកថ្នាំ​មក​ឲ្យ​លេប ថា​មិនដឹង​ ថ្នាំអ្វី​មិនស្គាល់។ ខ្លា​ចវា​ឲ្យ​លេប​ថ្នាំញៀន​ ថ្នាំអ្វី​ទៅ​វង្វេង ​វង្វាន់​មិនដឹង​អ្វី ភ័យ​ឮ​សំឡេង​កូន​ស្រែក ទ្រហោ​យំ​មក​ ខ្ញុំ​សឹង​សន្លប់​ហើយ​។ ឮ​ពេញ​ពិភព​លោក​អស់​ទៅហើយ​នៅ​តែ​ក្រុមហ៊ុន​ពី​ម្សិលមិញ​ គំរាម​ខ្ញុំ​ថា​ប្រយ័ត្ន​តែ​រឿង​ហ្នឹង​មិនពិត​គេ​ប្តឹង​បកវិញ»។

ក៏ប៉ុន្តែ​ក្រោយ​មក​អ្នកស្រី​ ស្រី សុផល ​បាន​លើក​ឡើងថា ​អ្នកស្រី​បាន​ស្តាប់​ច្រឡំ​នៅក្នុង​ការ និយាយ​ទូរស័ព្ទ​ជាមួយ​កូនស្រី​របស់​អ្នកស្រី​ពី​ប្រទេស​ម៉ាឡេស៊ី។

សេចក្តី​អះអាងនោះ​ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​កាសែត​ ដែល​រៀបចំ​ដោយ​ប៉ូលីស​ក្រសួង មហាផ្ទៃ​នៅមុន​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ។

នៅថ្ងៃ​នេះដែរ​ អ្នកស្រី​ ស្រី សុផល ​ដែល​មាន​វត្តមាន​នៅក្នុង​សន្និសីទ​កាសែត​រៀបចំ​ដោយ ប៉ូលីស​ក្រសួង​មហាផ្ទៃ​ជា​លើកទី២​នេះ​ដែរ​បាន​និយាយ​ច្រានចោល​សេចក្តី​អះអាង​អំពី​ការរំលោភ​ ផ្លូវភេទ​ទៅលើ​កូនស្រី​របស់​អ្នកស្រី​ជាថ្មី​ម្តងទៀត។

លោកស្រី​មូរ សុខហួរ ​តំណាងរាស្រ្ត​គណបក្ស​សម រង្ស៊ី ​ជឿថា​ម្តាយ​និង​កូន​ដែល​ជា​អតីត​ពល ការិនី​កម្ពុជា​នៅ​ប្រទេសម៉ាឡេស៊ី ​បាន​ទទួល​រង​ការកៀប​សង្កត់។

«ចំពោះ​ខ្ញុំ ​គឺមាន​ការរំលោភ​កើតឡើង​ ហើយ​មាន​ការបង្ខំ​មិន​ឲ្យ​ជនរងគ្រោះ​និយាយ​ការណ៍ពិត»។

ជាមួយគ្នា​នេះដែរ ​លោក​អំ សំអាត ​ប្រធាន​ការិយាល័យ​គ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​របស់ អង្គការ​ការពារ​សិទ្ធិមនុស្ស​ LICADHO​ ចាត់​ទុកថា ​ការបដិសេធ​របស់​អ្នកបម្រើ​នៅតាម​ផ្ទះ​នៅ​ប្រទេស ម៉ាឡេស៊ី ​គឺជា​ប្រការ​គួរឲ្យ​សង្ស័យ។

«បើសិន​ជា ​មិនមាន​រឿងរ៉ាវ​កើតឡើង​ទេ ​សំណួរ ​ដែល​ឆ្ងល់​ ហេតុអ្វី​ បាន​ជាគេ​ឲ្យ​កូន​គាត់​ត្រឡប់​ មក​វិញ»។

ដោយឡែក​លោក​ ជាវ ផល្លី ​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស ​និង​ការពារ​អនីតិ ជន​របស់​ក្រសួង​មហាផ្ទៃ ​មាន​ប្រសាសន៍​ថា ​លោកនឹង​បន្ត​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​ករណី​នេះជា បន្ថែម​ទៀត។

លោក​ប៊ុន ហាក់ ​ប្រធាន​ភ្នាក់ងារ​សមាគម​ជ្រើសរើស​ពលករ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ជំនួស ឲ្យ​ក្រុម​ហ៊ុន​ចំប៉ា​មែន​ផូវ័រ ​ដែល​ជា​ក្រុមហ៊ុន​ជ្រើសរើស​អ្នកស្រី​អ៊ុក សេង ​ទៅធ្វើការ​នៅ​ប្រទេស​ម៉ាឡេ ស៊ី នោះ ​ថា​ក្រុមហ៊ុន ​នឹង​មិនធ្វើ​ការប្តឹង​ផ្តល់​ប្រឆាំង​ទៅ​ និង​អ្នកស្រី​អ៊ុក សេង​ ទេ​ ទោះបី​ជា​មានការ​អះ អាង​អំពី​ការបំភ្លៃ​ភូតកុហក​នេះ​ក៏ដោយ។

មាន​ពលការិនី​កម្ពុជា​ដែល​កំពុងតែ​បម្រើ​នៅ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ យ៉ាងតិច​ចំនួន ៣០.០០០ នាក់​នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ។

សេចក្តី​រាយការណ៍​ជាច្រើន ​បាន​លើក​អំពី​ការរំលោភ​បំពាន​ទៅលើ​ពួកគេ​នៅទីនោះ​ ហើយ យ៉ាង​ហោចណាស់​ មាន​ពលការិនី​ចំនួន​ពីរនាក់​ បាន​ស្លាប់​នៅ​មណ្ឌល​របស់​ក្រុមហ៊ុន​ជ្រើសរើស​ពល ករ​នៅ​ដើម​ឆ្នាំ២០១១​នេះ ​មុននឹង​ពួកគេ​ចេញ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី៕

This posting includes an audio/video/photo media file: Download Now

ការ​ប្រឡង​សម្រស់​ស្រ្តី​ខ្មែរ​អាមេរិកាំង​លើក​ទី​១​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​

Posted: 21 Apr 2011 06:48 AM PDT

ការ​ប្រឡង​សម្រស់ស្រ្តី​ខ្មែរ​អាមេរិកាំង​តំបន់​ជុំវិញ​រដ្ឋធានី​វ៉ាស៊ីនតោន​ លើក​ទី១​ត្រូវបាន​រៀប​ចំឡើង​ដើម្បី​អបអរសាទរ​​ពិធីចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​ នៅ​វត្ត​ពុទ្ធិការាម​ រដ្ឋ​មែរីលែនដ៍​ (Maryland) សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អាទិត្យ​ ទី​១៧​ខែមេសា​ឆ្នាំ​២០១១។

ពិធី​ប្រឡង​សម្រស់​ស្រី្ត​ខ្មែរ​អាមេរិកាំង​​មាន​បេក្ខនារី​១០រូប​​ចូលរួម​ ដែល​មាន​អាយុ​ពី​១៥​ឆ្នាំ​ដល់​២២​ឆ្នាំ។ ចំណាត់​ថ្នាក់​លេខ​១​បាន​ទៅ​កញ្ញា​ នីន ដេកា (Nine Deka) អាយុ ១៩ ឆ្នាំ ​មកពី​ទី​ក្រុង​ Arshburn​ រដ្ឋ​វីឌ្យីញៀ​ លេខ​២​ បាន​ទៅ​កញ្ញា​ អាស៊្លី ប៉ាក​ (Ashley Pak) អាយុ ១៥ ឆ្នាំ មក​ពីទីក្រុងAlexandria ​រដ្ឋវីឌ្យីញៀ​ និង​លេខ​៣ បាន​ទៅ​កញ្ញា តាំង ឌីណា (Tang Dina) អាយុ ១៥ ឆ្នាំ មកពី​ទីក្រុង​ ហ្វ្រិឌ័រិក (Frederick) រដ្ឋ​ម៉ារីលែដ៍។

ការប្រកួត​មាន​ពី​រវគ្គ ដោយ​វគ្គទី​១ តម្រូវ​ឲ្យ​អ្នក​ចូល​រួម​ទស្សនា​ជ្រើស​រើស​តាម​រយៈការ​បោះឆ្នោត​រើស​​យក​បីរូប។​ បន្ទាប់​មក​គណៈកម្មការ​​សួរ​សំណួរ​ដើម្បី​ផ្តល់​​ចំណាត់​ថ្នាក់​លេខ ១ លេខ ២ និង​លេខ ៣។

សំណួរ​ដែល​ធ្វើ​ឲ្យ​កញ្ញា នីន ដេកា​ ទទួល​​ជាជ័យ​លាភីចំណាត់​លេខ១ នោះ​គឺ «តើនិយមន័យ​របស់​អ្នក​ អំពី​ពាក្យ​ថា ជោគជ័យ​គឺ​ជា​អ្វី?​ តើ​អ្នក​អាច​គិត​ឃើញ​ទេ​ថា នៅក្នុង​កាលៈទេសៈ​ណា​ដែល​ជោគជ័យ​អាច​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មនុស្ស?»

កញ្ញា នីន ដេកា​ ​ឆ្លើយ​សំណួរ​របស់​គណៈកម្មការ​មេ​ប្រយោគ​ដូច្នេះ​ថា៖

«ខ្ញុំជឿ​ថា​ ជោគជ័យ​គឺ​នៅពេល​ដែល​អ្នក​បរាជ័យ​ហើយ​រៀន​អំពី​បរាជ័យ​នោះ។ ពេល​នោះ​ អ្នក​នឹង​មាន​ភាព​រីកចម្រើន ​ហើយ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ប្រសើរ​ជាង​មុន។ កាលៈទេសៈ​ដែល​​ជោគជ័យ​មិន​មែន​ជារឿង​ល្អ​នោះ​គឺ​នៅ​ពេល​ដែល​អ្នក​តែង​តែ​ឈ្នះ ​ដែល​នាំឲ្យ​អ្នក​មាន​​មោទនភាព​ខ្លួនឯង​ជ្រុល​ ដែល​ជា​កត្តា​នាំឲ្យ​មាន​អត្តចរិត​មិន​ល្អ។ សូមអរគុណ»។

កញ្ញា​ នីន ដេកា ​បាន​ប្រាប់​វីអូអេ​ថា នាង​មាន​មោទនភាព​ និង​រីករាយ​ដែល​ត្រូវបាន​ជ្រើសរើស​ជា​ជ័យលាភី​បវរកញ្ញាឯក​ខ្មែរ​អាមេរិកាំង ​ហើយ​នាង​នឹង​បរិច្ចាក​​ប្រាក់​រង្វាន់​ដែល​មាន​ចំនួន​៥០០ដុល្លារ​​ទៅ​ឲ្យ​សមាគម ​កូនស្រី​ ដែល​ជួយ​ដល់​ស្រ្តី​រងគ្រោះ​ដោយសារ​ការ​ជួញ​ដូរផ្លូវ​ភេទ។

ចំណែក​កញ្ញា​ ព្រំ ពិសី​ ដែលជា​បេក្ខនារី​ដែល​បាន​ចូល​ប្រឡង​ដែរ​នោះ​ បាន​ប្រាប់​វីអូអេខ្មែរ​​បន្ទាប់​ពិធី​ប្រកួតនោះ​​ចប់​ថា កញ្ញា​​ត្រេក​អរ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រឡង​សម្រស់​ស្រ្តី​ខ្មែរ​អាមេរិកាំ​ងនេះ​ ទោះ​បី​មិន​បាន​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​បី​នាក់​ចុង​ក្រោយ​ក្តី។

«ប៉ារបស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ការ​ប្រឡង​គឺ​តែង​មាន​ចាញ់មាន​ឈ្នះ ប៉ុន្តែ​ទោះ​បី​ជា​ខ្ញុំ​ជាប់​ឬ​មិន​ជាប់​ក៏​មិន​ជា​អ្វីដែរ ពីព្រោះ​គឺ​ជា​ការ​ដែល​ខ្ញុំ​ចូល​រួម​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​របស់​ខ្មែរ​យើង​ ដល់​ជនជាតិ​ខ្មែរ​យើង និង​បរទេស​ដែល​នៅ​សហរដ្ឋ​អាមេរិក​នេះ»។

អ្នកស្រី​ ផ្លុង អ៊ិត្ថារ៉ា​ អ្នក​រៀបចំពីធី​ប្រឡង​សម្រស់​ស្ត្រីខ្មែរ​បាន​មាន​ប្រសាសន៍​​បា្រប់​វីអូអេ​ខ្មែរនៅ​ខាង​ក្រោយ​ឆាក​នៃ​ការប្រកួត​ថា ​គោល​បំណង​នៃ​ការ​រៀបចំពិធី​នេះ​ គឺ​ដើម្បី​ទាក់​ទាញ​កូនខ្មែរ​អាមេរិកាំង​ឲ្យ​ត្រឡប់​មក​​ផ្តល់​តម្លៃ​​វប្បធម៌​របស់​ខ្លួន ​និង​ចង់​បង្ហាញ​ដល់​ពិភព​ខាង​ក្រៅ​អំពី​សម្រស់​ស្ត្រី​ខ្មែរ។ អ្នក​ស្រី​ថ្លែង​ថា៖

«ចង់ជួយ​​ក្មេង​ៗឲ្យ​មក​​ទាក់​ទង​​នៅ​វត្ត​ ដូច​ថា​ឲ្យ​ចេះ​ឲ្យ​តម្លៃ​វប្បធម៌​ខ្មែរ​ ដោយសារ​​​ថា​ ក្មេងៗ​កើត​នៅ​ស្រុក​អាមេរិក​នេះ​ វា​តាម​អាមេរិក។ ការ​ធ្វើ​បវរកញ្ញា​ហ្នឹង​ចង់​ហៅ​ក្មេងៗ​ឲ្យ​ត្រឡប់​មក​ស្រឡាញ់​វប្បធម៌​របស់​ខ្លួន​ឯង​ និង​ឲ្យ​មាន​មោទនភាព​ជាតិ​ខ្មែរ»។

ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​វត្ត​ពុទ្ធិការាម​ឆ្នាំ​នេះ មាន​ប្រជា​ពលរដ្ឋទាំង​ខ្មែរ​ និង​បរទេស​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ខុស​ពី​ឆ្នាំមុនៗ​។

អ្នក​ស្រី សារ៉ង បូរ៉ា មក​ពី​រដ្ឋ​វីឌ្យីញៀ ដែល​ជា​អ្នក​ចូលរួម​ម្នាក់​ដែរ​នេះ បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា​ អ្នក​ស្រី​កត់​សម្គាល់​ឃើញ​ថា​ ឆ្នាំ​នេះ​​មាន​ពិធី​ផ្សេងៗ​ជាច្រើន​ ដូច​ជា​ការ​សម្តែង​របាំ​បូរាណ​ និង​​ប្រជាប្រិយ​ខ្មែរ ល្បែង​ប្រជាប្រិយ​ និង​ជា​ពិសេស​ពិធី​ប្រឡង​សម្រស់​ស្ត្រី​ខ្មែរ។

«ថ្ងៃ​នេះ​ផ្ទាល់​គឺ​មាន​ការ​ប្រកួត​បវរ​កញ្ញា​ខ្មែរ​អាមេរិកាំង​ គឺ​ប្លែក​ ដោយ​សារ​ថា​ឆ្នាំ​មុនៗ​មិន​ធ្លាប់​មាន​កម្មវិធី​នេះ​ទេ»។

គណៈកម្មការ​រៀបចំ​ប្រឡងសម្រស់​ស្រ្តី​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​ ដោយសារ​តែ​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ឆ្នាំនេះ​ គណៈកម្មការ​នឹង​ពិចារណា​រៀបចំ​ពិធី​នេះ​ឲ្យ​បាន​រិត​តែ​ប្រសើរ​ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយៗ​ ហើយ​សូម​អំពាវនាវ​ឲ្យ​ស្រ្តី​ដែល​មាន​សម្រស់​ល្អ​ដាក់​ពាក្យ​ចូលរួម​ប្រឡង​ឲ្យ​បាន​ច្រើន​នៅ​ឆ្នាំ​ក្រោយ៕

This posting includes an audio/video/photo media file: Download Now

ខ្មែរ​នៅ​ឡុងប៊ិច​អបអរ​ឆ្នាំ​ថោះ​ដោយ​ការ​ដង្ហែរ​ក្បួន

Posted: 21 Apr 2011 02:39 PM PDT

ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ឆ្នាំ​ថោះ​ ត្រីស័ក​ពុទ្ធសករាជ​២៥៥៥​ នៅ​ពេល​ថ្មីៗ​នេះ ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច​ ដែល​គេស្គាល់​ថា​ជា​ទីក្រុង​ខ្មែរ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក​ បាន​ធ្វើ​ក្បួន​ដង្ហែរ​ បង្ហាញ​អំពី​សិល្បៈ​ វប្បធម៌​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ខ្មែរ​ ហើយ​មាន​ការចូល​រួម​ពី​សំណាក់​ទស្សនិកជន​យ៉ាង​ច្រើន​កុះករ។

សំឡេង​ហ៊ោ​កញ្ជ្រៀវ​ «សួស្តីឆ្នាំថ្មី!» និង​សំឡេង​ជូនពរ​ បាន​បន្លឺ​ឡើង​ផ្តោះផ្តង​គ្នា​រវាង​អ្នក​ចូលរួម​ទស្សនា​ និង​ក្បួន​ដង្ហែរ។

ការ​បើក​ឆាក​ក្បួន​ដង្ហែរ​នេះ​ចាប់​ផ្តើម​ពី​របាំ​ជូន​ពរ​ ហែរហម​បន្ត​ដោយ​ក្បួន​អប្សរា​ របាំ​សុវណ្ណមច្ឆា​ របាំ​គោះ​ត្រឡោក​ ក្បួន​ស៊ីក្លូ​ខ្មែរ​ ក្បាច់​គុណ​ល្បុក្កតោ​ របាំ​របស់​ជាតិ​សាសន៍​ម៉ិកស៊ិកូ​ និង​សិល្បៈ​ជា​ច្រើន​ទៀត​ រួម​ជាមួយ​នឹង​ក្បួន​គណៈ​កិត្តិយស​ដែល​មាន​ដូច​ជា​ ចៅហ្វាយ​ក្រុង​ និង​មន្រ្តី​យោធា​ប៉ូលីស​ជាដើម។

កម្មវិធី​នេះ​បាន​រៀបចំ​ឡើង ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២​ខែ​មេសា​កន្លង​ទៅ​នេះ​ ដោយ​ សភា​សង្គម​ខ្មែរ​ (Cambodian Coordinating Council) ដែល​ជា​សមាគម​មិន​យក​ប្រាក់​កម្រៃ​មួយ​ប្រចាំ​នៅ​ទីក្រុង​ឡុងប៊ិច។

លោក​ ទុំ ហ្វីលីប៉ូ​ ជា ​ប្រធាន​របស់​សភា​សង្គម​ខ្មែរ​នេះ​បាន​ឱ្យ​ដឹង​ថា​ ការ​ដង្ហែរ​ក្បួន​នេះ​គឺ​ចង់​ផ្សព្វផ្សាយ​វប្បធម៌​ប្រពៃណី​ខ្មែរ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​ខ្មែរ​និង​បរទេស​បាន​ស្គាល់។

«ទី​មួយ​គឺ​ថា​យើង​ចង់​បង្ហាញ​អំពី​វប្បធម៌​របស់​ខ្មែរ​យើង​ដែរ​ហើយ​ម្យ៉ាង​ទៀត​ហ្នឹង​គឺ​យើង​ចង់​បង្ហាញ​អំពី​ដូច​ថា​ ពាណិជករ​ពាណិជកម្ម​ដែល​យើង​មាន​នៅ​ក្នុង​ក្រុង​ឡុងប៊ិច​នេះ។​ យើង​ចង់​បង្ហាញ​អ្នក​ដែល​នៅ​ក្នុង​ទី​ក្រុង​ឬ​អ្នក​ដែល​នៅ​ក្រៅ​ទីក្រុង​ក្តី​ ដើម្បី​ឲ្យ​យល់​អំពី​ពាណិជ្ជករ​ដែល​យើង​មាន​នៅ​ទីក្រុង​ឡុងប៊ិច​ យើង​មាន​អ្វី​ខ្លះ​ ដែល​អាច​បញ្ចូល​ទៅ​ក្នុង​ឡុងប៊ិច​ឲ្យ​មាន​ភាពចម្រុះ​ (diversity) នៅ​ក្នុង​ទីក្រុង​នេះ​ តែម្តង។ ហើយ​ម្យ៉ាងទៀត​យើង​ក៏​ចង់​ឲ្យ​អ្នក​ដទៃ​ស្គាល់​ពី​វប្បធម៌​យើង​ដែរ​ នេះ​ជា​ឱកាស​មួយ​ដែល​យើង​អាច​ប្តូរ​ ដូច​ថា​ ចំណេះ​ដឹង​អី​ជាដើម។»

ការ​ធ្វើ​ក្បួន​ដង្ហែរ​នេះ​គឺ​បាន​ធ្វើ​ឡើង​នៅ​លើ​ដង​ផ្លូវ​ ឈ្មោះ​ថា​ អាណាហែម​ (Anahiem Street) ដែល​ជា​វិថី​សម្បូរ​ដោយ​មុខជំនួញ​ជួញដូរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ហើយ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ «Cambodian Town»​ ឬ​«ទីក្រុង​ខ្មែរ»។ លោក​ ហ្វីលីប៊ូ​ ក៏​បាន​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​សភា​សង្គម​ខ្មែរ​ជ្រើស​យក​ផ្លូវ​អាណាហែម​នេះ​ដែរ​ ថា៖

«ផ្លូវ​ម្តុំ​ហ្នឹង​ គេ​ហៅ​ថា​ Cambodian Town មាន​ន័យ​ថា​ទីក្រុងខ្មែរ​ ហ្នឹង ​ព្រោះ​វា​មាន​ business (ពាណិជកម្ម) ខ្មែរ​ជា​ច្រើន​នៅ​តាម​ផ្លូវ​ម្តុំ​ហ្នឹង​ ម្ល៉ោះ​ហើយ​ យើង​ចង់​បាន​ចំណុច​ហ្នឹង​ ឈ្មោះ​ថា​ជា​ទីក្រុង​ខ្មែរ។ ឈ្មោះ​នេះ​ជា​ឈ្មោះ​ចេញ​ពី​អាជ្ញាធរ​ ទី​ក្រុង​ឡុងប៊ិច​រួច​ហើយ​ កាល​ពី​ប្រហែល​ជា​បី​ឆ្នាំ​មុន​ ប៉ុន្តែ​គេ​នៅ​ចាប់​ផ្តើម​ធ្វើ​ដូច​ជា​សញ្ញា​នៅ​តាម​ Freeway អី​ជា​ដើម​ ដើម្បី​ឲ្យ​មើល​មក​ ពេញ​ជា​លក្ខណៈ​ទីក្រុង​ខ្មែរ។»

<!--IMAGE-->

លោក​ ខេង​ សុភ័ក្រ្ត​ ជា​អ្នក​ស្ម័គ្រចិត្ត​ ជួយ​រៀបចំ​កម្មវិធី​ក្បួន​ដង្ហែរ​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្បួនដង្ហែរ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ទីក្រុង​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក។

«ហែរ​ parade​ នេះ​ពិត​ប្រាកដ​វា​សំខាន់​ណាស់​ហើយ​ ដើម្បី​បង្ហាញ​ឲ្យ​ប្រជាជន​ខ្មែរ​នៅ​អាមេរិច​ក៏​ដូចជា​ប្រជាជន​ខ្មែរ​នៅ​លើ​ពិភពលោក​ទាំង​មូល​ថា​ ខ្មែរ​រស់នៅ​ អាមេរិក​ក៏​មាន​កម្មវិធី​ដែល​ទាក់ទង​នឹង​ប្រពៃណី​ដែរ។ យើង​ក៏​លើក​ស្ទួយ​កិត្តិយស​ជាតិ​ លើក​ស្ទួយ​ប្រពៃណី​ជាតិ​ អត់​ឲ្យ​មាន​ការ​បាត់បង់​ទេ។»

ជាមួយ​គ្នា​នេះ​ដែរ​លោក​ក៏​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ការ​រៀបចំ​ពិធី​ជា​រៀងរាល់​ឆ្នាំ​គឺ​មាន​ការ​លំបាក​ ដូច្នេះ​លោក​សូម​អំពាវនាវ​សុំ​ឲ្យ​មាន​ជំនួយ​បន្ថែម​ពី​សំណាក់​បងប្អូន​នៅ​ក្នុង​សហគមន៍​ខ្មែរ។

«ទន្ទឹម​នឹង​នេះ​ដែរ​ យើង​ក៏​ត្រូវការ​បន្ថែម​អ្នក​ដែល​មាន​ទឹកចិត្ត​ចង់​ជួយ​ជា​កម្លាំង​ វិភាគទាន​យោបល់​គំនិត។​ អ្នក​ទាំងអស់​ហ្នឹង​ហើយ​ដែល​អាច​ធ្វើ​ឲ្យ​សហគមន៍​ខ្មែរ​រីកចំរើន​ទៅ​មុខ​បាន​ បើ​ទោះ​ជា​មាន​តែ​បួន​ដប់​អ្នក​ ដែល​មាន​គំនិត​ច្នៃប្រឌិត​ក៏​ដោយ​ ប៉ុន្តែ​ខ្វះ​កម្លាំង​ជួយ​ អត់​កើត​ទេ។​ ទោះបី​ជា​យើង​មាន​កម្លាំង​ជួយ​ តែ​យើង​ខ្វះ​ថវិកា​ ក៏​វា​ទៅ​អត់​រួច​ដែរ។ អញ្ចឹង​ យើង​ព្យាយាម​ធ្វើ​ Parade (ក្បួនដង្ហែរ) ហ្នឹង​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ យើង​មាន​ការ​លំបាក​ដោយសារ​តែ​អ្នក​ដែល​ជួយ​គឺ​មាន​តិចតួច។»

លោក​សួន សុធី​ ជា​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ឡុងប៊ិច​ បាន​សម្តែង​ការ​ត្រេកអរ​នៅ​ពេល​បាន​មក​ចូលរួម​ទស្សនា​ក្បួន​ដង្ហែរ​នេះ ​ហើយ​គាត់​ចង់​ឲ្យ​មាន​ការ​រៀបចំ​នេះ​ជា​រៀងរាល់​ឆ្នាំ​ ដោយ​សារ​នេះ​ ជា​ឱ​កាស​មួយ​អាច​ឲ្យ​កូន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​រៀន​សូត្រ​ពីវប្បធម៌​របស់​ខ្លួន។

«ខ្ញុំ​គិត​ថា​សប្បាយ​ណាស់​ ព្រោះ​យើង​នៅ​ក្រៅប្រទេស​ អត់​បាន​ទៅ​ស្រុក​ខ្មែរ​ យើង​នៅ​ស្រុក​នេះ​ក៏​អាច​ចូលរួម​ក្នុង​ពិធី​ចូលឆ្នាំ​ខ្មែរ​យើង​បាន​ដែរ។ ទីនេះ​គឺ​ខ្ញុំ​នៅ​ម្នាក់ឯង​ ដូច​មាន​ក្តី​នឹក​ស្រុក​ និង​សោកសៅ​ខ្លះ​ដែរ​ពេល​ខ្លះ​ ដូច​យើង​នៅ​ឆ្ងាយ​ពី​ ឪពុកម្តាយ​ តែ​ខ្ញុំ​គិតថា​នេះ​ជា​ចំណុច​មួយ​ដែរ​ ដែល​គួរ​ឲ្យ​ខ្ញុំ​កាត់​បន្ថយ​ភាពនឹក​ស្រុក​ ដូច​ថា​មក​អញ្ចឹង​បាន​សប្បាយ​ អញ្ចឹង​ទៅ​វា​គ្រាន់​ជាង​អត់។»

គួរ​បញ្ចាក់​ផង​ដែរ​ថា​ ​ក្រៅ​ពី​ការ​ធ្វើ​ក្បួន​ដង្ហែរ​នេះ​ សភាសង្គម​ខ្មែរ​ក៏​មាន​រៀបចំ​ កម្មវិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​ឯ​សួន​ឧទ្យាន​ជាតិ El Dorado Park។ សម្រាប់​កម្មវីធី​នោះ​ ប្រិយមិត្ត​អ្នក​ចូលរួម​ អាច​កម្សាន្ត​សប្បាយ​ជាមួយ​នឹង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ ការ​ពូន​ភ្នំ​ខ្សាច់​ ការ​ប្រគុំ​តន្ត្រី​ ការ​ប្រឡង​ចម្រៀង ការ​សម្តែង​សិល្បៈ​ ដែល​នឹង​មាន​ដូច​ជា​ របាំ​បុរាណ​ ល្ខោន​បាសាក់​ និង​ការ​សូត្រ​កំណាព្យ​ជាដើម។

ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​ El Dorado Park គឺ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ទី​០៩​ខែមេសា​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ៕

This posting includes an audio/video/photo media file: Download Now

ជប៉ុន​អាច​នឹង​បន្ថយ​ជំនួយ​មក​កម្ពុជា​ដោយសារ​មហន្តរាយ​រញ្ជួយដី

Posted: 20 Apr 2011 03:10 PM PDT

មន្រ្ដី​ការទូត​ជាន់ខ្ពស់​របស់​ប្រទេស​ជប៉ុន​បាន​ឲ្យ​ដឹង​ថា ​មហន្ដរាយ​ដោយសារ​ធម្មជាតិ​នៅក្នុង​ប្រទេស​របស់​ខ្លួន​នឹង​បណ្ដាល​ឲ្យ​មាន​ការ​កាត់​បន្ថយ​ជំនួយ​មកកាន់​ប្រទេស​កម្ពុជា។​ មន្ដ្រី​សង្គម​ស៊ីវិល​និង​មន្រ្ដី​គណបក្ស​ជំទាស់​ដាស់​តឿន​ថា​ រដ្ឋាភិបាល​មិន​ត្រូវ​ពឹង​លើ​ប្រភព​ជំនួយ​បរទេស​ពី​ប្រទេស​សំខាន់​តែមួយ​នោះ​ទេ។

ឯកអគ្គ​រាជទូត​ជប៉ុន ​លោក​ម៉ាសាហ្វ៊ូមី គូរ៉ូគី ​(Masafumi Kuroki) ​បាន​ព្រមាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ជំនួយ​ឥត​សំណង​សម្រាប់​ការ​អភិវឌ្ឍ​មក​កាន់​ប្រទេស​កម្ពុជា​នឹង​រង​ការ​ប៉ះពាល់​ដោយសារ​តែ​ប្រទេស​ជប៉ុន​ត្រូវ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​គ្រោះធម្មជាតិ​ដ៏​អាក្រក់​កាលពី​ជាង​មួយ​ខែ​មុន​នេះ។

ក្រោយ​ពី​កិច្ច​ប្រជុំ​រវាង​សហគមន៍​ផ្ដល់​ជំនួយ​ និង​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​តាម​ដាន​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នោះ​ ​លោក​ឯកអគ្គ​រដ្ឋទូត​ជប៉ុន​បាន​ថ្លែង​ប្រាប់​ VOA ​សម្លេង​សហ​រដ្ឋ​អាមេរិក​​ថា​ រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ត្រូវ​បង្កើន​ថវិកា​ជាតិ​ថែមទៀត​សម្រាប់​ស្ដារ​តំបន់​រងគ្រោះ​ឡើង​វិញ​ ដូច្នេះ​ជំនួយ​អភិវឌ្ឍន៍​ទៅ​ក្រៅ​ប្រទេស​នឹង​ទទួល​រង​ការ​ប៉ះពាល់​ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ជំនួយ​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ។

«ការ​ប៉ះពាល់​ជា​អវិជ្ជមាន​ទៅលើ​ថវិកា​ជំនួយ​ផ្លូវការ​ (ODA)​ជាទូទៅ ​ប្រហែល​ជា​ចៀស​មិន​ផុត​ទេ ​ដោយ សារ​តែ​គ្រោះ​មហន្ដរាយ​នៅ​ប្រទេស​ជប៉ុន​នេះ»​។

ទោះជាយ៉ាងណា​ លោក​ម៉ាសាហ្វ៊ូមី គូរ៉ូគី​មាន​ប្រសាសន៍​ថា​ វា​នៅ​ឆាប់​ពេក​នៅ​ឡើយ​ គឺ​មិនទាន់​អាច​និយាយ​បាន​ទេ​ ថា​តើ​ការ​កាត់​បន្ថយ​ជំនួយ​ក្រៅ​ប្រទេស​របស់​ជប៉ុន​នឹង​មាន​ទំហំ​ប៉ុណ្ណា​នោះ។

ប្រទេស​ជប៉ុន​ត្រូវ​វាយ​ប្រហារ​ដោយ​រលក​យក្ស​ស៊ូណាមិ​ និង​ការ​រញ្ជួយដី​កម្រិត​ខ្ពស់​បំផុត​កាល​ពី​ថ្ងៃ​១១​ មិនា​កន្លង​ទៅនេះ​ ដែល​បណ្ដាល​ទីក្រុង​និង​ភូមិករ​នៅ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​ប្រវែង​២១០០​គីឡូម៉ែត្រ​ រង​ការ​បំផ្លិច​បំផ្លាញ។

ចំនួន​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​អាច​កើន​រហូត​ទៅ​ដល់​២៥០០០​នាក់​ ហើយ​ប្រជា​ពលរដ្ឋ​ជប៉ុន​ជាង​ ៤៥០​០០០​នាក់​បាត់បង់​ទី​ជម្រក។ ​រហូត​មក​ដល់​ពេលនេះ​មាន​ប្រជា​ពលរដ្ឋ​ជប៉ុន​ប្រមាណ​៦៦០០០០​គ្រួសារ​ខ្វះ​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់។

រដ្ឋាភិបាល​ជប៉ុន​បាន​អនុម័ត​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​កាល​ពី​ដើមខែ​មេសា​នេះ។​ ក៏ប៉ុន្ដែ​លោក​ឯកអគ្គ​រាជទូត​ជប៉ុន​ម៉ាសាហ្វ៊ូមី ​គូរ៉ូគី​មាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​ក្រុង​តូក្យូ​នឹង​ត្រូវ​អនុម័ត​នូវ​ថវិកា​ជាតិ​ជា​បន្ថែម​ទៀត​ ក្នុង​ពេល​ខាង​មុខ​នេះ​សម្រាប់​ការ​កសាង​ប្រទេស​ឡើង​វិញ។ ​នោះ​ហើយ​គឺការ​ចាំបាច់​សម្រាប់​ការ​កាត់​បន្ថយ​ជំនួយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដូចជា​ប្រទេស​កម្ពុជា​នេះ។

ប្រទេស​ជប៉ុន​ផ្ដល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ចំនួន​ជាង​១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​គឺ​ជា​ប្រទេស​ដែល​ផ្ដល់​ជំនួយ​ធំ​ជាងគេ​បំផុត​ដល់​កម្ពុជា​ ខណៈ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​ពឹង​ជំនួយ​បរទេស​ជា​ប្រចាំ​ឆ្នាំ​ ប្រមាណ​១០០០​លាន​ដុល្លារ​សម្រាប់​ការ​កសាង​និង​អភិវឌ្ឍន៍។

លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​ហ៊ុន​ សែន​ កាលពី​ពេល​ថ្មីៗ​នេះ​ ធ្លាប់​បាន​សម្តែង​កង្វល់​អំពី​ការ​ប៉ះពាល់​ដល់​ជំនួយ​ពី​ប្រទេស​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា​នេះ​ដែរ។

លោក​យឹម សុវណ្ណ ​តំណាងរាស្ដ្រ​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ជំទាស់​សម រង្ស៊ី ​មាន​ប្រសាសន៍​ថា​ ការ​កាត់​បន្ថយ​ជំនួយ​ណាមួយ​ពី​ប្រទេស​ជប៉ុន​នឹង​ប៉ះពាល់​ដល់​ការ​វិនិយោគ​សាធារណៈ ​និង​និរន្ដរ​ភាព​របស់រដ្ឋាភិបាល។

«អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​ជូន​យោបល់​ទៅ​រដ្ឋាភិបាល​ជា​ញឹកញាប់​ថា​ យើង​ត្រូវតែ​ស្វែងរក​ប្រភព​ជំនួយ​ពី​បណ្តា​ប្រទេស​ផ្សេងៗ។ កុំ​រំពឹង​ទៅលើ​តែ​ប្រទេស​ណា​មួយ។​យើង​គួរ​តែ​ខិតខំ​ប្រឹងប្រែង​រិះរក​មធ្យោបាយ ​លុប​បំបាត់​អំពើ​ពុករលួយ​ ខិតខំ​ប្រមែ​ប្រមូល​ថវិកា​ជាតិ ​ដើម្បី​ជួយ​ខ្លួន​យើង​ ហើយ​ពង្រឹង​ហិរញ្ញ​វត្ថុ​ខ្លួន​យើង»។

ដោយឡែក​ លោក​គល់ បញ្ញា​ក៏​បាន​កត់​សម្គាល់​ដូចគ្នា​នេះ​ដែរ​ថា​ ការ​កាត់បន្ថយ​ជំនួយ​របស់​ប្រទេស​ជប៉ុន​នឹង​ប៉ះពាល់​ដល់​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ដោយសារ​តែ​ជំនួយ​របស់​ជប៉ុន​ភាគច្រើន​ គឺ​ជា​ជំនួយ​ឥត​សំណង។ ​ក៏ប៉ុន្ដែ​រដ្ឋាភិបាល​មិនទាន់​មាន​យន្តការ​សម្រាប់​គ្រប់គ្រង​ហានិភ័យ​នៅពេល​ដែល​ម្ចាស់​ជំនួយ​បាត់បង់​លទ្ធភាព​តាម​ការ​រំពឹង​ទុក​ដែល​ប្រទេស​កម្ពុជា​ចង់​បាន​នោះ​ទេ៕

This posting includes an audio/video/photo media file: Download Now

សាលា​ក្រុង​ ឡូវែល គ្រោង​បង្កើត​ទីក្រុង​ខ្មែរ​ ឬ​ភូមិខ្មែរ

Posted: 21 Apr 2011 09:09 AM PDT

មន្ត្រី​សាលាក្រុង​ Lowell​ និង​អ្នក​តំណាង​សហគមន៍​ខ្មែរ​កំពុង​រៀបចំ​គម្រោង​បង្កើត​ទីក្រុង​ខ្មែរ ឬ​ភូមិខ្មែរ​នៃក្រុង​Lowell​ ដែល​មាន​ពលរដ្ឋ​អាមេរិកាំង​ដើម​​កំណើត​ខ្មែរ​ជាង​៣ម៉ឺន​៥ពាន់​នាក់​រស់​នៅ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី​៣១​មិនា​នេះ​ ក្រុម​មន្ត្រី​សាលាក្រុង​Lowell​ រដ្ឋ​មាស្សាឈូសែស​​បាន​មក​ធ្វើ​បទបង្ហាញ​​នៅ​មជ្ឈមណ្ឌល​គាំពារ​សុខភាព​មនុស្ស​ចាស់​នៃ​ទីក្រុង​Lowell​​ បកស្រាយ​អំពី​គម្រោង​បង្កើត​ Little Cambodia គឺ​ទីក្រុង​ខ្មែរ​ ភូមិ​វប្បធម៌​ខ្មែរ​ ឬភូមិខ្មែរ​នៃ​ក្រុង​Lowell​ដែល​មាន​ជនជាតិ​ខ្មែរ​រស់នៅ​ជាង​៣​ម៉ឺន​៥​ពាន់​នាក់។

នាយក​គ្រប់គ្រង​ទីក្រុង​Lowell ​លោក Bernard Lynch ​បាន​ដឹកនាំ​មន្ត្រី​សាលា​ក្រុង​មក​​ធ្វើ​បទ​បង្ហាញ​ និង​សួរ​យោបល់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជិត​១០០​នាក់​អំពី​គម្រោង​អភិវឌ្ឍន៍​នេះ។

«ម្ចាស់​ហាង​ជា​ច្រើន​ចង់​កែ​លម្អ​កន្លែង​រកស៊ី​ឲ្យ​មាន​លក្ខណ​ជាខ្មែរ។​ ខ្ញុំ​គិត​ថា​ ដើម្បី​ឲ្យ​គម្រោង​ក្រុង​ខ្មែរ​នេះ​បាន​ជោគជ័យ​ ម្ចាស់​ហាង​អាច​ជួយ​យើង​ប្រមូល​បច្ច័យ​ ព្រោះ​មាន​អ្នក​ខ្លះ​ចង់​ដាក់​រូប​ចម្លាក់​ដែល​ត្រូវ​ចំណាយ​លុយ​ទិញ»។

កន្លង​មក​សាលាក្រុង​បាន​ចំណាយ​ប្រហែល​៣០​ម៉ឺន​ដុល្លារ​ ហើយ​វាយ​តម្លៃ​ថា ​ក្នុង​តំណាក់​កាល​ចាប់ផ្តើម​ សាលាក្រុង​ Lowell​នឹង​ចំណាយ​រវាង​៦០ម៉ឺន​ ឬ​៧០ម៉ឺន​ដុល្លារ ​ គួប​ផ្សំ​នឹង​ភាគទាន​ពី​សហគមន៍​ពាណិជ្ជករ​ខ្មែរ។​ គម្រោង​នេះ​នឹង​ចាប់​ផ្តើម​ក្នុង​ពេល​យ៉ាង​យូរ​៣​ខែ​ទៀត។

ក្នុង​ពេល​ធ្វើ​បទបង្ហាញ​នេះ ​ ជំនួយ​ការ​របស់​នាយក​គ្រប់គ្រង​ទីក្រុង​Lowell​ លោក ​Adam Baccke ​មាន​ប្រសាសន៍​ថា​ «នេះ​គឺ​ជា​គម្រោង​បង្កើត​ក្រុងខ្មែរ​របស់​យើង។​ ទីមួយ​នឹង​មាន​ការ​ដាក់​ស្លាក​សញ្ញា​សម្គាល់​ ដូចជា​ខ្លោង​ទ្វារ​សម្គាល់​ថា​ ហ្នឹង​គឺ​ជា​ខ្លោង​​ទ្វារ​ចូល​ក្រុងខ្មែរ ​ឬ​ក៏​អ្វី​ផ្សេងៗ​ ដែល​មាន​រចនាបថ​ជា​ខ្មែរ»។

លោក​ Baccke​បន្ត​ថា​ សាលា​ក្រុង​និង​សហគមន៍​ខ្មែរ​គួរ​​រៀបចំ​កម្ម​វិធី​វប្បធម៌ កម្មវិធី​កម្សាន្ត​ផ្សេងៗ​ដើម្បី​ផ្សព្វផ្សាយ​ និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ចំពោះ​គម្រោង​​នេះ។

លោករ៉ាស៊ី​​ អាន នាយក​ប្រតិបត្តិ​នៃ​សមាគម​ខ្មែរ​ក្រុង​Lowell​ ​មាន​ប្រសាសន៍​ថា​ «ប្រជាជន​មួយ​ណា​ក៏ដោយ​ដែល​បាន​ចូលរួម​ក្នុង​ប្រជុំ​នេះ​ ចង់​ឃើញ​កន្លែង​សង្គម​ខ្មែរ​ឲ្យ​ស្អាត។​ សហគមន៍​ខ្មែរ​នឹង​មាន​ផល​ប្រយោជន៍​ច្រើន​ ដូចជា​មុខ​របរ​រកស៊ី​អាច​រីក​ចម្រើន។​ បើ​យើង​មាន​ប្រជាជន​មក​នៅ​ច្រើន​ទៅ​ ក៏​គេ​បាន​ពន្ធ​ច្រើន​ដែរ។​ នេះ​ជា​ចំណុច​សំខាន់»។

អ្នក​ចូលរួម​ទាំងអស់​សម្តែង​ការ​អបអរសាទរ​ចំពោះ​គម្រោង​នេះ។

លោក​ឈួរ ហេង​ អាយុ​​៥៤ឆ្នាំ ​បាន​ប្តេជ្ញា​ថា​ «រួមចំណែកជួយ។ ​ លុយ​ខ្ញុំ​សុំ​ស្ម័គ្រ​ចិត្ត​ជួយ​មុន​គេ។​ បើ​ច្រើន​អត់​មាន​ទេ​ តែ​បើ​ល្មម​រត់រួច​ ខ្ញុំ​ស្ម័គ្រ​ចិត្ត​ជួយ។​ សូម​អរគុណ​ អស់​យោបល់»។

អ្នកស្រី​ហាក់​ ស៊ីផន​ មានប្រសាសន៍ថា​ «ខ្ញុំ​ត្រេក​អរណាស់​ដែល​បាន​គេ​ធ្វើ​អញ្ចឹង​ សប្បាយ​ចិត្ត។​ គេ​ចង់​បាន​យោបល់​យើង»។

រីឯ​អ្នកស្រី ដាយអិន ហាំង​បន្ថែម​ថា៖

«ខ្ញុំ​គាំទ្រ​១០០%»។

ខ្មែរ​ម្ចាស់​ហាង​ជា​ច្រើន​ចាប់​អារម្មណ៍​នឹង​គ្រោង​នេះ​ ហើយ​ចង់​កែ​លម្អ​កន្លែង​រកស៊ី​របស់​ខ្លួន​ ឲ្យ​មាន​លក្ខណៈ​ជា​ខ្មែរ។

លោករ៉ាស៊ី​​ អាន​ពន្យល់​ថា​ ម្ចាស់​ហាង​ត្រូវ​លើក​គម្រោង​កែ​លម្អ​ ឬ​គម្រោង​អភិវឌ្ឍន៍​កន្លែង​រកស៊ី​របស់​ខ្លួន​ជូន​ទៅ​សាលា​ក្រុង។

«សាលាក្រុង​បាន​ជម្រាប​ថា​ ដើម្បី​ឲ្យ​កិច្ចការ​នេះ​រីក​ចម្រើន​ គេ​ត្រូវការ​ឲ្យ​អ្នក​ណា​ចង់​ចូលរួម​ខាង​ហ្នឹង​ ដូចជា​យើង​មាន​មុខ​របរ​រកស៊ី​អ្វីមួយ​ យើង​ចង់​​ធ្វើ​ឲ្យ​ហាង​យើង​មាន​រចនាស្អាត​ យើង​ត្រូវ​ចំណាយ​២០%​ សាលាក្រុង​ចំណាយ​៨០%»។

អ្នកស្រី​ម៉ាលី ​ម្ចាស់ហាង​លក់​ទំនិញ​ និង​ភោជនីយ​ដ្ឋាន​ប៉ៃលិន​ មាន​ប្រសាសន៍​ថា​ «ខ្ញុំ​ពេញ​ចិត្ត​ណាស់​ក្មួយ។ ​ខ្ញុំ​គិត​ថា​ បើ​គេ​អត់​​ចេញ​ ក៏​ខ្ញុំ​នៅ​តែ​ធ្វើ។​ ​យើង​ចង់​បាន​កន្លែង​ហ្នឹង​ស្អាត​ ចង់​បាន​កន្លែង​ហ្នឹង​ជា​ខ្មែរ។​ ប៉ុន្តែ​ដល់​ឥឡូវ​សាលាក្រុង​គេ​ចាប់ផ្តើម​ធ្វើ​អញ្ចឹង​ ដូច​ថា​ ការ​ស្រមៃ​របស់​យើង​បាន​សម្រេច»។

ម្ចាស់​ហាង​ដែល​រវល់ ​មិនមាន​ពេល​មក​ចូលរួម​ស្តាប់​គម្រោង​អភិវឌ្ឍន៍​នេះ​ក៏​បាន​សម្តែង​ការ​គាំទ្រ​ដែរ។

លោក​យុទ្ធ​គឺ​ជា​ម្ចាស់​ហាង​7 Video​ ស្ថិត​ក្នុង​តំបន់​គម្រោង​អភិវឌ្ឍន៍​នេះ។

«វា​ជា​មោទន​ភាព​សម្រាប់​ប្រជាជន​ខ្មែរ​រស់នៅ​ទីក្រុង​Lowell​ផង​ដែរ​ ដែល​មាន​ទីក្រុង​ខ្មែរ»។

លោក​អ៊ូ សុវណ្ណ ​មន្ត្រី​កុងស៊ូ​ខ្មែរ​ប្រចាំ​ក្រុង ​Lowell​ សម្តែង​ក្តីសង្ឃឹម​ថា​ ការ​បង្កើត​ក្រុង​ខ្មែរ​នេះ​នឹង​ជួយ​ពង្រីក​ទំនាក់​ទំនង​ជំនួញ​រវាង​ជនជាតិ​ខ្មែរ​នៅ​ក្រុង Lowell​ និង​ពាណិជ្ជករ​ខ្មែរ​នៅ​ស្រុក​ខ្មែរ។​«ការ​បង្កើត​ក្រុង​ខ្មែរ​ហ្នឹង​មាន​សារៈ​ប្រយោជន៍​​ ជា​ពិសេស​ ថ្មីៗ​នេះ​អាជីវករ​យើង​ទើប​ចាប់​ផ្តើម​នាំ​អង្ករ​ខ្មែរ​ចូល​ទីក្រុង​ដែល​មាន​ខ្មែរ​រស់​នៅ​ ដូច​ជា​ក្រុង​Lowell​នេះ​តែ​ម្តង»។

លោក​រស់ វង្ស​ ប្រធាន​មជ្ឈមណ្ឌល​គាំពារ​សុខភាព​មនុស្ស​ចាស់​នៃ​ក្រុង​Lowell​​ពន្យល់​អំពី​មូលហេតុ​មក​ធ្វើ​បទបង្ហាញ​នៅ​មជ្ឈមណ្ឌល​នេះ។

«យើង​ទទួល​​ស្គាល់​ថា​ ចាស់ៗ​ដឹកនាំ​កូន​ខ្មែរ។​ ដូច្នេះ​ហើយ​គាត់​មក​ទីក្រុង​នេះ​៣០​ឆ្នាំហើយ ហើយ​​គាត់​ធ្វើការ​ច្រើន។​ គាត់​រត់​ យក​ក្មេង​ជំនាន់​ខ្ញុំ​មក​ គេច​គ្រាប់​ គេច​អម្បែង​ ទម្រាំ​មក​ដល់​ស្រុក​នេះ។​ដូច្នេះ​ហើយ​ បើ​គេ​បង្កើត​​ Little Cambodia​ក្នុង​​ទី​ក្រុង​Lowell​​ គេ​គួរ​មក​ទីនេះ​ ព្រោះ​ចាស់ៗ​យើង​នេះ​ជា​អ្នក​មេ​ដឹកនាំ»។

អ្នក​ចូលរួម​ទាំងអស់​មាន​មោទន​ភាព​នឹង​គម្រោង​នេះ ​ហើយ​គេ​ចាប់​អារម្មណ៍​ជា​ពិសេស​ទាក់ទង​នឹង​ការ​រៀបចំ​ឲ្យ​មាន​រចនាបថ​វប្បធម៌​ខ្មែរ​នៅ​​ទីក្រុង​ខ្មែរ ​ឬ​ភូមិខ្មែរ​នេះ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!