VOA News: ព័ត៌មាន: “ប្រាំមួយ​នាក់​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ព្រំដែន​កម្ពុជា​ថៃ” plus 2 more

VOA News: ព័ត៌មាន: “ប្រាំមួយ​នាក់​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ព្រំដែន​កម្ពុជា​ថៃ” plus 2 more


ប្រាំមួយ​នាក់​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ព្រំដែន​កម្ពុជា​ថៃ

Posted: 22 Apr 2011 02:08 PM PDT

យ៉ាងហោច​ណាស់​មាន​កងទ័ព​កម្ពុជា​ចំនួន​បីនាក់​បាន​ស្លាប់​បាត់បង់​ជីវិត ​និង​ប្រាំមួយ​នាក់​ផ្សេង​ទៀត​រងរបួស។ រីឯ​កងទ័ពថៃ​យ៉ាងតិច​ចំនួន​បីនាក់​បាន​ស្លាប់​ និង​ប្រាំបីនាក់​រងរបួស​នៅ​ក្នុង​ឆាក​ប្រយុទ្ធ​​គ្នា​តាម​បណ្តោយ​ព្រំដែន​រវាង​ខេត្ត​ឧត្តមានជ័យ​របស់​ខ្មែរ ​និ​ងខេត្ត​សុរិន្ទ​របស់​ថៃ ។

ការប្រយុទ្ធគ្នា​ ដែល​បាន​ចាប់ផ្តើម​កាលពី​ម៉ោង​៦ព្រឹក​មិញ​ ហើយ​បាន​បញ្ជប់​ទៅវិញ​នៅម៉ោង​ ប្រមាណ​១២:២០នាទី។ នេះ​បើ​យោង​ទៅតាម​ប្រភព​ពី​មន្រ្តី​យោធា​នៃ​ប្រទេស​ទាំងពីរ។

ការប៉ះទង្គិច​គ្នា ​បាន​ចាប់ផ្តើម​នៅចំណុច​ប្រាសាទ​តាក្របី​របស់​ខ្មែរ ​ហើយ​បាន​រីករាលដាល​ដល់ ចំណុច​ប្រចាំការ​របស់​យោធា​នៅ​ចំណុច​ប្រាសាទ​តាមាន់។ ប្រាសាទ​ទាំងពីរ​ជាចំណុច​ប្រទាញប្រទង់​នៃ​ប្រទេស​ជិតខាង​គ្នា​ទាំងពីរ ។ មន្រ្តីយោធា​នៃ​ប្រទេស​ទាំងពីរ​ បាន​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅមក​ពីការ​បង្ក​ជម្លោះ​ប្រដាប់​អាវុធ។

លោក​ឧត្តមសេនីយ៍​ឯក​ ឈុំ សុជាតិ ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​កងទ័ព​ថៃ​ បាន​លួច​វាយប្រហារ​នៅ​ចំណុច​ប្រចាំការ​របស់​កងទ័ព​ខ្មែរ​នៅក្នុង​ទឹកដី​កម្ពុជា។ លោក​ថ្លែង​ដូច្នេះ​ថា៖

«ការពិត​នៃ​ការចាប់ផ្តើម​នៃ​ការផ្ទុះអាវុធ​នេះ​ គឺ​ទាហាន​ថៃ​បាន​ឆ្លងដែន​ចូលមក​វាយ​ឆ្មក់​យើង​ពី ក្រោយ​ខ្នង​នៅ​ប្រាសាទ​តាក្របី។ នៅពេល​ដែល​កង​យោធពលខេមរៈភូមិន្ទ​យើង​កំពុងតែ​ធ្វើការ​យាម ល្បាត​ព្រំដែន​ គឺ​ទាហាន​ថៃ​ឆ្លងចូល​មក​ខាងក្រោយ​ទីតាំង​របស់​យើង​ពីក្រោយ។ គេ​វាយ​ឆ្មក់​យើង​ពី ក្រោយ​ដោយថ្មើជើង។ ហើយ​ទន្ទឹម​វា​ក៏​បាញ់​ផ្លោង​កាំភ្លើងធំ​មកលើ​ទីតាំង​របស់​យើង​ចម្ងាយ​ជា​២០ គីឡូម៉ែត្រ​មក​ក្នុង​ទឹកដី​ដ៏ជ្រៅ​លើ​ប្រជាជន​ទៀត​ដូច​ជម្រាប់ជូន​ខាងលើ»។

មន្រ្តី​អ្នកនាំពាក្យ​យោធា​ខ្មែរ ​ដដែល​បញ្ជាក់​ថា​ កងទ័ពថៃ​ បាន​ប្រើ​អាវុធ​ធន់ធ្ងន់​ជាច្រើន​ បាញ់​ផ្តក់ ចូល​ជ្រៅ​នៅ​ក្នុង​ទឹកដី​កម្ពុជា។ ដោយឡែក​លោក​ឧត្តមសេនីយ៍​ វីរៈជន​ សុខុថាធិផាក​ (Verachon Sukondhaptipak) អ្នក​នាំពាក្យ​រង​នៃ​ក្រសួង​ការពាជាតិ​ថៃ​ បាន​ថ្លែង​ប្រាប់​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​វីអូអេ​ សំឡេង​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​បាងកក​ថា​ កងទ័ព​កម្ពុជា​ បាន​ចូល​ក្នុង​តំបន់​ហាម​ឃាត់។ លោក វិរៈជន​ថ្លែង​ដូច្នេះ​ថា៖

«យើង​បាន​រកឃើញ​ថា ​កម្ពុជា​បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅ​កាន់​តំបន់​ដែល​មិនត្រូវ​ទៅ​នោះ។ ហើយ​យើង​បាន​បញ្ជូន​កងទព័​របស់​យើង​ទៅ​ប្រាប់​ដំណឹង​ដើម្បី​ឲ្យ​ពួកគេ​ដកចេញ​ពីតំបន់​នោះ​ ប៉ុន្ដែ​ពួក គេ​បាន​បើក​ការបាញ់​ប្រហារ​មកលើ​កងទព័​ថៃ​ជាមុន»។

ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ​ នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ដែល​កំពុង​មាន​ជម្លោះ​នេះ​ត្រូវ បាន​ជម្លៀស​ចេញ។

លោក​ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​ និង​ជាអ្នក​នាំពាក្យ​ទី​ស្តីការ​គណៈរដ្ឋមន្រ្តី ​បាន​ហៅការ​ប្រយុទ្ធ​ គ្នា​នេះ ​ថា ​គឺជា​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ។

កម្ពុជា ​និងថៃ ​មាន​ជម្លោះ​ព្រំដែន​ជាមួយ​គ្នា​ចាប់តាំង​ពី​ខែកក្កដា​ ឆ្នាំ​២០០៨​មក​ ម្ល៉េះ​បន្ទាប់​ពី​ថៃ​ជំទាស់​មិនបាន​សម្រេច​នៅ​ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។

ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ប្រសាទ​ព្រះវិហារ ​បាន​កើត​ឡើង​យ៉ាង​ស្វិតស្វាញ ​កាលពី​ដើម​ខែកុម្ភៈ​ឆ្នាំ ២០១១នេះ។ ភាគី​កម្ពុជា​ បាន​ស្នើឲ្យ​មាន​ការ​ដាក់​ពង្រាយ​កងទ័ព​អព្យាក្រឹត្យ​មួយ​នៅ​តំបន់​ជម្លោះ​ ក៏​ប៉ុន្តែ ​ថៃ ​មិនទាន់​យល់ព្រម​នៅឡើយ ​។

លោក​ឧត្តមសេនីយ៍​ឈុំ សុជាតិ​ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​មាន​ប្រសាសន៍​ថា ​កងទ័ព​កម្ពុជា នៅ​តែ​បន្ត​ត្រៀម​ប្រយុទ្ធ​នៅ​ឡើយ​មកទល់ ​និង​ល្ងាច​នេះ។

ជាមួយ​គ្នានេះ​ដែរ ​លោក​ហោ ណាំហុង រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​សហសេវិក​របស់​ខ្លួន​នៅ​ឥណ្ឌូនេស៊ី​ ដើម្បី​ជាការ​ជូន​ដំណឹង​ពី​ការ​វាយ​ប្រហារ​គ្នា។

ឥណ្ឌូនេស៊ី ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ប្តូរវេណ​នៃ​សមាគម​អាស៊ាន​ ដែល​មាន​១០​ប្រទេស។ នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ​លោក​ ហោ ណាំហុង​ ក៏បាន​ផ្ញើ​លិខិត​មួយច្បាប់​ផ្សេង​ទៀត ដើម្បី​ជូនដំណឹង​ទៅក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អំពី​ការ​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ​រវាង​កងទ័ព​កម្ពុជា​ និង​កងទ័ពថៃ ។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី ​លោក​ ម៉ាទី ណាតា​លេហ្កាវ៉ា (Marty Natalegawa) ក៏​បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ឈប់​ធ្វើការ​បាញ់​គ្នា​តទៅ​ទៀត​ដែរ៕

This posting includes an audio/video/photo media file: Download Now

ទាហាន​ថៃ​និង​ទាហាន​ខ្មែរ​ប្រយុទ្ធ​គ្នា​ មាន​ស្លាប់​និង​របួស​ទាំង​សងខាង

Posted: 22 Apr 2011 02:42 PM PDT

ទាហាន​ថៃ​និង​ទាហាន​កម្ពុជា​បាន​ប្រយុទ្ធ​គ្នា​នៅ​ក្បែរ​តំបន់​ព្រំដែន​មាន​ជម្លោះ ដោយ​ធ្វើ​ឲ្យ​ខូច​ដល់​បទ​ឈប់បាញ់​គ្នា​មិន​ផ្លូវការ។

ទាហាន​ថៃ​និង​ទាហាន​កម្ពុជា​បាន​ប្រយុទ្ធ​មួយ​រយៈ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ដោយ​ភាគី​ទាំងពីរ​មាន​ស្លាប់​និង​របួស​ទាំង​សងខាង។  មិន​មាន​របាយការណ៍​អំពី​ជន​ស៊ីវិល​រង​របួស​ទេ​ ក្រោយពី​កងទ័ព​ទាំង​ពីរ​បាន​បាញ់​គ្នា​ ដោយ​ប្រើ​កាំភ្លើង​ធុនធ្ងន់​ និង​កាំភ្លើង​ធំ​នៅ​តាម​ព្រំដែន​មាន​ជម្លោះ។

លោក ​Werachon ​Sukondhapatipak ​អ្នក​នាំពាក្យ​កងទ័ព​ថៃ​និយាយ​ថា​ អ្នក

ភូមិ​ចំនួន​៧.៥០០​នាក់​ត្រូវ​ជម្លៀស​ខ្លួន​ចេញ​ពី​តំបន់​ព្រំដែន​ក្នុង​ប្រទេស​ថៃ  ហើយ​នឹង​មិន​វិល​ទៅ​ផ្ទះ​វិញ​ទេ​ លុះត្រា​សភាព​ការណ៍​ស្ងប់ស្ងាត់​វិញ។  លោក​និយាយ​ថា ​ការ​ប្រយុទ្ធ​គ្នា​ ដែល​បាន​រំខាន​ភាព​ស្ងប់ស្ងាត់​រយៈ​ពេល​២​ខែ​នេះ​ បាន​ស្ងប់​ទៅវិញ​នៅ ​ពេល​ព្រឹក​ប្រហែល​ម៉ោង​៩  ហើយ​មេ​បញ្ជាការ​កងទ័ព​ទាំង​សងខាង​បាន​ធ្វើការ​ទាក់ទង​គ្នា​ ដើម្បី​ទប់ស្កាត់​ការ​ប៉ះ​ទង្គិច​គ្នា​ទៀត។

«ខាង​កងទ័ព​រាជាណាចក្រ​ថៃ​ យើង​មិន​បាន​បន្ថែម​កម្លាំង​ ឬ​សម្ភារៈ​ទេ។​ យើង​ឲ្យ​ទាហាន​ ឬ​អង្គភាព​ឈរជើង​ក្នុង​តំបន់​នេះ​មាន​ការ​ប្រុង​ប្រយ័ត្ន  ពីព្រោះ​យើង​មិន​ដឹង​ថា  អាច​នឹង​មាន​រឿង​អ្វី​ទេ​ក្នុង​ពេល​អនាគត»។

ភាគី​ទាំង​ពីរ​បន្ទោស​គ្នា​ទៅវិញ​ទៅមក​ថា​ ចាប់​ផ្តើម​បាញ់​មុន។

លោក ​Werachon​មាន​ប្រសាសន៍​ថា​ ទាហាន​កម្ពុជា​រំលោភ​កិច្ច​ព្រមព្រៀង​ ដែល​ឲ្យ​នៅ​ក្រៅ​តំបន់​មាន​ជម្លោះ ​ហើយ​បាន​បាញ់​លើ​ទាហាន​ថៃ​ ដែល​ធ្វើ​ការ​ព្រមាន​ដោយ​ពាក្យ​សម្តី។

ភាគី​កម្ពុជា​និយាយ​ថា ទាហាន​ថៃ​បាន​រុល​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ ហើយ​បាញ់​មុន។

លោក​ឧត្តម​សេនីយ៍​ជុំ សុជាតិ​ជា​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ខ្មែរ។​ លោក​និយាយ​ថា  ទាហាន​ថៃ​បាន​ចូល​ទឹកដី​កម្ពុជា​ ហើយ​បាន​ស្ទាក់​បាញ់​មក​លើ​ទាហានខ្មែរ​នៅ​ប្រាសាទ​មួយ​ នៅ​ពេល​ទាហាន​ខ្មែរ​កំពុង​ល្បាត។  លោក​និយាយ​ថា ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ  ទាហាន​ថៃ​បាន​បាញ់​កាំភ្លើង​ធំ​ចូល​ប្រទេស​កម្ពុជា​ជម្រៅ​ជាង​២០​គ.ម.​ មក​លើ​មូលដ្ឋាន​របស់​ទាហាន​ខ្មែរ​ និង​ភូមិ​អ្នក​ស្រុក។

«ការណ៍​ពិត​នៃ​ការ​ចាប់​ផ្តើម​ផ្ទុះ​អាវុធ​នេះ​គឺ​ទាហាន​ថៃ​ឆ្លង​ព្រំដែន​ចូល​មក​វាយ​ឆ្មក់​យើង​ពី​ក្រោយ​ខ្នង​ នៅ​ប្រាសាទ​តាក្របី។​ នៅ​ពេល​កង​យោធពល​ខេមរ​ភូមិន្ទ​យើង​កំពុង​យាម​ល្បាត​គឺ​ទាហាន​ថៃ​ឆ្លង​ចូល​មក​នៅ​ក្រោយ​ទីតាំង​ទាហាន​យើង​ ហើយ​វាយ​ឆ្មក់​យើង​ពី​ក្រោយ​ ដោយ​ថ្មើរ​ជើង​ ហើយ​ទន្នឹម​នឹង​នេះ​ វា​ក៏​បាញ់​កាំភ្លើង​ធំ​មក​លើ​ទីតាំង​របស់​យើង​ចម្ងាយ​ជាង​២០​គម​ និង​លើ​ប្រជាជន​ទៀត»។

ការ​អះអាង​អំពី​ការ​បាញ់​លើ​ភូមិ​អ្នកស្រុក​នេះ​មិន​មាន​ការ​បញ្ជាក់​ពី​ប្រភព​ឯករាជ្យ​ទេ។

សភាព​តាន​តឹង​បាន​ឡើង​ដល់​កម្រិត​ខ្ពស់ ​ក្រោយ​ការ​ប្រយុទ្ធ​គ្នា​កាល​ពី​ខែ​កុម្ភៈ​ នៅ​តំបន់​មាន​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះ​វិហារ​របស់​ខ្មែរ​ចំណាស់​៩០០​ឆ្នាំ។

កងទ័ព​ថៃ ​និង​កងទ័ព​កម្ពុជា​បាន​បាញ់​ត​គ្នា​ដោយ​ប្រើ​កាំភ្លើង​ធំ ​និង​កាំភ្លើង​យន្ត ហើយ​មាន​ស្លាប់​មនុស្ស​មួយ​ចំនួន​ និង​បង្ខំ​ឲ្យ​មនុស្ស​ជា​ច្រើន​ភៀស​ខ្លួន​ចោល​ផ្ទះ​សម្បែង​នៅ​តំបន់​ព្រំដែន។

ប្រទេស​កម្ពុជា​ចង់​មាន​ការ​គាំទ្រ​ជា​អន្តរជាតិ​ដើម្បី​បញ្ចប់​ជម្លោះ​នេះ​ រីឯ​ប្រទេស​ថៃ​និយាយ​ថា​ ជម្លោះ​នេះ​ត្រូវ​ដោះស្រាយ​ដោយ​ទ្វេភាគី។

ប្រទេស​ឥណ្ឌូនេស៊ី​បាន​សម្រួល​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​បញ្ជូន​អ្នក​សង្កេត​ការណ៍​ទៅ​តំបន់​ព្រំដែន​ដើម្បី​ស្តារ​សន្តិភាព​ឡើងវិញ​  ប៉ុន្តែ​ដំណើរ​ការ​នេះ​បាន​ជាប់​គាំង​ ដោយ​មិនមាន​ការ​ព្រមព្រៀង​ថា​ តើ​តំបន់​ណា​ដែល​អ្នក​សង្កេត​ការណ៍​អាច​ចូល​ទៅ​បាន៕

ប្រែ​សម្រួល​ដោយ ​ពិន ស៊ីសុវណ្ណ

This posting includes an audio/video/photo media file: Download Now

តម្លៃ​ម្ហូប​ឡើង​ថ្លៃ​ប៉ះពាល់​ដល់​ជីវភាព​អ្នក​ក្រ​ តែ​ជួយ​កសិករ

Posted: 22 Apr 2011 02:58 PM PDT

ការឡើង​ថ្លៃម្ហូប​អាហារ​បច្ចុប្បន្ននេះ​ បាន​ផ្តល់​ផល​ចម្រុះ​សម្រាប់​ប្រជាពលរដ្ឋខ្មែរ។ វា​មាន​ន័យ​ថា​ កសិករ​បាន​ទទួល​កម្រៃ​ពីការ​លក់​ផលិតផល​កសិកម្ម​របស់​ខ្លួន ដែល​ឡើង​ថ្លៃ។ ប៉ុន្តែ​បុគ្គលិក​​រាជការ និង​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ត្រូវ​ទទួល​រង​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។

ក្រុម​មន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​ឡើងថ្លៃ​ម្ហូប​អាហារ​បច្ចុប្បន្ន​នេះ​បាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ជនក្រីក្រ។

លោក ​រ៉ប៊ត ហ្ស៊ូល្លីក (Robert Zoellick) ប្រធាន​ធនាគារពិភព​លោក​បាន​ថ្លែង​ក្នុង​សប្តាហ៍​នេះ​ថា ការ​ឡើង​ថ្លៃ​ម្ហូប​ អាហារ​ជា​ការ​គំរាម​គំហែង​ដ៏​សំខាន់​ដល់​បណ្តា​ប្រទេស​ក្រីក្រ។

អ្នកស្រី​ខាន់ តូច​ អាយុ៣៦ឆ្នាំ ​កម្មក​រោងចក្រ​កាត់ដេរ​ចៀន​ហ្វីញ​បាន​និយាយ​ថា អ្នក​ស្រី​ទទួល​បាន​ប្រាក់​ឈ្នួល​៩០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ ដោយ​គិត​ទាំង​ប្រាក់​ថែម​ម៉ោង ​ប៉ុន្តែ​អ្នក​ស្រី​ត្រូវ​បង់​ថ្លៃ​ជួលផ្ទះ​ ៣៥​ដុល្លារ​អាមេរិក ​និង​ថ្លៃទឹក​ភ្លើង​១៥ដុល្លារ។ អ្នកស្រី​និយាយ​ថា៖

«កម្មករ​រោងចក្រ​កាត់ដេរ​ច្រើនតែ​ស្រែក​ត្អូញ​ថា ​មាន​ផលវិបាក​អំពី​រឿង​ប្រាក់ខែ​របស់​យើង​ និង​ទំនិញ​ឡើង​រហូត​នៅទីផ្សារ។ ទំនិញ​ឡើង​អត់ចុះ​ទេ។ កាលពី​មុន​ ខ្ញុំ​មាន​ប្រាក់​តែ​៥០០០រៀល​ហូប​បាន​មួយ ពេល​តែ​ឥឡូវ​នេះ​ ៥០០០​រៀល​ហូប​មិនគ្រប់​គ្រាន់​ទេ។ ជួនកាល​ ខ្ញុំ​ខ្វះខាត។ ខ្ញុំ​ចងការ​គេ​នៅ​ក្នុង​រោងចក្រ​ក្នុង​មួយ​ ១៥ដុល្លារ​ទៅ​២០ដុល្លារ​ ហើយ​អត់ហ៊ាន​ហូប​អ្វីទេ​ ហើយ​អង្ករ​យក​មក​ពីស្រុក​ផង។ ផលវិបាក​រឿង​ប្រាក់ខែ​របស់​យើង​សព្វថ្ងៃ​យក​ទៅទិញ​ទំនិញ​នៅ​ទីផ្សារ​ និង​ថ្លៃ​ផ្ទះ​ជួល​អត់​គ្រប់គ្រាន់»។

អ្នក​ស្រី​ម៉ា ឡៃ ​អាយុ៤៨ឆ្នាំ ​គ្រូ​បង្រៀន​សាលាបឋមសិក្សា​បឹងត្របែក​ខាងជើង​ បាន​ថ្លែងថា ការ​ឡើង​ថ្លៃ​ ម្ហូប​អាហារ​នេះ ​កំពុងតែ​គ្រប​សង្កត់​មក​លើ​ជីវិភាព​របស់​អ្នកស្រី​ ពីព្រោះ​ប្រាក់ខែ​របស់​អ្នកស្រី​គឺ​ប្រមាណ​៧០​ដុល្លារ​ដែល​មិន​មាន​តុល្យភាព​ទៅនឹង​ការ​ឡើង​ថ្លៃ​ម្ហូប​អាហារ​នៅ​ទីផ្សារ​ទេ។ អ្នកគ្រូ​ម៉ា ឡៃ​បា្រប់​វីអូអេខ្មែរ​ថា៖

«ការឡើងថ្លៃ​ទំនិញ​ទីផ្សារ​តាំងពី​សាច់គោ​ សាច់ជ្រូក​ សាច់ត្រី ​បន្លែនេះ​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ខ្ញុំ​ជា​គ្រូ​បង្រៀន។ ខ្ញុំ​មិន​ដែល​ហ៊ាន​ទិញ​អង្គរ​មាន​គុណភាព​​ល្អ​សម្រាប់​បរិភោគ​ទេ។ ពី​មុន​ខ្ញុំ​ធ្លាប់​ទិញ​ត្រី​កន្លះ​គីឡូក្រាម​ តែ​ឥឡូវ ​ខ្ញុំ​ទិញ​ត្រី​តែ​បីខាំ​ ហើយ​ពី​មុន​ ខ្ញុំ​ទិញ​សាច់​ជ្រូក​បួនខាំ ​តែ​ឥឡូវ​ខ្ញុំ​ទិញ​តែ​ពីរ​ខាំ​សម្រាប់​មួយថ្ងៃ។ ប្រាក់ខែ​របស់​ខ្ញុំ​នៅ​ដដែល​ ហើយ​ទំនិញ​ចេះតែ​ឡើង​ថ្លៃ»។

លោក​ ហា សាអាន​ អាយុ៣៦ឆ្នាំ​ អ្នក​រត់ម៉ូតូទុកទុក​ បាន​និយាយថា​ មុខរបរ​របស់​លោក​កំពុងតែ​ទទួល​រង​ផល​ប៉ះពាល់​ពី​ការឡើង​ថ្លៃ​ម្ហូបអាហារ​ និង​ប្រេង​សាំង ​ហើយ​ឥឡូវនេះ​ លោក​រកប្រាក់​បាន​តែ​១០.០០០​ រៀល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​ ប៉ុន្តែ​កាល​ពីប្រាំមួយ​ខែមុន ​លោក​រក​ប្រាក់​បាន​៣០.០០០រៀល​ក្នុង​មួយថ្ងៃ។ លោក ​សាអាន ​និយាយាថា៖

«ម្ហូប​​និង​ប្រេងសាំង​ឡើងថ្លៃ ​ហើយ​ពេល​ឥឡូវខ្ញុំ​រកប្រាក់​ក្នុង​មួយថ្ងៃ​ជួនកាល​អត់​បាន​១០.០០០​រៀល​ផង ហើយ​យូរៗ​ទៅ​ ខ្ញុំ​រក​ប្រាក់​ចាក់​ប្រេងសាំង​លែង​បាន​ហើយ។ ប្រេងសាំង​ និង​ចំណី​អាហារ​ឡើង​ថ្លៃ​ឥតព្រំដែន។ វា​ប៉ះពាល់​ដល់​ជីវិភាព​ធ្ងន់ធ្ងរ​មែនទែន​រហូត​ដល់​៩៥​ភាគរយ​ឥឡូវនេះ។ វា​នៅ​សល់​តែ​៥ភាគរយ។ ខ្ញុំ​នឹង​ដាច់​ខ្យល់ ​ដោយសារ​ទី១​ ទំនិញ​ឡើង​ថ្លៃ​ និង​ទីពីរ​ប្រេងសាំង​ឥឡូវ​ឡើង​ដល់​៥.៤០០​រៀល​ហើយ​ក្នុង​មួយ​លីត្រ។ រដ្ឋាភិបាល​ជួយ​គិតគូរ​ផង»។

លោក​គាត ឈន់​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ថ្លែងថា​ការ​ឡើងថ្លៃ​ម្ហូប​អាហារ​នេះ​ បាន​ប៉ះពាល់​ដល់​អ្នក​មិន​ផលិត ​ប៉ុន្តែ​វាបាន​ជួយ​ផ្តល់​ផលប្រយោជន៏​ដល់​អ្នកផលិត​ផ្នែក​កសិកម្ម​ ឬ​ កសិករ។

លោក​ច័ន្ទ សុផល​ ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជាបាន​ថ្លែងថា ការឡើង​ថ្លៃ​ផលិតផល​កសិកម្ម​គឺ​ប្រសើរ​ជាង​ការចុះថ្លៃ​សម្រាប់​កសិករ​ជា​អ្នក​ផលិត។ លោក​បាន​ប្រាប់​វីអូអេខ្មែរ​ថា៖

«ជារួម​យើង​ឃើញថា ​មាន​អ្នកទទួល​បាន​ប្រយោជន៍ និង​អ្នក​ខាត​ប្រយោជន៍ ​នៅពេល​ដែល​ទំនិញ​ឡើង​ថ្លៃ​នោះ។ ថ្លៃ​ដំឡូង​ ពោត ​សណ្តែក​ ស្រូវ ​កើនឡើង​ខ្ពស់​ ប្រជា​កសិករ​សម្បាយចិត្ត ​ហើយ​គាត់​សល់​ប្រាក់​សន្សំ​ច្រើន​ជាងមុន»។

លោក​វ៉ា ខាន់ ​អាយុ៦២ឆ្នាំ​ កសិករ​ដាំដំឡូង​នៅ​ស្រុក​ថ្មពួក ​ខេត្ត​បន្ទាយ​មានជ័យ ​បាន​ថ្លែងថា​ការឡើង​ថ្លៃ​ម្ហូប​អាហារ​បច្ចុប្បន្ន​នេះ​មិនបាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវិភាព​គ្រួសារ​របស់​លោក​ទេ​ ដោយសារ​តែ​ដំឡូង​មីកំពុង​តែ​ឡើងថ្លៃ​ពី​ពីរបាត​ក្នុង​មួយគីឡូ​ក្រាម​កាល​ពី​ឆ្នាំ២០១០​ឡើងដល់​បីបាត​ក្នុង​ពេល​បច្ចុប្បន្ន​ ហើយ​ជីវភាព​របស់​លោក​ពឹង​អាស្រ័យ​នឹង​កាដាំដំឡូង​ជាមុខ​របរចិញ្ចឹមជីវិត​គ្រួសារ​របស់​លោក។ លោក​ខាន់ បន្ត​ទៀត​ថា លោក​បាន​ចំណេញ​ប្រមាណ​៣.០០០​ដុល្លារ​ក្នុង​មួយ​ហិចតា ហើយ​លោក​មាន​ការ​សប្បាយ​ចិត្ត​ចំពោះ ការ​លក់​ដំឡូង​បាន​ថ្លៃ ​និង​សម្បូរណ៍ទីផ្សារ»។

លោក​ ភីធ័រ​ ប្រ៊ីមបល (Peter Brimble) អ្នក​សេដ្ឋកិច្ច​ជាន់ខ្ពស់​ប្រចាំ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នៅ​កម្ពុជា​ បាន​បញ្ជាក់​ថា​ការ​ ឡើង​ថ្លៃ​ម្ហូប​អាហារ​នេះ​ គឺ​ជា​ការ​គំរាម​គំហែង​យ៉ាង​ធំ​ដល់​ការ​កាត់​បន្ថយ​ភាពក្រី​ក្រ​នៅ​កម្ពុជា​ប៉ុន្តែ​ កម្ពុជា​មាន​សំណាង​ជា​អ្នកនាំ​ចេញ​ម្ហូប​អាហារ​ជា​ពិសេស​អង្ករ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!