VOA News: ព័ត៌មាន: “ប្រជាពលរដ្ឋខេត្តកោះកុងប្តឹងរឿងពុករលួយប្រឆាំងនឹងតុលាការខេត្ត” plus 1 more |
ប្រជាពលរដ្ឋខេត្តកោះកុងប្តឹងរឿងពុករលួយប្រឆាំងនឹងតុលាការខេត្ត Posted: 28 Mar 2011 02:34 PM PDT ប្រជាពលរដ្ឋខេត្តកោះកុង បានមកដាក់ពាក្យបណ្តឹងនៅអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃច័ន្ទនេះ ដើម្បីប្តឹងប្រឆាំងនឹងមន្ត្រីតុលាការខេត្តកោះកុងចំនួនប្រាំនាក់អំពីបទពុករលួយដែលបានកាត់ក្តីឱ្យពួកគាត់បាត់បង់ដីចម្ការរាប់រយហិចតាទៅឱ្យអ្នកជំនួញដែលមានប្រាក់កាសម្នាក់។ អ្នកភូមិចំនួន១០នាក់តំណាងឱ្យ៣២គ្រួសារនៅភូមិកែវផុស ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុងមានជម្លោះដី៣៥២ហិចតាជាមួយអ្នកជំនួញម្នាក់តាំងពីឆ្នាំ២០០៦។ តុលាការខេត្តកោះកុង បានកាត់ក្តីប្រគល់ដីជម្លោះនោះទៅឱ្យអ្នកជំនួញនៅក្នុងឆ្នាំ២០០៨។ ប៉ុន្តែអ្នកភូមិមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់តុលាការ។ ពាក្យបណ្តឹងរបស់អ្នកភូមិនេះបានបញ្ជាក់ថា ប្រជាពលរដ្ឋសុំឱ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតអំពើពុករលួយរបស់មន្ត្រីតុលាការខេត្តកោះកុងចំនួនប្រាំនាក់ អំពីការក្លែងបន្លំឯកសារសាធារណៈក្នុងសំណុំរឿងព្រហ្មទណ្ឌឆ្នាំ២០០៨នៃការវិវាទដីធ្លីរវាងប្រជាពលរដ្ឋចំនួន៣២គ្រួសារ និងអ្នកជំនួញម្នាក់។ លោកហួន មុន្នី ប្រធានតុលាការខេត្តកោះកុងដែលឈ្មោះរបស់នៅក្នុងពាក្យបណ្តឹង បានថ្លែងថា ចៅក្រមបានធ្វើសេចក្តីសម្រេចរឿងក្តី ទាំងអស់ស្របតាមនីតិវិធី និងគោលការណ៍ច្បាប់។ លោកបានប្រាប់វីអូអេខ្មែរថា៖ «ពួកខ្ញុំមិនដឹងថា គេប្តឹងពីអ្វីទេ។ ខ្ញុំមិនយល់ទេ ព្រោះខ្ញុំជាចៅក្រមម្នាក់ចាត់ការសំណុំរឿងក្តីតាមនីតិវិធីតែប៉ុណ្ណោះ។ ខ្ញុំគ្រាន់តែគិតថា មាត្រា៤១នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយថា អ្នកណាដែលប្តឹងមិនត្រឹមត្រូវ អ្នកនោះទទួលទោសទៅតាមច្បាប់ខ្លួនឯងទៅ ហើយឱ្យអង្គភាពប្រឆាំងអំពើពុករលួយចាត់ការតាមនីតិវិធីដែលបានចែងទៅ។ បុគ្គលណាខ្លះដែលត្រូវគេប្តឹង ហើយមូលហេតុអ្វី ហើយមានភស្តុតាងអ្វីដែលថា គេប្តឹងនោះវាត្រឹមត្រូវអត់»។ លោកកែវ រ៉េមី អ្នកនាំពាក្យក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានថ្លែងថា អាជ្ញាធរប្រឆាំងអំពើពុករលួយបានទទួលពាក្យបណ្តឹងនោះហើយៗ អាជ្ញាធរប្រឆាំងអំពើពុករលួយនឹងពិនិត្យពាក្យបណ្តឹងនោះ មុននឹងធ្វើការស៊ើបអង្កេត។ លោក ហ៊ឹម សារ៉ាត់ តំណាងប្រជាពលរដ្ឋបានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅមុខអង្គភាពប្រឆាំងអំពើពុករលួយ មុនពេលដាក់ពាក្យបណ្តឹងយ៉ាងដូច្នេះថា៖ «ពួកខ្ញុំអត់សុខចិត្ត បាននាំប្រជាពលរដ្ឋមកប្តឹងនៅអាជ្ញាធរប្រឆាំងអំពើពុករលួយ ដើម្បីឱ្យអាជ្ញាធរប្រឆាំងអំពើពុករលួយជួយរកយុត្តិធម៌ឱ្យពួកខ្ញុំ។ ខ្ញុំមកប្តឹងនៅអាជ្ញាធរប្រឆាំងអំពើពុករលួយ ដើម្បីឱ្យអាជ្ញាធរប្រឆាំងអំពើពុករលួយជួយអន្តរាគមន៍ទៅលើកិច្ចប្រជុំថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១១»។ លោកសេង ធី តំណាងប្រជាពលរដ្ឋម្នាក់ទៀត បានបញ្ជាក់ថា អ្នកភូមិបានទទួលរងអំពើយុត្តិធម៌ និងភាពក្រីក្រ ខណៈដែលដីស្រែចម្ការរបស់ពួកគាត់ត្រូវបានរំលោភយកដោយអ្នកជំនួញម្នាក់តាម សេចក្តីសម្រេចរបស់តុលាការខេត្តកោះកុង។ លោកសេង ធី បានបន្ថែមថា អ្នកភូមិបានមកកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីទាមទារយក ដីដែលបានបាត់បង់នោះយកមកធ្វើស្រែចម្ការចញ្ចឹមជីវិតវិញ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចំណារឯកភាពតាមលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះថ្ងៃទី១២ខែមិថុនា ឆ្នាំ២០០៨ ឱ្យប្រគល់ដី៣៥២ហិចតាជូនទៅប្រជាពលរដ្ឋ៤៩គ្រួសារ។ បន្ទាប់មកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានចំណារឯកភាពតាម លិខិតរបស់លោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះថ្ងៃទី២០ខែឧសភាឆ្នាំ ២០១០ ឱ្យសម្រុះសម្រួលផ្តល់ដី១៧៦ហិចតានៃដី៣៥២ហិចតាជូនប្រជាពលរដ្ឋ៤៨គ្រួសារសម្រាប់ធ្វើស្រែចម្ការ៕ This posting includes an audio/video/photo media file: Download Now |
មេធាវីការពារក្តីឌុចតតាំងអំពីយុត្តាធិការនៃការជម្រះក្តី Posted: 28 Mar 2011 01:27 PM PDT ក្រុមមេធាវីការពារក្ដីឲ្យឌុច បានសំអាងនៅថ្ងៃចន្ទ័នេះថា កូនក្ដីរបស់ខ្លួនមិនមែនជាមេដឹកនាំជាន់ខ្ពស់ ហើយក៏មិនមែនជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែរ។ ម្យ៉ាងវិញទៀត ក្រុមមេធាវីការពារក្ដីបានទាមទារឲ្យអង្គជំនុំជម្រះតុលាការកំពូលដោះលែង ឌុច ឲ្យមានសេរីភាពឡើងវិញ។ លោកកា សាវុធ សហមេធាវីការពារក្ដីឲ្យឌុច បានលើកយកមកបង្ហាញនៅក្នុងសវនាការថ្ងៃទី១ ក្នុងចំណោមសវនាការចំនួនបីថ្ងៃរបស់អង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហមដើម្បីសម្រេចលើបណ្ដឹងឧទ្ធរណ៍ករណីឌុចថា ដោយសារតែឌុចមិនស្ថិតក្នុងចំណោមមនុស្សពីរប្រភេទខាងលើ ឌុចមិនស្ថិតនៅក្នុងយុត្តាធិការសម្រាប់ការកាត់ទោសនេះទេ។ លោក កា សាវុធ ថ្លែងថា៖ «ទុកសាលក្រមក្នុងសំណុំរឿង០០១ ជាមោឃៈ និងដោះលែង កាំង ហ្គិចអ៊ាវ ហៅ ឌុច ឲ្យមានសេរីភាពឡើងវិញ។ ទីពីរខ្ញុំសុំឲ្យកំណត់ថា ការឃុំខ្លួនកាំង ហ្គិចអ៊ាវ ហៅ ឌុច ជាកិច្ចការថែរក្សាការពារសាក្សីមានសក្ដានុពលសម្រាប់ចង្អុលបង្ហាញអំពីមេដឹកនាំជាន់ខ្ពស់កម្ពុជាប្រជាធិបតេយ្យ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មនៅគុកទួលស្លែងតែប៉ុណ្ណោះ»។ លោកកា សាវុធ មានសំអាងលើមូលដ្ឋានច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្រោមនីតិវិធីព្រហ្មទណ្ឌកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ដើម្បីបង្កើតសាលាក្តីខ្មែរក្រហមជាគោលសម្រាប់បង្ហាញថា កូនក្តីរបស់លោកស្ថិតនៅក្រៅរង្វង់សមត្ថកិច្ច គួរយកមកកាត់ទោស។ លោក កា សាវុធ ក៏បានអះអាងដែរថា ឌុចមិនមែនជាបុគ្គល ដែលស្ថិតនៅក្នុងចំណោមមនុស្សបួនក្រុម ដែលត្រូវតែងតាំងដោយសមាជិកគណបក្សកុម្មុនីស្តរបស់របបកម្ពុជាប្រជាធិបតេយ្យដើម្បីមានសិទ្ធិចាប់ចង និងកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរនោះទេ។ ឌុច ត្រូវតុលាការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការប្រព្រឹត្តទារុណកម្ម និងមនុស្សឃាដ។ ឌុចត្រូវបានចោទថា ទទួលខុសត្រូវចំពោះការស្លាប់អ្នកទោសនៅគុកទួលស្លែងយ៉ាងតិច១២.៣៨០នាក់។ អង្គជំនុំជម្រះសាលាដំបូងបានផ្តន្ទាទោសឌុច កាលពីខែកក្កដាឆ្នាំមុន ឲ្យជាប់ពន្ធនាគារចំនួន៣៥ឆ្នាំ។ ក៏ប៉ុន្តែទោសនេះ ត្រូវកាត់កងនៅសល់ត្រឹមតែ១៩ឆ្នាំតែប៉ុណ្ណោះ។ សហព្រះរាជអាជ្ញាបានទាមទារឲ្យផ្តន្ទាទោសនៅក្នុងបណ្តឹងសារទុកឲ្យឌុចជាប់ពន្ធនាគារយ៉ាង តិចចំនួន៤៥ឆ្នាំ។ លោកស្រី ជា លៀង សហព្រះរាជអាជ្ញាកម្ពុជាលើកឡើងថា ឌុច មិនត្រូវចាត់ទុកជាសាក្សីសក្តានុពលនោះទេ។ លោកស្រី ជា លៀង មានប្រសាសន៍ថា៖ «ឌុច បានទទួលស្គាល់អំពីតួនាទី និងសិទ្ធិអំណាចរបស់ខ្លួន។ ជាពិសេសទទួលស្គាល់ចំពោះឧក្រិដ្ឋកម្ម ដែលបានកើតឡើងនៅមន្ទីរស២១ក្នុងនាមជាប្រធានមន្ទីរសន្តិសុខស២១។ ដូច្នេះឌុចត្រូវតែជាអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តិឡើងក្នុងក្របខ័ណ្ឌមន្ទីរសន្តិសុខស២១»។ សូមបញ្ជាក់ថា សវនាការនៅថ្ងៃទី១ នៅក្នុងអង្គជំនុំជម្រះតុលាការកំពូលនេះ ផ្តោតទៅលើ យុត្តាធិការបុគ្គល ហើយគឺជាសវនាការដែលសួរដេញដោលទៅលើអង្គច្បាប់។ លោកនង ចាន់ផល ដែលត្រូវពួកខ្មែរក្រហមចាប់ខ្លួនយកមកដាក់គុកទួលស្លែង ជាមួយនឹងម្តាយ របស់លោក និងប្អូនៗរបស់លោកចំនួនបីនាក់ផ្សេងទៀតបានយំស្រែកនៅក្រៅបន្ទប់សវនាការបន្ទាប់ពី ការកាត់ទោសច្រើនម៉ោង ដោយទំនងជាលោកក្តុកក្តួលយ៉ាងខ្លាំងនៅពេលដែលឭក្រុមមេធាវីការពារក្តី ទាមទារឲ្យដោះលែង ឌុចនោះ។ ម្តាយរបស់ នង ចាន់ផល ត្រូវសម្លាប់នៅក្នុងគុកទួលស្លែងក្រោមការគ្រប់គ្រងរបស់ឌុច។ លោកនិយាយលាយជាមួយនឹងសំឡេងទ្រហោរយំយ៉ាងដូច្នេះថា៖ «ខ្ញុំនិយាយថា ឪពុកម្តាយខ្ញុំ គេបោចសក់ គេទាត់ធាក់ដួលលើឥដ្ឋនេះ គេអត់ជឿខ្ញុំទេ។ គេថា ខ្ញុំនិយាយក្លែងក្លាយ។ មកធ្វើអញ្ចឹងកាត់ទោសយូរៗ ចង់រួចខ្លួនបាត់ហើយ»។ នៅថ្ងៃអង្គារនេះ អង្គជំនុំជម្រះតុលាការកំពូល និងជជែកដេញដោលអំពីឧក្រិដ្ឋកម្មប្រឆំាងមនុស្សជាតិដែលត្រូវចោទប្រកាន់ទៅលើឌុច៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |