VOA News: ព័ត៌មាន: “មេធាវីការពារក្តីអំពាវនាវឲ្យដោះលែងឌុចឧក្រិដ្ឋជនសង្គ្រាមខ្មែរក្រហម” plus 5 more |
- មេធាវីការពារក្តីអំពាវនាវឲ្យដោះលែងឌុចឧក្រិដ្ឋជនសង្គ្រាមខ្មែរក្រហម
- សាលាក្រុងភ្នំពេញចាត់វិធានការហាមការផ្សាយពាណិជ្ជកម្មបារី
- ដំណើរទស្សនកិច្ចដ៏កម្ររបស់យោធាកូរ៉េខាងជើងនៅកម្ពុជា
- បណ្តាប្រទេសទន្លេមេគង្គនៅមិនទាន់សម្រេចចិត្តលើគម្រោងទំនប់របស់ឡាវ
- សាស្រ្តាចារ្យមើលឃើញការជំពាក់ជំពិននយោបាយក្នុងជម្លោះកម្ពុជានិងថៃ
- កម្មករទារទាមប្រាក់ខែពីថៅកែរោងចក្រក្ស័យធន
មេធាវីការពារក្តីអំពាវនាវឲ្យដោះលែងឌុចឧក្រិដ្ឋជនសង្គ្រាមខ្មែរក្រហម Posted: 29 Mar 2011 02:47 PM PDT ក្រុមមេធាវីការពារក្តីសមមិត្តឌុច អតីតមេដឹកនាំគុកស-២១ដ៏ព្រៃផ្សៃរបស់ខ្មែរក្រហមបានសុំតុលាការឧក្រិដ្ឋកម្មសង្គ្រាមដែលគាំទ្រដោយអង្គការសហប្រជាជាតិឲ្យបដិសេធចោលការកាត់ទោសឲ្យជននោះជាប់គុក។ សមមិត្តឌុច អតីតប្រធានគុករបស់ខ្មែរក្រហម បានបង្ហាញខ្លួននៅតុលាការឧក្រិដ្ឋកម្មសង្គ្រាមក្នុងទីក្រុងភ្នំពេញដើម្បីស្វះស្វែងរកការសម្រេចឲ្យរួចខ្លួនពីការដាក់ទោស។ កាលពីឆ្នាំទៅ តុលាការដែលគាំទ្រដោយអង្គការសហប្រជាជាតិបានកាត់ទោសឌុចឲ្យជាប់គុករយៈពេល៣៥ឆ្នាំបន្ទាប់ពីការកាត់សេចក្តីថាគាត់ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់អ្នកទោសជាង១២.០០០នាក់នៅមន្ទីរឃុំឃាំងស២១ដែលគាត់បានដឹកនាំពីចន្លោះឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៩។ ការកាត់ទោសបានត្រូវកាត់បន្ថយមកត្រឹម១៩ឆ្នាំពីព្រោះពេលវេលាដែលគាត់បានជាប់ទោសរួចហើយនិងកត្តាផ្សេងៗទៀត។ មន្ទីរឃុំឃាំងស-២១បានត្រូវប្រើប្រាស់ដោយខ្មែរក្រហមជាទីកន្លែងឃុំឃាំងនិងធ្វើទារុណកម្មមនុស្សរាប់ពាន់នាក់ដែលចាត់ទុកជាសត្រូវរបស់បដិវត្តន៍មុនពេលយកពួកគេទៅប្រហារជីវិត។ ក៏ប៉ុន្តែកាលពីថ្ងៃច័ន្ទ មេធាវីរបស់ឌុចបានប្រាប់តុលាការថាកូនក្តីរបស់ពួកគាត់គួរតែមានសេរីភាពពីព្រោះគាត់មិនមែនសមាជិកជាន់ខ្ពស់របស់ចលនាខ្មែរក្រហមទេ ហើយគ្រាន់តែធ្វើតាមបញ្ជាតែប៉ុណ្ណោះ។ ការប្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តី បានផ្តោតលើការជជែកឲ្យហេតុផលរបស់ខ្លួនថាតុលាការខ្វះយុត្តាធិការដើម្បីកាត់ទោសឌុច។ ក៏ប៉ុន្តែ សុន្ទរកថារយៈពេលមួយម៉ោងដែលធ្វើឡើងដោយមេធាវីការពារក្តីនាំមុខម្នាក់របស់ឌុចបានថ្លែងឥតចុងឥតដើមហើយនឹងច្រំដែលៗនិងមិនអាចជឿទុកចិត្តបាននៅទីបញ្ចប់។ លោកស្រី Anne Heindel ទីប្រឹក្សាច្បាប់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា មានវត្តមាននៅសវនាការនោះកាលពីថ្ងៃច័ន្ទដែរ។ លោកស្រី Heindel មានប្រសាសន៍ថា លោកស្រីនឹងមិនមានការភ្ញាក់ផ្អើលទេប្រសិនបើឌុចទៅជាបានទទួលទោសរយៈពេលកាន់តែយូរថែមទៀត មិនមែនតិចជាងដោយសារការប្តឹងឧទ្ធរណ៍នោះ ពីព្រោះរដ្ឋអាជ្ញាមានភស្តុតាងច្រើនណាស់។ «ដោយផ្អែកទៅលើអ្វីដែលរដ្ឋអាជ្ញានិយាយដោយសារពួកគេបានលាតត្រដាងការជជែកដេញដោលដែលមានភស្តុតាងគួរឲ្យជឿជាក់មួយចំនួន។ ហើយដោយផ្អែកទៅលើអ្វីដែលយើងបានឃើញនៅពេលព្រឹកនេះ ខ្ញុំនឹងមានការភ្ញាក់ផ្អើលប្រសិនបើមេធាវីការពារក្តីបានជជែកឲ្យហេតុផលតបតប្រឆាំងរដ្ឋអាជ្ញាវិញនោះ»។ តុលាការមានអាណត្តិដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់ដែលនៅរស់រានមានជីវិតហើយនឹងជនណាដែលបានចាត់ទុកថាមានការទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មដែលបានធ្វើឡើងនៅក្រោមការគ្រប់គ្រងប្រទេសកម្ពុជារបស់ចលនាខ្មែរក្រហម។ រដ្ឋអាជ្ញានិយាយថាការណ៍នេះមានន័យថាមានប្រភេទជនចុងចោទដ៏សំខាន់២ គឺពួកមេដឹកនាំជាន់ខ្ពស់ហើយនិងអ្នកទទួលខុសត្រូវខ្ពស់បំផុត។ ក៏ប៉ុន្តែ មេធាវីការពារក្តីម្នាក់និយាយថា មានតែខ្មែរក្រហមមួយប្រភេទទេ គឺពួកមេដឹកនាំជាន់ខ្ពស់ដែលជាអ្នកទទួលខុសត្រូវបំផុតដែរ។ ហើយដោយសារតែឌុច មិនមែនជាមេដឹកនាំជាន់ខ្ពស់ដែលធ្វើគោលនយោបាយ តុលាការមិនគួរកាត់ទោសគាត់ទេ។ អ្នកជំនាញការច្បាប់មិនបានចាត់ទុកថាការទាញយកអំណះអំណាងដូច្នេះជាការជជែកដេញដោលខ្លាំងមួយទេ ក៏ប៉ុន្តែវាជាសញ្ញានៃភាពទន់ខ្សោយរបស់ឌុច។ ឌុចបានទទួលសារភាពពីតួនាទីរបស់ខ្លួនក្នុងការស្លាប់មនុស្សរាប់ពាន់នាក់។ ពួកចៅក្រមបានសុំឲ្យរដ្ឋអាជ្ញាបង្ហាញភស្តុតាងឲ្យបានត្រឹមត្រូវពីការសន្និដ្ឋានថាមានមេដឹកនាំខ្មែរក្រហមពីរប្រភេទនោះ។ លោក Andrew Cayley រដ្ឋអាជ្ញាអន្តរជាតិបានប្រាប់តុលាការថាអង្គការសហប្រជាជាតិនិងរដ្ឋាភិបាលបានយល់ព្រមលើរបៀបកាត់ក្តីរបៀបនេះ។ «មុនពេលកិច្ចព្រមព្រៀងឆ្នាំ១៩៩៩ក្រុមអ្នកជំនាញការអង្គការសហប្រជាជាតិបាននិយាយយ៉ាងច្បាស់លាស់ថាមានបុគ្គល២ប្រភេទដែលគួរត្រូវយកមកកាត់ទោស គឺពួកមេដឹកនាំជាន់ខ្ពស់ដែលមានការទទួលខុសត្រូវលើការរំលោភធ្វើបាប ក៏ដូចជាអ្នកទទួលខុសត្រូវកម្រិតទាបដែលមានការជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងអំពើឃោរឃៅដ៏ធ្ងន់ធ្ងរ»។ លោក Cayley មានប្រសាសន៍បន្តទៀតថា ច្បាប់ដែលបានអនុម័តដោយរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលបានបញ្ជាក់ពីការបែងចែកជនសង្ស័យជាពីរប្រភេទ។ បន្ថែមពីនេះ រដ្ឋអាជ្ញានិយាយថា មេធាវីការពារក្តីរបស់ឌុចមិនបានជំទាស់ប្រឆាំងយុត្តាធិការរបស់តុលាការទេរហូតទាល់តែបិទការកាត់ទោស ដែលមានការយឺតពេលទៅហើយ។ ការកាត់ក្តីលើបណ្តឹងឧទ្ធរណ៍របស់ឌុច ត្រូវគេគ្រោងនឹងបញ្ចប់នៅថ្ងៃពុធហើយជាឱកាសចុងក្រោយបង្អស់របស់គាត់ឲ្យបានទទួលការដោះលែង។ តុលាការនឹងសម្រេចសាលក្រមនៅខែមិថុនា៕ ប្រែសម្រួលដោយ ជឹង ប៉ូជីន This posting includes an audio/video/photo media file: Download Now |
សាលាក្រុងភ្នំពេញចាត់វិធានការហាមការផ្សាយពាណិជ្ជកម្មបារី Posted: 29 Mar 2011 02:23 PM PDT សាលាក្រុងភ្នំពេញកាលពីសប្តាហ៍មុន បានចេញសេចក្តីជូនដំណឹងមួយដល់បណ្តាក្រុមហ៊ុន និងទីភ្នាក់ងារថ្នាំជក់ទាំងអស់ឲ្យបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មបារីគ្រប់ប្រភេទតាមទូរទស្សន៍ វិទ្យុ និងប៉ាណូធំៗ។ ក្រុមហ៊ុនថ្នាំជក់មួយចំនួនដែលកំពុងមានដំណើរការអាជីវកម្មនៅកម្ពុជាបានផ្សព្វផ្សាយផលិតផលបារីរបស់ខ្លួននៅតាមផ្ទាំងប៉ាណូធំៗ នៅតាមមហាវិថីសំខាន់ៗ សួនច្បារសាធារណៈ តាមកញ្ចក់ទូរទស្សន៍ និងតាមវិទ្យុជាដើម។ នៅក្នុងសេចក្តីជូនដំណឹង ក្រុងភ្នំពេញបានធ្វើការណែនាំក្រុមហ៊ុន និងទីភ្នាក់ងារទំាងឡាយណាដែលពាក់ព័ន្ឋនឹងការចែកចាយបារីឲ្យបញ្ឈប់់ជាបន្ទាន់រាល់ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនដោយរាប់បញ្ជូលទាំងការផ្សព្វផ្សាយតាមរយៈខិតប័ណ្ណ បិទក្រដាស និងផ្សព្វផ្សាយតាមទីសាធារណៈនានា។ លោកគន់ លឹម នាយកគ្រប់គ្រងផ្នែកសាជីវកម្ម និងច្បាប់នៃក្រុមហ៊ុនថ្នាំជក់អង់គ្លេស អាមេរិកាំង កម្ពុជា បានបញ្ជាក់ប្រាប់វីអូអេខ្មែរនៅថ្ងៃអង្គារ៍នេះថា លោកមិនទាន់បានទទួលសេចក្តីជូនដំណឹងរបស់សាលាក្រុងភ្នំពេញនៅឡើយទេ។ ក៏ប៉ុន្តែលោកបានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកបានទទួលអនុក្រិត្យរបស់រដ្ឋាភិបាលស្តីពីការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មបារីកាលពីខែកុម្ភៈ។ លោកបានមានប្រសាសន៍ទៀតថា ក្រុមហ៊ុនរបស់លោកបានចាត់វិធាការរួចហើយ ដើម្បីបញ្ឈប់ ការផ្សព្វផ្សាយពាណិជ្ជកម្មបារីនេះ ដោយលោកបានសន្យាថា នឹងធ្វើឲ្យបានចប់សព្វគ្រប់នៅក្នុងរយៈ ពេល៦ខែខាងមុខនេះ។ លោកលឹម បានប្រាប់វីអូអេខ្មែរ យ៉ាងដូច្នេះថា៖ «ច្បាប់បំរាមការផ្សាយពាណិជ្ជកម្ម គឺមិនមែនចំណុចមួយ ដែលធ្វើឲ្យមានការប៉ះពាល់ដល់ឧស្សាហកម្មថ្នាំជក់ធំពេកទេ។ ប៉ុន្តែអ្វីដែលខ្ញុំយល់គឺថា ផលដែលប៉ះពាល់ខ្លាំង គឺចំពោះឧស្សាហកម្ម ផ្សព្វផ្សាយ។ ក្រុមហ៊ុនផ្សព្វផ្សាយ និងភ្នាក់ងារផ្សព្វផ្សាយនៅពេលណាគេបាត់បង់ឱកាសផ្សព្វផ្សាយផលិតផលថ្នាំជក់ក្នុងរយៈពេលខ្លី គេអាចរកផលិតផលដទៃទៀតយកមកផ្សាយជំនួសបាន»។ កាលពីថ្ងៃទី២៤ខែកុម្ភៈ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយដែលមានប្រាំមួយជំពូកនិង១៣មាត្រា ដោយបានហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានលក្ខណៈទ្រង់ទ្រាយធំតាមរយៈ វិទ្យុ ទូរទស្សន៍ និងតាមផ្ទាំងប៉ាណូផ្សេងៗនៅក្នុងរយៈពេល៦ខែ។ លោក មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ថាកម្ពជាជាសមាជិកអនុសញ្ញាស្តីពីការគ្រប់គ្រងថ្នាំជក់ ដូច្នេះ ត្រូវមានកាតព្វកិច្ចហាមឃាត់រាល់ទម្រង់នៃការផ្សាយពាណិជ្ជកម្មឲ្យបានរយៈពេលប្រាំឆ្នាំ។ លោកបានមានប្រសាសន៍ទៀតថា ការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីការពារដល់កុមារ និងយុវជនឲ្យជៀសផុតពីការធ្លាក់ចូលទៅ និងការញៀនផលិតផលថ្នាំជក់។ លោកបន្តថា៖ «ខ្ញុំគិតថា សេចក្តីជូនដំណឹងនេះ គឺប្រសើរណាស់ពីព្រោះវាបានចូលរួមពង្រឹងការអនុវត្តការហាមឃាត់ការផ្សាយពាណិជ្ជកម្មនេះចាប់ពីខែសីហាឆ្នាំ២០១១តទៅនេះ»។ លោក វង្ស សាវុធ អាយុ៣១ឆ្នាំ ជាមគ្គុទេសទេសចរណ៍មួយរូបនៅក្នុងខេត្តសៀមរាបបាននិយាយថា លោកធ្លាប់បានជក់បារីអស់រយៈពេល១១ឆ្នាំមកហើយ។ ក៏ប៉ុន្តែលោកបានគាំទ្រប្រសិនបើកម្ពុជាបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងស្រុងអំពីផលិតផលថ្នាំជក់។ លោក សាវុធ និយាយថា៖ «បាទ! គេធ្វើអញ្ចឹងក៏ល្អដែរ សព្វថ្ងៃខ្ញុំឃើញបារីស្រុកខ្មែរយើងកាន់តែរីកដុះដាល។ រួចអ្នកជក់ គេហាមជក់បារី បារីកាន់តែច្រើនទៅៗ ព្រោះថាបើសិនជាបារីកាន់តែឡើងថ្លៃទៅអ្នកជក់អត់មានលុយជក់ទេ»។ តួលេខរបស់អង្គការសុខភាពពិភពលោកឲ្យដឹងថា យ៉ាងតិចមានប្រជាពលរដ្ឋទូទាំងពិភពលោកប្រមាណ៥.៤លាននាក់បានស្លាប់ដោយការជក់បារីក្នុងមួយឆ្នាំៗ។ នៅកម្ពុជាអត្រាជក់បារីរបស់យុវវ័យពី១១ ដល់១៣ឆ្នាំមានរហូតដល់១១ភាគរយ៕ This posting includes an audio/video/photo media file: Download Now |
ដំណើរទស្សនកិច្ចដ៏កម្ររបស់យោធាកូរ៉េខាងជើងនៅកម្ពុជា Posted: 29 Mar 2011 01:42 PM PDT មន្ត្រីផ្លូវការក្រសួងការពារជាតិកម្ពុជាបានថ្លែងនៅថ្ងៃអង្គារនេះថា ក្រុមមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា និងកូរ៉េខាងជើងបានពិភាក្សាគ្នានៅក្នុងទីក្រុងភ្នំពេញអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍លើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ លោក ផាក ជែហ្គីយ៉ុង (Pak Jae-gyong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសកូរ៉េខាងជើងបានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ចំនួន៩រូបមកទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែមិនាដើម្បីស្វែងយល់ពីវិស័យការពារជាតិរបស់កម្ពុជា។ លោក ផាក ជែហ្គីយ៉ុង បានជួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ និងមេបញ្ជាការកងទ័ពជាន់ខ្ពស់កម្ពុជា ព្រមទាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងព្រះមហាក្សត្រ។ លោកឧត្តមសេនីយ៍ ឯក ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា៖ «គាត់មកទស្សនកិច្ចសំខាន់បំផុតគឺពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកអនុរដ្ឋមន្ត្រីការពារប្រទេសកូរ៉េងខាងជើងមកទស្សនកិច្ចនៅកម្ពុជានេះ សំដៅផ្លាស់ប្តូរនូវទស្សនវិស័យខាងវិស័យការពារជាតិរវាងប្រទេសទាំងពីរ»។ លោកឧត្តមសេនីយ៍ ឯក ឈុំ សុជាតិ បានបញ្ជាក់ថា គណៈប្រតិភូយោធាជាន់ខ្ពស់កូរ៉េខាងជើងបានទស្សនានៅសាលាបច្ចេកទេសមួយចំនួនរបស់កងទ័ពកម្ពុជា ដើម្បីស្វែងយល់ពីវិស័យការពារជាតិរបស់កម្ពុជា។ ដំណើរទស្សនកិច្ចរបស់មន្ត្រីយោធាជាន់ខ្ពស់កូរ៉េងខាងជើងនេះបានធ្វើឡើង ខណៈដែលកងទ័ពកម្ពុជា និងកងទ័ពថៃនៅតែប្រឈមមុខដាក់គ្នានៅក្នុងតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ។ លោកឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានកម្ពុជាដើម្បីសហប្រតិបត្តិការនិងសន្តិភាព (CICP) បានថ្លែងប្រាប់វីអូអេខ្មែរថា ដំណើរទស្សនកិច្ចរបស់លោកអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើងនៅពេលនេះមិនមានផលប្រយោជន៍ដុំកំភួនសម្រាប់កម្ពុជាទេ។ ប៉ុន្តែវាគ្រាន់តែជាការពង្រឹងទំនាក់ទំនងផ្នែកកាទូតប៉ុណ្ណោះ។ លោកវណ្ណារិទ្ធថ្លែងថា៖ «ខ្ញុំគិតថា ទាក់ទងនឹងវិស័យការពារជាតិចំពោះកម្ពុជា ប្រហែលជាយើងមិនសម្លឹងឃើញពីផលប្រយោជន៍ពីប្រទេសកូរ៉េខាងជើងទេ ពីព្រោះប្រទេសកូរ៉េខាងជើងចំពោះមតិ និងការយល់ឃើញរបស់អន្តរជាតិ គឺមិនមានភាពវិជ្ជមានច្រើនទេ។ ការទទួលស្វាគមន៍របស់គណៈប្រតិភូកូរ៉េខាងជើងលើកនេះ គឺជាការបង្ហាញនូវភាពឯករាជ្យមួយរបស់កម្ពុជាក្នុងវិស័យនយោបាយការបរទេសតែប៉ុណ្ណោះ»។ ស្រដៀងគ្នានេះដែរ លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានបញ្ជាក់ប្រាប់វីអូអេខ្មែរថាដំណើរទស្សនកិច្ចរបស់មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើងនេះអាចនឹងជួយធ្វើឱ្យមានផ្លែផ្កាដល់វិស័យការពារជាតិកម្ពុជានៅពេលអនាគ។ «យើងគិតផលប្រយោជន៍របស់យើង។ យើងទាក់ទងជាមួយប្រទេសកាន់តែច្រើនកាន់តែល្អដើម្បី បន្សាបឥទ្ធិពលប្រទេសឯទៀត។ បើយើងមានទំនាក់ទំនងកាន់តែច្រើន យើងអាចបន្សាប់ឥទ្ធិពលនោះបាន»។ គណៈប្រតិភូយោធាជាន់ខ្ពស់កូរ៉េខាងជើងបានមកទស្សនកិច្ចកម្ពុជាលើកទីមួយនៅក្នុងឆ្នាំ១៩៩៥ ហើយទស្សនកិច្ចលើកនេះជាទស្សនកិច្ចលើកទីពីរចាប់តាំងពីឆ្នាំ១៩៩៥៕ This posting includes an audio/video/photo media file: Download Now |
បណ្តាប្រទេសទន្លេមេគង្គនៅមិនទាន់សម្រេចចិត្តលើគម្រោងទំនប់របស់ឡាវ Posted: 29 Mar 2011 01:03 PM PDT កិច្ចប្រជុំរបស់បណ្តាប្រទេសទន្លេមេគង្គបានបិទបញ្ចប់ហើយនៅចុងសប្តាហ៍កន្លងទៅនេះ ដោយពុំទាន់មានការសម្រេចណាមួយនៅឡើយ ថាតើគម្រោងសាងសង់ទំនប់វារីអគ្គីសនីសាយ៉ាប៊ូរីរបស់ប្រទេសឡាវនៅលើដងទន្លេមេគង្គនឹងត្រូវអនុវត្តឬក៏យ៉ាងណានោះ។ បណ្តាប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ (MRC) រួមមាន ថៃ ឡាវ កម្ពុជា និងវៀតណាម បានសម្រេចជួបប្រជុំគ្នាម្តងទៀតនៅខែក្រោយ ដើម្បីស្វែងរកការសម្រេចចិត្តចុងក្រោយមួយទៅលើគម្រោងសាងសង់ទំនប់វារីអគ្គីសនីសាយ៉ាប៊ូរី (Xayaburi) ឆ្លងកាត់ទន្លេមេគង្គនៅភាគខាងជើងប្រទេសឡាវ។ ការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំពេញអង្គរយៈពេល២ថ្ងៃរបស់បណ្តាប្រទេសនៃអាងទន្លេមេគង្គក្រោមទាំងនេះ។ កិច្ចប្រជុំដែលបានបិទបញ្ចប់នៅថ្ងៃសៅរ៍ទី២៦ខែមីនានេះក្នុងក្រុងព្រះសីហនុនៃប្រទេសកម្ពុជា។ លោក តែ ណាវុទ្ធ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធាននៃគណៈកម្មាធិការរួមរបស់គណៈកម្មការទន្លេមេគង្គសម្រាប់ឆ្នាំ២០១០និង២០១១នេះ មានប្រសាសន៍ប្រាប់ វីអូអេខ្មែរ ក្រោយពីកិច្ចប្រជុំនេះ ដោយស្នើសុំមិនបញ្ចេញសំឡេងថា ក្រៅពីប្រទេសឡាវដែលជាម្ចាស់គម្រោងនោះ ប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គដទៃទៀត ត្រូវការព័ត៌មានជាក់លាក់និងពេលវេលាបន្ថែមទៀត មុននឹងសម្រេចចិត្តជាផ្លូវការថាតើគម្រោងសាងសង់ទំនប់វារីអគ្គីសនីសាយ៉ាប៊ូរីនោះ គួរតែត្រូវអនុវត្តឬក៏យ៉ាងណានោះ។ ការជួបប្រជុំគ្នាម្តងទៀតរវាងបណ្តាប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គដើម្បីសម្រេចទៅលើគម្រោងសាងសង់ទំនប់សាយ៉ាប៊ូរីនោះ គ្រោងនឹងធ្វើឡើងនៅក្នុងទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវនៅថ្ងៃទី២១ខែមេសាឆ្នាំ២០១១ ពោលគឺមួយថ្ងៃមុនកាលបរិច្ឆេទកំណត់ចុងក្រោយនៃដំណើរការពិគ្រោះយោបល់ជាមុនទៅលើគម្រោងសាងសង់ទំនប់នោះ។ លោក ជេរេមី ប៊ឹត (Jeremy Bird) នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គមានប្រសាសន៍ប្រាប់វីអូអេខ្មែរ ក្រោយពីបិទកិច្ចប្រជុំនៅថ្ងៃសៅរ៍នេះថា រហូតដល់កិច្ចប្រជុំបន្ទាប់នោះ ប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ នឹងតម្រូវឲ្យផ្តល់គោលជំហរផ្លូវការរបស់ខ្លួនទៅលើគម្រោងសាងសង់ទំនប់សាយ៉ាប៊ូរីរបស់ប្រទេសឡាវនោះ។ «ឥឡូវប្រទេសនីមួយៗត្រូវឆ្លើយតបជាផ្លូវការទៅនឹងគម្រោងដែលដាក់ស្នើដោយប្រទេសឡាវ ដោយប្រើប្រាស់គំរូនៃទម្រង់បែបបទដែលបានព្រមព្រៀងគ្នារួចហើយ ក្រោមនីតិវិធីរបស់គណៈកម្មការទន្លេមេគង្គ»។ ទំបន់វារីអគ្គីសនីសាយ៉ាប៊ូរី ស្ថិតក្នុងចំណោមទំនប់វារីអគ្គីសនីចំនួន១២ដែលគេគ្រោងនឹងសាងសង់នៅលើដងទន្លេមេគង្គក្រោម។ ទំនប់ដែលអាចផលិតថាមពលអគ្គីសនីក្នុងកម្រិត ១.២៥០មេហ្គាវ៉ាត់នេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុនថៃមួយដោយចំណាយទឹកប្រាក់អស់៣.៥០០លានដុល្លារអាមេរិក។ យោងតាមរបាយការណ៍របស់អង្គការទន្លេអន្តរជាតិ (International Rivers) បានឲ្យដឹងថា ប្រសិនបើត្រូវបានសាងសង់មែននោះ ទំនប់សាយ៉ាបូរីនេះនឹងធ្វើឲ្យខូចខាតជាអចិន្ត្រៃយ៍ដល់ប្រព័ន្ធអេកូឡូស៊ីនិងជីវចម្រុះនៅក្នុងទន្លេមេគង្គ។ ជាលទ្ធផល វានឹងធ្វើឲ្យបាត់បង់ពពួកពូជមច្ឆាយ៉ាងតិចចំនួន៤១ប្រភេទដែលជិតផុតពូជនិងកំពុងរងការគំរាមកំហែងដូចជាត្រីរាជជាដើម ហើយនឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់សិបលាននាក់ ជាពិសេសគឺប្រជាជនកម្ពុជាដែលពឹងអាស្រ័យយ៉ាងសំខាន់ទៅលើទន្លេដ៏វែងជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ កាលពីថ្ងៃទី២២ខែមីនានេះ បណ្តាញអង្គការចំនួន២៦៣ក្នុងប្រទេសចំនួន៥១ បានធ្វើលិខិតរួមគ្នាមួយផ្ញើជូនរដ្ឋាភិបាលឡាវនិងថៃ ដោយអំពាវនាវឲ្យរដ្ឋាភិបាលទាំងពីរបញ្ឈប់ផែនការកសាងទំនប់វារីអគ្គីសនីសាយ៉ាប៊ូរីនេះ ដើម្បីបញ្ជៀសផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជននៅតាមបណ្តោយដងទន្លេមេគង្គក្រោមនេះ។ លោក ស៊ុន ម៉ៅ ប្រធានក្រុមអភិវឌ្ឍជនបទកម្ពុជា ដែលជាអង្គការការពារបរិស្ថានក្នុងស្រុកមួយប្រចាំនៅខេត្តក្រចេះនិងដែលស្ថិតនៅក្នុងចំណោមអង្គការចំនួន២៦៣នោះ បានថ្លែងប្រាប់វីអូអេខ្មែរនៅថ្ងៃសៅរ៍នេះថា បើសិនគម្រោងសាងសង់ទំនប់វារីអគ្គីសនីសាយ៉ាប៊ូរីនេះ មិនអាចបញ្ឈប់បានទេ បណ្តាប្រទេសសមាជិកនៃគណៈកម្មការទន្លេមេគង្គគួរតែជំរុញនៅក្នុងកិច្ចប្រជុំបន្ទាប់របស់ខ្លួន ឲ្យមានការផ្អាកគម្រោងនេះយ៉ាងតិច១០ឆ្នាំទៅមុខទៀតសិន ទៅតាមអនុសាសន៍នៃរបាយការណ៍ស្រាវជ្រាវផលប៉ះពាល់នៃទំនប់នោះរបស់គណៈកម្មការទន្លេមេគង្គ។ «និយាយឲ្យចំតែម្តង យើងអត់ចង់ឲ្យមានការសាងសង់ទេ ប៉ុន្តែបើករណីមានការសាងសង់ យើងសូមឲ្យមានការសិក្សាលម្អិតបន្ថែមទៅលើចំណុចមួយចំនួនសម្រាប់ជាប្រយោជន៍ដល់ប្រទេសកម្ពុជាយើង»។ លោក ជេរេមី ប៊ឹត (Jeremy Bird) នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ មានប្រសាសន៍ថាគេត្រូវរង់ចាំមើលរហូតដល់កិច្ចប្រជុំនៅខែក្រោយនេះ របស់ប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ ដើម្បីដឹងថា តើគម្រោងសាងសង់ទំនប់សាយ៉ាប៊ូរី នឹងអាចដំណើរការទៅបានឬអត់នោះ។ «នៅក្នុងដំណាក់កាលនេះ វាឆាប់ពេកក្នុងការវិនិច្ឆ័យជាមុនថា តើពួកគេនឹងធ្វើសេចក្តីសម្រេចចិត្តយ៉ាងណានោះ»។ តែទោះជាយ៉ាងនេះក្តី លោក ស៊ុន ម៉ៅ បានលើកឡើងថា ប្រសិនបើគម្រោងសាងសង់ទំនប់សាយ៉ាប៊ូរី នឹងត្រូវចាប់ផ្តើមអនុវត្តនោះ ប្រទេសឡាវត្រូវតែទទួលខុសត្រូវចំពោះផលប៉ះពាល់នានាដែលអាចកើតឡើងដោយសារទំនប់របស់ខ្លួននោះ៕ This posting includes an audio/video/photo media file: Download Now |
សាស្រ្តាចារ្យមើលឃើញការជំពាក់ជំពិននយោបាយក្នុងជម្លោះកម្ពុជានិងថៃ Posted: 29 Mar 2011 12:26 PM PDT ខណៈពេលមានការព្យាយាមពីអាស៊ានដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃមែន តែអ្នកវិភាគរបស់ប្រទេសថៃម្នាក់អះអាងថាដំណោះស្រាយមួយអាចកើតមានឡើងគឺពឹងផ្អែកលើនយោបាយផ្ទៃក្នុងថៃ។ នេះបើតាមការអះអាងរបស់លោកបណ្ឌិត ធីទីណាន់ ពង្សុធីរក្ស (Thitinan Pongsudhirak) សាស្ត្រាចារ្យមួយរយៈពេលខ្លីនៃសាលាសិក្សាកិច្ចការអន្តរជាតិជាន់ខ្ពស់ SAIS នៃសាកលវិទ្យាល័យ John Hopkins ស.រ.អា ដែលបានថ្លែងប្រាប់ក្រុមនិស្សិតបញ្ញវ័ន្ត សាស្ត្រាចារ្យ អ្នកមានមុខមាត់ផ្សេងៗទៀត ក្នុងរដ្ឋធានី Washington កាលពីថ្ងៃសុក្រ ដោយមានការចែកគំនូសផែនទីដែលប្រទេសទាំងពីរខ្វែងគំនិតគ្នានោះផងដែរ។ «ខ្ញុំគិតថាអ្វីដែលជាការផ្តោតការយកចិត្តទុកដាក់នោះគឺជាបញ្ហាបែកបាក់ក្នុងទី ក្រុងបាងកក។ មានការព្យាយាមខ្លះដោយប្រទេសឥណ្ឌូនេស៊ី ក៏ប៉ុន្តែកិច្ចប្រឹង ប្រែងរបស់ឥណ្ឌូនេស៊ីឥឡូវនេះត្រូវរារាំងដោយសម្ព័នប្រជារាស្រ្តដើម្បីប្រជាធិប តេយ្យ PAD, ដោយសន្លឹកបៀអ្នកជាតិនិយម ដែលក្រុម PAD កំពុងលេង»។ សម្ព័ន្ធប្រជារាស្រ្តដើម្បីប្រជាធិបតេយ្យ PAD ត្រូវគេស្គាល់ថាជាក្រុមដែលគាំទ្រ រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត វីចាជីវ៉ាបច្ចុប្បន្ន តែក្រោយមកត្រូវគេ ដឹងថាបែរជាងាកទៅរិៈគន់ រដ្ឋាភិបាលខ្លួនទៅវិញនៅពេលកម្ពុជាមានប្រៀបរឿងជម្លោះព្រំដែន លើឆាកអន្តរជាតិនិងនៅពេលដែលថៃជិតរៀបចំការបោះឆ្នោត ដែលអ្នកវិភាគចាត់ទុកថាគណបក្សប្រឆាំងភឿថៃដែលគាំទ្រលោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រូវគេទម្លាក់ពីអំណាចដោយរដ្ឋប្រហារមួយកាលពី ឆ្នាំ២០០៦ មានប្រជាប្រិយភាពខ្ពស់អាចទទួលជ័យជម្នះក្នុងពេលបោះឆ្នោតខាងមុខ។ លោក ធីទីណាន ទស្សន៍ទាយថា បញ្ហាជម្លោះរវាងកម្ពុជានិងថៃមិនអាចមាន ដំណោះស្រាយបានមុនពេលបោះឆ្នោតដែលគេគ្រោងនឹងដំណើការប៉ុន្មានខែខាងមុខនេះបានទេ ក្រោយពីសភាថៃត្រូវចប់អាណត្តិនៅខែធ្នូខាងមុខ។ ម្យ៉ាងទៀតលោក ធីទីណាន ក៏បានបន្ថែមដែរថាថៃក៏ទំនងជាគ្មានការបោះឆ្នោតតែជា ជំនួសអាចនឹងមានរដ្ឋាភិបាលបង្រួបបង្រួមជាតិមួយ។ ហើយក្រុមទាហានថៃ ដែលមានអំណាចនិងអាចមានតួនាទីអន្តរាគមន៍ដែល លោកអះអាងថានឹង «ច្របូកច្របល់» ខ្លាំងក្នុងប្រទេសថៃពេលនោះ។ «ដូច្នេះមុនពេលបោះឆ្នោតគ្មានដំណោះស្រាយ បើគ្មានដំណោះស្រាយអ្វីកើត ឡើងបន្ទាប់ទៀត? ពីព្រោះពេលនោះអាចមានរដ្ឋប្រហារ។ ប្រសិនបើគ្មានការ បោះឆ្នោតនឹងមានរដ្ឋាភិបាលបែបណាមួយ។ វាអាចជារដ្ឋាភិបាលបង្រួបបង្រួមជាតិ ឬ ទម្រង់ណាមួយ ក៏ប៉ុន្តែបន្ទាប់ទៅគេត្រូវតែកែរដ្ឋធម្មនុញ្ញឬព្យួរមាត្រាមួយ ដើម្បីឲ្យរដ្ឋាភិបាលបង្រួបបង្រួមជាតិនេះអាចបង្កើតបានក្រៅក្របខណ្ឌរដ្ឋធម្មនុញ្ញ»។ កម្ពុជានិងថៃមានជម្លោះព្រំដែនជាមួយគ្នាឈានដល់ការវាយប្រយុទ្ធគ្នាដោយ កងទ័ពជាច្រើនលើកដោយសារការចោទប្រកាន់គ្នាទៅវិញទៅមករឿងរំលោភ បំពាន បូរណភាពទឹកដី ជាពិសេសដីក្បែរតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា ដែល ជាបេតិកភណ្ឌពិភពលោក។ ការវាយប្រយុទ្ធគ្នាដ៏ធ្ងន់ធ្ងរចុងក្រោយចំនួន៤ ថ្ងៃ កាល ពីខែដើមខែកុម្ភៈ ដែលបានបង្កឲ្យមានស្លាប់របួសទាំងសងខាង ខូចខាត ដល់ប្រាសាទព្រះវិហារនិងប៉ះពាល់ដល់ពលរដ្ឋទាំងពីរប្រទេសរស់នៅ តាម ព្រំដែន នោះ បាននាំឲ្យមានអន្តរាគមន៍ជាបន្ទាន់ពីក្រុមប្រឹក្សាសន្តិសុខអ.ស.ប និង អាស៊ាន ដើម្បីបញ្ឈប់ការវាយប្រយុទ្ធគ្នា និងដោះស្រាយតាមយន្តការអាស៊ាន។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានដែលប្រទេសឥណ្ឌូនេស៊ីឆ្នាំនេះជាប្រធានបានព្យាយាមស្វះស្វែងរកដំណោះស្រាយដល់ប្រទេសទាំងពីរតាម រយៈតួនាទីជាអ្នកសម្របសម្រួលឲ្យមានការចរចានៅឥណ្ឌូនេស៊ី ក៏ប៉ុន្តែកិច្ច ចរចា ដែលរដ្ឋាភិបាលថៃ និងកម្ពុជាបានព្រមព្រៀងទៅហើយនោះ ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដោយសារក្រុមយោធាដ៏មានអំណាចខ្លាំងក្នុងប្រទេសថៃ បានបដិសេធមិនព្រមទៅចរចាដូចការគ្រោងទុក តែចង់ចរចាទ្វេភាគីជាមួយ ភាគីយោធាកម្ពុជា លើទឹកដីប្រទេសទាំងពីរក្រៅពីការបញ្ជាក់ថាមិនត្រូវការតួនាទីអាស៊ាននិងអ្នកសង្កេតការណ៍អាស៊ានមកកាន់តំបន់ជម្លោះដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នារួចហើយដែរនោះ។ ថ្លែងក្នុងកិច្ចពិភាក្សាដែលរៀបចំដោយអង្គការស្រាវជ្រាវ East-West Center ដដែលស្តីពីបញ្ហាជម្លោះកម្ពុជា-ថៃដ៏រសើប ដែលគ្មានភាគីកម្ពុជាឬអាស៊ានចូលរួម លោកធីទីណានជាសាស្ត្រាចារ្យជំនួយនៃសាកលវិទ្យាល័យថៃ Chulalongkorn និងជា នាយកវិទ្យាស្ថានស្រាវជ្រាវសន្តិសុខនិងកិច្ចការអន្តរជាតិ (Institute of Security and International Studies) បានអះអាងថាជាការប្រថុយប្រថានសម្រាប់សមាគមអាស៊ាន ពេលរកដំណោះស្រាយមិនបាន ហើយការវាយប្រយុទ្ធគ្នានៅបន្ត។ លោក Michael Yahuda អ្នកស្រាវជ្រាវមួយរយៈពេលខ្លីនៃសាកលវិទ្យាល័យ ចច វ៉ាស៊ីនតោន និងជាសាស្ត្រចារ្យដែលចូលនិវត្តន៍នៃសាកលវិទ្យាល័យសេដ្ឋ កិច្ច ទីក្រុងឡុងដ៍បានចូលរួមក្នុងកិច្ចពិភាក្សាអំពីបញ្ហាជម្លោះព្រំដែន កម្ពុជាថៃ កាលពី ថ្ងៃសុក្រដែរ។ លោក បានថ្លែងប្រាប់ VOA ផ្នែកខេមរភាសាបន្ទាប់ពី បញ្ចប់កិច្ចពិភាក្សាក្នុងដំណើរប្រញាប់ថា រឿងជម្លោះកម្ពុជានិងថៃជាជម្លោះប្រវត្តិសាស្ត្រ ហើយមិនមែនជាជម្លោះអត្តសញ្ញាណនយោបាយដូចចិន នឹងកូរ៉េ ខាងជើងទេ។ លោកក៏បង្ហាញការជឿជាក់ផងដែរថារឿងនេះអាចដោះស្រាយ បាន គឺពឹងផ្អែកលើនយោបាយផ្ទៃក្នុងរបស់ថៃ៖ «ខ្ញុំគិតថា វាមិនមែនជាអ្វីដែលអាចដោះស្រាយបានឆាប់ៗនោះទេ។ ខ្ញុំគិតថាវាជារឿងដែលនិងបន្តមួយរយៈពេលទៅមុខទៀត។ ហើយដរាបណាដែលនយោបាយ ថៃនៅតែមានជម្លោះនិងមិនច្បាស់លាស់ នោះបញ្ហានេះនឹងមិនអាចចប់ទេ»។ ប្រទេសកម្ពុជាដែលធ្លាប់ប្រកាសអំពីការអស់ភាពអត់ធ្មត់ជាច្រើនឆ្នាំក្នុងការរក ដំណោះស្រាយព្រំដែនទ្វេភាគីជាមួយថៃមិនបានសម្រេចនោះបច្ចុប្បន្នកំពុងរុញ បញ្ហាទៅលើសមាគមអាស៊ាន និងឥណ្ឌូនេស៊ីជាប្រធាន។ តែក្រុមមន្ត្រីកម្ពុជា អះអាងថ្មីៗថា ខ្លួនកំពុងរៀបចំស្វះស្វែងរកការបកស្រាយពីតុលាការយុត្តិធម៌ អន្តរជាតិដែលបានប្រកាសសាលក្រមកាត់ប្រាសាទព្រះវិហាររបស់ខ្មែរមកឲ្យកម្ពុជាវិញកាលពីឆ្នាំ១៩៦២ ដើម្បីបញ្ជាក់ថាតើដីក្បែរប្រាសាទព្រះវិហារដែលមានវិវាទនោះ ជារបស់នរណា? លោក Thitinan អះអាងថាប្រទេសកម្ពុជាមានប្រៀបខាងផ្លូវច្បាប់ជាងថៃមែនតែប្រទេសថៃទំនងជានឹងមិននាំយកបញ្ហានេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនោះទេ។ លោកមិនបញ្ជាក់ពីមូលហេតុប្រាប់ក្រុមអ្នកចូលរួមស្តាប់លោកទេ។ ហើយពេល VOA ខេមរភាសាព្យាយាមសួរលោកបន្ថែម លោកបដិសេធធ្វើអត្ថាធិប្បាយលម្អិត។ ក្នុងពេលថ្លែងទៅកាន់អ្នកចូលរួមផងដែរ លោក ធីទីណានពន្យល់ជាច្រើនអំពីបញ្ហាប្រវត្តិសាស្ត្រ បញ្ហាសាវតារនៃការណ៍ដែលនាំឲ្យមានជម្លោះ បញ្ហាប្រទេសថៃមិនព្រមទទួលស្គាល់ផែនទីបារាំង-សៀមឆ្នាំ១៩០៤ បញ្ហាការណ៍ដែលចលនាជាតិនិយមមិនព្រមទទួលស្គាល់អនុស្សារណៈនៃការយោគយល់គ្នា ឬ MOU ឆ្នាំ២០០០ ដែល រដ្ឋាភិបាលថៃនិងកម្ពុជាបានចុះហត្ថលេខា បញ្ហាច្បាប់ រដ្ឋធម្មនុញ្ញថៃ មាត្រា១៩០មិនទទួលស្គាល់ការព្រមព្រៀងណារបស់ រដ្ឋាភិបាលដែលមិនបានឆ្លងកាត់ការអនុម័តដោយសភាជាដើម ក្រៅពីមានបញ្ហាដែលមានការចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថាបានជួយក្រុមមួយដែលប្រឆាំងរដ្ឋាភិបាលថៃបច្ចុប្បន្នឲ្យមានមូលដ្ឋាននៅកម្ពុជា។ មន្ត្រីរដ្ឋាភិបាលកម្ពុជាធ្លាប់បានបដិសេធថាមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ថៃទេ តែធ្លាប់រអ៊ូរទាំថា មានការលំបាកក្នុងការចរចាជាមួយរដ្ឋាភិបាលថៃបច្ចុប្បន្នដោយសារតែគ្មានលំនឹងនយោបាយ៕ This posting includes an audio/video/photo media file: Download Now |
កម្មករទារទាមប្រាក់ខែពីថៅកែរោងចក្រក្ស័យធន Posted: 28 Mar 2011 03:53 PM PDT យ៉ាងតិចមានក្រុមកម្មករកាត់ដេរសម្លៀកបំពាក់ប្រមាណ៥នាក់បានទទួលរងរបួសតិចតួចនៅពេល ដែលមានការប៉ះទង្គិចគ្នាមួយឈុតកាលពីព្រឹកថ្ងៃច័ន្ទនេះក្នុងខណៈដែលក្រុមអាជ្ញាធរប៉ូលីសប្រដាប់ដោយ អាវុធ ខែល និងដំបងឆក់ បានវាយបំបែកការតវ៉ារបស់ក្រុមកម្មករ។ នេះបើតាមការអះអាងរបស់សាក្សីឃើញផ្ទាល់ភ្នែក៕ ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់តាកហ្វាតប្រមាណជាង៥០០នាក់ បានបិទកំណាត់ផ្លូវ ជាតិលេខ២ ដែលមានទីតាំងនៅក្នុងសង្កាត់ចាក់អង្រែលើក្រុងភ្នំពេញ ព្រមទាំងបានដុតកង់ឡានចាស់ៗ ដើម្បីទាមទារឲ្យថៅកែរោងចក្រទូទាត់ប្រាក់បំណាច់ផ្សេងៗទៅតាមច្បាប់ការងារ។ ការបិទផ្លូវរបស់ក្រុមកម្មករ បានធ្វើឡើងរយៈពេលតែមួយម៉ោងតែប៉ុណ្ណោះ ហើយក្រោមមកត្រូវ បានអាជ្ញាធរប៉ូលីសវាយបំបែក។ ប៉ុន្តែពុំមានសេចក្តីរាយការណ៍ថា មានកម្មករណាម្នាក់ទទួលរងរបួស ធ្ងន់ធ្ងរទេ។ អ្នកស្រី ស៊ុំ សុខហេង អាយុ២៨ឆ្នាំ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់នៃរោងចក្រតាកហ្វាតបាននិយាយថា អ្នកស្រីបានទទួលរងរបួសត្រង់ដៃខាងស្តាំ នៅពេលដែលមានការប៉ះទង្គិចគ្នាជាមួយក្រុមប៉ូលីស។ អ្នកស្រីបាននិយាយដោយសម្តីខ្លាំងៗថា៖ «ពួកវាវាយ អត់មាននិយាយខុសត្រូវ។ ពួកវាច្បាប់ តែច្បាប់បំពានលើច្បាប់ ធ្វើបាបកម្មករ។ កម្មករដៃទទេសោះ ហេតុអ្វីវាយកម្មករ។ កម្មករមានកាំភ្លើង មានកំបិតមកធ្វើទៅ អាហ្នឹងបានអាចវាយបាន។ កម្មករដៃទទេ មកធ្វើអញ្ចឹង។ច្បាប់បានន័យថា ម៉េច»។ ក្រុមកម្មករកាត់ដេរសម្លៀកបំពាក់នៃរោងចក្រតាកហ្វាត បានតវ៉ាទាមទារអស់រយៈពេលជាងពីរ សប្តាហ៍មកហើយ ដើម្បីទាមទារឲ្យថៅកែរោងចក្របើកប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់ផ្សេងៗបន្ទាប់ពី រោងចក្របានប្រកាស់ថា ក្ស័យធន ដោយមិនបានជូនដំណឹងដល់ក្រុមកម្មករជាមុន។ «រោងចក្របិទទ្វារ អត់មានជូនដំណឹងកម្មករមុនទេ ខុសច្បាប់ពេញទំហឹងហើយ។ ហេតុអ្វីគណៈកម្មការចម្រុះគាត់មិនចុះមកដោះស្រាយកម្មករខ្ញុំ។ ម៉េចក៏គាត់មិនមើលផង។ កម្មកររងទុក្ខវេទនា»។ កម្មការីនីមួយ ដែលនិយាយក្នុងល័ក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការតវ៉ារយៈពេលជាងពីរសប្តាហ៍មកនេះ ថៅកែរោងចក្រនៅមិនទាន់មានដំណោះស្រាយនៅឡើយទេ។ អ្នកស្រីបាននិយាយទៀតថា ក្រុមកម្មករបានដាក់វេនគ្នាយាមនៅពេលយប់ ដើម្បីឲ្យថៅកែចេញ មកទទួលខុសត្រូវចំពោះការបើកប្រាក់បៀវត្សរ៏ដល់ពួកគេ។ អ្នកស្រីថ្លែងទាំងទឹកភ្នែកថា៖ «យប់ៗ ខ្ញុំមកយាម ៦ ទៅ ៧នាក់ ទឹកភ្នែក ទឹកសំបោរហូត។ ហើយគ្មានរដ្ឋាភិបាលណាជួយដោះ ស្រាយសោះ»។ លោកគួច ចំរើន អភិបាលខណ្ឌមានជ័យ ដែលមានវត្តមាននៅពេលដែលក្រុមកម្មករធ្វើការតវ៉ាដែរ នោះពុំបានធ្វើអត្ថាធិប្បាយណាមួយចំពោះអ្នកយកព័ត៌មានទេ។ លោកជា មុន្នី ប្រធានសហជីពសេរីកម្មកររបស់ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រសិនណាបើគិតទៅតាមអាយុកាលនៃការងារ ក្រុមកម្មករម្នាក់ៗនឹងទទួលបានប្រាក់សំណងជម្ងឺចិត្តពី ១០០០ដុល្លារ រហូតទៅដល់២០០០ដុល្លារសហរដ្ឋអាមេរិក។ លោកបានមានប្រសាសន៍ទៀតថា រដ្ឋាភិបាលគួរតែជំរុញឲ្យនិយោជិកទទួលខុសត្រូវដល់ក្រុម កម្មករ។ លោក ជា មុន្នី បន្តថា៖ «នេះជាអំពើមួយដែលរដ្ឋាភិបាលគាត់មិនទទួលខុសត្រូវ ចំពោះសកម្មភាពដែលនិយោជកធ្វើបាបកម្មករ កម្មការីនីកេញប្រវ័ញ្ញកម្មករ កម្មការីនី»។ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមកម្មករ និងអាជ្ញាធរប៉ូលីស គណៈកម្មការចំរុះមួយ ដែលបង្កើត ឡើងដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល តំណាងសហជីព និងតំណាងក្រុមកម្មករ បានបើកកិច្ច ប្រជុំភ្លាមៗ ជាបន្ទាន់មួយ ដើម្បីបញ្ជប់នៅវិវាទនេះ ។ កញ្ញាយ៉ុង លាភ តំណាងសហជីពសេរីកម្មករប្រចាំរោងចក្រតាកហ្វាតបាននិយាយថា កិច្ចប្រជុំអស់ រយៈពេលជាងបីម៉ោងកន្លងទៅនេះមិនទាន់មានដំណោះស្រាយនៅឡើយទេ។ ហើយនៅថ្ងៃពុធស្អែកនេះ គណៈកម្មការចម្រុះ នឹងកោះហៅថៅកែរោងចក្រ ដើម្បីពិភាក្សា៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |