VOA News: ព័ត៌មាន: “តំណាងរាស្ត្រម្នាក់ចាកចេញពីគណបក្សប្រឆាំង” plus 3 more |
- តំណាងរាស្ត្រម្នាក់ចាកចេញពីគណបក្សប្រឆាំង
- ទឹកស្អាតមានច្រើនជាងមុន តែនៅតែជាការប្រឈមចំពោះអ្នកក្រ
- តំណាងរាស្ត្រគណបក្សសម រង្ស៊ីសុំឲ្យមហាក្សត្រលើកលែងទោសប្រធានរបស់ខ្លួន
- តួនាទីព្រះមហាក្សត្រខ្មែរត្រូវគេមើលឃើញថាសំខាន់ក្នុងការឱ្យលោកសមរង្ស៊ីចូលស្រុកវិញ
តំណាងរាស្ត្រម្នាក់ចាកចេញពីគណបក្សប្រឆាំង Posted: 22 Mar 2011 12:49 PM PDT តំណាងរាស្ត្រចំនួនពីរអណត្តិរបស់គណបក្សប្រឆាំង បានប្រកាសជាផ្លូវការនៅថ្ងៃអង្គារ៍នេះថា លោកលាឈប់ពីសមាជិកសភាតំណាងរាស្ត្រគណបក្សសម រង្ស៊ី ដើម្បីជំរុញឲ្យគណបក្សគោរពគោលការណ៏ដោះដូរតំណាងរាស្ត្រពាក់កណ្តាលអាណត្តិ ក៏ប៉ុន្តែលោកនៅតែជាប្រធានគណបក្សសម រង្ស៊ី ប្រចាំខេត្តតាកែវដដែល ។ ការប្រកាសលាឈប់របស់លោកម៉ៅ មុនីវណ្ណ នេះ បានកើតមានឡើងក្រោយពីលោកសម រង្ស៊ីប្រធាន គណបក្សសម រង្ស៊ី ត្រូវបានរដ្ឋសភាប្រកាសលុបឈ្មោះចេញពីបញ្ជីសមាជិកសភាតំណាងរាស្រ្តមណ្ឌលខេត្ត កំពង់ចាមខាងគណបក្សសម រង្ស៊ី បន្ទាប់ពីតុលាការកំពូលបានប្រកាសសាលក្រមកាលពីថ្ងៃទី០១ កន្លងទៅ នេះ ឲ្យលោកសម រង្ស៊ី ជាប់ពន្ឋនាគាររយៈពេលពីរឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥រវាងកម្ពុជា និងវៀតណាម ព្រមទាំងញុះញ៉ុងឲ្យមានការរើសអើងជាតិសាសន៍ ។ លោកម៉ៅ មុនីវណ្ណ បានផ្តល់សម្ភាសន៍ជាមួយវីអូអេ សំឡេងសហរដ្ឋអាមេរិកថា មូលហេតុដែលនាំឲ្យលោកលាឈប់ពីសមាជិកសភា តំណាងរាស្រ្តគឺដោយសារតែលោកចង់ឲ្យគណបក្សសម រង្ស៊ី គោរពតាមគោលការណ៍ដោះដូរតំណាងរាស្រ្តពាក់កណ្តាលអាណត្តិ។ «គឺជាការលះបង់របស់ខ្ញុំ ដើម្បីប្រាប់ទៅមេដឹកនាំគណបក្សសម រង្ស៊ី ថា ត្រូវឲ្យគោរពកិច្ចសន្យា គោរពពាក្យសម្តីរបស់ខ្លួន ដែលខ្លួនបានសន្យាមុនបោះឆ្នោតជាមួយនឹងបេក្ខជនតំណាងរាស្រ្តទាំងអស់ដែលជាប់ជាតំណាងរាស្រ្ត និងគឺធ្វើតែត្រឹមថ្ងៃទី២៤ទេ។ អញ្ចឹងខ្ញុំត្រូវតែលាលែងជាគំរូ»។ គណបក្សសម រង្ស៊ី ក្រោយពីការបោះឆ្នោតឆ្នាំ២០០៨ គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សនេះ ដែលមានសមាសភាពចំនួន១៥រូបបានសម្រេចឲ្យតំណាងរាស្រ្ត ដែលជាប់ឆ្នោតកាន់តួនាទីជាអ្នកតំណាង រាស្រ្តរយៈពេលតែពាក់កណ្តាលអណត្តិតែប៉ុណ្ណោះ។ ពោលគឺរយៈពេលចំនួនពីរឆ្នាំកន្លះ លើកលែងតែ តំណាងរាស្រ្តបីរូបតែប៉ុណ្ណោះនៅក្នុងចំណោម២៦រូប គឺលោកសម រង្ស៊ី លោកស៊ុន ឆៃ និងលោកយឹម សុវណ្ណ។ រយៈពេលនៃការដោះដូរអ្នកតំណាងរាស្រ្តពាក់កណ្តាលអាណត្តិនឹងត្រូវបញ្ចប់នៅថ្ងៃទី២៤ ខែមីនា។ ក៏ប៉ុន្តែ យន្តការនេះត្រូវបានលុចចោលទៅវិញ បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍មួយកាលពីថ្ងៃទី១៧ ខែមករា នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។ លោកម៉ៅ មុនីវណ្ណ បានមានប្រសាសន៍ថា លោកចង់សមាជិកគណប្សសម រង្ស៊ី គោរពគោលការណ៍ប្រជាធិបតេយ្យច្បាស់លាស់ដើម្បីសម្រេចជ្រើសរើសមេដឹកនាំពីមូលដ្ឋានរហូតដល់ថ្នាក់ជាតិតាមរយៈការបោះឆ្នោតដែលមានលក្ខណៈប្រជាធិបតេយ្យ។ «ខ្ញុំសង្កេតឃើញថា តាំងពីថ្ងៃបង្កើតគណបក្សរហូតមកទល់ពេលនេះ។ លោកសម រង្ស៊ី ហាក់បីដូចជា ជាប់គំនាបពីគ្រួសារហ្នឹងឯង។ ដល់អញ្ចឹងខ្ញុំចង់អំពាវនាវឲ្យថ្នាក់ដឹកនាំគណបក្សសម រង្ស៊ី ទាំងអស់ជាពិសេស គណកម្មការនាយករួមជាមួយខ្ញុំ ដើម្បីរំដោះលោកសម រង្ស៊ី ឲ្យចេញពីគ្រួសារ ដើម្បីមករួបរួមគ្នាជាមួយនឹង គណបក្សប្រជាធិបតេយ្យ»។ លោក ជូន ភារិទ្ឋ សមាជិកគណបក្សសម រង្ស៊ី ខេត្តកំពង់ចាមបានមានប្រសាសន៍ថា លោកសូមកោត សរសើរចំពោះការប្រកាសលាឈប់ពីតំណាងរាស្រ្តគណបក្សសម រង្ស៊ី របស់លោក ម៉ៅ មុនីវណ្ណ។ លោក ភារិទ្ធ ថ្លែងថា៖ «នេះជាឧត្តមគតិមួយ ដែលខ្ញុំត្រូវតែសរសើរ ហើយពេលនេះផងដែរ ក្នុងនាមខ្ញុំជាសមាជិកគណបក្ស ម្នាក់សម្រាប់ស្រុកចំការលើសូមអំពាវនាវដល់តំណាងរាស្រ្ត ដែលមានកិច្ចសន្យា ដែលមានល័ក្ខខ័ណ្ឌមាន ការព្រមព្រៀងគ្នា ត្រូវតែគោរពកិច្ចសន្យា។ បើមិនគោរពទេ អាហ្នឹងហាក់បីដូចជាមិនត្រឹមត្រូវ»។ លោកយឹម សុវណ្ណ តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សគោរពតាមគោលការណ៍ប្រជាធិបតេយ្យ។ ដូច្នេះការលាប់ឈប់ពីតំណាងរាស្រ្ត គឺជាសិទ្ឋិរបស់លោក ម៉ៅ មុនីវណ្ណ ។ លោក យឹម សុវណ្ណបានមានប្រសាសន៍ទៀតថា ការសម្រេចមិនដោះដូរតំណាងរាស្រ្តពាក់កណ្តាល អណត្តិគឺគណបក្សបានធ្វើឡើងទៅតាមការសម្រេចរបស់គណៈកម្មការអចិន្ត្រៃយ៍ចំនួន១៥រូប មិនមែន សម្រេចទៅតាមអ្វី ដែលនឹកឃើញនោះទេ។ លោក សុវណ្ណ បន្តថា៖ «សេចក្តីសម្រេចទាំងអស់មិនមែនបុគ្គលណាម្នាក់ធ្វើទេ។ ជាពិសេសកិច្ចការដែលទាក់ទងនឹងសកម្មជន សកម្មនារីនៅក្នុងប្រទេសរាប់រយរាប់ពាន់នាក់ រួមទាំងគណបក្សមួយដែលមានការគាំទ្រពីមនុស្សរាប់លាននាក់ គឺយើងមិនអាចធ្វើសេចក្តីសម្រេចបានទេ។ រាល់សេចក្តីសម្រេចទាំងអស់សុទ្ឋតែពិភាក្សាយ៉ាងល្អិតល្អន់ផ្ទៃក្នុងគណបក្ស»។ លោកម៉ៅ មុនីវណ្ណ បានប្រកាសថា នៅពេលអនាគត លោកនិងចូលរួមជាមួយនឹងគណបក្សប្រឆាំង ណាដែលប្រកាន់និន្នាការប្រជាធិបតេយ្យ៕ This posting includes an audio/video/photo media file: Download Now |
ទឹកស្អាតមានច្រើនជាងមុន តែនៅតែជាការប្រឈមចំពោះអ្នកក្រ Posted: 22 Mar 2011 12:24 PM PDT ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា នៅតែត្រូវការប្រភពទឹកស្អាតប្រើប្រាស់ និងអនាម័យ។ប្រជាពលរដ្ឋជាច្រើននៅក្នុងតំបន់ក្រីក្រក្នុងទីក្រុងនានាត្រូវបានបង្ខំឱ្យប្រើប្រាស់ប្រភពទឹកមិនស្អាត។មន្ត្រីរដ្ឋាភិបាលបានទទួលស្គាល់ថា ប្រជាពលរដ្ឋក្រីក្រពុំទទួលបានសេវាកម្មទឹកស្អាតប្រើប្រាស់ទូលាយនៅឡើយ។ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារនេះថា ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមតំបន់ជនក្រីក្រ និងតំបន់ជនបទនៅកម្ពុជាកំពុងតែប្រឈមនឹងគ្រោះថ្នាក់សុខភាពចំពោះការប្រើប្រាស់ប្រភពទឹកមិនស្អាត និងល័ក្ខខ័ណ្ឌរស់នៅគ្មានអនាម័យ។ លោក ដាហ្ក្លាស ប្រូដឺរិក (Douglas Broderick) អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាបានថ្លែងនៅក្នុងទិវាទឹកពិភពលោក នៅសាលាបឋមសិក្សាមួយក្នុងទីក្រុងភ្នំពេញថា ស្ថានភាពនេះមិនល្អទេសម្រាប់អ្នករស់នៅក្នុងតំបន់ក្រីក្រក្នុងទីក្រុងដែលជាកន្លែងពិបាកទទួលបានការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋ។ នៅពេលដែលពួកគាត់ត្រូវចំណាយទិញទឹកពីក្រុមហ៊ុនឯកជនដោយតម្លៃកើនឡើងពីបីទៅប្រាំដង។ ប្រជាពលរដ្ឋជាច្រើននៅក្នុងតំបន់ក្រីក្រក្នុងទីក្រុងនានាត្រូវបានបង្ខំឱ្យប្រើប្រាស់ទឹកមិនស្អាត។ លោក ប្រូដឺរិក ថ្លែងថា៖ «ការទទួលបានទឹកស្អាតនៅកម្ពុជាពិតជាមានការរីកចម្រើន ដោយប្រជាពលរដ្ឋ៨៥ភាគរយ ក្នុងនោះ៧៦ភាគរយដែលរស់នៅក្នុងតំបន់ទីក្រុងមានលទ្ធភាពទទួលបានទឹកស្អាត ហើយការចំណាយប្រចាំថ្ងៃលើទឹកមានប្រមាណ៦ភាគរយនៃចំណូលសរុប»។ លោកម៉ាន់ ឈឿន អនុប្រធានគណៈកម្មការជាតិសម្រាប់ប្រជាជន និងការអភិវឌ្ឍនៅទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ប្រជាពលរដ្ឋចំនួន៥០០០គ្រួសារ នៅក្នុងតំបន់ក្រីក្រក្នុងទីក្រុងភ្នំពេញ បានទទួលការតបណ្តាញទឹកស្អាតប្រើប្រាស់ដោយគ្មានបង់ប្រាក់តាមរយៈជំនួយរបស់ធនាគារពិភពលោក។ លោក ម៉ាន់ ឈឿនបន្តទៀតថា៖ «តាមធម្មតាតបណ្តាញទឹកនេះមានតម្លៃយ៉ាងតិច៤០០.០០០រៀល (១០០ដុល្លារអាមេរិក)។ គោលនយោបាយរបស់រាជរដ្ឋាភិបាលឧបត្ថម្ភទុនដល់អ្នកក្រីក្រ ឱ្យទទួលបានការប្រើប្រាស់ទឹកស្អាត ដោយបង់ថ្លៃតបណ្តាញទឹកស្អាតតែ៣០ភាគរយ ៥០ភាគរយ និង៧០ភាគរយ»។ លោក សុខ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានថ្លែងថា ប្រជាពលរដ្ឋជាង៥៨ភាគរយនៅទូទាំងប្រទេស និងប្រជាពលរដ្ឋ ប្រមាណ៩០ភាគរយនៅក្នុងទីក្រុងភ្នំពេញទទួលបានសេវាកម្មផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់នៅក្នុងឆ្នាំ២០១០។ លោក សុវណ្ណរិទ្ធ ថ្លែងថា៖ «គោលដៅអភិវឌ្ឍន៍ជាតិបានកំណត់ថា នៅឆ្នាំ២០១៥ ប្រជាពលរដ្ឋនៅតាមខេត្តក្រុង និងទីប្រជុំជននានា ចំនួន៨០ភាគរយ និងប្រជាពលរដ្ឋនៅតាមតំបន់ជនបទចំនួន៥០ភាគរយត្រូវទទួលបានសេវាកម្មទឹកស្អាត ប្រើប្រាស់។ ប្រជាពលរដ្ឋដែលទទួលបានសេវាកម្មទឹកស្អាតប្រើប្រាស់នៅមានចំនួនទាប។ប្រជាពលរដ្ឋក្រីក្រពុំទទួលបានសេវាកម្មទឹកស្អាតប្រើប្រាស់ទូលាយនៅឡើយ»។ សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរនៅទីក្រុងចំនួន៩០ភាគរយរស់នៅមានអនាម័យ និង៨១ភាគរយមានបង្គន់អនាម័យ។ ប៉ុន្តែគ្រួសារចំនួនតែ៣០ ភាគរយប៉ុណ្ណោះនៅតំបន់ក្រីក្រមានបង្គន់ក្នុងផ្ទះ និងលាមកមនុស្សភាយក្លិន ដែលទីបញ្ចប់វាធ្វើឱ្យអន្តរាយដល់សុខភាពយ៉ាងពិតប្រាកដ និងធ្វើឱ្យខូចខាតដល់បរិស្ថានក្នុងតំបន់៕ This posting includes an audio/video/photo media file: Download Now |
តំណាងរាស្ត្រគណបក្សសម រង្ស៊ីសុំឲ្យមហាក្សត្រលើកលែងទោសប្រធានរបស់ខ្លួន Posted: 22 Mar 2011 09:03 AM PDT អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងចំនួន២៤រូប បានសរសេរលិខិតរួមគ្នាថ្វាយព្រះករុណាសម្តេចព្រះបរមនាថនរោត្តមសីហមុនី ដើម្បីស្នើសុំព្រះរាជទានការលើកលែងទោសឲ្យលោកសម រង្ស៊ី ដែលកំពុងស្នាក់នៅឯក្រៅប្រទេសដើម្បីឲ្យលោកអាចត្រឡប់មកកាន់មាតុប្រទេសវិញមុនការ បោះឆ្នោត។ ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលបាននិយាយថា ព្រះមហាក្សត្រមិនអាចជួយរឿងក្ដីនេះបានទេ លុះត្រាលោកសម រង្ស៊ីមកទទួលទោសចំនួនពីរភាគបីសិន។ លិខិតរបស់ក្រុមអ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ី កាលពីថ្ងៃទី១៨កន្លងទៅនេះ ដែលមានហត្ថលេខារបស់អ្នកតំណាងរាស្រ្តចំនួន២៤រូប បានបញ្ជាក់ថា លោកសម រង្ស៊ី ត្រូវបានតុលាការកាត់សេចក្តីដោយអយុត្តិធម៌នេះ ដោយសារតែសកម្មភាពបំពេញការងារបម្រើប្រជាពលរដ្ឋ និងប្រជាជាតិសុទ្ធសាធ ហើយពុំមានហេតុផលដែលលោកត្រូវទទួលទោសបែបនេះទេ។ លិខិតដដែលបានបញ្ជាក់ទៀតថា «ព្រះទ័យសន្តោសប្រណីដែលព្រះករុណតែងតែប្រទានដល់រាស្រ្តខ្មែរទូទៅ និងអ្នកតំណាងរាស្រ្ត សូមព្រះករុណាមេត្តាព្រះរាជទានការលើកលែងទោសដល់លោក សម រង្ស៊ី ជាប្រធានគណបក្ស និងជាអ្នកតំណាងរាស្រ្ត ដើម្បីឲ្យលោកបន្តតួនាទីជាអ្នកតំណាងរាស្រ្ត។ លោកវ៉ាន វ៉ាន ប្រធានពិធីការព្រះមហាក្សត្រពុំអាចស្នើសុំបំភ្លឺបានទេ ដោយលោកបាននិយាយថា កំពុងជាប់រវល់។ ចំណែកលោកអ៊ុំ តារាវុធ សមាជិកព្រះរាជខុទ្ទកាល័យព្រះហាក្សត្រ បានបដិសេធពុំធ្វើអត្ថាធិប្បាយទេ «ខ្ញុំអត់សម្ភាសន៍ទេ លែងសម្ភាសន៍ហើយឥឡូវ។ អត់មានសិទ្ធិសម្ភាសន៍ទេ»។ លោកយឹម សុវណ្ណ សមាជិកសភាតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សប្រឆាំង បាននិយាយ ថា លោកលែងមានជំនឿទៅលើស្ថាប័នរដ្ឋាភិបាលទៀតហើយ។ ដូច្នេះជម្រើសចុងក្រោយមានតែព្រះមហាក្សត្រទេ ដែលអាចជួយដល់លោកសម រង្ស៊ី បាន។ លោកសុវណ្ណថ្លែងថា៖ «គណបក្សសម រង្ស៊ីសរសេរលិខិតថ្វាយព្រះមហាក្សត្រក្នុងគោលបំណងស្វែងរកការគាំទ្រពី ព្រះមហាក្សត្រ ដើម្បីលោកព្រះរាជតម្រិះ ធ្វើយ៉ាងម៉េចដោះស្រាយបញ្ហាហ្នឹងកុំឲ្យវាមានការបែកបាក់សាមគ្គីភាព ឯកភាពក្នុងកាលៈទេសៈ ដែលប្រទេសកំពុងស្ថិតក្នុងការគំរាមកំហែងពីបរទេស»។ លោកសម រង្ស៊ី ត្រូវបានរដ្ឋសភាកម្ពុជា កាលពីថ្ងៃទី១៥កន្លងទៅនេះ ប្រកាសដកសមាជិកភាពសភាតំណាងរាស្រ្តមណ្ឌលកំពង់ចាម បន្ទាប់ពីលោកត្រូវបានតុលាការកំពូលតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥ រវាងកម្ពុជា និងវៀតណាម ព្រមទាំងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍។ លោកខៀវ កាញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ព្រះមហាក្សត្រពុំអាចជួយលោកសម រង្ស៊ីបានទេ លុះត្រាលោកសម រង្ស៊ីមកទទួលទោសឲ្យបានពីរភាគបីជាមុនសិន។ «ព្រះករុណាអាចលើកទោសបាន នៅពេលដែលបានជាប់ទោសប្រមាណភាគពីរភាគបី។ អញ្ចឹង សរសេរទៅព្រះករុណាក្នុងពេលណាលក្ខណៈវិនិច្ឆ័យមិនគ្រប់ បានន័យថា ក្រុមនេះគេចង់អង្អាប់មហាក្សត្រខ្មែរ»។ លោកសម រង្ស៊ី ដែលបច្ចុប្បន្ននេះកំពុងស្នាក់នៅឯប្រទេសបារាំង ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ នៅក្នុងសំណុំរឿងពីរដាច់ដោយឡែកៗពីគ្នា គឺសំណុំរឿងដកតម្រុយ បង្គោលព្រំដែន និងសំណុំរឿងក្លែងឯកសារសាធារណៈ។ ក្រុមអ្នកវិភាគមួយចំនួនបាននិយាយថា សំណុំរឿងរបស់លោកសម រង្ស៊ីគឺជារឿងនយោបាយ។ ដូច្នេះត្រូវតែមានដំណោះស្រាយតាមនយោបាយ៕ This posting includes an audio/video/photo media file: Download Now |
តួនាទីព្រះមហាក្សត្រខ្មែរត្រូវគេមើលឃើញថាសំខាន់ក្នុងការឱ្យលោកសមរង្ស៊ីចូលស្រុកវិញ Posted: 22 Mar 2011 07:49 AM PDT ព្រះមហាក្សត្រនៃប្រទេសកម្ពុជាត្រូវគេគិតថាប្រឈមមុខនឹងសម្ពាធនយោបាយក្នុងការសម្រេចព្រះទ័យលើកលែងទោសដល់លោកសម រង្ស៉ី ទោះបីជាព្រះអង្គមានព្រះរាជសិទ្ធិក្តី។ ទោះបីជាមន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ជាហូរហែថាលោកសម រង្ស៉ីអាចត្រូវលើកលែងទោសពីព្រះមហាក្សត្របានលុះត្រាតែលោកទទួលទោសទណ្ឌ២ភាគ៣សិនក្តី តែអ្នកវិភាគនិងអ្នកច្បាប់បានអះអាងថាតាមច្បាប់រដ្ឋធម្មនុញ្ញព្រះមហាក្សត្រមានព្រះរាជបុព្វសិទ្ធិលើកលែងទោសបានដោយមានឬគ្មានការស្នើពីនាយករដ្ឋមន្ត្រីមុនការជាប់ទោស។ លោកសម រង្ស៊ី ត្រូវរដ្ឋសភារបស់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥កន្លងទៅនេះ បានប្រកាសដកហូតសមាជិកភាពសភាតំណាងរាស្រ្តមណ្ឌលកំពង់ចាម បន្ទាប់ពីលោកត្រូវបានតុលាការកំពូលបានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ឲ្យជាប់ពន្ធនាគារពីរឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាមនៅខេត្តស្វាយរៀង កាលពីចុងឆ្នាំ២០០៩ ដែលមានន័យថាបន្ថែមពីលើទោសទណ្ឌ ដាក់គុក១០ឆ្នាំ ផ្សេងទៀតពីការផ្សព្វផ្សាយឯកសារព្រំដែនក្លែងក្លាយ។ តំណាងរាស្ត្រគណបក្សសម រង្ស៉ី២៤រូបកាលពីថ្ងៃ១៨មិនាបានស្នើដល់មហាក្សត្រ ដើម្បីលើកលែងទោសដល់មេដឹកនាំប្រឆាំងលោកសម រង្ស៉ី ដោយយល់ឃើញថា គ្មានវត្តមានលោក សម រង្ស៉ី ដែលជាមេដឹកនាំគណបក្សធំទី២ក្នុងប្រទេស និងធ្វើ ឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស។ បទសម្ភាសន៍២ភាគរបស់វីអូអេខ្មែរជាមួយ លោកសម រង្ស៊ី កាលពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១១
លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថ្លែងថា ការលើកលែងទោស ពីព្រះមហាក្សត្រពីសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងមានប្រយោជន៍ សម្រាប់ប្រជាធិបតេយ្យនៅកម្ពុជា ហើយតាមនីតិវិធីមិនត្រូវការសំណើពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទេ។ «ដោយសារនាយករដ្ឋមន្ត្រីមានអំណាចដូច្នេះជាទូទៅទាល់តែមានការស្នើសុំពី នាយករដ្ឋមន្ត្រី ហើយដោយសារករណីលោក សម រង្ស៉ីជាករណី នយោបាយ ដូច្នេះការលើកលែងទោសឬមិនលើកលែងទោសប្រហែល ជាពឹងផ្អែកទៅលើ ការយល់ព្រមពីនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា»។ លោក អ៊ូ វីរៈបានអះអាងថាការលើកលែងទោសនៅមានលក្ខណៈមិន ច្បាស់លាស់នៅឡើយទេ ដោយសារនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសថ្មីៗថាមិនយល់ព្រមលើកលែងទោសដល់លោក សម រង្ស៉ី។ «ខ្ញុំថាព្រះមហាក្សត្រនឹងមានការលំបាកមួយចំនួនដោយសារក្នុងស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាបញ្ហានយោបាយប្រហែលត្រូវការការយល់ព្រមពីនាយករដ្ឋមន្ត្រី ហេតុដូច្នេះប្រហែលជាព្រះមហាក្សត្រត្រូវរង់ចាំសញ្ញាពីនាយករដ្ឋមន្ត្រី»។ លោក កៅ សុផា អ្នកច្បាប់ម្នាក់ហើយជាមេធាវីផងបានថ្លែងថា ការលើកលែង ទោសលោក សម រង្ស៉ីតាមរដ្ឋធម្មនុញអាចធ្វើទៅបានតែ ព្រះមហាក្សខ្មែរតែងតែរង់ចាំការស្នើសុំពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាគោលការណ៍។ «ការលើកលែងទោសទៅដល់ជនណាម្នាក់ឬទណ្ឌិតណាម្នាក់ហ្នឹងគឺលុះត្រាតែ មាន សំណើពីរាជរដ្ឋាភិបាល ដាក់មក បានព្រះមហាក្សត្រឡាយ ព្រហស្ថលេខាអញ្ចឹងបើដាក់ Direct (ផ្ទាល់)ទៅព្រះមហាក្សត្រ ព្រះមហាក្សត្រ ក៏គង់ធ្វើលិខិតមក លោកនាយករដ្ឋមន្ត្រីដដែលដើម្បីឲ្យនាយករដ្ឋមន្ត្រីធ្វើ សំណើទៅព្រះមហាក្សត្រវិញ»។ តាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់កំពូលរបស់ប្រទេសនៃមាត្រាទី២៧ បានចែងថា «ព្រះមហាក្សត្រមានព្រះរាជសិទ្ធិបន្ធូរបន្ថយទោសនិងលើកលែងទោស»។ ក្រុមអ្នកច្បាប់ផ្សេងៗទៀតបានអះអាងក្នុងលក្ខខណ្ឌពុំឲ្យប្រាប់ឈ្មោះបានបញ្ជាក់ថារដ្ឋាភិបាលយកច្បាប់ដោយឡែកជាទូទៅមួយ ទាក់ទងនឹងការបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតនោះ ជាអំណះអំណាង ក្នុងករណីលោក សម រង្ស៉ី ជាពិសេសក្នុងវគ្គមួយដែលបានចែងពីការជាប់ទោស២ភាគ៣ ទើបអាចត្រូវលើកលែងទោសពីព្រះមហាក្សត្របាន។ ក្រុមអ្នកច្បាប់ចាត់ទុកថា ទោះជាការប្រទាញប្រទង់គ្នាក្នុងការបកស្រាយច្បាប់មែនតែគេគួរគិតថាច្បាប់រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស។ លោក សុន ឆៃអ្នកតំណាងរាស្ត្រនៃគណបក្សជំទាស់របស់លោក សម រង្ស៉ីបាន អះអាងថា ព្រះមហាក្សត្រព្រះអង្គមានព្រះរាជបុព្វសិទ្ធិទាំងស្រុងក្នុងការលើក លែងទោសដល់លោកសម រង្ស៉ី និងកូនចៅរបស់ព្រះអង្គ ហើយ នឹងការសម្រេច រឿងនយោបាយសំខាន់ៗ ដោយមិនចាំបាច់រង់ចាំ សំណើណាមួយពីនាយករដ្ឋមន្ត្រីទេ ជាគោលការណ៍ច្បាប់។ «តែជាទម្លាប់កន្លងទៅនេះ គឺថាព្រះមហាក្សត្រលោកផ្តល់ការយោគយល់ពិសេសមួយដល់នាយករដ្ឋមន្ត្រី ដើម្បីផ្តល់កិត្តិយសដល់នាយករដ្ឋមន្ត្រីក្នុងការធ្វើសំណើលើកលែងទោសនេះ»។ លោក សុន ឆៃនិងអ្នកច្បាប់មួយរូបបានបន្ថែមថាប្រសិនបើព្រះមហាក្សត្រលើកលែងទោសដល់លោក សម រង្ស៉ី នោះទោសទណ្ឌលោក ទាំងឡាយនិងត្រូវរលត់ ហើយ លោក និងបានទទួលបុព្វសិទ្ធិសភាវិញ។ ដោយសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ថ្មីៗថាលោក នឹងមិនធ្វើសំណើលើកលែងទោសនោះ ក្រុមអ្នកវិភាគ ដែលកំពុងតាមឃ្លាំមើលពីការសម្រេច ព្រះទ័យយ៉ាងណារបស់ព្រះមហាក្សត្រនោះ បានអះអាងថា ការធ្វើឲ្យលោក ហ៊ុន សែនយល់ព្រមធ្វើសំណើលើកលែងទោសលោក សម រង្ស៉ីលុះត្រាតែមាន ការចរចា ដោយសម្ងាត់និងមានសម្បទាន នយោបាយណាមួយរវាងគណបក្សជំទាស់នឹងគណបក្សគ្រប់គ្រងប្រទេស៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |