Koh Santipheap Daily

Koh Santipheap Daily


ញឹម ចាន់ថន​ នៅតែបន្ត​​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​និង​សម្តែង

Posted: 31 Mar 2011 01:17 AM PDT

នាងញឹម ចាន់​ថន តារាចម្រៀងមានសម្ផស្សស្រស់ស្អាត
នាងញឹម ចាន់​ថន តារាចម្រៀងមានសម្ផស្សស្រស់ស្អាត
នាងញឹម ចាន់​ថន តារាចម្រៀងមានសម្ផស្សស្រស់ស្អាត

រាជធានីភ្នំពេញ​ ៖ នាងញឹម ចាន់​ថន ​សព្វ​ថ្ងៃ​​ក្រៅពី​​ឡើង​​ច្រៀង​ជាកិត្តិយស​​លើ​ឆាក​ប្រគំ​តន្ត្រី​​ចុង​សប្តាហ៍​​តាម​ស្ថានីយ​ទូរទស្សន៍​​​នានា ម្តង​ម្កាល ​​នាង​មាន​ហាង​លក់​សម្លៀក​បំពាក់​​និង​ផលិត​កម្ម​ផលិតចម្រៀង​កាយវិការ​​ខារ៉ាអូខេ​​ផ្ទាល់​​​​ខ្លួន​​មួយ ។ ​ ក្រៅពី​នោះ​នាង​​ឆ្លៀតពេល​​​វេលា​ដ៏​មមាញឹក​​ចេញ​សម្តែង​រឿង​​ភាគ​ឱ្យ​ស្ថានីយ​ទូរទស្សន៍​ CTN  ។  នាង​ញឹម ចាន់​ថន បាន​​ចូល​ប្រឡូក​​​ក្នុង​វិស័យ​សិល្បៈ​​ចម្រៀង​និង​សម្តែង​តាំងពី​ឆ្នាំ​១៩៩៧មក។​​កាលពី​ដំបូង​នាង​គ្រាន់​តែ​ជាអ្នក​ចម្រៀង​នៅតាម​ពិធី​មង្គល​ការ​​និង​នៅតាម​ភោជនីយ​ដ្ឋាន​  ប៉ុណ្ណោះ​ ។ ដោយ​​សារ​តែ​នាង​​មាន​រូប​សម្ផស្ស​​ស្រស់​ស្អាតនិងអាច​ច្រៀង​​​បានទាំង​​​បទ​ឌីស្កូ​ញ័រញាក់​កន្ទ្រាក់​​អារម្មណ៍​ និង​​បទ​មនោសញ្ចេត​នា​​​​​ផង​នោះ​ អ្នក​​រៀបចំកម្ម​វិធី​​ប្រគំតន្ត្រី​​តាម​ស្ថានីយ​ទូរទស្សន៍​​នានា​តែង​តែផ្តល់​កិត្តិយស​​​ឱ្យ​​នាង​ឡើង​ច្រៀង​​និង​សម្តែង​ជាញឹកញាប់​​​ ។ នាង​​​ចាន់​ថនត្រូវ​ផលិត​កម្ម​ជាច្រើន​ទាំង​ក្នុង​និង​ក្រៅ​​ប្រទេស​ហៅឱ្យ​ថត​សម្លេង​ចូល​ស៊ីឌី​​និង​សម្តែង​កាយ​វិការ​ខារ៉ាអូខេ​រហូត​​មាន​កេរ្តិ៍ឈ្មោះ​ល្បី​​ ។

នៅ​ឆ្នាំ​២០១០​នាង​ចូល​​រួម​សម្តែង​រឿង​​«​ល្មម​ហើយ​​លោក​ប្តី» ឱ្យ​​ស្ថានីយ​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​៥​ ដែល​​ចាក់​ផ្សាយ​​​កន្លង​មក​​ ។ ​នាង​និយាយ​​ថា ​ក្រៅពីនេះ​​នាង​ថត​រឿង​«​សម្រស់​​ជីវិត » និង​​បច្ចុប្បន្ន​កំពុង​តែ​​សម្តែង​រឿង​ថ្មីមួយ​ទៀត​តែ​​​សុំ​​លាក់​​ចំណង​ជើង ។  នាងញឹម ចាន់​ថន ដែល​​មាន​អាយុ​៣១ឆ្នាំ​​ហើយនោះ​​អះអាង​ថា ក្រោយ​ពី​បែក​គូ​ស្នេហ៍​ចាស់​​​នាង​មិន​​ទាន់​មាន​ថ្មីទៀតទេ ។ ដោយ​ជាប់​​រវល់​​​រក​ស៊ី​ផង​ រវល់​ក្នុង​វិស័យ​​សិល្បៈ​​ផង​ ដូច្នេះ​រឿង​ស្នេ​ហា​ភ្លេច​បាត់​ហើយ ។ 
នាង​ញឹម ចាន់ថន​ ​ប្រាប់​ថា សព្វ​ថ្ងៃ​​ហាង​លក់​សម្លៀក​បំពាក់​​របស់​នាង​មាន​ដំណើរ​ការ​​រលូន​ទៅ​មុខ​ល្អ​​ ចំណែក​ផលិត​កម្ម​​ធីវីប្រូដាកសិន របស់​នាង​​ក៏ដំណើរ​​​ការល្អ​ដែរ ហើយ​កំពុង​​ត្រៀម​​ចេញ​វ៉ុល​ថ្មី​ពិសេស​ពេល​​ចូល​ឆ្នាំ​ខាង​មុខ​នេះ​៕

សាលា​ខណ្ឌ​ដូនពេញ​ចុះបិទ​ផ្ទះ​លក់​បាយ និង​​​រៀបចំសណ្តាប់ធ្នាប់​​​​ផ្លូវ​​ចូលទៅ​កាន់​ខុទ្ទកាល័យ​នាយក​​រដ្ឋ​មន្ត្រី

Posted: 31 Mar 2011 01:12 AM PDT

គណៈ​កម្មការ​​ចម្រុះ​ខណ្ឌ​​​ដូនពេញបានចុះរៀប​ចំ​សណ្តាប់ធ្នាប់​ និងបិទ​ផ្ទះ​​លក់បាយ​នៅ​ចំណុច​​ផ្លូវ​លេខ​​២៦៤

រាជធានីភ្នំពេញ ៖ គណៈ​កម្មការ​​ចម្រុះ​ខណ្ឌ​​​ដូនពេញ​មាន​នគរបាល​​ ប៉េអឹម ​និង​កម្លាំង សណ្តាប់ធ្នាប់ ​ដឹកនាំ​ដោយ​​លោក​​សុខ សម្បត្តិ ​អភិបាល​​​ខណ្ឌ ​​លោក​​​ឈឹម ឌីណា នាយករដ្ឋ​​​បាល​ខណ្ឌ​ដូនពេញ បានចុះរៀប​ចំ​សណ្តាប់ធ្នាប់​ និងបិទ​ផ្ទះ​​លក់បាយ​នៅ​ចំណុច​​ផ្លូវ​លេខ​​២៦៤ ជា​ផ្លូវ​ចូលទៅកាន់​​ខុទ្ទកាល័យ​សម្តេច​អគ្គ​មហា​សេនាបតីតេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី កែង​នឹង​​ផ្លូវ​លេខ​១៩ ​ជាប់ខាង​ត្បូង​របង​វត្ត​​បទុមវតី​កែង​​វិថី​​ព្រះ​សុរាម្រឹត និង​ផ្លូវ​​​១៩ សង្កាត់​ចតុ​មុខ កាលពី​វេលាម៉ោង​​១០​និង​​៣០នាទី​ព្រឹកថ្ងៃទី​​​៣១ មីនា ​២០១១ ។​

​ការរៀបចំ​​​សណ្តាប់ធ្នាប់​​នៅចំណុច​ខាងលើ​​យ៉ាង​​ប្រញាប់​​ប្រញាល់​នេះ ​តាមប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ​មាន​​បទ​បញ្ជា​​​ពីថ្នាក់​​​ណា​មួយ​​ ព្រោះ​កន្លង​មក​​សាលា​ខណ្ឌ​ដូន​ពេញ​​តែង​តែ​ណែនាំ​ដល់​ម្ចាស់​ផ្ទះ​លក់ទំនិញ​​ និង​លក់បាយជាប់​​របង​វត្ត​​​បទុមវតី​ជា​ច្រើន​​លើក​​មក​ហើយ ​ជាពិសេស​​វា​បានប៉ះ​​ពាល់ដល់​ការ​ចេញ​-​ចូល​ទៅ​ខុទ្ទ​កាល័យ​សម្តេច​តេជោហ៊ុន សែន ​តែ​ម្តង ។ ជាមួយ​គ្នា​នេះ​ដែរ ​សាលា​ខណ្ឌ​ដូនពេញ​​ក៏​ដូចជា​សាលា​រាជ​ធានី​ភ្នំពេញ ​បានណែនាំ​​ដល់​ម្ចាស់​ផ្ទះលក់​សម្ភារ​ចាប់​ពី​​​កែង​ផ្លូវ​លេខ​​​១៩ និង​​វិថី​​ព្រះ​សុរា​ម្រឹត ឱ្យ​បញ្ឈប់​​ធ្វើ​អាជីវ​កម្ម​​ផង​ដែរ ។​

លោក​អភិបាល​​ខណ្ឌ​ដូនពេញ​បានបញ្ជាក់​ថា ផ្ទះលក់បាយ​​ចាប់​ពីកែង​ផ្លូវ​​លេខ​១៩ រហូត​ដល់​​កែងវិថី​​​ព្រះ​សុរាម្រឹត ត្រូវបិទ​​ជា​ស្ថាពរ​​ចាប់ពីថ្ងៃ​នេះ​ទៅ ​សូម្បី​​តែហាង​​​​ខោអាវ​​នៅមុខផ្ទះ និង​ជាន់​​លើ​ក៏ហាម​ឃាត់ដែរ ។ ​ដោយឡែក​នៅ​ចំណុច​​​ខា​ងត្បូង​ជាប់របង​​​វត្ត​បទុមវតី​​​ផ្លូវ​​លេខ​២៦៤ ចូល​ទៅកាន់​ខុទ្ទកាល័យ​សម្តេច​តេជោ​ហ៊ុន សែន កែង​នឹង​​ផ្លូវ​លេខ​​១៩ ​​ត្រូវ​បាន​​ណែនាំ​ឱ្យ​​​រុះរើ​​​សំយាប​ចេញ​ និងហាម​​លក់អីវ៉ាន់​លើ​ចិញ្ចើម​​ផ្លូវ ។ ការ​អនុវត្ត​​ផែនការ​រៀបចំ​សណ្តាប់ធ្នាប់​​​​នៅ​ចំណុច​​​ខាងលើ​​នេះ​ត្រូវ​ធ្វើ​ជា​ប្រចាំ ៕​

ជើង​ខ្លាំង​​ខាង​ឆក់កាបូប​លុយ​​ត្រូវ​​កម្លាំង​អធិការ​​ដ្ឋាន​​ខណ្ឌសែនសុខ​ចាប់​ដាក់​ទ្រុង

Posted: 31 Mar 2011 01:10 AM PDT

ជើងខ្លាំង​​ខាង​ឆក់កា​បូប​​លុយ​ម្នាក់ត្រូវ​កម្លាំង​​​អធិការ​ដ្ឋាន​​​ខណ្ឌសែន​សុខ​ចាប់​​ខ្លួន

រាជធានីភ្នំពេញ ៖ ជើងខ្លាំង​​ខាង​ឆក់កា​បូប​​លុយ​ម្នាក់ត្រូវ​កម្លាំង​​​អធិការ​ដ្ឋាន​​​ខណ្ឌសែន​សុខ​ចាប់​​ខ្លួន​​​កាល​ពី​វេលាម៉ោង​​៧​និង​​៣០នាទី​យប់​ថ្ងៃទី​​​៣០ មីនា ២០១១ ​លើ​កំណាត់​​ផ្លូវ​លេខ​​​១០៨៦ សង្កាត់​​​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ យក​ទៅ​សាកសួរ និងញាត់ទ្រុង​។​ បើតាម​​ប្រភព​ពី​មន្ត្រី​​ប៉ូលិស​​​បាន​ឱ្យ​ដឹង​​ថា ​ជន​ឆក់​កាបូប​នេះ​​​ឈ្មោះជឹក សំណាង ​អាយុ​​​២៤​ឆ្នាំ ​​ជា​កម្មករ​សំណង់ មាន​ទីលំនៅ​​​សង្កាត់​ព្រែក​លៀប​​ជិត​ហាង​​៩៩៩៩ ពេលធ្វើស​កម្ម​ភាព​​ជិះម៉ូតូ​​ម៉ាក​​ឌ្រីម C125 ស៊េរី​​​២០១០ មិនស្គាល់​​ស្លាកលេខ ជិះ​តែ​ម្នាក់​ឯង​​។​

​មុនពេលកើតហេតុ​​​ជើងខ្លាំង​​ខាង​ឆក់​ខ្សែ​.ក​​បានបើក​ម៉ូតូ​ចេញ​ពីផ្សារ​​ដីហុយ​​បត់​​ចូលតាម​ផ្លូវ​បេ​តុង ហៅ​ផ្លូវ​លេខ​​​១០៨៦ ​​ឃើញ​ម៉ូតូ​​កង់​​៣ មួយ​គ្រឿង​ជិះគ្នា​​​៣នាក់ ​អ្នក​​បើក​​​បរ​ប្រុស​១នាក់​ និង​អ្នក​ជិះ​ជា​ស្រី​​២នាក់ និង​ឃើញ​​កាបូប​លុយ​​ដែល​​​​ពួកនារី​ទាំង​២នោះ​​កាន់ ​ក៏ជិះ​ដេញ​តាម​​រហូត​ទៅ​ដល់​​​កែង​ផ្លូវលេខ​​​១០៨៦ និង​ផ្លូវ​​​​ភ្នំពេញ-​ហា​ណូយ ក៏​ចាប់​​​​ឆក់​កា​បូប​​លុយ​​​របស់​​នាង​​ តែ​ឆក់មិន​បាន​ ត្រូវ​​​​នារីម្ចាស់​កាបូប​​​​ទាញ​ត្រឡប់មក​វិញ ធ្វើ​ឱ្យ​ជន​ដៃ​ដល់​ដួល​ម៉ូតូ ។ ឃើញ​​​ដូចនោះ​​នារីម្ចាស់​កាបូប​​​ក៏ស្រែក​​​ឱ្យ​​គេ​ជួយ​ចាប់​ជនល្មើស​ ហើយ​​អ្នក​​នៅ​​ជិតៗ​នោះ​ក៏​ជួយ​​ចាប់​​ប្រគល់​​​ឱ្យ​សមត្ថ​កិច្ច​​​ចាត់​ការ​តាម​ច្បាប់​​។ នារី​​ម្ចាស់កា​បូប​​ឈ្មោះ​​ទឹម សូរិយា ​អាយុ​​៣០​ឆ្នាំ ​ជា​កម្មករ​រោង​ចក្រ​​កាត់ដេរ​ ស្នាក់​នៅផ្ទះលេខ​៩A ផ្លូវ​​៦១០ ​សង្កាត់បឹង​កក់​១ ខណ្ឌទួលគោក ៕​

កសិ​ករ​ត្រូវ​ប្រែ​ក្លាយ​ខ្លួន​ពី​កសិ​ករ​ធម្ម​តា​ទៅ​ជា​កសិ​ករ​គំរូ​ និង​គ្រូ​ផ្សព្វ​ផ្សាយ​ក្នុង​មូល​ដ្ឋាន

Posted: 31 Mar 2011 12:53 AM PDT

កសិ​ករ​ត្រូវ​ប្រែ​ក្លាយ​ខ្លួន​ពី​កសិ​ករ​ធម្ម​តា​ទៅ​ជា​កសិ​ករ​គំរូ​ និង​គ្រូ​ផ្សព្វ​ផ្សាយ​ក្នុង​មូល​ដ្ឋាន
កសិ​ករ​ត្រូវ​ប្រែ​ក្លាយ​ខ្លួន​ពី​កសិ​ករ​ធម្ម​តា​ទៅ​ជា​កសិ​ករ​គំរូ​ និង​គ្រូ​ផ្សព្វ​ផ្សាយ​ក្នុង​មូល​ដ្ឋាន

ខេត្ត​ពោធិ៍​សាត់ ៖ អនុវត្ដ​តាម​អនុសាសន៍​​​របស់​លោក​​បណ្ឌិត ច័ន្ទ សា​រុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​ក្នុង​ការ​ចូល​រួម​​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ​នៅ​តា​មូល​​​ដ្ឋា​ន​តាម​រយៈ​ការ​​បង្កើត​មុខរបរ​ចិញ្ចឹម​ជីវិត​បន្ថែម កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១១ លោក​សេង ស៊ុន​ហ៊ួ​ត នាយ​ខណ្ឌ​រដ្ឋ​បាល​​ជល​ផល​​ពោធិ៍សាត់​ បាន​ដឹកនាំ​ក្រុម​ការ​ងារ​​ចុះ​តាម​ដាន​​សកម្មភាព​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន។

​បន្ទាប់​ពី​ស្ដាប់​របាយការណ៍​របស់​លោក​មេ​ភូមិ​នូវ​សកម្មភាព និង​លទ្ធផល​ចិញ្ចឹម​ត្រី ព្រម​ទាំង​​បញ្ហា​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​​​ជួប​ប្រទះ​ក្នុង​ការងារ​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​តាម​ភូមិ​នីមួយ​ៗ​រួច​មក​ លោក​សេង ស៊ុន​ហ៊ួ​ត និង​ក្រុម​ការ​ងារ​បាន​ធ្វើការ​បកស្រាយ​នូវ​ច​ម្ង​ល់ និង​បញ្ហា​​ដែល​បងប្អូន​ប្រជាក​សិករ​ជួប​ប្រទះ ដើម្បី​ធ្វើការ​កែ​​លំអ​ការងារ​ចិញ្ចឹម​ត្រី​របស់​ប្រជា​ពល​រដ្ឋ​​ក្នុង​មូល​ដ្ឋាន​ឱ្យ​មាន​ភាពល្អ​ប្រសើរ​​ឡើង​។ លោក​សេង ស៊ុន​ហ៊ួ​ត បាន​មាន​ប្រសាសន៍​បញ្ជាក់​​ថា ការ​ងារ​ចិញ្ចឹម​ត្រី​គឺជា​ការងារ​ថ្មី​បំផុត​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន បើ​ប្រៀបធៀប​ទៅ​នឹង​ប្រជាពល​រដ្ឋ​​រស់នៅ​ក្នុង​តំបន់ និង​ខេត្ដ​នានា​។ ហេតុនេះ​ទាម​ទារ​ដល់​កសិករ​យើង​នូវ​ការ​ព្យា​យាម​យក​ចិត្ដទុកដាក់​ស្ដាប់ និង​កត់ត្រា​ខ្លឹមសារ​សំខាន់​ៗ​ដែល​អ្នកបច្ចេកទេស​វារីវប្បកម្ម​បាន​បង្ហាត់​បង្រៀន ព្រមទាំង​យក​ទៅ​អនុវត្ដ​​ឱ្យ​បាន​សម​ស្រប​​តាម​ការ​ណែនាំ​របស់​អ្នកបច្ចេកទេស ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ជោគជ័យ និង​លទ្ធ​ផល​ល្អ​ប្រសើរ​នា​ពេល​ខាង​មុខ​។

នៅ​ក្នុង​ឱកាស​ជួប​ជាមួយ​កសិករ​ចិញ្ចឹម​ត្រី​នា​ឱកាស​​នោះ លោក​សេង ស៊ុន​ហ៊ួ​ត ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ​ដល់​កសិករ​លើ​ការងារ​កសិកម្ម​ដំណាំ​ស្រូវ​ដោយ​​ត្រូវ​ធ្វើការ​ជ្រើសរើស​ពូជ​សុទ្ធ ទើប​​ទទួល​បាន​ទិន្ន​​ផល​ស្រូវ​ខ្ពស់ ជា​ពិសេស​ពូជស្រូវ​សំខាន់​ៗ​ចំនួន​១០ ​ដែល​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​​បាន​បញ្ចេញ​មក​ឱ្យ​កសិករ​ប្រើប្រាស់​ជា​ផ្លូវការ មាន​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ចំនួន​៣​ គឺ​ពូជ​សែន​ពិដោរ ពូជ​អ៊ីអ៊ែ​រ​៦៦ និង​ពូជ​ជលសា ពូជស្រូវ​កណ្ដាល ប្រកាន់​រដូវ​ចំនួន​៤ គឺ​ពូជ​ផ្ការំដួល ពូជ​ផ្កា​រំដេង ពូជ​ផ្កា​រមៀត និង​​ពូជ​ផ្កា​ច័ន្ទ​សែន​សរ និង​ពូជស្រូវ​ធ្ងន់​ប្រកាន់​រដូវ​ចំនួន​៣​ គឺ​ពូជ​រាំ​ជ័យ ពូជ​ខា​៤ និង​ពូជ​ខា​៦​។ ​ជាមួយ​នេះ​ដែរ​ លោក​​ក៏​បាន​ធ្វើការ​អំពាវ​នាវ​ដល់​កសិករ​ទាំងអស់​ឱ្យ​ខិតខំ​យកចិត្ដ​ទុក​​ដាក់​លើ​ការងារ​បង្កបង្កើន​ផល និង​ចិញ្ចឹម​ត្រី​ ប្រែ​ក្លាយ​ខ្លួន​ពី​កសិករ​ធម្មតា​ទៅ​ជា​កសិករ​គំរូ និង​គ្រូ​ផ្សព្វ​ផ្សាយ​ក្នុង​មូលដ្ឋាន ដើម្បី​ឈាន​ទៅ​ធ្វើការ​ប្រឡងប្រណាំង​ជាមួយ​កសិករ​ដទៃ​ទៀត​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​សន្និបាត​កសិករ​ដែល​រៀបចំ​ដោយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រៀង​រាល់​ឆ្នាំ​។ ​ក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​កសិករ​នោះ លោក​សេង ស៊ុន​ហ៊ួ​ត បាន​នាំ​យក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក​​បណ្ឌិត ច័ន្ទ សា​រុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចែក​ជូន​កសិករ​ចូលរួម​ក្នុង​ម្នាក់ៗ​ទទួល​បាន​សារុង​​មួយ​៕

ឌុច​បាន​​ប្រកាស​ទទួល​ខុស​ចំពោះ​​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ និង​បាន​ទម្លាក់​កំហុស​លើ​បង​ធំ​ទី​២ នួន ជា

Posted: 31 Mar 2011 12:28 AM PDT

នៅក្នុងសម្តី​ចុងក្រោយ​កាល​ពីថ្ងៃទី៣០ មីនា ២០១១ ឌុចបាន​និយាយ​ថា...

រាជធានីភ្នំពេញ ៖ នៅក្នុងសម្តី​ចុងក្រោយ​កាល​ពីថ្ងៃទី៣០ មីនា ២០១១ ឌុចបាន​និយាយ​ថា នួន ជា បានប្រាប់គាត់នៅក្នុងសាលា​ក្តីពេល​ជួប​គ្នាដំបូងថា «យួនវា​ទិញ​ក្បាលអស់ហើយ យើងកុំភ្លេចធាតុ​របស់​យើងជាអ្នកស្នេហាជាតិ​ដោយ​គាត់បានឆ្លៀត​ឱកាស​អូសទាញខ្ញុំតាម​ទស្សនៈ​គោលជំហរ»។

ឌុចបាននិយាយទៀតថា គាត់សូមបញ្ជាក់​អំពី​គោលជំហររបស់គាត់ចំពោះ​ប្រជាជន​កម្ពុជា ទាំងអស់ថា «ខ្ញុំនៅតែទទួលខុសត្រូវ​ចំពោះ​ជន​រង​គ្រោះនៅមន្ទីរ ស.២១ និងទទួលខុសត្រូវ​ផ្នែក​​ផ្លូវចិត្តចំពោះជន​រង​គ្រោះនៅទូទាំង​ប្រទេស។ ខ្ញុំនៅតែរក្សាការសុំខមាទោស​ចំពោះ​វិញ្ញាណ​ក្ខន្ធ​ជនរងគ្រោះនៅ ស.២១ ចំនួន​១២.២៧៣​នាក់ដែលបានស្លាប់បាត់បង់ជីវិត ព្រម​ទាំងសុំគ្រួសារអ្នកទាំងនោះអនុញ្ញាត​ឲ្យខ្ញុំ​ចូល​សុំទោសនៅថ្ងៃណាមួយ»។

ឌុចបានបន្តថា ៖ «សូមឲ្យអតីតយុទ្ធជន និង​កម្មា​ភិបាលជាន់ខ្ពស់របស់ខ្មែរក្រហមទាំងអស់ ទោះ​បី​យ៉ាងណាក៏ដោយត្រូវប្រកាន់គោល​ជំហរ​ឲ្យ​រឹងប៉ឹងត្រូវទទួលស្គាល់ថា យើងទាំងអស់គ្នា​បាន​ចូលរួមការ​តស៊ូបដិវត្តន៍​សម្រាប់ប្រជា​ជន​កម្ពុជាក៏ពិតមែន ប៉ុន្តែមាគ៌ា​របស់កម្ពុជា​ប្រជា​ធិបតេយ្យជាមហាឧក្រិដ្ឋដែល​បានចម្លងតាម​មាគ៌ា​បដិវត្តន៍​របស់ចិន៤នាក់។ ខ្ញុំយល់ថា បើ​សិន​ជា​អតីតយុទ្ធជន និងកម្មាភិបាល​ជាន់​ខ្ពស់របស់​ខ្មែរក្រហមទាំងអស់យល់ជ្រាប​បញ្ហា​នេះ វាជា​អំណោយផលមួយសម្រាប់ការ​ផ្សះ​ផ្សារ​ជាតិ»។

ឌុចបន្តថា ការលើកបញ្ហានេះជូនដល់តុលា​ការកំណត់ដល់គ្រប់អតីតខ្មែរក្រហមទាំងអស់​ទទួលស្គាល់ក្នុងផ្លូវចិត្តថា យើងត្រូវហ៊ានលះបង់​អ្វីៗទាំងអស់ដើម្បីជាតិនិងប្រជាជន និងហ៊ាន​លះបង់ជីវិតហើយ យល់ ថា «បក្សយើងជា​បក្ស​ឧក្រិដ្ឋ ព្រោះបក្សយើងអនុវត្តផ្តាច់ការ​ងងឹត​ងងុល​ហួសហេតុពេក និងបានប្រើគ្រប់​មធ្យោ​បាយបង្ខំគាបសង្កត់យើងឲ្យអនុវត្ត តែបើមិនអនុ​វត្តតាមគេនឹងគ្រោះថ្នាក់ដល់ជីវិត ឬចោទថា ប្រឆាំង​បក្ស​ប្រឆាំងមាគ៌ា»។ ឌុចបានបន្តថា គាត់មានជំនឿមុតមាំថា​សាលា​ក្តីមានសុភវិនិច្ឆ័យសម្រាប់ប្រជាជន​កម្ពុជាទាំងអស់ ទាំងប្រជាជនរងគ្រោះ និង​អតីត​​ខ្មែរក្រហម ក្នុងការរៀបចំបញ្ហានេះ​ដើម្បី​សុខ​សន្តិ​ភាពផ្លូវចិត្ត និងផ្លូវកាយ៕

ចាប់ខ្លួន​មន្ត្រី​ប៉ូលិសព្រហ្ម​ទណ្ឌម្នាក់​និង​ស្ត្រីពីរនាក់សំងំប្រើ​គ្រឿងញៀន

Posted: 30 Mar 2011 11:49 PM PDT

​ជន​ប្រើប្រាស់​គ្រឿងញៀន​ទាំង​បី​នាក់​
ជនសង្ស័យម្នាក់ជាម​ន្រី​ប៉ូលិស​បម្រើ​ការ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់

ខេត្តសៀមរាប ៖ ម​ន្រី​ប៉ូលិស​បម្រើ​ការ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ម្នាក់ និង​មនុស្ស​ស្រី​ពី​នាក់ ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ថ្ងៃ​ទី​២៩ មីនា ឆ្នាំ​២០១១ ខណៈ​ពេល​ពួក​អ្នក​ទាំង​បី​រូប​នោះ​កំពុង​សំងំប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់យីហោ​«សែន​សុខ» ស្ថិត​ក្នុងភូមិ​ត្រ​ញំ​ង​សេះ សង្កាត់​គោក​ចក​ កណ្ដាល​​ក្រុង​ទេសចរណ៍​សៀមរាប​។

ស្នងការ​រង​នគរបាល​ខេត្ដសៀមរាប លោក​វរសេនីយឯក​អ៊ុំ អមរា ទទួល​បន្ទ​ក់ប​ង្គ្រា​ប​បទ​ល្មើស​ កាលពី​រសៀល​ថ្ងៃ​ទី​៣០ មីនា​នេះ​បាន​ប្រាប់​​តាម​ទូរ​សព្ទ័​ថា ​មន្ដ្រី​ប៉ូ​សិ​ល​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយសា​តែ​ប្រើប្រាស់បំពាន​គ្រឿង​ញៀន​នោះ និង​ត្រូវ​ប្រឈម​ប​ណ្ដោ​ញ​ចេញពី​ក្រប​ខ​ណ្ឌប៉ូលិស​ ឬ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។ ដោយឡែក​នារី​វ័យក្មេង​ទាំង​ពី​នាក់​នោះកំពុង​តែ​ធ្វើការ​អបរំ​បន្ទាប់​មក​នឹង​ត្រូវ​ឱ្យ​អាណាព្យាបាល​មក​ធ្វើ​យក​ទៅ​ផ្ទះ​អបរំ​បន្ថែម​ ។

ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នេះ​លោក​វិ​រ​សេនីយន​ន់ សុ​ផា​ន្នី នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរគ្រឿងញៀននៃ​ស្នងការ​នគរបាល​ខេត្ដសៀមរាបមិន​បាន​ធ្វើការ​ពន្យល់​ឱ្យ​បាន​ស៊ី​ជំរៅជុំវិញ​ករណី​ចាប់ខ្លួន​មន្ដ្រី​ប៉ូលិស និង​នារី​ក្មេង​ទាំង​ពីរ​នាក់​នោះ​បាន​ទេ​កាលពី​រសៀល​ថ្ងៃ​ទី ៣០ ​នេះ ដោយ​លោក​ប្រាប​តាម​ទូរ​សព្ទ័​ថា​ជាប់​រវល់​ជាមួយ​ភ្ញៀវ​។

តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ចជន​ប្រើប្រាស់​គ្រឿងញៀន​ទាំង​បី​នាក់​នេះ​មាន១-ឈ្មោះ​អ.​ម.​ថ​ ភេទ​ស្រី អាយុ១៧​ឆ្នាំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​, ២​-ឈ្មោះ​តារា​វង្ស ភួង​ការកេត ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ជន្លង់ សង្កាត់​សាលាកំរើក ក្រុង​សៀមរាប និង​ទី​៣-​ឈ្មោះ​ប៉េង គី​ប៉ូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាម​ន្ដ្រី​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ រស់នៅ​ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក​ ខេត្ដ​សៀម​រាប​។
នៅ​ក្នុង​ប្រតិបត្ដិ​ការណ៍​ចាប់ខ្លួន​នោះ​សមត្ថ​កិច្ច​នគរបាល​ធ្វើការ​រឹបអូស​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ដែល​ពាក់​ព​ន្ធ័​ទៅ​នឹង​សកម្ម​ភាព​ប្រើប្រាស​បំពាន​គ្រឿងញៀន​ដូច​ជា​ឧបករណ៍​សម្រាប់​សេពគ្រឿងញៀន​ជាដើម​ ។ ការ​ប្រមូលផ្ដុំ​ប្រើ​ប្រាស់​គ្រឿងញៀននេះ​តាម​សមត្ថកិច្ច​បាន​អះ​អាង​ថា បក្ខពួក​របស់​ក្រុម​អ្នក​ប្រើ​គ្រឿងញៀន​ទាំងនេះមិនមែន​មាន​តែ​បី​នាក់​ទេ គឺ​មាន​ដល់ ប្រាំ​នាក់ឯណោះ​ ប៉ុន្ដែ​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅមាន​ពីរ​នាក់​រត់គេច​ខ្លួន​បាត់​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោកស្នងការ​រង​រូប​នេះ​ផ្ទះសំណាក់​សុខ​សាន​នេះ​ក៏​អាច​ប្រឈម​មុខ​នឹង​វិធានការ​ច្បាប់​ដែរ ប្រសិនបើសមត្ថកិច្ច​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ទីតាំង​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ករណី​ផ្សេង​ទៀត​។ លោក​វិ​រ​សេនីយ៍ចៅ សុផល នាយការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ដសៀមរាបបាន​ថ្លែង​កាលពី​រសៀល​ថ្ងៃនេះ​ដែរ​ថាៈ​ចំពោះ​ករណី​ចាប់ខ្លួន​មន្ដ្រី​ថ្នាក់​ក្រោម​លោក​នោះ​លោក​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ព្រោះ​លោកជាប់​ប្រជុំ​ ។

គួរ​កត់សំគាល់​ផង​ដែរ​ថា ​នេះ​គឺជា​ករណី​លើ​ដំបូង​ហើយ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​មន្ដ្រី​នគរ​បាល​ពាក់​ព​ន្ធ័​ទៅ​នឹង​ការ​ប្រើប្រាសគ្រឿង​ញៀ​ន ខណៈពេល​មាន​សេ​ចក្រី​រាយ​ការ​មក​ថា ​មាន​មន្ដ្រី​ប៉ូលិស​ជា​ច្រើន​ទៀត​បាល​កំពង់​តែ​ប្រើប្រាស និង​​​​ចែកចាយគ្រឿងញៀន ក្រោម​លេស​ដាក់​នុយ ​ដើម្បី​ស្ទូច​ក្រុម​អ្នក​ប្រើប្រាស និង​បណ្ដា​យ​មេ​ខ្លោ​ង​ចែកចាយ ។ តែ​ក៏មានការ​សង្ស័យថា​ ជា​ការ​ប្រកប​របរ​ខុសច្បាប់នៅ​ក្រោម​ច្បាប់​
ដែរ ៕

ស្អែក​នេះ​​វេលារសៀល សម្តេច​​តេជោ​ហ៊ុន សែន ​អញ្ជើញ​​ទៅ​ប្រកាស​ទ្រព្យ​សម្បត្តិ​​នៅអង្គ​ភាពប្រឆាំង​អំពើពុករលួយ

Posted: 30 Mar 2011 11:47 PM PDT

រាជធានីភ្នំពេញ ៖ សម្តេច​​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​នឹង​អញ្ជើញ​​ទៅប្រកាសទ្រព្យ​សម្បត្តិ​​នៅទីស្តីការ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​​នា​វេលាម៉ោង​​៤​រសៀលថ្ងៃ​សុក្រ​ ទី​​១ មេសា ២០១១ ស្អែក​នេះ ។ នេះ​បើ​​យោង​តាម​ប្រធាន​អង្គ​​ភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​ លោក​​ឱម យ៉ិន​ទៀង ​ដែលថ្លែងប្រាប់​កោះ​សន្តិភាព​​តាម​ទូរស័ព្ទ​នៅ​​ព្រឹក​ថ្ងៃទី​​​៣១ មីនា​ ។ លោកបង្ហើប​ឱ្យ​​ដឹង​ថា ​មក​ទល់នឹង​ពេល​នេះ​​មាន​​មន្ត្រីជាន់ខ្ពស់​​​រាជ​រដ្ឋាភិ​បាល​​ រដ្ឋសភា និង​ព្រឹទ្ធសភា​កម្ពុជា​​ជា​ច្រើននាក់​​ហើយ​​​បានចូល​មក​ប្រកាស​​​ទ្រព្យ​សម្បត្តិ​ និង​បំណុល​របស់​ខ្លួន ។ ​ក្នុងនោះ​​លោកប្រធាន​​អង្គ​ភាពប្រឆាំង​អំពើ​​ពុក​រលួយ ឱម យ៉ិន​ទៀង ​​បញ្ជាក់​ឱ្យ​ដឹងទៀត​ថា សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​ សំរិន ​ក៏​បាន​​ប្រកាសទ្រព្យ​សម្បត្តិ​​​រួច​រាល់​ហើយ​ដែរ ។​

គួរ​​បញ្ជាក់​​ថា កាលពី​ពេលថ្មី​ៗ​នេះ​​អង្គ​ភាព​ប្រឆាំង​អំពើពុករលួយ​​​បានប្រកាស​ជូនដំណឹង​​ដោយ​ទុកពេល​​ឱ្យ​មន្ត្រីជាប់​កាតព្វ​កិច្ច​​ប្រកា​ស​ទ្រព្យ​សម្បត្តិ​​ និងបំណុល​ត្រឹមថ្ងៃទី​៧ មេសា ២០១១ ខាង​មុខ ក្នុងការមកប្រកាស​ទ្រព្យ​សម្បត្តិ​​ និងបំណុលរបស់ខ្លួន ។ សេចក្តីជូន​​ដំណឹង​​ដដែល​ក៏​បាន​​បញ្ជាក់ទៀត​ថា ​មន្ត្រី​​​ទាំងឡាយ​ណា​ដែល​​ជាប់កាតព្វ​កិច្ចត្រូវ​​ប្រកាសទ្រព្យ​សម្បត្តិ​​ និង​​បំណុល ហើយ​​គេចវេះ​មិន​បានប្រកាស ត្រូវ​ផ្តន្ទាទោស​​ជាប់ពន្ធនាគារ​​ពី​១ខែ​ទៅ​១​ឆ្នាំ និង​ពិន័យ​​ជា​ប្រាក់​​ពី​១សែន​​​រៀលទៅ​​២លានរៀល ។ ​សូម​បញ្ជាក់​​ផងដែរ​ថា មកទល់នឹង​ពេលនេះ​មាន​មន្ត្រី​​​រាជការ​​១ភាគ​៤​ប៉ុណ្ណោះ​ដែលក្លាហាន​ក្នុង​ការ​ប្រកាស​​ទ្រព្យ​សម្បត្តិ​​​ និងបំណុល ​​ក្នុង​ចំណោម​​​មន្ត្រី​​​២ម៉ឺន​​៥ពាន់​នាក់ ដែល​ជាប់​​​កាតព្វ​កិច្ច​​ត្រូវប្រកាស​​ទ្រព្យសម្បត្តិ​​ និងបំណុល ។

គួរ​បញ្ជាក់​​ដែរ​ថា ​មន្ត្រីដែល​ជាប់កាតព្វ​កិច្ច​​ត្រូវ​​ប្រកាស​​ទ្រព្យសម្បត្តិ​​ និង​បំណុល ​គឺ​មន្ត្រី​​រាជ​ការ​​ស៊ីវិល ដែលមានឋានៈ​ចាប់ពីប្រធាន​​នាយក​ដ្ឋាន​ និង​មន្ត្រីយោធា​ ​នគរបាល ​ដែល​មាន​ឋានន្តរ​​ស័ក្តិ​​ចាប់ពីវរ​សេនីយ៍​​ឯក​ឡើងទៅ ​មន្ត្រី​ដែល​មាន​អាណត្តិ​​ជ្រើសតាំង​ដូចជា​ក្រុម​​ប្រឹក្សា​ឃុំ-​សង្កាត់​​ ស្រុក​ ខណ្ឌ ​​ខេត្ត​-រាជធានី ​សមាជិក​រដ្ឋ​​សភា ​សមាជិក​ព្រឹទ្ធសភា សមាជិក​រាជ​​រដ្ឋាភិ​បាល​​ ចៅក្រម​​អាសនៈ ចៅក្រម​​អយ្យការ សារ​ការី ក្រឡាបញ្ជី និងអាជ្ញា​​សាលា ៕

នាង​ក្រមុំ​​កម្មការិនី​​រោងចក្រ​​មានគូ​ដណ្តឹងជិតរៀប​ការ​ហើយ​ចាញ់​ល្បិច​ប្រុស​ព្រាន​២នាក់​ចាប់​​​រំលោភ​រហូតបានសម្រេច

Posted: 30 Mar 2011 11:25 PM PDT

​ជនសង្ស័យ​​២នាក់​ត្រូវ​បានកម្លាំង​ប៉ូលិស​​ព្រហ្មទណ្ឌ​​ស្រុកអង្គ​ស្នួល​ចាប់​ខ្លួន​

រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​​២នាក់​ត្រូវ​បានកម្លាំង​ប៉ូលិស​​ព្រហ្មទណ្ឌ​​ស្រុកអង្គ​ស្នួល​ចាប់​ខ្លួន​ប្រគល់​​ឱ្យ​ប៉ូលិស​​​ខណ្ឌ​​ដង្កោ ដើម្បីសាកសួរ​ និងចាត់​​ការ​បន្ត​​តាមផ្លូវ​​ច្បាប់ បន្ទាប់ពី​​​ពួកគេ​ធ្វើ​ស​កម្ម​​ភាព​ល្បួង​ នាង​ក្រមុំ​​កម្មការិនី​រោងចក្រ​​កាត់​ដេរ​​ម្នាក់​នាំយក​ទៅ​ចាប់រំលោភ​សេព​សន្ថវៈ​រួម​គ្នា​​រហូត​បាន​​សម្រេច​រៀង​​ៗ​ខ្លួន​​ ព្រមទាំង​គំរាម​សម្លាប់​​បើ​ហ៊ាន​​ប្រាប់គេ ឬ​ប្តឹង​​ប៉ូលិស​​ មិនតែ​​ប៉ុណ្ណោះ ​ក្រោយ​រំលោភ​រួច​​បាន​​​ប្លន់​​យក​ទូរស័ព្ទ​​ដៃ​របស់នាងម៉ាក​ណូគា ​១​គ្រឿងទៀត​ផង ។

ហេតុការណ៍​​នោះ​បានកើត​ឡើង​​ កាល​ពី​វេលា​ម៉ោង​​៧​និង​​៣០​នាទីយប់ថ្ងៃ​ទី​​២៨ មីនា ២០១១ នៅ​ក្នុងខ្ទម​​ចាំ​ចំការ​​មួយ​ភូមិ​​ត្បែង​មានជ័យ ​សង្កាត់​​ឪឡោក ខណ្ឌ​ដង្កោ ​​។ ​លុះ​រយៈ​ពេល​២ថ្ងៃ​ក្រោយ​​មក​​ ទើប​ប៉ូលិស​​ស្រុកអង្គស្នួល​​ធ្វើការ​​ចាប់ខ្លួន​ជន​ព្រាន​នារី​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​​​ខណ្ឌ​ដង្កោ ព្រោះក្រោយ​​​ពេលកើត​ហេតុ​​នាង​រង​គ្រោះ​​បាន​ទៅប្តឹង​​ឱ្យប៉ូលិស​​​ស្រុក​អង្គស្នួល​ជួយ​អន្តរា​គមន៍​​​ចាប់ជន​ខាងលើ ។ ជន​សង្ស័យ​​ទាំង​​​២​​​នាក់​​នោះ​ម្នាក់​ឈ្មោះ​តុង វាសនា ​អាយុ​​​២៨​ឆ្នាំ និង​​ម្នាក់​ទៀតឈ្មោះ​​ចេក ហេង អាយុ​​​១៧​ឆ្នាំ ជា​សិស្ស​​ថ្នាក់​ទី១០ នៅ​​វិទ្យា​ល័យ​​ហ៊ុន សែន ​អង្គ​ស្នួល ពួកគេ​មានទីលំនៅ​​ភូមិ​កណ្តាល ឃុំឆក់​​ឈើ​នាង ស្រុកអង្គស្នួល ខេត្ត​កណ្តាល ។ ​ចំណែក​​​ឯ​​កម្មការិនី​​រោងចក្រ​​កាត់​ដេរ​​ស្នាក់នៅ​ផ្ទះ​ជួលភូមិ​​ពងទឹក ឃុំ​បែកចាន ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។​

តាមប្រភព​ព័ត៌​មាន​​​បាន​ឱ្យ​​ដឹង​ថា ​ជន​សង្ស័យ​​ទាំង​​២នាក់​នោះត្រូវ​ប៉ូលិស​​​ព្រហ្មទណ្ឌ​​ស្រុកអង្គស្នួល​​ចុះ​ទៅចាប់​កាលពីវេលាម៉ោង​​១​និង​​១៥​នាទី​រសៀលថ្ងៃទី​​​​៣០ មីនា ២០១១ ​នៅ​ផ្ទះរបស់​ពួកគេក្នុង​ភូមិ​​​​កណ្តាល នោះតែ​ម្តង ដោយ​ប៉ូលិស​​​ដកហូត​ម៉ូតូ​១គ្រឿង ម៉ាកគុបជ្រុង C50 ពណ៌ទឹកប៊ិច ​ដែល​ពួកគេជិះ​ឌុប​នាង​​ក្រមុំ​នាំ​ទៅ​​រំលោភ​​​ ។ នាង​ក្រមុំ​រងគ្រោះ​​​បាន​រៀប​រាប់​​​ប្រាប់ប៉ូលិស​ថា នៅមុនពេលកើតហេតុ​​​ខាងលើ ​ឈ្មោះ​​ចេក ហេង បាន​អង្វរ​​សុំ​ឱ្យ​​នាង​ទៅ​ជួប​បុរស​ម្នាក់​ឈ្មោះ​​ឡុង ដែល​​ជា​អតីត​សង្សារ​របស់នាង ​បាន​បែក​គ្នា​​​បន្ទាប់​ពី​នាង​មានគូដណ្តឹង​​ ហើយ​ពេលនោះ​នាង​អត់ព្រម​​​ទៅជាមួយនោះទេ ។

ប៉ុន្តែ​​ឈ្មោះ​​ចេក ហេង ​បាន​អង្វរ​​សុំ​ឱ្យ​នាង​​ទៅជួប​ឈ្មោះ​​ឡុង ជាលើក​ចុងក្រោយ ​ព្រោះ​ឈ្មោះ​​ឡុង បន្ទាប់​​ពីបែក​ពី​​រូបនាង​​​បាន​យំខ្លាំង​ណាស់ ។ ដោយសារ​រូប​នាង​ និងឈ្មោះ​ចេក ហេង ជា​មនុស្សស្គាល់​គ្នា​រាប់​អានគ្នា ទើបនាង​​យល់ព្រម​ទៅជាមួយ ដើម្បី​​ជួបសង្សារ​​ចាស់ជា​លើក​ចុងក្រោយ ។ ​​បន្ទាប់​​ពីនាង​​យល់ព្រម​​ឈ្មោះ​​​ចេក ហេង ​បាន​ហៅ​ឈ្មោះ​​តុង វាសនា ឱ្យ​​យក​ម៉ូតូ​ជិះ​ឌុប​ខ្លួន​ និងនាង​ចេញទៅ​...​ដល់​ផ្លូវ​​ស្ងាត់​​ពួកគេ​ទាំង​២​ឈប់​​ម៉ូតូ​ចាប់​អូស​នាង​​ចូល​ក្នុង​ខ្ទម​ចំការ​រួច​ចាប់​រំលោភ​ម្តង​ម្នាក់​ៗ​រហូត​បាន​សម្រេច៕​

កង​កម្លាំង​​ប្រធានាធិបតី​​ជាប់ឆ្នោត​​កូតឌីវ័រ​ដណ្តើម​យក​បាន​​រដ្ឋ​ធានី និង​ដាក់​ឱសានវាទ

Posted: 30 Mar 2011 11:17 PM PDT

កង​កម្លាំង​​របស់ប្រធានាធិបតី​​ជាប់ឆ្នោត​​កូត​ឌីវ័រ

កង​កម្លាំង​​របស់ប្រធានាធិបតី​​ជាប់ឆ្នោត​​កូត​ឌីវ័រ លោកអាឡាស សាន​អ៊ូអាតារ៉ា វាយ​ដណ្តើម​​​ត្រួតត្រា​​រដ្ឋធានី​​រដ្ឋបាលរបស់​​ប្រទេស​គឺ​ទីក្រុងយ៉ា​មូស៊ូក្រូ កាលពីថ្ងៃទី​​​៣០ មីនា រួច​រំកិល ​ទៅជិត​​ទីក្រុង​​អាប៊ីដហ្សាន់​ជាទីក្រុង​​សេដ្ឋកិច្ច​ និង​ក្រុង​កំពង់ផែសាន់​​ប៉េដ្រូ​ ក្នុង​​ក្របខណ្ឌ​​នៃ​ការ​​វាយ​​រុញច្រាន​ គួរ​ឱ្យភ្ញាក់​ផ្អើល​សំដៅ​​កំចាត់​ប្រធា​នា​ធិបតី​​ចប់អាណត្តិ​លោកឡូរ៉ង់ ហ្សេបាបូ ចេញ​ពី​​អំណាច ។​ ប្រមុខ​​រដ្ឋាភិបាល​​បង្កើត​​​ឡើងដោយ​លោក​អ៊ូ​អាតារ៉ា លោកហ្គីយ៉ូម​​សូរ៉ូ ​ថ្លែង​ថា ​លោកហ្សេ​បា​បូ ​នៅសល់ ពេលតែ​ប៉ុន្មាន​​ម៉ោង​​ទៀតប៉ុណ្ណោះ ដើម្បី​​ដក​ខ្លួន​ថយ​ដោយ​សន្តិវិធី បន្ទាប់​ពី​បរាជ័យ​​នៃការ​​​​ចរចា ដែលធ្វើ​ចាប់​​តាំង​ពី​ច្រើន​​ខែមក​ហើយ ក្រោយ​ការបោះ​​ឆ្នោត​ប្រធានាធិបតី​​កាល​ពីថ្ងៃទី​​២៨ វិច្ឆិកា ​កន្លង​មក​នេះ ។​

លោកសូរ៉ូ ថ្លែង​តាម​វិទ្យុ​បារាំង RFI ថា «ពុំ​​មាន​ពេល​ម៉ោង​សម្រាប់​ធ្វើការ​ចរចា​ ឬ​ឱ្យមាន​បទ​ឈប់បាញ់​​គ្នា​មួយឡើយ ។ លោកហ្សេ​បាបូ នៅ​មាន​ពេល​​ប៉ុន្មាន​​ម៉ោង​ទៀតប៉ុណ្ណោះ ដើម្បី​​ចាក​ចេញ​ពី​អំណាច​​ដោយសន្តិវិធី ។​ ​នៅក្រុង​​ញូវយ៉ក​ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប បានអនុម័ត​​ជា​ឯកច្ឆ័ន្ទ​​ កាលពី​ថ្ងៃទី​​​៣០ មីនា ​លើ​ដំណោះស្រាយ​​មួយរៀប​រៀង​ដោយ​​ប្រទេស​បារាំង ដែល​​ដាក់​ទណ្ឌ​កម្ម​​​ថ្មីៗទៀត ប្រឆាំង​លោក​ហ្សេបាបូ និង​អ្នក​នៅ​ជុំវិញ​​លោក​។​

យោង​តាម​​ប្រជាជន និង​ប្រភពយោធា​នៅ​ក្រុង​​យ៉ាមូស៊ូក្រូ​ថា ពួក​អ្នកគាំទ្រ​​លោក​អ៊ូអាតារ៉ា ​ដណ្តើម​កាន់​កាប់​រដ្ឋ​ធានី​នា​ពេល​រសៀល ។ ​ព័ត៌​មាន​​នេះ​ត្រូវ​បាន​អះអាង​​ដោយប្រជាជន និង​ប្រភព​​យោធា​ដទៃៗទៀត ។ ពួក​អ្នក​​គាំទ្រ​​លោក​អ៊ូអាតារ៉ា មួយក្រុម​ទៀត​វាយ​ដណ្តើម​បាន​ទីក្រុង ស៊ូ​ប្រេ ជា​មូលដ្ឋាន​ចុងក្រោយ​​ធំមួយនៅ​តាម​ផ្លូវ​ទៅកាន់ទីក្រុង​​កំពង់ផែ​សាន់​​ប៉េដ្រូ ៕

ឃាត់ខ្លួន​​ជនដាណឺម៉ាក​ម្នាក់​សង្ស័យ​​ជួញ​ដូរគ្រឿងញៀន

Posted: 30 Mar 2011 09:12 PM PDT

ឃាត់ខ្លួន​​ជនដាណឺម៉ាក​ម្នាក់​សង្ស័យ​​ជួញ​ដូរគ្រឿងញៀន​

រាជធានីភ្នំពេញ ៖ គណៈ​កម្មការ​ចម្រុះ​ដឹក​នាំ​ដោយ​លោក​ឯក ​ឆេង​ហួត ព្រះរាជ​​​អាជ្ញា​រង​អមសាលា​ដំបូង​រាជធានីភ្នំពេញ បានចុះធ្វើការ​​ត្រួតពិនិត្យ​​បន្ទប់​លេខ​​២០៤ ក្នុងសណ្ឋាគារ​ឡាក់​គីរ៉ូ ដែលមានទីតាំង​​លេខ​​១២២D ផ្លូវ​លេខ​​១១០ ​សង្កាត់ផ្សារ​​ចាស់ ខណ្ឌ​ដូនពេញ កាលពីថ្ងៃទី​​​៣១ មីនា ​២០១១ ​វេលាម៉ោង​​​៩​និង​​៣០នាទី​ព្រឹក​​ក្រោយពី​​នគរបាលប៉ុស្តិ៍​​រដ្ឋ​បាល​ផ្សារ​ថ្មីទី​​​៣ ចាប់​​ខ្លួន​បុរស​ជនជាតិ​ដាណឺម៉ាកម្នាក់ និង​ស្ត្រី​​ខ្មែរ​ម្នាក់​ហើយ​ដក​ហូត​បានគ្រឿង​ញៀន កាល​ថ្ងៃ​ពុធ កន្លង​មក​នេះ ។

​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​​​ផ្សារ​ថ្មីទី​៣ បាន​ឱ្យ​​​​ដឹង​ថា ​កាលពីថ្ងៃទី​​​៣០ មីនា ​២០១១ វេលា​ម៉ោង​​​៦​និង​​៣០នាទី​​​ល្ងាច​កម្លាំង​​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​​​ផ្សារថ្មីទី​៣ ​បានឃាត់ខ្លួន​ជនសង្ស័យ​​​ជួញ​ដូរ​​គ្រឿងញៀន​​ចំនួន​​​២នាក់ ​ម្នាក់ឈ្មោះ JESPER LESEN ភេទប្រុស អាយុ​​៤៣​ឆ្នាំ ​ជនជាតិដាណឺម៉ាក ​មុខ​របរ​ជា​ង​ជួសជុល​ម៉ូតូ ស្នាក់នៅ​​សង្កាត់​​​លេខ​២ ខណ្ឌ​មិត្ត​ភាព​ ខេត្តព្រះ​សីហនុ ​និង​ស្ត្រី​​ជនជាតិខ្មែរ​​ឈ្មោះ​សំ ស្រីស្រស់ ​អាយុ​​២៥​ឆ្នាំ មានទីលំនៅ​សង្កាត់​​ព្រៃស ខណ្ឌ​ដង្កោ ។ ​​ជនសង្ស័យ​​ទាំង​​២នាក់នោះ​ត្រូវបាន​​ឃាត់ខ្លួន​នៅមុខ​រង្គសាល​អ័ររ៉ែង ផ្លូវលេខ​​​៥១ ភូមិ​ទី​​១០ ​សង្កាត់ផ្សារថ្មីទី​៣ ខណ្ឌ​ដូនពេញ ​ហើយ​សមត្ថ​កិច្ច​​​ឆែកឆេរ​​រកឃើញ​គ្រឿងញៀន​​មួយ​ចំនួន​ ។

យោ​ងតាម​​​ការ​សារ​ភាព​​របស់ជន​សង្ស័យ​​​ខាងលើ​នៅព្រឹកថ្ងៃទី​​៣១ មីនា​ ២០១១ ​គណៈ​កម្មការ​​ចម្រុះ​សាលា​ខណ្ឌ​ដូនពេញ ​ដឹកនាំ​ដោយ​​លោក​ឯក ឆេង​ហួត ​ព្រះរាជាអាជ្ញា​​​រង​អម​សាលា​​ដំបូង​​រាជធានីភ្នំពេញ លោក​ឯក ឃុន​ឌឿន ​​អភិបាល​រង​ខណ្ឌ​ដូនពេញ ​នគរបាល​ខណ្ឌ​​បានធ្វើការ​ត្រួតពិនិត្យបន្ទប់ស្នាក់នៅ​​​ជន​ខាងលើ​​លេខ​​២០៤ ក្នុងសណ្ឋាគារ​​​ឡាក់គីរ៉ូ ​ទីតាំង​​លេខ​១២២D ​ផ្លូវ​លេខ​​១១០ សង្កាត់ផ្សារ​ចាស់ ខណ្ឌ​ដូនពេញ ​​ដើម្បី​ស្វែង​រក​វត្ថុតាង​​ពាក់ព័ន្ធ​​ការជួញ​ដូរគ្រឿងញៀន ។ ​សមត្ថកិច្ច​បញ្ជាក់​ថា ​នៅ​ក្នុង​​បន្ទប់​ស្នាក់នៅ​​របស់​​ជនសង្ស័យ​​​​​ជនជាតិ​ដាណឺ​ម៉ាក សមត្ថកិច្ច​រកឃើញប្រដាប់​ប្រើប្រាស់​ថ្នាំ​ញៀន​ ។ បច្ចុប្បន្ន​​​ជនសង្ស័យ​ទាំង​​ជនជាតិ​ដា​ណឺ​ម៉ាក ទាំងស្ត្រីជនជាតិខ្មែរ​ត្រូវ​បា​ន​ឃាត់ខ្លួន​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​​នគរ​បាល​ខណ្ឌ​ដូន​ពេញ ៕​

សំណើ​​​របស់ក្រុម​​មន្ត្រីថៃ​សុំ​ចូល​សួរ​សុខ​ទុក្ខ​វីរ៉ា​ស៊ុម​ខ្វាមឃីត និង​អ្នក​ស្រីរ៉ាទ្រី មិន​ទាន់​​រួចរាល់

Posted: 30 Mar 2011 09:11 PM PDT

រាជធានីភ្នំពេញ ៖ សំណើរបស់​ក្រុម​មន្ត្រី​ថៃ ក្នុងការ​សុំ​​ចូលជួប​សួរសុខ​ទុក្ខ​​អ្នកទោស​​ជន​ជាតិសៀម​​២នាក់ ដែលកំពុងជាប់​ឃុំ​ក្នុង​ពន្ធនា​គារ​​ព្រៃស​ ប្រទេស​កម្ពុជា នៅមិនទាន់បានទៅ​​ដល់​​អគ្គ​នាយកដ្ឋាន​​ពន្ធនាគារ​​ក្រសួងមហាផ្ទៃ​នៅ​ឡើយ​ទេ ។ នេះបើ​​យោង​តាមការ​​បញ្ជាក់​​ប្រាប់​តាម​ទូរស័ព្ទ​ពីសំណាក់​​លោក​គុយ ប៊ុនសេន ​អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋានពន្ធនាគារ​​ក្រសួង​មហា​ផ្ទៃ ​នៅ​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ មីនា​នេះ ។​

គួរ​បញ្ជាក់​ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍​​នេះ​ក្រសួង​​ការបរទេស​កម្ពុជា​បានទទួលលិខិត​​ស្នើ​សុំ​​របស់ក្រុម​មន្ត្រី​ថៃ​មួយក្រុម​តាមរយៈ​ស្ថាន​ទូត​ថៃ ​ប្រចាំ​កម្ពុជា ដើម្បី​ចូល​ជួបអ្នកទោស​សៀម​​២​នាក់ គឺ​​លោកវីរ៉ា ស៊ុម​ខ្វាមឃីត និង​លោកស្រី​រ៉ា​ទ្រី ក្នុង​ពន្ធនាគារ​ព្រៃស ។ ​បើ​តាមលោក​កុយ គួង ​អ្នកនាំពាក្យក្រសួងការបរទេស​​​បានប្រាប់​​បណ្តាញ​​​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ថា សំណើ​នេះ​​នឹង​បញ្ជូន​បន្តទៅ​​ក្រសួង​មហាផ្ទៃ​ដើម្បីសម្រេច ។ ​​

ប្រភពព័ត៌មាន​​​បាន​ឱ្យ​​ដឹង​ថា ​ក្រុម​មន្ត្រី​​ថៃ​ដែល​គ្រោង​មក​សួរ​សុខទុក្ខ​​នេះ គឺ​ដឹកនាំ​ដោយ​​លោក​​ផានិក ​វីគីស្រេត ​ដែលជា​អតីត​​អ្នកទោស​​​​ធ្លាប់​​ជាប់ពន្ធនាគារព្រៃ​ស ​​ពីបទ​ឆ្លង​ដែន​​ចូលទឹក​ដី​កម្ពុជា​​ដោយខុសច្បាប់​កាលពីថ្ងៃទី​​២៩ ធ្នូ ​២០១០ ​ជាមួយ​លោក​វីរ៉ា ស៊ុម​ខ្វាមឃីត ​និង​អ្នក​ស្រី​​រ៉ា​​ទ្រី ផង​ដែរ ។ គួរ​បញ្ជាក់​​​ថា ទណ្ឌិត​​ឈ្មោះ​វីរ៉ា ស៊ុម​ខ្វាម​ឃីត ​​ត្រូវ​​បានសាលាដំបូង​​រាជធានីភ្នំពេញ សម្រេច​ផ្តន្ទាទោស​​​​ដាក់ពន្ធនាគារ​​ចំនួន​​៨​ឆ្នាំ ចំណែក​​លោកស្រីរ៉ា​ទ្រី ​ចំនួន​៦​ឆ្នាំ ពីបទ​ឆ្លងដែន​​ចូលក្នុងទឹកដីកម្ពុជា​ដោយខុសច្បាប់​ក្បែរ​ជំរំ​យោ​ធា​ និងបទ​ចោរ​កម្ម ៕​

យុវជន​ទំនើង​​បើក​រថយន្ត​​បុកម៉ូតូ​​​៦​គ្រឿង និង​រថយន្ត​​​២គ្រឿង​​ត្រូវប្រជា​ពល​រដ្ឋ​​​​ព្រួត​វាយ

Posted: 30 Mar 2011 08:51 PM PDT

​
​
​

រាជធានីភ្នំពេញ ៖ ​យុវជ​នទំនើង​​២នាក់​​​ក្នុង​ចំណោម​​បក្សពួក​​​៥នាក់ ត្រូវ​​បានប្រជា​ពល​រដ្ឋ​​​ចោម​រោម​​វាយតប់​​រហូត​បែកមុខ បែកមាត់ និង​​បែក​ក្បាល​​ហូរ​ឈាម​​ ប្រឡាក់​​ពេញអាវ ​ព្រម​ទាំង​​​វាយ​កម្ទេច​​កញ្ចក់​​​រថ​យន្ត​​​បែក​ខ្ទេច​ខ្ទី ​ក្រោយ​ពី​​​យុវជននោះ​បើក​រថ​យន្ត​ម៉ាក​​កូរ៉ូឡា​ ពណ៌ស ពាក់​ស្លាកលេខ ​ភ្នំពេញ 2F-3200 ទៅ​បុកម៉ូតូ​​ម៉ាក​ឃ្លីក​មួយគ្រឿង​ជាប់​ក្រោម​​រថយន្ត តែមិន​​ព្រម​ឈប់ ព្យា​យាម​​បើក​រត់​បណ្តាល​​​ទៅ​បុក​ម៉ូតូ​​ជា​បន្ត​បន្ទាប់​​ចំនួន​​​៥​គ្រឿង ​និង​រថយន្ត​​ស៊េរី​ទំនើប​​​២គ្រឿង​ទៀត​ដែល​គេច​​ត​ស្ងៀម។ ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ឈាន​ដល់​ប្រើ​អំពើ​​ហិង្សា​នេះ​បានកើតឡើង​នៅ​ចំណុច​​មុខ​អាហារ​​ដ្ឋាន​យីហោ​​ស្លឹក​ឈើ ​កែង​ផ្លូវ​​លេខ​១៩ ​និង​​១៧២ ​ស្ថិត​ក្នុង​​​សង្កាត់ជ័យជំនះ ខណ្ឌ​​ដូន​ពេញ ​កាលពីវេលាម៉ោង​​៥​ល្ងាច​ថ្ងៃទី​​៣០ មីនា ២០១១ ​អ្នកបើក​​បរ​ត្រូវ​​បានឃាត់​ខ្លួន​​ប្រគល់​​ទៅ​ឱ្យនគរបាល​​ការិយាល័យ​​ចរា​ច​រណ៍​​ផ្លូវ​​គោក ​នៃ​ស្នងការ​ដ្ឋាន​​នគរបាល​​រាជធានី​ភ្នំពេញចាត់​ការ​តាមច្បាប់​ ។

សាក្សី​ដែល​ឃើញហេតុការណ៍​​បាននិយាយ​​​ឱ្យ​​ដឹង​ថា ​មុនពេល​កើតហេតុ​​រថយន្ត​​កូរ៉ូឡា ពណ៌ស ​ខាងលើ​នេះ​ បើក​តាម​បណ្តោយ​ផ្លូវ​​លេខ​​១៩ ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង​ លុះ​ដល់​មុខ​ផ្ទះ​លេខ​​១១៨ ស្រាប់តែ​​រថយន្ត​​បុក​ម៉ូតូម៉ាកឃ្លីក​ចំពីមុខ​​​បណ្តាល​​ឱ្យ​​ម៉ូតូជាប់​ក្រោម​រថ​យន្ត​​​ ​ហើយ​​រថយន្ត​​នោះ​បានបើក​​​ថយក្រោយ ​ក៏ប៉ះ​​នឹង​រថយន្ត​ឡិច​ស៊ីស ពាក់​ស្លាក​លេខរដ្ឋសភា និង​ប៉ះ​រថយន្ត​​កាម​រី​បាឡែន​​ ដែល​គេ​ចត​ស្ងៀម​នៅលើ​ចិញ្ចើម​​ថ្នល់ ។ ទោះ​បី​​​ជា​ដឹង​ថា ​បុកម៉ូតូ​ និង​រថយន្ត​​​របស់​​គេ​ក៏​ដោយ ក៏​យុវជន​​ស្ទាវ​ជា​ម្ចាស់​រថ​យន្ត​មិន​​ឈប់​ដោះស្រាយ​​នោះ​ទេ បែរ​ជា​​បន្ថែម​ល្បឿន​​​បើក​ទៅ​មុខ​ទៀត​ទាំង​ម៉ូតូ​ជាប់​ក្រោម​​​រថយន្ត​​បង្ក​ឱ្យមាន​ការ​ភ្ញាក់​ផ្អើល​​ និង​បុក​ម៉ូតូ​ជា​បន្ត​បន្ទាប់​​​អស់​​​៥គ្រឿង​បន្ថែមទៀត បើ​ទោះ​​បីជា​ប្រជា​ពលរដ្ឋ​​នាំគ្នា​ស្រែក​ឱ្យ​រថ​យន្ត​​​​នោះ​ឈប់​​ក៏ដោយ ក៏​គេ​នៅ​តែ​មិនឈប់ ។

ខណៈ​​ពេល​រថយន្ត​​មក​ដល់​​កែ​ងផ្លូវ​លេខ​​១៧២ ទល់​មុខ​​អាហារដ្ឋាន​យីហោ​ស្លឹក​​ឈើ រថយន្តបត់​​ទៅទិស​ខាងលិច ក៏​ត្រូវ​​ប្រជា​ពលរដ្ឋ​​ដែលឃើញហេតុ​​ការណ៍​​បាននាំ គ្នា​​ខ្លះ​យក​ដុំ​ថ្ម និង​ខ្លះទៀត​​​លើក​ផើង​​ផ្កា​គប់ទៅ​លើ​រថយន្ត​​បង្ក​ បណ្តាល​ឱ្យ​​បែក​កញ្ចក់​​រថយន្តទាំង​មុខ ទាំង​​ក្រោយ ទើប​រថយន្ត​នោះឈប់ ។ ​អ្នកបើក​រថ​យន្ត​​បង្ក​មានឈ្មោះ​​រ៉ុង ​សូ​សាតូ ភេ​ទប្រុស ​អាយុ​​​១៨​ឆ្នាំ ជាសិស្ស​​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ស្នាក់នៅ​ផ្ទះលេខ​​​៤៥ ផ្លូវលេខ​​១៥ ​សង្កាត់​ផ្សារ​​កណ្តាលទី​២ ខណ្ឌ​ដូនពេញ៕

ចិនដី​គោក​បើក​រថយន្ត​ចាក់គួរជ្រុល​ទៅបុកកាមរីខ្ទេចមុខ

Posted: 30 Mar 2011 08:47 PM PDT

នៅ​ក្នុង​ហេតុការណ៍​នេះមិន​មាន​មនុស្ស​ណា​ម្នាក់ស្លាប់ ឬ​រង​របួស​នោះទេ

រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​ហុង​ដាចង្កូត​​ស្តាំ​បើកក្នុងល្បឿន​លឿន​លុះ​ដល់​ចំណុច​​កែង​មហាវិថី​​ព្រះមុនីវង្ស និងវិថី​ហ្សាល​ដឺ​ហ្គោល ​(ភ្លើង​ស្តុប​​សណ្ឋាគារ​ស) ​ស្ថិត​ក្នុង​សង្កាត់អូរ​ឫស្សី​​ទី​​៤​ ខណ្ឌ​​​៧​មករា បានចាក់​កួរ​បង្អួត​ស្រី​ស្នេហ៍​​ហើយ​ជ្រុលទៅបុក​​រថយន្តកាមរី​​គូទ​ស្វិត​​ចំ​ពាក់​កណ្តាល​​រថយន្ត​​កាលពីវេលាម៉ោង​​​២​និង​​១០នាទី​រំលង​អ​ធ្រាត្រ​​​ឈាន​ចូលថ្ងៃទី​៣១ មីនា ​២០១១ ។ នៅ​ក្នុង​ហេតុការណ៍​នេះមិន​មាន​មនុស្ស​ណា​ម្នាក់ស្លាប់ ឬ​រង​របួស​នោះទេ គ្រាន់​តែ​ខូច​ខាត​​រថយន្ត​ទាំង​​​២​គ្រឿង​​ធ្ងន់ប៉ុណ្ណោះ​។​

ប្រភពព័ត៌​មាន​​នៅ​កន្លែង​កើតហេតុ​​បាន​ឱ្យ​​​​​សមត្ថ​កិច្ច​ដឹង​ថា មុនពេលកើតហេតុ​​​មានរថយន្ត​​​២គ្រឿង បើក​ប្រដេញ​គ្នា​​លើ​កំណាត់​មហាវិថី​ព្រះ​​មុនីវង្ស ឆ្ពោះទៅ​​ទិស​ខាង​ត្បូង លុះ​មក​ដល់​កែង​វិថី​ហ្សាល​​ដឺ​ហ្គោល (ភ្លើង​​ស្តុប​​អតីត​សណ្ឋាគារ​ស) ​ស្ថិតក្នុង​​សង្កាត់អូរ​ឫស្សី​​ទី​៤ ខណ្ឌ​៧​មករា ​ស្រាប់​តែ​​​រថយន្ត​ម៉ាក​​ហុងដា​ចង្កូត​ស្តាំ​ ពាក់​ស្លាក​លេខ ​បាត់ដំបង 2A-3817 ទំនង​ចង់​បង្អួត​ស្រី​ស្នេហ៍​​បានចាក់​គួរ​បត់​​ទៅទិស​ខាងកើត ស្រប​ពេល​នោះ​​មាន​រថយន្ត​​មួយគ្រឿងទៀត​​​​ម៉ាក​​កាមរី​គូទ​​ស្វិត ពាក់​ស្លាកលេខ ភ្នំពេញ 2B-5866 បើក​តាម​​វិថី​ហ្សាល​​ដឺ​ហ្គោល ទៅទិស​ខាងកើត បណ្តាល​ឱ្យ​​បុក​ចំ​ពាក់កណ្តាល​​​រថយន្ត​​​កាមរីលាន់​​​ដូច​រន្ទះ​បាញ់​​​​ខែ​ប្រាំង ។ ក្រោយពី​​​រថយន្តទាំង​​​២​ចង​​កំហឹង​​គ្នា​​​​ខូចខាត​​ទៅមុខលែង​រួច ​គេ​ឃើញ​ភាគី​​ខាង​រថយន្ត​​ហុងដា បានបើកទ្វារ​​​រថយន្ត​​ចេញ​មក​ក្រៅ​​មានស្រី​​ មាន​ប្រុស​​​​៤-៥​នាក់ ​ជា​​ជន​ជាតិ​ចិនដី​គោក​​នាំគ្នា​ស្រែក​ហ៊ោកញ្ជ្រៀវ​ តែ​មិន​មានអ្នក​​ណា​​ម្នាក់​របួស​នោះទេ ​ទំនង​បាន​ពោង​ការពារ​សុវត្ថិភាព​ជួយ រី​ឯ​ភាគី​​ខាង​រថយន្ត​កាមរីគូទ​​ស្វិត​វិញ​​មានគ្នា​​​៣­-៤​នាក់​សុទ្ធតែ​ប្រុស​ៗ ហើយ​​ជួប​សំណាង​ល្អ​​ក៏​មិន​មាន​​អ្នក​រង​របួស​
ដែរ​ ។​

សមត្ថកិច្ច​​​ជំនាញ​​មិន​បានអះអាង​​ថា ភាគី​ខាង​ណា​ខុស​ ឬ​ត្រូវ​នោះទេ ក្រោយពី​​ធ្វើការ​​វាស់​វែង​​រួច​គ្រាន់​​តែ​បញ្ជាក់​ថា​ រថយន្ត​​ម៉ាកហុង​ដា​​ខូច​​ផ្នែក​​ខាង​មុខ​ធ្ងន់​​ និង​ផ្ទុះ​​ពោង​ការពារ​សុវត្ថិភាព​ទាំ​ង​​២​ រីឯ​រថយន្ត​​​កាមរី​ខូចទ្វារ​​ចំហៀង​​ទាំង​២។​​រថយន្ត​​ទាំង​​២គ្រឿង​​​ត្រូវ​បាន​ស្ទូច​​យកទៅ​រក្សា​ទុក​​​នៅការិយាល័យ​​នគរបាល​​ចរាចរណ៍​​ផ្លូវ​គោក​​​​នៃ​ស្នង​ការ​​ដ្ឋាន​នគរបាល​​រាជធានីភ្នំពេញ ៕​

ប្រធានាធិបតី​​ទីម័រ​​ខាងកើតវិលត្រឡប់​​​បន្សល់​​ទុកកិច្ចសហប្រតិបត្តិការ​​ល្អ​​ និង​គាំទ្រ​​​​កម្ពុជា​​ពេញ​ទំហឹង

Posted: 30 Mar 2011 08:45 PM PDT

រាជធានីភ្នំពេញ ៖ ប្រធានាធិបតី​​នៃសាធា​រណ​រដ្ឋ​​ប្រជាធិបតេយ្យ​​ទីម័រខាង​កើត ​លោកយ៉ូ​ហ្សេ រ៉ា​មូស ហ័រ​តា ​នឹង​វិវត្តន៍​ទៅកាន់​​ប្រទេស​ទីម័រ​ខាងកើត​វិញ​នៅ​​ថ្ងៃទី​​៣១ មីនា ២០១១ នេះ បន្ទាប់ពីបាន​​បញ្ចប់ដំណើរ​បំពេញ​ទស្សន​កិច្ច​​​ផ្លូវ​​រដ្ឋ​នៅ​​កម្ពុជា​រយៈ​ពេល​​​៣ថ្ងៃ ដោយ​ចាប់​ផ្តើម​​ពីថ្ងៃទី​​​២៩ មីនា នោះ​រួច​មក ។ ដំណើរ​ទស្សន​កិច្ច​​​​ផ្លូវ​រដ្ឋ​​របស់​ប្រមុខ​​ដឹកនាំ ប្រទេស​​ទីម័រ​ខាង​កើត​នេះ ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ ដើម្បី​រឹ​ត​ចំណង​​សាមគ្គី​​ភាព និង​កិច្ច​សហ​ប្រតិបត្តិការ​​លើ​គ្រប់វិស័យ ​និង​ផ្លាស់ប្តូរ​​បទ​ពិសោធន៍​​ក្នុងនាម​ជា​​ប្រទេស​ស្ថិត​​នៅ​ក្នុង​តំបន់​ជា​មួយគ្នា ។​

នៅក្នុង​​ដំណើរទស្សន​កិច្ច​​នេះ​ដែរ ​ភាគីទាំង​​​២​ក៏​បានរកការ​គាំទ្រ​​បេក​្ខ​ភាព​​គ្នា​ទៅវិញ​ទៅមក ក្នុងនោះ លោកយ៉ូហ្សេ ​រ៉ា​មូស ហ័រ​តា ​បានគាំទ្រ​​បេក្ខ​ភាព​​កម្ពុជា ជា​សមាជិក​​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​​​សន្តិសុខ​​​អង្គការ​​សហប្រជាជាតិ​សម្រាប់​​អាណត្តិ​​​ឆ្នាំ​​២០១៣ និង​​២០១៤​។ ចំណែក​​កម្ពុជា​​ក៏​បាន​គាំទ្រ​ទីម័រ​​ខាងកើត​​​ជា​សមា​ជិក​ថ្មីទី​១១ របស់​សមាគម​ប្រជាជាតិ​​អាស៊ី​អាគ្នេយ៍​ ហៅកាត់​ថា អាស៊ាន ។ ​ជាមួយគ្នា​នេះ ​​ភាគីទាំង​​២ ក៏បានលើកឡើង​​ពីរចនា​សម្ព័ន្ធ​​ដឹកនាំ​​ស្ថាន​ភាព​​នយោបាយ​ និងសេដ្ឋកិច្ច​​ប្រាប់គ្នា​ទៅ​វិញទៅមក​ ក្នុងនោះ​កម្ពុជា​ក៏​បាន​លើក​ឡើង​​​ផង​ដែរពីស្ថានភាពយោធា​នៅ​​តាមព្រំដែន​​កម្ពុជា​-ថៃ​​ក៏ដូចជា​​ការ​ផ្ទុះ​​អាវុធ​ដាក់​គ្នា​​រវាង​កងទ័ព​កម្ពុជា​-​ថៃ នា​ពេលកន្លង​មក ។​

គួរ​​បញ្ជាក់​ថា នៅក្នុង​​ដំណើរ​បំពេញ​ទស្ស​​ន​កិច្ច​​ផ្លូវ​រដ្ឋ​​របស់​ប្រធានាធិបតី​​ទីម័រ​ខាង​កើត ​ដែល​ធ្វើ​ឡើង​តាមការអញ្ជើញ​​របស់សម្តេច​​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន ​នេះ​ផងដែរ លោក​យ៉ូហ្សេ ​រ៉ាមូស ​ហ័រ​តា ​បានចូលក្រាប​បង្គំ​​គាល់​​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម​ សីហមុនី​ ​ព្រះមហាក្សត្រ​កម្ពុជា ចូល​ជួប​សម្តែង​​ការ​គួរ​សម​​ដាច់​ដោយឡែក​ពីគ្នា​ជា​មួយ​សម្តេច​​អគ្គមហា​ធម្មពោធិសាល ជា ស៊ីម ​ប្រធាន​​ព្រឹទ្ធសភា​ សម្តេច​​អគ្គ​មហា​ពញាចក្រី ហេង​ សំរិន ​ប្រធាន​រដ្ឋសភា និង​ជួប​ពិភាក្សា​​ការងារ​​ជា​​មួយ​សម្តេច​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ៕​

លោកអូបាម៉ា ៖ អាមេរិក​នឹង​កាត់បន្ថយ​​ការ​នាំ​​ប្រេង​ឆៅ​ចូល

Posted: 30 Mar 2011 08:37 PM PDT

​លោកប្រធានាធិបតី​អូបាម៉ា ថ្លែង​​ថា

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា ​កាលពីថ្ងៃទី​​៣០ មីនា បានអំពាវ​នាវ​ដល់ប្រទេស​​របស់​លោក​ឱ្យ​កាត់បន្ថយ​​​ការនាំ​ចូល​​ប្រេងឆៅ​​១ភាគ​៣ នៅត្រឹម​ឆ្នាំ​​២០២៥ ដើម្បី​​​ធានា​​ដល់ការ​ផ្គត់​ផ្គង់​​ថាមពល​របស់​ខ្លួននា​ពេល​​អនាគត ។ លោកអូបាម៉ា បានទទូច​​ដូច្នេះ​​ក្នុង​សុន្ទរកថា​មួយ​នៅ​សាកលវិទ្យា​ល័យ Geogetwon ក្នុងទីក្រុង​​វ៉ា​ស៊ីន​តោន​ ។​ ​លោកប្រធានាធិបតី​អូបាម៉ា ថ្លែង​​ថា «ថ្ងៃ​នេះ​ខ្ញុំ​ចង់​ប្រកាស​ពី​​ទិសដៅ​​ថ្មីមួយ ដែលសម​​ហេតុ​ សម​ផល ​ហើយ​អាច​សម្រេច​បាន​​ និង​ចាំ​បាច់​បំផុត ។ នៅពេលខ្ញុំ​​ជាប់ឆ្នោត​​ជា​ប្រធានា​ធិប​តី​​ អាមេរិក​បាននាំចូល​ប្រេង​​ឆៅ​ចំនួន​១១​លានធុង​ ​​ក្នុង​មួយថ្ងៃ​ ដូច្នេះ​​រយៈ​ពេល​ជិត​មួយ​ទស​វត្ស​​ទៀត​យើង​​នឹង​កាត់​បន្ថយ​​ការនាំចូល​ប្រេង​​១​ភាគ​​៣ ។

លោកអូបាម៉ា ថ្លែង​ថា «មធ្យោ​បាយ​តែ​មួយ​គត់​ ដើម្បី​​ផ្គត់​ផ្គង់​​ថាមពល​​របស់​អាមេរិក​គឺ​​​ការកាត់​បន្ថយ​​ការពឹ​ង​ផ្អែក​​របស់​​យើង​លើ​ការ​នាំចូល​​ប្រេង» ។​ បើនិយាយ​​ពីការផ្គត់ផ្គង់​​​កាលពីឆ្នាំ​​២០១០ កន្លង​មក ការ​ផលិត​​ប្រេង​​របស់អាមេរិក ឈាន​ដល់​កម្រិត​ខ្ពស់បំផុត​ចាប់តាំង​ពី​ឆ្នាំ​២០០៣​មក។ ​រដ្ឋការ​របស់​​លោកអូបាម៉ា​ កំពុងជំរុញ​ឱ្យ​​មាន​ការ​​រុក​រក​​ប្រេង​នៅក្នុងសមុទ្រ ។​ លោកប្រធានាធិបតី​​អូបាម៉ា ថ្លែង​ថា «ដើម្បី​​កាត់បន្ថយ​​​ការ​ពឹង​ផ្អែក​​លើការ​នាំ​ប្រេង​ចូល​រដ្ឋ​ការរបស់ខ្ញុំ​​កំពុង​​ជំរុញ​​ឱ្យមាន​ប្រតិបត្តិ​ការ​រុករក​​ប្រេង​នៅក្នុងសមុទ្រ​» ។ ​លោកអូបាម៉ា ​គូស​បញ្ជាក់​​ថា សហរដ្ឋ​អាមេរិក​ប្រើប្រាស់ប្រហែល​​​២៥​ភាគរយ​នៃ​​ប្រេង​​លើពិភពលោក ។​ ជាមួយ​គ្នានេះ លោកអូបាម៉ា ​គូស​បញ្ជាក់​ថា ​អាមេរិក​នឹង​បន្ត​​​អភិវឌ្ឍន៍​​ថាមពល​នុយក្លេអ៊ែរ​ ​បើ​ទោះបី​ជា​​មាន​​គ្រោះ​មហន្តរាយ​​នុយក្លេអ៊ែរ​​​កើត​ឡើង​នៅប្រទេស​​ជប៉ុន​​កាលពី​ពេលថ្មីៗ​កន្លង​មក​ក៏ដោយ ៕​

រដ្ឋ​មន្ត្រី​ការ​បរ​ទេស​លីប៊ី​រត់​ចោល​ជួរ​ហើយ​គេច​ចេញ​ពី​ប្រទេស

Posted: 30 Mar 2011 08:09 PM PDT

រដ្ឋ​មន្ត្រី​ការ​បរ​ទេស​លីប៊ី​លោកមូ​សា ​គូ​សា

រដ្ឋ​មន្ត្រី​ការ​បរ​ទេស​លីប៊ី​លោកមូ​សា ​គូ​សា ​បានសុំ​លា​លែង​កាលពីថ្ងៃទី៣០ មីនា ។ យោង​តាម​​មនុស្ស​ជំនិត​ម្នាក់​របស់លោកថា ​លោក​មូ​សា គូសា ​បាន​ចាក​ចេញ​ពីតំណែង​​ដោយ​សារ​តែ​​ការ​វាយប្រហារ​​របស់របប​លោក​កា​ដាហ្វីប្រឆាំង ជន​ស៊ី​វិល ។

​ចាក​ចេញ​ទៅ​កាន់​ប្រទេស​ទុយនីស៊ី​ដែល​លោក​ទៅ​ដល់​ទីនោះ​កាលពីថ្ងៃទី២៨ មីនា លោក​មូសា​ គូសា ​បានទៅ​កាន់ទីក្រុង​ឡុងដ៍ ក្នុង​ក្តី​សង្ឃឹម​ថា ស្វែង​រក​សិទ្ធិ​ជ្រក​កោននៅទីនោះ ។ មិត្ត​របស់លោកម្នាក់​ គឺលោក​ NOMAN BENOTMAN និយាយ​ថា រដ្ឋ​មន្ត្រី​រូបនេះ​បានផ្តាច់ ខ្លួន​ចេញ​ពីរបប​លោកកាដាហ្វីហើយ ។ លោក​មិន​សប្បាយ​​ចិត្តសោះ ព្រោះ​លោក​មិន​គាំទ្រ​ការ​វាយប្រហារ​​របស់រដ្ឋាភិបាល​ប្រឆាំង​ជនស៊ីវិល។ ​រូបលោក​សង្ឃឹម​នឹង​ត្រូវ​គេ​ទទួល​ដោយល្អ​នៅ​ក្រុង​ឡុងដ៍ ។

​ការរត់​​ចោល​ជួរ​​ និងការ​គេច​ខ្លួន​របស់ប្រមុខ​​ការទូត​លីប៊ី ត្រូវ​បានអះ​អាង​ក្នុង​​សេចក្តី​ប្រកាស​​មួយ​របស់ក្រសួង​​ការ​បរ​ទេស​អង់គ្លេស​​ដែល​បញ្ជាក់​ថា ទី​ក្រុងឡុង​បាន​លើក​​ទឹកចិត្ត​​ដល់​បណ្តា​មនុស្ស​នៅ​ជុំវិញ​លោកកាដាហ្វីឱ្យ​ចាក​ចេញ​ពីតំណែង​ ។ សេចក្តី​ប្រកាសនោះ​បន្ត​ថា រដ្ឋ​មន្ត្រី​ការ​បរ​ទេស​រូបនេះ​មកដល់ក្រុងឡុងដ៍​ដោយ​ចិត្ត​ឯង ។ ​លោកថ្លែង​ប្រាប់​យើង​ថា លោក​លា​លែង​ចេញពី​តំណែងហើយ ៕

ក្រុម​អាចារ្យ​វត្ត​ដើរ​រៃ​អង្គាស​ប្រាក់​គ្មាន​សណ្តាប់​ធ្នាប់​ត្រូវ​បាន​ហាម​ឃាត់

Posted: 30 Mar 2011 07:48 PM PDT

អាចារ្យ​ទាំង​២​នាក់​ត្រូវ​អាជ្ញាធរ​អប់រំ​ណែនាំ​ពី​ការ​រៃ​អង្គាស

ខេត្តព្រះសីហនុ ៖ បុរស​២​នាក់​​ក្នុង​ចំណោម​​​៤​នាក់​ដែល​អះអាង​ថា ជាគណៈ​កម្ម​ការ​អា​ចារ្យ​វត្ត​សូភី ​នៅភូមិ​ស្រម៉ ឃុំត្រពាំងស្រែ ស្រុក​មេ​សាង ​ខេត្តព្រៃវែង ​បានត្រូវ​មន្ត្រី​មន្ទីរ​ធម្មការ ខេត្ត​ ​សហការ​ជាមួយកម្លាំង​​កង​រាជ​អាវុធហត្ថ​​ក្រុងព្រះសីហនុ​ឃាត់​ខ្លួន​នាំមក​សាក​សួរ​ ទាក់​ទិន​នឹង​ការដើរ​រៃ​អង្គាស​បច្ច័យ​នៅ​​ខាង​មុខ​រោងចក្រ​ញូវស្តារដែល​មានទីតាំង​ស្ថិត​នៅ​សង្កាត់លេខ១ ក្រុង​ព្រះសីហនុ ។

មន្ត្រី​នៃមន្ទីរ​ធម្មការខេត្ត​​បានឱ្យ​ដឹង​ថា បុរស​ទាំង​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួនវេលា​ម៉ោង​១ និង​១៤​នាទីរសៀលថ្ងៃទី២៨ មីនា ដែលម្នាក់ឈ្មោះ​ចាន់ រ៉ាម៉ន អាយុ​៥៤​ឆ្នាំ ​​និង​ម្នាក់​ទៀតឈ្មោះ​កែវ​ យ៉ឺន ​​អាយុ​៤៧​ឆ្នាំ ​។ ទាំង​២​នាក់​មានទីលំនៅ​​ក្នុង​​ភូមិ​ស្រម៉ ឃុំ​ត្រពាំង​ស្រែជាមួយ​គ្នា និង​អះ​អាង​ថា ជា​គណៈ​កម្ម​ការ​អាចារ្យ​វត្ត​សូភី​ដូចគ្នា ។ មន្ត្រី​ដដែល​បន្ត​​​ថា មុន​នឹង​ឈានដល់ការ​ឃាត់​ខ្លួនបុរសទាំង​២នាក់មកធ្វើការ​សាកសួរ​​នេះ​ គឺ​ពួក​គេ​មាន​គ្នា​ចំនួន​៤នាក់​​​ដោយ​មាន​កង់​១គ្រឿង ​និង​មានមីក្រូចងលើកង់ផង បានដើរ​ប្រកូក​ប្រកាសរៃ​អង្គាសបច្ច័យ​ ខណៈ​​ពេលកម្មករ​ កម្ម​ការិនី​រោង​ចក្រ​ញូវស្តារចេញពី​ធ្វើការ ។ ពេល​នោះ​ប្រជា​ពលរដ្ឋ​បានរាយការណ៍​​មក​មន្ទីរ​ធម្មការ ទើប​លោក​កង ឌីណាត ប្រធាន​មន្ទីរ​ បានឱ្យមន្ត្រីរបស់​មន្ទីរ​​​ចុះ​ទៅ​ពិនិត្យ​​​ជាក់ស្តែង​សកម្ម​ភាព​​របស់បុគ្គល​ខាងលើ​នេះ​ថា តើមាន​ច្បាប់​អនុញ្ញាត​ពីមន្ទីរធម្មការដែរ​ឬ​ទេ? ចៀស​វាង​ការដើរ​រៃអង្គាស​គ្មាន​ច្បាប់​ទម្លាប់។

មន្ត្រី​មន្ទីរ​ធម្មការខេត្ត​ដែលចុះ​ទៅ​ឃាត់ខ្លួន​បុរស​ទាំង​២នាក់​មកសួរនាំ​បាន​​ឱ្យ​ដឹងថា ពួកគេ​បាន​បង្ហាញ​លិខិត​មួយ​ច្បាប់ចុះ​ថ្ងៃទី១២ មីនា របស់​ចៅ​អធិការ​វត្ត ​សូភី ចាត់​តាំង​ឱ្យពួកគេ​ចំនួន៤​នាក់​ដែល​មាន​១-ឈ្មោះ​កែវ យ៉ឺន​ ២-ឈ្មោះ​សន ទូច ​៣-​ឈ្មោះ​ចាន់ រ៉ាម៉ន និង​៤-​ឈ្មោះយ៉ាង ណាង ឱ្យ​ចេញ​ទៅដើរ​រៃអង្គាស​ថវិកា​មកកសាង​វត្ត ។ ប៉ុន្តែ​ពេល​ធ្វើដំណើរ​មក​ដល់​ខេត្ត​ព្រះ​សីហនុ អ្នក​ទាំង៤​នាក់​ខាងលើ ​មិន​បាន​ធ្វើ​ការ​ទំនាក់​ទំនង​​ ដើម្បី​សុំ​ការអនុញ្ញាត​ពីព្រះ​មេគណ​ខេត្ត ឬ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តឡើយ ដែល​អាច​ចាត់ទុក​ថា ​ជាការ​មិនគោ​រព​​​ច្បាប់​ ។​ បើទោះ​ជាសកម្ម​ភាព​នោះ បម្រើ​ឱ្យវិស័យ​ព្រះពុទ្ធ​សាសនា​ក៏ដោយ ក៏​ការ​ឆ្លង​កាត់​ពី​ស្រុក​មួយទៅស្រុក​មួយ ពីខេត្តមួយទៅខេត្ត​មួយ​ទៀតគឺ​មានថ្នាក់ដឹកនាំ​មន្ទីរ​​ជំនាញ​ពាក់ព័ន្ធ​​រួម​ទាំង​អាជ្ញា​ធរ​ដែនដី​ផង​ដែរ ដែលចាំបាច់​ត្រូវ​ធ្វើ​ទំនាក់​ទំនង​មុននឹង​ចាប់​ផ្តើម​​សកម្មភាព​អ្វីមួយ។ បន្ទាប់​ពី​ធ្វើការ​សាកសួរ​អស់រយៈ​ពេល​​ជាង​១ម៉ោង​រួចមក មន្ត្រី​មន្ទីរ​ធម្មការ បានឱ្យ​ធ្វើ​កិច្ចសន្យា​​បញ្ឈប់សកម្ម​ភាព​របស់ខ្លួន​ដើម្បី​​ចៀសវាង​ការជះឥទ្ធិពល​មិនល្អទៅលើ​វិស័យ​ព្រះពុទ្ធ​សាសនា ដែលប្រជាពលរដ្ឋ​​គោរព​បូជា ៕

កម្លាំង​ចម្រុះ​​​ខណ្ឌឫស្សីកែវជិត​​២០០​នាក់​កំពុង​អនុវត្ត​សាលដីកា​វាយកម្ទេច​​លំនៅ​ឋាន​​​៤២គ្រួសារ សង់លើ​ដីទំនាស់

Posted: 30 Mar 2011 07:30 PM PDT

ប្រជា​ពលរដ្ឋបានដុត​​កង់​ឡានលើដំបូលផ្ទះ
កម្លាំង​ចម្រុះ​​​ខណ្ឌ​ឫស្សី​កែវ​ប្រមាណ​ជិត​​២០០នាក់​កំពុង​អនុវត្ត​សាលដីកា​វាយកម្ទេច​​លំនៅ​ឋាន​​​៤២គ្រួសារ
លំនៅ​ឋាន​​​៤២គ្រួសារ សង់លើ​ដីទំនាស់​

រាជធានីភ្នំពេញ ៖ កម្លាំង​ចម្រុះ​​​ខណ្ឌ​ឫស្សី​កែវ​ប្រមាណ​ជិត​​២០០នាក់ មាន​ប៉ូលិស​​​ ប៉េ​អឹម ​ដឹកនាំ ដោយ​លោក​ហ៊ឹង ​ប៊ុនជា ព្រះរាជ​អាជ្ញា​រង​​អមសាលា​ដំបូង​​រាជធានីភ្នំពេញ ​និង​មានការ​​ចូល​រួមពីលោក​ឃ្លាំង ហួត អភិបាល​​ខណ្ឌ​ឫស្សីកែវ ​ចុះ​វាយកម្ទេច​​រុះ​រើ​លំនៅឋានប្រជា​ពលរដ្ឋ​​​៤២​គ្រួសារ​ កាលពី​វេលាម៉ោង​​​៦​និង​​​​៣០នាទី​​ព្រឹកថ្ងៃ​ទី​​៣១ មីនា ២០១១ ​ស្ថិត​ក្នុង​​ភូមិ​ទួល​គោក ​សង្កាត់​​ទួលសង្កែ ​ខណ្ឌ​ឫស្សីកែវ ​បង្ក​ឱ្យ​មានការ​​ប្រកែក​តវ៉ា​ពាក្យ​សម្តី ​និង​ដុត​​កង់​ឡាន​បញ្ឈឺចិត្ត​​​សមត្ថ​​កិច្ច​ផងដែរ​...​​ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ ការ​អនុវត្ត​​សាល​ដីកា​​​រុះរើលំនៅ​ឋាន​​របស់​សមត្ថកិច្ច​​នេះ​បានប្រព្រឹត្ត​​ទៅយ៉ាង​ម៉ឺងម៉ាត់​​​ និង​រលូន​ផង​ដែរ ។​

ការរុះរើ​​វាយកម្ទេច​​លំនៅ​ឋាន​នេះ​អនុវត្ត​​តាម​អំណាច​សាល​ដីកា​​​តុលាការ​​កំពូលចុះថ្ងៃទី​​​២០ វិច្ឆិកា ​២០០៧ ​ដោយ​មាន​លោកឃុន ហាំង ទេស​រដ្ឋ​មន្ត្រី​​ទទួលបន្ទុក​​បេសក​កម្ម​​ជា​ចុង​បណ្តឹង​​​សាទុក្ខ ​និង​គូទំនាស់​​​លោក​មាស សាវឿន ​អតីត​​អភិបាល​​​រង​ខេត្តព្រះវិហារ ​ឥឡូវ​កំពុងជាប់​ពន្ធ​នា​គារ ។ ​លំនៅ​​ឋាន​ប្រជា​ពលរដ្ឋ​​ទាំង​​៤២​គ្រួសារ​​​នេះ សង់​​លើ​ដី​ទំនាស់ អូស​បន្លាយ​​​ជិត​​៥​ឆ្នាំមក​ហើយ ​​ដែលមាន​ផ្ទៃដី​ទំហំប្រមាណ​​៧.០០០​ម៉ែត្រការ៉េ ​មានផ្ទះ​ឈើ ផ្ទះ​ថ្ម ផ្ទះវីឡា​...​។ ព័ត៌​មានលម្អិតនឹង​ផ្សាយជូននៅពេល​ក្រោយ និង​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព.

កូនប្រសាប្រុស​និង​កូន​ស្រី​​ចាប់ឪពុក​ចងដៃ​ចងជើង​វាយ​សន្លប់

Posted: 30 Mar 2011 07:17 PM PDT

​បុរសម្នាក់​ត្រូវកូនស្រី ​​បង្កើត និង​កូនប្រសា​​ចង​ដៃ​​ ចង​ជើង វាយ​​ប៉ុន​ប៉ង​​​​សម្លាប់

ខេត្ត​ស្វាយ​រៀង​  ៖ ​បុរស​ចំណាស់​ជាឪពុក​បាន​រួច​ផុតពី​សេចក្តី​ស្លាប់​ បន្ទាប់ពី​​ត្រូវ​​បុរស​ជា​កូន​ប្រសា​​និង​កូន​ស្រី​បង្កើត​ព្រួតគ្នា​​​វាយ​​​សម្លាប់​តែ​ដោយ​ឃើញ​សន្លប់​​ស្តូក​ស្តឹង​​លើធរណី​​លែង​​កម្រើក​ស្មាន​ថា​​ស្លាប់​ក៏​ចាប់អូស​​​ពី​កន្លែង​​​វាយ​​សម្លាប់​​ចេញពី​​ភូមិ ​​ហើយ​​ត្រូវ​បាន​អ្នក​​ស្រុក​រាយការណ៍​​ដល់​សមត្ថ​កិច្ច​​មក​ធ្វើ​អន្តរាគមន៍​​ភ្លាមៗ និង​ចាប់​ខ្លួន​បុរស​ជា​កូន​ប្រសា​ និង​កូន​ស្រី​ដៃដល់ ។​

នេះជា​រឿង​​រ៉ាវ​​គួរ​ឱ្យ​តក់​ស្លុត​​​និង​​មិន​នឹក​ស្មាន​​ដល់​​​ដែល​កូន​ស្រី​បង្កើត​និង​ប្តី​ជាកូន​ប្រសា​​ព្រួត​គ្នា​ចាប់​ឪពុក​​​​​ចង​ដៃ​ចង​ជើង​រួច​វាយ​សម្លាប់​យ៉ាង​សាហាវ​ព្រៃផ្សៃ​​ ធ្វើ​ឱ្យ​បុរស​ជា​ឪពុក​​បែក​គ្រាប់​ភ្នែក​ខាង​ស្តាំ បែក​មាត់​ ជាំភ្នែក​​ខាង​ឆ្វេង​ ជាំ​ក្បាល​​ហើម​​​ពោរ និង​ដង​ខ្លួន​ជាំ​ស្ទើរ​​គ្រប់​កន្លែង​​សន្លប់​ស្តូក​ស្តឹង​​ទាំង​ដៃ​ជើង​ជាប់​ចំណង ។

លោក​អនុសេនីយ៍​ត្រី​​ មុំ ​បូរាណ នាយរង​ប៉ុស្តិ៍​​​​រដ្ឋ​បាល​ពោធិរាជ្យ​ បាន​​ឱ្យ​ដឹងថា ជន​រង​គ្រោះ​ឈ្មោះ​ចាន់ សាលី អាយុ​៥៧ឆ្នាំ មាន​ទីលំ​នៅ​​​​​ភូមិ​ព្រៃ​​ខ្លា ឃុំ​ពោធិរាជ្យ ស្រុក​ស្វាយ​ជ្រំំ ត្រូវ​បាន​​កូន​ប្រសា​ប្រុស​​​ចិត្តអប្រិយ​ឈ្មោះ​​អ៊ិន ផល្លា​ អាយុ​​៤៥ឆ្នាំ និង​ប្រពន្ធ​​ដែលជា​កូន​បង្កើត​ឈ្មោះ​ណុប សម្បត្តិ ហៅខ្មៅ អាយុ​៣១ឆ្នាំ ​ចាប់​ចង​​ជើង​ចង​ដៃ​ រួច​វាយ​តាម​ទំនើង​​​ចិត្ត​រហូត​សន្លប់​​​និង​​ស្មាន​ថា​ស្លាប់​ក៏​អូស​ចេញទៅ​ដល់​​​ខាង​មុខ​ផ្ទះ​ ចម្ងាយ​​ប្រមាណ​​​ជា​១៥​ម៉ែត្រ​ បម្រុង​​​យក​​ទៅ​សម្លាប់​​ក្នុងទឹក​ស្រះ តែ​សំណាង​ល្អ​​ដែល​​សមត្ថ​កិច្ច​មក​ទាន់​​ពេល​ កុំអី​​ប្រហែល​ជា​​ស្លាប់​​បាត់​ទៅ​ហើយ ។ ​ការ​វាយ​សម្លាប់​​ឪពុក​​ឯងនេះ​ បាន​​កើត​ឡើង​កាលពី​ថ្ងៃទី​២៩ មីនា ​វេលា​ម៉ោង​​៩​យប់ ។

បើ​តាម​អ្នក​ស្រី​​​ឥន ហុន អាយុ​៤៧​ឆ្នាំ ត្រូវ​ជា​ប្រពន្ធ​​ជន​រងគ្រោះ​ឱ្យដឹង​ថា នៅ​យប់​​កើត​ហេតុ​ ប្តីរបស់​គាត់​​ដែលជា​​គ្រូ​បង្រៀន​​បាន​ទៅយាម​នៅ​សាលា​បឋម​សិក្សា​ពោធិ​រាជ្យ ពីម៉ោង​៥​ល្ងាច​ដល់​ម៉ោង​​៩​យប់ លុះពេល​​ចេញ​ពីសាលា​​ត្រឡប់​មក​ផ្ទះវិញ​ បាន​​ដើរកាត់​​​តាម​​មុខ​ផ្ទះ​កូនស្រី​​។ ពេល​ដើរ​​ហួស​ប្រមាណ​ជា​១០​ម៉ែត្រ​ ស្រាប់​តែ​កូន​ប្រសា​​​ឈ្មោះ​​អុិន ផល្លា ស្រែក​ថា ចោរៗ ពេល​នោះ​​គាត់​ជា​​ឪពុក​ក្មេក​ឆ្លើយ​ថា ចោរ ចោរ ឯណា​ ប៉ាទេ! ឯ​កូន​ស្រី​បង្កើត​​​​ត្រូវជា​ប្រពន្ធ​ស្រែក​ថា «​ប៉ា​ឯង​ឈប់​សិន បើមិន​មែន​ចោរ​» ។ ​ពេល​នោះ គាត់​​ក៏ឈប់​​ រីឯ​ស្ត្រីជា​កូន​រត់​ទៅ​ពាំង​ពី​មុខ​ឪពុក​ រួចនិយាយថា ​បើ​ប៉ា​​ឯង​មិនមែន​ចោរ​ឈប់​និយាយ​​គ្នា​សិន​ ហើយ​​​​ស្រាប់​តែ​កូន​ប្រសា​​​វាយ​​មួយ​ព្រនង់​ចំភ្នែក​ខាង​ស្តាំ បែក​​ឈាម​ពេញ​ផ្ទៃ​មុខ បណ្តាល​ឱ្យ​​ដួល​សន្លប់នៅ​​នឹង​កន្លែង​។​

អ្នក​ស្រី​បន្ត​ថា ពេល​ឃើញ​​ហេតុការណ៍​នោះ ​គាត់​មាន​ការ​​តក់​ស្លុត​យ៉ាង​​ខ្លាំង​ក៏រត់​​ទៅ​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​​​រដ្ឋ​បាល​ឃុំ​ពោធិ​រាជ្យ ដើម្បី​ឱ្យ​មក​ជួយ​ធ្វើ​អន្តរាគមន៍​ ឯ​​ពីរ​នាក់​ប្តីប្រពន្ធ​​​ដែល​ជាកូន​បង្កើត​និងកូន​ប្រសា​បាន​​ចាប់​ចងជើង​ចង​ដៃ​ឪពុក​​ ហើយ​​វាយ​ទាត់​ធាក់​ជាំភ្នែក​ខាង​ឆ្វេង​​ ពក​ក្បាល​ហើមពោរ​​​បែក​មាត់ ​ឈាម​ហូរ​តាម​មាត់​តាម​ច្រមុះ​ ដង​ខ្លួន​ជាំ​សុស​សាច់ ។ បន្ទាប់​មក​ជន​កំណាច​ពីរ​នាក់​​ប្តី​ប្រពន្ធ​បាន​អូស​ជនរង​គ្រោះ​​ជាឪពុក​ចេញពី​កន្លែង​កើត​ហេតុ​មក​ដល់​​មុខ​ផ្ទះ​ក៏​ប៉ូលិស​រត់​មកដល់​​ និង​ភ្ជង់​​ចាប់​ឃាត់​​ខ្លួន​ទាំង​​ពីរនាក់​ប្តីប្រពន្ធ​ រួច​​​ជួយកាត់​ខ្សែ​ចំណង​ជនរង​គ្រោះនិង​ហៅ​រថយន្ត​សង្គ្រោះ​​មក​ដឹក​​​យក​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​​ ។

​អ្នក​ស្រី​ឥន ហុន បន្ត​​ទៀតថា រឿង​រ៉ាវ​ដែល​នាំ​ឱ្យកូន​ប្រសា​​និងកូន​​ស្រី​ព្រួត​គ្នា​វាយ​សម្លាប់​​ឪពុក​នេះ​ គឺ​ដោយសារ​គំនុំ​កាលពី​ខែ​តុលា ឆ្នាំ​២០១០ កូន​ស្រី​និងកូន​ប្រសា​​​នេះ​បាន​ប្រកាស​​​​លក់​ដី​ភូមិ​និង​ផ្ទះ ពេល​នោះ​​ឪពុក​បាន​ជំទាស់​ថា បើ​លក់​ដីភូមិ​លក់​​ផ្ទះ​ទៅនៅ​ឯណា ? ម្យ៉ាង​ទៀត​​ដីនេះ​​គាត់​មិន​ចែក​ឱ្យទាំងអស់​ទេ គឺទុក​មួយ​ចំណែក ​ចែក​ប្អូនៗ​ សម្រាប់​សង់​ផ្ទះ​នៅពេល​រៀប​ការ​រួច ហើយ​បើខ្វះ​ខាត​ចង់​លក់​គឺលក់​ពាក់​កណ្តាល​ចុះ​ តែកូន​ស្រី​និង​កូន​ប្រសា​​មិន​ព្រម​គឺ​ចង់​លក់​ទាំងអស់​តែម្តង​ ហើយ​ទៅ​រស់​នៅ​ខាង​ប្តី​ឯ​ខេត្ត​​​​បាត់​ដំបង​ ។​

​ក្រោយ​មក​ទៀត ម្តាយ​របស់​​កូន​ប្រសា​ប្រុស​បាន​ទិញ​ម៉ាស៊ីន​​បូមទឹក​មាន​ទាំង​ឌីណាម៉ូ​ ប្រើ​ភ្លើង​​អគ្គិសនីផង ​ដោយ​ផ្តាំ​ផ្ញើ​​​ឱ្យ​​គាត់​ជា​ដន្លង​​ជួយ​មើល​ថែទាំ​ ​តែ​កូន​ប្រសា​​​នេះ​ បាន​យក​​ម៉ាស៊ីន​​បូមទឹក​ទៅ​លក់​លេង​ល្បែង​​អស់​រលីង ​នៅ​សល់​​ឌីណាម៉ូ​​និង​ខ្សែ​ភ្លើង អំពូល​​ម៉ែត្រ​ ​ឪពុក​ក្មេក​ដែល​ជា​ជន​​រងគ្រោះ​បាន​ទៅ​ប្រមូល​​​យក​មក​លាក់​ទុក​ ព្រោះ​ដន្លង​ស្រី​ទូរស័ព្ទ​​​ពី​ខេត្ត​​បាត់​ដំបង​ឱ្យ​យកទុក​កុំ​ឱ្យ​គេ​យកទៅ​លក់​ទៀត ក៏​មាន​ជម្លោះ​ផ្ទុះ​ឡើង​ ជេរ​ប្រមាថ​ឪពុក​​កប់ៗ​មាត់​ ។ ពេល​នោះ​ឪពុក​​និយាយថា បើ​ចង់​បាន​ឱ្យ​ទូរស័ព្ទ​ទៅ​សុំ​ម្តាយ​ឯង​​ទៅ អញ​ខ្លាច​ម្តាយ​ឯង​​ថ្កោល​ទោស​អញ ហើយតាំងពី​​ពេល​នោះ​មក​ក៏​តមមាត់​ឈប់​និយាយ​ស្តី​រក​គ្នា​ រវាង​ឪពុក​​​​និង​កូន​ហូត​មក​​ លុះ​​នៅ​​យប់​​កើត​ហេតុ​​ កូនប្រសា​​ចិត្ត​​អប្រិយ​​ និង​ប្រពន្ធ​​ជាកូន​បង្កើត​ ក៏ព្រួត​វាយ​សម្លាប់​ឪពុក​ដើម្បី​យក​ដី​លក់ ។

សូមបញ្ជាក់ថា ជន​រងគ្រោះ​​​ជាគ្រូ​បង្រៀន​នេះ មាន​ប្រពន្ធ​​ដើម​​មាន​កូន​ស្រី​​៣​នាក់​ រៀបការ​​​បាន២​នាក់​​នៅ​សល់​ម្នាក់ តែប្រពន្ធ​​ដើម​​បាន​ស្លាប់​​ជាង​២០ឆ្នាំ​ហើយ ។ លុះ​បាន​១០ឆ្នាំ​ក្រោយ​មក​ ទើប​គាត់​មាន​ប្រពន្ធ​​ក្រោយ​មានកូន​ប្រុស​២​នាក់ នៅតូចៗ ឯ​ដីស្រែ​និង​ដី​ភូមិ​ចែក​​ឱ្យកូន​ដើម​អស់​ហើយ​នៅ​សល់​ដីភូមិ​​​មួយ​កន្លែង​ក្បែរ​​សាលា​បឋម​សិក្សា​ពោធិ​រាជ្យ​ ទុក​សម្រាប់​ចែក​កូនស្រី​ម្នាក់​ទៀត​នៅលីវ​ បែរជា​កូន​អប្រិយ​ចង់​បាន​ម្នាក់​ឯង ក៏ព្រួត​​គ្នា​វាយ​សម្លាប់​ឪពុក​ ព្រោះ​យល់​ថា ម្តាយ​ក្រោយ​​​ពិតជា​មិន​ហ៊ានទាម​ទារ​កេរ​ម្តាយ​របស់​​ខ្លួនទៀតទេ ៕​

ស្ត្រីមេផ្ទះ២ក្រុម​ទាស់​គ្នាបែកផ្សែង បើកឆាកប្រយុទ្ធផ្អើលប៉ូលិស ព្រោះ​តែ​ចាញ់​ល្បិចលេងបៀ

Posted: 30 Mar 2011 07:14 PM PDT

ស្ត្រីរូបនេះពកមុខ ខៀវភ្នែក ព្រោះតែជម្លោះ
ស្ត្រីរូបនេះប៉ូលិសឃាត់ឱ្យបញ្ឈប់ជម្លោះ

រាជធានីភ្នំពេញ ៖ ស្ត្រី​មេ​ផ្ទះ​២​ក្រុម​បាន​វាយ​តប់គ្នា​បណ្តាល​ឱ្យ​ខ្លះ​រង​របួស​បែកក្បាល​ និង​ខ្លះ​ទៀត​ពក​មុខ​ ពកមាត់​ ខៀវភ្នែក ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ពេញភូមិ​ ដែលការ​វាយ​តប់​គ្នា​នេះ ត្រូវ​បាន​គេ​ដឹងថា  ផ្តើមចេញ​ពី​រឿង​ទំនាស់​​លេង​បៀ ។​​ ពេលនោះ​ ប៉ូលិស​ប៉ុសិ៍្ត​​កាកាប ប្រដាប់​ដោយ​កាំភ្លើង​ស្ទើរគ្រប់​ដៃ​បាន​​ចេញ​ទៅ​​អន្តរា​គមន៍​​ចាប់ឃាត់ រួច​នាំ​យកទៅ​ឃុំ​​​​ខ្លួនទាំង​សង​ខាង​នៅផ្នែកព្រហ្ម​ទណ្ឌ​​ខណ្ឌ​ដង្កោ ​។​

ហេតុការណ៍​​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៣០នាទីព្រឹកថ្ងៃទី៣០ មីនា ឆ្នាំ​២០១១ នៅក្នុងភូមិចំការឪឡឹក ​សង្កាត់កាកាប ខណ្ឌដង្កោ ។ គូ​ទំនាស់​ខាង​លើ ត្រូវ​គេ​ដឹង​ថា ម្ខាង​មានគ្នា​ពីរនាក់ គឺឈ្មោះ​អៀ ឱ ​អាយុ​៥៥​ឆ្នាំ ​និងឈ្មោះ​​អៀ សារឿន ហៅបារាំង អាយុ​ជាង​៣០ឆ្នាំ​ រង​របួស​បែកក្បាល​ ពួកគេ​ទាំង​ពីរនាក់​ត្រូវ​ជា​ម្តាយ និង​កូន​​ មានទីលំនៅ​ក្នុងភូមិ​កើត​ហេតុ​​ខាងលើ​ ។ ចំណែក​ភាគី​ម្ខាង​ទៀត​​មាន​តែម្នាក់ឯង​ឈ្មោះ​សេម ​ច្រឹប​ អាយុ​៣១​ឆ្នាំ រង​របួស​ពកមុខ ខៀវជាំភ្នែក និង​ប៉ោងមាត់​​មាន​ទីលំនៅក្នុងភូមិ​ជា​មួយ​គ្នា ។

 តាម​ប្រភព​ព័ត៌​មាន​បានឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី​២៨ មីនា មុនពេល​កើតមានការ​វាយ​​តប់ គ្នានេះ ​គូភាគី​ទាំងពីរបានលេង​បៀជុំគ្នា​ដាក់​លុយ ខណៈ​នោះស្ត្រីឈ្មោះ​អៀ សារឿន ហៅ​បារាំង បាន​លេង​ចាញ់​ស្ត្រីឈ្មោះ​សេម ​ច្រឹប​ហើយកើត​ជា​ការមួម៉ៅ​ក្តៅ​ក្រហាយ ក៏ផ្ទុះ​ជម្លោះ​ឡើង​ដោយ​មានការចោទប្រកាន់​គ្នា​ទៅ​វិញទៅ​មកថា លេង ប្រើល្បិច​​ ។ ​ពេលនោះ ពួកគេ​បាន​ជេរបញ្ចោរ​​គ្នា​មួយប្រាវ​រួចក៏ស្ងប់ស្ងាត់​​ទៅ​វិញ ដោយ​អ្នក​ជិត​ខាង​នាំគ្នា​ទៅ​ឃាត់ ។​​ប្រភព​ដដែល​​បន្តទៀត​ថា លុះ នៅព្រឹក​ថ្ងៃទី៣០ មីនា ពួកគេ​បានជួបមុខ​គ្នា​ម្តង​ទៀត ហើយ​​និយាយ​ដៀម​ដាម​ដាក់គ្នា​រហូត​​មាន ទំនាស់​​វាយតប់គ្នា​បណ្តាល​ឱ្យមាន​របួស​​ស្នាម រៀងៗ​ខ្លួន​បង្ក​ឱ្យ​មាន​ការភ្ញាក់ផ្អើលពេញ​ភូមិ​​ ។

ពេលនោះ​ប៉ូលិស​ប៉ុស្តិ៍​កាកាប ៥ទៅ​៦​នាក់ ប្រដាប់​ដោយអាវុធ​ស្ទើរ​គ្រប់​ដៃ បានចុះ​ទៅ​អន្តរ​ា​គមន៍​ឃាត់ខ្លួន​ទាំង​អស់គ្នា នាំគ្នា​ទៅធ្វើការ​សាក​សួរ​ រួចហើយបញ្ជូនទៅ​ឃុំខ្លួនបណ្តោះ​អាសន្ន ​នៅផ្នែក​ព្រហ្មទណ្ឌ​​ខណ្ឌដង្កោ ហើយ​ពួក​គេ​សុទ្ធ​តែ​មានរបួសស្នាម​រៀងៗខ្លួន៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!