Koh Santipheap Daily |
- ចោរមិនស្គាល់ផ្ទះព្រះរាជអាជ្ញារងចូលគាស់ទ្វារទាំងព្រឹកយកអស់គ្រឿងអលង្ការ លុយ និងកាំភ្លើងខ្លី
- អ្នកស្លាប់ដោយទឹកជំនន់នៅខេត្តភាគខាងត្បូងថៃ កើនឡើងដល់២១នាក់
- ពលរដ្ឋហ្វីលីពីន៣នាក់ត្រូវប្រហារជីវិតនៅចិនពីបទរត់ពន្ធគ្រឿងញៀន
- តារាភាពយន្តហុងកុងនាង Michelle Ye ដួលសន្លប់លើវេទិកា
- លោកលី ម្យុងបាក់ ៖ កូរ៉េខាងត្បូងនឹងពង្រឹងការគ្រប់គ្រងលើកោះមានជម្លោះជាមួយជប៉ុន
- ឆែកឆេរលំនៅឋានពីរបន្ថែមទៀតឃាត់ខ្លួនមនុស្ស៤នាក់ពីបញ្ហាគ្រឿងញៀន
- រថយន្តកាម៉ាស្សសណ្តោងកន្ទុយបើកលឿនដល់ផ្លូវកោងធ្លាក់ចូលប្រឡាយក្រឡាប់
- លើកពេលបើកសវនាការកាត់ទោសសំណុំរឿងប្លន់ម៉ូតូ
- កុមារកំព្រាពីរនាក់បងប្អូនទទួលថវិកាពីសមាគមមិត្តកសិកម្ម
- រយៈពេល៣ខែដំបូងនៃឆ្នាំ២០១១ ទាហានអូតង់ជាង១០០នាក់ស្លាប់នៅអាហ្វហ្គានីស្ថាន
- ប្រធានាធិបតីជាប់ឆ្នោតកូតឌីវ័រដាក់បំរាមគោចរក្នុងក្រុងអាប៊ីដហ្សាន់ លោកហ្សេបាបូ គ្មានផ្លូវក្រៅពីចុះចេញ
- ជនសង្ស័យជួញដូរគ្រឿងញៀន៥នាក់ត្រូវសមត្ថកិច្ចប៉េអឹមចាប់ខ្លួន
- ក្រុមហ៊ុនធានារ៉ាប់រងវាយតម្លៃថា ខូចខាតអស់ប្រមាណ២៨លានដុល្លារ សម្រាប់រោងចក្រមិថុនា...នៅតែមិនទាន់ដឹងតួលេខពីអ្នកស្លាប់ និងរបួស
- ការលាលែងរបស់រដ្ឋាភិបាលកូវ៉ែត
- ជប៉ុនមានបំណងបិទចោលរោងចក្រនុយក្លេអ៊ែរដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយការរញ្ជួយដី
- នាយសេនាធិការកងទ័ពកូតឌីវ័រសុំសិទ្ធិជ្រកកោននៅអាហ្វ្រិកខាងត្បូង
- បុគ្គលិក-កម្មករសម្តែងការខ្លោចចិត្ត និងព្រួយបារម្ភចំពោះការបើកប្រាក់ខែក្រោយឆេះរោងចក្រមិថុនា
- សាលារាជធានីចេញសេចក្តីប្រកាសពីតំបន់បឹងកក់ ជម្រើសទី៣គឺការអភិវឌ្ឍនៅនឹងកន្លែងនិងបន្តពិភាក្សាគ្នា
- យករថយន្តឡង់គ្រីស្ស័រមួយគ្រឿងផ្លុងចោលនៅក្នុងស្នាក់ការគណបក្សប្រជាជនខណ្ឌមានជ័យ
- ពិធីការិនីកម្មវិធីកុមារវៃឆ្លាតជាតារាញញឹមមានមន្តស្នេហ៍
Posted: 01 Apr 2011 12:13 AM PDT ខេត្តបាត់ដំបង ៖ ក្រុមចោរមិនស្គាល់មុខបានចូលគាស់ផ្ទះលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តម្នាក់ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១ មេសា ដែលស្ថិតនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខណៈពេលដែលលោកព្រះរាជអាជ្ញារងរូបនេះចេញទៅធ្វើការ រីឯភរិយារបស់លោកចេញទៅផ្សារទិញអីវ៉ាន់ ។ យោងតាមប្រភពពីសាច់ញាតិបានបង្ហើបឱ្យដឹងគ្រាដំបូងថា ទ្រព្យសម្បត្តិដែលបាត់បង់រួមមានលុយប្រហែលជាង១ម៉ឺនដុល្លារ និងគ្រឿងអលង្ការដ៏ច្រើនសន្ធឹកសន្ធាប់ទៀត។ ប៉ុន្តែអ្វីដែលធ្វើឱ្យព្រួយបារម្ភនោះគឺកាំភ្លើងខ្លីម៉ាក K59 មួយដើម របស់លោកព្រះរាជអាជ្ញារងក៏ត្រូវចោរយកទៅបាត់ដែរ ។ ព្រះរាជអាជ្ញារងដែលចោរចូលគាស់ផ្ទះគឺលោកអ៊ុយ សំភារ បានថ្លែងថា រូបគាត់ចេញទៅធ្វើការ រីឯប្រពន្ធរបស់គាត់ចេញទៅផ្សារ ហើយគ្មានអ្នកចាំផ្ទះទេ លុះពេលប្រពន្ធរបស់គាត់មកពីផ្សារវិញ ទើបឃើញរបើកបង្អួចផ្ទះបាយ ហើយទ្វារបន្ទប់ដេករបស់គាត់ត្រូវរបើកអស់ លុះទៅពិនិត្យទ្រព្យសម្បត្តិ ស្រាប់តែបាត់អស់គ្មានសល់ ។ សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះមិនបានចាក់គន្លឹះបង្អួចផ្ទះបាយ ហើយជនល្មើសបានយកបង្គោលក្រាក់បុកចំរឹងដែក រួចហែកចូលតែម្តង។ គេសង្ស័យថា ក្រុមចោរយ៉ាងតិច២នាក់ចូលធ្វើសកម្មភាព ប៉ុន្តែមិនទាន់មានតំរុយពីមុខសញ្ញាទេ ព្រោះសមត្ថកិច្ចកំពុងពិនិត្យកន្លែងកើតហេតុ៕ |
អ្នកស្លាប់ដោយទឹកជំនន់នៅខេត្តភាគខាងត្បូងថៃ កើនឡើងដល់២១នាក់ Posted: 01 Apr 2011 12:10 AM PDT នាយកដ្ឋានទប់ស្កាត់គ្រោះមហន្តរាយ និងបង្ការជំងឺឱ្យដឹងថា គិតត្រឹមថ្ងៃទី១ មេសា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដែលកើតឡើងភ្លាមៗដោយព្យុះភ្លៀងយ៉ាងខ្លាំង វាយប្រហារបណ្តាខេត្តភាគខាងត្បូងថៃ ចាប់តាំងពីថ្ងៃទី២៣ មីនា កន្លងមក កើនឡើងដល់២១នាក់ហើយ ។ ក្នុងចំណោមអ្នកស្លាប់ទាំង២១នាក់នោះ៩នាក់ក្នុងខេត្ត Nakhon Si Thammarat ៦នាក់នៅក្នុងខេត្ត Krabi ៤នាក់នៅក្នុងខេត្ត Surat Thani និង២នាក់ទៀតនៅក្នុងខេត្ត Phattha lung ។ នាយកដ្ឋាននោះបានឱ្យដឹងទៀតថា ក្រៅពីមនុស្សស្លាប់ មនុស្ស១៨១នាក់ទៀតគឺរងរបួសផងដែរ ។ ខេត្តនៅភាគខាងត្បូងថៃ ដែលរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរជាងគេគឺខេត្ត Nakhon Si Thammarat ខេត្ត Phattha lung ខេត្ត Surat Thani និងខេត្ត Phangnga ហើយមានពលរដ្ឋដល់ទោ៩៩៨.៨៦៧នាក់រងប៉ះពាល់ដោយគ្រោះទឹកជំនន់ ហើយដីកសិកម្ម៧៣២.៦៥៥រ៉ៃត្រូវទឹកជន់លិច ៕ |
ពលរដ្ឋហ្វីលីពីន៣នាក់ត្រូវប្រហារជីវិតនៅចិនពីបទរត់ពន្ធគ្រឿងញៀន Posted: 01 Apr 2011 12:01 AM PDT ពលរដ្ឋហ្វីលីពីន៣នាក់ដែលត្រូវបានកាត់ទោសពីបទរត់ពន្ធគ្រឿងញៀននៅក្នុងប្រទេសចិន ត្រូវបានប្រហារជីវិតដោយការចាក់ថ្នាំសម្លាប់ កាលពីថ្ងៃទី៣១ មីនា កន្លងមក ។ ពលរដ្ឋហ្វីលីពីនទាំង៣នោះម្នាក់ឈ្មោះ Ramon Gredo អាយុ៤២ឆ្នាំ ម្នាក់ទៀតឈ្មោះ Sally Villanueva អាយុ៣៣ឆ្នាំ ត្រូវបានប្រហារជីវិតនៅថ្ងៃទី៣១ មីនា នៅក្នុងទីក្រុង Xiamen ភាគខាងត្បូងចិន ចំណែកម្នាក់ទៀតឈ្មោះ Elizabeth Batain អាយុ៣៨ឆ្នាំ ត្រូវបានប្រហារជីវិតនៅក្នុងទីក្រុង Shenzhen ក្បែរទីក្រុងហុងកុង ។ តាមប្រភពព័ត៌មានថា អ្នកទាំង៣ត្រូវបានចាប់ខ្លួនដាច់ដោយឡែកពីគ្នាកាលពីឆ្នាំ២០០៨ កន្លងមក ដោយរងការចោទប្រកាន់ពីបទមានកញ្ចប់ផ្ទុកថ្នាំញៀនហេរ៉ូអ៊ីនប្រហែល៤គីឡូក្រាម ចូលប្រទេសចិន ។ ការប្រហារជីវិតពលរដ្ឋហ្វីលីពីនទាំង៣នាក់នោះបង្កឱ្យពលរដ្ឋហ្វីលីពីននៅក្នុងប្រទេសមានការខឹងសម្បាយ៉ាងខ្លាំង ។ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Edwin Lacierda បានចេញសេចក្តីថ្លែងការណ៍មួយ ក្រោយពីទទួលបានព័ត៌មានអំពីការប្រហារជីវិតនោះ ។ រយៈពេលប៉ុន្មានថ្ងៃមុនពេលប្រហារជីវិតអ្នកទាំង៣ ពលរដ្ឋហ្វីលីពីនបានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងម៉ានីល និងទីក្រុងដទៃទៀត ក្នុងក្តីសង្ឃឹមថា ព្រះនឹងជួយអ្នកទាំង៣ ឱ្យរួចផុតជីវិត ។ ដំបូងចិនគ្រោងប្រហារជីវិតអ្នកទាំង៣នៅថ្ងៃទី២០ កុម្ភៈ កន្លងមក ប៉ុន្តែបានសម្រេចពន្យារពេលវិញ ក្រោយពីអនុប្រធានាធិបតីហ្វីលីពីន លោក Jejomar Binay អញ្ជើញទៅកាន់ក្រុងប៉េកាំង ដើម្បីស្នើសុំការប្រណីជីវិតដល់ពួកគេ ៕ |
តារាភាពយន្តហុងកុងនាង Michelle Ye ដួលសន្លប់លើវេទិកា Posted: 31 Mar 2011 11:59 PM PDT នាង Michelle Ye ជាតារាភាពយន្តល្បីឈ្មោះ ហើយមានប្រជាប្រិយភាពមួយរូបរបស់ក្រុងហុងកុង កាលពីពេលថ្មីៗកន្លងមក បានជួបគ្រោះថ្នាក់ចៃដន្យមួយដោយនាងដួលសន្លប់នៅចំពោះមុខមនុស្សយ៉ាងច្រើនកុះករ ។ នាងបានដួលសន្លប់ខណៈពេលនាងកំពុងចូលរួមក្នុងព្រឹត្តិការណ៍ផ្សាយពាណិជ្ជកម្មអំពីខ្សែភាពយន្តមួយរឿងរបស់នាង គឺរឿង “The Fouding of a Party” ។ តាមប្រភពព័ត៌មានថា នាង Michelle Ye បានដួលសន្លប់បែបនេះដោយសារនាងអស់កម្លាំងក្នុងការថតរឿងជាច្រើនរឿងជាប់ៗគ្នា ។ នៅពេលនាងដួលសន្លប់ បុគ្គលិកនៅកន្លែងប្រារព្ធព្រឹត្តិការណ៍ផ្សាយពាណិជ្ជកម្មនោះបានទៅជួយនាង ឱ្យក្រោកឈរ ប៉ុន្តែរយៈពេល២-៣នាទីក្រោយមក នាងដួលសន្លប់ទៀត ហើយលោក Liu Ye តារាភាពយន្តចិនដែលដើរតួជាមួយនាងក្នុងរឿងនោះបានលើកបីនាងយកទៅខាងក្រោយវេទិកា ។ តាមអ្នករៀបចំចាត់ចែងរបស់នាង Michelle Ye និយាយឱ្យដឹងថា នាង Michelle Ye បានថតខ្សែភាពយន្ត១០រឿងជាប់ៗគ្នា ជាហេតុធ្វើឱ្យនាងមានបញ្ហាសុខភាព ហើយនៅថ្ងៃដែលនាងដួលសន្លប់នោះនាងមិនបានទទួលទានអាហារពេលព្រឹកទេ ។ នាង Michelle Ye ជាតារាភាពយន្តល្បីឈ្មោះ ហើយបច្ចុប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងច្រើន ៕ |
លោកលី ម្យុងបាក់ ៖ កូរ៉េខាងត្បូងនឹងពង្រឹងការគ្រប់គ្រងលើកោះមានជម្លោះជាមួយជប៉ុន Posted: 31 Mar 2011 11:54 PM PDT ប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ម្យុងបាក់ ថ្លែងកាលពីព្រឹកថ្ងៃទី១ មេសា ថា រដ្ឋាភិបាលរបស់លោកនឹងបន្តជំរុញការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសលើកោះមានជម្លោះមួយចំនួន ដែលជប៉ុនទាមទារយក។ លោកលី ម្យុងបាក់ ថ្លែងដូច្នេះនៅក្នុងបទសម្ភាសន៍មួយចាក់ផ្សាយតាមទូរទស្សន៍ ។ លោកប្រធានាធិបតីលី ម្យុងបាក់ ថ្លែងថា «កូរ៉េខាងត្បូងត្រូវតែគ្រប់គ្រងដោយប្រសិទ្ធភាពលើកោះទាំងនោះ ។ កូរ៉េខាងត្បូងនឹងបន្តធ្វើការលើការពង្រឹងការគ្រប់គ្រងកោះទាំងនោះ ។ លោកប្រធានាធិបតីលីម្យុងបាក់ បានលើកឡើងដូច្នេះ ក្រោយពីជប៉ុនផ្តល់ការអនុម័តលើសៀវភៅមួយចំនួនដោយចាត់ទុកកោះទាំងនោះថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយអះអាងថា ការទាមទារយកកោះទាំងនោះរបស់កូរ៉េខាងត្បូងជារឿងខុសច្បាប់ ។ ជាមួយគ្នានេះក្រុងសេអ៊ូលបានទាមទារឱ្យក្រុងតូក្យូដកការសម្រេចចិត្តរបស់ខ្លួនវិញ ដោយនិយាយថា បើតាមប្រវត្តិសាស្ត្រ និងទីតាំងភូមិសាស្ត្រកោះទាំងនេះជារបស់កូរ៉េខាងត្បូង ។ ជម្លោះដោយសារកោះទាំងនេះធ្វើឱ្យកូរ៉េខាងត្បូង និងជប៉ុនមានបញ្ហាផ្នែកទំនាក់ទំនងការទូតជាមួយគ្នា ៕ |
ឆែកឆេរលំនៅឋានពីរបន្ថែមទៀតឃាត់ខ្លួនមនុស្ស៤នាក់ពីបញ្ហាគ្រឿងញៀន Posted: 31 Mar 2011 11:37 PM PDT ក្រុងប៉ោយប៉ែត ៖ លំនៅឋានសង្ស័យថា ជាកន្លែងលក់ និងសេពគ្រឿងញៀន២កន្លែងបានត្រូវសមត្ថកិច្ចប៉ូលិសក្រុងធ្វើការឆែកឆេរ បន្ទាប់ពីជនសង្ស័យចង្អុលបង្ហាញ ។ ការឆែកឆេរលំនៅឋានសង្ស័យទាំង២កន្លែង បានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ មីនា និងបានឃាត់ខ្លួនមនុស្សចំនួន៤នាក់ តែពុំបានរកឃើញថ្នាំញៀនទេ ដោយប្រមូលបានតែឧបករណ៍សម្រាប់ជក់ និងជញ្ជីងថ្លឹងថ្នាំញៀនប៉ុណ្ណោះ ។ ជនសង្ស័យដែលប៉ូលិសឃាត់ខ្លួនរួមមាន១-ឈ្មោះម៉ៅ ភា ភេទប្រុស អាយុ៣៥ឆ្នាំ ២-ឈ្មោះប្រាក់ ជន ភេទប្រុស អាយុ៣៤ឆ្នាំ ៣-ឈ្មោះអេង បូរ៉ា ភេទប្រុស អាយុ១៩ឆ្នាំ និង៤-ឈ្មោះឌី រ៉ុម ភេទប្រុស អាយុ៥៥ឆ្នាំ ។ ពួកគេទាំង៤នាក់នេះ គឺឈ្មោះបូរ៉ា និងឈ្មោះរ៉ុម ត្រូវបានឃាត់ខ្លួននៅលំនៅឋានមួយ ឯឈ្មោះភា និងឈ្មោះជន ឃាត់ខ្លួននៅលំនៅឋានមួយផ្សេងទៀត ។ មន្ត្រីប៉ូលិសបានប្រាប់ថា ការឆែកឆេរ និងបង្ក្រាបលំនៅឋាន២កន្លែងថ្មីនេះ រកមិនឃើញថ្នាំញៀនទេ ដែលទំនងជាត្រូវគេបណ្តោះចេញអស់ ព្រោះទីតាំងនេះស្ថិតនៅជិតទីតាំងចាស់ដែលត្រូវបានឆែកឆេរកាលពីថ្ងៃទី២០ មីនា ម្យ៉ាងលំនៅឋានសង្ស័យទាំងពីរគឺប្រពន្ធគេចបាត់នៅសល់តែប្តី ។ ទោះបីជាបែបណាប៉ូលិសប្រាប់ថា ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវឆ្លងកាត់២ករណីផ្សេងទៀត គឺទី១ ធ្វើតេស្តទឹកនោម ទី២ ត្រូវស្រាវជ្រាវបន្ត បើមិនជាប់ពាក់ព័ន្ធនឹងដោះលែងឱ្យពួកគេវិលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែបើមានការពាក់ព័ន្ធនឹងបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕ |
រថយន្តកាម៉ាស្សសណ្តោងកន្ទុយបើកលឿនដល់ផ្លូវកោងធ្លាក់ចូលប្រឡាយក្រឡាប់ Posted: 31 Mar 2011 11:30 PM PDT រាជធានីភ្នំពេញ ៖ រថយន្តធុនធំដឹកកំណាត់សណ្តោងកន្ទុយរ៉ឺម៉កមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន ហើយបានជ្រុលទៅធ្លាក់ចូលប្រឡាយគ្មានទឹកមួយកន្លែងរួចជ្រុលទៅបុក និងខឿនមាត់លូពេញទំហឹង បណ្តាលឱ្យក្រពឹតរួញមុខ ឯកន្ទុយរ៉ឺម៉កសណ្តោងបានក្រឡាប់ដេកផ្អៀង ប៉ុន្តែសំណាងល្អមិនបណ្តាលឱ្យអ្នកបើកបររងរបួសឡើយ ។ ឧប្បត្តិហេតុគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១ មេសា ២០១១ លើកំណាត់ផ្លូវអូដឹម-កប់ស្រូវ មុខភូមិតិបក្ខញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌដង្កោ ។ រថយន្តដែលជួបឧប្បត្តិហេតុខាងលើនោះម៉ាកកាម៉ាស្សសណ្តោងកន្ទុយរ៉ឺម៉ក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ក-៣៦៦១ ភព៣ បើកបរដោយបុរស មិនស្គាល់ឈ្មោះម្នាក់ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តធុនធំមួយគ្រឿងនោះដឹកកំណាត់ដោយបង្កប់បាវម្សៅម៉ដ្ឋ ម្យ៉ាងពីខាងក្រោយ ដែលសមត្ថកិច្ចអត់ស្គាល់នោះទេ ប៉ុន្តែថៅកែអះអាងថា ជាអំបិល ។ នៅមុនពេលកើតហេតុ រថយន្តនោះបើកបរធ្វើដំណើរយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ទំនងជាអ្នកបើកបរងងុយដេកក៏បានជ្រុលចង្កូតធ្លាក់ចូលប្រឡាយដែលគ្មានទឹក រួចក៏ជ្រុលទៅបុកខឿនលូពេញទំហឹងទៀត បណ្តាលរថយន្តក្រពឹតរួញមុខ ។ ឯកន្ទុយរ៉ឺម៉ក ដែលសណ្តោងបានក្រឡាប់ចាក់កំណាត់ និងម្សៅម៉ដ្ឋ ពណ៌ស ដែលបង្កប់ពីក្រោមនោះទាំងអស់ ។ ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុគេបានយករថយន្តធុនធំ ទ្រុងវែង១គ្រឿង និងរថយន្តកូរ៉េ១តោនកន្លះ ១គ្រឿង ទៅដឹកកំណាត់ និងម្សៅម៉ដ្ឋពណ៌សនោះចេញយ៉ាងតក់ក្រហល់បំផុត ។ ទាក់ទិននឹងហេតុការណ៍នោះ សមត្ថកិច្ចប៉ូលិសខណ្ឌដង្កោមិនបាននាំយករថយន្តនោះទៅកាន់អធិការដ្ឋានប៉ូលិសខណ្ឌនោះទេ ព្រោះរថយន្តនោះជួបគ្រោះថ្នាក់ដោយខ្លួនឯង និងមិនមានប៉ះពាល់ដល់អ្នកដំណើរ ឬទ្រព្យសម្បត្តិអាយុជីវិតប្រជាពលរដ្ឋ ។ ដោយឡែក អ្នកបើកបររថយន្តបាននិយាយប្រាប់គេឯងថា ឧប្បត្តិហេតុនោះកើតឡើងដោយសាររថយន្តបែកកង់មុខខាងស្តាំ ហើយក៏បានជ្រុលទៅធ្លាក់ចូលប្រឡាយ និងបុកខឿនលូបែបនេះតែម្តង ។ ទោះបីជាបែបណា ប្រជាពលរដ្ឋបាននិយាយថា នៅត្រង់ចំណុចកើតហេតុនោះគឺជាផ្លូវកោង ហើយដោយសារការបើកបរលឿនពេក ទើបជ្រុលធ្លាក់ចូលប្រឡាយបង្កគ្រោះថ្នាក់បែបនេះ មិនពាក់ព័ន្ធនឹងការបែកកង់នោះឡើយ៕ |
លើកពេលបើកសវនាការកាត់ទោសសំណុំរឿងប្លន់ម៉ូតូ Posted: 31 Mar 2011 11:21 PM PDT ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី៣១ មីនាសាលាដំបូងខេត្តបានបើកសវនាការកាត់ទោសពិរុទ្ធជនពីរនាក់ក្នុងសំណុំរឿងប៉ុនប៉ងប្លន់ម៉ូតូកាលពីថ្ងៃទី២០ សីហា ឆ្នាំ២០១០ ស្ថិតនៅចំណុចស្ពានដែកក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូពីផ្ទះរបស់ខ្លួនទៅលេងផ្ទះម្តាយក្មេក ។ យោងតាមពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូបានឱ្យដឹងថា នៅថ្ងៃទី២០ សីហា ឆ្នាំ២០១០ វេលាម៉ោងប្រហែល១៩និង៤០នាទី មានជនបីនាក់បន្ទាប់ពីបានផឹកស្រានៅផ្ទះរបស់ពួកគេអស់ពីរលីត្រហើយពួកគេបាននាំគ្នាដើរកាត់តាមឈាបនដ្ឋាន ក្នុងនោះមានម្នាក់កាន់ដំបងនៅនឹងដៃក្នុងបំណងស្ទាក់ប្លន់ម៉ូតូនៅចំណុចខាងលើ។ លុះដល់វេលាម៉ោងប្រហែល១៩និង៥០នាទីក្នុងថ្ងៃដដែល ខ្លួនជាម្ចាស់ម៉ូតូឈ្មោះហោ សារ៉ែន ភេទស្រី បានជិះម៉ូតូម៉ាកសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ អត់ស្លាកលេខ តែម្នាក់ឯង តាមផ្លូវអាស៊ាន ពេលដល់ចំណុចគល់ស្ពានដែកខាងកើតបញ្ជាការដ្ឋានផ្នែកសឹករងក្រុងស្ទឹងត្រែងក៏ត្រូវជនសង្ស័យទាំងនោះស្ទុះមកវាយខ្លួននឹងដំបងត្រូវចំដៃខាងស្តាំ និងកញ្ចក់ម៉ូតូ ហើយខ្លួនក៏បានបន្ថែមល្បឿនម៉ូតូដើម្បីគេចឱ្យផុតពីការប្លន់រួចបានមករាយការណ៍ដល់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ខណៈដែលជនសង្ស័យទាំងនោះបានរត់គេចខ្លួនបាត់អស់ ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើសមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និងតាមរុករកជនសង្ស័យឃើញនៅផ្ទះឈ្មោះអ៊ី នេ ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ក៏ធ្វើការឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាក់ការតាមផ្លូវច្បាប់ ។ ជនសង្ស័យទាំងបីនាក់ខាងលើ ១-ឈ្មោះវឿន បិន ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតខេត្តសៀមរាប ជាកម្មករសំណង់ ២-ឈ្មោះទិត សាមឿន ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ជាកម្មករសំណង់ និង៣-ឈ្មោះគង់ ម៉ី ហៅខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ ជាជាងអគ្គិសនី ។ ពួកគេទាំងបីនាក់បានមកស្នាក់នៅបណ្តោះអាសន្នក្នុងភូមិថ្មលាភ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ធ្វើការជាកម្មករសំណង់ ។ ក្នុងចំណោមជនសង្ស័យទាំងបីនាក់ដែលត្រូវចាប់ខ្លួនមានម្នាក់បានរត់គេចខ្លួន ដោយប្រើល្បិចទៅបត់ជើង ខណៈសមត្ថកិច្ចកំពុងសួរចម្លើយបក្សពួក ។ ជនសង្ស័យជាបក្សពួកបានឆ្លើយសារភាពថា នៅមុនពេលកើតហេតុពួកខ្លួនបានសម្រាកពីការងារ ហើយបានទិញស្រាមកផឹកអស់ពីរលីត្រមានគ្នា៦នាក់ ក្រោយពីផឹករួចហើយបានបែកគ្នានៅសល់តែគ្នាបីនាក់ដើរទៅធ្វើសកម្មភាពវាយអ្នកជិះម៉ូតូនៅចំណុចស្ពានដែកក្នុងបំណងប្លន់យកម៉ូតូដោយឈ្មោះគង់ ម៉ី ហៅខ្មៅ ជាអ្នកកាន់ដំបងធ្វើសកម្មភាព ។ ក្រោយពេលធ្វើសកម្មភាពមិនបានសម្រេច ពួកខ្លួនបានដើរមកផឹកស្រាបន្តនៅផ្ទះអ៊ី នេ អស់ប្រហែលជាកន្លះលីត្រក៏ត្រូវសមត្ថកិច្ចមកឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋានខេត្តតែម្តង ។ តាមសាក្សីឃើញហេតុការណ៍នាយប់កើតហេតុនោះបាននិយាយក្នុងអង្គសវនាការថា នៅវេលាកើតហេតុខាងលើ មានសំឡេងស្ត្រីម្នាក់ស្រែកឱ្យជួយពេលគាត់ទៅមើលឃើញមានមនុស្សប្រហែល៤ទៅ៥នាក់ បាននាំគ្នារត់សំដៅទៅទិសខាងកើតបាត់អស់ហើយក៏ស្ងាត់ទៅ មួយសន្ទុះក្រោយមកក៏មានប៉ូលិសមកសួរថា មានឃើញមនុស្សដើរកាត់តាមផ្លូវនេះ ឬទេ? ខ្លួន (សាក្សី) បានឆ្លើយតបទៅវិញថា បានឃើញមែន តែទៅបាត់អស់ហើយទាំងខ្លួនពុំបានដឹងថា មានករណីអ្វីកើតឡើងផង ។ នៅក្នុងអង្គសវនាការកាលព្រឹកថ្ងៃទី៣០ មីនា ឆ្នាំ២០១១ ពិរុទ្ធជនទាំងពីរនាក់បានឆ្លើយផ្ទុយទៅនឹងចម្លើយសារភាពនៅកន្លែងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ដោយបានស្បថចំពោះមុខតុលាការហើយបាននិយាយថា នៅថ្ងៃទី២០ សីហា ឆ្នាំ២០១០ បន្ទាប់ពីឈប់សម្រាកពីការងារពួកខ្លួនបានទិញស្រាផឹកអស់ចំនួនពីរលីត្រ មានគ្នា៦នាក់ រួចក៏បែកគ្នានៅសល់តែពួកខ្លួនបីនាក់បានដើរមកផ្ទះលោកអ៊ី នេ ហើយបានឱ្យប្រាក់ទៅគេទិញស្រាចំនួន៥.០០០រៀលទៀតមកផឹក តែផឹកអស់កន្លះលីត្រក៏ស្រវឹងសន្លប់ទៅ មួយសន្ទុះក្រោយមកទើបមានសមត្ថកិច្ចមកហៅពួកគេនាំទៅកាន់ស្នងការដ្ឋានខេត្ត ។ លោកអ៊ី នេ ជាសាក្សីម្នាក់ក្នុងហេតុការណ៍ពេលមានសមត្ថកិច្ចមកឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះបាននិយាយនៅថ្ងៃបើកសវនាការនេះថា នៅយប់កើតហេតុខាងលើមានឈ្មោះគង់ ម៉ី ហៅខ្មៅ ទិត សាមឿន និងវឿន បិន បានដើរមកផ្ទះរបស់គាត់ទាំងស្រវឹង ហើយពួកគេបានឱ្យលុយទៅទិញស្រាផឹកបន្តទៀត តែផឹកមិនទាន់អស់ផង ក៏ដួលសន្លប់បាត់ទៅ លុះមួយសន្ទុះក្រោយមកទើបសមត្ថកិច្ចមកដាស់ឱ្យក្រោកឡើងនាំទៅកាន់ស្នងការដ្ឋានខេត្តតែម្តង ។ លោកម៉ែន វណ្ណៈ និងលោកចាន់ ខេមរិទ្ធ ក្រុមប្រឹក្សាជំនុំជម្រះ លោកជា ពេជ្រ តំណាងអយ្យការ លោកឈុំ សៀងហេង ក្រឡាបញ្ជី និងលោកឈុំ សុភឿន មេធាវីការពារជនជាប់ចោទបានធ្វើការចោទសួរអស់រយៈពេលកន្លះថ្ងៃតែដោយយោងតាមចម្លើយជនជាប់ចោទមានការផ្ទុយស្រឡះពីពេលកើតហេតុ និងឯកសារពុំគ្រប់គ្រាន់ក៏បានសម្រេចលើកពេលទៅកាត់ក្តីនៅថ្ងៃទី២៦ មេសា ឆ្នាំ២០១១ ខាងមុខជាបន្តវិញ៕ |
កុមារកំព្រាពីរនាក់បងប្អូនទទួលថវិកាពីសមាគមមិត្តកសិកម្ម Posted: 31 Mar 2011 11:18 PM PDT ខេត្តពោធិ៍សាត់ ៖ ថវិកា៦.០០០.០០០រៀល របស់សមាគមមិត្តកសិកម្ម និងអង្ករ២បាវជាអំណោយរបស់លោកបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវបានលោកស្រីកៅ សុជីវី អនុប្រធានរដ្ឋបាលជលផល និងលោកសេង ស៊ុនហ៊ួត នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នាំយកទៅប្រគល់ជូនគ្រួសារសពលោកលឹម ហាវ មន្ត្រីជលផលខេត្តដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១១ ដោយរោគាពាធ ។ ពិធីប្រគល់-ទទួលត្រូវបានរៀបចំធ្វើនៅក្នុងផ្ទះសពស្ថិតក្នុងភូមិក្បាលហុង ឃុំវាល ស្រុកកណ្តៀង ដោយមានការចូលរួមពីមន្ត្រីជលផល និងបងប្អូនសាច់ញាតិនៃសពផងដែរ ។ លោកសេង ស៊ុនហ៊ួត បានជម្រាបជូនថា ភរិយារបស់លោកលឹម ហាវ បានស្លាប់មុន បន្ទាប់មកលោកលឹម ហាវ បានស្លាប់ទៀត បន្សល់ទុកកូនប្រុសម្នាក់ និងកូនស្រីម្នាក់អាយុក្រោម១៣ឆ្នាំឱ្យកំព្រារស់នៅយ៉ាងលំបាកវេទនាជាមួយជីដូនចាស់ជរាម្នាក់ ។ ដូច្នេះហើយថវិកាសមាគមមិត្តកសិកម្ម និងអង្ករជាអំណោយរបស់លោករដ្ឋមន្ត្រីនេះយើងប្រគល់ជូនកូនទាំងពីរនាក់ទៅតាមបណ្តាំមរណៈរបស់លោកលឹម ហាវជាឪពុកកាលគាត់នៅរស់ ។ កូនប្រុស-ស្រីនៃសព និងជីដូនបានថ្លែងអំណរគុណទាំងអារម្មណ៍ក្តុកក្តួលណែនឱរ៉ាចំពោះក្រសួងកសិកម្មដែលបានបង្កើតឱ្យមានសមាគមមិត្តនេះឡើងមានប្រយោជន៍ធំធេងសម្រាប់ជួយដល់មន្ត្រីជលផលដែលទទួលមរណភាព ពិសេសប្តីប្រពន្ធ ឬកូនដែលនៅរស់បានថវិកាសម្រាប់ប្រកបរបរចិញ្ចឹមជីវិត ។ លោកស្រី កៅ សុជីវី អនុប្រធានរដ្ឋបាលជលផលបានចូលរួមរំលែកទុក្ខ និងសម្តែងការអាណិតអាសូរយ៉ាងខ្លាំងចំពោះក្មេងកំព្រាទាំងពីរដែលឪពុកម្តាយស្លាប់ចោលរស់នៅយ៉ាងវេទនាជាមួយជីដូនចាស់ជរា ។ ការបាត់បង់លោកលឹម ហាវ គឺជាការបាត់បង់មន្ត្រីជលផលមួយរូបដែលបានខិតខំយកអស់លទ្ធភាពទាំងចំណេះដឹង និងបទពិសោធន៍បំពេញការងារជូនរដ្ឋកន្លងមក ។ លោកស្រីអនុប្រធានរដ្ឋបាលជលផលបានផ្តាំផ្ញើដល់ក្មេងកំព្រាទាំងពីរនាក់បងប្អូនឱ្យខិតខំរៀនសូត្រ ស្តាប់ការទូន្មានរបស់ជីដូន ព្រោះយើងបាត់បង់ឪពុកម្តាយអស់ហើយ។ កុំធ្វើជាក្មេងទំនើងប្រព្រឹត្តអំពើអបាយមុខផ្សេងៗដូចជាជក់ថ្នាំញៀន លេងល្បែងស៊ីសងផឹកស្រា ឬចម្លងមេរោគអេដស៍ជាដើម ។ ចំពោះថវិកាសមាគមមិត្តកសិកម្មនេះ សូមក្មួយរក្សាទុកជាមួយជីដូនឱ្យបានត្រឹមត្រូវ ហើយសូមឱ្យអ៊ំ ពូ មីង របស់ក្មេងកំព្រាទាំងពីរជួយការពារទុកដាក់មើលថែរក្សាសម្រាប់ផ្គត់ផ្គង់ដល់ពួកគេក្នុងការសិក្សាឱ្យបានចំទិសដៅផង ៕ |
រយៈពេល៣ខែដំបូងនៃឆ្នាំ២០១១ ទាហានអូតង់ជាង១០០នាក់ស្លាប់នៅអាហ្វហ្គានីស្ថាន Posted: 31 Mar 2011 11:17 PM PDT ជម្លោះ និងការបះបោរដែលនៅបន្តក្នុងប្រទេសអាហ្វហ្គានីស្ថានបានបណ្តាលឱ្យស្លាប់ទាហានអង្គការអូតង់ជាង១០០នាក់ រយៈពេល៣ខែដំបូងនៃឆ្នាំ២០១១ ។ ចាប់តាំងពីដើមឆ្នាំ២០១១ មក កងកម្លាំងដឹកនាំដោយអង្គការអូតង់ សម្រាប់សង្គ្រាមប្រឆាំងភេរវកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាត់បង់ទាហាន១០៣នាក់ ភាគច្រើនជាជនជាតិអាមេរិក ដោយសារពួកតាលីបង់ ។ នេះបើតាមការឱ្យដឹងដោយគេហទំព័រមួយដែលតាមដានពីចំនួនអ្នកស្លាប់នៅអាហ្វហ្គានីស្ថាន ។ ប៉ុន្តែទោះបីជាបែបណា ចំនួនទាហានអង្គការអូតង់ដែលស្លាប់នៅអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០១១ នេះមានការធ្លាក់ចុះបើប្រៀបធៀបជាមួយឆ្នាំមុន ។ ក្នុងខែមករា តែមួយគត់នៃឆ្នាំ២០១១ ទាហានអង្គការអូតង់៣២នាក់បានស្លាប់ ប៉ុន្តែចំនួនស្លាប់នេះមានការធ្លាក់ចុះ បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១០ ដែលទាហានអង្គការអូតង់ស្លាប់ដល់៤៣នាក់ ។ ចំណែកនៅខែកុម្ភៈ ឆ្នាំដដែល ទាហានអង្គការអូតង់៣៨នាក់បានត្រូវស្លាប់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១០ ឃើញមានការធ្លាក់ចុះ ។ នៅខែមីនា ទាហានអូតង់៣៣នាក់ បានត្រូវស្លាប់ ហើយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពី២០១០ ឃើញមានការធ្លាក់ចុះដែរ ។ ទាហានអង្គការអូតង់ស្លាប់ក្នុងការវាយប្រហារផ្សេងៗដូចជាការបំផ្ទុះគ្រាប់បែកអត្តឃាតជាដើម បង្កឡើងដោយពួកសកម្មប្រយុទ្ធតាលីបង់ ៕ |
Posted: 31 Mar 2011 10:58 PM PDT កងកម្លាំងរបស់ប្រធានាធិបតីជាប់ឆ្នោតកូតឌីវ័រ លោកអាឡាស សាន អ៊ូអាតារ៉ា បានដាក់បំរាមគោចរក្នុងទីក្រុងអាប៊ីដហ្សាន់ រដ្ឋធានីសេដ្ឋកិច្ចរបស់ប្រទេស ហើយប្រកាសបិទព្រំដែនគោក ព្រំដែនអាកាស និងព្រំដែនសមុទ្ររហូតដល់មានបទបញ្ជាជាថ្មី ។ លោកឡូរ៉ង់ ហ្សេបាបូ ប្រធានាធិបតីចប់អាណត្តិហើយពុំព្រមចាកចេញពីអំណាចបានទទួលឱសានវាទមួយ ហើយស្ថិតក្នុងភាពស្ងៀមស្ងាត់ ។ ភាពតានតឹងនៅតែខ្ពស់ក្នុងទីក្រុងអាប៊ីដហ្សាន់ ជាកន្លែងដែលគេខ្លាចមានការប៉ះទង្គិចគ្នាចុងក្រោយរវាងកងកម្លាំងរបស់លោកអាឡាសសាន អ៊ូអាតារ៉ា និងកងកម្លាំងរបស់លោកហ្សេបាបូ ។ យោងតាមលោកហ្គីយ៉ូមសូរ៉ូ នាយករដ្ឋមន្ត្រីរបស់លោកអ៊ូអាតារ៉ា ថា កងកម្លាំងសាធារណរដ្ឋបានឡោមព័ទ្ធទីក្រុង អាប៊ីដហ្សាន់ កាលពីរសៀលថ្ងៃទី៣១ មីនា ។ លោកហ្គីយ៉ូម សូរ៉ូ បានព្រមានថា លោកហ្សេបាបូ ត្រូវចុះចូលនាពេលនេះ ។ នាយករដ្ឋមន្ត្រីរូបនេះបានទុកពេលដល់ប្រធានាធិបតីចប់អាណត្តិរហូតដល់ម៉ោង១៩ម៉ោងក្នុងស្រុក ដើម្បីលាលែងបើមិនដូច្នោះទេ គេនឹងតាមរកចាប់ខ្លួនលោកនៅកន្លែងលាក់ខ្លួន ។ ក្នុងសុន្ទរកថាតាមវិទ្យុ និងទូរទស្សន៍ លោកអាឡាស សានអ៊ូអាតារ៉ា បានអំពាវនាវកាលពីថ្ងៃទី៣១ មីនា ដល់ពួកយោធាដែលនៅមានស្វាមីភកិ្តចំពោះលោកហ្សេបាបូ ឱ្យចុះចូលជាមួយកងទ័ពលោក ។ យោងតាមប្រមុខបេសកកម្ម អ.ស.ប នៅកូតឌីវ័រ ONUCI ថា ប៉ូលិស និងទាហាន៥០.០០០នាក់ រហូតមកទល់ពេលនេះបានចាកចេញពីលោកហ្សេបាបូអស់ហើយ នៅសល់តែកងកម្លាំងពិសេសនៃឆ្មាំសាធារណរដ្ឋ និងកងកុំម៉ង់ដូពិសេស CECOS ប៉ុណ្ណោះ ។
ខណៈដែលរដ្ឋធានីសេដ្ឋកិច្ចកូតឌីវ័រកំពុងត្រូវឡោមព័ទ្ធ ហើយខ្លាចមានការប្រយុទ្ធគ្នាចុងក្រោយ រវាងកងទ័ពលោកអ៊ូអាតារ៉ា និងកងទ័ពលោកហ្សេបាបូ កងយោធាបារាំងនៅកូតឌីវ័របានដាក់ពង្រាយនៅទីក្រុងនេះ ដើម្បីការពារបណ្តាជនជាតិបារាំង ។
សហរដ្ឋអាមេរិកបានព្រមានកាលពីថ្ងៃទី៣១ មីនា ថា ពេលវេលារាប់ថយក្រោយសម្រាប់លោកហ្សេបាបូ ដែលជំហររបស់លោកត្រូវចុះខ្សោយយ៉ាងខ្លាំងហើយដែលត្រូវបោះបង់ចោលអំណាចនាពេលនេះដើម្បីចៀសវាងអំពើហិង្សាថែមទៀត ។ លោក JOHNNIE CARSON អនុរដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងថា ច្បាស់បំផុតដែលលោកហ្សេបាបូ ពេលនេះស្ថិតក្នុងជំហរមួយចុះខ្សោយយ៉ាងខ្លាំង ក្រោយបាត់បង់ដែនដីកាន់កាប់មួយផ្នែកយ៉ាងធំនៅភាគខាងត្បូងប្រទេស និងជាមួយការរត់ចោលជួររបស់កងទ័ព ។ នៅមានលទ្ធភាពមួយសម្រាប់លោកហ្សេបាបូ ដើម្បីបង្ការការបង្ហូរឈាម ។ យើងសង្ឃឹមថា លោកនឹងឆ្លៀតឱកាសនេះចាកចេញពីអំណាចដោយសន្តិវិធី ហើយលើកទឹកចិត្តពួកអ្នកគាំទ្រលោកឱ្យដាក់អាវុធចុះ ៕ |
ជនសង្ស័យជួញដូរគ្រឿងញៀន៥នាក់ត្រូវសមត្ថកិច្ចប៉េអឹមចាប់ខ្លួន Posted: 31 Mar 2011 08:53 PM PDT ខេត្តសៀមរាប ៖ ក្រុមជនសង្ស័យជួញដូរនិងចែកចាយគ្រឿងញៀនចំនួន៥នាក់ ក្នុងនោះមានស្ត្រីមា្នក់បានត្រូវសមត្ថកិច្ចការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដចាប់ឃាត់ខ្លួនជាបន្ដបន្ទាប់ កាលពីល្ងាចថ្ងៃទី៣០ មីនា និងព្រឹកថ្ងៃទី៣១ មីនា ដោយរឹបអូសបានអាវុធខ្លីម៉ាកកា៥៤មួយដើម រួមទាំងគ្រឿងញៀនម៉ាទឹកកកមួយចំនួនទៀត ។ ប្រតិបត្ដិការចាប់ខ្លួនជនសង្ស័យជួញដូរ និងចែកចាយគ្រឿងញៀនទាំង៥នាក់នេះ ធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការដ្ឋានខេត្ដចាប់ខ្លួនមន្ត្រីប៉ូលិសបម្រើការនៅការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់ម្នាក់ និងក្មេងស្រីពីរនាក់ដែលប្រមូលផ្ដុំគ្នាសំងំប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ផ្ទះសំណាក់ «សែនសុខ» ស្ថិតក្នុងភូមិត្រញំងសេះ សង្កាត់គោកចក ក្រុងសៀមរាប កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៩ មីនា ឆ្នាំ២០១១កន្លងទៅ ។ ទាក់ទិននឹងករណីចាប់ខ្លួនជនសង្ស័យទាំងនេះត្រូវបានលោកវរសេនីយ៍ឯកញឹម សីលាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ដប្រាប់តាមទូរសព្ទ័កាលពីព្រឹកថ្ងៃទី៣១ មីនាថា ជនទាំង៥នាក់នេះ គឺជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏ធំ និងមានជាប់ពាក់ព័ន្ធជាមួយបុគ្គលជាមន្ដ្រីសមត្ថកិច្ចផ្សេងទៀត ។ យោងតាមរបាយការណ៍របស់ការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដបានឱ្យដឹងថា ជនទាំងនេះមាន ៖ ១-ឈ្មោះបន រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ២-ឈ្មោះម៉ាន រី ភេទប្រុស អាយុ២៣ឆ្នាំ ៣-ឈ្មោះខែត ឃុនលាង ភេទប្រុស អាយុ២២ឆ្នាំ អ្នកទាំងពីរនាក់ នេះមានទីលំនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ៤-ឈ្មោះរៀម ចិន្ដា ហៅអាកា ភេទស្រី អាយុ២៣ឆ្នាំ ជានារីបំរើសេវាខារ៉ាអូខេ ស្នាក់នៅផ្ទះជួលក្នុងភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប ៥-ឈ្មោះអ៊ុយ កាឌី ហៅឆ្នុក ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅក្នុង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ក្រុមមន្ដ្រីកងរាជអាវុធហត្ថបានឱ្យដឹងផងដែរថា ជនសង្ស័យពីរនាក់ គឺឈ្មោះបន រដ្ឋា និងឈ្មោះម៉ាន រី ត្រូវបានចាប់ខ្លួននៅវេលាម៉ោង៥ និង ១០នាទីល្ងាចថ្ងៃទី៣០ មីនា នៅចំណតរថយន្ដក្រុង ក្នុងភូមិដក.ព សង្កាត់ស្លក្រាម ក្រុងសៀមរាប ខណៈពេលពួកគេទាំងពីរនាក់ចុះលើរថយន្ដ ក្រុងត្រឡប់ពីភ្នំពេញ បន្ទាប់មកបានសួរចម្លើយ និងឈានទៅចាប់ខ្លួនបក្សពួករបស់គេចំនួន៣នាក់ផ្សេងទៀត ។ នៅក្នុងប្រតិបត្ដិការចាប់ខ្លួនក្រុមជនជួញដូរនិងចែកចាយគ្រឿងញៀននេះ សមត្ថកិច្ចកងរាជអាវុធហត្ថរឹបអូសបានវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួនដូចជា កាំភ្លើងខ្លីម៉ាកា៥៤មួយដើម មានគ្រាប់៧គ្រាប់ បង់១ លេខ២៦៣៧ គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់ធំ និង១កញ្ចប់តូច ទម្ងន់ពីរជីប្រាំពីរហ៊ុន ។ ក្រៅពីនោះនៅមានទូរស័ព្ទដៃ២គ្រឿង ដបសម្រាប់ជក់១ មានបំពង់៣ ដែកកេះ៥ និងស្បោងដាក់គ្រឿងញៀន សម្រាប់ចែកចាយមួយចំនួន ម៉ាសបិទមុខ១ កាបូបខ្មៅ១ ។ ក្រុមអ្នកជួញដូរ និងផលិតគ្រឿងញៀនត្រូវបានចាត់ទុកថា ជាឧក្រិដ្ឋជន ដោយសារតែការប្រើប្រាស់បំពានគ្រឿងញៀនគ្រប់រូបភាព វាមិនត្រឹមតែធ្វើខូចបង់នូវសុខភាពរាងកាយប្រាជា្ញស្មារតីរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ តែវាថែមទាំងបង្កឱ្យមានហានិភ័យជាច្រើនមកលើសង្គមដូចជាបង្កឱ្យមានអំពើចោរកម្ម «លួច ឆក់ ប្លន់» ព្រមទាំងអំពើហិង្សាក្នុងគ្រួសារ ជាពិសេសជាកត្តាចម្លងចម្បងនូវមេរោគអេដស៍នៅពេលដែលក្រុមយុវជនប្រើប្រាស់គ្រឿងញៀនស្រវឹងងប់ងល់ ហើយរួមភេទសប្បាយជាក្រុមដោយពុំ បានប្រើស្រោមអនាម័យ ឬក៏ប្រើប្រាស់សឺរ៉ាំងចាក់បញ្ចូលគ្រឿងញៀនរួមគ្នា។ សូមបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី៩កញ្ញា ឆ្នាំ២០១០ គ្រឿងញៀនជាច្រើនប្រភេទមានតម្លៃជិត១០ម៉ឺនដុល្លារ ជាវត្ថុតាងប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនដែលរឹបអូសបានពីការបង្ក្រាបនៅទូទាំងខេត្ដសៀមរាប និងឧត្ដរមានជ័យក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ត្រូវបានសមត្ថកិច្ចចម្រុះខេត្ដសៀមរាប រួមទាំងមន្ដ្រីតុលាការបានធ្វើការដុតកំទេចចោល ។ បើយោងតាមកំណត់ហេតុស្ដីពីការរាប់គ្រឿងញៀនរបស់អយ្យការអមសាលាដំបូងខេត្ដសៀមរាបបង្ហាញថា វត្ថុតាងគ្រឿងញៀនដែលត្រូវបានដុតបំផ្លាញចោលនាពេលនោះ រួមមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់សញ្ញា WY ចំនួន៩.៥៩២គ្រាប់ និងមេតំហ្វេតាមីនប្រភេទម្សៅទឹកកកចំនួន៤៩២.៥កញ្ចប់ ។ នៅរសៀលថ្ងៃដដែលនោះ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ដសៀមរាប លោកវរសេនីយ៍ឯកញឹម សីលា បានមានប្រសាសន៍បន្ថែមថា ជនសង្ស័យជួញដូរ និងចែកចាយគ្រឿងញៀនទាំង៥នាក់នេះ ត្រូវបានធ្វើការសាកសួរនិងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ចំណែក អ្នកដែលជាប់ពាក់ព័ន្ធក្នុងករណីនេះមិនអនុញាតឱ្យរួចខ្លួនឡើយ ទោះបីអ្នកនោះជាសមត្ថកិច្ចក៏ដោយ ត្រូវតែតាមស្រាវជ្រាវចាប់ខ្លួនដូចគ្នាមិនអាចអត់អោនបានជាដាច់ខាត ៕ |
Posted: 31 Mar 2011 08:42 PM PDT រាជធានីភ្នំពេញ ៖ វេលាម៉ោង១០ព្រឹកថ្ងៃទី១ មេសា ២០១១ ទៅហើយ សមត្ថកិច្ចរកឃើញតែទូដែកមួយប៉ុណ្ណោះ ហើយទម្លាក់វាចុះមកដីយកទៅរក្សាទុក...ទូដែកនេះដាក់ឯកសារសំខាន់ៗជាច្រើន និងប៉ាស្ព័រ (លិខិតឆ្លងដែន) របស់បុគ្គលិកបរទេស ។ សមត្ថកិច្ចនៅតែមិនអាចប្រាប់ឱ្យដឹងថា តើមានកម្មករស្លាប់ប៉ុន្មាន របួសប៉ុន្មាននោះទេ ព្រោះមិនអាចចូលទៅក្នុងឱ្យដល់ទីជំរៅ ដើម្បីពិនិត្យបាន...ប៉ុន្តែបើតាមកម្មករដែលគេចចេញរួចពីគ្រោះកាចនេះបានឱ្យដឹងថា នៅជាន់ទី៣ មានជាប់កម្មករនៅលើនោះ យ៉ាងហោចណាស់ក៏ម្នាក់ ឬពីរនាក់ដែរ...មានអ្នកជាប់នៅក្នុងជណ្តើរយន្ត៤-៥នាក់ និងក្នុងបន្ទប់ផ្សេងៗច្រើននាក់ទៀត មិនដឹងថា វាសនាពួកគេយ៉ាងណានោះទេ? ដោយឡែកនៅកន្លែងកើតហេតុនោះដែរ ខាងមន្ត្រីនៃក្រុមហ៊ុនធានារ៉ាប់រងបានទៅពិនិត្យមើលមហន្តរាយ ហើយវាយតម្លៃថា ការខូចខាតនេះធំធេងណាស់ គឺប្រមាណ២៨លានដុល្លារ ព្រោះអគាររោងចក្រទាំងមូលមានទំហំ៦០ម៉ែត្រគុណនឹង៨០ម៉ែត្រ ត្រូវឆេះអស់៕ |
ការលាលែងរបស់រដ្ឋាភិបាលកូវ៉ែត Posted: 31 Mar 2011 08:32 PM PDT ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសរាយការណ៍ថា រដ្ឋាភិបាលកូវ៉ែតបានសុំលាលែងកាលពីថ្ងៃទី៣១ មីនា ក្នុងបរិបទដែលកំពុងកើតមានចលាចលទាំងឡាយក្នុងតំបន់ដែលចង់និយាយយោងដល់ការតវ៉ាខាងនយោបាយនៅប្រទេសបារ៉ែនជិតខាង ។ ការសុំលាលែងរបស់រដ្ឋាភិបាលកូវ៉ែតអាចលុបបំបាត់ចោលការប៉ុនប៉ងមួយរបស់រដ្ឋមន្ត្រី៣រូប ស្ថិតក្នុងគ្រួសាររាជវង្សអាល់សាបាហ៍ ដែលកាន់អំណាចបញ្ជូនកងទ័ពកូវ៉ែត ទៅចូលរួមធ្វើអន្តរាគមន៍នៅបារ៉ែនរួមជាមួយអារ៉ាប៊ី សាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ដើម្បីការពារគ្រួសាររាជវង្សបារ៉ែន ដែលកាន់អំណាច ។ ទាហានអារ៉ាប៊ីសាអូឌីត អេមីរ៉ាត អារ៉ាប់រួម និងរបស់រដ្ឋដទៃៗនៅតំបន់ឈូងសមុទ្រពែរ្ស៍ ដឹកនាំដោយពួកស៊ុននីតបានធ្វើអន្តរាគមន៍ចូលបារ៉ែនកាលពី២សប្តាហ៍មុនតាមសំណើរបស់ព្រះមហាក្សត្របារ៉ែន ។ រជ្ជកាលស៊ុននីតបារ៉ែន ដែលកាន់អំណាចក្នុងប្រទេសឆេះមានពួកស៊ុននីតភាគច្រើនប្រឈមមុខនឹងបាតុកម្មនានាទាមទារលទ្ធិប្រជាធិបតេយ្យចាប់តាំងពី១ខែមកហើយ ដោយព្រះមហាក្សត្រប្រកាសភាពអាសន្ន ហើយមនុស្សយ៉ាងតិច២០នាក់ ត្រូវស្លាប់ ក្នុងការបង្ក្រាបបាតុកម្ម ។ សភាកូវ៉ែត គឺជាសភាដែលសកម្មជាងគេបំផុតក្នុងពិភពអារ៉ាប់ ។ បណ្តាសមាជិកសភានេះបានចោទប្រកាន់ជារឿយៗដល់គ្រួសាររាជវង្សដែលកាន់អំណាចថា រំលោភបំពានអំណាចបង្កើតភាពមិនប្រក្រតីខាងហិរញ្ញវត្ថុ និងធ្វើឱ្យប៉ះពាល់ដល់សេរីភាព ។ ការសុំលាលែងរបស់រដ្ឋាភិបាលតែងកើតមានញឹកញាប់ក្នុងរដ្ឋជាសមាជិកអង្គការបណ្តាប្រទេសនាំប្រេងចេញ OPEC នេះ ។ កូវ៉ែតក៏ជាសម្ព័ន្ធមិត្តសំខាន់មួយរបស់សហរដ្ឋអាមេរិកជាកន្លែងចាកចេញរបស់កងទ័ពអាមេរិកភាគច្រើនទៅធ្វើសង្គ្រាមនៅអ៊ីរ៉ា់ក់ ៕ |
ជប៉ុនមានបំណងបិទចោលរោងចក្រនុយក្លេអ៊ែរដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយការរញ្ជួយដី Posted: 31 Mar 2011 08:24 PM PDT ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួផ្សាយឱ្យដឹងថា ប្រទេសជប៉ុនពេលនេះមានបំណងបិទចោលនូវរោចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួន ដែលរងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការរញ្ជួយដីដ៏ខ្លាំងកម្រិត៩រីស្ទ័រ បង្កឱ្យកើតមានរលកយក្សស៊ូណាមី កាលពីថ្ងៃទី១១ មីនា កន្លងមក ដោយសារការលិចធ្លាយសារធាតុវិទ្យុសកម្មនៅបន្តធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ ។ ម៉ាស៊ីនរេអាក់ទ័រចំនួន៤ ក្នុងចំណោមម៉ាស៊ីនរេអាក់ទ័រទាំង៦ នៅរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា រងផលប៉ះពាល់ធ្ងន់ធ្ងរដោយបាតុភូតរញ្ជួយដីនោះ បណ្តាលឱ្យលិចធ្លាយវិទ្យុសកម្មបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ។ នាយករដ្ឋមន្ត្រីជប៉ុន លោកណាអូតូ កាន ថ្លែងកាលពីថ្ងៃទី៣១ មីនា កន្លងមកនេះថា បើពិនិត្យពីរូបភាពគួរឱ្យសង្វេគ រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាត្រូវតែបិទចោលសិន ដើម្បីជាគុណប្រយោជន៍សម្រាប់ពលរដ្ឋជប៉ុន ។ នៅក្នុងសន្និសីទកាសែតមួយ លោក Tsunehisa Katsumata ប្រធានក្រុមហ៊ុន TEPCO ដែលគ្រប់គ្រងរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ថ្លែងថា ក្រុមហ៊ុនរបស់លោកមានផែនការបិទមិនឱ្យដំណើរការសិននូវម៉ាស៊ីនរេអាក់ទ័រ៤ ក្នុងចំណោមម៉ាស៊ីនរេអាក់ទ័រទាំង៦នៅរោងចក្រថាមពលនុយក្លេអ៊ែរនេះ។ ដោយសារកើតមានឧប្បត្តិហេតុនៅរោងចក្រថាមពលនុយក្លេងអ៊ែរហ្វូគូស៊ីម៉ា TEPCO ដែលជាក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ធំបំផុតរបស់ប្រទេសជប៉ុន ប្រឈមមុខនឹងបញ្ហាកង្វះខាតថាមពល ហើយប្រឈមមុខនឹងការប្តឹងសងជំងឺចិត្តយ៉ាងធ្ងន់ធ្ងរ ។ លោកនាយករដ្ឋមន្ត្រីណាអូតូ កាន ថ្លែងថា បញ្ហារោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា នឹងក្លាយជារបៀបវារៈសំខាន់ក្នុងកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសមហាឧស្សាហកម្ម និងមានសេដ្ឋកិច្ចជឿនលឿន G-8 ដែលនឹងរៀបចំឡើងនៅខែឧសភាខាងមុខនេះ ៕ |
នាយសេនាធិការកងទ័ពកូតឌីវ័រសុំសិទ្ធិជ្រកកោននៅអាហ្វ្រិកខាងត្បូង Posted: 31 Mar 2011 08:16 PM PDT រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងរាយការណ៍កាលពីថ្ងៃទី៣១ មីនា ថា នាយសេនាធិការកងទ័ពកូតឌីវ័រ ឧត្តមសេនីយ៍ហ្វីលីប ម៉ានហ្គូ បានរត់ភៀសខ្លួនចូលនិវេសនដ្ឋានឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងនៅទីក្រុងអាប៊ីដហ្សាន់។ ម្យ៉ាងទៀតរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានបដិសេធពាក្យចចាមអារ៉ាមនានាដែលថា លោកឡូរ៉ង់ ហ្សេបាបូ ប្រធានាធិបតីចប់អាណត្តិកូតឌីវ័រកំពុងចាកចេញទៅកាន់អាហ្វ្រិកខាងត្បូង ។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាហ្វ្រិកខាងត្បូង លោក CLAYSON MONYELA និយាយថា ឧត្តមសេនីយ៍ហ្វីលីប ម៉ានហ្គូ នាយសេនាធិការរបស់កងកម្លាំងការពារ និងសន្តិសុខកូតឌីវ័រ កាលពីយប់ថ្ងៃទី៣១ មីនា បានរត់ភៀសខ្លួនចូលក្នុងនិវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូតយើងលោក ZODWA LALLIE ៕ |
Posted: 31 Mar 2011 08:08 PM PDT រាជធានីភ្នំពេញ ៖ បន្ទាប់ពីរោងចក្រមិថុនាត្រូវគេគិតថា ខូចខាតអស់ទាំងស្រុងដោយសារអគ្គីភ័យលេបត្របាក់នោះ ព្រឹកឡើងថ្ងៃទី១ មេសា ២០១១ គេឃើញបុគ្គលិក-កម្មកររបស់រោងចក្រនេះមកអើតមើលស្ថានការណ៍នៃមហាវិនាសកម្មដោយទឹកមុខស្រគត់ស្រគំ ហើយសម្តែងការព្រួយបារម្ភថា ថៅកែទទួលរងការខូចខាតធ្ងន់ធ្ងរបែបនេះ តើគាត់ចាត់ចែងបើកប្រាក់ខែឱ្យពួកយើងទាន់ពេលវេលាដែរឬក៏អត់...ការឆេះរោងចក្រនេះ គឺជិតដល់ពេលបើកប្រាក់ខែល្មម...យើងសោកស្តាយណាស់ចំពោះមហន្តរាយដោយអគ្គីភ័យនេះ យើងអាណត្តិលោកថៅកែ ប៉ុន្តែយើងជាអ្នកក្រីក្រសង្ឃឹមលើតែប្រាក់ខែតែមួយមុខគត់ ម្យ៉ាងកៀកពេលចូលឆ្នាំថ្មីទៅហើយ ប្រសិនបើបើកប្រាក់មិនទាន់ តើយើងបានលុយឯណាទៅលេងស្រុកកំណើត ធ្វើបុណ្យធ្វើទាន? |
សាលារាជធានីចេញសេចក្តីប្រកាសពីតំបន់បឹងកក់ ជម្រើសទី៣គឺការអភិវឌ្ឍនៅនឹងកន្លែងនិងបន្តពិភាក្សាគ្នា Posted: 31 Mar 2011 07:59 PM PDT រាជធានីភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់សាលារាជធានីថ្ងៃទី៣១ មីនា បានឱ្យដឹងថា កាលពីថ្ងៃទី៣០មីនា ឆ្នាំ២០១១ នៅសាលារាជធានីភ្នំពេញបានបើកកិច្ចប្រជុំពិភាក្សាអំពីសំណើសុំដីទំហំ១៥ហិកតា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ធ្វើការអភិវឌ្ឍនៅនឹងកន្លែងដោយខ្លួនឯងក្រោមអធិបតីភាពលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីអភិបាលរងរាជធានីភ្នំពេញ នាយក នាយករងរដ្ឋបាល សាលារាជធានីភ្នំពេញ អភិបាល អភិបាលរងខណ្ឌដូនពេញ មន្ត្រីពាក់ព័ន្ធ ព្រមទាំងលោក លោកស្រីតំណាងបងប្អូនប្រជាពលរដ្ឋបឹងកក់ទាំង៧ភូមិ ។ ក្រោយពីជំនួបពិភាក្សាអស់រយៈពេលជិតពីរម៉ោង ដោយមានការយោគយល់ អធ្យាស្រ័យគ្នា រវាងតំណាងប្រជាពលរដ្ឋ និងសាលារាជធានីភ្នំពេញរួចមក អង្គប្រជុំសម្រេចបានលទ្ធផលដូចខាងក្រោម ៖ |
យករថយន្តឡង់គ្រីស្ស័រមួយគ្រឿងផ្លុងចោលនៅក្នុងស្នាក់ការគណបក្សប្រជាជនខណ្ឌមានជ័យ Posted: 31 Mar 2011 07:54 PM PDT រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាកឡង់គ្រីស្ស័រ ពណ៌ស្លែ ពាក់ស្លាកលេខ ព្រះសីហនុ ៣៤៩៥ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ជិះយកទៅប្លុងចោលកាលពីរសៀលថ្ងៃទី៣០ មីនា២០១១ នៅក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ ។ ទាក់ទិននឹងបញ្ហាយករថយន្តទៅប្លុងចោលនេះ នៅព្រឹកថ្ងៃទី១ មេសា សមត្ថកិច្ចខណ្ឌមានជ័យបានចុះមកពិនិត្យរថយន្តខាងលើ ព្រោះមានការសង្ស័យខ្លាចពាក់ព័ន្ធបទល្មើសផ្សេងៗដោយប្រការណាមួយ ។ តាមប្រភពព័ត៌មានពីក្រុមសន្តិសុខនៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី៣០ មីនា មានជនបរទេសម្នាក់យករថយន្តខាងលើមកចតទុកចោលរហូតដល់ព្រឹកថ្ងៃទី១ មេសា នៅមិនទាន់មានម្ចាស់មកយកឡើយ ។ ដោយសារតែបញ្ហានេះហើយទើបមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញចុះមកពិនិត្យ ។ ជាមួយនឹងព័ត៌មានខាងលើនេះអាចចាត់ទុកជាការអំពាវនាវដល់ម្ចាស់រថយន្តខាងលើផងដែរ សូមកុំយករថយន្តមកទុកចោលដោយពុំមាននរណាដឹងអត្តសញ្ញាណម្ចាស់រថយន្តដូច្នេះ ហើយប្រសិនដឹងដល់ម្ចាស់ត្រឹមត្រូវសូមមកទទួលយករថយន្តទៅវិញផង ដោយភ្ជាប់មកជាមួយនូវឯកសារសម្គាល់ឱ្យបានគ្រប់គ្រាន់៕ |
ពិធីការិនីកម្មវិធីកុមារវៃឆ្លាតជាតារាញញឹមមានមន្តស្នេហ៍ Posted: 31 Mar 2011 07:50 PM PDT
កាលពីនៅអាយុ១៣ឆ្នាំ នាងធ្លាប់ប្រលងក្នុងកម្មវិធីតម្លៃនៃទេពកោសល្យ ជាប់ចំណាត់ថ្នាក់លេខ១ប្រចាំស្ថានីយទូរទស្សន៍មួយដែលនោះជាកិត្តិយសរបស់នាង។ ក្រោយពីហាត់រៀនច្រៀង និងសម្តែងចេះស្ទាត់មក ណាលីនត្រូវបានផលិតកម្មក្រៅប្រទេសមួយចំនួនហៅឱ្យចូលរួមសម្តែងកាយវិការខារ៉ាអូខេ និងថតពាណិជ្ជកម្មផ្សេងៗជាច្រើន។ លើសពីនេះទៀត នាងមានឱកាសឡើងច្រៀងជាកិត្តិយសក្នុងកម្មវិធីប្រគំតន្ត្រីចុងសប្តាហ៍តាមស្ថានីយទូរទស្សន៍បាយ័ន ស៊ីធីអិន និងទូរទស្សន៍មួយចំនួនទៀតដែលភាគច្រើននាងច្រៀងបទរបស់អ្នកស្រីរស់ សេរីសុទ្ធា ប៉ែន រ៉ន តែក៏មានពេលខ្លះច្រៀងបទថ្មីៗដែរ។ កញ្ញាទិន សុភ័ក្ត្រណាលីន សិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុបឆ្នាំទី១ ផ្នែកគណនេយ្យ ហើយក្រៅម៉ោងសិក្សា នាងធ្វើជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍អប្សរា និងសម្តែងកាយវិការខារ៉ាអូខេ និងច្រៀងជាកិត្តិយសតាមកម្មវិធីទូរទស្សន៍នានា។ ទៅថ្ងៃអនាគតនាងចង់ចាប់អាជីពតាមជំនាញ និងបន្តអាជីពសិល្បៈដដែល ៕ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |