VOA News: ព័ត៌មាន: “អេហ្វប៊ីអាយ​បិទ​សំណុំ​រឿង​ តែ​ជនរងគ្រោះ​បន្ត​ប្តឹងរឿង​បោក​គ្រាប់បែក​ឆ្នាំ​១៩៩៧” plus 1 more

VOA News: ព័ត៌មាន: “អេហ្វប៊ីអាយ​បិទ​សំណុំ​រឿង​ តែ​ជនរងគ្រោះ​បន្ត​ប្តឹងរឿង​បោក​គ្រាប់បែក​ឆ្នាំ​១៩៩៧” plus 1 more


អេហ្វប៊ីអាយ​បិទ​សំណុំ​រឿង​ តែ​ជនរងគ្រោះ​បន្ត​ប្តឹងរឿង​បោក​គ្រាប់បែក​ឆ្នាំ​១៩៩៧

Posted: 31 Mar 2011 03:17 PM PDT

ការិយាល័យ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ឬ អេហ្វប៊ីអាយ (FBI) ទៅ​លើ​ករណី​គប់​គ្រាប់​បែក​លើ​បាតុកម្ម​គណបក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាលពី​ខែមីនា​ឆ្នាំ​១៩៩៧ ​បាន​បិទបញ្ចប់​ ហើយ​​មិន​មាន​អ្នក​ណា​​ម្នាក់​​ទទួល​ខុស​ត្រូវ​​លើ​ការ​គប់​គ្រាប់​បែក​នោះ​ឡើយ​រហូត​មកដល់​ពេលនេះ។ ប៉ុន្តែ​ជន​រងគ្រោះ​នៅ​បន្ត​ទាម​ទារ​ស្វែង​រក​យុត្តិធម៌​តាម​វិធី​ផ្សេងៗ​ដែល​គេ​អាច​ធ្វើ​បាន។

ការិយាល័យ​ អេហ្វប៊ីអាយ​ បាន​បិទ​ការ​ស៊ើបអង្កេត​អស់​ជាច្រើន​ឆ្នាំ​ហើយ​ដោយ​មិន​បញ្ជាក់​ឱ្យ​ដឹង​ថា អ្នក​ណា​នៅ​ពី​ក្រោយខ្នង​ការបញ្ជា​ឱ្យមាន​ការគប់​គ្រាប់​បែកលើ​ក្រុម​បាតុករ​អហិង្សា​កាលពី​ថ្ងៃ​ទី​៣០​ខែ​មិនា​ឆ្នាំ​១៩៩៧ ​ឡើយ​ ប៉ុន្តែ​សម្រាប់​លោក​ រ៉ន អាប់​នី​​ ការតស៊ូ​ទាមទារ​រក​យុត្តិធម៌​នៅ​បន្ត​នៅឡើយ។

លោក​ រ៉ន​ អាប់​នី​ ជា​អតីត​ប្រធាន​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​ គឺ​ជាជន​ជាតិ​អាមេរិកាំង​តែ​ម្នាក់​គត់​បាន​ទទួល​រងរបួស​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​នោះ​ ដោយ​ត្រូវ​របួស​ត្រង់​ត្រគាក​ និង​​ភ្លៅ​ខណៈ​ពេល​ដែល​ទៅ​សង្កេត​មើល​បាតុកម្ម​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី ​ទាម​ទារ​ឱ្យ​មាន​ការ​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌។ មាន​ជនរងគ្រោះ​១៦នាក់​ផ្សេងទៀត​បាន​ស្លាប់​បាត់​បង់​ជីវិត​និង​របួស​ជាង​១៥០នាក់។​ អ្នក​រងគ្រោះ​មាន​ដូចជា​បាតុករ ​អ្នកលក់​ដូរ​សាមញ្ញ និង​អ្នក​សារព័ត៌មាន​ជាដើម។

នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ចុងក្រោយ​ កាល​ពីថ្ងៃ​ទី​២៣​​ខែ​កញ្ញា​ឆ្នាំ​២០១០ ​ក្រុម​មេធាវី​របស់​លោក​ រ៉ន អាប់នី​ បាន​ដាក់​ពាក្យ​ប្តឹង​តវ៉ា​ទៅ​ការិយាល័យ​រដ្ឋ​អាជ្ញា​ទីក្រុង​ញូវយ៉ក​ក្នុង​គោល​បំណង​​នាំ​យក​រឿងក្តី​នេះ​ឱ្យ​មាន​ការ​ជំនុំ​ជម្រះ​នៅ​ក្នុង​តុលាការ​ឡើង​វិញ​បន្ទាប់​ពី​ស្ងប់ស្ងាត់​អស់​មួយ​រយៈ។

លោក រ៉ន អាប់​នី​បាន​ប្រាប់​វីអូអេ ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ លោក​ធ្វើ​នេះ​គឺ​ដើម្បី​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ទាំងអស់។ លោក​ អាប់នី ​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ការ​ប្តឹងនេះ​គឺ​ដើម្បី​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ទាំង​នោះ​ គឺ​មាន​ដូចជា​ក្រុម​គ្រួសារ​អ្នក​លក់​អំពៅ​ អ្នក​ថតរូប​ជប៉ុន​ និង​រូប​ខ្ញុំ​ជា​ដើម។ យើង​ទទួល​រងគ្រោះ​ពី​ការ​ប៉ុនប៉ង​ធ្វើឃាត។ យើង​ទទួល​រង​របួស​ អ្នក​ដទៃ​ទៀត​ស្លាប់​បាត់បង់​ជីវិត។ ទាំងនេះ​ហើយ​បាន​ជាខ្ញុំ​ត្រូវ​ធ្វើកិច្ច​ការ​នេះ​គឺ​មិនមែន​ដើម្បី​ខ្លួន​ខ្ញុំ​ទេ»។

ការ​បោកគ្រាប់​បែក​ដែល​បណ្តាល​ឱ្យមាន​ជនជាតិ​អាមេរិកទទួល​រងរបួស​នោះ​បាន​នាំ​ឱ្យ​មាន​ការ​ចូល​​ស៊ើបអង្កេត​ពី​ការិយាល័យ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​សហព័ន្ធ​ អេហ្វប៊ីអាយ។

យោង​តាម​ឯកសារស៊ើប​អង្កេត​​​ដែល​អេហ្វប៊ីអាយ ​បាន​បញ្ចេញ​ឱ្យ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​​នូវ​ផ្នែក​ខ្លះៗ​ក្នុង​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា មាន​សាក្សី និង​ជន​រងគ្រោះ​ជាច្រើន​​ត្រូវ​បាន​សម្ភាស​ដោយ​មាន​ការ​ចូលរួម និង​គ្មាន​ការ​ចូលរួម​ពី​ភាគី​កម្ពុជា។ ការសម្ភាស​ត្រូវ​បាន​ធ្វើ​នៅ​កម្ពុជា​ ថៃ​ និង​សហរដ្ឋ​អាមេរិក​ជាដើម។ ក្នុង​ចំណោម​អ្នកដែល​អេហ្វប៊ីអាយ សម្ភាស​មាន​ក្រុម​អង្គរក្ស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ​ដោយសារ​ពួកគេ​មាន​វត្តមាន​ខុស​ប្រក្រតី​ឈរ​យាម​នៅ​ក្បែរ​កន្លែងកើត​ហេតុ ហើយ​មាន​ការ​ចោទប្រកាន់ថា ពួកគេ​អាច​នឹង​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ជួយ​សម្រួល​ជនល្មើស​គេច​ខ្លួន។

ការស៊ើប​អង្កេត​នោះ​បាន​បិទ​ជាស្ថាពរ​ដោយ​មិនបង្ហាញ​ជាក់លាក់​ថា អ្នកណា​នៅ​ពី​ក្រោយ​ពិត​ប្រាកដ។ អេហ្វប៊ីអាយ​សន្និដ្ឋាន​ថា​ លោក រ៉ន អាប់នី​មិនមែន​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​នោះទេ​នៅ​ពេល​ដែល​លោក​ទៅ​សង្កេត​មើល​ការ​ធ្វើ​បាតុកម្ម​នោះ។

លោក​ ម៉ថុន ស្ក្លារ (Morton Sklar) មេធាវី​កាន់​សំណុំ​រឿង​នេះ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​​អាមេរិក​ផ្នែក​ខេមរភាសា​ថា ការប្តឹង​នេះ​គឺ​ក្នុង​ទម្រង់ជា​បទល្មើស​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​លោក​ហ៊ុន សែន និង​កូនចៅ​របស់​លោក​ពី​បទ​ទប់ស្កាត់​ការ​ស្វែងរក​យុត្តិធម៌ និង​កុហក​ក្រុម​ស៊ើប​អង្កេត​ អេហ្វប៊ីអាយ៖

លោក​បាន​បន្ថែម​ទៀត​ថា៖

«ការដាក់ពាក្យ​ប្តឹងតវ៉ា​លើករណី​ព្រហ្មទណ្ឌ​កាល​ពីខែ​កញ្ញា​គឺ​ជាផ្នែកមួយ​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែងដ៏​​ធំ​មួយ​ដែល​យើង​ធ្វើឡើង​ដើម្បី​ដាក់​សម្ពាធ​លើ​លោក​ហ៊ុន សែន ទាក់​ទង​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​យ៉ាងរាលដាល​ទាំង​ក្នុង​ពេល​អតីត​កាល និង​បច្ចុប្បន្ន»។

ប៉ុន្តែ​លោក ម៉ថុន បាន​ប្រាប់​ឱ្យ​ដឹង​ថា​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​អាច​នឹង​យក​អភ័យ​ឯកសិទ្ធិ​របស់​លោក​ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​មួយ​ដើម្បី​គេចផុត​ពី​ការ​នាំ​យក​មក​កាត់​ទោសក្នុង​រយៈ​ពេល​​ដែល​​លោក​​នៅ​កាន់​​អំណាច។

យោង​តាម​ឯកសារ​ស៊ើប​អង្កេត​របស់​ អេហ្វប៊ីអាយ មាន​គ្រាប់​បែក​ចំនួន​បួន​គ្រាប់​ត្រូវ​បាន​ជន​មិនស្គាល់​មុខ​គប់​លើ​ហ្វូង​បាតុករ​អហិង្សា។

លោក​ សំរិទ្ធ ​ដួងហាក់​ អតីត​អ្នកសារព័ត៌​មាន​ដែល​បាន​រង​របួស​ពី​​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​​ក្នុង​ពេល​ដែល​​ចុះ​ទៅយក​ព័ត៌មាន​បាតុកម្ម​នោះ​បាន​បញ្ជាក់​ថា៖

«ក្នុង​នាម​ជាជន​រងគ្រោះ​យើង​ឃើញ​ហើយ​មនុស្ស​ម្នាក់​ដែល​ពិការ​ជិត​ពីរខែ​ដើរ​មិន​រួច​ តើខ្ញុំ​ឈឺចាប់​ប៉ុន្មាន ហើយ​ទន្ទឹម​ហ្នឹង​នោះ​វាមិនត្រឹមតែ​ខ្ញុំ​ដើរ​មិនរួច​ពីរខែ​ប៉ុណ្ណឹង ​មាន​អ្នក​ខ្លះ​បាន​ស្លាប់​បាត់​បង់​ជីវិត​ បងប្អូន​ប្តីសី​ សាច់ញាតិ​ របស់គេ​ទៀត​ដូច្នេះ​យើង​គួរ​ថា​បណ្តោយ​ឱ្យ​មាន​និទណ្ឌភាព​ជាបន្ត​បន្ទាប់​ទៅ​តើ​ជាគំរូល្អ​សម្រាប់​នីតិរដ្ឋ​មួយ​ទេ?»

លោក​ រ៉ន អាប់​នី​តែងតែ​ធ្វើ​ដំណើរ​ជាប្រចាំ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ដោយសារ​លោក​មាន​មជ្ឈមណ្ឌល​ជួយ​ដល់​ក្រុម​កុមារ​កំព្រា​នៅទីនោះ។ លោក​នៅ​ចងចាំពី​អនុស្សាវរីយ៍​ឈឺចាប់​នោះ​ក៏​ប៉ុន្តែ​មិន​បង្ហាញ​ពី​ការ​ភ័យ​ខ្លាច​អ្វី​ទេ​ដោយ​លោក​បញ្ជាក់​ថា៖

«គេតែង​តែ​ប្រាប់​ខ្ញុំ​ថា​បើ​លោក​គេចផុត​ពី​គ្រាប់​បែក​លើកទីមួយ​ លោកក៏អាច​គេច​ផុត​ពី​គ្រាប់​បែក​ទីពីរ​ដែរ»។

នៅ​កម្ពុជា​វិញ​ លោក​ រ៉ន​ អាប់នី ​សង្កេត​ឃើញថា ការចងចាំ​ពី​ការ​វាយ​ប្រហារ​ដោយគ្រាប់​បែក​នេះ​ហាក់​ដូចជាត្រូវ​បាន​គេ​បំភ្លេច​ទៅ​ហើយ លើក​លែង​តែ​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ​ដែល​នៅ មានការ​ចាប់​អារម្មណ៍​ក្នុង​ការតស៊ូ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះដោយ​ដាក់​ពាក្យ​ប្តឹង​ជា​បន្ត​បន្ទាប់។

ពាក្យ​បណ្តឹងតវ៉ា​​ចុងក្រោយ​នោះ​ត្រូវ​បាន​ដាក់​ប្តឹង​ខណៈ​ពេល​ដែល​លោក​ ហ៊ុន សែន ​កំពុង​មាន​វត្ត​មាន​នៅ បូរី​ញ៉ូវយ៉ក ​សហរដ្ឋ​អាមេរិក។

វីអូអេ​នៅ​មិនទាន់​ទទួល​បាន​ការបកស្រាយ​ជាផ្លូវ​ការ​ណាមួយ​​ពី​ខាង​​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​​ទេ ដើម្បី​ឆ្លើយ​តប​នឹង​ពាក្យ​បណ្តឹង​ចុងក្រោយ​នេះ។ ​ទីប្រឹក្សា​របស់​លោកប៉ុន្មាន​នាក់​ដែល​វីអូអេ​ព្យាយាម​ទាក់ទង​​ក្នុង​រយៈ​ពេល​ប៉ុន្មានថ្ងៃ​នេះ​មិនហ៊ាន​ធ្វើ​អត្ថាធិប្បាយ​អ្វីទេ។ លោក​ប្រាក់ សុខុន​ទីប្រឹក្សា​ម្នាក់​បាន​បញ្ជាក់​ថា​រឿងនេះ​យូរ​ពេក​ណាស់​ហើយ។ ប៉ុន្តែ​ទីប្រឹក្សា​របស់​​លោក ហ៊ុន សែន​មួយរូប​គឺ​លោក​ ស្រ៊ី​ ថាមរង្គ​ ធ្លាប់​បាន​ប្រាប់​វីអូអេ​​ក្នុង​ពេល​ដែល​លោក​ហ៊ុន សែន​មក​ទីក្រុង​ញ៉ូវយ៉ក​កាលពីខែ​កញ្ញា​ថា​លោក​ មិន​យកចិត្ត​ទុកដាក់​លើ​ការដាក់​ពាក្យ​បណ្តឹងនោះ​ទេ។

យ៉ាង​ណា​ក៏ដោយ​លោក​ រ៉ន អាប់នី​ ទទួល​ស្គាល់​ថា​ការចាប់​អារម្មណ៍​លើ​ករណី​នេះ​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌​អាមេរិក​នៅ​មាន​កម្រិតទាប​នៅឡើយ​ដែរ។ ​លោក​បាន​ប្រាប់​វីអូអេ​ក្រោយ​ពី​ទើប​ត្រឡប់​មក​ពី​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​ថា៖

«ខ្ញុំ​ត្រូវ​ធ្វើការ​ងារ​ច្រើន​ដោយ​សារ​ឥឡូវ​នេះ​ខ្ញុំ​បាន​ត្រឡប់​មក​ពី​កម្ពុជា​វិញ​ ហើយ​គឺ​ត្រូវ​ព្យាយាម​ទាក់ទាញ​រក​ខាង​ស្ថាប័ន​នីតិប្បញ្ញតិ​ចូលរួម។ ដូច្នេះ​ខ្ញុំ​ត្រូវ​ធ្វើការ​ងារ​នេះ​ជា​រៀងរាល់​ថ្ងៃ»។

សម្រាប់​លោក​ រ៉ូនី​ ការបន្ត​ប្តឹង​នៅ​តុលាការ​សហរដ្ឋ​អាមេរិក​គឺ​ជា​ជំហាន​ថ្មី​មួយ​ទៀត​ប៉ុណ្ណោះ​ នៅ​មាន​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​លោក​និង​​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​ជា​តួ​អង្គ​សំខាន់​ក្នុង​ការ​រៀបចំ​ឱ្យ​មាន​បាតុកម្ម​តាំង​ពី​ដំបូង​ទី​គ្រោង​នឹង​បន្ត​យក​រឿងក្តី​របស់​លោក​ទៅបន្ត​ប្តឹង​ដើម្បី​រក​យុត្តិធម៌៕

This posting includes an audio/video/photo media file: Download Now

ក្រុម​អ្នក​វិភាគ​ស្នើ​ឱ្យ​សុំ​ព្រះ​រាជតម្រិះ​អតីត​ព្រះមហាក្សត្រ​លើ​ករណី​ព្រះវិហារ

Posted: 31 Mar 2011 01:40 PM PDT

ព្រះ​មហាវីរក្សត្រ​សម្តេច​ឪ​ព្រះ​នរោត្តម​ សីហនុ​បាន​ដឹកនាំ​ការ​តស៊ូ​ផ្លូវ​ច្បាប់​ នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ រហូត​ទាល់​តែ​ឈ្នះ​ក្តី​ក្តាំ​ជាមួយ​ប្រទេស​សៀម​ឬ​ប្តូរ​មក​ប្រទេស​ថៃ​បច្ចុប្បន្ន​ ជិត​កន្លះ​សតវត្សរ៍​ហើយ។​ តុលាការ​បាន​ផ្ទេរ ប្រាសាទ​ព្រះ​វិហារ​ ឲ្យ​ស្ថិត​ នៅ​ក្រោម​ ការ​គ្រប់​គ្រង​របស់​កម្ពុជា​វិញ។​ ព្រះ​អង្គ​ត្រូវ គេ​ចាត់​ទុក​ថា​ ជា​សាក្សី​រស់​ដ៏សំខាន់​ ដែល​​មាន​បទ​ពិសោធន៍​ច្រើន​ ដែល​រដ្ឋាភិបាល​កម្ពុជា​​គួរ​ស្វែង​រក​ឱវាទ​ និង​អនុ​សាសន៍​ពី​ព្រះអង្គ​ ជា​ពិសេស​បញ្ហា​ពាក់ព័ន្ធ​នឹង​​ផ្លូវ​ច្បាប់​នានា​ទាក់​ទង​នឹង​ការតវ៉ា​លើ​ឆាក​អន្តរ​ជាតិ​ ឬ ​ការ​ទាម​ទារ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ត្រួត​ពិនិត្យ​ការ​អនុវត្តន៍​សាល​ដីកា​​ឡើង​វិញ។

លោក​ បណ្ឌិត​ ម៉ីសែល​ ត្រាណេ​សាស្ត្រា​ចារ្យ​ផ្នែក​វប្បធម៌​ និង​បុរេ​ប្រវត្តិ​បាន​ថ្លែង​ថា​ព្រះ​មហាវីវរក្សត្រ​ជា​សាក្សី​រស់​ដែល​គេ​គួរ​សុំ​ការ​ណែ​នាំពី​ព្រះ​អង្គ។

«ក៏​ប៉ុន្តែ​មុន​នឹង​ព្រះអង្គ​លោក​សុគត​ គប្បី​យើង​ត្រូវ​តែ​គឺ​ថា​ស្នើ​ទៅ​ព្រះអង្គ​ មើល ទៅ​សួរ​យោបល់​មើល​ សម្តេច​នាយក​លោក​ស្នើ​មើល។​ គេ​ដាក់​ថ្វាយ​ទាំង​អស់​កុំ​គិត​រឿង​ក្នុង​ពេល​ហ្នឹង​ ស្នើ​មើល​ ស្នើ​សម្តេច​នាយក​ផង​ ស្នើ​ព្រះករុណា​ សុំព្រះ​ឱវាទ​ លោក​មាន​ព្រះ​អនុ​សាសន៍​ អាហ្នឹង​បង្ហាញ​ពី​រូបភាព (ឯកភាព​ជាតិ)»។

ខណៈ​ពេល​ដែល​កំពុង​ត្រៀម​ខ្លួន​ទៅ​ចរចា​ជាមួយ​ថៃ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ថ្ងៃ​ទី៧​នឹង​ថ្ងៃ​ទី​៨​ ខែមេសា​ អំពី​បញ្ហា​ ការ​ដាក់​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន​មក​កាន់​តំបន់​ជម្លោះ​ដើម្បី​ត្រួត​ពិនិត្យ​មើល​បទ​ឈប់​បាញ់​គ្នា​ជា​ស្ថាពរ ​និង​ការ​ចរចា​អំពី​ការ​រក​ដំណោះ​ស្រាយ​ព្រំដែន។

ប្រទេស​កម្ពុជា​បាន​រៀបចំ​ក្រុម​អ្នក​ច្បាប់​ជួល​មេធាវី​អន្តរជាតិ​ដើម្បី​ទាម​ទារ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បកស្រាយ​សាលដីកា​ ថ្ងៃ​ទី​១៥​ មិថុនា​ឆ្នាំ​១៩៦២​ ឡើង​វិញ​ ហើយ​នឹង​ត្រួត​ពិនិត្យ​ការ​អនុវត្ត​សាលដីកា​ឡើង​វិញ​ថា​តើ​ថៃ ​កម្ពុជា​បាន​គោរព​តាម​ឬទេ​ ហើយ​បញ្ជាក់​ឡើង​វិញ​ថា​តើ​ដី​ត្រង់​ណា​ ជា​របស់​ខ្មែរ​និង​ដី​ត្រង់​ណា​ជា​របស់​ថៃ។

លោក ​មីសែល​ ត្រាណេ​ បាន​អះអាង​ថា​សម្តេច​ឪ​ ជា​តំណាង​ឯកភាព​ជាតិ​ ការ​បង្រួប​បង្រួម​ជាតិ​ សាមគ្គី​ជាតិ​ ហើយ​បង្ហាញ​ការ​ខកចិត្ត​ បើ​គេ​ពុំ​គិត​អំពី​តួនាទី​របស់​ព្រះអង្គ។

«សោក​ស្តាយ​បំផុត​ដែល​គេ​មិន​បាន​នឹក​ដល់​គុណ​បំណាច់​ដ៏​មហា​ធំធេង។​ បង​នៅ​ចាំ​ថា​លោក​មាន​បន្ទូល​ល្អ​ណាស់​គឺ​ថា​ដី​មួយ​ចំអាម​ក៏​មិន​ឲ្យ​បាត់​បង់​ដែរ។​ហើយ​លោក​បាន​សម្រេច​បំណង​ពិសិដ្ឋ​ហើយ»។

ឧត្តម​ទី​ប្រឹក្សា​ព្រះ​មហា​ក្សត្រ​ លោក​ សឺន ​ស៊ូប៊ែរ្តិ៍​ ដែល​ឪពុក​របស់​លោក​គឺ​លោក សឺន ​សាន​ ជា​អ្នក​ធ្លាប់​ជួយ​សម្តេច​ឪ​ក្នុង​ការ​តវ៉ា​រឿង​ប្រាសាទ​ព្រះ​វិហារ​ ជា​មួយ​ឥស្សរជន​នយោ​បាយ​ផ្សេង​ទៀត​នោះ​ បាន​អះអាង​ថា​ ជា​ការណ៍​ចាំ​បាច់​ដែល​គេ ត្រូវ​ស្វែង​រក​ឱវាទ​ពី​សម្តេច​ឪ​ ពី​ព្រោះ​ក្រោយ​ពី​ព្រះអង្គ​ទាមទារ​ឯករាជ្យ​ពី​បារាំង​សម្រាប់​កម្ពុជា​ ជា​ជោគ​ជ័យ​មួយ​លើក​ទៀត​សម្រាប់​កម្ពុជា​ដែល​ព្រះអង្គ​ បាន​ទាមទារ​ ប្រាសាទ​ព្រះ​វិហារ​ពី​ការ​គ្រប់​គ្រង​របស់​ថៃ​មក​ឲ្យ​ស្ថិត​នៅ​ក្រោម​ ការ​គ្រប់គ្រង​កម្ពុជា​វិញ។

«ម៉្លោះ​ហើយ​គួរ​ណាស់​ពិគ្រោះ​ជា​មួយ​លោក​ យក​ព្រះ​រាជ​យោបល់​របស់​លោក ព្រោះ​លោក​ មាន​ការ​ពិសោធ​ច្រើន​ក្នុង​រឿង​ទូត​រឿង​ច្បាប់​ រឿង​អី​អស់​ហ្នឹង ព្រោះ​មែន​ទែន​ទៅ​ជា​រឿង​ជាតិ ​មិន​មែន​ជា​រឿង​គណបក្ស​ណា​មួយ​ ឬ​បុគ្គល​ណា​មួយ​ទេ​ ត្រូវ​តែ​មាន​ជាតិ​រួមគ្នា​ទាំង​អស់​ ហើយ​ដោះ​ស្រាយ​បញ្ហា​ ទឹកដី​របស់​យើង​​ហ្នឹង»។

លោក​ ផៃ ​ស៊ីផាន ​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​អះអាង​ថា​ ព្រះ​មហា វីរក្សត្រ​ ទោះ​ជា​ព្រះ​អង្គ​មិន​ស្ថិត​នៅ​ក្នុង​អំណាច​ដែល​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ក្តី ​​ក៏​ព្រះអង្គ​តែង​ផ្តល់​ឱវាទ​ជា​គំនិត​ដល់​រាជ​រដ្ឋាភិបាល​ដែរ។

«ហើយ​យើង​ឃើញ​ជួន​កាល​ម្តង​ម្កាល​ដែល​ព្រះ​មហា​វីរក្សត្រ​ផ្ញើ​ចុត​ហ្មាយ​ជា​ចំហ​មក​ ហ្នឹង​ជា​ការ​ឯកភាព​ជាតិ​មួយ​ ហើយ​ជា​ការ​ជួយ​គាំទ្រ​សកម្មភាព​របស់ រាជ​រដ្ឋាភិបាល​ក្នុង​កិច្ច​ការពារ​ប្រាង្គ​ប្រាសាទ​ព្រះ​វិហារ​ក៏​ដូច​ជា​អធិបតេយ្យ​របស់ កម្ពុជា​នៅ​តំបន់​នោះ​ឯង។ ​អាស្រ័យ​ដូច្នេះ​យើង​ឃើញ​ថា​តួនាទី​របស់​ព្រះអង្គ​មាន ជា​ប្រវត្តិ​សាស្ត្រ​រួច​ស្រេច​ទៅ​ហើយ។​ ក៏​ប៉ុន្តែ​ឥឡូវ​នេះ​ចំពោះ​ករណី​តុលាការ​គឺ​ជា​ករណី​ផ្សេង​ដទៃ​ទៀត​ មិន​មែន​ជា​ករណី​ដូច​កាល​ពី​មុន»។

លោក​ ផៃ ​ស៊ីផាន ​បាន​បញ្ជាក់​ពី​ការទទួល​ស្គាល់​បន្ថែម​ពី​ស្នា​ព្រះហស្ថ​របស់​ព្រះ​មហា​វីរក្សត្រ​ថា​ព្រះអង្គ​បាន​ទាមទារ​ប្រាសាទ​ព្រះ​វិហារ​និង​អធិបតេយ្យភាព​ជាតិ​កម្ពុជា​ជា​មួយ​នឹង​ការ​ប្រើ​ប្រាស់​ផែនទី​អន្តរ​ជាតិ​ក្នុង​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​ ជា​ចំណុច​សំខាន់​បំផុត។

សម្តេច​ឪ​ព្រះជន្ម​៨៨​​ព្រះ​វស្សា​ដែល​គេ​ទទួល​ស្គាល់​ថា​ជា​អ្នក​នយោ​បាយ​ជើង​ចាស់​​កាន់​អំណាច ​និង ​សោយ​រាជ្យ​ជា​មហាក្សត្រ​ជា​ច្រើន​ទសវត្សរ៍​នោះ​ ត្រូវ​គេ​ចាត់​ទុក​ថា​គឺ​ជា​ក្សត្រ​ដ៏​មាន​ឥទ្ធិពល​នយោ​បាយ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ ព្រះអង្គ​បាន​ដាក់​រាជ្យ​កាល​ពី​ឆ្នាំ​​២០០៤​ ហើយ​កំពុង​គង់​ព្យាបាល​ព្រះ​រោគ​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។

ប្រទេស​កម្ពុជា​និង​ថៃ​មាន​បញ្ហា​វិវាទ​ព្រំដែន​ជាមួយ​គ្នា​ឈាន​ដល់​ការ​វាយ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​លើក​ រហូត​ដល់​មាន​ការ​ស្លាប់​និង​របួស​ទាំង​សង​ខាង​ និង​ធ្វើ​ឲ្យ​បែក បាក់​ដល់​ប្រាសាទ​ព្រះវិហារ​ផង​ដែរ​ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​រឿង​ រំលោភ បំពាន​បូរណភាព​ដែន​ដី​ទៅ​វិញ​ទៅមក​ ជា​ពិសេស​ដី​នៅ​ក្បែរ​ បរិវេណ​ប្រាសាទ​ ព្រះវិហារ​របស់​ខ្មែរ។​ ថៃ​បាន​ចាត់​ទុក​ថា​តុលាការ​អន្តរជាតិ​បាន​កាត់​តែ​ប្រាសាទ​ ឲ្យ​ភាគី​កម្ពុជា​ទេ​ មិន​មែន​ដី​នៅ​ក្បែរ​នោះ​ទេ។​ ក៏​ប៉ុន្តែ​កម្ពុជា​វិញ​បាន​អះអាង ដោយ​ឈរ​លើ​ផែនទី​អន្តរជាតិ​ទទួល​ស្គាល់​ថា​ដី​ដែល​មាន​ជម្លោះ​ជា​ដី​របស់​ខ្មែរ​ដូច​ជា​មាន​ចែង​ក្នុង​ឧប​សម្ព័ន្ធ​ផែនទី ​ហើយ​នឹង​ឯកសារ​ដែល​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​កាត់​ក្តី​ឲ្យ​មក​កម្ពុជា៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!