Koh Santipheap Daily |
- ផ្ទះខ្មោចស្វាយរៀងចាប់ផ្តើមចេញលងបក់ដៃហៅឡានជិះ កាមរីបត់ទៅយកវីហ្គោបុកពីក្រោយ...
- សាច់ និងឆ្អឹងមាន់ខូចគុណភាពនាំចូលពីប្រទេសសៀមត្រូវដុតកម្ទេចចោល
- រថយន្ត៥គ្រឿងប៉ះទង្គិចគ្នាលើផ្លូវជាតិលេខ៤ កុងតឺន័រសង្កត់លើអ៊ីស៊ុយហ្សុយ សំប៉ែតដូចចេកចៀន
- អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើងធ្វើទស្សនកិច្ចនៅកម្ពុជា
- បង្ក្រាបបាតុកម្មនៅស៊ីរីដោយការបាញ់កាំភ្លើង
- ជនអនាថាដេកលើរង្វង់មូលច្រកទ្វារប៉ោយប៉ែតបង្អួតភ្ញៀវទេសចរ
- ពួកអន្តោប្រវេសន៍ជាង500នាក់មកពីលីប៊ីទៅដល់កោះម៉ាល់
- ពួកស្និទ្ធប្រធានាធិបតីជាប់ឆ្នោតកូតឌីវ័រ វាយដណ្តើមយកបានក្រុង DUEKOUE
- ស្លាប់20នាក់ក្នុងការប៉ះទង្គិចគ្នានៅរដ្ឋអ៊ីនហ្គូជីរុស្ស៊ី
- បុរសចិនម្នាក់ចិញ្ចឹមឆ្កែ140ក្បាល
- ទាត់ចោលការអះអាងថា ផឹកតែធ្វើឱ្យខ្សោះជាតិទឹក
- ក្រុមប្រឹក្សាខណ្ឌដូនពេញប្រជុំសាមញ្ញលើកទី២២អាណត្តិទី១ ពិនិត្យរបាយការណ៍សាលាខណ្ឌ
- ខ្សែប្រយុទ្ធ Man City បង្កបញ្ហាគប់គ្រាប់ព្រួញដាក់កីឡាករក្រុមយុវជន
- គ្រូបង្វឹកក្លឹប Real Madrid មានគំនិតចង់ធ្វើការប្រកួតប្រជែង
- អង់គ្លេសគ្រោងផលិតទូទឹកកកមានរូបភាពអនុស្សាវរីយ៍ព្រះអង្គម្ចាស់
- ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការរងជាស្ត្រីមួយរូប
- ប្រធានាធិបតីទីម័រខាងកើត នឹងមកដល់ប្រទេសកម្ពុជារសៀលនេះក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ៣ថ្ងៃ
- លីប៊ី៖ ពួកឧទ្ទាមពឹងផ្អែកលើការវាយប្រហារតាមអាកាសរបស់ពួកលោកខាងលិចដើម្បីរុលទៅមុខ
- ពួកចោរសមុទ្រចាប់នាវាដឹកប្រេងមួយគ្រឿងរបស់កូវ៉ែត
- ស្លាប់២០នាក់ក្នុងការប៉ះទង្គិចគ្នានៅរដ្ឋអ៊ីនហ្គូជីរុស្ស៊ី
ផ្ទះខ្មោចស្វាយរៀងចាប់ផ្តើមចេញលងបក់ដៃហៅឡានជិះ កាមរីបត់ទៅយកវីហ្គោបុកពីក្រោយ... Posted: 29 Mar 2011 01:04 AM PDT ខេត្តស្វាយរៀង ៖ រថយន្តកាមរីរត់ឈ្នួលមួយត្រូវបានគេអះអាងថា មានខ្មោចដែលឃាតកសម្លាប់មួយគ្រួសារ កាលពីអំឡុងមួយឆ្នាំមុន ល្បីពេញខេត្តស្វាយរៀងនោះបានដើរចេញពីក្នុងផ្ទះមកបក់ដៃហៅឡានជិះ ស្របពេលនោះអ្នកបើកបររថយន្តកាមរីបានបង្អន់ល្បឿនអែបខាងបត់ត្រឡប់មកទទួលមនុស្សដែលបក់ដៃហៅក៏ត្រូវរថយន្តវីហ្គោទៅពីក្រោយបុកបុ័ងបណ្តាលឱ្យកាមរីវិលខ្ងាល់ធ្លាក់ផ្លូវ ហើយវីហ្គោក៏ធ្លាក់ផ្លូវដែរ ចំណែកមនុស្សនៅក្នុងឡានទាំង២គ្រឿង សរុបទៅ១០នាក់ទទួលរងរបួសស្រាលបែកមុខ បែកមាត់ និងពកក្បាលប៉ុណ្ណោះ ។ ការបុកគ្នាដោយសារតែមានខ្មោចចេញមកបក់ដៃហៅឡានជិះនេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៩ មីនា ២០១១ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ។ រថយន្តកាមរីពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខ 2A-7458 ជិះគ្នា៦នាក់ គឺអ្នកដំណើរ៥នាក់ និងអ្នកបើកបរ១នាក់ឈ្មោះសៅ វុទ្ធី អាយុ៣៧ឆ្នាំ រស់នៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ធ្វើដំណើរពីភ្នំពេញ ទៅក្រុងស្វាយរៀង...ចំណែករថយន្តវីហ្គោ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2J-3687 ជិះគ្នា៤នាក់ គឺភ្ញៀវជនជាតិចិន៣នាក់ (ប្រុស២-ស្រី១) និងអ្នកបើកបរ១នាក់ ឈ្មោះថោង ប៊ុនណា អាយុ៣១ឆ្នាំ រស់នៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ជាបុគ្គលិកបម្រើការនៅកាស៊ីណូម៉ុកបៃ ក្រុងបាវិត ។ យោងតាមអ្នកបើកបររថយន្តកាមរីឈ្មោះសៅ វុទ្ធី បានឱ្យដឹងថា ពេលកំពុងធ្វើដំណើរឆ្ពោះទៅក្រុងស្វាយរៀង ដល់ផ្ទះវីឡាមួយ ស្រាប់តែមានមនុស្សម្នាក់ចេញមកបក់ដៃហៅរថយន្តរបស់លោកឱ្យឈប់...ហួសទៅមុខប្រហែល១០ម៉ែត្រ លោកក៏បត់ត្រឡប់មកវិញ ដើម្បីទទួលយកមនុស្ស ស្រាប់តែរថយន្តវីហ្គោមកពីក្រោយបុកបុ័ងវិលខ្ញាល់តែម្តង បណ្តាលឱ្យឡានធ្លាក់ផ្លូវ ប៉ុន្តែមនុស្សជិះក្នុងឡានទាំង២រងរបួសស្រាលទាំងអស់គ្នា ។ ពេលកំពុងអង្គុយសម្រាកនៅកន្លែងកើតហេតុ មានអ្នកភូមិកុះករមកចោមរោមមើល និងសួរនាំហេតុផលក៏ត្រូវអ្នកបើកបររថយន្តកាមរីប្រាប់ថា ពេលខ្លួនបត់ត្រឡប់ក្រោយនោះ គឺដោយសារឃើញមនុស្សបក់ដៃហៅឱ្យទៅយក តែពេលកំពុងបត់ ស្រាប់តែមានរថយន្តវីហ្គោមកបុកពីក្រោយតែម្តង...ចំណែកមនុស្សដែលបក់ដៃហៅ នោះក៏បាត់ទៅទៀត...ភ្លាមនោះអ្នកភូមិប្រាប់ថា គ្មានមនុស្សឯណានៅម្តុំនេះទ...ផ្ទះវីឡាមួយនោះគឺជាផ្ទះខ្មោចតែប៉ុណ្ណោះ កាលពីអំឡុង១ឆ្នាំមុន មានកូនប្រសាប្រុសអារ.កសម្លាប់ម្តាយក្មេក ប្រពន្ធ ប្អូនស្រី អ្នកបម្រើ និងកូន រួចហើយចង.កសម្លាប់ខ្លួនឯងតាមក្រោយ...ផ្ទះនោះគ្មាននរណាហ៊ាននៅទេ ៕ |
សាច់ និងឆ្អឹងមាន់ខូចគុណភាពនាំចូលពីប្រទេសសៀមត្រូវដុតកម្ទេចចោល Posted: 29 Mar 2011 12:52 AM PDT ក្រុងប៉ោយប៉ែត ៖ កាលពីរសៀលថ្ងៃទី២៧ មីនា សមត្ថកិច្ចជំនាញកាំកុងត្រូលសហការជាមួយមន្ត្រីគយ និងសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ឈរជើងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានចាប់ឆ្អឹង និងសាច់មាន់ខូចគុណភាពមួយចំនួនដែលឈ្មួញនាំចូលពីប្រទេសសៀម ដោយខុសច្បាប់យកទៅដុតកម្ទេចចោល ។ តាមការបំភ្លឺពីមន្ត្រីសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ឈរជើងនៅច្រកចូលប៉ោយប៉ែត បានឱ្យដឹងថា សាច់ ឆ្អឹង និងក្រញាំជើងមាន់ខូចគុណភាពសរុបចំនួន១៧២គីឡូក្រាមនេះ គឺចាប់បាននៅចំណុចមាត់ច្រកទ្វារប៉ោយប៉ែតនៅពេលដែលមានក្មេងប្រុសៗអាយុប្រមាណជាង១០ឆ្នាំប៉ុណ្ណោះ បានអូសរទេះឆាលី ចូលមកពីប្រទេសសៀម ហើយពួកគេត្រូវសមត្ថកិច្ចដែលឈរជើងនៅទីនោះបានហៅ និងសួរនាំរួចពិនិត្យមើលក៏ឃើញក្រុមទាំងនោះបានបង្កប់សាច់ ឆ្អឹង និងក្រញាំមាន់ខូចគុណភាពនៅក្នុងការុង និងកាបូបដាក់ខោអាវ ក៏ចាប់តែម្តង ។ តាមប្រភពពីមន្ត្រីសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ឱ្យដឹងថា ក្រោយពេលចាប់ទំនិញខូចគុណភាពនេះ ក៏បានបញ្ជូនឱ្យមន្ត្រីជំនាញកាំកុងត្រូល ដើម្បីយកទៅធ្វើការដុតកម្ទេចចោល ។ លោកស៊ាន ស៊ីណាត អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារ មន្ត្រីជំនាញឈរជើងនៅមាត់ច្រកប៉ោយប៉ែតបានឱ្យដឹងថា រាល់មុខទំនិញខូចគុណភាពដែលក្រុមឈ្មួញបានលួចនាំចូលមកពីប្រទេសសៀមដោយខុសច្បាប់នោះ គឺមិនអាចគេចផុតពីកណ្តាប់ដៃមន្ត្រីជំនាញរបស់លោកបាននោះទេ ហើយជាក់ស្តែងឱ្យតែចាប់បានគឺយកទៅដុតកម្ទេចចោលតែម្តង ។ លោកបានបញ្ជាក់ថា ចំពោះទំនិញខូចគុណភាពទាំងអស់នោះត្រូវបានមន្ត្រីជំនាញកាំកុងត្រូលសហការជាមួយមន្ត្រីគយ និងសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ច្រកប៉ោយប៉ែតយកទៅដុតកម្ទេចចោល នៅរសៀលថ្ងៃទី២៧ មីនា ៕ |
Posted: 29 Mar 2011 12:42 AM PDT ខេត្តកំពង់ស្ពឺ ៖ រថយន្ត៥គ្រឿង បានបើកបរវាក់គ្នាប៉ះទង្គិចជាបន្តបន្ទាប់ បណ្តាលឱ្យក្រពឹតក្រពាវ ហើយក្នុងចំណោមនោះរថយន្តកុងតឺន័របានជ្រុលទៅក្រឡាប់សង្កត់លើរថយន្តម៉ាកអ៊ីស៊ុយហ្សុយ បណ្តាលឱ្យក្រពឹតសំប៉ែតដូចចេកចៀន មើលទៅគួរឱ្យញាក់សាច់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៩ មីនា ២០១១ លើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ។ សូមបញ្ជាក់ថា គ្រោះថ្នាក់បន្តបន្ទាប់ប៉ះទង្គិចគ្នារហូតដល់រថយន្ត៥គ្រឿងនេះមិនបណ្តាលឱ្យអ្នកជិះក្នុងរថយន្តក៏ដូចជាអ្នកបើកបររងរបួសធ្ងន់ធ្ងរ ឬប៉ះពាល់ដល់អាយុជីវិតទេ គឺគ្រាន់តែទទួលរងចុកច្អល់ប៉ុណ្ណោះ...ដោយឡែកម្ចាស់រថយន្តម៉ាកអ៊ីស៊ុយហ្សុយ ដែលរថយន្តកុងតឺន័រក្រឡាប់សង្កត់ពីលើសំប៉ែតដូចចេកចៀនមិនមានរងរបួសនោះ ព្រោះមុនដំបូងបុរសម្ចាស់រថយន្តជាមន្ត្រីយោធាបានបើករថយន្តទៅសំចតចោលលើចិញ្ចើមផ្លូវ រួចហើយចូលទៅពិសាអាហារនៅហាងមួយក្បែរនោះ...មួយសន្ទុះក្រោយមកស្រាប់តែមានរថយន្តវាក់គ្នារហូតដល់ទៅ៤គ្រឿង ជាន់ហ្វ្រាំងបង្ខំឈប់ងឺតៗ គួរឱ្យភ្ញាក់ផ្អើល ភ្លាមនោះរថយន្តកុងតឺន័រដែលទៅពីក្រោយគេបង្ខំគេចចូលខាង និងជាន់ហ្វ្រាំងបង្ខំដែរនោះ ក៏បោកខ្លួនក្រឡាប់ភីងលើអ៊ីស៊ុយហ្សុយ បណ្តាលឱ្យក្រពឹតសំប៉ែតដូចេកចៀនតែម្តង ក្រៅពីនេះរថយន្តផ្សេងទៀតក្រពឹតក្រពាវបែកបាក់តិចតួច ។ មិនយូរប៉ុន្មានសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងតាមបច្ចេកទេស ហើយស្ទូចរថយន្តដែលពាក់ព័ន្ធយកទៅរក្សាទុកនៅការិយាល័យប៉ូលិស ដើម្បីចាត់ការតាមច្បាប់។ រថយន្តទាំង៥គ្រឿង ដែលប៉ះទង្គិចគ្នាគួរឱ្យញាក់សាច់នេះមានម៉ាកសាន់យ៉ុង១គ្រឿង, តូយ៉ូតា ប្រភេទ១បាំងកន្លះ១គ្រឿង, ទីតាន់១គ្រឿង, អ៊ីស៊ុយហ្សុយ១គ្រឿង និងកុងតឺន័រ១គ្រឿង ៕ |
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើងធ្វើទស្សនកិច្ចនៅកម្ពុជា Posted: 29 Mar 2011 12:36 AM PDT រាជធានីភ្នំពេញ ៖ លោកអ៊ាង សុផល្លែត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រាប់ឱ្យដឹងថា នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនារសៀលថ្ងៃទី២៨ មីនា នៅវិមានសន្តិភាពទី ស្តីការនាយករដ្ឋមន្ត្រី លោក Park Jae Gyong អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពរស័ព្ទសាធុការ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីសំណាក់លោកសេនាប្រមុខ គីម ជុងអ៊ីល ព្រមទាំងបានថ្លែងអំណរគុណព្រះរាជាណាចក្រកម្ពុជា ដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូរបស់លោក ។ លោក Park Jae Gyong មានប្រសាសន៍ថា ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធាណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េគឺបានកសាងឡើងដោយលោកសេនាប្រមុខគីម អ៊ីលស៊ុង និងព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលមានអាយុកាលជាង៣០ឆ្នាំកន្លងមកហើយ ។ រហូតមកដល់ពេលនេះទៀត ទំនាក់ទំនងដ៏មានចំណាស់នេះ ក៏កាន់តែរីកចម្រើនឡើង ហើយលោកក៏បានមានប្រសាសន៍ទៀតថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះគឺដើម្បីបើកឱ្យមានភាពទូលំទូលាយ និងរឹងមាំថែមទៀតអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ។ ឆ្លៀតឱកាសនោះ លោក Park Jae Gyong ក៏បានគោរពអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េផងដែរ ។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការជូនពរស័ព្ទសាធុការចំពោះសម្តេចពីសំណាក់លោកសេនាប្រមុខគីម ជុងអ៊ីល ហើយសម្តេចក៏បានឯកភាពទាំងស្រុង ចំពោះទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េដូចដែលលោក Park លើកបានលើកឡើង ។ សម្តេចបានឯកភាពដោយស្នើសុំឱ្យពិនិត្យមើលកិច្ចសហប្រតិបតិ្តការថ្មីៗទៀតដែលអាចនាំឱ្យប្រទេសទាំងពីរសហការគ្នាបាន ជាពិសេស លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ ពាក់ព័ន្ធទៅនឹងការអញ្ជើញសម្តេចតេជោ នាយករដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនបានទទួលយកនូវការអញ្ជើញនេះ ហើយសម្តេចក៏បានណែនាំដើម្បីស្វែងរកនូវពេលវេលាដ៏សមស្របណាមួយ ដើម្បីអញ្ជើញទៅបំពេញទស្សនកិច្ចនេះ ។ ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់លោកសេនាប្រមុខគីម ជុងអ៊ីល ក៏ដូចជាលោកនាយករដ្ឋមន្ត្រីដែលធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំ២០០៧ ផងដែរ ៕ |
បង្ក្រាបបាតុកម្មនៅស៊ីរីដោយការបាញ់កាំភ្លើង Posted: 29 Mar 2011 12:25 AM PDT សភាពការណ៍នៅតែតានតឹងជានិច្ចក្នុងប្រទេសស៊ីរី ។ កងកម្លាំងសន្តិសុខបានបាញ់កាំភ្លើងកាលពីថ្ងៃទី២៨ មីនា លើពួកបាតុករជាច្រើនរយនាក់ ដែលតវ៉ាប្រឆាំងនឹងច្បាប់គ្រាអាសន្ននៅទីក្រុង DERAA នាភាគខាងត្បូងប្រទេស ។ |
ជនអនាថាដេកលើរង្វង់មូលច្រកទ្វារប៉ោយប៉ែតបង្អួតភ្ញៀវទេសចរ Posted: 29 Mar 2011 12:22 AM PDT ក្រុងប៉ោយប៉ែត ៖ ជនអនាថាមួយចំនួននៅក្នុងក្រុងប៉ោយប៉ែតគេតែងសង្កេតឃើញខ្លះដើរហិតកាវខ្លះដើរសុំលុយពីភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារប៉ោយប៉ែត និងខ្លះទៀតបានយកសំយាបផ្ទះឬខឿនរង្វង់មូលធ្វើជាកន្លែងស្នាក់នៅរបស់ពួកគេ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះគេឃើញជនអនាថាម្នាក់បានដេកលើខឿនរង្វង់មូលយ៉ាងស្តូកស្តឹងហាក់់បីដូចជាសាកសពដែលស្លាប់ហើយពុំឃើញអាជ្ញាធរឬមន្ត្រីជំនាញណាម្នាក់មកដាស់ឱ្យរូបគេចាកចេញពីទីនោះទេគឺបានត្រឹមដើរហួសប៉ុណ្ណោះ ។ ករណីនេះធ្វើឱ្យមានមតិរិះគន់ចំពោះចំណាត់ការរបស់អាជ្ញាធរឬសមត្ថកិច្ចថា គួរតែមានវិធានការចំពោះពួកគេឱ្យបានល្អប្រសើរផង កុំឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលគេធ្វើដំណើរឆ្លងកាត់មានការភ័យខ្លាចនិងរង្កៀសចិត្តបណ្តាលមកពីភាពអនាធិបតេយ្យរបស់ជនអនាថាទាំងនោះ ។ តាមប្រភពព័ត៌មានឱ្យដឹងថា នៅច្រកទ្វារប៉ោយប៉ែតនេះបើគិតពីចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរឆ្លងកាត់គឺក្នុង១ថ្ងៃមិនក្រោម៥០០នាក់នោះទេ ពួកគេចូលមកនិងបន្តទៅទស្សនាប្រាសាទអង្គរវត្តនិងប្រាសាទផ្សេងៗទៀតដែលមាននៅក្នុងប្រទេសកម្ពុជាយើង ។ ជុំវិញបញ្ហាជនអនាថាដេករបៀបអនាធិបតេយ្យនេះ ជារឿយៗកន្លងមកលោកទ្រី ណារិន អភិបាលក្រុងប៉ោយប៉ែត បានយកចិត្តទុកដាក់និងដាក់បទបញ្ជាដល់សមត្ថកិច្ចជំនាញឱ្យជួយការពារសណ្តាប់ធ្នាប់សាធារណៈជូនដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលគេឆ្លងកាត់តំបន់នេះដែរ ។ ប៉ុន្តែអ្វីដែលជាអនុសាសន៍របស់លោកអភិបាលក្រុងប៉ោយប៉ែតដាក់ចេញ ហាក់បីដូចជាការវែកចកនៅក្នុងទឹកគឺមានឥទ្ធិពលតែមួយរយៈពេលខ្លីប៉ុណ្ណោះ ក្រោយមកគេឃើញសកម្មភាពនិងទិដ្ឋភាពបែបនោះកើតមានជាដដែល ។ បញ្ហាទាំងអស់នេះគួរតែលោកអភិបាលក្រុងប៉ោយប៉ែតចាត់វិធានការឱ្យបានតឹងរ៉ឹងផង ៕ |
ពួកអន្តោប្រវេសន៍ជាង500នាក់មកពីលីប៊ីទៅដល់កោះម៉ាល់ Posted: 29 Mar 2011 12:21 AM PDT កងទ័ពកោះម៉ាល់រាយការណ៍ថា ជនអន្តោប្រវេសន៍សូម៉ាលី និងអេរីត្រេ ៥១៥នាក់ មកពីលីប៊ី បានទៅដល់កោះម៉ាល់ កាលពីថ្ងៃទី២៨ មីនា តាមនាវា២គ្រឿង ។ |
ពួកស្និទ្ធប្រធានាធិបតីជាប់ឆ្នោតកូតឌីវ័រ វាយដណ្តើមយកបានក្រុង DUEKOUE Posted: 29 Mar 2011 12:14 AM PDT កងកម្លាំងស្មោះត្រង់នឹងប្រធានាធិបតីជាប់ឆ្នោតកូតឌីវ័រ លោកអាឡាសសាន អ៊ូអាតារ៉ា អះអាងកាលពីថ្ងៃទី២៨ មីនា ថា ពួកគេវាយដណ្តើមយកបានទីក្រុង DUEKOUE ជាទីក្រុងយុទ្ធសាស្ត្រមួយនៅភាគខាងលិច ដែលបើកផ្លូវឆ្ពោះទៅកាន់កំពង់ផែ SAN PEDRO នៅភាគខាងត្បូងប្រទេស ។ អ្នកនាំពាក្យយោធាម្នាក់របស់លោកឡូរ៉ង់ ហ្សេបាបូ ដែលពុំទទួលយកបរាជ័យរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកា កន្លងមកនេះហើយ ពុំព្រមចាកចេញពីអំណាចបានបដិសេធមិនធ្វើអត្ថាធិប្បាយលើសភាពការណ៍នៅក្រុង DUEKOUE ឡើយ ។ |
ស្លាប់20នាក់ក្នុងការប៉ះទង្គិចគ្នានៅរដ្ឋអ៊ីនហ្គូជីរុស្ស៊ី Posted: 29 Mar 2011 12:14 AM PDT ជនសកម្មប្រយុទ្ធ១៧នាក់ បានត្រូវស្លាប់ក្នុងប្រតិបត្តិការពិសេសចំនួន២ ដែលធ្វើឡើងដោយមន្ត្រីអនុវត្តច្បាប់នៅរដ្ឋអុីនហ្គូជី ភាគខាងត្បូងប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៨ មីនា កន្លងមក ។ ប្រតិបត្តិការនោះជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងគណៈកម្មាធិការស៊ើបអង្កេត និងក្រសួងមហាផ្ទៃរួមទាំងក្រសួងការពារប្រទេសរុស្ស៊ី ។ អ្នកនាំពាក្យគណៈកម្មាធិការប្រឆាំងភេរវកម្មជាតិរុស្ស៊ី លោក Nikolai Sintsov និយាយឱ្យដឹងថា ប្រតិបត្តិការពិសេសនោះត្រូវបានធ្វើឡើងជាផ្នែកមួយនៃការស៊ើបអង្កេតជាបន្តលើការដាក់បំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រលានយន្តហោះមួយរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ មករា កន្លងមក បណ្តាលឱ្យស្លាប់មនុស្ស៣៧នាក់ និងជាង១០០នាក់ទៀតរងរបួស ។ |
បុរសចិនម្នាក់ចិញ្ចឹមឆ្កែ140ក្បាល Posted: 29 Mar 2011 12:11 AM PDT បុរសជនជាតិចិនម្នាក់បានចិញ្ចឹមឆ្កែដល់ទៅ១៤០ក្បាល នៅក្នុងផ្ទះរបស់គាត់ ។ បុរសរូបនេះឈ្មោះ Li Zongwen អាយុ៥៩ឆ្នាំ បានចិញ្ចឹមឆ្កែក្នុងចំនួនដ៏ច្រើននេះ ធ្វើជាមិត្តភក្តិរបស់គាត់ ។ ឆ្កែទាំងនេះជាឆ្កែវង្វេងផ្ទះ ហើយគាត់បានជួយសង្គ្រោះពីតាមផ្លូវនៅតំបន់ជាយក្រុងវូហាន ហើយបានយកមកឱ្យរស់នៅក្នុងផ្ទះជាមួយគាត់ ។ ថ្លៃជួលផ្ទះ និងចំណីសម្រាប់ឆ្កែទាំងនេះអស់៤៩០ផោនក្នុងមួយខែ ហើយប្រាក់សម្រាប់ចំណាយនេះ លោក Li ទទួលបានពីសប្បុរសជននានា ដែលដឹងថា គាត់ចិញ្ចឹមឆ្កែយ៉ាងច្រើន។ |
ទាត់ចោលការអះអាងថា ផឹកតែធ្វើឱ្យខ្សោះជាតិទឹក Posted: 29 Mar 2011 12:09 AM PDT យល់ដឹង ៖ ការសិក្សាថ្មីមួយចុងក្រោយបានបង្ហាញឲ្យឃើញថាខុសចំពោះការអះអាងដែលថាផឹកទឹកតែក្នុងចំនួនច្រើន (ពី៤ទៅ៦កែវក្នុង១ថ្ងៃ) ធ្វើឲ្យខ្សោះជាតិទឹកក្នុងរាងកាយ។ ការដែលអះអាងថាធ្វើឲ្យខ្សោះជាតិទឹកក៏ព្រោះតែក្នុងទឹកតែមានផ្ទុកសារធាតុកាហ្វេអ៊ីន ។ ប៉ុន្តែ តាមការស្រាវជ្រាវថ្មីនេះពុំបានរកឃើញផលប៉ះពាល់អវិជ្ជមានពីការផឹកទឹកតែក្នុងចំនួននេះទេ ។ ផ្ទុយទៅវិញគេរកឃើញថា ផឹកទឹកតែក្នុងចំនួនខាងលើវាមានផលល្អជួយសន្សំជាតិទឹកក្នុងខ្លួនទៅវិញ ។ ក្រុមអ្នកធ្វើពិសោធន៍នៅចក្រភពអង់គ្លេសបានអះអាងថា បរិមាណទឹកតែសរុបនៅក្នុងខ្លួនក្រោម១លីត្រ វាប្រហាក់ប្រហែលនឹងបរិមាណទឹកដាំពុះក្តៅឧណ្ហៗដែរ។ ការពិសោធន៍បានសាកល្បងទៅលើមនុស្ស២១នាក់។ អ្នកធ្វើពិសោធន៍បានអះអាងថា បើយើងផឹកតែ៦ពែងឬក៏ទឹកធម្មតា៦ពែង គឺវាស្មើនឹងវត្ថុរាវក្នុងខ្លួនជិត១,៥លីត្រ។ អត្ថប្រយោជន៍នៃការផឹកទឹកធម្មតានិងផឹកទឹកតែមិនខុសគ្នាទេ។ វេជ្ជបណ្ឌិតCarrie Ruxtonបាននិយាយថា ៖ «ទឹកតែជាមធ្យោបាយដ៏ល្អបំផុតជួយរក្សាកម្រិតវត្ថុរាវក្នុងខ្លួន។ ក្នុងន័យនេះ តែសំបូរទៅដោយសារធាតុហ្វ្លាវ៉ូណូអ៊ីដ (Flavonoids) ដែលជាសារធាតុអាចជួយកាត់បន្ថយអត្រាប្រឈមនឹងជំងឺបេះដូងនិងជំងឺស្រ្តូក» ៕ |
ក្រុមប្រឹក្សាខណ្ឌដូនពេញប្រជុំសាមញ្ញលើកទី២២អាណត្តិទី១ ពិនិត្យរបាយការណ៍សាលាខណ្ឌ Posted: 29 Mar 2011 12:03 AM PDT រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាសាលាខណ្ឌដូនពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី១ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១១ នៅសាលប្រជុំខណ្ឌដូនពេញ ដើម្បីអនុម័តកំណត់ហេតុរបាយការណ៍ និងផែនការសកម្មភាពការងាររដ្ឋបាលសាលាខណ្ឌដូនពេញ ក្រោមអធិបតីភាពលោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោកឯក ឃុតឌឿន អភិបាលរងខណ្ឌដូនពេញ អភិបាលរង សមាជិកក្រុមប្រឹក្សា និងក្រុមប្រឹក្សាសង្កាត់ទាំង១១ ចូលរួម។ លោកហែម អាន ប្រធានក្រុមប្រឹក្សា បានមានប្រសាសន៍ថា កិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី១ ដើម្បីអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២១ កាលពីថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១១ ពិនិត្យអនុម័តរបាយការណ៍លទ្ធផលអនុវត្តផែនការការងាររយៈពេលបីខែ គឺមករា, កុម្ភៈ និងមីនា ឆ្នាំ២០១១ និងពិនិត្យអនុម័តផែនការសកម្មភាពរបស់រដ្ឋបាលសាលាខណ្ឌដូនពេញបន្តរយៈពេលបីខែ គឺមេសា, ឧសភា និងមិថុនា ឆ្នាំ២០១១ ដោយពិនិត្យអនុម័តសេចក្តីព្រាងកម្មវិធីនយោបាយសំរាប់ការកសាងផែនការអភិវឌ្ឍន៍របស់កម្មវិធីវិនិយោគបីឆ្នាំរំកិលសាលាខណ្ឌដូនពេញ និងបញ្ហាផ្សេងៗ។ សមាជិកក្រុមប្រឹក្សាបានអនុម័តទៅលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២១ របាយការណ៍លទ្ធផលអនុវត្តផែនការការងាររយៈពេលបីខែ គឺមករា, កុម្ភៈ និងមីនា ដោយសម្លេង១៤លើ១៥។ នៅក្នុងកិច្ចប្រជុំនោះ ដែរលោកអ៊ុក សាកល នាយករងរដ្ឋបាលខណ្ឌដូនពេញ បានឡើងអានរបាយការណ៍ផែនការសកម្មភាពរបស់រដ្ឋបាលខណ្ឌដូនពេញ រយៈពេលបីខែ គឺមេសា, ឧសភា និងមិថុនា ក្នុងនោះគឺបន្តអនុវត្តការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការងាររដ្ឋបាល ការងារសាធារណការ ការងាររៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាល ការងារបរិស្ថាន ពាណិជ្ជកម្ម សង្គមកិច្ច ទេសចរណ៍ សុខាភិបាល កាកបាទក្រហម និងផែនការអភិវឌ្ឍក្នុងមូលដ្ឋាន ៕ |
ខ្សែប្រយុទ្ធ Man City បង្កបញ្ហាគប់គ្រាប់ព្រួញដាក់កីឡាករក្រុមយុវជន Posted: 28 Mar 2011 11:58 PM PDT ម៉ារីយ៉ូ បាឡូតេល្លី ខ្សែប្រយុទ្ធក្លឹប Man City ទទួលការរិះគន់ពីទង្វើដ៏អមនុស្សធម៌ជាថ្មីដោយគប់គ្រាប់ព្រួញដាក់កីឡាករយុវជនរបស់ក្លឹប។ ចំណែកក្លឹប Man City បញ្ជាក់នៅពេលដំបូងថា គ្មានអ្នកណាម្នាក់រងរបួសទេ ករណីនេះគ្រាន់តែជាការលេងសើចដាក់គ្នាប៉ុណ្ណោះ ប៉ុន្តែត្រូវធ្វើការស៊ើបអង្កេតរួមទាំងចាត់ការលើរបៀបវិន័យ ។ កីឡាករម៉ារីយ៉ូ បាឡូតេល្លី ខ្សែប្រយុទ្ធជនជាតិអ៊ីតាលីរបស់ក្លឹប Man City ត្រូវបានកាសែតអង់គ្លេសចុះផ្សាយថា បានគប់គ្រាប់ ព្រួញដាក់កីឡាករយុវជនរបស់ក្លឹប Man City ដើម្បីបំបាត់នូវភាពតប់ប្រមល់ ប៉ុន្តែក្លឹបកំពុងត្រៀមស៊ើបអង្កេត និងចាត់ការតាមច្បាប់ផ្ទៃក្នុង។ ទោះបីជាយ៉ាងណាក៏ដោយ ក្លឹបបានបញ្ជាក់ថា គ្មានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍ខាងលើទេ ព្រោះជាការលេងសើចដាក់គ្នាទៅវិញទៅមក គ្មានចេតនាឱ្យនរណាម្នាក់រងរបួសឡើយ ។ គួរបញ្ជាក់ថា ក្នុងអំឡុងពេលកន្លងមក ទង្វើរបស់កីឡាករបាឡូតេល្លី ធ្លាប់ធ្វើឱ្យខ្ទរខ្ទារថា កីឡាកររូបនេះចូលចិត្តបង្កើតបញ្ហាក្នុងពេលកន្លងមក រហូតធ្វើឱ្យមានលេចឮដំណឹងថា លោករ៉ូប៊ែរតូ ម៉ាន់ស៊ីនី គ្រូបង្វឹកអត់ធ្មត់មិនបានដល់ថ្នាក់គ្រវែងកាបូបខោអាវដាក់នៅក្នុងបន្ទប់ឈប់សម្រាកចោល ព្រោះរូបគេមានចំណែកធ្វើឱ្យក្លឹបធ្លាក់ចេញពីជុំ១៦ក្រុមចុងក្រោយនៃការប្រកួតអឺរ៉ូប៉ា ។ សម្រាប់កាសែតដឹភីផលផ្សាយថា ការបំបាត់ភាពធុញថប់ដោយគប់គ្រាប់ព្រួញដាក់កីឡាករយុវជនពីមាត់បង្អួចជាន់ទី១ ធ្វើឱ្យក្លឹបត្រូវធ្វើការស៊ើបអង្កេត ទោះបីជាបញ្ជាក់ថា គ្មានអ្នកណាម្នាក់រងរបួសក៏ដោយ ។ អ្នកនាំពាក្យរបស់ក្លឹប Man City បានគូសបញ្ជាក់ថា នេះជារឿងដែលយើងត្រូវចាត់ការតាមច្បាប់ផ្ទៃក្នុង ៕ |
គ្រូបង្វឹកក្លឹប Real Madrid មានគំនិតចង់ធ្វើការប្រកួតប្រជែង Posted: 28 Mar 2011 11:56 PM PDT លោកចូសេ មូរីនញ៉ូ គ្រូបង្វឹកក្លឹប Real Madrid ថ្លែងថា លោកស្ទើរតែបានចុះហត្ថលេខាជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ក្រោយពីការសម្រេចចិត្តផ្លាស់ចេញពីក្លឹប Chelsea ក្នុងឆ្នាំ២០០៧ ប៉ុន្តែបន្ទាប់ពីពិចារណាយ៉ាងដិតដល់ និងរង់ចាំពេលវេលាដ៏សមស្របក៏បានចុះហត្ថលេខាជាមួយក្លឹបនៅអ៊ីតាលី រហូតទទួលជោគជ័យក្នុងរដូវកាលកន្លងមក ។ លោកមូរីនញ៉ូ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំស្ទើរតែចុះហត្ថលេខាជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ប៉ុន្តែជាចុងក្រោយបែរជាគិតថា បើត្រូវទៅដឹកនាំក្រុមជម្រើសជាតិប្រហែលជាមានកម្មវិធីចូលប្រកួតតែមួយលើកក្នុងមួយខែឯពេលវេលាដែលនៅសល់ជាពេលទំនេរអង្គុយតែនៅក្នុងការិយាល័យ ឬទស្សនាការប្រកួតពីបរទេស និងត្រូវរង់ចាំដល់រដូវក្តៅ ទើបមានការប្រកួតដណ្តើមពានរង្វាន់អឺរ៉ុប ឬបាល់ទាត់ពិភពលោក។ ការគិតគូរបែបនេះ ធ្វើឱ្យខ្ញុំដកខ្លួនចេញរង់ចាំពេលវេលាមានការងារសមស្របចូលជំនួស មានក្លឹបដ៏ល្អ និងបង្កើតការប្រកួតប្រជែង បញ្ហានេះគឺក្លឹប Inter Milan »៕ |
អង់គ្លេសគ្រោងផលិតទូទឹកកកមានរូបភាពអនុស្សាវរីយ៍ព្រះអង្គម្ចាស់ Posted: 28 Mar 2011 11:52 PM PDT ស្រាវជ្រាវ ៖ ក្រុមហ៊ុនផលិតទូទឹកកករបស់អង់គ្លេសបានបិទរូបប្លាស្ទិករបស់ព្រះអង្គម្ចាស់វីល្លៀម និងនាងខេត មីតដលតុន នៅលើផលិតផលរបស់ខ្លួនសម្រាប់ជាទីនឹករលឹកក្នុងពិធីរៀបអភិសេក ទើបធ្វើឱ្យចំនួននៃការលក់មានការកើនឡើង ។ តាមទីភ្នាក់ងារបរទេសកាលពីថ្ងៃទី២៧ មីនា ផ្សាយឱ្យដឹងថា ក្រុមហ៊ុន “GE” ជាក្រុមហ៊ុនផលិតទូទឹកកករបស់អង់គ្លេស បានចេញម៉ូដទូទឹកកកស៊េរីថ្មីដោយមានបិទរូបព្រះអង្គម្ចាស់វីល្លៀម និងនាងខេត មីតដលសុន ធ្វើជាវត្ថុអនុស្សាវរីយ៍សម្រាប់ពិធីរៀបអភិសេកដែលរៀបចំឡើងនៅថ្ងៃទី២៩ មេសា ខាងមុខ ធ្វើឱ្យជនជាតិអង់គ្លេសនាំគ្នាទិញទូទឹកកកស៊េរីនេះយ៉ាងច្រើន។ វត្ថុអនុស្សាវរីយ៍នៅក្នុងពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់វីល្លៀម និងនាងខេត មីតដលតុន ឃើញមានបង្ហាញនៅលើមុខទំនិញផ្សេងៗទៀតនៅក្នុងទីផ្សារប្រទេសអង់គ្លេស មានដូចជានៅលើប្រអប់នំដូណាត់ ថង់ដាក់តែ ឬនៅលើប្រអប់ស្រោមអនាម័យជាដើម ៕ |
ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការរងជាស្ត្រីមួយរូប Posted: 28 Mar 2011 11:47 PM PDT ខេត្តកំពង់ធំ ៖ កាលពីព្រឹកថ្ងៃទី២៥ មីនា នៅសាលប្រជុំខេត្តកំពង់ធំមានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោមការចូលរួមពីលោកឧត្តមសេនីយ៍ឯក ដាំ វុទ្ធី ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាតំណាងលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកអភិបាល អភិបាលរងខេត្ត លោកស្នងការ ស្នងការរង ប្រធាន អនុប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធជាច្រើនរូប ។ បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រីស្នងការរួចមក លោកឧត្តមសេនីយ៍ត្រី ប៉ុល សុគន្ធ អនុប្រធាននាយកដ្ឋានបុគ្គលិកបានឡើងអានប្រកាសស្ដីពីការផ្ទេរភារកិច្ចតែងតាំងមុខតំណែងរបស់ក្រសួងមហាផ្ទៃ។ ដោយយោងសេចក្ដីសម្រេចលេខ៣៤៣ ប្រក ចុះថ្ងៃទី៣ មីនា ឆ្នាំ២០១១ ក្នុងប្រការមួយសម្រេចតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិជាស្ត្រី គឺលោកស្រីវរសេនីយ៍ទោ អ៊ុក សុខុម អត្តលេខ០១៧២៣ ជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។ ក្រោយពីបានស្ដាប់នូវការប្ដេជ្ញាចិត្តរបស់លោកស្រីវរសេនីយ៍ទោ អ៊ុក សុខុម រួចមកលោកឈុន ឈន់ អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ឯក ដាំ វុទ្ធី បានធ្វើការសំណេះសំណាល និងផ្ដាំផ្ញើដោយបានបញ្ជាក់ថា លោកសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែង និងជំរុញលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តជំរុញ និងសហការបំពេញការងារបានជោគជ័យនាពេលកន្លងមក ពិសេសចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ លោកឧត្តមសេនីយ៍ឯកបានចាប់អារម្មណ៍លើបីចំណុចក្នុងការជំរុញការអនុវត្តការងារបានជោគជ័យ គឺទី១-ត្រូវរក្សាស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ទី២-អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងទី៣-ត្រូវគ្រប់គ្រងកម្លាំងឱ្យបានល្អទាំងបរិមាណ និងគុណភាព ធ្វើយ៉ាងណាឱ្យចំជំនាញ និងមិនពាក់ព័ន្ធនឹងអំពើល្មើសផ្សេងៗ។ នៅចំពោះមុខនេះ គឺជាទិសដៅដែលត្រូវបង្កើនប្រសិទ្ធភាពដឹកនាំគ្រប់គ្រងបង្គ្រប់ក្របខណ្ឌ និងជាអ្វីដែលសង្គមជាតិកំពុងត្រូវការជាចាំបាច់ក្នុងការលើកទឹកចិត្ត និងឆ្លើយតបទៅនឹងសមត្ថភាពពិសេសស្ត្រី ហើយក៏ជាក្រឹត្យក្រមនៃការអភិវឌ្ឍធនធានមនុស្ស។ ម្យ៉ាងជាការឆ្លើយតបទៅនឹងរបបនយោបាយប្រជាធិតេយ្យក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ៕ |
Posted: 28 Mar 2011 08:49 PM PDT រាជធានីភ្នំពេញ ៖ នៅវេលារសៀលថ្ងៃទី២៩ មីនា ២០១១ នេះ លោកចូសេ រ៉ាម៉ូស ហ័រតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ មីនា ២០១១ ។ យោងតាមសេចក្តីជូនព័ត៌មានចុះថ្ងៃទី២៤ មីនា ២០១១ របស់ក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃរបស់លោកប្រធានាធិបតីទីម័រខាងកើត បានធ្វើឡើងតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ អំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោកចូសេ រ៉ាម៉ូស ហ័រតា នឹងចូលក្រាបបង្គំគាល់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង និងចូលជួបសម្តែងការគួរសមផងដែរជាមួយសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ៕ |
លីប៊ី៖ ពួកឧទ្ទាមពឹងផ្អែកលើការវាយប្រហារតាមអាកាសរបស់ពួកលោកខាងលិចដើម្បីរុលទៅមុខ Posted: 28 Mar 2011 08:46 PM PDT ពួកបះបោរលីប៊ីពេលនេះស្ថិតនៅចម្ងាយយ៉ាងតិច១២០គ.ម ពីទីក្រុង SYRTE ដែលរងការទម្លាក់គ្រាប់បែករបស់កងកម្លាំងចម្រុះ ។បន្ទាប់ពីទទួលបានជ័យជំនះជាច្រើនមក ពួកបះបោរត្រូវបានបញ្ឈប់ដោយកងទ័ពលីប៊ីនៅត្រង់កន្លែងមួយចម្ងាយ១២០គ.ម ពីទីក្រុងSYRTE ជាទីក្រុងកំណើតរបស់លោកមូអាម៉ាកាដាហ្វី ។ ពួកគេរង់ចាំជំនួយថ្មីពីអាកាស ដើម្បីអាចរុលទៅមុខទៀត ។ ការវាយដណ្តើមយកទីក្រុងនេះនឹងជាទិសដៅសំខាន់មួយ ព្រោះវាជាតំបន់និមិត្តរូបមួយ ។ |
ពួកចោរសមុទ្រចាប់នាវាដឹកប្រេងមួយគ្រឿងរបស់កូវ៉ែត Posted: 28 Mar 2011 08:46 PM PDT កងកម្លាំងនាវាចរណ៍អឺរ៉ុបប្រឆាំងពួកចោរសមុទ្រ ATALANTE រាយការណ៍ថា នាវាដឹកប្រេងកូវែ់តមួយគ្រឿងជាមួយសមាជិកក្រុមនាវិក២៩នាក់ ក្នុងនោះមានជនជាតិប៉ាគីស្ថាន១៧នាក់ត្រូវចាប់ជាចំណាប់ខ្មាំងកាលពីថ្ងៃទី២៨ មីនា ដោយពួកចោរសមុទ្រក្នុងឈូងសមុទ្រអាដេន។ ក្នុងសេចក្តីប្រកាសមួយ ATALANTE និយាយថា នាវាឈ្មោះ ZIRKU ជានាវាកូវ៉ែតដោតទង់ជាតិអេមីរ៉ាត អារ៉ាប់រួមត្រូវរងការវាយប្រហារនាវេលាម៉ោង៩ និង០០នាទីម៉ោងសាកល ដោយនាវា២គ្រឿងរបស់ពួកចោរសមុទ្រប្រដាប់ដោយកាំភ្លើងបាញ់រ៉ុក្កែត និងអាវុធធុនស្រាល ខណៈដែលនាវានោះស្ថិតនៅចម្ងាយប្រមាណជា២៥០ម៉ាយភាគអាគ្នេយ៍ទីក្រុងសាឡាឡា ក្នុងតំបន់ឈូងសមុទ្រអាដេន។ សមាជិកក្រុមនាវិករបស់នាវានោះមានមនុស្សសរុប២៩នាក់ គឺជនជាតិប៉ាគីស្ថាន១៧នាក់ អេហ្ស៊ីប៣នាក់ ហ្ស៊កដានី៣នាក់ អ៊ុយក្រែន២នាក់ ក្រូអាស៊ីម្នាក់ អ៊ីរ៉ាក់ម្នាក់ ហ្វ៊ីលីពីនម្នាក់ និងឥណ្ឌាម្នាក់។ ATALANTE ពុំទទួលបានព័ត៌មានបន្ថែមទៀតពីក្រុមនាវិកនៃនាវានោះឡើយក្នុងដំណាក់កាលនេះ។ នាវា ZIRKU ចាកចេញពីស៊ូដង់មកកាន់សិង្ហបុរី ៕ |
ស្លាប់២០នាក់ក្នុងការប៉ះទង្គិចគ្នានៅរដ្ឋអ៊ីនហ្គូជីរុស្ស៊ី Posted: 28 Mar 2011 08:44 PM PDT ជនសកម្មប្រយុទ្ធ១៧នាក់ បានត្រូវស្លាប់ក្នុងប្រតិបត្តិការពិសេសចំនួន២ ដែលធ្វើឡើងដោយមន្ត្រីអនុវត្តច្បាប់នៅរដ្ឋអ៊ីនហ្គូជី ភាគខាងត្បូងប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៨ មីនា កន្លងមក ។ ប្រតិបត្តិការនោះជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងគណៈកម្មាធិការស៊ើបអង្កេត និងក្រសួងមហាផ្ទៃរួមទាំងក្រសួងការពារប្រទេសរុស្ស៊ី ។ អ្នកនាំពាក្យគណៈកម្មាធិការប្រឆាំងភេរវកម្មជាតិរុស្ស៊ី លោក Nikolai Sintsov និយាយឱ្យដឹងថា ប្រតិបត្តិការពិសេសនោះត្រូវបានធ្វើឡើងជាផ្នែកមួយនៃការស៊ើបអង្កេតជាបន្តលើការដាក់បំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រលានយន្តហោះមួយរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ មករា កន្លងមក បណ្តាលឱ្យស្លាប់មនុស្ស៣៧នាក់ និងជាង១០០នាក់ទៀតរងរបួស ។ ក្នុងការប៉ះទង្គិចគ្នា សមាជិកនៃភ្នាក់ងារសន្តិសុខសហព័ន្ធ FSB ២នាក់ និងអ្នកទទួលខុសត្រូវម្នាក់របស់ក្រសួងមហាផ្ទៃរុស្ស៊ីក៏ត្រូវស្លាប់ដែរ ៕ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |