Koh Santipheap Daily |
- ពួកសម្ព័ន្ធមិត្តវាយប្រហារលើក្រុងទ្រីប៉ូលី និងក្រុង SYRTE
- បិសាចតណ្ហាបីចៅស្រីម្ចាស់ផ្ទះយកទៅរំលោភរួចរឹត.កប៉ងសម្លាប់
- ប្រទេសស៊ីរី សម្រេចលុបចោលច្បាប់គ្រាអាសន្ន
- អូតង់យល់ព្រមទទួលយកការបញ្ជាប្រតិបត្តិការសឹកនៅលីប៊ី
- ពលករម្នាក់ដេកស្លាប់ក្នុងខេត្តប្រាជីនបូរី បញ្ជូនសពតាមច្រកទ្វារ
- ជិះម៉ូតូមកពីទិញថ្នាំញៀនជួបប៉ូលិសល្បាតត្រូវចាប់ខ្លួន
- ប្រជាពលរដ្ឋស្រុកស្ទឹងហាវមកដាក់ពាក្យបណ្តឹងនៅអង្គភាពប្រឆាំងអំពើពុករលួយ
- ផឹកស្រាស្រវឹងដេញប្រពន្ធកូនចេញពីផ្ទះ ព្រឹកឡើងឃើញចង.កស្លាប់
- សាលាក្តីខ្មែរក្រហមចាប់ផ្តើមបើកសវនាការបណ្តឹងសាទុក្ខរបស់ឌុច ក្នុងសំណុំរឿង០០១
- បងប្អូនបង្កើតម្នាក់ផឹកស្រាស្រវឹងវាយគេ ម្នាក់ជេរប្រមាថប៉ូលិស
- កម្មកររោងចក្រកាត់ដេរជាង១ពាន់នាក់តវ៉ាចំពោះការកឹបកេងប្រាក់របស់ថៅកែ ចេញបិទផ្លូវជាតិលេខ២
- ជិះម៉ូតូបុកដើមត្របែកព្រៃបាក់កស្លាប់
- ៣នាក់ឪពុក និងកូនឆក់ចរន្តភ្លើងបន្តបន្ទាប់ស្លាប់ម្នាក់ របួសធ្ងន់២នាក់
- តុលាការដឹកនាំប៉ូលិសសេដ្ឋកិច្ចក្រសួងហាមឃាត់ទីតាំងផលិតឱសថបំប៉នសុខភាពសត្វ
- ប្រមូលផ្តុំគ្នាជក់ថ្នាំញៀនក្នុងចេតិយប៉ូលិសក្របួច៥នាក់
- ហ្វូគូស៊ីម៉ា ៖ TEPCO ទទួលស្គាល់ពីការភាន់ច្រឡំមួយក្រោយប្រកាសពីការកើនខ្ពស់នៃវិទ្យុសកម្ម
- ព្រានព្រៃបរបាញ់លើភ្នំយកកាំភ្លើងវាយសត្វផ្ទុះស្លាប់ខ្លួនឯង
- ពួកបះបោរលីប៊ីនឹងជំរុញការនាំចេញប្រេងវិញក្រោយវាយដណ្តើមកាន់កាប់ទីក្រុងប្រេងជាច្រើន
- រញ្ជួយដីកម្រិត6,5រីស្ទ័រកើតឡើងនៅឆ្នេរសមុទ្រភាគខាងកើតជប៉ុន
- អ៊ីស្រាអែលដាក់ពង្រាយប្រព័ន្ធការពារប្រឆាំងគ្រាប់រ៉ុក្កែតជាលើកដំបូង
ពួកសម្ព័ន្ធមិត្តវាយប្រហារលើក្រុងទ្រីប៉ូលី និងក្រុង SYRTE Posted: 28 Mar 2011 12:44 AM PDT ពួកបះបោរបច្ចុប្បន្នកំពុងលើកតម្រង់ទៅកាន់ទីក្រុង SYRTE ។ អង្គការអូតង់ប្រកាសថា ខ្លួនឡើងធ្វើមេបញ្ជាការរាល់ប្រតិបត្តិការយោធាដែលកំពុងធ្វើនៅលីប៊ីក្នុងពេលភ្លាមៗ។ |
បិសាចតណ្ហាបីចៅស្រីម្ចាស់ផ្ទះយកទៅរំលោភរួចរឹត.កប៉ងសម្លាប់ Posted: 28 Mar 2011 12:08 AM PDT ខេត្តកំពង់ចាម ៖ ក្មេងស្រីតូចបានគេចផុតពីសេចក្តីស្លាប់បន្ទាប់ពីទទួលរងការចាប់រំលោភពីជនកំណាចម្នាក់ ។ ដោយសារនាងមិនស្លាប់ ទើបជនល្មើសត្រូវបានចាប់ខ្លួន ។ តាមប្រភពព័ត៌មានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងក្នុង លំនៅឋានរបស់កសិករឈ្មោះឡុច មួយលី ភេទ ស្រី អាយុ៥១ឆ្នាំ រស់នៅភូមិកោះប្រាក់ក្នុង ឃុំ កោះទទ្ទឹម ស្រុកកំពង់សៀម ដោយចោរបានឡើងលួចទ្រព្យសម្បតិ្ត និងរើកកាយជជុះខោអាវរប៉ាត់រប៉ាយពេញលើផ្ទះនៅចន្លោះម៉ោង៤ទៅ៤និង៣០នាទីទៀបភ្លឺថ្ងៃទី២៧ មីនា ២០១១ យកបានលុយតែចំនួន២០ដុល្លារនិងទូរស័ព្ទដៃម៉ាកណូគៀ១គ្រឿងប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែលឃោរឃៅនោះគឺចោរនោះបានបីចៅស្រីអាយុ៦ឆ្នាំរបស់ម្ចាស់ផ្ទះនាំយកទៅរំលោភសេពសន្ថវៈនៅក្នុងចំការថ្នាំខាងក្រោយផ្ទះយ៉ាងព្រៃផ្សៃដោយយកខ្សែអាវរងាចងបិទមុខជិតប៉ងសម្លាប់បំបិទមាត់ តែអាយុថ្លៃមិនស្លាប់ត្រូវបានជីតាតាមរកឃើញទាំងអាក្រាតកាយននលគកសន្លប់ក៏ប្រញាប់នាំមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តជាបន្ទាន់ ។ តាមលោកអនុសេនីយ៍ឯក ចក់ សុខកៅ អធិការរងនគរបាលស្រុកកំពង់សៀមទទួលផែនយុត្តិធម៌បានប្រាប់ថា នៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ មីនា បុរសចំណាស់ឈ្មោះឆាន ឈា អាយុ៥៣ឆ្នាំ បានបើកទ្វារផ្ទះចុះមកហាន់ថ្នាំជក់ជាមួយប្រពន្ធ ឈ្មោះឡុច មួយលី អាយុ៥១ឆ្នាំ ដោយទុកឱ្យចៅស្រីអាយុ៦ឆ្នាំ នៅដេកលើផ្ទះក្នុងមុងតែម្នាក់ឯង។ លោកអធិការរងនគរបាលស្រុកកំពង់សៀម បានប្រាប់បន្តថា លុះនៅវេលាម៉ោង៥ទៀបភ្លឺស្រ្តីឈ្មោះឡុច មួយលី បានឡើងទៅលើផ្ទះស្រែកដាស់ចៅស្រីឱ្យទៅរៀនតែមិនបានឮមាត់ចៅស្រីឆ្លើយតបនោះទេ ។ ពេលនោះគាត់បានទៅបើកមុងមើលមិនឃើញចៅស្រី ក៏បានស្រែកហៅប្តីដែលកំពុងតែហាន់ថ្នាំនៅខាងក្រោមផ្ទះមកជួយរក និងបានបញ្ចាំងភ្លើងពិលរកមើលស្រាប់តែឃើញទូកំណាត់រហែកខោអាវរប៉ាត់រប៉ាយពេញលើផ្ទះ និងបាត់លុយអស់ចំនួន២០ដុល្លារព្រមទាំងទូរស័ព្ទដៃម៉ាកណូគៀ១គ្រឿងតែមិនឃើញចៅស្រីឡើយ ។ ដោយមិនអស់ចិត្តពួកគាត់បានតាមរកចៅស្រីនៅខាងក្រោមផ្ទះនិងជុំវិញផ្ទះនៅតែមិនឃើញ លុះដល់ម៉ោង៥និង៣០នាទីព្រឹកអ្នកស្រុកមកប្រាប់ថា ប្រទះឃើញចៅស្រីនៅក្នុងចំការថ្នាំខាងក្រោយផ្ទះ ទើបប្រញាប់ប្រញាល់ទៅមើលស្រាប់តែឃើញចៅស្រីសន្លប់ទាំងអាក្រាតកាយននលគក ដោយមានអាវរងាចងរុំបិទមុខជិត និងមានខ្សែអំបោះពណ៌សប្រវែងជិត១ម៉ែត្រចងរឹត.ក ទៀត ។ ភ្លាមនោះគាត់បានស្រាយខ្សែចេញហើយបានដឹកចៅស្រីយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តជាបន្ទាន់ និងបានដាក់ពាក្យប្តឹងដល់សមត្ថកិច្ចផងដែរ ។ បន្ទាប់ពីបានទទួលពាក្យបណ្តឹងកម្លាំងប៉ុស្តីរដ្ឋបាលឃុំកោះទទឹ្ទមបានធ្វើការស្រាវជ្រាវតាមរកមុខសញ្ញានៅក្នុងភូមិកោះប្រាក់ក្នុង តាមបញ្ជាលោកវរសេនីយ៍ត្រី ប៉ាក ជាតិ អធិការនគរបាលស្រុកកំពង់សៀម ។ កម្លាំងជំនាញបានតាមរុករកមុខសញ្ញាឈ្មោះជុន ផាន់ណា ហៅហើម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ គ្រាន់តែឃើញសមត្ថកិច្ចភ្លាមជននេះបានរត់ឡើងលើផ្ទះប្រជាពលរដ្ឋក្នុងបំណងគេចខ្លួន តែត្រូវសមត្ថកិច្ចឡោមព័ទ្ធចាប់បានហើយពេលឆែកឆេរខ្លួនឃើញមានលុយចំនួន២០ដុល្លារ និងទូរស័ព្ទដៃម៉ាកណូគៀ១គ្រឿងដែលលួចពីផ្ទះរបស់ស្រ្តីកសិករឈ្មោះឡុច មួយលី ទើបបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀមដើម្បីសួរនាំ ។ ជនសង្ស័យឈ្មោះជុន ផាន់ណា ឆ្លើយសារភាពថា នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៧ មីនា រូបគេបានឡើងលួចទ្រព្យសម្បត្តិលំនៅឋានខាងលើ ហើយពេលចុះមកដីវិញឃើញក្មេងស្រីអាយុ៦ឆ្នាំកំពុងតែអង្គុយបត់ជើងនៅក្បែរជណ្តើរក៏ចាប់បីយកទៅរំលោភនៅខាងក្រោយផ្ទះ។ រំលោភរួចគេបានយកខ្សែចងរឹតកក្មេងស្រីនោះដើម្បីបំបិទមាត់រហូតសន្លប់ស្មានថាស្លាប់ក៏គេចខ្លួនដោយទុកនាងចោលក្នុងចំការ ។ |
ប្រទេសស៊ីរី សម្រេចលុបចោលច្បាប់គ្រាអាសន្ន Posted: 28 Mar 2011 12:05 AM PDT នៅជាធរមានចាប់ពីឆ្នាំ១៩៦៣ មក ច្បាប់គ្រាអាសន្នដែលសម្រួលដល់ការចាប់ខ្លួនមនុស្សហើយអាជ្ញាធរត្រួតត្រាលើម៉ាស៊ីនឃោសនាទីបញ្ចប់ត្រូវបានប្រទេសស៊ីរីសម្រេចលុបចោល ក្រោយការតវ៉ាយ៉ាងខ្លាំងក្លានៅតាមដងវិថីមក ។ ប្រធានាធិបតីស៊ីរីលោកបាចារ អាល់ អាសាដ នឹងថ្លែងនាពេលឆាប់ៗនេះ ទៅកាន់ប្រជាជន ។ ទីប្រឹក្សារបស់លោកប្រធានាធិបតីបាចារ អាល់ អាសាដ លោកស្រីប៊ូសសៃណា ចាអា បានអះអាងកាលពីថ្ងៃទី២៧ មីនា ថា អាជ្ញាធរស៊ីរី បានសម្រេចលុបចោលច្បាប់គ្រាអាសន្នដែលមានជាធរមានចាប់ពីឆ្នាំ១៩៦៣មក ។ ក៏ប៉ុន្តែពុំទាន់មានកាលបរិច្ឆេទណាមួយត្រូវបានកំណត់សម្រាប់អនុវត្តការសម្រេចចិត្តនេះនៅឡើយ ។ |
អូតង់យល់ព្រមទទួលយកការបញ្ជាប្រតិបត្តិការសឹកនៅលីប៊ី Posted: 28 Mar 2011 12:03 AM PDT អង្គការអូតង់ពេលនេះបានយល់ព្រមទទួលយកការបញ្ជាទាំងស្រុងលើប្រតិបត្តិការសឹកនៅប្រទេសលីប៊ី ពីប្រទេសសម្ព័ន្ធមិត្ត ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបង្កើនការវាយប្រហារប្រឆាំងកងទ័ពរបស់លោកកាដាហ្វី ប្រសិនបើពួកគេនៅតែបន្តគំរាមកំហែងជនស៊ីវិលទៀត ។ ត្រូវជំរុញដោយបណ្តាប្រទេសមហាអំណាចពិភពលោក ពិសេសសហរដ្ឋអាមេរិក និងអ៊ីតាលី ដើម្បីបញ្ជាប្រតិបត្តិការយោធានៅលីប៊ី ឯកអគ្គរដ្ឋទូតមកពីក្រុមសម្ព័ន្ធមិត្ត ដែលមាន២៨ប្រទេសជាសមាជិកបានសម្រេចអនុម័តផ្ទេរការបញ្ជាប្រតិបត្តិការសឹកនៅលីប៊ី ។ |
ពលករម្នាក់ដេកស្លាប់ក្នុងខេត្តប្រាជីនបូរី បញ្ជូនសពតាមច្រកទ្វារ Posted: 27 Mar 2011 11:38 PM PDT ក្រុងប៉ោយប៉ែត ៖ ពលករម្នាក់បានដេកស្លាប់ក្នុងទឹកដីសៀម ស្រុកស៊ីមហាផូត ខេត្តប្រាជីនបូរី ដោយពុំដឹងពីមូលហេតុ កាលពីយប់ថ្ងៃទី២៥ មីនា ហើយត្រូវបានភាគីសៀមបញ្ជូនសពមកឱ្យសាច់ញាតិវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៦ មីនា ។ សពមានឈ្មោះសុខ សេន ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិស្រម៉ធំ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ បើតាមការឱ្យដឹងពីឈ្មោះសុខ ឌុក ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់សពបានប្រាប់ថា រូបគាត់ និងបង ព្រមទាំងក្មួយត្រូវជាកូនរបស់សពបានចូលទៅដីសៀមតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយធ្វើប័ណ្ណចូលទៅធ្វើជាកម្មករស៊ីឈ្នួលដាំកូនប្រេងខ្យល់ឱ្យថៅកែសៀមមួយគ្រួសារក្នុងខេត្តខាងលើ បានរយៈពេលជិតមួយខែហើយ ។ ឈ្មោះឌុក បន្តថា ការស្លាប់របស់បងប្រុសគាត់នោះគ្មាននរណាដឹងថា ស្លាប់នៅម៉ោងប៉ុន្មានទេ នៅយប់ថ្ងៃទី២៥ មីនា លុះព្រឹកថ្ងៃទី២៦ មីនា ពេលឃើញបងដេកយូរខុសសព្វដង គាត់ក៏ចូលទៅដាស់ឱ្យក្រោក ស្រាប់តែរឹងបាត់ទៅហើយ ទើបដឹងថា ស្លាប់ ។ ឈ្មោះឌុក បន្តទៀតថា ការស្លាប់របស់បងគាត់ ថៅកែសៀមបើកប្រាក់ការងារឱ្យបានចំនួន២ពាន់បាត ប៉ុន្តែមិនជួយលុយឧបត្ថម្ភក្រៅទេ ។ សពត្រូវបានដាក់ចុះពីរថយន្តសៀមនៅវត្តបាលិលេយ្យ ដើម្បីរករថយន្តដឹកបន្តទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ |
ជិះម៉ូតូមកពីទិញថ្នាំញៀនជួបប៉ូលិសល្បាតត្រូវចាប់ខ្លួន Posted: 27 Mar 2011 11:33 PM PDT រាជធានីភ្នំពេញ ៖ អ្នករត់ម៉ូតូឌុបម្នាក់ ត្រូវកម្លាំងប៉ូលិសប៉ុស្តិ៍ទួលសង្កែ ចាប់ខ្លួនកាលពីវេលាម៉ោង១២និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ មីនា នៅតាមផ្លូវលេខ២៧៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នៅពេលត្រឡប់មកពីទិញថ្នាំញៀន ។ ខណៈពេលឃាត់ខ្លួននោះសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៦កញ្ចប់តូច និងប្រភេទយ៉ាម៉ាចំនួន២គ្រាប់ និង២ចំហៀង ព្រមទាំងម៉ូតូធុន C100 កូរ៉េ ពណ៌ក្រហម មួយគ្រឿង ។ ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះហេង ស្រ៊ុន ភេទប្រុស អាយុ៥២ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅផ្ទះជួលនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។ តាមប្រភពពីសមត្ថកិច្ចខណ្ឌឫស្សីកែវឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ទួលសង្កែ និងប៉ូលិសខណ្ឌឫស្សីកែវ រួមគ្នាធ្វើការល្បាតនៅក្នុងមូលដ្ឋានតាមផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែ ប្រទះឃើញជនម្នាក់ ។ ដោយមានការសង្ស័យ សមត្ថកិច្ចឃាត់ខ្លួនធ្វើការត្រួតពិនិត្យ ឆែកឆេរក៏បានរកឃើញថ្នាំញៀនមួយចំនួនដែលជននេះលាក់ទុកនៅក្នុងស្តុបម៉ូតូ ហើយក៏ឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវបន្តទៀត ។ ប្រភពដដែលបន្តថា នៅក្នុងសង្កាត់ទួលសង្កែជាភូមិសាស្ត្រស្មុគស្មាញ ហើយសមត្ថកិច្ចខណ្ឌឫស្សីកែវ តែងសហការគ្នាជាមួយប៉ុស្តិ៍ទួលសង្កែធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីបង្ការ និងទប់ស្កាត់បទល្មើស ។ |
ប្រជាពលរដ្ឋស្រុកស្ទឹងហាវមកដាក់ពាក្យបណ្តឹងនៅអង្គភាពប្រឆាំងអំពើពុករលួយ Posted: 27 Mar 2011 11:30 PM PDT រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភូមិកែវផុស ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្ន ស្ថិតក្នុងភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (កាត់ចូលខេត្តព្រះសីហនុ) ចំនួន១០នាក់ តំណាងឱ្យ៣២គ្រួសារ បានមកប្រមូលផ្តុំគ្នានៅមុខអង្គភាពប្រឆាំងអំពើពុករលួយ និងកាន់បដាពាក្យស្លោក កាលពីព្រឹកថ្ងៃទី២៨ មីនា ២០១១ ដើម្បីដាក់ពាក្យបណ្តឹងចោទលោកជៀម ផែន រំលោភយកដីរបស់ពួកគាត់៣៥២ហិកតា និងសុំឱ្យដោះលែងប្រជាពលរដ្ឋពីរនាក់ដែលតុលាការកំពុងឃុំខ្លួននៅពន្ធនាគារខេត្តកោះកុង ។ ក្នុងពាក្យបណ្តឹងប្រជាពលរដ្ឋបានលើកឡើងថា ដីទំនាស់ជាប្រភេទដីលំនៅឋាន និងជាដីផលិតកម្ម ស្ថិតនៅចំណុច «ចង្រាំង ភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ អតីតឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ហើយដីធ្លីប្រជាពលរដ្ឋចំនួន៣៥២ហិកតា ត្រូវបានឈ្មោះជៀម ផែន រំលោភយក និងក្លែងឯកសារ និងប្តឹងប្តល់គ្នាអស់រយៈពេលប្រហែល៥ឆ្នាំ រហូតឈានដល់ចាប់ប្រជាពលរដ្ឋ២នាក់ដាក់គុកនៅខេត្តកោះកុង និង៨នាក់ទៀតត្រូវតុលាការកាត់ក្តីឱ្យជាប់គុកក្នុងម្នាក់ៗ១៨ខែ សងទៅឱ្យឈ្មោះជៀម ផែន ២០លានរៀល ។ ដោយសារប្រជាពលរដ្ឋអស់ជំនឿលើសមត្ថកិច្ចមូលដ្ឋាន និងស្ថាប័នតុលាការទើបនាំគ្នាមកកាន់អង្គភាពប្រឆាំងអំពើពុករលួយប្រយោជន៍សុំកិច្ចអន្តរាគមន៍ពីលោកទេសរដ្ឋមន្ត្រីប្រធានអង្គភាពប្រឆាំងអំពើពុករលួយជួយផ្តល់ភាពយុត្តិធម៌ និងសំណូមពរ ១-សុំអន្តរាគមន៍ដោះលែងប្រជាពលរដ្ឋ២នាក់ កំពុងជាប់ពន្ធនាគារឱ្យមានសេរីភាព និងសុំការលើកលែងចោទប្រកាន់តំណាងប្រជាពលរដ្ឋចំនួន៨នាក់ ដែលតុលាការកាត់ឱ្យជាប់គុគក្នុងម្នាក់ៗ១៨ខែ ២-សុំផ្តន្ទាទោសអ្នកក្លែងបន្លំឯកសារសាធារណៈ និងអ្នកពុករលួយ នៅសាលាដំបូងខេត្តកោះកុង ៣-សុំបញ្ឈប់ ឬបង្អង់នីតិវិធីនៅសាលាឧទ្ធរណ៍ដើម្បីរង់ចាំគណៈកម្មការអន្តរក្រសួងរកខុសត្រូវសិន ។ នៅព្រឹកថ្ងៃដដែលអង្គភាពប្រឆាំងអំពើពុករលួយបានអនុញ្ញាតឱ្យតំណាងប្រជាពលរដ្ឋចូលទៅដាក់ពាក្យបណ្តឹងហើយបាននាំគ្នាធ្វើដំណើរទៅលំនៅឋានវិញផងដែរ ៕ |
ផឹកស្រាស្រវឹងដេញប្រពន្ធកូនចេញពីផ្ទះ ព្រឹកឡើងឃើញចង.កស្លាប់ Posted: 27 Mar 2011 11:27 PM PDT ខេត្តកណ្តាល ៖ បុរសម្នាក់បានចង.កធ្វើអត្តឃាតនៅក្នុងផ្ទះរបស់ខ្លួនដោយយកក្រមាចងភ្ជាប់ទៅនឹងធ្នឹមដំបូល ស្លាប់លុតជង្គង់នៅលើគ្រែ ហើយត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៨ មីនា ២០១១ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។ មូលហេតុដែលបុរសនេះចង.កគឺត្រូវបានគេអះអាងថា ដោយសារតែមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ ហើយគាត់ផឹកស្រាស្រវឹង ។ បុរសរងគ្រោះឈ្មោះមាស ស៊ន អាយុ៤២ឆ្នាំ ជាកម្មករសំណង់ ប្រពន្ធឈ្មោះកុល សុភ័ណ្ឌ អាយុ៣៩ឆ្នាំ មានកូន២នាក់ ស្រុកកំណើតនៅភូមិស៊ឹង ឃុំកំពង់ស៊ឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ប្រពន្ធជនរងគ្រោះបានឱ្យដឹងថា នៅល្ងាចថ្ងៃទី២៧ មីនា ប្តីរបស់គាត់បានផឹកស្រាស្រវឹង ហើយឈ្លោះជាមួយគាត់ និងបានបណ្តេញគាត់ និងកូនចេញពីផ្ទះ ពេលនោះគាត់បានទៅសម្រាកនៅផ្ទះបងមួយយប់ ។ លុះព្រឹកឡើងត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញប្តីចង.កស្លាប់តែម្តង ៕ |
សាលាក្តីខ្មែរក្រហមចាប់ផ្តើមបើកសវនាការបណ្តឹងសាទុក្ខរបស់ឌុច ក្នុងសំណុំរឿង០០១ Posted: 27 Mar 2011 11:25 PM PDT រាជធានីភ្នំពេញ ៖ វេលាម៉ោង៩ព្រឹកថ្ងៃទី២៨ មីនា ២០១១ ដូចការគ្រោងទុក ដំណើរការសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿងក្តី០០១ របស់កាំង ហ្គេចអា៊វ ហៅឌុច អតីតមេគុកទួលស្លែង នៅតុលាការកំពូលបានចាប់ផ្តើមដោយមានការចូលរួមតែសហមេធាវី និងចៅក្រមប៉ុណ្ណោះ ហើយសវនាការនេះចាប់ផ្តើមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ មីនា ២០១១ ។ ក្នុងបន្ទប់សវនាការមានជនជាប់ចោទកាំង ហ្គេចអ៊ាវ ហៅឌុច អតីតមេគុកទួលស្លែង ដែលជាដើមបណ្តឹងសាទុក្ខ សហមេធាវីទាំង២រូប សហព្រះរាជអាជ្ញា រួមទាំងសហចៅក្រមជំនុំជម្រះតុលាការកំពូលដែលមានសមាសភាព៧រូប និងចៅក្រមបម្រុង២រូប ។ ឌុចបាននិយាយថា គាត់នៅតែបន្តដាក់បណ្តឹងសាទុក្ខនេះដដែល ហើយបានផ្តល់សិទ្ធិទៅឱ្យសហមេធាវីរបស់គាត់ ។ មេធាវីរបស់ឌុច លោកការ សាវុធ បានថ្លែងថា សាលាក្តីនេះកាត់ទោសទៅលើតែមេដឹកនាំជាន់ខ្ពស់បំផុត និងអ្នកទទួលខុសត្រូវខ្ពស់បំផុតប៉ុណ្ណោះ ។ លោកកាំង ហ្គេចអ៊ាវ ហៅ ឌុច ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តនៅមន្ទីរ ស-២១ ហៅគុកទួលស្លែង និងទីតាំងផ្សេងទៀត ដែលជាប់ពាក់ព័ន្ធក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ ឌុច ត្រូវបានអង្គជំនុំជម្រះសាលាដំបូងផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល៣៥ឆ្នាំកាត់កងនៅសល់១៩ឆ្នាំ។ យោងតាមមន្ត្រីសាលាក្តីឱ្យដឹងថា មេធាវីការពារ ក្តី សហព្រះរាជអាជ្ញា និងដើមបណ្តឹងសាទុក្ខ (ឌុច)បានដាក់ប្តឹងសាទុក្ខប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង ដែលកាត់ឌុច ឱ្យជាប់ទោស៣៥ឆ្នាំ។ សវនាការនៅថ្ងៃទី២៨ មីនា ដល់ថ្ងៃទី៣១ មីនា ២០១១ មិនមានសាក្សី ឬស្ថាប័នជំនាញពាក់ព័ន្ធចូលរួមទេ ហើយក៏មិនជជែកពីអង្គហេតុនៃការធ្វើទារុណកម្មសម្លាប់មនុស្សនៅគុកទួលស្លែងដែរ។ សវនាការនៅអង្គជំនុំជម្រះតុលាការកំពូលលើកនេះនិយាយអំពីថាតើឌុច ជាអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបខ្មែរក្រហម ឬយ៉ាងណា? ហើយការផ្តន្ទាដល់ទោសឌុច រយៈពេល៣៥ឆ្នាំនោះ ជាការសមស្របដែរឬទេ? |
បងប្អូនបង្កើតម្នាក់ផឹកស្រាស្រវឹងវាយគេ ម្នាក់ជេរប្រមាថប៉ូលិស Posted: 27 Mar 2011 08:50 PM PDT ខេត្តកណ្តាល ៖ យុវជន២នាក់បងប្អូនបង្កើតត្រូវប៉ូលិសព្រហ្មទណ្ឌស្រុកអង្គស្នួល និងប៉ូលិសប៉ុស្តិ៍បែកចានចាប់ខ្លួនដោយសារយុវជនជាបងផឹកស្រាស្រវឹង ហើយស្ទាក់វាយអ្នកជិះម៉ូតូតាមផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ពេលប៉ូលិសចាប់ខ្លួន យុវជនជាប្អូនបានជេរប្រមាថរករឿងប្រុងវាយប៉ូលិសទៀត ទើបត្រូវចាប់ខ្លួនទាំង២នាក់តែម្តង ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២៦ មីនា ឆ្នាំ២០១១ នៅលើផ្លូវបេតុងច្រកចូលរោងចក្រកាត់ដេរខាំវែល ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ យុវជនដែលត្រូវប៉ូលិសចាប់ខ្លួននោះ បងឈ្មោះឡុង ម៉េងលី អាយុ២១ឆ្នាំ ជាជនដៃដល់ វាយគេកំពុងជិះម៉ូតូ និងវាយបំផ្លាញម៉ូតូរបស់គេទៀត ។ ចំណែកឯប្អូនប្រុសដែលជេរប្រមាថរករឿងប៉ូលិសខឹងចាប់បងប្រុសរបស់ខ្លួននោះឈ្មោះឡុង ម៉េងហួរ អាយុ១៨ឆ្នាំ ពួកគេទាំង២នាក់រស់នៅភូមិកើេតហេតុ ខាងលើ ។ រីឯបុរសរងគ្រោះដោយជនខាងលើស្ទាក់វាយនោះឈ្មោះជន ម៉ៅ អាយុ២៤ឆ្នាំ មុខរបរសន្តិសុខរោងចក្រកាត់ដេរហោស៊ីញ ស្នាក់នៅភូមិចុងបង្គោល ឃុំបែកចាន រងរបួសប៉ោងមុខ និងខ្លួនប្រាណសន្លប់ជិត១ម៉ោងទើបដឹងខ្លួន។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនដៃដល់បានផឹកស៊ីស្រវឹងធ្លាក់ភ្នែកនៅក្នុងពិធីជប់លៀងក្នុងភូមិបុរីកម្មករ ឃុំបែកចាន លុះក្រោយមកជននោះបានចាកចេញពីភូមិបុរីកម្មករ ឃុំបែកចាន ឆ្ពោះទៅចំណុចកើតហេតុ ព្រោះកន្លែងនោះក៏មានពិធីចាក់ធុងបាស់រាំលេងដែរ ។ ប្រភពដដែលបានបន្តថា ចំណែកឯជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Fino ពណ៌លឿង តែម្នាក់ឯង ទៅយកប្អូនប្រុសរបស់ខ្លួនធ្វើជាសន្តិសុខយាមនៅរោងចក្រជាមួយគ្នានោះដែរ ។ ប៉ុន្តែពេលទៅដល់ ប្អូនប្រុសធ្វើការថែមម៉ោង ទើបជនរងគ្រោះជិះត្រឡប់មកវិញ ហើយពេលដល់ចំណុចកើតហេតុ ស្រាប់តែជនដៃដល់ឈ្មោះឡុង ម៉េងលី ស្ទុះទៅវាយចំកណ្តាលមុខ១ដៃ បណ្តាលឱ្យដួលម៉ូតូទាំងកំរោល ។ ប្រភពដដែលបានបន្តទៀតថា ក្រោយពេលវាយរួច ជនសង្ស័យបានស្រែកបំភាន់ថា ជនរងគ្រោះជិះម៉ូតូបុកខ្លួន ពេលនោះធ្វើឱ្យអ្នកនៅកន្លែងរាំវង់យល់ច្រឡំថា ជនរងគ្រោះជិះម៉ូតូបុកគេមែន ក៏បាននាំគ្នាទៅចោមរោមវាយជនរងគ្រោះជាមួយជនដៃដល់នោះដែរ ។ បន្ទាប់ពីមានហេតុការណ៍បែបនេះ ប៉ូលិសប៉ុស្តិ៍បែកចាន និងប៉ូលិសព្រហ្មទណ្ឌស្រុកអង្គស្នួលចេញអន្តរាគមន៍ចាប់ខ្លួនជនល្មើសឈ្មោះឡុង ម៉េងលី បានម្នាក់ ឯអ្នកផ្សេងទៀតគេចខ្លួនអស់ ។ ប្រភពដដែលបន្ថែមថា ក្រោយពេលចាប់ខ្លួន ឈ្មោះឡុង ម៉េងលី បាន ស្រាប់តែលេចមុខប្អូនប្រុសរបស់គេឈ្មោះឡុង ម៉េងហួរទៅដល់ ហើយបានជេរប្រមាថប៉ូលិស ព្រោះខឹងប៉ូលិសចាប់បងប្រុសរបស់ខ្លួន ។ ពេលនោះទោះបីប៉ូលិសដេញឱ្យដើរចេញក៏មិនព្រមចេញដែរ ទើបប៉ូលិសឃាត់ខ្លួនចោទប្រកាន់ថា ក្មេងទំនើង ។ យុវជនទំនើងទាំង២នាក់កំពុងត្រូវបានប៉ូលិសធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។ ប៉ូលិសអះអាងតាមការសួរចម្លើយ រវាងជនរងគ្រោះ និងជនដៃដល់ថា ភាគីទាំង២ពុំដែលមានគំនុំនឹងគ្នាឡើយ ប៉ុន្តែដោយសារជនល្មើសខាងលើជាក្រុមក្មេងទំនើង ជាពិសេសជាមុខសញ្ញាសេពគ្រឿងញៀនផងនោះ ទើបចេះតែវាយគេវាយឯងគ្មានមូលហេតុបែបនេះ៕ |
Posted: 27 Mar 2011 08:49 PM PDT រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនីកាត់ដេរជាង១ពាន់នាក់ របស់រោងចក្រតាក់ហ្វាត បានកើតទុក្ខមិនសុខចិត្តចំពោះការរឹតត្បិតរបស់ថៅកែ ក៏ដូចជាអ្នកគ្រប់គ្រងមកលើពួកគេ ជាពិសេសរំលោភច្បាប់ការងារមិនបើកប្រាក់ទៅតាមការកំណត់របស់ច្បាប់ការងារ ធ្វើឱ្យពួកគេមិនអាចទទួលយកបាន ក៏ចេញធ្វើការតវ៉ាបិទផ្លូវជាតិលេខ២ នៅម្តុំភូមិព្រៃតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោងជាង៨ព្រឹកថ្ងៃទី២៨ មីនា ២០១១ ។ បន្ទាប់ពីកម្មករផ្អើលឆុលធ្វើការតវ៉ាដោយបិទផ្លូវ បង្កឱ្យស្ទះចរាចរណ៍នោះ ប្រហែលជា៣០នាទី គេឃើញសមត្ថកិច្ចប៉ូលិស-ប៉េអឹមប្រមាណជាង៣០០នាក់ បានមកដល់រៀបចំសណ្តាប់ធ្នាប់ មានដំបង ខែល ដោយឈរពុះកណ្តាលទ្រូងផ្លូវ រុញច្រានក្រុមបាតុករឱ្យញែកចេញទៅខាងចិញ្ចើមផ្លូវបើកឱ្យអ្នកដំណើរធ្វើចរាចរទៅតាមប្រក្រតីភាពឡើងវិញ...ក្រុមកម្មករបានស្រែកចំអកទៅកាន់សមត្ថកិច្ចថា ពួកគេតវ៉ាចំពោះការកឹបកេងបរស់ថៅកែរោងចក្រ ដែលគៃបំបាត់ប្រាក់ផ្សេងៗរបស់ពួកគេ ក្នុងនាមពួកគេជាពលករ ឬកម្មករស្លូតត្រង់តែប៉ុណ្ណោះ ហេតុអ្វីសមត្ថកិច្ចមិនជួយអន្តរាគមន៍ឈឺឆ្អាលដល់ពួកគេ បែរជាមកគាបសង្កត់ពួកគេថែមទៀតទៅវិញ ។ កម្មករបានទាមទារថា សូមឱ្យថៅកែបើកប្រាក់បំណាច់ឆ្នាំ ប្រាក់អតីតភាពការងារ ប្រាក់ជូនដំណឹងពេលរោងចក្រក្ស័យធន និងប្រាក់ផ្សេងៗជាច្រើនទៀត ដែលថៅកែមិនបានបើកឱ្យ...ក្រុមកម្មករបានធ្វើការតវ៉ាតាំងពីថ្ងៃទី១៦ មីនា ២០១១ មកម៉្លេះ ប៉ុន្តែថៅកែមិនព្រមដោះស្រាយទេ អញ្ចឹងហើយទើបពួកគេធ្វើការតវ៉ាមកដល់ថ្ងៃនេះ និងគ្រោងបន្តទៀត ៕ |
ជិះម៉ូតូបុកដើមត្របែកព្រៃបាក់កស្លាប់ Posted: 27 Mar 2011 08:38 PM PDT រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបន្ទាប់ពីបើកម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ កណ្តាល 1K-7195 រេចង្កូតទៅបុកចិញ្ចើមផ្លូវពេញទំហឹង ហើយអ្នកបើកបរផ្លោងទៅបោកខ្លួននឹងដើមត្របែកព្រៃ នៅមុខ ធនាគារពាណិជ្ជទី១ ទល់មុខវិទ្យាល័យព្រះស៊ីសុវត្ថិលើកំណាត់មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៤និង២០នាទីព្រឹកថ្ងៃទី២៨ មីនា ២០១១។ ស្ត្រីម្នាក់ជាអ្នកបោសសំរាមក្បែរចំណុចកើតហេតុបាននិយាយថា មុនពេលកើតហេតុ គាត់ឃើញបុរសម្នាក់ស្លៀកពាក់ស៊ីវិល ជិះម៉ូតូក្នុងល្បឿនលឿនបង្គួរលើកំណាត់មហាវិថីព្រះនរោត្តម ឆ្ពោះទៅទិសខាងជើង (រមណីយដ្ឋានវត្តភ្នំ) លុះមកដល់មុខធនាគារពាណិជ្ជទី១ (ទល់មុខវិទ្យាល័យព្រះស៊ីសុវត្ថិ) ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក បើកពីក្រោយម៉ូតូជនរងគ្រោះ ទំនងជាខ្លាចរថយន្តកៀរ បុរសជាម្ចាស់ម៉ូតូវ៉េវ គេចមកខាងស្តាំដៃ ហើយជ្រុលទៅបុកចិញ្ចើមផ្លូវពេញទំហឹង រួចមនុស្សផ្លោងទៅបុកដើមត្របែកព្រៃទើបធ្លាក់ចុះមកថ្នល់វិញ ។ ជនរងគ្រោះមិនបានស្រែកអ្វីមួយម៉ាត់នោះទេ គឺដេកស្តូកយ៉ាងស្ងៀមស្ងាត់ក្នុងថ្លុកឈាមមើលទៅគួរឱ្យស្រៀវសាច់ក្រៃលែង អ្វីៗនឹកស្មានមិនដល់មែន ព្រោះបុរសនោះបើកម៉ូតូមិនជាលឿនប៉ុន្មានឡើយ ស្រាប់តែមកស្លាប់មួយរំពេចបែបនេះ ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបែកក្បាល និងបាក់កធ្ងន់ធ្ងរហើយបានស្លាប់ភ្លាមៗមុនរថយន្តពេទ្យមកដល់ ។ បុរសរងគ្រោះឈ្មោះណុប និវត្ត ហៅធី អាយុ៤០ឆ្នាំ ជាបុគ្គលិកបម្រើការនៅមន្ទីររដ្ឋសភា ៕ |
៣នាក់ឪពុក និងកូនឆក់ចរន្តភ្លើងបន្តបន្ទាប់ស្លាប់ម្នាក់ របួសធ្ងន់២នាក់ Posted: 27 Mar 2011 08:34 PM PDT ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់ត្រូវបានស្លាប់ រីឯបងប្រុស និងឪពុកបានរងរបួសធ្ងន់ធ្ងរក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ឆក់ចរន្តភ្លើង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៦ មីនា ឆ្នាំ២០១១ នៅភូមិវត្តចាស់ ឃុំ-ស្រុកម៉ាឡៃ ។ តាមប្រភពពីលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំម៉ាឡៃ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងឧប្បត្តិហេតុខាងលើ ឈ្មោះយ៉ែម ណា ភេទប្រុស អាយុ៩ឆ្នាំ នៅភូមិកើតហេតុ ។ មុនពេលកើតហេតុ កុមារា រងគ្រោះបានឡើងដើមដូងដែលមានកម្ពស់ប្រហែល៤ម៉ែត្រ ដើម្បីកាប់ធាងដូងដែលចុងធាងបានគងលើខ្សែភ្លើងស្រាត ស្របពេលនោះមេឃភ្លៀងរលឹម ទើបបណ្តាលឱ្យចរន្តភ្លើងឆ្លងឆក់ស្លាប់នៅលើចុងដូងភ្លាមៗមួយរំពេច ។ ស្របពេលនោះឪពុកឈ្មោះអ៊ូច យឿន ឃើញ កូនត្រូវខ្សែភ្លើងឆក់ស្លាប់ដូច្នោះក៏ស្ទុះឡើងដើមដូង ដើម្បីជួយយកសពចុះមកដី ប៉ុន្តែគ្រាន់តែឡើងដល់ចុងដូងក៏ត្រូវចរន្តភ្លើងឆក់ជាប់នៅចុងដូង ឯសពកូនប្រុសក៏ធ្លាក់មកដី ។ ជាមួយគ្នានោះ កូនប្រុសច្បងឈ្មោះយ៉ែម យ៉ាន់ អាយុ២០ឆ្នាំ ឃើញឪពុកឆក់ខ្សែភ្លើង ក៏ស្ទុះឡើងទៅជួយឪពុកតែត្រូវចរន្តភ្លើងឆក់ធ្លាក់មកដីទាំង២នាក់ឪពុក និងកូន បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានអ្នកជិតខាងជួយដឹកយកទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ ទាន់ពេល ដែលបច្ចុប្បន្នអ្នករងគ្រោះទាំង២បានដឹងខ្លួន រួចផុតពីការស្លាប់ហើយ ប៉ុន្តែដើរមិនទាន់រួចនៅឡើយ ។ លោកនាយប៉ុស្តិ៍បានបន្តថា តាមព័ត៌មានក្រៅផ្លូវថា នៅថ្ងៃកើតហេតុឈ្មោះរ៉ន ភេទស្រី អាយុ៤៨ឆ្នាំ ត្រូវជាម្តាយធំរបស់ក្មេងប្រុសរងគ្រោះនិយាយថា រកអ្នកឡើងកាប់ធាងដូងដែលគងលើខ្សែភ្លើង បានឱ្យ២.០០០រៀល ពេលនោះក្មេងប្រុសរងគ្រោះឈ្មោះយ៉ែម ណា បានចិត្តឡើងកាប់ ក៏ជួបនូវគ្រោះថ្នាក់នេះតែម្តង ហើយឆក់ជាបន្តបន្ទាប់ដល់អ្នកជួយទៀត ។ លោកវរសេនីយ៍ត្រីម៉ី សាម៉ន អធិការនគរបាលស្រុកម៉ាឡៃ បានឱ្យដឹងថា ដើមដូងនោះគឺជារបស់ឈ្មោះរ៉ន ត្រូវជាម្តាយធំកុមាររងគ្រោះ ហើយដើមដូងនោះរយៈកាលកន្លងមក ក្មេងៗ តែងតែឡើងបេះផ្លែ ប៉ុន្តែមិនមានបញ្ហាទេ តែដល់ក្មេងប្រុសរងគ្រោះឡើងកាប់ធាង ស្របពេលដែលមេឃភ្លៀងរលឹម ទើបបណ្តាលឱ្យចរន្តភ្លើងឆ្លងឆក់ស្លាប់ ហើយឪពុក និងកូនប្រុសច្បងទៅជួយក៏ត្រូវឆក់ជាបន្តបន្ទាប់ ប៉ុន្តែមិនរងគ្រោះថ្នាក់ដល់ជីវិតទេ គ្រាន់តែរងរបួសធ្ងន់ ។ បច្ចុប្បន្នសពកុមារារងគ្រោះត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីក្រោមដំណក់ទឹកភ្នែកឪពុកម្តាយ បងប្អូន និងសាច់ញាតិ ក្នុងក្តីអាឡោះអាល័យអាណិតអាសូរពន់ពេក ៕ |
តុលាការដឹកនាំប៉ូលិសសេដ្ឋកិច្ចក្រសួងហាមឃាត់ទីតាំងផលិតឱសថបំប៉នសុខភាពសត្វ Posted: 27 Mar 2011 08:27 PM PDT រាជធានីភ្នំពេញ ៖ អយ្យការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ មីនា បានដឹកនាំកម្លាំងមានសមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ នាយកដ្ឋានកាំកុងត្រូលក្រសួងពាណិជ្ជកម្ម មន្ត្រីជំនាញមកពីក្រសួងសុខាភិបាល រួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានចុះបិទ និងហាមឃាត់ទីតាំងផលិតឱសថបំប៉នសុខភាពសត្វ៣កន្លែងរបស់ជនជាតិបារាំងដែលធ្វើអាជីវកម្មពុំមានច្បាប់។ ទាក់ទិននឹងករណីខាងលើនេះ លោកវរសេនីយ៍ទោ ឡុង ស្រេង ប្រធានការិយាល័យរដ្ឋបាលសរុបនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក្រោមការចង្អុលបង្ហាញ និងដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ស៊ាង ប៊ុនលាង ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការស្រាវជ្រាវរកឃើញទីតាំងលួចលាក់ផលិតឱសថបំប៉នសុខភាព៣កន្លែងដែលមានម្ចាស់ក្រុមហ៊ុនឈ្មោះ YVES FROEHLICH ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិបារាំង នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកវរសេនីយ៍ទោ ឡុង ស្រេង ឱ្យដឹងទៀតថា ក្រោយពីមានការស្រាវជ្រាវ និងរកឃើញទីតាំងលួចលាក់ផលិតឱសថបំប៉នសុខភាពសត្វអត់ច្បាប់ លោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋានបានធ្វើរបាយការណ៍ជូនទៅប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងលោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ពិសេសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំគោលការណ៍ទៅស្ថាប័នអយ្យការសាលាដំបូងរាជធានីភ្នំពេញ ធ្វើកិច្ចការនេះឱ្យមានប្រសិទ្ធភាពតាមផ្លូវច្បាប់។ បន្ទាប់ពីមានការឯកភាពរបស់ថ្នាក់ដឹកនាំខាងលើនោះហើយ បានជាអង្គភាពនាយករដ្ឋនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្កើតគណៈកម្មការចម្រុះមានតំណាងអយ្យការសាលាដំបូងចូលរួមចុះទៅឆែកឆេ និងហាមឃាត់ទីតាំងផលិតឱសថបំប៉នសុខភាពសត្វ៣កន្លែង គឺនៅផ្ទះលេខ១៧ ផ្លូវ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង២កន្លែងទៀតនៅភូមិវត្តក្រពើហារ ឃុំព្រែកប្ញស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងនោះមានអគារមួយកន្លែងដែលស្តុកទុកទៅដោយសារធាតុផ្សំសម្រាប់ផលិតឱសថជាច្រើនប្រភេទ ម៉ាស៊ីនសម្រាប់ផលិត និងឧបករណ៍មួយចំនួនទៀត រួមទាំងសម្ភារវេចខ្ចប់ជាច្រើនតោនផងដែរ។ លោកឡុង ស្រេង បន្តទៀតថា ជនជាតិបារាំងដែលមានឈ្មោះ YVES FROEHLICH គឺជានាយកក្រុមហ៊ុន THOM THOM ANIMAL HEALTH (ធំ ធំ ចំកាត់) ពេលនេះមិនត្រូវបានឃាត់ខ្លួនទេ ដោយតំណាងអយ្យការតម្រូវឱ្យនាយកក្រុមហ៊ុនរូបនេះធ្វើច្បាប់ទម្លាប់ត្រឹមត្រូវដើម្បីបើកធ្វើអាជីវកម្មឡើងវិញ គណៈកម្មការចម្រុះគ្រាន់តែបានបិទប្លុំបេទីតាំងទាំង៣ហាមឃាត់ជាបណ្តោះអាសន្នរង់ចាំមានអាជ្ញាប័ណ្ណ។ នេះបើតាមការអះអាពីនាយកក្រុមហ៊ុនប្រាប់សមត្ថកិច្ចថា ច្បាប់សុំបើកធ្វើអាជីវកម្មផលិតឱសថបំប៉នសុខភាពសត្វនេះ លោកបាននិងកំពុងឱ្យគេជួយធ្វើហើយ ប៉ុន្តែអ្នករត់ការច្បាប់នោះ៤ទៅ៥ឆ្នាំហើយមិនទាន់យកមកប្រគល់ឱ្យក្រុមហ៊ុនលោកទេ និងព័ត៌មានថា អ្នករត់ការនោះយកប្រាក់គេចខ្លួនបាត់ទៀតផង។ ពេលនេះតំណាងអយ្យការ ក៏ដូចជាគណៈកម្មការចម្រុះបានឯកភាពឱ្យលោក YVES FROEHLICH នាយកក្រុមហ៊ុនធំធំចំកាត់ ធ្វើច្បាប់បើកធ្វើអាជីវកម្មត្រឹមត្រូវឡើងវិញ ទើបបានអនុញ្ញាតឱ្យដំណើរការផលិតឱសថនោះបាន៕ |
ប្រមូលផ្តុំគ្នាជក់ថ្នាំញៀនក្នុងចេតិយប៉ូលិសក្របួច៥នាក់ Posted: 27 Mar 2011 08:15 PM PDT ខេត្តពោធិ៍សាត់ ៖ មុខសញ្ញាប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ក្នុងចំណោម៨នាក់បានត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលបន្ទាយដី សហការជាមួយនគរបាលក្រុងពោធិ៍សាត់ចាប់ឃាត់ខ្លួន នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៦ មីនា ខណៈពេលពួកគេកំពុងប្រមូលផ្តុំគ្នាជក់ថ្នាំញៀនក្នុងចេតិយវត្តបន្ទាយដី ស្ថិតក្នុងភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។ មុខសញ្ញាប្រើប្រាស់ថ្នាំញៀនទាំង៥នាក់ដែលឃាត់ខ្លួនបាន ១-ឈ្មោះផាត រិទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះលាស់ ហូសេន ភេទប្រុស អាយុ២០ឆ្នាំ, ៣-ឈ្មោះជុ លី ភេទប្រុស អាយុ១៩ឆ្នាំ ៤-ឈ្មោះជុ អែល ភេទប្រុស អាយុ២៣ឆ្នាំ និង៥-ឈ្មោះលាស់ ហារ៉ាហ្វីន ភេទប្រុស អាយុ២១ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម។ ទាំង៥នាក់មានទីលំនៅក្នុងភូមិបណ្តុះសណ្តែក និងភូមិអ៊ិស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។ លោកអនុសេនីយ៍ទោ សែត វណ្ណលី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដីឱ្យដឹងថា មុខសញ្ញាខាងលើនេះសមត្ថកិច្ចបានតាមប្រមាញ់ជាយូរមកហើយ ប៉ុន្តែចាប់ភស្តុតាងមិនបាន ព្រោះថាបញ្ហាគ្រឿងញៀននេះលំបាកក្នុងការបង្ក្រាបណាស់ ទាល់តែមានភស្តុតាងជាក់ស្តែងទើបចាប់ខ្លួនបាន។ លោកឱ្យដឹងថា នៅថ្ងៃកើតហេតុនោះវេលាម៉ោង៨និង៣០នាទីយប់ លោកបានទទួលព័ត៌មានតាមទូរស័ព្ទថា មានក្រុមក្មេងប្រមាណជិត១០នាក់ កំពុងនាំគ្នាជក់ថ្នាំញៀនក្នុងចេតិយវត្តបន្ទាយដី។ ពេលនោះកម្លាំងរបស់លោកដែលកំពុងដើរល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនបានទៅដល់ចំណុចខាងលើព័ទ្ធចាប់បាន៥នាក់ ដោយដកហូតបានដបទឹកសុទ្ធ បំពង់បឺត កំប៉ុងទឹកក្រូច និងម៉ូតូ១គ្រឿងផងដែរ។ លោកអនុសេនីយ៍ឯក ម៉ែន សុវណ្ណា អធិការរងនគរបាលក្រុងពោធិ៍សាត់ទទួលបន្ទុកព្រហ្មទណ្ឌមានប្រសាសន៍ថា ចំពោះបទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀននេះលោកបានដាក់បទបញ្ជាដល់ប៉ុស្តិ៍នគរបាលទាំង៧ ត្រូវចាត់វិធានការដូចភ្លៀងរលឹមក្នុងកិច្ចប្រតិបត្តិការបង្ក្រាបតាមទិសដៅផែនការរបស់លោកវរសនីយ៍ត្រី ប៊ិន វណ្ណា អធិការនគរបាលក្រុងពោធិ៍សាត់ ក្នុងសន្និបាតបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឆ្នាំ២០១០ និងលើកទិសដៅឆ្នាំ២០១១ កន្លងទៅនេះ។ មុខសញ្ញាទាំង៥នាក់បានសារភាពថា នៅល្ងាចនោះពួកខ្លួនបានរៃលុយគ្នាបាន៥ដុល្លារ ក៏ជិះម៉ូតូទៅទិញម៉ាទឹកកកបាន១កញ្ចប់នៅកោះតៃវ៉ាន់ ខាងមុខបន្ទាយទាហានភូមិបាក់រទេះ សង្កាត់ព្រៃញី រួចហើយនាំគ្នាមកពួនសំងំជក់ក្នុងចេតិយក៏ត្រូវប៉ូលិសព័ទ្ធចាប់បានតែម្តង។ ពួកគេទើបតែអនុវត្តបានចំនួន៥លើក ហើយកន្លងមកថ្នាំញៀនទិញពីឈ្មោះធី, ឈ្មោះដា និងឈ្មោះចាន់ ធឿន នៅស្រុកភ្នំក្រវាញ៕ |
Posted: 27 Mar 2011 08:10 PM PDT ក្រុមហ៊ុន TEPCO ដែលធ្វើអាជីវកម្មលើមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាបានទទួលស្គាល់កាលពីថ្ងៃទី២៧ មីនា ថា ព័ត៌មានដែលផ្តល់ឱ្យពីការកើនខ្ពស់នៃវិទ្យុសកម្មក្នុងទឹកនៅទីតាំងរេអាក់ទ័រមួយក្នុងចំណោមរេអាក់ទ័រនៃមជ្ឈមណ្ឌលនោះ គឺជាការភាន់ច្រឡំមួយ។ ក្រុមហ៊ុននេះបានសុំទោសបន្ទាប់ពីការប្រកាសមុននេះថា អត្រាវិទ្យុសកម្មមានដល់១០លានដងខ្ពស់ជាងពេលធម្មតាត្រូវបានវាស់ឃើញដែលញ៉ាំងឱ្យមានការជម្លៀសនិយោជិតទាំងឡាយចេញ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន TEPCO លោកតាកាស៊ី គូរីតា ថ្លែងថា តួលេខដំបូងដែលផ្តល់ឱ្យនោះពុំត្រឹមត្រូវឡើយ។ យើងមានការខកចិត្តយ៉ាងខ្លាំង។ ការធ្វើតេស្តថ្មីទីបំផុតអាចកំណត់អត្រាវិទ្យុសកម្មថា មានខ្ពស់ត្រឹម ១០០.០០០ដងលើសពេលធម្មតាប៉ុណ្ណោះ។ |
ព្រានព្រៃបរបាញ់លើភ្នំយកកាំភ្លើងវាយសត្វផ្ទុះស្លាប់ខ្លួនឯង Posted: 27 Mar 2011 08:10 PM PDT ខេត្តកំពង់ស្ពឺ ៖ សាកសពបុរសព្រានព្រៃម្នាក់បានត្រូវប្រជាពលរដ្ឋនៅភូមិតាសាលឃុំតាសាល ស្រុកឱរ៉ាល់ ប្រទះឃើញកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៦ មីនា នៅចំណុចអន្លង់ព្រីង លើខ្នងភ្នំទើរ ក្នុងភូមិសាស្ត្រ ទឹកដីឃុំតាសាល ស្រុកឱរ៉ាល់ ។ សាកសពត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្ត និងមន្ត្រីប៉ូលិសខេត្ត-ស្រុកចុះទៅធ្វើការត្រួតពិនិត្យផងដែរ ។ យោងតាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចស្រុកឱរ៉ាល់បានឱ្យដឹងថា បុរសដែលស្លាប់នេះឈ្មោះកាន់ សេត អាយុ៣៨ឆ្នាំ មានទីលំនៅភូមិតាសាល ឃុំតាសាល មានប្រពន្ធនិងកូនចំនួន៤នាក់ក្នុងបន្ទុក ។ មន្ត្រីកងរាជអាវុធហត្ថស្រុកបានបំភ្លឺបន្ថែមថា ឈ្មោះកាន់ សេត នេះបានបាត់ខ្លួនពីផ្ទះតាំងពីថ្ងៃទី២៤ មីនា និងទើបប្រទះឃើញសពនៅល្ងាចថ្ងៃទី២៦ មីនា ដោយសពមានភាពហើមស្អុយទៅហើយ ។ ក្រោយពីធ្វើការត្រួតពិនិត្យហើយរួចរាល់ សមត្ថកិច្ចបានប្រគល់សពនេះដល់ក្រុមគ្រួសារសពធ្វើការបូជានៅកន្លែងកើតហេតុតែម្តង ។ លោកវរសេនីយ៍ត្រីយក់ គន្ធា នាយរងការិយាល័យស្រាវជ្រាវបទល្មើសនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា តាមការសន្និដ្ឋាន និងស្រាវជ្រាវនៅទីនោះ គឺបុរសឈ្មោះកាន់ សេត ជាព្រានបាញ់សត្វព្រៃធ្វើអាជីវកម្ម ។ ការបាត់ខ្លួនរបស់ជនរងគ្រោះគឺពេលចេញពីផ្ទះទៅបរបាញ់សត្វនៅចំណុចខាងលើ និងអាចសន្និដ្ឋានថា កាន់ សេត បាញ់សត្វត្រូវហើយយកកាំភ្លើងវាយបន្ថែម ហើយអាចផ្ទុះត្រូវខ្លួនឯង។ |
ពួកបះបោរលីប៊ីនឹងជំរុញការនាំចេញប្រេងវិញក្រោយវាយដណ្តើមកាន់កាប់ទីក្រុងប្រេងជាច្រើន Posted: 27 Mar 2011 08:10 PM PDT កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខាជាមួយប្រទេសកាតាដែលនឹងធ្វើពាណិជ្ជកម្មប្រហែលជាចាប់ពីសបា្តហ៍ខាងមុខនេះទៅនូវប្រេងកាតជាច្រើនរយពាន់ធុងក្នុងមួយថ្ងៃពីអណ្តូងប្រេងទាំងឡាយដែលត្រួតត្រាដោយពួកបះបោរលីប៊ី ។ ខណៈដែលពួកសម្ព័ន្ធមិត្តជួយវាយប្រហារតាមអាកាសពួកឧទ្ទាមលីប៊ី បានរុលទាំងមុខយ៉ាងឆាប់រហ័សនៅភាគខាងលិចប្រទេសដោយអង្គការនយោបាយរបស់ពួកបះបោរប្រកាសកាលពីថ្ងៃទី២៧ មីនា ថា ខ្លួននឹងធ្វើការនាំចេញ ប្រេងជាថ្មីឡើងវិញ ។ ពួកឧទ្ទាមវាយដណ្តើមកាន់កាប់អណ្តូងប្រេងមួយផ្នែករបស់ប្រទេស។ |
រញ្ជួយដីកម្រិត6,5រីស្ទ័រកើតឡើងនៅឆ្នេរសមុទ្រភាគខាងកើតជប៉ុន Posted: 27 Mar 2011 08:08 PM PDT ការរញ្ជួយដីមួយកម្រិត៦,៥រីស្ទ័រកើតឡើងនៅប្រទេសជប៉ុន ជាថ្មីទៀតកាលពីព្រឹកថ្ងៃទី២៨ មីនា ដោយលើកនេះនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសញ៉ាំងឱ្យមានការព្រមានពីរលកយក្សស៊ូណាមី សម្រាប់អ្នករស់នៅតំបន់ក្បែរនោះផងដែរ ។ តាមការស្រាវជ្រាវផ្នែកភូមិសាស្ត្ររបស់អាមេរិកថា បាតុភូតរញ្ជួយដីនោះកើតឡើងនៅវេលាម៉ោង៧និង២៣នាទីព្រឹក ម៉ោងក្នុងស្រុក ក្នុងជម្រៅ៥,៩គីឡូម៉ែត្រ ក្រោមដីហើយចំណុចកណ្តាលនៃការរញ្ជួយដីនេះមានចម្ងាយ១៦១គីឡូម៉ែត្រ ភាគឦសានរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលរងផលប៉ះពាល់ដោយសារការរញ្ជួយដីលើកមុនកម្រិតដល់ទៅ៩រីស្ទ័រ និងមានចម្ងាយ៣៦៨គីឡូម៉ែត្រ ភាគឦសានក្រុងតូក្យូ ។ ការរញ្ជួយដីកម្រិត៦,៥រីស្ទ័រនេះត្រូវបានព្រមានពីរលកយក្សស៊ូណាមី កម្ពស់៥០សង្ទីម៉ែត្រ ដោយទីភ្នាក់ងារឧតុនិយម |
អ៊ីស្រាអែលដាក់ពង្រាយប្រព័ន្ធការពារប្រឆាំងគ្រាប់រ៉ុក្កែតជាលើកដំបូង Posted: 27 Mar 2011 08:08 PM PDT កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃទី២៧ មីនា កន្លងមក បានដាក់ពង្រាយជាលើកដំបូងនូវប្រព័ន្ធការពារប្រឆាំងរ៉ុក្កែតប្រភេទ Iron Dome ចំពេលអំពើហិង្សានៅតាមបណ្តោយជ្រោយហ្គាហ្សា មានការកើនឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះ ។ ប្រព័ន្ធការពារប្រឆាំងរ៉ុក្កែតនេះ ប្រើចរន្តអគ្គិសនីត្រូវបានដាក់នៅតំបន់ជាយក្រុង Beer Sheva ជាក្រុងស្ងាត់មួយដែលរងគ្រោះដោយគ្រាប់រ៉ុក្កែត របស់ពួកសកម្មប្រយុទ្ធ កាលពីសប្តាហ៍មុន ហើយមួយទៀត នឹងត្រូវដាក់ពង្រាយនៅចុងសប្តាហ៍នេះនៅតំបន់ក្បែរទីក្រុងឆ្នេរសមុទ្រ Ashkelon ។ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |