VOA News: ព័ត៌មាន |
មានការជំរុញឲ្យមានការដាក់ទោសឌុចបន្ថែម Posted: 30 Mar 2011 11:01 AM PDT សហព្រះរាជអាជ្ញាបានទទូចជាថ្មីម្ដងទៀតឲ្យអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមផ្ដន្ទាទោសឌុចឲ្យជាប់ពន្ធនាគារយ៉ាងតិចចំនួន៤៥ឆ្នាំ ដោយសំអាងថា អតីតប្រធានគុកទួលស្លែងនេះបានប្រព្រឹត្តិឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិយ៉ាងធ្ងន់ធ្ងរ។ ការទាមទារដែលជាការស្នើឲ្យ ដំឡើងទោសឌុច បន្ទាប់ពីសហព្រះរាជអាជ្ញាឃើញថា អង្គជំនុំជម្រះសាលាដំបូងខកខានក្នុងការកំណត់ទោសឲ្យបានគ្រប់គ្រាន់សមតាមបទល្មើសរបស់ឌុច។ កាលពីខែ កក្កដា ឆ្នាំ ២០១០ សាលាដំបូងរបស់សាលាក្ដីខ្មែរក្រហម បានសម្រេចផ្ដន្ទាទោសឌុចឲ្យ ជាប់ពន្ធនាគារចំនួន៣៥ឆ្នាំ ហើយដោយមានការបន្ធូរបន្ថយទោសមកត្រឹម១៩ឆ្នាំវិញ ដោយសារហេតុផលនៃការឃុំខ្លួនឌុច ខុសច្បាប់ និងការសហការរបស់ឌុចជាមួយនឹងសាលាក្ដីពិសេស។ លោក អ៊ែនឌ្រូ ខាលីយ៍ (Andrew Carley) សហព្រះរាជអាជ្ញាអន្ដរជាតិ បានថ្លែងនៅក្នុងសវនាការស្ដីពីបណ្ដឹងឧទ្ធរណ៍ករណីឌុច ថ្ងៃទីពីរនៅថ្ងៃនេះ តាមរយៈការបកប្រែការកំណត់ទោស ឌុច ដោយសាលាដំបូងមានកម្រិតទាបពេកមិនសមនឹងទំហំឧក្រិដ្ឋកម្ម ដែលបានកើតឡើងនៅមន្ទីរស២១ ឬគុកទួលស្លែងនោះទេ។ លោកថ្លែងដូច្នេះថា៖ «យើងបានស្នើសុំឲ្យមានការផ្ដន្ទាទោសអស់មួយជីវិតមែន ប៉ុន្ដែយើងត្រូវការបន្ថយរយៈពេលនោះមកត្រឹមរយៈពេលកំណត់ដោយសារតែមានការឃុំខ្លួនដោយខុសច្បាប់ពីតុលាការយោធា។ គឺគួរតែឲ្យស្របទៅនឹងអ្វីដែលយើងបានស្នើគឺ (ទោសជាប់ពន្ធនាគារ) ៤៥ ឆ្នាំ ឬលើសពីនេះ »។ សហព្រះរាជអាជ្ញាទាំងពីររូប បានព្យាយាមទាញទឡ្ហីករដែលពាក់ពន្ធ័នឹងឧក្រិដ្ឋកម្មនៅក្នុងគុកទួលស្លែងជាច្រើនចំពោះមុខក្រុមចៅក្រមចំនួនប្រាំពីររូបរបស់តុលាការកំពូល និងចៅក្រមបម្រុងពីររូបនៅក្នុងវេទិការកាត់ក្ដីនោះដែរ។ សហព្រះរាជអាជ្ញាបានលើកឡើងថា បើផ្អែកតាមមាត្រាទី៣៩ នៃច្បាប់របស់សាលាក្តីខ្មែរក្រហមជនជាប់ចោទអាចនឹងប្រឈមនឹងការដាក់ទោសពីប្រាំឆ្នាំរហូតទៅដល់ជាប់ពន្ធនាគារអស់មួយជីវិត។ ដំណាលគ្នានោះ លោកសហព្រះរាជអាជ្ញាជាតិអង់គ្លេស អ៊ែនឌ្រូ ខារលីយ៍ (Andrew Carley) បានសង្កត់ធ្ងន់ថា ការបន្ធូរបន្ថយទោស ឌុច គឺជាកំហុសរបស់អង្គជំនុំជម្រះសាលាដំបូង។ ក៏ប៉ុន្ដែលោកសហមេធាវី កង ឬទ្ធារី ការពារក្ដីឲ្យ ឌុច បានឆ្លើយតបថា សាលាដំបូងបានដាក់ទោសឌុច ដោយផ្អែកលើគុណសម្បត្តិរបស់ ឌុច និងល័ក្ខខ័ណ្ឌដែល ឌុច បានបំពេញការងារក្នុងសម័យកម្ពុជាប្រជាធិបតេយ្យក្រោមសម្ពាធ។ លោកសហមេធាវី មានប្រសាសន៍ថា បើយោងតាមមាត្រាទី ៩៥ នៃក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ ប្រសិនបើ ឌុច ទទួលបានស្ថានសម្រាលទោស ឌុច គួរតែត្រូវផ្ដន្ទាទោសឲ្យជាប់គុកត្រឹមតែ១៥ ឆ្នាំ ឬច្រើនបំផុត៣០ ឆ្នាំ គឺផ្ទុយពីការទទួលទោសរបស់ឌុច បច្ចុប្បន្នដែលត្រូវជាប់ពន្ធនាគាររហូតដល់៣៥ ឆ្នាំ។ លោកសហមេធាវី កង ឫទ្ធារី គូសបញ្ជាក់ថា ឌុច គ្មានជម្រើសទេនៅពេលនោះ។ លោក ឫទ្ធារី និយាយថា៖ «វាជាជម្រើសរវាងកាតព្វកិច្ចនិងជីវិត។ វាគ្មានជម្រើសមួយឲ្យ ឌុច ទាល់តែសោះនៅក្នុងពេលដែលគាត់កំពុងអនុវត្តបទឧក្រិដ្ឋដែលកើតនៅគុកទួលស្លែង។ បើសិនជាយើងជាចៅក្រម ឬក៏ជាព្រះរាជអាជ្ញា ជាមេធាវី ជាអស់លោកទាំងអស់ដែលមានវត្តមាននៅថ្ងៃនេះ ជាឌុចនៅក្នុងសភាពការណ៍នៃឆ្នាំ១៩៧៥ ហើយដែលត្រូវ សុន សេន បញ្ជាឲ្យធ្វើ តើយើងនឹងសម្រេចចិត្តយ៉ាងដូចម្ដេច?» សូមបញ្ជាក់ថា កាំង ហ្គិចអ៊ាវ ហៅឌុច បានកាន់កាប់មុខតំណែងជាប្រធានគុកទួលស្លែងចាប់ពីឆ្នាំ ១៩៧៦ដល់ឆ្នាំ១៩៧៩។ អ្នកទោសនៅទីនេះយ៉ាងតិចចំនួន១២.៣៨០នាក់ ត្រូវបានធ្វើទារុណកម្មយ៉ាងឃោរឃៅ មុននឹងត្រូវយកទៅសម្លាប់ចោល៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |