Koh Santipheap Daily

Koh Santipheap Daily


រថយន្ត​​​ដឹកឈើ​​បុកគ្នា​ជាមួយ​រថយន្ត​​ប៉ូលិស​​​មុខ​ស្នង​ការ​​រាជធានីភ្នំពេញ​ស្លាប់​​ម្នាក់

Posted: 20 Mar 2011 11:38 PM PDT

អ្នកបើកបរស្លាប់ក្នុងរថយន្ត
រថយន្តប៉ូលិសចរាចរដែលបុកគ្នាជាមួយរថយន្តដឹកឈើ

រាជធានីភ្នំពេញ ៖ ​រថយន្ត​​ដឹក​ឈើ​​ម៉ាក​កាមរី ​​ពណ៌ខ្មៅ ពាក់ស្លាកលេខ ច-៥២១៥ ​ភព២ ​មួយគ្រឿង​​ បានបើក​​បោះពួយ​​​បុក​​គ្នា​ជាមួយ​រថ​យន្ត​ស្ទូច​​របស់​ប៉ូលិស​ចរាចរ​​ បណ្តាល​ឱ្យ​​ស្លាប់​អ្នកបើក​បរ​រថយន្ត​ដឹក​ឈើ​​​ម្នាក់​ដោយ​សារ​ឈើ​ខ្ទាត​​មក​​បុក​ពីក្រោយ​បន្ថែម​កៀប​ជាប់​​ជាមួយ​ចង្កូត​​រថយន្ត​​​ កាល​ពី​វេលាម៉ោង​​​១០​យប់​ថ្ងៃទី​២០ មីនា ២០១១ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៥៩៨ ​មុខស្នង​ការដ្ឋាន​​​រាជធានីភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​​ច្រាំង​ចំរេះ​​២ ​ខណ្ឌ​ឫស្សីកែវ ។
អ្នក​បើក​បរ​​រថយន្ត​ដឹកឈើ​​ដែល​ស្លាប់​ឈ្មោះ​​ភួង ​​សុខគា ​ភេទ​ប្រុស អាយុ​​២៣​ឆ្នាំ ​មាន​ទីលំនៅ​​​ភូមិទី​៤ ឃុំ​​កំពុងហ្លួង ស្រុក​ក្រគរ ខេត្ត​​ពោធិ៍សាត់ ​បាន​​​ស្លាប់​ក្នុង​រថយន្ត ។ ​​តាមសាក្សី​ដែលឃើញហេតុ​ការណ៍​បាន​​ឱ្យ​ដឹង​ថា​​​​ មុន​​​ពេល​កើត​​ហេតុ​​​​ រថយន្ត​ដឹកឈើ​​បានបើក​​ចូល​ក្រុង​​​តាម​​ផ្លូវ​លេខ​​៥៩៨ ​ដោយ​មាន​​សមត្ថកិច្ច​ដេញ​ពីក្រោយ។ មកដល់​ចំណុចមុខ​ស្នងការ​​ដ្ឋាន​រាជ​ធានី​ភ្នំពេញ រថយន្ត​ដឹកឈើ​​​ក៏បានបុក​រថយន្ត​ស្ទូច​​របស់​​ប៉ូលិស​ចរាច​រ​​​​ពេញទំហឹង​​​បណ្តាល​ឱ្យ​​រងការ​ខូ​ច​ខាត​​ធ្ងន់ធ្ងរ​ ហើយ​អ្នកបើកបរ​​​​រថយន្ត​​​ដឹក​ឈើ​​​​ត្រូវ​​ឈើ​ខាង​ក្នុង​​រថយន្ត​​ខ្ទាត​មក​បុក​បន្ថែម និង​កៀបជាប់​​ស្លាប់​នៅ​ក្នុង​រថយន្ត​តែ
ម្តង​​ ។ រីឯ​អ្នកបើកបរ​​​រថយន្ត​​​ស្ទូច​របស់​​ប៉ូលិស​ចរាចរ​​ក្រុង​​​រងរបួសផងដែរ​ ។ រថយន្តទាំង​២​​ត្រូវសមត្ថ​កិច្ច​​ស្ទូច​​​​យកទៅ​កាន់ការិយាល័យ​​​ប៉ូលិស​ចរាចរ​ជើង​គោក​នៃស្នងការ​ដ្ឋាន​​រាជ​ធានី​ភ្នំពេញ ដើម្បីចាត់ការ​​​តាម​ច្បាប់ ៕

សម្តេច​តេជោ​ហ៊ុន សែន ៖ ​ពលករ​នៅ​ក្រៅ​ប្រទេស​មួយចំនួន​ត្រូវ​ថៅកែ​របស់​ខ្លួន​ប្រមាថ​ធ្វើ​បាប គួរពិចារណា​​រកការងារ​​ក្នុង​ប្រទេស​វិញ

Posted: 20 Mar 2011 11:19 PM PDT

ខេត្ត​បាត់ដំបង​ ៖ ​សម្តេចតេជោ​​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​អំពាវ​នាវ​​​ឱ្យប្រជា​ពលរដ្ឋ​​​​ ក៏​ដូច​ជា​ពលករ​ខ្មែរ​​​ដែលទៅធ្វើជា​កម្មករ​នៅក្រៅ​ប្រទេស​​​​​ដូចជា​​ប្រទេសថៃ​​ជា​ដើម ប្រសិនបើ​​​មាន​ការ​លំបាក​​​ពេក គួរ​បញ្ឈប់ទៅ ពីព្រោះ​ទីផ្សារ​​ក្នុងប្រទេស​​កម្ពុជា​កំពុង​តែខ្វះ​​ខាត និង​ត្រូវការ ។ សម្តេច​បានសង្កត់ធ្ងន់​ថា មានកម្មករ​​ខ្មែរ​មួយ​ចំនួន​ជួបនូវ​​ការលំបាក ការប្រមាថ​មើល​ងាយ​​ជិះ​ជាន់​​​ធ្វើ​​បាបពីសំណាក់​ថៅកែ​របស់ខ្លួន ហើយក៏​មាន​​ពលករ​ខ្លះ​​ប្រថុយជីវិត​​ថែម​ទៀត​ ។ ដូច្នេះ​​គួរពិចារណា​​ និង​​​រកការងារ​​​ក្នុងប្រទេស​វិញ ។
ប្រសាសន៍​ថ្លែង​​របស់សម្តេច​​អគ្គ​មហា​សេនា​បតី​​តេជោ​ហ៊ុន សែន យ៉ាង​ដូច្នេះ​​គឺ​បានធ្វើឡើង​ក្នុង​​​ពិធីបើកការដ្ឋាន​​ស្ថាបនា​​កំណាត់​​​ផ្លូវលេខ​​៥៧B ប្រវែង​​ជាង​​១៧៦​គីឡូម៉ែត្រ ​ក្នុង​ស្រុក​បវេល សំពៅលូន ថ្មគោល ​ភូមិ​​៣០ ​និង​ស្រុក​​កំរៀង ស្ថិត​ក្នុង​​ខេត្ត​​បាត់ដំបង ដែល​ពិធីបើកការ​ដ្ឋាន​​​​​ស្ថាបនា​​​ផ្លូវលេខ​​៥៧Bនេះ ​ប្រារព្ធ​ធ្វើ​ក្នុង​បរិវេណ​​សាលា​បឋមសិក្សា​​​ភូមិថ្មី ​​ស្ថិត​ក្នុង​​ឃុំ​បន្សាយ​​ត្រែង ​ស្រុក​​បវេល ខេត្ត​បាត់​ដំបង នា​ព្រឹកថ្ងៃច័ន្ទ ទី​​​២១ មីនា ​​២០១១ នេះ ​។ ការ​ស្ថាបនា​​ផ្លូវ​​នេះ​​បាន​មក​ពី​​ប្រាក់​កម្ចី​​​ប្រទេសចិន ​បូកនឹង​​ប្រាក់​​បដិ​ភាគរបស់​រាជរដ្ឋាភិបាល​​កម្ពុជា​សរុប​ជាង​៨៩​លាន​ដុល្លារ​អាមេរិក ហើយប្រើ​ប្រាស់​​​ពេលវេលា​​ស្ថាបនា​ចំនួន​៤៨ខែ ៕

ជប៉ុន​ ៖ បណ្តា​អ្នក​ភូមិ​ស្នើ​កុំផឹក​ទឹក​រ៉ូ​ប៊ី​ណេ​ជិត​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ីម៉ា​ដែល​អគ្គិ​សនី​ស្តារ​ឡើង​វិញ

Posted: 20 Mar 2011 11:19 PM PDT

ទីតាំងមជ្ឈមណ្ឌល​នុយក្លែអ៊ែរហ្វូគូស៊ីម៉ាជប៉ុន

ក្រសួង​សុខា​ភិ​បាល​ជប៉ុន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២០ មីនា ថា បាន​ចេញ​ការ​ណែ​នាំ​ដល់​ប្រជា​ជន​នៃ​ភូមិ​មួយ​ស្ថិត​នៅ​ចម្ងាយ​៣០​គីឡូ​ម៉ែត្រ​ភាគ​ពាយ័ព្យ​នៃ​មជ្ឈ​មណ្ឌល​​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ីម៉ា​ ដាយ​អ៊ីជី​ កុំ​ឱ្យ​ផឹក​​ទឹក​រ៉ូ​ប៊ី​ណេ​ដោយ​សារ​មាន​អត្រា​ខ្ពស់​នៃ​អ៊ីយ៉ូដ​វិទ្យុ​សកម្ម​។
អ្នក​នាំ​ពាក្យ​ក្រសួង​នេះ​លោក​តាកា​យូ​គី ម៉ាត​ស៊ូ​ដា បញ្ជាក់​ថា កំរិត​ខ្ពស់​​នៃ​អ៊ុយ៉ូដ​វិទ្យុ​សកម្ម​មាន​៣​ដង​ខ្ពស់​ជាង​កំរិត​ធម្មតា​ត្រូវ​បាន​វាស់​ឃើញ​ក្នុង​ទឹក​រ៉ូ​ប៊ី​ណេ​នៅ​លី​តាត​ជា​ភូមិ​មួយ​​មាន​ប្រជា​ជន​៦.០០០​នាក់​។ ក៏​ប៉ុន្តែ​កំរិត​នោះ​តំណាង​ឱ្យ​វិទ្យុ​សកម្ម​កំរិត​ទី​២៦​អង្សា​​នៃ​វិទ្យុ​សកម្ម​ពេល​ធ្វើ​ការ​ថត​ដើម​ទ្រូង​ហើយ​ពុំ​ចោទ​ជា​គ្រោះ​ថ្នាក់ដល់​សុខ​ភាព​មនុស្ស​ឡើយ​។
ការ​តស៊ូ​របស់​មនុស្ស​៣០០​នាក់​​ដែល​ផ្លាស់​ប្តូរ​វេន​គ្នា​ដើម្បី​ធ្វើ​ឱ្យ​ត្រជាក់​ដល់​បណ្តារេអាក់​ទ័រ​និង​គ្រឿង​ឆេះ​នុយ​ក្លេ​អ៊ែរ​​ហាក់​ដូច​ជា​ទទួល​បាន​ផ្លែ​ផ្កា​។ កាល​ពី​ថ្ងៃ​ទី​២០ មីនា សភាព​ការណ៍​ហាក់​ដូច​ជា​មាន​ស្ថេរ​ភាព​នៅ​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​សីុ​ម៉ា​។
ចរន្ត​អគ្គិស​នី​ត្រូវ​បាន​ស្តារ​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី​២០ មីនា ក្នុង​រេ​អាក់​ទ័រ​ទី​២​។ បណ្តា​វិស្វករ​ពេល​នេះ​សង្ឃឹម​ថា នឹង​អាចដាក់​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​នូវ​បន្ទប់​ត្រួត​ពិនិត្យ​ ហើយ​ជា​ពិសេស​អាច​ជំរុញ​ដល់​ការ​ស្តារ​ឡើង​វិញ​បន្តិច​ម្តងៗ​នូវ​ប្រព័ន្ធ​ធ្វើ​ឱ្យ​ត្រជាក់​​ដល់​បណ្តា​រេ​អាក់​ទ័រ​។ ក្រុម​ហ៊ុន​ TEPCO ដែល​ធ្វើ​អាជីវ​កម្ម​មជ្ឈមណ្ឌល​​នុយ​ក្លេ​អ៊ែរ​នោះ​និយាយ​ថា ប្រការ​នោះ​អាច​ប្រើ​ពេល​ជា​ច្រើន​ថ្ងៃ​ទៀត​។ កាល​ពី​ថ្ងៃ​ទី​១៩ មីនា កន្លង​មក​នេះ​បណ្តា​រថ​យន្ត​ពន្លត់​ភ្លើង​បាន​បាញ់​ទឹក​លើ​រេ​អាក់​ទ័រ​លេខ​៣។ ប្រការ​នេះ​អាច​ធ្វើ​ឱ្យ​​ត្រជាក់​ដល់​គ្រឿង​ឆេះ​នុយ​​ក្លេ​អ៊ែរ​ដែល​នៅ​ឆេះ។
នាយ​ករដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ណា​អូ​តូ​កាន​ប្រកាស​ថា ​លោក​នឹង​​ទៅ​ពិនិត្យ​តំបន់​ទាំង​ឡាយ​នៅ​ភាគ​ឥសាន​ដែល​រង​​ការ​ប៉ះ​ពាល់​ខ្លាំង​ដោយ​​ការ​រញ្ជួយ​ដី​ និង​ស៊ូ​ណា​មី​នា​ថ្ងៃ​ទី​២១ មីនា ។ លោក​ក៏​នឹង​ទៅ​កាន់​តំបន់​នៃ​មជ្ឈម​ណ្ឌល​នុយ​ក្លេ​អ៊ែរហ្វូ​គូ​ស៊ីម៉ា​ផង​ដែរ ៕

ទាហានសៀម​បានរុះរើ​​បន្លា​លួស​​ដែល​ដាក់​នៅ​មុខ​​ច្រក​ទ្វារ​​ដែក​​ប្រាសាទព្រះ​វិហារ​​ចេញវិញ​ហើយ

Posted: 20 Mar 2011 11:19 PM PDT

ព្រំដែន​ព្រះវិហារ​​ ៖ ​​បើ​តាម​​អគ្គមេ​បញ្ជា​ការរង​​នៃ​កង​យោធពល​មខេមរភូមិន្ទ​កម្ពុជា ​លោកនាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​​៤ ជា​ តារា ​បាន​ឱ្យ​ដឹង​ថា ​​ទាហានសៀម​​បានរុះរើ​ និង​​ដក​បន្លា​លួស​​ ដែលពួកគេ​បាន​ដាក់ពង្រាយ​​នៅមាត់​​ច្រកខ្លោង​ទ្វារ​​ដែកមុខប្រាសាទព្រះវិហារនោះ​វិញ​ហើយ​ ។ ​គួរបញ្ជាក់​ថា ​កាលពីវេលាម៉ោង​​ជាង​៨ព្រឹក​​​ថ្ងៃទី២០ មីនា ​​ម្សិល​មិញ​នេះ ពួក​​ទាហានឈុត​ខ្មៅ​​សៀម​៧​នាក់ ​បាន​​ធ្វើការ​ដាក់​ពង្រាយ​​លួស​បន្លា​​នៅមុខប៉ុស្តិ៍​ប៉ូលិស​កម្ពុជា ស្ថិត​នៅ​​មាត់ច្រកខ្លោងទ្វារ​​​​​ដែក​​មុខប្រាសាទព្រះ​វិហារ ។
ការពង្រាយនេះ ខាង​កម្ពុជា​​បានមាន​ប្រតិ​កម្ម​​​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើរបស់​​ទាហានឈុត​ខ្មៅ​​សៀម ​ដោយ​ត្រូវ​​ឱ្យពួកគេ​រុះរើ​​​​ចេញវិញ ​តែពួក​ទាហានសៀម​​​នេះអត់រុះរើ​ទេ ដោយគ្រាន់​តែ​​ផ្អាក​ការ​​​ពង្រាយ​​លួសបន្លា​នេះប៉ុណ្ណោះ​ ខណៈ​​​ពួកគេ​ពង្រាយ​​បានប្រវែង​៦០ម៉ែត្រ រួច​មក​នោះ ។ ​នៅ​វេលាម៉ោង​១រសៀល​​ កង​ទ័ព​កម្ពុជា​​បាន​​ប្រកាស​ថា បើពួកគេ​មិន​​​បញ្ឈប់ទេ ​នឹងមានការផ្ទុះអាវុធ ហើយចំពោះ​មូលហេតុ​ដែល​​ពួកទាហានសៀម​​ឈុតខ្មៅ​​យកលួស​បន្លា​​មក​ពង្រាយ​នេះពួកគេ​​អាច​ត្រឹមតែ​​និយាយ​ថា ​មេ​ប្រើ​ឱ្យ​មក​ពង្រាយ ។ ថ្លែងប្រាប់កោះសន្តិ​ភាព​​​តាមទូរស័ព្ទពីមុខ​​ច្រក​ទ្វារ​​​ដែកប្រាសាទព្រះវិហារ​​នៅព្រឹកថ្ងៃចន្ទ ទី​​២១ មីនា នេះ លោកនាយ​ឧត្តម​សេនីយ៍​​ជា តារា បាន​មានប្រសាសន៍​ថា ​​ការ​ដាក់ពង្រាយ​​បន្លាលួស​នេះ ទាហានសៀម​​អាច​ធ្វើ​នៅ​លើ​ទឹកដី​​គេតែប៉ុណ្ណោះ​ ប៉ុន្តែ​​បើ​នៅ​លើ​​​ទឹកដីកម្ពុជា​​គឺមិនអនុញ្ញាត​ជា​ដាច់​ខាត ​ហើយ​តាម​បទបញ្ជា​របស់​សម្តេច​តេជោ​​ហ៊ុន សែន ​ប្រសិនបើ​​​ទាហានសៀម​​​រំលោភ​ឈ្លាន​ពាន​​ត្រូវ​តែ​​កម្ទេច ។
ទោះជាយ៉ាង​ណា លោកជា តារា ​បាន​បញ្ជាក់​​​​ឱ្យដឹង​នៅ​​ថ្ងៃ​​ទី​២១ មីនា នេះដែរ​ថា ស្ថានភាព​​យោធានៅ​​​ព្រឹកនេះ​មានសភាពស្ងប់​ស្ងាត់​​ជា​ធម្មតា ប៉ុន្តែ​កម្លាំង​កម្ពុជានៅ​តែប្រុង​ជើង​​ការ​ជានិច្ច​​ដោយគោរព​តាមបទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ​ហ៊ុន សែន ​គឺ​មិន​​​​ឈ្លានពាន​​គេ ហើយ​ក៏​មិនអនុញ្ញាត​​ឱ្យ​បាត់​បង់​​ដីសូម្បីតែ​​មួយមីល្លីម៉ែត្រ ៕

ប្រទេស​៥​បើកការវាយប្រហារប្រឆាំងមេដឹកនាំផ្តាច់ការលីប៊ី ​កក្រើក​មហាសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ

Posted: 20 Mar 2011 08:45 PM PDT

កាំជ្រួចបាញ់ចេញពីនាវាមុជទឹកសំដៅគោលដៅយោធាលីប៊ី
កាំជ្រួចបាញ់ចេញពីនាវាសំដៅគោលដៅយោធាលីប៊ី
កាំជ្រួចបាញ់ចេញពីនាវាសំដៅគោលដៅយោធាលីប៊ី
កាំជ្រួចបាញ់ចេញពីនាវាសំដៅគោលដៅយោធាលីប៊ី
កាំជ្រួចបាញ់ចេញពីនាវាសំដៅគោលដៅយោធាលីប៊ី
ការបាញ់មីស៊ីល Tomahaw ចេញពីនាវាទៅកាន់ទីតាំងយោធាលីប៊ី
តាម​មន្ទីរ​ប៉ង់តាហ្គោន​​ថា
ការ​វាយប្រហាររបស់កងទ័ព​អាកាសដោយ​យន្តហោះ​​​ចម្បាំង
ការ​វាយប្រហាររបស់កងទ័ព​អាកាសដោយ​យន្តហោះ​​​ចម្បាំង
ការ​វាយប្រហាររបស់កងទ័ព​អាកាសដោយ​យន្តហោះ​​​ចម្បាំង
ការ​បាញ់​​កាំភ្លើង​​ប្រឆាំង​យន្ត​ហោះ​​​បាន​​លាន់​​កក្រើក​លើទីក្រុង​​ទ្រីប៉ូលី រដ្ឋធានី​​លីប៊ី
​ការ​វា​យ​ប្រហារ​​នោះ​ប្រឆាំង​​​ទីតាំង​​​ឈរជើង​​របស់​យោ​ធា​​លីប៊ី ដោយ​គ្រាប់​មីស៊ីល និង​យន្តហោះ​​​ចម្បាំង​
ប្រធានាធិបតីបារាំងចាប់ដៃនាយករដ្ឋមន្ត្រីអង់គ្លេស និងប្រធានាធិបតីអាមេរិក
លោកកាដាហ្វី ប្រមុខប្រទេសលីប៊ីកំពុងកាន់អំណាច
ពួកបះបោរសាទរជុំវិញការវាយប្រហាររំលំលោកកាដាហ្វី
​

សំឡេង​ផ្ទុះ​ និងការ​បាញ់​​កាំភ្លើង​​ប្រឆាំង​យន្ត​ហោះ​​​បាន​​លាន់​​កក្រើក​លើទីក្រុង​​ទ្រីប៉ូលី រដ្ឋធានី​​លីប៊ី ​កាលពី​វេលា​ព្រលឹម​​ស្រាងៗ​នា​ថ្ងៃទី​​​២០ មីនា ២០១១ ។ មន្ទីរប៉ង់​តាហ្គោន​​​និយាយ​ថា នោះ​គឺជា​​ការ​វាយប្រហារ​​ដោយ​មីស៊ីល​​ជា​លើក​ដំបូង​របស់​សហរ​ដ្ឋ​អាមេរិក​​ ប្រឆាំង​​មេដឹកនាំ​លីប៊ី ដែល​​ក្រាញ​អំណាច​​​ លោកមូអាម៉ា កាដា​ហ្វី ​។ មី​​ស៊ីល​​នោះគឺបាញ់​ចេញពី​​នាវា​ចម្បាំង​ដែល​​ដាក់​​ពង្រាយ​នៅឯ​ផ្ទៃ​​​សមុទ្រ​​មេឌីទែរ៉ា​ណេ ។​

មន្ត្រី​​ជាន់ខ្ពស់​​​អាមេរិក​សុំ​​​​មិន​បញ្ចេញ​​ឈ្មោះ​​​និយាយ​ថា ការ​វាយប្រហារ​​​នោះ​គឺ​​សំដៅ​​​ទៅលើ​ទី​តាំង​ការពារ​​​ដែន​អាកាស​​នៅ​តាម​បណ្តោយ​​ឆ្នេរ​ស​មុទ្រលីប៊ី​​ ​ជុំវិញ​​រដ្ឋធានី​​​ទ្រីប៉ូ​លី ។​ មន្ត្រី​ដដែល​​​​ឱ្យ​​​​ដឹងទៀតថា ​នេះ​ជា​ការវាយ​ប្រហារ​​​លើ​ក​ទីមួយ​ប៉ុណ្ណោះ ពាក់ព័ន្ធ​​​ជាមួយនឹង​​ការប្រើប្រាស់​​នាវា​ចម្បាំង​​​ និង​យន្តហោះ​​​របស់​អាមេរិក ។​ មន្ត្រី​មន្ទីរ​ប៉ង់តាហ្គោន​​និយាយ​ថា ​ការ​វាយ​ប្រហារ​​នោះ​​ធ្វើឡើង​ក្នុង​​​គោលបំណង​ទាមទារ​​ឱ្យ​យោធា​​​របស់​​​ប្រទេស​លីប៊ី​​​បើក​ផ្លូវ​​អាកាស ពិសេស​​ដើម្បីជួយ​ការពារ​​យន្តហោះ​​​បរទេស ​ដែល​ហោះ​ហើ​រ​ទៅកាន់​​​​ដែន​អាកាស​​របស់​ប្រទេស​​​លីប៊ី ។​

តាម​មន្ទីរ​ប៉ង់តាហ្គោន​​ថា ប្រទេស​ចំនួន​​៥ មាន​​ដូចជា​​សហរដ្ឋអាមេរិក​ បារាំង អង់គ្លេស ​កា​ណាដា​ និងប្រទេស​អ៊ីតាលី ​បានចូលរួមក្នុងការ​វាយប្រហារ​នេះ​ប្រឆាំង​លោក​កាដាហ្វី ​ហើយ​សម្ព័ន្ធ​​មិត្ត​ចម្រុះ​​នេះ​មាន​នាវា​​ចម្បាំង​​២៥គ្រឿង​​ដាក់​​ពង្រាយ​នៅ​​លើ​ផ្ទៃ​សមុទ្រ​​ម៉េឌីទែរ៉ាណេ ។​ ​កង​កម្លាំង​​សហរដ្ឋអាមេរិក​​ កង​កម្លាំង​​បារាំង និង​កង​កម្លាំង​​អង់គ្លេស​​បាន​បើក​​ការ​វាយប្រហារ​​​នោះក្រោយពី​​មានការ​ជឿជាក់​​ថា លោកកាដា​ហ្វី​​​នឹង​មិន​ប្រកាន់​​​ខ្ជាប់​ ហើយគោរព​​បទឈប់​បាញ់​​​​របស់​អង្គ​ការ​សហប្រជាជាតិ ។ ​ការ​វា​យ​ប្រហារ​​នោះ​ប្រឆាំង​​​ទីតាំង​​​ឈរជើង​​របស់​យោ​ធា​​លីប៊ី ដោយ​គ្រាប់​មីស៊ីល និង​យន្តហោះ​​​ចម្បាំង​ ​​ក្នុង​នោះ​រួម​មាន​​ការ​អនុវត្ត​​តំបន់​ហាមហោះហើរ ។​

មីស៊ីល Tomahaw ជាង​១០០គ្រាប់​ ត្រូវ​បាន​បាញ់​ពី​​នាវា​​ចម្បាំង​​​ និង​នាវា​មុជ​ទឹក​របស់​អាមេរិក​​​ និង​អង់គ្លេស​​​ប្រឆាំង​ទៅ​លើ​​ដែន​​​អាកាស និង​ប្រព័ន្ធ​​ការពារមីស៊ីល​​​​​របស់ប្រទេស​លីប៊ី ​នៅ​តំបន់​​​​ភាគខាង​លិច​​ប្រទេស​។​ ការ​វាយ​ប្រហារ​លើក​​ដំបូងនេះ​​យន្តហោះ​​ចម្បាំង​របស់​ប្រទេស​​បារាំង ត្រូវ​បញ្ជូន​ទៅដាក់​ពង្រាយ​​នៅ​តាម​​សមុទ្រ​​ក្បែរ​ប្រទេស​លីប៊ី ​ហើយហោះ​ហើរ​បាញ់​សំដៅ​​រថយន្ត​យោ​ធា​​ប្រឆាំង​នឹង​​​កង​ទ័ព​​របស់​លោកកាដាហ្វី ។​ នាយករដ្ឋ​មន្ត្រី​​អង់គ្លេស​​ លោក​​ដេវីដ ​កាម៉េ​រ៉ុន ​ថ្លែង​​កាលពី​​​ល្ងាច​ថ្ងៃទី​​១៩ មីនា ​ថា​ កង​ទ័ព​​អង់គ្លេស​​​កំពុងតែ​​ប្រតិបត្តិការ​​ប្រឆាំងមេ​ដឹកនាំ​​ផ្តាច់ការ​​​ប្រទេស​លី​ប៊ី ។ លោក​ដេវីដ កាម៉េរ៉ុន ថ្លែង​ថា «អ្វីដែល​​យើង​​កំពុងធ្វើ​​ជារឿង​​ចាំបាច់ ​ជារឿង​​ស្របច្បាប់​​ហើយជា​​សិទ្ធិ​របស់យើង​ក្នុង​ការ​​ការពារ​ប្រជា​ពលរដ្ឋ​​ដែល​ប្រកាន់​​ខ្ជាប់​ គោរព​លទ្ធិប្រជា​ធិបតេយ្យ​ ។ ​យើង​មិន​អាច​គាំទ្រ​​មេ​ដឹកនាំ​ផ្តាច់​​ការ​របស់​លីប៊ី​​ដែល​សម្លាប់​​ពលរដ្ឋ​​របស់ខ្លួន​​នោះទេ» ។​

  • លោកកាដាហ្វី ៖ ពលរដ្ឋលីប៊ីស្ម័គ្រស្លាប់ សំរាប់ខ្ញុំ

លោក​មូអាម៉ា កាដាហ្វី ​ថ្លែង​តាម​ទូរទស្សន៍​រដ្ឋ​​កាលពី​ព្រឹកថ្ងៃទី​​​​២០ មីនា ​​នេះ​ថា ធម្មនុញ្ញ​​​អង្គ​ការ​សហប្រជាជាតិ​​ផ្តល់​​សិទ្ធិដល់ប្រទេស​​​លីប៊ី​ដើម្បី​​​ការពារខ្លួន​​នៅ​​ពេល​មានសង្គ្រាម ។ ​លោក​កា​ដា​ហ្វី ​ថ្លែង​ទៀ​ត​ថា «ពលរដ្ឋ​​នៃប្រទេស​កាន់​សាសនា​​អ៊ិស្លាម​​​ ពលរដ្ឋ​​​​អាហ្វ្រិក​​​ និងពលរដ្ឋ​​​​អាមេរិក​ឡា​ទីន ព្រមទាំង​​ពលរដ្ឋ​អាស៊ី​​ត្រូវ​​តែ​ឈរ​ខាង​​ពល​រដ្ឋ​លីប៊ី ដើម្បីប្រយុទ្ធ​ប្រឆាំ​ង​នឹង​​ការ​រំលោភ​បំពាន​​នេះ» ។​ ជាមួយគ្នានេះ ប្រធានាធិបតី​​សហរដ្ឋអាមេ​រិក លោក​បារ៉ាក់ អូបាម៉ា បាន​​អំពាវ​នាវ​ដល់​​លោក​កាដាហ្វី ​ឱ្យដក​​ថយចេញពី​​ទីក្រុង​ Zawiya នៅ​ភាគខាង​លិច​​រដ្ឋធានី​​ទ្រីប៉ូលី ។ អ្នក​នាំពាក្យ​​រដ្ឋាភិបាល​​លីប៊ី​និយាយ​ថា ការ​វាយ​ប្រហារ​​​​​ប្រឆាំង​​ទីតាំង​ជាច្រើន​​​នៅ​​ទីក្រុង​​​​ទ្រី​ប៉ូលី​​​បង្ក​​ឱ្យ​មាន​គ្រោះថ្នាក់​​ធ្ងន់ធ្ងរ​​​ដល់​ជនស៊ីវិល ។​

​កាលពី​​ព្រឹកថ្ងៃទី​​១៩ ​មីនា​ កន្លង​មក ​លោក​កា​ដាហ្វី ​បាន​ចេញសារ​​ផ្គើន​​មួយដល់​ប្រទេស​មហាអំណាច​​​ពិភពលោក ដែល​​ក្នុងសារ​នោះ​​លោកកាដាហ្វី​​ថ្លែង​ថា «​ពលរដ្ឋ​​លីប៊ី​ភាគច្រើន​​បានត្រៀម​​ខ្លួនស្ម័គ្រស្លាប់​​​​​សម្រាប់​ខ្ញុំ​រួចហើយ»។ ​សារ​នោះ​លោកកាដាហ្វី​​​ផ្ញើ​ជូនលោកបារ៉ាក់ អូបា​ម៉ា ។ ទូរទស្សន៍​រដ្ឋ​​លីប៊ី​​​រាយការណ៍​​ថា ក្នុងការ​វាយប្រហារ​​របស់​ក្រុម​សម្ព័ន្ធ​​​មិត្ត​ចម្រុះ​​​នោះ​បណ្តាល​ឱ្យ​​​​ស្លាប់​​​មនុស្ស​​៤៨នាក់​​ ។

  • បារាំង​បើកការ​វាយប្រហារ​​ប្រឆាំង​លោក​កា​ដាហ្វី ​មុនគេ​

កងទ័ព​អាកាស​​បារាំង​ បានបើកការ​វាយ​ប្រហារ​​​មុនគេ​ប្រឆាំង​​​​នឹង​កង​ទ័ពរបស់​​​មេ​ដឹក​នាំ​ផ្តាច់​ការ​​លីប៊ី លោក​មូអាម៉ា ​កាដាហ្វី ​រយៈ​ពេល​ប៉ុន្មាន​​ម៉ោង​ក្រោយ ​ពី​កិច្ចប្រជុំ​​កំពូល​ក្រុង​ប៉ារីស​ស្តីអំពី​​ការអន្តរាគមន៍​​របស់យោធា​​​ កាលពីថ្ងៃទី​​​១៩ មីនា ​កន្លងមក ។ ​នេះ​បើ​តាម​​ការ​ឱ្យដឹង​ដោយ​​អ្នកនាំពាក្យ​​សេនាធិការ​​បារាំង លោក Thierry Burckhard ។ លោក Thierry បានប្រាប់ទូរទស្សន៍​​បារាំង BFM ថា ការ​វាយប្រហារ​​​នោះ​សំដៅ​លើ​រថ​យន្ត​ដែលគេជឿ​ថា​​ ជា​របស់​កងទ័ព​​លោកកាដាហ្វី ​​នៅវេលាម៉ោង​​​ជិត​​​៦ល្ងាច​ថ្ងៃទី​​​១៩ មីនា ។​

​ការវាយប្រហារ​​នេះ​ជា​ចំណាត់​ការ​របស់​យោ​ធា​​​បរទេស​​ដំបូងគេ​ប្រឆាំង​​ប្រទេស​លីប៊ី ចាប់តាំង​​ពីអង្គការ​​សហប្រជាជាតិ​​អនុម័ត​​​លើ​ដំណោះស្រាយ​​មួយកាលពីថ្ងៃទី​​​១៨ មីនា អនុ​ញ្ញាត​​ឱ្យ​មាន​​តំបន់​​​​ហាមហោះហើរ​​​នៅប្រទេស​លីប៊ី ​និងប្រកាន់​​​យក​រាល់​​វិធានការ​​ចាំ​បាច់​ទាំង​​អស់ ដើម្បី​​​ការពារជនស៊ីវិល ។​ ប្រធានាធិបតី​​បារាំង​​ លោកនីកូឡាស់ ​សាកូ​ហ្ស៊ី​ ​ក្នុង​សន្និសីទ​​​កាសែត​មួយ​​ ​បានថ្លែង​​បញ្ជាក់​ថា ​យន្តហោះចម្បាំង​​របស់បារាំង​​​កំពុង​បើក​​​​បេសក​​កម្ម​​ស៊ើបអង្កេត​​​នៅពីលើ​​ប្រទេស​លីប៊ី ។​​ ក្នុងសេចក្តីថ្លែង​ការណ៍​មួយ​ដែលចេញ​ក្រោយ​ពី​​កិច្ចប្រជុំ​​​កំពូល​ក្រុងប៉ារីស បណ្តា​មេ​ដឹក​នាំ​​នានាបាន​​​ឯកភាព​គ្នា​ថា ​លោកកាដាហ្វី ​បំពាន​​បទ​ឈប់បាញ់​​គ្នា បើទោះបីជា​មានការ​ព្រមាន​អំពីការអន្តរាគមន៍​របស់​យោធា​ក៏ដោយ ។​ លោក​​ប្រធានាធិបតី​​នីកូឡាស់ ​សាកូហ្ស៊ី ​ថ្លែង​ថា កងទ័ព​របស់​​យើង​នឹង​ប្រឆាំង​​​ការ​ឈ្លាន​ពាន​​​ណាមួយ​ដោយ​លោក​កាដាហ្វី ​ដែល​ប្រឆាំង​​​​ពល​រដ្ឋ​​​ក្រុង​បេនហ្គាហ្ស៊ី ។

  • លោកកាដាហ្វី ​សច្ចា​​សង​សឹក​​​ការ​វាយ ប្រហារ​​​របស់​ប្រទេស​​លោក​ខាងលិច​

ថ្លែង​តាមទូរទស្សន៍​​​រដ្ឋ លោកមូអាម៉ា កា​ដា​ហ្វី ​ថ្លែង​​ថា ធម្មនុញ្ញ​​​របស់​អង្គការ​សហប្រជា​ជាតិ​​​ផ្តល់​​សិទ្ធិ​ដល់​​លីប៊ី ដើម្បីការពារ​ខ្លួននៅ​​ពេល​មាន​សង្គ្រាម​​​ដោយ​លោកសច្ចា​​​ថា នឹង​សង​សឹក​ការ​​វាយប្រហារ​​របស់សម្ព័ន្ធ​​​​ភាព​ចម្រុះ​​​​របស់​អាមេរិក​ បារាំង និងអង់គ្លេសនោះ​ ។ លោកកាដាហ្វី ​ថ្លែង​ទៀត​ថា ​ឃ្លាំង​ស្តុក​​​សព្វា​វុធ​​របស់លីប៊ីនឹង​​​បើក​​ចំហ​ ដើម្បី​​យក​អាវុធ​​បំពាក់​​ឱ្យ​ពលរដ្ឋ​លីប៊ី ​​ចូលរួម​ទប់ទល់​​ការ​វាយ​ប្រហារ​​​​របស់ប្រទេស​​លោក​ខាង​លិច ។​

​នៅក្នុងលិខិត​​​ដែលផ្ញើ​​​​ជូនប្រធា​នាធិបតី​​បារាំង លោកនីកូឡាស សាកូហ្ស៊ី ​និង​នាយក​រដ្ឋ​មន្ត្រី​​​​អង់គ្លេស​​​ លោក​ដេវីដ​ កាមេរ៉ុន ​​និងអគ្គ​លេខាធិការ​​អង្គការ​សហប្រជាជាតិ​ លោកបាន គីមូន លោក​​កាដាហ្វី ​បានចាត់ទុក​​វិធានការ​​របស់​អង្គការ​​​សហប្រជាជាតិ​​ថាជា «​វិធានការ​​​គ្មាន​សុពល​ភាព» ពីព្រោះដំណោះស្រាយ​​​របស់ក្រុម​ប្រឹក្សា​​​សន្តិសុខ​​មិនអនុញ្ញាត​​​ឱ្យ​មាន​​អន្តរាគមន៍​​ក្នុងកិច្ច​​​​​ការ​ផ្ទៃ​ក្នុង​​របស់​លីប៊ី ដោយ​​​ប្រទេស​ផ្សេងៗ ។ ទោះបីជា​​បែបណា ពុំ​មាន​​ប្រភពណា​មួយ​​ឱ្យ​​ដឹង​ថា លោកកាដាហ្វី​​ កំពុង​លាក់ខ្លួន​​​នៅ​កន្លែង​ណា​​នោះទេ ។

  • ន័រវេស​​បញ្ជូន​​យន្តហោះ​​ចម្បាំង F16 ​ចំនួន6​គ្រឿង​​​​ចូលរួមប្រតិបត្តិការ​​​សឹក​ប្រឆាំង​លីប៊ី​

ទីភ្នាក់ងារ​​ព័ត៌មាន​​ន័រវេស NTB រាយ​ការណ៍​​កាលពីថ្ងៃទី​​​​២០ មីនា ​ថា យន្តហោះ​​ចម្បាំង​ធុន F16 របស់​​ន័រវេស​​៦គ្រឿង ​​នឹង​ត្រូវ​បញ្ជូន​​​ទៅចូលរួមប្រតិបត្តិការ​សឹក​ដែលដឹកនាំ​​ដោយបណ្តា​​ប្រទេស​​លោក​ខាងលិច ប្រឆាំង​​​ប្រទេស​លីប៊ី ក្រោយពី​​កងទ័ព​អាកាស​ន័រវេស​​​ទទួលបាន​ការ​អនុញ្ញាត ។ ទីភ្នាក់ងា​រ​ព័ត៌មាន​​ដដែល​​​ឱ្យ​ដឹង​ទៀត​​ថា កង​ទ័ព​​​អាកាស​ន័រវេស ​កាលពី​​​យប់ថ្ងៃទី​​១៩ មីនា ​ទទួល​​បាន​បញ្ជា​​​ឱ្យ​ត្រៀម​​យន្តហោះ​ចម្បាំង F16 ចំនួន​​៦គ្រឿង ​​និង​អ្នក​បើក​​​​ជាង​​១០០នាក់ ​សម្រាប់​ប្រតិបត្តិការ​​នៅ​ក្នុង​​ប្រទេស​លីប៊ី ។​

យន្តហោះ​​ចម្បាំង​ទាំង​៦គ្រឿង​​​នឹង​ចាប់​ផ្តើម​​ចេញដំណើរ​​​នៅ​ដើម​សប្តាហ៍​​នេះ ហើយ​នឹង​ចុះ​ចត​​នៅមូលដ្ឋាន​​​​ក្នុងទីក្រុង​​ Sicily ប្រទេសអ៊ីតា​លី ។​ នាយករដ្ឋ​​មន្ត្រី​ន័រ​វេស​​ លោក Jens  Stoltenberg ថ្លែង​​ថា ន័រវេស​​​នឹង​ចូលរួម​​ប្រតិ​បត្តិការ​​សឹក ដើម្បី​​​ពង្រឹង​​​ និង​អនុ​វត្ត​​​​តំបន់​ហាម​ហោះហើរ​​​គាំទ្រ​​​ដោយអង្គ​​​​​ការសហប្រជាជាតិ​​នៅ​ប្រទេស​លីប៊ី ។ ​លោក Jen Stoltenberg ថ្លែង​ដូច្នេះ​​​នៅ​​ពេលលោកចូលរួម​ក្នុង​​កិច្ចប្រជុំ​​​កំពូលក្រុង​​​ប៉ារីស ។ លោក Stoltenberg ថ្លែង​ទៀត​ថា ​យន្តហោះ​​​ចម្បាំង​របស់​​ន័រវេស​​អាច​ចូល​រួមបេសក​កម្ម​គ្រប់​ប្រភេទ​​​ទាំងអស់​ គឺ​​ទាំង​ការ​អនុវ​ត្ត​​តំបន់​ហាម​​ហោះហើរ​​ និងការទម្លាក់​​គ្រាប់​បែក​​សំដៅ​​កង​ទ័ព​​លើ​ដី ។

  • សហភាព​អាហ្វ្រិក​​​ទាមទារ​​ឱ្យ​បញ្ឈប់​​ការ​វាយប្រហារ​​ប្រឆាំង​លីប៊ី​​ជា​បន្ទាន់​

ក្រុម​​​សហភាពអាហ្វ្រិក​​​សម្រាប់​​ប្រទេស​លី​ប៊ី ​កាលពីថ្ងៃទី​​២០​ មីនា បានអំពាវ​នាវ​​​​ឱ្យបញ្ឈប់​​​ការ​វាយប្រហារ​​​ប្រឆាំង​​ប្រទេស​លីប៊ីជា​បន្ទាន់ ​ក្រោយពី​សហរដ្ឋអាមេរិក​ បារាំង និង​អង់គ្លេស ​បើកប្រតិបត្តិការ​​សឹក​ប្រឆាំង​​កងទ័ព​​របស់​លោក​មូអាម៉ា ​កាដាហ្វី ។​ ក្រោយ​​ពីកិច្ច​​ប្រជុំមួយ​​រយៈ​ពេល​ជាង​​​៤ម៉ោង ​​នៅក្នុង​ទីក្រុង Mauritanian សហភាព​អាហ្វ្រិក​​​ បានស្នើ​​ដល់​អាជ្ញាធរ​លីប៊ី ​ឱ្យធានា​រ៉ាប់​​​រង​នូវ​​ជំនួយ​មនុស្សធម៌​​​​សម្រាប់​អ្នក​ដែល​​ត្រូវ​ការ​​ ព្រមទាំង​​ការពារ​ជនបរទេស ​ដែល​​រស់​នៅ​ក្នុង​ប្រទេស​​លីប៊ី ។​ ក្រុម​​សហភាព​​អាហ្វ្រិក​គ្រោង​​​បើកកិច្ច​ប្រជុំ​​​មួយនៅក្នុង​ទីក្រុង​​​អាឌីល ​អាបាបា ​​រដ្ឋធានី​​​អេត្យូ​ពី​​នៅថ្ងៃទី​​២៥ មីនា ខាង​មុខ ​​​ដោយ​​មាន​​​តំណាង​​មក​ពី​​​សម្ព័ន្ធ​​​​អារ៉ាប់​​​ អង្គការ​​​សន្និ​សីទ​​​អ៊ិស្លាម​​ ​សហ​គមន៍​អឺរ៉ុប និង​អង្គការ​ស​ហ​ប្រជាជាតិ ​សំដៅ​​បង្កើត​​យន្ត​ការ​​មួយ​សម្រាប់​​​ការ​ពិគ្រោះ​​​យោ​បល់​គ្នា​​​ និងចាត់វិធានការ​​​​​រួមគ្នា ​ដើម្បីដោះស្រាយ​វិបត្តិ​​​នៅ​លីប៊ី ។

  • បារាំង​បដិសេធ​​ពីការបាញ់​ធ្លាក់​យន្ត ហោះ​​របស់ខ្លួន​នៅលីប៊ី​

ប្រភព​យោធា​​​បារាំង​បាន​បដិសេធ​​​របាយ​ការណ៍​​នានា​ដែល​ថា យន្តហោះ​​​ចម្បាំង​មួយ​គ្រឿង​​​​ក្នុងចំណោម​យន្តហោះ​​ចម្បាំង​​របស់​បារាំង​​​ដែលធ្វើប្រតិបត្តិ​ការ​​សឹក​នៅ​ប្រទេស​លីប៊ី ត្រូវបា​​នបាញ់​ធ្លាក់ ។​
លោក Thierry Burkard អ្នកនាំពាក្យ​​​សេនា​​ធិការបារាំង​​ ត្រូវបានដក​ស្រង់​​សម្តី​​ដោយ​ទី​ភ្នាក់​ងារ​​​ព័ត៌​មាន AFP ថា យើង​​សូម​​បដិសេធ​ថា ពុំមាន​​​យន្តហោះ​​ណាមួយរបស់បារាំង​​ត្រូវបាន​បាញ់​ធ្លាក់​​នោះទេ ។​
​មុន​នេះ ​របាយការណ៍​​ព័ត៌មាន​​​របស់ប្រទេស​​​លីប៊ីថា យន្តហោះ​​​ចម្បាំង​បារាំង​មួយគ្រឿង​​ត្រូវ​បាន​បាញ់​​ធ្លាក់​​ដោយ​កង​ទ័ព​លីប៊ី ​នៅតំបន់​ក្នុង​ទីក្រុង​​​ទ្រីប៉ូលី ។​ តាមប្រភពព័ត៌មាន​​​ថា ក្នុងប្រតិបត្តិការ​​​សឹក​​ប្រឆាំង​​មេដឹកនាំផ្តាច់ការ​​​លីប៊ី ​លោក​​មូអាម៉ា ​កា​ដា​ហ្វី ​នោះ យន្តហោះ​​​ចម្បាំង​​របស់បារាំង​​មាន​ចំនួន​​​​២០គ្រឿង ។

  • កាដា​ហ្វ៉ីឱ្យ​ប្រជា​ជន​ប្រដាប់​អាវុធ​តស៊ូ​​នឹង​អ្នក​ឈ្លាន​ពាន និង​ប្រកាស​តំបន់​មហា​សមុទ្រ​មេឌីទែរ៉ាណាជា «សមរ​ភូមិ»

ទីភ្នាក់​ងារ​​ព័ត៌​មាន​បរ​ទេស​កាល​ពី​ថ្ងៃ​ទី​២០ មីនា ​ឱ្យដឹង​ថា លោក​ម៉ូអាមម៉ា កាដាហ្វ៉ី មេដឹក​នាំ​ប្រទេស​លីប៊ី បាន​ថ្លែង​ក្រោយ​ពី​មាន​ប្រតិ​បត្តិ​ការ​វាយ​ប្រហារ​របស់​កង​កម្លាំង​អង្គ​ការ​សហ​ប្រជា​ជាតិ​ ទាំង​ផ្លូវ​អាកាស និង​តាម​នាវា​ ដោយ​អំពាវ​នាវ​ឱ្យ​ជន​ជាតិ​លីប៊ី​កាន់​អាវុធ​​តស៊ូ និង​អាហ្វ្រិក​ខាង​ជើង​ក្លាយ​ជា​តំបន់​សង្គ្រាម​​ដែល​ជន​ជាតិ​លីប៊ី​នឹង​ប្រឈម​មុខ​ជា​មួយ​អ្នក​ឈ្លាន​ពាន។ លោក​​បន្ត​ទៀត​ថា ការ​ឈ្លាន​ពាន​លើក​នេះ ធ្វើ​ឱ្យ​ជន​ជាតិ​លីប៊ី​រឹង​​មាំ និង​រួម​គ្នា​ជា​ធ្លុង​មួយ។ លោក​ព្រមាន​ថា បច្ចុ​ប្បន្ន​ឃ្លាំង​អាវុធ​យុទ្ធ​ភណ្ឌ​បាន​បើក និង​ប្រជា​ជន​ត្រូវ​ប្រដាប់​អាវុធ​​ការ​​ពារ​អធិ​បតេយ្យ​ភាព​លីប៊ី។ ក្នុង​ខណៈ​ពេល​ដែល​សហ​រដ្ឋ​អាមេរិក អង់​គ្លេស និង​បារាំង បើក​ឆាក​វាយ​ប្រហារ​ប្រទេស​លីប៊ី​ដោយ​កាំជ្រួច​ជា​ច្រើន​គ្រាប់ គួប​ផ្សំ​នឹង​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ មីនា ​បាន​បង្កើត​​កំហឹង​ដល់​លោក​ម៉ូអាមម៉ា កាដា​ហ្វ៉ី ដោយ​​លោក​ប្រកាស​ថា សមុទ្រ​មេឌី​ទែរ៉ាណេ នឹង​ក្លាយ​ជា «សមរ​ភូមិ»។ ស្ថានីយ​ទូរ​ទស្សន៍​ជាតិ​បាន​ផ្សាយ​ថា ប្រជា​ជន​​ជា​ច្រើន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ជា​របាំង​មនុស្ស​ដល់​លោក​កាដាហ្វ៉ី នៅ​ទីបញ្ជា​ការ​បាប​អាល់ អាស៊ីស៊ីយ៉ា និង​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ក្រុង​ទ្រីប៉ូលី ។

  • ជីវ​ប្រវត្តិ​​មេ​ដឹក​នាំ​លីប៊ី ម៉ូ​ហា​ម៉ាត អាល់​កាដា​ហ្វី

ម៉ូអាម៉ា ម៉ូហាម៉ាត អាល់ កាដាហ្វី​ (Muam-mar Muhammad al-Gaddafi) ​​មាន​ឋាន​ៈ​ជា​​វ​រសេនីយ៍ឯក បាន​ក្លាយ​ជាមេដឹក​នាំ​របស់ ប្រទេស​លី​ប៊ី តាំងពីឆ្នាំ១៩៦៩ តាមរយៈរដ្ឋ ប្រហារ​​យោធា​មួយ។
ក្នុងទសវត្សឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨០ រដ្ឋា​ភិបាលរបស់លោកត្រូវប្រទេសលោកខាងលិច​ចាត់ទុកជារដ្ឋមួយគំរាមដល់សន្តិសុខពិភពលោក និង​ជារដ្ឋដែលគាំទ្រដល់ក្រុមភេរវកម្ម ​ដោយ​តាម​​ធ្វើ​ឃាត​មេដឹកប្រឆាំងដែល​​បាន​និរទេសខ្លួន ​ដោយ​ចោទ​ថា ជា​ពួក​សក្តិ​ភូមិ​និយម​។ លោក​កាដា​ហ្វី បានផ្លាស់ប្តូរឈ្មោះប្រទេស​សាធា​រណ​រដ្ឋ​អារ៉ាប់លីប៊ី ជា​ប្រទេសចាម៉ាហ៊ីរីយ៉ា (Jamahiriya) នៅឆ្នាំ១៩៧៧ ដោយ​លោក​ប្រកាន់​ទ្រឹស្តីនយោបាលបែបសង្គមនិយម។ គាត់​បាន​បោះពុម្ព​សៀវភៅមួយក្បាលឈ្មោះថា សៀង​ភៅបៃតង់ (Green Book)។ នៅឆ្នាំ ១៩៧៩ គាត់បានលាលែងតំណែងជានាយករដ្ឋ មន្ត្រី ហើយហៅខ្លួនឯងថា មេដឹកនាំបងធំ (The Brother Leader) ឬ​ជាមគ្គុទ្ទេស​ក៏​នៃបដិវត្ត​​សង្គម​​និយមលីប៊ី។ ពេលនេះគាត់ជា​មេដឹក​នាំ​ប្រទេសដែលគ្មានស្តេច​យូរជាងគេលើលោក ក្នុង​ប្រវត្តិសាស្ត្រ ។

  • ឆាកជីវិតមុនពេលក្លាយជាមេដឹកនាំ​លីប៊ី

 ម៉ូហាម៉ាត អាល់ កាដាហ្វី កើតនៅក្នុងតង់ bedouin (ជាតង់ម្យ៉ាងដែលគេ​សង់លើ​សមុទ្រ​ខ្សាច់)​ ក្នុងតំបន់ដាច់ស្រយាលជិតទីក្រុង Sirt ក្នុងឆ្នាំ១៩៤២។ គ្រួសាររបស់លោក​ជា​សមា​ជិក​មួយ​នៃកុលសម្ព័ន្ធ arabized Berbers។ ក្នុង​វ័យ​កុមារគាត់ចូលរៀនក្នុងសាលាអ៊ិស្លាម​ ចំ​ពេលដែលមានហេតុការណ៍ធំមួយកើតឡើងក្នុងពិភពអារ៉ាប់ ​គឺ​ពួក​អ៊ីស្រា​អែល បានយក​ឈ្នះ​​ពួក​ប៉ាឡេស្ទីនក្នុងឆ្នាំ១៩៤៨  និង​លោក Gamal Abdel Nasser បាន​ឡើងកាន់​អំណាច​ក្នុង​ប្រទេស​​អេហ្ស៊ីប ក្នុងឆ្នាំ១៩៥២។ ​លោក​ចូល​ចិត្តសិក្សា​​មុខ​វិជ្ជា​ប្រវតិ្តសាស្ត្រ។

​លោក​បានចុះឈ្មោះបម្រើ​​ក្នុង​ជួរ​កង​ទ័ព​លីប៊ី​នៅទី​ក្រុង​ក្នុងឆ្នាំ១៩៦១ បានជាប់ទាក់ទង​ជា​មួយ​នឹងចលនាមន្ត្រីសេរី ចាប់តាំងពីគាត់ចូល​រៀន​នៅ​សាលាយោធា។ ​លោក​បានរៀប​ចំ​ផែន​ការ​​ទម្លាក់រាជវង្សតាំងពី​លោក​​នៅ​រៀន​ក្នុង​សា​លាយោធាមកម៉្លេះ។ បន្ទាប់ពីបានបញ្ចក់ការសិក្សាក្នុងប្រទេស​​លោក​ត្រូវបញ្ជូនទៅរៀននៅទ្វីបអឺរ៉ុប។ ក្នុងជីវិត របស់​​លោក​មានពាក្យចចាមអារ៉ាមជាច្រើន​ដូច​ជា លោក​មិនបានចូលរៀនសាលាយោធា Royal Military Academy Sandhurst លោក​​មិន​បាន​ទទួល​ការហ្វឹកហ្វឺនយោធាបន្ថែមនៅឯ Hellenic Military Academy ក្នុងទីក្រុង​អាទែន ប្រទេស​ក្រិចទេ ឬ​កន្លែងណាមួយ​ច្បាស់​លាស់ក្នុង​ប្រទេស​អង់គ្លេសដែរ។

  • រដ្ឋប្រហារថ្ងៃ១ កញ្ញា ឆ្នាំ១៩៦៩

ថ្ងៃ១ កញ្ញា ឆ្នាំ១៩៦៩ មេដឹកនាំយោធា​ជាន់​ខ្ពស់មួយក្រុមដែលដឹកនាំដោយលោក កាដា​ហ្វី បានចាប់ផ្តើមធ្វើរដ្ឋប្រហារបង្ហូរឈាម​ទម្លាក់​សេ្តច Idris ពេលទ្រង់ទៅ​​សម្រាក​​ព្យា​បាល​ព្រះ​រោគក្នុងប្រទេសតួក​គី។ រាជ​បុត្រ​ទ្រង់ព្រះនាម Sayyid Hasan ar-Rida al-Mahdi as-Sanussi​ ដែលនឹងត្រូវ​ស្នង​រាជ្យ​​ត្រូវ​ទម្លាក់​​ចេញ​ពី​​តំណែងក្នុងពេលមាន​បដិវត្តន៍​របស់ មន្ត្រី​កង​ទ័ព និងត្រូវចាប់​ឃុំក្នុង​ព្រះរាជដំណាក់។ ក្រោយ​មក​ក្រុមនេះបាន​រំលាយរបបរាជានិយម និង​ប្រកាស​ជា​សាធារណ​រដ្ឋអារ៉ាប់លីប៊ី។

  • ឆាកនយោបាយ

គណៈ​កម្មាធិការបដិវត្តន៍របស់កាដាហ្វី បាន​ជួបប្រជុំគ្នាយកតាមគំរូប្រព័ន្ធប្រទេសកុម្មុយនីស្ត​មួយចំនួន។ ការងារពី១០ទៅ២០ភាគរយក្នុង ប្រទេស​លីប៊ី​ត្រូវគណៈ​កម្មាធិការនេះ​ជាអ្នក​ពិនិត្យដូចមេដឹកនាំអ៊ីរ៉ាក់ ​សាដាម ហ៊ូសេន និង​មេ​ដឹក​​នាំ​កូរ៉េខាងជើងគីមជុងអ៊ីល​ដែរ។ ការ​ត្រួត​ពិនិត្យ ធ្វើឡើងតាំងពីក្នុងរដ្ឋាភិបាល រោង​ចក្រ​សហ​​​គ្រាស និងផ្នែកអប់រំផង​ដែរ។ មានច្បាប់មួយចែងថា ការនិយាយគ្នាជា​មួយ​​ជន​បរទេសពីកិច្ចការ​ន​យោបាយ​ ជា​ទោស​ឧក្រិដ្ឋត្រូវជាប់ពន្ធនាគារ៣ឆ្នាំ។ ហេតុនេះកា​ដា​ហ្វី បានលុបចោលការសិក្សា​ភាសាបរទេស​ទាំង​អស់​ក្នុងវិស័យអប់រំ។ ក្នុងរបបនយោបាលរបស់គាត់ ការកាត់​ទោស​ប្រហារជីវិតចំពោះអ្នកប្រឆាំងត្រូវធ្វើ​ឡើង​ជាសាធារណៈ និងផ្សាយឡើងវិញ​តាម​រយៈ​​ទូរទស្សន៍​របស់​ជាតិ។ លីប៊ី​ជាប្រទេសដែល​ទទួល​រង់​ការរិះគន់បំផុត​​ពី​បណ្តា​ប្រទេសនៅ​ក្នុង​តំបន់​មជ្ឈិមបូព៏ា និង​អាហ្វ្រិក។
កាដាហ្វី បានបញ្ជូនបណ្តាញការងារ​របស់​គាត់​តាមស្ថានទូត និងធ្វើឃាត​មនុស្ស​ជា​ច្រើន​ក្នុង​ពិភពលោក ។ តាមបញ្ជី​របស់​​អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ​Amnesty Internariona ថា យ៉ាងតិចមានមនុស្ស​២៥នាក់ត្រូវ​បាន​ធ្វើ​ឃាត​នៅចន្លោះឆ្នាំ១៩៨០​ដល់​ឆ្នាំ១៩៨៧។

ភ្នាក់ងាររបស់កាដាហ្វី មានសកម្មភាព​បំផុត​ក្នុងដែនដីចក្រភពអង់គ្លេស ដែលមាន​ប្រជាជន​លីប៊ី​ជាច្រើនសុំសិទ្ធិជ្រកកោន។ បន្ទាប់ពីមន្ត្រីទូត​លីប៊ី​បាញ់សម្លាប់ក្រុម​បាតុករប្រឆាំង​កាដាហ្វី​១០​នាក់ និងសម្លាប់​ប៉ូលិសអង់គ្លេសរួចមក​ ចក្រ​ភពអង់គ្លេសក៏​បាន​ផ្តាច់​ទំនាក់ទំនង​ការទូតជា​មួយ​​លីប៊ី។ កាដាហ្វីធ្លាប់ពោលថា ការសម្លាប់អាច​ធ្វើ​ឡើង​បើទោះជាពួក​គេ​និរទេសខ្លួនក្តី។ នាឆ្នាំ២០០៤​ លីប៊ីបានឲ្យតម្លៃក្បាល​មេ​ដឹក​នាំរិះគន់​លោក ​​Ashur Shamis ចំនួន​១​លាន​ដុល្លារ ដែលជាអ្នកសារព័ត៌មាន​អង់គ្លេស​ជាតិ​លីប៊ី។

  • ទ្រព្យសម្បត្តិរបស់គ្រួសារកាដាហ្វី

ប្រាក់សរុបរបស់កាដាហ្វីទាំងអស់​មាន​ចំនួន​៧០​ពាន់លានដុល្លារ។ លោក​មាន​ភាគ​​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ និង​ធនា​គារ​ក្នុង​ប្រទេសអ៊ីតាលី និង​ធនា​​គារ​ដូចជា ក្រុមហ៊ុនប្រេង Eni ក្រុមហ៊ុន Fiat ធនា​គារ Unicredit និងក្រុមហ៊ុន​ Finmeccanica។ ក្នុងខែមករា ឆ្នាំ២០០២ កាដាហ្វី​បាន​ទិញ​ភាគ​ហ៊ុន​៧,៥ភាគរយ​ស្មើនឹង​២១​លាន​ដុល្លារ​របស់​ក្លឹបបាល់ទាត់អ៊ីតាលី Juventus តាម​រយៈ​ក្រុម​ហ៊ុន Lafico។
ក្រៅពីនេះគ្រួសាររបស់គាត់បាន​ដាក់​បាន​វិនិ​យោគ​នៅ​ប្រទេសជាច្រើនដូចជា ប្រទេសឆាត ស៊ូដង់ ហ្ស៊ីមប៉ាវេ ​លី​ប៉េ​រី​យ៉ា និងប្រទេសសេរ៉ា​ឡេអូន។ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៥ ចក្រ​ភព​អង់គ្លេសបានចាត់​ក្រុមពិសេសសម្រាប់តាមដាន​ទ្រព្យសម្បត្តិរបស់កាដាហ្វីក្នុងប្រទេសអង់គ្លេស។

  • អង្គរក្ស

ការជ្រើសរើសអង្គរក្ស​របស់កាដាហ្វីបាន​ក្លាយជាចំណី​ដ៏​ឆ្ងាញ់​របស់បណ្តាញអ្នកសារព័ត៌​មានជានិច្ច។ អង្គរក្សផ្ទាល់៤០នាក់​របស់គាត់​ត្រូវ​បាន​គេ​ឲ្យឈ្មោះថា Amazonian Guard ដែល​សុទ្ធសឹង​​ជា​ស្រ្តីភេទ ហើយនៅក្រមុំបរិសុទ្ធ និង​ត្រូវជ្រើសរើសដោ​យ​លោក​ផ្ទាល់។ ពួកគេ​ត្រូវ​​បញ្ជូន​ឲ្យទៅហ្វឹកហាត់បាញ់កាំភ្លើង និងក្បាច់​​គុន​​មុន​ពេលបំពេញភារកិច្ច៕        

(សុខលី+វិជ្ជា​​​)

ប្រទេស​លោក​ខាងលិច​​ត្រៀម​​បើក​ការវាយប្រហារ​​ប្រឆាំង​លោក​កាដាហ្វី​​មួយឈុត​ថ្មីទៀត

Posted: 20 Mar 2011 08:36 PM PDT

យន្តហោះចម្បាំងរបស់លោកខាងលិចត្រៀមប្រតិបត្តិការនៅលីប៊ី
នាវាចម្បាំងរបស់លោកខាងលិចពេលប្រតិបត្តិការ
យន្តហោះចម្បាំងលោកខាងលិចមួយគ្រឿងត្រូវបាញ់ធ្លាក់
មូលដ្ឋានដែលត្រូវបំផ្លាញដោយមីស៊ីល

កងទ័ព​​សម្ព័ន្ធមិត្ត​​​មានប្រទេសបារាំង អង់​​គេស​​ និងសហរដ្ឋអាមេរិក ពេលនេះ​បាន​ត្រៀម​ខ្លួន​​រួចជា​ស្រេច​​ដើម្បី​បើកការ​វាយប្រហារ​មួយ​​​​ឈុត​ថ្មីទៀត ប្រឆាំង​​មេ​ដឹកនាំ​​ផ្តាច់ការ​​លីប៊ី ​លោកមូ​អាម៉ា កាដាហ្វី ​ដើម្បី​អនុវត្ត​​​ និងពង្រឹង​​​ដំណោះ​ស្រាយ​​របស់ក្រុមប្រឹក្សា​​សន្តិសុខ ​អង្គ​ការ​​​​សហ​ប្រជាជាតិ សំដៅ​​​រារាំង​​​​លោក​កាដាហ្វី ​កុំ​ឱ្យ​​វាយ​ប្រហារ​​ប្រឆាំង​ជន​ស៊ីវិល ។​

ការវាយប្រហារ​​មួយឈុត​​​ដំបូង​ពីលើ​អាកាស​​​ និងពី​ក្នុង​​សមុទ្រ​​ដោយ​ប្រទេស​​មហា​អំណាច​​ពិភពលោក​​ចំនួន​៣​​​ប្រឆាំង​​លីប៊ី​ធ្វើ​​​ឱ្យ​មេ​ដឹកនាំ​​ប្រទេស​នេះព្រមានពី​​ការកើត​មាន​សង្គ្រាម​​រយៈ​ពេល​​វែង​នៅ​​សមរភូមិ​​សមុទ្រ​​មេឌីទែ​រ៉ា​ណេ។

យន្តហោះចម្បាំង​អារ៉ាប់ និង​យន្តហោះ​​ចម្បាំង​​របស់​​ប្រទេស​លោក​ខាង​លិច​កំពុង​​ប្រមូល​​ផ្តុំ​គ្នា​នៅមូលដ្ឋាន​​​ទ័ព​អាកាស​​របស់​ប្រទេស​​​អ៊ីតាលី​​ត្រៀម​ចូលរួម​​យុទ្ធនាការ​​ជា​​អន្តរ​ជាតិ​​ប្រឆាំង​លីប៊ី ។​ រដ្ឋ​មន្ត្រី​​​​ការពារ​ប្រទេស​​​អ៊ីតាលី​​លោក Ignazio La Russa ថ្លែង​ថា ​ក្រុងរ៉ូម​​បានត្រៀម​យន្តហោះ​​ចម្បាំង​​​៨គ្រឿង​សម្រាប់​ប្រតិ​បត្តិ​ការ​​​​សឹក​ប្រឆាំង​​លីប៊ី ​ហើយ​យន្តហោះ​​​​ទាំង​នេះ​​អាច​ប្រើ​ប្រាស់នៅ​​​​​ពេលណា​​ក៏​បាន ។​

ការ​វាយប្រហារ​​ដោយមីស៊ីល​​របស់ប្រទេស​មហាអំណាច​​ពិភពលោក​​ បារាំង អង់គ្លេស និង​​សហរដ្ឋអាមេរិក ​កាលពីថ្ងៃទី​២០ មីនា កន្លង​មក​ ​​បាន​បំផ្លាញ​​ស្ទើរតែ​​ទាំងស្រុង​នូវ​​​មូលដ្ឋាន​យ៉ាង​រឹងមាំ​មួយ​ដែល​គេជឿ​ថាជា​របស់​​​លោកកា​ដាហ្វី ៕

ពួក​បះ​បោរ​លី​ប៊ី​និយាយ​ថា មាន​មនុស្ស​ពួក​គេ​ស្លាប់​ដល់​ជាង​8.000នាក់

Posted: 20 Mar 2011 08:22 PM PDT

ពួកបះបោរលីប៊ីរីករាយពេលប្រទេសលោកខាងលិចបើកការវាយប្រហារ​រដ្ឋាភិបាលលីប៊ី

អ្នក​នាំ​ពាក្យ​​ម្នាក់​របស់​ពួក​បះ​បោរ​លី​ប៊ី​ថ្លែង​កាល​ពី​ថ្ងៃ​ទី​​២០ មីនា តាម​ទូរ​ទស្សន៍​អាល់​ហ្សា​ហ្ស៊ី​រ៉ា​ថា ពល​រដ្ឋ​លី​ប៊ី​ជាង​៨.០០០​នាក់​ដែល​តស៊ូ​ក្នុង​ជួរ​ពួកបះ​បោរ​បាន​ត្រូវ​ស្លាប់​តាំង​ពី​ចាប់​ផ្តើម​បដិ​វត្តន៍​ប្រឆាំង​របប​លោក​មូ​អា​ម៉ា កា​ដា​ហ្វី​មក។ អ្នក​នាំ​ពាក្យ​រូប​នេះ លោក​អាប់​ដែល ហា​ហ្វីស​ហ្គោ​ហ្គា​ និយាយ​ថា យើង​ជំរឿន​ឃើញ​មនុស្ស​របស់​យើង​ស្លាប់​ជាង​៨.០០០​នាក់​។ ម្យ៉ាង​ទៀត​អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​រិះ​គន់​​អគ្គ​លេខា​ធិការ​សម្ព័ន្ធ​អារ៉ាប់​ លោក​អាមរ៍​មូ​សា​ដែល​បាន​សំដែង​ការ​ប្រឆាំង​ចំពោះ​អន្តរា​គមន៍​តាម​អាកាស​ និង​តាម​ដែន​សមុទ្រ​របស់​ពួក​លោក​ខាង​លិច​នៅ​លី​ប៊ី​។ លោក​​អាមរ៍ មូសា​មាន​ប្រសាសន៍​​ថា អ្វី​ដែល​​កើត​មាន​នៅ​លី​ប៊ី​វា​ខុស​នឹង​ទិស​ដៅ​បង្កើត​តំបន់​ហាម​ការ​ហោះ​ហើរ​មួយ​ពី​លើ​ប្រទេស​លី​ប៊ី​ ហើយ​អ្វី​ដែល​យើង​ចង់​បាន​​នោះ គឺ​ការ​ពារ​ជន​សីុ​វិល​ ​ពុំ​មែន​ការ​ទំ​លាក់​គ្រាប់​បែក​ថែម​ទៀត​លើ​ជន​សីុ​វិល​នោះ​ឡើយ​។
អ្នក​នាំ​ពាក្យ​របស់​ពួក​បះ​បោរ​បាន​តប​ចំពោះ​​ពាក្យ​ទាំង​នោះ​វិញ​ថា ការ​ពោល​បែប​នោះ​របស់​លោក​អគ្គ​លេខា​ធិការ​សម្ព័ន្ធ​អារ៉ាប់ធ្វើ​​ឱ្យខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ ៕

ផ្ទុះក្នុង​​អណ្តូង​រ៉ែ​ធ្យូងថ្ម​​​មួយ​នៅ​ភាគ​ពាយ័ព្យ​​​ប៉ាគីស្ថានស្លាប់​កម្មករ​7​នាក់

Posted: 20 Mar 2011 08:20 PM PDT

ពួកកម្មករនៅមុខអណ្តូងរ៉ែ

កម្មករ​​រ៉ែ​ធ្យូង​​ថ្ម​យ៉ាង​ហោចណាស់​​​​៧​នាក់​បានស្លាប់​​ និង​​៤៥​នាក់ទៀត​​បាត់ខ្លួន​ក្រោយពី​​មាន​ការផ្ទុះ​​ជា​បន្តបន្ទាប់​​កើតឡើង​​​កាលពី​ល្ងាច​ថ្ងៃទី​​​២០ មីនា កន្លង​​មក នៅ​អណ្តូង​រ៉ែ​ធ្យូង​ថ្ម​មួយ​នៅ​​ក្បែរ​ទីក្រុងកេតា​ ខេត្តបាលូ​ជីស្ថាន​ ភាគ​ពាយ័ព្យ​​ប្រទេស​ប៉ាគីស្ថាន ។ តាមប្រភព​ព័ត៌​​មាន​​ថា ការ​ផ្ទុះ​នៅ​​អណ្តូង​រ៉ែ​​នោះកើតឡើង​​នៅ​ពេល​ឧស្ម័ន​​​មេ​តាន​ក្នុង​​អណ្តូងរ៉ែ​​​កើនឡើង​ខ្លាំង ។​
អណ្តូង​រ៉ែ​​នោះមាន​​ជំរៅ​​តាមដំណាក់កាល​​ចាប់​ពី​​​​២០០ហ្វូត​ដល់​​​១.០០០​ហ្វូត ហើយ​មាន​កម្មករ​​៥២​នាក់​ធ្វើការ​​​តាម​កម្រិត​ផ្សេងៗ​គ្នា​នៅ​​ពេលកើតមាន​​ការផ្ទុះ​នេះ​ ។​
តាមសេចក្តី​​រាយការណ៍​ថា កម្មករ​​៤៥​នាក់ ​ដែល​ជាប់ក្នុង​​​អណ្តូងរ៉ែ​​នោះប្រហែលជា​ត្រូវ​ស្លាប់​​​ទាំងអស់ ៕

អតីត​ Freshie Girl បដិសេធ​ព័ត៌​មាន​ចោទ​ថា នាង​ជា​ស្រី​ទំនើង

Posted: 20 Mar 2011 08:19 PM PDT

នាង​សុខ សុជាតា អាយុ​២៥​ឆ្នាំ អតីត​ Freshie Girl ចំណាត់​ថ្នាក់​​លេខ​៣​ឆ្នាំ​២០០៥

រាជ​ធានី​ភ្នំពេញ​ ៖ នាង​សុខ សុជាតា អាយុ​២៥​ឆ្នាំ អតីត​ Freshie Girl ចំណាត់​ថ្នាក់​​លេខ​៣​ឆ្នាំ​២០០៥​នៃ​ស្ថានីយ​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៣​ បច្ចុប្បន្ន​ជា​ម្ចាស់​ភោជនីយ​ដ្ឋាន​១៨​ក្នុង​សង្កាត់​ចតុ​មុខ​ ខណ្ឌ​ដូន​ពេញ​។ ថ្មីៗ​នេះសារព័ត៌​មាន​មួយ​ចុះ​ផ្សាយ​ថា នាង​ជា​ស្រី​ទំនើង​គំរាម​បាញ់​អ្នក​កាសែត​ និង​ជេរ​ប្រមាថ​គំរាម​ដក​ម៉ាស៊ីន​ថត​ទៀត​ផង​។

នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១១ អ្នក​យក​ព័ត៌​មាន​បាន​ទៅ​ជួប​នាង​ផ្ទាល់​ ហើយ​សម្ភាសន៍​ជាមួយ​​នាង​រយៈ​ពេល​១​ម៉ោង​។ នាង​បាន​និយាយ​រៀប​រាប់​ពី​ដំណើរ​រឿង​ត្រួសៗ​​ថា ​កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១១ នាង​បាន​ទៅ​ពិគ្រោះ​រឿង​​ការ​ងារ​បញ្ជី​ស្នាម​ជាមួយ​បុគ្គ​លិក​របស់​នាង​ ព្រោះ​កន្លង​មក​មាន​បាត់​ប្រាក់​ក្រុម​ហ៊ុន​​រហូត​រាប់​មឺុន​ដុល្លារ​ឯណោះ ​។ ខណៈ​ពេល​រូប​នាង​ និង​បុគ្គ​លិក​ស្ថិត​នៅ​ក្នុង​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ ដោយ​​មន្ត្រី​នគរ​បាល​កំពុង​សាក​សួរ​បុគ្គ​លិក​របស់​នាង​ និង​រូប​នាង​(មាន​មនុស្ស​ជិត​២០​នាក់​) ស្រាប់​តែ​មាន​បក្ស​ពួក​ភាគី​បុគ្គ​លិក​​របស់​នាង​ម្នាក់​ដើរ​ចូល​ក្នុង​បន្ទប់ និង​និយាយ​​ពាក្យ​គ្រោធ​គ្រាត។ ដោយ​ នាង​ខឹង​ ក៏​​តប​ត​​វិញ​។ ស្រប​ពេល​នោះ​ស្រាប់​តែ​​លេច​​បុរស​ម្នាក់​ថា ខ្លួន​​ជា​អ្នក​កាសែត​ដើរ​ចូល​មក ​ហើយ​លើក​ម៉ាស៊ីន​ថត​រូប ។ ​នាង​ក៏​សួរ​ទៅ​អ្នកកាសែត​នោះ​ថា ​ម៉េច​បាន​ជា​ថត​រូប​នាង​ខ្ញុំ​ដោយ​គ្មាន​ការ​អនុញ្ញាត​បែប​នេះ​? ខ្ញុំ​សុំឱ្យ​លុប​​រូប​នាង​ខ្ញុំ​ចេញ​។ ពេល​នោះ​អ្នក​កាសែត​ឆ្លើយ​ថា ចាំ​ខ្ញុំ​លុប​ឱ្យ​។

​នាង​សុជាតា ប្រាប់​ថា ដោយនាង​ដាក់​ពាក្យ​ប្តឹង​បុគ្គ​លិក​របស់​នាង​ទើប​មន្ត្រី​នគរ​បាល​សុំ​ឱ្យ​នាង​ និង​បុគ្គ​លិក​​ទាំង​អស់​ចូល​ខ្លួន​មក​ការិ​យា​ល័យ​ព្រហ្ម​ទណ្ឌ​ដើម្បី​សាក​សួរ។ នាង​សុខ សុជាតា បាន​សំណូមពរ​ចំពោះ​បុគ្គល​អ្នក​កាសែត​នោះ​ថា «សូម​លោក​កុំ​ដើរ​ថត​រូប​គេ ​ហើយ​បង្កើត​ព័ត៌​មាន​ថា នាង​ជា​ស្រី​ទំនើង។ ​ពាក្យ​នោះ​មិន​ល្អ​ទេ ។ ​រូប​ខ្ញុំ​​មិន​មែន​ជា​​ស្រី​ទំនើង​ដូច​ពាក្យ​ចោទ​ប្រកាន់​ទេ​។ មួយ​វិញ​ទៀត​នាងខ្ញុំ​​សុំ​បដិ​សេធ​ចំពោះ​ការ​ចោទ​​ប្រកាន់​ថា នាង​ខ្ញុំ​គំរាម​បាញ់​អ្នក​កាសែត​ គឺ​មិន​ពិត​ទេ ព្រោះ​នាង​ខ្ញុំ​ជា​អ្នក​រក​ស៊ី​លក់​ដូរ​គ្មានសិទ្ធិ​ប្រើ​ប្រាស់​អាវុធទេ ហើយ​ទី​នោះ​ជា​កន្លែង​​នគរ​បាល​ បើ​នាង​ខ្ញុំ​គំរាម​បាញ់​អ្នក​កាសែត​​មែន​​ប្រហែល​ជា​នគរ​បាល​មិន​ឱ្យ​ចេញ​ពី​ស្នង​ការដ្ឋាន​​​បា​ន​ទេ»។

នាង​សុខ សុជាតា និយាយ​ថា អ្នក​កាសែត​​រូប​នោះ​​ស្រវឹង​ស្រា​​ពេល​នាង​ចេញ​ពី​ស្នង​ការ​ដ្ឋាន​មក​ផ្ទះ​វិញគេ​​​ជិះ​ម៉ូតូ​តាម​ក្រោយ​​រថ​យន្ត​​លើក​ដៃជា​​សញ្ញា​ជេរ​ប្រមាថ​នាង​ទៅ​វិញ​ទេ មិន​មែន​​នាង​​ជេរ​ប្រមាថ​អ្នក​កាសែត​ទេ​។​ នាងសុជាតា​​ប្រាប់​​ថា នាង​កំពុង​តែ​ឱ្យ​មេធាវី​របស់​នាង​រៀប​ចំ​ដាក់​ពាក្យ​បណ្តឹង​ពី​ករណី​ចោទ​ថា នាង​ជា​ស្រី​ទំនើង​គំរាម​បាញ់​អ្នក​កាសែត​ដើម្បី​ឱ្យ​​សមត្ថ​កិច្ច​រក​យុត្តិ​ធម៌​ឱ្យ​រូប​នាង​ ព្រោះ​នាង​មិន​បាន​ប្រព្រឹត្ត​ទេ ៕

លោកកាដាហ្វី ​សច្ចា​ថា​នឹង​យកឈ្នះ​លើ​កង​ទ័ព​​ពួក​​លោក​ខាង​លិច

Posted: 20 Mar 2011 08:18 PM PDT

ការទម្លាក់គ្រាប់លើទីតាំងកងទ័ពលីប៊ី និងលោកកាដាហ្វី

បើ​ទោះបីជា​រង​ការ​វាយប្រហារ​​ពីលើ​អាកាស​​​ និងពី​​សមុទ្រ​​​ដោយមីស៊ីល​​ក៏ដោយ ក៏មេ​ដឹកនាំ​​​ផ្តាច់ការ​​លីប៊ី​​ លោក​មូអាម៉ា កាដាហ្វី ​នៅ​តែ​​​មិន​ចុះ​​ញ៉ម​ឡើយ​ ហើយ​បាន​សច្ចា​ថា​នឹង​សង​សឹក​វិញ។ ​កាលពី​​ថ្ងៃទី​​២០ មីនា កន្លង​មក ​​លោក​កា​ដា​ហ្វី ​សច្ចា​ថា ​កង​ទ័ព​​ស្ម័គ្រ​​ស្លាប់​របស់​​​លោក​នឹង​​​វាយ​យកឈ្នះកងទ័ព​​​​ពួក​​លោកខាង​លិច ​ហើយ​​​លោកកាដាហ្វី បាន​​​ហៅ​ការ​វាយប្រហារ​​របស់ពួក​​​​លោកខាង​លិច​ប្រឆាំង​​លីប៊ី​ថា​​ ជា​ «សង្គ្រាម​​​សាសនា» ​ប្រឆាំងពលរដ្ឋ​​​​លីប៊ី ។​

លោកកាដាហ្វី ​ថ្លែង​ថា «​យើងនឹង​មិនចាក​ចេញ​​ទុក​ឱ្យ​ប្រទេស​​លោកខាង​លិច​កាន់​កាប់​​​ប្រេង​របស់​លីប៊ីឡើយ» ហើយ​លោក​អះអាង​ថា ​ពួកសម្ព័ន្ធ​​​មិត្ត​ចម្រុះ​​ដែលបើកការ​វាយប្រហារ​​​ប្រឆាំង​​កងទ័ព​​​របស់លោក​​នឹងទទួល​​បរាជ័យ​​នៅ​ទីបញ្ចប់ ​ព្រោះ​រដ្ឋាភិបាល​​​លីប៊ី ​បានបើក​​​ឃ្លាំង​ស្តុក​​​អាវុធ យកអាវុធ​​​​​បំពាក់​ដល់​ពលរដ្ឋ​លីប៊ី​ទាំង​អស់ ដើម្បី​​តទល់ជាមួយកងទ័ព​​លោក​ខាង​លិច ។​

លោកកាដាហ្វី ​ថ្លែង​ក្នុង​សារ​ខ្លី​មួយ​ចេញ​ផ្សាយ​​​​តាមទូរទស្សន៍​​ផ្លូវការ​លីប៊ី​ថា «អាវុធ​​​កំពុង​ត្រូវ​​ផ្តល់ទៅ​ឱ្យ​ពលរដ្ឋ​​​ទាំងអស់​» ។​ លោក​​វរសេនីយ៍​​ឯក​កាដាហ្វី ​​បានអះអាង​​ដូច្នេះ​​​ក្រោយពី​ពួក​មហាអំណាច​​ពិភពលោក​មាន​​ប្រទេស​បារាំង​​ អង់គ្លេស និង​សហរដ្ឋអាមe​រិក បើកការ​វាយប្រហារ​​យ៉ាង​ចាស់ដៃពីលើ​អាកាស​ និង​​​ពីសមុទ្រ​​ប្រឆាំង​គោលដៅ​កងទ័ព​របស់​​លោក​កាដាហ្វី ក្រោយពី​​​ក្រុមប្រឹក្សា​​​សន្តិ​សុខ​​អង្គការ​សហប្រជាជាតិ​​​សម្រេច​អនុម័ត​​លើ​ដំណោះ​ស្រាយ​​មួយ​​​បង្កើត​​តំបន់ហាម​ហោះហើរ​​​ឆ្លងកាត់​​ និង​ដើម្បី​​ការពារ​ជនស៊ីវិល​​នៅ​ក្នុង​ប្រទេស​លីប៊ី ។​ ក្នុងការវាយប្រហារ​​​នោះប្រទេសបារាំង​​បាន​បើកការ​វាយប្រហារ​​មុនគេ ៕

អាជ្ញាធរ​និង​សមត្ថកិច្ច​បើកប្រតិបត្តិការ​តាមអនុសាសន៍ បំបែកសំបុកកុងត្រូលជជុះតាមផ្លូវជាតិលេខ៧រុះរើទីតាំងចោល

Posted: 20 Mar 2011 08:14 PM PDT

ការរុះរើរោងអ្នកដេកចាំទារលុយ
ការត្រួតពិនិត្យទាំងថ្ងៃទាំងយប់
ការត្រួតពិនិត្យទាំងថ្ងៃទាំងយប់ និងការរុះរើរោងអ្នកដេកចាំទារលុយ

ខេត្ត​ក្រចេះ​​ ៖ បណ្តា​ចំណុច​ឈរ​ជើង​របស់​ក្រុម​កុង​ត្រូល​ជជុះ​ជា​ច្រើន​កន្លែង​ដែល​កើត​មាន​យ៉ាង​ស្អេក​ស្កះ​​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​ត្រូវ​បាន​រលាយ​យ៉ាង​ឆាប់​រហ័ស​តែ​មួយ​ប៉​ប្រិច​ភ្នែក​ បន្ទាប់​ពី​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​ព្រមាន​យ៉ាង​ធ្ងន់ៗ​រួច​មក ​។ គេ​សង្កេត​ឃើញ​ថា កន្លង​មក​ទី​តាំង​នៃ​កុង​ត្រូល​ជជុះ​​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៧​អាស៊ាន​មាន​មិន​តិច​ជាង​ដប់​កន្លែង​ទេ រាប់​ចាប់​ពី​​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង​ ស្រុក​សំបូរ​រហូត​ដល់​ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ ក្នុង​នោះ​មាន​​កុង​ត្រូល​ជជុះ​​ធំៗ​ចំនួន​៣​កន្លែង​ គឺ​នៅ​ចំណុច​ខ្លី​ទទឹង​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ក្បាល​ដំរី​ ស្រុក​សំបូរ​ និង​នៅ​ចំណុច​ផ្លូវ​បំបែក​ខ្លា​ស្ទុះ​​ ស្ថិត​ក្នុង​សង្កាត់​អូរ​ឫស្សី​ ក្រុង​ក្រចេះ​ និង​មួយ​កន្លែង​ទៀត​​នៅ​​ភូមិ​ឃ្សឹម​ក្រៅ​ ឃុំ​ឃ្សឹម​ ស្រុក​ស្នួល​ ។ ​កន្លង​មក​តែង​តែ​មាន​សមត្ថ​កិច្ច​គ្រប់​ស្ថាប័ន ​ដាក់​ក្បាល​ឡាន​រាប់សិប​​គ្រឿង​ក្នុង​មួយ​កន្លែង ​ចាំ​សំកុក​ទារ​លុយ​ពី​ឈ្មួញ​ និង​​រថ​យន្ត​ធ្វើ​ដំណើរ​ទៅ​មក​ ព្រម​ទាំង​មាន​ការ​ប្រដេញ​យ៉ាង​ប្រសេក​ប្រសាច​​ពាស​េពញ​ផ្លូវ​ជាតិ​​ជា​ហេតុ​បង្ក​ឱ្យ​មាន​ភាព​អនាធិបតេយ្យ​​ ។ ជា​ពិសេស​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​ផង​ដែរ​។ ទោះ​ជា​​បែប​ណា​​ក្តី​អត់​មាន​ការ​​បង្ក្រាប​​ទេ ។

រហូត​មក​ទល់​នឹង​ពេល​នេះ​បណ្តា​កុង​ត្រូល​ជជុះ​ទាំង​នោះ​បាន​រលាយ​ទាំង​ស្រុង​​ បន្ទាប់​ពី​មាន​ការ​ព្រមាន​​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​យ៉ាង​ធ្ងន់​ៗ​ទៅ​លើ​អាជ្ញា​ធរ​ខេត្ត​ដែល​ត្រូវ​តែ​លុប​បំបាត់​។ ជាក់​ស្តែង​​នៅ​យប់​ថ្ងៃ​ទី​១៩ មីនា សមត្ថ​កិច្ច​ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី​ជួង ស៊ាង​ហាក់​ ស្នង​ការ​នគរ​បាល​ខេត្ត​ ដោយ​​ចូល​រួម​សហការ​ពី​លោក​អីុវ​ សាភុំ អភិ​បាល​ស្រុក​ស្នួល​ លោក​មេ​ឃុំ​ មេ​ភូមិ​ រួម​ទាំង​មន្ត្រី​នគរ​បាល​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ជា​ច្រើន​រូប​ទៀត​ បាន​ទៅ​ត្រួត​ពិនិត្យទី​តាំង​កុង​ត្រូល​ជជុះ​ដែល​កន្លង​មក​ធ្លាប់​មាន​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧​តាំង​ពី​ចំណុច​ឃុំ​អូរ​គ្រៀង​ ស្រុក​សំបូរ​ រហូត​ដល់​ស្រុក​ស្នួល ខេត្ត​ក្រចេះ​។

នៅ​ក្នុង​យុទ្ធ​នា​ការ​ដ៏​ក្តៅ​គគុក​នេះ​ មន្ត្រី​សមត្ថ​កិច្ច​បាន​ប្រើ​រូប​ភាព​ឱ្យ​រថ​យន្ត​មួយ​គ្រឿង​រត់​ពី​មុខ​ក្បួន​ក្នុង​ល្បឿន​លឿន​ប្រៀប​ដូច​រថ​យន្ត​ដឹក​ឈើ​ប្រណីត​ដើម្បី​បញ្ឆោត​ឱ្យ​បណ្តា​​សមត្ថកិច្ច​ដែល​នៅ​តាម​កុង​ត្រូល​​ជជុះ​ទាំង​នោះ​​ដេញតាម។  តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​យុទ្ធ​នា​ការ​នៅ​ក្នុង​​យប់​នោះ សមត្ថ​កិច្ច​មិន​បាន​ប្រទះ​​ក្រុម​កុង​ត្រូល​ជជុះ​ទេ បែរ​ជា​រលាយ​អស់​ដោយ​ស្វ័យ​ប្រវត្តិ​ប្រហែល​ជា​ដឹង​មុន​ផង​ក៏​មិន​ដឹង​។ ​នៅ​ក្នុងសកម្ម​ភាព​នា​យប់​នោះ​ កំលាំង​សមត្ថ​កិច្ច​បាន​​រុះ​រើ​រោង​​ឈើ​ប្រក់​ស័ង្ក​សី​​មួយ​​នៅ​ជាប់​ផ្លូវ​ជាតិ​ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ឃ្សឹម​ក្រៅ ឃុំ​ឃ្សឹម​ ស្រុក​ស្នួល​ ដែល​ជា​ទី​តាំង​របស់​កុង​ត្រូល​ជជុះ​ដ៏​ធំ​មួយ​​។ ​កន្លង​មក​​ចំណុច​នេះ​ជា​បណ្តុំ​កុង​ត្រូល​ជជុះ​មាន​រថ​យន្ត​រាប់​សិប​គ្រឿង​ទាំង​យប់​ ទាំង​ថ្ងៃ​ ហើយ​ក៏​ជា​ទី​តាំង​របស់​កាសែត​ដំណឹង​កម្ពុជា​ ដែល​គេ​មិន​ធ្លាប់​​ឮ​ ឈ្មោះ​ហើយ​ក៏​មាន​អ្នក​កាសែត​មួយ​ចំនួន​ទៀត​រស់​នៅ​ប្រមូល​ផ្តុំ​គ្នា​​យ៉ាង​គគ្រឹក​គគ្រេង។ បន្ទាប់​ពី​ការ​​ចុះសួរ​នាំ​រួច​មក​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ដឹក​នាំ​ដោយ​លោក​ស្នង​ការ​ និង​លោក​អភិ​បាល​ស្រុក​បាន​​រុះរើ​ចេញរោង​ដោល​របៀប​ជា​ផ្ទះ​​មួយខ្នង​នេះ​ និង​បាន​ណែ​នាំ​ឱ្យ​​ក្រុម​អ្នក​អះ​អាង​ថា​ ខ្លួន​ជា​អ្នក​​កាសែត​នោះ​​បញ្ឈប់​សកម្ម​ភាព​។

នៅ​ព្រឹក​ថ្ងៃ​ទី​២០ មីនា កំលាំង​សមត្ថ​កិច្ច​បាន​បន្ត​ដំណើរ​ទៅមើល​ទីតាំង​មួយ​កន្លែង​​ទៀត​ស្ថិត​​នៅ​ភូមិ​​មាន​ជ័យ​ ឃុំ​ស្រែ​ចារ​ ស្រុក​ស្នួល ដែល​​ក៏ជា​ទី​តាំង​​នៃ​កុង​ត្រូល​ជជុះ​ដ៏​ធំ​មួយ​ដែរ​​ ក្នុង​នោះ​មាន​សមាស​ភាព​ទាំង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ និង​អ្នក​កាសែត​ដែល​គេ​មិន​សូវ​ស្គាល់​ដោយ​លើក​ស្លាក​សញ្ញា​នៅ​​មុខ​រោង​ និង​មាន​ដាក់​ក្បាល​រថ​យន្ត​ចេញ​មក​ក្រៅ​។​​​សមត្ថ​កិច្ច​​សហ​ការ​ជាមួយ​លោក​មេ​ភូមិ មេ​ឃុំ បាន​សំរេច​​រុះ​រើ​ទំលាក់​ស្លាក​សញ្ញា​ទាំង​នោះ​​ចុះ​ក្រោម ​រួម​មាន​ស្លាក​សញ្ញា​សមា​គម​ព័ត៌​មាន​​ឃ្លាំមើល​កម្ពុជា និង​ស្លាក​សញ្ញា​អង្គ​ការ​​ការ​ពារ​ព្រៃ​ឈើ​ សត្វ​ព្រៃ​ និង​បរិស្ថាន​។

ជុំ​វិញ​សកម្ម​ភាព​នៃ​ការ​បង្ក្រាប​ទី​តាំង​កុង​ត្រូល​ជជុះ​នា​យប់​នោះ លោក​ឧត្តម​សេនីយ៍​ស្នង​ការ​នគរ​បាល​ខេត្ត​​មាន​ប្រសាសន៍​​ថានេះ​ជាការ​ អនុវត្ត​ទៅ​តាម​បទ​បញ្ជា​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទៅ​លើ​ការ​លុប​បំបាត់​​ភាព​អនា​ធិប​តេយ្យ​ បណ្តុំ​កុង​ត្រូល​ជជុះ​ដែល​ធ្លាប់​កើត​មាន​នៅ​តាម​មូល​ដ្ឋាន​ ។ សកម្ម​ភាព​នេះ​សមត្ថ​កិច្ច​នឹង​ធ្វើ​យ៉ាង​សកម្ម​បំផុត​ឱ្យ​ដូច​ជា​ភ្លៀង​រលឹម​។ ចំពោះ​ទី​តាំង​ដែល​សមត្ថ​កិច្ច​​រុះ​រើ​ទាំង​យប់​នេះ​វា​ជា​បណ្តុំ​កុង​ត្រូល​ជជុះធំៗ​ជ្រក​ក្រោម​ស្លាក​សញ្ញា​សារ​ព័ត៌​មានដែល​ជា​កាសែត​មាន​តែ​ឈ្មោះ​ ៕

ប្រធានាធិបតី​​យេម៉ែន​​បណ្តេញ​​​រដ្ឋាភិបាល​របស់លោក​ចេញ

Posted: 20 Mar 2011 08:00 PM PDT

ពួកបាតុករប្រឆាំងប្រធានាធិបតីយេម៉ែន

ប្រធានាធិបតី​​យេម៉ែន​​ លោក​អាលី​អាប់ឌុល​ឡាហ៍ សាឡេហ៍ កាលពីថ្ងៃទី​​២០ មីនា បាន​បណ្តេញ​​​រ​ដ្ឋ​មន្ត្រី​​​ទាំងអស់​​​របស់​លោក​​ចេញ​ពី​​តំណែង​​​ ខណៈ​​ពេល​ការ​ធ្វើ​​​បាតុកម្ម​​ទាមទារ​ឱ្យ​​លោកចុះ​ចេញពី​តំណែង​​​មានការកើនឡើង​​យ៉ាង​ខ្លាំង ។ ការ​​​ប្រកាស​​ពីការ​បណ្តេញ​​គណៈ​រដ្ឋ​មន្ត្រី​​​ចេញពីតំណែង​​របស់​លោក​សាឡេហ៍ ​ធ្វើ​ឡើង​ក្រោយ​​​ពីបាតុករជា​ច្រើនម៉ឺននាក់​បាន​ចូលរួម​ក្នុង​ពិធី​កាន់ទុក្ខ​​​នា​​ពិធី​​បុណ្យ​សព​​បាតុ​ករ​​៥២​នាក់ ដែល​ត្រូវ​ស្លាប់​ កាលពីថ្ងៃទី​​​១៩​ មីនា ​កន្លង​​មក ដោយ​​​​​សារ​ស្នាដៃ​​របស់កង​ទ័ព​មានភក្តី​ភាព​ចំពោះ​​​​រដ្ឋាភិបាល ។​
កាលពី​​ថ្ងៃទី​​​២០ មីនា ​កន្លង​មក មនុស្ស​​​​១៥០.០០០​នាក់ ​បានចូលរួម​ពិធី​បុណ្យ​​សព​បាតុ​ករ​៥២​នាក់ ដែលប្រារព្ធ​ធ្វើ​​​នៅសាកល​វិទ្យា​ល័យ ក្រុងសាណា​ រដ្ឋធានី​​យេ​ម៉ែន ​​ដែល​នេះជា​​ការ​ប្រមូល​​ផ្តុំ​មនុស្ស​​​ក្នុងទ្រង់ទ្រាយ​ធំ​​បំផុត លើ​ក​ដំបូង​​នៅ​​ក្នុងប្រទេស​​​យេម៉ែន​​ចាប់តាំង​ពី​​មានការ​ធ្វើបាតុកម្ម​​​ប្រឆាំង​​លោកប្រធានាធិបតី​​សាឡេហ៍​មក ​។​
ក្នុងពិធីបុណ្យ​​សព​នោះ ​​ភ្លើង​អគ្គិសនី​​​ត្រូវ​បាន​​កាត់​​ផ្តាច់​រយៈ​ពេល​​​​២​​ម៉ោង​​ដើម្បីកុំ​ឱ្យ​​​​​គេមើល​ឃើញ​​​​​ពិធីហែ​សព​ដែលមានចម្ងាយ​ជា​ច្រើន​គីឡូ​ម៉ែត្រ​ ៕

អាជីវករ​លក់មាស​-​ប្តូរប្រាក់​​​នៅផ្សារ​​កំពង់ស្ពឺ​​ត្រូវ​ចោរ​តាម​​​ប្លន់​​ដល់​មុខ​ផ្ទះ​​​បាញ់​​២គ្រាប់ ​យក​អស់ជាង​​​៥ម៉ឺនដុល្លារ

Posted: 20 Mar 2011 07:14 PM PDT

​ខេត្ត​កំពង់ស្ពឺ​ ៖ ​ចោរ​​៤នាក់​ប្រដាប់​​ដោយ​កាំ​ភ្លើង​​​ខ្លី​១ដើម ​តាមប្លន់​​​អ្នក​លក់​មាស​​នៅផ្សារ​កំពង់ស្ពឺ​​ដល់​មុខផ្ទះ​យក​អស់​​រាប់​ម៉ឺន​ដុល្លារ ​កាល​ពី​​វេលាម៉ោង​​​៥​និង​​​៣០នាទី​ល្ងាច​ថ្ងៃទី​​​២០ មីនា ​​២០១១ ​ស្ថិត​ក្នុង​​ភូមិ​ចំបក់ ​​ឃុំ​វល្លិ-ស ស្រុក​សំរោង​ទង​ខាង​លិចឆៀង​​ខាង​ជើង​​​វត្ត​ចំបក់ ​ដោយ​ក្រុម​ចោរ​បានបាញ់​​​២គ្រាប់​​​គំរាម​​មិន​ឱ្យ​ត​ដៃ​​​ រួចហើយ​​គេ​ចខ្លួន​​បាត់ស្រមោល​​តែ​ម្តង ​បន្សល់​ទុក​​ការភ័យ​​រន្ធត់ និង​​យំសោក​ស្តាយ​​ពី​​សំណាក់​គ្រួសារ​​រងគ្រោះ ។​

បុរស​​ចំណាស់​ម្ចាស់ទ្រព្យ​​ឈ្មោះ​​​សូ ធំ អាយុ​៧៣​ឆ្នាំ ​ប្រពន្ធ​ឈ្មោះ​​ជា បួយ ​អាយុ​​​៧២​ឆ្នាំ ​រស់​នៅភូមិ​​​-​ឃុំ​កើតហេតុខាងលើ ​និង​ជា​អ្នក​​លក់​មាស-ប្តូរ​ប្រាក់​​នៅផ្សារ​​​កំពង់ស្ពឺ ​បាន​ឱ្យ​​ដឹង​ថា ​​មុនពេល​​កើតហេតុ​ ពួកគាត់​​២​នាក់​ប្តី​-ប្រពន្ធ​​ ព្រមទាំង​​​​សមា​ជិក​​គ្រួសារ​មាន​គ្នា​​៦​នាក់ បាន​រៀបចំអីវ៉ាន់​​​ពីតូបលក់​​មាស-ប្តូរប្រាក់​​ជិះ​រថយន្ត​កាមរី ​ធ្វើ​ដំណើរ​​​ទៅកាន់​​លំនៅ​ឋាន​...​លុះ​ដល់​មុខ​ផ្ទះ​​ក៏ចាក់សោ​​ចូលទៅ​ខាង​ក្នុង​​បណ្តើរ​ៗ​ទៅ​ហើយ ​ស្រាប់តែ​​​មាន​បុរស​​៤នាក់​ជិះម៉ូតូ​ម៉ាក​ឌ្រីម ​C125 ពណ៌ខ្មៅ ​២គ្រឿង ​ចូលមក​យ៉ាង​តក់​​ក្រហល់​បំផុត ដណ្តើម​​​យកហិប​ប្រាក់ និង​គ្រឿង​អលង្ការ ប៉ុន្តែពួកគាត់​​មិនព្រមប្រគល់​​ឱ្យ​​ទេ ក៏​ប្រតាយ​ប្រតប់គ្នា ពេលនោះ​​ចោរម្នាក់​បាន​ដក​កាំ​ភ្លើង​ខ្លី​​១​​ដើម​បាញ់​​សំដៅ​​ពួកគាត់​​២គ្រាប់ ​ប៉ុន្តែ​មិនត្រូវ​​...​បន្ទាប់​មក​​គ្មាននរណា​​​ហ៊ាន​​​​តដៃ​ជា​មួយ​ពួកចោរ​​ទេ ពួកគេ​ក៏​យក​​ហិប​ដាក់​ប្រាក់ និង​គ្រឿង​​អលង្ការ​​​ឡើងម៉ូតូូ​ជិះចាកចេញ​​យ៉ាង​ប្រញាប់​​​ប្រញាល់​​​ទៅបាត់ស្រមោល ។

បុរស​​ម្ចាស់ផ្ទះ​​រងគ្រោះ​​បាន​ឱ្យ​ដឹង​ទៀត​ថា ​ក្នុងហិប​​នោះ​មាន​លុយខ្មែរ​​​ជាង​១០លាន​​​រៀល​គ្រឿង​​​​អលង្ការ​​មាស​-ប្លាទីនរាប់​សិប​តម្លឹង សរុប​ទៅ​ជាង​​៥ម៉ឺនដុល្លារ ​។ ក្រោយ​ពេល​​កើតហេតុ​​​ប៉ូលិស​​បាន​ចុះទៅ​ធ្វើ​កំណត់ហេតុ និង​ស្រាវជ្រាវ​​មុខសញ្ញា​យ៉ាងញាប់ដៃ​​-ជើង...​ម៉ូតូ​របស់ពួក​ចោរ​​​ត្រូវបាន​​​ស្គាល់​១គ្រឿងម៉ាក​​​ឌ្រីម C125 ពណ៌​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ​1AQ-3097៕

ជនពាល​ជម្រះ​បញ្ជីខ្មៅ បាញ់ប្រហារ​គ្មាន​ត្រា​ប្រណី​សម្លាប់​ប្តី​-​ប្រពន្ធ​និង​កូនស្រី​សង្ស័យ​រឿង​ពាល​ស៊ី​ពាល

Posted: 20 Mar 2011 07:03 PM PDT

សពប្រពន្ធ-ប្តីនិងកូនស្រីដែលឃាតកបាញ់សម្លាប់នៅក្នុងផ្ទះ
លំនៅឋានដែលក្រុមជនមិនស្គាល់មុខចូលបាញ់ប្រហារ

ខេត្ត​បាត់​ដំបង​ ៖ ខ្មាន់​កាំភ្លើង​ដែល​គេមិន​ទាន់​ស្គាល់​​​អត្ត​សញ្ញាណ​​​ មាន​គ្នា​យ៉ាង​តិច​​៣​នាក់​​​​​ត្រូវ​គេ​រាយការណ៍​​​ថា​ បាន​​លបចូល​​ទៅ​បាញ់​​​ប្រហារ​​​យ៉ាង​​សាហាវ​​​​ទៅលើ​​ប្តី​ប្រពន្ធ​និង​កូន​​​ដែល​រស់​នៅ​​តំបន់​​ដាច់​ស្រយាល​​​មួយ​នៅ​ចំណុច​​ថ្លុក​សង្កែ ស្ថិត​ក្នុង​ភូមិ​ជ្រៃ ឃុំ​សិរី​មាន​ជ័យ​ ស្រុក​សំពៅ​លូន កាលពីវេលា​​រំលង​អធ្រាត្រ​​ ឈាន​ចូល​ថ្ងៃទី​១៩ មីនា បណ្តាល​ឱ្យ​​​សមាជិក​គ្រួសារ​​នេះ​ចំនួន​​៣​នាក់​​ស្លាប់​​និង​កូន​តូច​ម្នាក់​ទៀត​រងរបួស​។ នៅក្នុង​អំពើ​បាញ់​ប្រហារ​គ្មាន​ប្រណី​​​​នេះ ធ្វើ​ឱ្យ​​សង្ស័យ​ថា​ កើត​ចេញ​​ពីរឿង​​ពាល​ស៊ីពាល​ ព្រោះ​ដោយសារ​តែ​​បុរស​​ដែល​ឃាត​ក​បាញ់​សម្លាប់​​នោះ​គឺ​ជា​មុខ​សញ្ញា​​ដែល​​សមត្ថ​កិច្ច​​​កំពុង​តាម​ចាប់​​ខ្លួន ​ពីបទ​ប្លន់​​អ្នក​លក់​​មាស​នៅ​ផ្សារ​​​​​​ពង្រ​ ស្រុក​រលា​ប្អៀរ​ ខេត្ត​​កំពង់​ឆ្នាំង​ ដែល​​បក្សពួក​​៧​នាក់​​ត្រូវ​បាន​​ចាប់​ខ្លួន​​ហើយ ។​

​លោក​ឈិត សេង មន្ត្រី​នគរ​បាល​​ផ្នែក​ព្រហ្ម​ទណ្ឌ​​ស្រុក​សំពៅ​លូន បាន​ឱ្យ​ដឹងថា ជនរង​គ្រោះ​​​ដែល​រងការ​បាញ់​ប្រហារ​ពី​សំណាក់​​ក្រុម​​​ខ្មាន់​កាំភ្លើង​នោះជា​សមាជិក​គ្រួសារ​តែមួយ​ ។ មន្ត្រី​រូបនេះ​​បាន​ប្រាប់​​ថា អ្នក​ស្លាប់​​មាន​ចំនួន​៣​នាក់ រួម​មាន​១-​ឈ្មោះ​គង់ គី អាយុ​​៥០ឆ្នាំ ជាប្តី​ត្រូវ​បាញ់​ចំនួន​​៣គ្រាប់​ ២-​ឈ្មោះ​​ពុំ ច្រិប អាយុ​​៤៩​ឆ្នាំ ជា​ប្រពន្ធ​ ត្រូវ​បាញ់​ចំនួន​២គ្រាប់​ ​និង​៣-ឈ្មោះ​​គង់ ចាន់ធី អាយុ​១៧ឆ្នាំ ​ជាកូន​ស្រី​ ត្រូវ​ចំនួន​១គ្រាប់​ រីឯកូន​ស្រី​អាយុ​៩ឆ្នាំ ឈ្មោះគង់ ចាន់ណា របួសស្រាល​ ។ ​ដោយឡែក​​ម៉ូតូ​មួយគ្រឿង​​របស់​គ្រួសារ​​នេះ​ត្រូវ​ក្រុម​​ជនដៃ​ដល់​​បាញ់​កម្ទេច​ម៉ាស៊ីន​​ចោល​ចំនួន​​៣គ្រាប់ ។ ​មន្ត្រី​រូបនេះ​​បន្ត​ថា ​ក្រុម​ជន​សង្ស័យ​​រូបនេះ​ត្រូវ​​បាន​​សាក្សី​ប្រាប់​ថា មាន​បក្សពួក​​ចំនួន​៣​នាក់​ ប្រដាប់​ដោយ​​កាំភ្លើង​​អាកា មួយដើម ។ តាម​ប្រភព​​ដដែល​បញ្ជាក់​​ថា ក្នុង​​គ្រួសារ​​អ្នក​ត្រូវ​បាញ់​សម្លាប់​​នេះ​ មាន​កូន​តូច​អាយុ​ប្រហែល​​២​ខែ​​ និង​ក្មួយស្រី​​ឈ្មោះ​គង់ សុភាព ​អាយុ​២០ឆ្នាំ បាន​រួច​ផុត​ពី​ការ​បាញ់​ប្រហារ​នេះ ។​

​តាមការ​​បំភ្លឺ​ពី​ក្មួយ​ស្រី​​ដែល​រួច​​ផុត​ពី​សេចក្តី​ស្លាប់​​ នា​ង​គង់ សុភាព​​ បាន​និយាយ​ថា​​ ក្រុម​​គ្រួសារ​របស់​នាង​កំពុង​ដេក​លង់​លក់​​ក្នុង​ដំណេក​។ នាង​និយាយ​ថា ​ខ្មាន់​កាំភ្លើង​បាន​បាញ់​​​បន្ត​ទៅលើ​​ប្រពន្ធខណៈ​​​គាត់​​ងើប​​ស្ទុះ​ទៅ​​ជួយ​​​ លុះ​ពេល​​កូន​ស្រី​គាត់​ស្ទុះ​ទៅអោប​ម្តាយ​ ជនដៃ​ដល់​​បាន​បាញ់​​ប្រហារ​កូន​ស្រី​គាត់​ទៀត ។ ចំណែក​​រូប​នាង​​បាន​ពួន​សំងំ​មិន​ហ៊ាន​​ឱ្យឮ​មាត់​​​ទេ​ហើយ​ក៏​​មិន​ហ៊ាន​ចេញ​មុខដែរ ។ នាង​គង់​ សុភាព បាន​​បញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ថា ក្រោយ​ពី​បាញ់​សម្លាប់​​​​មនុស្ស​​ជា​បន្តបន្ទាប់​​​ហើយ ជន​ទាំង​នោះ​​បាន​​បាញ់​​កម្ទេច​ម៉ូតូ​ចោល​មួយគ្រឿង​ទៀត ​ហើយ​ស្រែក​គំរាម​រក​ដុត​ផ្ទះ​​បំផ្លាញ​ចោល​​ទៀត មុន​ពេល​​ចាក​ចេញ​ ។ ពួក​នោះ​ហាក់​មាន​​ចរិត​កាច​​សាហាវ​​​​បំផុត ។

ក្រោយ​ពេល​​បាញ់​សម្លាប់​​​មនុស្ស​យ៉ាង​សាហាវ​​នេះ​​ សាក្សី​​​​ដែលឃើញ​ផ្ទាល់​ភ្នែក​​បាន​បំភ្លឺ​​ប្រាប់​សមត្ថ​កិច្ច​​​​ថា គេ​បាន​ឃើញ​មនុស្ស​៣​នាក់​ ​ដើរ​ចេញពី​ផ្ទះជនរងគ្រោះ​ ក្រោម​ពន្លឺ​ព្រះ​​ចន្ទ​​ចែងចាំង​ ។ ​សាក្សី​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ក្រុម​​​​នេះ​៣​នាក់ មាន​២​នាក់​​ស្លៀក​​ពាក់​ខ្មៅ​ប្រដាប់​ដោយ​​កាំភ្លើងអាកា​មួយដើម ។ អ្នក​ភូមិ​​និយាយ​ថា មុនពេល​កើត​ហេតុ​១​ថ្ងៃ​ ពេល​ចូលរួម​​ផឹកស៊ី​​គេឮ​​ជនរងគ្រោះ​​ឈ្មោះ​គង់ គី ពោល​ប្រាប់​​គេ​ថា​ ខ្លួន​ធ្លាប់​មាន​រឿង​រ៉ាវ​កន្លង​មក ហើយ​ខ្លួន​ខ្លាចតែ​មានគេ​តាម​​សង​សឹក​វិញទេ ​លុះ​ពេល​​យប់​ឡើង​​ស្រាប់​តែ​មាន​រឿង​នេះ​កើតឡើង​តែម្តង។

ទាក់ទិននឹង​​​រឿង​រ៉ាវ​​​បាញ់​ប្រហារដ៏​​កំរោល​ខាង​លើ​​នេះ លោក​​ជេត វណ្ណនី ស្នង​ការ​​រង​ និង​ជា​ប្រធាន​ការិយាល័យ​​​កណ្តាល​នគរ​បាល​​យុត្តិធម៌​​ ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ ទាំង​យប់​​ងងឹត​បាន​​ថ្លែង​ថា  បើ​យោង​លើការ​សាកសួរ​និង​ធ្វើ​ការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ម៉ោង​តាម​​ការ​ចង្អុល​បង្ហាញ​​ពីលោក​ស្នង​ការ​ខេត្ត​​យើង​​បាន​​សន្និដ្ឋាន​ថា  អំពើ​​បាញ់​​សម្លាប់​​​មនុស្ស​​ដ៏​​កំរោល​​នេះ​គឺជា​​អំពើ​​ឃាត​កម្ម​​ដែល​កើត​ចេញ​ពីរឿង​គំនុំ ។ ​លោក​​បាន​បន្ថែម​ទៀត​ថា ​បើ​យោង​​លើ​​សំណុំ​រឿង​​និង​ឯកសារ​​​​​ផ្សេងទៀត​​ដែល​​ពាក់ព័ន្ធ​លើ​ឈ្មោះ​គង់ គី នេះ គឺ​លោក​អាច​សន្និដ្ឋាន​​បាន​ទៀតថា ក្រៅពី​​រឿងគំនុំ​ គឺជារឿង​ពាល​ស៊ីពាល ព្រោះ​ជន​​ឈ្មោះ​គង់ គី នេះ ​មាន​ឈ្មោះ​ជា​ជន​សង្ស័យ​ក្នុង​បញ្ជី​ខ្មៅ​​​​​របស់​​សមត្ថ​កិច្ច​​ ដែល​យើង​​តាម​ប្រមាញ់​​នាប៉ុន្មាន​​ឆ្នាំ​កន្លង​មក​ ហើយ​​ ។ ​ក្នុង​សកម្មភាព​​បាញ់​​ប្រហារ​​រាត្រី​នោះ​ គ្រួសារ​នេះ​មិន​មាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​​​ទេ  សូម្បីតែ​​ម៉ូតូ​១គ្រឿង​ក៏ត្រូវ​​ខ្មាន់​កាំភ្លើង​​បាញ់​កម្ទេច​​ម៉ាស៊ីន​​ចោល​ដែរ ។

ប្រវត្តិ​ល្មើស​ដែល​ពាក់ព័ន្ធ​ឈ្មោះ​គង់ គី លោក​ជេត វណ្ណនី ​ស្នង​ការ​​រង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា គ្រួសារ​​​របស់​ឈ្មោះ​​គង់ គី នេះ មាន​ស្រុក​​កំណើត​នៅខេត្ត​ពោធិ៍​សាត់​ ។ ជន​នេះ​ មាន​​ប្រវត្តិ​​ជាប់ពាក់ព័ន្ធ​បទល្មើស​​ឧក្រិដ្ឋជា​ច្រើន​នៅ​ខេត្ត​ពោធិ៍​សាត់​ បាត់ដំបង កំពង់​ឆ្នាំង និង​ខេត្ត​ដទៃទៀត ។ លោក​បាន​មាន​ប្រសាសន៍​​ទៀត​ថា ជន​ឈ្មោះ​​គង់ គី នេះ ក៏​កំពុង​​ស្ថិត​ក្រោម​ការ​តាម​ប្រមាញ់​របស់​សមត្ថ​កិច្ច​ខេត្ត​ពោធិ៍​សាត់​​ដែរ តាម​ដីកា​ចាប់​ខ្លួន​លេខ​០៧ ចុះ​ថ្ងៃទី​​៣០ មករា​ ​ឆ្នាំ២០០៨ ដោយ​​ចៅក្រម​​ស៊ើប​សួរលោក​គង់ សុខុម​ ​នៃតុលាការ​​ខេត្ត​ពោធិ៍​សាត់​​ ពីបទ​ប៉ុនប៉ង​មនុស្សឃាត​​ដោយ​ចេតនា​ ដែល​ប្រព្រឹត្ត​​កាលពី​​ថ្ងៃទី​​៨ មករា ឆ្នាំ២០០៨ នៅភូមិ​ស្រះ​ម្កាក់ ឃុំ​អូរតាប៉ោង ស្រុក​​បាកាន ខេត្តពោធិ៍​សាត់ ដែល​កាល​ណោះ​​ឈ្មោះ​គីនេះ​ បាន​​ប្រើ​ប្រាស់​​កាំភ្លើង​​បាញ់​​ទៅលើ​អ្នកភូមិ​​​ម្នាក់​ឱ្យ​រងរបួស​ធ្ងន់​ ហើយ​ពិការ​​​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។​

លោក​ជេត វណ្ណនី បាន​បញ្ជាក់​ថា ក្រោយ​ពីប្រព្រឹត្ត​បទល្មើស​​​មិនឈប់់​ឈរ​នេះ ​ហើយ​ដឹង​ថា​ សមត្ថ​កិច្ច​ស្ទើរ​គ្រប់​​ទីកន្លែង​​កំពុងតាម​​ប្រមាញ់​​ ជននេះ​​បាន​រត់​មក​សំងំ​​លាក់​ខ្លួន​នៅឯ​ភូមិ​​បឹងរុន ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់​ដំបង ។ លុះ​ក្រោយ​មក​ជន​នេះ​បាន​ភៀស​ខ្លួន​ទាំង​គ្រួសារ​​​មក​សំងំ​សុខ​នៅ​តំបន់​​ឆ្ងាយ​ដាច់​ស្រយាល​​មួយ​​​កន្លែង​ទៀត​ក្នុង​ភូមិ​ត្រាវជូ ឃុំ​សិរី​មាន​ជ័យ​ ស្រុក​សំពៅលូន ដែល​ជាកន្លែង​ត្រូវ​បញ្ចប់​ជីវិត​​​​​ខាង​លើ​​កាលពី​រាត្រី​ថ្ងៃទី​១៩ មីនា នេះ ។​

​ពាក់ព័ន្ធ​​​នឹង​ការ​ស្លាប់​​របស់​ឈ្មោះ​​​គង់ គី នេះ នៅ​ឯខេត្ត​កំពង់​ឆ្នាំង សមត្ថ​កិច្ច​​​នៃ​ខេត្ត​នេះ បាន​ឱ្យ​ដឹង​ដែរថា ពួកគេ​ក៏​​កំពុង​តាម​ប្រមាញ់​​​ឈ្មោះ​គង់ គី​នេះ​​ពីមុន​មក​ដែរ​ ដែល​ជន​នេះ​ពាក់​ព័ន្ធ​​​ក្នុងអំពើ​​​ប្លន់​ប្រដាប់​អាវុធ​​កាលពី​​ចុង​ខែ​កុម្ភៈ​ កន្លង​ទៅ​នៅ​ផ្ទះ​​​លក់​មាស​ ប្តូរ​ប្រាក់​ ក្នុង​ផ្សារ​​ពង្រ​ ​ស្ថិត​ក្នុង​​ឃុំ​ពង្រ​ ​ស្រុក​រលា​ប្អៀរ ខេត្ត​កំពង់​ឆ្នាំង ។ ក្រោយ​មក​សមត្ថ​កិច្ច​​ខេត្ត​កំពង់​ឆ្នាំង​បាន​​ស្រាវជ្រាវ​​ចាប់​ខ្លួន​បក្សពួក​ចោរ​ប្លន់​បានចំនួន​​៧​នាក់ ដែល​គេ​សង្ស័យ​​​ថា ឈ្មោះ​គង់ គី នេះ ក៏​មាន​ជាប់ពាក់ព័ន្ធ​ក្នុងអំពើ​​ប្លន់​នេះដែរ ។​

លោក​ជេត វណ្ណនី ស្នង​ការ​រង​ខេត្ត​បាត់​ដំបង​ បាន​បញ្ជាក់​​ដែរថា ​កន្លង​មក​សមត្ថ​កិច្ច​របស់​លោក​បាន​ប្រឹង​ប្រែង​បំផុត​ដើម្បី​ស្វែង​រក​​មុខសញ្ញា​​ដ៏​កាច​សាហាវ​​ឈ្មោះគង់ គី នេះ ព្រោះ​​ជន​នេះ​មាន​ឈ្មោះក្នុង​បញ្ជី​ខ្មៅ​របស់​លោក​យូរ​ឆ្នាំ​មក​ហើយ​ ។ ប៉ុន្តែ​ជននេះ​​​តែង​ផ្លាស់​ទីលំនៅ​​​​គឺដូរដីរហូត​ទើប​យើង​ជួប​ការ​លំបាក​​ក្នុង​ការ​ស្វែង​រក​ ។ លោក​​បាន​ថ្លែង​ថា ការ​ស្លាប់​របស់​ឈ្មោះ​​គង់ គី ក្រោម​កាណុង​កាំភ្លើង​​ បែបពាល ស៊ីពាល​ខាង​លើ​នេះ​ គឺវាស័ក្តិសម​​ទៅ​នឹង​​កំហុស​ដែល​ជន​នេះ​បាន​​​​ប្រព្រឹត្ត​មិន​ឈប់​​ឈរ​កន្លង​មក ហើយ​អាច​​ចាត់​ទុក​ថា  ជាការ​លុប​ឈ្មោះ​ជន​នេះ​​ចេញពី​បញ្ជី​ខ្មៅ​ជាស្ថាពរ​។ ប៉ុន្តែ​ទាំង​សមត្ថ​កិច្ច​ ទាំង​ប្រជាពលរដ្ឋ​​ ទូទៅ​មា​ន​ការ​សោក​ស្តាយ​​និង​ស្រណោះ​អាណិត​​​ដល់​ប្រពន្ធ​កូន​របស់​គ្រួសារ​ដែល​​បាត់​​បង់​​ជីវិត​ក្រោមកាណុង​កាំភ្លើង​របស់​​ជនពាល​ ដែល​ពួក​​គេ​មិន​​ដឹង​​អ្វី​សោះ ​​គឺពួកគេ​​​ទទួល​រងគ្រោះ​​ថ្នាក់​ដោយ​សារ​​​តែប្តី​កំណាច ៕

បំបែក​សំណុំ​រឿង​ចោរ​ប្លន់​នាយកុយ​និង​ប្លន់លុយ​ក្រុមហ៊ុន

Posted: 20 Mar 2011 06:57 PM PDT

នាយកុយក្នុងឈុតកំប្លែងជាមួយនាយក្រិនកន្លងមក
រថយន្តវីហ្គោដឹកលុយក្រុមហ៊ុនប្រេងសាវីម៉ិចដែលចោរប្លន់មុននេះ

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយា​ល័យព្រហ្មទណ្ឌ​កំរិតស្រាល​រាជធានីភ្នំពេញ ដែល​បានខិតខំស្រាវ​ជ្រាវ​ទាំង​ថ្ងៃទាំងយប់​ក្រោយ​ពី​មាន​សកម្មភាព​ប្លន់​គ្រឿងអលង្ការ ប្រាក់តាមផ្ទះ ហាងកាត់សក់ យាន​ដ្ឋានជួសជុលរថយន្ត និង​តាមរថយន្តដោយ​ប្រើរូបភាពប្លែកៗ ដើម្បី​បំភ័ន្ត​ភ្នែកសមត្ថកិច្ច ​លុះ​កាល​ពីយប់ថ្ងៃទី១៨ មីនា ឆ្នាំ​២០១១ ជន​សង្ស័យ​ជាមេខ្លោង​ក្នុងអំពើប្លន់​ប្រដាប់​អាវុធ​ម្នាក់​ត្រូវបានក្របួច​ជាប់នៅ​លើកំណាត់ផ្លូវលេខ៨១ស្ថិតក្នុងសង្កាត់​ផ្សារថ្មីទី២ ខណ្ឌដូនពេញ ខណៈ​ពេលជន​នោះកំពុង​ជិះ​រថយន្តហ្ស៊ីប ​ព្រម​ទាំង​​ដកហូតបាន​អាវុធខ្លី​ចំនួន​បី​ដើម។

ក្រោយពីសមត្ថកិច្ចតាមប្រមាញ់​បាន​មេខ្លោង​​រួម​ជា​មួយ​អាវុធ​​ចំនួន​បីដើមរួចមក នៅ​យប់​ថ្ងៃដដែលបក្ស​ពួកម្នាក់ទៀតត្រូវបាន​ក្របួច​ជាប់​​នៅលើកំណាត់ផ្លូវមួយក្នុងសង្កាត់​ស្ទឹងមាន​ជ័យ ខណ្ឌ​មានជ័យ ។ ជនសង្ស័យ​ជាមេខ្លោង​ឈ្មោះ​ណិល ពិន និង​ម្នាក់​​ទៀត​ឈ្មោះ​ពេជ្រ ពួក​គេ​មានអាយុ​ជាងម្ភៃ​ឆ្នាំ​ដូច​គ្នា​​ ហើយ​​ឈ្មោះ​ពេជ្រ នេះ​ធ្លាប់​បានធ្វើសកម្មភាព​ប្លន់​គ្រឿង​អលង្ការ​របស់​លោកជួង ជី ហៅកុយ បាន​ចំណែក​​​៣.៥០០​​ដុល្លារ។ ដោយឡែកជន​សង្ស័យ​ឈ្មោះ​ណិល ​ពិន ជា​មេខ្លោងក្នុងការធ្វើ​សកម្មភាព​ប្លន់​ប្រាក់ចំនួន៦​ម៉ឺន​ដុល្លារ កាល​ពីថ្ងៃទី​៧ កុម្ភៈ ឆ្នាំ​២០១១ វេលា​ម៉ោង​៩និង​១០នាទីព្រឹក នៅលើ​កំណាត់វិថីព្រះ​សុីសុវត្ថិ សង្កាត់​ស្រះចក ខណ្ឌដូន​ពេញ ។

ការ​ប្លន់​នេះ​កើត​ឡើង​ខណៈ​​បុរសម្នាក់​ជា​បុគ្គលិកក្រុមហុ៊នប្រេង សាវីមុិច បើករថយន្ត​ម៉ាក​វីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ​ភ្នំពេញ 2K-1688 ​មក​ដល់​មុខក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក៏​ត្រូវ​ជនប្រដាប់​អាវុធពីរនាក់​ជិះ​ម៉ូតូ​​សេ​១២៥ ពណ៌ខ្មៅ សេ៊រី​២០១០ បើក​កៀរ​​រថយន្ត​ឱ្យ​ឈប់និង​ដក​កាំភ្លើងខ្លី​ភ្ជង់គំរាម​មិន​​ឱ្យ​ស្រែករួចបាញ់​មួយ​គ្រាប់ព្រមទាំងវាយ​បំបែក​កញ្ចក់ទ្វា​រ​រថយន្ត​ខាង​ឆ្វេង​យកស្បោង​លុយ​រួច​ជិះម៉ូតូ​គេច​បាត់។ ជន​សង្ស័យរូប​នេះ​ក៏​ជាអ្នកធ្វើសកម្មភាព​ប្លន់​គ្រឿង​អលង្ការ​ពីនាយ​ទាហានម្នាក់​ដែល​កំពុង​អង្គុយ​កាត់សក់នៅក្នុង​ហាង​មួយទល់មុខ​កំពង់ផែ​ថ្មវិថី​ព្រះស៊ីសុវត្ថិ សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ ក្នុង​កំឡុងខែតុលា ឆ្នាំ២០១០ និង​បាញ់​គំរាម​មួយ​គ្រាប់មុន​នឹង​​ចាក​ចេញទៅ។

ក្នុង​ប្រតិបត្តិការ​តាមប្រមាញ់ក្រុម​ចោរ​ប្លន់ប្រដាប់​អាវុធ​ខាង​លើ មិនត្រូវ​បានសមត្ថ​កិច្ច​ឱ្យ​​ដឹង​ ជា​​ផ្លូវ​ការ​ទេ គ្រាន់តែលួចបង្ហើបថា ចំ​មុខ​សញ្ញា៨០​ភាគ​រយ ​ហើយ​ពេលនេះកំពុងដុត​ដៃ​ដុតជើង តាម​ចាប់​បក្ស​ពួក​​បន្ថែម​ទៀត។ ទោះ​បី​​ជាយ៉ាងណា ប្រជាពលរដ្ឋបាន​​សាទរ​កិច្ចខិត​ខំ​​ប្រឹង​ប្រែងរបស់នគរបាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាលនៃស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ ដែល​បាន​បង្រ្កាប​ក្រុម​ចោរខាងលើ​ដោយ​ជោគ​ជ័យ។ ​មន្ត្រី​សមត្ថកិច្ច​ជំនាញបាន​ប្រាប់ថា សំណុំ​រឿង​​នេះ​​មិនធម្មតា​ទេ ដែល​សមត្ថកិច្ចបង្រ្កាប​បាន​​មេខ្លោងឈ្មោះណិល ពិន មានកាំភ្លើង រហូត​​​ដល់​ទៅបីដើម ក្នុងនោះ​​មាន​ម៉ាកបេអាតា​ចំនួន​​ពីរ​ដើម និងម៉ាក​ប្រាហា​មួយ​ដើម។ ជននេះ កំពុង​​ត្រូវ​បាន​ឃាត់នៅការិយា​ល័យ​នគរ​បាល​ព្រហ្ម​​ទណ្ឌ​កំរិត​ស្រាលស្នងការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ ។

ទាក់​ទិន​នឹង​ការ​បំបែក​សំណុំ​រឿង​ចោរ​ប្លន់​​នៅ​​កណ្តាល​រាជ​ធានី​ភ្នំពេញ​នេះ គួរ​ឱ្យ​កត់​សំគាល់​​ថា អ្វី​ដែល​​មហា​ជន​ចាប់​អារម្មណ៍​នោះ គឺ​ការ​ប្លន់​​យក​គ្រឿង​អលង្ការ​​នាយ​កុយ គិត​​ជា​​ប្រាក់​​ប្រមាណ​៣​ម៉ឺន​​ដុល្លារ ​ដែល​រហូត​មក​ដល់​ពេល​នេះ​នាយ​កុយ​ នៅតែ​រំលឹក​​​ពី​ចោរ​ប្លន់​តាម​ឆាក​រហូត​មក ។ ទាក់​ទិន​នឹង​ការ​​ប្លន់​លុយ​ក្រុម​ហ៊ុន​ប្រេង​សាវី​ម៉ិច គឺ​ជា​បញ្ហា​គួរ​ឱ្យ​សង្ស័យ​​ ព្រោះ​ក្រុម​ចោរ​តាម​ប្លន់​​លុយ​ហាក់​បី​ដូច​​ជា​បាន​ដឹង​​យ៉ាង​ច្បាស់​ថា រថយន្ត​ដឹក​លុយ​​ទៅ​ធនា​គារ។ ពេល​នេះ​សមត្ថ​កិច្ច​​មិន​ទាន់​បង្ហាញ​ពី​លទ្ធ​ផល​ស្រាវ​ជ្រាវ​ផ្លូវ​ការ​​នៅ​​ឡើយ​ទេ ៕   

រន្ទះសាហាវ​បាញ់​សម្លាប់​ម្នាក់ និងដួល​សន្លប់២នាក់​ផ្សេងទៀត ខណៈផ្ទៃមេឃរកកល់ភ្លៀង

Posted: 20 Mar 2011 06:47 PM PDT

សពអ្នករងគ្រោះដោយរន្ទះបាញ់

ខេត្ត​ព្រះសីហនុ ៖ ​បុរស​ម្នាក់​ស្លាប់ និង​ពីរ​នាក់​​ផ្សេង​ទៀត សន្លប់មួយ​សន្ទុះ​ធំស្ទើរ​តែ​អស់​ជីវិតព្រោះតែជួបឧប្បត្តិ​ហេតុ​គ្រោះធម្ម​ជាតិ​រន្ទះ​បាញ់​​ ក្នុងខណៈពេលដែលផ្ទៃ​មេឃ​កំពុង​រក​កល​ចង់ភ្លៀង។ រីឯអ្នក​រង​គ្រោះ​ទាំងនោះខ្លះ​កំពុង​ដេក​​ក្រោមផ្ទះ ឯខ្លះទៀតកំពុង​ឈរ​ជជែក​គ្នា​តាម​បណ្តោយផ្លូវលំកណ្តាលវាល។ ហេតុ​ការណ៍​ដែលគួរ​ឱ្យ​សោកសង្រេងនេះ បាន​កើត​មាន​ឡើង​កាលពីថ្ងៃទី១៩ មីនា វេលា​ម៉ោង៣​និង​១០​នាទីរសៀល នៅចំណុចក្រុម​៣ ភូមិ​ត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ត​ព្រះ​សីហនុ។

លោកអនុសេនីយ៏ទោកែវ អននាយ​ប៉ុស្តិ៍ រដ្ឋ​បាលឃុំជើងគោបានប្រាប់ឱ្យដឹងនៅនឹងកន្លែង​កើតហេតុថា ជនរងគ្រោះក្នុងហេតុការណ៍​​​នេះ ១-ឈ្មោះឈួន សំបឿន ភេទប្រុស អាយុ​២៥​ឆ្នាំ ត្រូវរន្ទះបាញ់ស្លាប់នៅ​នឹង​​កន្លែង​​ដែល​កំពុង​ឈរ​ជជែកគ្នា ២-ឈ្មោះលន់ មុំ ភេទ​ស្រី អាយុ៣៤​ឆ្នាំ ដែល​ឈរ​ជជែកគ្នា​បណ្តើរ​ជាមួយជនរង​គ្រោះ​ទីមួយ​ត្រូវ​ចំហាយ​រន្ទះបណ្តាលឱ្យ​សន្លប់​ជាង១ម៉ោង ៣-ឈ្មោះ​ហុង ផាត់ ភេទប្រុស អាយុ​៦៤ឆ្នាំ កំពុង​សំរាក​លើ​គ្រែក្រោម​ផ្ទះដែល​មាន​ចំងាយប្រមាណ​ប្រហែល​ជាង១០០ម៉ែត្រ ​ពី​ជនរងគ្រោះទី១ និង​ទី​២ បណ្តាល​ឱ្យ​សន្លប់​មួយ​សន្ទុះ​ដែរ។ ចំណែក​សសរផ្ទះ​​មួយដើមប្រេះ​ជា​ពីរនិង​ដំបូលផ្ទះបាយប្រក់​ស្លឹកដូងបណ្តាលឱ្យ​ឆេះ​ តែ​ត្រូវ​បាន​ពន្លត់ទាន់ពេល។

លោក​អនុសេនីយ៍​ទោបានឱ្យ​ដឹង​ទៀតថា ក្នុង​ឃុំជើងគោឆ្នាំនេះមានអ្នកស្លាប់ ដោយ​សារ​បាតុភូត​ធម្មជាតិ គឺរន្ទះបាញ់មាន​​ចំនួន​ពីរនាក់ ​និង​ពីរនាក់ទៀត របួស។ ចំពោះ​ស្រុក​ព្រៃ​នប់ ​ទាំង​មូល​ក្នុង​ឆ្នាំ​នេះ​​ជនរងគ្រោះ​ដោយសាររ​ន្ទះ​បាញ់​មានចំនួន៥នាក់ស្លាប់ និងពីរនាក់របួស​។ សូម​បព្ជាក់ថា បាតុ​ភូត​ធម្មជាតិរន្ទះ​បាញ់​ដែល​​កើត​​ឡើងក្នុងស្រុកព្រៃ​នប់ ឆ្នាំនេះមាន​សភាព​កាច​សាហាវជាងឆ្នាំមុន។ ​តាម​ការ​កត់​សំគាល់​ឆ្នាំ​នេះ​មានពេលខ្លះ ខុសត្រូវគ្នាតែមួយ​នាទី មានរន្ទះ​បាញ់ចំនួនពីរកន្លែងផ្សេងៗ​គ្នា ហើយ​​បណ្តាល​ឱ្យ​ស្លាប់មនុស្ស​ជា​បន្ត​បន្ទាប់​ដែល​អ្នក​ព្រៃ​នប់ ភ័យ​ខ្លាច​ណាស់​ពេល​មាន​មេឃ​រក​ភ្លៀង​ម្តងៗ​ ៕                

ទាហាន​សៀម​ឈុត​ខ្មៅ​យក​លួស​បន្លា​​មក​ពង្រាយ​មុខ​ប៉ុសិ៍្ត​ប៉ូលិសកម្ពុជា

Posted: 20 Mar 2011 06:44 PM PDT

ខេត្ត​ព្រះវិហារ ៖ ​តាម​ប្រភព​ព័ត៌​មាន​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​នា​ថ្ងៃទី២០ មីនា បាន​ឱ្យ​ដឹង​ថា ពួក​ទាហាន​ឈុត​ខ្មៅ​សៀម​៧នាក់​កាល​ពី​វេលា​ម៉ោង​ជាង​៨ព្រឹក បាន​ធ្វើ​ការ​ដាក់​ពង្រាយ​​លួស​​បន្លា​​នៅ​មុខ​ប៉ុស្តិ៍​ប៉ូលិស​កម្ពុជា​ ស្ថិត​នៅ​មាត់​ច្រក​ខ្លោង​ទ្វារ​ដែកមុខប្រាសាទ​ព្រះ​វិហារ ។

ប្រភពព័ត៌​មាន​ដដែលបន្ត​ថា ការ​ពង្រាយ​នេះ ខាង​កម្ពុជាបាន​មាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​​របស់​ទាហាន​ឈុត​ខ្មៅ​សៀម​នេះ​ដោយ​តម្រូវ​ឱ្យពួក​គេ​​រុះ​រើ​ចេញ​វិញ​ តែ​ពួក​ទាហាន​​សៀមនេះ​អត់រុះរើ​ទេ ​ដោយ​គ្រាន់​តែ​​បាន​ផ្អាក​ការពង្រាយ​លួសបន្លា​​​នេះតទៅ​ទៀត ​ខណៈ​ពួក​គេ​​ពង្រាយ​បាន​ប្រវែង​៦០ម៉ែត្រ ។ នៅ​វេលា​ម៉ោង​១​រសៀល​​ កង​ទ័ព​កម្ពុជា​​បានប្រកាស​​ថា បើ​ពួកគេ​មិន​បញ្ឈប់​ទេ នឹង​មាន​ការ​ផ្ទុះ​អាវុធ​  ហើយ​ចំពោះ​មូល​ហេតុ​​ដែលពួក​ទា​ហា​សៀម​​​ឈុត​ខ្មៅ​​​​យក​​លួសបន្លា​​មក​ពង្រាយ​នេះ​ពួក​គេ​​បានត្រឹម​តែ​​និយាយ​ថា មេប្រើ​ឱ្យ​មក​ពង្រាយ។

យោ​ង​តាម​ប្រភពព័ត៌មាន​នេះ​បង្ហាញថា ពួក​សៀម​នៅ​មិន​សុខ​នោះ​ទេ ក្នុងការរុកកួន​ម្តង​ហើយម្តង​ទៀត​តាម​ខ្សែ​បន្ទាត់ព្រំ​ដែន​ ទោះបី​បានសន្យាគ្នាច្រើនដងមកហើយក្តី ខណៈ​ក្រុម​អ្នក​​សង្កេត​ការណ៍​ឥណ្ឌូ​ណេស៊ី​នៅ​មិនទាន់​ត្រូវ​បាន​បញ្ជូន​មកនោះ ៕    ​​    

វាយ​សម្លាប់​​យាយ​អាយុ៦៦ឆ្នាំ ក្នុងចំការ​ល្មុត​ប្លន់យកមាស​៥ជី និង​ប្រាក់១៥០ដុល្លារ​កណ្តាល​ថ្ងៃ

Posted: 20 Mar 2011 06:13 PM PDT

ការ​ត្រួតពិនិត្យ​សព​លោកយាយ​ដែល​ចោរ​វាយ​ប្លន់

ខេត្ត​កណ្តាល​ ៖ លោក​យាយ​ឈ្មោះ​លាន លឹម អាយុ​៦៦​ឆ្នាំ ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​សម្លាប់​ប្លន់​យក​មាស​​អស់​៥​ជី ប្រាក់​អាមេរិក​ចំនួន​១៥០​ដុល្លារ និង​ប្រាក់​រៀល​មួយ​ចំនួន​​ពី ក្នុង​ហោ​ប៉ៅ​អាវ​ ខណៈ​គាត់​ទៅ​បេះ​ផ្លែ​ល្មុត​នៅ​ដី​ចំការ​តែ​ម្នាក់​ឯង​ឆ្ងាយ​ពី​ផ្ទះ​។ ដំបូង​លោក​យាយ​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​​សន្លប់​នៅ​ក្បែរ​ចំការ​ល្មុត​របស់​គាត់​កាល​ពី​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​១៩ ខែ​មីនា នៅ​ភូមិ​ស្វាយ​កណ្តាល ឃុំ​ព្រែក​ថ្មី ស្រុក​កោះ​ធំ ខេត្ត​កណ្តាល​។ នៅ​លើ​ខ្លួន​លោក​យាយ​មាន​ស្នាម​ជាំ​ខ្មៅ​ជា​ច្រើន​កន្លែង​ដែល​ជន​មិន​ស្គាល់​មុខ​បាន​វាយ​នឹង​វត្ថុ​រឹង​។ ក្រោយ​ពី​ប្រទះ​ឃើញ​​ត្រូវ​​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​កោះ​ធំ ប៉ុន្តែ​​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​លោក​យាយ​បាន​​ស្លាប់​ដោយ​សារ​របួស​ធ្ងន់​ធ្ងរ​ពេក​។

លោក​តា​ឌុក ឆែម អាយុ​៧៣​ឆ្នាំ ជា​ប្តី​លោក​យាយ​​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​ប្រទះ​ឃើញ​ប្រពន្ធ​គាត់​ដេក​សន្លប់​នៅ​ក្នុង​ចំការ​ល្មុត​ និង​មាន​ស្នាម​ជាំ​លើ​ខ្លួន​ផង​នោះ​ ក្រុម​គ្រួសារ​កូន​ចៅ​ឆែក​លើ​ខ្លួន ​បាត់​អស់​មាស​ចំនួន​៥​ជី គឺ​ខ្សែ.ក​​​មួយ​ខ្សែ​ទម្ងន់​៣​ជី និង​ចិញ្ចៀន​មួយវង់​​ទម្ងន់​២ជី​ ប្រាក់​ដុល្លារ​ចំនួន​១៥០​ដុល្លារ និង​ប្រាក់​រៀលមួយ​ចំនួន​ទៀត​ដែល​​តែង​តែ​រក្សា​ទុក​នៅ​ក្នុង​ហោ​ប៉ៅ​អាវ​ក្នុង​របស់​គាត់​ជា​ប្រចាំ។

លោក​តា​ឌុក​ ឆែម​ ជា​ប្តី​​បាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ហូប​បាយ​ថ្ងៃ​ត្រង់​ហើយ ​វេលា​ម៉ោង​ជាង​១២ប្រពន្ធ​គាត់​​បាន​រៀប​ចំ​​ខ្លួន​ជិះ​កង់​ទៅ​បេះ​ល្មុត​នៅ​ចំការ​ខាង​ក្រោយ​ភូមិ​ចម្ងាយ​ប្រហែល​ជាង​មួយ​គី​ឡូម៉ែត្រ​ពី​ផ្ទះ​។ រហូត​ដល់​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែលក្មេង​ត្រឡប់​មក​ពី​ឃ្វាល​គោ​ប្រទះ​ឃើញ​ប្រពន្ធ​គាត់​​ដេក​សន្លប់​នៅក្បែរ​ដី​ចំការ​ល្មុត​ ក៏​រត់​មក​ប្រាប់​ក្រុម​គ្រួសារ​ឱ្យ​ដឹង។ ពេល​នាំ​គ្នា​ទៅ​មើល​ឃើញ​ប្រពន្ធ​គាត់​​ដេក​សន្លប់​នៅ​ក្បែរ​កង់​ដែល​មាន​ផ្លែ​ល្មុត​ច្រក​បាវ​រឹត​ជាប់​រាន​កង់​ផ្អែក​ជាប់​​ដើម​ឈើ​នៅជាប់​ចំការ​ល្មុត​។

សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា ជន​ល្មើស​​ជន​ធ្វើ​សកម្ម​ភាព​វាយ​ប្លន់​ ​ខណៈ​ជន​រង​គ្រោះ​បេះ​ល្មុត​បាន​ហើយ​រៀប​ចំ​មក​ផ្ទះ​វិញ​។ ក្រោយ​ពី​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ​ជន​រង​គ្រោះ​សន្លប់​បាត់​ស្មារតី​រហូត​ ហើយ​បាន​ស្លាប់​នៅ​យប់​ថ្ងៃ​​ដដែល​។ ក្រុម​គ្រួសារ​បាន​ព្យាយាម​រក​មើល​លើ​ខ្លួន​ជន​រង​គ្រោះ​ តែ​រក​មិន​ឃើញ​ខ្សែ.ក​មាស​ទម្ងន់​៣​ជី និង​ចិញ្ចៀ​ន​ទម្ងន់​២​ជី ប្រាក់​ដុល្លារ​១៥០​ដុល្លារ​ និង​ប្រាក់​រៀល​មិន​តិច​ជាង​៧​ម៉ឺន​រៀល​ដែល​​គាត់​​តែង​តែដាក់​ជាប់​តាម​ខ្លួន​ជា​ប្រចាំ​ក្នុង​ហោ​ប៉ៅអាវ​ក្នុង​។

នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មីនា ​ប៉ូលិស​បច្ចេក​ទេស​ខេត្ត​ និង​ស្រុក​ទៅ​ពិនិត្យ​ធ្វើ​កោសល្យ​វិច័យ​លើ​សាក​សព​ឃើញ​មាន​ស្នាម​ជាំ​ជាច្រើន​កន្លែង​លើ​ខ្លួន​ជន​រង​គ្រោះ​ដែល​សន្និ​ដ្ឋាន​ថា ត្រូវ​គេ​​វាយ​នឹង​វត្ថុ​រឹង ហើយ​​អាវ​ជន​រង​គ្រោះ​មាន​ស្នាម​ដាច់​រហែក​ផង​ដែរ​ ទំនង​ជាមុន​ពេល​កើត​ហេតុ​នោះ​មាន​ការ​ប្រតាយ​ប្រតប់​គ្នា​ផង​ដែរ​ទើប​វាយ​​នឹង​វត្ថុ​រឹង​ជា​ក្រោយ​។ ក្រោយ​ពី​ពិនិត្យ​ចប់​សា​ក​សព​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ហើយ​សមត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​រក​មុខ​ឃាតក ៕

អាជ្ញា​ធរ​ខណ្ឌ​មាន​ជ័យ ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់​មាន់

Posted: 20 Mar 2011 03:56 AM PDT

អាជ្ញា​ធរ​ខណ្ឌ​មាន​ជ័យ ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់​មាន់​
ឃាត់​ខ្លួន​មនុស្ស​​ចំនួន​១៥​នាក់
សង្វៀន​បញ្ជល់​មាន់​ដ៏​ធំ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ

រាជធានីភ្នំពេញ ៖ សង្វៀន​បញ្ជល់​មាន់​ដ៏​ធំ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ត្រូវ​​​សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ដឹក​នាំ​ដោយ​លោក​​គួច ចំរើន អភិ​បាល​ខណ្ឌ​មាន​ជ័យ លោក​​ហៀក ចាន់​លាង អភិ​បាល​រង​ខណ្ឌ និង​លោក​ហ៊ី ​ណារិន អធិ​ការ​នគរ​បាល​​ខណ្ឌ​ចុះ​ឡោម​ព័ទ្ធ​បង្ក្រាប​ជាក់​ស្តែង​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ មីនា ខណៈ​​ដែល​ក្រុម​​អ្នក​​ញៀន​ល្បែង​ស៊ី​សង​​តាម​រយៈ​ការ​ភ្នាល់​​មាន់​ជល់​កំពុង​នាំ​គ្នា​​​ភ្នាល់​ឈ្នះ-​ចាញ់​​ដាក់​លុយ ។

​ក្នុង​ប្រតិប​ត្តិ​ការ​ខាង​លើ​នេះ សមត្ថ​កិច្ច​​បាន​ដក​​យក​មាន់​គក​​សម្រាប់​​ផ្គូ​ផ្គង​​ឱ្យ​​​ជល់​គ្នា​​ដាក់​លុយ​បាន​ចំនួន​៩​ក្បាល និង​ឃាត់​ខ្លួន​មនុស្ស​​ចំនួន​១៥​នាក់ ​រួម​ទាំង​ដក​ហូត​បាន​ប្រាក់​​រៀល និង​លុយ​ដុល្លារ​មួយ​ចំនួន​ពី​ក្រុម​អ្នក​ភ្នាល់​​មាន់​ជល់​ខាង​លើ​ ។ ក្នុង​​សកម្ម​ភាព​នោះ​ក៏​មាន​​​លោក​ព្រះ​រាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដឹក​នាំ​ចូល​រួម​បង្ក្រាប​​ទីតាំង​ល្បែង​ភ្នាល់​​ខាង​លើ​នេះ​ផង​ដែរ ។ ​ក្រោយ​ប្រតិប​ត្តិ​ការ​សមត្ថ​កិច្ច​​ចម្រុះ​ក្នុង​ខណ្ឌ​មាន​ជ័យ បាន​ប្រមូល​ទាំង​មនុស្ស​ និង​​មាន់​​គក ព្រម​ទាំង​​ថវិកា​​​បញ្ជូន​មក​កាន់​អធិ​ការ​ដ្ឋាន​នគរ​បាល​​ខណ្ឌ​មាន​ជ័យ ។

​លោក​ហ៊ី ណា​រិន អធិ​ការ​នគរ​បាល​​ខណ្ឌ​មាន​ជ័យ ​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​​តាម​ទូរស័ព្ទ​​ថា ការ​បង្ក្រាប​ទី​តាំង​សង្វៀន​ជល់​មាន់​​​ខាង​លើ​នេះ គឺ​សមត្ថ​កិច្ច​ត្រូវ​​កសាង​សំណុំ​រឿង​បញ្ជូន​ទាំង​មនុស្ស​​ និង​​វត្ថុ​តាង​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ដើម្បី​ចាត់​ការ​​តាម​នីតិ​វិធី ​។

​ប្រភព​ព័ត៌​មាន​​មួយ​ទៀត​​បាន​ឱ្យ​ដឹង​ថា ​ទីតាំង​សង្វៀន​​ជល់​មាន់​​ខាង​លើ​នេះ ទើប​​នឹង​លួច​​លាក់​ធ្វើ​សកម្ម​ភាព​ កាល​ពី​ពេល​​ថ្មីៗ​នេះ​ប៉ុណ្ណោះ ។ ​ដោយ​ឡែក​ប្រតិ​បត្តិ​ការ​ចុះ​បង្ក្រាប​​គឺ ដោយ​សារ​មន្ត្រី​មូល​ដ្ឋាន​បាន​ទទួល​ព័ត៌​មាន​​រាយ​ការណ៍​ពី​ប្រជា​ពល​រដ្ឋ​​អំពី​ភាព​អនា​ធិប​តេយ្យ​នៅ​ក្នុង​ទីតាំង​​សង្វៀន​ជល់​មាន់​ខាង​លើ​នេះ ។ បន្ទាប់​ពី​ទទួល​បាន​​ព័ត៌​មាន​ភ្លាម​​លោក​ហៀក ចាន់​លាង អភិ​បាល​រង​ខណ្ឌ​មាន​ជ័យ ​​ដឹក​នាំ​កម្លាំង​ស៊ី​វិល​ចុះ​ពិនិត្យ​ជាក់​ស្តែង​​ក៏​​ឃើញ​មាន​សកម្ម​ភាព​​​ល្មើស​​ពិត​ប្រាកដ​មែន ទើប​ឈាន​ទៅ​ធ្វើ​​ការ​បង្ក្រាប​​ជា​​ទ្រុង​ទ្រាយ​​ធំ​តែ​ម្តង ។

លោក​គួច ចំរើន អភិ​បាល​ខណ្ឌ​មាន​ជ័យ ​បាន​​ឱ្យ​ដឹង​ថា ​ការ​បង្ក្រាប​ទីតាំង​សង្វៀន​បញ្ជល់​មាន់​ខាង​លើ​នេះ ក៏​ជា​ការ​លុប​បំបាត់​​ល្បែង​ភ្នាក់​​មួយ​ដែរ ដែល​ជា​ការ​ចូល​រួម​ក្នុង​សកម្ម​ភាព​អនុ​វត្ត​គោល​នយោ​បាយ​ភូមិ-សង្កាត់​​មាន​សុវត្ថិ​ភាព​ដែល​មាន​លក្ខណៈ​សម្បត្តិ​ ៥​យ៉ាង​គឺ​១-គ្មាន​​សកម្ម​ភាព​ លួច​ ឆក់ ប្លន់​គ្រប់​ប្រភេទ ២-គ្មាន​​ការ​ផលិត​ ការ​ចែក​ចាយ​ និង​​ប្រើ​ប្រាស់​គ្រឿង​ញៀន ​ខុស​ច្បាប់ ៣-គ្មាន​អំពើ​អនា​ចារ ការ​ជួញ​ដូរ​ស្ត្រី កុមារ និង​អំពើ​ហិង្សា​​ក្នុ​ងគ្រួសារ ៤-គ្មាន​ក្មេង​ទំនើង ​និង​៥-​គ្មាន​ការ​លេង​ល្បែង​ស៊ី​សង​ ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ និង​បទ​ល្មើស​គ្រប់​ប្រភេទ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជា​និច្ច​កាល​លោក​គួច ចំរើន អភិ​បាល​ខណ្ឌ​មាន​ជ័យ ​តែង​តែ​ដឹក​នាំ​គណៈ​បញ្ជា​ការ​​ឯក​ភាព​ក្នុង​ខណ្ឌ​​ចុះ​បង្ក្រាប​​បទ​ល្មើស​​ផ្សេងៗ​មិន​ថា យប់​អធ្រាត្រ​ ឬ​ក៏​ថ្ងៃ​អាទិត្យ ឈប់​សម្រាក​ពី​ការ​ងារ​​ឡើយ ។ ចំពោះ​​សកម្ម​ភាព​នេះ​ហើយ​ទើប​ស័ក្តិ​សម​ជា​ភ្នែក​ច្រមុះ​របស់​​រាជ​រដ្ឋា​ភិបាល​​​ក្រោម​ការ​ដឹក​នាំ របស់​សម្តេច​តេជោ ហ៊ុន សែន ​​នាយក​រដ្ឋ​មន្ត្រី ៕

ពីរ​នាក់​ឪពុក និង​កូន​ឃើញ​នាង​ក្រមុំ​​ដើរ​ម្នាក់​ឯង​​និយាយ​លែប​ខាយ​​​​ក្លាយ​ជា​ហិង្សា

Posted: 20 Mar 2011 03:45 AM PDT

បុរ​ស​ពីរ​នាក់​​ឪពុក និង​កូន​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​​រដ្ឋ​បាល​កាកាប ធ្វើ​ការ​ឃាត់​ខ្លួន​

រាជធានីភ្នំពេញ ៖ បុរ​ស​ពីរ​នាក់​​ឪពុក និង​កូន​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​​រដ្ឋ​បាល​កាកាប ធ្វើ​ការ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​ផ្នែក​​ព្រហ្ម​ទណ្ឌ​​​ខណ្ឌ​ដង្កោ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​តុលា​ការ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្ម​ភាព​កាប់​ប្រហារ​ទៅ​លើ​បុរស​ម្នាក់​ទៀត​បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ស្ទើរ​ស្លាប់​ស្ទើរ​​រស់ ។

​ហេតុ​ការណ៍​​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១១ នៅ​ចំណុច​ផ្ទះ​ជួល​​ក្រុម​ទី​៨ ភូមិ​ចំការ​ឪឡឹក ​សង្កាត់​​កាកាប ខណ្ឌដង្កោ ​រាជ​ធានីភ្នំពេញ ។ ​ជន​ដៃ​ដល់​​ទាំងពីរ​នាក់​នោះ ឪពុក​ឈ្មោះ​ឆាង សុភាព​ អាយុ​​៥០​ឆ្នាំ ជា​សន្តិ​សុខ​ឯក​ជន ឯ​កូន​ប្រុស​ឈ្មោះ​​ឆាង សាម៉ុន ​អាយុ​១៩​ឆ្នាំ ជា​​កម្ម​ករ​សំណង់​​ ពួក​គេ​ទាំង​ពីរ​នាក់​ស្នាក់​នៅ​ផ្ទះ​ជួល​​កើត​ហេតុ​ខាង​លើ ។ ​ចំណែក​ឯ​ជន​រង​គ្រោះ​ឈ្មោះ​​ចៀវ ពុទ្ធី អាយុ​​២៥​ឆ្នាំ ជា​កម្ម​ករ​សំណង់ ស្នាក់​នៅ​ផ្ទះ​ជួល​ខាង​លើ​ដែរ រង​របួស​រយះ​ក្បាល​ខាង​ឆ្វេង​​សន្លប់​បាត់​ស្មារតី ហើយ​​ភ្លាមៗ​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ​តែ​ដោយ​ស្ថាន​ភាព​របួស​​ធ្ងន់​ធ្ងរ​​ពេក​ទើប​​គេ​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។

​តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​​ហេតុ ជន​រង​គ្រោះ​អង្គុយ​​លេង​ជា​មួយ​បុរស​ម្នាក់​ទៀត​ដែល​ជា​បង​ប្អូន​ជីដូន​មួយ​នៅ​មុខ​បន្ទប់​ផ្ទះ​ជួល​ខាង​លើ ។ ចំណែក​ឯ​ជន​ដៃ​ដល់​​ឈ្មោះ​​ឆាង សាម៉ុន ក៏​​អង្គុយ​​នៅ​មុខ​បន្ទប់​ផ្ទះ​ជួល​របស់​ខ្លួន​ដែរ លុះ​មួយ​សន្ទុះ​ក្រោយ​មក​ប្អូន​ស្រី​​ជីដូន​មួយ​របស់​ជន​រងគ្រោះ​បាន​​ដើរ​​កាត់​មុខ​​ផ្ទះ​ជន​ដៃ​ដល់​ ជន​នោះ​ក៏​បាន​និយាយ​​លែប​ខាយ​នូវ​ពាក្យ​អសុរោះ​ថា «ដល់​ក​ហើយ​មើល​​មេ​នេះ​គូ​​ទ.ងបះ​ដល់​​ហើយ​វើយ» ។ ​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ឮ​បែប​នេះ​បាន​ធ្វើ​ឱ្យ​នាង​ក្រមុំ​​រូប​នោះ​ខ្មាស​អៀន និង​ខឹង​យ៉ាង​ខ្លាំង ចំណែក​ឯ​ជន​រងគ្រោះ និង​បង​ប្អូន​ជីដូន​មួយ​ម្នាក់​ដែល​អង្គុយ​នៅ​ជា​មួយ​គ្នា​នោះ​បាន​យក​រឿង​នេះ​ទៅ​ប្រាប់​ស្ត្រី​ជា​ម្តាយ​របស់​នាង​ក្រមុំ​រូប​នោះ​ឱ្យ​ដឹង។ ភ្លាមៗ​នោះ​ស្ត្រី​ជា​​ម្តាយ​បាន​ដើរ​ទៅសួរ​នាំ​ជន​នោះ​ ឯ​ជន​រង​គ្រោះ​ក៏​បាន​ដើរ​ទៅ​ជា​មួយ​ដែរ​ ពេល​ទៅ​ដល់​ក៏​​បាន​​សួរ​នាំ​ឈ្មោះ​ឆាង សាមុន ពី​រឿង​និយាយ​ពាក្យ​​អសុរោះ​ដាក់​​ប្អូន​ស្រី​ជីដូន​មួយ​របស់​ខ្លួន។ ខណៈ​នោះ​ជន​​ដៃ​ដល់​​អត់​បាន​និយាយ​ឆ្លើយ​​តប​នោះ​ទេ ​តែ​គេ​បាន​ទាញ​​​កាំបិត​​ប៉័ង​តោ​​មក​កាប់​ប្រហារ​​ទៅ​លើ​ជន​រងគ្រោះ​ បណ្តាល​ឱ្យ​ដួល​សន្លប់​នៅ​​នៅ​នឹង​កន្លែង​តែ​ម្តង​ និង​បង្ក​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង ។

ប្រភព​​ដដែល​បាន​បន្ត​ទៀត​ថា ​ដោយ​ឡែក​បុរស​ជា​ឪពុក​​ជន​នោះ​ពេល​​ឃើញ​បែប​នេះ អត់​ចាប់​ឃាត់​​កូន​​​ទេ ​បែរ​ជា​​ទាញ​​ពូថៅ​ប្រុង​ស្ទុះ​ទៅ​កាប់​បង​ប្អូន​ជន​រង​គ្រោះ​​ទៅ​វិញ​។ ប៉ុន្តែ​ដោយ​សារ​តែ​ការ​ភ្ញាក់​ផ្អើល​កាន់​តែ​ខ្លាំង ទើប​ជន​នោះ​បញ្ឈប់​សកម្ម​ភាព​របស់​ខ្លួន ហើយ​ក្រោយ​មក​​ប៉ូលិស​ប៉ុស្តិ៍​​កាកាប​បាន​ចុះ​ទៅ​​ឃាត់​ខ្លួន​ពួក​គេ​ទាំង​ពីរ​នាក់​ឪពុក​ និង​កូន​ភ្លាមៗ​តែ​ម្តង ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!