Koh Santipheap Daily

Koh Santipheap Daily


ចាប់​ខ្លួន​ថៅ​កែ​បនស្រី​តាមពាក្យ​បណ្តឹង​របស់នារី​៣នាក់

Posted: 30 Mar 2011 01:03 AM PDT

​
​
​
​

ក្រុង​ប៉ោយប៉ែត ៖ ​ស្ត្រី​ប្រកប​របរ​​ផ្លូវភេទ​៣​នាក់​រត់ទៅប្តឹង​​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ មនុស្ស និងការពារ​អនីតិ​ជននៃស្នង​ការដ្ឋាន​​ខេត្ត​ដែល​ប្រចាំ​ការ​នៅក្រុងប៉ោយ​ប៉ែត​​កាលពី​វេលា​ម៉ោង​១១ និង​៣០នាទី​ព្រឹក​ថ្ងៃទី២៩​មីនា ថា ​ពួកនាង​ត្រូវ​​ថៅ​កែ​វាយ​ធ្វើ​បាប​នឹង​ឈើច្រត់​ ។ នៅ​​​ម៉ោង​៣ និង៥៧​នាទី​រសៀលថ្ងៃ​ដដែល​ប៉ូលិស​ការិយា​ល័យ​​ប្រឆាំង​​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិជន​នៃស្នង​ការ​ដ្ឋានខេត្ត​សហ​ការ​ជាមួយប៉ូលិស​​​អធិការ​ដ្ឋានក្រុង​ឃាត់ខ្លួន​ថៅកែ​បនស្រីនោះ និង​ឈានទៅ​​បង្ក្រាប​ទី​តាំង​បញ្ចាំង​វីដេអូ​​អាស​អាភាស​ពេលកំពុង​បញ្ចាំ​ង​ជាក់ស្តែង ដែល​ទីតាំង​នោះ​មានម្ចាស់​តែមួយ ។

​ស្ត្រី​រក​ស៊ី​ផ្លូវភេទ​ទាំង៣​នោះ​១-ឈ្មោះ​ពៅ នាង អាយុ២៤ឆ្នាំ ​២-ឈ្មោះ​ឃុត ស្រី អាយុ​២៣​ឆ្នាំ និង​៣-ឈ្មោះ​ឃុត ខួច ​អាយុ​២១​ឆ្នាំ​​។ នាង​ពៅ នាង ត្រូវ​​ថៅកែបន​វាយជាំ​ភ្នែក​ខាង​ស្តាំ និង​រង​របួស​ស្មង​​ជើង​ខាងឆ្វេង ឯនាង២​នាក់​​ទៀត​ក៏​អះ​អាង​ថា ត្រូវថៅកែ​វាយដែរ ។​

​លោក​វរសេនីយ៍ត្រី​ឮ ចាន់ ដារ៉ា ​នាយរង​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជន​នៃស្នងការដ្ឋាននគរបាល​ខេត្ត​បន្ទាយមានជ័យ ដែលដឹកនាំ​កម្លាំង​អនុ​វត្ត​​ផ្ទាល់​​បានប្រាប់​កោះ​សន្តិ​ភាព​ថា ​ទី​តាំង​​​បញ្ចាំង​វីដេ​អូ​​ក្តៅសាច់​គឺថៅ​កែបនឈ្មោះ​ជុំ រតនា ហៅថូង អាយុ​២៩​ឆ្នាំ ​ត្រូវ​បានឃាត់ខ្លួន​តាមពាក្យ​បណ្តឹង​របស់ស្ត្រីរកស៊ី​ផ្លូវភេទ​ទាំង​​៣នាក់ ។ ចំណែក​កន្លែង​បញ្ចាំង​​​វីដេអូ​ក្តៅសាច់ គឺ​សមត្ថ​កិច្ច​បង្ក្រាប​​ជាក់ស្តែង​ក្រោយពី​សុំ​គោល​ការណ៍​ពីព្រះ​រាជ​អាជ្ញា​ធរ​​គឺ​លោកឡុង​ ជាប ។

ការ​បង្ក្រាប​ទីតាំង​បញ្ចាំង​​​​វីដេ​អូ​ក្តៅសាច់​​នេះ​ដកហូត​ឌីស​អាស​អាភាស​កំពុងបញ្ចាំង​ចំនួន​១ និងឌីស​ផ្សេង​ទៀត​ជាច្រើន ក្បាលស៊ីឌីចំនួន២ និងទូរទស្សន៍​ចំនួន​១ ។ លោក​នាយរង​​បន្តថា ​ការ​បង្ក្រាប​នេះ​​​ធ្វើ​ឡើង​ក្រោយពីសុំ​គោលការណ៍​ទៅលោក​ឧត្តម​សេនីយ៍ត្រី​​ស្នងការ​ និងសុំ​គោល​ករណ៍​ពីព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​ ។ ចំពោះ​ប្រពន្ធ​ថៅ​កែបន​ដោយសារ​​មានកូន​តូចពុំ​ត្រូវបាន​ឃាត់​ខ្លួនទេ ដែល​វ​ត្ថុ​តាង​ និងថៅ​កែ​បន ដែល​ជា​ម្ចាស់​ទីតាំង​បញ្ចាំងវីដេអូអាស​អា​ភាស​​​នោះ មន្ត្រី​ប៉ូលិស​ប្រាប់ថា ជា​គោល​ការណ៍​ត្រូវ​បញ្ជូន​ទៅ​ស្នងការដ្ឋាន ​ដើម្បី​កសាងសំណុំ​រឿង​​បញ្ជូន​ទៅតុលាការ ​។ ស្ត្រី​ប្រកប​របរ​ផ្លូវភេទ​​ទាំងនោះ​ជាគោល​ការណ៍​នឹង​យក​ទៅ​អប់រំ​ ព្រម​ទាំង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​នៅក្នុងមណ្ឌល​តាម​រយៈ​មន្ទីរ​សង្គមកិច្ច​ខេត្ត ៕

បង្ក្រាប​​ទីតាំង​​ចែក​ចាយ​គ្រឿងញៀន​​ក្នុង​ក្រុង​ព្រះ​សីហនុ

Posted: 30 Mar 2011 01:02 AM PDT

ទីតាំង​ចែក​ចាយ​គ្រឿង​ញៀន​​មួយ​កន្លែង​នៅ​ចំណុច​ភ្នំ​ខៀវ ស្ថិត​ក្នុង​ក្រុម​ទី​៣ ភូមិ​១
​​​ឃាត់​ខ្លួន​បាន​មនុស្ស​​ចំនួន​ម្នាក់​ ​ឈ្មោះ​​ង្ខៀង យ៉ាង​ធូ ភេទ​ប្រុស ​ជន​ជាតិ​វៀតណាម
​វត្ថុ​តាង​

ខេត្ត​ព្រះ​សីហនុ ៖ ទីតាំង​ចែក​ចាយ​គ្រឿង​ញៀន​​មួយ​កន្លែង​នៅ​ចំណុច​ភ្នំ​ខៀវ ស្ថិត​ក្នុង​ក្រុម​ទី​៣ ភូមិ​១ សង្កាត់​លេខ​២ ក្រុង​-ខេត្ត​ព្រះ​សីហនុ ​ត្រូវ​កម្លាំង​អធិ​ការ​ដ្ឋាន​ក្រុង​​ព្រះសីហនុ សហ​ការ​ជា​មួយ​អាជ្ញា​ធរ​ដែន​ដី​គ្រប់​ជាន់​ថ្នាក់​ដែល​ដឹក​នាំ​​ដោយ​លោក​ជិន សារិន អភិ​បាល​ក្រុង​​ព្រះ​សីហនុ ​លោក​​យូ ទិត​វឌ្ឍ​នៈ ព្រះ​រាជ​​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ លោក​ម៉ាន់ តួ អធិ​ការ​ក្រុង​ព្រះ​​សីហនុ បាន​​ចុះ​ធ្វើ​ការ​បង្ក្រាប​យ៉ាង​​ក្តៅ​គគុក​កាល​ពី​វេលាម៉ោង​១៧​នា​ថ្ងៃ​ទី​២៩ មីនា កន្លង​មក។​

ក្នុង​​យុទ្ធ​នា​ការ​បង្ក្រាប​​ទីតាំង​ចែក​ចាយ​គ្រឿង​ ញៀន​​នេះ លោក​​ជិន​ សារិន ​អភិ​បាល​​ក្រុង​ព្រះ​សីហនុ ​បាន​ឱ្យ​ដឹង​ថា ​យុទ្ធ​នា​ការ​នៅ​ថ្ងៃ​នេះ​ យើង​​​ឃាត់​ខ្លួន​បាន​មនុស្ស​​ចំនួន​ម្នាក់​ ​ឈ្មោះ​​ង្ខៀង យ៉ាង​ធូ ភេទ​ប្រុស ​ជន​ជាតិ​វៀតណាម ​អាយុ​៣០​ឆ្នាំ មាន​ស្រុក​កំណើត​​នៅ​ប្រទេស​វៀតណាម បច្ចុ​ប្បន្ន​​​ស្នាក់នៅ​ក្រុម​ទី​៣ ភូមិ​១ ស​ង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះ​សីហនុ ។ ​ចំពោះ​វត្ថុ​តាង​យើង​បាន​រក​​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​​ម៉ាទឹកកក​ចំនួន​៥​កញ្ចប់​តូច ​ម្សៅ​ពណ៌​លឿង​ចំនួន​២​កញ្ចប់​តូច ដែក​​កេះ​សម្រាប់​​ជក់​​​ថ្នាំ​ញៀន​​ចំនួន​​៧​ថង់​តូចៗ​មួយ​ចំនួន ដប​១ ទូរស័ព្ទ​​១​គ្រឿង ម៉ាក V6-90 ប្រាក់​​ដុល្លារ​​ចំនួន​​៦​ដុល្លារ និង​១២.៧០០​​រៀល​ ។

លោក​​ជិន សារិន ​បន្ត​ថា លោក​នឹង​បន្ត​បង្ក្រាប​​ឱ្យ​អស់​ទីតាំង​ចែក​ចាយ​គ្រឿង​ញៀន​​ដែល​មាន​​នៅ​លើ​​ទឹក​ដី​នៃ​តំបន់​ទេស​ចរណ៍​​​នេះ​ដើម្បី​ឆ្លើយ​​តប​ទៅ​នឹង​អនុ​សាសន៍​ដ៏ថ្លៃ​ថ្លា​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ ​ការ​ចុះ​បង្ក្រាប​​នេះ​លោក​នឹង​ធ្វើ​ដូច​ភ្លៀង​រលឹម ដរាប​ណា​​លែង​មាន​នៅ​លើ​ទឹក​ដី​ខេត្ត​ព្រះ​សីហនុ ដ៏​ស្រស់​ផូ​រ​ផង់​នេះ​ទៀត​។

លោក​​ជិន សារិន​បន្ត​ទៀត​ថា ក្នុង​នាម​លោក​ជា​អភិ​បាល​​ក្រុង សុំធ្វើ​ការ​អំពាវ​នាវ​ដល់​​ប្រជា​ពល​រដ្ឋ​​ ជា​ពិសេស​ប្អូនៗ​យុវ​វ័យ​ទាំង​អស់​ដែល​កំពុង​ឈ្លក់​វង្វេង​នឹង​គ្រឿង​ញៀន​​ សុំ​ភ្ញាក់​រលឹក​ឡើង​ បែរ​មក​​​ដើរ​តាមផ្លូវ​មួយ​ដ៏​ត្រឹម​ត្រូវ​ដែល​សង្គម​ជាតិ​ក៏​ដូច​ជា​មនុស្ស​ជា​ច្រើន​​កំពុង​ប្រតិ​បត្តិ។ សម្រាប់​​បុរស​ជន​ជាតិ​វៀត​ណាម​ដែល​ជា​ជន​សង្ស័យ​​ចែក​ចាយ​គ្រឿងញៀន​ត្រូវ​សមត្ថ​កិច្ច​ប៉ូលិស​​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​សាលា​ដំបូង​ដើម្បី​ផ្តន្ទា​ទោស​តាមច្បាប់៕

ប្រធានាធិបតី​ថ្មីភូមាធ្វើ​សច្ចា​ប្រណិធាន​ចូលកាន់​តំណែង

Posted: 30 Mar 2011 12:58 AM PDT

ប្រធានាធិបតី​ថ្មីដែល​ទើបជាប់ឆ្នោត​របស់​ភូមា​​ លោក U Thein Sein និង​អនុប្រធានា​ធិប​តី​​២រូបទៀត ​លោក U Tin Aung Myint Oo និងលោក Sai Mauk Kham បានធ្វើ​សច្ចា​ប្រណិធាន​​ចូល​​កាន់តំណែង​​កាលពីព្រឹកថ្ងៃទី​​៣០ មីនា ​នៅ​​ទីក្រុង Noy Pyi Taw ជា​រដ្ឋ​ធានី​ថ្មី​​របស់​​​ភូមា ។​ ​ក្នុងពិធីធ្វើសច្ចា​ប្រណិធាន​​ចូលកាន់តំណែង​នោះ ក៏​មាន​​​ការរំលាយ​ក្រុម​​ប្រឹក្សា​​សន្តិភាព និង​អភិវឌ្ឍន៍​​រដ្ឋ​កំពុង​កាន់​អំណាច (SPDC) និង​​ការ​ផ្ទេរ​អំណាច​​ទៅ​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​ថ្មី ។ នេះ​បើ​តាម​ការប្រកាស​ឱ្យដឹង​​ដោយអតីត​ប្រធាន​ SPDC ឧត្តម​សេនីយ៍​ជាន់ខ្ពស់​​ថាន់ ស្វេ ។​
ក្រោយពី​​ពិធីធ្វើសច្ចា​ប្រណិ​ធាន​ចូលកាន់​តំណែង​​​​ លោក U Thein Sein បានតែង​តាំង​​​​រដ្ឋ​មន្ត្រី​​​ចំនួន​៣០រូប សំរាប់​​រដ្ឋាភិបាល​ថ្មី​៕

គ្រោះទឹក​ជំនន់នៅខេត្ត​​​ភាគខា​ងត្បូង​ថៃ​ស្លាប់​មនុស្ស11នាក់

Posted: 30 Mar 2011 12:57 AM PDT

ទិដ្ឋ​ភាព​ទឹក​ជំនន់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ

ក្នុងរយៈ​ពេលប៉ុន្មានថ្ងៃ​​នេះ បណ្តាខេត្ត​នៅ​ភាគ​ខាងត្បូង​ថៃ​​រងគ្រោះ​ដោយ​សារ​ទឹកជំនន់​​យ៉ាង​ធ្ងន់​ធ្ងរ​​រហូត​បណ្តាល​ឱ្យស្លាប់​​មនុស្ស​ជា​ច្រើន​នាក់។​ តាម​​អគ្គនាយករបស់​ទីភ្នាក់ងារ​​ទប់​ស្កាត់​ ​ព្រមទាំង​​បង្ការ​​ជំងឺ និង​គ្រោះ​មហន្តរាយ​ លោក Vibul  Sanguanpong ​ឱ្យ​​ដឹង​ថា គិត​ត្រឹមថ្ងៃទី​៣០ មីនា ​ចំនួនអ្នកស្លាប់​​​ ដែលទាក់ទិន​នឹងគ្រោះទឹក​ជំនន់​​នៅ​បណ្តាល​​ខេត្ត​​ខាងត្បូង​ទាំង​នោះកើនឡើង​​ដល់​១១​នាក់ ​ហើយ​ក្នុងនោះ​​៧​នាក់​​នៅក្នុងខេត្ត​ Nakhon Si Thammarat ៣នាក់​នៅ​ខេត្ត Surat Thani និង​​ម្នាក់ទៀត​នៅ​​ខេត្ត Phatha lung ។​
ដោយឡែក​​តាមប្រភពព័ត៌មាន​​​ពី​កាសែត​ថៃ​នានា​​ឱ្យ​ដឹង​ថា ​មនុស្ស​​​៧១៦.១១០​នាក់ ​នៅ​ក្នុង​ខេត្តចំនួន​៨​នៅ​ភាគខាង​ត្បូង​ថៃ រងគ្រោះ​​ដោយ​សារ​ទឹកជំនន់​​ ។​
ព្រះមហាក្សត្រ​​​ថៃ​ភូមិ​បុល អាឌុលយ៉ា​ដេត និងម្ចាស់​​ក្សត្រី​យានី​​​ សព​្វព្រះហឫទ័យ​ ប្រធាន​​មូលនិធិ​​ដល់​កាកបាទ​ក្រហម ដើម្បី​​ផ្តល់ជំនួយ​​​សង្គ្រោះបន្ទាន់​ដល់​ជនរងគ្រោះ ដោយសារ​ទឹក​ជំនន់​​នៅ​បណ្តា​ខេត្ត​​ទាំង​នោះ ។​
ពលរដ្ឋ​ដែល​​រស់នៅ​​តំបន់​​វាលទំនាប​​ និង​នៅ​តាមតំបន់​​ចំណោត​នៅតាម​ខេត្ត​ចំនួន​​១១​នា​ភាគ​​ខាងត្បូង​ថៃ ត្រូវ​​បានព្រមាន​​ពីការបាក់ដី​​ និង​​គ្រោះ​ទឹកជំនន់ដែល​កើតឡើង​ភ្លាមៗ ។​
នាយករដ្ឋ​មន្ត្រី​​ថៃ លោកអាប់ភីស៊ីត វ៉េចាជី​វ៉ា ​ថ្លែង​ប្រាប់​អ្នកកាសែត​ថា ស្ថាន​ការណ៍​នៅ​​​បណ្តា​​ខេត្ត ​ដែលរងគ្រោះដោយទឹកជំនន់​មិនទាន់​​មាន​ភាពល្អប្រសើរ​នៅឡើយទេ ហើយ​ថ្លែង​​​ថា រដ្ឋាភិបាល​​របស់​លោក​មាន​ផែនការ​ជម្លៀស​​ពលរដ្ឋ​ចេញពី​​​តំបន់ងាយរងគ្រោះ ។ លោកអាប់ភីស៊ីត​​ថ្លែង​ទៀត​ថា ស្ថានការណ៍​​នៅ​បណ្តា​​ខេត្ត​​ទាំង​​នោះ​នៅ​មាន​​ភាពធ្ងន់ធ្ងរ​នៅ​ឡើយ ដោយ​​សារ​នៅ​​តែ​មាន​​ធ្លាក់​ភ្លៀងខ្លាំង ៕

សមត្ថ​កិច្ច​​បង្ក្រាប​​ឈើគ្រញូង​បាន៣៩៦​កំណាត់​ក្នុង​​រយៈ​​ពេល​២ថ្ងៃ

Posted: 30 Mar 2011 12:49 AM PDT

ឈើគ្រញូង​ចំនួន​៣៩៦​កំណាត់
សមត្ថ​កិច្ច​​បង្ក្រាប​​ឈើគ្រញូង​បាន៣៩៦​កំណាត់​ក្នុង​​រយៈ​​ពេល​២ថ្ងៃ​

ខេត្ត​ពោធិ៍សាត់​ ៖ ឈើគ្រញូង​ចំនួន​៣៩៦​កំណាត់ និង​រថយន្ត​​ម៉ាក​កាមរីមួយគ្រឿង​​​​ត្រូវ​សមត្ថ​កិច្ច​ មេ​ព្រៃ​​សហការជាមួយ​កម្លាំងប៉ូលិស​​ប៉េអឹម ស្រុក​​ស្រគរ រុករកឃើញ​​តាមផ្ទះ​ប្រជា​ជន​​ដែល​​លាក់ទុក និងពួកឈ្មួញ​​​ដឹកជញ្ជូន​តាម​រថយន្ត ។ ​លទ្ធ​ផល​​នេះ សមត្ថកិច្ច​​​បានធ្វើ​​យុទ្ធ​នាការ​​ក្នុង​រយៈ​​​ពេល​​២ថ្ងៃ ដែលមាន​​៤ករណី​នៅ​កន្លែង​ផ្សេង​ៗគ្នា​។​

តាម​ប្រភពព័ត៌​មាន​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃទី​​​២៧ មីនា ឆ្នាំ​២០១១ ​វេលាម៉ោង​១០ព្រឹក​ សមត្ថ​​កិច្ច​​មានមេព្រៃ ​ប៉ូលិស ​និង​ប៉េអឹម ​ដឹកនាំ​ដោយ​លោក​គឹម ​ចេត្ថា​​វី នាយ​ផ្នែក​​​រដ្ឋ​​បាលព្រៃ​ឈើ​ក្រគរ​បាន​ចូលឆែកឆេរ​​ក្នុងផ្ទះ​​ប្រជាជន​​ម្នាក់​នៅ​ភូមិ​ក្រឡាញ់​ ឃុំ​ក្បាល​​ត្រាច រកឃើញ​​ឈើ​គ្រញូង​​ស្តុកទុក​​ចំនួន​២២០កំណាត់ ។ នៅថ្ងៃ​​​ដដែល​​​នោះ​វេលាម៉ោង​​១​និង​​៣០នាទី​រសៀល​​​ឆែក​ផ្ទះ​​​ប្រជា​ជន​ម្នាក់​​ទៀត​នៅ​ភូមិបឹង​​​ស្មុក ​ឃុំ​ស្វាយ​​ស រក​ឃើញ​​ឈើគ្រញូង​​ចំនួន​​២៣​
កំណាត់ ។​

ប្រភព​ដដែលបន្ត​ថា នៅ​ថ្ងៃទី​​​២៨ ​មីនា វេលា​ម៉ោង​​​៦ព្រឹក​​ សមត្ថ​កិច្ច​ចាប់ឃាត់​រថយន្ត​មួយគ្រឿង​​ម៉ាកកាមរី ពណ៌ឈាមជ្រូក ស៊េរី​៩១ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-9637 ​លើ​ផ្លូវ​ជាតិ​លេខ​​៥ ត្រង់​ចំណុច​​ភូមិ​​ត្រពាំង​ស្វាយ ឃុំ​អន្លង់​ត្នោត ដែល​​​ផ្ទុកឈើ​​គ្រញូង​​១៣​កំណាត់ អ្នក​បើក​​បរ​​រត់គេចខ្លួន​បាត់​។ នៅ​​ថ្ង​ដដែលនោះ​ ​​វេលា​ម៉ោង​​​​១២​និង​​៣០នាទី​​រសៀល​សមត្ថកិច្ច​រក​ឃើញ​​ឈើគ្រញូង​​ក្នុងផ្ទះប្រជា​ពល​រដ្ឋ​ចំនួន​​១៤០​កំណាត់​​ទៀត​នៅ​​ភូមិ​​ស្នារ​អន្សារ ឃុំ​ស្នា​អន្សារ ។​

សរុបទាំង​​​​២ថ្ងៃ​​​ ៤ករណី សមត្ថកិច្ច​​ប្រមូល​បាន​ឈើគ្រញូង​​ចំនួន​​៣៩៦​កំណាត់ និង​រថ​យន្ត​កាម​រី​មួយគ្រឿង​​​យកទៅ​រក្សាទុកនៅ​ផ្នែករដ្ឋ​បាល​ព្រៃ​ឈើ​ក្រគរ ។​ លោកគឹម ចេត្ថាវី ​​នាយផ្នែក​​រដ្ឋ​បាល​​ព្រៃ​ឈើ​​​ក្រគរ​បានមានប្រសាសន៍​​​ថា ​លោកនឹង​​បន្ត​​​ដឹកនាំ​កម្លាំង​ចុះរុក​រក​​ឈើដែល​​ប្រជា​ពលរដ្ឋ​​​​លាក់ទុកធ្វើ​សន្និធិតាមផ្ទះ និងឈ្មួញ​​ទុច្ចរិត​​​ដឹក​ជញ្ជូន​​តាមរថយន្ត​​តូច​-ធំដូច​ភ្លៀង​រលឹម​ ដោយ​សហ​ការជាមួយ​អាជ្ញាធរ​​ ប៉ូលិស ប៉េអឹម ​និង​ស្ថាប័ន​​មន្ទីរពាក់ព័ន្ធទាំង​ឡាយ​ ។ ជាមួយគ្នានេះ ​លោក​សុំ​​អំពាវ​នាវ​​​ឱ្យប្រជាពលរដ្ឋ​​ជួយផ្តល់​​ព័ត៌​មាន​​​ ដើម្បី​​​​លោកមាន​វិធានការ​​បង្ក្រាប​​បានទាន់​ពេល​​វេលា៕

សិក្ខា​សាលា​​ស្តីពី​បរិស្ថាន​​​ កសិកម្ម​ និង​អភិវឌ្ឍន៍ ៖ តើ​កម្ពុជាជ្រើស​យកជម្រើស​ណា?

Posted: 30 Mar 2011 12:42 AM PDT

រាជធានីភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​៣០ ខែមីនា  លោក​ ច័ន្ទ សា​រុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ និងលោក គ្រី​ស្យ​ង់ កូណ​ង់ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​បើក​សិក្ខាសាលា​មួយ​ស្ដី​ពី​កាលានុវត្ដ​ភាពនៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា «បរិស្ថាន កសិកម្ម និង​អភិវឌ្ឍន៍ ៖ តើ​កម្ពុជា​ជ្រើស​យក​ជម្រើស​ណា?» ក្នុង​ក្របខណ្ឌ​នៃ​ការ​រៀបចំ​កិច្ច​ពិភាក្សា​មួយ​ចំនួន​លើ​ប្រធានបទ​ផ្សេង​ៗ ។ សិក្ខា​សាលា​នេះ​នឹង​ផ្ដោត​លើ​ការ​ជជែក​ពិភាក្សាអំពី​វិស័យ​ផ្សេង​ៗ​នៃ​សេដ្ឋកិច្ច​កម្ពុជា ការ​ផលិត​ស្រូវ ការ​អភិវឌ្ឍន៍​ចីរភាព​ក្នុង​ផ្នែក​កសិកម្ម​និង​ព្រៃឈើ អគ្គិសនី​កម្ម ការ​ផ្គត់ផ្គង់​ទឹក​នៅ​តំបន់​ជនបទ ការ​ចិញ្ចឹមសត្វ និង​ការ​គ្រប់គ្រង​ហានិ​ភ័យ​ផ្នែក​សុខ​ភាព ។

វិស័យ​ទាំងនេះ ដែល​ជា​មុខព្រួញ​សកម្មភាព​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា អាច​នាំ​ទៅ​ដល់​ភាព​ជា​ដៃគូ​ថ្មី​ៗ​ថែម​ទៀត ដោយ​មានការ​រួម​សហការ​គ្នា​រវាង​អ្នកជំនាញ​បារាំង និង​ផ្នែក​ឯក​ជន​បារាំង និង​កម្ពុជា ។ ក្នុង​កិច្ច​ពិភាក្សា​ខាង​លើ​នេះ ក៏មាន​បង្ហាញ​ផង​ដែរ​ពី​លទ្ធផល​នៃ​ការ​សិក្សា​​ស្រាវជ្រាវ​លើ​ដំណាំ​ស្រូវ​នៅ​កម្ពុជា ដែល​បាន​ធ្វើ​ឡើង​ដោយ​ឧត្ដម​ក្រុមប្រឹក្សាសេដ្ឋ​កិច្ច​​ជាតិ​កម្ពុជា​ ក្រោមជំនួយ​ហិរញ្ញប្បទាន​របស់​​ទីភ្នាក់​ងារ​​អភិវឌ្ឍន៍​បារាំង​ (AFD) ។​
វាគ្មិន​ដែលឡើង​ធ្វើ​បទ​អន្ដរាគមន៍​ក្នុង​សិក្ខា​សាលា ដែល​រៀបចំ​ឡើង​រួម​គ្នា​ដោយ​ការិយា​ល័យ​សេដ្ឋកិច្ច​ប្រចាំ​ស្ថានទូតបារាំង ​រួម​ជាមួយ​ទីភ្នាក់ងារAFD នេះ រួម​មាន លោក​ ហង់​ជួន ណា​រ៉ុ​ន រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ លោក ឡត រស្មី អគ្គលេខាធិការ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​លោក ទុន លាន អគ្គនាយក​នៃអគ្គនាយ​ក​ដ្ឋា​ន​ថាមពល​នៃ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ និង​ថាមពល។ ក្នុង​ចំណោម​តំណាង​ផ្នែក​ឯកជន គេ​សង្កេត​ឃើញ​​ផងដែរ​នូវ​វត្ដមាន​របស់​អ្នកឧកញ៉ាម៉ុង ឫទ្ធី ព្រឹទ្ធ​សមាជិក​កម្ពុជា ។ រីឯ​ខាង​ភាគី​បារាំង​មាន​អ្នកជំនាញ​មក​ពី​ក្រសួងកសិកម្ម ក្រុមហ៊ុន Agreenium និង​ទីភ្នាក់ងារ AFD ព្រមទាំង​តំណាង​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា ក្រុមហ៊ុន Marbour, Clause និង Asvelis បាន​អញ្ជើញ​មក​ចូលរួម​ជា​ពិសេស ដើម្បី​បង្ហាញ​ពី​ចំណេះធ្វើ​របស់​ខ្លួន​ក្នុង​វិស័យ​អភិវឌ្ឍន៍​កសិកម្ម និង​ការ​គ្រប់​គ្រង​ហានិភ័យ​ផ្នែក​សុខភាព​ក្នុង​ក្របខណ្ឌ​ផ្នែក​ចិញ្ចឹមសត្វ ។ អ្នកគ្រប់គ្រង​អង្គការក្រៅ​រដ្ឋាភិបាល​បារាំង​ដែល​មានវត្ដ​មាននៅ​កម្ពុជាដូច​ជា អង្គការ CIRAD (​មាន​ជំនាញ​ខាង​ស្រាវ​ជ្រាវ​កសិកម្ម​) អង្គការ GRET (​ក្រុម​ស្រាវជ្រាវ និង​ផ្លាស់​ប្ដូរ​បច្ចេកវិទ្យា​) ក៏បាន​ចូលរួម​ផង​ដែរ​ក្នុង​សិក្ខាសាលា​នេះ ។ ម្ចាស់​ជំនួយ​ដែល​ធ្វើ​សកម្ម​ភាព​ក្នុង​វិស័យ​ទាំងនេះបានផ្ដល់​វិភាគទាន​ក្នុង​កិច្ច​ពិភាក្សា​ខាងលើ​នេះដែរ​ ។

នៅ​ចុងបញ្ចប់​នៃ​សិក្ខាសាលា ឯកអគ្គរដ្ឋទូត​បារាំង​​បាន​ប្រគល់​ជា​ផ្លូវការ​នូវ​ផែនការ​អគ្គិសនី​កម្ម​ជនបទ​ជូនលោកអ៊ិត ប្រាំង រដ្ឋលេខា​ធិការ​​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ។ ការ​សិក្សា​ស្រាវជ្រាវ​នេះ ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន​​ផ្ដល់​ប្រឹក្សា និង​វិស្វកម្មIED (​នវានុវត្ដន៍ ថាមពល អភិវឌ្ឍន៍​) និង​ឧបត្ថម្ភ​ថវិកា​ដោយ​មូលនិធិ​បារាំង FASEP បង្ហាញ​យ៉ាង​លម្អិតអំពី​គម្រោង​នៃ​ការ​ធ្វើ​អគ្គិសនី​កម្ម​នៅ​ក្នុង​ខេត្ដ​ទាំង​២៣​នៅ​ក្នុង​ប្រទេស​កម្ពុជា លើកលែងតែ​រាជ ធានី​ភ្នំពេញ ។ ជា​ពិសេស ការ​សិក្សា​នេះ​បាន​លើក​​ឡើង​អំពី​លទ្ធភាព​ក្នុង​ការ​ផ្ដល់​ជំនួយ​ដល់​ការ​បង្កើត​ថាមពល​កកើត​ឡើង​វិញ ដែល​អាច​បើកផ្លូវ​ដល់ការ​អនុវត្ដន៍​គម្រោង​ថ្មី​ៗ​មួយ​ចំនួន​ទៀត​ក្នុង​វិស័យ​នេះ ដោយ​សហការ​គ្នា​រវាង​ទីភ្នាក់ងារ AFD និង​ផ្នែក​ឯកជន​កម្ពុជា ៕​

ផ្លូវជុំវិញ​ផ្សារ​ធំ​ថ្មី​​ត្រូវបានជួសជុល​​រួច និង​​​កំពុង​ចាក់អ៊ុត​កៅស៊ូ បន្ទាប់ពី​​​​​​តូប​ក្នុង​​ផ្សារ​​បើក​ឱ្យ​ដំណើរការ

Posted: 30 Mar 2011 12:39 AM PDT

​ផ្លូវជុំវិញ​ផ្សារ​ធំ​ថ្មី​​ត្រូវបានជួសជុល​​រួច និង​​​កំពុង​ចាក់អ៊ុត​កៅស៊ូ
ផ្លូវជុំវិញ​ផ្សារ​ធំ​ថ្មី​​ត្រូវបានជួសជុល​​រួច និង​​​កំពុង​ចាក់អ៊ុត​កៅស៊ូ

រាជធានីភ្នំពេញ ៖ ​ផ្លូវជុំវិញផ្សារ​​ធំថ្មី​ដែល​​កន្លង​មក​​មានសភាពខូចខាត និង​ទឹក​​ដក់​ស្ទើរ​​គ្រប់​កន្លែង​​នោះ ពេលនេះ ត្រូវបាន​​សាលា​រាជ​ធានីភ្នំពេញ ​​​ធ្វើ​ការ​​ជួសជុល​រួច​រាល់ និង​​កំពុង​​​ចាក់​​អ៊ុត​​​កៅស៊ូលើផ្លូវជុំវិញ​​ផ្សារទៅ​​តាម​លំនាំ​ដើម ​បន្ទាប់ពី​តូប​ក្នុងផ្សារ​ត្រូវ​បាន​សាង​សង់​​ និង​ជួសជុល​​រួចរាល់​ ហើយ​បើក​​ឱ្យ​ដំណើរ​ការ​​លក់​ដូរ​​ធម្មតា ចំណែក​ឯ​តូប​លក់ដូរ​​បណ្តោះអាសន្ន​​តាម​​​ផ្លូវជុំវិញ​​​ផ្សារ​នោះ​ក៏​តម្រូវ​​ឱ្យ​រើ​ចូលទៅខាង​ក្នុង​វិញ​រួច​រាល់​ហើយដែរ​ ។ ​ផ្លូវជុំវិញ​​ផ្សារ​​ធំ​ថ្មីនេះ ពិតជា​មាន​​សារ​សំខាន់ណាស់សម្រាប់​​ជា​សោ​ភ័ណ​​ភាព​​លំអ​រាជធានី និង​ប្រជា​ពលរដ្ឋ​​​​​ងាយ​ស្រួល​ធ្វើ​ដំណើរ​​ទៅទិញ​ទំនិញ ឬ​ក៏លក់​ដូរ​​ទំនិញ​​ផ្សេងៗ​ដែលជា​មជ្ឈ​មណ្ឌលពាណិជ្ជ​កម្ម​​ដ៏​សំខាន់​មួយ​​របស់​រាជធានីភ្នំពេញ ។​

​បន្ទាប់ពី​ស្ថាបនា​​​គ្រឹះ​ខាង​​ក្រោម​​របស់​​ផ្លូវ​រួច​ក្នុង​ពេល​​​នេះ​កំពុងដំណើរ​ការ​ចាក់​​​អ៊ុត​កៅស៊ូ​ដែលការ​​អ៊ុត​​កៅ​ស៊ូ​អនុវត្ត​​ដោយក្រុមហ៊ុន Ly Service ក្នុង​​ទំហំ​​​​៩.៤០០​ម៉ែត្រការ៉េ ដែល​មាន​ទទឹង​ផ្លូវ​​​១៦​ម៉ែត្រ។ តំណាង​ក្រុមហ៊ុន​នេះបាន​ឱ្យ​ដឹង​ថា ​​ការងា​រ​អ៊ុត​​កៅស៊ូ​​ផ្លូវ​ខាងលើ​​នេះនឹង​​ធ្វើ​​​​ឱ្យ​រួច​រាល់​មុន​​​​​បុណ្យ​ចូលឆ្នាំខ្មែរ​​ឆាប់​ៗ​ខាង​មុខនេះ ហើយការ​ស្ថាបនា​​​ធ្វើ​ឡើង​​តាម​គម្រោង​​​របស់​សាលា​រាជ​ធានីភ្នំពេញ ​បន្ទាប់ពី​​​រុះរើ​តូប​​បង​ប្អូន​អាជីវករ​​​បណ្តោះអាសន្ន​លើ​ចិញ្ចើម​​​ផ្លូវ​​​ឱ្យ​ចូល​ទៅខាង​ក្នុង​​រួចមក​ ។ គួររំលឹក​ថា ​​ការជួសជុល​​កែ​លំអ​ផ្សារ​​ធំថ្មីនេះក្រោម​ជំនួយ​របស់រដ្ឋាភិ​បាល​​បារាំង​​តាមរយៈ​​ទីភ្នាក់ងារ​​​អភិ​វឌ្ឍន៍​​បារាំង (AFD) ហើយ​បន្ទាប់​ពីស្ថាបនា​ផ្លូវ​​ជុំវិញ​ផ្សា​​រធំថ្មី​រួច​សាលា​​រាជធានីភ្នំពេញ​មាន​គម្រោង​​រៀប​ចំ​បង្កើត​​​ផ្សារ​​​រាត្រី​សម្រាប់លក់​​ពេល​​យប់​នៅជុំវិញ​​​ផ្សារ​ធំថ្មី​នេះ​បន្ថែមទៀត​ ដើម្បី​​​ឱ្យ​ភ្ញៀវ​​​​ទេសចរ​​ជាតិ​-អន្តរជាតិ​ទៅទិញ​ទំនិញ​នៅ​ពេលយប់​​បាន​ដោយស្រួល ៕​

បុណ្យ​ខួប​​​១៤​ឆ្នាំ​នៃ​​អ្នកស្លាប់​​ដោយ​សារ​គប់គ្រាប់បែក ​គណបក្សសម រង្ស៊ី ​​អំពាវ​នាវ​​​រក​ឃាតក

Posted: 30 Mar 2011 12:35 AM PDT

រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត ​​ប្រធាន​គណបក្ស​​ប្រឆាំង លោកសម រង្ស៊ី ​បានអំពាវ​នាវ​​នៅថ្ងៃ​​ពុធ នេះ​ឱ្យ​ចាប់​​ឃាតក​​​ដែល​បាន​គប់​គ្រាប់បែក​ចូល​ក្រុមបាតុ​ករ​បណ្តាល​ឱ្យ​មាន​​មនុស្សប្រមាណ​​២០​នាក់ស្លាប់ និង​​ជាង​១០០​នាក់​ផ្សេង​ទៀត​​​​រង​របួស​កាលពីថ្ងៃទី​​៣០ មីនា ​១៩៩៧ កន្ល​ងមក​នេះ ។​ គណបក្សសម រង្ស៊ី ​​កាលពីព្រឹកថ្ងៃទី​​​៣០ មីនា ២០១១ ​បានរៀបចំ​ពិធីបុណ្យខួប​​​១៤​ឆ្នាំ ​នៃ​ការ​គប់​​គ្រាប់បែក​៤​គ្រាប់​​​ផ្ទួនៗ​គ្នា ទៅលើ​ក្រុម​បាតុករ​​​រាប់ពាន់​នាក់ ដែល​ធ្វើបាតុកម្ម​ទាម​ទារ​​កំណែ​​ទម្រង់​​តុលាការ​​ដឹក​នាំដោយ​​លោក សម រង្ស៊ី ​។

លោកសម រង្ស៊ី បានថ្លែង​តាម​​​រយៈ​វីដេអូ​​កុង​ហ្វេរ៉ង់​ពីប្រទេស​បារាំង​​ក្នុងពិធីបុណ្យ​នេះ​​​ថា គណ​បក្ស​សម រង្ស៊ី ​នៅតែ​បន្ត​ជំរុញ​រដ្ឋាភិបាល​​ស្វែង​​រក​​មុខឃាតក​​ផ្តន្ទាទោស​​​តាមច្បាប់​​ឱ្យទាល់តែ​បាន ។ ការតស៊ូ​​នៅតែ​មាន​​មិនបញ្ចប់​​ទេ ​ដរាប​ណា​​រដ្ឋាភិបាល​មិនទាន់​ចាប់ឃាត​​ក​មកកាត់​ទោស ។ លោកសម រង្ស៊ី​ បាន​អះអាង​​ថា ជន​រងគ្រោះ​​​បានបាត់បង់ជីវិត​​ដោយសារតែ​​ការ​ទាមទារ​យុត្តិធម៌​ និង​របប​ប្រជាធិបតេយ្យ​នៅ​ក្នុងប្រទេស​កម្ពុជា ។​ ​​ក្នុងហេតុការណ៍​នោះ កម្ម​ករ កម្មការិនី​ និងពល​រដ្ឋ​ប្រមាណ​​២០នាក់ បាន​ស្លាប់​ និងជាង​​​១០០​នាក់​​រងរបួស​​ តែរហូតមក​ដល់​​ពេលនេះ សមត្ថ​កិច្ច​​មិនទាន់​​បានបង្ហាញ​​​អ្នកទទួលខុសត្រូវ​​​នៃ​ការ​​គប់គ្រាប់បែក​​​នោះនៅ​ឡើយ​​ទេ ។ ការ​សម្លាប់​​នៅ​​ថ្ងៃទី​​​៣០ មីនា នោះ ​បានក្លាយ​​​ជាទិវា​​សោ​ក​សៅ​​មួយ​ដែលគណបក្ស​​​សម រង្ស៊ី ​បានប្រារព្ធ​ធ្វើ​​ជា​រៀង​រាល់​​​ឆ្នាំ ៕​

ប្រទេសទីម័រខាងកើត​គាំទ្របេក្ខ​​ភាព​​កម្ពុជា ជាសមាជិក​​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​​​សន្តិសុខ អ.ស.ប

Posted: 30 Mar 2011 12:32 AM PDT

រាជធានីភ្នំពេញ ៖ ប្រធានាធិបតី​​ទីម័រ​ខាង​កើត លោក​​យ៉ូហ្សេ រ៉ាម៉ូស ហ័រតា បាន​គាំទ្រ​​បេក្ខ​​ភាពកម្ពុជា ជាស​មាជិក​​មិនអចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​​សន្តិសុខ​អង្គការ​​​សហប្រជាជាតិ​​សម្រាប់អាណត្តិ​​​​២០១៣ និង​​២០១៤ ។ ប្រសាសន៍​គាំទ្រ​របស់លោកប្រធា​នាធិបតី​ទីម័រខាងកើត​​នាពេលនេះ បានធ្វើ​ឡើង​ក្នុងជំនួប​​​ពិភាក្សា​ជាមួយ​​សម្តេច​អគ្គ​មហា​ពញាចក្រី​ហេង សំរិន ​ប្រធានរដ្ឋសភា នៅវិមាន​​រដ្ឋសភា​ជាតិ ក្នុងរាជធានីភ្នំពេញ ​កាលពីព្រឹកថ្ងៃពុធ ទី​៣០ មីនា ​២០១១ នេះ ។​ នេះ​បើ​យោង​តាម​លោក​​គាំ កុសល ​ជំនួយ​ការ​ផ្ទាល់សម្តេច​​ហេង សំរិន ​ដែល​ថ្លែង​​តាមទូរស័ព្ទ​ប្រាប់​​កោះសន្តិ​ភាព​នៅប៉ុន្មាន​នាទីមុននេះ ។

លោកគាំ ​កុសល បន្ត​ថា នៅ​ក្នុង​​​ជំនួប​នេះ​ដែរ លោកប្រធានាធិបតី​ទីម័រ​ខាងកើត ​​លោក​យ៉ូហ្សេ រ៉ាម៉ូស ​ហ័រតា ​ក៏បានថ្លែង​អំណរ​គុណ​​ដល់​​កម្ពុជា ដែលបានគាំទ្រ​​បេក្ខភាពទីម័រ​ខាង​កើត​ជា​សមាជិក​អាស៊ាន​ទី​១១ ​ហើយ​ថា សមា​ជិក​សភា​ប្រទេស​ទីម័រ​ខាងកើតមាន​ចំនួន​​​១៣០​​នាក់ ក្នុងនោះ​​មានស្ត្រី​ចំនួន​​៣០​ភាគរយ។​ លោក​ប្រធានាធិបតី​​ទីម័រខាង​កើត​​ក៏បាន​​​ជម្រាប​​​សម្តេច​​ហេង សំរិន ដែរ​ថា នៅក្នុងប្រទេស​ទីម័រ​​​មាន​គណបក្ស​នយោបាយ​​​ចូលរួម​​ប្រកួត​ប្រជែង​​ក្នុង​ការបោះឆ្នោត​​​ចំនួន​​​៩​គណបក្ស ​ហើយ​ថា សេដ្ឋ​កិច្ច​ទីម័រ ​មិនជំពាក់​​បំណុល​​​​បរទេស​ណា​ទាំង​​អស់ ។​ ​លោក​យ៉ូ​ហ្សេ រ៉ាមូស ហ័រតា ​បន្ថែម​ថា ​ពេល​នេះ​​ទីម័រ​​ខាងកើត​​​កំពុងទាមទារ​​​ឱ្យ​មាន​​អ្នក​វិនិយោគ​​​ពីខាងក្រៅ ​ជាពិសេស​​ការ​វិនិ​យោគ​​​លើ​ផ្នែក​​លំនៅ​ឋាន​​ និងថាមពល​អគ្គិសនី៕​

តារា​ចម្រៀង​ខេមរៈ សិរី​មន្ត​ ទទួល​បាន​មេដាយ​ស្ថាបនា​ជាតិ

Posted: 30 Mar 2011 12:23 AM PDT

លោក ​ខេមរៈ សិរី​មន្ត​ ពេលទទួល​បាន​មេដាយ​ស្ថាបនា​ជាតិ​
លោក ​ខេមរៈ សិរី​មន្ត​ ទទួល​បាន​មេដាយ​ស្ថាបនា​ជាតិ​

ខេត្ត​កំពង់​ចាម​ ៖ តារា​ចម្រៀង​លោក​ខេម​រៈ សិរី​មន្ត កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ​ត្រូវ​បាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន បំពាក់​មេដាយ​ស្ថាប​នា​ជាតិ​ ព្រោះ​​លោក​មាន​ស្នា​ដៃ​ក្នុង​ការ​ចូល​រួម​ចំណែក​កសាង​សមិទ្ធ​ផល​នានា​នៅ​ក្នុង​វត្ត​ជោតតនា​រាម​ស្ថិត​ក្នុង​ស្រុក​ព្រៃ​ឈរ​ ខេត្ត​កំពង់​ចាម​។ លោក​ខេមរៈ សិរី​មន្ត​ ​និយាយ​ថា ការ​បំពាក់​មេ​ដាយ​ស្ថាប​នា​ជាតិ​ដល់​រូប​លោក​ គឺ​ធ្វើ​ឡើង​ក្នុង​ពិធី​បុណ្យ​ឆ្លង​​អគារ​សាលា​ឆាន់​ និង​សមិទ្ធ​ផល​មួយ​ចំនួន​ទៀត​ក្នុង​​វត្ត​ជោត​ត​នា​រាម​។ កន្លង​មក​​រូប​លោក និង​ក្រុម​គ្រួសារ​បាន​ចូល​បច្ច័យ​យ៉ាង​ច្រើន និង​ជា​បន្ត​បន្ទាប់​​ក្នុង​ការ​កសាង​សមិទ្ធ​ផល​នានា​ក្នុង​វត្ត​​​ សំខាន់​សាលា​ឆាន់​ដែល​ត្រូវ​ដាក់​សម្ពោធ​នា​ឱកាស​នោះ​។ មូល​ហេតុ​ដែល​លោក​ចូល​បច្ច័យ​កសាង​សមិទ្ធ​ផល​ក្នុង​វត្ត​នោះ​ ព្រោះ​លោក​ និង​ក្រុម​គ្រួសារ​សុទ្ធ​សឹង​ជា​អ្នក​ដែលមាន​ជំនឿ​លើ​ព្រះ​ពុទ្ធ​សាសនា​ ម្យ៉ាង​ទៀត​ទីនោះ​ជា​កន្លែង​កំណើត​របស់​លោក​។

លោក​ខេមរៈ សិរី​មន្ត​ ជា​តារា​ច​ម្រៀង​មាន​​ប្រជា​ប្រិយ​ភាព​មួយ​រូប​ ពិសេស​ផ្នែក​​យុវ​វ័យ​។ លោក​កំពុង​តែ​រស់​នៅ​ដោយ​មាន​សេចក្តី​សុខ​ និង​កាក់​កប​ក្នុង​ផលិត​កម្ម​សាន់​ដេ​ បន្ទាប់​ពី​ចាក​ចេញ​ពី​ផលិត​កម្ម​យូ​ធូ​កាល​ពី​ប៉ុន្មានឆ្នាំ​មុន​​។ ​បទច​ម្រៀង​របស់​លោក​ច្រើន​តែ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ស្រទាប់​យុវ​វ័យ​។  ថ្វី​ដ្បិត​តែលោក​សិរី​មន្ត​នៅ​កំលោះ​ តែ​ហាក់​មិន​មាន​ការ​ធ្លាយ​ចេញ​បញ្ហា​បេះ​ដូង​ ឬ​ពាក់​ព័ន្ធ​រឿង​អាស្រូវ​ស្នេហា​ឡើយ​។ ជា​មួយកេរ្តិ៍​ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ ​ពេល​នេះ​លោក​ខេមរៈ សិរី​មន្ត ធ្វើឱ្យ​មហា​ជន​មាន​ការ​ចាប់​អារម្មណ៍​ដោយ​សារ​ទទួល​បាន​មេដាយ​ស្ថាបនា​ជាតិដែល​បំពាក់​ជា​កិត្តិ​យស​ដោយ​សម្តេច​អគ្គ​មហា​​ពញា​ចក្រី​ហេង សំរិន​។ កិត្តិ​យស​ដែល​ទទួល​បាន​​នេះ​ ព្រោះ​​តែ​លោក​​ជា​សប្បុ​រស​ជន​មួយ​រូប​រួម​កសាង​សមិទ្ធ​​ផល​ក្នុង​វត្ត​ ៕

សមាគម​កីឡា​ប្រដាល់​ពិភព​លោក​ដាក់​បម្រាម​២​ឆ្នាំ​លើ​មន្រ្តី​កីឡា​ប្រដាល់ ​ប្រទេស​​​​ថៃ​និង​សហព័ន្ធ​កីឡា​ប្រដាល់​រ៉ូម៉ានី​​ចូល​​រួម​​ប្រកួត​​ជា​​អន្តរ​​ជាតិ

Posted: 30 Mar 2011 12:20 AM PDT

សមាគម​កី​ឡា​ប្រដាល់​ពិភព​លោក​ AIBAបាន​ដាក់​បម្រាម​លើ​សហព័ន្ធ​កីឡា​ប្រដាល់​ប្រទេស​រ៉ូ​ម៉ានី​និង​បណ្តា​មន្រ្តី​កីឡា​ជាន់​ខ្ពស់​របស់​ថៃ​មួយ​ចំនួន​ពី​បទ​ល្មើស​នឹង​ច្បាប់​ដាក់​ពិ​ន័យ​។ ទោះ​ជា​យ៉ាង​ណា​ក្តី គណៈកម្មា​ធិការ​នេះ​មិន​បាន​ហាម​ឃាត់​លើ​បណ្តា​កី​ឡាករ​ប្រដាល់​ប្រទេស​ទាំង​ពីរ​​ក្នុង​ការ​ចូល​រួម​ប្រកួត​ជា​លក្ខណៈ​អន្ត​រជាតិទេ ។​ AIBAបាននិយាយ​ថា​ខ្លួន​បាន​បញ្ឈប់​ប្រទេស​រ៉ូ​ម៉ានី​ពី​សមាគម​កីឡាប្រដាល់​អាជី​ព​​ពិភពលោក​ចំនួន​២ឆ្នាំ ​ព្រោះ​តែ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​ប្រទេស​នេះគឺ​​លោក​រូដែល អូ​ប្រេយ៉ា​ល្មើស​នឹង​ច្បាប់​ដាក់​ពិន័យដោយ​បន្ត​ធ្វើ​ការ​ក្នុង​តួ​នាទី​ដដែល ។

ចំណែក​ទាក់​ទង​នឹង​ប្រទេស​ថៃ​វិញ  AIBA​បាន​​និយាយ​ថា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​ប្រទេស​នេះ​ឈ្មោះ​Taweep Jantararojត្រូវ​បាន​គេ​ព្យួរ​តួនាទី​ចំនួន​២ឆ្នាំ និង​បណ្តា​មន្រ្តី​កីឡាដ​ទៃ​ទៀត​ត្រូវ​ព្យួ​ររយៈ​ពេល​១ឆ្នាំ ។​ បើ​ទោះ​ជា​​យ៉ាង​នេះ​ក្តី​  AIBA បញ្ជាក់​យ៉ាង​ច្បាស់​ថា​ការ​ហាម​ឃាត់​នេះ​មិន​ដាក់​ទៅលើ​កីឡាករ គ្រូ​បង្ហាត់ អាជ្ញា​កណ្តាល​ និង​ចៅ​ក្រម​នោះទេ ។ រ៉ូម៉ានី​និង​ថៃ​ស្ថិត​នៅក្នុង​ចំណោម​សមាជិក​ចំនួន​១៣ប្រទេស​ដែល​ធ្លាប់​បាន​ប្រជែង​យក​តំណែង​លោក​Wu Ching-kuoប្រធាន​AIBA​បច្ចុប្បន្ន​នៅ​មុន​ការ​បោះ​ឆ្នោត​ជា​ថ្មី​កាល​ពី​ឆ្នាំ​ទៅ​មិញ ៕

សង្វៀន​ប្រដាល់​បាយ័ន​បន្ថែម​ថ្ងៃ​សុក្រ​​ទៀត​ប្រកួត​អន្តរ​ជាតិ​៤​គូ​បើក​ឆាក

Posted: 30 Mar 2011 12:12 AM PDT

កម្ម​វិធី​ប្រកួត​កីឡា​ប្រដាល់​របស់​ទូរ​ទស្សន៍​បាយ័ន

រាជ​ធានី​ភ្នំពេញ​ ៖ កម្ម​វិធី​ប្រកួត​កីឡា​ប្រដាល់​របស់​ទូរ​ទស្សន៍​បាយ័ន​ដែល​ធ្លាប់​​ធ្វើ​ឡើង​ក្នុង​១​សប្តាហ៍​​២​លើក​ គឺ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​នោះ ឥឡូវ​នេះ​បន្ថែមថ្ងៃ​ស្រុក​​១​ថ្ងៃ​ទៀត​។ ជា​ការ​ស្វា​គមន៍​ចំពោះ​ទស្សនិក​ជន​សំរាប់​ថ្ងៃ​បន្ថែម​ជា​លើក​ដំបូង​ គឺ​ថ្ងៃ​សុក្រ​ ទី១ មេសា ខាង​មុខ​នេះ​អ្នក​រៀប​ចំ​កម្ម​វិធី​ប្រដាល់​ទូរ​ទស្សន័​បាយ័ន​រៀប​ចំ​ឱ្យ​មាន​ការ​ប្រកួត​ចំនួន​៦​គូ​ក្នុង​នោះ​មាន​ការ​ប្រកួត​មិត្ត​ភាព​ជាតិ​ចំនួន​២​គូ និង​មិត្ត​ភាព​អន្តរ​ជាតិ​ចំនួន​​៤​គូ​ ។ ​ការ​ប្រកួត​នេះ​នឹង​ផ្សាយ​​ផ្ទាល់​ចាប់​ពី​ម៉ោង​៣ និង​៣០​នាទីរសៀល​​​តទៅ​។

ចំពោះ​គូ​ប្រកួត​ជា​លក្ខណៈ​មិត្ត​ភាព​អន្តរ​ជាតិ​ទាំង​៤​គូ​នោះ ទី១​ កីឡា​ករ​កម្ពុជា​ឯម វិចិត្រ​ មក​ពី​ក្លឹប​គ្រុឌ​មាន​ជ័យ​ត្រូវ​ជួប​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​ជាមួយ​កីឡា​ករ​ Leonard មក​ពី​ប្រទេស KENYA ។ ឯម វិចិត្រ​ ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៨​លើក​ ក្នុង​នោះ​ឈ្នះ​៣៧​លើក ចាញ់​៧​លើក​ និង​ស្មើ​ចំនួន​៤​លើក​ ។ ចំណែក​ Leonard មាន​ប្រវត្តិ​ប្រកួត​២០​លើក ក្នុង​នោះ​ឈ្នះ​១៥​លើក។​ គូ​អន្តរ​ជាតិ​ទី​២ កីឡា​ករ Valdet មក​ពី​ប្រទេស​អាល្លឺ​ម៉ង់​ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូ​ក្រាម​ជាមួយ​កីឡា​ករ​កម្ពុជា​ កែវ​ រំចង់​ មក​ពី​ក្លឹប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣​ប្រាសាទ​ព្រះ​វិហារ​។ Valdet មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន​១០៣​លើក ក្នុង​នោះ​ឈ្នះ​៥៩​លើក​ ចាញ់​៤០​លើក និង​ស្មើ​៤​លើក​។ ចំណែក​កែវ​ រំចង់​ វិញ​ មាន​ប្រវត្តិ​ប្រកួត​៧៣​លើក ក្នុង​នោះ​​ឈ្នះ​៦៤​លើក​ ចាញ់​៦​លើក​ និង​ស្មើ​៣​លើក​។ គូ​នេះ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មជ្ឈ​ដ្ឋាន​អ្នក​ទស្សនា​ ព្រោះ​ថា បើ​ផ្អែក​តាម​ប្រវត្តិ​របស់​កីឡា​ករ​មក​ពី​អាល្លឺ​ម៉ង់​មាន​បទ​ពិសោធន៍​រហូត​ដល់​១០៣​លើក​ឯ​ណោះ​ ប៉ុន្តែ​ទោះ​បី​កែវ រំចង់​​មាន​ប្រវត្តិ​ប្រកួត​តិច​ជាង​ក៏​ដោយ​ គឺ​នៅ​តែ​មាន​ជំនឿ​ថា ​កែវ រំចង់​ មិន​ចាញ់​បរទេស​នោះ​ទេ។

គូ​អន្តរ​ជាតិ​ទី​៣ កីឡាករ​កម្ពុជា​ឯម វុត្ថា មក​ពី​ក្លឹប​គ្រុឌ​មាន​ជ័យ​ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទ​ម្ងន់​៦០​គីឡូ​ក្រាម​ជាមួយ​កីឡាករ​ Christian មក​ពី​ប្រទេស​អេស្ប៉ាញ​។ ឯម​ វុត្ថា មាន​ប្រវត្តិ​ប្រកួត​៧០​លើក ក្នុង​នោះ​ឈ្នះ​៤៧​លើក ចាញ់​១៨​លើក​ និង​ស្មើ ៥​លើក​។ ចំណែក​Christian មាន​ប្រវត្តិ​ប្រកួត​២៨​លើក ក្នុងនោះ​ឈ្នះ​១៨លើក​ ចាញ់​​៨​លើក​ និង​ស្មើ​២​លើក​។ គូ​អន្តរ​ជាតិ​ទី​៤​ កីឡា​ករ​ Jame Rhys មក​ពី​ប្រទេស​អង់​គ្លេស​ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូ​ក្រាម​​ជាមួយ​កីឡា​ករ​កម្ពុជា​ ជ័យ​ កុសល​ មក​ពី​ក្លឹប​ព្រះ​ខ័ន​រាជ្យ​។ ក្រៅ​ពី​គូ​ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ​ទាំង​៤​គូ​នេះ​នៅ​មាន​ការ​ប្រកួត​ធម្ម​តា​​២​គូ​ទៀត​រវាង​សេង ហៀង មក​ពី​ក្លឹប​វី​អាយ​ភី​ចំការ​មន​ជាមួយ​ឈឿន ឆៃ​ដែន មក​ពី​ក្លឹ​ប​និរោធ​មាន​ជ័យ​។ កីឡា​ករ​សុខ វិរៈ​ មក​ពី​ក្លឹប​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់​ស្ពឺ​​ប្រកួត​ជាមួយ​កីឡា​ករ​ម៉ាត់​ ឆ្វេង​ មក​ពី​ក្រសួង​កសិ​កម្ម​ ៕

តំបន់​កូ​កាស់​រុស្ស៊ី​ ៖ មេ​ដឹក​នាំ​ឧទ្ទាម​អ៊ិស្លាម​អាច​ត្រូវ​សម្លាប់

Posted: 30 Mar 2011 12:08 AM PDT

ប្រភព​ប៉ូលិស​មូល​ដ្ឋាន​និយាយ​កាល​ពី​ថ្ងៃ​ទី​២៩ មីនា ថា ប្រមុខ​ឧទ្ទាម​អ៊ិស្លាម​នៅតំបន់​កូកាស់​រុស្ស៊ី​​ជន​ជាតិ​ឆេ​ឆេនី​ លោក​ដូ​គូ​ អ៊ូ​ម៉ា​រ៉ូវ អាច​ស្ថិត​ក្នុង​ចំណោម​ពួក​ឧទ្ទាម​​១៧​នាក់​ដែល​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៨ មីនា ក្នុងឱកាស​នៃ​ប្រតិ​បត្តិ​ការ​យោធា​មួយ​នៅ​រដ្ឋ​អ៊ីន​ហ្គូ​ជី​។ យោង​តាម​ព័ត៌​មាន​ទាំង​ឡាយ​ថា បណ្តា​សមា​ជិក​កង​អង្គ​រក្ស​របស់​លោកដូគូ​ អ៊ូ​ម៉ា​រ៉ូវ ត្រូវ​ស្លាប់​ក្នុង​ចំណោម​ពួក​ឧទ្ទាម​។ ប្រការ​នេះ​អាច​ឱ្យ​គេ​សន្មត់​ថា លោក​ដូគូ​ អ៊ូ​ម៉ា​រ៉ូវ ខ្លួន​ឯង​ក៏​ត្រូវ​ស្លាប់​ដែរ​។
វាសនា​របស់​លោក​ដូគូ អ៊ូ​ម៉ា​រ៉ូវ ដែល​ប្រកាស​ខ្លួន​ឯង​ថា ជា​ប្រមុខ​នៃ​អេមី​រ៉ាត​កូ​កាស់​ មួយ​តែង​ជា​កម្ម​វត្ថុ​នៃ​ពាក្យ​ចចាម​អារ៉ាម​នានា​។ ការ​ស្លាប់​របស់​លោក​ត្រូវ​បាន​ប្រកាស​ជាញឹក​ញាប់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តែ​ដោយ​ពុំ​មាន​ការ​អះ​អាង​របស់​ប្រភព​ផ្លូវ​ការ​ឡើយ​។
ក្នុង​សារ​វីដេ​អូ​លើក​ចុង​ក្រោយ​របស់​លោក​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា​កន្លងមក​នេះ​តាម​អ៊ីន​ធើរ​ណេត​អ៊ិ​ស្លាម​ លោក​ដូ​គូ​ អ៊ូ​ម៉ា​រ៉ូវ បាន​ផ្តល់​ការ​គាំទ្រ​របស់​លោក​ចំពោះ​ចលនា​បះ​បោរ​ទាំង​ឡាយ​ក្នុង​ពិភព​អារ៉ាប់​។
អាជ្ញា​ធរ​រុស្ស៊ី​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៨ មីនា កន្លង​មក​នេះ​ពី​ការ​កំទេច​មូល​ដ្ឋាន​មួយ​របស់​ពួក​ឧទ្ទាម​នៅ​អ៊ីន​ហ្គូ​ជី​ ក្រោយ​​ការ​វាយ​ប្រហារ​តាម​អាកាស​ និង​ប្រតិ​បត្តិ​ការ​តាម​ជើង​គោក​មួយ​មក​ ៕

កីឡា​ករ​វ័យ​ក្មេង​នីម៉ា គឺ​ជា​គ្រាប់​ពេជ្រ​របស់​ប្រេស៊ីល

Posted: 29 Mar 2011 11:54 PM PDT

កីឡា​ករ​វ័យ​ក្មេង​នីម៉ា គឺ​ជា​គ្រាប់​ពេជ្រ​របស់​ប្រេស៊ីល

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ ​Neymar da Silva Santos Junior ត្រូវ​បាន​គេ​ស្គាល់​ថា នីម៉ា កើត​នៅ​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​១៩៩២ ក្នុង​ទីក្រុង Mogi da Cruzes ប្រទេស​ប្រេស៊ីល។ បច្ចុ​ប្បន្ន​នីម៉ា មាន​វ័យ​ទើប​តែ​១៩​ឆ្នាំ​ប៉ុណ្ណោះ តែ​គេ​ជា​កីឡា​ករ​មួយ​រូប​ដែល​កំពុង​បញ្ចេញ​ទេព​កោសល្យ​លេច​ធ្លោ​នៅ​លើ​ឆាក​អន្តរ​ជាតិ​ក្នុង​សត​វត្ស​ទី​២១​នេះ។

​​នីម៉ា​បាន​ចូល​ប្រឡូក​ក្នុង​អាជីព​បាល់​ទាត់​ដំបូង​តាំង​ពី​២០០៣ នៅ​ក្នុង​ក្លឹប​យុវ​ជន​ Santos រហូត​មក​ដល់​ឆ្នាំ​២០០៩។ ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក​ដល់​បច្ចុ​ប្បន្ន​នេះ គេ​បាន​​បន្ត​លេង​ឱ្យ​ក្លឹប​​Santos ដដែល។ នៅ​ជា​មួយ​ក្លឹប Santos កីឡា​ករ​នីម៉ា ធ្លាប់​បាន​បង្ហាញ​​វត្ត​មាន​ចំនួន​៦៤​លើក ស៊ុត​បាល់​បញ្ចូល​ទី​បាន​២៧​គ្រាប់។ ក្រៅ​ពី​ការ​លេងឱ្យ​​ក្លឹប Santos គេ​ត្រូវ​បាន​ជ្រើស​រើស​ជា​កីឡា​ករ​ជម្រើស​ជាតិ​អាយុ​ក្រោម​១៧​ឆ្នាំ កាល​ពី​ឆ្នាំ​២០០៩ ដោយ​រក​គ្រាប់​បាល់​បាន​១​គ្រាប់ ក្នុង​ការ​បង្ហាញ​វត្ត​មាន​ចំនួន​៣​ប្រកួត។ នៅ​ថ្ងៃ​ទី​១០ សីហា ឆ្នាំ​២០១០ ​រូប​គេ​ក៏​ត្រូវ​បាន​ជ្រើស​រើស​​ឱ្យ​ចូល​លេង​ក្នុង​ក្រុម​ជម្រើស​​ជាតិ ក្រោម​ការ​ដឹក​នាំ​របស់​លោក Mano Menezes គ្រូ​បង្វឹក​ថ្មី។

តាម​រយៈ​ការ​បង្ហាញ​វត្ត​មាន​ក្នុង​ក្រុម​ជម្រើស​ជាតិ​ចំនួន​៣​ប្រកួត​នេះ កីឡា​ករ​នីម៉ា អាច​មាន​សមត្ថ​ភាព​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ចំនួន​៣​គ្រាប់​នៅ​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ជា​មួយ​ក្រុម​សហ​រដ្ឋ​អាមេរិក​ស៊ុត​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់ និង​ស៊ុត​បាល់​បាន​២​គ្រាប់​ម្នាក់​ឯង ជួយ​ឱ្យ​ក្រុម​ប្រេស៊ីល​​ឈ្នះ Scotland ២-០ ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៧ មីនា ថ្មី​ៗ​នេះ។ ក្រៅ​ពី​នេះ​ទៀត​កីឡា​ករ​នីម៉ា ក៏​ជា​កីឡា​ករ​ម្នាក់​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​២០​ឆ្នាំដែរ ដោយ​ស៊ុត​បាល់​បញ្ចូល​ទី​​បាន​៩​គ្រាប់​ក្នុង​ការ​បង្ហាញ​វត្ត​មាន​ចំនួន​៧​លើក។

ជា​មួយ​នឹង​ភាព​ល្បី​ល្បាញ​ក្នុង​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​បែប​នេះ ធ្វើ​ឱ្យ​ក្លឹប​ល្បី​ៗ​នៅ​ក្នុង​តំបន់​អឺរ៉ុប​ ដូច​ជា​ក្លឹប Real M, Inter, Juven​tus និង​ជា​ពិសេស​គឺ​ក្លឹប Chelsea ​តែ​ម្តង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ហើយ​បាន​សាក​ល្បង​ធ្វើ​ការ​ចរចា​​គ្នា​​២ទៅ​៣​​លើក​រួច​​មក​ហើយ ​ជា​មួយ​ក្លឹប Santos តែ​ក្លឹប Santos បាន​កំណត់​តម្លៃ​កីឡា​ករ​រូប​នេះ​​ខ្ពស់​រហូត​ដល់​ទៅ​៣០​លាន​ផោន និង​បាន​បន្ត​កុងត្រា​ជា​មួយ​កីឡា​ករ​នេះ​រហូត​​ទៅ​ដល់​ឆ្នាំ២០១៤។ ការ​បន្ត​កុងត្រា​ និង​កំណត់​តម្លៃ​ដ៏​ខ្ពស់​បែប​នេះ គឺ​ជា​ចេតនា​រារាំង​មិន​ឱ្យ​កីឡា​ករ​រូប​នេះ​ចាក​ចេញ​ពី​ក្លឹប​។ ទោះ​ជា​យ៉ាង​ណា​ក្តី កីឡា​ករ​នីម៉ា បាន​បង្ហាញ​ពី​អារម្មណ៍​ពុះ​កញ្ច្រោល​ចង់​ទៅ​លេង​ឱ្យ​ក្លឹប​នៅ​តំបន់​អឺរ៉ុប ជា​ពិសេស​គឺ​ក្លឹប Chelsea តែ​ម្តង​សម្រាប់​រដូវ​កាល​ក្រោយ៕

ការឆ្លង​រាល​ដាលនៃជម្ងឺ​​កញ្ជ្រិល​នៅកុងហ្គោ​ស្លាប់កុមារ106នាក់

Posted: 29 Mar 2011 11:52 PM PDT

អាជ្ញា​ធរ​សុខាភិបាល​ថ្លែង​កាលពីថ្ងៃទី​២៩ មីនា ថា ការ​ឆ្លង​រាល​ដាល​នៃ​ជម្ងឺ​កញ្ជ្រិល​នៅ​សា​ធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​កុងហ្គោបានសម្លាប់​កុមារ​១០៦​នាក់ ​ក្នុង​នោះ​៩០នាក់​នៅខេត្ត​កា​តាន ហ្គា ភាគ​ខាង​ត្បូង​ប្រទេស ។ អង្គ​ការ​ក្រុម​គ្រូពេទ្យ​គ្មានព្រំ​ដែន​​ MSF ​របស់​បារាំង​រៀប​រាប់ពីមនុស្ស​២១.០០០នាក់​ឆ្លង​ជម្ងឺ​នោះក្នុង​ខេត្ត៥​របស់​អតីត​ប្រទេស​ហ្សា​អៀរនេះ រួច​អង្គ​ការ​នោះបញ្ជាក់​ថា បាន​ចែក​ចាយ​វ៉ាក់​សាំង​ការ​ពារ​ដល់កុមារ​១,៥លាន​នាក់ កាលពីឆ្នាំ​ទៅមិញ​ក៏ប៉ុន្តែត្រូវ​ការ​ជំនួយ​ថែម​ទៀត​សម្រាប់​បន្តការ​ខិតខំប្រឹង​ប្រែង​នេះ ។
ការ​កាត់ផ្តាច់​ថវិកា​ដែលផ្តល់​ឱ្យសម្រាប់​យុទ្ធ​នា​ការ​ផ្តល់​វ៉ាក់​សាំង​ការពារ​ចាប់​តាំងពីឆ្នាំ​២០០៦​មក ធ្វើ​ឱ្យជម្ងឺ​កញ្ជ្រិល​វិលត្រឡប់មកវិញ​ក្នុង​តំបន់​ទាំង​ឡាយ​ដែល​លុបបំបាត់​ជម្ងឺនេះ​ស្ទើរ​ទាំងស្រុង​រួចហើយ ។​ ចំនួន​អ្នក​ឆ្លង​ជម្ងឺកញ្ជ្រិល មានការកើន​ឡើង​ ហើយ​ការ​ឆ្លង​ត្រូវ​បាន​រាយ​ការណ៍​ក្នុង​ប្រទេស​អាហ្វ្រិក​ចំនួន៣០ ។​ ការ​ចាក់​​វ៉ាក់សាំង​ការពារកញ្ជ្រិល​ដល់កុមារ​ម្នាក់ចំណាយ​ប្រាក់មិនដល់១​ដុល្លារ​ផងទេ ៕

ហាម​ប្រើ​រថ​យន្ត​នៅ​ទូទាំង​អឺរ៉ុប​​មុនឆ្នាំ​2050ដើម្បីកាត់បន្ថយឧស្ម័នកាបូន

Posted: 29 Mar 2011 11:52 PM PDT

តាម​ទីភ្នាក់​ងារព័ត៌​មាន​បរ​ទេស​ផ្សាយ​ថ្ងៃទី​២៩ មីនា ថា គណៈ​កម្មការ​អឺរ៉ុប​បាន​បង្ហើប​ឱ្យ​ដឹង​ពីគម្រោង​ការ​ដាក់បម្រាម​ដល់ទី​ក្រុង​ផ្សេងៗ​នៅទូទាំង​អឺរ៉ុប​រួម​មាន​ទាំងទី​ក្រុង​ឡុងផង មិនឱ្យ​ប្រើប្រាស់​រថយន្ត​នៅ​មុន​ឆ្នាំ​២០៥០ ក្នុងគោល​បំណង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូន​អុក​ស៊ីដទៅក្នុងស្រទាប់​បរិយាកាស​ និង​កាត់​បន្ថយ​កំដៅ​​ផែនដី ។
គម្រោង​ផែន​ការ​ខាង​លើ ​មានគោល​ដៅ​កំណត់​​ការបញ្ចេញ​កម្រិត​សា​រ​ធាតុ​កាបូន​អុក ស៊ីដ ០% សម្រាប់​រថ​យន្ត​ដែល​ប្រើ​ម៉ាស៊ូត​និង​ប្រេង​សាំង​ រួម​ទាំង​រថយន្ត​ផ្ទុក​ទំនិញ​​ក្នុងទីក្រុង​ផ្សេងៗ​របស់​សហគមន៍​អឺរ៉ុបនៅពេលអនាគត ។ ក្រៅពីនេះ​ គម្រោង​ខាងលើ ក៏មាន​គោលដៅ​ចង់​ឱ្យ​មានការ​ធ្វើដំណើរ​ទៅសម្រាក​លំហែ​កាយ​ក្នុង អំឡុង​ថ្ងៃឈប់​សម្រាក​ពីអង់គ្លេស​ឆ្ពោះ​ទៅអឺរ៉ុប​បាន​ដែល​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ភ្លើង​ ។​
លោក​ស៊ីអីុម កាល់ឡាស់​ គណៈ​កម្មការ​ដឹក​ជញ្ជូន​សហគមន៍​អឺរ៉ុប​គូស​បញ្ជាក់​ថា បទ​បញ្ជា
«​ក្រុងព្រុចសែល» នេះ រួម​​មាន​ទាំង​ផែន​ការ​ដំឡើង​​ពន្ធ​លើប្រេង​ឥន្ធនៈ​​ និងយក​ទៅប្រើ​ ដើម្បី​បង្ខំ​ឱ្យ​ប្រជាជន​នៅ​ទ្វីប​​អឺរ៉ុប​បោះ​បង់​ ចោល​រថយន្ត និងងាក​ទៅធ្វើ​ដំណើរ​តាមរយៈ យានយន្ត​​ផ្សេងៗ​ជំនួសវិញ ។​ គោលបំណង​គឺ​ដើម្បី​កុំ​ឱ្យ​មានប្រើ​រថយន្ត​ប្រើ​ថាមពលប្រេង​ឥន្ធនៈនៅ​ក្នុង​តំបន់​រដ្ឋធានីរបស់អឺរ៉ុប​ដោយ​លោក​មានជំនឿ​ថានៅពេល​មានការបង្ខំ​ឱ្យ​ប្រើ​ច្បាប់ទម្លាប់នេះ នឹងធ្វើឱ្យ​ប្រជាជន​ត្រូវ ប្រតិ​បត្តិតាម ។
ក្រៅពីនេះ ​លោកថែមទាំង​​បដិសេធ​​ថា  ផែន​​ការ​កាត់បន្ថយ​ការប្រើរថយន្ត​នៅទូទាំង​អឺរ៉ុប​ឱ្យ​នៅ​ពាក់កណ្តាល​ក្នុងអំឡុង​ពេល​២០​ឆ្នាំ​ខាង​មុខ និងហាម​ប្រើ​រថយន្ត​ទាំង​អស់​នៅមុនឆ្នាំ​២០៥០ នឹងត្រូវកំណត់សក្តានុពល​ក្នុងការ​ធ្វើដំណើរ​ផ្ទាល់​ខ្លួន​របស់ប្រជាជន​ និងកាត់បន្ថយ​ការប្រកួត​ប្រជែង​ផ្នែកសេដ្ឋកិច្ច​នៅតំបន់អឺរ៉ុប៕

លោក​អាឡិច​ហ្វើគូសុន​ព្យាករណ៍​ថា មាន​ចលា​ចល​​ក្នុង​ការ​ប្រកួត FA Cup

Posted: 29 Mar 2011 11:48 PM PDT

លោក​អាឡិច​ហ្វើគូសុន

តាម​ប្រភព​ព័ត៌​មាន BBC បាន​ឱ្យ​ដឹង​ថា លោក​អាឡិច​ហ្វើគូសុន បាន​ធ្វើ​ការ​ព្យាករណ៍​ថា នឹង​មាន​ភាព​ចលា​ចល​នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ក្រប​ខណ្ឌ​អង់​គ្លេស FA Cup ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១៦ និង​១៧ ខែ​មេសា ខាង​មុខ​នេះ។ ភាព​ចលា​ចល​នោះ​ត្រូវ​បាន​លោក​អាឡិច​ហ្វើគូសុន ​ប្រាប់​ពី​មូល​ហេតុ​ថា ដោយ​សារ​តែ​ក្រុម​ទាំង​៤ គឺ​ក្រុម Man Utd, Man City, Bolton និង Stoke និង​អ្នក​គាំទ្រ​របស់​ក្រុម​នីមួយ​ៗ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ពហុ​កីឡ​ដ្ឋាន Wembley ចំពេល​ដែល​អ្នក​គាំទ្រ​ Liverpool  ធ្វើ​ដំណើរ​​ទៅ​កាន់​ពហុ​កីឡ​ដ្ឋាន​ Emirates ក្នុង​ថ្ងៃ​តែ​មួយ។

បន្ថែម​ពី​នេះ​ទៀត លោក​អាឡិច​ហ្វើគូសុន បាន​លើក​ឡើង​ពី​ផល​ប៉ះ​ពាល់​មួយ​ទៀត​ដូច​ជា ការ​ចំណាយ​ច្រើន​ទៅ​លើ​ថ្លៃ​សាំង​របស់​ពួក​គេ​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ទៅ​កាន់​ទីក្រុង​ឡុង។ ជា​មួយ​នឹង​ក្តី​កង្វល់​នេះ លោក​អាឡិច​ហ្វើគូសុន បាន​ផ្តល់​យោបល់​ថា ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស FA Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែល​តែង​តែ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ពហុ​កីឡ​ដ្ឋាន Wembley តាំង​ពី​ឆ្នាំ​២០០៨​នោះ គួរ​តែ​គិត​គូរ​ឡើង​វិញ​ ហើយ​ងាក​​មក​មើល​ពហុ​កីឡ​ដ្ឋាន Villa Park ឬ Anfield វិញ ដែល​​មាន​ទីតាំង​ជិត​ជាង ដែល​អាច​សម្រួល​​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​គាំទ្រ។

អ្នក​នាំ​ពាក្យ​របស់​សហ​ព័ន្ធ​បាល់​ទាត់​អង់​គ្លេស​បាន​និយាយ​ប្រាប់ BBC ថា ៖ យើង​សង្ឃឹម​ថា ចំនួន​អ្នក​ទស្សនា​១​សែន​៨​ម៉ឺន​នាក់​របស់​ក្រុម​ទាំង​៤ នឹង​សម្រុក​ចូល​មក​ពហុ​កីឡ​ដ្ឋាន Wem​bley នៅ​ខែ​ក្រោយ​នេះ ហើយ​យើង​នឹង​ត្រៀម​រៀបចំ​សន្តិ​សុខ​ឱ្យ​បាន​ល្អ​ដល់​ពួក​​គេ ដោយ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​បាតុ​ភាព​អាក្រក់​ណា​មួយ​កើត​ឡើង។

គួរ​រំលឹក​ដែរ​ថា ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស FA Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៦ និង​១៧ ខែ​មេសា ចំពេល​ដែល​បាល់​ទាត់​ក្នុង​ក្រប​ខណ្ឌ​អង់​គ្លេស​ប្រឺមី​ញេលីក​​ប្រកួត​​ចុង​សប្តាហ៍​ដែរ ជា​ពិសេស​គឺ​ការ​ប្រកួត​​រវាង​ក្រុម Arsenal និង​ក្រុម Liver​pool ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​វិស័យ​បាល់​ទាត់​នឿយ​ហត់​ក្នុង​ការ​ធ្វើ​​ដំណើរ​ចុះ​ឡើង​ពី​ពហុ​កីឡ​ដ្ឋាន​​មួយ​ទៅ​ពហុ​កីឡ​ដ្ឋាន​មួយ​ទៀត​ដែល​នៅ​ឆ្ងាយ​ពី​គ្នា៕

ឈើគ្រញូង​​​១.៦៦៥​គីឡូក្រាម​​ត្រូវ​​មេព្រៃ​និង​​ប៉ូលិស​សេដ្ឋ​កិច្ច​​​បង្ក្រាប

Posted: 29 Mar 2011 11:24 PM PDT

ឈើគ្រញូង​​​១.៦៦៥​គីឡូក្រាម​​ត្រូវ​​មេព្រៃ​និង​​ប៉ូលិស​សេដ្ឋ​កិច្ច​​​បង្ក្រាប

ខេត្ត​កំពត​​ ៖ ក្រោយពី​មាន​សេចក្តី​​រាយ​ការណ៍​​ពីប្រជាពលរដ្ឋ​​នៅ​ក្បែរ​ច្រកទ្វារ​​​ព្រំដែន​​​​ព្រែក​ចាក​​មក​ថា គេ​បាន​ឃើញ​ឈ្មួញ​​ដឹក​ឈើ​​​គ្រញូង​​​ជា​ច្រើន​​ដុំ​មក​ស្តុកទុក​នៅផ្ទះ​​​លក់​គ្រឿង​ទេស​មួយ​​ក្បែរ​​ច្រកទ្វារ​​ព្រំដែន​​​ព្រែក​ចាក​​ស្ថិត​ក្នុង​​​ភូមិ​ថ្កូវ​ ឃុំ​ឫស្សី​ស្រុក​ខាង​លិច​ ស្រុក​​​កំពង់​ត្រាច​ ​លោក​​ជួន សារ៉ា នាយ​ផ្នែក​​​រដ្ឋ​បាល​ព្រៃឈើ​កំពត​ ក៏បាន​រាយការណ៍​សុំ​យោ​បល់​​ដល់​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​​ដើម្បី​បង្ក្រាប ។

ក្រោយ​ពេល​​បាន​​ដីកាពី​ព្រះរាជ​អាជ្ញា​​សាលា​ដំបូង​​​​ហើយ​ ក៏សហការ​ជាមួយ​កម្លាំង​សមត្ថ​កិច្ច​​ចុះឆែក​ឆេរ​​​ដោយ​មាន​មន្ត្រី​ជំនាញ​រដ្ឋ​បាល​ព្រៃឈើ​​៤​រូប និង​​​កម្លាំង​​​នគរ​បាល​​​ប្រឆាំង​បទ​ល្មើស​​​សេដ្ឋ​កិច្ច​​១០​រូប ​ចុះ​ដល់​​ទីតាំង​សង្ស័យ​​​ហើយ​ចូល​​ឆែក​ឆេរ​​នៅ​ផ្ទះ​​លក់​​​គ្រឿងទេស​​នោះ​​រក​ឃើញ​ឈើ​​ប្រណីតប្រភេទ​​​គ្រញូង​ជា​ច្រើន​កំណាត់​​ដែល​ជន​ល្មើស​​​ស្តុក​ទុក​ក្នុង​ផ្ទះបម្រុង​​ដឹក​ឆ្លង​​ដែន​​ទៅ​លក់​​នៅ​ប្រទេស​វៀតណាម​ ។ លោកជួន សារ៉ា បាន​ឱ្យ​ដឹង​កាលពី​រសៀល​​ថ្ងៃទី​​២៩ មីនា ​ថា ក្រោយ​ពី​កម្លាំង​សមត្ថ​កិច្ច​​សហការ​​ជាមួយកម្លាំង​​រដ្ឋ​បាល​ព្រៃឈើ​​​ចុះ​ពិនិត្យ​ផ្ទះ​ដែល​មាន​ម្ចាស់​ឈ្មោះ​កាំង ឡេង ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជា​ផ្ទះ​លក់​គ្រឿង​​ទេស ​និងទិញ​ឈើ​ខុស​ច្បាប់​​ស្តុកទុក​ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាមនោះ​  ម្ចាស់​​​ផ្ទះ​ទាំងពីរ​​នាក់​ប្តី​ប្រពន្ធ​​ ​​បាន​រត់​គេច​ខ្លួន​បាត់ ទុកតែនារី​​​​​​​ដែល​​ជា​អ្នក​បម្រើ​​​ម្នាក់​នៅ​ចាំផ្ទះ។

លោក​ជួន សារ៉ា បន្ត​​ថា ​ឈើដែល​សមត្ថ​កិច្ច​​​រកឃើញ​នេះ​មាន​៨៤២ដុំ ស្មើ​​នឹង​១.៦៦៥​គីឡូក្រាម​ ហើយ​​វត្ថុ​​តាង​​ត្រូវ​បាន​​រឹបអូស​​និងនាំ​ខ្លួន​​​នារី​ម្នាក់​មក​​ខណ្ឌ​រដ្ឋ​បាល​​ពព្រៃឈើ​កំពត​ដើម្បី​សួរនាំ ។ នារី​ដែល​សមត្ថ​កិច្ច​​​​នាំ​មក​សួរ​​នាំនោះ​ឈ្មោះ​អួង សុធា ​អាយុ​​៣៩​ឆ្នាំ​ ជាអ្នក​​ស៊ីឈ្នួល​​ជួយ​លក់​ដូរ​ក្នុង​​ផ្ទះ​នេះ ។ ការសួរនាំ​​អស់​រយៈពេល​​​​ប្រមាណ​ពីរ​ម៉ោង​​ឃើញ​ថា នារី​រូប​នេះ​ជាអ្នក​បម្រើ​​គេ​គ្មាន​ដឹង​អ្វីទាំង​អស់​ ហើយ​​មាន​ជំងឺ​ប្រចាំ​កាយ​​ទៀត សមត្ថ​​កិច្ច​​ក៏អនុញ្ញាត​ឱ្យ​ទៅផ្ទះ​វិញ ។

លោក​ជួន សារ៉ា ​បន្ត​ទៀតថា ​ម្ចាស់​ឈើត្រូវ​​​តែចូល​ខ្លួន​​មក​ដោះ​​ស្រាយ​​ដើម្បី​ធ្វើ​ការ​​ផាក​ពិន័យ​​តាម​ច្បាប់​ ។ ផ្ទុយ​ទៅវិញ​បើពុំ​ចូល​ខ្លួន​​ដោះ​ស្រាយ​ទេ​ ម្ចាស់​ឈើ​អាចប្រឈមមុខ​ចំពោះ​​​ផ្លួវ​ច្បាប់​ ​ហើយ​​ត្រូវ​បញ្ជូន​សំណុំរឿង​​ទៅព្រះ​រាជ​អាជ្ញា​​ចោទ​ប្រកាន់​​តាម​នីតិវិធី​​ច្បាប់៕

សាលា​​ខណ្ឌ​ដូនពេញ​​ប្រជុំ​​ពង្រឹង​កិច្ច​​ការ​ពារ​ប្រជុំ​កំពូល​អាស៊ាន​​ឆ្នាំ​២០១២

Posted: 29 Mar 2011 11:20 PM PDT

សាលា​​ខណ្ឌ​ដូនពេញ​​ប្រជុំ​​ពង្រឹង​កិច្ច​​ការ​ពារ​ប្រជុំ​កំពូល​អាស៊ាន​​ឆ្នាំ​២០១២

រាជធានីភ្នំពេញ ៖ ​លោកសុខ សម្បត្តិ ​គណៈ​អភិបាល និង​ជា​អភិបាល​​ខណ្ឌ​ដូនពេញ ​បានបើក​កិច្ចប្រជុំ​​គណៈ​​បញ្ជា​ការ​ឯកភាព​ខណ្ឌ​​កាលពីព្រឹកថ្ងៃទី​​៣០​ មីនា ​២០១១ ​ដើម្បី​បង្កើត​​អនុ​គណៈ​កម្មការថ្នាក់​ខណ្ឌ​​ក្នុង​​ការជួយរៀបចំ​កិច្ច​​ប្រជុំ​កំពូល​អាស៊ាន និង​​កិច្ចប្រជុំ​ពាក់​ព័ន្ធ​​នៅ​ឆ្នាំ​​​២០១២ ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ដំណើរការ​​ល្អ​។​

លោក​អភិបាល​​ខណ្ឌ​បាន​​មាន​ប្រសាសន៍​​​ថា កន្ល​ងមក​​បានអនុវត្ត​ភូមិ​​ សង្កាត់ មានសុវត្ថិ​ភាព​បាន​ល្អប្រសើរ​​ ហើយ​នៅពេល​ខាង​មុខនេះ ​សាលា​ខណ្ឌ​​​បាន​លើកទិសដៅ​​​ពង្រឹង​​ការការពារ​សន្តិសុខ សណ្តាប់ធ្នាប់​​ និងបង្កើត​​​អនុគណៈ​កម្ម​ការ​​ថ្នាក់ខណ្ឌ ក្នុងការជួយរៀបចំកិច្ច​​ប្រជុំ​កំពូល​អាស៊ាន​​ និងកិច្ចប្រជុំ​​ពាក់ព័ន្ធ​​​នៅឆ្នាំ​២០១២ ​ដោយ​មានរូប​​លោក​​ជា​ប្រធាន ​លោក​ឯក ឃុន​ឌឿន ​​អនុ​ប្រធាន​​អចិន្ត្រៃយ៍​ លោកសុខ ពេញ​វុធ ​អនុប្រធាន ​លោក​យស យុទ្ធី អនុប្រធាន​​ លោក​ស្រី​​​មុត យ៉ង​សូនី ​អនុប្រធាន ព្រមទាំង​សមា​ជិក សមាជិកា​ចំនួន​​១៨​រូបទៀត ។ អនុគណៈ​កម្មការ​នេះ​មាន​ភារកិច្ច​​ចូលរួមប្រជុំ​ទទួល​ផែនការ រៀប​ចំ​​ផែនការ​សកម្ម​​ភាពលម្អិត​​សម្រាប់​អនុវត្ត​ការ​ងារ​​ផ្សេងៗ ដើម្បីការពារ​សន្តិសុខ ដល់​អនុ​គណៈ​កម្ម​ការ​ថ្នាក់​​​រាជធានី ​ដើម្បីលើក​​ផែនការ​កំណត់​គោល​ដៅ​​ការពារ ចាត់តាំង ប្រើប្រាស់ និង​ពង្រាយ​​​កម្លាំង​សន្តិសុខ ​រៀបចំ​សណ្តាប់ធ្នាប់​​សង្គ្រោះ ​ធានាសន្តិសុខ ​សុវត្ថិភាព សណ្តាប់ធ្នាប់ ​និង​ការ​សង្គ្រោះ​​សម្រាប់គណៈ​ប្រតិភូ​​ថ្នាក់ដឹកនាំ​​ជាតិ អន្តរជាតិ​ និង​កិច្ចប្រជុំជា​បន្ត​បន្ទាប់ ។​

រៀប​ចំ​គំរោង​ផែនការត្រៀមបំរុងដើម្បីដោះ​ស្រាយ​ជាបន្ទាន់​នូវហេតុការណ៍អសន្តិសុខ​ជាយ​ថាហេតុ។ រៀបចំ យន្តការ និងប្រើប្រាស់មធ្យោ​បាយ​បច្ចេកទេស​នានា ដើម្បីគ្រប់គ្រងធានាសន្តិ​សុខ សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំជាតិ និងគណៈ​ប្រតិ​ភូអញ្ជើញ​ចូល​រួមកម្មវិធីទាំងឡាយ​នៃ​កិច្ច​ប្រជុំនៅក្នុងមូលដ្ឋាន​ខណ្ឌដូនពេញ រាជ​ធានី​ភ្នំពេញ។ ត្រួតពិនិត្យ និង​រក្សា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់ អនាម័យ ព្រមទាំង​តុបតែងលំអភ្លើង​ពណ៌​និងដោតទង់​ជាតិ ទង់ជ្វា​លាតាមដងផ្លូវនានា​ក្នុង​មូលដ្ឋានដែលប្រតិភូបាន ធ្វើដំណើរឆ្លងកាត់​។ ជាមួយនេះដែរ ត្រូវត្រួតពិនិត្យ និង​រក្សា​សន្តិ​សុខ​២៤​ម៉ោង​លើ២៤​ម៉ោង​នៅតាមសណ្ឋាគារ​ដែល​ប្រតិភូស្នាក់នៅ​ទីកន្លែង​ប្រជុំ និងទីតាំង​ទស្សន​​កិច្ចផ្សេងៗ​ក្នុងមូល​ដ្ឋាន​ខណ្ឌ ៕

ឆែក​ឆេរ​រទះ​៣ដែល​អូស​ចេញ​ពី​ដី​សៀម​ឃើញ​សាច់​ខូច​គុណ​​ភាព​ជិត​​មួយ​តោន

Posted: 29 Mar 2011 11:10 PM PDT

ទំនិញ និង​សាច់​ខូច​គុណ​ភាព​ ព្រម​ទាំង​​ត្រី​​ដែល​ឈ្មួញ​​លួច​ដាក់​បង្កប់​​​​តាម​រទេះ​ចំនួន​៣​គ្រឿង
ទំនិញ និង​សាច់​ខូច​គុណ​ភាព​ ព្រម​ទាំង​​ត្រី​​
​​យក​ទៅ​ដុត​​កម្ទេច​​ចោល​​​នា​វេលា​ម៉ោង​​២​រសៀល​ថ្ងៃ​ដដែល
​​យក​ទៅ​ដុត​​កម្ទេច​​ចោល​​​នា​វេលា​ម៉ោង​​២​រសៀល​ថ្ងៃ​ដដែល

ក្រុង​ប៉ោយ​ប៉ែត ៖ ទំនិញ និង​សាច់​ខូច​គុណ​ភាព​ ព្រម​ទាំង​​ត្រី​​ដែល​ឈ្មួញ​​លួច​ដាក់​បង្កប់​​​​តាម​រទេះ​ចំនួន​៣​គ្រឿង ហើយ​ជួល​កម្ម​ករ​អូស​ចេញ​​ពី​ដី​សៀម​​​បាន​ត្រូវ​​សមត្ថ​កិច្ច​​​​កាំកុង​ត្រូល​សហ​ការ​ជា​មួយ​មន្ត្រី​គយ​និង​រដ្ឋា​ករ ​មន្ត្រី​គណៈ​កម្ម​ការ​ច្រក​ទ្វារ​ និង​ប៉ូលិស​អន្តោ​ប្រវេសន៍​​ឆែក​ឆេរ​ចាប់​បាន​ចំនួន​ជិត​១​តោន កាល​ពី​វេលា​ម៉ោង​៩​​ព្រឹក ថ្ងៃ​ទី​២៩ មីនា ហើយ​​យក​ទៅ​ដុត​​កម្ទេច​​ចោល​​​នា​វេលា​ម៉ោង​​២​រសៀល​ថ្ងៃ​ដដែល ។

ទំនិញ​និង​សាច់​ខូច​គុណ​ភាព​ទាំង​នេះ​រួម​មាន​សាច់​មាន់​ចម្រុះ​​៣៥០​​គីឡូ​ក្រាម ប្រ​ហិត​សាច់​មាន់​​៣៦​គីឡូ​ក្រាម ត្រី​៤៦០​គីឡូ​ក្រាម សាច់​ជ្រូក​៣០​គីឡូ​ក្រាម ​ស៊ុត​មាន់​-ទា​៦០០​គ្រាប់ ​ទំពាំង​ជ្រក់​១​ធុង​ស្មើ​នឹង​២០​គីឡូ​ក្រាម ​កម្រេច​នំ​២៦០​គីឡូ​ក្រាម និង​កម្រេច​​មី​១៣០​គីឡូ​ក្រាម។ សាច់​​​ខូច​គុណ​ភាព​ទាំង​នោះ​ត្រូវ​​​ឈ្មួញ​​ដឹក​បង្កប់​ក្នុង​រទេះ​ ​ដោយ​រទេះ​​ខ្លះ​រៀប​សាច់​ពី​ក្រោម​ដាក់​បន្លែ​ពី​លើ​ និង​រទេះ​ខ្លះ​ដាក់​ត្រី​ពី​លើ​ដាក់​សាច់​ពី​ក្រោម ក្នុង​នោះ​តាម​​​ថង់​ត្រី​​​ខ្លះ​បង្កប់​ទាំង​សាច់​មាន់​​ខូចគុណ​ភាព​ពី​ខាង​ក្នុង​ទៀត​ផង ។ ​ម្ចាស់​រទេះ​​ទាំង​៣​​នាក់ មាន​ស្ត្រី​២​នាក់ និង​បុរស​ម្នាក់​ រួម​មាន​ ១-ឈ្មោះ​​សុខ ញឹប ភេទ ស្រី អាយុ​៣២​ឆ្នាំ ២-ឈ្មោះ​​ផន ដា ភេទ​ស្រី ​អាយុ​៣៩​ឆ្នាំ និង​៣-ឈ្មោះ​​ឯម នឿម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ។ ​ក្នុង​ចំណោម​រទេះ​ទាំង​៣គ្រឿង​​ខាង​លើ​គឺ​រទេះ​​ឈ្មោះ​សុខ ញឹប ដឹក​ច្រើន​ជាង​គេ។

​បើ​តាម​​មន្ត្រី​ជំនាញ​​និយាយ​ថា ​ស្ត្រី​ឈ្មោះ​​សុខ ញឹប ​ជាមុខ​សញ្ញា​ធ្លាប់​​​ចាប់​បាន​​សាច់​ខូច​គុណ​ភាព​ជា​ច្រើន​ដង​មក​ហើយ ។ លោក​អ៊ុត ​សុភាព ប្រធាន​​សាខា​កាំ​កុង​ត្រូល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឱ្យ​ដឹង​​ថា ការ​​ឆែក​ឆេរ​​រទេះ​រក​ឃើញ​សាច់​ខូច​គុណ​ភាព​​ហើយ​ដុត​កម្ទេច​​​ចោល​ទាំង​ត្រី​ជិត​កន្លះ​តោន​ផង​ដែរ​នោះ គឺព្រោះ​​តែត្រី​ទាំង​នោះ​វា​មាន​ការ​បន្ត​ភាព​សាយ​ភាយ​ពី​សាច់​ខូច​គុណ​ភាព​ដែល​ដាក់​​បង្កប់​ពី​ខាង​ក្នុង​។ លោក​បន្ត​ថា ​ដោយ​អនុ​វត្ត​តាម​​បទ​បញ្ជា​ដ៏​ម៉ឺង​ម៉ាត់​របស់​លោកម៉ក់ ពេជ្ជ​រិទ្ធ អគ្គ​នាយក​​​កាំកុង​ត្រូល​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​យក​ចិត្ត​ទុក​ដាក់​​បង្ក្រាប​​រាល់​ទំនិញ និង​សាច់​ខូច​គុណ​ភាព​ដើម្បី​ការ​ពារ​សុខុមាល​ភាព​ប្រជា​ពល​រដ្ឋ​ ទើប​​មន្ត្រី​របស់​លោក​ក៏​ដូច​ជា​​រូប​លោក​ផ្ទាល់​តែ​ង​តែ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ និង​ឆែក​ឆេរ​​រទេះ​តាម​ច្រក​​ទ្វារ​ដើម្បី​​ទប់​ស្កាត់​​ការ​នាំ​ចូល​ទំនិញ និង​សាច់​ខូច​គុណ​ភាព​យក​​ទៅ​ដុត​កំទេច​ចោល​បាន​ជា​បន្ត​បន្ទាប់។
ចំពោះ​ម្ចាស់​រទេះ​ទាំង​បី​នាក់​ត្រូវ​បាន​​លោក​ប្រាប់​ថា នឹង​​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​តុលា​ការ​​ដើម្បី​​​​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​​ ចំណែក​ឯ​រទេះ​​ទាំង​៣​គ្រឿង​ត្រូវ​រក្សា​ទុក​នៅ​កន្លែង​របស់​លោក៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!