Koh Santipheap Daily

Koh Santipheap Daily


ចង់​ម៉ឹម​អេង ខឹង​ប្រពន្ធ​មិន​មក​ផ្ទះ​ លេប​ថ្នាំ​ពុល​សម្លាប់ខ្លួន

Posted: 24 Mar 2011 01:21 AM PDT

បុរស​ជា​ប្តី​កំពុង​សង្គ្រោះ​បន្ទាន់នៅ​​​មន្ទីរពេទ្យ​​ខេត្ត​

​ខេត្តស្វាយរៀង​ ៖ ​បុរស​ម្នាក់​​តូច​ចិត​្ត​ដ្បិត​​ប្រពន្ធ​មិន​ឱ្យម៉ឹម​​​អេង​ផឹក​ថ្នាំ​ពុល​សម្លាប់​ខ្លួន ​​កាលពី​ថ្ងៃទី​២៣ មីនា ​២០១១ ​វេលាម៉ោង​​​៣​និង​​៣០នាទី​រសៀល​​​នៅ​ភូមិ​​ស្វាយ​តា​ភ្ល ​​ឃុំ​បា​សាក់ ស្រុកស្វាយជ្រំ ។ ជនធ្វើអត្តឃាត​​​ឈ្មោះ​​​គង់ ថាវី ​អាយុ​២២​ឆ្នាំ ​មានទីលំនៅ​​ភូមិ​​-ឃុំ​​កើត​ហេតុ​​ខាងលើ ។ បើ​តាម​​ស្ត្រីម្នាក់​​ឈ្មោះ​​​ដក់ សា​រួន ​អាយុ​​៤៨​ឆ្នាំ ​​ត្រូវជា​​បង​ថ្លៃ ​បានប្រាប់​កោះ​សន្តិ​ភាព​​ថា ​បុរ​សគិត​ខ្លី​​​គង់​​ ថាវី​ ​នេះ​មានប្រពន្ធ​​​ឈ្មោះ​​ត្រប់ អាយុ​២៣​ឆ្នាំ ​ជា​កម្មការិនី​​​រោងចក្រ​កាត់ដេរ​​ ស្ថិត​នៅ​ភូមិ​សាមគ្គី​​ សង្កាត់ស្វាយ​​តឿ ក្រុង​​ស្វាយរៀង ​​។

កាលពី​វេលា​ម៉ោង​​​៥​ល្ងាច​​ បុរស​ជាប្តី​​​បាន​ជិះម៉ូតូ​ទៅ​ទទួល​​ប្រពន្ធ​​ពី​​រោង​ចក្រ​​​ឌុប​ត្រឡប់​​មក​​ផ្ទះវិញ លុះ​​ដល់​​ភូមិ​សាលា​រៀន ​ឃុំបាសាក់ ​ប្រពន្ធ​​ឱ្យ​​ប្តី​​ឌុប​​​ចូលលេង​​ផ្ទះ​ម្តាយ​ ពេលនោះ​ប្តី​​និយាយ​ថា ​កុំ​អី​​​...​ប្រញាប់​​​ទៅ​ផ្ទះ​យើងវិញ​ ព្រោះ​បង​ឃ្លាន​ម៉ឹម! ​ពេល​នោះ​​ប្រពន្ធ​​និយាយ​​ថា ចូល​ផ្ទះ​ម្តាយតែ​​មួយភ្លែ​តទេ ​​...​ប្តីក៏យល់​ព្រម ​ពេលអង្គុយ​​លេង​បានមួយ​ស្របក់ ប្តីក៏​​និយាយ​​តឿន​ប្រពន្ធ​ទៀត​​ថា ​ប៉ុណ្ណឹង​បានហើយ​​ប្រញាប់​ទៅ​ផ្ទះ​ ផ្ទះគ្មាន​​អ្នកណា​នៅ​ទេ ។ កូន​យើង​​ បង​ផ្ញើ​​បងស្រី​​ឱ្យមើល​​​​ប្រញាប់​ទៅ​ ​បង​ឃ្លាន​ម៉ឹម ។ ទំនង​ជា​​ប្រពន្ធ​​​ស្តាប់ច្រឡំ ឬ​ក៏​ប្តីនិយាយ​​ច្រឡំ​​ក៏​​មិនដឹង​?...ប៉ុន្តែ​សម្រាប់​ប្រពន្ធ​​​​វិញ​ឮ​ថា ​ប្តី​និយាយ​ឃ្លានម៉ឹម ​ទើប​​មិនព្រម​ត្រឡប់​​ទៅផ្ទះ​​ជាមួយប្តី​ ខ្លាច​ប្តី​ម៉ឹមៗ... រួច​​ធ្វើ​អ្វីៗ​ទៀត... ​ម្យ៉ាង​នាង​កំពុង​អស់​​កម្លាំង​ចេញពីធ្វើការ​​រោង​ចក្រ​​​ផង ក៏​​តម្អក់​មិនទៅ​​ជា​មួយ​ប្តី ។

​ការ​ពិត​នាង​មានកូន​តូច​អាយុ​​៥ខែ ​នៅឯ​ផ្ទះ ប្រពន្ធទៅ​​ធ្វើការ​​រោងចក្រ​​ទុក​កូន​តូច​​ឱ្យប្តី​​មើល​នៅ​ផ្ទះ ​កូនតូច​ម៉ឹម​ដោះ​ម្តាយ​​បាន​តែ​​ពេលព្រឹក ​និង​ពេល​ល្ងាច​​ប៉ុណ្ណោះ ​ទើប​កូន​ឃ្លានម៉ឹម ​តែ​ដោយ​​​​សារ​ប្រពន្ធយល់​ច្រឡំ ​ឬ​ក៏​ប្តី​​ចង់ម៉ឹម​​​មែន ​ទែន ក៏​មិន​​ដឹង?​ ​ទើប​​​មិនព្រមត្រឡប់​ទៅ​ផ្ទះ​ជា​មួយ​ប្តី ។ ​បុរស​ជា​ប្តី​បានជិះ​ម៉ូតូ​​ត្រឡប់​ទៅផ្ទះ​វិញ​ម្នាក់​ឯង ​ហើយ​​ផ្ទះម្តាយ និង​ផ្ទះខាង​ប្តី​នេះ​នៅ​ចម្ងាយ​​២គីឡូម៉ែត្រពីគ្នា ​ពេល​បុរស​ជា​ប្តី​​ទៅ​ដល់​ផ្ទះ​អង្គុយ​តូចចិត្ត​​នឹងប្រពន្ធ​​មិនព្រម​​ត្រឡប់​​មក​ផ្ទះ​​​ជាមួយខ្លួន ក៏គិតខ្លី​​យកថ្នាំ​បំពុល​​សត្វល្អិត​​បាញ់ស្រូវ​ផឹក​​អស់ជិត​កន្លះ​​​ដប ធ្វើ​​ឱ្យ​​​ប្រកាច់​បែកពពុះ​មាត់​​​សន្លប់​​ឈឹងតែ​ម្តង​...ឥឡូវ​​កំពុង​សង្គ្រោះ​បន្ទាន់នៅ​​​មន្ទីរពេទ្យ​​ខេត្ត​ ៕​

ឃុំខ្លួន​បណ្តោះអាសន្ន​មន្ត្រី​ក​ងរាជ​អាវុធ​ហត្ថ​​​ជាប់ពាក់ព័ន្ធ​​ផលិត​​ចែកចាយ​គ្រឿងញៀន

Posted: 24 Mar 2011 01:11 AM PDT

​​លោក​ហាម ម៉េង ត្រូវ​​បានកម្លាំង​ជំនាញ​​ធ្វើការ​​​សាក​សួរ​ និង​រៀបចំ​​​សំណុំរឿង​​​បញ្ជូនទៅ​សាលា​ដំបូង​​ខេត្ត

​ខេត្តបន្ទាយមានជ័យ​ ៖ ​​មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​​​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​មាន​តួនា​ទី​ជា​អនុប្រធាន​​​​មន្ទីរ ផែនការ​​​ប្រតិបត្តិ​ការ​​របស់​កង​​​​រាជអាវុធហត្ថ​ខេត្ត ត្រូវកង​កម្លាំង​​កង​​រាជ​អាវុធ​​ហត្ថ​ដឹកនាំ​ផ្ទាល់​​ដោយ​លោក​​ឧត្តម​សេនីយ៍​​ត្រី​​​រ័ត្ន ស្រ៊ាង ​​មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​​ហត្ថ​ខេត្ត​​​ចុះ​បង្ក្រាប​​ចាប់ឃាត់​ខ្លួន​កាលពី​​​វេលាម៉ោង​​​៤​និង​​៣០​នាទី​​រសៀល​ថ្ងៃទី​​​២៣ មីនា ​២០១១ ​នៅ​ចំណុច​អតីត​​ទីសត្តឃាត​​ជ្រូក​ ស្ថិត​ក្នុង​​ភូមិ​បាលិ​លេយ្យ ​សង្កាត់ប៉ោយប៉ែត ​​ក្រុង​​ប៉ោយប៉ែត ​​​ពីបទ​ជាប់​ពាក់​ព័ន្ធ​​​​ផលិត​​​ចែក​ចាយ​គ្រឿងញៀន ។​

លោក​ឧត្តម​សេនីយ៍​​​ត្រី​​រ័ត្ន ស្រ៊ាង ​មេបញ្ជា​ការ​​​ក​ងរាជអាវុធហត្ថ​​​​ខេត្ត​បន្ទាយមានជ័យ ​​មាន​​ប្រសាសន៍​​ថា ​​បន្ទាប់ពី​​​សមត្ថកិច្ច​​​កង​រាជអាវុធ​ហត្ថ​​ធ្វើការ​បង្ក្រាប​​ទីតាំង​​​ផលិត​ចែកចាយ​គ្រឿង​ញៀន​​​ដ៏ធំ​មួយកន្លែង​​ក្នុងភូមិបាលិលេយ្យ​​​ សង្កាត់​ប៉ោយប៉ែត​​ ក្រុងប៉ោយប៉ែត​ សមត្ថកិច្ច​បាន​​ធ្វើ​ការ​​​ស្រាវជ្រាវ​​​ និងឈាន​ដល់​ការ​ឃាត់ខ្លួន​​​លោក​ហាម ម៉េង​​ ​អាយុ​​​៣៧​ឆ្នាំ ​មាន​តួនាទី​​ជា​អនុប្រធា​ន​​មន្ទីរ​​​​ផែនការ​​ប្រតិបត្តិការ​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត ។​

​លោក​ឧត្តមសេនីយ៍​ត្រី​​​មេ​បញ្ជា​ការ​​បាន​មាន​ប្រសាសន៍​​​បញ្ជាក់ទៀត​​ថា ​​លោក​ហាម ម៉េង ត្រូវ​​បានកម្លាំង​ជំនាញ​​ធ្វើការ​​​សាក​សួរ​ និង​រៀបចំ​​​សំណុំរឿង​​​បញ្ជូនទៅ​សាលា​ដំបូង​​ខេត្ត​​កាលពី​ល្ងាច​ម្សិលមិញ​នេះ ​បច្ចុ​ប្បន្ន​​ត្រូវបាន​សាលា​ដំបូង​​​ខេត្ត​​​​​បង្គាប់​​​ឱ្យ​ឃុំខ្លួនបណ្តោះ​អាសន្ន​​​​​​រង់ចាំ​ថ្ងៃ​បើក​​សវនា​ការ​​កាត់ទោស ៕

អាជ្ញា​ធរ​ ​និង​​សមត្ថ​កិច្ច​​សៀម​​មក​​ពិនិត្យ​​បង្គោល​ឡាក់​​ព្រំ​ដែន​​លេខ​​៣៦​ឯក​តោ​​ភាគី

Posted: 24 Mar 2011 12:51 AM PDT

ក្រុង​ប៉ោយ​ប៉ែត​ ៖ តាម​ប្រភព​ព័ត៌​មាន​ពី​ច្រក​តំបន់​បឹង​ត្រកួន​ស្ថិត​ក្នុង​ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយ​មាន​ជ័យ​​ឱ្យ​ដឹង​ថា អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​សៀម​របស់​ខេត្ត​ស្រះ​កែវ​នៅ​ថ្ងៃ​ទី​២៣ មីនា បាន​ចូល​មក​ពិនិត្យ​បង្គោល​ឡាក់​ព្រំ​ដែន​លេខ​៣៦​ចំនួន​២​ដង​ផ្ទួនៗ​គ្នា​ដោយ​ឯក​តោ​ភាគី​ និង​មិន​ផ្តល់​សេចក្តី​ជូន​ដំណឹង​ដល់​ភាគី​កម្ពុជាទេ ហើយ​ថែម​ទាំង​​មាន​ក្រុម​ប្រដាប់​អាវុធ​មួយ​ចំនួន​មក​ជាមួយ​ផង​។​

ជុំ​វិញ​ព័ត៌​មាន​នេះ​បើ​តាម​​ការ​ឱ្យ​ដឹង​​ពី​លោក​ប្រាក់ សាំ ប្រធាន​ប៉ុស្តិ៍​នគរ​បាល​ព្រំ​ដែន​ច្រក​តំបន់​បឹង​ត្រកួន​​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​ថា ពិត​ជា​មាន​ហេតុ​ការណ៍នោះមែន​។ នៅ​វេលា​ម៉ោង​៨ និង​៥០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៣ មីនា ក្រុម​ការ​ងារ​សៀម​មាន​ប៉ូលិសការ​ពារ​​ព្រំ​ដែន​​​សៀមវរ​សេនា​តូច​លេខ​១២៤​ចំនួន​១៧​នាក់​ ភ្ជាប់​មក​ជាមួយ​អាវុធ​M16ចំនួន​២​ដើម និង​អាវុធ​ខ្លី​ចំនួន​២​ដើម​បាន​ចូល​​មក​ពិនិត្យ​បង្គោល​ឡាក់​លេខ​៣៦​។ ​ក្រុម​ការ​ងារ​មក​ពី​ខេត្ត​ស្រះ​កែវ​នេះ​ដឹក​នាំ​ដោយ​លោក​អភិ​បាល​រង​ខេត្ត​ និង​ស្នង​ការ​ប៉ូលិស​ខេត្ត​ ព្រម​ទាំង​សហ​ការី​ចំនួន​១០​នាក់​ និង​អ្នក​យក​ព័ត៌​មាន​​៥​នាក់​​។ ក្រុម​នោះ​បានពិនិត្យ​ចំនួន​២៥​នាទី​ក៏​ត្រឡប់​ទៅ​វិញ​នៅ​ម៉ោង​៩ និង​១៥​នាទី​ថ្ងៃ​ដដែល​។

លោក​នាយ​ប៉ុស្តិ៍​បន្ត​ឱ្យ​ដឹង​ទៀត​ថា លុះ​ដល់​ម៉ោង​៣​រសៀល​មេ​បញ្ជា​ការ​ មេ​បញ្ជា​ការ​រង​ វរ​សេនា​តូច​លេខ​១២៤​ចំនួន​៦​នាក់​ទៅ​​ពិនិត្យ​បង្គោល​ឡាក់​លេខ​៣៦​នេះ​ម្តង​ទៀត​។ ខណៈ​មាន​ការ​ចុះ​មក​ពិនិត្យ​ចំណុច​បង្គោល​ឡាក់​លេខ​៣៦​ពី​ក្រុម​ការ​ងារ​របស់​សៀមនេះ​ខាង​លោក​បានទៅ​ជួប​ទំនាក់​ទំនង​សួរ​នាំ​ ហើយ​ប្រាប់​ពួក​គេ​ឱ្យ​​ផ្តល់​ព័ត៌​មាន​ផង​មុន​​ពេល​ចុះ​មក​ពិនិត្យ​បង្គោល​ឡាក់​ព្រំ​ដែន​។ ​ពេល​ក្រុម​ការ​ងារ​ខាង​កម្ពុជា​យើង​សួរ​រក​ហេតុ​ផល ​ភាគី​សៀមប្រាប់​ថា គ្រាន់​តែ​​ពិនិត្យ​បង្គោល​ឡាក់​ព្រំ​ដែន​ប៉ុណ្ណោះ​។

បង្គោល​ឡាក់​ព្រំ​ដែន​មួយ​នេះ​ស្ថិត​នៅ​ភូមិ​បន្ទាយ​មាន​រឹទិ្ធ​ ឃុំ​គោក​​រមៀត​ ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយ​មាន​ជ័យ​ឈម​នឹង​ភូមិ​ថៃ គឺ​ភូមិ​ចាប់​​សាន់​ ឃុំ​ថាត់​ថៃ ស្រុក​តាប់​ប្យា ខេត្ត​ស្រះ​កែវ​ និង​មាន​ចំងាយ​ប្រមាណ​៥០​ម៉ែត្រ​​ពី​ច្រក​តំបន់​បឹង​ត្រកួន​។ តាម​ប្រភព​ព័ត៌​មានឱ្យ​ដឹង​​ថា ក្នុង​ការ​ចូល​មក​ពិនិត្យ​បង្គោល​ឡាក់​ព្រំ​ដែន​របស់​ពួកសៀម​ដោយ​គ្មាន​ការ​ជូន​ដំណឹង​នេះ​ក៏​បាន​ធ្វើ​ឱ្យ​កំលាំង​ជួរ​មុខ​ភាគី​កម្ពុជា​យើង​មាន​ការ​ប្រុង​ជើង​ការ​ខ្ពស់​ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ផង​ដែរ ៕

អាជ្ញា​ធរ​​បញ្ចេញ​សាច់​ដុំ​ក្តៅ​បង្ក្រាប​រថ​យន្ត​ខុស​លក្ខណៈ​បច្ចេក​ទេស

Posted: 24 Mar 2011 12:46 AM PDT

អាជ្ញា​ធរ​​បញ្ចេញ​សាច់​ដុំ​ក្តៅ​បង្ក្រាប​រថ​យន្ត​ខុស​លក្ខណៈ​បច្ចេក​ទេស
អាជ្ញា​ធរ​​បញ្ចេញ​សាច់​ដុំ​ក្តៅ​បង្ក្រាប​រថ​យន្ត​ខុស​លក្ខណៈ​បច្ចេក​ទេស

ខេត្ត​ក្រចេះ​ ៖ ក្រោយ​ពី​មាន​ការ​ព្រមាន​ធ្ងន់ៗ​ពី​សម្តេច​តេជោ ហ៊ុន សែន ឱ្យបិទ​អាជីវ​កម្ម​ក្រុមហ៊ុន​ដឹក​ជញ្ជូន​​ឯក​ជន​ទាំង​ឡាយ​ណា​ដែល​នៅ​តែ​បំពាន​ច្បាប់​នោះ​ គេ​សង្កេត​ឃើញថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ អាជ្ញា​ធរ​ខេត្ត​​បាន​ធ្វើ​ប្រតិ​បត្តិ​ការ​ដ៏​ក្តៅ​គគុក​ចុះ​ចាប់​រថ​យន្ត​តទ្រុង​ និង​ដឹក​លើស​​ទម្ងន់​ដើម្បី​​យក​ទៅ​ផាក​ពិន័យ​និង​កែ​សំរួល​បច្ចេក​ទេស​សា​ជា​ថ្មី។ បើ​គេ​នៅ​ចាំ​មិន​ភ្លេច​ទេ​នោះ​ សម្តេច​តេជោនាយក​រដ្ឋ​មន្ត្រី​​ធ្លាប់​បាន​​​ចេញ​អនុ​សាសន៍​រួច​មក​ហើយ​ពី​រថ​យន្ត​ធុន​ធ្ងន់​ដែល​​ត​ទ្រុង​វែង​ខុស​បច្ចេក​ទេស​ និង​រថ​យន្ត​ដែល​ដឹក​លើ​ស​ចំណុះ​បំផ្លាញ​ផ្លូវ​ និង​ស្ពាន​​ តែកន្លង​​មក​​ឃើញ​ធ្វើ​តែមួយ​ប្រាវ​ក៏​ស្ងាត់​។ លុះ​សម្តេច​មាន​ប្រតិ​កម្ម​ថ្មី​ទៀត​ក៏​​ឃើញ​មាន​ការ​ចាត់​វិធាន​ការ​ឡើង​វិញ​។ ចំណែក​សកម្ម​ភាព​នេះ​សាធារណ​មតិ​សង្ឃឹម​ថា នឹង​មិន​ក្លាយ​ទៅ​ជា​រឿង​ដដែល​ៗ​ទៀត​​ទេ រាប់​ទាំង​កុង​ត្រូល​ជជុះផង​​។

នា​​ព្រឹក​ថ្ងៃ​ទី​២៣ មីនា នៅ​ក្នុង​បរិ​វេណ​មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​គណៈ​កម្មការ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​ ដែល​មាន​លោក​អភិ​បាល​ខេត្ត​ជា​ប្រធាន​ និង​ដឹក​នាំ​បញ្ជា​អនុវត្ត​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី​ ជួង ស៊ាង​ហាក់ ស្នង​ការ​នគរ​បាល​ខេត្ត​ លោក​ស្រេង ស្រស់ នាយក​មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​​ខេត្ត​​ ព្រម​ទាំង​មន្ត្រី​នគរ​បាល​សណ្តាប់​ធ្នាប់​​ចរា​ចរណ៍​ខេត្ត ​បាន​ចេញ​ប្រតិ​បត្តិ​ការ​ចាប់​ឃាត់​​រថ​យន្ត​របស់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​​ស្រា​បៀរ​ និង​រថ​យន្ត​ខុស​លក្ខណៈ​បច្ចេក​ទេស​ធុន​ធំ​មួយ​ចំនួន​ទៀត​ មក​ធ្វើ​ការ​កាត់​ទ្រុង​ចោល​ឱ្យ​ត្រូវ​តាម​បច្ចេក​ទេស​ដឹក​ជញ្ជូន​សា​ជា​ថ្មី​ទៅ​តាម​ច្បាប់​ដឹក​ជញ្ជូន ​ដោយ​មាន​​ការ​ចូល​រួម​វាយ​តម្លៃ​ពី​មន្ត្រី​ជំនាញ​សាធា​រណការ​ផង​ដែរ។

លោក​ស្រេង ស្រស់ នាយក​មន្ទីរ​សាធា​រណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ដោយ​អនុ​វត្តតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សាធា​រណ​ការ​ និង​ដឹក​ជញ្ជូន ​តប​ទៅ​តាម​អនុសាសន៍​​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​២២ មីនា គណៈ​កម្មការ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ បាន​ធ្វើ​ការ​ឃាត់​រថ​យន្ត​ខុស​លក្ខណៈ​បច្ចេក​ទេស​មួយ​គ្រឿង ដោយ​រថ​យន្ត​នោះ​លើក​កំពស់​ទ្រុង​ប្រវែង​០.៤​ម៉ែត្រ ហើយសមត្ថ​កិច្ច​បាន​ធ្វើ​ការ​កាត់​ចោល​​ ដោយ​មាន​ការ​ចូល​រួម​វាយ​តម្លៃ​​ពី​មន្ត្រី​ជំនាញ​សាធារណ​ការ​ និងធ្វើ​កិច្ច​សន្យា​ជា​មួយ​ម្ចាស់​រថ​យន្ត​ឱ្យ​បញ្ឈប់​ការ​កែ​ច្នៃ​រថ​យន្ត​ខុស​លក្ខណៈ​បច្ចេក​ទេស​ត​ទៅ​ទៀត​។

លោក​ឧត្តម​សេនីយ៍​ត្រី​ ជួង ស៊ាង​ហាក់​ ​បាន​មាន​ប្រសាសន៍​ដូច​គ្នា​ដែរ​ថា ដោយ​អនុវត្ត​ទៅ​តាម​បទ​បញ្ជា​របស់​ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ ក្នុង​នាម​លោក​ជា​អ្នក​ដឹក​នាំ​បញ្ជា​អនុវត្ត​នឹង​បន្ត​សកម្ម​ភាព​ត្រួត​ពិនិត្យបណ្តា​រថ​យន្ត​ខុ​ស​លក្ខណៈ​បច្ចេក​ទេស​ទាំង​កំពស់ ទំងន់ និង​រថ​យន្ត​ច្នៃ​គ្រប់​ប្រភេទ​ឱ្យ​​មាន​សកម្ម​ភាព​គ្រប់​ទី​កន្លែង​​នៅ​ទូ​ទាំង​ខេត្ត​ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​ដូច​ភ្លៀង​រលឹម​។ លោក​ស្នង​ការ​បាន​បញ្ជាក់​ទៀត​ថា លោក​នឹង​ចាត់​ឱ្យ​មន្ត្រី​នគរ​បាល​សណ្តាប់​ធ្នាប់​សហ​ការ​ជាមួយ​មន្ត្រី​ជំនាញ​គមនា​គមន៍​ខេត្ត ​បន្ត​ធ្វើ​ការ​ទប់​ស្កាត់​បណ្តា​រថ​យន្ត​ទាំង​នេះ​គ្រប់​គោល​ដៅ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ឱ្យ​ខាង​តែ​បាន ជា​ពិសេស​នៅ​តាម​បណ្តា​ផ្លូវ​ជាតិ​តាម​ស្រុក​ទូទាំង​ខេត្ត​ ៕

ដាក់​បំរាម​គោ​ចរ​ក្នុង​រដ្ឋ​ធានីបួ​គី​ណា​ ហ្វា​សូ

Posted: 24 Mar 2011 12:37 AM PDT

ផែនទីប្រទេសបួគីណាហ្វូសូ

បំរាម​គោ​ចរ​ត្រូវ​បាន​ដាក់​កាល​ពី​យប់​ថ្ងៃ​ទី​២២ មក​២៣ មីនា នៅ​ទី​ក្រុង​អៅហ្គា​ឌូហ្គូ រដ្ឋ​ធានី​បួ​គី​ណា​ហ្វា​សូ​ ដែល​នៅ​ទី​នោះ​​ប្រភព​យោធា​មួយ​លើក​ឡើង​ពី​ចលនា​តវ៉ា​មួយ​ផ្ទុះ​ចេញ​ពី​ពួក​ទាហាន​មួយ​ក្រុម​ ។
មាន​ការ​បាញ់​ត​គ្នា​រយៈ​ពេល​ជាង​៣​ម៉ោង​ រវាង​កង​យោធា​២​ក្រុម​ មួយ​ក្រុម​ស្ថិត​ក្នុង​ទី​ក្រុង​អៅ​ហ្គា​ឌូ​ហ្គូ និង​មួយ​ក្រុម​ទៀត​​នៅ​ជាយ​ក្រុង​
នេះ​។ ស្ថានី​យចាក់​​ប្រេង​ទាំង​ឡាយ​មាន​ការ​ចូល​ប្លន់​ ហើយ​វិថី​នានា​ហាក់​ដូច​ជា​ស្ងាត់​ជ្រងំ​កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ មីនា ។ រាល់​អគារ​រដ្ឋ​បាល​នៅ​តែ​បិទ​ទ្វារ​ក៏ដូច​ហាង​ទាំង​ឡាយ​នៃ​ទី​ផ្សារ​សំខាន់​របស់​រដ្ឋ​ធានី​។
រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​បួ​គី​ណា​ហ្វា​សូ លោក​ YERO BOLY ដែល​ពុំ​បាន​លាត​ត្រដាង​ពី​ប្រភព​នៃ​ការ​បាញ់​ប្រហារ​ទាំង​នោះ​​បណ្តាល​ឱ្យ​មនុស្ស​១២​នាក់​ត្រូវ​របួស​បាន​ធ្វើ​ការ​អំពាវ​នាវ​មួយ​ឱ្យ​មាន​ភាព​ស្ងប់​ស្ងាត់​។ លោក BOLY ពោល​ថា រដ្ឋា​ភិ​បាល​អះ​អាង​ថា រាល់​បញ្ហា​នឹង​លើក​ទៅ​ពិភាក្សា​ជាមួយ​ក្រុម​ផ្សេងៗ​ដើម្បី​ធ្វើ​ឱ្យ​សភាព​ការណ៍​វិល​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​។
យោង​តាម​ប្រភព​មួយ​របស់​សេនា​ធិការ​ដ្ឋាន​កង​ទ័ព​ថា ​កាំ​ភ្លើង​ត្រូវ​បាញ់​ចេញ​ដោយ​ពួក​ទាហាន​ដែល​តវ៉ា​ប្រឆាំង​នឹង​ការ​កាត់​ទោស​ដាក់គុក​​​ទាហាន​៥​នាក់​ដែល​ជាប់​ចោទ​ថា វាយ​ធ្វើ​បាប​ជន​សីុ​វិល​ម្នាក់​។
ជា​ប្រទេស​មួយ​មាន​ប្រជា​ជន​១៥​លាន​នាក់​ស្ថិត​​នៅ​អាហ្វ្រិក​ខាង​លិច​បួ​គី​ណា​ហ្វា​សូ​តែង​ចៀស​ផុត​ពី​អស្ថេរ​ភាព​តំបន់​ ទោះ​បី​ជា​អាជ្ញា​ធរ​បាន​បិទ​សាកល​វិទ្យា​ល័យ​ទាំង​ឡាយ​នា​ខែ​នេះ​ បន្ទាប់​ពី​បាតុ​កម្ម​ហិង្សា​​របស់​ពួក​និស្សិត​ក៏​ដោយ​។ ជា​ប្រទេស​ផលិត​កប្បាស​យ៉ាង​ធំ​មួយ បួ​គី​ណា​ហ្វា​សូ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជួប​ប្រទះ​នឹង​ការ​ឡើង​ថ្លៃ​ខ្ពស់​នៃ​វត្ថុ​ធាតុ​ដើម​ទាំង​ឡាយ ៕

ពួក​លោកខាង​លិច​បើកការ​វាយប្រហារ​​តាមអាកាស​ប្រឆាំង​​កង​ទ័ព​លោក​​កាដាហ្វី​ទៀត

Posted: 24 Mar 2011 12:37 AM PDT

យន្តហោះអូតង់ដែលត្រៀម​វាយប្រហារលីប៊ី
បណ្តាស្រ្តីលីប៊ីដែលគាំទ្រលោក​ កាដាហ្វី

កងទ័ព​ប្រទេស​សម្ព័ន្ធមិត្ត​​កាលពីព្រឹកថ្ងៃ​ទី​​២៤ មីនា បាន​បើកការ​វាយប្រហារ​​​តាមអាកាស​មួយ​ឈុត​​​ទៀត ​ប្រឆាំងកង​កម្លាំង​របស់​​មេ​ដឹកនាំ​​ផ្តាច់ការ​​លីប៊ី លោកមូអាម៉ា កាដាហ្វី ជា​ថ្ងៃទី​​៦ នៃ​ការ​វាយ​ប្រហារ​​តាមអាកាស​​របស់ពួក​លោក​ខាង​លិច នៅ​លីប៊ី​ក្នុងកិច្ច​​ខិតខំប្រឹងប្រែង​​បញ្ឈប់​រដ្ឋាភិ​បាល​ប្រទេស​នេះកុំ​​ឱ្យ​ធ្វើ​​ការវាយប្រហារ​​ប្រឆាំង​ជនស៊ីវិលទៀត ។ ​ការវាយប្រហារ​​របស់​ប្រទេស​សម្ព័ន្ធ​មិត្ត​​លើ​កចុងក្រោយ​​នេះគឺ​សំដៅ​​តំបន់ Tajura ជាយក្រុង​​ទ្រីប៉ូលី រដ្ឋធានី​​​លីប៊ី ​ក្រោយ​​ពី​​កងទ័ព​​ស្ម័គ្រ​​​ស្លាប់របស់​​លោកកាដាហ្វី ​វាយ​ប្រហារ​​ប្រឆាំង​​មន្ទីរពេទ្យ​​សំខាន់មួយ ។​
ប៉ុន្តែ​ទោះបីជាបែបណា ​ការ​វាយប្រហារ​​លើក​ចុងក្រោយ​នេះ​​ពុំមាន​​របាយការណ៍​​ពី​អ្នក​ស្លាប់​ ឬ​របួស​នោះទេ ។​
ដោយឡែកកាលពីថ្ងៃទី​​២៣ មីនា កន្លង​មក ​កងទ័ព​របស់​លោក​កាដាហ្វី​​បានបើកការ​វាយ​ប្រហារ​​​​​​​​​លើទីក្រុង​​​នានា ​ដែលកាន់​កាប់ដោយ​​ពួក​ឧទ្ទាម​​​បង្ខំ​ឱ្យជនស៊ីវិល​​​​រត់​ភៀសខ្លួន​ ។ នាវា​ចម្បាំង​​របស់អង្គការ​​អូតង់​​ត្រូវ​បានបញ្ជូន​​ឱ្យ​ល្បាត​​​​តាម​ឆ្នេរសមុទ្រ​​លីប៊ី ដើម្បី​​ពង្រឹង​​​ការ​ហ៊ុម​ព័ទ្ធ​​​អាវុធប្រឆាំង​​លោកកា​ដា​ហ្វី ។​
អ្នកការទូត​​អង្គការ​អូតង់​​មួយរូបនិយាយ​ថា សម្ព័ន្ធ​មិត្ត​​ដែលមាន​២៨ប្រទេស​​​ជា​សមាជិក​នៅ​ថ្ងៃទី​២៤ មីនា នឹង​ព្យាយាម​​​ម្តងទៀត ដើម្បី​​​ឈាន​ដល់​ការ​សម្រេច​​ថា តើ​​ការ​ទទួលខុស​ត្រូវ​​ចំពោះការ​​បញ្ជា​ប្រតិបត្តិការ​​សឹក​នៅ​លីប៊ី ដោយ​ប្រទេស​​បារាំង អង់គ្លេស ​និង​សហរដ្ឋអាមេរិក ​គួរ​តែ​ប្រគល់​ទៅ​ឱ្យ​អង្គការ​​អូតង់ ឬ​ក៏អត់ ។
ប្រធានាធិបតី​​សហរដ្ឋអាមេរិក ​លោកបារ៉ាក់ អូបាម៉ា ​មានទទូច​​ជាថ្មី​ម្តងទៀត​ថា ​​លោកកា​ដា​ហ្វី​​ត្រូវ​តែ​​ចុះ​ចេញពី​តំណែង​​ជា​បន្ទាន់​៕

ជន​ដៃ​ដល់​ប្លន់​សម្លាប់​​ជន​ជាតិ​អ៊ីតាលី​ និង​លួច​​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន

Posted: 24 Mar 2011 12:33 AM PDT

ជន​ដៃ​ដល់​ប្លន់​សម្លាប់​​ជន​ជាតិ​អ៊ីតាលី​ និង​លួច​​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​

ខេត្ត​ព្រះ​សីហនុ ៖ ជន​សង្ស័យ​ម្នាក់​​​​បាន​​ត្រូវ​សមត្ថ​កិច្ច​​​​​ការិយា​ល័យ​​កណ្តាល​នគរ​បាល​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​ ឃាត់​ខ្លួន​កាល​ពីវេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២១​ មីនា នៅ​ចំណុច​​ភូមិ​ថ្មី (ភូមិ​៣) សង្កាត់​​លេខ​៣ ក្រុង​ព្រះ​សីហនុ ពី​បទ​ចោរ​កម្ម​ និង​សម្លាប់​​ជន​ជាតិ​អ៊ីតាលី ។

យោង​​តាមលោក​វរ​សេនីយ៍​ត្រី​ ខេង សុផល ​អនុ​ប្រធាន​ការិយា​ល័យ​​​កណ្តាល​នគរ​បាល​ព្រហ្ម​ទណ្ឌ​​ខេត្ត​បាន​ឱ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​​នេះ គឺ​​ធ្វើ​ឡើង​តាម​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ​​ឈ្មោះ​កុល ​វណ្ណា​លី  ភេទ​ស្រី អាយុ​២១​ឆ្នាំ ​មាន​​ទីលំនៅ​ក្រុម​១៧ ភូមិ​២ សង្កាត់​លេខ​៣ ក្រុង​ព្រះ​សីហនុ ដែល​បាន​បាត់​សំភារ​រួម​មាន​ទូរស័ព្ទ​ចំនួន​២​គ្រឿង ម៉ាក​អាយ​ហ្វូន និង​ទូរស័ព្ទ​​ម៉ាក​ណូគៀ ចំនួន​២​គ្រឿង កាបូប​ដាក់​លុយ​ចំនួន​១ ក្នុង​នោះ​មាន​លុយ​ចំនួន​៩០០​ដុល្លារ ក្រវិល​​ប្លាទីន​ចំនួន​១​គូ និង​ក្បាល​ខ្សែ​ក្រវាត់​ចំនួន​១ កាលពី​វេលា​ម៉ោង​​២​​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​២១​ មីនា។

ប្រភពដដែល​បាន​បន្ត​ទៀត​ថា ជន​សង្ស័យ​ដែល​​​ឃាត់​ខ្លួន​នេះ​​​ឈ្មោះ​ញឹម ឡាយ ភេទ​ប្រុស អាយុ​​១៩​ឆ្នាំ ​មុខ​របរ​ និង​ទី​លំនៅ​​មិន​ពិត​ប្រាកដ។ ​អ្វី​ដែល​គួរ​ឱ្យ​​កត់​សំគាល់​​​និង​​ជា​មោទន​ភាព​នា​ពេល​នេះ គឺ​កម្លាំង​ជំនាញ​យើង​បំបែក​សំណុំ​រឿង​បាន​ចំនួន​២ ក្នុង​ពេល​តែ​មួយ ​ដែល​សំណុំ​រឿង​ទី​១ គឺ​​ចោរ​កម្ម និង​សំណុំ​រឿង​ទី​២ គឺ​ប្លន់​សម្លាប់​ជន​ជាតិ​អ៊ីតាលី លោក RICCIARINI អាយុ​៥២​ឆ្នាំ ​កាល​ពី​ថ្ងៃ​ទី​៨ កុម្ភៈ ឆ្នាំ​២០១១​នៅ​ចំណុច​ក្រុម​ទី​១១ ភូមិ​២ សង្កាត់​លេខ​៣ ក្រុង​​ព្រះ​សីហនុ ។

យោង​តាមចម្លើយ​​សារ​ភាព​របស់​ជន​សង្ស័យ​​បាន​ឱ្យ​ដឹង​ថា​ ករណី​លួច​សំភារ និង​ប្លន់​សម្លាប់ជន​បរទេស​នោះ គឺ​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​ដោយ​កាល​នោះ​ខ្លួនគ្មាន​បំណង​សម្លាប់​​ទេ​គឺ​ចូល​ក្នុង​ផ្ទះ​ជន​បរទេស​នោះ​ក្នុង​បំណង​លួច​សំភារ​​ តែ​ដោយ​សារ​ជន​បរទេស​តដៃ​ខ្លួន​ក៏​យក​ឈើ​ជ្រុង​វាយ​សម្លាប់​តែ​ម្តង ។​ បន្ទាប់​ពី​សម្លាប់​រួច​ ខ្លួន​ក៏​ប្រមូល​លុយ​ ទូរស័ព្ទ​​ដៃ និង​កុំ​ព្យូទ័រ​យួរ​ដៃ​មួយ​គ្រឿង ។ ជន​សង្ស័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ ៕

ឪពុក​ម្តាយ​​ខាង​​ប្រុស​​យឺត​​យាវ​​ត្រូវ​​ខាង​​ស្រី​ចោទ​​ប្រកាន់​​ថា ​ចាប់​​រំលោភ

Posted: 24 Mar 2011 12:11 AM PDT

យុវជន​ម្នាក់​ត្រូវ​បាន​​ភាគី​​ខាង​​ស្រី​ប្ដឹង​សមត្ថកិច្ច​ចោទ​ប្រកាន់​ពី​បទ​រំលោភ​​សេព​សន្ថវៈ

ខេត្ត​កំពង់​ធំ ៖ ​យុវជន​ម្នាក់​ត្រូវ​បាន​​ភាគី​​ខាង​​ស្រី​ប្ដឹង​សមត្ថកិច្ច​ចោទ​ប្រកាន់​ពី​បទ​រំលោភ​​សេព​សន្ថវៈ ​ខណៈ​ដែល​គ្រាន់​តែ​​យុវជន​​ខាង​​លើ​នេះ ​សុំ​ពន្យារ​​ពេល​​រៀប​ចំ​ពិធី​សែន​ព្រេន ​ដោយ​សារ​ឪពុក​ម្ដាយ​​របួស​​ខ្លួន​​នៅ​ខេត្ត​ឆ្ងាយ​​មិន​​ទាន់​ធ្វើ​ដំណើ​មក​ដល់។

​ហេតុ​ការណ៍​ភាគី​ខាង​ស្រី​ដាក់​ពាក្យ​ប្ដឹង​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​បារាយណ៍​​ឱ្យ​​ដឹង​​ថា ​យោង​តាម​ពាក្យ​បណ្ដឹង​របស់​នារី​ឈ្មោះ ​ប.គ.ស ​អាយុ​១៨ឆ្នាំ ​ទី​លំនៅ​ភូមិ​ចតុ​លោក​ ឃុំ​បា​រាយណ៍ ស្រុកបារាយណ៍ បាន​បញ្ជាក់ថា កាល​ពី​វេលា​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី២១ មីនា ២០១១ ពេលដែលនារីរូបនេះត្រឡប់មក​ពី​មើលគេរាំធុង​បាស់វិញ ក៏​បានអង្គុយលេងនៅ​លើ​អង្រឹង​ក្រោម​ផ្ទះរបស់បងស្រី​ជាមួយ​យុវ​ជន​ឈ្មោះ​វុន បញ្ញា ហៅយ៉ា អាយុ​២៤ឆ្នាំ ​មាន​ទី​លំនៅ​ភូមិ​ប៉ោយ​សំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់នៅស៊ីឈ្នួលបោក​ស្រូវ​​ឱ្យ​គេ​នៅ​ក្នុង​ភូមិចតុលោក ឃុំបារាយណ៍ ពេល​នោះ​ជន​ជាប់ចោទក៏ធ្វើសកម្មភាពចាប់​រំលោភ​នៅលើ​អង្រឹងតែម្ដង។

ដោយឡែកស្ត្រីជាម្ចាស់ផ្ទះត្រូវជាបងស្រី​របស់នារីរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅ​យប់នោះខ្លួនបានលឺសំលេង​រអ៊ូៗ ក៏មើល​តាម​ចន្លោះប្រហោងរនាបផ្ទះ ពេលនោះ​ក៏​បាន​ឃើញ​ជនជាប់ចោទកំពុង​ធ្វើសកម្មភាពរំលោភ​ប្អូន​ស្រី ហើយខ្លួនក៏​ស្រែកសួរ និងផ្អើលឆោឡោឡើង។ ជា​មួយការចោទប្រកាន់របស់​គ្រួសារ​នារីរង​គ្រោះ​ខាងលើនេះ សាក្សីពីរនាក់ដែល​ធ្លាប់​បាន​ដឹង​រឿងរវាង​អ្នកទាំងពីរ​បាននិយាយថា កន្លង​មក ​អ្នកទាំងពីរធ្លាប់មានទំនាក់​ទំនងស្រឡាញ់គ្នា ប៉ុន្តែទំនងជាបងស្រី​នាង​មិនដឹងរឿងប្អូន ឬ​អាច​និយាយថា ទំនងជា​ខ្លាចខាងប្រុស​ក្រឡាស់​សម្តី​ឪពុកម្ដាយ មិនព្រមមករៀបចំសែនព្រេន ទើប​មាន​ការចោទ​ប្រកាន់​ថា​រំលោភ។

ដោយឡែកឪពុកខាងប្រុសវិញបានប្រាប់​នគរបាលថា គាត់គ្មានចេតនា​បោកប្រាស់ ឬ​ក្រឡាស់​សម្តីឡើយ គឺរង់ចាំតែរួចរាល់​ការងារ​បន្តិច​តែប៉ុណ្ណោះ ហើយបើ​កូនប្រុសគាត់មាន​បំណង​រត់គេចប្រហែលជាគេ​រត់​តាំងពីយូរ​មក​ហើយ។ នៅឯអធិការនគរបាលស្រុកបារាយណ៍ ក្រោយសមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទ​ភាគីនារីរង​គ្រោះបានធ្វើការទាមទារសំណង​ប្រាក់​ជាងមួយពាន់ដុល្លារ​ពីខាងប្រុស ប៉ុន្តែ​ភាគី​ខាង​ប្រុសគ្មានលទ្ធភាព ទើបរឿងរ៉ាវនេះឈាន​ដល់​ការបញ្ជូនខ្លួន៕

ជន​ជាតិ​​អឺរ៉ុប​៧​នាក់​ចាប់​ពង្រត់​នៅ​ភាគ​ខាង​កើត​លី​បង់

Posted: 24 Mar 2011 12:10 AM PDT

អ្នក​ជិះ​កង់​ជា​ជន​ជាតិ​អឺរ៉ុប​៧​នាក់​ត្រូវ​បាន​ចាប់​ពង្រត់​កាល​ពី​ថ្ងៃ​ទី​២៣ មីនា នៅ​ភាគ​ខាង​កើត​​លី​បង់​។ ព័ត៌​មាន​ច្បាស់​លាស់​អំពី​ការ​ចាប់​ពង្រត់​ពួក​គេ​នៅ​តែ​ជា​អាថ៌​កំបាំង​។
អ្នក​ជិះ​កង់​ទាំង​នេះ​ដែល​មក​ពី​ប្រទេស​ស៊ី​រី​បាន​ឆ្លង​កាត់​ព្រំ​ដែន​លី​បង់​នា​វេលា​ម៉ោង​១៤​ម៉ោង​ក្នុង​ស្រុក​។ ពួក​គេ​មក​ពី​ស៊ីរី​ឆ្លង​កាត់​ចំណុច​ត្រួត​ពិនិត្យ​ម៉ា​ស្នា​អា​ ហើយ​ត្រូវ​ចាប់​ពង្រត់​ដាក់​ក្នុង​រថ​យន្ត​បឺស​ធុន​តូច​ចំនួន​២​គ្រឿង​ និង​រថ​យន្ត​មែរ​សឺ​ដេស​មួយ​គ្រឿង​នៅ​ជិត​តំបន់​ឧស្សាហ​កម្ម​សាហ៍​ឡេ​។ ពួក​គេ​អាច​មាន​សញ្ជាតិ​​អ៊ុយ​ក្រែន និង​អេស្តូនី​។ អត្ត​សញ្ញាណ​ប័ណ្ណ​អ៊ុយ​ក្រែន​មួយ​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​ចាប់​ពង្រត់ រួម​ទាំង​​កង់​ទាំង​ឡាយ​។ កង​កំម្លាំង​សន្តិ​សុខ​កំពុង​តែ​ធ្វើ​ការ​សើុប​អង្កេត​។
អ្នក​ទេស​ចរ​ប៉ូឡូញ​២​នាក់​ត្រូវ​ចាប់​ពង្រត់​កាល​ពី​ឆ្នាំ​ទៅ​មិញ​នៅ​បេកា​អា​ តែ​ពួក​គេ​ក្រោយ​មក​បាន​ត្រូវ​ដោះ​លែង​វិញ​ពេល​កង​កម្លាំង​សន្តិ​សុខ​បាញ់​ប្រហារ​លើ​ពួកអ្នក​ចាប់​ពង្រត់​​នៅ​ត្រង់​បារ៉ាស់​តាម​ផ្លូវ​ថ្នល់​មួយ​។ អ្នក​ចាប់​ពង្រត់​ម្នាក់​បាន​ត្រូវ​សម្លាប់ ៕

នាយករ​ដ្ឋ​មន្ត្រី​​ព័រទុយ​ហ្គាល់​សុំ​លា​លែង​ពី​តំណែង

Posted: 24 Mar 2011 12:09 AM PDT

នាយករដ្ឋមន្រ្តីព័រទុយហ្គាល់

ក្រោយ​ពាក្យ​ចចាម​អារ៉ាម​​ជា​ច្រើន​ថ្ងៃមកទី​បំផុត​​នា​យប់​ថ្ងៃទី​២៣ មីនា ព័ត៌​មាន​អំពIការ​សុំ​លា​លែង​របស់នាយក​រដ្ឋ​មន្ត្រី​ព័រ​ទុយ​ហ្គាល់​​លោក JOSE SOCRATES ត្រូវ​បានអះ​អាង​​ខណៈ​ដែលពួកប្រឆាំង​ទាំង​អស់​ក្នុង​សភា​​ដែល​​មាន​សម្លេង​ភាគ​ច្រើន​បានបដិសេធ​​កម្មវិធីស្តារ​​សេដ្ឋ​កិច្ច​របស់នាយក​រដ្ឋ​មន្ត្រី ។ ​មិនដល់​២​ម៉ោង​​ផង ក្រោយការបដិសេធ​នោះ​នាយករដ្ឋ​មន្ត្រី​​ព័រ​ទុយ​ហ្គាល់​រូប​នេះ​បាន​ប្រកាស​​ពីការ​សុំ​​លា​លែង​របស់​លោក ។
ក្នុង​សេចក្តី​ប្រកាស​មួយ​ទៅ​កាន់​ប្រជា​ជាតិ​លោក SOCRATES ថ្លែង​ថា ពេលនេះ​គណ​បក្ស​​​ប្រឆាំង​ទាំង​អស់​បានបដិសេធ​វិធាន​ការ​ទាំង​ឡាយ​​ស្នើ​ដោយ​រដ្ឋាភិបាល​ ដើម្បី​ចៀស​វាង​កុំ​ឱ្យ​ព័រទុយ​ហ្គាល់​ត្រូវ​បង្ខំ​ចិត្ត​​ប្រើ​ប្រាស់​​កម្ម​វិធី​ជំនួយ​ពី​ខាងក្រៅ​មួយ ។ ពួកប្រឆាំង​​​បាន​ដក​ហូត​រដ្ឋា​ភិ​បាល​​នូវ​រាល់លក្ខខណ្ឌ​​សម្រាប់​ដឹកនាំ ។​ អា​ស្រ័យ​​ហេតុ​នេះ​បាន​ជាខ្ញុំ​សម្រេច​ដាក់ពាក្យ​សុំ​លា​លែង​​ជូនចំពោះ​​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ ។
កាលពី​យប់​ថ្ងៃទី២២ មីនា គណបក្សសង្គម​​ប្រជា​ធិបតេយ្យ​ PSD ជាគណបក្ស​ប្រឆាំង​សំខាន់​​​បានអំពាវ​នាវ​ឱ្យ​បោះ​ឆ្នោតប្រឆាំង​នឹងកម្ម​វិធី​ធ្វើ​ឱ្យ​មាន​ស្ថិរ​ភាព​ និងកំណើន​ក្នុងនាម​នៃ​ផល​ប្រយោជន៍ជាតិ​ដោយ​វាយ​តម្លៃ​ថា មាន​តែ​ការ​ចាកចេញ​របស់​នាយក​រដ្ឋ​មន្ត្រី​​ និង​ការ​បោះឆ្នោត​ថ្មី សម្រាប់​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ទេ ដែលនឹង​អាច​ឱ្យ​ព័រទុយ​ហ្គាល់​ទាក់ទាញ​​បាន​វិញ ​នូវ​ការ​​ជឿ​ទុកចិត្ត​របស់​បណ្តា​​ដៃគូ​អឺរ៉ុប​ ក៏​ដូច​ជា​បណ្តា​ទីផ្សារ​ហិរញ្ញ​វត្ថុ  ៕

បើកម៉ូតូ​បុក​ចំពាក់កណ្តាល​រថយន្ត​របួសធ្ងន់​​ម្នាក់

Posted: 24 Mar 2011 12:00 AM PDT

បើកម៉ូតូ​បុក​ចំពាក់កណ្តាល​រថយន្ត​របួសធ្ងន់​​ម្នាក់​

​ខេត្ត​បន្ទាយមានជ័យ​ ៖ ​ម៉ូតូមួយគ្រឿង​​បានបើក​​ទៅបុក​រថយន្ត​ចំពាក់​កណ្តាល​​​រថយន្ត​​ខណៈ​ពេល​កំពុង​បត់ បណ្តាល​ឱ្យ​​អ្នកបើក​ម៉ូតូ​រង​របួស​​ធ្ងន់ធ្ងរ​ ។ ហេតុការណ៍​នេះ បាន​កើត​​​ឡើង​នៅ​​វេលាម៉ោង​​​៣​និង​​៤០នាទី​​រសៀល​​ថ្ងៃទី​​២៣ ​មីនា ​ឆ្នាំ​២០១១ ​លើ​ផ្លូវ​ជាតិលេខ​៦ ចម្ងាយ​​១០​គីឡូម៉ែត្រ ពី​ផ្លូវ​​ចូលស្នង​ការ​​ដ្ឋាននគរបាល​​​​​ខេត្ត​បន្ទាយមានជ័យ ​ស្ថិត​នៅ​​ក្នុងភូមិ​​​តារាង​​បាល់ ​សង្កាត់​ព្រះពន្លា ​ក្រុងសិរីសោភ័ណ ។

ចំពោះ​រថយន្ត​​ដែលបង្ក​​​ម៉ាក​ហ៊ី​យ៉ាន់ដាយ​ ពណ៌​ស-បៃតង ​ផ្ទុក​​ទំនិញ​​​ធុន​ធ្ងន់ បើក​បរ​ដោយ​ឈ្មោះ​​ជឺង ​ប៊ុន​ដារ៉ា ​ភេទប្រុស អាយុ​​២១​ឆ្នាំ ​មាន​ទីលំនៅ​ភូមិបឹង​ខ្នារ ឃុំ​បឹង​​ខ្នារ ​ស្រុកបា​កាន ខេត្តពោធិ៍សាត់ ។ ចំណែក​​ម៉ូតូម៉ាក​​ហុង​ដា ឌ្រីម ​ធុន​ C125 ពណ៌ខ្មៅ ​ស៊េរី​២០១០ ​បើក​​បរ​ដោយ​​​ឈ្មោះ​វ៉ាន់ សល ​ភេទប្រុស អាយុ​៣២​ឆ្នាំ ​នៅភូមិ​​​សូភី សង្កាត់​កំពង់ស្វាយ ​ក្រុង​សិរីសោ​ភ័ណ ​ខេត្តបន្ទាយមានជ័យ ។​

បើ​តាម​ការ​​ឱ្យ​ដឹង​ពីសាក្សី​នៅកន្លែង​កើត​ហេតុ​​និយាយ​ថា មុនពេល​កើតហេតុ ​រថយន្ត​បង្ក​​​បានបើក​​បរ​ក្នុងទិសដៅ​​ពី​​លិច​ទៅ​​​កើត ​ពេល​មក​ដល់​ចំណុច​​ខាងលើ​បាន​​ឈប់​ចត បន្ទាប់​​មក​ក៏​បើក​បត់​ក្បាល​ត្រឡប់​មក​ក្រោយ​វិញ ទើប​បាន​ពាក់​កណ្តាល​​​ថ្នល់ ស្រប​ពេល​នោះ អ្នកបើក​បរ​​ម៉ូតូ​មក​​ដល់​ចាប់​ហ្វ្រាំង​​មិនទាន់​ក៏ជ្រុល​​ទៅ​បុក​ចំ​ពាក់​កណ្តាល​​រថយន្ត​​បណ្តាល​​​ឱ្យ​មនុស្ស​​ និង​ម៉ូតូ​ដួល​នៅជាប់​នឹង​រថយន្ត​រង​របួស​បែក​ក្បាល​​ផ្នែក​ខាង​ក្រោយ ​សន្លប់​​​ធំ ហើយ​ត្រូវ​បាន​រថយន្ត​​សង្គ្រោះ​​របស់ស្នងការ​​ដ្ឋាន​​ដឹកទៅ​សង្គ្រោះ​​ភ្លាមៗ​​នៅ​មន្ទីរពេទ្យ​​​​ផងដែរ ។​

តាម​ប្រភព​ពី​មន្ត្រី​ប៉ូលិស​ចរាចរ​ខេត្ត​បាន​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​នាំ​​ឱ្យ​​គ្រោះថ្នាក់​នេះ​គឺ បណ្តាលមកពី​​​អ្នកបើក​បរ​​​រថយន្ត​មុនពេល​បត់​មានការ​ធ្វេស​ប្រហែស​​ ឯ​អ្នក​​បើក​បរ​ម៉ូតូ​ក៏​បើក​ល្បឿន​លឿន​មិន​​មើល​ឧបសគ្គ​ខាងមុខ ម្យ៉ាង​ទៀត មាន​មួក​សុវត្ថិភាព​​ ហើយបែរ​​ជា​មិនពាក់​​ដាក់​​ទុកនៅ​នឹង​​​កន្ត្រក​ម៉ូតូ​ទៅវិញ​ ​នេះ​​​ជា​មេរៀន​​ដល់​ប្រជា​ពលរដ្ឋ​​ដែលមានមួក​​សុវត្ថិភាព​ហើយ​មិនពាក់។ បច្ចុប្បន្ន​​វត្ថុតាង​បង្ក​គ្រោះ​ថ្នាក់​​​​សមត្ថ​កិច្ច​​យកមក​រក្សា​ទុកនៅការិយាល័យ​​ចរាចរណ៍​​ជើង​គោកខេត្ត​​រង់ចាំ​ការ​​ដោះស្រាយតាម​នីតិវិធី ៕​

វាយប្រហារ​អត្តឃាត​​នៅ​ភាគ​ពាយ័ព្យ​​ប៉ាគីស្ថាន​​ស្លាប់​5នាក់

Posted: 23 Mar 2011 11:59 PM PDT

មនុស្ស​​​៥​នាក់​បាន​​ត្រូវ​ស្លាប់ និង​​២៥​នាក់​ទៀត​​រង​របួស​​ក្នុង​ការ​វាយប្រហារ​​អត្តឃាត​​ដោយ​ការ​បំផ្ទុះ​​គ្រាប់បែក​បង្កប់ក្នុង​រថយន្ត​​នៅ​ប៉ុស្តិ៍​ប៉ូលិស​​​មួយ​ក្នុងទីក្រុង Hangu ភាគ​​ពាយ័ព្យ​​​ប៉ាគី​ស្ថាន ​កាលពីព្រឹកថ្ងៃទី​​២៤ មីនា កន្លង​មក ។ ​តាម​របាយការណ៍​​មួយ​ថា ការ​វាយប្រហារ​​នេះ​កើតឡើង​​នៅវេលាម៉ោង​​៧​និង​​​​៣៥​នាទីព្រឹក​​ម៉ោង​ក្នុងស្រុក​​ដោយ​រថយន្ត​​​បង្កប់​​គ្រាប់បែក​​មួយ​​គ្រឿង​ចត​ក្បែរ​​ប៉ុស្តិ៍​ប៉ូលិស​​នោះត្រូវបាន​បំផ្ទុះ ។
ជន​​អត្តឃាត​​ និងប៉ូលិស​​​ម្នាក់​​ក៏ត្រូវ​ស្លាប់​ក្នុង​ការ​​វាយប្រហារ​នោះ​​ដែរ ។
ការ​វាយប្រហារ​​អត្តឃាត​នេះ​បានធ្វើ​ឱ្យ​​អគារ​​ជា​ច្រើន​​នៅ​ជុំវិញ​​ប៉ុស្តិ៍​​​ប៉ូលិស​​រង​ការ​ខូច​ខាត​​​​ធ្ងន់ធ្ងរ​៕

គ្រោះថ្នាក់​​រថយន្ត​ប៊ឺស​​បុក​​ជា​មួយ​រថភ្លើង​នៅភាគ​​​ឦសាន​ចិន​ស្លាប់​10នាក់

Posted: 23 Mar 2011 11:59 PM PDT

មនុស្ស​យ៉ាង​ហោចណាស់​​​១០​នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត​​ និងជាង​​៥០​នាក់​ទៀត​រង​របួស​កាលពីព្រឹកថ្ងៃទី​​​២៤ មីនា នៅ​ក្នុង​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​ដ៏រន្ធត់​​​មួយដោយ​​រថយន្តប៊ឺស​មួយ​​គ្រឿង​​​បុក​គ្នា​ជាមួយ​រថ​ភ្លើង​មួយខ្សែ​​នៅ​ភាគ​​ឦសាន​ចិន​ ។​
ទីភ្នាក់ងារ​​ព័ត៌​មាន​​​រដ្ឋចិន​​រាយការណ៍​​ថា ​គ្រោះ​ថ្នាក់​នោះ​កើតឡើង​ដោយសារ​អ្នក​បើក​​បរ​រថយន្ត​ប៊ឺស​បាត់បង់​ម្ចាស់​ការ​ទៅ​​បុក​​រថភ្លើង​​មួយ​​ខ្សែ​​​ពេញទំហឹង​​លាន​់​ដូច​រន្ទះ ។ ទីភ្នាក់ងារ​​​ព័ត៌​មាន​​​ស៊ីនហួ​​​ឱ្យដឹងទៀត​ថា ​ភាគច្រើន​​នៃ​អ្នក​​ធ្វើ​​ដំណើរ​​តាម​រថយន្តប៊ឺស​​នោះ​ជា​សិស្ស​​សាលា​​ដោយ​រថយន្ត​​​នេះ​ដឹក​​សិស្ស​ទៅសាលារៀន ៕

កាប់​គាវ​​ត្នោត​​ធ្វើ​​អុសដុត​របូត​​ផ្លែ​កាំបិត​​ធ្លាក់បុក​បែក​ខ្ទេចគ្រាប់ភ្នែកម្ខាង

Posted: 23 Mar 2011 11:46 PM PDT

គ្រូ​ពេទ្យ​ក៏បានធ្វើការ​វះកាត់​ជា​បន្ទាន់​ផងដែរ

ខេត្តស្វាយរៀង ៖ គ្រោះ​អកុសលមួយ​​បាន​ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​ឈ្មោះ​សំពៅ ​អាយុ​៥០​ឆ្នាំ របួស​បែក​គ្រាប់​ភ្នែក​​ខាងស្តាំ​ខ្ទេច​ដោយ​សារ​​យក​កាំបិត​​​ផ្គាក់​​​កាប់​គាវ​ត្នោត​​យក​ទៅ​ធ្វើ​អុស​ដុត​ ហើយ​បាន​របូត​ផ្លែ​កាំបិត​នោះចេញពី​ដង ហើយ​​ខ្ទាត​មកបុកចំ​ភ្នែក ។

បើតាម​​បុរស​ឈ្មោះ​សួន ឃុន អាយុ​៤៤​ឆ្នាំ ​ជាប្តីស្ត្រី​រងគ្រោះ​បានប្រាប់​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​អាក្រក់​នេះ​កើត​ឡើង​នៅភូមិ​ពោធិ៍​រស់ ឃុំ​​បាសាក់ ស្រុក​ស្វាយ​ជ្រំ កាល​ពីវេលាម៉ោង​១ រសៀល​ថ្ងៃទី២២ មីនា ។ បុរស​ជាប្តី​បន្ត​ថា ​ក្រោយ​​ពីទទួល​ទានអាហារ​ថ្ងៃ​ត្រង់​រួច ​ប្រពន្ធ​​គាត់​បាន​យក​កាំបិត​ផ្គាក់​ចេញ​ទៅ​រក​កាប់អុស​​លុះ​ដើរ​ដល់​ខាង​កើត​ផ្ទះ ប្រមាណ​ជា​១០០ម៉ែត្រ ​ក៏​បានឃើញ​ដើម​ត្នោត​​មួយដើម​មានគាវ​ងាប់​កំពស់​ប្រហែល​ជាពីរម៉ែត្រ​​ក៏​ឈរ​ឈោង​​ដៃ​​ទៅ​ចាប់​ទាញគាវត្នោត ហើយ​យក​កាំបិត​ផ្កាក់​កាប់​ផ្តាច់​ទៅលើ​គាវត្នោត​នោះ​​ ស្រាប់​តែ​របូត​ផ្លែ​កាំបិត​ចេញពី​ដង​​ខ្ទាត​ធ្លាក់មក បណ្តាល​ឱ្យ​​ទន្សា​កាំបិត​បុកចំ​គ្រាប់​ភ្នែក​មុត​លិច​​បែកខ្ទេច​តែម្តង​​។ ​

ពេល​នេះ​​ស្ត្រី​រង​គ្រោះទួញ​ថ្ងូរ​លាន់ឮ​យ៉ាង​ខ្លាំង​​ផ្អើល​អ្នក​ភូមិ​រត់មក​មើល ក៏ឃើញប្រពន្ធ​គាត់​​​ដេក​ដួលទៅលើ​ដីដោយឈាម​ហូរចេញ​តាម​​គ្រាប់​ភ្នែក​ក្រហម​ច្រាលក្បែរ​គល់​ត្នោត​​សន្លប់​ស្តូក​ស្តឹង​​ ទើប​លើកដាក់លើ​ម៉ូតូដឹកមកកាន់​មន្ទីរ​ពេទ្យ​ខេត្ត ។ គ្រូ​ពេទ្យ​ក៏បានធ្វើការ​វះកាត់​ជា​បន្ទាន់​ផងដែរ ។ បុរស​ជាប្តី​បន្ត​ទៀតថា រូបគាត់​និងប្រពន្ធ​​មានកូន៩​នាក់​ ស្រី​៥​នាក់ មានជីវភាព​ក្រីក្រ មិន​គួរ​ជួប​ហេតុការណ៍​ដ៏អាក្រក់​ដូច្នេះទេ ៕

ការ​ទទួល​ទាន​ការ៉េម​កី​អាច​បញ្ជាក់​​ពី​អត្ត​ចរិត

Posted: 23 Mar 2011 11:32 PM PDT

​

យល់ដឹង ៖

*ខាំ​ការ៉េម​កី ៖ នៅ​ពេល​​ទទួល​ទាន​ការ៉េម​​កី​ខាំ​ទទួល​ទាន​តែ​ម្តង គឺ​ជា​​មនុស្ស​​មាន​អត្ត​ចរិត​រឹង​ទទឹង ឆេវ​ឆាវ មិន​សូវ​មាន​ភាព​អត់​​ធ្មត់ ។ ជា​ប្រភេទ​មនុស្ស​​ត្រូវ​​ធ្វើ​ការ​កែ​ប្រែ​អត្ត​ចរិត​យ៉ាង​ពិបាក ចំណុច​ល្អ​ជា​មនុស្ស​ឧស្សាហ​​ព្យា​​យាម​ប្រកប​របរ​រក​ស៊ី​ ជា​ទី​ពឹង​ពាក់​របស់​មនុស្ស​នៅ​ជិត​ខាង​បាន ។

*ទទួល​ទាន​យ៉ាង​សន្សឹមៗ ​រហូត​ការ៉េម​កី​រលាយ​ស្រក់​ចុះ ៖ ចំពោះ​អ្នក​​​ទទួល​ទាន​​បែប​នេះ ជា​មនុស្ស​​មាន​មនោសញ្ចេត​នា ចូល​ចិត្ត​នឹក​ស្រមៃ​ទៅ​ពេល​អនាគត ឬ​ជា​មនុស្ស​ដែល​មិន​គិត​​ពី​​រឿង​អតីត​កាល​ដែល​ស្រស់​ស្រាយ។ មាន​ចរិត​និស្ស័យ​​ទន់​ភ្លន់ រួញ​រា ​មិន​សម្រេច​ឱ្យ​ដាច់​ទៅ​លើ​ការ​ងារ​អ្វី​មួយ ប៉ុន្តែ​ការ​ងារ​របស់ខ្លួន​ដែល​ធ្វើ​នោះ គឺ​ទទួល​បាន​ផល​ល្អ។

*ខាំ​កកេរ​​ការ៉េម​​កីនៅ​ជុំ​វិញ​ដើម ៖ ប្រសិន​បើ​​មាន​អាការ​ទទួល​ទាន​ក្នុង​លក្ខណៈ​បែប​នេះ នឹង​​ជា​មនុស្ស​មាន​​និស្ស័យ​រារែក មិន​ទុក​ចិត្ត​លើ​អ្នក​ណា​ម្នាក់​​​​ដោយ​ងាយ​ទេ។ ជា​ប្រភេទ​មនុស្ស​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ប៉ុន្តែ​ជា​មនុស្ស​មាន​សម្ព័ន្ធ​ភាព​ល្អ ពូកែ​និយាយ​ស្តី​ ​បណ្តា​ការ​ងារ​មាន​លក្ខណៈ​ហ្មត់​ចត់​មាន​ផែន​ការ ឬ​គម្រោង​​ទុក​ជា​មុន​ ​អាច​ដោះ​ស្រាយ​បញ្ហា​យ៉ាង​មាន​របៀប​រៀប​រយ​ល្អ គួរ​បំពេញ​តួនាទី​លើ​ផ្នែក​គ្រប់​គ្រង​បាន។

*​ទទួល​ទាន​តាម​របៀប​លិទ្ធ ៖ ​អ្នក​ដែល​ចូល​ចិត្ត​បរិ​ភោគ​ការ៉េម​កី​ដោយ​ការ​​លិទ្ធ ជា​មនុស្ស​ចូល​ចិត្ត​ភាព​សប្បាយ​រីក​រាយ មិន​​រវី​រវល់​ ឬ​ប្រាកដ​ប្រជា​លើ​វត្ថុ​អ្វី​មួយ​ឱ្យ​បាន​ច្បាស់​​លាស់។ អ្វីៗ​​គ្រប់​យ៉ាង​មាន​លក្ខណៈ​ល្អ ប្រសើរ ចូល​ចិត្ត​ជួប​មនុស្ស​ជា​ច្រើន​ និង​ចូល​ចិត្ត​លើ​វត្ថុ​ចំលែក​ថ្មី​មិន​ធ្លាប់​​បាន​ឃើញ​ពី​មុន​មក​ហើយ ​​ចង់​ឱ្យ​អ្នក​ផ្សេង​​មើល​ឃើញ​ថា ខ្លួន​ជា​មនុស្ស​សំខាន់។

*ខាំការ៉េម​កី​ចាប់​ពី​គល់​មុន ៖ ការ​ទទួល​ទាន​បែប​នេះ​ជា​មនុស្ស​ដែល​មើល​ឃើញ​​​ប្រយោជន៍​របស់​ខ្លួន​ខ្ពស់​ជាង​អ្នក​ដទៃ មិន​ចូល​​ចិត្ត​ធ្វើ​​តាម​អ្វី​ដែល​គេ​ប្រាប់ ឬ​ធ្វើ​តាម​តម្រាប់​គេ។ ជា​មនុស្ស​បំពេញ​​ការ​ងារ​អ្វីៗ​ដែល​ខ្លួន​ពេញ​ចិត្ត ប៉ុន្តែ​អ្នក​ផ្សេង​យល់​ថា ​ជា​មនុស្ស​មិន​គួរ​​ឱ្យ​ទុកចិត្ត ចូល​ចិត្ត​ក្តី​រំភើប​ ​ប្រសិន​បើ​មាន​សភាព​ប្រថុយ​ប្រថាន​នឹង​គ្រោះ​ថ្នាក់​ ៕

អគ្គីភ័យ​បានឆាបឆេះ​ផ្ទះ​​៣ខ្នង​​នៅក្រុម​​៥ ភូមិ​ចំការ​​កៅស៊ូ ​ឃុំជើង​គោ ស្រុក​ព្រៃនប់ ​​យប់​មិញ​នេះ

Posted: 23 Mar 2011 08:58 PM PDT

អគ្គីភ័យ​បានឆាបឆេះ​ផ្ទះ​​៣ខ្នង​​នៅក្រុម​​៥ ភូមិ​ចំការ​​កៅស៊ូ ​ឃុំជើង​គោ ស្រុក​ព្រៃនប់
​លំនៅ​ឋាន​​ប្រជា​​ពល​រដ្ឋ​​ទាំង​​៣ខ្នង​​នេះ​ត្រូវ​បាន​​ព្រះ​​​អគ្គីបំផ្លាញ​​ទាំង​ស្រុង​គ្មានសល់

ខេត្តព្រះសីហនុ ៖ សំឡេង​​ស្រែកទ្រហោ​យំ​​ទួញសោកទាំង​កណ្តាល​រាត្រី ​លាយឡំ​នឹង​​សំឡេងផ្ទុះ​ផែះផស់​ដោយ​សារ​តែ​​ព្រះអគ្គី​​​​​​ប្រឹង​លេបត្របាក់​លំនៅ​ឋាន​​៣ខ្នង ដែល​សង់​នៅ​ក្បែរ​គ្នា ​​ធ្វើ​ឱ្យ​មនុស្ស​ម្នា​រាប់​រយ​នាក់​នាំគ្នា​​ផ្អើល​​​ឆោ​ឡោ​​ទាំង​កណ្តាល​​អធ្រាត្រ​ងងឹត​​ឈឹង កាលពី​វេលា​​ម៉ោង​​១២​និង​​​៣០នាទី​​ឈាន​ចូល​ថ្ងៃទី​​​​​២៤ មីនា ២០១១ ​ស្រប​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​​​៤ ត្រង់ចំណុច​​ក្រុម​ទី​​​៥ ភូមិ​ចំការ​​កៅស៊ូ ឃុំ​​ជើងគោ ស្រុក​​ព្រៃនប់​​​ ។

​លំនៅ​ឋាន​​ប្រជា​​ពល​រដ្ឋ​​ទាំង​​៣ខ្នង​​នេះ​ត្រូវ​បាន​​ព្រះ​​​អគ្គីបំផ្លាញ​​ទាំង​ស្រុង​គ្មានសល់ សូម្បីតែ​​សម្លៀកបំពាក់​​ ​ក៏​យក​មិន​ទាន់ដែរ ប៉ុន្តែ​ពុំ​បណ្តាល​ឱ្យ​​មនុស្ស​​​ណាម្នាក់​​រង​របួស​ឡើយ ។ ​គ្រួសារ​ជនរងគ្រោះ​​មាន​​១​​-ឈ្មោះ​​​ទន់ ប៊ុន ភេទ​ប្រុស អាយុ​​​​​៤៨​ឆ្នាំ ​ផ្ទះ​​​ខ្ពស់​​៣ខ្នង​​ ជញ្ជាំង​ក្តារ ប្រក់​​ស័ង្កសី ទំហំ​​៧ម៉ែត្រ​គុណ​​​​១៣ម៉ែត្រ ​​ឆេះ​ទាំង​ស្រុង​​ ២-ឈ្មោះ​​​ទន់ កៅ ភេទប្រុស ​អាយុ​​៨១​ឆ្នាំ ​ផ្ទះដូចគ្នា​​​ឆេះ​ទាំង​ស្រុង​​ និង​៣-ឈ្មោះ​​ទី គៀត ​ភេទប្រុស អាយុ​​៥០​ឆ្នាំ ​ផ្ទះដូចគ្នា ឆេះ​ទាំងស្រុង​...​ផ្ទះរបស់​​​ឈ្មោះ​ទន់ ​កៅ និង​​ផ្ទះរបស់​ឈ្មោះ​ទី គៀត​ នេះ​គឺ​​មានជញ្ជាំង​​តែ​មួយ​មាន​ទទឹង​​បណ្តោយ​​ដូចគ្នា​​ទាំង​៣គ្រួសារ ។​

ព័ត៌​មាន​ជំហាន​ដំបូង​​​ពុំ​​មាននរណា​ដឹង​ពី​​មូល​ហេតុ​​ពិតប្រាកដ​នៃ​ការ​ឆាប​ឆេះ​នោះ​ទេ គ្រាន់តែ​​ដឹង​ថា ភ្លើង​​ឆេះ​ចេញពី​​ផ្ទះរបស់​ឈ្មោះ​​​ទី គៀត ​ផ្នែកខាង​​លើ ​គេ​សង្ស័យ​​​​តៗគ្នាថា​ បណ្តាលមកពី​​​​ទុស្សេ​​​ខ្សែ​ភ្លើង ។ ភ្លាមៗ​នោះ​ ​គេឃើញ​មាន​រថយន្ត​ពន្លត់​​អគ្គីភ័យ​​របស់​អធិ​ការ​ដ្ឋាន​​ប៉ូលិស​​​ស្រុក​​ទៅជួយ​បាញ់​​ទឹក​ពន្លត់​​​​​ តែពុំអាច​ជួយបាន ព្រោះអំណា​ចភ្លើង​​​ឆេះ​ខ្លាំង ហើយ​​ម្យ៉ាងវិញទៀត ​​លំនៅ​ឋាន​​នៅ​នឹង​​ចំណុចឆេះ​នោះ​មាន​ចំនួន​​​៥ខ្នង​​​នៅជាប់​ៗ​គ្នា ចន្លោះ​​តែ​២​ទៅ​៣​ម៉ែត្រ​​កន្លះ​​ពីគ្នា​ប៉ុណ្ណោះ ដែលធ្វើ​ឱ្យ​​ងាយស្រួល​​ឆេះ​រាលដាល ៕​

ប្រមុខមន្ទីរ​ប៉ង់​តាហ្គោន​អញ្ជើញ​​ទៅកាន់​​អេហ្ស៊ីប​​ជាលើក​ដំបូង

Posted: 23 Mar 2011 08:55 PM PDT

រដ្ឋមន្រ្តីការពារប្រទេសអាមេរិក

រដ្ឋ​មន្ត្រី​​​ការពារ​ប្រទេស​​អាមេរិក លោក​រ៉ូប៊ែត​ ​ហ្គេត ​​បានអញ្ជើញ​​ទៅដល់ប្រទេស​អេ​ហ្ស៊ីប កាលពី​ល្ងា​ចថ្ងៃទី​​២៣ មីនា កន្លងមក ​​សម្រាប់​ដំណើរ​ទស្សនកិច្ច​​លើ​កដំបូង​របស់​លោក​នៅ​​ប្រទេស​នេះ ​ចាប់តាំង​ពី​​​ពួក​បាតុករ​បង្ខំ​ឱ្យ​​សម្ព័ន្ធ​​មិត្ត​​អាមេរិក លោកប្រធានាធិបតី​​ហូស្នី ​មូ បារ៉ាក់ ​ដែលកាន់​អំណាច​​​អស់រយៈ​ពេល​យ៉ាង​​​យូរ ចុះ​​ចេញពីតំណែង​​មក ។ វា​ក៏​​ជា​ការ​ឈប់​សំចត​​លើ​ក​ដំបូង​របស់​លោករ៉ូប៊ែត ហ្គេត នៅ​​ក្នុង​តំបន់​​​ចាប់តាំង​ពី​​សហរដ្ឋអាមេរិក និង​ប្រទេស​​​ជា​សម្ព័ន្ធ​មិត្ត ​បើកការ​វាយប្រហារ​​តាម​អាកាស​​​ប្រឆាំង​មេដឹកនាំ​​ផ្តាច់​​​ការលីប៊ី ​លោក​មូ​អាម៉ា ​​កាដាហ្វី ​មក ។​
លោករ៉ូប៊ែត ​ហ្គេត ដែលជួយ​ពង្រឹង​​​ទំនាក់​ទំនង​ផ្នែក​យោធា​​រវាង​អាមេរិក និង​​អេហ្ស៊ីប​នេះ​នឹង​ជួប​ជាមួយ​​មេដឹកនាំ​​​យោធា និង​​មន្ត្រី​​អេហ្ស៊ីប ​​ទាំង​ឡាយ​។
អេហ្ស៊ីប​​ទទួល​ជំនួយ​​ផ្នែកយោធា​ជា​ប្រាក់​​១,៣​ពាន់​លានដុល្លារ ​ក្នុង​​មួយឆ្នាំ​​​ពីសហរដ្ឋ​អាមេរិក​ ។​
ប្រមុខ​មន្ទីរ​ប៉ង់តាហ្គោន​​​បានអញ្ជើញ​​​ទៅ​កាន់​​ប្រទេស​អេហ្ស៊ីប​​​ក្រោយពី​​ពលរដ្ឋ​​អេហ្ស៊ីប បោះ​​ប្រជាមតិ​លើ​កំណែ​​​ទម្រង់​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​រិះរក​​មធ្យោបាយ​ឱ្យ​​ប្រទេស​ធ្វើ​ដំណើរ​​​ឆ្ពោះទៅ​មុខ ។ លោក​រ៉ូប៊ែត​​ ហ្គេត ​នឹងជួប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​​​អេហ្ស៊ីប លោក Essam Sharaf និង​រដ្ឋ​ម​ន្ត្រី​​ការពារ​ប្រទេស​ លោក Mohamed Hussein Tantawi ​ផងដែរ ។​
មន្ត្រី​​មន្ទីរប៉ង់​តាហ្គោន​​​ជាន់ខ្ពស់​​មួយរូប​​និយាយ​​​​​​ប្រាប់អ្នកកាសែត​​​​ដែលធ្វើដំណើរ​​​ជា​មួយ​លោករ៉ូប៊ែត​ហ្គេត​ថា ក្នុងទស្សនកិច្ច​​នៅប្រទេស​​អេហ្ស៊ីប​ លោករ៉ូប៊ែត ហ្គេត និង​​សមភាគី​​​អេហ្ស៊ីប ​នឹង​ពិភាក្សា​​គ្នាអំពី​​ការ​វាយ​​ប្រហារ​តាម​អាកាស​​ជា​បន្ត​​នៅលីប៊ី ។​
លោករ៉ូប៊ែត ហ្គេត បានអញ្ជើញ​​​ទៅកាន់​ប្រទេស​​អេហ្ស៊ីប ​ក្រោយ​​ពីបំពេញ​​ទស្សនកិច្ច​​​​រយៈ​ពេល​​២ថ្ងៃ​​នៅប្រទេស​​​រុស្ស៊ី ៕

វាយប្រហារ​​ភេរវ​កម្ម​នៅ​ហ្សេរុយសាឡឹម​​ស្លាប់​ម្នាក់​​​របួស​​24នាក់

Posted: 23 Mar 2011 08:51 PM PDT

កន្លែងវាយប្រហារនៅក្រុងហ្សេរុយសាឡឹម

គ្រាប់បែក​​​មួយគ្រាប់​​​បាន​ផ្ទុះ​​​កាលពីថ្ងៃទី​​​២៣ មីនា នៅ​ចំណត​​រថយន្តបឺស​មួយ ដែល​មាន​មនុស្ស​ច្រើន​​កុះករ​​នា​កណ្តាល​ទីក្រុង​​ហ្សេរុយ​សា​ឡឹម បណ្តាល​ឱ្យ​​មនុស្សស្លាប់​​​ម្នាក់ និង​របួស​​២៤​នាក់ ។​
នេះជា​​ការ​វាយប្រហារ​​ភេរវ​កម្ម​​លើកដំបូង​​ហើយ​ក្នុង​ទីក្រុង​​សក្ការៈ​នេះ​ចាប់​តាំង​ពី​​​ឆ្នាំ​២០០៤​មក ដោយ​ពុំ​ទាន់​មាន​​ក្រុមណា​ប្រកាស​ទទួលខុស​ត្រូវ​នៅឡើយ ​ក៏ប៉ុន្តែ​​ប៉ូលិស​​អុីស្រាអែល​​​​​សន្និ​ដ្ឋាន​​​​ថា វា​គឺជា​​ស្នាដៃ​​របស់ពួក​​សកម្ម​ប្រយុទ្ធ​​​ប៉ា​ឡេ​​ស្ទីន។
ការ​​ផ្ទុះនេះ​​កើតមាន​នា​វេលាម៉ោង​​​១៥​ម៉ោង​ក្នុងស្រុក ​​នៅ​ជិត​ចំណត​​​រថយន្តក្រុង​ ។ មនុស្ស​​ទាំង​ឡាយ​ដែលត្រូវ​​​របួស​មាន​​​ឈាម​ហូរ​​ត្រូវ​បាន​បញ្ជូន​ចេញ ។ ​ប៉ូលិ​សអ៊ីស្រាអែល​​​និយាយ​ថា នារីម្នាក់​​អាយុ​​៦០ឆ្នាំ ​​បានស្លាប់​​ដោយ​​សារ​របួសធ្ងន់ធ្ងរ​​ពេក ។ ​ភ្នាក់ងារ​​សង្គ្រោះ​​បន្ទាន់​​​អ៊ី​ស្រាអែល​​​និយាយ​ពី​មនុស្ស​​​​២៤នាក់​​ទៀត​ត្រូវ​​របួស​ ក្នុងនោះ​​​៣នាក់​របួសធ្ងន់ ៕

ប៉ះទង្គិច​គ្នាលើកចុងក្រោយ​​រវាង​កងកម្លាំង​​សន្តិសុខ និង​បាតុករ​នៅ​ស៊ីរី​ស្លាប់​15នាក់

Posted: 23 Mar 2011 08:51 PM PDT

ពួកបាតុករស៊ីរី

អំពើ​ហិង្សា​រវាងក​ងកម្លាំង​​សន្តិសុខ​​​ជាមួយ​នឹង​​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​នៅប្រទេស​ស៊ីរី​​មានការ​​កើនឡើង​​កាន់តែខ្លាំង​​​កាលពីថ្ងៃទី​​​២៣ មីនា​ កន្លង​មក ​​ញ៉ាំង​​ឱ្យ​មានការប៉ះទង្គិច​គ្នា​បណ្តាល​ឱ្យ​​ស្លាប់​​​​មនុស្ស​១៥​នាក់ នៅ​ក្រុង​ Daraa ។  តាម​​​ប្រភពព័ត៌​មាន​​ថា ការ​ប៉ះទង្គិច​គ្នា​បណ្តាល​ឱ្យ​​ស្លាប់​មនុស្ស​​​​១៥​នាក់​នោះ ធ្វើ​​​​ឱ្យ​រដ្ឋា​ភិបាល​​​បណ្តេញ​​អភិបាល​​​ក្រុង​ Daraa ចេញ​​ពី
ត​ំណែង។ ក្រុង​ Daraa ជា​កន្លែង​​​ធ្វើបាតុកម្ម​​ប្រឆាំង​រដ្ឋាភិ​បាល​​ដ៏ក្តៅ​គគុក ។​
តាមសកម្ម​ជន​​សិទ្ធិ​មនុស្ស​​​​ និងសាក្សី​​ទាំង​ឡាយ​និយាយ​ថា ​មនុស្ស​​​៧​នាក់​បាន​​ស្លាប់ភ្លាម​ៗ​​ ខណៈ​ពេល​កង​កម្លាំង​​​សន្តិសុខ​​​​ព្យាយាម​សម្រុក​ចូល​តំបន់​​ដែលក្រុម​​បាតុករ​​កាន់កាប់ដើម្បី​​ទាមទារ​ឱ្យ​​រដ្ឋាភិ​បាល​ធ្វើ​កំណែទម្រង់ ។ ក្រោយ​មក​​បាតុករ​ប្រហែល​​៣.០០០​នាក់​មកពី​​កន្លែង​នានា​​​​ប្រមូល​ផ្តុំគ្នា​​​នៅខាងក្រៅក្រុង​​ Daraa ហើយ​​​ប៉ះទង្គិច​គ្នា​​​ជាមួយ​កង​យោធា​ដែល​មាន​​ភក្តី​ភាព​​ចំពោះ​​លោកប្រធានាធិបតី​ Bashar  al-Assad បណ្តាល​​​ឱ្យ​ស្លាប់​​​មនុស្ស​​​៨​នាក់ទៀត ។​​ ការ​ស្លាប់​មនុស្ស​​១៥​នាក់នេះ​ធ្វើ​​ឱ្យចំនួន​អ្នកស្លាប់​​​ក្នុង​អំឡុង​ពេល​នៃការ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​ស៊ីរី កើនឡើង​ដល់​​២១​នាក់ ចាប់តាំង​ពី​ការបះ​បោរ​​​ក្នុង​ក្រុង​ Daraa ​​​តាំង​ពី​ថ្ងៃទី​​១៨ មីនា ​​​មក ៕

ឃាត់ខ្លួន​បុរស​៣នាក់​សង្ស័យ​សម្លាប់​មនុស្សនៅ​ស្រុកកណ្តាលស្ទឹង

Posted: 23 Mar 2011 08:36 PM PDT

ជនសង្ស័យទាំងបីនាក់​ត្រូវ​សមត្ថកិច្ចឃាត់​ខ្លួន

ខេត្ត​កណ្តាល ៖ ជនសង្ស័យបីនាក់​ត្រូវ​សមត្ថកិច្ចប៉ូលិសស្រុកកណ្តាលស្ទឹងឃាត់​ខ្លួន​កាលពីល្ងាចថ្ងៃទី២១ មីនា ពី​បទ​ជាប់​ពាក់​ព័ន្ធ​​រឿង​សម្លាប់បុរស​ម្នាក់កាលពីវេលាម៉ោង៩យប់​ថ្ងៃទី២០ មីនា នៅចំណុចប្រឡាយ​លេខ៦៣ ស្ថិតក្នុងភូមិក្រាំង​ទ្រា ឃុំព្រះពុទ្ធ ស្រុក​កណ្តាល​ស្ទឹង ។

ជនសង្ស័យទាំងបីនាក់​នោះ១-ឈ្មោះកែប ភារុំ អាយុ២៨​ឆ្នាំ រស់នៅភូមិគងនយ សង្កាត់​គងនយ ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ ជាកសិករ ២-ឈ្មោះអ៊ឹម ខ្លា អាយុ២៦ឆ្នាំ ជាកម្មកររោង​ចក្រ និងទី៣-ឈ្មោះដាំ សំរេច អាយុ​៣២ឆ្នាំ ជា​កសិករ អ្នកទាំងពីររស់នៅភូមិ​ក្រាំងក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ ចំណែក​អ្នក​ស្លាប់​ឈ្មោះសំ ចិន្តា អាយុ២៨ឆ្នាំ ជាអ្នក​ដើរ​ទិញ​គោ មានទីលំនៅ​ក្នុងភូមិព្រៃទទឹង ឃុំ​ត្រពាំង​​វែង ស្រុកកណ្តាលស្ទឹង។

នៅព្រឹកថ្ងៃទី២០ មីនា ឈ្មោះ​សំ ចិន្តា បាន​ទៅ​លេងផ្ទះម្តាយនៅ​ភូមិបិនបោរ ឃុំព្រះពុទ្ធ ហើយ​វេលាម៉ោង៥ល្ងាចបាន​ចូល​រួមផឹកស៊ី ជាមួយប្អូនប្រុស និងមិត្តភក្តិ៥នាក់​ទៀតរហូត​ដល់ម៉ោង៦ល្ងាច ទើបបែកគ្នា ។ នៅ​វេលា​​​​ម៉ោង​៩យប់ ឈ្មោះសំ ចិន្តា​កាន់ពូថៅ​ និងបក្សពួក​ម្នាក់ទៀតកាន់កាំបិតផ្គាក់ទៅ​ភូមិក្រាំងក្រូច សង្កាត់ទៀន ឃើញឈ្មោះជា បុរី ហៅគោ អាយុ​១៩ឆ្នាំ ជាប្អូនប្រុសរបស់ឈ្មោះអ៊ឹម ខ្លា កំពុងអង្គុយផឹកស៊ីជាមួយបក្សពួកជាច្រើននាក់​ទៀតក្នុងនោះមានជនសង្ស័យ​ទាំងបីនាក់ផងដែរ នៅផ្ទះឈ្មោះតុង រី ។ ភ្លាមនោះ​ឈ្មោះ​សំ ចិន្តា ដើរចូលទៅកាប់ឈ្មោះជា បុរី ហៅ​គោ មួយពូថៅត្រង់កញ្ចឹងក ។ ឃើញ​ដូច្នេះ​ឈ្មោះដាំ សំរេច ​ដែលអង្គុយក្នុងវង់ផឹកស៊ី​បាន​ស្ទុះ​ជួយ​ក៏​ត្រូវបក្ខពួករបស់សំ ចិន្តា ​គ្រវាស​ត្រូវមួយ​កាំបិត​ត្រង់កែងដៃខាងឆ្វេង។ ក្នុងពេលនោះពួកអ្នកផឹកស៊ីបាននាំគ្នា​ស្រែក​ចោទទៅលើឈ្មោះសំ ចិន្តា ថាចោរៗផ្អើលប្រជា ពលរដ្ឋប្រមាណពី១០ ទៅ​២០នាក់ ប្រដាប់​ដោយកាំបិត ដំបងនិងដុំថ្ម ដេញវាយឈ្មោះសំ ចិន្តា និងបក្សពួកតាម​ខ្នង​ប្រឡាយ៦៣​។ ទី​បំផុត ក្រុមនោះបានកាប់ និងវា​យ​ឈ្មោះ​សំ ចិន្តា រហូត​ស្លាប់ក្នុងថ្លុកឈាម ។

ជនសង្ស័យទាំងបីនាក់​បានសារភាពថា ពួក​គេមិនបានទៅដល់កន្លែង​ឈ្មោះសំ ចិន្តា ស្លាប់​ទេ គឺនៅយប់​នោះពួកគេកំពុងអង្គុយផឹកស៊ី ស្រាប់​តែឈ្មោះសំ ចិន្តា កាន់ពូថៅ និងបក្ស​ពួក​ម្នាក់​ទៀតកាន់កាំបិតផ្គាក់​មកកាប់​ឈ្មោះជា បុរី។ ​ពេលផ្អើលឆោឡោឡើងស្រែកថាចោរៗនោះប្រជាពលរដ្ឋ​ដេញ​តាម​ក្រុម​របស់​ឈ្មោះ​សំ ចិន្តា ចំណែកពួកគេ ក៏បានដេញតាមដែរ តែ​ដេញ​បានប្រហែល១០០ម៉ែត្រ ក៏​ត្រឡប់​ក្រោយវិញ ។ ពួកគេបានយកឈ្មោះជា បុរី ហៅ​គោ ទៅ​មន្ទីរពេទ្យដើម្បីព្យាបាល ។ លុះមួយ​ម៉ោង​ក្រោយមកឮថា សំ ចិន្តា ត្រូវគេវាយ​ស្លាប់​នៅ​ប្រឡាយ៦៣ ទៅលើឈ្មោះសំ ចិន្តា ថាចោរៗផ្អើលប្រជា ពលរដ្ឋប្រមាណពី១០ ទៅ​២០នាក់ ប្រដាប់​ដោយកាំបិត ដំបងនិងដុំថ្ម ដេញវាយឈ្មោះសំ ចិន្តា និងបក្សពួកតាម​ខ្នង​ប្រឡាយ៦៣​។ ទី​បំផុត ក្រុមនោះបានកាប់ និងវា​យ​ឈ្មោះ​សំ ចិន្តា រហូត​ស្លាប់ក្នុងថ្លុកឈាម ។

ជនសង្ស័យទាំងបីនាក់​បានសារភាពថា ពួក​គេមិនបានទៅដល់កន្លែង​ឈ្មោះសំ ចិន្តា ស្លាប់​ទេ គឺនៅយប់​នោះពួកគេកំពុងអង្គុយផឹកស៊ី ស្រាប់​តែឈ្មោះសំ ចិន្តា កាន់ពូថៅ និងបក្ស​ពួក​ម្នាក់​ទៀតកាន់កាំបិតផ្គាក់​មកកាប់​ឈ្មោះជា បុរី ​ពេលផ្អើលឆោឡោឡើងស្រែកថាចោរៗផ្អើល​ប្រជាពលរដ្ឋ​ដេញ​តាម​ក្រុម​របស់​ឈ្មោះ​សំ ចិន្តា ចំណែកពួកគេ ក៏បានដេញតាមដែរ តែ​ដេញ​បានប្រហែល១០០ម៉ែត្រ ក៏​ត្រឡប់​ក្រោយវិញ ។ ពួកគេបានយកឈ្មោះជា បុរី ហៅ​គោ ទៅ​មន្ទីរពេទ្យដើម្បីព្យាបាល ។ លុះមួយ​ម៉ោង​ក្រោយមកឮថា សំ ចិន្តា ត្រូវគេវាយ​ស្លាប់​នៅ​ប្រឡាយ៦៣ ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!