Koh Santipheap Daily |
- ផ្ទុះកំប៉ុងហ្គាសផ្អើលនគរបាលការពារអគារគណៈរដ្ឋមន្ត្រី
- រដ្ឋសភានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្របខណ្ឌអន្តរសភាអាស៊ាននៅថ្ងៃទី៣ ដល់ថ្ងៃទី៦ មេសា
- អគារោងចក្រមិថុនាស្កឹមស្កៃក្លាយជាឆ្អឹងខ្មោចត្រូវខូចខាតប្រមាណ៣០លានដុល្លាររង់ចាំបង្កើតគណៈកម្មការចូលពិនិត្យ
- សង្គមស៊ីវិលចំនួន១៣ស្នើឱ្យលោកកែប ជុតិមា អន្តរាគមន៍សុំកុំឱ្យរថយន្តឡើងថ្លៃពេលបុណ្យចូលឆ្នាំ
- ប្រធានាធិបតីបារាំងនិងភរិយានឹងការពារដោយឆ័ត្រក្រោះ
- ផ្ទុះយន្តហោះប្រដេញមួយគ្រឿងរបស់កងម៉ារីនអាមេរិករបួស១០នាក់
- ប្រធានាធិបតីវ៉េណេស៊ុយអេឡាអំពាវនាវដល់បណ្តាប្រទេសអាមេរិកខាងត្បូងរួបរួមគ្នាប្រឈមមុខនឹងអាមេរិក
- ពលករស្របច្បាប់ទៅធ្វើការនៅសៀមបះបោរមកស្រុកវិញ៧៨នាក់
- ស្ត្រីក្មេងស្រវឹងស្រាស្រែកបរិហារប្តីមានស្រីថ្មី
- ចាប់ខ្លួនអ្នកចែកចាយគ្រឿងញៀនពីរនាក់មានខ្នោះដៃជាប់ចង្កេះ
- ប៉េអឹមស្រុករមាសហែកអនុវត្តធម៌ក្តៅឪពុកកូន៣នាក់របួសធ្ងន់
- ជនសង្ស័យលួចគោទីបំផុតត្រូវប៉ូលិសស្រុកព្រះនេត្រព្រះចាប់ខ្លួន
- គណៈកម្មការផ្សារច្បារអំពៅធ្វើអនាម័យបរិស្ថានក្នុងផ្សារ
- ទីតាំងកាស៊ីណូតាមព្រំដែនល្បែងបញ្ជល់មាន់មានប្រជាប្រិយភាព
- អគ្គមេធាវីម៉ិចស៊ិកសុំលាលែងចេញពីតំណែង
- រដ្ឋសភាចាប់ផ្តើមពិភាក្សា និងអនុម័តវិសោធនកម្មប្រឆាំងអំពើពុករលួយ
- ឈូកមានប្រយោជន៍តាំងពីក្រអៅ ស្លឹក ផ្លែ ផ្កា
ផ្ទុះកំប៉ុងហ្គាសផ្អើលនគរបាលការពារអគារគណៈរដ្ឋមន្ត្រី Posted: 01 Apr 2011 04:18 AM PDT រាជធានីភ្នំពេញ ៖ ស្នូរផ្ទុះកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក នៅលើផ្លូវលេខ១០៩ ក្បែរវិមានសន្តិភាព ស្ថិតនៅសង្កាត់មនោរម្យ ខណ្ឌ៧មករា ធ្វើឱ្យសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថដែលកំពុងយាមកាមការពារសន្តិសុខផ្អើលរត់ឆ្វេចឆ្វាចសំដៅរកកន្លែងផ្ទុះនោះ ។ បន្ទាប់មកយុវជនម្នាក់ដែលដឹកកំប៉ុងហ្គាសលក់ឱ្យម៉ូយត្រូវសមត្ថកិច្ចឃាត់ខ្លួនព្រោះជាម្ចាស់កំប៉ុងហ្គាសដែលផ្ទុះនោះ។ យុវជននោះឈ្មោះសុខ ជា អាយុ២៤ឆ្នាំ រស់នៅភូមិ២ ផ្លូវវត្តចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ រួមជាមួយកំប៉ុងហ្គាស២៤០កំប៉ុងនិងម៉ូតូ១គ្រឿង ត្រូវសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា។ លោកវរសេនីយ៍ទោ យិន សាន អធិការនគរបាលខណ្ឌ៧មករាឱ្យដឹងថា «វាជាការផ្ទុះកំប៉ុងហ្គាសតូចមួយមានស្នូរប្រហាក់ប្រហែលផ្ទុះផាវ ។ អ្នកដឹកហ្គាសគ្មានចេតនាធ្វើឱ្យផ្ទុះឡើយ»។ នៅវេលាម៉ោង១០និង៣០នាទីព្រឹក យុវជនឈ្មោះសុខ ជា ត្រូវម្ចាស់ហាងលក់កាហ្វេជាប់របងវត្តថ្វាយដង្គុំ ទូរស័ព្ទហៅឱ្យដឹកហ្គាសឱ្យ។ ពេលនោះយុវជនសុខ ជា ដឹកកំប៉ុងហ្គាស៣កេស ស្មើនឹង២៤០កំប៉ុងតូចៗ ពីហាងលក់ហ្គាសនៅខាងកើតស្ពានជ្រោយចង្វា ទៅឱ្យហាងកាហ្វេនោះ ។ ពេលធ្វើដំណើរដល់ផ្លូវលេខ១០៩ ខាងក្រោយវត្តថ្វាយដង្គុំក្បែររបងវិមានរដ្ឋាភិបាល គេឈប់ម៉ូតូនៅចិញ្ចើមថ្នល់ក្រោមកំដៅថ្ងៃក្តៅដើម្បីទូរស័ព្ទរកម្ចាស់ហាងកាហ្វេហើយស្រាប់តែហ្គាស១កំប៉ុងដែលសំបកចាស់មានច្រែះផ្ទុះឡើង ។ ការផ្ទុះនោះធ្វើឱ្យម្ចាស់វាភ្ញាក់ស្ទើរតែរត់ចោលម៉ូតូ ពិសេសធ្វើឱ្យភ្ញាក់ផ្អើលដល់កម្លាំងការពារមន្ត្រីចូលប្រជុំនៅវិមានរដ្ឋា ភិបាល ។ |
Posted: 01 Apr 2011 04:14 AM PDT រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាដែលកោះសន្តិភាពទទួលកាលពីព្រឹកថ្ងៃទី១ មេសា ២០១១ ឱ្យដឹងថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងរៀបចំសិក្ខាសាលាក្នុងក្របខណ្ឌអន្តរសភាអាស៊ានពីថ្ងៃទី៣ ដល់ថ្ងៃទី៦ មេសា ២០១១ ស្តីពី «តួនាទីសមាជិកសភាក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិពលករអន្តោប្រវេសន៍នៅក្នុងតំបន់អាស៊ាន នៅឯសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអន្តរសភាអាស៊ានលើកទី៣២ ។ យោងតាមអគ្គលេខាធិការដ្ឋានរដ្ឋសភាឱ្យដឹងថា សម្តេចហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអន្តរសភាអាស៊ានលើកទី៣២ នឹងអញ្ជើញចូលរួមជាអធិបតីនៃពិធីបើកសិក្ខាសាលានៅថ្ងៃទី៤ មេសា វេលាម៉ោង៨ព្រឹក ។ គោលបំណងនៃសិក្ខាសាលានេះគឺធ្វើការពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងប្រទេសអាស៊ាន ជាពិសេសសសមាជិកសភាមកពីបណ្តាប្រទេសអាស៊ាន ដើម្បីការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ជំរុញកាលានុវត្តភាពសម្រាប់ការធ្វើតេសន្តរប្រវេសន៍មានរបៀបរៀបរយ និងត្រូវតាមច្បាប់ តាមរយៈភាពជាដៃគូ និងការរួមចំណែកដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ ដើម្បីសម្រេចទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០១៥ ។ មន្ត្រីរដ្ឋសភាបន្តថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាមានជំនឿមុតមាំថា វត្តមាននៅក្នុងសិក្ខាសាលាដែលមានសមាជិកសភាមកពីបណ្តាប្រទេសក្នុងប្រទេសអាស៊ានតំណាងមកពីស្ថាប័នជាតិ អន្តរជាតិរួមទាំងវាគ្មិនសំខាន់ៗជាច្រើនរូបទៀត ពិតជាអាចធ្វើការពិភាក្សា និងផ្លាស់ប្តូរគ្នាតាមរយៈការបង្ហាញមេរៀនបទពិសោធន៍ល្អៗដំណោះស្រាយ និងការប្រឈមដើម្បីដាក់ចេញជាសេចក្តីសម្រេចមួយជូនដល់មហាសន្និបាតអាយប៉ា លើក៣២ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះនេះ ៕ |
Posted: 01 Apr 2011 04:00 AM PDT រាជធានីភ្នំពេញ ៖ វិនាសកម្មដោយសារអគ្គីភ័យដ៏ធំធេងមួយទៅលើរោងចក្រមិថុនា បង្កឱ្យមានការសោកស្តាយ និងតក់ស្លុតពន់ពេក ខណៈគេសម្លឹងឃើញអគារដែលស្កឹមស្កៃប្រែក្លាយមកជាផេះធ្យូង និងគ្រោងឆ្អឹងរួញក្រញង់ខ្មៅរោលនៃខ្មោចអគារ ចង្គ្រុងចង្គ្រាង...បុគ្គលិកក្រុមហ៊ុនធានារ៉ាប់រងបានវាយ តម្លៃថា ការខូចខាតទាំងស្រុងនៃអគាររោងចក្រនេះអស់ប្រមាណ៣០លានដុល្លារ ស្របពេលដែលកម្មកររោងចក្រឈរសម្លឹងមើលខ្លាចចិត្ត និងព្រួយបារម្ភអំពីការបើកប្រាក់ខែរបស់ពួកគេតើខាងរោងចក្រ បើកទាន់ពេលឬក៏អត់? ចំណែកសមត្ថកិច្ចរង់ចាំស្រង់ស្ថិតិការខូចខាត អ្នករបួស និងស្លាប់ដែលអាច និងដឹងនៅថ្ងៃបន្តបន្ទាប់នេះ។ សូមបញ្ជាក់ថា កម្មករ-កម្មការិនីច្រើនពាន់នាក់នៃរោងចក្រកាត់ដេរមិថុនា បានផ្អើលឆុររត់ចេញទៅខាងក្រៅដើម្បីស្វែងរកកន្លែងសុវត្ថិភាព បន្ទាប់ពីទុស្សេចរន្តអគ្គិសនីបង្កឱ្យមានការឆាបឆេះហុយផ្សែង ទ្រលោមគួរឱ្យខ្លាច អ្នកខ្លះបានស្រវេស្រវាស្ទុះចេញតាមបង្អួចអ្នកខ្លះរត់ជាន់ គ្នាបណ្តាលឱ្យមានរបួសស្នាម ហើយអ្នកខ្លះទៀតពុលផ្សែងបណ្តាលឱ្យសន្លប់ច្រើននាក់ត្រូវ អ្នកចាត់ចែងរោងចក្រ និងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្តបន្ទាប់ និងយ៉ាងប្រញាប់ប្រញាល់ជាទីបំផុត ។ រោងចក្រកាត់ដេរមិថុនានេះមានកម្ពស់៤ជាន់ គិតទាំងជាន់ផ្ទាល់ដីទំហំ៦០ម៉ែត្រគុណនឹង៨០ម៉ែត្រ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានកម្មករ កម្មការិនីបម្រើការច្រើនជាង៤ពាន់នាក់ បានផ្អើលឆុរ ដោយសារទុស្សេចរន្តអគ្គិសនីឆាបឆេះ ខ្សែភ្លើង និងកំណាត់ហុយផ្សែងទ្រលោមបង្កឱ្យឈ្លក់ និងពុលសន្លប់កម្មករ ច្រើននាក់ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣១ មីនា ២០១១ ។ តាមព័ត៌មានជំហានដំបូងបានឱ្យដឹងថា ភ្លាមៗនោះមានកម្មករ៤នាក់បានសន្លប់ត្រូវរថយន្តពេទ្យដឹក ជញ្ជូនទៅសង្គ្រោះជាបន្ទាន់...ចំណែកកម្មករជាច្រើនរយនាក់ទៀត ត្រូវជាប់នៅខាងក្នុងស្ទើរតែគ្រប់ជាន់ទាំងក្រោមទាំងលើ ប្រកបដោយភាពស្លន់ស្លោរកច្រកចេញឡើងវីវក់ទៅហើយ លាយឡំជាមួយផ្សែងខ្មៅអាប់ ហុយចេញក្រៅគ្រប់បង្អួចដែលញ៉ាំងឱ្យយើងគិតថា ពួកគេប្រាកដជាពុលផ្សែង និងមិនដឹងថា វាសនារបស់ពួកគេយ៉ាងណានោះទេ ។ ក្រុមកម្មករបាននិយាយឱ្យដឹងថា ផ្សែងដែលហុយទ្រលោមចេញតាមបង្អួចជាន់លើ និងជាន់ក្រោមទាំងនោះគឺអណ្តាតភ្លើងចាប់ផ្តើមឆាបឆេះលើ កំណាត់ដែលកាត់រួច សម្រាប់កម្មករដេរ និងឆេះចេញពីឃ្លាំងកំណាត់...ក្រៅពីនេះនៅមានសម្ភារជាច្រើន ទៀតដូចជាតុម៉ាស៊ីនដេរ តុការិយាល័យ ខ្សែភ្លើងផ្សេងៗ និងគ្រឿងដែលធ្វើអំពីឈើត្រូវឆេះគួរឱ្យរន្ធត់ ។ គេសង្កេតឃើញរថយន្តពេទ្យប្រមាណ២០គ្រឿង រង់ចាំដឹកជញ្ជូនអ្នករបួស ឬសន្លប់យកទៅព្យាបាល...ចំណែករថយន្តពន្លត់អគ្គីភ័យបានទៅដល់ កន្លែងកើតហេតុនោះប្រមាណ២០គ្រឿង ដើម្បីបង្ក្រាបអណ្តាតភ្លើង និងផ្សែងដែលចេះតែហុយគំរាមកំហែងពីគ្រោះថ្នាក់ ។ រហូតមកដល់ម៉ោង៦ល្ងាចថ្ងៃដដែល គឺរយៈពេល១ម៉ោងកន្លះទៅហើយ អគ្គីភ័យនៅតែមានអំណាចគ្របដណ្តប់លើចំណីអាហាររបស់វាដដែល ប្រការនេះរឹតតែបង្ខំឱ្យកងកម្លាំងចម្រុះមានប៉ូលិស-ប៉េអឹម មន្ត្រីអាជ្ញាធរ រិះរកមធ្យោបាយកាន់តែខ្លាំងដើម្បីពន្លត់ភ្លើង ។ ចំណែករថយន្តអគ្គីភ័យវិញបានត្រឹមតែបាញ់ទឹកពីខាងក្រៅ ប៉ុណ្ណោះ ព្រោះរកច្រកចូលទៅខាងក្នុងដើម្បីបង្ក្រាបអណ្តាតភ្លើងដែល កំពុងតែឆេះងំមិនបាន ប៉ុន្តែយ៉ាងហោចណាស់ ក៏បានទប់ស្កាត់វាកុំឱ្យប្រើអំណាចដ៏ឃោរឃៅនោះកាន់តែ ខ្លាំង ឬរាលដាលផងដែរ ។ មន្ត្រីរដ្ឋបាលនៃរោងចក្រមិថុនា សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ការឆាបឆេះនេះភាគច្រើនមិនបណ្តាលមកពីទុស្សេចរន្តអគ្គិសនីទេ ព្រោះថា ថៅកែរោងចក្របានជួលវិស្វករអគ្គិសនីមកពីប្រទេសសិង្ហបុរី ឱ្យរៀបចំបណ្តាញភ្លើងបានត្រឹមត្រូវល្អហើយ...ម្យ៉ាងទៀត ប្រសិនបើទុស្សេចរន្តអគ្គិសនីបែបនេះ ឌីហ្សង់ទ័រ (កុងតាក់ផ្តាច់ចរន្ត) ប្រាកដជាលោតផ្តាច់ចរន្តភ្លើងដោយស្វ័យប្រវត្តិ ហើយពុំអាចឆេះរាលដាលទៅរកបន្ទប់ស្តុកកំណាត់នោះទេ តែនេះស្រាប់តែវាឆេះចេញពីបន្ទប់ស្តុកកំណាត់តែម្តង គួរឱ្យសង្ស័យណាស់ថា អាចនឹងមាននរណាម្នាក់លួចលុតច្រើនជាង ។ មកដល់វេលាម៉ោង៧យប់ទៅហើយ នៅឡើយសមត្ថកិច្ចផ្នែកអគ្គីភ័យ រកកន្លែងចូលទៅខាងក្នុងមិនទាន់បានទៀត...សមត្ថកិច្ចបាន ទម្លាយបំបែកកញ្ចក់បង្អួច ដើម្បីបាញ់ទឹកចូលទៅក្នុងកន្លែងឆេះ ព្រោះគេមិនអាចយកទុយោទឹកចូលទៅដល់កន្លែងឆេះបានទេ ព្រោះវាពុលផ្សែង...ជាក់ស្តែង ក៏មានសមត្ថកិច្ចពុលស្ទើរសន្លប់ច្រើននាក់ផងដែរ ។ មិនទាន់មានព័ត៌មានណាមួយបង្ហាញពីតួលេខខូចខាត អ្នកស្លាប់ និងរបួសឱ្យពិតប្រាកដនៅឡើយ ព្រោះសមត្ថកិច្ចវីវក់នឹងភារកិច្ចពន្លត់អគ្គីភ័យ...ប៉ុន្តែ អ្នកជាប់នៅខាងក្នុងត្រូវបានសង្គ្រោះយកចេញមកក្រៅស្ទើរជិតអស់ទៅ ហើយ។ ចាប់តាំងពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១ មេសា ២០១១ អណ្តាតភ្លើងបានរលត់សូន្យបង់ ប៉ុន្តែវានៅតែមានចំហេះហុយផ្សែងទ្រលោមដដែលធ្វើឱ្យកងកម្លាំង ពន្លត់អគ្គីភ័យ ព្យាយាមបាញ់ទឹកឥតឈប់ឈររហូត មកដល់វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១ មេសា ២០១១ អគ្គីភ័យដ៏ឃោរឃៅនៅរោងចក្រមិថុនា មិនទាន់រលត់ជាស្ថាពរនៅឡើយ គឺអគ្គីភ័យបានលេបត្របាក់ទីតាំងរោងចក្រនេះទាំងស្រុងហើយ ដោយវានៅតែឆេះងំរង្គាលរាលពីបន្ទប់មួយទៅបន្ទប់មួយ ហើយថែមទាំងបញ្ចេញផ្សែងសាយភាយពេញសាលរោងចក្រទាំងអស់ ធ្វើឱ្យកងកម្លាំងពន្លត់អគ្គីភ័យពិបាកទាញទុយោចូលទៅក្នុងបាញ់ទឹក ឱ្យចំគោលដៅខ្លាំងណាស់ ព្រោះកងកម្លាំងទាំងនោះមានតែខោអាវ និងមួកទប់ទល់កំដៅ (ការពារ) តែប៉ុណ្ណោះ មិនមានបំពង់អ៊ុកស៊ីហ្សែន ដើម្បីបំពាក់ជាជំនួយក្នុងការដកដង្ហើមឡើយ ដូច្នេះហើយប្រសិនបើនៅតែប្រថុយចូលទៅខាងក្នុងទៀតវានឹងពុល សន្លប់ ឬស្លាប់ជាមិនខាន ។ ផ្សែងហុយដែលសាយភាយចេញពីចំហេះកំណាត់បានដុតចំហុយជញ្ជាំង ថ្មឱ្យខ្លោចរោលរាលស្ទើរពុកផុយទៅហើយ មានសំយាបពិតានខ្លះ និងជញ្ជាំងខ្លះបានប្រេះស្រាំរកកល់នឹងរបេះផ្ទាំងថ្មធ្លាក់ មកដី...រថយន្តពន្លត់អគ្គីភ័យជាង២០គ្រឿង បានផ្លាស់ប្តូរវេនគ្នាជញ្ជូនទឹកអស់ជាង២៥០ជើង ដើម្បីបាញ់ពន្លត់ភ្លើង ប៉ុន្តែហាក់គ្មានប្រសិទ្ធភាពសោះ ដោយសារតែច្រកចូលរោងចក្រនេះតូចចង្អៀត (មានតែផ្លូវមុខ ខាងក្រោយផ្លូវតូចពេក) និងហ៊ុមព័ទ្ធរបងថ្មជុំជិត បើទោះណាសមត្ថកិច្ចព្យាយាមវាយទម្លុះជញ្ជាំងអគារ ដើម្បីបើកផ្លូវទឹកចូលទៅខាងក្នុង ក៏នៅតែពុំមានប្រសិទ្ធភាព...រោងចក្រមិថុនានេះត្រូវខូចខាតអស់ ទាំងស្រុងហើយ បើទោះជាបេសកកម្មពន្លត់អគ្គីភ័យនេះត្រូវបានបញ្ចប់ដ៏គួរឱ្យ សោកស្តាយក៏ដោយ (មិនបានពន្លត់ទាន់ពេល) ក៏អគាររោងចក្រនេះតាមការប៉ាន់ប្រមាណគឺមិនអាចប្រើប្រាស់ជា ការិយាល័យ ឬពិពិធសាលបានទេ...មិនទាន់មានទិន្នន័យស្តីពីអ្នកស្លាប់ និងអ្នករបួសឡើយ ពីព្រោះសមត្ថកិច្ចមិនទាន់ចូលទៅខាងក្នុងដើម្បីពិនិត្យ ទីកន្លែងផ្សេងៗបានដោយសារផ្សែងហុយសាយភាយជាតិពុលបង្ក គ្រោះថ្នាក់ ម្យ៉ាងសមត្ថកិច្ចកំពុងចាត់ចែងរៀបចំសណ្តាប់ធ្នាប់នៅឡើយ ។ បន្ទាប់ពីរោងចក្រមិថុនាត្រូវគេគិតថា ខូចខាតអស់ទាំងស្រុងដោយសារអគ្គីភ័យលេបត្របាក់នោះ ព្រឹកឡើងថ្ងៃទី១ មេសា ២០១១ គេឃើញបុគ្គលិក-កម្មកររបស់រោងចក្រនេះមកអើតមើលស្ថានការណ៍នៃ មហាវិនាសកម្មដោយទឹកមុខស្រគត់ស្រគំ ហើយសម្តែងការព្រួយបារម្ភថា ថៅកែទទួលរងការខូចខាតធ្ងន់ធ្ងរបែបនេះ តើគាត់ចាត់ចែងបើកប្រាក់ខែឱ្យពួកយើងទាន់ពេលវេលាដែរឬក៏ អត់...ការឆេះរោងចក្រនេះ គឺជិតដល់ពេលបើកប្រាក់ខែល្មម...យើងសោកស្តាយណាស់ចំពោះ មហន្តរាយដោយអគ្គីភ័យនេះ យើងអាណត្តិលោកថៅកែ ប៉ុន្តែយើងជាអ្នកក្រីក្រសង្ឃឹមលើតែប្រាក់ខែតែមួយមុខគត់ ម្យ៉ាងកៀកពេលចូលឆ្នាំថ្មីទៅហើយ ប្រសិនបើបើកប្រាក់មិនទាន់ តើយើងបានលុយឯណាទៅលេងស្រុកកំណើត ធ្វើបុណ្យធ្វើទាន? វេលាម៉ោង១០ព្រឹកថ្ងៃទី១ មេសា ២០១១ ទៅហើយ សមត្ថកិច្ចរកឃើញតែទូដែកមួយប៉ុណ្ណោះ ហើយទម្លាក់វាចុះមកដីយកទៅរក្សាទុក...ទូដែកនេះដាក់ឯកសារសំខាន់ ៗជាច្រើន និងប៉ាស្ព័រ (លិខិតឆ្លងដែន) របស់បុគ្គលិកបរទេស ។ សមត្ថកិច្ចនៅតែមិនអាចប្រាប់ឱ្យដឹងថា តើមានកម្មករស្លាប់ប៉ុន្មាន របួសប៉ុន្មាននោះទេ ព្រោះមិនអាចចូលទៅក្នុងឱ្យដល់ទីជំរៅ ដើម្បីពិនិត្យបាន...ប៉ុន្តែបើតាមកម្មករដែលគេចចេញរួចពីគ្រោះ កាចនេះបានឱ្យដឹងថា នៅជាន់ទី៣ មានជាប់កម្មករនៅលើនោះ យ៉ាងហោចណាស់ក៏ម្នាក់ ឬពីរនាក់ដែរ...មានអ្នកជាប់នៅក្នុងជណ្តើរយន្ត៤-៥នាក់ និងក្នុងបន្ទប់ផ្សេងៗច្រើននាក់ទៀត មិនដឹងថា វាសនាពួកគេយ៉ាងណានោះទេ? ដោយឡែកនៅកន្លែងកើតហេតុនោះដែរ ខាងមន្ត្រីនៃក្រុមហ៊ុនធានារ៉ាប់រងបានទៅពិនិត្យមើលមហន្តរាយ ហើយវាយតម្លៃថា ការខូចខាតនេះធំធេងណាស់ គឺប្រមាណ៣០លានដុល្លារ ព្រោះអគាររោងចក្រទាំងមូលមានទំហំ៦០ម៉ែត្រគុណនឹង៨០ម៉ែត្រ ព្រមទាំងសម្ភារជាច្រើនត្រូវឆេះអស់។ ចូលមកដល់ម៉ោង១១និង៥នាទីព្រឹកថ្ងៃទី១ មេសា ២០១១ អគ្គីភ័យនេះបានបាក់បបខ្លបខ្លាចរលត់សូន្យសុង ហើយត្រូវសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង ដោយវាគ្រាន់តែបន្សល់ទុកចំហាយក្តៅ និងផ្សែងពុលនាដំណាក់កាលចុងក្រោយបន្តិចបន្តួចប៉ុណ្ណោះ... ប៉ូលិសរង់ចាំឱ្យអស់ចំហាយក្តៅ ផ្សែងពុល និងបង្កើតគណៈកម្មការចម្រុះជាមុនសិន ទើបឈានចូលទៅពិនិត្យហេតុការណ៍នៅតាមបន្ទប់នីមួយៗនៃអគាររោងចក្រ ។ សម្ភារមួយចំនួនដែលភ្លើងឆេះរួញពាក់កណ្តាល ខ្លះនៅល្អប្រមាណ៩០% និងសម្ភារនៅតាមឃ្លាំងមួយចំនួនដែលភ្លើងមិនទាន់ឆេះដល់ ត្រូវសមត្ថកិច្ចចម្រុះចាត់ចែងយាមកាមមួយយប់ទល់ភ្លឺកុំឱ្យ ជនខិលខូចបន្លំខ្លួនចូលលួចអីវ៉ាន់ គឺរវល់មិនបានដេកទេ ព្រោះ យប់នោះមានជនខិលខូចច្រើនផងដែរ រង់ចាំឆ្មក់ចូលលួចអីវ៉ាន់ ប្រសិនបើសមត្ថកិច្ចហ៊ានតែធ្វេសប្រហែលបន្តិច ៕ រាជធានីភ្នំពេញ ៖ ចូលមកដល់ម៉ោង១១និង៥នាទីព្រឹកថ្ងៃទី១ មេសា ២០១១ អគ្គីភ័យនេះបានបាក់បបខ្លបខ្លាចរលត់សូន្យសុង ហើយត្រូវសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង ដោយវាគ្រាន់តែបន្សល់ទុកចំហាយក្តៅ និងផ្សែងពុលនាដំណាក់កាលចុងក្រោយបន្តិចបន្តួចប៉ុណ្ណោះ...ប៉ូលិសរង់ចាំឱ្យអស់ចំហាយក្តៅ ផ្សែងពុល និងបង្កើតគណៈកម្មការចម្រុះជាមុនសិន ទើបឈានចូលទៅពិនិត្យហេតុការណ៍នៅតាមបន្ទប់នីមួយៗនៃអគាររោងចក្រ ។ សម្ភារមួយចំនួនដែលភ្លើងឆេះរួញពាក់កណ្តាល ខ្លះនៅល្អប្រមាណ៩០% និងសម្ភារនៅតាមឃ្លាំងមួយចំនួនដែលភ្លើងមិនទាន់ឆេះដល់ ត្រូវសមត្ថកិច្ចចម្រុះចាត់ចែងយាមកាមមួយយប់ទល់ភ្លឺកុំឱ្យជនខិលខូចបន្លំខ្លួនចូលលួចអីវ៉ាន់ គឺរវល់មិនបានដេកទេ ព្រោះ យប់នោះមានជនខិលខូចច្រើនផងដែរ រង់ចាំឆ្មក់ចូលលួចអីវ៉ាន់ ប្រសិនបើសមត្ថកិច្ចហ៊ានតែធ្វេសប្រហែលបន្តិច ៕ |
Posted: 01 Apr 2011 03:42 AM PDT រាជធានីភ្នំពេញ ៖ យោងតាមលិខិតមួយច្បាប់របស់សម្ព័ន្ធភាពប្រជាជនដើម្បីគណនេយ្យសង្គមដែលជាសម្ព័ន្ធអង្គការសង្គមស៊ីវិលចំនួន១៣ និងសកម្មជនប្រជាជនរាប់រយនាក់ ដែលកោះសន្តិភាពបានទទួលកាលពីថ្ងៃទី១ មេសា ២០១១ ចុះហត្ថលេខាដោយលោកវន ពៅ ផ្ញើជូនលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ឱ្យដឹងថា កម្មវត្ថុសំណើសុំអន្តរាគមន៍កុំឱ្យមានការដំឡើងថ្លៃរថយន្តឈ្នួលនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ។ លោកវន ពៅ ប្រធានសម្ព័ន្ធភាពប្រជាជនដើម្បីគណនេយ្យសង្គមបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ក្នុងអំឡុងពេលបុណ្យប្រពៃណីជាតិខ្មែរសំខាន់ៗដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងសូម្បីតែថ្ងៃបោះឆ្នោតជាដើមម្ចាស់រថយន្ត ម្ចាស់តាក់ស៊ី និងរថយន្តឈ្នួលគ្រប់ប្រភេទតែងតែធ្វើការដំឡើងថ្លៃរថយន្តឈ្នួល ខណៈពេលដែលពលរដ្ឋទាំងឡាយត្រូវការចាំបាច់ក្នុងការធ្វើដំណើរទៅស្រុកកំណើតក្នុងគោលបំណងជួបជុំសាច់ញាតិ ។ តែជាអកុសលមុននឹងទៅដល់កន្លែងជួបជុំដែលពួកគេថា និងបានសប្បាយរីករាយដោយការជួបជុំគ្នានេះប្រជាពលរដ្ឋយើងត្រូវបានគេជំរិតទារប្រាក់តាមវិធីដំឡើងថ្លៃឈ្នួលរថយន្តមួយទ្វេជាពីរនៃថ្ងៃធម្មតា ។ ការដំឡើងថ្លៃនេះត្រូវបានគេមើលឃើញថា បណ្តាលមកពីមានការទាមទារយកលុយរបស់សមត្ថកិច្ចនៅតាមផ្លូវ ។ ការដំឡើងថ្លៃសាឡាង និងដំឡើងថ្លៃចំណតត្រូវបានគេដំឡើងថ្លៃមួយទ្វេជាពីរផងដែរ...អាស្រ័យហេតុនេះសូមលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ មេត្តាជួយចាត់ចែងធ្វើយ៉ាងណា កុំឱ្យរថយន្តឈ្នួលដំឡើងថ្លៃ ពេលបងប្អូនប្រជាពលរដ្ឋជិះធ្វើដំណើរទៅលេងស្រុកកំណើត៕ |
ប្រធានាធិបតីបារាំងនិងភរិយានឹងការពារដោយឆ័ត្រក្រោះ Posted: 01 Apr 2011 03:16 AM PDT កាសែតបារាំង REPUBLICAIN LORRATN រាយការណ៍កាលពីថ្ងៃទី៣១ មីនាថា ទីភ្នាក់ងារសន្តិសុខវិមានប្រធានាធិបតីបារាំង បានបញ្ជាទិញឆ័ត្រក្រោះមួយចំនួន ដើម្បីធានាដល់កិច្ចការពារប្រធានាធិបតីបារាំង និងភរិយា។ ឆ័ត្រនេះហៅថា PARAPACTUM សម្រាប់ការពារប្រធានាធិបតីបារាំង និងភរិយាជា ប្រភេទនៃខែលមួយផលិតដោយក្រុមហ៊ុន MAPACHE មានសាខាមួយនៅក្រុង NOR-MANDIE សម្រាប់ពួកតារា និងឥស្សរជននៃពិភពលោក ។ ឆ័ត្រក្រោះនោះអាចទប់ទល់ចំពោះការគប់របស់ផ្សេងៗមកលើរហូតដល់គ្រាប់កាំភ្លើង ។ លោក JEAN-PIERRE YON នាយករបស់ក្រុមហ៊ុន MAPACHE នៅ NORMANDIE និយាយថា នេះ ជាខែលការពារដ៏ពិតប្រាកដមួយដែលអាចបាំងការពារមនុស្ស អាចបាំងការគប់របស់រឹងទាំងឡាយ និងការវាយប្រហារជាយថាហេតុនានា ។ ឆ័ត្រ PARAPACTUM នឹងអាចការពារទប់ទល់នឹងការគប់ដុំថ្ម ការវាយប្រហារដោយគប់នឹងកែវ ឬកាំបិត ហើយអាចរហូតជួយទប់គ្រាប់កាំភ្លើងពិតទៀតផង ។ ឆ័ត្រនេះផលិតជាពិសេស ហើយមានទម្ងន់២,២២៥គ.ក្រ ៕ |
ផ្ទុះយន្តហោះប្រដេញមួយគ្រឿងរបស់កងម៉ារីនអាមេរិករបួស១០នាក់ Posted: 01 Apr 2011 02:46 AM PDT បណ្តាអ្នកទទួលខុសត្រូវនៃកងម៉ារីនអាមេរិកថ្លែងកាលពីថ្ងៃទី៣១ មីនា ថា ទាហានម៉ារីនអាមេរិក១០នាក់បានត្រូវរបួសកាលពីរសៀលថ្ងៃទី៣០ មីនា កន្លងមកនេះ ខណៈដែលយន្តហោះ ប្រដេញធុន F/A-18C HORNET មួយគ្រឿងបានផ្ទុះឆេះនៅលើនាវាផ្ទុកយន្តហោះ JOHN C. STENNIS នៅសាន់ឌីយេហ្គោ រដ្ឋកាលីហ្វីរ័នីញ៉ា ។ កងទាហានម៉ារីនកំពុងធ្វើការលើទីលានរបស់នាវាផ្ទុកយន្តហោះពេលម៉ាស៊ីនរបស់យន្តហោះប្រដេញនេះផ្ទុះបញ្ចេញអណ្តាតភ្លើងមួយ។ យន្តហោះប្រដេញនេះជារបស់កងយន្តហោះ FIGHTER ATTACH TRAINING SQUADRON 101 របស់កងម៉ារីន ។ អ្នកបើកយន្តហោះរួចផុតពីគ្រោះថ្នាក់ ។ យន្តហោះប្រដេញនេះដែលផ្ទុះញ៉ាំងឱ្យមានការខូចខាតគិតជាប្រាក់ជាង១លានដុល្លារ ក៏ប៉ុន្តែនាវាផ្ទុកយន្តហោះ STENNIS ពុំរងការខូចខាតធំដុំឡើយ ។ អណ្តាតភ្លើងត្រូវបានពន្លត់ដោយឆាប់រហ័សមុនពេលឆេះរាលដាល ។ កងម៉ារីនកំពុងស៊ើបអង្កេតរកមូលដ្ឋាននៃការផ្ទុះនេះ ៕ |
Posted: 01 Apr 2011 02:29 AM PDT ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកហ៊ូហ្គោ ឆាវេស បានអំពាវនាវកាលពីថ្ងៃទី៣១ មីនា នៅទីក្រុងឡាប៉ាស រដ្ឋធានីបូលីវី ដល់បណ្តាប្រទេសនៅអាមេរិកខាងត្បូងឱ្យរួបរួមគ្នាប្រឆាំងនឹងលទ្ធិចក្រពត្តិនិយមរបស់សហរដ្ឋអាមេរិកដែលយោងតាមប្រធានាធិបតីរូបនេះថា ជាអ្នកគំរាមកំហែងដល់សន្តិភាពលើពិភពលោក។ ក្រោយពីជួបពិភាក្សាជាមួយប្រធានាធិបតីបូលីវី លោកអឺរ៉ូម៉ូរ៉ាឡេស លោកឆាវេស ថ្លែងថា វាជាការសំខាន់ដែលអាមេរិកខាងត្បូងជាទ្វីបមួយរងគ្រោះដោយសង្គ្រាមស៊ីវិល និងអំពើកំរោលរយៈពេល៥ទសវត្សរួបរួមគ្នា ដើម្បីក្លាយជាតំបន់សន្តិភាពមួយចំពោះមុខការគំរាមកំហែងរបស់អ្នកជិតខាងយើងនៅអាមេរិកខាងជើង ។ ដោយយោងដល់អន្តរាគមន៍យោធារបស់បណ្តាប្រទេសលោកខាងលិចប្រឆាំងលីប៊ី លោកឆាវេស គូសបញ្ជាក់ថា ដោយក្លាយជាឆ្កួតហើយគឺជាការគំរាមកំហែងដោយពិតប្រាកដមួយដល់សន្តិភាពលើពិភពលោកចក្រពត្តិនិយមធ្លាក់ចូលដល់ដំណាក់កាលឆ្កួតខ្លាំងបំផុតហើយ ។ ប្រធានាធិបតីវ៉េណេស៊ុយអេឡាបានមកបំពេញទស្សនកិច្ចមួួយនៅលីប៊ីជាដំណាក់កាលទី៣ នៃដំណើរទស្សនកិច្ចរបស់លោកនៅអាមេរិកឡាទីន ដែលលោកបានទៅកាន់ប្រទេសអាហ្សង់ទីន និងអ៊ូរូហ្គាយ រួចហើយ ។ បន្ទាប់ពីបូលីវី លោកនឹងទៅកាន់ប្រទេសកូឡុំប៊ីទៀត ៕ |
ពលករស្របច្បាប់ទៅធ្វើការនៅសៀមបះបោរមកស្រុកវិញ៧៨នាក់ Posted: 01 Apr 2011 02:15 AM PDT ក្រុងប៉ោយប៉ែត ៖ ពលករខ្មែរដែលចេញទៅធ្វើការស្របច្បាប់នៅប្រទេសសៀមតាមរយៈក្រុមហ៊ុនមួយ បានវិលត្រឡប់មកស្រុកវិញ រហូតដល់ទៅ៧៨នាក់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយពួកគេប្រាប់ថា ដោយសារការងារលំបាកធ្វើការឈរគ្មានកន្លែងអង្គុយ ហើយទទួលបានប្រាក់កម្រៃថោកខុសពីការអះអាងរបស់ក្រុមហ៊ុនមុនចេញពីប្រទេសកម្ពុជា ។ ពលករទាំងនេះប្រាប់ថា ពួកគេទៅធ្វើការតាមរយៈក្រុមហ៊ុន CDM manpower នៅប្រទេសកម្ពុជា ហើយកន្លែងធ្វើការ គឺនៅក្នុងខេត្តកញ្ចនៈបូរី ប្រទេសសៀម ដោយធ្វើការនៅរោងចក្រផ្លែឈើ ។ ពលករខ្លះនិយាយថា មុនចេញពីស្រុកខ្មែរខ្លួនដាក់ពាក្យទៅធ្វើការផ្នែកកាត់ដេរ លុះទៅដល់ប្រទេសសៀមបែរជាឱ្យធ្វើការនៅផ្នែកផ្លែឈើ គឺផ្នែកផ្លែម្នាស់ទៅ វិញ ។ ឈ្មោះទន់ សម្បត្តិ ឧត្តម ភេទប្រុស អាយុ២២ឆ្នាំ មកពីភូមិកំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រាប់ថា មុនពេលចាកចេញទៅទឹកដីសៀមខ្លួនបានដាក់ពាក្យធ្វើការផ្នែកជាងផ្សារដែក ហើយក្រុមហ៊ុនបានប្រាប់ថា តម្លៃការងារក្នុងមួយថ្ងៃ គឺ៤៥០បាតលុយសៀម ប៉ុន្តែពេលទៅដល់ខ្លួនគ្មានការងារធ្វើផ្នែកផ្សារដែក បែរជាឱ្យធ្វើការនៅកន្លែងផ្លែឈើ១ថ្ងៃបានកម្រៃ១៨០បាត ដូចគេឯងទៅវិញ ។ ពលករទាំងអស់ប្រាប់ថា ពេលឈឺគ្មានអ្នកមើលការខុសត្រូវទេ ទើបត្រឡប់មកវិញ ម្យ៉ាងទៀតគិតថា កម្រៃការងារដែលទទួលបានមិនសមនឹងកម្លាំងពលកម្ម ព្រោះបាយម្ហូបនៅស្រុកគេថ្លៃ ទើបនាំគ្នាត្រឡប់មកវិញ។ មុនពេលមកស្រុកវិញ គឺ ពួកខ្លួនតវ៉ាចំនួន៤ទៅ៥ថ្ងៃ ទើបអាចវិលត្រឡប់បានហើយការវិលត្រឡប់នោះទៀតពួកខ្លួនត្រូវចំណាយលុយឱ្យថ្លៃរថយន្តក្នុងម្នាក់ៗ៥០០បាត។ ក្រុមពលករបន្តថា ពេលពួកខ្លួនមកដល់ព្រំដែនមានតំណាងក្រុមហ៊ុនម្នាក់បានព្យាយាមសុំលិខិតឆ្លងដែនវិញ ប៉ុន្តែពួកខ្លួនមិនឱ្យដោយនិយាយថា ពួកខ្លួនបានចំណាយលុយអស់ក្នុងម្នាក់ៗខ្លួន១៥០ដុល្លារ ខ្លះអស់១លានរៀល ឯណោះ។ ជុំវិញបញ្ហាខាងលើ លោកកែង សុវណ្ណារ៉ាន់ តំណាងសាខាក្រុមហ៊ុន CDM manpower បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ពលករដែលវិលត្រឡប់មកពីប្រទេសសៀមទាំង៧៨នាក់ គឺពួកគេបះបោរទាមទារត្រឡប់មកវិញ ។ ការងារមានធ្វើមិនអត់ទេ មានទាំងការងារយប់ទៀតផង បើគិតពីប្រាក់ការងារក្នុង២សប្តាហ៍ មិនក្រោមពី៣.៥០០បាតទៅ៤.០០០បាតទេ ប៉ុន្តែដោយសារពលករខ្លះខ្ជិលមិនព្រមធ្វើការ ខ្លះរវល់ផឹកស្រា ខ្លះដើរលេងបុកប៊ីយា ទើបគ្មានលុយចាយ ហើយទាមទារវិលត្រឡប់ ។ លោកបន្តថា មួយរយៈនេះ ពលកររបស់លោកនាំទៅ៤០០នាក់ ប៉ុន្តែរត់មកវិញអស់៣០០នាក់ហើយ ព្រោះ តែមានក្រុមហ៊ុនមួយចំនួនជួលមនុស្សឱ្យទៅបំផុសឱ្យពលកររបស់លោកទៅធ្វើការនៅកន្លែងផ្សេង ដោយសន្យាឱ្យកម្រៃថ្លៃ ទើបកើតរឿងបែបនេះ។ លោកកែង សុវណ្ណារ៉ាន់ បន្តថា មុនការបានវិលត្រឡប់មកវិញ នៃពលករទាំងអស់ខាងលើ គឺលោកបានជិះយន្តហោះពីភ្នំពេញ ទៅបាងកក ដោះស្រាយជាមួយក្រុមហ៊ុនសៀមនៅឯខេត្តកញ្ចនៈបុរី ហើយបានបង់លុយឱ្យក្រុមហ៊ុនសៀមដែលពលករវិលត្រឡប់នោះអស់៣ម៉ឺនបាត ។ លោកបន្តថា ការវិលត្រឡប់របស់ពលករ គឺមានទាំងតម្រួតសៀម និងខ្មែរ អមមកជាមួយដែរ ៕ |
ស្ត្រីក្មេងស្រវឹងស្រាស្រែកបរិហារប្តីមានស្រីថ្មី Posted: 01 Apr 2011 02:08 AM PDT ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីវ័យក្មេងម្នាក់ បានធ្វើឱ្យភ្ញាក់ផ្អើលពេញកន្លែងលក់បន្លែនៅផ្សារលើខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣១ មីនា ដោយបានយំបោកខ្លួនននៀលពេញដីនិងស្រែកថា ឈឺចាប់ ព្រោះខឹងនឹងប្តីមានស្រីថ្មី។ ស្ត្រីវ័យក្មេងរូបនេះ ត្រូវបានអ្នកស្គាល់ប្រាប់ថា នាងមានទីលំនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។ តាមប្រភពដដែលនោះបានឱ្យដឹងថា ស្ត្រីវ័យក្មេងរូបនេះមានលុយជាប់នឹងខ្លួនជាច្រើន ដើម្បីចុះទៅទិញត្រីនៅផ្សារក្រោមយកមកលក់នៅផ្សារលើ ព្រោះនាងជាអ្នកលក់ត្រី ប៉ុន្តែមុនពេលកើតហេតុនាងបានផឹកស្រាស្រវឹងទន់ខ្លួនហើយក៏មកស្រែកឡូឡាពេញកន្លែងលក់បន្លែផ្សារលើ ដោយសារឈឺចិត្តនឹងប្តីមានស្រីថ្មី ។ នៅកន្លែងកើតហេតុដែលជាកន្លែងលក់ដូរ មនុស្សម្នាយ៉ាងច្រើនបាននាំគ្នាចោមរោមមើលស្ត្រីរូបនេះ ដែលពេលខ្លះងើបដើរបានយ៉ាងច្រើន២ជំហានក៏ផ្តួលបោកខ្លួនទៅនឹងដី ពេលខ្លះទៀតក៏បោកខ្លួនចូលគំនរសំរាមយ៉ាងគគ្រិច។ អ្នកដែលស្គាល់ស្ត្រីរូបនេះ៤ទៅ៥នាក់ បានព្យាយាមលើកនាងឱ្យអង្គុយលើរានលក់ដូរ ប៉ុន្តែចាប់មិនឈ្នះឡើយ ដោយស្ត្រីរូបនេះបោកខ្លួនធ្លាក់ពីលើរានមកដីក៏មាន ពេលខ្លះពួកគេខិតខំក្រៀកឱ្យឡើងម៉ូតូឌុប ប៉ុន្តែនាងលោតទម្លាក់ខ្លួនពីលើម៉ូតូក៏មាន និងពេលខ្លះរមៀលខ្លួនក្រោមគ្រែលក់ដូរយកជើងធាក់គ្រែក៏មាន ។ អាកប្បកិរិយាជាមនុស្សស្រវឹងបាត់បង់ភាពម្ចាស់ការបែបនេះ មានរយៈពេលប្រមាណ១ម៉ោង ទើបស្ត្រីរូបនេះអស់កម្លាំង ហើយត្រូវអ្នកស្គាល់ចាប់គ្រាហ៍ចេញទៅបាន ។ ជុំវិញបាតុភាពធ្វើឱ្យភ្ញាក់ផ្អើលដល់អ្នកផ្សារបែបនេះ ត្រូវបានអ្នកខ្លះនិយាយថា តូចចិត្តអី! បើប្តីមានស្រីយើងក៏រកថ្មីដែរទៅ ឯខ្លះថា កុំទៅឈឺចិត្ត បើប្តីរបៀបនេះយើងដើរផឹកចូលស៊ីខារ៉ាអូខេដែរ កុំឱ្យចាញ់គេ ប៉ុន្តែខ្លះទៀតនិយាយថា ការធ្វើរបៀបនេះ ពិតជាអាប់អោនកិត្តិយសខ្លាំងណាស់ គួរយើងរកដំណោះស្រាយនៅផ្ទះស្ងាត់ៗល្អជាង មិនគួរយកកេរ្តិ៍ឈ្មោះមកចោលកណ្តាលផ្សារបែបនេះទេ ៕ |
ចាប់ខ្លួនអ្នកចែកចាយគ្រឿងញៀនពីរនាក់មានខ្នោះដៃជាប់ចង្កេះ Posted: 01 Apr 2011 02:03 AM PDT ខេត្តបាត់ដំបង ៖ អ្នកចែកចាយគ្រឿងញៀនយ៉ាងសកម្មចំនួន២នាក់ ត្រូវបានចាប់ខ្លួនដោយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្ត កាលពីរសៀលថ្ងៃទី៣១ មីនា កន្លងទៅ ខណៈពេលដែលពួកគេកំពុងលក់ដូរជាក់ស្តែងនៅក្នុងផ្ទះសំណាក់យីហោ «១៦៨» ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ លោកស៊ាន សុណាល់ ប្រធានផ្នែកប្រឆាំងគ្រឿងញៀននៃការិយាល័យប្រឆាំងគ្រឿងញៀនបានថ្លែងថា កម្លាំងរបស់លោកបានចំណាយពេលជិត១ខែដើម្បីតាមអង្កេតជនសង្ស័យទាំងពីរនាក់នេះ ទើបឈានដល់ការបង្ក្រាបបានសម្រេច ។ លោកប្រធានផ្នែករូបនេះ បានប្រាប់ថា ជនត្រូវចោទទាំង២នាក់ម្នាក់ឈ្មោះឈួ សុភាព ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង និងម្នាក់ទៀតឈ្មោះខៀវ សុង ហៅកីឡា អាយុ២៨ឆ្នាំ ជាកូនប្រុសរបស់ម្ចាស់ផ្ទះសំណាក់១៦៨ ខាងលើតែម្តង ។ ជាមួយការចាប់ខ្លួនយើងដកហូតថ្នាំញៀនបាន៩,៥គ្រាប់ ប្រដាប់សេពគ្រឿងញៀន និងខ្នោះដៃ១សម្រាប់ដែលឈ្មោះឈួ សុភាព ទុកជាប់ចង្កេះ ។ ជនសង្ស័យឈ្មោះឈួ សុភាព បាននិយាយថា ខ្លួនជាកម្លាំងក.ស របស់ប៉េអឹម ហើយខ្នោះដៃនេះ គឺគេប្រគល់ឱ្យទុកសម្រាប់ដាក់អ្នកមកទិញថ្នាំញៀនណាដែលមិនស្គាល់ ហើយអាចយកទៅគោះយកលុយបាន ។ ជននេះបញ្ជាក់ថា នេះ ជាគម្រោងរបស់ប៉េអឹម តែជននេះមិនបានប្រាប់ថា ប៉េអឹមណាម្នាក់ជាអ្នករៀបគម្រោងនេះទេ។ រីឯឈ្មោះខៀវ សុង ហៅកីឡានេះវិញបានប្រាប់ថា ខ្លួនជាមន្ត្រីប៉េអឹមខេត្ត ក្រោយមកផ្លាស់ទៅស្រុកថ្មគោល លុះបានប៉ុន្មានឆ្នាំត្រូវគេបញ្ជូនមកខេត្តវិញ ។ ជននេះនិយាយថា ខ្លួនបានឈប់ប្រកបរបរនេះជាច្រើនខែមកហើយ ប៉ុន្តែឈ្មោះសុភាព នៅតែបន្តអាជីពនេះរហូតមក ដោយយកបន្ទប់ផ្ទះសំណាក់របស់ខ្លួន១៦៨ ជាកន្លែងចែកចាយ និងប្រើប្រាស់ ។ ពាក់ព័ន្ធនឹងកម្លាំងក.ស និងជាមន្ត្រីប៉េអឹមរបស់ជនទាំង២នាក់នេះ លោកអ៊ន ជ្រីសៅមណ្ឌល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា ឈ្មោះឈួ សុភាព មិនមែនជាកម្លាំងក.សរបស់ប៉េអឹមទេ ដោយឡែកឈ្មោះខៀវ សុង ជាមន្ត្រីប៉េអឹមមែន តែអង្គភាពបានកាត់ឈ្មោះចេញហើយតាំងពីខែមករា ឆ្នាំ២០១១ កន្លងមក ដូច្នេះពួកគេមិនពាក់ព័ន្ធអង្គភាពប៉េអឹមទេ ។ លោកស៊ាន សុណាល់ នាយផ្នែកប្រឆាំងគ្រឿងញឿនបានបញ្ជាក់ដែរថា ជនទាំង២នាក់នេះជាអ្នកលក់ថ្នាំញៀនបន្តឱ្យឈ្មួញម្នាក់ទៀតដែលគេតែងយកមកប្រគល់ឱ្យនៅផ្ទះសំណាក់នេះតែម្តង។ បើតាមសមត្ថកិច្ចថា ផ្ទះសំណាក់១៦៨នេះ ជាកន្លែងចែកចាយ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្ម ហើយក៏ជាកន្លែងទិញផលចោរកម្មទៀតផង ៕ |
ប៉េអឹមស្រុករមាសហែកអនុវត្តធម៌ក្តៅឪពុកកូន៣នាក់របួសធ្ងន់ Posted: 01 Apr 2011 01:26 AM PDT ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ៣នាក់រងរបួសធ្ងន់និងម្នាក់ទៀតរបួសស្រាលក្នុងអំពើហិង្សានៅពេលសមត្ថកិច្ចចម្រុះត្រួតពិនិត្យចរាចរណ៍ នៅលើដងផ្លូវក្នុងភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក កាលពីថ្ងៃទី៣០ មីនា វេលាម៉ោង៨ និង១០នាទីព្រឹក ។ ទោះបីត្រូវវាយដំរបួសក្តី ក៏ពលរដ្ឋរងគ្រោះត្រូវក្រុមប៉េអឹមចាប់វាយខ្នោះ បញ្ជូនទៅទីបញ្ជាការស្រុករមាសហែកដោយចោទប្រកាន់ថា រឹងទទឹងពេលសមត្ថកិច្ចត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍។ លោកយី ឡន អាយុ៤៥ឆ្នាំ មានទីលំនៅក្នុងភូមិថ្នល់ទទឹង ឃុំមុខដា ស្រុករមាសហែក ដែលជាជនរងគ្រោះប្រាប់កោះសន្តិភាពថា មុនពេលកើតហេតុ រូបគាត់ជិះម៉ូតូជាមួយកូនប្រុសឈ្មោះយី ឡាង អាយុ២៣ឆ្នាំ ទៅផ្សារកំពង់ត្រាចដោយគាត់ពុំបានពាក់មួកសុវត្ថិភាព និងម៉ូតូគ្មានដាក់បញ្ចក់សម្រាប់មើលក្រោយទេ ។ ខណៈនោះសមត្ថកិច្ចចម្រុះដែលត្រួតពិនិត្យចរាចរណ៍បានឃាត់គាត់ផាកពិន័យជាប្រាក់ចំនួន៧ពាន់រៀល។ ខណៈកំពុងផាកពិន័យកូនប្រុសរបស់គាត់ម្នាក់ទៀតឈ្មោះយី សុតុល អាយុ១៨ឆ្នាំ បើកគោយន្តមកដល់ដោយដឹកកូនប្រុសម្នាក់អាយុ៨ឆ្នាំមកជាមួយ និងក្នុងគោយន្តមានដឹកលាមកគោផង ។ ពេលបើកបរគោយន្តហួសកន្លែងផាកពិន័យប្រហែល៥០ម៉ែត្រ ស្រាប់តែប៉េអឹម២នាក់ទៅស្ទាក់យកដំបងវាយកូនប្រុសរបស់គាត់ឈ្មោះយី សុតុល ដែលកំពុងបើកបរគោយន្តនោះ បណ្តាលឱ្យរងរបួសក្បាលធ្ងន់ធ្ងរវិះនឹងក្រឡាប់គោយន្ត ។ ប្រភពដដែលបន្តថា ឃើញដូច្នេះរូបគាត់ និងកូនប្រុសឈ្មោះយី ឡាង បានជិះម៉ូតូទៅប្តឹងប៉ូលិស ក៏ប៉ុន្តែពេលទៅដល់ត្រឹមពាក់កណ្តាលផ្លូវត្រូវមន្ត្រីប៉េអឹមឈ្មោះទឹម វណ្ណី ដឹកនាំប៉េអឹមប្រមាណពី៥ ទៅ៦នាក់ ស្ទាក់វាយគាត់ រួមទាំងកូនប្រុស៣នាក់ បណ្តាលឱ្យរបួសធ្ងន់ធ្ងរ គឺរូបគាត់យី ឡន របួសធ្ងន់ ទី២-ឈ្មោះយី ឡាង អាយុ២៣ឆ្នាំ រងរបួសធ្ងន់ ជាសិស្ស ទី៣-ឈ្មោះយី តុល អាយុ១៨ឆ្នាំ ជាសិស្សរបួសធ្ងន់ និងក្មេងប្រុសអាយុ៨ឆ្នាំ របួសស្រាល។ ពួកគាត់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ស្រុករមាសហែក ដើម្បីសង្គ្រោះ ។ លោកយី ឡន បន្តទៀតថា ពេលស្ទាក់វាយនោះ គឺឈ្មោះទឹម វណ្ណី ជាមេបញ្ជាការប៉េអឹម ស្រុករមាសហែកបានដកកាំភ្លើងបាញ់គម្រាមជាច្រើនគ្រាប់ ដើម្បីឱ្យពួកគាត់ឈប់ម៉ូតូ ហើយបញ្ជាឱ្យកូនចៅរបស់ខ្លួនវាយដំលើរូបគាត់ និងកូនៗទាំង៣នាក់យ៉ាងព្រៃផ្សៃ ខ្លះវាយនឹងដៃទាត់ធាក់ និងខ្លះវាយនឹងស្វាយកាំភ្លើងវែងទៅលើក្បាល និងដងខ្លួនបណ្តាលឱ្យរបួសយ៉ាងធ្ងន់ធ្ងរ រួចពួកគេបានចាប់ដាក់ខ្នោះ ដៃបញ្ជូនទៅទីបញ្ជាការប៉េអឹមស្រុកថែមទៀត ។ ប៉ុន្តែដោយសារក្បាលមានមុខរបួសធ្ងន់ធ្ងរពេក ទើបគេដោះខ្នោះដៃ អនុញ្ញាតឱ្យក្រុមគ្រួសារយកគ្នាទៅព្យាបាល មុខរបួសនៅមន្ទីរ ពេទ្យស្រុកប្រតិបត្តិរមាសហែក ។ អង្គការសិទ្ធិមនុស្សកំពុងស៊ើបអង្កេតករណីនោះ ឯជនរងគ្រោះនឹងដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តស្វាយរៀងឱ្យជួយរកយុត្តិធម៌ឱ្យពួកគាត់ ។ ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលរិះគន់ថា គ្រាន់តែការអនុវត្តច្បាប់ចរាចរណ៍ មិនគួរក្រុមប៉េអឹម លេងធម៌ក្តៅប្រើប្រាស់អាវុធបាញ់គំរាមបង្កហិង្សាទៅលើប្រជាពលរដ្ឋដូច្នេះទេ នេះពុំមែនបទល្មើសចោរលួច ចោរប្លន់ទេ សូមលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស៊ើបអង្កេតរកយុត្តិធម៌ជូនប្រជាពលរដ្ឋស្លូតត្រង់ផង៕ |
ជនសង្ស័យលួចគោទីបំផុតត្រូវប៉ូលិសស្រុកព្រះនេត្រព្រះចាប់ខ្លួន Posted: 01 Apr 2011 01:21 AM PDT ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនរយៈពេល១ម៉ោងក្រោយមក បន្ទាប់ពីធ្វើសកម្មភាពលួចគោប្រជាពលរដ្ឋ។ ហេតុការណ៍ចោរកម្មនេះបានកើតឡើងនៅវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១ នៅចម្ងាយ៣គីឡូម៉ែត្រខាងជើងភូមិជ្រាប់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ។ លោកអនុសេនីយ៍ឯកកែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថា ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ត្រីខេង ស៊ុម ស្នងការនគរបាលខេត្ត ក្នុងការអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ក្រោយពីទទួលបានព័ត៌មានថាមានចោរលួចគោ លោកបានចាត់តាំងកម្លាំងជំនាញសហការជាមួយប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ធ្វើការស្រាវជ្រាវនិងចាំឃ្លាំមើលគ្រប់ច្រកល្ហក ។ ជាលទ្ធផលនៅវេលាម៉ោង៧យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១ ទើបកម្លាំងរបស់លោកបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសឿម សុធី ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិប៉ុស្តិ៍ចាស់ ឃុំព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយជននេះក៏ជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចតាមប្រមាញ់យូរមកហើយដែរ ។ ជាមួយនឹងការឃាត់ចាប់ខ្លួននេះ សមត្ថកិច្ចបានដកហូតគោចំនួន៧ក្បាល ប្រគល់ឱ្យម្ចាស់ដើមវិញផងដែរ ។ បើតាមម្ចាស់គោឈ្មោះមង មាន ភេទប្រុសអាយុ៦០ឆ្នាំ នៅភូមិជ្រាប ឃុំជប់វ៉ារី បានឱ្យដឹងថា រូបគាត់បានយកគោទៅចងឱ្យស៊ីស្មៅនៅខាងជើងភូមិចម្ងាយប្រហែល៣គីឡូម៉ែត្រ លុះវេលាម៉ោង៦ល្ងាចថ្ងៃដដែលគាត់បានឱ្យកូនប្រុសទៅដឹកគោមកផ្ទះវិញទើបដឹងថាគោបាត់រួចហើយក៏ប្តឹងប៉ូលិសឱ្យជួយស្រាវជ្រាវរក លុះដល់វេលាម៉ោង៧យប់ក៏ចាប់បានចោរ និងរកឃើញគោគាត់វិញ ។ ចំពោះជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនគេធ្លាប់ធ្វើសកម្មភាពលួចគោចំនួន២លើកមកហើយ លើកទី១ លួចគោគេឃ្វាលចោលតាមវាលស្រែនៅភូមិតាប៉ុន ឃុំទឹកជោរ បាន៨ក្បាល និងលើកទី២ជាប់អន្ទាក់ប៉ូលិសតែម្តង ។ លោកអធិការនគរបាលស្រុកបានបញ្ជាក់ថា ជនសង្ស័យឈ្មោះសឿម សុធី កម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមច្បាប់ រីឯគោទាំង៧ក្បាលបានប្រគល់ជូនម្ចាស់ដើមវិញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១១ ដោយមានលោកមេភូមិចូលរួមផងដែរ ៕ |
គណៈកម្មការផ្សារច្បារអំពៅធ្វើអនាម័យបរិស្ថានក្នុងផ្សារ Posted: 01 Apr 2011 01:18 AM PDT រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី៣១ មីនា ឆ្នាំ២០១១ គណៈកម្មការផ្សារច្បារអំពៅ បានសំណូមពរឱ្យអាជីវករផ្សារទាំងមូលបិទទ្វារតូបមួយរសៀលដើម្បីធ្វើការបោសសម្អាតថែរក្សាអនាម័យបរិស្ថានក្នុងផ្សារឱ្យបានល្អ តាមគោលការណ៍ណែនាំរបស់សាលារាជធានីភ្នំពេញ ។ ក្រុមមន្ត្រីសន្តិសុខផ្សារដែលបានចុះធ្វើពលកម្មអនាម័យក្នុងបរិវេណផ្សារខាងលើបានមានប្រសាសន៍ថា ការធ្វើអនាម័យបរិស្ថានក្នុងផ្សារមុនឱកាសបុណ្យចូលឆ្នាំថ្មីនេះ គឺជាការចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីដែលនឹងខិតចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ។ ចំពោះការចំណាយក្នុងការបោសសម្អាតលាងផ្សារច្បារអំពៅខាងលើទាំងកម្លាំងពលកម្មនិងសំភារមានអំបោសជាដើម គឺជាថវិការបស់ផ្សារទាំងស្រុង ។ ជាមួយគ្នានោះដែរគណៈកម្មការផ្សារក៏បានសំណូមពរឱ្យអាជីវករលក់ដូរក្នុងផ្សារចូលរួមជាមួយគណៈកម្មការផ្សារដើម្បីលាងសម្អាតតូបរបស់ខ្លួនផងដែរ។ ក្រុមអាជីវករក្នុងផ្សារច្បារអំពៅទាំងអស់គ្នាគ្មាននរណាម្នាក់ជំទាស់ចំពោះការបិទតូបលក់ដូរមួយរសៀលនេះឡើយ ព្រោះពួកគាត់ក៏ចង់បានបរិស្ថានល្អក្នុងការលក់ដូរក្នុងផ្សារនេះផងដែរ ៕ |
ទីតាំងកាស៊ីណូតាមព្រំដែនល្បែងបញ្ជល់មាន់មានប្រជាប្រិយភាព Posted: 01 Apr 2011 12:59 AM PDT ខេត្តក្រចេះ ៖ នាពេលបច្ចុប្បន្នខេត្ដក្រចេះបាននិងកំពុងតែវិវឌ្ឍទៅកាន់ភាពជឿនលឿនស្ទើរគ្រប់វិស័យ ជាពិសេសគេសង្កេតឃើញហេដ្ឋារចនាសម្ព័ន្ធផ្លូវលំនិងផ្លូវជាតិនៅតាមបណ្ដាស្រុកទូទាំងខេត្ដត្រូវបានស្ថាបនារួចនិងបើកឱ្យប្រើប្រាស់ជាបន្ដបន្ទាប់ផងដែរ។ ជាងនេះទៅទៀតកំណាត់ផ្លូវក្រាលកៅស៊ូលេខ៧៣ មួយខ្សែមានប្រវែងជិត២០គីឡូម៉ែត្រ ពីស្រុកស្នួលឆ្ពោះទៅកាន់ព្រំប្រទល់ប្រទេសវៀតណាម ដែលត្រូវបានស្ថាបនានាពេលកន្លងមក ក៏បានរួច រាល់ជាស្ថាពរ និងបើកឱ្យដំណើរការកាលពីប៉ុន្មានខែមុននេះដែរ។ បន្ទាប់ពីមានផ្លូវក្រាលកៅស៊ូមួយខ្សែដែលតភ្ជាប់ពីស្រុកស្នួលទៅកាន់ព្រំប្រទល់ប្រទេសវៀតណាម ត្រពាំងស្រែ-វ៉ាលឺ រួចមក ការធ្វើចរាចរណ៍គឺមានការងាយស្រួលជាងមុនទ្វេដង និង កាន់តែឆាប់រហ័សទៀតផង។ ពីមួយថ្ងៃទៅមួយថ្ងៃការធ្វើដំណើរចេញចូលពីសំណាក់ប្រជាពលរដ្ឋវៀតណាមមកកាន់ទឹកដីកម្ពុជាក៏មានចំនួនកាន់តែច្រើនដែរ ប៉ុន្ដែក្នុងនោះត្រូវបានគេដឹងថា ខ្លះជាអ្នកជំនួញ និងភាគច្រើនគឺជាអ្នកមកលេងល្បែងក្នុងកាស៊ីណូឈ្មោះថា «ហេង ហេង» ដែលមានទីតាំងនៅចំណុចត្រពាំងស្រែស្ថិតក្នុងឃុំពីរធ្នូ ស្រុកស្នួល មានចម្ងាយជិតកន្លះគីឡូម៉ែត្រពីព្រំដែនវៀតណាម-កម្ពុជាត្រពាំងស្រែ។ កាស៊ីណូនេះត្រូវបានកសាងរួច និងបើកឱ្យភ្ញៀវចូលលេងកាលពីដើមឆ្នាំ២០១០កន្លងទៅនេះ ដោយក្រុមអ្នកចាត់ការអះអាងថា មានច្បាប់អនុញ្ញាតឱ្យបើកជាផ្លូវការយ៉ាងត្រឹមត្រូវ។ ទោះបីជាយ៉ាងណា បើតាមប្រភពព័ត៌មានមួយបានឱ្យដឹងថា កាស៊ីណូឈ្មោះហេង ហេង ដែលកំពុងតែបើកដំណើរការឱ្យភ្ញៀវចូលលេងល្បែងសព្វថ្ងៃនេះគឺមិនត្រឹមតែមានល្បែងលេងនៅក្នុងអគារប៉ុណ្ណោះទេ នៅមានបើកឱ្យលេងល្បែងបញ្ជល់មាន់នៅខាងក្រៅអគារក្នុងបរិវេណកាស៊ីណូនេះទៀតផង។ ប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃចុងសប្ដាហ៍ គឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យមានក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ទាំងខ្មែរ ទាំងវៀតណាមបានមកប្រមូលផ្ដុំគ្នានៅក្នុងបរិវេណកាស៊ីណូដើម្បីភ្នាល់បញ្ជល់មាន់ក្នុងសកម្មភាពហ៊ោកញ្ជ្រៀវខ្ញៀវខ្ញារ។ ជាក់ស្ដែងកាលពីថ្ងៃអាទិត្យទី២០ មីនា មានក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ទាំងខ្មែរ ទាំងវៀតណាម បានមកចាក់ភ្នាល់គ្នាតាំងពីព្រឹករហូតទល់ព្រលប់ ដោយក្នុងមួយគូៗភ្នាល់ដាក់លុយរាប់សិបម៉ឺនរៀល។ ប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា ការបើកឱ្យលេងល្បែងបញ្ជល់មាន់នៅក្នុងបរិវេណក្រោមរូបភាពកាស៊ីណូហេង ហេងនេះ អាជ្ញាធរថា មិនហ៊ានចុះបង្ក្រាបនិងហាមឃាត់ទេ ដោយសារតែគេមានខ្សែធំៗនៅពីក្រោយខ្នង ហើយគេលេងក្នុងកាស៊ីណូមានច្បាប់ត្រឹមត្រូវទៀត៕ |
អគ្គមេធាវីម៉ិចស៊ិកសុំលាលែងចេញពីតំណែង Posted: 01 Apr 2011 12:55 AM PDT ប្រធានាធិបតីម៉ិចស៊ិក លោកហ្វីលីប កាឌឺរ៉ូន ថ្លែងអះអាងបញ្ជាក់ថា អគ្គមេធាវីម៉ិចស៊ិក លោក Arturo Chaves បានសុំលាលែងចេញពីតំណែងហើយ ។ លោក Arturo Chaves បានដឹកនាំកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជួញដូរគ្រឿងញៀន និងធ្វើកំណែទម្រង់ប្រព័ន្ធតុលាការអស់រយៈពេល១៨ខែមកហើយ ។ លោកថ្លែងថា លោកសុំលាលែងចេញពីតំណែងដោយសារហេតុផលផ្ទាល់ខ្លួន ។ លោក Chaves នឹងត្រូវជំនួយដោយរដ្ឋអាជ្ញាស៊ើបអង្កេត លោកស្រី Marisela Morales ធ្វើឱ្យលោកស្រីក្លាយជាស្ត្រីអគ្គមេធាវីដំបូងគេរបស់ប្រទេសម៉ិចស៊ិក ។ នៅពេលកាន់តំណែងជាអគ្គមេធាវី លោក Arturo Chaves ទទួលបានការលើកសរសើរពីលោកប្រធានាធិបតីហ្វីលីប កាឌីរ៉ូន សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោក ។ លោកហ្វីលីប កាឌឺរ៉ូន ថ្លែងថា លោក Chaves ធ្វើការងារបានយ៉ាងល្អជាសារវន្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ម៉ិចស៊ិកដើម្បីបង្កើតនីតិរដ្ឋ។ លោក Arturo Chaves បានសុំលាលែងចេញពីតំណែងរយៈពេល៣សប្តាហ៍ក្រោយពីគេហទំព័រ Wikileaks ចេញផ្សាយឯកសារការទូតដែលពិពណ៌នាពីការតែងតាំងលោកកាលពីឆ្នាំ២០០៩ កន្លងមក ថា ជារឿងមិនច្បាស់លាស់។ លោក Chaves ជាអគ្គមេធាវីទី២ ដែលបានសុំលាលែងចេញពីតំណែងចាប់តាំងពីលោកកាឌឺរ៉ូន ចាប់ផ្តើមដាក់ពង្រាយកងទ័ពប្រយុទ្ធប្រឆាំងក្រុមជួញដូរគ្រឿងញៀនពីឆ្នាំ២០០៦មក ៕ |
រដ្ឋសភាចាប់ផ្តើមពិភាក្សា និងអនុម័តវិសោធនកម្មប្រឆាំងអំពើពុករលួយ Posted: 01 Apr 2011 12:43 AM PDT រាជធានីភ្នំពេញ ៖ នៅព្រឹកនេះវេលាម៉ោង១១ ថ្ងៃទី១ មេសា ២០១១ រដ្ឋសភាជាតិបានយល់ព្រមលើកយកសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយមាត្រា១៦ មាត្រា១០ និងមាត្រា៥៧ ។ ការប្រជុំសភានេះធ្វើឡើងក្រោមអធិបតីភាពសម្តេចហេង សំរិន ប្រធានរដ្ឋសភាមានសមាជិក សមាជិកាចំនួន១០៣រូប ។ យោងតាមសេចក្តីព្រាងច្បាប់ស្តីពីអំពើពុករលួយដែលកោះសន្តិភាពទទួលបានឱ្យដឹងថាត្រូវធ្វើវិសោធនកម្មមាត្រា១៦បន្ថែម មាត្រា១០ស្ទួន និងលុបមាត្រា៥៧ស្តីពីការប្រឆាំងអំពើពុករលួយដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៤១០/០០៤ ចុះថ្ងៃទី១៧ មេសា ២០១០ ។ យោងតាមមាត្រា១៦ថ្មីចែងពីថវិកា និងធនធានរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ ។ ស្ថាប័នប្រឆាំងអំពើពុករលួយមានកញ្ចប់ថវិកាដោយឡែកសម្រាប់ដំណើរការងាររបស់ខ្លួន ដែលនៅក្នុងថវិការបស់ជាតិ ។ ស្ថាប័នប្រឆាំងអំពើពុករលួយទទួលបានធនធានចាំបាច់នានាពីរដ្ឋាភិបាល និងមានសិទ្ធិទទួលអំណោយ ឬជំនួយពីអង្គការជាតិ អន្តរជាតិនានា ។ ស្ថាប័នប្រឆាំងអំពើពុករលួយមិនត្រូវទទួលជំនួយណាដែលនាំឱ្យទំនាស់ផលប្រយោជន៍ ៕ |
ឈូកមានប្រយោជន៍តាំងពីក្រអៅ ស្លឹក ផ្លែ ផ្កា Posted: 01 Apr 2011 12:15 AM PDT ខេត្តកណ្តាល ៖ ឈូកជាប្រភេទរុក្ខជាតិដែលមានប្រយោជន៍ច្រើនយ៉ាងដូចជាក្រអៅអាចយកទៅធ្វើជាបន្លែ ផ្កាឈូកយកទៅថ្វាយព្រះ ស្លឹកយកទៅខ្ចប់នំចំណី ផ្លែខ្ចីហូបឆៅ ផ្លែទុំយកទៅលីងធ្វើគ្រលីងឈូក ដំណាប់គ្រាប់ឈូក ធ្វើបង្អែម និងធ្វើម្សៅឈូកជាដើម។ បច្ចុប្បន្នកសិករនាំគ្នាដាំឈូកច្រើនដោយសារគ្រាប់ឈូកមានតម្លៃថ្លៃគឺក្នុងមួយគីឡូក្រាមរហូតដល់១ម៉ឺន២ពាន់រៀល។ ឈូកដែលគេបេះផ្កាយកមកលក់នៅលើទីផ្សារ ភាគច្រើនជាឈូកដែលដុះនៅតាមបឹង ឈូកពូជយកផ្កា ឬឈូកដុះមួល គេបេះផ្កា និងស្លឹកយកមកលក់ ដោយសារទុកផ្លែក៏មិនសូវបានផលប៉ុន្មានដែរ មិនដូចពូជឈូកដែលដាំយកផ្លែនោះទេ ។ កសិករ ឆៅ ឈឿន អាយុ៣៨ឆ្នាំ រស់នៅភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ បាននិយាយពីបទពិសោធន៍ផ្ទាល់របស់គាត់ក្នុងការដាំឈូកថា ពេលមានភ្លៀងធ្លាក់គេត្រូវភ្ជួរដាស់ដីឱ្យបានមុនរដូវទឹកឡើង។ ការធ្វើបែបនេះដើម្បីឱ្យស្មៅងាប់ ឬរលួយនៅពេលទឹកឡើង និងងាយស្រួលដល់រដូវទឹកសម្រកដែលត្រូវដាំ គឺស្មៅមិនអាចដុះរួបឈូកបាន។ លុះពេលទឹកចាប់ផ្ដើមស្រកទៅវិញបានត្រឹមជង្គង់ ឬចង្កេះ យើងអាចចាប់ផ្ដើមយកកូនមកដាំបណ្ដេញទឹក ហើយកូនដែលយកមកដាំនោះ ត្រូវផ្សាំទុកនៅក្នុងស្រះមានទឹកនឹង គឺមានន័យថា ទឹកមិនឡើងមិនចុះ រហូតឈូកដុះបែកសន្លឹកអណ្ដែតក្រាលលើទឹកហៅថា សន្លឹកកាក់ ទើបគេយកមកដាំ គេមិនយកកូនដែលមានស្លឹកងើបផុតពីទឹកមកដាំទេ ព្រោះវាមិនមានកម្លាំងខ្លាំងដូចកូនឈូកដែលទើបនឹងដុះ។ កសិកររូបនេះនិយាយរៀបរាប់ទៀតថា កាលណាឈូកចេញសន្លឹកគេដាក់ជីបាញ់ថ្នាំជំនួយដើម និងថ្នាំជំនួយផ្លែ លុះបានពីរខែឈូកចេញស្លឹកពីរទៅបីសន្លឹករួចចេញផ្កា ហើយចន្លោះពីបីទៅបួនខែឈូកចាប់ផ្ដើមផ្លែ ។ បើបេះផ្លែខ្ចីលក់ក្នុងមួយស្លឹក(៤០០ផ្លែ)ថ្លៃ១០ម៉ឺនរៀល បន្ទាប់ពីផ្លែចាស់ទៅតែមួយសប្ដាហ៍ឈូកក្លាយទៅជាគ្រលីងឡើងគ្រាប់ខ្មៅទើបបេះគ្រាប់បាន ហើយគ្រាប់ក្នុងមួយគីឡូក្រាមថ្លៃ១២.០០០រៀល។ តំបន់នេះគេនិយមដាំឈូកពូជសាំងហ្គាពួរដែលពូជនេះដាំរយៈពេល៤ខែនឹងទទួលបានផល ។ ចំណែកកសិករ គ្រី ម៉ា អាយុ៤០ឆ្នាំ នៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល និយមដាំឈូកប្រេងកន្លះ ឬឈូកបាយកន្លះ ដោយដាំរយៈពេលតែ៣ខែ បានផ្លែបេះហើយ តែពូជប្រភេទនេះគេមិនបេះផ្លែខ្ចីលក់ទេ ព្រោះផ្លែវាតូច គឺគេច្រើនទុកឱ្យទុំ។ គាត់និយាយថា ពូជឈូកទិញពីគេមួយដើមថ្លៃ១០០រៀល ក្នុងមួយហិកតាដាំ១.០០០គុម្ព។ ដំណាំឈូកទទួលផលបានច្រើននៅលើដីដែលខែវស្សាទឹកលិចខែប្រាំងគោក ឬដីកាប់ព្រៃរានថ្មី ។ គួរកត់សំគាត់ថា ឈូកមានការពិបាកថែទាំដោយសារទីមួយ ពេលឈូកដុះស្លឹកងើបផុតពីទឹកមានក្រាស៊ីស្លឹក និងទីពីរ ពេលផ្កាហើយជ្រុះអស់ចេញជាផ្លែតែមិនទាន់ដាក់គ្រាប់វាអាចមួល.ក ឬស្កកអត់មានគ្រាប់ទេ គឺក្នុងផ្លែអាចមានគ្រាប់ល្អតែ៥ ឬ៦គ្រាប់ប៉ុណ្ណោះ។ បើជួបប្រទះជំងឺទាំងអស់នេះធ្វើឱ្យអ្នកដាំក្នុងមួយរដូវនេះត្រូវខាតបង់ប្រាក់និងកម្លាំងឥតប្រយោជន៍ ហេតុនេះហើយទើបកសិករមួយចំនួនមិនសូវដាំ ។ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |