Koh Santipheap Daily

Koh Santipheap Daily


កូន​កណ្តុរ​បៅ​ដោះ​មេ​ឆ្មា​ជា​រឿងចម្លែក​នៅ​ប្រទេស​ថៃ

Posted: 25 Mar 2011 12:16 AM PDT

កូន​កណ្តុរ​​១​​បានដេកបៅដោះ​មេ​ឆ្មា​ ធ្វើ​ឱ្យ​អ្នក​ស្រុក​នាំគ្នាផ្អើល​​ទៅមើល

ចាត់​ទុក​ថា ​ជា​រឿង​ចម្លែក​មួយ​ដែលមិនធ្លាប់​កើត​មាន​ដោយ​​មេឆ្មា​មួយ​ក្បាល​បានផ្តល់​ទឹក​ដោះ​ដល់កូនកណ្តុរ​​ប្រៀប​ដូច​ជា​កូនបង្កើត​ ។​ កូន​កណ្តុរនោះកើត​មក​គ្មាន​មេ​បៅ​ដោះទេ តែ​មាន​សំណាងល្អ ដែលឆ្មា​​ធ្លាប់​ជា​សត្រូវ​​​របស់​កណ្តុរ​​ជួយចិញ្ចឹម​បីបាច់​ និង​ឱ្យ​បៅ​​ដោះ​ប្រៀប​ដូ​ច​កូនរបស់ខ្លួន ។

ហេតុការណ៍ចម្លែក​នេះកើត​ឡើង​នៅក្នុង​ឃុំ​​បាង​ហួ​សឿ ​ស្រុក​ព្រះ​ប្រឌែង ​ខេត្ត​សាមុតប្រា​កាន ប្រទេស​ថៃ ។​ ម្ចាស់​ឆ្មានោះ​ គឺ​អ្នកស្រី​ស៊ុម​ពង្ស ​គូ​ចារើន​​អាយុ​៥០​ឆ្នាំ ។ គាត់​ប្រាប់​ថា មេ​ឆ្មា​របស់គាត់អាយុ​២​ឆ្នាំ ហើយ​វាផ្តល់​ទឹកដោះ​ដល់​កូនឆ្មា​ទើបនឹង​កើត ។ កូន​កណ្តុរ​អាយុ​១​សបា្តហ៍​បានដេកបៅដោះ​មេ​ឆ្មា​ធ្វើ​ឱ្យ​អ្នក​ស្រុក​នាំគ្នាផ្អើល​​ទៅមើល ។

​អ្នកស្រីស៊ុមពង្ស​បញ្ជាក់​ថា ​មេ​ឆ្មា​មួយក្បាល​នេះ ​អាយុ​២​ឆ្នាំ គាត់សុំ​ពីអ្នកជិត​ខាង​មក​ចិញ្ចឹម ចាប់​តាំង​ពី​ទើបកើត​មក ។ នៅថ្ងៃ​ទី១ មីនា ​វា​បង្កើត​បានកូន៣​ក្បាល ហើយ​មាន​អ្នកស្រុក​សុំកូន​២​ក្បាល​ទៅ​ចិញ្ចឹម ។ ​អ្នកស្រីបន្ត​ទៀត​ថា ​​«រយៈ​ពេល​១​​សបា្តហ៍​​មុននេះ គាត់​ឃើញ​ឆ្មា​របស់​គាត់ទៅ​ពាំកូន​កណ្តុរ​ ទើប​កើត​ពណ៌ក្រហម​​មកឱ្យ​កូន​វាស៊ី​ជា​ចំណី ប៉ុន្តែកូនវា​មិន​ស៊ីទេ ។ ហេតុ​ដូច្នេះ​ហើយ មេ​ឆ្មា​បណ្តោយ​​​ឱ្យ​កូន​កណ្តុរ​ដេកជាមួយកូនវា និងយល់ព្រម​ឱ្យ​កូន​កណ្តុរ​​បឺត​ទឹកដោះ​វា​តែម្តង ៕

បុរសដែល​​ខឹង​ប្រពន្ធ​មិន​មក​ផ្ទះ​ រឿង​ម៉ឹម​អេង លេប​ថ្នាំ​ពុល​សម្លាប់ខ្លួន​នោះ​បាន​ស្លាប់​ហើយ

Posted: 25 Mar 2011 12:12 AM PDT

​បុរស​ដែល​លេបថ្នាំ​​ពុល​ប៉ុនប៉ង​​សម្លាប់ខ្លួន ឥឡូវបាន​ស្លាប់​ហើយ​

​ខេត្តស្វាយរៀង​ ៖ ​បុរស​ដែល​លេបថ្នាំ​​ពុល​ប៉ុនប៉ង​​សម្លាប់ខ្លួន ដោយ​សារ​តែ​ខឹង​ប្រពន្ធ​​មិនមក​ផ្ទះ​ ពាក់ព័ន្ធ​​នឹង​រឿងម៉ឹម​អេងនោះ​បាន​ស្លាប់​​​ហើយ កាលពី​​វេលាម៉ោង​​​៩​ព្រឹក​ថ្ងៃទី​​​២៤ មីនា ​២០១១ ​ពីព្រោះ​​ជាតិពុល​​បានជ្រាប​​សព្វ​ប្រាណ និង​ចូលដល់​​​បេះ​ដូងទៅហើយ ម្យ៉ាង​ទៀត​​ហួសលទ្ធ​ភាព​​ដែលគ្រូពេទ្យ​​ព្យាបាល​។​

សូម​​រំលឹក​ថា បុរស​ម្នាក់​​តូច​ចិត្ត​ដ្បិត​​ប្រពន្ធ​មិន​ឱ្យម៉ឹម​​​អេង​ផឹក​ថ្នាំ​ពុល​សម្លាប់​ខ្លួន ​​កាលពី​ថ្ងៃទី​២៣ មីនា ​២០១១ ​វេលាម៉ោង​​​៣​និង​​៣០នាទី​រសៀល​​​នៅ​ភូមិ​​ស្វាយ​តា​ភ្ល ​​ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ ។ជនធ្វើអត្តឃាត​​​ឈ្មោះ​​​គង់ ថាវី ​អាយុ​​២២​ឆ្នាំ ​មានទីលំនៅ​​ភូមិ​​-ឃុំ​​កើត​ហេតុ​​ខាង​លើ ។ បើ​តាម​​ស្ត្រីម្នាក់​​ឈ្មោះ​​​ដក់ សា​រួន ​អាយុ​​៤៨​​ឆ្នាំ ​​ត្រូវជា​​បង​ថ្លៃ ​បានប្រាប់​កោះ​សន្តិ​ភាព​​ថា ​បុរ​សគិត​ខ្លី​​​គង់​​ ថាវី​ ​នេះ​មានប្រពន្ធ​​​ឈ្មោះ​​ត្រប់ អាយុ​២៣​ឆ្នាំ ​ជា​កម្មការិនី​​​រោងចក្រ​កាត់ដេរ​​ ស្ថិត​នៅ​ភូមិ​សាមគ្គី​​ សង្កាត់ស្វាយ​​តឿ ក្រុង​​ស្វាយ​រៀង ​​។

កាលពី​វេលា​ម៉ោង​​​៥​ល្ងាច​​ បុរស​ជាប្តី​​​បាន​ជិះម៉ូតូ​ទៅ​ទទួល​​ប្រពន្ធ​​ពី​​រោង​ចក្រ​​​ឌុប​ត្រឡប់​​មក​​ផ្ទះវិញ លុះ​​ដល់​​ភូមិ​សាលា​រៀន ​ឃុំបាសាក់ ​ប្រពន្ធ​​ឱ្យ​​ប្តី​​ឌុប​​​ចូលលេង​​ផ្ទះ​ម្តាយ​ ពេលនោះ​ប្តី​​និយាយ​ថា ​កុំ​អី​​​...​ប្រញាប់​​​ទៅ​ផ្ទះ​យើងវិញ​ ព្រោះ​បង​ឃ្លាន​ម៉ឹម! ​ពេល​នោះ​​ប្រពន្ធ​​និយាយ​​ថា ចូល​ផ្ទះ​ម្តាយតែ​​មួយភ្លែ​តទេ ​​...​ប្តីក៏យល់​ព្រម ​ពេលអង្គុយ​​លេង​បានមួយ​ស្របក់ ប្តីក៏​​និយាយ​​តឿន​ប្រពន្ធ​ទៀត​​ថា ​ប៉ុណ្ណឹង​បានហើយ​​ប្រញាប់​ទៅ​ផ្ទះ​ ផ្ទះគ្មាន​​អ្នកណា​នៅ​ទេ ។ កូន​យើង​​ បង​ផ្ញើ​​បងស្រី​​ឱ្យមើល​​​​ប្រញាប់​ទៅ​ ​បង​ឃ្លាន​ម៉ឹម ។ ទំនង​ជា​​ប្រពន្ធ​​​ស្តាប់ច្រឡំ ឬ​ក៏​ប្តីនិយាយ​​ច្រឡំ​​ក៏​​មិនដឹង​?...ប៉ុន្តែ​សម្រាប់​ប្រពន្ធ​​​​វិញ​ឮ​ថា ​ប្តី​និយាយ​ឃ្លានម៉ឹម ​ទើប​​មិនព្រម​ត្រឡប់​​ទៅផ្ទះ​​ជាមួយប្តី​ ខ្លាច​ប្តី​ម៉ឹមៗ... រួច​​ធ្វើ​អ្វីៗ​ទៀត... ​ម្យ៉ាង​នាង​កំពុង​អស់​​កម្លាំង​ចេញពីធ្វើការ​​រោង​ចក្រ​​​ផង ក៏​​តម្អក់​មិនទៅ​​ជា​មួយ​ប្តី ។

​ការ​ពិត​នាង​មានកូន​តូច​អាយុ​​៥ខែ ​នៅឯ​ផ្ទះ ប្រពន្ធទៅ​​ធ្វើការ​​រោងចក្រ​​ទុក​កូន​តូច​​ឱ្យប្តី​​មើល​នៅ​ផ្ទះ ​កូនតូច​ម៉ឹម​ដោះ​ម្តាយ​​បាន​តែ​​ពេលព្រឹក ​និង​ពេល​ល្ងាច​​ប៉ុណ្ណោះ ​ទើប​កូន​ឃ្លានម៉ឹម ​តែ​ដោយ​​​​សារ​ប្រពន្ធយល់​ច្រឡំ ​ឬ​ក៏​ប្តី​​ចង់ម៉ឹម​​​មែន ​ទែន ក៏​មិន​​ដឹង?​ ​ទើប​​​មិនព្រមត្រឡប់​ទៅ​ផ្ទះ​ជា​មួយ​ប្តី ។ ​បុរស​ជា​ប្តី​បានជិះ​ម៉ូតូ​​ត្រឡប់​ទៅផ្ទះ​វិញ​ម្នាក់​ឯង ​ហើយ​​ផ្ទះម្តាយ និង​ផ្ទះខាង​ប្តី​នេះ​នៅ​ចម្ងាយ​​២គីឡូម៉ែត្រពីគ្នា ​ពេល​បុរស​ជា​ប្តី​​ទៅ​ដល់​ផ្ទះ​អង្គុយ​តូចចិត្ត​​នឹងប្រពន្ធ​​មិនព្រម​​ត្រឡប់​​មក​ផ្ទះ​​​ជាមួយខ្លួន ក៏គិតខ្លី​​យកថ្នាំ​បំពុល​​សត្វល្អិត​​បាញ់ស្រូវ​ផឹក​​អស់ជិត​កន្លះ​​​ដប ធ្វើ​​ឱ្យ​​​ប្រកាច់​បែកពពុះ​មាត់​​​សន្លប់​​ឈឹងតែ​ម្តង​...ឥឡូវ​​កំពុង​សង្គ្រោះ​បន្ទាន់នៅ​​​មន្ទីរពេទ្យ​​ខេត្ត​ ៕

វាយប្រហារ​​តាម​អាកាស​របស់​ពួក​​លោកខាង​លិច​ស្លាប់ជនស៊ីវិល​100នាក់បាញ់ធ្លាក់​​​យន្តហោះ​​លីប៊ី​មួយ

Posted: 24 Mar 2011 11:48 PM PDT

កង​យន្តហោះ​​ចម្បាំង​លោកខាង​លិច​នៅពុំ​ទាន់​អាច​រារាំង​​កង​រថ​ក្រោះ​របស់​កង​ទ័ពលោក​​មូអាម៉ា កាដាហ្វី ​មិន​ឱ្យ​វាយ​ប្រហារ​​ទីក្រុង​ជា​ច្រើន​​របស់ពួក​បះបោរ​នៅឡើយ ។ ​ស្នូរ​ផ្ទុះ​នានា​ត្រូវ​​បាន​​ស្តាប់​ឮ​នៅ​​​ទីក្រុង​ទ្រីប៉ូលី ។​
កង​កម្លាំង​​ចម្រុះ​អន្តរជាតិ​​បានបង្កើន​កាល​ពី​ថ្ងៃទី​​២៤ មីនា ​នូវ​​​ការ​គាបសង្កត់​​​លើ​លោកកា​ដា​ហ្វី ​ជាមួយនឹង​​ការ​វាយប្រហារ​​តាម​អាកាស​ថ្មីៗ ក្នុង​​តំបន់​​ជុំវិញ​​ទីក្រុង​​ទ្រីប៉ូលី ហើយ​ការ​វាយ​ប្រហារ​​យ៉ាង​​​ខ្លាំង​​គឺលើ​​​ទីតាំង​​របស់​កុលសម្ព័ន្ធ​​​លោកកាដាហ្វី នៅ SEBHA (ភាគខាង​ត្បូង​ប្រទេស) ក្នុង​ថ្ងៃទី​​៦ នៃ​​អន្តរាគមន៍​​របស់ខ្លួន ។​
យោងតាម​​តុល្យ​ការ​​បណ្តោះអាសន្ន​មួយ​​ផ្តល់​​កាលពីថ្ងៃទី​២៤ មីនា ដោយ​លោក​មូសា អ៊ីប្រា​ហ៊ីម ​អ្នកនាំពាក្យ​​របស់​​រដ្ឋាភិបាល​​លីប៊ី​ថា ការ​វាយប្រហារ​​របស់​កង​កម្លាំង​​​ចម្រុះ​អន្តរ​ជាតិ​​បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​​​ប្រមាណ​ជា​​១០០​នាក់ ក្នុង​ចំណោម​ជនស៊ីវិល​​នៅលីប៊ី​តាំង​ពី​​ចាប់​ផ្តើម​​​ការវាយលុក​​ប្រឆាំង​ទីតាំង​​​ទាំង​ឡាយ​របស់កង​​​កម្លាំង​​លោកកាដាហ្វីមក​ ។
ចំណែក​​យន្តហោះ​​យោធា​លីប៊ី ​មួយគ្រឿង​​ត្រូវបានបាញ់ធ្លាក់​​នៅទីក្រុង​​ MISRALA (២០០គីឡូម៉ែត្រ ខាង​កើត​​ក្រុង​​ទ្រីប៉ូលី) ដោយ​យន្តហោះ​​ប្រដេញ​មួយគ្រឿង​​របស់​បារាំង​នា​ថ្ងៃ​ទី​​២៤ មីនា ​វេលាម៉ោង​​​១២​និង​​៤០នាទី​ម៉ោង​នៅ​ស្រុកបារាំង ។ យន្តហោះ​​ធុន G-2 GALEB ជា​យន្តហោះ​​​ផលិតនៅ​យូហ្គោ​ស្លាវី ប្រើ​សម្រាប់​វាយប្រហារ​​មក​លើ​ដី ត្រូវបាញ់​ធ្លាក់​ដោយ​យន្ត​ហោះ​​ប្រដេញ​​បារាំង​ធុន RAFALE ៕

មន្ត្រី​បសុ​ព្យា​បាល​អត់​ច្បាប់​អនុ​ញ្ញាត​ដាក់​កុង​ត្រូល​ចាំ​ចាប់​រថ​យន្ត​ដឹក​គោ

Posted: 24 Mar 2011 11:45 PM PDT

​ក្រុម​មន្ត្រី​បសុ​ព្យា​បាល​បានឃាត់​រថ​យន្ត​ដឹក​គោ​

ខេត្ត​កណ្តាល​ ៖ អនុ​វត្ត​ផែន​ការ​ភូមិ-ឃុំ​មាន​សុវត្ថិ​ភាព​ និង​យោង​តាម​អនុ​សាសន៍​លុប​បំបាត់​កុង​ត្រូល​ជជុះ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ គណៈ​បញ្ជា​ការ​ឯក​ភាពស្រុក​ពញា​ឮ​សហ​ការ​ជាមួយ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​បាន​ដឹក​នាំ​កម្លាំង​ចុះ​ល្បាត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ក៏​ជួប​​ក្រុម​មន្ត្រីបសុ​ព្យា​បាល​របស់​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ដែល​មាន​លិខិត​បេសកកម្ម​ ប៉ុន្តែ​មិន​បាន​សហ​ការ​ជាមួយ​សមត្ថ​កិច្ច​​មូល​ដ្ឋាន​​ និង​ពី​រដ្ឋ​បាល​ខេត្ត​ស្រាប់​តែ​មក​ដាក់​កុង​ត្រូល​ចល័ត​ឃាត់​​រថ​យន្ត​ដឹក​គោ​នៅ​ចំណុច​ភូមិ​ធ្យូង​ ឃុំ​វិហារ​ហ្លួង ស្រុក​ពញា​ឮ ។​

សូម​បញ្ជាក់​ថា កាល​ពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៤ មីនា លោក​តុង ស៊ីវ​មី អភិ​បាល​ស្រុក​ពញា​ឮ​ លោក​ចេវ ឈី អភិ​បាល​រង​ស្រុក​ លោក​វរ​សេនីយ៍​ត្រី​ទឹម សាវុធ អធិការ​នគរ​បាល​ស្រុក​ និង​លោក​សែ​ ហាក់ មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ បាន​ដឹក​នាំ​កម្លាំង​​នគរ​បាល​៤​នាក់​ កង​រាជ​អាវុធ​ហត្ថ​៤​នាក់​ចុះ​ដើរ​ល្បាត​ការ​ពារ​សុវត្ថិ​ភាព​ភូមិ-ឃុំ​ក៏​​ជួប​ជាមួយ​ក្រុម​មន្ត្រី​បសុ​ព្យា​បាល​របស់​​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ចំនួន​បី​នាក់​មក​ដាក់​កុង​ត្រូល​ឃាត់​រថ​យន្ត​ដឹក​គោ​មួយ​គ្រឿង​ម៉ាក​ហ៊ី​ណូ ពាក់​ស្លាក​លេខ​តា​កែវ ៣A០៦៦៧ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥។​ លោក​អភិ​បាល​ស្រុក​បាន​ថ្លែង​ថា ដោយ​យោង​តាម​អនុ​សាសន៍​របស់​រាជ​រដ្ឋា​ភិ​បាល​ស្តី​ពី​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​សមត្ថ​កិច្ច​​របស់​លោក​តែង​តែ​ចុះ​ដើរ​ល្បាត​ជា​រៀង​រាល់​ថ្ងៃ​ តែ​ពុំ​ឃើញ​មាន​ដាក់​កុង​ត្រូល​ជជុះ​នៅ​ស្រុក​ពញាឮ​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ទេ​ ទើប​តែ​នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀប​ភ្លឹ​នោះ​​ឃើញ​ក្រុម​មន្ត្រី​បសុ​ព្យា​បាល​កំពុង​ឃាត់​រថ​យន្ត​ដឹក​គោ​ក៏​បាន​ធ្វើ​ការ​សាក​សួរ​ និង​ដឹង​ថា ពុំ​បាន​សហ​ការ​ជាមួយ​សមត្ថ​កិច្ច​មូល​ដ្ឋាន​​និង​មិន​មាន​ការ​អនុ​ញ្ញាត​ពី​រដ្ឋ​បាល​ខេត្ត​ឡើយ​។

លោក​អភិ​បាល​ស្រុក​បន្ត​ថា បន្ទាប់​មក​ក៏នាំ​​មន្ត្រី​បសុ​ព្យា​បាល​ទាំង​៣​នាក់​ និង​រថ​យន្ត​ដឹក​គោ​មក​ធ្វើ​​ការ​សាក​សួរ​ និង​ធ្វើ​កំណត់​ហេតុ​ ដែល​រួម​មាន​​ ១-ឈ្មោះ​សរ សេរីបុត្រ​, ២-ឈ្មោះ​ហ៊ុន សាវ៉ាត់ និង​៣-ឈ្មោះ​កាន់​ គន្ធា ​បន្ទាប់​ពី​ធ្វើ​ការ​សាក​សួរ​រួច​មក​ សមត្ថ​កិច្ច​បាន​ឃាត់​រថ​យន្ត​ដែល​ជិះ​ធ្វើ​សកម្ម​ភាព​របស់មន្ត្រី​បសុ​ព្យា​បាល​ម៉ាក​កូរ៉ូ​ឡា​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​២H០២៣៨ ។ ឯមន្ត្រី​បសុ​ព្យា​បាល​ទាំង​បី​នាក់​នោះ​បាន​ចុះ​ហត្ថ​លេខា​ហើយ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ និង​ឡើង​ទៅ​ដោះ​ស្រាយ​នៅ​សាលា​ខេត្ត​កណ្តាល​។

ចំណែក​រថ​យន្ត​ដឹក​គោ​ដែល​ឃាត់​​ដែរ​នោះ​មាន​​ម្ចាស់​​ឈ្មោះ​តេង ទី ភេទប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ច្រក​កេសា​ ឃុំ​ដង​ទង់​ ស្រុក​ដង​ទង់ ខេត្ត​កំពត​ តំណាង​ឱ្យ​ឈ្មោះ​ម៉ៅ យ៉ាត​។ បន្ទាប់​ពី​ធ្វើ​ការ​សាក​សួរ​ និង​ពិនិត្យ​ឃើញ​មាន​លិខិត​អនុញ្ញាត​របស់​ការិយា​ល័យ​ផលិត​កម្ម​ និង​បសុ​ព្យា​បាល​ច្បាប់​ដើម​ពិត​ប្រាកដ​ហើយ​ក៏​ឱ្យ​រថ​យន្ត​នោះ​ត្រឡប់​ទៅ​វិញ​។ លោក​អភិ​បាល​ស្រុក​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរថា ការ​ដាក់​កុង​ត្រូល​ចល័ត​របស់​ក្រុម​មន្ត្រី​បសុ​ព្យា​បាល​នេះ​មិន​សហ​ការ​ជាមួយ​សមត្ថ​កិច្ច​ និង​មិន​មាន​ការ​អនុញ្ញាត​ពី​រដ្ឋ​បាល​ខេត្ត​ ហើយ​នៅ​ក្នុង​លិខិត​បញ្ជា​បេសកកម្ម​ក៏​ពុំ​មែន​ជិះ​រថ​យន្ត​ដូច​ខាង​លើ​ដែរ​ ។ ទាក់​ទិន​នឹង​ព័ត៌​មាន​មន្ត្រី បសុ​ព្យាបាល​ចាប់​រថ​យន្ត​ដឹក​គោ​នេះ អាជីវ​ករ​រកស៊ី​កាប់​គោ​បាន​ត្អូញ​ត្អែរ​ថា ធម្មតា​ការ​ធ្វើ​ដំណើរ​ទៅ​រក​ទិញ​គោ​ពី​តាម​បណ្តា​ខេត្ត​នានា​មក​តែង​ជួប​ឧបសគ្គ​ខូច​រថ​យន្ត​ ដូច្នេះ​ការ​ដែល​ទៅ​ទិញ​នៅ​ថ្ងៃ​ទី​២៤ ទាល់​តែ​ធ្វើ​ដំណើរ​មក​ដល់​ត្រឹម​ម៉ោង​សូន្យ បើ​ហួស​តែ​កន្លះ​ម៉ោង​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​រហូត​ដល់​១២​ម៉ឺន​រៀល​។ អាជីវ​ករ​បាន​សំណូម​ពរ​ឱ្យ​មន្ត្រី​បសុ​ព្យា​បាល​គោរព​ច្បាប់​ផង​ ៕

សហគមន៍​អឺរ៉ុប​​ទទូច​ឱ្យរារាំង​​លោក​ដាកាហ្វី កុំ​ឱ្យទទួលបាន​ប្រាក់​ចំណូលពី​ប្រេង និង​ឧស្ម័ន

Posted: 24 Mar 2011 11:20 PM PDT

បណ្តា​មេ​ដឹកនាំ​​សហគមន៍អឺរ៉ុប​ កាលពីថ្ងៃទី​​២៤ មីនា បានទទូច​​ដល់​សហគមន៍​​អន្តរជាតិ​​ពិសេស​​បណ្តា​ប្រទេស​​មហាអំណាច​​ពិភពលោក​​ឱ្យ​ពង្រឹង​​​វិធានការ​របស់ខ្លួន​ធ្វើយ៉ាង​ណា​កុំ​ឱ្យ​​របប​របស់​​​មេដឹកនាំ​ផ្តាច់ការ​លីប៊ី ​លោកមូអាម៉ា ​កាដាហ្វី ​ទទួលបាន​ប្រាក់ចំណូល​ដែលទទួលបាន​ពី​​ប្រេង និង​ឧស្ម័ន ។ ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​​ដែល​ចេញ​នៅ​ឯ​កិច្ចប្រជុំ​​កំពូលរបស់​សហគមន៍​​អឺរ៉ុប បណ្តា​មេដឹកនាំ​​​សហគមន៍អឺរ៉ុប​​ ដែល​មាន​ប្រទេស​​​២៧​ជា​សមាជិក និយាយ​​ថា ពួកគេ​បានត្រៀម​​ខ្លួន​រួចជាស្រេច​​ហើយ ​ដើម្បី​​ផ្តួច​ផ្តើម​​​​ និង​អនុម័ត​​ទណ្ឌ​កម្ម​​​ប្រឆាំង​​លោកកាដាហ្វី មាន​ដូចជា​វិធានការ​​ដែលធានា ​​ឱ្យ​ប្រាកដ​​ថា ប្រាក់​ចំណូល​ដែលទទួល​បានពី​ប្រេង និង​ឧស្ម័ន​​មិន​ធ្លាក់​ដល់​​ដៃ​មេដឹកនាំ​ផ្តាច់​ការ​​រូបនេះ ។​
សេចក្តីថ្លែង​ការណ៍​​នោះ​ឱ្យ​​ដឹង​ទៀត​ថា បណ្តា​រដ្ឋ​​ជា​សមាជិក​​សហគមន៍​​អឺរ៉ុប​ នឹង​ធ្វើ​​សំណើ​ដូច​គ្នា​ជូនទៅក្រុមប្រឹក្សា​​​សន្តិសុខ​​អង្គការ​សហប្រជាជាតិ ។​
ប្រធានាធិបតី​​បារាំង លោកនីកូឡាស់ សាកូ​ហ្ស៊ី ​ថ្លែង​ថា ការពង្រឹង​ទណ្ឌ​កម្ម​​ផ្នែកប្រាក់​ចំណូល​ដែល​​​ទទួលបាន​ពីប្រេង និង​ឧស្ម័ន​​គឺ​មាន​​សារ​សំខាន់​បំផុត​ ដើម្បី​​ធានា​ឱ្យ​ប្រាកដ​ថា ប្រាក់​ចំណូលទាំង​នេះ​មិន​​​ទៅដល់​ដៃ​​លោកកាដាហ្វី ​សម្រាប់​យកទៅ​​​ចំណាយលើ​កងទ័ព​​របស់​
លោក ។​
ប្រទេសអាល្លឺម៉ង់​​​ដែលបដិសេធ​​មិនបោះ​ឆ្នោត​​​​គាំទ្រ​ដំណោះស្រាយ​​លេខ​១៩៧៣ របស់​ក្រុម​ប្រឹក្សាសន្តិសុខ​​​ដល់​អង្គការ​សហប្រជាជាតិ​​បាន​អំពាវ​នាវ​​ឱ្យ​​ដាក់​​​ការហ៊ុមព័ទ្ធ​ប្រេង​​សម្រាប់​​របប​របស់​លោក​កាដាហ្វី ។ ចំណែក​​ប្រទេស​បារាំង​​​និយាយ​ថា ទណ្ឌ​កម្ម​នេះ​​​អាច​ប៉ះពាល់​​ដល់​ពួក​បះ​បោរ​​​លីប៊ី ​ដែល​មានមូលដ្ឋាន​​នៅ​តំបន់​​ភាគខាង​កើតលីប៊ី​​​​សម្បូរ​​​ទៅដោយ​​ប្រេង​កាត​ ៕

អង្គការ​អូតង់​ទទួលយក​ការ​បញ្ជា​លើ​តំបន់​ហាម​ហោះ​ហើរ​នៅ​​លី​ប៊ី

Posted: 24 Mar 2011 11:20 PM PDT

យន្តហោះចម្បាំងចេញពីនាវាទៅវាយប្រហារលីប៊ី

អង្គការអូតង់​​កាលពីថ្ងៃទី​​​២៤ មីនា បាន​យល់​ព្រម​​ទទួលយក​តួនាទីបញ្ជា​ការអនុវត្ត​​តំបន់​ហាម​ហោះ​ហើរនៅប្រទេស​លីប៊ី ​ហើយ​​ពេលនេះ​កំពុង​​ពិចារណា​​ពី​ការ​ទទួលយក​ការ​គ្រប់​គ្រង​​​ និងត្រួត​ពិនិត្យ​​​បេសក​កម្ម​​​យោធា ដែល​គាំទ្រ​​​​ដោយអង្គការ​​សហ​ប្រជាជាតិ​ទៀត ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​​អគ្គលេខាធិការ​អង្គការ​អូតង់​ លោក Anders Fogh Rasmussen ។
លោក Rasmussen ថ្លែង​ក្នុង​​បទ​សម្ភាសន៍​​មួយ​ថា «​អ្វីដែល​យើង​​បានសម្រេ​ចចិត្ត​​ធ្វើ​នៅ​ថ្ងៃ​នេះ គឺ​ថា​​អង្គការអូតង់​​​នឹង​អនុវត្ត​​ព្រម​ទាំង​​ពង្រឹង​​តំបន់ហាមហោះហើរនៅលីប៊ី ​ហើយ​អូតង់​​នឹង​​ពិចារណា​​ថា តើ​​គួរតែ​​ទទួលយក​ការទទួលខុស​ត្រូវ​​ទាំងស្រុង​​ ឬ​ក៏​យ៉ាង​ណា?» ។​ លោក Ras-mussen ថ្លែងទៀត​ថា ​អង្គការ​អូតង់​​នឹង​ទទួល​យកការ​ត្រួត​ត្រា​ពេញលេញ​លើ​​ការ​អនុវត្ត​​តំបន់​ហាមហោះហើរ​​​នៅ​លីប៊ី​​រយៈ​ពេល​​២-៣​ថ្ងៃ ខាង​មុខទៀតនេះ ហើយ​​​នឹង​​សម្រេច​​លើ​បញ្ហា​​​ទទួល​ខុសត្រូវពេញលេញ​​រយៈ​​ពេល​ប៉ុន្មាន​ថ្ងៃ​​​ខាង​មុខ​ទៀត ។​
មន្ត្រី​​រដ្ឋបាល​​អង្គការ​អូតង់​​​មួយរូប​និយាយ​​ថា ឯកអគ្គ​រដ្ឋទូត​​អង្គការអូតង់​​បានធ្វើ​ការ​
សម្រេ​ចចិត្ត​​​លើ​បញ្ហា​​​២​ កាលពីថ្ងៃទី​​​២៤ មីនា កន្លង​មក​​ គឺ​ទី​​១-​យល់ព្រម​​​ទទួល​យក​​តួនាទី​​បញ្ជា​ការ​​​សម្រាប់​​តំបន់​ហាមហោះ​ហើរ ​និង​ទី២-​​ជា​ការ​​សម្រេចចិត្ត​​​ផ្នែក​នយោបាយ​ទទួលយកការ​ទទួល​ខុសត្រូវ​​ចំពោះការអនុវត្ត​​​ដំណោះស្រាយ​​របស់​ក្រុមប្រឹក្សា​​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​​ដែលអនុញ្ញាត​​ឱ្យមានបេសក​កម្ម​យោធា​នៅលី​ប៊ី។
កិច្ចព្រមព្រៀង​​កាលពីថ្ងៃទី​​២៤ មីនា សម្រេច​បាននៅក្នុង​​សន្និសីទ​​មួយដែលរៀបចំ​​ឡើង​​រវាង​​រដ្ឋ​មន្ត្រី​​​ការបរទេស​​អាមេរិក លោក​ស្រី​​​ហ៊ីឡារី គ្លីនតុន និង​​សម​ភាគី​​មកពីប្រទេស​បារាំង​​ អង់គ្លេស​ និងទួរគី ។ នេះបើ​​​តាមការ​​ឱ្យ​​ដឹង​​ដោយ​មន្ត្រី​រដ្ឋ​​បាលជាន់ខ្ពស់​មួយរូប ។​
ក្រោយពី​​ការប្រកាស​របស់​លោក Rasmus-sen ដែលថា ​អង្គការអូតង់​​យល់ព្រម​​ទទួល​យក​ការ​បញ្ជា​​លើ​តំបន់​ហាម​​​ហោះ​ហើរ​​នៅលីប៊ី លោក​ស្រីរដ្ឋ​មន្ត្រី​​​ការបរទេស​អាមេរិក ហ៊ីលឡា រី គ្លីនតុន ​ថ្លែង​ប្រាប់​​អ្នក​កាសែត​​​​ថា អង្គការ​អូតង់​​ដែលមានប្រទេស​​​២៨ជា​សមាជិក ​​អនុញ្ញាត​​ឱ្យ​​យោ​ធា​​បង្កើត​​​ផែនការ​​សម្រាប់អង្គការ​អូតង់​​ទទួល​យក​​បេសក​កម្ម​​ធំទូលាយ​មួយដើ​ម្បី​​ការ​ពារជនស៊ីវិល​​នៅលីប៊ី ៕

រញ្ជួយ​​ព្រះធរណី​2 ក្នុងនោះ​មួយ​មាន​កម្រិត​​7រីស្ទ័រ​​នៅ​ភូមា​ញ័រ​រង្គើ​ដល់​ក្រុង​បាងកក​ ចិន និង​វៀតណាម

Posted: 24 Mar 2011 08:34 PM PDT

យាយ និងតា អង្គុយ​លើ​ចញ្ចើម​ថ្នល់​ដែលបាក់​ដោយការរញ្ជួយដីនៅភូមា

ការ​រញ្ជួយដី​​​ដ៏ខ្លាំង​២ដែល​​មួយ​មាន​កម្រិត​៧រីស្ទ័រ​កើត​ឡើង​​នៅ​​ប្រទេស​ភូមា​ កាលពី​យប់​ថ្ងៃទី​​២៤ មីនា កន្លងមក ។ ​បាតុភូត​រញ្ជួយដី​នេះ​កើត​ឡើង​នៅ​តំបន់​ក្បែរ​ព្រំដែន​​ភូមា​ជាប់​ជា​មួយប្រទេស​ចិន ​ប្រទេសថៃ និងប្រទេស​ឡាវ ។ នេះ​បើ​​តាម​ការ​ឱ្យ​ដឹង​​ដោយមជ្ឈមណ្ឌល​​ស្រាវ​ជ្រាវ​​ផ្នែក​ភូមិ​​សាស្ត្រ​​​របស់អាមេរិក ។ ​មជ្ឈ​មណ្ឌល​នេះ​​បាន​ឱ្យ​​ដឹង​ទៀត​ថា ​ការរញ្ជួយ​​ដ៏​មាន​​ឥទ្ធិពល​នេះ​កើត​ឡើង​នៅភាគខាង​​​​កើត​ភូមា​មាន​ចម្ងាយ​​​៥៥​ម៉ាយ​ ប្រហែល​​​៨៩គីឡូម៉ែត្រ ​ភាគខាង​ជើង​​ខេត្ត​ឈៀង​រ៉ៃ ​ប្រទេសថៃ ។​
គេហទំព័រ MCOT របស់ថៃ​ផ្សាយ​​ជា​ភាសា​អង់គ្លេស​​​​​ឱ្យ​​ដឹង​ថា មនុស្ស​​ម្នាក់បាន​ស្លាប់​​បាត់​​បង់ជីវិត ​ដោយសារ​ដំបូល​អគារ​ធ្លាក់​​លើ​នៅក្នុង​ខេត្ត​ឈៀង​រ៉ៃ ។​ គេហទំព័រ​​នេះផ្សាយ​​​​ទៀត​ថា ការរញ្ជួយដី​​នៅភូមា​​នេះញ័រ​ង្គើ​​​ដល់​ទីក្រុងបាង​កក រាជធានី​របស់ថៃ ដែលមាន​ចម្ងាយ​​ប្រហែល​​​​៧៧២គីឡូម៉ែត្រ ​ភាគខាងត្បូង​​ចំណុច​កណ្តាល​នៃ​ការរញ្ជួយដី​នោះ​ ។​
មជ្ឈម​ណ្ឌល​​ស្រាវជ្រាវ​​ភូមិ​សាស្ត្រ​​​អាេមរិក​និយាយ​​​ថា ការរញ្ជួយដី​នេះកើត​​ឡើងជម្រៅ​​​​១០គីឡូម៉ែត្រ​ក្រោម​ដី​ ។​
ទោះបីជា​បែបណា មជ្ឈ​មណ្ឌល​​ព្រមាន​​ពី​រលកស៊ូណាមី​​ប៉ាស៊ីហ្វិក​និយាយ​ថា ការ​រញ្ជួយដី​នៅប្រទេសភូមាមិនទាន់​ឈាន​ដល់​ការ​ព្រមាន​ពី​រលក​យក្ស​ស៊ូណាមី​នៅឡើយទេ ។ ​ជា​មួយគ្នា​នេះ ទីភ្នាក់ងារ​​ព័ត៌​មាន​​​ចិនស៊ីនហួ​​រាយការណ៍​​ឱ្យ​​ដឹង​ថា ​ការរញ្ជួយដី​​នេះបង្ក​ឱ្យ​បាក់ដី​​ និង​ដួល​រលំ​អគារ​​ជា​ច្រើន​ និងបណ្តាល​ឱ្យ​​ស្លាប់​មនុស្ស​​២៥​នាក់ ។​
តាម​នាយកដ្ឋាន​​ឧតុនិយម​​ភូមា​ថា ការរញ្ជួយ​ដី​កើតឡើង​នៅ​តំបន់ Loimwe របស់ភូមា​​​នា​វេលាម៉ោង​​​៨និង​​២៩​នាទីយប់ ម៉ោង​​ក្នុងស្រុក  ​​​ជម្រៅ​​១០គីឡូម៉ែត្រ ​នៅ​តាមបណ្តោយ​ព្រំដែន​​របស់​​ភូមា​​ជាប់ជាមួយ​ប្រទេសថៃ​ និងប្រទេស​ឡាវ​​តំបន់​ត្រី​កោណ​មាស​មាន​ចម្ងាយ​ប្រហែល​​៨៧គីឡូម៉ែត្រ ពីខេត្ត​ឈៀង​រ៉ៃ​​​ភាគ​ខាង​ជើង​​
ថៃ ។ រយៈ​ពេល​ប្រហែល​​​២ម៉ោង​ក្រោយ​​​​មាន​ការ​រញ្ជួយដី​​​​មួយទៀត​កម្រិត​​៥,៤​រីស្ទ័រ វាយ​ប្រហារ​​​តំបន់នោះ​ទៀត ។
តាមប្រភពព័ត៌​មាន​​​ពីប្រទេស​​ភូមា​ថា ​ការ​រញ្ជួយដី​​ដ៏ខ្លាំង​​នេះប៉ះ​​ពាល់ដល់​តំបន់ជា​ច្រើន​​របស់ភូមា ។
យោង​តាម​​សាក្សីទាំង​ឡាយ​ថា ​ការរញ្ជួយ​ដី​​​ទាំង​នេះ​ធ្វើ​ឱ្យ​​រង្គើ​រហូត​ដល់​ក្រុង​​​ហាណូយ ​រដ្ឋ​ធានីវៀតណាម ដោយ​នៅ​ទីនោះ​មនុស្ស​​ទាំង​ឡាយ​ត្រូវ​ជម្លៀស​​ចេញពី​អគារ​ខ្ពស់​ៗ ៕

អាជ្ញា​ធរ​អប្សរា​ព្រមាន​ប្តឹង​មន្ត្រី​យោធា​ពី​បទ​​ប្រើ​កម្លាំង​រារាំង​ប្រតិ​បត្តិ​ការ​​រុះ​រើ​សំណង់​ខុស​ច្បាប់

Posted: 24 Mar 2011 08:09 PM PDT

អនុ​ប្រ​ធា​ន​នាយកដ្ឋាន​ដែល​ដឹកនាំ​កម្លាំង​ប្រតិបត្ដិការ​នៅ​ពេល​នោះ​បាន​ថ្លែង​ថា
កម្លាំង​​ប្រតិបត្ដិកា​រចុះ​បេសក​​កម្ម​រុះរើ​សំណង់​ប្រភេទ​គ្រោង​ឈើ​ប្រក់​ស្បូវ «ក្យូស» ចំនួន​៨
ខណៈ​ពេល​កម្លាំង​​កំពុង​រុះ​រើ ស្រាប់តែ​លោក​អ៊ុ​ក សឿម ជា​ម្ចាស់​ដី ស្ថិត​នៅ​ក្នុង​ឯក​សណ្ឋាន​យោធា​បាន​ចេញ​មុខ​មក
ហើយលោក​អ៊ុ​ក សឿម ​ទូរ​ស័ព្ទ​​ហៅ​ទាហាន​​ប្រមាណ​ជាង​១០​នាក់​មក​រារាំង
ថែម​ទាំង​យក​រថយន្ដ​អង្គភាព​យោធា​ពណ៌​ត្រេអ៊ីមក​ដាក់​បាំង​ពីមុខ​ផ្លូវ​ចូល​មិន​ឱ្យ​កម្លាំង​អា​ជា្ញ​ធរ​ចេញចូល​បាន

ខេត្ត​សៀម​រាប ៖ មន្ដ្រី​អា​ជា្ញ​ធរ​អប្សរា​បាន​ថ្លែង​ឱ្យ​ដឹង​ថា ​គេ​កំពុង​​តែ​រៀបចំ​គម្រោង​ប្ដឹង​មន្ដ្រី​យោធា​យោធភូមិ​ភាគ​៤​មួយ​រូប ដែល​បាន​ប្រើ​តួនាទី​បញ្ជា​កម្លាំង​រារាំង​មន្ដ្រី​អា​ជា្ញ​ធរ​អប្សរា​ពេល​កំពុង​​ប្រតិបត្ដិការ​ទប់ស្កាត់​ការ​សាងសង់​ដោយ​ខុសច្បាប់​នៅ​លើ​តំបន់​ហាម​ឃាត់​នៃ​ឧទ្យាន​វប្ប​ធ​ម៌​ប្រវត្ដិសាស្ដ្រ​អង្គរ​បេតិក​ភណ្ឌ​ពិភពលោក​។

ប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ និង​សហ​ប្រតិបត្ដិការ​នៃ​អគ្គនាយកដ្ឋាន​អា​ជា្ញ​ធរ​អប្សរា លោក​ព្រំ ករុណា កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ​មីនា ​បាន​ថ្លែ​ង​ឱ្យ​ដឹង​ថា ​ថ្នាក់លើ​បាន​ជួប​ពិភាក្សា​គ្នា​រួច​ហើយ​ថា​ នឹង​រៀប​ចំ​ឯកសារ​ប្ដឹង​ទៅ​តុលាការ​​ប្រឆាំង​ទៅ​លើ​ឈ្មោះ​អ៊ុ​ក សឿ​ម ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​យោធា​ថ្នាក់​វរ​សេនីយ៍ទោ​បម្រើ​ការ​នៅ​យោធភូមិ​ភាគ​៤ ដែល​បាន​បញ្ជា​កម្លាំង​យោធា​​រារាំង​កម្លាំង​​ប្រតិបត្ដិកា​ររបស់​អា​ជា្ញ​ធរ​អប្សរា កាលពី​ថ្ងៃ​ទី​២២ មីនា ឆ្នាំ​២០១១​កន្លង​ទៅ​ថ្មី​ៗ​នេះ​។

កាលពី​ព្រឹ​ក​ថ្ងៃ​ទី​២២ ​មីនា ឆ្នាំ​២០១១ កម្លាំង​​ប្រតិបត្ដិការ​របស់​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់ និង​សហ​ប្រតិ​ប​ត្ដិ​ការ​ ដឹកនាំ​ដោយ​អនុ​ប្រធាន​នាយកដ្ឋាន​នេះ​មួយ​រូប​បាន​ចុះ​បេសក​​កម្ម​រុះរើ​សំណង់​ប្រភេទ​គ្រោង​ឈើ​ប្រក់​ស្បូវ «ក្យូស» ចំនួន​៨ ​ដែល​ក្យូស​នីមួយៗ​មាន​​ទំហំ​​៣​គុណ​៤​ម៉ែត្រ របស់​ភោ​ជ​នី​យ​ដ្ឋា​ន​ «មហា​លាភ»​ ​ស្ថិ​ត​នៅ​ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប «​តំបន់​២» ​ដែល​ជួល​ដី​ពី​ឈ្មោះ​អ៊ុ​ក សឿ​ម ភេទ​ប្រុស ​អាយុ​៥០​ឆ្នាំ ​​ជាយោធា​ភូមិ​ភាគ​៤។

អនុ​ប្រ​ធា​ន​នាយកដ្ឋាន​ដែល​ដឹកនាំ​កម្លាំង​ប្រតិបត្ដិការ​នៅ​ពេល​នោះ​បាន​ថ្លែង​ថា ខណៈ​ពេល​កម្លាំង​​កំពុង​រុះ​រើ ស្រាប់តែ​លោក​អ៊ុ​ក សឿម ជា​ម្ចាស់​ដី ស្ថិត​នៅ​ក្នុង​ឯក​សណ្ឋាន​យោធា​បាន​ចេញ​មុខ​មក​ឡូឡា​ជេរ​ប្រមាថ​មក​លើ​កម្លាំង​សមត្ថកិច្ច រួច​ហើយ​ទូរ​ស័ព្ទ​​ហៅ​ទាហាន​​ប្រមាណ​ជាង​១០​នាក់​មក​រារាំង និង​ថែម​ទាំង​យក​រថយន្ដ​អង្គភាព​យោធា​ពណ៌​ត្រេអ៊ី ​​ពាក់​ស្លាក​លេខ​ខេមរៈ​​ភូមិន្ទ​​៨៥០១ ដែល​ដឹក​ទាហាន​ទាំងនោះ មក​ដាក់​បាំង​ពីមុខ​ផ្លូវ​ចូល​មិន​ឱ្យ​កម្លាំង​អា​ជា្ញ​ធរ​ចេញចូល​បាន ។ ទោះជា​យ៉ាងណា​នៅ​គ្រានោះ​ពុំ​មាន​សេចក្ដី​រាយ​ការណ៍​​អំពី​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​កម្លាំង​​ប្រតិបត្ដិការ​ជាមួយ​កម្លាំង​ទា​ហា​ន​ដែល​លោក​វរ​សេនីយ៍​​ទោ អ៊ុ​ក សឿ​ម ហៅ​មក​នោះ​ទេ ហើយ​ទា​ហាន​ទាំង​នោះ​​​បាន​ប្រាប់​​ថា គេ​មក​តាម​បញ្ជា​តែ​ប៉ុណ្ណោះ ។

លោក​ព្រំ ករុណា បាន​ហៅ​​ការ​បញ្ជា​ឱ្យ​កម្លាំងយោធា​មក​ធ្វើការ​រារាំង​កម្លាំង​អា​ជា្ញ​ធរ​មិន​ឱ្យ​រុះរើ​សំណង់​ខុសច្បាប់​នៅ​ក្នុង​តំបន់​ការពារ​នៃ​ឧទ្យាន​វប្ប​ធ​ម៌​ប្រវត្ដិសាស្ដ្រ​អង្គរ​ពី​សំណាក់ លោក​អ៊ុ​ក សឿ​ម នេះ​ ថា​ជា​ទ​ង្វើ​មួយ​ប្រឆាំង​ទាំង​ស្រុង​ទៅ​នឹង​ព្រះរាជ​ក្រឹត្យ​លេខ​០០១​ន​ស ចុះ​ថ្ងៃ​ទី​២៨ ឧសភា ឆ្នាំ​១៩៩៤ ស្ដី​ពីការ​កំណត់ និង​ចាត់​ចែង​គ្រប់គ្រង​តំបន់​សៀមរាប​-​អង្គរ និង​សេច​ក្ដី​សម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​៧០ សសរ​ ចុះ​ថ្ងៃ​ទី​១៦ ​វិ​ច្ឆិកា ឆ្នាំ​២០០៤ ស្ដី​ពី​ការ​កំណត់​បទ​ដ្ឋាន​នៃ​ការ​ប្រើប្រាស់​​ដីធ្លី​នៅ​តំបន់​១ និង​២ ក្នុង​តំបន់​រមណីយ​ដ្ឋា​ន​សៀមរាប​-​អង្គរ ។

លោក​បាន​បញ្ជា​ក់​ផង​ដែរ​ថា អ្វី​ដែល​អា​ជា្ញ​ធរ​​អប្សរា​កំពុង​​តែ​ធ្វើ​សព្វ​ថ្ងៃនេះ ​មិនមែន​ធ្វើ​ដើម្បី​បម្រើ​​ផល​ប្រយោជន៍​បុគ្គល​នោះ​ទេ គឺជា​កាតព្វ​កិច្ច​ក្នុង​កិច្ច​ការពារ អភិរក្ស​រមណីយដ្ឋាន​អង្គរ​ដែល​ជា​បេតិកភណ្ឌ​មនុស្ស​ជាតិ​ប្រកប​ដោយ​ចីរ​ភាព គឺ​ធ្វើ​យ៉ាង​ណា​ការពារ​មិន​ឱ្យ​មាន​កំណើន​ខ្នង​ផ្ទះ​នៅ​ក្នុង​ទំហំ​ផ្ទៃដី​៤០១​គីឡូ​ម៉ែត្រ​ការ៉េ គ្រប​ដណ្ដប់​ទៅ​លើ​ផ្នែក​មួយ​ចំនួន​នៃ​ស្រុក​-​ក្រុង​ចំនួន​៥ និង​ឃុំ​ចំនួន​២១ ​ភូមិ​ប្រមាណ​១១២ របស់​ខេត្ដ​សៀមរាប ដែល​ត្រូវ​បាន​ចាត់​បញ្ចូល​ទៅ​ជា​តំបន់ទ្រនាប់​នៃ​ឧទ្យាន​អង្គរ​បេតិកភណ្ឌ​ពិភព​លោក​កាលពី​អំឡុង​ឆ្នាំ​១៩៩២ កន្លង​ទៅ។ ដូច្នេះ​ការ​បញ្ជា​កម្លាំងយោធា​មក​រារាំង​ប្រតិ​បត្ដិ​ការ​រុះ​រើ​​សំណ​ង់​ខុសច្បាប់​នេះ ​ជា​អំពើ​ល្មើស​​នឹង​ច្បាប់​ទាំងស្រុង ។

ទាក់ទិន​ជាមួយ​នឹង​ការ​មិន​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​បង្កើត​ខ្នង​ផ្ទះ​ថ្មី មាន​សំណួរ​ជា​ច្រើន​សួរ​ថា ​តើ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​រស់​នៅ​​ទីណា​នៅ​ពេល​មានកូន​ចៅ​រៀប​ការ​រួច​ហើយ​ត្រូវការ​បំបែក​​​គ្រួសារ​នោះ? មន្ដ្រី​អា​ជា្ញ​ធរ​អប្សរា​​បាន​ប្រាប់​ថា ​គេ​បាន​គិតគូរ​បញ្ហា​ហ្នឹង​រួច​ហើយ​ គឺ​យើង​បាន​បង្កើត​ភូមិ​មួយ​នៅ​ស្រុក​បន្ទាយ​ស្រី ដែល​ដាក់​ឈ្មោះ​ថា ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ មាន​ផ្ទៃ​​​ដី​មួយ​ពាន់​ហិ​កតា ដែល​បច្ចុប្បន្ន​មាន​​ប្រជាពលរដ្ឋ​​ជាង​មួយ​រយ​គ្រួសារហើយ​​​ដែល​បាន​ដាក់​ពាក្យ​​សុំ​ទៅ​តាំង​ទី​លំនៅ​ថ្មី​នៅ​ទី​នោះ។ ជុំវិញ​បញ្ហា​នេះ ពេញ​មួយ​រសៀល​ថ្ងៃ​ទី​២៤ មីនា លោក​វរសេនីយ៍​​ទោ អ៊ុ​ក សឿ​ម មន្ដ្រី​យោធា​យោធភូមិ​ភាគ​៤ មិន​អាច​ទំនាក់​ទំនង​ដើម្បី​បំភ្លឺ​ទាក់ទិន​ទៅ​នឹ​ង​ការ​ចោទប្រកាន់​របស់​មន្ដ្រី​អា​ជា្ញ​ធរ​អប្ស​រា​ដែល​ថា ​លោក​បាន​បញ្ជា​កម្លាំង​ទ័ព​ឱ្យ​មក​​រារាំង​ប្រតិបត្ដិការ​រុះរើ​សំណង់​ខុសច្បាប់​នោះ​បាន​ទេ៕

គ្រួសារអតីត​យុទ្ធជនពិការ​ដែល​ស្លាប់​​​សុំប្រាក់​គោល​នយោ​បាយមន្រ្តីសន្យាថាសប្តាហ៍ក្រោយប្រគល់ប្រាក់​ឱ្យហើយ

Posted: 24 Mar 2011 07:54 PM PDT

គ្រួសារ​យោធិន​ពិការ​ដែល​ស្លាប់​សុំ​ប្រាក់​គោលនយោបាយ

ខេត្ត​កំពង់ឆ្នាំង ៖ ស្ត្រី​ជា​ភរិយា​អតីតយុទ្ធ​ជន​ពិការ​​ម្នាក់​ដែល​បានស្លាប់​កាលពីដើម​​ខែ​មករា ២០១១នេះ ​បាន​​លើក​ដៃសំពះ​​អង្វរ​​​សុំ​សមត្ថ​កិច្ច​ពាក់ព័ន្ធ​​ជួយ​ទាមទារ​​ប្រាក់​​ពលី​និង​​ប្រាក់​សមាគម​​​របស់​ប្តី​គាត់​ផង ព្រោះ​​អង្គភាព​ពាក់ព័ន្ធ​​ពិសេស​មន្ទីរ​សង្គម​កិច្ច​ខេត្ត​បាន​​ប្រាប់​គាត់​​ថា ប្រាក់​​​នេះ​​​ត្រូវ​រង់​ចាំ​២ឆ្នាំ​ទៀត ។

ស្ត្រី​ឈ្មោះ​​ហុយ ​ខន អាយុ​​៥៦ឆ្នាំ ​មាន​ទី​លំ​នៅ​ភូមិ​ផ្សារ​លើ​ សង្កាត់​ផ្សារ​ឆ្នាំង ដែល​ត្រូវ​​ជា​ប្រពន្ធ​អតីត​យុទ្ធជន​​ពិការ​ឈ្មោះ​គន សុខុម អាយុ​៥៩ឆ្នាំ​ បាន​រៀបរាប់​​និង​​លើក​​សៀវ​ភៅ​​​បើក​ប្រាក់​ឧបត្ថម្ភ​របស់​មន្ទីរ​សង្គម​កិច្ច ដែល​ចុះ​​ហត្ថ​លេខា​​ដោយ​លោក​​ចូ វណ្ណា ប្រធាន​​មន្ទីរ​សង្គម​កិច្ច​ និងអតីត​យុទ្ធជន​ពលី​ពិការ​​បង្ហាញ​ផងដែរ​ថា ប្តីគាត់​បាន​ពិការ​ដោយ​​ជាន់​មីន​ខ្មែរ​ក្រហម​​នៅ​ផ្លូវ​ដែក​ក្តុល​ កាលពី​ថ្ងៃទី​២២ ខែ​មីនា ​ឆ្នាំ​១៩៨៧ ​។ កាលនោះ​​ប្តី​គាត់មានឋានៈ​​ជា​អនុ​សេនីយ៍​ត្រី ប្រធាន​​ គ ​នៅអង្គភាព​​វរសេនា​តូច​លេខ​៥​​។ ចាប់​​តាំង​​ពី​ពេល​​នោះ​មក​ប្តី​គាត់​​បាន​ទទួល​ប្រាក់​​ឧបត្ថម្ភ​​​ទាំង​ប្រពន្ធ​កូន​ចំនួន​១៣៩.៣៨០​រៀល​ ប៉ុន្តែ​សល់​តែ​១៣៣.០០០​​រៀលប៉ុណ្ណោះ​ ដោយសារ​កាត់​ប្រាក់​ចូលសមា​គម​​​​ក្នុង​អង្គភាព​​នេះ៥.០០០​រៀល និង​ថ្លៃ​ចំណាយ​​ផ្សេងៗទៀត​ ។ លុះនៅ​ថ្ងៃទី​៩ មករា ២០១១ ប្តី​គាត់​បាន​ស្លាប់​​ហើយ​ពេល​គាត់ទៅ​បើក​​ប្រាក់​​ឧបត្ថម្ភ​នោះ​​ស្រាប់​​តែ​​គេ​មិន​ចង់​បើក​​ឱ្យ ដោយ​ប្រាប់​គាត់​ថាប្តីគាត់​​ស្លាប់​ហើយ​ងើប​មក​ផ្តិ​តមេដៃ​កើតទេ? ប៉ុន្តែ​ដោយ​​សារ​គាត់​ទទូច​សុំ​ខ្លាំង​ពេក​​ទើប​​គេ​អាណិត​​បើក​ឱ្យ​គាត់​​១ខែ​មករា ហើយបាន​​ប្រាប់​​គាត់​​ថា ចាប់ពី​​​ខែ​កុម្ភៈ​ទៅ គ្មាន​​​ប្រាក់​បើក​ឱ្យ​​ទៀត​ទេ ។ គាត់​​បញ្ជាក់​​ថា ប្តី​គាត់​ស្លាប់​​​ភ្លាម​គេបិទប្រាក់​​ឧបត្ថម្ភ​​នេះភ្លាម​ ឯប្រាក់​​ពលី​ដែលមាន​​​​ប្រមាណ​​១​លាន​រៀល និង​ប្រាក់​សមាគម​​​១​ខែ​កាត់​លុយ​គាត់​៥​ពាន់​រៀលយូរឆ្នាំ​ហើយ​ដែល​ត្រូវ​បើក​​បាន​៤​លាន​រៀល​ទៀត​នោះ​​គេថា​ ចាំ២​ឆ្នាំទៀត​ទើប​​អាច​បើក​បាន​ ។

ស្ត្រីរូប​នេះ​​បាន​បញ្ជាក់​ថា សព្វ​ថ្ងៃ​គាត់​បាន​ប្តី​ពិការ​នេះ​ជាអ្នក​​រត់​រទេះ​សេះ​ចិញ្ចឹម​គ្រួសារ​ លុះ​ដល់​​ប្តីស្លាប់​ទៅ​ប្រាក់​បាន​ពីការ​បរទេះ​​សេះ​ក៏អត់​ ប្រាក់​ឧបត្ថម្ភ​​​ក៏ត្រូវ​គេ​កាត់​ផ្តាច់​ទៀតតើ​ឱ្យ​​គ្រួសារ​​គាត់​រត់​ដោយ​របៀបណា​ ។ ពេល​នេះ​​គាត់​គ្រាន់​តែ​សូម​អំពាវ​នាវ​​ដល់​​ស្ថាប័ន​ពាក់ព័ន្ធ​​​មេត្តា​​ជួយ​ពិនិត្យ​​មើល​​ថា តើ​ប្រាក់ពលី​និង​ប្រាក់​សមាគម​​ពិតជា​ត្រូវ​បើក​ដល់​២​ឆ្នាំក្រោយ ​មែនឬ ។

​លោក​ចូ វណ្ណា ប្រធាន​មន្ទីរ​សង្គម​កិច្ច​​ និង​​អតីត​យុទ្ធ​ជន​ បាន​បក​ស្រាយ​ប្រាប់​សារព័ត៌​មាន​កោះ​សន្តិ​ភាព​ថា កាលលើក​មុន​ប្តី​របស់​គាត់​ជា​អតីត​យុទ្ធជន​​ពិការ ទទួលប្រាក់ឧបត្ថម្ភ​​ទាំង​ប្តី​-ប្រពន្ធ​ និង​កូន​ជាង​១៣ម៉ឺន​រៀល​ក្នុង​១​ខែ ប៉ុន្តែ​​ក្រោយ​ពេលគាត់ស្លាប់​កាលពី​ខែ​មករា ២០១១ មក​មន្ទីរ​សង្គម​កិច្ច​កំពុង​រៀប​ចំ​ស្នើ​សុំ​ទៅ​​ក្រសួង​ដាក់​គ្រួសារ​របស់​គាត់​ទៅ​ជា​គ្រួសារ​​ពលី​វិញ ​ដែល​ត្រូវ​បើក​ប្រាក់ឧបត្ថម្ភ​​ប្រពន្ធ និង​កូន​បន្ត​ទៀត ។ នៅ​ពេល​បាន​សេចក្តី​សម្រេច​ដាក់​គ្រួសារ​គាត់​ជាគ្រួសារ​ពលី​ហើយ​នឹង​មានបើក​ប្រាក់​១​លើកទៀត គឺ​សម្រាប់​​ធ្វើបុណ្យ​សព ។ នេះ​គឺ​ប្រាក់​របស់​រាជ​រដ្ឋាភិបាល​ ដែលពាក្យ​​សា​មញ្ញ​​ហៅ​ថា ប្រាក់ពលី ។ ដោយឡែក​​ប្រាក់​សមា​គម​វិញ​ដែលក្នុង​ខ្លឹម​សារ​ប្រើ​ពាក្យ​«ប្រាក់​មរណៈ​សង្គ្រោះ»នេះ​​មាន​៤​លាន​រៀល គឺត្រូវ​តែ​មាន​ ប៉ុន្តែ​ទោះ​យ៉ាង​ណាក្តី មិន​ដល់​២​ឆ្នាំ​ដូច​ការ​និយាយ​នោះទេ ។

លោក​ពន្យល់​ថា អតីត​យុទ្ធ​ជន​ពលី​ដែល​បាន​ស្លាប់​គឺមានលេខ​រៀង​របស់​វា​ហើយ​បើ​ទូទាំង​ប្រទេស​មានអ្នកស្លាប់តិច​គឺឆាប់ បានបើក​​ប៉ុន្តែ​​បើ​មាន​អ្នកស្លាប់​ច្រើន​គឺ​យូរ​បន្តិច​មែន ។ ​លោក​​បាន​បង្ហាញ​ឈ្មោះ​អ្នកស្លាប់​សម្រាប់​បើក​ប្រាក់​ខែ​មីនា​នោះ​ដែល​មាន​​ចំនួន​ដល់ទៅ៣០​នាក់​ទូ​ទាំង​ប្រទេស​ ហើយ​ក្នុងនោះ​​ខេត្ត​កំពង់ឆ្នាំង​ គឺ​មាន​៣​នាក់ដែរ ។ ប៉ុន្តែ​មិន​មែន​លេខ​រៀង​ដល់គ្រួសារ​នេះទេ ​ព្រោះ​គាត់​ទើប​ស្លាប់ខែ​មករា​ ។ ទោះ​ជាយ៉ាង​ណា​ក្តី គាត់​បានទម្លាក់​កំហុស​លើការិ យាល័យ​សង្គម​​កិច្ច​ក្រុង​ប្រហែល​ជាប្រាប់​គ្រួ សារនោះ​ថា ពី១ដល់​ទៅ​២​ឆ្នាំ​ទើប​បើកប្រាក់​ទាំង​នេះ​បាន​ ទើប​គាត់​ខ្វល់​បែប​នេះ ។ គាត់​សន្យា​ផ្តល់​ប្រាក់​១​លាន​រៀល​ជាប្រាក់​មរណ​សង្គ្រោះ​​មុនគេ​នៅសបា្តហ៍​ក្រោយ​ ​ដើម្បីទប់​ទល់​ភាព​ខ្វះ​ខាត៕           

អណ្តើក​ចម្លែក​នៅ​តំបន់​កន្ទុយនាគ​ឈ្មួញ​វៀតណាម​កំពុង​តថ្លៃ​ខ្ពស់

Posted: 24 Mar 2011 07:23 PM PDT

​សត្វ​អណ្តើក​​ចម្លែក​មួយ​ក្បាល​ត្រូវ​​បានគេប្រទះឃើញ​​​នៅ​ក្នុង​ព្រៃ​​តំបន់​​កន្ទុយ​នាគ
សត្វ​អណ្តើក​​ចម្លែក​មួយ​ក្បាល​ត្រូវ​​បានគេប្រទះឃើញ​​​នៅ​ក្នុង​ព្រៃ​​តំបន់​​កន្ទុយ​នាគ
សត្វ​អណ្តើក​​ចម្លែក​មួយ​ក្បាល​ត្រូវ​​បានគេប្រទះឃើញ​​​នៅ​ក្នុង​ព្រៃ​​តំបន់​​កន្ទុយ​នាគ
​សត្វ​អណ្តើក​​ចម្លែក​មួយ​ក្បាល​ត្រូវ​​បានគេប្រទះឃើញ​​​នៅ​ក្នុង​ព្រៃ​​តំបន់​​កន្ទុយ​នាគ

ខេត្ត​រតនគិរី​ ៖ ​សត្វ​អណ្តើក​​ចម្លែក​មួយ​ក្បាល​ត្រូវ​​បានគេប្រទះឃើញ​​​នៅ​ក្នុង​ព្រៃ​​តំបន់​​កន្ទុយ​នាគ ហើយ​ចាប់​យក​មក​​​ចូល​ភូមិ​​​ក៏​មាន​​ការ​ភ្ញាក់​ផ្អើល​​ល្បី​​​តៗគ្នា​​ធ្វើ​ឱ្យ​​មាន​ចម្ងល់​ខ្លាំង​ ​​ស្ទើរ​​​ទូទាំង​ខេត្ត​​រតនគិរី ​ថែមទាំង​​មានឈ្មួញ​វៀត​ណាម​ចង់​ទិញ​​ដោយ​ឱ្យ​​តម្លៃ​​ខ្ពស់​ទៀត​ផង ។​ បុរស​ឈ្មោះ​​​នៃ បាន​ចូល​​​​ព្រៃ​តំបន់​​កន្ទុយ​​​នាគ​ប្រទះឃើញ​​អណ្តើក​ចម្លែក​ រួច​ចាប់​យក​មក​ផ្ទះ​​របស់គាត់ កាលពីថ្ងៃទី​​២២ មីនា ២០១១ ​ស្ថិត​ក្នុង​​ភូមិ​តាឡាវ ឃុំ​តាឡាង ស្រុក​អណ្តូង​មាស ហើយ​​ត្រូវបាន​​​ឈ្មួញ​​វៀតណាម​​​តថ្លៃ​​​សុំ​ទិញ​​​ ដោយ​ឱ្យ​​​តម្លៃ​ចំនួន​​២.៥០០​ដុល្លារ ​ប៉ុន្តែ​​ម្ចាស់​អណ្តើក​ចម្លែក​នោះ​​ទារ​ថ្លៃ​​រហូត​ដល់​​៤.០០០​ដុល្លារ ។​

តាម​ប្រភព​ព័ត៌​មាន​​​បាន​ឱ្យ​​ដឹង​​​ថា សត្វ​ចម្លែក​​នោះត្រូវបានគេ​នាំ​យក​​ទៅ​​លក់​នៅក្រុង​បាន​លុង​ទៀត​ហើយ ​ប៉ុន្តែ​មាន​​អ្នកខ្លះ​​អះអាង​ថា ​មិន​ទាន់​​យកទៅ​លក់​នៅឡើយទេ គឺ​នៅ​​ក្នុង​ដៃ​ម្ចាស់​ដើម​នៅឡើយ សត្វ​អណ្តើក​ចម្លែក​​ប្រភេទ​នេះ កាល​ពី​​ឆ្នាំ​ទៅមិញ ធ្លាប់​​មានគេ​ចាប់​បាន​ដែរ ហើយ​បាន​​លក់​ទៅ​ឱ្យឈ្មួញវៀតណាម​​​តម្លៃ​១.៥០០​ដុល្លារ​​ ។​ ​​​អ្នកដែល​​បានឃើញ​ផ្ទាល់​បាន​​ឱ្យ​​ដឹង​ថា ​សត្វ​​អណ្តើក​ចម្លែក​នោះ​​ខុសគ្នា​ជាមួយ​អណ្តើក​ធម្ម​តា​​​ត្រង់​ថា ​សត្វ​នោះ​មាន​ស្នូក​ពីលើ​​ដូចជា​​កន្ធាយ ប៉ុន្តែ​​ស្នូក​ពីក្រោម​ដូច​ជា​​អណ្តើក​ធម្ម​តា​ ​ហើយ​មាន​​​​កន្ទុយ​វែង មាន​​​ស្រកា​ដូច​ពង្រូល ជើង​ដូច​ជា​​​សត្វក្រពើ ឯ​ក្បាល​មាន​ចំពុះ​កោងចុះ​ក្រោម​​ដូច​ចំពុះ​សត្វ​ឥន្ទ្រី ។ ​​​​សត្វ​ប្រភេទ​នេះ​គឺជា​សត្វ​​កម្រ​មាន​ និង​កម្រ​បាន​ជួប​ប្រទះ​​ណាស់​ គឺ​មាន​តែ​ក្នុង​​តំបន់​ព្រៃ​​កន្ទុយ​នាគ​ទេ មាន​សត្វ​​ចម្លែក​​ប្រភេទ​នេះ ។​

ប្រភព​​ក៏​​បាន​ឱ្យ​​​ដឹងទៀត​​ថា ម្ចាស់​​សត្វ​នេះ​កំពុង​បារម្ភ​​ខ្លាច​​ក្រែង​សមត្ថកិច្ច​​ ឬក្រសួង​​​ពាក់​ព័ន្ធ​​ចុះ​ទៅ​​ដកហូត​យក​សត្វ​នោះ​​ពី​គាត់​ ដោយ​ពុំ​​បាន​ផ្តល់​ប្រាក់​​​ដូចដែលឈ្មួញ​​បានសុំ​ទិញ​មាន​តម្លៃ​​ខ្ពស់ ។​ សត្វ​កម្រ​​បែបនេះ ​​គួរតែ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​​​សុំ​ទិញ​ដោយ​ឱ្យ​តម្លៃ​​សមរម្យយក​មក​រក្សា​ទុក​នៅ​ក្នុង​​សួនសត្វ​​​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​​ជាតិ និង​អន្តរជាតិ​មក​ទស្សនា ហើយ​ក៏​អាច​ទាញ​យក​កម្រៃ​ផល​ចំណេញ​​ពី​ទេស​ចរ​ផង​ដែរ ។ បើ​មិន​​ដូច្នោះ​​ទេ សត្វ​ចម្លែក​នោះ​ត្រូវ​ធ្លាក់​​ក្នុង​កណ្តាប់ដៃ​​​ឈ្មួញ​​​យកទៅ​​ក្រៅ​ប្រទេស​​មិន​ខាន​ឡើយ ៕​

យុទ្ធនាការ​បង្ក្រាប​ជំនួញឈើ​ប្រណីត​កក្រើក​ច្រើន​ខេត្ត

Posted: 24 Mar 2011 07:00 PM PDT

ល្បិច​ក្រាលថ្ម​ពីលើ​បង្កប់​ឈើ​គ្រញូង​ពី​ក្រោម​គេច​មិន​ផុតពីភ្នែក​សមត្ថកិច្ច
ល្បិច​ក្រាលថ្ម​ពីលើ​បង្កប់​ឈើ​គ្រញូង​ពី​ក្រោម​គេច​មិន​ផុតពីភ្នែក​សមត្ថកិច្ច

ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ​ដោយ​មាន​បទបញ្ជា​ពី​លោកអ៊ុំ ម៉ា​រ៉ា អភិបាល​ខេត្ត​ កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ដឹកនាំ​​ដោយ​លោក​ស ថា​វី អភិបាលរង​ខេត្ដ ​ដែល​មាន​​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ដ បរិស្ថាន​ខេត្ដ នគរ​បាល​​ខេត្ដ រួម​ជាមួយ​កម្លាំង​កងពល​ធំ​អន្ដរា​គម​ន៍​លេខ​៣ផង បាន​ឃាត់​ចាប់​រថយន្ដ​ធុនធ្ងន់​ប្រភេទ​បែន​ដឹក​ដី​ចំនួន​៤​គ្រឿង បន្ទាប់​ពីដឹង​ថា ​រថ​យន្តទាំងនេះ​រកស៊ី​ដឹកឈើ​គ្រញូ​ងចេញពី​ស្រុក​ជាំ​ក្សាន្ដ​ តាម​ដងផ្លូវ​ជាតិ​លេខ​៦២ ឆ្ពោះទៅ​កាន់​ខេត្ដកំពង់​ចាម ដោយ​​មាន​ថៅកែម្នាក់​ឈ្មោះនី ភេទ​ប្រុស​ អាយុ​ប្រហែល​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់ទទឹង ស្រុក​ត្បូងឃ្មុំ ខេត្ដកំពង់ចាម ។

សមត្ថកិច្ច​ចំរុះ​ខេត្ដ​ដែល​បាន​ធ្វើការ​ប្រមាញ់​ចាប់​រថយន្ដ​ចំនួន​៤​គ្រឿងខាងលើ​ គឺបន្ទាប់ពី​​​​ដឹង​ថា ​រថយន្ដ​​ទាំងនោះ បាន​ឆក់​ឱកាស​ដឹកឈើ​គ្រ​ញូ​ង​ជា​យូ​រ​មក​ហើយ ដោយ​ឈ្មួញ​បាន​ប្រើ​ល្បិច «​​ត្រី​ងៀត​​ឆ្លៀត​ពង»។ សូម​​បញ្ជាក់​ថា ផ្លូវ​ជាតិ​លេខ​៦២ ចាប់ពី​កំពង់ធំ​រហូត​ដល់ប្រាសាទ​ព្រះវិហារ ​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ស្ថាបនា​ ហើយ​ក្រុមហ៊ុន​បាន​ប្រើប្រាស់​រថយន្ដ​បែន​ដឹក​ដី និង​ថ្ម​ប្រភេទ​ធំ​ៗ​ជា​ច្រើន​​រយ​គ្រឿង​នៅ​តាមដងផ្លូវ​នោះ ។ ចំណែក​ពួក​ឈ្មួញ​បាន​ឆ្លៀត​​ឱកាស​ប្រើប្រាស់​រថយន្ដ​​បែន​​នេះ​ដឹក​ឈើ​គ្រញូ​ង​​មួយ​ជើងពី​៨​ទៅ​១០​ម៉ែត្រ​គូប ​ដោយ​គេ​​ដាក់ឈើ​ប្រណីតពីក្រោម ​ហើយ​គេ​​យក​ថ្ម​សំរាប់​ក្រាល​ផ្លូវ​​ដាក់​ពីលើដើម្បី​បំភ័ន្ត​ភ្នែកសមត្ថ​កិច្ច ។ ពួក​គេ​នាំ​គ្នា​លួចដឹក​ជញ្ជូន​​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​ពុំ​មាន​អ្នក​ណា​ចាប់អារម្មណ៍ឡើយ ទើបតែ​ពេល​នេះ​បែកការណ៍​ដោយអាជ្ញា​ធរ​ខេត្ដ បាន​ធ្វើការ​ឃ្លាំមើល​អស់​រយៈ​ពេល​មួយ​យប់ថ្ងៃ​ទី​២២ មីនា ​ទើបបាន​ដឹង​ ក៏​តាម​ចាប់​បាន​រថយន្ដ​ចំនួន​២​គ្រឿង ឯ២​គ្រឿងទៀត​បើក​រត់គេច​បាត់។

លោកស ថា​វី អភិបាលរង​ខេត្ដ​​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​បទបញ្ជាពី​លោកអ៊ុំ ម៉ា​រ៉ា អភិបាលខេត្ដរួច​មក ​លោក​បាន​ដឹកនាំ​កម្លាំង​ចម្រុះតាម​ចាប់​រថយន្ដ​ខាងលើ ដើម្បី​វែកមុខ​​ឈ្មួញបញ្ជូន​ទៅ​​ផ្ដន្ទាទោសតាម​ផ្លូវតុលា​ការ ។ បច្ចុប្បន្ន​ រថយន្ដ​ទាំង​ពីរ​គ្រឿង​ខាងលើ និង​​​ឈើ​គ្រញូ​ង​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅសាលា​​​ខេត្ដ​តែ​​ឈ្មួញ និង​អ្នក​បើក​បរ​​បាន​រត់គេច​ខ្លួន​អស់​​​ដែលសមត្ថកិច្ចកំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​សាលា​ដំបូង និង​សុំ​ដីកាស្វែងរក​​ចាប់ខ្លួន​ ។

  • រថ​យន្ត​​ស្តារិ​ច​បង្កប់​ឈើ​ប្រណីត​ប្រុង​លោត​​ឆត្រ​ទៅ​ព្រំ​ដែន​វៀតណាម

ខេត្តកំពង់ចាម ៖ យោងតាមការណែនាំ​របស់លោកនេត សាវឿន អគ្គស្នងការនគរបាល​ជាតិ និងលោកឧត្តមសេនីយ៍ទោស៊ាង ប៊ុនលាង ប្រធាននាយកដ្ឋាននគរបាលប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ចក្រសួងមហាផ្ទៃ កំលាំង​នគរ​បាល​សេដ្ឋ​កិច្ចក្រសួង បានសហការជាមួយនគរ​បាល​សេដ្ឋ​កិច្ចនៃស្នងការដ្ឋានខេត្ត បង្រ្កាប​បានរថយន្តម៉ាក​ស្តារិច១​គ្រឿង ដែលលួចដឹកឈើប្រណីត​ខុស​ច្បាប់នៅត្រង់ចំណុចឡូត៍កៅស៊ូលេខ២៥ មូល​ដ្ឋាន​ចំការកៅស៊ូពាមជាំង ស្រុកអូររាំងឪ កាល​ពី​វេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃទី២៣មីនា ដែលបំរុងនាំទៅលក់នៅព្រំដែនវៀត​ណាម ។

លោកវរសេនីយ៍ត្រីហឿន វីណា អនុ​ប្រធាន​ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានប្រសាសន៍ឱ្យដឹងថា កម្លាំង​មូល​ដ្ឋានបានរាយការណ៍មករូបលោកថា មានរថ​យន្ត១គ្រឿងម៉ាក​ស្តារិចបើក​ឆ្លងស្ពាន​ព្រែក​តា​មាក់ចូលមកខេត្តកណ្តាល និងបន្តមកកាន់​ស្រុក​អូររាំងឪសង្ស័យ​​មានបង្កប់ឈើប្រណីត​ក្នុង​គោលបំណងយក​ទៅ​លក់​នៅប្រទេសជិតខាង ។ ក្រោយពី​ទទួល​បានព័ត៌មាននេះភ្លាម រូបលោក បាន​បញ្ជា​ឱ្យ​កម្លាំង​ក្រោមឱវាទចុះសហការ​ជាមួយ​នឹង​នគរបាលសេដ្ឋកិច្ចខេត្តត្រៀមកំលាំង​ចាំឃ្លាំមើលនៅក្នុងឡូត៍កៅស៊ូពាមជាំងរហូត​ដល់​វេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃដដែល ក៏​ឃើញរថយន្តដែល​មានភិនភាគគួរឱ្យសង្ស័យ​នោះមែន ។

​លោកហឿន វីណា បាន​បន្ត​ទៀត​ថា ​លុះ​ពេល​ឃាត់​ធ្វើ​ការឆែកឆេរ​ឃើញមានឈើ​ប្រណីតលេខ១ ប្រភេទ​នាងនួន និងគ្រញូង​ចំនួន៧ដុំ ក៏បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាល​ខេត្ត​រួមជាមួយ​​អ្នក​បើកបរ ឈ្មោះលី ម៉េង ភេទ​ប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងសង្កាត់ទឹក​ល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ។ អ្នក​​បើក​បរ​​រថ​យន្ត​រូបនេះបានឆ្លើយថា ឈើទាំងនេះគឺដឹកចេញពីភ្នំពេញ ក្នុងគោលដៅយក ទៅស្រុក​មេមត់​ជាប់ព្រំដែនប្រទេសវៀតណាម ។ បន្ទាប់​មក​នៅវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី២៤ មីនា ក៏បានរៀបចំបែបបទប្រគល់ឱ្យទៅ​លោក​ជា បញ្ញា នាយរងសង្កាត់រដ្ឋបាលព្រៃ​ឈើ​ស្រី​សន្ធរ ដើម្បីចាត់ ការតាមច្បាប់ ។​

  • ចាប់​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​លួច​បង្កប់​ឈើ​គ្រញូង​១១៣កំណាត់​

ខេត្ត​កំពង់​ឆ្នាំង ៖ ឈើ​គ្រញូង​ដែល​លួច​ដឹក​តាម​រថយន្ត​ក្រុង​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ដឹក​នាំ​ដោយ​លោក​ពេញ វិបុល ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ ស្ទាក់​ចាប់​បាន​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣​ មីនា នៅចំណុច​មុខ​ស្នាក់​ការ​៥០០ ស្ថិត​ក្នុង​ឃុំ​លង្វែក ស្រុក​កំពង់​ត្រឡាច ។ លោក​លឹម ​ហាក់ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​និយាយ​ឱ្យ​ដឹង​ថា អ្នក​បើក​បរ​រថយន្ត​ក្រុង​​ឈ្មោះ​អ៊ុក ​ឈុន​ម៉េង អាយុ​៣៤​ឆ្នាំ រស់​នៅ​ភូមិ​ភ្នំ​តូច​ ស្រុក​ឧដុង្គ ខេត្ត​កំពង់​ស្ពឺ ។ លោក​បាន​បន្ត​ថា ដោយ​ទទួល​បាន​ព័ត៌​មាន​​ស្តី​ពី​​រថយន្ត​ក្រុង​​ដឹក​អ្នក​ដំណើរ​​ ពាក់​ស្លាក​លេខ​ភ្នំពេញ ៤០៣០ មាន​​ដឹក​ឈើ​គ្រញូង​ចំនួន​៤​ការុង​កន្លះ ចេញ​ពី​ផ្សារ​​​ស្រុក​ក្រគ​រ ខេត្ត​ពោធិ៍​សាត់ ទើប​លោក​ពេញ វិបុល ​ព្រះ​រាជ​អាជ្ញា​អម​សាលា​​ដំបូង​ខេត្ត ដឹក​នាំ​​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​​ខេត្ត និង​ស្នាក់​​ការ​៥០០ ស្ទាក់​ចាប់​បាន​រថយន្ត​​ខាង​លើ ដែល​ក្រោយ​ការ​រាប់​ចំនួន​ឃើញ​​មាន​​១១៣​កំណាត់ ​ស្មើ​ជាង​កន្លះ​ម៉ែត្រ​គូប ។ ​ក្រោយ​ការ​ចាប់​ឃាត់​អ្នក​បើក​បរ​រថយន្ត​បាន​ប្រាប់​សមត្ថ​កិច្ច​ថា គាត់​​បាន​ទទួល​​បញ្ញើ​ពី​គេ​​ឱ្យ​ដឹក​ឈើ​គ្រញូង​៤​ការុង​កន្លះ​​នេះ ពី​ស្រុក​ក្រគរ ខេត្ត​ពោធិ៍​សាត់ ទៅ​​កាន់​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​​ពេល​មក​ដល់​ខេត្ត​កំពង់ឆ្នាំង ក៏​ត្រូវ​សមត្ថ​កិច្ច​ចាប់​តែ​ម្តង។ ​ឈើ​គ្រញូង​ទាំង​១១៣​ដុំ​​​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ ចំណែក​រថយន្ត​​​យក​ទៅ​​រក្សា​ទុក​នៅ​ទី​បញ្ជា​ការ​​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​ដើម្បី​ចាត់​ការ​។

  • ឆែក​ឆេរ​​លំនៅឋាន​៣​កន្លែង​លួចស្តុក​ឈើគ្រញូង​ខុសច្បាប់

ខេត្តស្ទឹង​ត្រែង ៖ កម្លាំង​រដ្ឋ​បាល​​ព្រៃ​ឈើ​​ស្ទឹង​ត្រែង​​សហការ​ជាមួយ​កង​រាជ​អាវុធ​​ហត្ថ​ខេត្ត​​​ និង​នគរ​បាល​ក្រុងស្ទឹង​ត្រែង​ ដឹក​នាំ​ដោយ​លោក​ជា ពេជ្រ​​ ព្រះ​រា​ជ​អាជ្ញា​រងអម​សាលា​ដំបូង​​ខេត្ត​​​បានចុះ​ធ្វើ​ការ​​ត្រួតពិនិត្យ​​ទីតាំង​​ស្តុក​ឈើគ្រញូង​​ចំនួន៣កន្លែង​​​ស្ថិត​នៅ​ភូមិ​លើ សង្កាត់ស្ទឹង​​ត្រែង​​ ក្រុង​ស្ទឹង​ត្រែង ។​​ ​មុន​ការ​ចូល​ត្រួតពិនិត្យ​ គឺ​សមត្ថកិច្ច​​បាន​ឡោម​​ព័ទ្ធ​​កាល​ពីវេលា​​ម៉ោង​១​រសៀល ​ថ្ងៃទី​២៣​​ មីនា ​ទើប​​កម្លាំង​ជំនាញ​ទាំង​អស់ចូលឆែក​ឆេរ​​ឃើញ​ឈើគ្រញូង​ជាច្រើន​ដុំលាក់​ទុក​ក្នុង​បន្ទប់​ដេក និង​បន្ទប់​​ទឹក ។

​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បានឱ្យ​ដឹង​ថា លំនៅ​ឋាន​​ទាំង​៣​កន្លែង​ដែលសង្ស័យ​ស្តុក​​ឈើប្រណីត​​ខុសច្បាប់​​ ត្រូវ​បាន​​​រឹប​អូស​​​ឈើ​គ្រញូង​​ចំនួន​​ប្រមាណ​ជា​៧ ទៅ​៨​ម៉ែត្រគូប​ និង​ឃាត់​ខ្លួ​ន​កម្ម​ករ​ចំនួន២​នាក់​ ព្រម​ទាំងមធ្យោ​បាយ​​ដឹកជញ្ជូន​​​គឺ​រថ​យន្ត​កាមរី​គូទ​ស្វិត​ពណ៌.ស​ចំនួន​១គ្រឿង ។ ​ក្នុង​ការ​អនុវត្ត​ការ​ឆែកឆេរនេះ​ លំនៅ​ឋានទី១​​គឺ​មិន​បាន​ឃើញ​ម្ចាស់​​ឈើ​ទេ ​ឃើ​ញ​តែ​វត្ថុ​តាង​ជា​ឈើ និង​រថ​យន្ត​​តែប៉ុណ្ណោះ ​ចំណែក​​កម្ម​ករ​២​នាក់នោះ​ថៅកែ​ឈើ​បាននាំយក​មកពី​ស្រុក​សៀម​​​ប៉ាង ដើម្បី​ជួល​លើក​ដាក់​ឈើ​ ។ ចំពោះ​​លំនៅ​ឋាន​២​ទៀត​​សមត្ថកិច្ចបានរកឃើញ​ឈើគ្រញូង​​ជា​ច្រើនដុំ ​ដែលម្ចាស់​​ផ្ទះ​ឆ្លើយថា ​ជា​របស់​ឈ្មួញ​ដែល​​ជួលបន្ទប់​ផ្ទះរបស់គាត់​ស្នាក់​នៅនិង​​ស្តុកទុក​​ ។ គាត់​​​មិន​ដែល​ឱ្យ​ម្ចាស់​ឈើ​ទុកឈើ​​នៅ​ផ្ទះ​របស់​គាត់​ទេ ទើប​តែ​យប់​ថ្ងៃទី​២២ ​មីនា ​ម្ចាស់​ឈើ​ទាំង​​នោះ​បានសុំ​ផ្ញើ​ឈើ​មួយ​យប់ ហើយ​ថា ព្រឹក​ឡើង​គេ​នឹងដឹក​ចេញ​ តែ​រហូតមក​ដល់​ព្រឹក​ថ្ងៃ​ទី២៣ មីនា ក៏បាត់​ដំណឹង​ម្ចាស់ឈើ​​​បែរ​ជា​ឃើញ​សមត្ថ​កិច្ច​​មកព័ទ្ធ​ផ្ទះ​របស់​គាត់​ទៅវិញ ។ ​​មន្ត្រី​​ជំនាញ​រដ្ឋបាល​ព្រៃឈើ​​ បាន​រឹប​អូស​​រថយន្ត​១​គ្រឿង​​ និង​ឈើ​ប្រណីត​​ទាំងនោះ​​មក​រក្សា​ទុក​នៅខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ស្ទឹង​ត្រែង​​ចំណែក​កម្ម​ករ​ទាំង២នាក់ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​​បាន​នាំ​ខ្លួន​ទី​បញ្ជា​ការ​កង​រាជ​ហត្ថ​ខេត្ត ដើម្បី​សួរ​នាំរក​អត្ត​សញ្ញាណ​ម្ចាស់​ឈី ៕
           អ្នករាយការណ៏កោះសន្តិភាព

គ្រូ​​ទាយ​មើល​និស្ស័យ​ឆ្លង​ទ្វីប តុលាការ​កាត់​ទោស​ដាក់​គុក​១២​ឆ្នាំ និងបង់ប្រាក់ចំនួន២៤លានរៀល

Posted: 24 Mar 2011 06:49 PM PDT

គ្រូទាយត្រៃវេទពេលចាប់ខ្លួនកាលពីថ្ងៃទី១៤ តុលា​ ២០១០
សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ប្រកាស​សាល​ក្រម​​ផ្តន្ទា​ទោស​លើ​គ្រូ​ទស្សន៍​ទាយ​​ម្នាក់​​

រាជធានីភ្នំពេញ ៖ ​ព្រឹក​ថ្ងៃ​ទី​២៤ មីនា សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ប្រកាស​សាល​ក្រម​​ផ្តន្ទា​ទោស​លើ​គ្រូ​ទស្សន៍​ទាយ​​ម្នាក់​​មើល​រាសី​ឆ្លង​ទ្វីប​​ត្រៃ​វេទ តាម​ទូរស័ព្ទ​ឈ្មោះ​លឹម ច័ន្ទ​ថន ដាក់​គុក​​ក្នុង​ពន្ធ​​នា​គារ​​រយៈ​ពេល​១២​ឆ្នាំ និង​តម្រូវ​ឱ្យ​បង់​​ប្រាក់​ចូល​រដ្ឋ​៤​លាន​រៀល សង​ជំងឺ​ចិត្ត​ដល់​ជន​រង​គ្រោះ​៥​នាក់ ក្នុង​ម្នាក់​៤​លាន​រៀល​ទៀត ។ សាល​ក្រម​នេះ​​ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​លោក​ចៅ​ក្រម​សួស សំអាត ប្រធាន​ក្រុម​ប្រឹក្សា​ និង​លោក​ឯក ឆេង​ហួត ​ព្រះ​រាជ​អាជ្ញា​រង​តំណាង​អយ្យ​ការ ។

សំណុំ​រឿង​​ជន​ត្រូវចោទ​ឈ្មោះ​​លឹម ច័ន្ទ​ថន ​គ្រូ​ទស្សន៍​ទាយ​មើល​រាសី​ឆ្លង​ទ្វី​ប​តាម​រយៈ​ទូរស័ព្ទ​ដៃ​ដែល​​ល្បី​ឈ្មោះ​​ហៅ​ថា «គ្រូ​ត្រៃ​វេទ» នេះ​ត្រូវ​បាន​តុលា​ការ​សាលា​ដំបូង​លើក​យក​មក​បើក​សវនា​ការ​កាល​ពី​ថ្ងៃ​ទី​១៥ មីនា ឆ្នាំ​២០១១។ ​ក្នុង​អង្គ​​ហេតុ​តំណាង​អយ្យ​ការ​បាន​ចោទ​ប្រកាន់​គ្រូ​​ត្រៃវេទ លឹម ច័ន្ទ​ថន ពី​បទ​ល្មើស​​ទិញ​ពេស្យា​ចារ​កុមារ និង​​ប្រព្រឹត្ត​អំពើ​អាស​លើ​​កុមារ ដែល​បទ​ល្មើស​នេះ​បាន​ចែង​ក្នុង​ច្បាប់​ស្តី​អំពី​​​ការ​បង្ក្រាប​​អំពើ​ជួញ​ដូរ​មនុស្ស និង​​​អាជីវ​កម្ម​លើ​​ផ្លូវ​​ភេទ​តាម​មាត្រា​៣៤​​ បទ​ទិញ​ពេស្យា​ចារ​កុមារ​​តម្រូវ​​ផ្តន្ទា​ទោស​ពី​២​ឆ្នាំ​ទៅ​៥​ឆ្នាំ។ រីឯ​បទ​ល្មើស​អំពើ​អាស​ប្រឆាំង និង​អនីតិ​ជន​​អាយុ​ក្រោម​​១៥​ឆ្នាំ តម្រូវ​ផ្តន្ទា​ទោស​ពី​​១​ឆ្នាំ​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​ទៅ​៦​លាន​រៀល ។

គួរ​រំលឹកថា គ្រូ​ទស្សន៍ទាយ​មើល​រាសី​ឆ្លង​ទ្វីប​តាម​រយៈ​ទូរស័ព្ទ​ដៃ​ល្បី​​ឈ្មោះ​ម្នាក់​នៅ​ឆ្នាំ​២០១០ ឈ្មោះ​គ្រូ​ត្រៃ​វេទ លឹម ច័ន្ទ​ថន ត្រូវ​បាន​​​នគរបាល​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និងការ​ពារ​អនីតិជន​រាជធានី​ភ្នំពេញ ​ចាប់ខ្លួន​​ដាក់​ខ្នោះ​​ដៃ​បណ្តើរ​ដោយ​ជាប់​សង្ស័យ​ពាក់​ព័ន្ធរឿង​ទិញ​ពេស្យា​ចារ កុមារ នៅ​វេលា​ម៉ោង​​៤​រសៀល​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១០ កន្លង​មក ។ គ្រូ​​ត្រៃ​វេទ លឹម ច័ន្ទ​ថន ភេទប្រុស អាយុ​៦០​ឆ្នាំ ​ជា​​បុរស​ពោះ​ម៉ាយ ស្នាក់នៅ​ផ្ទះ​លេខ​៨២៣ ភូមិ​មិត្ត​ភាព​ សង្កាត់​ឫស្សីកែវ ​ខណ្ឌ​ឫស្សី​កែវ អតីតជា​មន្ត្រី​នគរបាល​​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ។ បន្ទាប់​មក​បាន​ផ្ទេរ​ទៅបំរើការ​ងារ​នៅ​ក្រសួង​យុត្តិធម៌​ និងចុង​ក្រោយ​បាន​ចូល​និវត្តន៍ ហើយ​ក៏​បែក​គំនិត​​ធ្វើជា​គ្រូ​ទាយ និង​​ស្រោច​ទឹក​មើល​រាសី​នៅ​ក្នុង​ប្រទេស​រហូត​​ល្បី​ដល់​ក្រៅ​ប្រទេស​ទៀត​ផង តាម​រយៈ​ទូរស័ព្ទ​ ។

ទាក់ទិន​នឹង​ការ​ចាប់​ខ្លួន​គ្រូ​ត្រៃ​វេទ លឹម ច័ន្ទ​ថន នេះ ត្រូវបាន​លោក​វរសេនីយ៍​ត្រី​កែវ ធា ប្រធាន​ការិយាល័យ​​ប្រឆាំង​ការជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិជន​​ស្នង​ការ​​ដ្ឋាន​រាជ​ធានី ឱ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​គ្រូ​ត្រៃ​វេទនេះ គឺ​ធ្វើ​​ឡើង​តាម​រយៈ​នៃការ​ស៊ើប​អង្កេត​​ និងស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ ។ លោក​កែវ ធា ឱ្យ​ដឹង​ថា ដំបូង​សមត្ថ​កិច្ច​បាន​ទទួល​ព័ត៌​មាន​​ពី​ប្រជាពលរដ្ឋ​​ថា នៅ​ផ្ទះ​គ្រូ​ត្រៃ​វេទ លឹម ច័ន្ទ​ថន មាន​ក្មេង​ស្រី​​អាយុ​ក្រោម​​១៥​ឆ្នាំ ចេញ​ចូល​ជា​ញឹក​ញាប់ ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ ។ ពេល​ទទួល​បានព័ត៌​មាន​នោះ មន្ត្រី​​ជំនាញ​របស់​លោក​បាន​ចុះ​ទៅ​ស្រាវ​ជ្រាវ​​សួរ​នាំ​ក្មេង​ស្រី​ទាំងនោះ ទើប​លេច​ឡើង​​ជា​​ព័ត៌​មាន​​ថា គ្រូ​រូបនេះ​​តែង​អន្ទង​​ក្មេងស្រី​យកទៅ​បំរើ​ផ្លូវ​ភេទ ។

លោក​កែវ ធា បាន​ឱ្យ​ដឹង​ទៀតថា ពេល​ចាប់​ខ្លួន​គ្រូ​ទស្ស​ន៍​ទាយ​ឈ្មោះ​លឹម ច័ន្ទ​ថន ទៅ​​កាន់​ការិ​យា​ល័យ​​ភ្លាម​ មាន​ពាក្យ​បណ្តឹង​របស់​អាណា​ព្យា​បាល​​កុមារីរងគ្រោះ​ចំនួន​៧នាក់ ដាក់​ជូន​​សមត្ថ​កិច្ច​ភ្លាម ដែល​​​ពាក្យ​បណ្តឹង​នីមួយៗ ចោទប្រកាន់​​គ្រូនេះ​ថា បានលួងលោម​កូនស្រី​របស់ពួកគាត់​ក្រោមអាយុ​១៥​ឆ្នាំ ទៅ​បៀត​បៀន​ និង​រំលោភ​ផ្លូវភេទ ដោយ​គ្រាន់​តែ​ផ្តល់​ប្រាក់​ពី​២.០០០​ទៅ​៥.០០០​រៀល​​ប៉ុណ្ណោះ និងនៅ​មាន​ជន​រង​គ្រោះ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​គ្រូនេះ​បាន​ប្រព្រឹត្ត។ ក្នុងពាក្យ​បណ្តឹង​កុមារី​៧​នាក់​បាន​ឱ្យ​ដឹង​ថា ពួកគេ​សុទ្ធ​តែ​ជា​កូនអ្នក​ក្រីក្រ​រស់នៅ​ភូមិ​មិត្ត​ភាព ខណ្ឌ​ឫស្សីកែវ ។ ពេល​រត់លេង​ក៏​ដូច​ជា​​ពេលធ្វើ​ដំណើរ​ទៅ​កាន់សាលា​រៀន​​ត្រូវ​ឆ្លង​​កាត់​មុខ​ផ្ទះ​​គ្រូ​ត្រៃ​វេទ ពេលនោះ​លោកគ្រូ​រមែង​ហៅ​ពួកគេ​ឱ្យ​ចូល​លេង​ក្នុង​ផ្ទះ ។ លើក​ដំបូង​គ្រាន់​តែ​​ឱ្យ​ច្របាច់​ជើង ឬ​ដក​ស្កូវ​សក់​ឱ្យ​​គាត់​ក៏​ផ្តល់ប្រាក់​​មកវិញ​២.០០​០ទៅ​៥.០០​០រៀល រយៈ​ពេល​កន្លះ​​ម៉ោង ឬ​​មួយម៉ោង​បាន​ប្រាក់​ ទើប​ឱ្យ​ចេញ​ទៅ​វិញ ។ ការ​លួងលោម​របៀប​នេះ​២​ទៅ​៣​លើក​ ទើប​​គ្រូ​នេះ​ចាប់​ផ្តើម​ប្រើ​ប្រាស់​ម្រាម​ដៃ​បៀត​បៀន​ប្រដាប់​ភេទកុមារី និង​អង្អែល​សុដន់​​លេង​​ធ្វើ​​ឱ្យ​មាន​សំរើប ចុងក្រោយ​លោកគ្រូ​បាន​​​ឈានទៅ​ប្រើ​​ប្រដាប់ភេទ​​ខ្លួន​ឯង​​ដើម្បី​សំរេច​បំណង ។​

ទោះបីជា​បែប​ណា ការចោទប្រកាន់​ខាងលើ​នេះ ត្រូវបាន​លោកគ្រូត្រៃ​វេទ លឹម ច័ន្ទ​ថន បដិ​សេធ​ និង​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណាមួយពាក់​ព័ន្ធ​លើករណី​ចោទ​ប្រកាន់​នេះ​ទេ ដោយ​លោក​មាន​ជំនឿ​ថា ទេវតា​នឹង​អាច​មើល​​ឃើញ​មនុស្ស​ធ្វើ​ល្អ​ ឬ​អាក្រក់ ។ ក្រោយការឃាត់ខ្លួននៅព្រឹកថ្ងៃទី​១៥ តុលា ​២០១០ សមត្ថ​​កិច្ច​ការិ​យាល័យ​ប្រឆាំង​ការ ជួញដូរ​មនុស្ស និង​ការ​ពារ​អនីតិជន បាននាំ​​គ្រូ​នេះ​ទៅឆែក​ឆេរ​លំនៅ​ឋាន​ ដើម្បី​រក​វត្ថុ​តាង ។ ក្នុង​ការ​ឆែក​ឆេរ​តាម​ច្បាប់​នេះ​​បានរកឃើញ​ឌីស្ក​មួយ​ចំនួន​ និង​កូន​ក្រក​១ ដែលគ្រូនេះ​​ដាក់​តាំង​ក្នុងទូ​កញ្ចក់​ទំហំ​២​ទៅ​៣​តឹក ៤ជ្រុងលើ​អាសនៈ ។ មិនដឹងថា​ អាសនៈនោះពូកែ​ ឬបែប ណាទេ ៕

មន្ត្រី​​ការ​ទូត​ស៊ុយ​អែតចាប់អារម្មណ៍​​ពីសក្តានុ​ពល​ទេស​ចរណ៍​នៃប្រទេសកម្ពុជា

Posted: 24 Mar 2011 06:17 PM PDT

លោក​ជំទាវ ស៊ុន សា​ភឿន ជួប​មន្ដ្រី​ការទូត​ស៊ុ​យ​អែ​ត

រាជធានីភ្នំពេញ ៖ លោក​ជំទាវ Anne HÖGLUNG ឯក​អគ្គ​​រាជ​ទូត​​​ថ្មី​ប្រទេស​ស៊ុយ​អែត ​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ​កម្ពុជា​ជា​ប្រទេស​ដែល​​​​លោក​ជំទាវ​​ស្រឡាញ់​​ជា​យូរ​មក​ហើយ ហើយ​អ្វី​ដែល​លោក​ជំទាវ​ចាប់​អារម្មណ៍​នោះ គឺ​សក្តានុ​ពល​វិនិ​យោគ​លើ​វិស័យ​ទេស​ចរណ៍​ ព្រោះ​​ប្រទេស​មួយ​នេះ​ពោរ​ពេញ​ដោយ​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ដ៏​ស្រស់​ត្រកាល និង​ប្រាសាទ​បុរាណ​ជា​ច្រើន​​ដែល​អ្នក​ទេស​ចរ​ចូល​ចិត្ត។ ម្យ៉ាង​ទៀត​លោក​ជំទាវ​ក៏​បាន​ចាប់​អារម្មណ៍​ផង​ដែរ ចំពោះ​​ការ​រីក​ចម្រើន​​លើ​គ្រប់​វិស័យ​នៅ​កម្ពុជាបច្ចុ​ប្បន្ន។

លោក​ជំទាវ​​​ឯក​អគ្គ​រាជ​​ទូត​ថ្មី​នៃ​ប្រទេស​ស៊ុយ​អែត ​បាន​មាន​ប្រសាសន៍​ដូច្នេះ​ក្នុង​ឱកាស​​ចូល​ជួប​​សម្តែង​ការ​គួរ​សម​ជា​មួយ​លោក​ជំទាវ ស៊ុន សា​ភឿន ​រដ្ឋ​​លេខា​ធិការ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ កាល​ពី​​​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ឆ្នាំ​២០១១ នៅ​​ទី​ស្តី​ការ​​ក្រសួង​​ការ​បរទេស។ លោក​ជំទាវ Anne HÖGLUNG មាន​ប្រសាសន៍​ថា កម្ពុជា និង​ស៊ុយ​អែត មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្នា​​​តាំង​ពី​​យូរ​មក​ហើយ ​ហើយ​ប្រទេស​ស៊ុយ​អែត​ក៏​បាន​ជួយ​ប្រទេស​កម្ពុជា​លើ​ផ្នែក​ជា​ច្រើន​​ ដូច​ជា​គ្រប់​គ្រង​​​រដ្ឋ​បាល​ សេដ្ឋ​កិច្ច អភិ​វឌ្ឍន៍​ជន​បទ បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​វិស័យ​​​សង្គម​កិច្ច​ សុខា​ភិបាល និង​ជំនួយ​មនុស្ស​ធម៌ ។
​លោក​ជំទាវ​ ស៊ុន សាភឿន ​មាន​ប្រសាសន៍​​ថា កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​គឺ​មាន​ការ​រីក​ចម្រើន​​លើ​គ្រប់​វិស័យ​​ទាំង​នយោ​បាយ​ សន្តិ​សុខ និង​សេដ្ឋ​កិច្ច​ ។ ទន្ទឹម​​នោះ ​លោក​ជំទាវ​ក៏​បាន​ជម្រាប​ជូន​ភ្ញៀវ​អំពី​​បញ្ហា​​ទំនាស់​ព្រំ​ដែន​រវាង​កម្ពុជា-ថៃ ​ផង​ដែរ ដែល​ប្រទេស​ថៃ គឺ​ជា​អ្នក​​បង្ក​ហេតុ​​មុន ដោយ​​ភាគី​ថៃ​បាន​បង្ហាញ​នូវ​មហិ​ច្ឆ​តា​​ចង់​បាន​ប្រាសាទ​ព្រះ​វិហារ ​ដែល​ជា​បេតិ​ក​ភណ្ឌ​ពិភព​លោក​ និង​ជា​កម្ម​សិទ្ធិ​របស់​ប្រទេស​កម្ពុជា ។

ក្នុង​ជំនួប​នោះ​​​ដែរ​ ​លោក​ជំទាវ​បាន​សំណូម​ពរ​ឱ្យ​ប្រ​ទេស​ស៊ុយ​អែត ​បន្ត​​ជួយ​​​កម្ពុជា​​​លើ​គ្រប់​ផ្នែក​​ដែល​ស៊ុយ​អែត​បាន​ជួយ​កន្លង​​មក ជា​ពិសេស​ជួយ​ជំរុញ​​​វិនិ​យោ​គិន​ឱ្យ​​មក​បណ្តាក់​ចុះ​វិនិយោគ​សំខាន់​​លើ​វិស័យ​កសិ​កម្ម និង​​ឧស្សាហ​កម្ម​​​ នៅ​​ពេល​ដែល​កម្ពុជា ពុំ​ទាន់​​មាន​បច្ចេក​ទេស​ខ្ពស់​​លើ​ផ្នែក​​ផលិត​ចំណី​អាហារ​​ដើម្បី​នាំចេញ និង​ពុំ​ទាន់​មាន​ម៉ាស៊ីនកិន​​ស្រូវ​ទំនើប​​ដែល​អាច​ផលិត​អង្ករ​ឱ្យ​​បាន​តាម​ស្តង់​ដាទី​​ផ្សារ​អន្តរជាតិ ។ ​​ជា​មួយ​នេះ​ជួយ​ជំរុញ​ទេស​ចរ​មក​​កាន់​កម្ពុជា ឱ្យ​បាន​​ច្រើន និង​គាំទ្រ​​បេក្ខ​ភាព​​កម្ពុជា​​ជា​សមា​ជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​សម្រាប់​អាណត្តិ​​២០១៣-២០១៤ ដែល​ការ​​បោះ​ឆ្នោត​​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​មហា​សន្ន​ិ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិ​នា​ឆ្នាំ​២០១២ ខាង​មុខ៕

រកការងារ​ធ្វើ​នៅ​ក្រៅប្រទេសដោយ​​ខុសច្បាប់​​​​ងាយទទួលរងដោយហានិភ័យ

Posted: 24 Mar 2011 06:05 PM PDT

សម្ដេច​តេ​ជោ​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​សាលសន្និសីទ​ចតុមុខ
ពិធី​បិទ​សន្និ​បាត​បូកសរុប​​ការងារ​ឆ្នាំ​​២០១០ ​និង​កំ​ណត់​ទិសដៅ​​អនុវត្ត​ឆ្នាំ​២០១១របស់​ក្រសួង​​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនា​បតីតេជោហ៊ុន សែន ​​​នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា ​បានអំពាវ​នាវ​​ជា​ថ្មីម្តងទៀត​​ដល់​ប្រជា​ពលរដ្ឋ​​កម្ពុជា​ទាំងអស់​​ ជាពិសេស​ក្មួយៗ​​យុវ​វ័យ សូម​កុំ​ជឿ​​តាមការ​​ភូត​កុហក​អូសទាញ​ពី​សំណាក់​​ជនខិលខូច​​​​មួយចំនួន​​ ដើម្បី​ទៅរកការ​ងារធ្វើ​​​នៅក្រៅ​ប្រទេស​​ដោយខុសច្បាប់ ​ពីព្រោះ​​ទង្វើ​បែបនេះ​ងាយ​ទទួល​រង​ហានិភ័យ​​​សព្វបែប​យ៉ាង ។​

សម្តេច​តេជោ​​នាយករដ្ឋមន្ត្រី​​​បានអំពាវ​នាវ​ជា​ថ្មី​​​បែបនេះ ​នារសៀលថ្ងៃទី​​​២៣ មីនា ក្នុងឱកាស​​​អញ្ជើញ​​​ជាអធិបតី​​​ដ៏ខ្ពង់ខ្ពស់​​ក្នុង​​ពិធី​បិទ​សន្និ​បាត​បូកសរុប​​ការងារ​ឆ្នាំ​​២០១០ ​និង​កំ​ណត់​ទិសដៅ​​អនុវត្ត​ឆ្នាំ​២០១១ ​របស់​ក្រសួង​​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅសាល​សន្និ​​សីទ​​ចតុមុខ​​ ។​ ពាក់ព័ន្ធ​នឹង​​បញ្ហា​ខាងលើ ​សម្តេចតេជោ​​​នាយករដ្ឋ​មន្ត្រី​​​នៅតែ​បន្ត​អំពាវ​នាវ​​​ដល់ប្រជា​ពល​រដ្ឋ​​​​កម្ពុជា​​ទាំងអស់​​​ ​ហើយ​​ឱ្យ​​​​ចាត់​វិធាន​ការ​​​យ៉ាង​តឹង​រ៉ឹង​​​​ចំពោះ​ជន​ខិល​ខូច​​ដែលអូស​ទាញ​បង​ប្អូនទៅធ្វើការ​នៅ​ក្រៅប្រទេស​​ដោយ​គ្មាន​​​​​​ការ​ទទួលខុសត្រូវ​​ ព្រោះ​​នោះគឺ​​ជា​ការ​​បោក​ប្រាស់​​​​​​តែ​ម្តង​ រួមទាំង​​ថវិកា​​ក្នុង​​មធ្យោ​បាយ​​​ធ្វើ​ដំណើរ​​​​ទៅផង​។ ពេល​​ធ្វើដំណើរ​​ទៅមានខ្លះ​​ទៅ​ជាប់​នៅម៉ា​ឡេស៊ី​​ ឥណ្ឌូណេស៊ី ​ជាពិសេស​គឺ​​ជាប់​នៅ​​ប្រទេស​​ថៃតែម្តង ។​

នៅប្រទេសថៃ​​ សម្តេច​​តេជោ​បាន​រំឭក​​​​​ថែម​ទៀត​ថា ​មុខរបរ​​នៅប្រទេស​​​ថៃ គឺ​ពុំ​មាន​មុខរបរ​​​​អ្វីប្លែកពី​​ប្រទេស​កម្ពុជាទេ ។ ទៅ​​ធ្វើការ​នៅ​ប្រទេស​ថៃ​ គេ​ឱ្យ​​ច្រូត​ស្រូវ កាប់អំពៅ ​ដក​ដំឡូង គឺសុទ្ធតែ​​​​មុខរបរ​​​កសិ​កម្ម​​ដូច​នៅ​កម្ពុជា​​ដែរ គេ​ពុំ​​ដែល​ឱ្យទៅ​​ធ្វើ​ជា​​​ថៅកែ​គេទេ ​។ សូម្បីតែ​​ប្រាក់​ចំណូល​​​ក៏​វា​ប្រហាក់ប្រហែល​​​​ដូច​​​ជា​នៅ​​ក្នុងស្រុក​​ខ្មែរ​ដែរ ​ប៉ុន្តែ​​​ការ​ចំណាយ​​នោះគឺ​​​វា​ខ្ពស់​​ ត្រូវបែក​ក្រុម​​គ្រួសារ ​ប្រពន្ធកូន ​ហើយ​គ្មាន​​អ្វីជា​ទី​ពឹង​ទេ ​ទៅខុស​​ច្បាប់ គេ​​ចាប់​ដាក់​​ទ្រុង​​បិទជិត​​ បញ្ជូន​ត្រឡប់​មក​វិញ ហាក់​បី​ដូចជា​​ទ្រុង​ដាក់សត្វ​ពាហនៈ​​​​អុុីចឹង ។ ​ដោយ​ឡែក ​មានខ្លះទៀត​ទៅ​ជាប់​​លើ​កប៉ាល់​​​នេសាទ​​រាប់​​ឆ្នាំ​​​ ទំរាំ​រំដោះ​​ខ្លួន
រួច ។​
ទាក់ទិន​នឹង​បញ្ហានេះ ​សម្តេចតេជោ​​នាយក​រដ្ឋ​មន្ត្រី​​​ បាន​អំពាវ​នាវ​​ចំពោះ​​ប្រជា​ពលរដ្ឋ​​​កម្ពុជាយើង​​​ទាំងអស់​​​​ សូមមេត្តា​​រកការងារ​​​នៅ​ក្នុង​ស្រុកខ្មែរ​​​ហើយការងារ​​ក្នុងស្រុក​​​យើងគឺ​​​មាន​ច្រើន ​ក្នុ​ង​នោះ​វិស័យ​​​កសិ​កម្ម​​ការងារ​មាន​ប្រមាណ​​​៧២% ​ដូច្នេះ​ត្រូវបង្កើត​ការងារ​​ក្នុង​ប្រទេស ​។ នៅលើ​​​ពិភពលោក​​វា​មិនមែន​​សុទ្ធតែ​​​កម្មករ​​រោងចក្រ ​ហើយ​គ្មាន​កសិកម្ម​នោះទេ ។ បើសិន​ជា​​​ទៅធ្វើ​ការ​ងារ​នៅ​​ប្រទេសថៃ ​​គឺបាន​ត្រឹម​​​តែ​ស៊ីឈ្នួល​​គេ​ក្នុង​​វិស័យ​​កសិ​កម្ម​​ដដែលហ្នឹង ​សូម្បីតែ​​ខាង​សំណង់ នៅ​ក្នុង​ប្រទេស​​យើ​ងក៏​​​​មានខាង​វិស័យសំណង់ដែរ ។​ ​សូម្បីតែ​​កម្មករ​​​​ធម្មតា​​ជញ្ជូន​​ឥដ្ឋ គឺ​តម្លៃ​​​​៣​ដុល្លារ ​ក្នុងមួយ​ថ្ងៃ​ រួច​ហើយ​​​ចំណាយ​តិចទៀត។ ​បើ​នៅប្រទេស​​គេ​គឺ​ត្រូវចំណាយ​ច្រើន រួច​​ហើយ​ពួក​​​មេ​ខ្យល់​​វា​ក៏​​កាក់​យក​លុយ​ទៀត ​ចង់​គេ​ឱ្យ​​​​ ឱ្យ​ទៅ ​​ហើយ ថោក​ទាប​ទៀត ​​គេមើល​ងាយ មើល​ស្រាល​ទៀត ។​

​​ម្យ៉ាង​ទៀត ​​​ប្រទេសថៃ​ក៏​​មាន​បញ្ហា​​​របស់ខ្លួន​ដែរ ឥឡូវនេះ​​​ត្រូវបាត់បង់​​​ការងារ​មួយ​ចំនួន​​ពី​អារ៉ាប់ ហើយ​​​ពលករ​​ថៃ​ក៏ត្រូវ​​ត្រឡប់មក​វិញ ​ហើយ​ក៏ត្រូវទទួល​​បន្ទុក​​អ្នក​រក​ការងារ​​ពី​កម្ពុជា​​ហូរ​ចូលទៀត​...​។​ សូម​បញ្ជាក់​​​ថា បើ​​ទៅត្រូវ​​ច្បាប់​​ទៅចុះ ​តែ​​​បើ​ទៅខុស​​ច្បាប់​កុំ​ទៅ​​ឱ្យសោះ ។ ​សូម​អំពា​វ​នាវ​​ម្តងទៀត​​​ដល់ប្រជា​ពល​រដ្ឋ​​​​របស់​យើង​ម្តង​​ហើយ​ម្តងទៀត ​​កុំ​ឱ្យ​ធ្វើ​​ចំណាកស្រុក​​​ចេញទៅ​ក្រៅប្រទេស​​​ប្រថុយ​​ប្រថាន ​ដោយខុសច្បាប់ ។​ នៅស្រុកខ្មែរ​ ​​ក៏មាន​ការពង្រឹង​ពិពិធ​កម្ម​ក្នុង​វិស័យ​​កស​ិ​កម្ម​​ដើម្បី​ចៀស​​វាង​ចំណាកស្រុក​​​ចោល​​ជន​បទ​​មក​កាន់​ទីក្រុង​​​មករក​ការ​ងារ​​ធ្វើ ។ ​ប៉ុន្តែ​បើ​​បាន​ជាជ្រុល ​ក៏ត្រឹម​តែ​​ក្នុងស្រុក​ខ្មែរ​បានហើយ កុំ​ហួស​​ទៅ​ក្រៅ​​ប្រទេស ។​

ក្នុង​ឱកាស​នោះ ​សម្តេចតេជោ​​​នាយករដ្ឋ​មន្ត្រី​​ក៏បាន​រំឭក​​ផងដែរ​ថា កាលពី​​​៤១​ឆ្នាំ​មុន ពេល​​នោះ​​គឺ​កំពុង​​ចលនា​យុវជន​ចូលព្រៃ​ម៉ា​គី ហើយ​កាល​ពី​សប្តាហ៍​មុន​ ១៨ មីនា ​​​​​បន្ទាប់ពី​ប្រជុំ​​​គណៈ​រដ្ឋ​មន្ត្រី​​​ គឺ​ទៅស្ថានទូត​​ជប៉ុន​​គោរព​​វិញ្ញា​ណ​ក្ខន្ធ​​​​ចំពោះ​​អ្នក​ដែល​​បាត់បង់​ជីវិត​​ដោយ​ការ​​រញ្ជួយដី និង​​ដោយរលក​យក្ស​​ស៊ូណាមី ។​ ថ្ងៃ​នេះ​​២៣ មីនា ខ្ញុំ​​កំពុងឈរ​​​អំពាវ​នាវ​ឱ្យ​យុវជន​ និង​​​​ប្រជា​ជន​កម្ពុជា​​​ប្រកប​មុខ​របរ​​ដោយ​​​សុខ​​ដុម​រមនា ។ ប៉ុន្តែ​​​កាលពី​​​៤១​ឆ្នាំ​​​មុនសង្គ្រាម​​​បាន​ផ្ទុះ​ហើយ​​​បាត់បង់​​ការងារ​​​ទូទាំងប្រទេស​​​ អ្វីៗ​​​​ទាំង​អស់​ក៏​​​ធ្វើ​អត់បាន​...​។ ស្ថានភាព​​​គឺផ្លាស់​ប្តូរ​ ដូច្នេះ​ តើនោះ​ជា​កំហុស​​អ្នកណា​...?​ គឺមិនមែនកំហុស​​​របស់​យើង​នៅ​ទីនេះទេ​​​ តែ​ផ្តើមចេញ​ពី​រដ្ឋប្រហារ​​​១៨ មីនា ​ដែល​​ធ្វើ​​​ឱ្យ​ស្ថានភាព​ដូច្នេះ ។​

​ឥឡូវ​គឺយើង​​ចាប់ផ្តើម​​​ពីបាតដៃ​​ទទេ ដែល​ភ្នំពេញ​​អត់​មាន​​​មនុស្ស​នៅ​​សោះ ។ សម្តេច​មាន​ប្រសាសន៍​​​បន្ត​ថា ​៤១​ឆ្នាំ​​ក្រោយ ខ្ញុំ​​អំពាវ​នាវ​​​​រឿង​មួយ​​​ផ្សេង ​ក្នុងគោលដៅ​​ដោះស្រាយការ​ងារ​​ឱ្យប្រកប​ដោយ​​ចីរភាព និង​​សម្រាប់​រយៈ​ពេល​​​យូរ​​​អង្វែង កម្ពុជាចាំ​បាច់​ត្រូវ​ធ្វើ​​ទំនើប​​​កម្ម​សេដ្ឋ​​​កិច្ច ពោលគឺ «​ជំរុញ​​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​» ។​ រាជ​រដ្ឋាភិបាល​​យល់យ៉ាង​ច្បាស់​ថា ​ការ​ងារ​​​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ គឺជា​កត្តា​ស្នូល​​ក្នុង​ការ​អភិវ​ឌ្ឍ​សង្គម-​សេដ្ឋកិច្ច និង​បាន​ចាត់ទុក​​ជា​​ការ​ងារ​​អាទិភាព ដូច​មានចែង​ក្នុង​យុទ្ធ​សាស្ត្រ​​​ចតុ​កោណ​ដំណាក់កាល​ទី​២​នេះ ។ ​ក្នុងនោះ​​ រាជ​រដ្ឋា​ភិ​បាល​​ត្រូវ​បន្ត​​​អនុវត្ត​​​គោលនយោបាយ​​​បណ្តុះ បណ្តាល​វិជ្ជាជីវៈ​​ផ្សារ​ភ្ជាប់​ទៅនឹង​ទីផ្សារ​​ពល​ក​ម្ម​​ដោយ​សហការ​យ៉ាង​​ជិតស្និទ្ធ​​ជាមួយ​តួអង្គ​​​ពាក់​ព័ន្ធ​​​តាមរយៈ​វិធានការ​​​​៤ចំណុច ទី​១-​​ផ្តល់ការ​​បណ្តុះ​​បណ្តាលជំនាញ​​មូលដ្ឋាន​​ដល់ប្រជា​ពល​រដ្ឋ​​នៅជនបទ​​ដើម្បីបង្កើន​ប្រាក់ចំណូល ទី​២­-​​ផ្តល់​ការ​បណ្តុះបណ្តាល​​​ដល់ពលករ​​តាមរោងចក្រ​​​ដោយ​សហ​ការ​​ជាមួយ​​និយោជក​ ទី​៣-​​បន្តជំរុញ​​​​ការ​អប់រំ​ បណ្តុះបណ្តាល​​​បច្ចេកទេស​​ និងវិជ្ជា​ជីវៈ ដោយ​ពង្រីក​​សេវា​នេះ​ឱ្យ​​ទៅដល់​ខេត្ត​-ក្រុង​​ក្នុង​នោះ​មានរួម​បញ្ចូល​​នូវការបណ្តុះបណ្តាល​​​សហ​គ្រិន​​​​ភាព​​ទៅក្នុង​​កម្មវិធី​ផងដែរ ​ទី​៤-​ការ​រៀបចំ​​បង្កើត​ទីភ្នាក់ងារ​​​ជាតិ​មុខរបរ និង​ការងារ និង​មជ្ឈ​​មណ្ឌលការងារ​​​នៅតាមខេត្ត​-ក្រុង ​​សម្រាប់​​ជា​យន្ត​ការ​សម្រួល​ដល់ការផ្សព្វ​ផ្សាយ​​ព័ត៌​​មាន​​ទីផ្សារ​​​ការងារ​ ។ បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​​លើ​​ក​កម្ពស់​​ប្រព័ន្ធ​បណ្តុះបណ្តាល​​វិជ្ជាជីវៈ ​ផ្សារ​​ភ្ជាប់​​នឹង​​​ទី​ផ្សារ​​​ការងារ​​​​ ដើម្បី​​ធានា​បាន​​ប្រសិទ្ធ​​ភាព​មានលក្ខណៈ​​ទាក់ទាញ​​ បង្កើន​​​​ការ​ទទួល​​ស្គាល់ជា​​​សាធារណៈ​​ និងស្រប​តាម​​​​ចក្ខុ​វិស័យ​​នៃការ​ធ្វើ​ទំនើបកម្ម​សេដ្ឋកិច្ច​​​កម្ពុជា ។​

ទន្ទឹមនេះ សម្តេច​​​តេជោនាយករដ្ឋ​មន្ត្រី​​បាន​ផ្តល់​​​អនុសាសន៍មួយចំនួន​​ដូច​តទៅ​ ៖

ទី​១-​បន្ត​អនុ​វត្ត​​យុទ្ធសាស្ត្រ​​​​ផ្តោតលើ​​​កំណើន ការ​បង្កើន​​ឧត្តម​​​ភាព​ប្រកួត​​​ប្រជែង និង​​ពិពិធ​កម្ម​ជំនាញ វិជ្ជាជីវៈ ​​និង​មុខ​របរ​​ ដើម្បី​រត់​​​តាម​​ល្បឿន​​នៃ​​ចរន្ត​​​ទីផ្សារ ​ដែលនឹង​​អាចរក្សា​​បាននូវ​​​​និរន្ត​​រ​ភាពកម្មវិធី​ផង និង​ចាប់​ច្បាម​​​យកបាន​​នូវ​​ផលដែល​​កើត​ចេញពី​កំណើន​​សេដ្ឋកិច្ច​​ឱ្យ​បាន​​ច្រើន​​ជា​អតិ​បរមា ។

ទី​២-​​ត្រូវលើក​កម្ពស់​​​គុណភាពនៃ​ការអប់រំ​បណ្តុះ​បណ្តាល​​បច្ចេក​​ទេស​វិជ្ជាជីវៈ​​ សំដៅ​​បង្កើន​​ឱកាស​ការងារ ​​ផលិត​​​ភាព​ការងារ និងការបង្កើន​​​ប្រាក់​ចំណូល​​របស់ប្រជា​ពលរដ្ឋ ។ ត្រូវ​បន្ត​ការ​បណ្តុះ​បណ្តាល​​​វិជ្ជាជីវៈ​​ និងមុខ​របរ​ដល់​​ជន​រង​គ្រោះ​​​​ យុវ​ជន​ និង​ស្ត្រី​​​ក្នុងគ្រួសារ​​​ក្រីក្រ​ឱ្យ​មាន​មុខ​​របរ​​ផ្ទាល់ខ្លួន ឬការងារ​ធ្វើ ដើម្បី​​​លើក​ស្ទួយ​កាលា​​នុវត្ត​​ភាព​ការងារ​ បន្ថយ​​​ភាពងាយរង​គ្រោះ ​ចូលរួម​ឱ្យ​បានច្រើន​​ជាអតិបរមា​​ទៅក្នុង​​ផលិត​​​ភាព​របស់​​​ជាតិ និង​​ការលើកកម្ពស់​​​សុពលភាព​​សង្គម។

ទី​៣-​​ត្រូវពង្រឹង​​គោល​​​ការណ៍​​បណ្តុះ​បណ្តាល​​​​ប្រកបដ​ោយ​​​សម​ធម៌ និង​​បន្ត​​លើក​កម្ពស់​​​ផ្តល់​សេវា​​សុវត្ថិភាព​​សង្គម ដោយ​យកចិត្តទុកដាក់​​ដល់​ស្ត្រី​​​ ជន​បាត់បង់​​​ឱកាស ឬ​​​មាន​ឱកាស​តិច​តួច​​​​ក្នុងសង្គម ​យុវ​ជន​ទីទ័លក្រ ​និង​សិស្ស​ដែល​​​បោះបង់​​​ការ​​សិក្សា​​ យោធិន​រំសាយ ​ចូលនិវត្តន៍​បាត់បង់​​សមត្ថ​ភាព​ការងារ​ ពិការ និង​​គ្រួសារ​យោធិនពលី មរណៈ ជនអនាថា ដើម្បី​ឆ្លើយ​តប​នឹង​​ការធ្វើ​ឱ្យប្រសើរ​​ឡើងនៃ​​​ជីវភាព​រស់នៅ​​ឱ្យ​កាន់តែ​​មានប្រសិទ្ធ​ភាព​ និងសកម្ម។

​ទី​៤-​​ត្រូវធ្វើ​​​ឱ្យ​ឃើញ​ច្បាស់​​​ថា វិស័យ​​​​ឯកជន​​បានចូលរួម​ចំណែក​​ដល់ការបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ​យ៉ាង​ពិតប្រាកដដល់​ពលករ​កម្ពុជា ដូច​ដែល​​បណ្តាក្រុម​ហ៊ុន​វិនិយោគ​​​នានា​តែង​​បាន​​​សន្យា​​ជា​មួយរាជ​រដ្ឋាភិបាល​​នោះ ។ ​ឧទាហរណ៍​​​ នៅពេល​ក្រុម​ហ៊ុន​វិនិយោគ​មួួ​យ​ចិញ្ចឹម​​​សត្វ​នៅ​តំបន់​ណា​មួយ​ ហើយគេ​​​​​​ចាប់​ផ្តើម​​បណ្តុះបណ្តាល​​​បុគ្គ​លិក ពេលនោះ​​យើងអាច​​បញ្ជ្រាបបញ្ចូល​​ប្រជា​ពលរដ្ឋ​​​ដែលជា​ក្រុម​គោល​​ដៅ​​​នៃការបណ្តុះ​បណ្តាល​​​​ឱ្យទទួល​បាន​​ការបណ្តុះ​បណ្តាល​ជា​​​មួយ​បុគ្គលិក​​​ក្រុមហ៊ុន​​នោះតែម្តង ។ ​​ប្រសិនបើ​អនុវត្ត​​​ការងារ​បែបនេះ​បាន​នោះ វិសាល​ភាព​នៃការ​​​ប​ណ្តុះ​​បណ្តាល​​​​របស់​​យើង​​​កាន់​តែ​​រីកធំ​ហើយ​អាច​ធានា​បាន​​ថា ប្រជាពលរដ្ឋ​​​ដែលត្រូវ​ទទួល​ការ​បណ្តុះបណ្តាល​​​អាចឆ្លើយ​តប​បានទៅនឹង​ការ​ធ្វើ​​ពិពិធ​​កម្មជំនាញ វិជ្ជាជីវៈ​ និង​មុខរបរ​នោះ ។

ទី​៥-​ត្រូវបន្តយកចិត្តទុកដាក់​​​រៀបចំសេចក្តី​​ព្រាង​ច្បាប់​​ស្តីពី​សហជីព​​ ​ដោយ​​សហការ​ជាមួយ​ស្ថាប័ន​​ ក្រសួង​ពាក់ព័ន្ធ អង្គការអន្តរជាតិ​ខាង​ការ​ងារ​​​​ឱ្យ​​ចប់សព្វគ្រប់ ​នៅ​មុនដំណាច់​ឆ្នាំ​​២០១១ ។ ត្រូវ​បន្តយក ចិត្តទុកដាក់​​​ពង្រឹង​​ការ​អនុវត្ត​​​​ច្បាប់​ និងបទ​បញ្ជា​​ពាក់ព័ន្ធ​​​នឹង​វិស័យ​ការ​ងារ​​​ ដោយ​​ធានា​ឱ្យ​​បាននូវភាព​​សុខដុម​រមនា​​នៅ​ក្នុង​​ដំណើរ​ការ​​ផលិត​កម្ម​​ និងសេវា​កម្ម​​​​ ដើម្បី​ធា​នា​​យ៉ាង​ពិត​ប្រាកដ​នូវសិទ្ធិ​​​​ ផលប្រយោជន៍​​​​កម្ម​ករ និយោ​ជិត និង​​និយោជក។

ទី​៦-​ត្រូវខិតខំដោះស្រាយ​​​បញ្ហា​ប្រាក់​​ឈ្នួល ​​កម្មករ និយោជិត ដោយ​ឈរ​លើ​យន្ត​​ការនៃ​​គណៈ​​កម្មការ​​ប្រឹក្សា​​ការងារ ។ ​ដោ​យ​ឡែក ក៏​ត្រូវ​​​ពង្រឹង​​ការអនុវត្ត​​​ប្រព័ន្ធសន្តិសុខ​សង្គម ដោយ​ខិតខំ​​​បង្កើត​​ឱ្យបាន​នូវ​​របប​ធានា​រ៉ាប​រង​​សុខ​ភាព និងប្រាក់​សោធន​និវត្តន៍ សំដៅ​​​​ធានា​ឱ្យ​កម្មករ និយោជិត ​មាន​សន្តិសុខ​ប្រាក់​ចំណូល​​ទាំង​​ក្នុងពេល​​បច្ចុប្បន្ន និង​អនាគត ។​

នៅទីបញ្ចប់ ​សម្តេច​តេជោនាយករដ្ឋ​មន្ត្រី​​​ក៏​បាន​បំពាក់មេដាយ​​ជូនថ្នាក់ដឹកនាំ​​ និង​មន្ត្រី​​​ជាន់​ខ្ពស់ ដែល​រួមមាន​ ​លោក​ពេជ សោភ័ន រដ្ឋ​លេខា​ធិការ​​ មេដាយ​​ជា​តូបការ ​​លោក​​​អូស្មាន់ ​ហា​ស្សាន់ ​រដ្ឋលេខាធិការ មេដាយ​ជា​តូបការ ​លោក​កាន់ ម៉ន ​រដ្ឋលេខាធិការ​​ មេដាយ​តូបការ ។ មេដាយ​​ព្រះរាជាណាចក្រកម្ពុជា​​​ថ្នាក់​មហា​​សេរី​វឌ្ឍន៍​ចំនួន​​៨រូប ​​មុនី​សារាភ័ណ្ឌ​ថ្នាក់​​​មហា​សេរី​វឌ្ឍន៍​​​ចំនួន​៣រូប ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​​​ធិបឌិន្ទ ​ចំនួន​៤រូប និង​មុនីសារាភ័ណ្ឌ​ថ្នាក់​ធិបឌិន្ទ​ចំនួន​២រូប ៕

ជិះម៉ូតូ​​​ទៅចូលរួម​ពិធីបុណ្យ​​ ត្រូវ​រថយន្ត​​កាមរីបុកស្លាប់

Posted: 24 Mar 2011 04:23 AM PDT

សពបុរសរង​គ្រោះ​

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ស្លាប់ភ្លាម​ៗ​​ដោយសារ​រថយន្ត​​មួយគ្រឿង​ម៉ាក​កាមរី​ ពណ៌​ស ​​ពាក់ស្លាកលេខ ​ឧត្តរ​មានជ័យ 2A-0029 បើក​បរដោយបុរសម្នាក់​​​ឈ្មោះ​​​សោម វិសាល ​​​មាន​ទីលំនៅ​​​ស្រុកសំរោង ភូមិ​សំរោង ​ខេត្ត​ឧត្តរ​មាន​ជ័យ​ ជា​មន្ត្រី​​អគ្គិសនី ​លក់​គ្រឿង​អគ្គិសនី ស្នាក់នៅ​​សង្កាត់​ចោមចៅ ​ខណ្ឌ​ដង្កោ ​បាន​បុក​ម៉ូតូ​របស់​​គាត់ បណ្តាល​ដួល​បោក​ក្បាល​​លើ​ថ្នល់ ។

បុរសរង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ គឺ​ជិះ​តែ​​ម្នាក់ឯង ​​លើ​ផ្លូវ​ទំនប់​​កប់ស្រូវ ភូមិ​​ត្រពាំងរាំង​ សង្កាត់​​ឃ្មួញ ខណ្ឌ​សែនសុខ ​​​ក៏ត្រូវ​​រថយន្ត​នោះបុក​តែ​ម្តង ។​ ​បើ​តាម​អ្ន​ក​ឃើញ​​​ហេតុ​ការណ៍​​បានប្រាប់​ឱ្យ​​ដឹង​ថា ​មុនពេល​កើត​ហេតុ​ គេ​ឃើញ​បុរស​​​រង​គ្រោះ​​​​​ឈ្មោះ​ប៉ោ ជា​មង្គល ​អាយុ​​៣៨​ឆ្នាំ ​ជា​បុគ្គ​លិក​​ក្រុមហ៊ុន​​​ហ្គ្រេន ​​ស្រុក​កំណើត​នៅ​មង្គល​បុរី ​ខេត្ត​បន្ទាយមានជ័យ ​ជិះ​ម៉ូតូ​​សង់​កូរ៉េ ពណ៌ខៀវ ធ្វើ​​ដំណើរទៅ​​ចូលរួម​​​បុណ្យ​នៅ​ក្នុង​វត្ត​​​កប់ស្រូវ ​ប៉ុន្តែ​មិន​ទាន់​ដល់​​ផង ​ស្រាប់តែ​​មាន​រថយន្ត​​​កាម​រី​ធ្វើដំណើរ​​ស្រប​គ្នា​​​បុក​ពី​ក្រោយ ហើយ​​អូស​​ជាង​​១០០ម៉ែត្រ ​ធ្វើ​ឱ្យ​​បុរស​នេះ ខ្ទាត​បោក​ក្បាល​ទៅលើ​ថ្នល់​ស្លាប់​ភ្លាមៗ​​កាលពី​វេលា​ម៉ោង​​១៣​និង​​២០នាទី​​​រសៀល​ថ្ងៃទី​២៤ មីនា ២០១១ ។ អ្នក​​បើក​រថយន្ត​​ប្រុងគេចខ្លួន​ក៏ត្រូវ​​​អ្នក​ធ្វើ​​ដំណើរ​ឃើញហេតុការណ៍​នេះ​​ចាប់​បញ្ជូន​​​​ឱ្យ​​ប៉ូលិស​​​ចាត់​ការ​​តាមច្បាប់​​​ ហើយ​ជន​រងគ្រោះ​ត្រូវ​​បាន​គ្រួសារ​​​នាំ​យក​ទៅធ្វើ​បុណ្យ​​​តាមប្រពៃ​ណី៕

ឈាម​ស្រែក​ស្បែក​ហៅ​ចាប់​បាន​ជន​សង្ស័យ​បក្ស​ពួក​ចោរ​ប្លន់​សម្លាប់​នៅ​​ត្រាំកក់

Posted: 24 Mar 2011 03:59 AM PDT

ជន​សង្ស័យ​ជា​បក្ស​ពួក​ក្រុម​ចោរ​ប្លន់​ម្នាក់
ផ្ទះកើត​ហេតុ​
ផ្ទះកើត​ហេតុ
សពស្ត្រី​រង​គ្រោះ

ខេត្ត​តាកែវ ៖ ជន​សង្ស័យ​ជា​បក្ស​ពួក​ក្រុម​ចោរ​ប្លន់​ម្នាក់​ ត្រូវ​បាន​​នគរ​ខេត្ត​​ចាប់​ខ្លួន​​បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ទាំង​យប់ ដើម្បី​សាក​សួរ ខណៈ​​ដែល​ជន​សង្ស័យ​ម្នាក់​នេះ​បាន​ជិះ​ម៉ូតូ​រេរា។ រង់ចាំ​ឌុប​បក្ស​ពួក​របស់​គេ​ពេល​ធ្វើ​សកម្ម​ភាព​រួច។ ការ​ចាប់​ខ្លួន​​ជន​សង្ស័យ​នេះ​ក្រោយ​ពី​ហេតុ​ការណ៍​បាញ់​សម្លាប់​ស្ត្រី​រង​គ្រោះ​យ៉ាង​ឃោរ​ឃៅ​​កាល​ពី​ថ្ងៃ​ទី​២២ មីនា វេលា​ម៉ោង​២០​និង​៣០​នាទី​ នៅ​ក្បែរ​លំនៅ​ឋាន​ជា​កន្លែង​​លក់​​សាំង​តេលា​អង្គ​តាសោម ស្រុក​ត្រាំ​កក់។

តាម​ប្រភព​ពី​លោក​វរសេនីយ៍ត្រី សែម សុជាតិ នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ឱ្យ​ដឹង​ថា ក្រោម​បញ្ជា​ផ្ទាល់​​របស់​លោក​ឧត្តម​សេនីយ៍ត្រី អ៊ុក សំណាង ស្នង​ការ​នគរ​បាល​ខេត្ត ក្រោយ​ពី​ការ​កើត​ហេតុ​ កម្លាំង​ប៉ូលិស​បាន​ពួន​ស្ទាក់​គ្រប់​ច្រក​​ល្ហក​នៅ​តាម​បណ្តោយ​ផ្លូវ​លំ និង​ផ្លូវ​ជាតិ។ នៅ​ពេល​កម្លាំង​​ជិះ​រថយន្ត​​តាម​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​៣ ក៏​បាន​ជួប​ជន​សង្ស័យ​ម្នាក់​កំពុង​ជិះ​ម៉ូតូ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ ប៉ូលិស​ក៏​បាន​ហៅ​ឱ្យ​ឈប់​ តែ​ជន​សង្ស័យ​ហាក់​ដឹង​ខ្លួន​ក៏​បើក​ម៉ូតូ​មាន​បំណង​រត់ ​ភ្លាម​នោះ​ប៉ូលិស​តាម​​ប្រមាញ់​​ដេញ​តាម​តាំង​ពី​ថ្នល់​បែក​គុស រហូត​ដល់​ចំណុច​ខាង​លើ​ត្រូវ​​រថយន្ត​កៀរ​ម៉ូតូ​ជន​សង្ស័យ​ផ្តួល​ទើប​ចាប់​ខ្លួន​បាន។

លោក​នាយ​ការិយា​ល័យ​បន្ត​​ថា ជន​សង្ស័យ​ម្នាក់​នេះ​​ឈ្មោះ​រស់ សុវណ្ណ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​តាមំ ឃុំ​បាននៀវ ស្រុក​ឈូក ខេត្ត​កំពត បច្ចុ​ប្បន្ន​​រស់​នៅ​មិន​ពិត​ប្រាកដ រួម​ជា​មួយ​ម៉ូតូ C125 ពណ៌​ខ្មៅ ស៊េរី​២០១១ មួយ​គ្រឿង។ លុះ​ថ្ងៃ​ទី​២៣ មីនា ប៉ូលិស​បាន​នាំ​ជន​សង្ស័យ​ទៅ​យក​កាំភ្លើង​ អាកា ១​ដើម ដែល​បក្ស​ពួក​បាន​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ជាប់​ផ្លូវ​ជាតិ​លេខ​៣ ​ពី​ផ្ទះ​កើត​ហេតុ​មក​ថ្នល់​បែក​គុស មាន​ចំងាយ​​៣គីឡូ​ម៉ែត្រ។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច ជន​សង្ស័យ​រស់ សុវណ្ណ បាន​សារ​ភាព​ថា ពេល​ធ្វើ​សកម្ម​ភាព​នោះ រូប​គេ​បាន​ចូល​ទៅ​ដល់​ក្រោយ​ផ្ទះ​ជន​រង​គ្រោះ មាន​គម្រោង​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ មិន​ទាន់​បាន​ប្លន់​ផង ជន​រង​គ្រោះ​បាន​ចុច​ពិល​ទៅ​ឃើញ​ទើប​បក្ស​ពួក​២​នាក់​ទៀត​ដែល​ម្នាក់​កាន់​កាំភ្លើង​ខ្លី និង​ម្នាក់​ទៀត​កាន់​កាំភ្លើង​អាកា បាន​ភ្ជង់​ជន​រង​គ្រោះ​មិន​ឱ្យ​ស្រែក តែ​ដោយ​ការ​ភ័យ​ខ្លាច​​ នារី​រង​គ្រោះ​អត់​ស្តាប់​ទេ ក៏​រត់​ទើប​បក្ស​ពួក​ខ្លួន​បាញ់​សម្លាប់​តែ​ម្តង។ ចំណែក​រូប​គេ​គេ​ច​ខ្លួន​ចេញ​ទៅ​ខាង​កើត​ផ្ទះ​ រួច​ដើរ​មក​យក​ម៉ូតូ​ជិះ​គេច​ខ្លួន​ដោយ​អត់​ប្លន់​អ្វី​បាន​ទេ។

ជន​រង​គ្រោះ​ដែល​ស្លាប់​​នោះ​មាន​ឈ្មោះ​ក្រូច ស្រីមុំ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ឪពុក​ឈ្មោះ​ក្រូច ហន អាយុ​៥៩​ឆ្នាំ រង​របួស​ស្រាល។ ជន​រង​គ្រោះ​រស់​នៅ​ភូមិ​អង្គ​សំរឹទ្ធិ ឃុំ​ស្រែ​ននោង ស្រុក​ត្រាំកក់។ នៅ​រសៀល​ថ្ងៃ​ទី​២៤ មីនា ប៉ូលិស​បាន​បញ្ជូន​ជន​សង្ស័យ​រួម​និង​វត្ថុ​តាង​ទៅ​សាលា​ដំបូង​ខេត្ត និង​តាម​ចាប់​ខ្លួន​បក្ស​ពួក​មក​ផ្តន្ទា​ទោស​បន្ត​ទៀត៕

រថ​យន្ត​​ស្តារិ​ច​បង្កប់​ឈើ​ប្រណីត​ប្រុង​លោត​​ឆត្រ​ទៅ​ព្រំ​ដែន​វៀតណាម

Posted: 24 Mar 2011 03:48 AM PDT

រថ​យន្ត​​ស្តារិ​ច​បង្កប់​ឈើ​ប្រណីត​ប្រុង​លោត​​ឆត្រ​ទៅ​ព្រំ​ដែន​វៀតណាម

ខេត្តកំពង់ចាម ៖ យោងតាម​ការណែ​នាំ​​របស់​លោក​នេត សាវឿន ​អគ្គ​ស្នងការ​នគរបាល​​ជាតិ ​និង​លោក​ឧត្តមសេនីយ៍​ទោ​ស៊ាង ប៊ុនលាង ​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​​បទ​​ល្មើស​​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ​កំលាំង​​នគរ​បាល​​សេដ្ឋ​កិច្ច​ក្រសួង​ បាន​សហការ​ជា​មួយ​នគរ​បាល​​សេដ្ឋ​កិច្ច​នៃ​ស្នងការ​ដ្ឋាន​ខេត្ត ​បង្រ្កាប​បាន​រថយន្ត​ម៉ាក​ស្តារិច​១​គ្រឿង ​ដែល​លួច​ដឹក​ឈើ​ប្រណីត​​ខុស​​ច្បាប់​នៅ​ត្រង់​ចំណុច​ឡូត៍​កៅ​ស៊ូលេខ​២៥ មូល​ដ្ឋាន​ចំការកៅស៊ូពាមជាំង ស្រុកអូររាំងឪ កាល​ពី​វេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃទី២៣មីនា ដែលបំរុងនាំទៅលក់នៅព្រំដែនវៀត​ណាម ។

លោកវរសេនីយ៍ត្រីហឿន វីណា អនុ​ប្រធាន​ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានប្រសាសន៍ឱ្យដឹងថា កម្លាំង​មូល​ដ្ឋានបានរាយការណ៍មករូបលោកថា មានរថ​យន្ត១គ្រឿងម៉ាក​ស្តារិចបើក​ឆ្លងស្ពាន​ព្រែក​តា​មាក់ចូលមកខេត្តកណ្តាល និងបន្តមកកាន់​ស្រុក​អូររាំងឪសង្ស័យ​​មានបង្កប់ឈើប្រណីត​ក្នុង​គោលបំណងយក​ទៅ​លក់​នៅប្រទេសជិតខាង ។ ក្រោយពី​ទទួល​បានព័ត៌មាននេះភ្លាម រូបលោក បាន​បញ្ជា​ឱ្យ​កម្លាំង​ក្រោមឱវាទចុះសហការ​ជាមួយ​នឹង​នគរបាលសេដ្ឋកិច្ចខេត្តត្រៀមកំលាំង​ចាំឃ្លាំមើលនៅក្នុងឡូត៍កៅស៊ូពាមជាំងរហូត​ដល់​វេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃដដែល ក៏​ឃើញរថយន្តដែល​មានភិនភាគគួរឱ្យសង្ស័យ​នោះមែន ។

​លោកហឿន វីណា បាន​បន្ត​ទៀត​ថា ​លុះ​ពេល​ឃាត់​ធ្វើ​ការឆែកឆេរ​ឃើញមានឈើ​ប្រណីតលេខ១ ប្រភេទ​នាងនួន និងគ្រញូង​ចំនួន៧ដុំ ក៏បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាល​ខេត្ត​រួមជាមួយ​​អ្នក​បើកបរ​ឈ្មោះលី ម៉េង ភេទ​ប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងសង្កាត់ទឹក​ល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ។ អ្នក​​បើក​បរ​​រថ​យន្ត​រូបនេះបានឆ្លើយថាឈើទាំងនេះ​គឺដឹកចេញពីភ្នំពេញ​ក្នុងគោលដៅយក​ទៅ​ស្រុក​​មេមត់​ជាប់ព្រំដែនប្រទេសវៀតណាម ។ បន្ទាប់​មក​នៅវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី២៤ មីនា ក៏បានរៀបចំបែបបទប្រគល់ឱ្យទៅ​លោក​ជា បញ្ញា នាយរងសង្កាត់រដ្ឋបាលព្រៃ​ឈើ​ស្រី​សន្ធរ ដើម្បី​ចាត់ការតាមច្បាប់ ៕

អាជ្ញា​ធរ​​វាយកំទេច​ផ្ទះ​ថ្ម​​ជាន់ទី២ដែលសាង​សង់​គ្មាន​ច្បាប់​តាម​បណ្តឹង​អ្នក​ជាន់ក្រោម

Posted: 24 Mar 2011 03:41 AM PDT

លោកស្រី​ពោន ស៊ីណា អាយុ​៣៩​ឆ្នាំ ​ដែល​ជាប្អូន​ម្ចាស់ផ្ទះ មានប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញា​ធរ​
អាជ្ញា​ធរ​​វាយកំទេច​ផ្ទះ​ថ្ម​​ជាន់ទី២ដែលសាង​សង់​គ្មាន​ច្បាប់​តាម​បណ្តឹង​អ្នក​ជាន់ក្រោម

រាជធានីភ្នំពេញ ៖ ផ្ទះ​ល្វែង​ជាន់ទី២​​ដែល​បាន​សាង​សង់​​រួច​រាល់​ហើយ​នោះ ត្រូវ​បាន​​អាជ្ញា​ធរ​ខណ្ឌទួលគោក​ប្រើ​កម្លាំង​ចុះ​ទៅ​វាយ​​កំទេច​ចោល​កាលពី​វេលាព្រឹក​ថ្ងៃទី២៤ មីនា ដោយ​អះ​អាង​ថា លំ​នៅ​ឋាន​​នោះ​សាង​សង់​​គ្មាន​ច្បាប់​អនុ​ញ្ញាត​ ហើយ​ការ​សាង​សង់​​ទៀត​​សោធ ​នៅ​លើ​អគារ​​សំណង់​ចាស់​ទ្រុឌទ្រោម​ និង​មាន​​ពាក្យ​បណ្តឹង​របស់ប្រជាពលរដ្ឋ​​ដែលរស់នៅ​ជាន់​ក្រោម ។

​សំណង់​អត់ច្បាប់​ដែលមានការប្តឹង​ទំទាស់​នោះ​ត្រូវសមត្ថកិច្ចឱ្យ​ដឹង​ថា ស្ថិត​នៅ​ផ្ទះ​លេខ​៧៧៤Eo ​មហាវិថី​កម្ពុជា​ក្រោម​​ សង្កាត់​​ទឹកល្អក់ទី១​​ ខណ្ឌទួលគោក​ ដែលមាន​ម្ចាស់ឈ្មោះ​ឈ ហ៊ាង​ស៊ា ភេទប្រុស ។ ​លំនៅ​ឋាន​នោះជាន់ទី២ ​ស្ថិត​នៅលើ​ផ្ទះ​៣ល្វែង​ដែលជា​សំណង់ចាស់ ។

តាមលោក​ធឹម ​សំអាន​​ អភិបាល​រង​ខណ្ឌ​ទួល​គោក​​បានឱ្យ​ដឹង​ថា សំណង់​ខាងលើ​នេះ​ពុំ​មាន​ច្បាប់អនុញ្ញាតឡើយ ​សាងសង់​លើ​សំណង់​ចាស់ទ្រុឌ​ទ្រោម​​ ហើយ​ការ​សាងសង់​នោះ​មាន​ប្រជា​ពល​រដ្ឋ​រស់នៅ​ជាន់ក្រោម​ប្តឹង​ជំទាស់ ។ ​ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​សាង​សង់​ អាជ្ញា​ធរ​ខណ្ឌ​ក៏​ដូច​​ភូមិ​បាលខណ្ឌចុះ​ទៅ​​ហាម​ឃាត់​ និងណែ​នាំ​ឱ្យ​ម្ចាស់​ផ្ទះ​សុំ​ច្បាប់​ឱ្យ​បានត្រឹមត្រូវ​​ តែ​ម្ចាស់មិនស្តាប់តាម​ការ​ណែ​នាំ​​​នៅ​តែ​​បន្ត​សាង​សង់​រហូត​ដល់ចប់រួច​រាល់ ។

លោក​អភិបាល​រង​ខណ្ឌទួល​គោក​បាន​បន្ត​​ទៀត​ថា ការចុះ​វាយសំណង់​​អត់​ច្បាប់​​ចោលនេះ ធ្វើឡើង​ទៅតាម​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ​លេខ​៤១៤​ចុះ​ថ្ងៃទី២២ តុលា ​ឆ្នាំ​២០១០ ​និង​លិខិត​​ជា​បន្ត​បន្ទាប់​ចំនួន២​ទៀត​​របស់​​សាលា​​រាជ​ធានីភ្នំពេញ ។ មុនពេល​ប្រើ​កម្លាំង​ អាជ្ញា​ធរ​ខណ្ឌទួលគោក​បានធ្វើលិខិត​ជូន​ដំណឹង​​ជា​បន្ត​បន្ទាប់ ដើម្បី​ឱ្យ​ម្ចាស់​រុះ​រើ​​ចេញ តែ​ម្ចាស់​មិន​ស្តាប់តាម​ការ​ណែ​នាំ​​ទើប​អាជ្ញា​ធរ​ប្រើ​វិធាន​ការ​រដ្ឋ​បាល​ចុះ​មក​វាយ​តែម្តង ។

នៅព្រឹក​នោះ​ដែរ នៅពេល​អាជ្ញា​ធរ​ចុះ​ទៅ​វាយ​​លំនៅឋាន​ លោកស្រី​ពោន ស៊ីណា អាយុ​៣៩​ឆ្នាំ ​ដែល​ជាប្អូន​ម្ចាស់ផ្ទះ មានប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញា​ធរ​ដោយ​​អះ​អាង​ថា ​ហេតុ​អ្វី​​បាន​ជា​អាជ្ញា​ធរ​​មិនចុះ​ទៅហាម​ឃាត់​ នៅ​ពេល​​​សាង​សង់​ ដល់​ពេលសាង​សង់​រួច​ហើយ បែរ​ជា​​ចុះ​មក​វាយបែបនេះ ។ តាមស្ត្រី​នោះ​បានឱ្យ​ដឹង​ថា សំណង់​នោះ​ត្រូវ​គាត់សាងស​ង់​​អស់​ជាង​២ម៉ឺន​ដុល្លារ​​រួច​រាល់​រស់នៅ​ប្រមាណ​១ឆ្នាំហើយ ។

តាមលិខិត​លេខ​៤១៤ ចុះថ្ងៃទី២២ តុលា ឆ្នាំ​២០១០​​ដោយ​លោកស្រី​ទូច សារ៉ុម អភិបាល​​រង​សាលា​រាជធានីភ្នំពេញ បានជម្រាប​ទៅ​អភិបាល​ខណ្ឌ​ទួលគោក​ និងលោក​ប្រធានមន្ទីរ​​រៀបចំ​ដែនដី​​នគរូបនីយកម្ម សំណង់ និងសុរិយោ​ដី ​រាជ​ធានីភ្នំពេញ បានឱ្យ​ដឹង​ថា ​សំណង់ថ្មី​បន្ថែម​ជាន់ទី២​របស់​ឈ្មោះ​ឈ ហ៊ាងស៊ា ​សាង​សង់​បន្តុប​ពីលើ​អគារ​ចាស់ទ្រុឌ​ទ្រោម​​ផ្ទះ​លេខ​៧៧៤Eo ផ្លូវលេខ​១២៨ (ផ្លូវកម្ពុជា​ក្រោម) ​សង្កាត់​ទឹក​ល្អក់​ទី១ ​ខណ្ឌទួលគោក​​ដោយពុំ​មាន​លិខិត​អនុញ្ញាត​ពី​សាលា​រាជធានីភ្នំពេញ​ និង​មាន​បណ្តឹង​ពីអ្នក​រស់នៅជាន់ក្រោមផង ទើបសាលា​រាជ​ធានីភ្នំពេញ​សូមណែ​នាំ​ឱ្យ​ម្ចាស់​ផ្ទះ​សង់​ថ្មី​ធ្វើការ​រុះ​រើ​ចេញ។ ​ក្នុងករណីម្ចាស់​សំណង់​មិន​អនវុត្ត​​តាមការ​ណែ​នាំទេ ​អាជ្ញាធរ​ខណ្ឌ​ត្រូវ​អនុ​វត្ត​វិធានការ​រដ្ឋ​បាល​ដោយរុះរើ​សំណង់​​នោះចេញ​ដើម្បី​សុវត្ថិ​ភាព​អ្នករស់នៅ​ជាន់​ក្រោម​ ៕

តុលាការ​​បិទផ្ទះសំណាក់​ម៉ី​ហួរ​​ក្នុង​ខណ្ឌ​ដូនពេញ

Posted: 24 Mar 2011 03:23 AM PDT

តុលាការ​​បិទផ្ទះសំណាក់​ម៉ី​ហួរ​​ក្នុង​ខណ្ឌ​ដូនពេញ​

រាជធានីភ្នំពេញ ៖ ​កាលពីរសៀលថ្ងៃទី​​​​២៤ មីនា ២០១១ គណៈ​កម្មការ​​​ចម្រុះ​​សាលា​ខណ្ឌ​​ដូនពេញ ដឹកនាំ​ដោយ​​លោកមាស ​ច័ន្ទ​​ពិសិដ្ឋ ព្រះ​​រាជ​អាជ្ញា​​​រង​អម​សាលាដំបូង​​រាជធានីភ្នំពេញ លោក​សុខ ​ពេញ​វុធ​ ​អភិបាល​រង​​ខណ្ឌ​​ដូនពេញ ​លោកហែម រិទ្ធី ​នា​យក​​រង​រដ្ឋ​បាល​​ខណ្ឌ​ដូនពេញ​​ព្រមទាំង​​​មន្ត្រីជំនាញ​បានធ្វើការ​​​បិទទ្វារ​ផ្ទះ​សំណាក់​​យីហោ​ម៉ី​ហួ​រ​មានទីតាំង​ស្ថិត​ក្នុង​​សង្កាត់​​​ស្រះចក ខណ្ឌ​ដូនពេញ ជា​បណ្តោះអាសន្ន​ ក្រោយ​​ពី​​សាលា​ខណ្ឌ​​ដូនពេញ ​ផ្អាក​​អាជីវ​កម្ម​​​ផ្ទះ​សំណាក់​នេះពាក់ព័ន្ធ​​​នឹង​បញ្ហា​​គ្រឿងញៀន​ ។​

លោកហែម​ រិទ្ធី ​​នាយក​រង​​រដ្ឋបាល​​​សាលា​ខណ្ឌ​​​​ដូនពេញ​បាន​ឱ្យ​ដឹង​ថា ​ការ​បិទ​អាជីវក​កម្ម​ផ្ទះសំណាក់​​យីហោ​​ម៉ីហួរ​ មហាវិថី​ព្រះ​មុនីវង្ស​​​ សង្កាត់ស្រះចក ខណ្ឌដូនពេញ ​គឺយោង​តាម​​​ដីកា​លេខ​​​២៦០០​តព្រ ចុះថ្ងៃទី​​​៣ មីនា​២០១១ ​ចុះហត្ថលេខា​​​ដោយ​លោក​​អឿង ​​សៀង ចៅក្រម​​​ស៊ើប​សួរ​​សាលា​ដំបូង​​រាជធានីភ្នំពេញ ។​ គួររំលឹក​ថា ​កាលពីថ្ងៃទី​​​១៥ កុម្ភៈ ​​​២០១១ វេលាម៉ោង​​​១០​និង​​​១០នាទីព្រឹក​​ ​ការិយាល័យ​​​​នគរ​បាល​​​ប្រឆាំងគ្រឿងញៀន​​សហកា​រ​ជាមួយ​សាលាខណ្ឌ​​ដូនពេញ ​បានឆ្មក់​ចូល​​​បន្ទប់លេខ​​​១A ​ក្នុងផ្ទះ​​សំណាក់យីហោ​​ម៉ី​ហួរ​ តាម​​បណ្តោយ​​​មហាវិថី​ព្រះមុនីវ​ង្ស ​​សង្កាត់ស្រះចក​​ ខណ្ឌ​ដូន​ពេញ ហើយឃាត់ខ្លួន​​ស្ត្រី​ម្នាក់ឈ្មោះ​​វ៉ាង ស្រីមុំ ​អាយុ​​២៤​ឆ្នាំ ​​ស្នាក់នៅ​ផ្ទះ​លេខ​​៩៣E1 ផ្លូវ​លេខ​​១៤០ ​សង្កាត់​​​មនោរម្យ ​​ខណ្ឌ​​៧​មករា ​ដោយ​មិន​រំខាន​​​ដល់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​​ស្រះចកឡើយ សមត្ថ​កិច្ច​​​​ដកហូត​បាន​​​គ្រឿងញៀន​​ប្រភេទម៉ា​ទឹក​កក​ចំនួន​​​៧​កញ្ចប់​តូច​​នៅក្នុងកាបូប​ស្ត្រីនោះ ។

ផ្ទះសំណាក់​​ម៉ីហួរ​ដែលមានទីតាំង​​​​លេខ​២៧ ​មហា​វិថី​ព្រះមុនីវង្ស ​​សង្កាត់ស្រះចក ​ខណ្ឌ​ដូន​ពេញ ​​​​ចោទ​ពីបទ​​​ចែកចាយគ្រឿងញៀន ​​​ខុស​​ច្បាប់​ និងផ្តល់​ទីតាំង​​សម្រាប់​ចែក​ចាយ​គ្រឿង​​ញៀន​ខុសច្បាប់​​​តាមមាត្រា​​​៣៥.២​ថ្មី ​និង​មាត្រា​​​៣៦ថ្ងៃ​នៃ​​​ច្បាប់ស្តីពី​វិសោធន​កម្ម​ច្បាប់​ស្តីពីការ​ត្រួតពិនិត្យ​​​​គ្រឿងញៀន ។

គួរបញ្ជាក់​​ផងដែរ​ថា ​កាលពីថ្ងៃទី​​​២២ មីនា ​២០១១ ​គណៈ​កម្មការ​ចម្រុះ​​សាលាខ​ណ្ឌ​​ដូន​ពេញ​​​ដឹកនាំ​​​ដោយលោកហែម រិទ្ធី ​​នាយក​រង​​រដ្ឋ​បាល ​បានធ្វើការ​​​បិទអាជីវក​កម្ម ផ្ទះសំណាក់​យី​ហោ​​​រស្មីផ្កាឈូក​​​២ ផ្លូវលេខ​​​១៧២ ​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ​ខណ្ឌដូន​ពេញ​ ក្រោយពី​​សាលា​​ខណ្ឌ​ឆ្មក់​ចូល​​​បង្ក្រាប​​​ជនប្រើប្រាស់​​គ្រឿងញៀន​​ប្រុស-ស្រី​​ចំនួន​​១១នាក់ ​និង​ម្ចាស់​ផ្ទះសំណាក់​​ឈ្មោះព្រំ​ សុធា ​ភេទប្រុស អាយុ​​​​៣៦​ឆ្នាំ ​បច្ចុប្បន្នត្រូវបាន​​តុលា​ការ​ចេញ​ដីកា​ឃុំខ្លួន​​នៅ​ពន្ធនាគារ​ព្រៃ​សពីបទ​​សម្រួល​ទីតាំង​ដោយ​ចេត​នា​​ឱ្យអ្នកដទៃ​​​ប្រើប្រាស់នូវគ្រឿងញៀន​​​ដែល​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​​​ធ្ងន់ធ្ងរ ៕​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!