VOA News: ព័ត៌មាន: “ធនាគារពិភពលោក៖ កម្ពុជាមានកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១០” plus 2 more |
- ធនាគារពិភពលោក៖ កម្ពុជាមានកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១០
- អ្នកនិពន្ធខ្មែរតាំងចិត្តបន្តការសរសេរទោះបីប្រឈមនឹងការលំបាក
- លោកហ៊ុនសែនបញ្ជាឲ្យស៊ើបអង្កេតក្រុមហ៊ុននាំពលករទៅក្រៅប្រទេស
ធនាគារពិភពលោក៖ កម្ពុជាមានកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១០ Posted: 21 Mar 2011 03:00 PM PDT ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍ថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងខ្ពស់នៅក្នុងឆ្នាំ២០១០ បើប្រៀបធៀបនឹងឆ្នាំ២០០៩ ក៏ប៉ុន្តែបានទស្សន៍ទាយថា កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០១១មានកំណើនតិចជាងឆ្នាំ២០១១។ អ្នកសេដ្ឋកិច្ចកម្ពុជាមិនបានយល់ស្របនឹងការព្យាករណ៍នេះទេ។ អង្គការសង្គមស៊ីវិលបានស្វាគមន៍កំណើនសេដ្ឋកិច្ចនេះ ប៉ុន្តែព្រួយបារម្ភខ្លាចក្រែងកំណើននេះមិនបានទៅដល់ជនក្រីក្រនៅតាមជនបទ។ ធនាគារពិភពលោកបាននិយាយនៅថ្ងៃច័ន្ទនេះថា កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងខ្ពស់ប្រមាណ៣ភាគរយនៅក្នុងឆ្នាំ២០១៩ ដល់៦,៧ភាគរយនៅក្នុងឆ្នាំ២០១០ ដោយសារកំណើនផ្នែកកសិកម្ម កំណើនការនាំចេញសម្លៀកបំពាក់ ភ្ញៀវទេសចរកើនឡើង និងការបង្កើនភាពចម្រុះនៃផលិតកម្ម។ ធនាគារពិភពលោកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា កំណើនផ្នែកកសិកម្មបានកើនឡើង ៥,៣ភាគរយនៅក្នុងឆ្នាំ២០១០ ដោយការប្រមូលផលបានល្អ។ សេចក្តីថ្លែងការណ៍នេះបាននិយាយថា ការនាំចេញផ្នែកសម្លៀកបំពាក់បានកើនឡើង២៤ភាគរយ នៅក្នុងឆ្នាំ២០១០ បន្ទាប់ពីធ្លាក់ចុះ២០ភាគរយក្នុងអំឡុងវិបត្តិឆ្នាំ២០០៩ និងការនាំចេញស្បែកជើងក៏ បានកើនឡើង៦០ភាគរយផងដែរក្នុងអំឡុងពេលដូចគ្នានេះ។ ឧស្សាហកម្មទាំងពីរនេះបានបង្កើត ការងារថ្មីចំនួន៥៥.៣០០នៅក្នុងឆ្នាំ២០១០ ដែលការងារភាគច្រើនបានបាត់បង់នៅក្នុងអំឡុងវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៩។ សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា វិស័យទេសចរណ៍ក៏បានងើបឡើងវិញខ្លាំងផងដែរ ជាមួយនឹងកំណើនភ្ញៀវទេសចរ១៦ភាគរយ (ស្មើនឹង២.៥លាននាក់ ) និងចំណូលពីវិស័យទេសចរណ៍បានកើនឡើង១៤ភាគរយ (ស្មើនឹង១,៨ពាន់លានដុល្លារ)។ សេចក្តីថ្លែងការណ៍នេះបានបន្តថា កំណើនដែលបានងើបឡើងច្រើនជាងការរំពឹងទុកនេះគឺបណ្តាលមកពីកំណើនដ៏រឹងមាំនៅអាស៊ី ដែលជាប្រភពនាំមកនូវភ្ញៀវទេសចរ៧២ភាគរយ ការធា្លក់ចុះនៃប្រាក់ដុល្លារដែលបណ្តាឲ្យមានផលចំណេញនៃប្រភពប្រកួតប្រជែង និងការលម្អរចនាសម្ព័ន្ធ ដូចជាទស្សនវិស័យនៃច្បាប់ប្រភពដើម ដែលកាន់តែមានការអនុគ្រោះសម្រាប់ការនាំចេញសម្លៀកបំពាក់ទៅកាន់សហភាពអឺរ៉ុប និងការកែលម្អជាបណ្តើរៗលើទំនាក់ទំនងនៃឧស្សាហកម្ម។ ធនាគារពិភពលោកបាននិយាយថា ប្រទេសកម្ពុជាបានផ្តួចផ្តើមឲ្យមានការបង្កើនភាពចម្រុះខ្លះនៃ ផលិតកម្មរបស់ខ្លួន និងមូលដ្ឋាននៃការនាំចេញ ជាមួយនិងបរិមាណអង្កនាំចេញស្ទើរត្រីគុណនៅក្នុង ឆ្នាំ២០១០។ ជាពិសេសការបង្កើនភាពចម្រុះនេះត្រូវបានគាំទ្រដោយការងើបឡើងវិញលើវិនិយោគទុនបរទេសដែលមានកំណើន១៦ភាគរយនៃទុនវិនិយោគដែលបានចុះបញ្ជី។ ធនាគារពិភពលោកបានកត់សម្គាល់ឃើញថា ប្រភពកំណើនជាប្រពៃណីដទៃទៀត ដូចជាផ្នែក សំណង់ និងអចនទ្រព្យបានងើបឡើងវិញបន្តិចម្តងៗ ដែលមានកំណើន១០ភាគរយក្នុងសំណើសុំសាងសង់ទាំងអស់ដែលបានអនុម័តនៅក្នុងឆ្នាំ២០១០។ ធនាគារពិភពលោកបានទស្សន៍ទាយថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងនៅតែល្អប្រសើរនៅក្នុងឆ្នាំ២០១១ ក្នុងកម្រិត៦,៥ភាគរយ ហើយការនាំចេញរបស់កម្ពុជាត្រូវបានរំពឹងថា នឹងនៅតែល្អប្រសើរដោយផ្នែក ដែលជាលទ្ធផលនៃច្បាប់ប្រភពដើមដែលមានលក្ខណៈអនុគ្រោះរបស់សហភាពអឺរ៉ុបស្តីអំពីពន្ធអនុគ្រោះសម្រាប់ការនាំចេញរបស់ប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុតទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១១។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា កំណើននៃការនាំចេញជារួមអាចត្រូវបានកំហិតដោយទ្រង់ទ្រាយ នៃការងើបឡើងវិញជាសកល ហើយការប្រើប្រាស់នឹងកើនឡើង នៅពេលដែលការងើបឡើងវិញចាប់ផ្តើម ខណៈដែលការវិនិយោគនឹងទទួលអត្ថប្រយោជន៍ពីការងើបឡើងវិញជាបន្តលើវិនិយោគផ្ទាល់ពីបរទេស និងឥណទានសម្រាប់វិស័យឯកជន។ បទរាយការណ៍របស់វីអូអ៖ ច្រករបៀងសេដ្ឋកិច្ចផ្តល់ផលប្រយោជន៍និងក្តីកង្វល់
លោកជា ហួត អ្នកសេដ្ឋកិច្ចប្រចាំធនាគារពិភពលោកនៅកម្ពុជា បានថ្លែងថា កំណើនសេដ្ឋកិច្ចនៅ ក្នុងឆ្នាំ២០១១នេះនឹងមិនទទួលរងគ្រោះពីមហន្តរាយធម្មជាតិនៅប្រទេសជប៉ុន និងការបះបោរនៅ មជ្ឈឹមបូព៌ាប្រទេសនោះទេ។ លោកកង ច័ន្ទតារារ័ត្ន នាយកប្រតិបត្តិវិទ្យាស្ថានកម្ពុជាដើម្បីសិក្សានិងការអភិវឌ្ឍ បានថ្លែងយ៉ាង ដូច្នេះថា «ឆ្នាំ២០១១មានកំណើនសេដ្ឋកិច្ចតិចជាងឆ្នាំ២០១០។ ខ្ញុំហាក់ដូចជាមិនយល់អញ្ចឹងទេ។ ខ្ញុំ ឃើញថា ឆ្នាំ២០១១មានភាពប្រសើរជាងឆ្នាំ២០១០ទៅទៀត ហើយនឹងអាចរក្សាកំណើនបានក្នុង រង្វង់ពី៦ទៅ៧ភាគរយ ដោយផ្អែកទៅលើកត្តាក្នុងស្រុកជាច្រើន ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងវិស័យពាណិជ្ជកម្មក្រៅប្រទេសរបស់យើងជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប បូកផ្សំជាមួយវិស័យទេសចរណ៍ជាដើម។ លោកឈិត សំអាត នាយកប្រតិបត្តិអង្គការវេទិកាមិនមែនរដ្ឋាភិបាលកម្ពុជា បានថ្លែងថា យើង សម្បាយរីករាយនឹងកំណើនសេដ្ឋកិច្ចខ្ពស់នៅក្នុងឆ្នាំ២០១០។ ប៉ុន្តែអង្គការសង្គមស៊ីវិលនៅតែមាន ការព្រួយបារម្ភខ្លាចក្រែងកំណើនសេដ្ឋកិច្ចនេះមិនបានចែករំលែកទូលំទូលាយដល់អ្នកក្រីក្រនៅតាម តំបន់ជនបទ។ «អង្គការសង្គមស៊ីវិលចង់ឱ្យកំណើនសេដ្ឋកិច្ចនេះបានទៅដល់ប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ»។ លោក Vikram Nehru អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត បាន ថ្លែងតាមរយៈការធ្វើសន្និសីទកាសែតតាមវីដេអូពីប្រទេសសឹង្ហបូរីថា បើប្រទេសកម្ពុជាមានកម្មវិធី និងគោលនយោបាយសម្រាប់បន្តគាំទ្រកំណើន និងគាំទ្រវិស័យឯកជនលើសកម្មភាពវិនិយោគនានា «ខ្ញុំនឹងធានាថា សេដ្ឋកិច្ចកម្ពុជានឹងបង្កើតភាពចម្រុះនៃផលិតកម្ម។ វាមានកំណើនយ៉ាងឆាប់រហ័ស ប៉ុន្តែវាជាការកើតឡើងប្រកបដោយចីរភាព»។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងកាលពីសប្តាហ៍មុនថា «ប្រទេសកម្ពុជាមានសុទិដ្ឋិនិយមចំពោះអនាគតនៃកំណើនសេដ្ឋកិច្ចកម្ពុជាដែលត្រូវបានព្យាករណ៍ថា កើនឡើងពីចន្លោះ៦ទៅ៧ភាគរយជាមធ្យមក្នុងមួយឆ្នាំ។ យើងរំពឹងថា កម្ពុជានឹងទាញចំណេញពីលំហូរវិនិយោគនិងសាច់ប្រាក់ក្នុងពិភពលោក»៕ This posting includes an audio/video/photo media file: Download Now |
អ្នកនិពន្ធខ្មែរតាំងចិត្តបន្តការសរសេរទោះបីប្រឈមនឹងការលំបាក Posted: 21 Mar 2011 02:20 PM PDT អ្នកនិពន្ធកម្ពុជាមួយក្រុមបានប្តេជ្ញាបន្តការតែងនិពន្ធរបស់ខ្លួនទោះបីជាប្រឈមនឹងការគំរាមកំហែង និងផលវិបាកសេដ្ឋកិច្ចក៏ដោយ។ នេះគឺជាអ្វីដែលអ្នកនិពន្ធកម្ពុជាបានប្រាប់អ្នកចូលរួមក្នុងមហោស្រពសេរីភាពតែងនិពន្ធអក្សរសិល្ប៍អន្តរជាតិដែលត្រូវបានប្រារព្ធឡើងនៅសាកលវិទ្យាល័យប្រោន (Brown University) ក្នុងទីក្រុងប្រូវីដិនស៍ (Providence) រដ្ឋ រ៉ូដអាយឡិនដ៍ (Rhode Island) សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៤ដល់១៧ខែមិនាឆ្នាំ២០១១។ លោក ខូ តារាឫទ្ធិ ដែលជាអ្នកទទួលបានអាហារូបករណ៍នៃកម្មវិធីអ្នកនិពន្ធអន្តរជាតិ នៃសាកលវិទ្យាល័យប្រោនថ្លែងថា ផលវិបាកដែលលោកជួបប្រទះនឹងមិនអាចបញ្ឈប់លោកពីការសរសេរបញ្ចេញគំនិតរបស់លោកស្តីអំពីបញ្ហាសង្គមបច្ចុប្បន្នកម្ពុជាទេ។ «បើយើងដុះមកជាឈូកហើយ យើងមិនអាចប្រែក្លាយជាអ្វីផ្សេងទៀតទេ។ វាមានសារជាតិពីកំណើតរបស់យើងតែម្តងថាយើងនឹងធ្វើអញ្ចឹង។ ខ្ញុំក៏មិនមែនជាអ្នកដែលត្រូវប្រឈមមុខនឹងបញ្ហាគ្រោះថ្នាក់ទាំងឡាយដោយសារតែមុខរបរទាំងហ្នឹងដែរ ព្រោះខ្ញុំអត់មានកាន់អាវុធណា៎។ ខ្ញុំអត់មានទៅលួចទៅប្លន់គេណា៎។ ខ្ញុំគ្រាន់តែជាអ្នកសរសេរម្នាក់តើ។ បាទ ខ្ញុំសរសេរតាមបែបរបស់ខ្ញុំ។ ខ្ញុំមើលឃើញបញ្ហាក្នុងសង្គមខ្ញុំសរសេរ»។ ដូចគ្នានេះដែរ លោកស្រី ខាថឺរីន ហ្វ៊ីលូក្ស (Catherine Filloux) អ្នកនិពន្ធល្ខោនអំពីកម្ពុជា និងជាជនជាតិអាមេរិកដើមកំណើតបារាំង បានប្រាប់វីអូអេខ្មែរនៅឯមហោស្រពសេរីភាពក្នុងការតែងនិពន្ធអក្សរសិល្ប៍អន្តរជាតិ ថាកម្ពុជាមានប្រពៃណី និងកេរដំណែលសិល្បៈធំធេងណាស់ ហើយថាប្រជាពលរដ្ឋខ្មែរ គឺមានគំនិតសិល្បៈ និងជាអ្នកសិល្បៈដ៏អស្ចារ្យ ដែលគេអាចមើលឃើញភស្តុតាងជាច្រើននៅអង្គរវត្ត នៅក្នុងស្ថាបត្យកម្មរបស់គេ និងនៅក្នុងគ្រប់ទម្រង់នៃសិល្បៈរបស់គេទាំងអស់។ «ខ្ញុំយល់ថា មានមនុស្សដូចជា ម៉ម សុខលី ឈុន ស៊ីណា អៀង ស៊ីធុល និងខូ តារាឫទ្ធិ ដែលត្រូវបន្តកិច្ចការសិល្បៈរបស់ខ្លួន គឺមិនត្រឹមតែជាចំណង់របស់គេប៉ុណ្ណោះទេ តែខ្ញុំជឿថា គេមានជំនឿថា នេះគឺជាបេសកម្មរបស់គេ ក្នុងការបន្តកេរដំណែលរបស់គ្រូរបស់គេ។ ខ្ញុំយើងថា កត្តានេះគឺជាថាមពលជំរុញឲ្យពួកគេបន្តកិច្ចការរបស់ពួកគេ ទោះបីជាមានស្ថានភាពដ៏លំបាក និងមានផលវិបាកខាងសេដ្ឋកិច្ចក្នុងជីវិតជាអ្នកសិល្បៈក៏ដោយ»។ កម្មវិធីសេរីភាពនៃការសរសេរ នៃសាកលវិទ្យាល័យប្រោន បានចាប់ផ្តើមឡើងកាលពី២០ឆ្នាំកន្លងមក ក្រោយពីមានការសម្លាប់រង្គាលនៅទីលានធាណាមេន (Tiananmen Square)។ នេះបើតាមសម្តីរបស់លោក រ៉ូប៊ើត ឃូវ័រ (Robert Coover) ដែលជាសាស្ត្រាចារ្យនៃកម្មវិធីសិល្បៈអក្សរសិល្ប៍ នៅសាកលវិទ្យាល័យប្រោន។ សាស្ត្រាចារ្យ រ៉ូប៊ើត ឃូវ័រ មានប្រសាសន៍ថា គំនិតនៃការបង្កើតកម្មវិធីនេះគឺក្នុងគោលបំណង នាំយកអ្នកនិពន្ធទាំងឡាយដែលមានបញ្ហានៅក្នុងប្រទេសកំណើតរបស់ខ្លួន ឬប្រឈមនឹងការគំរាមកំហែង ឬជាប់ពន្ធនាគារ។ កម្មវិធីផ្តល់អាហារូបករណ៍ដល់អ្នកនិពន្ធ។ អ្នកនិពន្ធទី១ ដែលទទួលបានអាហារូបករណ៍គឺមកពីប្រទេសអ៊ីរ៉ង់ ប៉ុន្តែឆ្នាំនេះ កម្មវិធីផ្តល់អាហារូបករណ៍ឲ្យអ្នកនិពន្ធខ្មែរម្នាក់គឺ លោក ខូ តារាឫទ្ធិ ដែលបានសរសេរកំណាព្យ ប្រលោមលោករឿងខ្លីៗមួយចំនួន ដើម្បីឆ្លុះបញ្ចាំងតថភាព និងបញ្ហាសង្គមនានាដែលមាននៅកម្ពុជា។ ដោយមានវត្តមានរបស់លោក ខូ តារាឫទ្ធិ សាស្រា្តចារ្យឃូវ័រ មានប្រសាសន៍ថា វាអាចមានប្រយោជន៍ច្រើនក្នុងការរៀបចំមហោស្រពសេរីភាពតែងនិពន្ធអក្សរសិល្ប៍អន្តរជាតិ ស្តីពីការជំរុញឲ្យមានសំឡេងខ្មែរ ដែលមហោស្រពនេះផ្តោតជាពិសេសទៅលើស្ថានភាពតែងនិពន្ធនៅកម្ពុជា និងក្នុងតំបន់។ មហោស្រពចាប់ផ្តើមដោយផ្តោតទៅលើបញ្ហានៅក្នុងពិភពលោក ហើយបង្វែរទិសដៅទៅលើទំនាក់ទំនងប្រវត្តិសាស្រ្តរវាងអាមេរិក កម្ពុជា និងវៀតណាម។ ប្រធានបទនេះបានទាក់ទាញកវីកំណាព្យ និងអ្នកនិពន្ធវៀតណាមមួយចំនួន អតីតទាហានអាមេរិកក្នុងសង្គ្រាមវៀតណាម ដែលជាអ្នកនិពន្ធ។ ថ្ងៃព្រហស្បតិ៍ដែលជាថ្ងៃចុងក្រោយគឺផ្តោតទៅលើកម្ពុជាពេញមួយថ្ងៃ។ <!--IMAGE--> លោក ខូ តារាឫទ្ធិត្រូវបានជ្រើសរើសចេញពីបេក្ខជនឧទ្ទេសនាមរាប់រយនាក់សម្រាប់កម្មវិធីនេះ។ យោងតាមសាស្រ្តាចារ្យ ឃូវ័រ បេក្ខភាពរបស់លោកខូ តារាឫទ្ធិ មានការទាក់ទាញពីព្រោះប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក ជាពិសេសសហគមន៍សាកលវិទ្យាល័យប្រោន មានការយល់ដឹងតិចតួចបំផុតអំពីអក្សរសិល្ប៍កម្ពុជា ហើយជំនាន់លោកខូ តារាឫទ្ធិគឺជាជំនាន់ថ្មី ដែលតំណាងឲ្យការងើបឡើងថ្មីនៃអ្នកសិល្បៈ និងអ្នកនិពន្ធ។ ដូច្នេះវាជាការសំខាន់ក្នុងការយកគាត់មកសិក្សាស្រាវជា្រវនេះ។ សាស្រ្តាចារ្យ ឃូវ័រមានប្រសាសន៍ថា៖ «វាជាការល្អប្រសិនបើអ្នកអាចរកបានបេក្ខជនដែលមានសមត្ថភាពពីតំបន់ដែលសាកលវិទ្យាល័យមិនទាន់បានយកចិត្តទុកដាក់។ ហើយជាការពិតណាស់ថា យើងគ្មានកម្មវិធីស្តីអំពីកម្ពុជា ឬវៀតណាមទេ។ យើងមានសហគមន៍កម្ពុជាដ៏ធំនៅទីនេះ។ អ្នកដឹងទេ គេគិតថា សាកលវិទ្យាល័យប្រោន គឺនៅកន្លែងមួយក្នុងពិភពផ្សេងទៀត។ ដោយមានអ្វីមួយដែលអាចទាក់ទាញគេឲ្យមកចូលក្នុងបរិវេណសាកលវិទ្យាល័យ ហើយទាក់ទាញគេឲ្យចូលមក ហើយការណ៍ដែលបង្កើតសហគមន៍ជាមួយមនុស្សទាំងនេះ គឺពិតជាទិដ្ឋភាពដ៏មានតម្លៃដែលកើតចេញពីអ្វីដែលយើងកំពុងព្យាយាមធ្វើ»។ អ្នកស្រីឌ្យូឌីធ កាតាន (Judith Katan) ដែលបើកពីរដ្ឋខូណិកទីខាត់ (Connecticut) ដើម្បីមកចូលរួមក្នុងមហោស្រពនេះ បានប្រាប់វីអូអេ ខ្មែរថា ការពិភាក្សាគឺពេញដោយគំនិត និងព័ត៌មាន អំពីបទពិសោធរបស់មនុស្ស អំពីអ្វីដែលកំពុងកើតឡើងចំពោះសិល្បៈរបស់គេ អំពីពិភពប្រកបដោយការឆ្នៃប្រឌិតរបស់គេ អំពីជីវិតប្រកបដោយឆ្នៃប្រឌិតនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងសង្គមរបស់គេនៅសហរដ្ឋអាមេរិក។ លោកស្រីកាតានបន្តថា៖ «ខ្ញុំពិតជាយល់ថា អ្វីៗគ្រប់យ៉ាងពិតជាធ្វើឲ្យរំជួលចិត្តខ្លាំងណាស់។ ពិតណាស់ថា ការស្តាប់រឿងរ៉ាវរបស់មនុស្សតែងតែធ្វើឲ្យយើងរៀន និងយល់ដឹងថែមទៀត។ ដូច្នេះខ្ញុំរៀនបានច្រើន ពីការស្តាប់រឿងរបស់គេ។ វាគ្មិនម្នាក់ៗមានរឿងដ៏គួរឲ្យចាប់អារម្មណ៍។ អ្នកដឹងទេ ខ្ញុំមិនអាចនិយាយសង្ខេបឲ្យបានគ្រប់គ្រាន់អំពីអ្វីដែលខ្ញុំបានរៀននោះទេ ប៉ុន្តែការតស៊ូទាំងឡាយដែលនៅតែត្រូវបានបន្តនៅកម្ពុជា សម្រាប់អ្នកដែលព្យាយាមទទួលព័ត៌មាន និងផលិតព័ត៌មាន។ ខ្ញុំដឹងអំពីរឿងនេះពីព័ត៌មាន ប៉ុន្តែការណ៍ដែលបានស្តាប់អ្នកបានប្រាប់អំពីរឿងនេះដោយផ្ទាល់គឺពិតជារំជូលចិត្ត និងក្រៀមក្រំណាស់»។ តារាហ៊ីបហប់ ខ្មែរអាមេរិកប្រាជ្ញ លី គឺជាវាគ្មិនម្នាក់ក្នុងមហោស្រពសេរីភាពក្នុងការតែងនិពន្ធអក្សរសិល្ប៍អន្តរជាតិនេះ។ លោក ប្រាជ្ញ លី ដែលរស់នៅទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ថ្លែងថា វាជាកិត្តិយសណាស់ដែលលោកត្រូវបានអញ្ជើញឲ្យចូលរួមក្នុងមហោស្រពនេះ ដែលបានផ្តល់ឱកាសលោកបានទាក់ទងអ្នកនិពន្ធកម្ពុជាផ្សេងៗទៀត។ លោកប្រាជ្ញ លី ថ្លែងថា៖ «ខ្ញុំពេញចិត្តណាស់ ពីព្រោះខ្ញុំអាចភ្ជាប់បណ្តាញ និងបានឃើញអ្នកទាំងនេះមានទិសដៅដូចខ្ញុំដែរ ហើយព្យាយាមធ្វើឲ្យមានការផ្លាស់ប្តូរ និងធ្វើសេចក្តីថ្លែងការណ៍ ដូចលោក តារារិទ្ធ ជាដើម។ គាត់ដាក់ជីវិតគាត់នៅក្នុងគ្រោះថ្នាក់ ដោយនិយាយចេញមកនូវអ្វីដែលគាត់ចង់និយាយ។ គា្រន់តែមួយសប្តាហ៍នេះ គាត់ក្លាយជាវិរបុរសរបស់ខ្ញុំ។ ខ្ញុំក៏បានប្រាប់គាត់ដែរ ថា អ្វីដែលគាត់និយាយគឺជាពិតជាអ្វីដែលខ្ញុំកំពុងធ្វើ អ្នកដឹងទេ យើងមិនឯកោនោះទេ។ យើងមិនឯកោក្នុងការប្រយុទ្ធនោះទេ»។ នៅពេលដែលសួរថា តើតន្រ្តីរបស់គាត់ផ្តល់វិភាគទានទេចំពោះការផ្លាស់ប្តូរនៅក្នុងសង្គមកម្ពុជា លោកបា្រជ្ញ លី និយាយថា គាត់ដឹងថា ប្រជាពលរដ្ឋស្តាប់ចម្រៀងរបស់គាត់។ ចម្រៀងរបស់គាត់មានការប៉ះពាល់ដល់អារម្មណ៍របស់រដ្ឋាភិបាល ប៉ុន្តែអ្វីដែលគាត់ព្យាយាមធ្វើគឺលើកឡើងពីបញ្ហាសង្គម។ លោក ប្រាជ្ញ លីបន្តថា ប្រសិនបើរដ្ឋាភិបាលនិយាយថា ខ្ញួនហាមប្រាមចម្រៀងរបស់គាត់ គឺមានន័យថា ចម្រៀងរបស់គាត់គឺត្រូវបានរិតត្បិត ហើយរដ្ឋាភិបាលមានអារម្មណ៍ថា តន្រ្តីរបស់គាត់គឺជាការគំរាមមួយដល់ខ្លួន ពីព្រោះប្រជាពលរដ្ឋស្តាប់វា។ លោកប្រាជ្ញ បន្តទៀតថា៖ «វាពិតជាមានផលប៉ះពាល់ក្នុងទម្រង់ណាមួយ និងមធ្យោបាយណាមួយ ប៉ុន្តែខ្ញំមិនដឹកនាំគេទេ។ ខ្ញុំមិននិយាយថា យើងគួរធ្វើនេះ យើងគួរធ្វើនោះទេ។ ខ្ញុំនិយាយថា នេះគឺជាបញ្ហា។ យើងត្រូវការដំណោះស្រាយសម្រាប់បញ្ហានេះ។ ខ្ញុំមិនមែនជាអ្នកនយោបាយទេ។ ខ្ញុំគឺជាតន្រ្តីករ។ ខ្ញុំជាសិល្បៈករ។ ដូច្នេះខ្ញុំនឹងមិនបញ្ជាថាគួរធ្វើយ៉ាងនេះ យើងគួធ្វើយ៉ាងនោះទេ។ វាមិនមែនជាកិច្ចការរបស់ខ្ញុំទេ។ ខ្ញុំមិនមែនត្រូវគេបោះឆ្នោតឲ្យធ្វើដូច្នេះទេ»។ មហោស្រពសេរីភាពក្នុងការតែងនិពន្ធអក្សរសិល្ប៍អន្តរជាតិត្រុវបានបញ្ចប់ទៅដោយមានការអានស្នាដៃផ្ទាល់ ដោយកវីប្រលោមលោក ដ្យេហ្វ រ៉ៃមិន (Geoff Ryman) អ្នកនិពន្ធប្រលោមលោកបែបវិទ្យាសាស្ត្រ បែបគំនិតស្រមើស្រមៃ និងបែបមនោគតិនិយម ហើយជាអ្នកនិពន្ធសៀវភៅមួយដែលមានចំណងជើងថា ចម្រៀងចុងក្រោយរបស់ព្រះរាជា (the King's Last Song) ហើយបន្ទាប់មកមានលោកប្រាជ្ញ លី និងក្រុមតន្ត្រីរបស់លោកសម្តែង និងប្រគុំតន្ត្រី រែប និងហ៊ីបហប់ ដែលជាតន្រ្តីសម្រាប់យុវវ័យ ដែលមានអ្នកចូលទស្សនាយ៉ាងច្រើនកុះករ៕ This posting includes an audio/video/photo media file: Download Now |
លោកហ៊ុនសែនបញ្ជាឲ្យស៊ើបអង្កេតក្រុមហ៊ុននាំពលករទៅក្រៅប្រទេស Posted: 21 Mar 2011 01:08 PM PDT នាយករដ្ឋមន្ដ្រីកម្ពុជាបានបញ្ជាឲ្យមានការស៊ើបអង្កេតលើក្រុមហ៊ុននាំពលករទៅក្រៅប្រទេស។ បទបញ្ជានេះធ្វើឡើងបន្ទាប់ពីមានការស្លាប់ពលការិនីជាបន្តបន្ទាប់ នៅពេលដែលពួកគេរៀបចំខ្លួនទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។ លោកហ៊ុន សែន នៅថ្ងៃសុក្រទី១៨ខែមិនាសប្តាហ៍មុននេះ បានបញ្ជាឲ្យអង្គភាពប្រឆាំងអំពើពុករលួយនៃរដ្ឋាភិបាលរបស់លោកធ្វើការស៊ើបអង្កេតទៅលើក្រុមហ៊ុននាំពលករទៅក្រៅប្រទេសប្រយោជន៍ដើម្បីពិនិត្យមើលលក្ខខណ្ឌនៃការគាំពារពួកគេ នេះបើយោងតាមប្រភពពីមន្ដ្រីជាន់ខ្ពស់កម្ពុជា។ បទបញ្ជានេះធ្វើឡើង បន្ទាប់ពីមានពលការិនីចំនួនពីរនាក់ស្លាប់ជាបន្ដបន្ទាប់កាលពីខែកុម្ភៈ និងខែមិនានេះ ក្នុងលក្ខខណ្ឌគ្រប់គ្រងដោយក្រុមហ៊ុននាំពលករទៅក្រៅប្រទេសគឺក្រុមហ៊ុនអាយអាយអេស និងក្រុមហ៊ុន T&P ក្នុងពេលដែលពួកគេកំពុងរង់ចាំការចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ហើយស្ដ្រីម្នាក់ទៀតបានព្យាយាមរត់គេចខ្លួន ហើយបានបណ្ដាលឲ្យបាក់ជើងទាំងពីរ។ ប្រតិកម្មជាច្រើនបានលើកពីការសង្ស័យអំពីលក្ខខណ្ឌអាក្រក់ក្នុងការផ្ដល់ការស្នាក់នៅរបស់ពលការិនីទាំងនោះ។ លោកខៀវ កាញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរដ្ឋាភិបាល បានបង្ហាញនៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក (Facebook) នៅថ្ងៃសុក្រនេះថា លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន បានស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយរបស់លោកឱម យិនទៀង ស៊ើបអង្កេតបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុននាំពលករទៅក្រៅប្រទេសទាំងនៅក្នុងក្រុងភ្នំពេញ ទាំងនៅតាមបណ្ដាខេត្តនានា។ ក៏ប៉ុន្ដែលោកខៀវ កាញារិទ្ធ មិនបានបញ្ជាក់ថា តើលោកហ៊ុន សែនបានចេញបញ្ជានេះនៅពេលណាក្នុងខណៈអ្វីនោះឡើយ។ អ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងថា បទបញ្ជានេះធ្វើឡើងបន្ទាប់ពីមានអត្ថបទសារព័ត៌មាននិងវិទ្យុដែលរាយការណ៍ពីបញ្ហានេះជាច្រើន។ លោកកែវ រ៉េមី អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ និងលោកខៀវ កាញារិទ្ធមិនអាចទាក់ទងតាមទូរស័ព្ទបានទេនៅថ្ងៃនេះ។ ចាប់តាំងពីចុងឆ្នាំ២០១០រហូតមកដល់ដើមខែមិនានេះមានពលការិនីចំនួនបីនាក់បានស្លាប់បាត់ បង់ជីវិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចំនួនបីផ្សេងៗគ្នា។ ក្រុមអាជ្ញាធរប៉ូលិសបានអះអាងអំពីគ្រោះថ្នាក់ដែលបណ្ដាលមកពីជំងឺគាំងបេះដូង ក៏ប៉ុន្ដែមន្ដ្រីសង្គមស៊ីវិលបានប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុនថា ហេតុផលនេះគួរឲ្យសង្ស័យ ហើយពួកគេបានពិនិត្យឃើញថា «មានលក្ខខណ្ឌរស់នៅអាក្រក់ក្នុងមណ្ឌលស្នាក់នៅរបស់ក្រុមពលករ ហើយការហូបចុកមិនបានគ្រប់គ្រាន់»។ លោកឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា ក្រុមសមត្ថកិច្ចបានចាប់ផ្ដើមស៊ើបអង្កេតករណីស្លាប់ពលការិនីចុងក្រោយ ហើយការណីនេះនឹងត្រូវបញ្ជូនទៅកាន់តុលាការ។ «យើងធ្វើតាំងពីមានគ្រោះថ្នាក់ភ្លាមម្ល៉េះ គឺតាំងពីគាត់លោតមកបាក់ជើង។ យើងបានធ្វើការស៊ើបអង្កេត។ ហើយដល់ពេលសម្តេចមានប្រសាសន៍ យើងក៏បន្តខិតខំធ្វើការងារបន្តទៀត។ ក្នុងករណីនេះគឺត្រូវតែរៀបចំធ្វើការស៊ើបអង្កេត បញ្ជូនសំណុំរឿងទៅតុលាការធ្វើការវិនិច្ឆ័យ»។ លោកឧត្តមសេនីយ៍ប៊ិត គឹមហុង ដែលទទួលបន្ទុកស៊ើបអង្កេតសំណុំរឿងចុងក្រោយនេះ មិនអាចទាក់ទងបានទេ ដោយសារតែទូរស័ព្ទរបស់លោករោទិ៍ដោយគ្មានអ្នកទទួល។ កាលពីថ្ងៃពុធ ក្រុមអង្គការសង្គមស៊ីវិលបានជួបប្រជុំគ្នាដើម្បីប្រមូលទិន្នន័យដែលពួកគេស្រង់អំពីការគ្រោះថ្នាក់របស់ពលការិនី។ លោកមឿន តុលា ប្រធានកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍មានប្រសាសន៍ថា ក្រុមអង្គការសង្គមស៊ីវិលនឹងចងក្រងនូវលទ្ធផលស៊ើបអង្កេតរបស់ខ្លួនលើគ្រោះថ្នាក់នៃពលការិនីនៅក្រុមហ៊ុន T&P ទៅជូនក្រសួងមហាផ្ទៃ និងក្រសួងការងារក្នុងពេលឆាប់ៗនេះ។ «យើងសាទរចំពោះអន្តរាគមន៍របស់នាយករដ្ឋមន្រ្តី ព្រោះរឿងហ្នឹង វាមិនមែនជារឿងមួយដែលលេង ស៊ើចទេ ព្រោះថាគ្រាន់តែដើមឆ្នាំ២០១១ មនុស្សពីរនាក់បានស្លាប់ ហើយម្នាក់រងរបួសធ្ងន់រហូតដល់បាក់ជើងពីរ»។ មានក្រុមហ៊ុននាំពលករទៅធ្វើការនៅក្រៅប្រទេសយ៉ាងតិចចំនួន៣០នៅប្រទេសកម្ពុជា។ ពលករភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។ ក្នុងសប្ដាហ៍នេះ លោកសុន ឆៃ តំណាងរាស្ដ្ររបស់គណបក្សជំទាស់ បានសរសេរលិខិតមួយច្បាប់ទៅស្ថានទូតម៉ាឡេស៊ីក្នុងទីក្រុងភ្នំពេញ ដើម្បីស្នើឲ្យរដ្ឋាភិបាលប្រទេសម៉ាឡេស៊ីជួយពិនិត្យលើលក្ខខណ្ឌនៃការនាំពលករពីប្រទេសកម្ពុជាទៅកាន់ម៉ាឡេស៊ី៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |