VOA News: ព័ត៌មាន: “របាយការណ៍​សិទ្ធិ​មនុស្ស​បារម្ភ​អំពី​ការ​ឃុំខ្លួន​អ្នក​ទោស​បណ្តោះ​អាសន្ន” plus 3 more

VOA News: ព័ត៌មាន: “របាយការណ៍​សិទ្ធិ​មនុស្ស​បារម្ភ​អំពី​ការ​ឃុំខ្លួន​អ្នក​ទោស​បណ្តោះ​អាសន្ន” plus 3 more


របាយការណ៍​សិទ្ធិ​មនុស្ស​បារម្ភ​អំពី​ការ​ឃុំខ្លួន​អ្នក​ទោស​បណ្តោះ​អាសន្ន

Posted: 19 Apr 2011 02:54 PM PDT

អង្គការ​សិទ្ធិ​មនុស្ស​មួយ​នឹង​យក​របាយការណ៍មួយ​ជូន​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​សម្តែង​នូវ​ក្តី​ព្រួយ​បារម្ភ​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ឃុំខ្លួន​អ្នក​ទោស​បណ្តោះ​អាសន្ន​ ចំនួន​មេធាវី​​​តិច​តួច ​ការ​គំរាម​កំហែង​យក​ចម្លើយ​សារភាព​ពី​ជនជាប់​ចោទ​ និង​បញ្ហា​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចៅក្រម​ក្នុង​ពេល​សវនាការ​ជាដើម។​ ប៉ុន្តែ​មន្ត្រី​តុលាការ​​បាន​បដិសេធ​របាយការណ៍​នេះ។

នៅ​ថ្ងៃ​អង្គារ​នេះ​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​អត្រា​ខ្ពស់​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ​អត្រា​ទាប​នៃ​ចំនួន​មេធាវី​ក្នុង​រឿង​ក្តី​បទ​មជ្ឈឹម​ និង​ការ​ប្រើ​អំពើ​ហិង្សា​ដើម្បី​បាន​ ចម្លើយ​សារភាព​ពី​ជន​ជាប់ចោទ។

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ធ្វើ​គម្រោង​សង្កេត​ការណ៍​សវនាការ​នៅ​ក្នុង​តុលាការ​ក្រុង​ភ្នំពេញ​ និង​ខេត្ត​កណ្តាល​រវាង​ពី​ខែ​កក្កដា​ ដល់​ខែ​ធ្នូ ​ឆ្នាំ​២០១០ ​ហើយ​គម្រោង​នេះ​ឧបត្ថម្ភ​ដោយ​ទីភ្នាក់ងារ​ អភិវឌ្ឍន៍​អន្តរ​ជាតិ​សហ​រដ្ឋ​អាមេរិក ​គណៈ​កម្មការ​អឺរ៉ុប ​ស្ថានទូត​អង់គ្លេស​ វិទ្យាស្ថាន​គ្រប់គ្រង​ខាងកើត​ ខាង​លិច​វិទ្យាស្ថាន​សង្គម​បើក​ចំហ​ និង​មូលនិធិ​អាស៊ី។

លោកស្រី​មាំង ម៉ូនីកា​ មន្ត្រី​គម្រោង​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​ថ្លែង​ យ៉ាង​ដូច្នេះ​ថា៖​ «យើង​មាន​ការ​ព្រួយ​បារម្ភ​ធ្ងន់ធ្ងរ​ពាក់​ព័ន្ធ​នឹង​អត្រា​ខ្ពស់​នៃ​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន ​អត្រា​ទាប​នៃ​ចំនួន​មេធាវី​សម្រាប់​ជន​ជាប់ចោទ​ដែល​ត្រូវបាន​ចោទ​ប្រកាន់​អំពី​បទ​មជ្ឈឹម​ ចៅក្រម​នៅ​តែ​បន្ត​ប្រើ​ទូរស័ព្ទ​ដៃ​នៅ​ក្នុង​បន្ទប់​សវនាការ​ ហើយ​មាន​អំណះ​អំណាង ​ដែល​លើកឡើង​ដោយ​​ជន​ជាប់ចោទ​ទាក់ទង​នឹង​ទង្វើ​មិន​ត្រឹមត្រូវ​របស់​ប៉ូលិស​ដូច​ជា​ការ​គំរាមកំហែង​ និង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​ជាប់ចោទ​ដើម្បី​ទទួល​បាន​ចម្លើយ​សារភាព»។

របាយការណ៍​បាន​បញ្ជាក់​ថា​ ទិន្នន័យ​ ដែល​បាន​មក​ពី​សវនាការ​ចំនួន​៥៣២​នៅ​ក្នុង​តុលាការ​ក្រុង​ភ្នំពេញ​ និង​តុលាការ​ខេត្ត​កណ្តាល​ បាន​បង្ហាញ​លទ្ធផល​ចម្រុះ។

ការ​បង្ហាញ​ភស្តុតាង​នៅ​ក្នុង​សវនាការ​មាន​ការ​កើន​ឡើង​ពី​៧៧​ភាគរយ​ទៅ​៩៦​ភាគ​រយ។​ តុលាការ​ទាំង​ពីរ​បាន​ផ្តល់​ឱកាស​ស្នើគ្នា​ដល់​ភាគី​ទាំងពីរ​ក្នុង​ការ​បង្ហាញ​ភស្តុតាង​ និង​សាកសួរ​សាក្សី។

របាយការណ៍នេះ​បាន​រក​ឃើញ​ថា​ ទិន្នន័យ​បង្ហាញ​ក្នុង​សវនាការ​ចំនួន​១៨​ មាន​ជន​ជាប់​ចោទ​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះ​អាសន្ន​លើស​ពី​រយៈ​កំណត់​ដោយ​ច្បាប់។​ ភាគច្រើន​នៃ​ជន​ជាប់ចោទ​ទាំង​នេះ​មាន​៧២​ភាគ​រយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មជ្ឈឹម។ ​របាយការណ៍នេះ​បាន​បន្ត​ថា ​អត្រា​សរុប​នៃ​ចំនួន​មេធាវី​ការពារ​ជន​ជាប់ចោទ​គ្រប់​ករណី​ទាំងអស់​ បាន​ធ្លាក់​ចុះ​ពី​៦៨​ភាគរយ​មក​នៅ​ត្រឹម​៥៩​ភាគ​រយ។ ​ជន​ជាប់​ចោទ​ជិត​បី​ភាគ​បួន​ ឬ​ស្មើ​នឹង​៧៤​ភាគរយ​ ដែល​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​មជ្ឈឹម​ មិន​មាន​មេធាវី​ក្នុង​ពេល​សវនាការ​ទេ។

របាយការណ៍នេះ​បាន​លើក​ឡើង​ថា ​ក្នុង​​សវនាការ​ចំនួន​៣៣៨​នៅ​តុលាការ​ក្រុង​ភ្នំពេញ គេ​សង្កេត​ឃើញ​ជន​ជាប់ចោទ​ដែល​មាន​វត្តមាន​ មាន​ឯកសណ្ឋាន​ជាអ្នក​ទោស​ក្នុង​សវនាការ​ចំនួន​៣១៤​នាក់​ ឬ ​ស្មើ​នឹង​៩៣​ភាគ​រយ​ និង​៤​ភាគរយ​នៅ​តុលាការ​ខេត្ត​កណ្តាល។​ ការណ៍​នេះ​ធ្វើ​ឱ្យ​បាត់បង់​នូវ​សេចក្តី​ថ្លៃថ្នូរ​ បាត់​សិទ្ធិ​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​ក្នុងនាម​ជា​ប្រជា​ពលរដ្ឋ​គ្មាន​ទោស។​ របាយការណ៍នេះ​បាន​បន្ថែម​ថា​ ភស្តុតាង​ក្នុង​សវនាការ​ចំនួន​២០៦​​នៅ​តុលាការ​ក្រុង​ភ្នំពេញ​មាន​តម្រុយ​ បង្ហាញ​ថា​ ចម្លើយ​សារភាព​អាច​បាន​មក​ពី​ការ​គំរាមកំហែង ​ឬ​ការ​គាប​សង្កត់​ផ្លូវ​ចិត្ត​ដទៃ​ទៀត​នៅ​ក្នុង​ សវនាការ​ចំនួន​២៧​ ឬ​ស្មើនឹង​១៣​ភាគរយ​ ហើយ​ចម្លើយ​សារភាព​អាច​បាន​មក​ពី​ការ​គាប​សង្កត់​ក្រោម​រូប​ភាព​អំពើ​ហិង្សា ​ឬ​ទារុណ​កម្ម​នៅ​ក្នុង​សវនាការ​ចំនួន​៣៤​ ឬ​ស្មើនឹង​១៦​ភាគរយ​នៃ​ចំនួន​សវនាការ​ដែល​បាន​សង្កេត​ទាំងអស់។ ​ប៉ុន្តែ​មាន​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​សវនាការ​ចំនួន​៨៣​នៅ​តុលាការ​ខេត្ត​កណ្តាល។​​ ​របាយការណ៍នេះ​បាន​និយាយ​ថា ​អនីតិជន​ចំនួន​៩៧​ភាគ​រយ​ ដែល​ត្រូវ​បាន​កាត់ទោស​អំពី​បទ​ល្មើស​ព្រហ្មទណ្ឌ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។​ នេះ​ជា​សញ្ញា​នាំឱ្យ​មាន​ការព្រួយ​បារម្ភ​អំពី​ចំនួន​លើសលុប​នៃ​អត្រា​ឃុំខ្លួន​បណ្តោះ​អាសន្ន​សរុប។

អនីតិ​ជន​ចំនួន​៥នាក់​ក្នុង​ចំណោម​៦​នាក់ ​ដែល​ត្រូវបាន​កាត់ទោស​នៅ​តុលាការ​ខេត្ត​កណ្តាល ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។

ចៅ​ក្រម​កែ សាខន ​អនុ​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​​បាន​ថ្លែង​ថា ​របាយការណ៍របស់​មជ្ឈមណ្ឌល​ សិទ្ធិ​មនុស្ស​កម្ពុជា​នេះ​​សរសេរ​ខុស​ការណ៍​ពិត​ជាច្រើន។

«និយាយ​ពី​​របាយការណ៍របស់​គាត់​ (មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា)​ ខ្ញុំ​បាន​ជម្រាប​ប្រាប់​គាត់​ហើយ​ថា​ ខ្ញុំ​មិនទាន់​ឯកភាព​ទេ​លើ​របាយការណ៍នេះ​ទេ​ ពីព្រោះ​មតិ​របាយការណ៍មួយ​ចំនួន​សរសេរ​ទៅ មាន​ការ​លើស​ និង​ការ​ខុស​ឆ្គង។​ អញ្ចឹង ​ខាងខ្ញុំ​អត់​ទទួល​យកទេ​ និង​សុំ​ឱ្យ​កែ​តម្រូវ​ឡើង​វិញ»។

លោក​អ៊ិន វាន់វិបុល ​ប្រធាន​តុលាការ​ខេត្ត​កណ្តាល​ បាន​ថ្លែង​ថា ​ជន​ជាប់ចោទ​ដែល​បាន​ស្លៀក​សម្លៀក​បំពាក់​ជា​អ្នកទោស​មាន​បទល្មើស​ផ្សេង​ទៀត​ដែល​តុលាការ​បាន​ផ្តន្ទាទោស​រួច​ហើយ ​ព្រោះ​ជន​ជាប់ចោទ​អាច​ជាប់​ពិរុទ្ធ​ក្នុង​បទល្មើស​២ ​ឬ​៣។

«អនីតិ​ជន​អាយុ​ក្រោម​១៤​ឆ្នាំ​ យើង​មិន​អាច​ឃុំខ្លួន​បាន​ទេ។ ​ចាប់ពី​អាយុ​១៤​ឆ្នាំ​ឡើង ​យើង​អាច​ឃុំ​ខ្លួន​ ចំពោះ​អនីតិជន​ គឺ​អាច​ពាក់​កណ្តាល​នៃ​រយៈ​ពេល​ឃុំខ្លួន​ ដែល​យោង​ទៅតាម​បទល្មើស ​ដូចជា​បទល្មើស​មជ្ឈឹម​៤ខែ​ និង​បទ​ល្មើស​ឧក្រិដ្ឋ​៦ខែ​ជាដើម»។

លោកស្រី​មាំង ម៉ូនីកា​បាន​បញ្ជាក់​ថា ​លោកស្រី​នឹង​យក​របាយការណ៍នេះ​ទៅ​ប្រគល់​ជូន​សាលា​ឧទ្ធរណ៍​ ដើម្បី​ពិភិក្សា​រក​ដំណោះស្រាយ​លើ​អ្វី​ដែល​បាន​រក​ឃើញ៕

This posting includes an audio/video/photo media file: Download Now

ព្រះ​មហាក្សត្រ​កម្ពុជា​បាន​យាង​ទៅ​ក្រុង​ប៉េកាំង​ពិនិត្យ​ព្រះរាជ​សុខភាព

Posted: 19 Apr 2011 02:10 PM PDT

ព្រះ​មហាក្សត្រ​កម្ពុជា​បាន​យាង​ចេញ​ពី​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃច័ន្ទ​​ឆ្ពោះ​ទៅ​​ទីក្រុង​ប៉េកាំង​​​​​​ ទី​ដែល​ព្រះអង្គ​នឹង​ទទួល​ការ​ពិនិត្យ​ព្រះរាជ​សុខភាព​ពី​ក្រុម​គ្រូពេទ្យ​ចិន។​ ក៏​ប៉ុន្ដែ​គេ​មិន​ទាន់​ដឹង​​ថា​ តើ​ព្រះអង្គ​នឹង​ចំណាយ​ពេល​គង់​នៅ​ប្រទេស​ចិន​យូរ​ប៉ុណ្ណា​នោះ​ទេ។

ព្រះ​មហាក្សត្រ​ខ្មែរ​សម្ដេច​ព្រះ​បរមនាថ​ នរោត្ដម ​សីហមុនី ​បាន​យាង​ទៅ​​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដែល​ព្រះអង្គ​បាន​អះអាងថា​ គឺជា​ព្រះរាជ​ដំណើរ​សម្រាប់​ពិនិត្យ​ព្រះរាជ​សុខភាព​របស់​ព្រះអង្គ។

នៅ​ក្នុង​ព្រះរាជ​សារ​ផ្ញើជូន​ជន​រួមជាតិ​ ដែល​ត្រូវ​ចែកចាយ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​ ព្រះមហា​ក្សត្រ​ខ្មែរ​បាន​បញ្ជាក់​ថា​ ព្រះអង្គ​នឹង​ព្រះរាជ​អវត្តមាន​ពី​ប្រទេស​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ ក៏​ប៉ុន្ដែ​ព្រះអង្គ​មិន​បាន​បង្ហាញ​ថា​ ព្រះអង្គ​នឹង​យាង​និវត្តន៍​មកកាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ពេល​ណា​នោះ​ទេ។

សម្ដេច​ព្រះ​បរមនាថ​ នរោមត្តម​ សីហមុនី​ត្រូវ​យាង​ទៅ​ពិនិត្យ​ព្រះ​សុខភាព​នៅ​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន​ជា​ទៀតទាត់ ​ដូច​សម្តេចឪ​នរោត្តម​សីហនុ ​ដែល​ជា​ព្រះរាជ​បិតា​របស់​ព្រះអង្គ​ដែរ។​ ព្រះអង្គ​បាន​យាង​ទៅ​ទីក្រុង​ប៉េកាំង​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១០​ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព​ និង​ដើម្បី​ឆ្លៀត​ពេល​គាល់​ព្រះ​រាជបិតា ​និង​ព្រះរាជ​មាតា​ព្រះអង្គ​ដែល​គង់​នៅ​ទីនោះ។

លោក ​កែវ ពុធរស្មី ​មគ្គុ​ទេស​គណបក្ស​ហ៊្វុនស៊ីនប៉ិច​និង​ជា​សមាជិក​រាជ​វង្សានុវង្ស​មួយ​រូប​ មាន​ប្រសាសន៍​ថា​ ព្រះ​មហាក្សត្រ​អាច​គង់​នៅ​ទីក្រុង​ប៉េកាំង​ក្នុង​រង្វង់​មួយ​សប្ដាហ៍។

«ខ្ញុំបាន​គាល់​ព្រះអង្គ​ពី​ថ្ងៃទី​១៤​ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ។ ​លោក​បាន​មាន​ព្រះរាជ​បន្ទូល​ប្រាប់​ខ្ញុំ​ថា ​លោក​យាង​ទៅ​ដើម្បី​ធ្វើការ​ពិនិត្យ​ជំងឺ​ជាទូទៅ​ទេ។ ​លោក​អត់មាន​អី​គួរ​ឲ្យ​បារម្ភ​ទេ។​ បើ​តាម​លោក​មាន​បន្ទូល​ គឺ​មិន​យូរ​ទេ។​ ធម្មតា​លោក​សម្រាក​មួយ​ថ្ងៃ ​ឬ​ពីរ​ថ្ងៃ ​ហើយ​បន្ទាប់​មក​យាង​ទៅ​មន្ទីរ​ពេទ្យ​ធ្វើការ​ពិនិត្យ​ជំងឺ​ ហើយ​មិន​ដល់​មួយ​សប្ដាហ៍​ទេ​ តែ​លោក​មិន​អាច​បញ្ជាក់​ថ្ងៃ​ច្បាស់​លាស់»។

លោក​ជា ស៊ីម ​ប្រធាន​ព្រឹទ្ធ​សភា ​លោក​ហ៊ុន សែន ​នាយក​រដ្ឋមន្រ្តី​កម្ពុជា ​រួម​ទាំង​មន្ដ្រី​រដ្ឋាភិបាល​និង​ សមាជិក​សភា ​និង​ព្រឹទ្ធសភា​ បាន​ទៅ​ជូន​ព្រះរាជ​ដំណើរ​របស់​ព្រះមហាក្សត្រ​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ក្រុង​ភ្នំពេញ។

ក្រុម​មន្ដ្រី​រដ្ឋាភិបាល​​និង​មន្រ្តី​ក្រៅ​រដ្ឋាភិបាល​ធ្លាប់​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ​ការយាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​របស់​អតីត​ព្រះ​មហាក្សត្រ​ និង​ព្រះ​មហាក្សត្រ​បច្ចុប្បន្ន​នេះ​បាន​ជួយ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ចិន​មួយ​កម្រិត​បន្ថែម​ទៀត។​ ប្រទេស​ទាំងពីរ​បាន​ស្ថិត​ក្នុង​ទំនាក់​ទំនង​ជា​ប្រវត្តិសាស្ដ្រ​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ៕

This posting includes an audio/video/photo media file: Download Now

បក្ស​ប្រឆាំង​នៅ​តែ​រក​មិន​ឃើញ​ជំហរ​រួម​ដើម្បី​ច្របាច់​បញ្ចូល​គ្នា​

Posted: 19 Apr 2011 01:50 PM PDT

ប្រធាន​គណបក្ស​ជំទាស់​ពីរ​ក្នុង​ប្រទេស​កម្ពុជា​បង្ហាញ​ពី​ជំហរ​ផ្ទុយ​គ្នា​ជា​ចុងក្រោយ​ទាក់ទង​នឹង​ការ បញ្ចូល​គ្នា​ឲ្យ​ក្លាយ​ជា​បក្ស​តែ​មួយ។

មេដឹក​នាំ​គណបក្ស​សិទ្ធិ​មនុស្ស​លោក​ កឹម​ សុខា​ទាមទារ​ឲ្យ​មេដឹក​នាំ​គណបក្ស​សម រង្ស៉ី​គឺ​លោក ​សម រង្ស៉ី​ឲ្យ​ទទួល​យក​ផែនការ​ដាក់​បញ្ចូល​គណបក្ស​ទាំង​ពីរ​តាម​រយៈ​ការបង្កើត​គណបក្ស​ថ្មី​មួយ​មុន​ការបោះ​ឆ្នោត។

នៅ​ក្នុង​លិខិត​ជា​ផ្លូវការ​ផ្ញើ​ជូន​លោក​ សម រង្ស៉ី​កាល​ពី​ថ្ងៃ​១៨​ខែមេសា​ លោក ​កឹម​ សុខា​បាន​បញ្ជាក់​ពី​ជំហរ​ចុង​ក្រោយ​របស់​លោក​គឺ​មិន​គួរ​មាន​ការ​រួបរួម​ក្នុង​ក្រប ខណ្ឌ​គណបក្ស​សម​ រង្ស៊ី​ទេ​ តែ​គួរ​ប្រកាន់​យក​គោលការណ៍​បង្កើត​ឬ​សាងសង់​គណបក្ស​ថ្មី​មួយ​ តែ​ឈ្មោះ​គណ​បក្ស​ទាំង​ពីរ​នៅ​រក្សា​ទុក​ដដែល​ ដោយ​លោក កឹម សុខា​បាន​អះអាង​ថា​នេះ​ជា​ឱកាស​ចុង​ក្រោយ​ក្នុង​ការ​បង្រួប​បង្រួម​អ្នក សេ្នហា​ជាតិ​ អ្នកប្រជា​ធិបតេយ្យ​និយម​ដើម្បី​រៀបចំ​ចលនា​ប្រជា​ធិបតេយ្យ​ដើម្បី​ការ​ផ្លាស់​ប្តូរ។

«អ្វី​ដែល​យើង​ចង់​បង្កើត​ថ្មី​មួយ​សម្រាប់​ទាំង​អស់​គ្នា​នោះ​គឺ​សំខាន់​គឺ​ថា​ជា​ផ្ទះ​គ្រឹះ មួយ​ថ្មី​បែប​សំណង់​ប្រជា​ធិបតេយ្យ​ហើយ​សម្រាប់​អ្នកទាំង​អស់​គ្នា​ហ្នឹង​នៅ​ជា មួយ​គ្នា​បាន។​ គោល​បំណង​របស់​យើងៗ​ចង់​ប្រមូល​កម្លាំង​ឲ្យ​បានធំ​ទើប​យក ឈ្នះ​ គណបក្ស​ប្រជាជន​បាន​ ទើប​យើង​អាច​ផ្លាស់​ប្តូរ​អ្នក​ដឹកនាំ​បច្ចុប្បន្ន​បាន។ ​បើ​យើង​អត់​សង់​ស្អី​មួយ​ថ្មី​ទេ​ កន្លែង​ចង្អៀត​ទេ​យើង​អត់​អាច​យក​ឈ្នះ​បាន​ទេ»។

គណបក្ស​សម រង្ស៉ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ព្យាយាម​ដាក់​បញ្ចូល​គ្នា​ឲ្យ​ទៅ​ជា​គណ​បក្ស​តែមួយ​ជាងពីរ​ឆ្នាំ​ហើយ​ដើម្បី​ជា​ការ​ប្រកួត​ប្រជែង​នឹង​គណបក្ស​ ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់​អំណាច​ជាង​៣ទស​វត្សរ៍​មក​ហើយ។​ ក៏ប៉ុន្តែ​គោលការណ៍​ដាក់​បញ្ចូល​គ្នា​ដែល​ក្រុម​ការងារ​បាន​ខក​ខាន​ព្រម​ព្រៀង​គ្នា​ជា​ច្រើន​លើក​នោះ ​ មិន​ត្រូវ​បានទទួល​យក​ដោយ​ភាគី​ទាំងពីរ​នោះទេ​ជា​ពិសេស​ទៅ​លើបញ្ហា​ថា​តើ​ត្រូវ​ចូល​រួម​ក្នុង​គណបក្ស​ណា​មួយ​ឬ​បង្កើត​បក្ស​ថ្មី​មួយ?

លោក ​កឹម ​សុខា ​បាន​រិះគន់ ​គណបក្ស​សម រង្ស៉ី​ចំពោះ​ការ​ដឹក​នាំ​ផង​ និងការ​លំបាក​ដែល​លោក​ទស្សន៍ទាយ​សម្រាប់​កែ​ទម្រង់​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ អនាគត។

«យើង​ឃើញ​ថា​ប្រព័ន្ធ​ដឹក​នាំ​សព្វ​ថ្ងៃ​នេះ​ក្នុង​គណបក្ស​សម រង្ស៉ី​គឺ​មិន​អាច​ទទួល យក​កម្លាំង​ដទៃ​ទៀត​បាន​ទេ។​​យើង​ឃើញ​ថា​តាំងពី​ឆ្នាំ​២០០៣​មក​មាន​តែ​អ្នក ចេញ​ អត់​មាន​អ្នក​ចូល​ទេ។​ អញ្ចឹង​ហើយ​កន្លែង​ហ្នឹង​វា​ចង្អៀត​ខ្ញុំ​និយាយ​ឲ្យ​ស្រួល ស្តាប់​ វា​ចង្អៀតៗ​ត្រង់​ថា​ប្រព័ន្ធ​គ្រប់​គ្រង​វាអត់​មាន​ភាព​ទូលំ​ទូលាយ​ បែប​ប្រជា ធិបតេយ្យ​ហ្នឹង​ទី១​ ដែល​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ មិន​មែន​តែ​ សម្រាប់​គណបក្ស សិទ្ធិ​មនុស្ស​ទេ​ ដែល​យើង​ចង់​ធ្វើ​ហ្នឹង​សម្រាប់​ឲ្យ​បាន​គណបក្ស​ អ្នក​នយោ​បាយ និង​ឥស្សរ​ជន​ដទៃ​ទៀត​អាច​ចូល​រួម​បាន»។

លោក​ កឹម​ សុខា​ថ្លែង​យ៉ាង​ដូច្នេះ​ទំនង​ជា​យោង​ទៅ​លើ​ការ​ចាក​ចេញ​របស់​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៉ី​មួយ​រូប​គឺ ​លោក​ ម៉ៅ ​មុន្នីវណ្ណ​ ទៅ​ចូល​រួម​ជា​មួយ​ គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​នៅ​សប្តាហ៍​ថ្មីៗ​នេះ​ជា​មួយ​នឹង​ការមិន​ពេញ​ចិត្ត​នានា​ ដែល​ជា​ដើម​ហេតុ។

លោក ​សម រង្ស៊ី​បាន​ចោទ​ប្រកាន់​គណបក្ស​សិទ្ធិ​មនុស្ស​ថា​បាន​ប្រើ​ប្រាស់​ ភាសា ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា។​ ដោយ​លោក​បាន​បញ្ជាក់​ថា​មុន​ការ​ជ្រើសរើស​ រូបមន្ត​ណាមួយ​ដើម្បី​រួមរួម​គ្នា​ត្រូវ​តែ​មាន​ឆន្ទៈ​រួមគ្នា​ពិត​ប្រាកដ​ មិន​មែន​វាយ​ ប្រហារ​គ្នា​ មិន​មែន​មែន​ចាត់​ទុក​គ្នា​ជា​សត្រូវ​ទេ​ គឺ​ដៃ​គូ។

«ដូច្នេះ​មិន​ត្រូវ​ធ្វើ​ដូច​គណបក្ស​សិទ្ធិ​មនុស្ស​ដឹក​នាំ​ដោយ​លោក​ កឹម ​សុខា​ ដែល ចាត់​ទុក​គណបក្ស​សម រង្ស៊ី​ថា​ជា​សត្រូវ។​ សុំ​ឲ្យ​កុំ​ច្រឡំ​សត្រូវ​រវាង​អ្នក​ប្រជាធិបតេយ្យ ​ក្នុង​ជួរ​អ្នក​សេ្នហា​ជាតិ។​ សត្រូវ​គឺ​បរទេស​ឈ្លាន​ពាន​នឹង​បរិវារ​របស់​គេ​ មិន​មែន​អ្នក​ស្នេហា​ជាតិ​ដូច​គ្នា​ទេ»។

លោក ​សម រង្ស៉ី​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​អះអាង​ថា​ មាន​តែ​ គណ​បក្ស​ សម​ រង្ស៉ី​មួយ​គត់​ដែល​ហ៊ាន​ ចេញ​មុខ​តវ៉ា ​រឿង​រំលោភ​បំពាន​ព្រំដែន​ ជា​ពិសេស​ជាមួយ​អាជ្ញាធរ​វៀតណាម។ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នោះតែងតែ​ត្រូវ​វៀតណាម​បដិសេធ។

«បើ​ចាត់​ទុក​គណបក្ស​សម​ រង្ស៉ី​ជា​សត្រូវ​ហើយ​ ហេតុអ្វី​បាន​ចង់​មក​រួម​កម្លាំង​ ជាមួយ​គណបក្ស​សម រង្ស៉ី​ ឬ​មួយ​គ្រាន់​តែ​បញ្ចូល​ពិស​ពុល​តែ​ប៉ុណ្ណោះ ​ពីព្រោះ​ គណបក្ស​សម រង្ស៉ី​ធ្លាប់​ឆ្លង​កាត់​អស់​ហើយ​ការណ៍​ដែល​គេ​ចង់​វាយ​ប្រហារ​ បញ្ចូល​ពិស​ពុល​ គេ​ធ្វើ​ បក្ស​ប្រហារ​ ពី​ក្នុង​ពី​ក្រៅ​ តែ​យើង​ដឹង​អស់​ ហើយ​ដូច្នេះ​យើងត្រូវ​ តែ​ប្រុង​ប្រយ័ត្ន​ដើម្បី​រក្សា​កម្លាំង​ស្នេហា​ជាតិ​ពិត​ប្រាកដ​ឲ្យ​បាន​គង់​វង្ស​ ឲ្យ​បាន ស្ថិត​ស្ថេរ​ ឲ្យ​បាន​រឹងមាំ ​ពីព្រោះ​គណបក្ស​ សម រង្ស៉ី​ជា​ក្តី​សង្ឃឹម​តែ​មួយ​គត់​សម្រាប់​ប្រជា​រាស្ត្រ​ខ្មែរ»។

អ្នក​វិភាគ​ក្នុង​ប្រទេស​កម្ពុជា​លោក ​ពុទ្ធា​ ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គកា​និកហ្វិក បាន​ អះអាង​ថា​គណបក្ស​ទាំងពីរ​ដែល​ជា​គណបក្ស​មាន​សំឡេង​ក្នុង​រដ្ឋសភា​មិន​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​គ្នា​ទេ​ក្នុង​ការ​ដាក់​បញ្ចូល​គ្នា​ដោយ​សារ​គណបក្ស ទាំងពីរ​ មើល​ទៅ​ពុំ​ឃើញ​មាន​ភាគី​ណា​មួយ​ព្រម​ធ្វើការ​លះបង់។

«ខ្ញុំ​គិត​ថា​គណបក្ស​រៀង​ខ្លួន​សុទ្ធ​តែ​មាន​គោល​នយោបាយ​ ហើយ​នឹង​សុទ្ធ​តែ​មាន​ជំហាន​ឬ​ក៏​យុទ្ធសាស្ត្រ​របស់​ខ្លួន​ អញ្ចឹង​នៅ​ពេល​ដែល​ពីរ​​បូក​បញ្ចូល​គ្នាវា​ច្បាស់​ជា​មាន​ចំណុច​ណា​ដែល​ត្រួត​ស៊ីគ្នា​ ប៉ះ​ពាល់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ អញ្ចឹង​ការ​ប៉ះពាល់​ ឬ​ក៏មិន​ស្រប​ទស្សនៈ​គ្នា​ទាម​ទារ​ឲ្យ​មាន​ការលះបង់​នឹង​ឱ្យ​​មាន​ការ​​សម្រប​សម្រួល​ទើប​អាច​ដំណើរការ​បាន»។

លោក​ ពុទ្ធា ​ហង្ស​បាន​អះអាង​ថា​ ថ្វី​ត្បិត​តែ​អ្នក​នយោបាយ​ពិបាក​នឹង​ប៉ាន់​ស្មាន ក្នុង​ការ​សម្រេច​ចិត្ត​មែន​តែ​ប្រសិន​បើ​ការរង់ចាំ​ដល់​កៀក​បោះ​ឆ្នោត​ ហើយ​សម្រេច​ចិត្ត​នោះ​ វា​ជា​រឿង​មិន​ល្អ​ដូច​ការ​សម្រេច​ចិត្ត​ពី​ចម្ងាយ​ទេ។

ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ នៅ​ឆ្នាំ​២០១២ ​និង​បោះ​ឆ្នោត​ជ្រើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៣។​ គណបក្ស​សម​ រង្ស៊ី​ទទួល​អាសនៈ​ក្នុង​រដ្ឋ​សភា​ចំនួន​ ២៦​ គណបក្ស​សិទ្ធិ​មនុស្ស​ទទួល​បាន​អាសនៈ​៣ ​ហើយ ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​គ្រប់គ្រង​ប្រទេស​ទទួល​បាន​អាសនៈ​៩០​ ក្នុង​ចំណោម​អាសនៈ​សរុប​១២៣​ក្រោយ​ការបោះ​ឆ្នោត​ឆ្នាំ​២០០៨៕

This posting includes an audio/video/photo media file: Download Now

អាមេរិក​នៅ​មិនទាន់​លើកលែង​ការ​ហាមឃាត់​លើ​ការ​សុំ​កូនខ្មែរ

Posted: 19 Apr 2011 12:14 PM PDT

សហរដ្ឋ​អាមេរិក​បាន​ដាក់​បម្រាម​ស្មុំកូន​កម្ពុជា​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០០១។ ចាប់​តាំង​ពី​ឆ្នាំ ២០០៩ ​កម្ពុជា​ព្យាយាម​ធ្វើ​ឲ្យដំណើរ​ការ​ស្មុំកូន​ឈាន​ទៅ​ដល់​បទដ្ឋាន​អន្តរជាតិ។​ ប៉ុន្តែ មន្ត្រី​សហរដ្ឋអាមេរិក និង​ក្រុម​ការពារ​សិទ្ធិកុមារ​ឲ្យ​ដឹង​ថា គោល​នយោបាយ​ស្មុំកូន​របស់​កម្ពុជា​មិន​ទាន់​ល្អគ្រប់​គ្រាន់​នៅ​ឡើយ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ ស៊ូសាន​ ដ្យេខបស៍ (Susan Jacobs) ទទួល​បន្ទុក​កិច្ចការ​ការ​ពារ​កុមារ​ បាន​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​ ដើម្បី​ស្វែង​យល់​អំពី​ថា​ តើ​គោលនយោបាយ​របស់​កម្ពុជា​ក្នុង​ការ​ការពារ​កុមារ​ល្អ​ល្មម​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​សហរដ្ឋ​អាមេរិក​បើក​ដំណើរ​ការ​ស្មុំ​កូន​កម្ពុជា​ឡើង​វិញ​បាន​ហើយ​ឬនៅ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក​ស្រី​បាន​ជួប​ជា​មួយនឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ស្ថានទូត ​និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ​នៅ​ក្នុង​បទសម្ភាស​មួយ​ជាមួយ​វីអូអេ​ខ្មែរ លោកស្រី​ឯកអគ្គរដ្ឋទូត​ ស៊ូសាន ដ្យេខបស៍ មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​មិនទាន់​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ចូល​មក​សុំកូន​កម្ពុជា​បាន​ទេ។ លោក​ស្រី​បន្ត​ថា​ រដ្ឋាភិបាល​នៅ​មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។

«គេ​ពិត​ជា​កំពុង​ធ្វើ​ការ​តាម​គន្លង​ត្រឹមត្រូវ​ហើយ។ ពួក​គេ​ធ្វើ​កិច្ចការ​នេះ​ដោយ​យកចិត្ត​ទុកដាក់ ​និង​ពិត​ជា​ចង់​ធ្វើកិច្ច​ការ​ត្រឹម​ត្រូវ។ កិច្ច​ខិតខំប្រឹង​ប្រែង​នោះ​​នឹង​​អាច​សម្រេច​បាន​ផលល្អ»។

ស្មុំកូន​អន្តរជាតិ​អាច​មាន​រឿង​ចម្រូង​ចម្រាស​ច្រើន​។ ការ​សុំ​កូន​​ចិញ្ចឹមដោយ​ឪពុកម្តាយ​​​នៅ​ប្រទេស​អ្នក​មាន​អាច​​បង្ក​​ឲ្យ​មាន​ការ​ជួញដូរ​កុមារ​ដោយ​ឪពុកម្តាយ​ដែល​ប្រកប​ដោយ​បញ្ហានៅ​ប្រទេស​ក្រី​ក្រ។ មុន​ឆ្នាំ​២០០១​ កុមារ​កម្ពុជា​រាប់​ពាន់​នាក់​ត្រូវ​បាន​សុំ​​ចិញ្ចឹម​ដោយ​ឪពុកម្តាយ​នៅ​អាមេរិក​ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ការ​ហាម​ប្រាម​បន្ទាប់​ពី​មាន​ការ​ព្រួយ​បារម្ភ​ថា កុមារ​ត្រូវបាន​ជួញដូរ​ និង​ចាប់​ពង្រាត់​ ហើយ​ដំណើរ​ការ​ស្មុំកូន​ចិញ្ចឹម​នៅ​កម្ពុជា​មិន​មាន​ភាព​ត្រឹមត្រូវ។

កម្ពុជា​បាន​អនុម័ត​ច្បាប់​ស្មុំកូន​អន្តរប្រទេស​​នៅ​ឆ្នាំ ២០០៩។ ច្បាប់​មាន​ទិសដៅ​បង្កើត​ដំណើរ​ការ​ស្មុំ​កូន​ចិញ្ចឹម ឲ្យ​ត្រូវ​នឹង​បទដ្ឋាន​ដែល​ត្រូវ​បាន​កំណត់​ដោយ​អនុសញ្ញា​ក្រុង​ឡាអេ ហើយ​ធានាថា ការសុំកូន​ចិញ្ចឹម​ត្រូវបាន​ទទួល​ស្គាល់​ស្រប​ច្បាប់។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ការ​អនុវត្ត​ច្បាប់​នៅ​ខ្វះខាត់​នៅ​ឡើយ។

លោក​ លឹម អែល ឌ្យូរ៉ាដូ អ្នក​នាំពាក្យ​ក្រសួង​សង្គមកិច្ច​ អតីតយុទ្ធជន​ និង​យុវនីតិ​សម្បទា​ បាន​ឲ្យ​ដឹង​ថា ក្រសួង​កំពុង​ធ្វើ​សេចក្តី​ព្រាង​ប្រកាស និង​អនុក្រឹត្យ​​មួយ​ចំនួន​ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ការ​ស្មុំ​កូន​ប្រកប​ដោយ​សុវត្ថិភាព។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ការ​ជំនួយ​ពី​អន្តរជាតិ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ សេចក្តី​ព្រាង​ប្រកាស​ និង​អនុក្រឹត្យ​ទាំង​នោះ​ត្រូវ​បាន​សរសេរ​ត្រឹម​ត្រូវ។

ប៉ុន្តែ​លោក​ស្រី​​ឯក​អគ្គរដ្ឋទូត​ដ្យេខបស៍​ មាន​ប្រសាសន៍​ថា​ ច្បាប់​នោះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ។ មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ដើម្បី​ធានា​នូវ​ភាព​ស្របច្បាប់​នៃ​ដំណើរ​ការ​ស្មុំកូន​ចិញ្ចឹម​នេះ។ ជាអាទិ៍​ វាជា​ការលំបាក​ក្នុង​ការ​ចែក​ឲ្យ​ដាច់​រវាង ក្មេង​កំព្រា​ពិត​ប្រាកដ និង​ក្មេង​ដែល​មាន​ឪពុកម្តាយ​នៅរស់។ លោក​ស្រី​បន្ត​ថា៖

«ដូច្នេះ គេ​ត្រូវ​មាន​ប្រព័ន្ធទិន្នន័យមួយ ដែល​មាន​ព័ត៌មាន​អំពី​រឿងនោះ។ ពេល​នេះ បើតាម​ការ​យល់​របស់​ខ្ញុំ​គឺថា នៅ​ក្នុង​ប្រទេស​កម្ពុជា គ្មានប្រព័ន្ធផ្ទុក​ព័ត៌មាន​អំពី​ការ​បំបរបង់​ក្មេង​ផ្លួវការ​ទេ ហើយ​នោះ​គឺ​ជា​អ្វី​ដែល​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ច្បាប់ថ្មី»។

លោក ម៉ាក វើរហ្ការ៉ា (Marc Vergara) អ្នក​នាំពាក្យ​អង្គការ​យូនីសេហ្វ (UNICEF) និយាយ​ថា ​កម្ពុជា​មិនទាន់​រៀប​ចំខ្លួន​រួចរាល់​នៅ​ឡើយ​ទេ។

«យើង​ជឿថា ​យន្តការ​ត្រឹមត្រូវ​មិន​ទាន់​មាន​ ហើយ​ប្រព័ន្ធ​ដែល​មាន​ស្រាប់​មិន​ទាន់​គ្រប់គ្រាន់ ហើយ​ឧបករណ៍​ច្បាប់​ទាំង​នេះ​​​នៅ​ពេល​នេះ​មិន​ទាន់​ល្អ​គ្រប់គ្រាន់​ក្នុង​ការ​ដំណើរ​ការ​ឡើង​វិញ​នូវ​ការ​សុំកូន​ចិញ្ចឹម​ចិញ្ចឹម​នៅ​កម្ពុជា​ទេ»។

មន្ត្រី​កម្ពុជា​នៅ​តែ​ធ្វើ​ការ​កែលម្អ​ប្រព័ន្ធ​ដែល​មាន​ស្រាប់​ឡើង​វិញ។ ប៉ុន្តែ​សម្រាប់​ពេល​នេះ សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា ខ្លួន​មិនទាន់​អនុញ្ញាត​ឲ្យ​មាន​ការ​សុំ​កូន​ចិញ្ចឹមពី​កម្ពុជា​ឡើង​វិញ​ទេ ​ហើយ​ឲ្យ​ដឹង​ទៀត​ថា មិន​ដឹង​ជា​ពេល​ណា​ទើប​ស្មុំ​កូន​នេះ​នឹង​ត្រូវ​បាន​អនុញ្ញាត​​ឡើងវិញ​នោះ​ទេ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!