VOA News: ព័ត៌មាន: “ចៅក្រមសាលាក្តីខ្មែរក្រហមនៅតែអាចរក្សាតំណែងទោះមានបណ្តឹងជំទាស់” plus 4 more |
- ចៅក្រមសាលាក្តីខ្មែរក្រហមនៅតែអាចរក្សាតំណែងទោះមានបណ្តឹងជំទាស់
- រដ្ឋាភិបាលកម្ពុជាពិនិត្យរកមើលមជ្ឈមណ្ឌលកុមារកំព្រាក្លែងក្លាយ
- ប្រទេសទន្លេមេគង្គជួបគ្នារឿងគម្រោងសង់ទំនប់នៅឡាវ
- រដ្ឋាភិបាលថៃអះអាងថាកិច្ចប្រជុំនៅបូហ្គ័រនឹងដំណើរការធម្មតា
- ការលាឈប់ពីតំណែងបង្កើតភាពសង្ស័យចំពោះការដឹកនាំគណបក្សប្រឆាំង
ចៅក្រមសាលាក្តីខ្មែរក្រហមនៅតែអាចរក្សាតំណែងទោះមានបណ្តឹងជំទាស់ Posted: 24 Mar 2011 03:03 PM PDT ចៅក្រមនិងចៅក្រមបម្រុងសរុបចំនួនប្រាំរូប មកពីអង្គបុរេជំនុំជម្រះសាលាដំបូងនិងអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមបានច្រានចោលកាលពីថ្ងៃពុធនូវបណ្តឹងដិតចិត្តទាមទារឲ្យប្តូចៅក្រមជំនុំជម្រះសាលាដំបូងសម្រាប់ការកាត់ក្តីសំណុំរឿង០០២។ ការបដិសេធនេះធ្វើឡើងនៅពេលដែលការកាត់ក្តីសំណុំរឿង០០២នេះ ត្រូវគេគ្រោងធ្វើនៅខែមិថុនាឆ្នាំ២០១១នេះ។ ក្រុមមេធាវីរបស់ជនជាប់ចោទ អៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេស មេធាវីរបស់អៀង ធីរិទ្ឋិ ដែលត្រូវជាប្រពន្ឋរបស់អៀង សារី និងជាអតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចខ្មែរក្រហម និងមេធាវីរបស់នួន ជា អតីតប្រធានសភាខ្មែរក្រហម បានប្តឹងទាមទារឲ្យប្តូរចៅក្រមចំនួនប្រាំរូបរបស់សាលាដំបូងនៃសាលាក្តីខ្មែរ ក្រហម ដែលរួមមាន លោកនិល ណុន លោកស្រីចៅក្រម ស៊ីលវា ខាតរ៉ៃ (Sylvia Cartwrigh) លោកចៅក្រម ឌ្យីនម៉ាក ឡេវ័រដ្យណេ (Jean-Marc Levergne) លោកចៅក្រម យ៉ា សាខន និងលោកចៅក្រមធូ មុនី ដោយចោទប្រកាន់ពីការកាត់ក្តីលំអៀង និងចោទប្រកាន់អំពីអំពើពុករលួយ។ នៅក្នុងសេចក្តីសម្រេចរបស់ខ្លួន ចៅក្រមទាំងប្រាំរូប មកពីអង្គជំនុំជម្រះទាំងបី បានលើកឡើងថា ក្រុមមេធាវីរបស់អៀង ធីរិទ្ឋិ បានខកខានក្នុងការបង្ហាញអំពីអង្គហេតុជាក់លាក់ និងសេចក្តីសំអាងទៅលើ អង្គច្បាប់។ រីឯមេធាវីរបស់នួន ជា មានមូលដ្ឋានតិចតួចនៅក្នុងបណ្តឹងរបស់ខ្លួន។ ក្រុមចៅក្រមក៏បានច្រានចោលសំណើរបស់ក្រុមមេធាវីអៀង សារី ដែលសុំឲ្យផ្អាកនីតិវិធីនៅក្នុង ពេលដែលរង់ចាំសេចក្តីសម្រេចទៅលើបណ្តឹងដិតចិត្តនេះហើយក៏បានបដិសេធការសុំឲ្យមានការបើក សវនការផ្ទាល់មាត់។ សហមេធាវីរបស់នួន ជា និងសហមេធាវីរបស់ជនជាប់ចោទអៀង ធីរិទ្ឋិ មិនអាចធ្វើទំនាក់ទំនងបាន ទេ នៅថ្ងៃនេះ។ ក៏ប៉ុន្តែលោក អាង ឧត្តម សហមេធាវីកម្ពុជាការពារក្តីឲ្យអៀង សារី មានប្រសាសន៍ថា ការ សម្រេចរបស់ក្រុមចៅក្រមខាងលើមិនអាចទទួលយកបានទេ។ លោក បន្តថា៖ «គេពិចារណាឃើញផ្សេងពីយើង។ យើងមើលឃើញថា វាមិនសមរម្យ មិនត្រឹមត្រូវ»។ នួន ជា អៀង សារី អៀង ធិរិទ្ឋិ រួមទាំងខៀវ សំផន នៅក្នុងសំណុំរឿង០០២នេះ ត្រូវចោទប្រកាន់អំពី ឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆំាងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ ទាក់ទងទៅនឹងការស្លាប់ របស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១.៧លាននាក់ ។ អ្នកជំនាញការច្បាប់ធ្លាប់បានលើកឡើងថា បណ្តឹងដិតចិត្តដើម្បីទាមទារឲ្យដក ឬក៏ប្តូរចៅក្រមពី សំណាក់ក្រុមមេធាវីការពារក្តីតែងតែកើតមានឡើងនៅក្នុងតុលាការអន្តរជាតិ។ ក៏ប៉ុន្តែនោះគ្រាន់តែជាការ តវ៉ាដែលមិនធ្លាប់មានជោគជ័យនោះឡើយ៕ This posting includes an audio/video/photo media file: Download Now |
រដ្ឋាភិបាលកម្ពុជាពិនិត្យរកមើលមជ្ឈមណ្ឌលកុមារកំព្រាក្លែងក្លាយ Posted: 24 Mar 2011 02:43 PM PDT អង្គការយូនីសេហ្វ (UNICEF) បានចេញផ្សាយរបាយការណ៍មួយដែលបារម្ភអំពីកំណើនចំនួនកុមារនៅតាមមជ្ឈមណ្ឌលកុមារកំព្រា ដែលកុមារភាគច្រើនមានម្តាយ ឬឪពុក។ អង្គការយូនីសេហ្វឲ្យដឹងថា ជំហ៊ានបន្ទាប់របស់ខ្លួនត្រូវធ្វើការជាមួយក្រសួងសង្គមកិច្ច និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីដោះស្រាយកង្វល់នេះ។ ក្រុមន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិនានេះថា អាជ្ញាធរកម្ពុជាកំពុងធ្វើការត្រួតពិនិត្យមជ្ឈមណ្ឌលកុមារកំព្រានៅទូទាំងប្រទេស បន្ទាប់ពីអង្គការយូនីសេហ្វ បានសម្តែងកង្វល់ចំពោះកំណើនចំនួនក្មេងកំព្រានិងមជ្ឈមណ្ឌលក្មេងកំព្រោនៅកម្ពុជា។ របាយការណ៍របស់អង្គការយូនីសេហ្វ បានចេញផ្សាយនៅដើមសប្តាហ៍នេះថា កុមារចំនួន១២.០០០នាក់ នៅមណ្ឌលកុមារកំព្រាក្នុងប្រទេសកម្ពុជាតាមពិតមិនមែនជាក្មេងកំព្រោទេ។ ប្រមាណ៣ភាគ៤នៃក្មេងទាំងនោះមានម្តាយឬឪពុក។ ចំនួនក្មេងនៅក្នុងមជ្ឈមណ្ឌលថែរក្សាមានចំនួនកើនឡើងជាងទ្វេដងនៅក្នុងរយៈពេលប្រាំឆ្នាំ។ របាយការណ៍របស់អង្គការយូនីសេហ្វ នេះ បានបន្ថែមថា មជ្ឈមណ្ឌលកុមារកំព្រាមួយចំនួនមានការកើនឡើងជិតទ្វេដងរហូតដល់២៦៩កន្លែងនៅក្នុងរយៈពេលដូចគ្នា។ ក្នុងនោះមានតែមជ្ឈមណ្ឌលកុមារកំព្រាចំនួន២១ ប៉ុណ្ណោះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល។ មជ្ឈមណ្ឌលទាំងនោះត្រូវបានផ្តល់មូលនិធិ និងគ្រប់គ្រងដោយប្រទេសផ្តល់ជំនួយ និងអង្គការសម្បុរសធម៌។ លោក ម៉ាក វ៉ឺរហ្ការ៉ា (Marc Vergara) ប្រធានផ្នែកទំនាក់ទំនង អង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់វីអូអេខ្មែរថា ជំហ៊ានបន្ទាប់របស់អង្គការយូនីសេហ្វ ត្រូវធ្វើការជាមួយក្រសួងសង្គមកិច្ច និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីដោះស្រាយកង្វល់នេះឆ្ពោះទៅរកការថែរក្សា និងបរិស្ថានល្អ សម្រាប់កុមារ។ លោកបន្តថា៖ «យើងផ្តល់អត្ថប្រយោជន៍យ៉ាងប្រពៃដល់កុមារជាគំនិត និងបច្ចុប្បន្ន យើងជឿជាក់ថាមជ្ឈមណ្ឌលកុមារកំព្រាជាច្រើនមិនបានវិនិយោគនៅក្នុងផលប្រយោជន៍របស់កុមារទាល់តែសោះ»។ លោកលឹម អ៊ែលឌ្យូរ៉ាដូ អ្នកនាំពាក្យក្រសួងសង្គមកិច្ចបានថ្លែងថា មជ្ឈមណ្ឌលកុមារកំព្រាទាំងអស់ ត្រូវពង្រឹងស្របតាមបទដ្ឋាន និងគោលនយោបាយរបស់ក្រសួង ហើយក្រសួងត្រូវធ្វើការត្រួត ពិនិត្យនៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា ដើម្បីឱ្យប្រាកដថាតើមជ្ឈមណ្ឌលណាបានគ្រប់គ្រងកុមារកំព្រា បានត្រឹមត្រូវតាមច្បាប់។ លោកលឹម អ៊ែល ឌ្យូរ៉ាដូ បានព្រមានថា បើមជ្ឈមណ្ឌលកុមារកំព្រាណាមិនបានគ្រប់គ្រងកុមារកំព្រាស្របតាមគោលការណ៍របស់ក្រសួងទេ មជ្ឈមណ្ឌលនោះអាចនឹងប្រឈមនឹងការបិទទ្វា ឬក៏ទទួលការណែនាំបន្ថែម។ លោកបន្ថែមថា៖ «បើមជ្ឈមណ្ឌលកុមារកំព្រាណាបើកដោយគ្មានការទទួលស្គល់ពីក្រសួង និងគ្មានចុះកិច្ចព្រមព្រៀងជាមួយក្រសួងទេ តែបើគាត់ (មជ្ឈមណ្ឌលកុមារកំព្រា) ធ្វើល្អក្រសួងនឹងណែនាំគាត់ឱ្យធ្វើកិច្ចព្រមព្រៀងជាមួយក្រសួង។ ប៉ុន្តែបើគាត់ធ្វើមិនគ្រប់គោលការណ៍របស់ក្រសួង យើងប្រហែលជានឹងមិនរក្សាទុកគាត់ទេ ពីព្រោះវាធ្វើឱ្យការគ្រប់គ្រងកុមារមិនទៅតាមគោលនយោបាយរបស់យើង»។ លោក លឹម អ៊ែល ឌ្យូរ៉ាដូ បានបញ្ជាក់ថា របាយការណ៍របស់អង្គការយូនីសេហ្វ នេះបានជួយរួមវិភាគទាន ដល់ក្រសួងសង្គមកិច្ច ដើម្បីពង្រឹងមជ្ឈមណ្ឌលកុមារកំព្រាឱ្យសម្រេចដល់គុណភាពនៃការអប់រំ និងការថែរក្សា។ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័ក្ត អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ការស៊ើបអង្កេតទៅលើរបាយការណ៍របស់អង្គការយូនីសេហ្វនេះ គឺស្ថិតនៅក្រោមសិទ្ធិអំណាចរបស់ក្រសួងសង្គមកិច្ច ប៉ុន្តែ ក្រសួងមហាផ្ទៃត្រៀមលក្ខណៈជួយធ្វើការស៊ើបអង្កេតនៅក្នុងករណីនេះ បើក្រសួងសង្គមកិច្ចស្នើសុំជំនួយ និងអន្តរាគមន៍ពីក្រសួងមហាផ្ទៃ៕ This posting includes an audio/video/photo media file: Download Now |
ប្រទេសទន្លេមេគង្គជួបគ្នារឿងគម្រោងសង់ទំនប់នៅឡាវ Posted: 24 Mar 2011 02:22 PM PDT គណៈកម្មាធិការរួមរបស់គណកម្មការទន្លេមេគង្គនឹងជួបប្រជុំគ្នារយៈពេល២ថ្ងៃនៅចុងសប្តាហ៍នេះ នៅក្នុងខេត្តព្រះសីហនុនៃប្រទេសកម្ពុជា ដើម្បីធ្វើការសម្រេចចិត្តជាបឋមទៅលើគម្រោងសាងសង់ទំនប់វារីអគ្គីសនីដ៏ធំមួយរបស់ប្រទេសឡាវនៅលើដងទន្លេមេគង្គ។ ការសម្រេចចិត្តនោះត្រូវគេមើលឃើញថា នឹងក្លាយជាការកំណត់ជោគវាសនារបស់ប្រជាជនរាប់សិបលាននាក់ដែលកំពុងរស់នៅពឹងអាស្រ័យទៅលើទន្លេនេះ។ ក្រៅពីបញ្ហាទូទៅមួយចំនួនដូចជាការគ្រប់គ្រងគ្រោះមហន្តរាយ និងប្រព័ន្ធធារាសាស្រ្តសម្រាប់វិស័យកសិកម្ម របៀបវារៈដ៏សំខាន់បំផុតមួយនៅក្នុងកិច្ចប្រជុំលើកទី៣៣របស់គណៈកម្មាធិការរួមនៃគណៈកម្មការទន្លេមេគង្គ គឺការសម្រេចចិត្តជាបឋមថាតើគម្រោងសាងសង់ទំនប់វារីអគ្គីសនី សាយ៉ាប៊ូរី (Xayaburi) លើដងទន្លេមេគង្គនៅភាគខាងជើងប្រទេសឡាវនោះនឹងត្រូវអនុវត្តឬក៏យ៉ាងណា។ កិច្ចប្រជុំដែលគេធ្វើឡើងពីរដងក្នុងមួយឆ្នាំដោយប្រទេសជាសមាជិកទាំង៤នៃគណៈកម្មការទន្លេមេគង្គ រួមមានឡាវ ថៃ វៀតណាម និងកម្ពុជានេះ នឹងមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃសុក្រទី២៥ខែមីនានេះ ដោយមានការចូលរួមពីគណៈប្រតិភូមកពីប្រទេសទាំងបួន និងមន្ត្រីជាន់ខ្ពស់នៃគណកម្មការទន្លេមេគង្គ ព្រមទាំងតំណាងអង្គការអន្តរជាតិមួយចំនួនផងដែរ។ លោក តែ ណាវុទ្ធ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធាននៃគណៈកម្មាធិការរួមរបស់គណៈកម្មការទន្លេមេគង្គសម្រាប់ឆ្នាំ២០១០ និង២០១១នេះមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេខ្មែរ នៅថ្ងៃព្រហស្បតិ៍ទី២៤ខែមីនានេះថា កិច្ចប្រជុំនេះ នឹងពិនិត្យមើលទៅលើការព្រួយបារម្ភនានាដែលលើកឡើងដោយសហគមន៍នៅក្នុងប្រទេសទាំង៤នៅតាមដងទន្លេមេគង្គក្រោមទាក់ទងនឹងទំនប់សាយ៉ាប៊ូរីនោះ។ លោកណាវុទ្ធ ថ្លែងថា៖ «តាមកិច្ចព្រមព្រៀងរបស់គណៈកម្មការទន្លេមេគង្គគឺការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ នេះជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងបួន មិនមានគោលបំណងរារាំងការអភិវឌ្ឍរបស់ប្រទេសណាមួយទេ។» បើតាមគម្រោង ទំនប់សាយ៉ាប៊ូរី ដែលស្ថិតនៅក្នុងខេត្តសាយ៉ាប៊ូរី របស់ឡាវនោះ នឹងត្រូវសង់ដោយក្រុមហ៊ុនថៃមួយដោយចំណាយទឹកប្រាក់អស់៣.៥០០លានដុល្លារអាមេរិក។ ទំនប់នេះដែលស្ថិតក្នុងចំណោមទំនប់វារីអគ្គីសនីចំនួន១២ដែលគេគ្រោងនឹងសាងសង់នៅលើដងទន្លេមេគង្គក្រោម អាចផលិតថាមពលអគ្គីសនីក្នុងកម្រិត១.២៦០មេហ្គាវ៉ាត់។ បើយោងតាមរបាយការណ៍របស់អង្គការទន្លេអន្តរជាតិ (International Rivers) ៩៥% នៃថាមពលអគ្គីសនីដែលទំនប់នេះផលិតបាន នឹងត្រូវលក់ទៅឲ្យប្រទេសថៃ។ របាយការណ៍ដដែលបានរកឃើញថា ប្រសិនបើត្រូវបានសាងសង់មែននោះ ទំនប់សាយ៉ាប៊ូរី នេះនឹងធ្វើឲ្យខូចខាតជាអចិន្ត្រៃយ៍ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះនៅក្នុងទន្លេមេគង្គទាំងមូល ដែលជាលទ្ធផល នឹងធ្វើឲ្យបាត់បង់ពពួកពូជមច្ឆាយ៉ាងតិចចំនួន៤១ប្រភេទដែលជិតផុតពូជ ដូចជា ត្រីរាជជាដើម និងធ្វើប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនប្រមាណ៦០លាននាក់ដែលពឹងអាស្រ័យនឹងទន្លេដ៏វែងជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ កាលពីថ្ងៃទី២២ខែមីនានេះ បណ្តាញអង្គការចំនួន២៦៣ក្នុងប្រទេសចំនួន៥១ បានធ្វើលិខិតរួមគ្នាមួយផ្ញើជូនរដ្ឋាភិបាលឡាវនិងថៃ ដោយអំពាវនាវឲ្យរដ្ឋាភិបាលទាំងពីរបញ្ឈប់ផែនការកសាងទំនប់វារីអគ្គីសនីសាយ៉ាប៊ូរីនេះ ដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់សិបលាននាក់នៅតាមបណ្តោយដងទន្លេមេគង្គក្រោមនេះ។ អ្នកនាង អេមី ត្រេនឌឹម (Ame Trandem) អ្នកធ្វើយុទ្ធនាការខាងទន្លេមេគង្គរបស់អង្គការទន្លេអន្តរជាតិ បានថ្លែងប្រាប់ វីអូអេខ្មែរ ពីទីក្រុងបាងកកមកថា អង្គការរបស់អ្នកនាងរំពឹងថាកិច្ចប្រជុំរបស់គណៈកម្មាធិការនៃគណៈកម្មការទន្លេមេគង្គនេះ នឹងនាំមកនូវការបញ្ឈប់គម្រោងសាង់សង់ទំនប់សាយ៉ាប៊ូរីនោះ។ នាង ត្រេនឌឹម មានប្រសាសន៍ថា៖ «ក្នុងនាមជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ ប្រទេសទាំងបួនបានប្តេជ្ញាចិត្តការពារនិរន្តរភាពនៃទន្លេនេះ។ យើងសង្ឃឹមថា ការប្តេជ្ញាចិត្តនោះនឹងត្រូវបានគោរពយ៉ាងម៉ឹងម៉ាត់ ហើយរដ្ឋាភិបាលនឹងបញ្ឈប់ទំនប់សាយ៉ាប៊ូរីនោះ ហើយស្វែងរកបច្ចេកវិជ្ជាទាញយកថាមពលដែលមាននិរន្តរភាពបំផុត ដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលនៅក្នុងតំបន់»។ ទោះជាយ៉ាងនេះក្តី លោក ជេរេមី ប៊ឺត (Jeremy Bird) នាយកប្រតិបត្តិនៃលេខាធិការដ្ឋានរបស់គណៈកម្មការទន្លេមេគង្គ មានប្រសាសន៍ប្រាប់វីអូអេខ្មែរ នៅថ្ងៃព្រហស្បតិ៍នេះថា គេមិនទាន់អាចដឹងបាននៅឡើយទេតាមកិច្ចប្រជុំនេះ ថាតើគម្រោងសាងសង់ទំនប់សាយ៉ាប៊ូរី នោះ នឹងអាចដំណើរការទៅបាន ឬអត់នោះ ដោយសារការសម្រេចចិត្តចុងក្រោយអំពីគម្រោងនេះនឹងត្រូវធ្វើឡើងនៅខែក្រោយ។ លោកប៊ឺតថ្លែងថា៖ «វាអាចឆាប់ពេកក្នុងការគិតថា សេចក្តីសម្រេចនឹងអាចធ្វើនៅពេលនេះ បើយោងតាមកិច្ចព្រមព្រៀងមេគង្គគឺតម្រូវឲ្យប្រទេសទាំងបួនហ្នឹងយល់ស្របទៅលើថាតើគាត់គួរសាងសង់ឬមិនគួរ។ បើគួរតើត្រូវធ្វើតាមបែបបទណាខ្លះ»។ ការសម្រេចចិត្តចុងក្រោយថាតើគម្រោងសាងសង់ទំនប់វារីអគ្គីសនីសាយ៉ាប៊ូរីរបស់ឡាវ អាចចាប់ផ្តើមអនុវត្តបានឬអត់នោះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ខែមេសាឆ្នាំ២០១១នេះ។ ប៉ុន្តែក្រុមអ្នកតាមដានដំណើរវិវត្តន៍នៃគម្រោងសាងសង់ទំនប់តាមដងទន្លេមេគង្គនេះ បានលើកឡើងថា សេចក្តីសម្រេចចិត្តបឋមនៅក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃរបស់គណៈកម្មាធការរួមនៃគណកម្មការទន្លេមេគង្គនេះ នឹងជាតម្រុយដ៏សំខាន់មួយដែលឈានទៅដល់ការកំណត់ជោគវាសនារបស់ប្រជាពលរដ្ឋដែលពឹងអាស្រ័យនឹងទន្លេមេគង្គសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេនោះ៕ This posting includes an audio/video/photo media file: Download Now |
រដ្ឋាភិបាលថៃអះអាងថាកិច្ចប្រជុំនៅបូហ្គ័រនឹងដំណើរការធម្មតា Posted: 24 Mar 2011 01:46 PM PDT បើទោះបីជាមន្ត្រីយោធាកំពូលរបស់ថៃបាននិយាយថានឹងមិនចូលរួមប្រជុំក្នុងប្រទេសឥណ្ឌូនេស៊ីជាការណ៍មួយដែលគេគិតថាដើម្បីជំទាស់ទៅនឹងការពាក់ព័ន្ធរបស់ភាគីទីបីក្តី តែមន្ត្រីផ្លូវការរដ្ឋាភិបាលថៃនៅថ្ងៃពុធនេះបានបញ្ជាក់ឲ្យដឹងថាកិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ីពុំមានអ្វីប្រែប្រួលនៅឡើយទេ។ លោក ផានីតាន់ វឌ្ឍនាយ៉ាកន អ្នកនាំពាក្យរដ្ឋាភិបាលថៃបានបញ្ជាក់ប្រាប់ VOA ផ្នែកខេមរភាសាប៉ុន្មានម៉ោងមុននេះថា ប្រទេសថៃមិនមានផ្លាស់អ្វីទេជាគោលការណ៍ហើយក្រសួងការបរទេសថៃកំពុងបន្តកិច្ចចរចាអំពីកិច្ចប្រជុំនេះ។ «រឿងនេះកំពុងតែចរចាជាមួយនឹងក្រសួងការបរទេស សូមលោកអាចទាក់ទងពួកគេបានទេ?»។ លោកវឌ្ឍនាយ៉ាកនបដិសេធធ្វើអត្ថាធិប្បាយលម្អិតដោយលោក អះអាងថា លោកជាប់រវល់ទូរស័ព្ទមួយផ្សេងទៀត ហើយបានបង្វែរសំណួរទៅកាន់ក្រសួងការបរទេសថៃវិញ ។ មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក ថានី ថុងភក្ឌី និងអ្នកនាំពាក្យយោធាថៃពុំអាចទាក់ទងបានទេ ដោយទូរស័ព្ទរបស់អស់លោកទាំងនោះពុំមានអ្នកទទួល។ មន្ត្រីយោធាថៃកំពូល ប្រាយុទ្ធ ចាន់អូចាបានថ្លែងប្រាប់កាសែតបាងកកប៉ុស្តិ៍កាលពីម្សិលម៉ិញថាគណៈកម្មការព្រំដែនទូទៅ GBC របស់យោធានឹងមិនទៅចូលរួមប្រជុំជាមួយកម្ពុជាក្រោមការរៀបចំប្រទេសទីបីទេគឺប្រទេសឥណ្ឌូនេស៊ីជាប្រធានអាស៊ានប្តូរវេនឆ្នាំនេះទេ។ លោក Michael Tene អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ី បានបញ្ជាក់ប្រាប់ VOA ខេមរភាសានៅប៉ុន្មានម៉ោងមុននេះថា ឥណ្ឌូនេស៊ី ពុំទាន់ទទួលការធ្វើទំនាក់ទំនងណាមួយអំពីរឿងមិនចូលរួមប្រជុំរបស់ថៃនេះទេ។ លោក បដិសេធធ្វើអត្ថាធិប្បាយលម្អិតដោយអះអាងថាជាប់រវល់ប្រជុំ។ លោក កុយ គួងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាដែលបានបញ្ជាក់ពីជំហរ កម្ពុជាចំពោះការត្រៀមខ្លួនចូលរួមប្រជុំជាមួយថៃនៅទីក្រុងបូហ្គ័រ ប្រទេសឥណ្ឌូ នេស៊ី ហើយនឹងព្រមតាមលក្ខខណ្ឌទាំងអស់របស់ឥណ្ឌូនេស៊ីទាក់ទង នឹងទីតាំង អ្នកសង្កេតការណ៍ឬលក្ខខណ្ឌផ្សេងៗទៀតនោះ បានអះអាងថ្ងៃនេះដែរថាភាគី កម្ពុជាពុំបានទទួលព័ត៌មានជាផ្លូវការអំពីការប្រែប្រួលរបស់ថៃទេ។ «នៅទេ យើងអត់ទាន់បានទទួលព័ត៌មានអ្វីពីខាងឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ាននោះទេ ក្នុងការរៀបចំកិច្ចប្រជុំខាងមុខនេះ» ។ ក្រោយពីបានលើកពេលគម្រោងប្រជុំម្តងនៅខែមិនា ប្រទេសថៃនិងកម្ពុជាបាន ព្រមព្រៀងគ្នាជាមួយប្រទេសឥណ្ឌូនេស៊ីថានឹងជួបប្រជុំគ្នាជាថ្មីនៅថ្ងៃទី៧ថ្ងៃទី៨ ខែមេសាដើម្បីអនុញ្ញាតឲ្យគណៈកម្មការព្រំដែនទាំងពីរ GBC ផ្នែកខាងកងទ័ពនិង JBC ផ្នែកខាងក្រសួងការបរទេសពិភាក្សាគ្នាអំពីការទទួលយកអ្នកសង្កេតការណ៍អាស៊ានមកកាន់តំបន់ជម្លោះនៃប្រទេសកម្ពុជានិងថៃនៅជិតតំបន់ប្រាសាទព្រះវិហារ។ កងទ័ពនៃប្រទេសកម្ពុជានិងថៃធ្លាប់មានការវាយប្រយុទ្ធគ្នា៤ថ្ងៃជាប់គ្នាកាលពីថ្ងៃទី៤ ដល់ថ្ងៃ ទី៧ ខែកុម្ភៈនៅក្បែរតំបន់ប្រាសាទ ព្រះវិហារ ដោយសារការចោទប្រកាន់គ្នាទៅវិញទៅមករឿងរំលោភបំពានបូរណភាពទឹកដី។ ទោះបីជាភាគីកម្ពុជានិងថៃ មានការព្រមព្រៀងនៅមុខអាស៊ានពីបទឈប់បាញ់គ្នាជាស្ថាពរ ហើយនឹងបន្តដោះស្រាយបញ្ហាព្រំដែនក្នុងក្របខណ្ឌអាស៊ានតាមការចង់បានរបស់ក្រុមប្រឹក្សា សន្តិសុខអ.ស.បក្តី តែកងទ័ពទាំងពីរប្រទេស កំពុងបន្តភាពតានតឹងនៅឡើយ ដែលគេគិតថាតម្រូវឲ្យមានវត្តមានក្រុមអ្នកសង្កេតការណ៍ ដើម្បីជាការធានាដល់សន្តិភាពហើយបើកផ្លូវឲ្យថៃនិងកម្ពុជា បន្តចរចាដោះស្រាយរឿងវិវាទព្រំដែនដោយសន្តិវិធី៕ This posting includes an audio/video/photo media file: Download Now |
ការលាឈប់ពីតំណែងបង្កើតភាពសង្ស័យចំពោះការដឹកនាំគណបក្សប្រឆាំង Posted: 23 Mar 2011 03:23 PM PDT តំណាងរាស្ដ្រមួយរូបរបស់គណបក្សសម រង្ស៊ី បានលាឈប់ពីតួនាទីជាតំណាងរាស្ដ្រកាលពីថ្ងៃអង្គារ៍។ ការលាលែងនេះ ត្រូវក្រុមអ្នកវិភាគនៅកម្ពុជាយល់ថា ជាព្រឹត្តិការណ៍កើតចេញពីវិបត្តិផ្ទៃក្នុង ហើយវិបត្តិនេះនឹងនាំឲ្យគណបក្សកាន់អំណាចកាន់តែមានឥទ្ធិពលខ្លាំង។ ការលាលែងរបស់លោក ម៉ៅ មុនីវណ្ណ កាលពីថ្ងៃអង្គារ ហើយបានទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា នៅថ្ងៃពុធនេះ បានធ្វើឲ្យអ្នកវិភាគនយោបាយកម្ពុជាមួយចំនួនកត់សម្គាល់ថា គណបក្សសម រង្ស៊ី កំពុងប្រឈមនឹងបញ្ហាចំនួនពីរដែលត្រូវដោះស្រាយជាចាំបាច់។ បញ្ហាទី១ គឺ លោកសម រង្ស៊ី ត្រូវរដ្ឋសភាដែលគណបក្សប្រជាជនកម្ពុជាមានសម្លេងភាគច្រើន លុបឈ្មោះចេញពីបញ្ជីតំណាងរាស្ដ្រ ហើយការលុបឈ្មោះចេញនេះនឹងធ្វើឲ្យលោកសម រង្ស៊ី បាត់បង់ឱកាសឈរឈ្មោះជាបេក្ខជនតំណាងរាស្ដ្រ។ រីឯបញ្ហាមួយទៀត គឺភាពរង្គោះរង្គើនៃក្រុមតំណាងរាស្ដ្រ។ ក៏ប៉ុន្ដែ លោកសម រង្ស៊ី ដែលកំពុងតែស្ថិតក្នុងប្រទេសបារាំងបានអះអាងថា នេះគឺជាចលនាតូចមួយនៃអ្នកមិនពេញចិត្តនឹងគោលនយោបាយផ្ទៃក្នុងរបស់គណបក្ស។ តំណាងរាស្ដ្ររបស់គណបក្សសម រង្ស៊ី ទាំងអស់ត្រូវប្ដូរវេនគ្នាអង្គុយកៅអីសភាពាក់កណ្ដាលអាណត្តិម្តងម្នាក់ ពោលគឺតំណាងរាស្ដ្របច្ចុប្បន្នកាន់តំណែងត្រឹមតែពីរឆ្នាំកន្លះហើយត្រូវជំនួសវិញដោយបេក្ខជនថ្មីដែលមានលេខរៀងបន្ទាប់ក្នុងបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតឆ្នាំ២០០៨។ ការប្ដូរវេនគ្នានេះត្រូវចូលជាធរមាននៅថ្ងៃទី ២៤ ខែមីនា ស្អែកនេះ។ ការមិនអនុវត្តការប្តូរវេននេះ គឺជាផ្នែកមួយដែលនាំឲ្យមានការលាឈប់ពីតំណែងរបស់សមាជិកសភាគណបក្សសម រង្ស៊ីទាំងនេះ។ ការចាកចេញនៃតំណាងរាស្ដ្រខេត្តកំពង់ចាមដដែលនេះ បានកើតឡើងក្រោយពីគណបក្សសម រង្ស៊ី ចាប់ផ្ដើមប្ដូរតួនាទីជាប្រធានគណបក្សប្រចាំខេត្តមួយទៅខេត្តមួយទៀត ដែលក្រុមអ្នកជំទាស់ចាត់ទុកថា គឺជាការរៀបចំដើម្បីបម្រើផលប្រយោជន៍ក្រុមគ្រួសារនៃមន្រ្តីរបស់គណបក្ស ដោយសារតែក្រុមអ្នកជំទាស់ទាំងនោះ ត្រូវគេផ្លាស់ប្ដូរពីអ្នកទទួលខុសត្រូវក្នុងខេត្តធំដែលមានចំនួនអាសនៈច្រើនទៅកាន់ខេត្តតូចដែលមានចំនួនអាសនៈតិច ដែលធ្វើឲ្យផ្លូវប្រកួតដណ្ដើមជ័យជំនះរកសម្លេងឆ្នោតកាន់តែចង្អៀត។ លោក ធន់ សារាយ ប្រធានអង្គការការពារសិទ្ធិមនុស្សអាហុក មានប្រសាសន៍ថា ចលនានេះនឹងធ្វើឲ្យប៉ះពាល់ដល់ការគាំទ្រដល់គណបក្សសម រង្ស៊ី។ លោក សារាយ ថ្លែងថា៖ «វាបង្ហាញអំពីសញ្ញាមិនល្អនៅក្នុងផ្ទៃក្នុងបក្សដែរ។ វាជាសញ្ញាមួយដែលបញ្ជាក់អំពីកង្វះខាតនៃការគាំទ្រ ព្រោះថាអ្នកដែលចេញពីគណបក្សនិមួយៗតែងតែនាំគ្នីគ្នារបស់ខ្លួនមួយចំនួនទៅជាមួយ ដូច្នេះអាចនឹងបាត់ការគាំទ្រខ្លះដែរ»។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសិទ្ធិមនុស្សនៅថ្ងៃពុធ ទី២៣ ខែ មិនា នេះ លោកម៉ៅ មុនីវណ្ណ ដែលជាសមាជិកគណៈកម្មការអចិន្ដ្រៃយ៍មួយរូប ក្នុងចំណោមសមាជិកគណៈកម្មការអចិន្ដ្រៃយ៍ចំនួន១៥រូបរបស់គណបក្ស សម រង្ស៊ី បានដឹកនាំសមាជិកគណៈកម្មការនាយកចំនួនបួនរូប និងមន្ដ្រីដឹកនាំនយោបាយ មូលដ្ឋានចំនួន១០នាក់ផ្សេងទៀតចូលជាមួយគណបក្សសិទ្ធិមនុស្ស។ ទោះជាយ៉ាងនេះក្ដីលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថាខុម ហ្រ្វែល យល់ថា នឹងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់គណបក្សសម រង្ស៊ី នោះទេ។ លោកបញ្ញាថ្លែងដោយខ្លីថា៖ «ប៉ះពាល់ខ្លះដែរ តែមិនធំដុំទេ»។ លោកសម រង្ស៊ី ក្នុងបទសម្ភាសន៍តាមទូរសព្ទ័ជាមួយ វីអូអេ សំឡេងសហរដ្ឋអាមេរិកពីប្រទេសបារាំង បានចាត់ទុកថា ការចាកចេញរបស់លោកម៉ៅ មុនីវណ្ណ គឺជាបញ្ហាផ្ទាល់ខ្លួនដោយសារតែលោកត្រូវការតំណែងជាអ្នកគ្រប់គ្រងគណបក្សខេត្ត។ លោក សម រង្ស៊ី បន្តថា៖ «គឺចង់ធ្វើប្រធានខេត្ត ចង់ធ្វើតំណាងរាស្ដ្រមួយជីវិត កុំយករឿងផលប្រយោជន៍ផ្ទាល់ខ្លួន រឿងបុគ្គល រឿងដំណែងជាធំ។ រឿងដែលធំដែលគណបក្សសម រង្ស៊ី ចាប់អារម្មណ៍ និងខំដោះស្រាយគឺបញ្ហាជាតិ បញ្ហាប្រជារាស្ដ្រ បញ្ហាសង្គម បញ្ហាយុត្តិធម៌សង្គម»។ លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានហៅការចុះចូលគណបក្សលោកថា ជាចរន្ដធម្មតា ហើយនឹងមិនប៉ះពាល់ដល់ការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនោះទេ។ «បើសិនជាមនុស្សនៅក្នុងគណបក្សប្រជាធិបតេយ្យរត់ទៅចូលគណបក្សកម្មុយនិស្ដផ្ដាច់ការនោះ យើងនឹងខាត។ តែបើអ្នកប្រជាធិបតេយ្យចូលក្នុងគណបក្សប្រជាធិបតេយ្យ ហើយយើងរួមគ្នាបាន យើងនៅតែរីកចម្រើនដដែល»។ គណបក្សសម រង្ស៊ី ទទួលបានអាសនៈចំនួន២៦ ពីការបោះឆ្នោត ខែកក្កដាឆ្នាំ២០០៨។ ជ័យជំនះនេះ ដែលធ្វើឲ្យគណបក្សជំទាស់នេះ ក្លាយជាគូប្រជែងយ៉ាងមានសក្តានុពលជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន។ ក៏ប៉ុន្ដែភាពរង្គោះរង្គើបានកើតឡើងស្របពេលដែលតំណាងរាស្ដ្ររបស់គណបក្សជំទាស់ដដែលនេះ កំពុងស្វែងរកលទ្ធភាពលើកលែងទោសដើម្បី អនុញ្ញាតឲ្យមេដឹកនាំរបស់ខ្លួន ចូលក្នុងប្រទេសដើម្បីដឹកនាំគណបក្សសម្រាប់ត្រៀមខ្លួនប្រកួតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅឆ្នាំ២០១៣។ លោកធន សារាយ យល់ថា គណបក្សសម រង្ស៊ី នឹងជួបឧបសគ្គសម្រាប់ការបោះឆ្នោតដ៏មានសារៈសំខាន់ទាំងពីរខណៈពេលដែលមានបញ្ហាផ្ទៃក្នុងកើតឡើង ហើយនៅពេលដែលមេដឹកនាំគណបក្សមិនស្ថិតនៅក្នុងភាពជាអ្នកដឹកនាំផ្ទាល់ ជាពិសេសក្នុងការប្រជែងជាមួយគណបក្សកាន់អំណាច។ លោក សម រង្ស៊ី មានប្រសាសន៍ថា លោកនៅមានពេលវេលាសម្រាប់រៀបចំគណបក្សរបស់លោកនៅឡើយ។ លោកសម រង្ស៊ី និយាយថា៖ «ក្នុងរយៈពេលពីរ បីឆ្នាំខាងមុខ ខ្ញុំជឿជាក់ថានឹងមានការប្រែប្រួល។ ឥឡូវយើងឃើញថា ព្រឹត្តិការណ៍ដើរកាន់តែលឿនទៅៗ នៅទូទាំងពិភពលោក គឺរដ្ឋអំណាចផ្តាច់ការដួលរំលំម្តងមួយៗគឺកម្លាំងប្រជាពលរដ្ឋផុសផុល ដូច្នេះក្នុងពិភពលោកមានចរន្តផ្លាស់ប្តូរ។ ជនផ្តាច់ការធ្លាក់ពីតំណែង ខ្ញុំជឿថា មិនយូរមិនឆាប់ប្រទេសកម្ពុជាមានការវិវត្តន៍ដូចគ្នាអញ្ចឹងដែរ »។ ក្រោយពីការបោះឆ្នោតឆ្នាំ២០០៨ គណបក្សដែលអះអាងថា ប្រកាន់គោលគារណ៍ប្រជាធិបតេយ្យ សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានបង្ហាញការព្យាយាមច្របាច់បញ្ចូលគ្នាជាគណបក្សតែមួយ ឬយ៉ាងហោចណាស់ស្វែងរកគោលការណ៍សហការគ្នា។ ការស្វែងរកការបញ្ចូលគ្នាជាគណបក្សតែមួយក្នុងគោលដៅពង្រឹងការប្រជែងអំណាចតាមរយៈការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចអស់រយៈពេលជាង៣០ឆ្នាំមកហើយនោះ។ ក៏ប៉ុន្ដែការប៉ុនប៉ងនេះនៅតែស្ថិតក្នុងស្រមោលនៅឡើយ។ លោ ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យយល់ថា ភាពរង្គោះរង្គើក្នុងគណបក្សសម រង្ស៊ី និងការស្រូបបានកម្លាំងថ្មីរបស់គណបក្សសិទ្ធិមនុស្សមិនប៉ះពាល់ដល់ចលនាប្រជាធិបតេយ្យនោះទេ តែនឹងប៉ះពាល់ដល់ការរួបរួមគ្នាដែលគណបក្សទាំងពីរប៉ុនប៉ងយូរមកហើយ។ លោក សូណង់ដូ បន្តថា៖ «ជាសញ្ញាមួយ ដែលបង្ហាញឲ្យដឹងច្បាស់ថា គណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី មិនអាចរួបរួមគ្នាបានទេ »។ លោក ធន សារាយ យល់ឃើញដូចគ្នាដែរថា ការវិវត្តន៍ស្ថានការណ៍ក្នុងគណបក្សជំទាស់នេះបានបង្ហាញការមន្ទិលដល់ការបង្រួមបញ្ចូលគ្នា។ ក៏ប៉ុន្ដែលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្រ្វែល បានសន្និដ្ឋានថា គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មិនទាន់ត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ការច្របាច់បញ្ចូលគ្នានៅឡើយ បើទោះជាមិនមានបញ្ហាផ្ទៃក្នុងកើតឡើងជាចុងក្រោយនេះក៏ដោយ មូលហេតុដោយសារ តែគណបក្សទាំងពីរមិនទាន់មានទំនុកចិត្តលើគ្នាទៅវិញទៅមក៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |