VOA News: ព័ត៌មាន: “របាយការណ៍​​អេហ្វប៊ីអាយ (FBI) បង្ហាញ​ពី​ការ​បំភិត​​បំភ័យ​របស់សាក្សី” plus 5 more

VOA News: ព័ត៌មាន: “របាយការណ៍​​អេហ្វប៊ីអាយ (FBI) បង្ហាញ​ពី​ការ​បំភិត​​បំភ័យ​របស់សាក្សី” plus 5 more


របាយការណ៍​​អេហ្វប៊ីអាយ (FBI) បង្ហាញ​ពី​ការ​បំភិត​​បំភ័យ​របស់សាក្សី

Posted: 01 Apr 2011 02:48 PM PDT

ខណៈ​ដែល​ស្ថាប័ន​ស៊ើបអង្កេត​អេហ្វប៊ីអាយ​បាន​ចាប់ផ្តើម​បញ្ចេញ​ជា​បណ្តើរៗ​នូវ​របាយ​ការណ៍​​ស៊ើប​អង្កេត​លើ​ករណី​គប់​គ្រាប់​បែក​កាល​ពីថ្ងៃ​ទី ៣០ ខែ​មិនា ឆ្នាំ ១៩៩៧ ជនរងគ្រោះ​អាមេរិក​ម្នាក់​ដែល​រងរបួស​ដោយ​ការវាយ​ប្រហារ​នោះ​​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួលខុស​ត្រូវ​ចំពោះ​អ្វីដែល​បាន​កើត​មាន​ឡើង។

លោក រ៉ន អាប់​នី​ អតីត​ប្រធាន​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​ដែល​បាន​រង​របួស​ក្នុង​ការវាយ​ប្រហារ​នោះ ​បាន​ចោទប្រកាន់​ដោយ​ត្រង់ៗ​ទៅ​លើ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា​ ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ប៉ុន្តែ​មិនប​ាន​ធ្វើការងារ​គ្រប់​គ្រាន់​ទេ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«តើអ្នក​អាច​រស់​នៅ​យ៉ាងម៉េច​បាន​​ក្នុង​ប្រទេស​មួយ​ដែល​មាន​ប្រធានាធិបតី​ឬ​នាយក​រដ្ឋមន្រ្តី​ដែល​មិនទទួល​ទោស​អ្វី​ទាំងអស់​ចំពោះ​ការធ្វើឃាត​មនុស្ស។ នេះ​គឺ​ជា​អ្វី​ដែល​កម្ពុជា​កំពុង​តែជួបប្រទះ។ បើទោះបី​ជា​មាន​ការ​រីក​ចម្រើន​ខ្លះ​ ប៉ុន្តែ​មាន​កម្រិត​តិចតួច​ណាស់។ តើអ្នក​អស់សង្ឃឹម​ប៉ុណ្ណា​នៅពេល​ដែល​អ្នក​មិនអាច​យក​អ្វី​ជា​គោលការណ៍​មក​អនុវត្ត​បាន​នោះ? រឿងទាំងអស់​នេះ​ធ្វើឱ្យ​ខ្ញុំ​អស់​សង្ឃឹម​ខ្លាំង​ណាស់»។

នៅក្នុង​ចំណាត់​ការ​ចុងក្រោយ​នេះ​លោក រ៉ន អាប់នី​បាន​ដាក់​ពាក្យ​ប្តឹង​តវ៉ា​ទៅ ការិយាល័យ​រដ្ឋ​អាជ្ញា​ក្នុង​ទីក្រុង​ញ៉ូវយ៉ក​ក្នុង​ទម្រង់ជា​បទល្មើស​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​លោក​ហ៊ុន សែន ​និង​កូនចៅ​របស់​លោក​ពី​បទ​ទប់ស្កាត់​ការស្វែងរក​យុត្តិធម៌ និង​កុហក​ក្រុម​ស៊ើប​អង្កេត​អេហ្វប៊ីអាយ។

យោងតាម​របាយការណ៍​ស៊ើបអង្កេត​របស់​អេហ្វប៊ីអាយ​ដែល​បាន​បញ្ចេញ​ឱ្យ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ផ្នែក​ខេមរភាសា​នាពេលថ្មីៗនេះ​ បាន​បង្ហាញ​ពី​ការ​ប្រព្រឹត្ត​មិនសម​រម្យ​របស់​មន្ត្រី​កម្ពុជា​ដើម្បី​បំភិតបំភ័យ​សាក្សី និង​ការ​ស្ទាក់ស្ទើរ​របស់​សាក្សីក្នុង​ការ​ផ្តល់​កិច្ច​សហការ​ដល់​ការសាកសួរ​ដែល​មាន​វត្តមាន​របស់​មន្ត្រី​ប៉ូលីស​កម្ពុជា។

នៅក្នុង​ពេល​កំពុង​សម្ភាស​សាក្សី​ម្នាក់​ដែល​អេហ្វប៊ីអាយ​ដាក់​ឈ្មោះ សម្ងាត់​ហៅថា​ «ក្រយ៉ៅដៃ​ទីមួយ» ឬ Fingerprint Number One ​មាន​មន្រ្តី​ភ្នាក់ងារ​សម្ងាត់​របស់​រដ្ឋាភិបាល​ម្នាក់​ដែល​ចូលរួម​ក្នុង​ការសម្ភាស​បាន​ស្ទុះទៅ​ថត​រូប​សាក្សី​ដោយ​គ្មាន​ការ​អនុញ្ញាត​​​​​ដែល​បាន​បណ្តាល​ឱ្យ​ភ្នាក់​ងារ​អេហ្វប៊ីអាយ​ខឹង​សម្បារ និង​គំរាម​បញ្ចប់​ការស៊ើប​អង្កេត​ទាំងមូល​ព្រោះ​ពួកគេ​ចាត់​ទុកថា​ជាចេតនា​មួយ​បំភិតបំភ័យ​ដល់​សាក្សី​ដែល​ចង់​លាក់​អត្តសញ្ញាណ។

មានសាក្សី​ខ្លះ​ត្រូវ​អេហ្វប៊ីអាយ​សម្ភាសឡើង​វិញ​ដោយ​គ្មាន​វត្តមាន​របស់​អាជ្ញាធរ​ប៉ូលីស​កម្ពុជា​ហើយ​បាននាំ​ទៅដល់​ការសម្ភាស​សាក្សី​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដោយ​មិនឱ្យ​អាជ្ញាធរ​ប៉ូលីស​កម្ពុជា​ដឹង។ របាយការណ៍​នោះ​បន្ថែមថា សាក្សី​មាន​ការជឿជាក់​ក្នុង​ការ​ផ្តល់​ចម្លើយ​នៅពេល​ដែល​គ្មានវត្តមាន​របស់​អាជ្ញាធរ​ប៉ូលីស​ខ្មែរ។

យោងតាម​ឯកសារ​ចំនួន​១.២៤៨ ទំព័រ​ ដែល​វីអូអេ​ទទួលបាន​ពីក្នុង​របាយការណ៍​សរុប​ជាង​២០០០​ទំព័រ​​របស់​ អេហ្វប៊ីអាយ​បាន​ឱ្យ​ដឹងថា សាក្សី​ដែល​អេហ្វប៊ីអាយ​បាន​សម្ភាស​ចង្អុល​បង្ហាញ​ថា ក្រុមអង្គរក្ស​ដែល​បាន​ដាក់​ការពារ​នៅ​គោលដៅ​ក្បែរ​កន្លែង​បាតុកម្ម​ ដែល​ពេលនោះ​គេ​ដឹង​ថា ជា​កងអង្គរក្ស​លោក អតីត​នាយក​រដ្ឋមន្រ្តី​ទីពីរ​ ​ហ៊ុន សែន ​និង​អាជ្ញាធរ​ប៉ូលីស​ដែល​មាន​វត្ត​មាន​នៅ​កន្លែង​កើត​ហេតុបាន​រារាំង​មិនឱ្យ​ពួកគេ​ជួយជន​រងគ្រោះ​និង​គំរាម​ពួកគេ​​បន្ថែម​ទៀត​នៅ​ក្រោយ​ពី​មាន​ការវាយ​ប្រហារ​ដោយ​គ្រាប់​បែក​ភ្លាមៗ។

សាក្សី​ដែល​បាន​ចូលរួម​ក្នុង​បាតុកម្ម​បាន​បញ្ជាក់​ថា កងកម្លាំង​ដែល​នៅ​ទីនោះ​បាន​បាញ់​អ្នក​ដែល​ព្យាយាម​ជួយ​ជន​រងគ្រោះ​និង​មាន​ខ្លះ​បាន​បាញ់​បាតុករ​រងគ្រោះ​បន្ថែម​នៅ​ពេល​ដែល​ពួកគេ​រត់​ចេញ​ពី​ទី​កើត​ហេតុ។

អាជ្ញាធរ​ប៉ូលីស​ជាតិ​កម្ពុជា​បដិសេធចំពោះ​ការចោទ​ប្រកាន់​នោះ។

លោក ខៀវ សុភ័គ​ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ក្នុង​បទសម្ភាស​កាល​ពី​សប្តាហ៍​មុន​​ថា ពុំមាន​រដ្ឋា​ភិបាល​ណា​ដែល​ចង់​ឱ្យ​ស្លាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទេ។ លោក​បាន​បញ្ជាក់​បន្ថែម​​ថា ក្នុង​អំឡុង​ពេល​ស៊ើប​អង្កេត​កន្លងមក​លោក​បាន​ដើរតួនាទី​ជាអ្នក​ជួយ​សម្រប​​សម្រួល​ដល់​ការងារ​របស់​អេហ្វប៊ីអាយ​និង​ជា​អ្នក​បកប្រែ​ផង​ហើយ​បាន​សង្កេត​ឃើញ​ថាអ្វីៗ​ដំណើរការ​ល្អ៖

«ខ្ញុំ​ពិនិត្យ​ឃើញ​ថា​ដូចជា​មិនមាន​ការរារាំង​អ្វីទេ។ អេហ្វប៊ីអាយ​ចង់​សាកសួរ​អ្នក​ណា​ រដ្ឋាភិបាល​គាត់​ឱ្យ​អ្នកនោះ​មកឆ្លើយ​បំភ្លឺហើយ​ក្នុង​នាម​ខ្ញុំ​នៅ​ក្នុង​នោះ ខ្ញុំ​មិន​ឃើញ​មាន​ការលាក់​កំបាំង​អ្វីទាំងអស់…​ដូចជា​គ្មាន​ការរារាំង​មិនឱ្យ​ឆ្លើយ​ទេ»។

ការសើរើ​ប្តឹង​លើ​លោក​ហ៊ុន សែន​និង​ក្រុម​អង្គរក្ស​ការពារ​កើត​ឡើង​ចំពេលដែល​មេបក្ស​ប្រឆាំង​គឺ​លោក សម រង្ស៊ី​ កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅប្រទេស​បន្ទាប់ពី​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១២ឆ្នាំ​ទាក់ទង​នឹង​រឿង​ដកតម្រុយ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​​និង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​លើ​បញ្ហា​​ឯកសារ​ព្រំដែន។

អ្នក​តាមដាន​សភាព​ការណ៍​កម្ពុជា​យល់​ថា វាអាច​ជា​ការ​ដាក់​សម្ពាធ​ណាមួយ​ទៀត​សម្រាប់​ចរចា​ឱ្យ​លោក​សម រង្ស៊ីបាន​ចូលប្រទេស​វិញ​ព្រោះ​ការប្តឹង​លើក​មុន​ត្រូវ​បាន​ដោះស្រាយ​គ្នា​ដោយ​ស្ងាត់ៗ​ជាថ្នូរ​នឹង​ការ​ឱ្យ​លោក​សម រង្ស៊ី ​បាន​វិលត្រឡប់​ទៅ ប្រទេស​កម្ពុជាវិញ​ម្តងរួច​ហើយ។

ប៉ុន្តែ​លោក ម៉នថុន ស្លការ (Morton Slkar) មេធាវី​ដែល​កាន់​សំណុំ​រឿងក្តី​នោះ​បាន​បញ្ជាក់ថា ការប្តឹង​ផ្តល់​លើក​នេះ​គឺ​មិនមែន​ដើម្បី​ជា​ថ្នូរ​ដែល​នឹង​ត្រូវ​ដោះ​ដូរ​សម្រាប់​លោក​សម រង្ស៊ី​ចូល​ស្រុក​វិញទេ។ លោក​បញ្ជាក់​បន្ថែមថា បើទោះ​បី​​ជាមាន​ឬ​មិនមាន​ការ​យក​រឿងក្តី ​នេះ​មក​ចាត់ការ​​វាអាស្រ័យ​លើ​រដ្ឋ​អាជ្ញា​របស់​សហរដ្ឋ​អាមេរិក​​ក្នុង​ការ​បន្ត​រឿង​ក្តីនេះ​តែ​ប៉ុណ្ណោះ​ ហើយ​នឹង​ត្រូវ​ធ្វើ​នៅពេល​ណា​មួយ។

លោក ម៉នថុន បាន​សន្និដ្ឋាន​ថា វប្បធម៌​មិន​ទទួល​ទោស​ដែល​កើត​មាន​សព្វ​ថ្ងៃ​និង​ការចូល​ជ្រៀតជ្រែក​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ជាទម្លាប់​ដែល​កើត​ឡើង​មួយ​ផ្នែក​​ដោយ​ការណ៍​ដែល​មិនមាន​ការដាក់​ទោសទណ្ឌ​លើ​អ្នក​ដែល​ប្រព្រឹត្តខុស​នៅ​កម្ពុជា​ដែល​មាន​ដូច​ជា​ករណី​គប់​គ្រាប់បែក​នេះ​ជាដើម។​ លោក​បាន​បន្ថែមថា មានការ​ខិតខំ​ជាច្រើន​ទៀត​ដែល​ជា​ការបន្ថែម​ទៅនឹង​ការប្តឹង​តវ៉ា​ករណី​ព្រហ្មទណ្ឌ​នេះ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទទូល​ខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​នានា។

ការអះអាង​នេះ​ក៏​ត្រូវ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយ​បដិសេធ​ផងដែរ ​ដោយ​ការ​ពារ​ការអនុវត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ថា​ បាន​យកចិត្ត​ទុកដាក់​ពង្រឹងដល់​ប្រព័ន្ធ​យុត្តិធម៌​និង​មិន​មាន​ការ​ជ្រៀតជ្រៀត​ចូលក្នុង​ការអនុវត្ត​ការងារ​របស់​តុលាការ​ទេ។

លោក ផៃ ស៊ីផាន ​រដ្ឋលេខាធិកា​និង​ជាអ្នកនាំពាក្យ​មួយរូប​នៃ​ក្រុម​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណរដ្ឋ​មន្រ្តី​បាន​បញ្ជាក់​ថា៖

«អ្វីដែល​បាន​លើកឡើង​គ្រាន់តែ​ជាការ​វាយប្រហារ​ចោទ​ប្រកាន់គឺ​មិនមែន​ជា​មូលដ្ឋាន​នៃ​ការ​គិត​ ឬ​ជា​មូលដ្ឋាន​នៃ​ការអនុវត្ត ​ដោយសារ​យើង​ឃើញ​ជា​បន្ត​បន្ទាប់​ទៀត​នូវ​អ្វី​ដែល​ជា​កំណែ​ទម្រង់​យុត្តិធម៌។ ​អ្វីដែល​ជា​ការ​ស៊ើបអង្កេត​នៅ​តែ​មាន​បន្ត​មិន​មែន​បាន​សេចក្តី​ថា ​ករណី​បោក​គ្រាប់​បែក​ដែល​ធ្វើតាំង​ពីពេល​នោះ​វាក្លាយ​ទៅជា​ប្រធានបទ​នៃ​ការប្រព្រឹត្ត​នូវ​ឧក្រិដ្ឋ​កម្ម​ជាបន្ត​បន្ទាប់»។

យ៉ាងណា​ក៏ដោយ ​នៅ​មិនទាន់​មាន​ការចាត់​ការ​យ៉ាងណា​នៅ​ឡើយទេ​ចំពោះ​ពាក្យ​បណ្តឹង​តវ៉ា​របស់​លោក​រ៉ន អាប់នី និង​ជនរងគ្រោះ​ដទៃ​ទៀត​នោះ។​ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុម​មេធាវី៕

This posting includes an audio/video/photo media file: Download Now

រដ្ឋសភា​កម្ពុជា​កែ​សម្រួល​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​ប្រសើរ​ឡើង

Posted: 01 Apr 2011 02:34 PM PDT

រដ្ឋសភា​បាន​អនុម័ត​ការ​ធ្វើវិសោធនកម្ម​មាត្រា​មួយ​ចំនួន​ក្នុងច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ថ្ងៃ​សុក្រនេះ​ ដែល​ក្រុម​មន្ត្រី​អង្គកា​រសង្គម​ស៊ីវិល​បាន​និយាយថា​ នេះ​ជា​ការ​កាត់​ផ្តាច់​អំណាច​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចេញពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​និង​ផ្តល់​អំណាច​កាន់តែ​ច្រើន​ដល់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

សមាជិក​សភា​ចំនួន​៨៥​រូប​ក្នុង​ចំណោម​៩៥​រូប​បាន​យល់ព្រម​លើក​ដៃ​អនុម័ត​ការ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ចំនួន​បី​នៅ​ក្នុង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ។​ ការ​ធ្វើ​វិសោធនកម្ម​នេះ​រួម​មាន​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ការ​តែង​តាំង​និង​ផ្លាស់​ប្តូរ​មន្ត្រី​នៅ​ក្រោម​នាយកដ្ឋាន កាត់​ផ្តាច់​ថវិកា​របស់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ដែល​បច្ចុប្បន្ន​នៅ​ក្រោម​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​មក​នៅ​ក្នុង​ថវិកា​ជាតិ​វិញ​ និង​លុបចោល​មាត្រា​៥៧​ដែល​រាំងស្ទះ​ដល់​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ​ដើម្បី​ឱ្យ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ចូល​ជា​ធរមាន​ភ្លាមៗ។

លោក ​ប៉ែន បញ្ញា ​ប្រធាន​គណៈកម្មការ​នីតិ​កម្ម​និង​យុត្តិធម៌​នៃរ​ដ្ឋសភា​ បាន​ថ្លែង​ប្រាប់​រដ្ឋសភា​ថា ការ​ធ្វើ​វិសោធនកម្ម​នេះ​សំដៅ​លើក​កម្ពស់​ប្រសិទ្ធិភាព​នៃ​ការងារ​ប្រឆាំ​ងអំពើ​ពុករលួយ​ ពង្រឹង​អភិបាលកិច្ច​ល្អ ​និង​នីតិរដ្ឋ​ និង​ធានា​រក្សា​ភាព​ស្អាតស្អំ ​និង​យុត្តិធម៌​នៅក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ។

លោក​ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋសភា​ក្នុង​ការ​ជួយ​គាំទ្រ​ការ​ធ្វើវិសោធនកម្ម​នេះ​ ដោយ​ឥត​លក្ខខណ្ឌ​ និង​ដ៏​ខ្លាំងក្លា​ចំពោះ​ការ​ប្រឆាំង​អំពើ​ពុករលួយ​នេះ។

លោក ​ធន សារាយ ​ប្រធាន​សមគម​សិទ្ធិមនុស្ស​អាដហុក​ បាន​ថ្លែងថា​ ការ​អនុម័ត​វិសោធនកម្ម​នេះ​ជា​គំនិត​ល្អ​ក្នុងការ​ផ្តាច់​ថវិកា​របស់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ចេញពី​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ឯករាជ្យភាព​របស់​ស្ថាប័ន​នេះ​ច្រើន​ជាង​មុន។ លោក​ធន សារាយ ​បានបញ្ជាក់​ថា​ថវិកា​ឯករាជ្យ​របស់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ គឺជា​ជំហ៊ាន​ដំបូង និង​ចាំបាច់​ ប៉ុន្តែ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវធ្វើ​សកម្មភាព និង​ការ​សម្រេច​ចិត្ត​ជាក់ស្តែង​ក្នុង​ការ​ស៊ើប​អង្កេត​អំពើ​ពុករលួយ ​ដោយ​មិន​ខ្លាច​ប៉ះពាល់​ដល់​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់។ លោក​បន្ត​ថា៖

«អំណាច​ផ្តល់​ទៅឱ្យ​នាយកប្រតិបត្តិ ​ដើម្បី​ធ្វើការងារ​ឱ្យ​មានប្រសិទ្ធិភាព។ ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ជួយ​ប្រឹក្សា។ ការផ្តល់​អំណាច​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដើម្បី​ដក ​ឬ តែង​តាំង​មន្ត្រី​គឺ​ជា​ការល្អ ​ដើម្បី​ពង្រឹង​ការងារ​ប្រតិបត្តិ​ឱ្យមាន​ប្រសិទ្ធិភាព»។

លោក​អ៊ំ សំអាត ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​បញ្ជាក់ថា ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​លែង​មាន​ឥទ្ធិពល​ឬ​អំណាច​ទៅលើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ហើយ។​ តាមរយៈ​ថវិកា​ឯករាជ្យ​របស់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ ​និង​ឯករាជ្យភាព​ក្នុងការ​ស៊ើបអង្កេត​លើ​មន្ត្រី​ជាន់ខ្ពស់​ ក្នុងរ​ដ្ឋាភិបាល​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ។​ លោក​សំអាត​មាន​ប្រសាសន៍​ថា៖

«កាលណា​គាត់ (ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ) ​ផ្តាច់​ថវិកា​នេះ​បង្ហាញ​អំពី​ឯករាជ្យភាព​នៃ​ថវិកា​ពី​គណៈរដ្ឋមន្ត្រី​ក្នុង​ការចំណាយ​ថវិកា ​និង​មិន​ប៉ះពាល់​ដល់​ឥទ្ធិពល​ផ្សេងៗ​ដែរ»។

លោក​អ៊ំ សំអាត ​បាន​បន្ថែម​ថា​ វា​ជា​ប្រសិទ្ធិ​ការងារ​របស់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​មែន​ ប៉ុន្តែវា​អាស្រ័យ​ទៅលើ​ឆន្ទៈនៃ​ការអនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​របស់​មន្ត្រី​អនុវត្តន៏​ច្បាប់។

«វា​ជា​ការល្អ​ក្នុង​ការផ្តល់​អំណាច​ដល់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ប៉ុន្តែ​យើង​សុំ​ធ្វើ​យ៉ាង​ណា​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព​ និង​យុត្តិធម៌​។ បើយើង​បាន​អំណាច​ប៉ុន្តែ​ដំណើរការ​មិន​តម្លាភាព ​និង​យុត្តិធម៌​ អាច​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​បុគ្គល»។

លោក​ឱម យិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ថ្លែង​នៅក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ខិតខំ​បង្ការ​មិនឱ្យ​មន្ត្រី​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​ពុករលួយ​ ដែល​អាច​គ្រោះ ថ្នាក់​ធ្ងន់ធ្ងរ ​ហើយ​គិត​ពី​គណេយ្យភាព ​សមត្ថភាព​ ប្រាក់ខែ​សមរម្យ ​វិជ្ជាជីវៈ ​និង​មនសិកា​របស់​មន្ត្រី ប្រឆាំង​អំពើ​ពុករលួយ​ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ឱ្យមាន​ប្រសិទ្ធិភាព៕

This posting includes an audio/video/photo media file: Download Now

កម្ពុជា​បន្ទោស​ថៃ​ថា​មិន​បំពេញ​កាត្វកិច្ច​អន្តរជាតិ​រឿង​ព្រំដែន

Posted: 01 Apr 2011 02:16 PM PDT

ក្រោយ​ពី​ការ​ពន្យា​ពេល​ដ៏​យូរ​របស់​ថៃ​ក្នុង​ការ​អនុម័ត​កំណត់​ហេតុ​កិច្ច​ប្រជុំ​ទាំង​បី​ស្តី​ពី​បញ្ហា​ព្រំដែន​ដែល​គណៈ​កម្មការ​ទាំង​ពីរ​ប្រទេស​បាន​ព្រម​ព្រៀង​គ្នា ក្រុម​មន្ត្រី​កម្ពុជា​បាន​រិះគន់​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​ថា​ មិន​បាន​បំពេញ​កាត្វកិច្ច​អន្តរ​ជាតិ​ ដែល​នេះ​ជា​ការ​បន្ថែម​លើ​ការ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​រឿង​បន្ត​ជម្លោះ​ព្រំដែន​នេះ​ទៅ​លើ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​ថា​​ខ្វះ​ឆន្ទៈ​រឿង​បញ្ចប់​ជម្លោះ។

អ្នក​នយោ​បាយ​និង​ចលនា​ជាតិ​និយម​ក្នុង​ប្រទេស​ថៃ​មួយ​ចំនួន​ត្រូវ​គេ​រាយ​ការណ៍​មក​ថា​ កំពុង​ទាម​ទារ​ឲ្យ​សភា​ និង​អង្គការ​នីតិប្បញ្ញត្តិ​ដទៃ​ទៀត​មាន​ការ​ត្រួត​ពិនិត្យ​មើល​ថា​តើ​កិច្ច​ព្រម​ព្រៀង​និង​អនុស្សា​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ឬ ​MOU​ ថៃ​និង​កម្ពុជា​កាល​ពី​ឆ្នាំ​២០០០​​គួរ​លុប​ចោល​ឬ​យ៉ាងណា។​ ក្រុម​ចលនា​ជាតិនិយម​ថៃ​ បាន​បដិ​សេធ​មិន​ទទួល​ស្គាល់​ផែន​ទី​ ឆ្នាំ​១៩០៤​និង​ឆ្នាំ​១៩០៧​ បារាំង​សៀម​ទេ​ ដែល​ពួក​គេ​បាន​ចាត់​ទុក​ថា​ផែនទី​នោះ​ធ្វើ​ឡើង​ពេល​ប្រទេស​សៀម​ដែល​ប្តូរ​ឈ្មោះ​មក​ថៃ​បច្ចុប្បន្ន​ ស្ថិត​ក្រោម​អាណា​និគម​និង​សម្ពាធ​បរទេស​ ហើយ​នឹង​នាំ​ឲ្យ​បាត់​បង់​ទឹក​ដី​ថៃ​បើ​ប្រើ​ផែនទី​នោះ។​ ការ​ទាមទារ​ដូច្នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​រដ្ឋា​ភិបាល​ថៃ​បាន​​ព្រមាន​ម្តង​ដើម្បី​លុបចោល​កិច្ច​ព្រម​ព្រៀង​ ឬ​ MOU​ នានា​ពេល​ថៃ​មាន​វិបត្តិ​ការទូត​ធ្ងន់ធ្ងរ​ជា​មួយ​កម្ពុជា​ ហើយ​នឹង​កើត​ឡើង​ក្រោយ​ពី​កម្ពុជា​បាន​ដាក់​ប្រាសាទ​ព្រះ​វិហារ​របស់​ខ្លួន​ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​កាល​ពី​ឆ្នាំ​២០០៨​ ដែល​ថៃ​ជំទាស់​ជា​ពិសេស​ដី​ក្បែរ​បរិវេណ​ប្រាសាទ។

លោក​ ផៃ ​ស៊ីផាន​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ថា​ការ​ពន្យា​ពេល​ដ៏​​យូរ​ក្នុង​ការ​អនុម័ត​នូវ​ឯកសា​ព្រំដែន​ទាំងបី​ ដោយ​រុញ​ចុះ​រុញ​ឡើង​នេះ ​ធ្វើ​ឲ្យ​កើត​ជា​ជម្លោះ​ប្រដាប់​អាវុធ​ ភាព​តាន​តឹង​តាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ហើយ នឹង​បង្ក​ឲ្យ​មាន​ការ​ខាត​បង់​ពេល​វេលា​ផង​ដែរ​ ដោយ​សារ​អ្វីមួយ​ដែល​លោក ផៃ ​ស៊ីផាន​ចាត់​ទុក​ថា​រដ្ឋ​ទំនើប​ដូច​ជា​ប្រទេស​ថៃ​មិន​បាន​សម្រេច​កិច្ចការ។

«ប៉ុន្តែ​យើង​ឃើញ​ថា​រដ្ឋ​ទំនើប​របស់​ថៃ​ពេល​នេះ​ពិបាក​នឹង​មើល​ វា​ស្មុគ​ស្មាញ​គេ​អាច​ថា​ថៃ​ស្ថិត​នៅ​ក្នុង​រដ្ឋ​អាណា​ធិបតេយ្យ​មួយ​ក៏​អាច​ថា​បាន​ឬ​មួយ​ក៏​ជា​ថៃ​បាត់បង់​នូវ​អត្ត​សញ្ញាណ​អំណាច​នៃ​ការ​ទទួល​ខុស​ត្រូវ​រវាង​ស្ថាប័ន​ជាតិ​របស់​ផង​គេ​នេះ​ឯង។​ ហើយ​យើង​ឃើញ​ថា​ការ​ខាត​ពេល​ឬ​ការ​ពន្យា​ពេល​ឬ​ក៏​ជា​បច្ចេកទេស​ ក្នុង​ការ​ចង់​បាន​ផល​ប្រយោជន៍​អ្វី​មួយ​នោះ​គឺ​មិន​មែន​ឆ្លើយ​តប​នឹង​អ្វី​ដែល​ជា​ប្រក្រតី​ភាព​នៃ​ការងារ​រដ្ឋ​ទំនើប»។

ឯកសារ​ព្រំដែន​ចំនួន​បី​ដែល​គណៈ​កម្មការ​ចម្រុះ​ព្រំដែន​ទាំង​ពីរ​ប្រទេស​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រៀបចំ​នីតិ​វិធី​នោះ​ត្រូវ​គេ​រាយ​ការណ៍​មក​ថា​ដើម្បី​បោះ​បង្គោល​នៅ​សេស​សល់​ជាមួយ​ថៃ​តាម​ព្រំដែន​ដែល​មាន​ចំងាយ​ជាង​ ៨០០​គ.ម​ ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ ក៏​ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​ដែល​មាន​កំណត់​ហេតុ​ព្រំដែន​ទាំង​បី​ប្រទេស​ថៃ​ត្រូវ​គេ​មើល​ឃើញ​ថា​បាន​ខក​ខាន​អនុម័ត​ជា​ច្រើន​លើក​នៅ​សភា​ដោយ​សារ​ តែ​ប្រទេស​ថៃ​ត្រូវ​គេ​ដឹង​ថា​មិន​ចង់​ទទួល​ស្គាល់​នូវ​ឯកសារ​ផែនទី​និង​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​ដែល​រដ្ឋា​ភិបាល​ថៃ​មុនៗ​បាន​ចុះ​ហត្ថ​លេខា​ និង​ព្រម​ព្រៀង​គ្នា​ជាមួយ​កម្ពុជា។

លោក​ ផៃ ​ស៊ីផាន​បាន​អះអាង​ថា​ការ​ចង់​បង្ហាញ​ពី​ការ​អនុវត្ត​គោល​ការណ៍​ជា​រដ្ឋ​ទំនើប​មួយ​តាម​រយៈ​ការ​ពិភាក្សា​គ្នា​ក្នុង​សភា​ និង​ស្ថាប័ន​ឯ​ទៀត​ដោយ​មិន​ព្រម​អនុម័ត​នោះ​ ជា​ការ​សោក​ស្តាយ។

«ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​ឃើញ​គឺ​ជា​ការ​សោក​ស្តាយ​ ហើយ​ដែល​ជា​ឧទា​ហរណ៍ អាក្រក់​ សម្រាប់​ថៃ​ជា​កូន​ជា​ចៅ​ជំនាន់​ក្រោយ​ តើ​ទំនុក​ចិត្ត​របស់​អន្តរ​ជាតិ​ចំពោះ​ប្រជាជាតិ​ថៃ​យ៉ាង​ណា។ ​អាហ្នឹង​ជា​សញ្ញា​សួរ​របស់​យើង​ទាំង​អស់​គ្នា​តែ​ទោះ​ជា​យ៉ាង​ណា​យើង​នៅ​តែ​ប្រកាន់​ជំហរ​មួយ​គឺ​ជំហរ​ដែល​ហៅ​ថា​ស៊ីវិល័យ មិន​រំលោភ​លូក​លាន់​ទៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ថៃ»។

លោក ​កុយ គួង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ចោទ​ប្រកាន់​សភា​ថៃ ថា​គ្មាន​ឆន្ទៈ​ អនុម័ត​កំណត់​ហេតុ​ទាំង​បី​ តែ​លោក​ថ្លែង​ថា​នេះ​ជា​កិច្ចការ​ផ្ទៃ​ក្នុង របស់​ថៃ​ដែល​លោក​មិន​អាច​ធ្វើ​អត្ថា​ធិប្បាយ​លម្អិត​ទេ។

«កម្ពុជា​បាន​លើក​ឡើង​កន្លង​មក​ហើយ​ថា​ថៃ​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ្ឋ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ទេ។​ ដូច្នេះ​ហើយ​បាន​ជា​កំណត់​ហេតុ​នេះ​មិន​មាន​ឱកាស​ណា​មួយ​ឈាន​ទៅ​រក​ការ​អនុម័ត​បាន​នោះ។​ ហើយ​គេ​គ្រាន់​តែ​ជន្ល​លេង​ម្តង​ហើយ​ម្តង​ទៀត​ ជន្ល​លេង​ថា​អនុម័ត​ថ្ងៃ​នេះ​ថ្ងៃ​ហ្នុះ។​ ហើយ​ទី​បំផុត​គឺ​មូល​ហេតុ ​គឺ​ខ្វះ​កូរ៉ុម​នេះ​ឯង។​ ហើយ​ការ​អនុម័ត​រហូត​មក​ដល់ពេល​នេះ​ ហើយ​ចេះ​តែ​ជន្ល​លេង​ ហើយ​ចេះ​តែ​ថា​អាច​អនុម័ត​បាន​នេះ​ ក៏​មិន​បាន​ធ្វើ​ឲ្យ​កម្ពុជា​ភ្ញាក់​ផ្អើល​ទេ​ ព្រោះ​រឿង​នេះ​កម្ពុជា​បាន​ស្គាល់​ច្បាស់​ហើយ»។

ដោយ​ចាត់​ទុក​ថា​រឿង​ព្រំដែន​ពេល​នេះ​ជា​កិច្ចការ​សភា​ហើយ​លោក​មិន​ផ្តល់​អត្ថា​ធិប្បាយ​ទៅ​លើ​ការ​រិះគន់​របស់​មន្ត្រី​កម្ពុជា​នោះ​ លោក ​ផានីតាន់​ វឌ្ឍនា​យ៉ាកន អ្នកនាំ​ពាក្យ​រដ្ឋា​ភិបាល​ថៃ​បាន​បញ្ជាក់​ថា​តាម​ច្បាប់​រដ្ឋ​ធម្មនុញ​របស់​ថៃ​កិច្ច​ព្រម ព្រៀង​ និង​រាល់​ឯកសារ​ដែល​រដ្ឋា​ភិបាល​បាន​ធ្វើ​ត្រូវ​ឆ្លង​កាត់​សភា។ លោក​បញ្ជាក់​អះអាង​ថា​ចំពោះ​ កំណត់​ហេតុ​ទាំងបី​វិញ​ក៏​ត្រូវ​តែ​រង់​ចាំ​ការ​សម្រេច​របស់ សភា​ដែរ។

«សភា​ នឹង​ដំណើរ​ការ​ពិចារណា​យ៉ាង​ដិតដល់​នៅ​សប្តាហ៍​ខាង​មុខ​អំពី​បញ្ហា​នេះ ដូច្នេះ​យើង​មិន​ទស្សន៍​ទាយ​បាន​ទេ»។

តែ​លោក​ វឌ្ឍនា​យ៉ាកន​ បាន​បង្ហាញ​ពី​សុទិដ្ឋិ​និយម​របស់​លោក​នៅ​ពេល​សភា ត្រូវ​ បើក​កិច្ច​ពិភាក្សា​ដេញ​ដោល​អំពី​កំណត់​ហេតុ​ព្រំដែន​នៅ​ថ្ងៃ​ទី​៥​មេសា​ខាង​មុខ​ ដោយ​អះអាង​ថា៖

«ក៏​ប៉ុន្តែ​យើង​សង្ឃឹម​ថា​សភា​ សមា​ជិកសភា​នឹង​មាន​​ឱកាស​ដើម្បី​ពិភាក្សា​ដេញ​ដោល​រឿង​នេះ​ ហើយ​នឹង​បោះ​ឆ្នោត​ផ្តល់​ការ​យល់​ព្រម​អំពី​រឿង​នេះ»។

លោក ​បណ្ឌិត ​ឡៅ​ ម៉ុងហៃ​អតីត​អ្នក​ស្រាវ​ជា្រវ​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស អាស៊ី​ដែល​ចូល​និវត្តន៍​ មិន​ចាត់​ទុក​ថា​ការ​នៅ​បន្ត​ជជែក​ដេញ​ដោល​គ្នា​ក្នុង​សភា ថៃ​ជា​ល្បិច​កល​នយោ​បាយ​ទេ។

«ជួន​កាល​គឺ​គណបក្ស​សំឡេង​ភាគ​ច្រើន​ហ្នឹង​គឺ​មិន​មូល​មាត់​គ្នា​ក្នុង​ជួរ​គណបក្ស ហ្នឹង​ណាស់​បាទ​ ហើយ​អាហ្នឹង​គឺ​តែង​តែ​មាន​អញ្ចឹង​ក្នុង​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​របប​សភា​ គឺ​អញ្ចឹង​មាន​ខ្លះ​ធ្វើ​ដូច​ជា​អ្នក​ប្រឆាំង​ អ្នក​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​គេ​ទៅ»។

លោក​ម៉ុងហៃ​ បាន​អះអាង​ថា​ នៅ​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​សភានិយម​ដូច​ប្រទេស​ថៃ​ សភា​មាន​អំណាច​គេ​មិន​ចេះ​តែ​យល់​ស្រប​តាម​រដ្ឋាភិបាល​នោះ​ទេ​ ហើយ​ការ​យល់​ព្រម​ឬ​យ៉ាង​ណា​គឺ​ក៏​អាស្រ័យ​លើ​ផ្ទៃ​ក្នុង​គណបក្ស​ដែល​មាន​សំឡេង​ច្រើន​ និង​អំណាច​របស់​នាយក​រដ្ឋមន្ត្រី​ ត្រូវ​មាន​ឥទ្ធិពល​ខ្លាំង​ផង​ដែរ។

លោក​ ឡៅ​ ម៉ុងហៃ​បាន​អះអាង​ថា​តាម​នីតិវិធី​ និង​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​និង​ថៃ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ តែ​កម្ពុជា​ពុំ​សូវ​ផ្តល់​សារៈ​សំខាន់​ទៅ​ដល់​ការ​អនុម័ត​​នៅ​សភា​ដូច​ជា​កិច្ច​ព្រមព្រៀង​ព្រំដែន​ជា​ដើម​ គឺ​រដ្ឋា​ភិបាល​អត្តនោម័តិ​ខ្លួន​ឯង។

ប្រទេស​ថៃ​និង​កម្ពុជា​មាន​វិវាទ​ជម្លោះ​ព្រំដែន​ជា​មួយ​គ្នា​ជា​ច្រើន​ទសវត្សរ៍​ ដោយ​សារ​ការ​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅមក​អំពី​ការ​រំលោភ​បំពាន​បូរណ​ភាព​ទឹកដី​ ដោយ​ពេល​ខ្លះ​មាន​ការ​ផ្តាច់​ទំនាក់​ទំនង​ការ​ទូត ​ពេលខ្លះ​មាន​ការ​វាយប្រយុទ្ធ​ គ្នា​រវាង​កងទ័ព​ទាំង​ពីរ​ប្រទេស។​ ការ​វាយ​ប្រហារ​ចុង​ក្រោយ​ជាប់ៗ​គ្នា រយៈ​ពេល​ ៤ថ្ងៃ​កាលពី​ដើម​ខែ​កុម្ភៈ​បាន​ធ្វើ​ឲ្យ​មាន​អន្តរា​គមន៍​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ ដើម្បី​ឲ្យ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​ហើយ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​តាម​យន្តការ​ អាស៊ាន។​ ប្រទេស​ថៃ​ធ្លាប់​ប្រកាន់​យក​កិច្ច​ចរចា​ទ្វេភាគី​នោះ ​បាន​យល់​ព្រម​ជា​មួយ​កម្ពុជា​ថា​នឹង​ជួប​ពិភាក្សា​នៅ​ឯ​ទី​ក្រុង​បូហ្គ័រ​ប្រទេស​ឥណ្ឌូនេស៊ី​ នៅ​ថ្ងៃ​ទី៧​ថ្ងៃ​ទី​៨​ ខែ​មេសា​អំពី​បញ្ហា​ស្វែង​រក​ដំណោះ​ស្រាយ​ព្រំដែន​និង​ពិភាក្សា​អំពី​ការ​ទទួល​យក​ក្រុម​អ្នក​សង្កេត​ការណ៍​ឥណ្ឌូ​នេស៊ី​មក​ត្រួត​ពិនិត្យ​កិច្ច​ឈប់​បាញ់​គ្នា។​ កិច្ច​ប្រជុំ​នេះ​ត្រូវ​គេ​គិត​ថា​ជា​ការ​បើក​ផ្លូវ​ឲ្យ​ជំហាន​ថ្មី​ដើម្បី​ឲ្យ​ភាគី​ទាំង​ពីរ​ អាច​ពិភាក្សា​អំពី​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ព្រំដែន​ក្រោម​កិច្ច​សម្រប​សម្រួល​របស់​ឥណ្ឌូនេស៊ី​ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​នេះ៕

This posting includes an audio/video/photo media file: Download Now

អភិបាល​ក្រុង​បដិសេធ​សំណើ​របស់​អ្នក​បឹងកក់

Posted: 31 Mar 2011 06:07 PM PDT

លោក ​កែប ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បដិសេធ​ដាច់ខាត​ចំពោះ​ការ​ទាមទារ​ដី​ទំហំ​១៥ហិចតា​របស់​អ្នក​ភូមិ​បឹងកក់​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ​ប៉ុន្តែ​លោក​បាន​ធានា​ថា​ នឹង​មិន​បណ្តេញ​អ្នក​ភូមិ​បឹងកក់​ចេញពី​ផ្ទះ ​សម្បែង​ដោយ​បង្ខំ​នោះ​ទេ។

លោក​កែប​ ជុតិមា ​បាន​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​តំណាង​អ្នកភូមិ​បឹងកក់​ចំនួន​ប្រាំពីរ​នាក់​អស់​រយៈពេល​ប្រមាណ​ពីរ​ម៉ោង​អំពី​ដំណើរការ​គម្រោង​អភិវឌ្ឍ​តំបន់​បឹងកក់​នេះ​ បន្ទាប់​ពី​មាន​ការ​តវ៉ា​ជា​បន្តបន្ទាប់។

លោក​ កែប ជុតិមា ​បាន​បញ្ជាក់​ប្រាប់​តំណាង​អ្នក​ភូមិ​បឹងកក់​ថា​ លោក​មិន​អាច​ផ្តល់​ដី​ទំហំ​១៥​ហិចតា​ដល់​អ្នក​ភូមិ​បឹងកក់​តាម​ការ​ស្នើ​សុំ​បាន​ទេ។ នេះ​បើ​តាម​ការ​អះអាង​របស់​តំណាង​អ្នកភូមិ។

អ្នកស្រី ​លី ស្រីមុំ ​តំណាង​អ្នកភូមិ​បឹងកក​ម្នាក់់ ​បាន​ថ្លែង​ប្រាប់​អ្នកភូមិ​ ក្រោយ​ពី​ជំនួប​ជាមួយ​លោក​ កែប​ ជុតិមា​ ថា​ បើ​អ្នក​ភូមិ​បឹងកក់ ​ចង់​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ លោក​ កែប ជុតិមា ​នឹង​បើក​ការ​ចរចា​ជា​លើក​ទី២​ជាមួយ​តំណាង​អ្នកភូមិ​ទៀត។ អ្នក​ស្រី លី ​ស្រីមុំ ​បញ្ជាក់​ថា៖

«គាត់ (លោកកែប ជុតិមា) ​បាន​និយាយ​ថា​ សំណើ​សុំ​ដី​១៥ហិចតា​មិន​ឱ្យ​ជា​ដាច់ខាត។​ បើ​អ្នក​ភូមិ​បឹងកក់​ចង់​បាន​ដី​១៥ហិចតា​សម្រាប់​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ អ្នក​បឹងកក់​មិន​ចាំបាច់​ជួប​គាត់​ទេ។ បើ​អ្នក​ភូមិបឹងកក់​យក​ការ​អភិវឌ្ឍ​នៅនឹង​កន្លែង ​យើង​អាច​ជួប​ចរចា​គ្នា​បន្ត​ទៀត ​និង​រកដំណោះស្រាយ​អំពី​ផ្ទះធំ​ផ្ទះតូច​ត្រូវធ្វើ​យ៉ាងម៉េច»។

អ្នកស្រី​ លី ស្រីមុំ ​បាន​បន្តថា លោក​កែប ជុតិមា ​នឹង​ផ្តល់​អ្នក​បច្ចេកទេស​ឱ្យ​មក​គូស​ប្លង់​ផ្ទះ​សម្រាប់​អ្នកភូមិ​បឹងកក់​ ហើយ​ចំពោះ​ផ្ទះតូច ​លោក​ចង់​យក​តាមគំរូ​អភិវឌ្ឍ​នៅ​បុរី​កីឡា​ និង​ចំពោះ​ផ្ទះធំ ​លោក​ចង់កសាង​ជារបៀប​ផ្ទះ​ល្វែង​ដោយ​សល់ដី​បន្តិចបន្តួច។ អ្នកស្រី​បន្តថា៖

«គាត់ ​(លោកកែប ជុតិមា) ​អត់​មាន​ដេញ ​និង​បង្ខំ​ឱ្យ​បងប្អូន​ចាកចេញ​ទេ។ ផ្ទះ​នៅលើ​គោក​ គាត់​មិន​ទាន់​មាន​គោលការណ៍​បណ្តេញ​បងប្អូន​ចេញពី​លំនៅដ្ឋាន​ទេ»។

អ្នកភូមិ​បឹងកក់​ច្រើន​រយនាក់​បាន​មកប្រមូល​ផ្តុំគ្នា​ស្តាប់​លទ្ធផល​នៃការ​ពិភាក្សា​ បាន​និយាយថា​ពួកគាត់​ចង់​បាន​ផ្ទះផ្ទាល់​នឹង​ដី​សម្រាប់​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត និង​មិនអាច​ទទួល​យក​ផ្ទះ​នៅ​ជាន់លើ​បាន​ទេ។

អ្នកស្រី​ ម៉ីយ ស៊ីណា​ អាយុ​៥២ឆ្នាំ ​នៅភូមិ២៤ ​បាន​និយាយ​ថា​ អ្នកស្រី​មិនអាច​ទទួល​យក​គំរូ​អភិវឌ្ឍន៏​នៅ​តំបន់​បុរីកីឡា​ទេ ​និង​ត្រូវការ​តែ​ផ្ទះ​ជាន់ផ្ទាល់​នឹង​ដី។ អ្នក​ថ្លែង​បា្រប់​វីអូអេ​ខ្មែរ​ថា៖

«ខ្ញុំ​យល់​ឃើញ​ថា គាត់​មិនព្រម​ដោះស្រាយ​ឲ្យ​ប្រជាជន​ ព្រោះ​ដី​១៥ហិតា​មិនមែន​ជាដី​របស់​គាត់​ទេ ​ដីរបស់​ប្រជាជន​ធ្លាប់​រស់នៅ​២០​ទៅ​៣០​ឆ្នាំ​មក​ហើយ។ ហើយ​គ្រាន់តែ​ប្រជាជន​សុំ​ដី​កាត់​យក​តែ​ដី​១៥​ហិតា​នេះ គាត់​មិន​បាន​សម្រេច​ឲ្យ​ប្រជាជន​តាម​សំណូមពរ​របស់​ប្រជាជាន។​ ខ្ញុំ​យល់​ឃើញ​ថា​ គាត់មិន​គាំទ្រ​ប្រជាជន​ គាត់​មិន​បម្រើ​ឲ្យ​ប្រជាជន​ទេ»។

ឯអ្នកស្រី​តាំង វូចលីម ​អាយុ៤៥ឆ្នាំ ​នៅភូមិ១ ​បាន​ថ្លែង​ថា​ អ្នកស្រី​ត្រូវ​ធ្វើការ​តស៊ូ​ទាមទារ​ដី​ទំហំ​១៥ហិចតា​សម្រាប់​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ជា​បន្ត​ទៅទៀត។ អ្នក​ស្រី ក៏​បាន​ប្រាប់​វីអូអេ​ខ្មែរ​ដែរ​ថា៖

«អត់គិត​ពី​ប្រជាជន​ គាត់​គិតតែ​ប្រយោជន៍​ខ្លួន​គាត់។ គាត់​អត់មាន​គិត​ដល់​ប្រជាជន​ផង​ គិត​យ៉ាងម៉េច​បើ​យើង​ចង់​រស់នៅ​តែ​ខ្លួនគាត់​ យើង​នាំគ្នា​តស៊ូ​ត​ទៅ​ទៀត​ទៅ​ទាមទារ​១៥ហិតា​ ត​ទៅ​ទៀត​នៅ​អភិវឌ្ឍ​កន្លែង​ខ្លួន​ឯង​អត់​ទៅ​នៅ​អាបុ​រីកីឡា​ដូចគាត់​ថាទេ។ អត់​យក​បាន​ទេ ​អាច​ទទួល​បាន​ទេ​ពាក្យ​ហ្នឹង»។

នៅក្នុង​ឆ្នាំ​២០០៧ ​រដ្ឋាភិបាល​បាន​ផ្តល់​កិច្ចសន្យា​ជួល​រយៈពេល​៩៩ឆ្នាំ​ដែល​មាន​តម្លៃ​ទឹកប្រាក់​៧៩​លាន​ដុល្លាអាមេរិក ​ទៅឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ Shukaku Inc.​ធ្វើការ​អភិវឌ្ឍ​ទី​ក្រុង​ទំនើប៕

This posting includes an audio/video/photo media file: Download Now

មាន​ការ​ផ្លាស់​ប្តូរ​តិច​តួច​ចំពោះ​ច្បាប់​ស្តី​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្រោយ​ពី​មាន​ការ​រិះគន់

Posted: 31 Mar 2011 05:50 PM PDT

បណ្តា​អង្គការ​ក្រៅ​រដ្ឋាភិបាលធំៗ​មួយ​ចំនួន​ បាន​បង្ហាញ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​​លើក​ទី​២​​នៃ​ច្បាប់​​​ស្តី​ពី​អង្គការ ​និង​សមាគម​ក្រៅ​រដ្ឋាភិបាល​ ដោយ​លើក​ឡើង​ថា​ ពួកគេ​ពុំ​ឃើញ​មាន​ការ​កែ​ប្រែ​សំខាន់​ណាមួយ​​​នៅ​ក្នុង​ពង្រាង​ចុងក្រោយ​​ដែល​រដ្ឋាភិបាល​បាន​បញ្ចេញ​​កាល​ពី​សប្តាហ៍​មុន​នោះ​ទេ។

ការ​លើកឡើង​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​មួយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៣ ​​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​​រវាង​ពួកគេ​ជាមួយ​នឹង​រដ្ឋាភិបាល​ស្តី​ពី​ពង្រាងច្បាប់​​ចុង​ក្រោយ​នេះ​ កាល​ពី​ថ្ងៃពុធ​ទី​២៩​ខែ​មីនានេះ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​​នោះ​ រួម​មាន​គណៈ​កម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​​ស្តី​ពី​កម្ពុជា​ និង ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​-សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជាឬ​ហៅ​កាត់​ថា CHRAC។

លោក​ សុខ​ សំអឿន នាយក​ប្រតិបត្តិ​​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ​និង​ជា​សមាជិក​នៃ​គណៈ​កម្មាធិការ​គ្រប់គ្រង់​របស់​ CHRAC​ មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍រម​​នោះ​ថា «ភាគ​ច្រើន​នៃ​ការ​កែ​ប្រែ​មាន​លក្ខណៈ​តូចតាច​ និង​ខក​ខាន​មិន​បាន​ឆ្លើយតប​ទៅនឹង​កង្វល់​ដ៏​សំខាន់​​ដែល​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង។»

លោក សុខ សំអឿន បន្ថែម​ថា «ពង្រាង​ច្បាប់​ថ្មី​នេះ មិន​បាន​លើក​កម្ពស់​សិទ្ធិនិង​សេរីភាព​នៅ​ក្នុង​ការ​បង្កើត​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះទេ ប៉ុន្តែ​វា​ជា​ការ​ដាក់​កំហិត​ឲ្យ​អង្គការ​និង​សមាគមចុះ​បញ្ជី​ទៅ​វិញ។»

លោក សុខ​ សំអឿន មាន​ប្រសាសន៍ថា ការ​ចុះ​បញ្ជី​ជា​កំហិត​ដែល​អង្គការ​​សង្គម​ស៊ីវិល​បាន​ស្នើ​ឲ្យ​ធ្វើការ​កែ​ប្រែ​នោះ បែ​រ​ជាត្រូវ​រក្សា​ទុក​ដដែល​នៅក្នុង​ពង្រាង​លើក​ទី​២នេះ។ លោក​សំអឿន​បន្ត​ថា៖

«ការ​ចុះ​បញ្ជី​ហ្នឹង​មិន​មែន​ជា​កាតព្វកិច្ច​ទេ។ នៅ​ក្នុង​សេចក្តី​ព្រាង​ហ្នឹង​នៅ​ក្នុង​មាត្រា២ គោល​បំណង​ហ្នឹង​ក៏​គេ​និយាយ​ដែរថា ការ​ចុះ​បញ្ជី​ហ្នឹង​ជា​សេរី​ភាព ក៏​ប៉ុន្តែ មាត្រា​បន្ទាប់​មក​ទៀត គឺ​បើសិន​ជា​យើង​អត់​ចុះ​បញ្ជី​ទេ​ អង្គការ​​សមាគម​យើង​មិន​អាច​ធ្វើ​សកម្មភាព​បានទេ។ ដូច្នេះ វា​មិន​មែន​ជា​សេរី​ភាព​ទេ វាជា​កាតព្វកិច្ច។»

ពង្រាង​ទី​១​នៃ​ច្បាប់​ដ៏​ចម្រូងចម្រាស់​​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​មហាផ្ទៃនេះ ត្រូវ​បាន​ចែក​ចាយ​ដល់​អង្គការ​​​និង​សមាគម​ក្រៅ​រដ្ឋា​ភិបាល​​នៅ​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០១០ ដើម្បី​បើក​ឱកាស​ឲ្យ​មាន​ការ​ពិភាក្សា​និង​ផ្តល់​យោបល់បន្ថែម​​ទៅ​លើ​ពង្រាង​ច្បាប់​នេះ។

ប៉ុន្តែ ពង្រាង​ច្បាប់​នេះ ទទួល​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អង្គការ​​និង​សមាគម​ក្រៅ​រដ្ឋាភិបាល​​​ទាំង​ជាតិ​និង​អន្តរជាតិ ដោយ​ពួកគេ​ចាត់​ទុក​ថា ពង្រាងច្បាប់​នេះ​គឺ​​ជាការ​​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រងទៅលើ​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេសនេះ។

សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ បាន​លើក​ឡើង​ដែរ​ថា​ សេចក្តី​ព្រាងច្បាប់​​ថ្មី​នេះ​ ក៏​​បង្ក​លក្ខណៈ​កាន់តែ​ងាយ​ស្រួល​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​បិទ​អង្គការ​សង្គម​ស៊ីវិល​​ឬ​ក៏​បដិសេធ​ការ​ចុះ​បញ្ជី​របស់​ពួកគេ។

លោក​ សុខ​ សំអឿន​ ពន្យល់​ពី​ការ​លើក​ឡើង​បែប​នេះ៖

«វា​អត់​មាន​កំណត់​ថា​តើ​ចំណុច​អី​ខ្លះ​ដែល​អ្នក​ឯង​ត្រូវ​បដិសេធ​ហ្នឹង ​ក៏​អត់​មាន​ដែរ​ ដល់​អញ្ចឹង​ទៅ​ អំណាច​វា​ស្ថិត​នៅ​លើ​ក្រសួង។ ឧទាហរណ៍​ថា​ អង្គការ​គាត់​ចង់​ដាក់​លក្ខន្តិកៈ​មួយ​នៅ​ក្នុង​សកម្មភាព​របស់​គាត់​ ហើយ​ស្រាប់​តែ​ក្រសួង​គេ​ថា អត់​ព្រម​ឲ្យ​ដាក់​អញ្ចឹង​ ដល់​អញ្ចឹង​ វា​ងាយ​បដិសេធ​ ងាយ​ឈ្លោះ​គ្នា»។

របាយការណ៍​វិភាគ​បច្ចុប្បន្នភាព​​​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ទៅ​លើ​សេចក្តី​ព្រាងច្បាប់​ទី​២​នៃ​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ «សេចក្តី​ព្រាងច្បាប់​​ទី២​នេះ​ នៅ​តែ​រក្សា​ស្មារតី​ដូច​តែ​ពង្រាង​ទី​១​ដដែល​ ហើយ​នៅ​ក្នុង​ករណី​ជា​ច្រើន​ ការ​កែប្រែ​ដែល​បាន​ធ្វើ​នៅ​ក្នុង​សេចក្តី​ព្រាងច្បាប់​​ទី​២​នេះ​ បាន​ធ្វើ​ឲ្យ​ច្បាប់​នេះ​មាន​លក្ខណៈ​រិត​ត្បិត​និង​ត្រួតត្រា​កាន់​តែ​ខ្លាំង​ឡើង»។

សេចក្តី​ព្រាងច្បាប់​​នេះ​តម្រូវ​ឲ្យ​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​របាយការណ៍​​អំពី​ផែនការ​សកម្មភាព​និង​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​​របស់​ខ្លួន​ជូន​រដ្ឋាភិបាល។​ ការ​តម្រូវ​បែប​នេះ​ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ ចាត់​ទុក​ថា​ ជា​ការ​រំលោភ​ឯករាជ្យភាព​របស់​ពួកគេ។

លោក​ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ មាន​ប្រសាសន៍​ថា​ ក្រសួង​បាន​ធ្វើ​ការ​កែ​សម្រួល​ចំណុច​ខ្លះ​​នៅក្នុង​ពង្រាង​ទី២​នៃ​ច្បាប់​នេះ​ហើយ​ ប៉ុន្តែ​ ចំណុច​ខ្លះ​ទៀត​ដូច​ជា​ការ​តម្រូវ​ឲ្យ​អង្គការ​និង​សមាគម​ចុះ​បញ្ជីជា​ផ្លូវការ​នេះ គឺ​ជា​ការ​ចាំបាច់។​ លោក​សុភ័ក មាន​ប្រសាសន៍​ថា៖

«កុំ​ភ្លេច​ថា​ មាន​សិទ្ធិ​សេរី​ភាព​ ក៏​ប៉ុន្តែ​ក៏​កុំ​ភ្លេច​ថា​ មាន​កាតព្វកិច្ច។ បើ​កាតព្វកិច្ច​គឺ​ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​ច្បាប់។​ បើ​សិន​បើ​គ្មាន​ច្បាប់​គ្រប់​គ្រង​ NGOs​ គាត់​នៅ​តែ​ជិះ​សេះ​លែង​ដៃ​បាន​ដូច​បច្ចុប្បន្ន​​។»

លោក​ ខៀវ ​សុភ័គ​ មាន​ប្រសាសន៍​បន្ថែម​​ថា ដូច​គ្នា​នឹង​​ការ​ទាមទារ​តម្លាភាព​ពី​​រដ្ឋាភិបាល​ដោយ​​អង្គការ​និង​សមាគម​ក្រៅ​រដ្ឋាភិបាល​ដែរ ​អង្គការ​សង្គម​ស៊ីវិល​ខ្លួន​ឯង​​ក៏​គួរ​តែ​បង្ហាញ​តម្លាភាព​ក្នុង​ការ​ទទួល​ថវិកា​ជំនួយ​ពី​បរទេស​ តាម​រយៈ​ការ​តម្រូវ​នៅ​ក្នុង​ច្បាប់​នេះ។

យ៉ាង​ណា​ក៏​ដោយ​របាយការណ៍​វិភាគ​របស់​អង្គការ​លីកាដូ​ បាន​ផ្តល់​អនុសាសន៍​ថា​ «រដ្ឋាភិបាល​គួរ​តែ​រៀបចំ​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ប្រកប​ដោយ​អត្ថន័យ​​ក្នុង​កម្រិត​ថ្នាក់​ជាតិ​និង​ថ្នាក់​ខេត្ត​ស្តី​ពី​ពង្រាង​ច្បាប់​នេះ​ ដោយ​រួម​បញ្ចូល​ផង​ដែរ​ថា​តើ​ច្បាប់​បែប​នេះ​គួរ​មាន​ដែរ​ឬអត់​ ហើយ​ប្រសិន​បើ​គួរ​មាន​ តើ​​ច្បាប់​នេះ​គួរ​មាន​ការ​ការពារ​និង​អត្ថប្រយោជន៍​អ្វី​ខ្លះ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ដើម្បី​ប្រយោជន៍​សាធារណៈ​នោះ»៕

This posting includes an audio/video/photo media file: Download Now

គណបក្ស​ប្រឆាំង​ប្រារព្ធ​ខួប​វាយប្រហារ​គ្រាប់​បែក

Posted: 31 Mar 2011 05:14 PM PDT

យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​នៅ​មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅ​ឡើយ ក្នុង​រយៈពេល​១៤ឆ្នាំ​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​ចំនួន​បួន​គ្រាប់​នៅ​មុខ​អតីត​អគារ​រដ្ឋសភា​ជាតិ​ទៅ​លើ​ហ្វូង​បាតុករ​ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង។

លោក​សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​ពុធនេះ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​ចូលរួម​តាមរយៈ សន្និសីទ​វីដេអូ​តាម​អ៊ីនថឺណិត​ថា ​គណបក្ស​សម រង្ស៊ី ​ប្តេជ្ញានឹង​ស្វែងរក​យុត្តិធម៌​ដល់​ជនរងគ្រោះ។ លោក​សម​ រង្ស៊ី ​បាន​ប្រៀបធៀប​ការ​ទាមទារ​យក​យុត្តធម៌​ចំពោះ​អ្នក​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ ដោយសារ​តែ​ការ​វាយប្រហារ​ដោយ​គ្រាប់​បែកដៃ​ កាល​ពី​ថ្ងៃ​៣០​ខែមីនា​ឆ្នាំ១៩៩៧​ ទៅ​និង​ការ​ស្លាប់​បាត់​ បង់ជីវិត​របស់​ប្រជាពលរដ្ឋ​នៅក្នុង​របប​ខ្មែរ​ក្រហម។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​សម្រាប់​ពួក​ខ្មែរ​ក្រហម​យើង​ត្រូវការ​ពេល​វេលា​ចំនួន​ជាង​៣០​ឆ្នាំ​ដើម្បី​នាំ​យក​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់ខ្ពស់​យក​មក​កាត់​ទោស​ ចំណែក​ឯ​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ដៃ​មាន​អាយុកាល​ប្រមាណ​១៤ឆ្នាំ​ហើយ។​ យើង​ត្រូវ​ការ​ពេលវេលា​បន្តទៀត​ដើម្បី​នាំយក​ជន​ដៃដល់​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់។​ លោក​ថ្លែង​ថា៖

«យើង​ប្តេជ្ញាចិត្ត​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​គឺ​វែក​មុខ​ជន​ឧក្រិដ្ឋ​ ជន​ដៃដល់​ ហើយ​ជន​ដែលបញ្ជា​នៅ​ពី​ក្រោយ​ជន​ដៃ​ដល់។ ​ដប់បូន​ឆ្នាំ ​ការ​ប្តេជ្ញាចិត្ត​របស់​យើង​នៅ​ដដែល»។

គណបក្ស​ សម រង្ស៊ី ​ជា​រៀងរាល់ឆ្នាំ​បាន​ប្រារព្វ​វិញ្ញណក្ខន្ឋ​ដល់​អ្នក​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​ការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​នៅ​ពីមុខ​អតីត​អគារ​រដ្ឋសភា​ជាតិ។​ នៅក្នុង​ឆ្នាំនេះ​ គឺជា​ខួយ​លើក​ទី១៤។

កាលពី​ថ្ងៃទី៣០​ ខែមីនា ​ឆ្នាំ១៩៩៧​ជន​មិន​ស្គាល់មុខ ​បា​នធ្វើការ​វាយប្រហារ​ដោយ​គ្រាប់បែក​ដៃ ចំនួន​បួនគ្រាប់​ទៅលើ​ហ្វូងបាតុករ ​ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី ​នៅ​ពីមុខ​អតីត​អគារ​រដ្ឋសភា​ដែល បាន​បណ្តាលឲ្យ​មនុស្ស​ចំនួន​១​៦នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ​និង​ជាង​១០០នាក់​ផ្សេងទៀត ​បាន​រងរបួស​ ដោយ​រាប់​បញ្ជូល​ទាំង​ពលរដ្ឋ​អាមេរិកាំង​មួយ​រូប​ គឺ​លោក​រ៉ន អាប់នី ​អតីត​ប្រធាន​វិទ្យាស្ថាន​សាធារណៈ រដ្ឋអន្តរជាតិ​ ដែល​ហៅកាត់​ថា ​IRI។

លោក​ឧត្តមសេនីយ៍​ឯក ​ខៀវ សុភ័ក្រ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ​បាន​មាន​ប្រសាសន៍​ថា​ សំណុំ រឿង​នេះ ​មិនទាន់​ត្រូវ​បាន​បិទ​នៅ​ឡើយ​ទេ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«មិន​ទាន់​ត្រូវបាន​​បញ្ចប់​បិទ​សំណុំរឿង​ទេ ​នៅ​បើក​ចំហរ​នៅឡើយ។​ ដូចកាល​ឆ្នាំមុនៗ​ ដែល​យើង​បាន​ដឹង​ទាំងអស់​គ្នា​ ហើយ​មាន​លទ្ឋផល​យ៉ាងណា ​គឺយើង​ស្វែងរក​ជនល្មើស​តាម​រូបភាព​ឃើញ​ហើយ​សំដៅ​ទៅ​លើ​ជនសង្ស័យ​ឈ្មោះ​ប្រេស៊ីល»។

លោក​ចាន់ទី សុភី ​ដែល​ប្អូន​ស្រី​របស់​លោក​បង្កើត​ឈ្មោះ​ចាន់ទី​ ភក្តី ​អាយុ​១៣ឆ្នាំ​កាល​ពេលនោះ​ បាន​ស្លាប់​បាត់បង់​ជីវិត​នៅមុខ​អតីត​អគារ​រដ្ឋសភា​ជាតិ​ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​រក​យុត្តធម៌​ដល់​ជនរង គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ចំពោះ​ទឹក​ចិត្ត​ខ្ញុំ​ ចង់ឲ្យ​រាជរដ្ឋាភិបាល​រក​មុខ​ឃាតករ​ឲ្យ​ឃើញ​តែម្តង។ អត់​ចង់​បាន​អ្វីទេ​ ​ចង់ រកមុខ​ឃាតករ​ដើម្បី​ជួយ​សំណង​ប៉ះប៉ូវ​ដល់​រូម​ខ្ញុំ និង​សំណង​ប្អូនស្រី​ខ្ញុំ​ដែល​ស្លាប់​ទៅ​ និង​អ្នក​ដទៃ​ទៀត»។

លោក​ គង់ គាំ​ ប្រធាន​ស្តីទី​គណបក្ស​សម រង្ស៊ី ​បាន​មាន​ប្រសាសន៍​ថា​ យោងតាម​របាយការណ៍​ ស៊ើប​អង្គេត​របស់​ការិយាល័យ​ស៊ើបអង្គេត​សហព័ន្ឋ​របស់​សហរដ្ឋ​អាមេរិក​ ដែល​មាន​ឈ្មោះ​ថា​ FBIបាន ឲ្យ​ដឹង​ថា​ កម្លាំង​ប្រដាប់​អាវុធ​ដែល​មាន​វត្តមាន​នៅ​ជិត​កន្លែង​កើតហេតុ​ គឺជា​ក្រុម​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ហើយដែល​ឃាតករ​បាន​គេច​ខ្លួន​ទៅ​ទិស​ដ៏​អាថ៌កំបាំង ​បើ​ទោះបី​ជា​ FBI ​ក៏ មិន​អាច​រក​ការ​ពិត​នេះ​បាន​ដែរ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!