VOA News: ព័ត៌មាន: “ក្រុម​បរិស្ថាន​ខឹង​នឹង​ការ​ចាប់ផ្តើម​សាងសង់​ទំនប់​ទឹក​ឡាវ​មុន​មាន​ការ​អនុញ្ញាត” plus 2 more

VOA News: ព័ត៌មាន: “ក្រុម​បរិស្ថាន​ខឹង​នឹង​ការ​ចាប់ផ្តើម​សាងសង់​ទំនប់​ទឹក​ឡាវ​មុន​មាន​ការ​អនុញ្ញាត” plus 2 more


ក្រុម​បរិស្ថាន​ខឹង​នឹង​ការ​ចាប់ផ្តើម​សាងសង់​ទំនប់​ទឹក​ឡាវ​មុន​មាន​ការ​អនុញ្ញាត

Posted: 18 Apr 2011 02:51 PM PDT

ក្រុម​អ្នក​វិទ្យាសាស្រ្ត​និង​អ្នក​បរិស្ថាន​នៅ​ក្នុង​តំបន់​ មាន​ការ​ខឹង​សម្បារ​បន្ទាប់​ពី​មាន​​សេចក្តី​រាយការណ៍​ថា​ក្រុមហ៊ុន​សំណង់​ថៃ​មួយ​បាន​ចាប់​ផ្តើម​ការងារ​ជា​បឋម​ នៅ​ការដ្ឋាន​សាងសង់​ទំនប់​វារី​អគ្គិសនី​នា​ភាគ​ខាង​ជើង​ប្រទេស​ឡាវ​ មុនពេល​ដែល​បណ្តា​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​បាន​បាន​ផ្តល់​ការ​យល់​ព្រម​ជា​ផ្លូវការ។

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សាយ៉ាប៊ូរី (Xayaburi) ​ដែល​មាន​ថាមពល​១.២៦០​មេហ្កាវ៉ាត់​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ​កំពុង​ប្រឈមមុខ​នឹង​រឿង​ចម្រូង​ចម្រាស​ថ្មី​មួយ​ទៀត​ក្រោយ​ពី​បណ្តាញ​សារព័ត៌មាន​ថៃ​បាន​រាយការណ៍​ថា​ ការងារ​សាងសង់​ជំហាន​ដំបូង​បាន​ចាប់​ផ្តើម​តាំង​ពី​មុនពេល​មាន​ការ​អនុញ្ញាត​ដោយ​គណៈកម្មការ​ទន្លេ​មេគង្គ។

គណៈ​កម្មការ​នេះ​ដែល​មាន​តំណាង​មក​ពី​ប្រទេស​កម្ពុជា​ ឡាវ​ ថៃ​ និង​វៀតណាម​ គ្រោង​នឹង​ធ្វើ​របាយការណ៍​ចុងក្រោយ​នៅ​ថ្ងៃ​អង្គារ​ដើម្បី​សម្រេច​ថា​តើ​គម្រោង​អភិវឌ្ឍន៍​ដែល​មាន​ទឹកប្រាក់​ចំនួន​៣,៥​ពាន់​លាន​ដុល្លារ​នឹង​អាច​ឱ្យ​ដំណើរការ​ទៅ​មុខ​ឬ​យ៉ាងណា។

កាលពី​ឆ្នាំ​២០០៧ ​ប្រទេស​ថៃ​និង​ប្រទេស​ឡាវ​បាន​ព្រមព្រៀងគ្នា​ថា​ថាមពល​អគ្គិសនី​ចំនួន​៩៥​ភាគរយ​ដែល​បាន​មក​ពី​ទំបន់​វារី​អគ្គិសនី​នេះ​នឹង​ត្រូវ​លក់​ទៅ​ឱ្យ​ប្រទេស​ថៃ​ ដោយ​ប្រើប្រាស់​ថវិកា​និង​ក្រុម​ហ៊ុន​សំណង់​ថៃ​សម្រាប់​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​នេះ។

ទំនប់​សាយ៉ាប៊ូរី​ គឺ​ជា​ទំបន់​ទីមួយ​ក្នុង​ប្រព័ន្ធ​ទន្លេ​មេគង្គ​ដែល​​តម្រូវ​ឱ្យ​​មាន​ការ​ឯកភាព​ពី​រដ្ឋាភិបាល​នានា។ ប៉ុន្តែ​សេចក្តី​រាយការណ៍​ជា​ច្រើន​ក្នុង​បណ្តាញ​សារព័ត៌មាន​ថៃ​កាលពី​ចុង​សប្តាហ៍​បាន​បង្ហាញ​រូបភាព​ការ​សាងសង់​ជា​បឋម​នៅ​ឯ​ការដ្ឋាន​នាភាគ​ខាងជើង​ប្រទេសឡាវ​ដែល​បាន​ចាប់​ផ្តើម​អស់​ជាច្រើន​សប្តាហ៍​មកហើយ។

សេចក្តី​រាយការណ៍​ក្នុង​បណ្តាញ​សារព័ត៌មាន​នោះ​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នកបរិស្ថាន​និង​អ្នក​វិទ្យាសាស្រ្ត​ខឹង​សម្បារ​ជាខ្លាំង​ដោយសារ​ពួកគេ​ចង់​ឱ្យ​មាន​ការ​សិក្សា​តាម​បែប​វិទ្យាសាស្រ្ត​បន្ថែម​ទៀត​លើ​ផល​ប៉ះពាល់​នៃ​ទំនប់​នៅតាម​ប្រព័ន្ធ​ទន្លេ​មេគង្គ។​  នាង​ អេមី ត្រេនដឹម (Ame Trandem) អ្នកធ្វើ​យុទ្ធនាការ​ម្នាក់​សម្រាប់​ទន្លេ​មេគង្គ​ដែល​មក​ពី​អង្គការ​ ​បណ្តាញ​ទន្លេ​អន្តរជាតិ (International Rivers) ​ដែល​ជា​ក្រុម​អ្នកបរិស្ថាន​ បាន​មាន​ប្រសាសន៍​ថា​ក្នុង​​ដំណើរការ​វាយតម្លៃ​បាន​អំពាវនាវឱ្យ​ពន្យារ​ការសាង​សង់​ណា​មួយ​លើ​ប្រព័ន្ធ​ទន្លេ​មេ។

«ផល​ប៉ះពាល់​ដែល​បង្កដោយ​ទំនប់​នេះ​មាន​ទំហំ​ធំជាង​ផល​ចំណេញ ​ដែល​នេះ​គឺ​ជា​បញ្ហា​មួយ។ ការ​វាយ​តម្លៃ​ផ្នែក​បរិស្ថាន​ជា​យុទ្ធសាស្រ្ត​ដែលចេញ​មក​ពី​គណៈ​កម្មការ​ទន្លេ​មេគង្គ​ ក្នុង​រយៈ​ពេល​បី​សប្តាហ៍​ក្រោយពី​ដំណើរការ​គម្រោង​ទំនប់​សាយ៉ាប៊ូរី​បាន​ចាប់​ផ្តើម​ បាន​ផ្តល់​ជា​អនុសាសន៍​ថា​រាល់​ការ​សម្រេច​ចិត្ត​លើ​ការ​សាងសង់​ទំនប់​លើ​ប្រព័ន្ធ​មេទឹក​គួរតែ​ពន្យារ​ពេល​១០ឆ្នាំ​សិន​ព្រោះ​ផលប៉ះ​ពាល់​មាន​ទំហំ​ធំខ្លាំង​ណាស់»។

ក្រុម​អ្នក​បរិសា្ថន​និយាយ​ថា ​ទំនប់​ទឹក​សាយ៉ាប៊ូរី​នឹង​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ​និង​ចរន្ត​ទឹក​ទន្លេ​មេគង្គ។​ មន្ត្រី​រដ្ឋាភិបាល​វៀតណាម​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​ដែល​ទំនប់​នេះ​មាន​លើ​តំបន់​ដែន​ដី​សណ្ត​សម្រាប់​ដាំ​ស្រូវ។ ជាដំបូង​នោះ​ គឺ​​មាន​ប្រជាពលរដ្ឋ​ចំនួន​២.០០០នាក់​នឹងត្រូវ​ផ្លាស់​ប្តូរ​ទីលំនៅ​ដោយ​បង្ខំ​ហើយ​នឹង​មាន​មនុស្ស​២០០.០០០នាក់​ផ្សេង​ទៀត​នឹងត្រូវ​​ប៉ះពាល់​ដោយ​ប្រយោល។

សេចក្តី​រាយការណ៍​របស់​បណ្តាញ​សារព័ត៌មាន​ថៃ​ក៏​បាន​ឱ្យដឹង​ថា​កសិករ​ក្រីក្រ​ឡាវ​ត្រូវ​បាន​ក្រុមហ៊ុន​សំណង់​ថៃ​ផ្តល់​ប្រាក់​សំណង​តែ​ប្រមាណ​១៥ដុល្លារ​ប៉ុណ្ណោះ។​ នាង​ Painporn Deetes នៃ​អង្គការ​ International Rivers និយាយ​ថា​​ទំហំ​នៃ​ការ​បង់​សំណង​នេះ​បង្ហាញ​ឱ្យ​ដឹង​ថា​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​នេះ​មិន​យល់​ដឹង​ទាំង​ស្រុង​ពី​ផល​ប៉ះពាល់​របស់​គម្រោង​នេះ​ទៅលើ​សហគមន៍​នៅ​ក្នុង​តំបន់​ទេ។

«តើគេ​អាច​សង​ប្រជាពលរដ្ឋ​ទាំងនេះ​ដូចម្តេច ​ហើយ​​តើ​គេ​អាច​សង​ការ​ខូចខាត​ដល់​កសិករ​ទាំងនោះ​ដែល​កំពុង​រស់​នៅ ​លើ​ដែន​ដី​សណ្ត​ទន្លេ​មេគង្គ​យ៉ាង​ម៉េច​ទៅ​ នៅ​ពេល​ដែល​ដីស្រែ​របស់​ពួកគេ​ត្រូវ​ទឹក​សមុទ្រ​ជន់លិច​ តើ​យើង​អាច​បញ្ចូល​ប្រជា​ពលរដ្ឋ​ទាំង​អស់​នេះ​យ៉ាង​ម៉េច​ដើម្បី ​អាច​ឮសំឡេង​របស់​ពួកគេ​បាន? ពីព្រោះ​ដំណាក់​កាល​នៃ​ការ​សម្រេច​ចិត្ត​គឺ​មិនមែន​​ត្រូវធ្វើ​តែ​មនុស្ស​មាន​អំណាច​ពីរ​បី​នាក់​​​​អង្គុយ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​ទេ»។

លោក​ ជីម វ៉េប ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សេចក្តី​រាយការណ៍​ថា​រដ្ឋាភិបាល​ឡាវ​បាន​ត្រៀមខ្លួន​នឹង​ចាប់ផ្តើម​ដំណើរការ​​ទំនប់​សាយ៉ាប៊ូរី​នេះ។​ នៅក្នុង​សេចក្តី​ថ្លែងការណ៍​លោក​ វ៉េប​ បាន​បញ្ជាក់ថា​ការសម្រេច​ចិត្ត​នេះ​ជា​គំរូ​អាក្រក់​មួយ​ដែល​មាន​គ្រោះថ្នាក់​ដល់​បរិស្ថាន​ក្នុង​តំបន់។

មាន​ទំនប់​វារីអគ្គិសនី​រហូត​ដល់​១០​ត្រូវបាន​ស្នើសាងសង់​នៅ​តំបន់​ទន្លេ​មេគង្គ​ខាង​ក្រោម​ ដោយ​ក្រុម​អ្នក​បរិស្ថាន​បាន​ព្រមានថា​មាន​ប្រជាពលរដ្ឋ​រហូត​ដល់​៤០​លាន​នាក់​នឹង​ទទួល​រង​ការប៉ះពាល់​ប្រសិន​បើ​គេសាងសង់​ទំនប់​​នោះមែន ​ហើយ​ក៏ នឹង​មាន​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់​ផងដែរ៕

ប្រែសម្រួល​ដោយ​ ម៉ែន​ គឹមសេង

This posting includes an audio/video/photo media file: Download Now

កិច្ច​ព្រមព្រៀង​អំពី​ទន្លេ​មេគង្គ​មាន​ចម្លោះ​ប្រហោង

Posted: 18 Apr 2011 01:50 PM PDT

មន្ត្រី​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ ក្នុង​ទីក្រុង​វៀងច័ន្ទ​ ប្រទេស​ឡាវ​ បាន​លើក​ឡើង​​​ថា ​កិច្ច​ព្រមព្រៀង​របស់​ប្រទេស​ជា​សមាជិក​នៃ​​គណៈ​កម្មការ​នេះ​​នៅ​មាន​ចម្លោះ​ប្រហោង​នៅ​ឡើយ​ទាក់​ទង​នឹង​​​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​លើ​ដង​ទន្លេ​មេគង្គ។

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​ខណៈ​ពេល​ដែល​បណ្តា​ប្រទេស​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម​​​ចំនួន​៤​កំពុង​ត្រៀម​រៀបចំ​​​កិច្ច​ប្រជុំ​ចុង​ក្រោយ​មួយ​​ស្តី​​អំពី​ទំនប់​វារី​អគ្គិសនី​​សាយ៉ាបូរី​ដ៏​ចម្រូង​ចម្រាស់​របស់​ឡាវ។

បើ​ទោះ​ជា​បណ្តា​ប្រទេស​ទន្លេ​មេគង្គ​ផ្នែក​ក្រោម​​ចំនួន​៣​ទៀត​គឺ​ថៃ​ កម្ពុជា​ និង​វៀតណាម ​ជំទាស់​ទៅ​នឹង​​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​របស់​ឡាវ​ក៏​ដោយ​ ក៏​ប្រទេស​ឡាវ​​ នៅ​តែ​អាច​អនុវត្ត​គម្រោង​សាងសង់​​ទំនប់​របស់​ខ្លួន​បាន​ដែរ​ ប្រសិន​បើ​ខ្លួន​ចង់​នោះ។

ឡាវ​អាច​អនុវត្ត​បាន​ ដោយ​សារ​តែ​នីតិវិធី​​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​ជា​សមាជិក​ទាំង​៤​នៃ​​គណៈ​កម្មការ​ទន្លេ​មេគង្គ​ទាក់​ទង​នឹង​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​លើ​ដង​ទន្លេ​មេគង្គ​នេះ​ មិន​បាន​​តម្រូវ​ឲ្យ​មាន​ការ​យល់​ព្រម​គ្នា​ជា​ឯកច្ឆ័ន្ធ​​រវាង​​ប្រទេស​ជា​សមាជិក​ទាំង​អស់​នោះ​ទេ​ នេះ​បើ​យោង​តាម​មន្ត្រី​ជំនាញ​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ។

លោក​ជា សុភារិន​ មន្ត្រី​​កម្ម​វិធី​​ទទួល​បន្ទុក​ផ្នែក​នីតិវិធី​និង​កិច្ច​ការ​នយោបាយ​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ប្រចាំ​នៅ​ទីក្រុង​វៀងច័ន្ទ​ មាន​ប្រសាសន៍​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​VOA Khmer នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ថា​ នីតិវិធី​សម្រាប់​ការ​ជូន​ដំណឹង​ ការ​ពិគ្រោះ​យោបល់​ជាមុន​និង​ការ​ព្រម​ព្រៀង​គ្នា ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា​ PNPCA​នោះ​ មិន​បាន​តម្រូវ​ឲ្យ​ប្រទេស​ជា​សមាជិក​​នីមួយៗ​យល់​ព្រម​​ទាំង​អស់​គ្នា​ ដើម្បី​​ឲ្យ​ប្រទេស​ណា​មួយ​អាច​​អនុវត្ត​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​របស់​ខ្លួន​នោះ​ទេ។

«នៅ​ក្នុង​PNPCA​ ហ្នឹង​គឺ​គេ​មិន​កំណត់​ថា​ ប្រទេស​ឡាវ​ ឧទាហរណ៍​ទាក់​ទង​នឹង​សាយ៉ាបូរី​នេះ​ ប្រទេស​ឡាវ​ជា​ប្រទេស​ដែល​​លើក​សំណើ​ មាន​ន័យ​ថា​ គេ​គ្មាន​សិទ្ធិ​ Veto​ ហើយ​ប្រទេស​ផ្សេងៗ​ក៏​គ្មាន​សិទ្ធិ​ Veto​ ប្រឆាំង​មិន​ឲ្យ​ធ្វើ​ដែរ»។

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ នៅ​មុន​ពេល​ដែល​បណ្តា​ប្រទេស​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម​ទាំង​៤​ គឺ ​កម្ពុជា​ វៀត​ណាម ​ថៃ​ និង​ឡាវ​​ ត្រៀម​​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​ទី​១៩ ​ខែ​មេសា​ក្នុង​ទីក្រុង​វៀង​ច័ន្ទ​នេះ​ ដើម្បី​សម្រេច​ចិត្ត​ជា​ចុង​ក្រោយ​ថា ​តើ​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​របស់​ឡាវ​នោះ​ឬ​​យ៉ាងណា។

លោក​ជា សុភារិន​មាន​ប្រសាសន៍​ថា​ បើ​ផ្អែក​តាម​នីតិវិធី​​ PNPCA​ និង​កិច្ច​ព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥​​រវាង​ប្រទេស​​ទាំង​បួន​ ហាក់​ដូច​ជា​គ្មាន​នីតិវិធី​ណាមួយ​​​ដែល​អាច​រារាំង​​ប្រទេស​ឡាវ​មិន​ឲ្យ​សាងសង់​ទំនប់​របស់​ខ្លួន​បាន​​ទេ​ ប្រសិន​បើ​ប្រទេស​​នេះ​​ពិត​ជា​ចង់​បន្ត​គម្រោង​ទំនប់វារី​អគ្គិសនី​​របស់​ខ្លួន​នោះ។

«ដូច​ជា​យើង​មិនមាន​អ្វី​ដែល​ត្រូវ ​​របៀបដូច​ជា​នីតិវិធី ​ឬ​ក៏​ស្អី​ដែល​អាច​ហាម​ឃាត់​គេ​បាន​ទេ»។

ទំនប់​សាយ៉ាបូរី​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ​គឺ​ជា​ទំនប់​មួយ​ក្នុង​ចំណោម​ទំនប់​វារី​អគ្គិសនី​ធំៗ​យ៉ាង​តិច​ចំនួន​១១​​ដែល​គេ​គ្រោង​នឹង​សាងសង់​លើ​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម​ ជា​ពិសេស​គឺ​នៅ​ក្នុង​ប្រទេស​ឡាវ​និង​កម្ពុជា។

បើ​តាម​គម្រោង​ ទំបន់​នោះ​នឹង​ត្រូវ​សាងសង់​ដោ​យ​ក្រុមហ៊ុន​ថៃ​មួយ​ឈ្មោះ​Ch Karnchang ​ដោយ​គ្រោង​ផលិត​ថាមពល​អគ្គិសនី​​​​កម្រិត​១២៦០​មេហ្គាវ៉ាត់។ ​៩៥%​នៃ​ថាមពល​អគ្គិសនី​ដែល​ទំនប់​របស់​ឡាវ​​​​ផលិត​បាន​នេះ​​ នឹង​ត្រូវ​លក់​ទៅ​ឲ្យ​ប្រទេស​ថៃ​ នេះបើ​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​ទន្លេ​អន្តរជាតិ​ (International Rivers)។

របាយ​ការណ៍​ក៏​បង្ហាញ​ផង​ដែរ​​ថា​ ប្រសិន​បើ​ត្រូវ​បាន​សាងសង់​មែន​នោះ ​ទំនប់​សាយ៉ា​បូរី​ ​នឹង​ធ្វើ​ឲ្យ​ខូចខាត​ប្រព័ន្ធ​អេកូឡូស៊ី​​និង​ជីវចម្រុះ​នៅ​ក្នុង​ទន្លេ​មេគង្គ​​ជា​រៀង​រហូត​ ហើយ​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ពពួក​ពូជ​មច្ឆា​យ៉ាង​តិច​ចំនួន​៤១​ប្រភេទ​ ដូចជា​ពូជ​ត្រី​រាជ​​ជា​ដើម។

ការ​បាត់​បង់​នេះ​ នឹង​ធ្វើប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជនរាប់​លាន​​នាក់ជា​ពិសេស​ប្រជា​ជន​កម្ពុជា​​​ដែល​​រស់នៅ​ពឹង​អាស្រ័យ​​ទៅលើ​ទន្លេ​មេគង្គ​​នេះ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ កាសែត​Bangkok Post​ របស់​ថៃ​​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​របស់​ប្រទេស​ឡាវនេះ​​បាន​ចាប់ផ្តើម​រួច​ទៅ​ហើយ។

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ អង្គការ​ទន្លេ​អន្តរ​ជាតិ ​International River ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​​ថ្កោល​ទោស​ការ​ចាប់​ផ្តើម​សាងសង់​ទំនប់​សាយ៉ា​បូរី​នោះ​ ហើយ​ក៏​អំពាវនាវ​ឲ្យ​ប្រទេស​ទន្លេ​មេគង្គ​ក្រោម​ផ្សេង​ទៀត​បដិសេធ​គម្រោង​សាងសង់​ទំនប់​នោះ​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ។

ព្រឹទ្ធ​សមាជិក​សហ​រដ្ឋ​អាមេរិក​ លោក​Jim Webb​ក៏​បាន​ព្រមាន​ផង​ដែរ​អំពី​ផល​វិបាក​ធ្ងន់ធ្ងរ​​នៅ​ក្នុង​តំបន់​ដែល​អាច​កើត​មាន​ឡើង​ដោយ​សារ​កង្វះ​ការ​សហការ​គ្នា​រវាង​បណ្តា​ប្រទេស​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម​​ទាក់​ទង​នឹង​គម្រោង​សាងសង់​ទំនប់​នោះ។

មន្ត្រី​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល​ឡាវ​មិន​អាច​ទាក់​ទង​​ដើម្បី​ស្នើ​សុំ​ការ​បញ្ជាក់​​ណា​មួយ​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​ ចំណែក​មន្ត្រី​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ក៏​មិន​អាច​ផ្តល់​ការ​បញ្ជាក់​បាន​ដែរ​ចំពោះ​របាយ​ការណ៍​ព័ត៌មាន​អំពី​ការ​ចាប់​ផ្តើម​សាងសង់​ទំនប់​សាយ៉ាបូរី​នោះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ លោក​ជា​ សុភារិន​មាន​ប្រសាសន៍​ថា​ លោក​ជឿ​ថា​ ប្រទេស​ឡាវ​នឹង​ធ្វើ​ការ​ពិចារណា​អំពី​ការ​ព្រួយ​បារម្ភ​និង​ការ​អំពាវនាវ​នានា​របស់​បណ្តា​ប្រទេស​ជា​សមាជិក​​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ មុន​នឹង​សម្រេច​ចិត្ត​ទៅ​លើ​គម្រោង​សាង់សង់​ទំនប់​នោះ។

ប៉ុន្តែ​រហូត​ទាល់​តែ​​​នៅ​ក្រោយ​កិច្ច​ប្រជុំ​របស់​បណ្តា​ប្រទេស​​ទាំង​បួន​នៅ​ថ្ងៃ​អង្គារ​ ទី១៩​ ខែ​មេសា​នេះ​សិន​ ទើប​គេ​អាច​ដឹង​បាន​ពិត​ប្រាកដ​ ថា​តើ​​ទំនប់​សាយ៉ាបូរី​របស់​ប្រទេស​ឡាវ​នោះ​ នឹង​អាច​លេច​ចេញ​ជា​រូបរាង​​ ឬក៏​យ៉ាង​ណា​នោះ៕

This posting includes an audio/video/photo media file: Download Now

គ្រោះ​ថ្នាក់​ចរាចរណ៍​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​២០១១​សម្លាប់​អ្នកដំណើរ​ច្រើន​ជាង​មុន

Posted: 18 Apr 2011 01:31 PM PDT

ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​២០១១​នេះ​បាន​កើន​ឡើង​លើស​ឆ្នាំ​២០១០​ ដោយ​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​ ការ​បើកបរ​លឿន​ ការ​បើក​បរ​ធ្វេស​ប្រហែស​ និង​ការ​បើកបរ​ក្នុង​ពេល​ស្រវឹង។​ ក្រុម​មន្ត្រី​រដ្ឋាភិបាល​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ ដោយ​សន្យា​ខំប្រឹង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ និង​ការ​អប់រំ​ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​ បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ចំនួន​មនុស្ស​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ចូល​ ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​រយៈ​ពេល​បីថ្ងៃ​នេះ​បាន​កើន​ឡើង​ដល់​៥៥​នាក់​ពី​ចំនួន​មនុស្ស​ស្លាប់​៤៩​នាក់​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ទៅ។

លោក​ហ៊ឹម យ៉ាន​ ប្រធាន​នាយក​ដ្ឋាន​ចរាចណ៍​ផ្លូវ​គោក​នៃ​ក្រសួង​មហា​ផ្ទៃ​ បាន​ថ្លែង​ថា​ មនុស្ស​៥៥​នាក់​បាន​ស្លាប់​ និង​ជាង​២០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ជា​ថ្ងៃ​ចាប់​ផ្តើម​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​រយៈ​ពេល​បី​ថ្ងៃ។

លោក​ហ៊ឹម យ៉ាន​បាន​បញ្ជាក់​ថា​ ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​៦​នាក់​ និង​ចំនួន​អ្នក​រង​របួស​ធ្ងន់​បាន​ថយ​ចុះ​ជាង​៤០​នាក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំ​២០១១​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១០។

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​រយៈ​ពេល​បី​ថ្ងៃ​នេះ​ មនុស្ស​៩​នាក់​ត្រូវ​បាន​រាយ​ការណ៍​ថា​ បាន​ស្លាប់​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ ៥​នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ ៦​នាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ៥​នាក់​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ ៤​នាក់​នៅ​ក្នុង​ខេត្ត​សៀមរាប​ និង​២​នាក់​នៅ​ក្នុង​ខេត្ត​តាកែវ។

លោក​ហ៊ឹម យ៉ាន​បាន​ថ្លែង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​ដោយ​ការ​បើកបរ​លើស​ល្បឿន​កំណត់​ចំនួន​៣៣​ភាគ​រយ​ ការ​បើកបរ​ធ្វេស​ប្រហែស​ចំនួន​២៦​ភាគ​រយ​ និង​ការ​បើកបរ​ក្នុង​ពេល​ស្រវឹង​ចំនួន​២០​ភាគ។

លោក​នួន សាមិន​ ស្នងការ​ប៉ូលិស​ខេត្ត​កំពង់​ចាម​ បាន​ថ្លែង​ថា​ មនុស្ស​៥​នាក់​បាន​ស្លាប់​ និង​៣៧​នាក់​បាន​រង​របួស​ក្នុង​រយៈ​ពេល​បីថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ។

លោក​នួន​ សាមិន​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ភាគ​ច្រើន​មាន​អាយុ​រវាង​ពី​១៨​ឆ្នាំ​ទៅ​២៥​ឆ្នាំ​ ដោយសារ​ការ​បើកបរ​ក្នុង​ពេល​ស្រវឹង។

លោក​ឡាច សារិន​ ស្នងការ​រង​ប៉ូលិស​ខេត្ត​សៀមរាប​ បាន​បញ្ជាក់​ថា ​មនុស្ស​៤​នាក់​បាន​ស្លាប់​ និង​រង​របួស​១៣​នាក់​ ដោយ​សារ​ការ​បើកបរ​ក្នុង​ពេល​ស្រវឹង​ និង​ការ​ធ្វេស​ប្រហែស។

លោក​ឡាច សារិន​បាន​ថ្លែង​ថា​ លោក​នៅ​តែ​មាន​ការ​​ព្រួយ​បារម្ភ​អំពី​គ្រោះថ្នាក់​ចរាចរណ៍។

គណៈ​កម្មាធិការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​រំឭក​ថា​ ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំ​២០១០​ មនុស្ស​៤៩​នាក់​បាន​សម្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ និង​មាន​អ្នក​របួស​ធ្ងន់​ចំនួន​២៩៦​នាក់​ផ្សេង​ទៀត​ ដោយសារ​អ្នក​បើកបរ​មាន​ការ​ធ្វេស​ប្រហែស​ មិន​គោរព​ច្បាប់​ចរាចរណ៍ ​អ្នក​បើក​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិ​ភាព​ បើកបរ​មិន​ប្រកាន់​ខ្ជាប់​តាម​គន្លង​ផ្លូវ​ បើក​ក្នុង​ល្បឿន​លឿន​ហួស​កំណត់​ និង​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​ជាដើម​ ហើយ​អ្នក​ថ្មើរ​ជើងក៏​មាន​ការ​ធ្វេស​ប្រហែស​ មិន​បាន​ដើរ​អែប​ចិញ្ចើម​ថ្នល់​ ហើយ​អ្នក​ឆ្លងកាត់​ថ្នល់​មិន​បាន​ប្រុង​ប្រយ័ត្ន៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!