Koh Santipheap Daily

Koh Santipheap Daily


ចិត្ត​រេ​ដូច​ចុង​ស្រល់​បាន​ខ្លួន​ប្រាណ​នាង​ចង់​ដោះ​ដៃ​ប្តឹង​ទារ៥.០០០​ដុល្លារ

Posted: 27 Mar 2011 12:33 AM PDT

ជនសង្ស័យឈ្មោះ​អួ ពន្លក

ខេត្ត​កំពង់ចាម​ ៖ លោកចៅក្រមស៊ើបសួរ តេង រតនា បានចេញដីកាឃុំ​ខ្លួន​កំលោះ​សក់​ទង់​ដែង​​ម្នាក់ឈ្មោះ​អួ ពន្លក អាយុ១៩ឆ្នាំ រស់​នៅ​ភូមិ​​វាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ចុះ​ថ្ងៃ​ទី​​២៥ មីនា ២០១១ ដោយចោទប្រកាន់​ពី​បទ​រំលោភសេព​សន្ថវៈ​ប្រព្រឹត្ត​លើនារី​កម្មករ​លាង​រថយន្ត​អាយុ២១ឆ្នាំ ស្នាក់នៅបណ្តោះ​អាសន្ន​​ក្នុង​ឃុំមេមត់ ស្រុកមេមត់ ។ 

ទាក់ទិន​នឹងករណីនេះ​ ត្រូវបានលោក​វរ​សេនីយ៍​​ត្រី ឯម កុសល អធិការនគរបាល​ស្រុក​មេមត់ ឲ្យដឹងថា នៅវេលា​ម៉ោង១២ថ្ងៃ​ត្រង់ ថ្ងៃ​ទី២៣ មីនា កំលាំងប៉ុស្តិ៍​រដ្ឋបាលត្បូងវត្ត បាន​ទទួលពាក្យបណ្តឹងពីនាង «ស.គ» អាយុ​២១ឆ្នាំ ដែលមានទីលំនៅស្រុកពញាក្រែក បានប្តឹង​ចោទ​​​ប្រកាន់​​​​ឈ្មោះ​ពន្លក ជាកម្មករ​លាងរថយន្ត​នៅ​ឃុំមេមត់ ស្រុកមេមត់ ​ថា បាន​ចាប់រំលោភ​រូប​នាងកាលពី​វេលាម៉ោង៧យប់ ថ្ងៃទី​២២ មីនា ២០១១ នៅ​ក្នុងបន្ទប់ទឹកខាងក្រោមផ្ទះ​កន្លែង​ស៊ី​ឈ្មួលលាង​រថយន្ត។ ក្រោយពីបានទទួល​ពាក្យ​បណ្តឹង​​នេះ​ភ្លាម រូបលោក​បាន​ចាត់កំលាំងប៉ុស្តិ៍ និងជំនាញ​ព្រហ្មទណ្ឌស្រុក​ឲ្យចុះទៅកាន់ផ្ទះបើក​លាង​​រថយន្ត​​នោះ ដើម្បី​សួរនាំពី​ក្រុម​កម្មករ​ដែល​កំពុងបម្រើ​ការងារលាងរថយន្ត តែជនសង្ស័យ​បានប្រញាប់ប្រញាល់​ឡើងជិះ​រថយន្តឈ្មួល​ចេញ​ពីមេមត់មកកាន់លំនៅឋាន​របស់​ខ្លួន​​នៅភូមិវាល ឃុំ​ពាមប្រធ្នោះ ស្រុកកោះ​សូទិន បាត់ មុនពេល​ដែល​​នាងរងគ្រោះ​​មក​ប្តឹងសមត្ថកិច្ច។ បន្ទាប់​មក​លោក​ក៏​បានទូរស័ព្ទ​ទៅ​​កាន់​លោកវរសេនីយ៍​ត្រី ហ៊ាង ហ៊ត់ អធិការនគរ​បាល​ស្រុកត្បូងឃ្មុំ ព្រម​ទាំង​កំលាំងការិយា​ល័យ​ប្រឆាំងការជួញដូរ​មនុស្ស និងការពារអនីតិជន​នៃស្នងការដ្ឋាន​នគរ​បាលខេត្ត ដើម្បីជួយអន្តរា​គមន៍​តាមស្ទាក់ចាប់​ជន​សង្ស័យ​នៅឃុំជប់ ស្រុក​ត្បូងឃ្មុំ ។

​ចំណែក​នារីរងគ្រោះ​បានបំភ្លឺប្រាប់ថា នៅ​វេលា​ម៉ោង៧យប់ថ្ងៃទី២២ មីនា ​នោះ ក្រោយ​ពី​​ដាំ​បាយ និង​ស្ល រួចរាល់​​នាង​ក៏​ដើរចូលទៅ​ក្នុង​បន្ទប់​ដេកដែលស្រីៗកម្មករស្នាក់នៅ ​ដើម្បី​ផ្លាស់​​សម្លៀកបំពាក់​​ចូលទៅក្នុងបន្ទប់ទឹក ព្រមទាំង​បាន​បូមទឹកដាក់ពេញអាង។ ខណៈ​​នោះ​ស្រាប់​តែ​​ឈ្មោះ​ពន្លក ដែល​ជា​កម្មករលាងរថយន្តដូច​គ្នា​​បាន​ចូល​មក​​ចាប់​អោបនាងពីខាងក្រោយ​ ភ្លាមៗ​​នោះនាង​បាន​ស្រែក​ហៅ​ឈ្មោះហេម នៅ​ជា​មួយគ្នាឲ្យជួយតែ​មិន​មានអ្នកណា​ម្នាក់ចូល​ទៅជួយទេ ចំណែក​រូប​នាង​ទោះ​បី​​ខំ​រើ​បម្រះ​យ៉ាង​​ណា​ក្តី​មិន​រួច​ដែរ ​ហើយ​​ជន​នេះ​បាន​ចាប់​នាងរំលោភរហូតដល់បាន​សំរេច។ មិនតែ​ប៉ុណ្ណោះ​បានគំរាមនាង​មិនឲ្យយករឿងនេះទៅ​ប្រាប់​​អ្នកណាជាដាច់​ខាត បើពុំនោះទេនឹង​សំលាប់​​ចោលទៀតផង។ លុះ​​​ព្រឹកឡើងថ្ងៃទី២៣ មីនា នាងបាន​ទូរស័ព្ទទៅ​ប្រាប់​ឪពុកម្តាយ​នៅ​ឯ​ស្រុកពញាក្រែកឲ្យ​ប្តឹង​មកសមត្ថកិច្ចតាម​ចាប់​ឈ្មោះ​ពន្លក ដែល​ក្នុង​ករណីនេះនាងប្តឹង​ទាម​ទារ​សំណង​ជំងឺចិត្តចំនួន​៥.០០០ដុល្លារ និងឲ្យ​ផ្តន្ទា​ទោសតាមច្បាប់ ។

ជនសង្ស័យឈ្មោះ​អួ ពន្លក បានឆ្លើយ​សារ​ភាព​ថា​ រយៈពេលជាង១ខែ​មកហើយ ដែលរូប​គេបានចេញពីផ្ទះ​ទៅស៊ីឈ្មួលលាងរថយន្ត និង​ម៉ូតូ​នៅផ្ទះ​របស់ឈ្មោះ​ស្រី អូន នៅ​ក្នុង​ឃុំ​មេ​មត់​​ស្រុកមេមត់។ ក្នុងរយៈពេលនោះរូបគេ​ក៏​បាន​​មាន​ទំនាក់​ទំនង​ស្រឡាញ់​គ្នា​ជា​មួយ​នាង​«ស.គ» ដែលជា​កម្មករដូចគ្នា ហើយក៏មាន​កម្ម​ករ​ស្រី​២​នាក់ទៀតបានដឹងឮទៀតផង​ពីរឿង​ស្នេហា​របស់​ពួកគេទាំង២នាក់នេះ។ ក្រោយ​ពី​បានស្គាល់ចិត្ត​ស្គាល់ថ្លើមគ្នាមក ក៏បានណាត់​រួមរ័ក២​ទៅ​៣​យប់​ម្តង​ជា​ហូរហែមក​ដោយមិនមានការ​បង្ខិត​បង្ខំ​​ទេ ​ហើយ​គិតថានឹង​យកគ្នាជាប្តីជាប្រពន្ធ​ទៀត​​ផង។ ក្រោយមក​ទៀ​តនៅវេលាម៉ោង១១​ព្រឹក​ថ្ងៃទី២១ មីនា ២០១១ នាងបានបបួលរូប​គេ​មក​លេង​ផ្ទះរបស់នាង​នៅក្នុងឃុំកោងកាង ស្រុក​ពញាក្រែក ​ហើយ​នាវេលាល្ងាចរូបគេបាន​អង្គុយ​និយាយ​លេង​ជាមួយឪពុកម្តាយរបស់នាង ​លុះ​ដល់​ម៉ោងប្រហែល​ជា៧យប់ ក៏បាន​ចូល​ទៅ​ដេក​នៅលើផ្ទះ ចំណែកឯឪពុកម្តាយនាង​សំរាន្ត​នៅ​ខាងក្រោមផ្ទះ។ ក្នុង​យប់​នោះរូបគេ​រួមភេទ​ជា​មួយ​នឹងនាងបានចំនួន២ដងទៀត ដោយ​មិន​មាន​ការ​ចាប់​បង្ខំ ឬប្រវាយប្រតប់គ្នាឡើយ។

នៅ​ព្រឹកថ្ងៃទី២២ មីនា ពួកគេទាំង​២​នាក់ បាននាំគ្នាធ្វើដំណើរទៅស្រុកមេមត់កន្លែង​ធ្វើ​ការវិញ ​ហើយ​នាល្ងាចថ្ងៃដដែល​រូបគេ បាន​ប្រាប់​នាងថា «នៅព្រឹកថ្ងៃស្អែកនេះ ថ្ងៃ​ទី​២៣ មីនា នឹងទៅលេងផ្ទះនៅភូមិវាល ឃុំពាម​ប្រធ្នោះ ស្រុកកោះសូទិន» លុះ​ជិះ​​រថយន្តមកដល់​ថ្នល់​ទទឹង ឃុំជប់ ស្រុក​ត្បូង​ឃ្មុំ ​ក៏​ត្រូវ​​កម្លាំង​សមត្ថ​កិច្ច​មកស្ទាក់​រថយន្ត​ដែលគេជិះនោះ​នាំត្រឡប់​ទៅ​ស្រុក​មេមត់​វិញ ៕

នារី​វ័យ​ក្មេង​​បញ្ជា​ឡង់​គ្រីស្ស័រជ្រុល​​បុក​ចូលហាង​លក់​​-ជួល​​រ៉ូប​​អាពាហ៍ពិពាហ៍

Posted: 27 Mar 2011 12:23 AM PDT

ឡង់​គ្រីស្ស័រជ្រុល​​បុក​ចូលហាង​លក់​​-ជួល​​រ៉ូប​​អាពាហ៍ពិពាហ៍
​រថ​យន្ត​​ឡង់គ្រីស្ស័រ​​​ ពណ៌ស​ ពាក់ស្លាកលេខ ​2H-6993 បុកចូល​ក្នុង​​ហាង​នោះ

រាជធានីភ្នំពេញ ៖ ​រថយន្តឡង់​គ្រីស្ស័រ​មួ​យ​គ្រឿង​​បើក​បរ​​ដោយនារី​វ័យ​ក្មេង​​ម្នាក់​បាន​ជ្រុល​​​ល្បឿន​បុក​​ចូលហាង​​លក់​-​ជួល​​រ៉ូប​អាពាហ៍​ពិពាហ៍​​ និងរ៉ូប​​​រាត្រីសមោ​សរ​​បណ្តាល​ឱ្យ​បែក​កញ្ចក់​​​ខ្ចាយ​​បង្ក​ឱ្យមានការ​​​ភ្ញាក់ផ្អើល​​ព្រលឹង​ចុង​សក់ កាលពីវេលាម៉ោង​​​​១​​និង​​​៣០​នាទី​​រសៀល​​ថ្ងៃទី​​២៧ មីនា ២០១១ ​អគារ​លេខ​​៦១C ផ្លូវ​លេខ​​​​២០៥ ​សង្កាត់ទួល​ស្វាយព្រៃ​ទី​២ ​ខណ្ឌ​ចំការ​មន ទល់មុខ​ចម្ងាយ​ប្រមាណ​​​២០០ម៉ែត្រ ​​ពី​សណ្ឋា​គារ​​​អាំងទែ​កុង​ទី​ណង់​តាល ម្តុំ​​​លក់គ្រឿង​​ក្លែមសាច់​​ឆ្កែ ។​

ហេតុការណ៍​នេះ​​មិនបណ្តាល​ឱ្យ​​មនុស្ស​ណា​ម្នាក់​​​​​ស្លាប់ និង​របួស​នោះទេ ​ព្រោះ​​​​ពេល​រថ​យន្ត​​ឡង់គ្រីស្ស័រ​​​ ពណ៌ស​ ពាក់ស្លាកលេខ ​2H-6993 បុកចូល​ក្នុង​​ហាង​នោះ គឺគ្រាន់តែ​​បែក​កញ្ចក់​​​ខ្ចាយ​​ប៉ុណ្ណោះ ​ដោយសារ​តែ​មនុស្ស​​អង្គុយ​នៅ​​ខាង​ក្នុង​​​ជ្រៅ រថយន្ត​បុក​​ចូលមិនដល់ ។ ​ភ្លាម​ៗ​នោះ ប៉ូលិស​​បានទៅដល់​​ពិនិត្យ​​មើល​ហេតុ​ការណ៍​ និង​សម្រប​​សម្រួល​​រវាង​ម្ចាស់​ហាង​ និង​ម្ចាស់​រថយន្ត​​​ឱ្យ​មាន​សំណង​សមរម្យ​...​​​ចំណែក​​ម្ចាស់​រថយន្ត​​បានយល់ព្រម​ថា សង​តាមការ​ជាក់​ស្តែង ។ សូមបញ្ជាក់​​ថា មុនពេល​បុក​ចូលហាង​​លក់​-ជួល​រ៉ូបអាពាហ៍ពិពាហ៍​ និង​រ៉ូបរាត្រី​សមោសរ​​​នេះគឺ​រថយន្តបានបុក​​ម៉ូតូ​តាម​ផ្លូវ​​​២​គ្រឿង បណ្តាល​ឱ្យ​​ខូចខាត​​​យ៉ាង​ដំណំ​​ផងដែរ ។

ព័ត៌មាន​លម្អិតនឹង​ផ្សាយជូននៅពេលក្រោយ និង​នៅលើទំព័រ​កាសែត​កោះសន្តិភាព.

សភាថៃ​​ពន្យារពេល​ផ្តល់​ការ​អនុម័ត​លើ​កំណត់ហេតុ​​របស់ JBC ​ទៀត

Posted: 27 Mar 2011 12:12 AM PDT

កាសែត​ឌឹណេស្សិន​​របស់ថៃ​​​​ជាភាសា​អង់​គ្លេស​​​នៅថ្ងៃទី​​​២៦ មីនា ​ចេញផ្សាយ​ព័ត៌​មាន​​ដោយ​ដកស្រង់​សម្តីមន្ត្រី​​គណបក្ស​​ប្រជាធិប​តេយ្យ​​​​កំពុងកាន់អំណាច​របស់ថៃ​​ដែលថ្លែង​ថា កាលពីថ្ងៃទី​​​២៥ មីនា សភា​បានបើក​កិច្ចប្រជុំ​​​តាមការ​គ្រោង​ទុករបស់ខ្លួន​ដើម្បី​​ពិភាក្សា​​លើការ​​​អនុម័ត​កំណត់ហេតុ​​របាយការណ៍​​ចំនួន​៣​របស់​​គណៈ​កម្មាធិការ​ព្រំដែន​​​ចម្រុះ (JBC) ប៉ុន្តែ​​​មិន​ទាន់​បាន​​បោះឆ្នោត​​អនុម័ត​លើ​កំណត់​ហេតុ​​ទាំង​នេះ​នៅឡើយទេ ​គឺរហូត​​ដល់​ថ្ងៃ​ទី​​២៩ មីនា ខាង​មុខ ។​

តម្រូវ​​ដោយ​មាត្រា​ទី​​១៩០ នៃ​រដ្ឋធម្មនុញ្ញ​​ការបើក​​សម័យប្រជុំ​​​រួមគ្នា​​របស់​​​​សភា និង​ព្រឹទ្ធ​សភា​ថៃ​​​ធ្វើឡើង​​ ដើម្បី​​ពិចារណា​ និងពិភាក្សា​​​ពីកំណត់ហេតុ​​​ទាំង​​៣​របស់​ JBC ដើម្បី​​ត្រួស​ត្រាយ​ផ្លូវ​​ឱ្យ JBC បន្ត​​បើក​កិច្ចប្រជុំ​​ស្តី​អំពី​ការ​កំណត់​ព្រំដែន​​រវាង​​ប្រទេសថៃ និង​ប្រទេស​កម្ពុជា ។​

នាយករដ្ឋមន្ត្រី​​ថៃ លោក​អាប់ភីស៊ីត វ៉េចាជី​វ៉ា ​បានទទូច​ដល់​​សភា​ឱ្យ​ប្រញាប់​ផ្តល់ការ​អនុម័ត​​លើ​កំណត់​ហេតុទាំង​​៣​របស់​ JBC ដើម្បី​​បង្ហាញ​ដល់​សហគមន៍​អន្តរជាតិ​ថា ​យន្ត​ការ​​ទំនាក់ទំនង​​ទ្វេភាគី​​រវាង​ប្រទេសថៃ និងប្រទេស​កម្ពុជា​អាច​ដោះស្រាយ​​ជម្លោះ​រវាង​​ប្រទេសទាំង​​​២​បាន ។​

កាសែត​ឌឹណេស្សិន​​បាន​ដកស្រង់​សម្តី​លោក​​អាប់ភីស៊ីត ​​ដែល​ថ្លែង​​ប្រាប់​សភា​ថា «ប្រសិនបើ​​យើង​​មិនអនុញ្ញាត​​ឱ្យ​គណៈ​កម្មាធិការ​​ព្រំដែន​ចម្រុះ JBC បំពេញ​​​​កាតព្វកិច្ច​​​របស់ខ្លួន​ ដោយ​សារ​​កំណត់ហេតុ​​​របស់ខ្លួន​​មិនទាន់ទទួល​បានការ​អនុម័ត​​ នោះ​សហគមន៍​​អន្តរជាតិ​​មាន​ដូច​ជា​​អង្គការ​​សហប្រជាជាតិ​​ និង​អាស៊ាន​ជា​ដើម​នឹង​ព្យាយាម​​ជាប់ពាក់ព័ន្ធ​​​ជាមួយ​បញ្ហា​ជម្លោះ​​រវាង​ថៃ និង​កម្ពុជា​» ។​

កំណត់ហេតុ​​របាយការណ៍​​ទាំង​​​៣​របស់ ​JBC ត្រូវ​​បានដាក់​ជូនសភា​​ថៃ​ដើម្បី​​ផ្តល់ការ​អនុម័ត​​​ចាប់តាំង​ពី​​កិច្ច​​ប្រជុំ​​លើកចុងក្រោយ​​របស់ ​JBC កាល​ពីខែ​មេសា ឆ្នាំ​២០០៩ ​កន្លងមក ​ហើយ​សភា​​ថៃ​បានពន្យា​រពេល​​​ផ្តល់​ការ​អនុម័ត​​​លើ​កំណត់ហេតុ​​ទាំងនេះ​​រហូត​ដោយ​​​សារ​មានការ​ប្រឆាំង​តវ៉ា​​ពី​ពួកជ្រុល​និយម​​សៀម​​ ពិសេស​ក្រុម​អាវ​លឿង ។​

សភាថៃ​បានបើក​កិច្ចប្រជុំ​​ស្តីពី​ការ​ផ្តល់​​​ការ​អនុម័ត​​លើ​កំណត់ហេតុ​​​របាយការណ៍​ចំនួន​​៣​របស់​ JBC កាល​​ពីថ្ងៃទី​​២៥ មីនា ​កន្លងមក ​តាម​ការ​​​គ្រោងទុក​របស់​​ខ្លួន បើ​ទោះ​បីជា​ក្រុម​​ជ្រុល​​និយម​អាវលឿង​គំរាម​​​ឡោមព័ទ្ធ​​​អគារ​វិមានរដ្ឋ​​សភា​ក៏ដោយ ​ប៉ុន្តែ​មិនទាន់​ផ្តល់​​ការអនុម័ត​​លើ​កំណត់​​ហេតុរបស់​ JBC ដដែល​​។​ ទោះបីជា​​បែបណា​ ពុំ​មាន​ប្រភព​ណា​មួយ​​បង្ហើប​​​​​ឱ្យ​​ដឹង​ពី​មូលហេតុ​​ដែលនាំ​​ឱ្យ​សភា​ថៃ​ពន្យារ​ពេល​​ផ្តល់​​ការ​អនុម័ត​​លើ​កំណត់​ហេតុ​របាយ​ការណ៍​​របស់ ​JBC ទៀត​នោះ​ទេ ៕​

មនុស្សជាង​១សែននាក់​ធ្វើបាតុកម្ម​​នៅ​អាល្លឺម៉ង់​ប្រឆាំងនុយ​ក្លេអ៊ែរ

Posted: 27 Mar 2011 12:05 AM PDT

បាតុករ​ជាង​​២០០.០០០​នាក់ បាននាំគ្នា​​ដើរ​ហែ​ក្បួន​​​ក្នុង​​ទីក្រុង​​​៤​របស់​អាល្លឺម៉ង់

បាតុករ​ជាង​​២០០.០០០​នាក់ បាននាំគ្នា​​ដើរ​ហែ​ក្បួន​​​កាលពីថ្ងៃទី​​​២៦ មីនា ក្នុង​​ទីក្រុង​​​៤​របស់​អាល្លឺម៉ង់​ ដើម្បី​ទាមទារ​ឱ្យ​បោះ​បង់​​​ចោល​ថាម​ពល​នុយ​ក្លេអ៊ែរ​​ដែលជា​រឿង​​ញ៉ាំង​ឱ្យមានការ​ព្រួយបារម្ភ​​​ខ្លាំងមួយចាប់តាំង​ពី​គ្រោះថ្នាក់​​នៅ​មជ្ឈ​មណ្ឌល​​នុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ា ​​ដាយ​​អ៊ីជី របស់​ជប៉ុន​មក ។​

នៅ​​ក្រុង​ប៊ែរឡាំង​យោង​តាមប៉ូលិស​​​ថា មនុស្ស​​ចំនួនជាង​​១០០.០០០​នាក់ បានស្រែក​​ទាមទារ​ឱ្យ​​បញ្ឈប់​ថាមពល​នុយ​ក្លេអ៊ែរ ។ ​បាតុ​កម្ម​ទាមទារ​​​​ដូច​គ្នា​នេះ​នៅក្រុង HAMBOURG មាន​​មនុស្ស​​ចូលរួម​​​៥០.០០០​នាក់ ​នៅក្រុង​​​កូឡូញ មាន​មនុស្ស​​​ចូលរួម​​៤០.០០០​នាក់ ​និង​នៅ​​​​ក្រុង​មុយនីក​មានបាតុករ​​៤០.០០០​នាក់ ។ ពួក​អ្នក​​​រៀបចំ​​បាតុ​កម្ម​​លើ​ក​ឡើង​ពីការ​ប្រមូលផ្តុំ​​មនុស្ស​ច្រើន​ជាង​​នេះ នៅអាល្លឺម៉ង់​​ធ្វើការ​​តវ៉ា​ពី​រឿង​​នោះ​ ។​

អ្នកនាំពាក្យ​​របស់ចលនា​​​បរិស្ថាន​​អាល្លឺម៉ង់​​ DIE GAÛNEW លោក​ JURGEN TRITTIN ថ្លែង​ថា យើង​​ធ្វើបាតុ​កម្ម​នា​ថ្ងៃ​នេះ ប្រឆាំង​នឹង​​ការ​សម្រេច​​ចិត្ត​ជា​ប្រវត្តិ​សាស្ត្រ​​​ដ៏​អាក្រក់​​មួយ ។​ ក្រោយគ្រោះថ្នាក់​​នុយ​ក្លេអ៊ែរ​នៅជប៉ុនមក មជ្ឈមណ្ឌល​​​នុយ​ក្លេអ៊ែរ​​​៧​កន្លែង​​ក្នុងចំណោម​​មជ្ឈ​មណ្ឌល​នុយក្លេអ៊ែរ​​​ទាំង​​១៧​​កន្លែង​របស់​អាល្លឺម៉ង់​ ​ត្រូវបិទទ្វារ​រយៈ​ពេល​​៣ខែ ដើម្បី​​ធ្វើ​​ការ​​ត្រួត​​ពិនិត្យ ៕​

ព្យុះ​ខ្សាច់​នៅ​កូវ៉ែត​ផ្អាក​​នាំ​ចេញ​ប្រេង​កាត

Posted: 26 Mar 2011 11:59 PM PDT

ទិដ្ឋភាព​ព្យុះ​ខ្សាច់​នៅកូវ៉េត

ក្រុម​ហ៊ុន​ប្រេង​ជាតិ​កូវ៉េត​ KPC រាយ​ការណ៍​ថា ផលិត​កម្ម​ប្រេង​​ និង​ការ​នាំ​ចេញ​ប្រេង​ត្រូវ​ផ្អាក​កាល​ពី​ថ្ងៃ​ទី​២៥ មីនា កន្លង​មក​នេះ​នៅ​កូវ៉ែត​ដោយ​សារ​ព្យុះ​ខ្សាច់​យ៉ាង​ខ្លាំង​ពុំ​ធ្លាប់​មាន​មួយ​ដែល​ធ្វើ​ឱ្យ​ស្ទះ​ដល់​ប្រទេស​នេះ​។
ក៏​ប៉ុន្តែ​ KPC បាន​សន្យា​គោរព​តាម​កុង​ត្រា​ប្រេង​ជាមួយ​អតិ​ថិ​ជន​ជាតិ​ និង​បរទេស​​តាម​រយៈ​ការ​បង្កើត​​ផែន​ការ​បន្ទាន់​នានា​។ លោក​ស៊ិក តា​ឡាល់​ អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​របស់​ក្រុម​ហ៊ុន​ប្រេងកូ​វ៉ែត អះ​អាង​ថា ដោយ​សារ​ធាតុ​អាកាស​អាក្រក់​ ភាព​អាសន្ន​ត្រូវ​បាន​ប្រកាស​ក្នុង​​គ្រប់​ទី​តាំង​ប្រេង​របស់ KPC ទាំង​បណ្តា​ស្ថានីយ​ចាក់​ប្រេង​ និង​មជ្ឈ​មណ្ឌល​នាំ​ចេញ​ទាំង​ឡាយ​របស់​ខ្លួន​។ KPC ក៏​ផ្អាក​ផង​ដែរ​នូវ​ប្រតិ​បត្តិ​ការ​សំអាត​ក្នុង​រោង​ចក្រ​ទាំង​ឡាយ​របស់​ខ្លួន​រហូត​ដល់​មាន​ការ​កែ​លំអ​លក្ខ​ខណ្ឌ​ឧតុ​និយម​។
ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​កូវ៉ែតត្រូវ​បិទ​ទ្វារ​កាល​ពី​ថ្ងៃ​ទី​២៥ មីនា ដោយ​សារ​ព្យុះ​ខ្សាច់​ដែល​វាយ​ប្រហារ​លើ​ប្រទេស​នេះ​នា​វេលាម៉ោង​១៨​ម៉ោង​ក្នុង​ស្រុក​ ហើយ​​ក្នុង​តំបន់​មួយ​ចំនួន​​ដោយ​សារ​​​ធូលី​ខ្សាច់​ខ្លាំង​ពេក​​គេ​អាច​មើល​​​ទៅ​មុខ​ឃើញ​ត្រឹម​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ។ កូវ៉ែត​ជា​ប្រទេស​​នាំ​ប្រេង​ចេញ​ធំ​ទី៤របស់​​ OPEC ហើយ​ផលិត​ប្រេង​ជា​មធ្យម​២,៣​លាន​ធុង​ក្នុង​មួយ​​ថ្ងៃ៕

ជ្រូក​វៀត​ណាម​នៅ​តែ​មាន​​​លួច​នាំ​ចូល​មក​កម្ពុជា​តាម​ច្រក​របៀង

Posted: 26 Mar 2011 11:58 PM PDT

ជ្រូក​វៀត​ណាម​នៅ​តែ​មាន​​​លួច​នាំ​ចូល​មក​កម្ពុជា​តាម​ច្រក​របៀង​
ជ្រូក​វៀត​ណាម​នៅ​តែ​មាន​​​លួច​នាំ​ចូល​មក​កម្ពុជា​តាម​ច្រក​របៀង​
ជ្រូក​វៀត​ណាម​នៅ​តែ​មាន​​​លួច​នាំ​ចូល​មក​កម្ពុជា​តាម​ច្រក​របៀង​

ខេត្ត​​ស្វាយ​រៀង ៖ ទោះ​បី​ជា​មាន​ការ​រឹត​បន្តឹង​ការ​នាំ​ជ្រូក​​ពី​ប្រទេស​ជិត​ខាង​ចូល​មក​កម្ពុជា​​យ៉ាង​​ណា​ក៏​ដោយ​ ​ក៏​នៅ​តែ​មាន​ឈ្មួញ​លួច​ដឹក​ជ្រូក​ពី​ប្រទេស​វៀត​ណាម ចូល​មក​កម្ពុជា​តាម​ចក្រ​​របៀង​នានា​ដែរ នៅ​ខេត្ត​ស្វាយ​រៀង ​ជាក់​ស្តែង​​កាល​ពីវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ មីនា កន្លង​មក​នេះ សមត្ថ​កិច្ច​​ការិយា​ល័យ​ផលិត​កម្ម និង​បសុ​ព្យា​បាល​ខេត្ត​ស្ទាក់​ចាប់​បាន​​ជ្រូក​ចំនួន​៩​ក្បាល ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១​ខាង​លិច​ផ្សារ​​ប្រសូត​ចម្ងាយ​​ប្រមាណ​​​១​គីឡូ​ម៉ែត្រ ​ស្ថិត​ក្នុង​​ភូមិ​សាម​គ្គី ​សង្កាត់​ស្វាយ​​តឿ ក្រុង​ស្វាយ​រៀង ខណៈ​ឈ្មួញ​ដឹក​តាម​ម៉ូតូ​​ពី​ព្រំ​ដែន​មក​កាន់​ក្រុង​ស្វាយ​រៀង។

ទាក់​ទិន​​នឹង​​ករណី​ខាង​លើ​ អាជីវ​ករ​ឈ្មោះ​ផេង សំអាន អាយុ​៣២​ឆ្នាំ ​នៅ​ភូមិ​ព្រៃ​ត្រុំ ឃុំ​ញរ ស្រុក​កំពង់​រោទ៍ ​បាន​និយាយ​ថា រូប​គាត់​និង​អ្នក​ភូមិ​២​នាក់ បាន​រក​ស៊ី​ទិញ​ជ្រូក​តាម​ផ្ទះ​យក​មក​លក់​ឱ្យ​ថៅកែ​ជ្រូក​នៅ​​ក្រុង​ស្វាយ​​រៀង​ និង​ដឹក​បន្ត​ទៅ​​ភ្នំពេញ ​ដោយ​ឡែក​​នៅ​ថ្ងៃ​​​ទី​​២៥ មីនា រូប​គាត់​​រួម​ជា​មួយ​ឈ្មោះ​ម៉ី វិត អាយុ​៣៦​ឆ្នាំ ​និង​ឈ្មោះ​សុខ ឡូ អាយុ​៣១​ឆ្នាំ បាន​ទៅ​ទិញ​ជ្រូក​របស់​ឈ្មោះ​​តាក់ អាយុ​៣៤​ឆ្នាំ ​នៅ​ភូមិ​ថ្មី ឃុំ​ខ្សែ​​ត្រ ស្រុក​កំពង់​រោទ៍ ចំនួន​​៩​ក្បាល សរុប​៤៩០​គីឡូ​ក្រាម ​តម្លៃ​១​គីឡូ​ក្រាម​៧.៥០០​រៀល ​​អស់​ទឹក​ប្រាក់​ចំនួន​៣.៦៧៥.០០០​រៀល ​មិន​ទាន់​ឱ្យ​លុយ​ម្ចាស់​ជ្រូក​ទេ ​គឺ​ទាល់​​តែ​​យក​មក​លក់​ឱ្យ​ថៅកែ​​ហើយ​ទើប​យក​ប្រាក់​ឱ្យ​ម្ចាស់​ជ្រូក។ លុះ​ដឹក​​មក​ដល់​ភូមិ​​សាមគ្គី ក៏​ជួប​នឹង​​លោក​ប្រធាន​​ការិយា​ល័យ​​ផលិត​កម្ម​ ​និង​បសុព្យា​បាល​​ខេត្ត​ស្ទាក់​ចាប់​​ជ្រូក​ទាំង​៩​ក្បាល​ដាក់​លើ​រថយន្ត​​នាំ​យក​មក​កាន់​ការិយា​ល័យ​ផលិ​ត​កម្ម និង​បសុ​ព្យា​បាល​ខេត្ត ហើយ​​​ត្រូវ​ងាប់​អស់​​ជ្រូក​១​ក្បាល ​យក​ទៅ​កប់​ចោល​​នៅសល់​៨​ក្បាល ទុក​ក្នុង​ទ្រុង ដើម្បី​បូម​ឈាម​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​​ពិសោធន៍​​​នៅ​នាយក​ដ្ឋាន​ផលិត​កម្ម និង​បសុ​ព្យា​បាល​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​។ ការ​យក​ឈាម​​ទៅ​ពិនិត្យ​​នេះ គឺ​រយៈ​ពេល​២១​ថ្ងៃ ទើប​ដឹង​លទ្ធ​ផល​ បើ​គ្មាន​ជំងឺ​​ ទើប​ប្រគល់​ឱ្យ​​​វិញ បើ​ដូច្នេះ​មែន​ជ្រូក​ប្រហែល​ជា​ត្រូវ​ងាប់​ជា​បន្ត​បន្ទាប់​ដែល​ពួក​គាត់​ពិត​ជា​ខាត​ឡុង​ចុង​ហើយ ។

​ក្រុម​ប្រជា​ពល​រដ្ឋ​បាន​ត្អួញ​ត្អែរ​ថា បច្ចុ​ប្បន្ន​មាន​ការ​ពិបាក​ខ្លាំង​ណាស់​​ ចិញ្ចឹម​ជ្រូក​​​​១​ក្បាល​២​ក្បាល បើ​ត្រូវ​ការ​លក់​គឺ​ត្រូវ​សុំ​ច្បាប់​​ពី​លោក​មេ​ភូមិ មេ​ឃុំ​និង​​ការិយា​ល័យ​ពេទ្យ​សត្វ​ស្រុក​ ទើប​​លក់​បាន​ ត្រូវ​ការ​ចំណាយ​ពេល​​វេលា​ និងលុយ​កាក់​ច្រើន​។ ​បើ​លក់​មិន​បាន​​សុំ​ច្បាប់​បើ​ជួប​ពេទ្យ​សត្វ​គេ​ចោទ​ថា ជ្រូក​យួន​ត្រូវ​គេ​ចាប់ បើ​ងាប់​​ត្រូវ​​គេ​ឱ្យ​កប់​ចោល តែ​បើ​​ថៅ​កែ​ជ្រូក​ធំៗ ហើយ​មិន​ថា ជ្រូក​ក្រហម​ ជ្រូក​យួន​ទេ គេ​​ដឹក​​ពេញៗ​រថយន្ត​​សុទ្ធ​​សឹង​អះ​អាង​ថា ​មាន​ច្បាប់ រីឯ​អ្នក​រក​ស៊ី​តូច​តាច​មួយ​ក្បាល​​​ពីរ​ក្បាល​គេ​ចោទ​ថា ដឹក​ជ្រូក​ខុស​ច្បាប់ ។

​លោក​សុខ សុទ្ធា​វុធ ប្រធាន​ការិយា​ល័យ​​​ផលិត​កម្ម និង​បសុ​ព្យា​បាល​ខេត្ត​ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា មន្ទីរ​កសិ​កម្ម​ខេត្ត​បាន​បង្កើត​ក្រុម​ការ​ងារ​ចម្រុះ​​ធ្វើ​ការ​ជា​ប្រចាំ ដើម្បី​តាម​ដាន​ត្រួត​ពិនិត្យ​ និង​ចាត់​​វិធាន​ការ​បង្ក្រាប​បទ​ល្មើស​ដែល​ឈ្មួញ​នាំ​សត្វ​ចេញ-ចូល និង​ឆ្លង​កាត់​​ដើម្បី​​ទប់​ស្កាត់​​ការ​រីក​រាល​ដាល​ជំងឺ​​ឆ្លង​ ។ សកម្ម​ភាព​នេះ​គឺ​​បាន​សហ​ការ​​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ តាម​ដាន​ត្រួត​ពិនិត្យ​​ទប់​ស្កាត់​បទ​ល្មើស​​ចរាចរណ៍​សត្វ និង​​ផលិត​ផល​មាន​ដើម​កំណើត​​ពី​​សត្វ​ឆ្លង​កាត់​ ធ្វើ​អាជីវ​កម្ម​សត្វ តាម​ទី​សត្ត​ឃាត​ដ្ឋាន ​និង​តាម​កន្លែង​កែ​ច្នៃ​​​ដើម្បី​សុវត្ថិ​ភាព​​សុខុមាល​ភាព​ប្រជា​ពល​រដ្ឋ​ ។

លោក​សុខ សុទ្ធា​វុធ ​បាន​បន្ត​ទៀត​ថា ចំណែក​តាម​ការ​ត្រួត​ពិនិត្យ​​​ឃើញ​ថា អាជីវ​ករ​ដឹក​ជ្រូក​តាម​ម៉ូតូ​៣​គ្រឿង ​ជ្រូក​៩​ក្បាល ពុំ​មាន​ច្បាប់​​ធ្វើ​ចរា​ចរណ៍​សត្វ​ពី​មេ​ភូមិ ភ្នាក់ងារ​ពេទ្យ​សត្វ​​ឃុំ​ ស្រុក ទើប​មាន​ការ​សង្ស័យ​ត្រូវ​ចាប់​ឃាត់ ដើម្បី​ត្រួត​ពិនិត្យ​។ មុន​ដឹក​ជ្រូក​​ចេញ​ពី​ទ្រុង​តាម​ផ្ទះ​ ម្ចាស់​ជ្រូក​​ត្រូវ​ជូន​ដំណឹង​ទៅ​​លោក​​​មេ​ភូមិ​ ហើយ​មេ​ភូមិ​​ទូរស័ព្ទ​ឱ្យ​មន្ត្រី​ពេទ្យ​សត្វ​​ស្រុក​មក​ពិនិត្យ​ដល់​ទ្រុង​តាម​ផ្ទះ រួច​ចេញ​​លិខិត​អនុ​ញ្ញាត​ឱ្យ​ធ្វើ​ចរា​ចរណ៍​សត្វ​បាន​។ ​​​ក្រុម​សមត្ថ​កិច្ច​ពេទ្យ​សត្វ​ចេញច្បាប់​ឱ្យ​ត្រឹម​តែ​ម៉ោង​៣​រសៀល ​ទេ ឯ​លើស​ពី​ម៉ោង​៣​​រសៀល​ទៅ​ពេទ្យ​សត្វ​ឈប់​ចេញ​ច្បាប់​​​ឱ្យ​​ហើយ​ ហើយ​បើ​​ធ្វើ​ចរា​ចរណ៍​សត្វ​ពុំ​មាន​ច្បាប់​អនុ​​ញ្ញាត​​​មាន​ការ​សង្ស័យ​ត្រូវ​តែ​​ឃាត់​ទុក ដើម្បី​ពិនិត្យ​សុខ​ភាពសត្វ ដោយ​​បូម​ឈាម​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធន៍​​​នៅ​ភ្នំពេញ គឺ​មាន​រយៈ​ពេល​២១​ថ្ងៃ ទើប​ដឹង​លទ្ធ​ផល។ ​ដូច្នេះ​ដើម្បី​​កុំ​ឱ្យ​មាន​ការ​រាំង​ស្ទះ ​​អ្នក​រក​ស៊ី ឬ​ម្ចាស់​ជ្រូក​ត្រូវ​តែ​ផ្តល់​ព័ត៌​មាន​ឱ្យ​ពេទ្យ​សត្វ​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​ចិញ្ចឹម​​ ទើប​ចេញ​ច្បាប់​​ឱ្យ ។ ​ចំពោះ​ប្រជា​ពល​រដ្ឋ​នៅតែ​មាន​ចម្ងល់​ថា ជ្រូក​ដែល​នាំ​​​ពី​ប្រទេស​វៀត​ណាម​ចូក​មក​កម្ពុជា​គឺ​ឆ្លង​កាត់​​តាម​ច្រក​របៀង​ព្រំ​ដែន​ដែល​មាន​សមត្ថ​កិច្ច​ចម្រុះ​​​យាម​កាម​យ៉ាង​តឹង​រ៉ឹង ​ហេតុ​អ្វី​នៅ​តែ​មា​ន​ជ្រូក​ចូល​មក​ដល់​ក្រុង​ស្វាយ​រៀង មិន​ចាប់​ឯ​ព្រំ​ដែន​កុំ​ឱ្យ​នាំ​ចូល​? បច្ចុ​ប្បន្ន​​ ប្រជា​ពល​រដ្ឋ​ចិញ្ចឹម​​ជ្រូក​​​​ឱ្យ​ស៊ីបាយ​​​ស្រា គឺ​មាន​សម្បុរ​ក្រហម​ដូច​ជ្រូក​វៀត​​ណាម​ដែរ ៕

រថយន្ត​​ដឹក​ស៊ីម៉ង់ត៍​​ផ្ងារ​ជើង​ព្រោះ​អ្នក​បើក​ដេក​មួយ​ភាំង

Posted: 26 Mar 2011 11:54 PM PDT

រថយន្ត​កូរ៉េ​មួយ​គ្រឿង​​ដឹក​ស៊ីម៉ង់ត៍​បាន​​ក្រឡាប់​
បាន​​ក្រឡាប់​ត្រង់​ចំណុច​​ជិត​ស្ពាន​សង្ឃ​​ឥដ្ឋ​ ភូមិ​ដើម​ពោធិ៍

​ខេត្ត​កំពត ៖ រថយន្ត​កូរ៉េ​មួយ​គ្រឿង​​ដឹក​ស៊ីម៉ង់ត៍​បាន​​ក្រឡាប់​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៣១ ត្រង់​ចំណុច​​ជិត​ស្ពាន​សង្ឃ​​ឥដ្ឋ​ ភូមិ​ដើម​ពោធិ៍ ឃុំ​អង្គ​សុរភី ស្រុក​កំពង់​ត្រាច ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​១២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ មីនា ។

​ប្រភព​ពី​មន្ត្រី​នគរ​បាល​ចរាចរ​បាន​ឱ្យ​ដឹង​ថា ​រថយន្ត​កូរ៉េ​ដឹក​ស៊ីម៉ង់ត៍​នោះ​បាន​បើក​មក​​ពី​ទិស​ខាង​ជើង​ទៅ ត្បូង​ លុះ​មក​ដល់​ចំណុច​​ខាង​ជើង​ស្ពាន​សង្ឃ​ឥដ្ឋ ក៏​បាន​បោះ​ពួយ​ចេញ​ពី​លើ​ផ្លូវ​ជាតិ​​កាល​ពីវេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៦ មីនា បណ្តាល​ឱ្យ​អ្នក​បើក​បរ​​ឈ្មោះ​កែវ ភា នៅ​​ភូមិ​ព្រៃ​ទប់​ បឹង​សាលា​ ស្រុក​​កំពង់​ត្រាច ​រង​របួស​ធ្ងន់ រីឯ​ម្នាក់​ទៀត​​ជា​ព្រូ​ឡាន​របួស​ស្រាល ។

​មន្ត្រី​នគរបាល​​បន្ត​​ថា ​មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដោយ​ខ្លួន​ឯង​នេះ សង្ស័យ​អ្នក​បើក​បរ​ដេក​លក់​មួយ​ភាំង​ ទើប​ធ្វើ​ឱ្យ​រថយន្ត​​រត់​ចេញ​ពី​លើ​ផ្លូវ​ក្រឡាប់​ផ្ងារ​​ជើង ​តែ​ទោះ​បី​ជា​យ៉ាង​ណា ​ជន​​រង​គ្រោះ​ត្រូ​វ​បាន​ទាក់​​ទង​តាម​ទូរស័ព្ទ​​ឱ្យ​គេដឹក​យក​​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ស្រុក​កំពង់​ត្រាច​ទាំង​យប់ ៕

រថយន្ត​​កាមរី​បុក​ម៉ូតូ​សង់​កូរ៉េ​ស្លាប់​​​បុគ្គ​លិក​ក្រុម​ហ៊ុន​ម្នាក់

Posted: 26 Mar 2011 11:46 PM PDT

រថយន្ត​​កាមរី​បុក​ម៉ូតូ​សង់​កូរ៉េ
បុរស​​ម្នាក់​​​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ

រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​​​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​កាល​ពី​​​ថ្ងៃ​ទី​២៥ មីនា ​វេលា​ម៉ោង​១៣​និង​២០​នាទី ​​ដោយ​សារ​ត្រូវ​​រថយន្ត​១​គ្រឿង​បុក​នៅ​លើ​ផ្លូវ​ទំនប់​កប់​ស្រូវ​ភូមិ​ត្រពាំង​រាំង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។ ​រថយន្ត​មួយ​គ្រឿង​​នេះ​ម៉ាក​​កាមរី​ពណ៌​ស ​ពាក់​ស្លាក​លេខ​ឧត្តរ​មាន​ជ័យ 2A-0029 បើក​បរ​ដោយ​ឈ្មោះ​សោម ​វិសាល ​ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​​ស្រុក​សំរោង ខេត្ត​ឧត្តរ​មាន​ជ័យ ​ជា​មន្ត្រី​អគ្គិ​សនី​ និង​ជា​អ្នក​លក់​គ្រឿង​អគ្គិ​សនី​ ស្នាក់​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ ​​ចំណែក​បុរស​ដែល​ស្លាប់​ជិះ​ម៉ូតូ​សង់​កូរ៉េ ​គ្មាន​ស្លាក​លេខ​​​តែ​ម្នាក់​ឯង។ ​

តាម​ប្រភព​ព័ត៌​មាន​និយាយ​ថា បុរស​ជិះ​ម៉ូតូ​សង់​កូរ៉េ​​ដែល​ស្លាប់​ឈ្មោះ​ប៉ោ ​មង្គល ​អាយុ​៣៨​ឆ្នាំ ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​ហ្គេន មាន​ស្រុក​កំណើត​​នៅ​ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មាន​ជ័យ ។ បុរស​រូប​នេះ​​ជិះ​ម៉ូតូ​​ទៅ​​ចូល​រួម​បុណ្យ​នៅ​ក្នុង​វត្ត​កប់​ស្រូវ ​លុះ​ពេល​ទៅ​ដល់​ចំណុច​​ខាង​លើ​ក៏​ត្រូវ​​រថយន្ត​មួយ​​គ្រឿង​នេះ​​​ដែល​ធ្វើ​ដំណើរ​​ស្រប​​ទិស​គ្នា​​​​បុក​ចំពី​ក្រោយ​ ហើយ​​អូស​ជាង​១០០​ម៉ែត្រ ។ ក្រោយ​​កើត​ហេតុ​ អ្នក​​បើ​ក​​បរ​រថយន្ត​​បាន​ត្រូវ​អ្នក​ធ្វើ​ដំណើរ​​ដែល​ឃើញ​ហេតុ​ការណ៍​នេះ​ចាប់​បញ្ចូន​ខ្លួន​ឱ្យ​ប៉ូលិស​​ដើម្បី​អនុ​វត្ត​​តាម​ច្បាប់​ ចំណែក​​សព​ជន​រង​គ្រោះ​ត្រូវ​បាន​គ្រួសារ​​នាំ​​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

ការ​ធ្លាយ​វិទ្យុ​សកម្ម​នៅ​ហ្វូ​គូ​សីុ​ម៉ា​បំពុល​ទឹក​សមុទ្រ​គួរ​ឱ្យ​បារម្ភ

Posted: 26 Mar 2011 11:17 PM PDT

ពួកអ្នក​បច្ចេកទេស​កំពុង​តភ្លើង​ឡើង​វិញ​នៅ​ហ្វូគូស៊ីម៉ា

ប្រទេស​ជប៉ុន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៦ មីនា ថា បាន​វាស់​កំរិត​អ៊ីយ៉ូត​វិទ្យុ​សកម្ម​ក្នុង​ទឹក​សមុទ្រ​ថា​ មាន​កំរិត​ដល់​ទៅ​១.២​៥០​ដង​ខ្ពស់​ជាង​កំរិត​ធម្មតា​នៅ​សមុទ្រ​ជិត​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ីម៉ា​ដែល​រង​ការ​ខូច​ខាត​ដោយ​ការ​រញ្ជួយ​ដី​ដោយ​ពង្រឹង​ការ​ភ័យ​ខ្លាច​ពី​ការ​ធ្លាយ​វិទ្យុ​សកម្ម​នេះ​ពី​រេ​អាក់​ទ័រ​ណា​មួយ​ ឬ​រេ​អាក់​ទ័រ​ជា​ច្រើន​ទៀត​នៅ​ក្នុង​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​នេះ​។
កំរិត​ខ្ពស់​នៃ​ការ​បំពុល​វិទ្យុ​សកម្ម​នោះ​ធ្វើ​ឱ្យ​ធ្ងន់​ធ្ងរ​ដល់​គ្រោះ​ថ្នាក់​នៃ​ការ​បំពុល​វិទ្យុ​សកម្ម​ដល់​អាហារ​តាម​រយៈ​ផលិត​ផល​សមុទ្រ​ទាំង​ឡាយ​ដែល​ប្រើ​ប្រាស់​ខ្លាំង​បំផុត​នៅ​ជប៉ុន​។
កាល​ពី​ថ្ងៃ​ទី​២៥ មីនា កន្លង​មក​នេះ​អគ្គ​លេខា​ធិការ​អ.ស.ប​ លោក​បាន គី​មូន បាន​ស្នើ​ដល់​សហ​រដ្ឋ​អាមេរិក​ឱ្យ​ទាញ​យក​មេ​រៀន​នៃ​វិបត្តិ​នុយ​ក្លេ​អ៊ែរ​ដែល​កំពុង​កើត​មាន​​នៅ​ភាគ​ឥសាន​
ជប៉ុន​។ ប៉ុន្មាន​ម៉ោង​មុន​នេះ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ណា​អូ​តូ​កាន បាន​ទទួល​ស្គាល់​ថា សភាព​ការណ៍​នៅតែ​​ពុំ​អាច​ព្យាករណ៍​ទុក​បាន​នៅ​ហ្វូ​គូ​ស៊ីម៉ា​ដាយ​អ៊ីជី​។​
យោង​តាម​ក្រុម​ហ៊ុន TEPCO ដែល​ធ្វើ​អាជីវ​កម្ម​លើ​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែ​នៅ​ហ្វូគូ​ស៊ីម៉ា​ថា ការ​ងារ​នៅ​តែ​បន្ត​ក្នុង​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​នោះ​កាល​ពី​ថ្ងៃ​ទី​២៦ មីនា ក៏​ប៉ុន្តែ​ការ​ងារ​ទាំង​នោះ​​ត្រូវ​មាន​ការ​យឺត​យ៉ាវ​មក​ពី​ការ​រក​ឃើញ​​ថ្លុក​វិទ្យុ​សកម្ម​ក្នុង​រេ​អាក់​ទ័រ​៣​ក្នុង​ចំណោម​រេ​អាក់​ទ័រ​ទាំង​៦របស់​មជ្ឈ​មណ្ឌល​ហ្វូគូ​សីុ​ម៉ា​។ អ្នក​បច្ចេក​ទេស​៣​នាក់​ត្រូវ​រង​ការ​ឆេះ​រលាក​ក្រោយ​ពី​ពួក​គេ​ចូល​ទៅ​កាន់​រេ​អាក់​ទ័រ​ទី​៣ ដែល​មាន​កំរិត​វិទ្យុ​សកម្ម​ដល់​ទៅ​១០.០០០​ខ្ពស់​ជាង​កំរិត​វិទ្យុ​សកម្ម​​ធម្មតា​នៅ​កន្លែង​នោះ​។ សរុប​មនុស្ស​ជិត​៧០០​នាក់​បាន​ចូល​ធ្វើ​ការ​ក្នុង​មជ្ឈ​មណ្ឌល​ដើម្បី​ប៉ុន​ប៉ង​ធ្វើ​ឱ្យ​រេ​អាក់​ទ័រ​ទាំងឡាយ​​មាន​ស្ថេរភាព​វិញ​ក្រោយ​ពី​ពុំ​សំរេចបាន​​ជោគ​ជ័យ​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​​មក​។ ការ​រក​ឃើញ​ថ្លុក​វិទ្យុ​សកម្ម​នោះ​ចាំ​បាច់​ត្រូវ​ជម្លៀស​មនុស្ស​ចេញ​ដោយ​ឆាប់​រហ័ស​បំផុត​។
ក្រុម​ហ៊ុន​ TEPCO ដែល​កំពុង​ត​ភ្លើង​ពី​ខាង​ក្រៅ​ដល់​រេ​អាក់​ទ័រ​ទាំង​ឡាយ​យល់​ថា ប្រតិបត្តិ​ការ​នឹង​មាន​រយៈ​ពេល​យ៉ាង​តិច​១​ខែ​ទៀត ៕

មន្ត្រី​កាំ​កុង​ត្រូល​អូរ​រំដួល​ចាប់​ឆ្អឹង​មាន់​ខូច​គុណ​ភាព​ដុត​ចោល

Posted: 26 Mar 2011 11:05 PM PDT

សាច់​ និង​ឆ្អឹង​មាន់​ខូច​គុណ​ភាព​

ខេត្ត​បាត់​ដំបង​​ ៖ ឆ្អឹង​ និង​សាច់​មាន់​ខូច​គុណ​ភាព​ប្រហែល​៥០០​គីឡូ​ក្រាម​ និង​ត្រី​ចំនួន​៣០​គីឡូ​ក្រាម​ត្រូវ​​មន្ត្រី​កាំ​កុង​ត្រូល​ច្រក​អូរ​រំដួល​ ស្រុក​ភ្នំ​ព្រឹក​ដុត​កំទេច​ចោល​កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ មីនា ក្រោយ​ពី​រឹប​អូស​បាន​ពី​ពួក​ឈ្មួញ​ទុច្ច​រិត​ដែល​លួច​នាំ​ចូល​ពី​ប្រទេស​សៀម​ដោយ​ខុស​ច្បាប់​។

លោក​គឹម ប្រុស ប្រធាន​ស្នាក់​ការ​កាំ​កុង​ត្រូល​ច្រក​អូរ​រំដួល​ ស្រុក​ភ្នំ​ព្រឹក​ ជាប់​ព្រំ​ប្រទល់​ប្រទេស​សៀម​​ថ្លែង​ថា សាច់​ និង​ឆ្អឹង​មាន់​ខូច​គុណ​ភាព​ជិត​៥០០​គីឡូ​ក្រាម​ និង​ត្រី​ចំនួន​៣០​គីឡូ​ក្រាម​ទៀត​ដែល​បង្កប់​ជាមួយ​សាច់​មាន់​ត្រូវ​កំលាំង​​សមត្ថ​កិច្ច​រឹប​អូស​​ពីរទេះ​រុញ​របស់​កុមារា​៣​នាក់​ដែល​សង្ស័យ​ថា ជា​របស់​ឈ្មួញ​ម្នាក់​ឈ្មោះ​​ឆៃ ភេទ​ប្រុស ដែលជួល​ក្មេងៗ​​អាយុ​ប្រហែល​​១០​ឆ្នាំ​ឱ្យ​ដឹក​ជញ្ជូន​ចេញ​ពី​ដី​សៀម​។ សាច់​មាន់​ និង​ត្រីដែល​​កំលាំង​របស់​លោក​សហ​ការ​ជាមួយ​កំលាំង​នានា​ប្រចាំ​ច្រក​តំបន់​អូរ​រំដួល ចាប់​បាន​នេះ​ត្រូវ​ដុត​បំផ្លាញ​ចោល​ទាំង​អស់​។

លោក​​បញ្ជាក់​ថា ឈ្មួញ​បាន​លួច​បង្កប់​ឆ្អឹង​សាច់​មាន់​ខូច​គុណ​ភាព​នេះ​ជាមួយ​បន្លែ​ ឬ​ទំនិញ​ផ្សេងៗ​ក្នុង​រទេះ​រុញ​ រួច​ជួល​ឱ្យ​កុមារា​តូចៗ​រុញ​ឆ្លង​ដែន តែ​កំលាំង​សមត្ថ​កិច្ច​តាម​ឃ្លាំ​មើល​រហូត​ឆែក​ឆេរ​រក​ឃើញ​ទំនិញ​ល្មើស​ច្បាប់​ទាំង​នេះ​។
បើ​តាមឈ្មួញ​នានា​ថា ​ឈ្មួញ​ឈ្មោះ​ផល្លា​ជា​ភរិយា​មន្ត្រី​គយ​ម្នាក់​ រី​ឯ​ឈ្មួញ​ឈ្មោះ​ឆៃ​នោះ​ក៏​ជា​ដៃ​គូ​យ៉ាង​សកម្ម​របស់​ឈ្មោះ​ផល្លា​​ដែរ​ក្នុង​ការ​លួច​រត់​ពន្ធ​ម្ហូប​អាហារ​ខូច​គុណ​ភាព​នាំ​ចូល​ពី​ប្រទេស​សៀម​ដោយ​លួច​លាក់​។ ឈ្មួញ​ទាំង​២​នាក់​នេះ​មាន​រថ​យន្ត​កាម​រី​២​គ្រឿង​សំរាប់​ដឹក​ទំនិញ​ខូច​គុណ​ភាព​យក​មក​ចែក​ចាយ​ពា​សពេញ​ទី​ផ្សារ​ក្នុង​ខេត្ត​បាត់​ដំបង និង​ខេត្ត​ផ្សេងៗ​ទៀត​។ លោក​គឹម ​ប្រុស ​បញ្ជាក់​ថា ឈ្មួញ​ទុច្ច​​រិត​​តែង​ឆក់​ឱកាស​លួច​ដឹក​ឆ្អឹង​មាន់​បង្កប់​ក្នុង​រទេះ​រុញ​ ហើយ​ឆ្មក់​ចេញ​ក្នុង​គ្រា​ដែល​មន្ត្រី​របស់​លោក​ និង​មន្ត្រី​ប្រចាំ​ច្រក​នានា​ឆ្លៀត​ពេល​ហូប​បាយ​មួយ​ភ្លែត​ ប៉ុន្តែ​ទោះ​បី​ជា​បែប​ណា​ក្តី​កំលាំង​របស់​លោកនឹង​រឹត​បន្តឹង​ថែម​ទៀត​ដើម្បី​ឃ្លាំ​មើល​បទ​ល្មើស ៕

ជិះ​ម៉ូតូតុកតុក​​ត្រឡប់​មក​ពីមើលល្ខោន​ពន្លះ​​​ជាមួយ​រថយន្ត​​ស្លាប់​​៧​នាក់ និង​របួស​​១១នាក់

Posted: 26 Mar 2011 09:30 PM PDT

​ខេត្ត​កំពង់ធំ​ ៖ ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់​មួយ​បានកើតឡើង​ នៅលើ​កំណាត់​ផ្លូវ​​​ជាតិលេខ​៦ ត្រង់​ចំណុច​​ភូមិ​ស្រឡៅ ​​ឃុំបល្ល័ង្ក ​ស្រុកបា​រាយណ៍ ​ខេត្តកំពង់ធំ ​​​រវាងម៉ូតូតុក តុក ​បាន​ពន្លះ​ជាមួយ​​នឹង​រថយន្ត​​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ចំណុះ​​​២​តោន​កន្លះ​ លាន់​ដូចរន្ទះ​​កាលពីវេលាម៉ោង​​​១១​និង​​​៣៨​នាទីយប់​​ថ្ងៃទី​​​២៦ មីនា ២០១១ ​បណ្តាល​​ឱ្យអ្នកជិះ​​​​លើ​តុកតុក ​ផ្លោង​ខ្ទាត​​​ចេញ​​ពី​រ៉ឺ​មក​​ទៅ​​​លើ​​ថ្នល់​​រដូក​រណែល ​ស្លាប់​ចំនួន​៧​នាក់​ភ្លាមៗ​មានក្មេង​​​ ចាស់ ប្រុស ស្រី និង​រង​របួស​​​ចំនួន​​១១នាក់ ​​ត្រូវបាននាំ​​​​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ​​ពេទ្យ​បង្អែក​​ស្រុក​ចំការលើ ​និងនាំ​បន្ត​ទៅ​សង្គ្រោះ​​​នៅមន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម ។ ​​​

តាម​សេចក្តី​​រាយការណ៍​​​ពីលោក​សន តាល់ ​ប្រធាន​​សណ្តាប់​​ធ្នាប់​​នៃអធិការ​​​​ដ្ឋាន​នគរបាល​ស្រុកបា​រាយណ៍​​បានមានប្រសាសន៍​​​​ឱ្យ​កោះ​សន្តិ​ភាព​​​ដឹង​ថា ​នៅវត្ត​បារាយណ៍​ជាន់ដែក ស្ថិត​​ក្នុង​ឃុំ​​បល្ល័ង្ក​ ស្រុកបារាយណ៍ ​មានរៀបចំ​​កម្មវិធី​បុណ្យ​​បញ្ចុះ​សីមា​ ហើយ​មាន​​ល្ខោន​បាសាក់​​សម្តែង​​​ជូន​ទស្សនា​​ នៅយប់ថ្ងៃទី​​២៦ មីនា មាន​ប្រជា​ពល​រដ្ឋ​​មកពីគ្រប់​​​ទិស​ទី បាននាំគ្នា​មក​មើល​ច្រើនកក​កុញ​​ពេញវត្ត​តែម្តង ។​ លោក​ប្រធាននគរបាលសណ្តាប់ធ្នាប់ស្រុក​បា​រាយណ៍​បានបន្តថា ក្នុងពេលដែលល្ខោន​សម្តែង​មិន​ទាន់​ចប់នូវឡើយផងនោះ ប្រជា​ពល​រដ្ឋដែល​មាន​គ្នា១៩នាក់ បាននាំគ្នាជិះម៉ូតូតុក​តុក​​ចេញ​ពី​វត្ត​ត្រឡប់មកផ្ទះវិញតាមផ្លូវថ្នល់ក្នុងទិស ដៅពី​ជើងមកត្បូង ស្របពេលដែលបើក​ឡើង​ផ្លូវ​ចំណោតត្រង់ភូមិស្រឡៅទោង ឃុំបល្ល័ង្ក​ទំនង​ជា​បើក​ចៀស​មែកឈើដែល​ទ្រេត​​មកខាងថ្នល់ ក៏​​ត្រូវ​​​រថយន្តបុក​ចំហៀងរ៉ឺ​មក​តុក តុក ​​ពេញ​ទំហឹង​តែម្តង​ ជាហេតុ​បណ្តាលឱ្យ​អ្នក​ជិះ​​លើ​​រ៉ឺម៉ក​ផ្លោងខ្ទាតចេញ​​បោក​ខ្លួន​ និងក្បាល​រដូក​រណែល​​លើថ្នល់ស្លាប់រហូតដល់ទៅ៧នាក់ យ៉ាង​អាណោច​អាធ័មណាស់​ និង​១១នាក់មានក្មេង​ចាស់ ​ប្រុសស្រី ៕​

ម៉ូតូ​ប៉ះម៉ូតូ​​ដួលបោក​ក្បាល​សន្លប់​​បាត់​មាត់ឈឹង​ម្នាក់​​ រថយន្ត​​​ពេទ្យ​អត់ទទួល

Posted: 26 Mar 2011 09:25 PM PDT

ម៉ូតូ​ប៉ះម៉ូតូ​​ដួលបោក​ក្បាល​សន្លប់​​បាត់​មាត់ឈឹង​ម្នាក់​​

រាជធានីភ្នំពេញ ៖ បុរសម្នាក់​សន្លប់​បាត់​​មាត់​ឈឹង​​​​ជាង​១ម៉ោង​ដោយសារ​ម៉ូតូប៉ះ​ម៉ូតូ​​បណ្តាល​ឱ្យ​​​ដួលបោកក្បាល​​ឈាម​​ហូរ​តាម​​ត្រចៀក​ តាម​មាត់ កាលពី​វេលាម៉ោង​​៧​និង​​៣០នាទី​​យប់​​ថ្ងៃទី​​​២៥ មីនា ២០១១ នៅ​​លើ​កំណាត់​​​ផ្លូវ​​លេខ​​១០១៩ (​ផ្លូវ​​ភ្នំពេញ​-​​​ហាណូយ​)​ សង្កាត់​​ភ្នំពេញថ្មី ​ខណ្ឌ​សែនសុខ មុខ​ភោជ​នីយដ្ឋាន​​រស្មី​សែនសុខ ត្រូវ​​បានគេ​​​ចាត់​បញ្ជូនទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

​បើ​តាម​​ប្រភពព័ត៌មាន​ពី​មន្ត្រី​​​ប៉ូលិស​​​​បាន​ឱ្យ​​ដឹង​​ថា មុនពេល​​កើតហេតុ​​ បុរស​រងគ្រោះ​បាន​​ជិះម៉ូតូ​ម៉ាកឌ្រីម​ C125 ស៊េរី​២០១០ ពាក់ស្លាក​លេខ តាកែវ 1C-2478 បើក​​ពីជើងទៅ​ត្បូង​​ក្នុង​ល្បឿន​​​លឿន ហើយ​មិន​​មានពាក់មួក​សុវត្ថិភាព​​ទេ​ ​​ពេល​កំពុង​ជិះស្រាប់តែ​​​មានម៉ូតូ​១​គ្រឿង​​ផ្សេង​ទៀត​មិនស្គាល់​ម៉ាក​ជិះ​​​វ៉ា​ខាង​ឆ្វេង​​​ដៃ​ មក​ប៉ះ​នឹង​​ដៃ​ម៉ូតូ​​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ដួល​​បោក​ទៅ​លើ​ថ្នល់​ និង​​បែក​ក្បាល​ផ្នែក​​​​ខាង​ក្រោយ ​ហូរ​ឈាម​​ចេញ​តាម​មាត់​ ​​ត្រចៀក​ យ៉ាង​​ធ្ងន់ធ្ងរ ​​​សន្លប់​​បាត់​​មាត់​​ឈឹង​​តែម្តង ។ រង​គ្រោះឈ្មោះ​​ផុន ឆក ​​​មាន​ស្រុក​កំណើត​​​​​ភូមិ​​​ពោធិ​កណ្តាល​ ​ឃុំ​ពោធិ​​អង្គ្រង ស្រុកបសេដ្ឋ ​ខេត្តកំពង់​ស្ពឺ ​។ ​

បុរស​រងគ្រោះ​​ត្រូវ​បាន​​មន្ត្រីប៉ូលិ​​ស​ព្យា​យាម​​ហៅ​​​ឡាន​ពេទ្យ​មក​ជួយ​សង្គ្រោះ​ដល់ទៅ​​២​គ្រឿង​ តែពេល​​ឡាន​ពេទ្យ​​​មក​ដល់​​​មិន​​ព្រម​ទទួល​ យក​​អ្នក​របួស​ទេ ដោយ​​​ប្រាប់ប៉ូលិស​​ថា ជន​រង​គ្រោះ​​របួសធ្ងន់​​ពេក​គ្មាន​សង្ឃឹម​​រស់ទេ​ ទើប​​​ឡានពេទ្យ​​ទាំង​​២​​គ្រឿង​នោះ​​ត្រឡប់​ទៅវិញ​​​។​ ឃើញ​ជន​​រងគ្រោះ​អាណោច​អាធ័ម​ពេក​ ​ប៉ូលិស​​ក៏ព្យាយាម​​​ទាក់ទង​ទៅ​​ឡាន​ពេទ្យ​​​ផ្សេង​ទៀត ព្រោះ​​គាត់សង្កេតឃើញ​ថា ជន​រងគ្រោះ​មាន​សង្ឃឹម​​អាច​រស់... កន្លះ​​ម៉ោង​ក្រោយ​មក​​ក៏​ឃើញ​​​ឡានពេទ្យ​​មួយ​ទៀត​របស់​មន្ទីរពេទ្យ​​សាកល​​វិទ្យាល័យ​​អន្តរជាតិ​​សែនសុខ ​មកដល់​​​ដឹក​ជន​រងគ្រោះ​​ទៅសង្គ្រោះ​​បន្ទាន់នៅមន្ទីរពេទ្យ​របស់​គេ​ ​​ឯ​ម៉ូតូ​ត្រូវបានយកទៅ​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​​​​ខណ្ឌសែនសុខ​​​​​ ៕​

បាតុក​ម្មទ្រង់ទ្រាយធំនៅក្រុង​ឡុង​​ប្រឆាំង​​វិធានការ​​សេដ្ឋ​កិច្ច​តឹង​រ៉ឹង​​របស់​រដ្ឋាភិបាល

Posted: 26 Mar 2011 08:58 PM PDT

បាតុក​ម្មទ្រង់ទ្រាយធំនៅក្រុង​ឡុង​​ប្រឆាំង​​វិធានការ​​សេដ្ឋ​កិច្ច​តឹង​រ៉ឹង​​របស់​រដ្ឋាភិបាល​

នៅក្នុងទីក្រុង​​​ឡុង ប្រទេស​អង់គ្លេស ​​កាល​ពី​ថ្ងៃទី​​២៦ មីនា ​កន្លងមក ​​មានផ្ទុះ​អំពើ​ហិង្សា​​នៅ​​ពេលបាតុ​ករ​ជា​ច្រើន​ម៉ឺននាក់​ប្រមូលផ្តុំគ្នា​​ធ្វើបាតុ​កម្មប្រឆាំង​​​វិធានការ​​តឹងរ៉ឺង​របស់​រដ្ឋាភិបាល​​​កាត់​បន្ថយ​​ការចំណាយ​​លើវិស័យ​​​សាធារណៈ ។ ប៉ូលិស​​និយាយ​​ថា ក្នុងបាតុកម្ម​នោះ​បាតុករ​​​២១៤​នាក់ ​ត្រូវ​ចាប់ខ្លួន​ពីបទ​ប្រព្រឹត្ត​​​អំពើ​​ឧក្រិដ្ឋ​​និង​​ពីបទ​​ធ្វើ​ឱ្យ​ខូច​សណ្តាប់ធ្នាប់​​​សាធា​រណៈ។ ​ដោយឡែក​​ប៉ូលិស​​​៣១នាក់ រង​របួស​​ក្នុង​ការ​​ធ្វើ​បាតុកម្ម​នេះ ។​

សហជីព​​ពាណិជ្ជ​កម្ម​ដែលរៀបចំ​​ឱ្យមានការ​ធ្វើ​​បាតុកម្ម​និយាយ​ថា មនុស្ស​​ជិត​​កន្លះលាន​នាក់​​បាន​ចូលរួម​​ធ្វើបាតុ​កម្ម​លើស​ចំនួនដែល​រំពឹង​ទុក​មុន​ឆ្ងាយ ។​ នៅថ្ងៃ​នោះ​​ ប៉ូលិស​​​ជាច្រើ​ន​រយនាក់ត្រូវ​​ដាក់​ពង្រាយ​​​នៅក្នុង​​ទីក្រុងឡុង​ ដើម្បី​បញ្ចៀស​​អំពើ​ហិង្សា​ ប៉ុន្តែ​​បើទោះ​ជា​បែបណាក៏ដោយ ក៏​​អំពើ​ហិង្សា​​​​នៅតែផ្ទុះឡើង​​ដដែល​ បណ្តាល​​​ឱ្យ​របួស​​ប៉ូលិស​​​ និងបាតុករ​​ជាច្រើននាក់ ៕

ផ្ទះលក់​មាស​-​ប្តូរប្រាក់​​​នៅ​ផ្សារ​កោះ​ទាវ​ ត្រូវ​ចោរ​ចូល​​ប្លន់​យក​​អស់ជាង​​៤០តម្លឹង​​​ និង​ជាង៤ម៉ឺនដុល្លារ

Posted: 26 Mar 2011 08:46 PM PDT

ផ្ទះ​លក់​មាស​-ប្តូរប្រាក់​នៅ​ផ្សារ​​កោះទាវត្រូវចោរ​​ប្រដាប់អាវុធ​​​គាស់​ទ្វារ​ចូល​​ភ្ជង់​ប្លន់

​ខេត្តកណ្តាល​ ៖ ​​ផ្ទះ​លក់​មាស​-ប្តូរប្រាក់​នៅ​ផ្សារ​​កោះទាវ ភូមិ​លេខ​​២ ឃុំសំពៅលូន ស្រុក​កោះធំ ​ត្រូវចោរ​​ប្រដាប់អាវុធ​​​គាស់​ទ្វារ​ចូល​​ភ្ជង់​ប្លន់​​​ម្ចាស់​ផ្ទះ​​យកអស់ជាង​​​៤០​តម្លឹង ​និងលុយ​ខ្មែរ​​, ​វៀតណាត, អាេមរិក​ សរុបជាង​​៤ម៉ឺន​ដុល្លារ ​ហើយ​គេច​ខ្លួនបាត់​ដោយសុវត្ថិភាព កាល​ពី​​វេលាម៉ោង​​​២​និង​​១៥​នាទីរំលង​អធ្រាត្រ​​ឈានចូលថ្ងៃទី​​២៧ មីនា ២០១១ ។​

បុរសម្ចាស់ផ្ទះ​ឈ្មោះ​ហុង គយ អាយុ​​៦៧​ឆ្នាំ ​បាន​ឱ្យ​ដឹង​ថា ​នៅវេលាកើតហេតុ​​នោះ ពួក​ចោរ​​មានគ្នា​​២នាក់​ ប្រដាប់​​​ដោយ​កាំភ្លើង​​​ខ្លី​​២ដើម ​បាន​ប្រើ​​​ដែក​ដូយ​​​រថយន្ត​គាស់​​ទ្វារ​ខាង​ក្រោយ​ផ្ទះ​​មិន​​មាន​ឮ​​សំរឹប​អ្វីទេ ​​រួចហើយ​​​ចូលមក​ក្នុង​ផ្ទះ​ភ្ជង់​មនុស្ស​​​ទាំងអស់​​​​ឱ្យ​នៅស្ងៀម ​និង​គំរាមបាញ់​សម្លាប់​​ ព្រមទាំង​​មិន​ឱ្យបើក​ភ្លើង​​ភ្លឺ ​ពេលនោះ​​មានការ​​ប្រកែក​​ជាមួយ​រូបគាត់ជា​ម្ចាស់​ផ្ទះ​ខ្លះៗ ​ទើបពួក​វា​​វាយក្បាល​​គាត់​មួយស្នាប់​​កាំភ្លើង​ខ្លី ​​បណ្តាល​ឱ្យ​បែកហូរ​​ឈាមផងដែរ ​បន្ទាប់មក​ពួក​ចោរ​​ក៏​ប្រមូល​​គ្រឿង​អលង្ការ​​​មាស​-ប្លាទីន​សរុប​ជាង​​​៤០​តម្លឹង​​ និង​លុយ​ខ្មែរ​,​ វៀតណាម, អាមេ​រិក​សរុបជាង​​៤ម៉ឺន​ដុល្លារ គេចខ្លួនបាត់​ស្រមោល។

បុរស​ម្ចាស់​ផ្ទះ​​ឱ្យ​​ដឹង​ទៀត​ថា បន្ទាប់ពី​​ពួក​ចោរ​​គេចខ្លួន​បាត់ទៅ ​ទើបគាត់ហ៊ានទូរស័ព្ទ​​ទៅ​ប្តឹង​​សមត្ថកិច្ច​​​ ហើយសមត្ថ​កិច្ច​​បានមក​ដល់​​​​និង​​រាយ​អន្ទាក់​​ដេញ​តាម​​ចោរ​ផងដែរ ​តែតាម​មិន​ទាន់ទេ ។ ព័ត៌មានលម្អិត​នឹង​ផ្សាយជូននៅ​ពេ​ល​ក្រោយ និង​នៅលើទំព័រកាសែតកោះសន្តិភាព.

ក្រុមប្រឆាំង​​ហ្ស៊ក​ដានី​​ទាមទារ​ឱ្យ​នាយករដ្ឋ​មន្ត្រី​​​ចុះចេញពីតំណែង

Posted: 26 Mar 2011 08:44 PM PDT

ក្រុមប្រឆាំង​អ៊ិស្លាម​​ និងពួក​ឆ្វេង​និយម​ហ្ស៊ក​ដានី ​កាលពី​​ថ្ងៃទី​​២៦ មីនា បានទាមទារ​ឱ្យ​ដក​​តំណែង​​នាយករដ្ឋ​មន្ត្រីពី​លោក​ Maaruf Bakhit ដែលពួក​គេចោទប្រកាន់​ពីបទ​ញុះញុង​​ឱ្យ​មាន​អំពើហិង្សា​​​បណ្តាល​ឱ្យស្លាប់​​​មនុស្ស​ម្នាក់​​ និង​​​១៣០នាក់ទៀត​​រង​របួស ។​

​ប្រមុខ​​​រណសិរ្ស​​សកម្ម​ភាពអ៊ិស្លាម​​​ដ៏មាន​អំណាច លោក​ Hamzah Mansur និយាយ​ថា ​ចលនា​​អ៊ិស្លាម​​​បានទាមទារ​​ឱ្យ​លោក Maaruf Bakhit ចុះចេញពី​តំណែង​នាយករដ្ឋ​មន្ត្រី​​ ហើយ​​ឱ្យ​​មានការ​​បង្កើត​រដ្ឋាភិបាល​បង្រួប​​បង្រួម​​​​ជាតិ​​​ថ្មី​ដែលមានគំនិត​ថ្មី​​​ធ្វើ​កំណែទម្រង់ ។ លោក Hamzah ថ្លែង​ដូច្នេះ​​​ក្នុង​​ឱកាស​​​នៃ​សន្និសីទ​​កាសែត​​មួយ។ ​លោកថ្លែង​ប្រាប់​​សន្និសីទ​​កាសែត​នោះ​​ថា រដ្ឋាភិបាល​​ណា​ក៏ដោយ ​ដែលធ្វើ​​ឱ្យ​មនុស្ស​​​ស្លាប់​នឹង​​បាត់បង់​ភាពស្របច្បាប់ ។​

ការប៉ះទង្គិចគ្នា​​​រវាង​កង​កម្លាំង​​រដ្ឋាភិបាល​​ហ្ស៊ក​ដានី​​ជាមួយនឹង​​ពួកអ៊ិស្លាម​​​​បាន​ពុះ​កញ្ជ្រោល​កាន់តែខ្លាំង​ ក្រោយ​ពី​លោកនាយក​រដ្ឋ​​មន្ត្រី Maaruf Bakfit ចោទប្រកាន់​​ក្រុមប្រឆាំង​​ដ៏​សំខាន់​​ថា ញុះញុង​​ឱ្យមានការបះបោរ​កើត​ឡើង​​ស្ទើរ​តែ​​គ្រប់​ទីកន្លែង​ក្រោយពី​ការ​ស្លាប់​​បាតុ​ករ​ម្នាក់​ដែល​​ជា​ការ​ស្លាប់​​មនុស្ស​​​លើក​ដំបូង​​ក្នុង​​ប្រទេ​សហ្ស៊ក​ដានី​​​ចាប់តាំង​ពី​មានការបះបោរ​​​មក ៕​

បង្កើន​ការយាម​កាមឱ្យ​បាន​២៤ម៉ោង​លើ​២៤ម៉ោងតាម​ប៉ុសិ៍្ត​នីមួយៗ

Posted: 26 Mar 2011 08:20 PM PDT

ពិធីប្រកាសផ្ទេរ​ភារកិច្ច តែងតាំងមុខ​តំណែង និងដំឡើងឋានន្តរ​ស័ក្តិ​មន្ត្រីនគរ​បាល​ជាតិ
នៅ​សាល​ប្រជុំនៃស្នងការដ្ឋាននគរ​បាលខេត្ត

ខេត្តកំពង់ចាម ៖​ កម្លាំង​នគរបាល​ត្រូវ​តែ​​បង្កើន​ការ​យាម​ប្រចាំ​ការ​ឱ្យ​បាន​២៤ម៉ោង ​លើ​២៤ម៉ោង ​ទាំង​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត ​​អធិការដ្ឋាន​នគរបាល​ស្រុក ​និង​ប៉ុស្តិ៍​រដ្ឋ​បាល​​នីមួយៗ​ដែល​មាន​សារ​សំខាន់​​ណាស់ ​ព្រោះសភាព​ការណ៍​បទល្មើស​កើត​ឡើង​មិន​កំណត់​ពេល​វេលា​ទេ ។ ​ប្រសិន​ណា​បើ​មិន​អនុ​វត្ត​​ឱ្យ​​បាន​​ទេ​ គឺ​មិន​អាច​បំរើ​សេវា​សាធារណៈ​​ជូន​​ប្រជា​​ពល​រដ្ឋ​បាន​ទេ»​។ ​នេះ​ជា​ប្រសាសន៍​​របស់​​លោក​​ឧត្តម​សេនីយ៍ឯក​ជួន សុវណ្ណ ​អគ្គស្នង​​ការ​រង​នគរ​បាល​ជាតិ និងតំណាងឱ្យលោកនេត សា​វឿន អគ្គស្នង​ការនគរបាលជាតិ ថ្លែងនៅក្នុង​​ពិធីប្រកាសផ្ទេរ​ភារកិច្ច តែងតាំងមុខ​តំណែង និងដំឡើងឋានន្តរ​ស័ក្តិ​មន្ត្រីនគរ​បាល​ជាតិ នារសៀលថ្ងៃទី២៣ មីនា ២០១១ នៅ​សាល​ប្រជុំនៃស្នងការដ្ឋាននគរ​បាលខេត្ត ។

លោកឧត្តមសេនីយ៍ត្រីនួន សាមិន ស្នងការ​នគរបាលខេត្ត មានប្រសាសន៍ដោយគូសបញ្ជាក់​ថា ជាក់ស្តែងនៅក្នុងឆ្នាំ២០១០ បទ​ល្មើស​ដែល​កើតមានឡើងនៅក្នុងភូមិសាស្រ្តខេត្តត្រូវ​បាន​បង្រ្កាប បង្ការទប់ស្កាត់​ និងកាត់​បន្ថយបាន​រហូត​ដល់ទៅចំនួន១១៧ករណីគួរ​ឱ្យកត់​សំគាល់ ។ ទាំងនេះអាស្រ័យដោយការខិតខំ​ប្រឹង​ប្រែងឥតរួញរារបស់កងកម្លាំងគ្រប់ជំនាញ​និង​គ្រប់លំដាប់ថ្នាក់ខេត្ត-ស្រុក ប៉ុសិ៍្ត និង​អាស្រ័យ​ដោយមានការដឹកនាំដ៏ត្រឹមត្រូវ ព្រម​ទាំង​ការ​យកចិត្តទុកដាក់ជួយឧបត្ថម្ភពីក្រសួងមហា​ផ្ទៃ អគ្គស្នងការនគរបាលជាតិ គណៈ​បញ្ជា​ការឯក​ភាពខេត្ត និងការចូលរួមសហការពី​អាជ្ញា​ធរ​មូលដ្ឋាន អង្គភាពប្រដាប់អាវុធទាំងអស់ ធ្វើ​​ឱ្យកងកំលាំងយើងសំរេចបាននូវតួ​នាទី​ភារ​កិច្ចរបស់ខ្លួន ។

លោកឧត្តមសេនីយ៍ត្រីនួន សាមិន បាន​បន្ត​ថា ដោយបានទទួលការយក​ចិត្តទុក​ដាក់​ពី​ថ្នាក់​លើ សំរេចតែងតាំងថ្នាក់​ស្នង​ការរងជានារី​ចំនួន​១រូប អនុប្រធានការិយា​ល័យ​កណ្តាលចំនួន១រូប នាយការិយាល័យ​ចំនួន១រូប អធិការនគរ​បាល​ស្រុកចំនួន១រូប នាយ​រង​ការិយាល័យចំនួន​៤​រូប ផ្ទេរភារកិច្ចថ្នាក់នាយការិ​យាល័យជំនាញចំនួន​១រូប ថ្នាក់នាយរងការិយាល័យជំនាញចំនួន​១រូប ដំឡើងឋានន្តរស័ក្តិតាមលក្ខន្តិកៈដោយ​ឡែករបស់មន្ត្រីនគរបាលជាតិចំនួន៥រូប ។ ការ​បំពាក់ឋានន្តរ​ស័ក្តិនៅក្នុងពិធីនេះសរុបមានចំនួន​៥រូបគឺ ថ្នាក់វរ​សេ​នីយ៍​ទោចំនួន១រូប ថ្នាក់វរ​សេនីយ៍ត្រីចំនួន១រូប អនុសេនីយ៍ឯកចំនួន២រូប ថ្នាក់អនុសេនីយ៍​ទោចំនួន១រូប  ។

លោកស្រីវរសេនីយ៍ត្រីអៀម វណ្ណី ស្នងការ​រង តំណាងនាយនគរបាលដែលទើបតែងតាំង​មុខតំណែង និងបំពាក់ឋានន្តរស័ក្តិថ្មីបាន​ប្តេជ្ញា​ចិត្តថា រយៈពេលកន្លងមកនេះ ក្នុង​ការ​ងារ​បំពេញភារកិច្ចជូនអង្គភាព ក៏ដូចជារាជរដ្ឋា​ភិបាល យើងខ្ញុំបានយកចិត្តទុកដាក់ខិត​​ខំ​ប្រឹង​ប្រែងអនុវត្ត និងទទួលខុសត្រូវរាល់គ្រប់ផែន​ការការងារដែលអង្គភាពបានប្រគល់ឱ្យប្រកប​ដោយជំហរមោះមុត ស្មារតីស្មោះត្រង់បម្រើ​ផល​ប្រយោជន៍ជាតិមាតុភូមិ និងប្រជាពលរដ្ឋ​ទទួល​បានលទ្ធផលល្អជាបន្តបន្ទាប់ ។ ឆ្លើយតប​នឹងសមានចិត្តសកម្មភាពដ៏ល្អប្រពៃនិងឧត្តុង្គឧត្តម្ភរបស់ថ្នាក់លើ សូមប្តេជ្ញាចិត្តស្មោះត្រង់​ដាច់ខាតចំពោះជាតិ សាសនា ព្រះ​មហាក្សត្រ គោរពនិងប្រតិបត្តិការឲ្យបានល្អតាមរដ្ឋធម្ម​នុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា គោ​រព​និងអនុវត្តឲ្យ​បានល្អនូវ​កម្មវិធីនយោបាយរបស់រាជ​រដ្ឋា​ភិបាល ស្មោះត្រង់ចំពោះអង្គភាព ថ្នាក់ដឹកនាំ និង​គោរពឲ្យបានល្អរាល់បទ​បញ្ជា​ផ្សេងៗ បំពេញកាតព្វកិច្ចជានាយនគរបាល​ជាតិដ៏ល្អ​រឹតចំណងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ យកចិត្តទុកដាក់ខិតខំប្រឹងប្រែង​បំពេញ​​ភារ​កិច្ចរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់សង្គម ជូនប្រជាពលរដ្ឋបម្រើផល​ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ។

លោកឧត្តមសេនីយ៍ឯកជួន សុវណ្ណ អគ្គ​ស្នងការរងនគរបាលជាតិបានមាន​ប្រសាសន៍​កោត​សសើរចំពោះ​កង​កម្លាំង​នគរបាល​ខេត្ត​កំពង់ចាមដែលសម្រេចបាន​លទ្ធផល​ល្អ​ប្រសើរ​​ក្នុង​ការងាររក្សាសន្តិសុខសណ្តាប់​ធ្នាប់សាធា​រណៈ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌដោយ​បាន​កាត់បន្ថយនូវបទល្មើសជាអតិបរមាគួរឱ្យកត់សំគាល់ ។

លោកអគ្គស្នងការរងនគរបាលជាតិបានបញ្ជាក់ថា ជោគជ័យទាំងនេះបានមកដោយ​ការ​ខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកប​ដោយ​ស្មារតីទទួលខុសត្រូវនិងប្រកបដោយពលី​កម្ម មិនថាថ្ងៃយប់ ក្តៅឫត្រជាក់ លំបាកស្មុគ​ស្មាញ​យ៉ាងណាក្តី ពីសំណាក់នាយ-នាយរង ពលនគរ​បាលជាតិដែលបានឈ្មុសឈ្មុលគ្រប់ឧបសគ្គ នូវរាល់បេសកមក្មដ៏ពិសិដ្ឋរបស់ខ្លួន ។ កត្តា​សំខាន់នោះត្រូវតែចាត់តាំងអនុវត្តគោល​នយោ​បាយភូមិ-ឃុំមានសុវត្ថិភាពដែលមាន​លក្ខណៈ​​សម្បត្តិចំនួន៥យ៉ាងនោះគឺ គ្មានអំពើរឆក់ប្លន់ គ្មានគ្រឿងញៀន ល្បែងស៊ីសង ។ល។ ត្រូវ​តែ​រៀបចំប្រទាក់ក្រឡាឱ្យបានល្អនៅពេលណា​ដែល​មានសភាពការណ៍កើតឡើងនោះ ដូច្នេះ​ជនល្មើសមិនអាចគេច​ពីសំណាញ់​ច្បាប់បានទេ៕

អតីត​ប្រធានាធិបតី​អាមេរិក​លោកជីមីខាទ័រ ​នឹង​​ទៅកាន់​​គុយ​បា​​៣ថ្ងៃ

Posted: 26 Mar 2011 08:16 PM PDT

អតីត​ប្រធានាធិបតី​អាមេរិក លោក​ជីមី ខាទ័រ

អតីត​ប្រធានាធិបតី​អាមេរិក លោក​ជីមី ខាទ័រ ​នឹងអញ្ជើញ​​​ទៅកាន់​ដែន​កោះ​គុយបា​​​នៅ​ថ្ងៃទី​​២៨ មីនា ​សម្រាប់ដំណើរទស្សន​កិច្ច​​មួយ​នៅ​ប្រទេស​នេះ​ ដើម្បីឆ្លើយ​តប​តាម​ការ​អញ្ជើញ​​​របស់​រដ្ឋាភិបាល​គុយបា​​ដឹកនាំ​ដោយ​​លោក​រ៉ា​អ៊ុល​ កាស្ត្រូ ប្អូនបង្កើត​​របស់លោក​ហ្វីដែល​កា​ស្ត្រូ ។ ​លោកជីមី​ខាទ័រ ​ធ្លាប់​ទៅបំពេញ​​ទស្សន​កិច្ច​​នៅ​ប្រទេស​​គុយបា​​ម្តង​​រួច​មកហើយ ​កាលពី​ឆ្នាំ​​២០០២​កន្លង​មក ​ដែល​កាលណោះ លោក​​ត្រូវ​ទទួលស្វាគមន៍​​ដោយ​លោក​ហ្វីដែលកាស្ត្រូ ។​
លោកជីមី​ខាទ័រ ​ជា​ប្រធានាធិបតី​​អាមេរិក​​​ដំបូងគេ ដែលអញ្ជើញ​​​បំពេញទស្សន​កិច្ច​​នៅ​គុយ​បា​​ទាំង​នៅពេល​​​​​កាន់តំណែង​ប្រធានាធិបតី​​ និង​ចប់​តំណែង​​ប្រធានាធិបតី ។​

ទោះបីជា​បែបណា ​​ដំណើរទស្ស​​ន​កិច្ច​របស់​លោកជីមី​ខាទ័រ ​​នៅ​​គុយបា​​លើកចុងក្រោយ​​​​នេះ​ញ៉ាំង​ឱ្យ​មានការ​​លេច​ឮ​ពាក្យ​​ច​ចាមអារ៉ាម​ថា ​លោកជីមី​ខាទ័រ ​អាច​ព្យាយាម​​ធានា​​ឱ្យ​​មានការ​ដោះលែង​អ្នក​​​ម៉ៅការ​​អាមេរិក​ម្នាក់​​​ឈ្មោះ Alan Gross ដែលកាលពី​​ពេលថ្មីៗ ​កន្លង​មក ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​​រយៈ​ពេល​​១៥​ឆ្នាំ​​ពីបទ​​​ធ្វេស​ប្រហែស​នឹងការងារ​ដោយ​ផ្តល់សេវា​​អ៊ីនធើរ​ណេត​​ខុសច្បាប់​​ដល់ក្រុម​ប្រឆាំង​​គុយបា ។​

តាមការប្រកាស​ព័ត៌​មាន​​មួយដោយ​ខុទ្ទកា​ល័យ​​របស់​លោកជីមី​ខាទ័រ ​​ថា លោកជីមី ខាទ័រ នឹង​ទៅបំពេញ​​ទស្សន​កិច្ច​នៅគុយបា​​​រយៈ​ពេល​​​៣ថ្ងៃ​​ ហើយ​លោក​នឹង​ជួបជាមួយ​ប្រធានាធិបតី​គុយបា​​លោក​រ៉ា​អ៊ុល កាស្ត្រូ ​និង​មន្ត្រី​​គុយបា​ជា​ច្រើន​​រូបទៀត ​ដើម្បីពិភាក្សា​​​អំពីទំនាក់ទំនង​​ទ្វេ​ភាគី​អាមេរិក​-­­គុយបា ៕​

ស៊ីរី ៖ ដោះលែ​ង​អ្នកទោស​​នយោបាយ​​ច្រើន​​រយនាក់​ ខណៈ​បាតុ​កម្ម​​​រីក​រាលដាល

Posted: 26 Mar 2011 08:13 PM PDT

អាជ្ញាធរ​ស៊ីរី​​កាលពីថ្ងៃទី​​២៦ មីនា បានដោះ​លែង​​អ្នកទោស​នយោបាយ​​​​២៦០​នាក់

អាជ្ញាធរ​ស៊ីរី​​កាលពីថ្ងៃទី​​២៦ មីនា បានដោះ​លែង​​អ្នកទោស​នយោបាយ​​​​២៦០​នាក់ ​ក្នុងកិច្ច​​ខិត​ខំប្រឹងប្រែង​​​ថ្មីមួយ​ដោយ​រដ្ឋាភិបាល​​ប្រទេស​​នេះ​ដើម្បី​គ្រប់គ្រង​​ការបះបោរ ដែល​កំពុង​ពុះ​កញ្ជ្រោល​​នៅក្នុងទីក្រុង​​ Daraa ភាគខាង​ត្បូង​ប្រទេស។ នេះ​បើ​​តាមការ​​​ឱ្យ​​ដឹង​​​ដោយទីភ្នាក់ងារ​​​ព័ត៌មាន​​មួយ​របស់ស៊ីរី ។ ទីភ្នាក់ងារ​​ព័ត៌​មាន​​​ដដែល​​​ឱ្យ​​ដឹង​ទៀត​ថា​​ ភាគច្រើន​នៃ​អ្នកទោស​​ដែលត្រូវ​ដោះលែង​​នេះ​ជា​អ្នកកាន់​​​សាសនាអ៊ិ​ស្លាម​​ និងពួក​​ឃើត ។​

ការដោះលែង​អ្នកទោស​​នយោបាយ​ក្នុង​​ចំនួន​ដ៏ច្រើន​នេះរបស់​​ស៊ីរី​ធ្វើ​ឡើង​រយៈ​ពេល​​២​ថ្ងៃ​​ក្រោយពី​រដ្ឋាភិបាល​​ផ្តល់​ការ​​សន្យា​នានា​ក្នុង​​នោះ​មាន​​ដូចជា​​​ការ​ដោះលែង​​​អ្នកទោស​​ទាំងអស់​ដែល​ជាប់ពាក់ព័ន្ធ​ជាមួយ​នឹង​​ការបះបោរ​ថ្មី​នៅ​ទីក្រុង​ Daraa និង​ការ​ដំឡើង​​ប្រាក់បៀវត្ស​សម្រាប់​បុគ្គលិក​​​រដ្ឋាភិបាល ។​

ប្រធានាធិបតី​ស៊ីរី លោក Bashar Al-Assad បានដោះលែង​​អ្នកទោស​​​នយោបាយជា​ច្រើន​​រយនាក់​​ចាប់តាំង​ពី​​លោកកាន់​តំណែង​ប្រធា​នាធិបតី​តាំង​ពីឆ្នាំ​២០០០​មក ។ ពួកបាតុករ​ប្រឆាំង​រដ្ឋាភិបាល​​ស៊ីរី​​​បានដុត​ទីតាំង​​គណបក្ស​​បាអាស់​កំពុងកាន់អំណាច​​នៅ​ក្រុង​​តាហ្វាស ​(ភាគខាង​ត្បូង និង​​នៅក្រុង​ LATTAQUIEH (ភាគ​កណ្តាល​) ​ព្រមទាំង​​​ដុត​កង់​ឡាន​​វាយប្រហារ​​​រថយន្ត និង​​​ហាង​ទំនិញ​​ទាំង​ឡាយក្នុង​​ទីក្រុង​កំពង់​ផែនេះ ៕​

ស្រា​បៀរ​ម៉ា​ស្ទ័រ​​ខូច​គុណ​ភាព​ជាង​១.០០០កេស​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ទុក

Posted: 26 Mar 2011 08:10 PM PDT

ស្រា​បៀរ​ម៉ា​ស្ទ័រ​​ខូច​គុណ​ភាព​ជាង​១.០០០កេស​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ទុក

រាជ​ធានី​ភ្នំពេញ​ ៖ ស្រា​បៀរ​ម៉ាក​ម៉ា​ស្ទ័រ​ផលិត​នៅ​ក្នុង​ស្រុក​ចំនួន​ជាង​១.០០០​កេស​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៤ មីនា បាន​​ត្រូវ​នាយក​ក្រុម​​ហ៊ុន NOKORMEAS CO. LTD សហ​ការ​ជាមួយ​សមត្ថ​កិច្ច​នគរ​បាល​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​​រាជ​ធានី​ភ្នំពេញ​ និង​នាយក​ដ្ឋាន​កាំ​កុង​ត្រូល​ ក្រសួង​ពាណិជ្ជ​កម្ម​ ចាប់​ឃាត់​​ទុក​មិន​ឱ្យ​ធ្វើ​ចរា​ចរណ៍​​លើ​ទី​ផ្សារ​ ព្រោះ​ជា​ទំនិញ​ខូច​គុណ​ភាព​។​

ទាក់​ទិន​នឹង​ការ​ឃាត់​​ទំនិញ​ស្រា​បៀរ​ខូច​គុណ​ភាព​ជាង​១.០០០​កេស​ខាង​លើ​នេះ លោក​ឃុន ប៉ា​លី នាយក​ក្រុម​ហ៊ុន NOKORMEAS CO.LTD បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​របស់​លោក​បាន​ជួល​ក្រុម​ហ៊ុន​ឈ្មោះ ANA WATER AND SMILER Co.Ltd ដែល​មាន​ទី​តាំង​រោង​ចក្រ​ផលិត​ស្រា​​បៀរ​​នេះ​នៅ​ភូមិ​ត្រពាំង​ចារ ឃុំ​ក្រឡា​ ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់​ចាម និង​មាន​ថៅ​កែ​រោង​ចក្រ​ឈ្មោះ​ផាំ វ៉ាន់​ឡាក់​ ជន​ជាតិ​វៀត​ណាម​ ​ឱ្យ​ផលិត​ស្រា​បៀរ​ម៉ាក​ម៉ា​ស្ទ័រ​ផ្តាច់​មុខ​សំរាប់​តែក្រុម​ហ៊ុន​របស់​លោក​ដើម្បី​យក​ទៅ​ធ្វើ​អាជីវ​កម្ម​លើ​ទី​ផ្សារ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។ កិច្ច​សន្យា​បាន​ឯក​ភាព​គ្នា​រវាង​ក្រុម​ហ៊ុន​ទាំង​២​ជា​ផ្លូវ​ការ​ហើយ ដោយ​ពុំ​មាន​​ភាគី​ណា​ផ្សេង​លួច​លក់​ស្រា​បៀរ​ម៉ា​ស្ទ័រ​នេះ​ដោយ​ពុំមាន​ការ​អនុញ្ញាត​ពី​ក្រុម​ហ៊ុន NOKORMEAS Co.Ltd នោះ​ទេ ។ លោក​ឃុន ប៉ា​លី​ បាន​ឱ្យ​ដឹង​ទៀត​ថា កន្លង​មក​ក្រុម​ហ៊ុន​ទាំង​២​បាន​គោរព​​កិច្ច​សន្យា​ត្រឹម​ត្រូវ​ដែល​គូ​ភាគី​បាន​ព្រម​ព្រៀង​គ្នា​។ ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ ​ស្រា​បៀរ​ម៉ា​ស្ទ័រ​មួយ​ចំនួន​ដែល​ក្រុម​ហ៊ុន​របស់​​លោក​លក់ និង​ចែក​ចាយ​តាម​ដេ​ប៉ូ​នៅ​រាជ​ធានី​ ក្រុង​ និង​ខេត្ត​មិន​ទាន់​បាន ​ទើប​ស្រា​បៀរ​នោះ​ត្រូវ​ហួស​កាល​បរិ​ច្ឆេទ​​ ខុស​ពី​ស្តង់​ដា​ក្រុម​ហ៊ុន​កំណត់។ ដូច្នេះ​ក្រុម​ហ៊ុន​លោក​បាន​ប្រមូល​ស្រា​បៀរ​នោះ​បង្វិល​ឱ្យ​ទៅ​ក្រុម​ហ៊ុន​ លោក​ផាំ វ៉ាន់​ឡាក់ វិញ​ដើម្បី​ឱ្យ​រោង​ចក្រ​​បំផ្លាញ​ចោល​ ព្រោះ​ជា​ស្រា​បៀរ​ខូច​គុណ​ភាព​។

លោក​ឃុន ប៉ា​លី បន្ត​ទៀត​ថា ពេល​ក្រុម​ហ៊ុន​លោក​បង្វិល​ស្រា​បៀរ​ខូច​គុណ​ភាព​​ឱ្យ​​ទៅ​ខាង​រោង​ចក្រ​ផលិត​វិញ​ បែរ​ជា​មាន​ធ្លាយ​ចេញ​ស្រា​បៀរ​ខូច​គុណ​ភាព​មួយ​ចំនួន​លក់​​នៅ​លើ​ទី​ផ្សារ​។ ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​នេះ​ លោក​បាន​ដាក់​ភ្នាក់​ងារ​តាម​ដាន​រាល់​សកម្ម​ភាព​ និង​ស្រាវ​ជ្រាវ​រក​ឱ្យ​ឃើញ​តើលេច​ចេញ​ពី​ប្រភព​ណា​។ ជាក់​ស្តែង ​ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ក្រុម​ហ៊ុន​ដែល​ជា​ម្ចាស់​រោង​ចក្រ​ផលិត​ស្រា​បៀរ​នេះ​តែ​ម្តង​ ដឹក​ស្រា​បៀរ​ខូច​គុណ​ភាព​ដែល​​ក្រុម​ហ៊ុន​លោក​បង្វិល​ទៅ​ឱ្យ យក​មក​លក់​លើ​ទី​ផ្សារ​ ដូច្នេះ​ហើយ​បាន​ជា​លោក​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ចាប់ស្រា​បៀរ​នោះ​ទុក​ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​គ្នា​តាម​ការ​ចរចា​ ឬ​តាម​ផ្លូវ​ច្បាប់​។

លោក​ឃុន ប៉ា​លី អះអាង​ទៀត​ថា ក្រុម​ហ៊ុន​របស់​លោក​ផាន់ វ៉ាន់​ឡាក់ ធ្វើ​យ៉ាង​ដូច្នេះ​ពិត​ជា​រំលោភ​សិទ្ធិ​ផ្តាច់​មុខ​​របស់​ក្រុម​ហ៊ុន​លោក​ហើយ​។ កោះ​សន្តិ​ភាព​បាន​ព្យាយាម​​ទាក់​ទង​ទៅ​ក្រុម​ហ៊ុន​លោក​ផាំ​ វ៉ាន់​ឡាក់​ ដើម្បី​សាក​សួរ​ព័ត៌​មានជុំ​វិញ​ការ​ចោទ​ប្រកាន់​ពី​សំណាក់​លោក​ឃុន ប៉ា​លី ដែរ ប៉ុន្តែ​ទាក់​ទង​មិន​បាន​។ ដូច្នេះ​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ​គ្រាន់​តែ​ជា​ការ​អះ​អាង​របស់​ភាគី​ម្ខាង​ប៉ុណ្ណោះ ៕

ឧ​បករ​ណ៍​នេសាទ​ល្មើស​ច្បា​ប់ចំនួន១១ប្រភេទ ត្រូវបា​ន​ដុត​បំ​ផ្លា​ញ

Posted: 26 Mar 2011 07:59 PM PDT

ឧ​បករ​ណ៍​នេសាទ​ល្មើស​ច្បា​ប់ចំនួន១១ប្រភេទ ត្រូវបា​ន​ដុត​បំ​ផ្លា​ញ
ឧ​បករ​ណ៍​នេសាទ​ល្មើស​ច្បា​ប់ចំនួន១១ប្រភេទ ត្រូវបា​ន​ដុត​បំ​ផ្លា​ញ
ឧ​បករ​ណ៍​នេសាទ​ល្មើស​ច្បា​ប់ចំនួន១១ប្រភេទ ត្រូវបា​ន​ដុត​បំ​ផ្លា​ញ

ខេត្ត​ពោធិ៍​សាត់ ៖ ឧ​បករ​ណ៍​នេសាទ​ខុស​ច្បាប់​រួម​មាន ក្បាល​បរ របាំង​សាច់​អួន លូ​កង​ស្បៃ​មុង របាំង​ស្បៃ​មុង ឈ្នក់ សាច់​ជន មង​រាយ មង​អូស​ដៃ ដង​ឆក់​ត្រី អាំង​វែ​រទ័​រ​ឆក់​ត្រី និង​ខ្សែ​ភ្លើង ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​នៅ​​​កោះ​ចំបាំង​យួន ស្ថិត​ក្នុងភូមិ​អា​កល់ ឃុំ​អូរ​សណ្ដាន់ ស្រុ​ក​​ក្រគរ កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១១ ក្រោម​​​អធិបតីភាព លោក​​បណ្ឌិត ណៅ ធួ​ក ប្រតិភូ​​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​​បន្ទុក​ជា​ប្រធាន​​រដ្ឋបាល​ជលផល​។

​លោក​ហុង ហ៊ី​ នាយ​​អធិការដ្ឋាន​រដ្ឋបាល​ជល​ផល​ខាងត្បូង​បឹង​ទន្លេ​សាប​ បាន​ថ្លែង​​ថា ក្រោម​ការ​ខិតខំ​ប្រឹង​ប្រែង​បង្ក្រាប​​បទ​ល្មើស​ជលផល​ជា​ប្រចាំ​របស់​សមត្ថកិច្ច​ខណ្ឌ​រដ្ឋ​បាល​ជលផល​ពោធិ៍សាត់ និង​អធិការដ្ឋាន​រដ្ឋ​បាល​​ជលផល​ខាងត្បូង​បឹង​ទន្លេសាប ដោយ​មាន​​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន និង​​សហគមន៍​នេសាទ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ពិសេស​កិច្ច​សហ​កា​រ​ល្អជា​មួយ​គម្រោង​របស់​អង្គការ​អភិរក្ស​អន្ដរ​ជាតិ​ដែល​កំពុង​អនុវត្ដ​​នៅ​ក្នុង​តំបន់​​​អភិ​រក្ស​ជល​ផល​កំពង់​ប្រាក់ ​ធ្វើ​ឱ្យ​បទ​ល្មើស​​ជលផល​នៅ​តំបន់​​នេះ​​ត្រូវ​បាន​កាត់​បន្ថយ​ជា​បន្ដ​បន្ទាប់​។ ជាក់ស្ដែង​ សមត្ថកិច្ច​យើង​បាន​ធ្វើការ​បង្ក្រាប និង​​រឹបអូស​វត្ថុ​តាង​មួយ​ចំនួន​យក​មក​ធ្វើការ​ដុត​បំផ្លាញ​ចោល​នា​ថ្ងៃនេះ​មាន​ចំនួន​១១​ប្រភេទ ដូច​ជា ​ក្បាល​បរ​ចំនួន​២១​គ្រឿង លូ​កង​សាច់​អួន​ចំនួន​១២​មាត់ លូ​កង​ស្បៃ​មុង​ចំនួន​៤៥ មាត់ សាច់​ជន​ចំនួន​៣​វង់ ឈ្នក់​ចំនួន​១៣​មាត់ ដង​​ឆក់​ត្រី​ចំនួន​២៦​គូ អាំង​វែ​រទ័​រ​ឆក់​ត្រី​ចំនួន​៤២​គ្រឿង របាំង​សាច់​អួន​ប្រវែង​១.៣៣០​ម៉ែត្រ របាំង​ស្បៃ​មុង​ប្រវែង​៤.១៧០​ម៉ែត្រ មង​រាយ​ប្រវែង​១៣.១៣០​ម៉ែត្រ មង​អូស​ដៃ​ប្រវែង​២០០​ម៉ែត្រ និង​ខ្សែភ្លើង​ប្រវែង​៣៣៦​ម៉ែត្រ​។

លោក​​ហុង ហ៊ី បាន​បញ្ជាក់​ថា ឧបករណ៍​ល្មើស​​នេសាទ​ខាងលើ​ប្រមូល​មក​ពី​អធិការដ្ឋាន​រដ្ឋបាល​ជល​ផល​ខាងត្បូង​បឹង​ទន្លេសាប លូ​កង​ស្បៃ​មុង​ចំនួន​២៥​មាត់ និង​របាំង​ស្បៃ​មុង​ប្រវែង​៣.០០០​ម៉ែត្រ។ ផ្នែក​រដ្ឋបាល​ជលផល​រាំង​ទិលៈ ដង​ឆក់​ចំនួន​២៦​គូ អាំង​វែរ​​ទ័​រ​ចំនួន​៤២​គ្រឿង និង​ខ្សែ​ភ្លើង​ប្រវែង​៣៣៦​ម៉ែត្រ ។ ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ ៖ ក្បាល​បរ​ចំនួន​១០​គ្រឿង លូ​កង​សាច់​អួន​ចំនួន​៣​គ្រឿង លូ​កង​ស្បៃ​មុង​ចំនួន​៦​មាត់ សាច់​ជន​ចំនួន​៣​មាត់ ឈ្នក់​ចំនួន​៥​មាត់ របាំង​​សាច់​អួន​ប្រវែង​៣០​ម៉ែត្រ របាំង​ស្បៃ​មុង​ប្រវែង​៥០០​ម៉ែត្រ មង​រាយ​ប្រវែង​៥.៤៩០​ម៉ែត្រ និង​មង​អូស​ដៃ​ប្រវែង​២០០​ម៉ែត្រ។ សង្កាត់​រដ្ឋ​បាល​ជលផល​កំពង់​លួង ៖ លូ​កង​ស្បៃ​មុង​ចំនួន​១៤​មាត់ ឈ្នក់​ចំនួន​៥​មាត់ របាំង​សាច់​អួន​ប្រវែង​២៥០​ម៉ែត្រ របាំង​ស្បៃ​មុង​ប្រវែង​២៧០​ម៉ែត្រ និង​ក្រុម​ការ​ពារ​​កន្លែង​អភិរក្ស ៖ ក្បាល​បរ​ចំនួន​១១​គ្រឿង លូ​កង​ស្បៃ​មុង​ចំនួន​៦​មាត់ លូ​កង​សាច់​អួន​ចំនួន​៩​មាត់ ឈ្នក់​ចំនួន​៣​មាត់ របាំង​សាច់់​អួន​ប្រវែង​៧៥០​ម៉ែត្រ របាំង​ស្បៃ​មុង​ប្រវែង​៤០០​ម៉ែត្រ និង​​មង​រាយ​ប្រវែង​៦.៦៤០​ម៉ែត្រ។

​បន្ទាប់​មក​ លោក​សេង ប៊ុ​ន​រ៉ា តំណាង​អង្គ​ការ​អភិរក្ស​អន្ដរ​ជាតិ​បាន​មាន​ចំណាប់អារម្មណ៍​ថា កន្លង​មក​អង្គ​ការ​អភិរក្ស​អន្ដរជាតិ​មាន​សកម្ម​ភាព​លើ​ការងារ​ព្រៃឈើ និង​បរិស្ថាន​ប៉ុណ្ណោះ ប៉ុន្ដែ​ដោយសារ​មើលឃើញ​ថា​វិស័យ​ជលផល​ជា​វិស័យ​ពាក់ព័ន្ធ​នឹង​ធនធានធម្មជាតិ និង​មុខរបរ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជា​នេសាទ ទើប​អង្គ​ការ​បង្វែរ​ទិស​មក​ចូលរួម​សហការ​ជាមួយ​សមត្ថ​កិច្ច​រដ្ឋបាល​ជលផល និង​សហគមន៍​នេសាទ​ធ្វើ​ការ​អភិរក្ស​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប ពិសេស​​កន្លែង​អភិរក្ស​ជលផល​កំពង់​ប្រាក់​ស្ថិត​ក្នុងភូមិ​សាស្ដ្រ​ខេត្ដពោធិ៍សាត់​។ ក្នុ​ង​ការងារ​អភិ​រក្ស​នេះ គម្រោង​មានការ​ទទួលស្គាល់​ថា មាន​ការ​​ប៉ះពាល់​ដល់​ការ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជា​នេសាទ​យើង​ក្នុង​តំបន់ ។ ហេតុនេះ នៅ​ពេល​ខាង​មុខ​គម្រោង​នឹង​រៀបចំ​នូវ​កញ្ចប់​ថវិកា​មួយ​ចំនួន​សម្រាប់​សហ​គមន៍ ដើម្បី​ជា​ការ​ចូលរួម​គាំទ្រ​នូវ​សកម្មភាព​ផ្សេង​ៗ​ក្នុង​សហគមន៍​យើង​ក្នុង​តំបន់​នេះ​។

​នៅ​ក្នុង​ឱកាស​នោះ លោក​ណៅ ធួ​ក ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋ​បាល​​ជលផល​ បាន​សំដែង​ការ​កោតសរសើរ​​ចំពោះ​​ការ​​ខិតខំ​ប្រឹងប្រែង​បង្ក្រាប​បទល្មើស​ជល​ផល​របស់​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​ពោធិ៍​សាត់ និង​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងត្បូង​បឹង​ទន្លេសាប ព្រមទាំង​​ថ្លែងអំណរគុណ​ដល់​អង្គ​ការ​អភិរក្ស​អន្ដរជាតិ​ដែល​មានការ​ចាប់អារម្មណ៍ និង​យកចិត្ដទុកដាក់​លើ​វិស័យ​ជលផល ហើយ​បាន​​ចូលរួម​ចំណែក​ក្នុង​ការពារ ​និង​អភិរក្ស​ធន​ធាន​ជលផល​ឱ្យ​មាន​និរន្ដរភាព​ទុក​សម្រាប់​កូន​ចៅ​​ជំនាន់​ក្រោយ​ៗ​ទៀត​របស់​យើង​។ ជាមួយ​គ្នា​នេះ​​ លោក​បាន​សំណូមពរ​ដល់​អង្គការ​អភិរក្ស​អន្ដរជាតិ គួរ​ពិចារ​ណា និង​គិតគូរ​ដល់​ការ​បង្កើត​មុខរបរ​ចិញ្ចឹមជីវិត​បន្ថែម​ដល់​ប្រជា​នេសាទ​ដែល​​រង​ផល​ប៉ះពាល់​ដោយសារ​ការងារ​អភិរក្ស​ដូច​ជា ការ​កែ​ច្នៃ​ផល​នេសាទ ត្រីងៀត ត្រីឆ្អើរ ផ្អក ប្រហុក និង​ទឹកត្រី​ជាដើម​។

លោក​​ណៅ ធួក ​ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​​ជា​ប្រជា​នេសាទ​ទាំងអស់ ​សូម​បញ្ឈប់​សកម្ម​ភាព​ប្រព្រឹត្ដ​បទល្មើស​នេសាទ​ណា​ដែល​ច្បាប់​ស្ដី​ពី​ជលផល​បាន​ហាមឃាត់ ពិសេស​អួន​ក្រឡា​ញឹក លូ​ស្បៃ​មុង ការ​លួច​ធ្វើ​នេសាទ​ក្នុង​កន្លែង​អភិរក្ស ការ​ប្រើប្រាស់​ឧបករណ៍​ឆក់​ជា​ដើម​​ដែល​ជា​ការ​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធាន​មច្ឆជាតិ​របស់​​យើង។ ជាក់ស្ដែង ​មុខរបរ​ឆក់​ត្រី​អាច​បង្ក​គ្រោះ​មហន្ដរាយ​​របស់​អាយុជីវិត​ដល់​អ្នក​ប្រព្រឹត្ដ បើ​​មិន​ដូច្នោះ​ទេ ត្រូវ​ជាប់​ពន្ធនា​គារ​ពី​៣​ទៅ​៥​ឆ្នាំ ប្រ​សិន​សមត្ថកិច្ច​ចាប់​បាន ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!