Koh Santipheap Daily

Koh Santipheap Daily


បារាំង​បើកការ​វាយប្រហារ​​ប្រឆាំង​លោក​កា​ដាហ្វី ​មុនគេ

Posted: 20 Mar 2011 12:28 AM PDT

កងទ័ព​អាកាស​​បារាំង​ បានបើកការ​វាយ​ប្រហារ​​​មុនគេ​ប្រឆាំង​​​​នឹង​កង​ទ័ពរបស់​​​មេ​ដឹក​នាំ​ផ្តាច់​ការ​​លីប៊ី លោក​មូអាម៉ា ​កាដាហ្វី ​រយៈ​ពេល​ប៉ុន្មាន​​ម៉ោង​ក្រោយ ​ពី​កិច្ចប្រជុំ​​កំពូល​ក្រុង​ប៉ារីស​ស​្តីអំពី​​ការអន្តរាគមន៍​​របស់យោធា​​​ កាលពីថ្ងៃទី​​​១៩ មីនា ​កន្លងមក ។ ​នេះ​បើ​តាម​​ការ​ឱ្យដឹង​ដោយ​​អ្នកនាំពាក្យ​​សេនាធិការ​​បារាំង លោក Thierry Burckhard ។
លោក Thierry បានប្រាប់ទូរទស្សន៍​​បារាំង BFM ថា ការ​វាយប្រហារ​​​នោះ​សំដៅ​លើ​រថ​យន្ត​ដែលគេជឿ​ថា​​ ជា​របស់​កងទ័ព​​លោកកាដាហ្វី ​​នៅវេលាម៉ោង​​​ជិត​​​៦ល្ងាច​ថ្ងៃទី​​​១៩ មីនា ។​
ការវាយប្រហារ​​នេះ​ជា​ចំណាត់​ការ​របស់​យោ​ធា​​​បរទេស​​ដំបូងគេ​ប្រឆាំង​​ប្រទេស​លីប៊ី ចាប់តាំង​​ពីអង្គការ​​សហប្រជាជាតិ​​អនុម័ត​​​លើ​ដំណោះស្រាយ​​មួយកាលពីថ្ងៃទី​​​១៨ មីនា អនុ​ញ្ញាត​​ឱ្យ​មាន​​តំបន់​​​​ហាមហោះហើរ​​​នៅប្រទេស​លីប៊ី ​និងប្រកាន់​​​យក​រាល់​​វិធានការ​​ចាំ​បាច់​ទាំង​​អស់ ដើម្បី​​​ការពារជនស៊ីវិល ។​
ប្រធានាធិបតី​​បារាំង​​ លោកនីកូឡាស់ ​សាកូ​ហ្ស៊ី​ ​ក្នុង​សន្និសីទ​​​កាសែត​មួយ​​ ​បានថ្លែង​​បញ្ជាក់​ថា ​យន្តហោះចម្បាំង​​របស់បារាំង​​​កំពុង​បើក​​​​បេសក​​កម្ម​​ស៊ើបអង្កេត​​​នៅពីលើ​​ប្រទេស​លីប៊ី ។​​
ក្នុងសេចក្តីថ្លែង​ការណ៍​មួយ​ដែលចេញ​ក្រោយ​ពី​​កិច្ចប្រជុំ​​​កំពូល​ក្រុងប៉ារីស បណ្តា​មេ​ដឹក​នាំ​​នានាបាន​​​ឯកភាព​គ្នា​ថា ​លោកកាដាហ្វី ​បំពាន​​បទ​ឈប់បាញ់​​គ្នា បើទោះបីជា​មានការ​ព្រមាន​អំពីការអន្តរាគមន៍​របស់​យោធា​ក៏ដោយ ។​
លោក​​ប្រធានាធិបតី​​នីកូឡាស់ ​សាកូហ្ស៊ី ​ថ្លែង​ថា កងទ័ព​របស់​​យើង​នឹង​ប្រឆាំង​​​ការ​ឈ្លាន​ពាន​​​ណាមួយ​ដោយ​លោក​កាដាហ្វី ​ដែល​ប្រឆាំង​​​​ពល​រដ្ឋ​​​ក្រុង​បេនហ្គាហ្ស៊ី ៕

លោកកាដាហ្វី ​សច្ចា​​សង​សឹក​​​ការ​វាយប្រហារ​​​របស់​ប្រទេស​​លោក​ខាងលិច

Posted: 20 Mar 2011 12:28 AM PDT

ថ្លែង​តាមទូរទស្សន៍​​​រដ្ឋ លោកមូអាម៉ា កា​ដា​ហ្វី ​ថ្លែង​​ថា ធម្មនុញ្ញ​​​របស់​អង្គការ​សហប្រជា​ជាតិ​​​ផ្តល់​​សិទ្ធិ​ដល់​​លីប៊ី ដើម្បីការពារ​ខ្លួននៅ​​ពេល​មាន​សង្គ្រាម​​​ដោយ​លោកសច្ចា​​​ថា នឹង​សង​សឹក​ការ​​វាយប្រហារ​​របស់សម្ព័ន្ធ​​​​ភាព​ចម្រុះ​​​​របស់​អាមេរិក​ បារាំង និងអង់គ្លេសនោះ​ ។
លោកកាដាហ្វី ​ថ្លែង​ទៀត​ថា ​ឃ្លាំង​ស្តុក​​​សព្វា​វុធ​​របស់លីប៊ីនឹង​​​បើក​​ចំហ​ ដើម្បី​​យក​អាវុធ​​បំពាក់​​ឱ្យ​ពលរដ្ឋ​លីប៊ី ​​ចូលរួម​ទប់ទល់​​ការ​វាយ​ប្រហារ​​​​របស់ប្រទេស​​លោក​ខាង​លិច ។​
នៅក្នុងលិខិត​​​ដែលផ្ញើ​​​​ជូនប្រធា​នាធិបតី​​បារាំង លោកនីកូឡាស សាកូហ្ស៊ី ​និង​នាយក​រដ្ឋ​មន្ត្រី​​​​អង់គ្លេស​​​ លោក​ដេវីដ​ កាមេរ៉ុន ​​និងអគ្គ​លេខាធិការ​​អង្គការ​សហប្រជាជាតិ​ លោកបាន គីមូន លោក​​កាដាហ្វី ​បានចាត់ទុក​​វិធានការ​​របស់​អង្គការ​​​សហប្រជាជាតិ​​ថាជា «​វិធានការ​​​គ្មាន​សុពល​ភាព» ពីព្រោះដំណោះស្រាយ​​​របស់ក្រុម​ប្រឹក្សា​​​សន្តិសុខ​​មិនអនុញ្ញាត​​​ឱ្យ​មាន​​អន្តរាគមន៍​​ក្នុងកិច្ច​​​​​ការ​ផ្ទៃ​ក្នុង​​របស់​លីប៊ី ដោយ​​​ប្រទេស​
ផ្សេងៗ ។ ទោះបីជា​​បែបណា ពុំ​មាន​​ប្រភពណា​មួយ​​ឱ្យ​​ដឹង​ថា លោកកាដាហ្វី​​ កំពុង​លាក់ខ្លួន​​​នៅ​កន្លែង​ណា​​នោះទេ ៕

ការ​បង្ក្រាប​ល្បែង​ធ្វើ​ឡើង​យ៉ាង​ក្តៅ​គគុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ

Posted: 20 Mar 2011 12:15 AM PDT

ជា​មួយ​នឹង​ការ​បង្ក្រាប​នេះ​សមត្ថ​កិច្ច​​ឃាត់​អ្នក​លេង​បាន​ចំនួន​៦​នាក់

ខេត្ត​កំពង់​ចាម ៖ សង្វៀន​​បញ្ជល់​​មាន់​ដុះ​ស្លែ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​មេ.ស ឃុំ​ព្រែក​​​កុយ​ស្រុក​កង​មាស ត្រូវ​បាន​លោក​ឧត្តម​សេនីយ៍​​​ត្រី នួន សាមិន ​ស្នង​ការ​នគរ​បាល​ខេត្ត និង​លោក​វរ​សេនីយ៍​ឯក ជឹម ​សេង​ហុង ស្នង​ការ​រង​នគរ​បាល​ខេត្ត​​ទទួល​​ផែន​​​កណ្តាល​យុត្តិ​ធម៌ បញ្ជា​ឱ្យ​កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត ចុះ​បង្ក្រាប​​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​២០១១ ​ជា​មួយ​នឹង​ការ​បង្ក្រាប​នេះ​សមត្ថ​កិច្ច​​ឃាត់​អ្នក​លេង​បាន​ចំនួន​៦​នាក់ និង​ដក​ហូត​បាន​វត្ថុ​តាង​មាន​មាន់​គក​ចំនួន​៣​ក្បាល​ ស៊ុម​ក្រុង​មាន់​ចំនួន​១០ និង​ម៉ូតូ​ចំនួន​១១​គ្រឿង ​បញ្ចូន​មក​កាន់​​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ។

តាម​លោក​វរ​សេនីយ៍​ត្រី មិន សុគន្ធ​វិបុល នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​​ឱ្យ​​​ដឹង​ថា ដោយ​មាន​សេច​ក្តី​រាយ​ការណ៍​ពី​មូល​ដ្ឋាន​​ថា នៅ​ភូមិ​មេ.ស ឃុំ​ព្រែក​កុយ ​មាន​បើក​សង្វៀន​បញ្ជល់​មាន់​ខុស​ច្បាប់ លោក​​ក៏​សុំ​គោល​ការណ៍​ពី​លោក​ស្នង​ការ​ និង​ស្នង​ការ​រង​ខេត្ត ដើម្បី​មាន​វិធាន​ការ​បង្ក្រាប ។ ​ក្រោយ​ពី​បាន​ទទួល​បញ្ជា​ពី​លោក​ស្នង​ការ​ខេត្ត​ហើយ​​នោះ​ រូប​​​លោក​បាន​ដឹក​នាំ​កម្លាំង​ក្រោម​ឱវាទ ​ចុះ​ទៅ​បង្ក្រាប​នា​រសៀល​ថ្ងៃ​ទី​១៨ មីនា នោះ​ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​​ផាន់ សុភ័ក្រ្ត ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ផង​ដែរ ។ ​

លោក​មិន សុគន្ធ​វិបុល បាន​ឱ្យ​ដឹង​​ទៀត​ថា តាម​ការ​ប៉ាន់​​ក្រុម​អ្នក​លេង​ដែល​មាន​គ្នា​​ប្រហែល​ជាង​១០០​នាក់​ឯ​ណោះ ​ដោយ​ពួក​គេ​​បាន​នាំ​គ្នា​រត់​កាត់​តាម​វាល​ស្រែ​​ប្រសាច​ ​​តែ​ត្រូវ​​​ដេញ​ព័ទ្ធ​ចាប់​បាន​ចំនួន​៦​នាក់ រួម​មាន​ ១-ឈ្មោះ​​ជាង សុភ័ក្រ្ត ភេទ​ប្រុស អាយុ​​៣០​ឆ្នាំ រស់​នៅ​​ស្រុក​មុខ​កំពូល ​ខេត្ត​កណ្តាល ​២-ឈ្មោះ​ថាំ សុំ ភេទ​ប្រុស ​រស់​នៅ​​សង្កាត់​​ទួល​សង្កែ ​ខណ្ឌ​ឫស្សី​កែវ រាជ​ធានីភ្នំពេញ ​៣-ឈ្មោះ​ទន់ គាន​ហួត ភេទ​ប្រុស អាយុ​​២៥​ឆ្នាំ នៅ​ភូមិ​វាល​ធ្នង់ ​ឃុំ​បុស​ខ្នុរ ស្រុក​ចំការ​លើ ខេត្ត​កំពង់​ចាម ៤-ឈ្មោះ​​ហេង រ៉ាវី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​រស់​នៅ​ភូមិ​រកា​កោង​ទី​១ ឃុំ​រកា​កោង​ទី​១ ស្រុក​មុខ​កំពូល ​ខេត្ត​កណ្តាល ៥-ឈ្មោះ​ឈិត ​ភាង ភេទ​ប្រុស អាយុ​៣៨ឆ្នាំ រស់​នៅភូមិ​កង​តា​ណឹង ឃុំ​កង​តា​ណឹង ស្រុក​កង​មាស ខេត្ត​កំពង់​ចាម ៦-ឈ្មោះ​ស៊ុន រ៉េន ភេទ​ប្រុស អា​យុ​៥៨​ឆ្នាំ រស់​នៅ​ភូមិ​ព្រែក​ផ្តៅ ឃុំ​រកា​កោង​ទី​១ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល ។

លោកវរសេនីយ៍​ត្រី មិន សុគន្ធវិបុល បាន​បញ្ជាក់ថា ក្រោយពីក្រុមអ្នកញៀននឹងល្បែង​បញ្ជល់​មាន់​រត់បែកខ្ញែកគ្នា​នោះ ចំពោះវត្ថុ​តាង​នៅនឹងសង្វៀន​​គឺ​រឹបអូសបានម៉ូតូចំនួន១១​គ្រឿង ស៊ុម​ក្រុងមាន់ចំនួន១០ និងមាន់គកចំនួន​​៣​ក្បាល បញ្ជូនមកកាន់ស្នងការដ្ឋាន​នគរ​បាលខេត្ត​ និងកសាងសំណុំរឿង​បញ្ជូន​ទៅឲ្យលោក​ព្រះរាជ​អាជ្ញាចាត់​ការតាម​ច្បាប់ ។ ចំពោះ​សកម្មភាពបង្រ្កាបល្បែងស៊ីសងត្រូវ​បាន​​កត់សំគាល់ឃើញថា បាននិង​កំពុង​ធ្វើ​ឡើង​​ប្រៀប​បាន​ភ្លៀងរលឹម​ដោយមិនដកដៃទេ សំដៅ​ធ្វើយ៉ាងណាឲ្យភូមិ-ឃុំមាន​សុវត្ថិ​ភាព មិនមាន​ចោរ​លួចចោរប្លន់ដែលកើតចេញ​មក​ពីប្រភព​ល្បែង​ស៊ីសងនេះ ៕

បារាំង​បដិសេធ​​ពីការបាញ់​ធ្លាក់​យន្តហោះ​​របស់ខ្លួន​នៅលីប៊ី

Posted: 20 Mar 2011 12:07 AM PDT

ប្រភព​យោធា​​​បារាំង​បាន​បដិសេធ​​​របាយ​ការណ៍​​នានា​ដែល​ថា យន្តហោះ​​​ចម្បាំង​មួយ​គ្រឿង​​​​ក្នុងចំណោម​យន្តហោះ​​ចម្បាំង​​របស់​បារាំង​​​ដែលធ្វើប្រតិបត្តិ​ការ​​សឹក​នៅ​ប្រទេស​លីប៊ី ត្រូវបា​​នបាញ់​ធ្លាក់ ។​
លោក Thierry Burkard អ្នកនាំពាក្យ​​​សេនា​​ធិការបារាំង​​ ត្រូវបានដក​ស្រង់​​សម្តី​​ដោយ​ទី​ភ្នាក់​ងារ​​​ព័ត៌​មាន AFP ថា យើង​​សូម​​បដិសេធ​ថា ពុំមាន​​​យន្តហោះ​​ណាមួយរបស់បារាំង​​ត្រូវបាន​បាញ់​ធ្លាក់​​នោះទេ ។​
មុន​នេះ ​របាយការណ៍​​ព័ត៌មាន​​​របស់ប្រទេស​​​លីប៊ីថា យន្តហោះ​​​ចម្បាំង​បារាំង​មួយគ្រឿង​​ត្រូវ​បាន​បាញ់​​ធ្លាក់​​ដោយ​កង​ទ័ព​លីប៊ី ​នៅតំបន់​ក្នុង​ទីក្រុង​​​ទ្រីប៉ូលី ។​
តាមប្រភពព័ត៌មាន​​​ថា ក្នុងប្រតិបត្តិការ​​​សឹក​​ប្រឆាំង​​មេដឹកនាំផ្តាច់ការ​​​លីប៊ី ​លោក​​មូអាម៉ា ​កា​ដា​ហ្វី ​នោះ យន្តហោះ​​​ចម្បាំង​​របស់បារាំង​​មាន​ចំនួន​​​​២០គ្រឿង ៕

ន័រវេស​​បញ្ជូន​​យន្តហោះ​​ចម្បាំង F16 ​ចំនួន6​​គ្រឿង​​​​ចូលរួមប្រតិបត្តិការ​​​សឹក​ប្រឆាំង​លីប៊ី

Posted: 20 Mar 2011 12:07 AM PDT

ទីភ្នាក់ងារ​​ព័ត៌មាន​​ន័រវេស NTB រាយ​ការណ៍​​កាលពីថ្ងៃទី​​​​២០ មីនា ​ថា យន្តហោះ​​ចម្បាំង​ធុន F16 របស់​​ន័រវេស​​៦គ្រឿង ​​នឹង​ត្រូវ​បញ្ជូន​​​ទៅចូលរួមប្រតិបត្តិការ​សឹក​ដែលដឹកនាំ​​ដោយបណ្តា​​ប្រទេស​​លោក​ខាងលិច ប្រឆាំង​​​ប្រទេស​លីប៊ី ក្រោយពី​​កងទ័ព​អាកាស​ន័រវេស​​​ទទួលបាន​ការ​អនុញ្ញាត ។ ទីភ្នាក់ងា​រ​ព័ត៌មាន​​ដដែល​​​ឱ្យ​ដឹង​ទៀត​​ថា កង​ទ័ព​​​អាកាស​ន័រវេស ​កាលពី​​​យប់ថ្ងៃទី​​១៩ មីនា ​ទទួល​​បាន​បញ្ជា​​​ឱ្យ​ត្រៀម​​យន្តហោះ​ចម្បាំង F16 ចំនួន​​៦គ្រឿង ​​និង​អ្នក​បើក​​​​ជាង​​១០០នាក់ ​សម្រាប់​ប្រតិបត្តិការ​​នៅ​ក្នុង​​ប្រទេស​លីប៊ី ។​
យន្តហោះ​​ចម្បាំង​ទាំង​៦គ្រឿង​​​នឹង​ចាប់​ផ្តើម​​ចេញដំណើរ​​​នៅ​ដើម​សប្តាហ៍​​នេះ ហើយ​នឹង​ចុះ​ចត​​នៅមូលដ្ឋាន​​​​ក្នុងទីក្រុង​​ Sicily ប្រទេសអ៊ីតា​លី ។​
នាយករដ្ឋ​​មន្ត្រី​ន័រ​វេស​​ លោក Jens  Stoltenberg ថ្លែង​​ថា ន័រវេស​​​នឹង​ចូលរួម​​ប្រតិ​បត្តិការ​​សឹក ដើម្បី​​​ពង្រឹង​​​ និង​អនុ​វត្ត​​​​តំបន់​ហាម​ហោះហើរ​​​គាំទ្រ​​​ដោយអង្គ​​​​​ការសហប្រជាជាតិ​​នៅ​ប្រទេស​លីប៊ី ។ ​លោក Jen Stoltenberg ថ្លែង​ដូច្នេះ​​​នៅ​​ពេលលោកចូលរួម​ក្នុង​​កិច្ចប្រជុំ​​​កំពូលក្រុង​​​ប៉ារីស ។ លោក Stoltenberg ថ្លែង​ទៀត​ថា ​យន្តហោះ​​​ចម្បាំង​របស់​​ន័រវេស​​អាច​ចូល​រួមបេសក​កម្ម​គ្រប់​ប្រភេទ​​​ទាំងអស់​ គឺ​​ទាំង​ការ​អនុវ​ត្ត​​តំបន់​ហាម​​ហោះហើរ​​ និងការទម្លាក់​​គ្រាប់​បែក​​សំដៅ​​កង​ទ័ព​​លើ​ដី ៕

នគរ​បាល​ចរា​ចរ​សហ​ការ​ជា​​មួយ​​យុវ​ជន​​​កាក​បាទ​​ក្រហម​​​ស្ម័គ្រ​​ចិត្ត​​ផ្សព្វ​​ផ្សាយ​​ច្បាប់​​ចរា​ចរណ៍

Posted: 19 Mar 2011 11:51 PM PDT

នគរ​បាល​ចរា​ចរ​សហ​ការ​ជា​​មួយ​​យុវ​ជន​​​កាក​បាទ​​ក្រហម​​​ស្ម័គ្រ​​ចិត្ត​​ផ្សព្វ​​ផ្សាយ​​ច្បាប់​​ចរា​ចរណ៍
នគរ​បាល​ចរា​ចរ​សហ​ការ​ជា​​មួយ​​យុវ​ជន​​​កាក​បាទ​​ក្រហម​​​ស្ម័គ្រ​​ចិត្ត​​ផ្សព្វ​​ផ្សាយ​​ច្បាប់​​ចរា​ចរណ៍

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ក្រោយ​ពី​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ធរ​មាន​ហើយ​នោះ​ នៅ​មាន​បុគ្គ​ល​មួយ​ចំនួន​​ពុំ​ទាន់​គោរព​ច្បាប់​ចរា​ចរណ៍នេះ​នៅ​ឡើយ​ទេ ដូច​ជា​​អ្នក​បើក​​បរ​ម៉ូតូ​ខ្លះ​មិន​ពាក់​មួក​សុវត្ថិ​ភាព​ ម៉ូតូ​គ្មាន​​កញ្ចក់​​មើល​ក្រោយ និង​គ្មាន​ស្លាក​លេខ​ ​ហើយ​អ្នក​បើក​បរ​រថយន្ត​ខ្លះ​បាន​បើក​ហួស​ល្បឿន​កំណត់​ ក្នុង​ច្បាប់​ឱ្យ​បើក​តែ​៤០​គីឡូ​​​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ​នៅ​ក្នុង​ទី​ប្រជុំ​ជន និង​ក្រៅ​ទី​ប្រជុំ​ឱ្យ​​បើក​បរ​ត្រឹម​តែ​៦០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ ។

​ទន្ទឹម​នឹង​​នោះ​ផង​ដែរ អ្នក​បើក​បរ​​យាន​យន្ត ឬ​ទោ​ចក្រ​យាន​យន្ត​មួយ​ចំនួន​ បាន​ផ្ទុក​ទំនិញ​​ហួស​កំណត់​​ដឹក​សំពីង​សំពោង​ធ្វើ​ឱ្យ​បាត់​បង់​​​សណ្តាប់​ធ្នាប់​​ដែល​ក្នុង​នោះ​ក៏​មាន​​រថយន្ត​ផ្ទុក​ទំនិញ​ធំៗ ​បាន​កែ​ច្នៃ​​​ត​កន្ទុយ​​ខុស​លក្ខណៈ​បច្ចេក​ទេស​ ហើយ​​ក៏​មាន​បុគ្គ​ល​ខ្លះ​បើក​បរ​មាន​ជាតិ​ស្រវឹង​ដែល​​កត្តា​ទាំង​អស់​នេះ​ហើយ បង្ក​ឱ្យ​កើត​​មាន​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ជា​ញឹក​ញាប់​ បណ្តាល​ឱ្យ​​មនុស្ស​​រង​របួស​ក្លាយ​ជា​ជន​ពិការ​ និង​ស្លាប់​គួរ​​ឱ្យ​រន្ធត់​ ក្នុង​នោះ​ធ្វើ​​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ និង​ទ្រព្យ​សម្បត្តិ​​សាធា​រណៈ​ជា​ច្រើន​​ផង​ដែរ។ ​ដូច្នេះ ដើម្បី​ឱ្យ​ការ​គោរព​ច្បាប់​ចរា​ចរណ៍​​ផ្លូវ​គោក​​នេះ​មាន​ប្រសិទ្ធ​ភាព​ និង​តម្លា​ភាព​​នោះ​​នៅ​ព្រឹក​​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​២០១១ ​កម្លាំង​​ជំនាញ​​ចរា​ចរ​ខេត្ត​​បន្ទាយ​មាន​ជ័យ ចំនួន​១៥​នាក់ បាន​សហ​ការ​ជា​មួយ​ក្រុម​យុវ​ជន​កាក​បាទ​ក្រហម​កម្ពុជា​ស្ម័គ្រ​ចិត្ត​ចំនួន​១៥​នាក់ បាន​ចុះ​ពង្រឹង​ និង​ផ្សព្វ​ផ្សាយ​​នូវ​ច្បាប់​​ចរា​ចរណ៍​​ផ្លូវ​គោក​ និង​ចែក​នូវ​ខិត្ត​ប័ណ្ណ​ជូន​ដល់​មហា​ជន ប្រជា​ពល​រដ្ឋ និង​អ្នក​បើក​បរ​​​​ទោ​ចក្រ​យាន​យន្ត​ ​និង​យាន​យន្ត​គ្រប់​ប្រភេទ​ ​ឱ្យ​បាន​យល់​ជ្រួត​ជ្រាប​ផង​ដែរ ហើយ​នឹង​ចូល​រួម​អនុ​វត្ត​​​ច្បាប់​ចរា​ចរណ៍​ ដើម្បី​កាត់​បន្ថយ​​​អត្រា​នៃ​ការ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ។

លោក​វរ​សេនីយ៍​ត្រី គី មករា និង​លោក​វរ​សេនីយ៍​ត្រី សន គឹម​សួគ៌​ ​នាយ​រង​ការិយា​ល័យ​​ចរា​ចរ​ជើង​គោក​ខេត្ត​បាន​ឱ្យ​ដឹង​ថា ដោយ​អនុ​វត្ត​តាម​បទ​បញ្ជា​​របស់​លោក​ឧត្តម​សេនីយ៍​​ស្នង​ការ និង​ការ​​បញ្ជា​​ផ្ទាល់​​ពី​​លោក​នាយ​ការិយា​ល័យ​​ចរា​ចរណ៍​ខេត្ត​ លោក​បាន​ដឹក​នាំ​កម្លាំង​ជំនាញ​​ដោយ​សហ​ការ​ជា​មួយ​យុវ​ជន​​ស្ម័គ្រ​ចិត្ត​កាក​បាទ​ក្រហម​​កម្ពុជា ចុះ​​ផ្សព្វ​ផ្សាយ​​ និង​ចែក​ខិត្ត​ប័ណ្ណ​​ច្បាប់​​ចរាចរណ៍​តាម​ទី​ប្រជុំ​ជន និង​ភ្លើង​ស្តប់ ។ ក្នុង​ខិត្ត​ប័ណ្ណ​ដែល​ផ្សព្វ​ផ្សាយ​នោះ គឺ​ ណែ​នាំ​ឱ្យ​អ្នក​​បើក​បរ​ទោ​ចក្រ​យាន​យន្ត​ និង​យាន​យន្ត​គ្រប់​ប្រភេទ​​ត្រូវ​ពាក់​មួក​សុវត្ថិ​ភាព​ ហាម​បើក​បរ​​​ហួស​ល្បឿន​កំណត់ ឬ​​ក្រោម​ឥទ្ធិ​ពល​នៃ​ជាតិ​ស្រវឹង​ដែល​ប្រឈម​មុខ​នឹង​ការ​គ្រោះ​ថ្នាក់​ទទួល​ការ​ផាក​ពិន័យ​ ឬ​ផ្តន្ទាទោស​​តាម​ច្បាប់​​ ហាម​ផ្ទុក​លើស​ចំណុះ ឬ​សំពីង​សំពោង​​ជា​ហេតុ​បណ្តា​ឱ្យ​​កើត​មាន​គ្រោះ​ថ្នាក់​ជាយ​ថា​ហេតុ ៕

ក្រុមប្រឹក្សា​​​ឃុំ​​-សង្កាត់​៤០០នាក់ ​ស្នើ​​ឱ្យ​កាត់​ទោស​​​មេ​ដឹកនាំ​ខ្មែរក្រហម​​បាន​​ឆាប់

Posted: 19 Mar 2011 11:48 PM PDT

ក្រុមប្រឹក្សា​​​ឃុំ​​-សង្កាត់​៤០០នាក់ ​ស្នើ​​ឱ្យ​កាត់​ទោស​​​មេ​ដឹកនាំ​ខ្មែរក្រហម​​បាន​​ឆាប់​

រាជធានីភ្នំពេញ ៖ ​ក្រុមប្រឹក្សា​​​ឃុំ​​-​សង្កាត់​ប្រមាណ​​៤០០នាក់ ​បាន​​ស្នើ​សុំ​​ដល់​អង្គ​​ជំនុំ​ជម្រះ​​វិសាមញ្ញ​​ក្នុងតុលាការ​​កម្ពុជា ​ធ្វើការ​កាត់​ទោស​​​មេ​ដឹកនាំ​​ខ្មែរ​ក្រហមទាំង​​​៥រូប ​ដែល​​​កំពុង​ជាប់​​គុក​​​នៅ​សាលា​ក្តី​​នា​ពេលនេះ​ឱ្យបានឆាប់​​ ព្រោះ​​ពួក​អ្នក​​ទាំង​នោះ​​​មាន​វ័យកាន់តែ​​ចាស់​ជរា​ណាស់​ទៅហើយ ​បើមិន​ប្រញាប់​​​កាត់ទោស​​​ទេ ពួកគាត់​​អាច​ស្លាប់​​អស់​​មុនពេល​កាត់ទោស ។​

លោកកែវ ស៊ីផាន ​ជា​តំណាង​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​​​​មកពី​ខេត្ត​ស្វាយរៀង បានថ្លែង​​ថា ប្រជា​ពលរដ្ឋ​​​​បានផ្តាំ​​​មកលោកប្រធាន​​​​សាលា​ក្តី​​ខ្មែ​រ​ក្រហម​ឱ្យកាត់ទោស​​មេ​​ដឹកនាំ​ខ្មែរ​ក្រហម​​ទាំង​នេះ​ឱ្យ​​បាន​ឆាប់​ព្រោះ​​​ពួកគាត់​​មាន​ការ​បារម្ភ​ថា​ពួកមេដឹកនាំ​​​ខ្មែរ​​ក្រហមទាំង​នេះ​​អាច​នឹង​​ស្លាប់​មុន​​ពេលកាត់ទោស ។ សូមបញ្ជាក់​​​ថា មេ​ដឹកនាំ​​​ខ្មែ​រក្រហម​​​ដែលកំពុង​​ជាប់ឃុំ​ឃាំង​​ មានកាំង​ ហ្គិច​អ៊ាង​ ហៅ​ឌុច, នួន ជា, ខៀវ ​សំផន, អៀង សារី​ និង​​​អៀង ​ធីរិទ្ធ ៕​​

ប្រទេស៥​​​​បើកការ​វាយប្រហារ​​ប្រឆាំង​​មេដឹកនាំ​​​ផ្តាច់ការ​លីប៊ី លោក​​មូអាម៉ា កាដាហ្វី

Posted: 19 Mar 2011 11:47 PM PDT

មីស៊ីល Tomahaw ជាង​១០០គ្រាប់​ ត្រូវ​បាន​បាញ់​ពី​​នាវា​​ចម្បាំង​​​ និង​នាវា​មុជ​ទឹក
មីស៊ីលត្រូវ​បាន​បាញ់​ពី​​នាវា​​ចម្បាំង
មី​​ស៊ីល​​នោះគឺបាញ់​ចេញពី​​នាវា​ចម្បាំង​ដែល​​ដាក់​​ពង្រាយ​នៅឯ​ផ្ទៃ​​​សមុទ្រ​​មេឌីទែរ៉ា​ណេ
មី​​ស៊ីល​​នោះគឺបាញ់​ចេញពី​​នាវា​ចម្បាំង​ដែល​​ដាក់​​ពង្រាយ​នៅឯ​ផ្ទៃ​​​សមុទ្រ​​មេឌីទែរ៉ា​ណេ

សំឡេង​ផ្ទុះ​ និងការ​បាញ់​​កាំភ្លើង​​ប្រឆាំង​យន្ត​ហោះ​​​បាន​​លាន់​​កក្រើក​លើទីក្រុង​​ទ្រីប៉ូលី រដ្ឋធានី​​លីប៊ី ​កាលពី​វេលា​ព្រលឹម​​ស្រាងៗ​នា​ថ្ងៃទី​​​២០ មីនា ២០១១។ មន្ទីរប៉ង់​តាហ្គោន​​​និយាយ​ថា នោះ​គឺជា​​ការ​វាយប្រហារ​​ដោយ​មីស៊ីល​​ជា​លើក​ដំបូង​របស់​សហរ​ដ្ឋ​អាមេរិក​​ ប្រឆាំង​​មេដឹកនាំ​លីប៊ី ដែល​​ក្រាញ​អំណាច​​​ លោកមូអាម៉ា កាដា​ហ្វី ​។ មី​​ស៊ីល​​នោះគឺបាញ់​ចេញពី​​នាវា​ចម្បាំង​ដែល​​ដាក់​​ពង្រាយ​នៅឯ​ផ្ទៃ​​​សមុទ្រ​​មេឌីទែរ៉ា​ណេ ។​

មន្ត្រី​​ជាន់ខ្ពស់​​​អាមេរិក​សុំ​​​​មិន​បញ្ចេញ​​ឈ្មោះ​​​និយាយ​ថា ការ​វាយប្រហារ​​​នោះ​គឺ​​សំដៅ​​​ទៅលើ​ទី​តាំង​ការពារ​​​ដែន​អាកាស​​នៅ​តាម​បណ្តោយ​​ឆ្នេរ​ស​មុទ្រលីប៊ី​​ ​ជុំវិញ​​រដ្ឋធានី​​​ទ្រីប៉ូ​លី ។​ មន្ត្រី​ដដែល​​​​ឱ្យ​​​​ដឹងទៀតថា ​នេះ​ជា​ការវាយ​ប្រហារ​​​លើ​ក​ទីមួយ​ប៉ុណ្ណោះ ពាក់ព័ន្ធ​​​ជាមួយនឹង​​ការប្រើប្រាស់​​នាវា​ចម្បាំង​​​ និង​យន្តហោះ​​​របស់​អាមេរិក ។​ មន្ត្រី​មន្ទីរ​ប៉ង់តាហ្គោន​​និយាយ​ថា ​ការ​វាយ​ប្រហារ​​នោះ​​ធ្វើឡើង​ក្នុង​​​គោលបំណង​ទាមទារ​​ឱ្យ​យោធា​​​របស់​​​ប្រទេស​លីប៊ី​​​បើក​ផ្លូវ​​អាកាស ពិសេស​​ដើម្បីជួយ​ការពារ​​យន្តហោះ​​​បរទេស ​ដែល​ហោះ​ហើ​រ​ទៅកាន់​​​​ដែន​អាកាស​​របស់​ប្រទេស​​​លីប៊ី ។​

តាម​មន្ទីរ​ប៉ង់តាហ្គោន​​ថា ប្រទេស​ចំនួន​​៥ មាន​​ដូចជា​​សហរដ្ឋអាមេរិក​ បារាំង អង់គ្លេស ​កា​ណាដា​ និងប្រទេស​អ៊ីតាលី ​បានចូលរួមក្នុងការ​វាយប្រហារ​នេះ​ប្រឆាំង​លោក​កាដាហ្វី ​ហើយ​សម្ព័ន្ធ​​មិត្ត​ចម្រុះ​​នេះ​មាន​នាវា​​ចម្បាំង​​២៥គ្រឿង​​ដាក់​​ពង្រាយ​នៅ​​លើ​ផ្ទៃ​សមុទ្រ​​ម៉េឌីទែរ៉ាណេ ។​ ​កង​កម្លាំង​​សហរដ្ឋអាមេរិក​​ កង​កម្លាំង​​បារាំង និង​កង​កម្លាំង​​អង់គ្លេស​​បាន​បើក​​ការ​វាយប្រហារ​​​នោះក្រោយពី​​មានការ​ជឿជាក់​​ថា លោកកាដា​ហ្វី​​​នឹង​មិន​ប្រកាន់​​​ខ្ជាប់​ ហើយគោរព​​បទឈប់​បាញ់​​​​របស់​អង្គ​ការ​សហប្រជាជាតិ ។ ​ការ​វា​យ​ប្រហារ​​នោះ​ប្រឆាំង​​​ទីតាំង​​​ឈរជើង​​របស់​យោ​ធា​​លីប៊ី ដោយ​គ្រាប់​មីស៊ីល និង​យន្តហោះ​​​ចម្បាំង​ ​​ក្នុង​នោះ​រួម​មាន​​ការ​អនុវត្ត​​តំបន់​ហាមហោះហើរ ។​

មីស៊ីល Tomahaw ជាង​១០០គ្រាប់​ ត្រូវ​បាន​បាញ់​ពី​​នាវា​​ចម្បាំង​​​ និង​នាវា​មុជ​ទឹក​របស់​អាមេរិក​​​ និង​អង់គ្លេស​​​ប្រឆាំង​ទៅ​លើ​​ដែន​​​អាកាស និង​ប្រព័ន្ធ​​ការពារមីស៊ីល​​​​​របស់ប្រទេស​លីប៊ី ​នៅ​តំបន់​​​​ភាគខាង​លិច​​ប្រទេស​។​ ការ​វាយ​ប្រហារ​លើក​​ដំបូងនេះ​​យន្តហោះ​​ចម្បាំង​របស់​ប្រទេស​​បារាំង ត្រូវ​បញ្ជូន​ទៅដាក់​ពង្រាយ​​នៅ​តាម​​សមុទ្រ​​ក្បែរ​ប្រទេស​លីប៊ី ​ហើយហោះ​ហើរ​បាញ់​សំដៅ​​រថយន្ត​យោ​ធា​​ប្រឆាំង​នឹង​​​កង​ទ័ព​​របស់​លោកកាដាហ្វី ។​ នាយករដ្ឋ​មន្ត្រី​​អង់គ្លេស​​ លោក​​ដេវីដ ​កាម៉េ​រ៉ុន ​ថ្លែង​​កាលពី​​​ល្ងាច​ថ្ងៃទី​​១៩ មីនា ​ថា​ កង​ទ័ព​​អង់គ្លេស​​​កំពុងតែ​​ប្រតិបត្តិការ​​ប្រឆាំងមេ​ដឹកនាំ​​ផ្តាច់ការ​​​ប្រទេស​លី​ប៊ី ។ លោក​ដេវីដ កាម៉េរ៉ុន ថ្លែង​ថា «អ្វីដែល​​យើង​​កំពុងធ្វើ​​ជារឿង​​ចាំបាច់ ​ជារឿង​​ស្របច្បាប់​​ហើយជា​​សិទ្ធិ​របស់យើង​ក្នុង​ការ​​ការពារ​ប្រជា​ពលរដ្ឋ​​ដែល​ប្រកាន់​​ខ្ជាប់​ គោរព​លទ្ធិប្រជា​ធិបតេយ្យ​ ។ ​យើង​មិន​អាច​គាំទ្រ​​មេ​ដឹកនាំ​ផ្តាច់​​ការ​របស់​លីប៊ី​​ដែល​សម្លាប់​​ពលរដ្ឋ​​របស់ខ្លួន​​នោះទេ» ។​

លោក​មូអាម៉ា កាដាហ្វី ​ថ្លែង​តាម​ទូរទស្សន៍​រដ្ឋ​​កាលពី​ព្រឹកថ្ងៃទី​​​​២០ មីនា ​​នេះ​ថា ធម្មនុញ្ញ​​​អង្គ​ការ​សហប្រជាជាតិ​​ផ្តល់​​សិទ្ធិដល់ប្រទេស​​​លីប៊ី​ដើម្បី​​​ការពារខ្លួន​​នៅ​​ពេល​មានសង្គ្រាម ។ ​លោក​កា​ដា​ហ្វី ​ថ្លែង​ទៀ​ត​ថា «ពលរដ្ឋ​​នៃប្រទេស​កាន់​សាសនា​​អ៊ិស្លាម​​​ ពលរដ្ឋ​​​​អាហ្វ្រិក​​​ និងពលរដ្ឋ​​​​អាមេរិក​ឡា​ទីន ព្រមទាំង​​ពលរដ្ឋ​អាស៊ី​​ត្រូវ​​តែ​ឈរ​ខាង​​ពល​រដ្ឋ​លីប៊ី ដើម្បីប្រយុទ្ធ​ប្រឆាំ​ង​នឹង​​ការ​រំលោភ​បំពាន​​នេះ» ។​ ជាមួយគ្នានេះ ប្រធានាធិបតី​​សហរដ្ឋអាមេ​រិក លោក​បារ៉ាក់ អូបាម៉ា បាន​​អំពាវ​នាវ​ដល់​​លោក​កាដាហ្វី ​ឱ្យដក​​ថយចេញពី​​ទីក្រុង​ Zawiya នៅ​ភាគខាង​លិច​​រដ្ឋធានី​​ទ្រីប៉ូលី ។

អ្នក​នាំពាក្យ​​រដ្ឋាភិបាល​​លីប៊ី​និយាយ​ថា ការ​វាយ​ប្រហារ​​​​​ប្រឆាំង​​ទីតាំង​ជាច្រើន​​​នៅ​​ទីក្រុង​​​​ទ្រី​ប៉ូលី​​​បង្ក​​ឱ្យ​មាន​គ្រោះថ្នាក់​​ធ្ងន់ធ្ងរ​​​ដល់​ជនស៊ីវិល ។​ ​កាលពី​​ព្រឹកថ្ងៃទី​​១៩ ​មីនា​ កន្លង​មក ​លោក​កា​ដាហ្វី ​បាន​ចេញសារ​​ផ្គើន​​មួយដល់​ប្រទេស​មហាអំណាច​​​ពិភពលោក ដែល​​ក្នុងសារ​នោះ​​លោកកាដាហ្វី​​ថ្លែង​ថា «​ពលរដ្ឋ​​លីប៊ី​ភាគច្រើន​​បានត្រៀម​​ខ្លួនស្ម័គ្រស្លាប់​​​​​សម្រាប់​ខ្ញុំ​រួចហើយ»។ ​សារ​នោះ​លោកកាដាហ្វី​​​ផ្ញើ​ជូនលោកបារ៉ាក់ អូបា​ម៉ា ។ ទូរទស្សន៍​រដ្ឋ​​លីប៊ី​​​រាយការណ៍​​ថា ក្នុងការ​វាយប្រហារ​​របស់​ក្រុម​សម្ព័ន្ធ​​​មិត្ត​ចម្រុះ​​​នោះ​បណ្តាល​ឱ្យ​​​​ស្លាប់​​​មនុស្ស​​៤៨នាក់​៕​

ភាពភ័យខ្លាចវិទ្យុសកម្មធ្វើឱ្យប្រជាជនចិននាំគ្នា​ទិញអំបិលទុកក្នុងផ្ទះ

Posted: 19 Mar 2011 11:45 PM PDT

ប្រជាជនចិនផ្អើលទិញអំបិល
ប្រជាជនចិនផ្អើលទិញអំបិល
ប្រជាជនចិនផ្អើលទិញអំបិល

ផ្សារទំនើបនៅក្នុងទីក្រុងធំៗរបស់ប្រទេស​ចិន គ្មានតាំងអំបិលលក់ទេ បន្ទាប់ពីអ្នកដើរផ្សារ​នាំគ្នារត់តម្រង់ទៅទិញអំបិលទាំងអស់គ្នា ក្រោយ​​ពី​​មានពាក្យចចាមអារ៉ាមរីក​សាយថា អំបិល​អាច​​ការពារប្រឆាំងសារធាតុ​វិទ្យុសកម្ម​បាន។
សារធាតុនុយក្លេអ៊ែរដែលមានក្នុងទីក្រុងនៃ​ប្រទេសជប៉ុន​បង្កឲ្យមានភាពភ័យខ្លាច​នោះ​ បាន​ធ្វើឲ្យតម្លៃអំបិលក្នុងទីក្រុងនៃប្រទេសចិន​មួយ​ចំនួន ឡើងថ្លៃកប់ពពក បន្ទាប់ពីអ្នក​ដើរ​ផ្សារ​សួរ​រកទិញអំបិលមួយកញ្ចប់គ្រប់គ្នា ដើម្បី​ស្វែង​រក​សារធាតុIodine ដែលត្រូវគេជឿថា​អាច​ប្រឆាំង​សារធាតុវិទ្យុសកម្ម។ អំបិល​ក្នុង​ប្រទេស​ចិន​មាន​ផ្ទុកកម្រិតសារធាតុ Iodide តិច​ដោយសារ​ជា​គោល​នយោបាយ​របស់រដ្ឋ ។
កត្តាមួយទៀតដែលបង្កើតឲ្យមានពាក្យ​ចចាម​អារ៉ាម​នោះ គឺដោយសារថា សារ​ធាតុវិទ្យុ​សកម្ម​នុយក្លេអ៊ែរ​បានលេចធ្លាយ​ចូល​ទៅ​ក្នុង​ទឹក​​សមុទ្រ ហេតុនេះដើម្បី​សុវត្ថិ​ភាព​​គេ​​ត្រូវ​រក​អំបិល​ដែល​​ផលិត​ពីទឹកសមុទ្រ​​មុន​ពេល​​កើត​ហេតុ​ការណ៍​ផ្ទុះ​​ឆេះ​ចង្ក្រាន​រ៉េ​អាក់​ទ័រ​នៅ​ជប៉ុន​ ដូច្នេះ​ហើយ​ទើប​ម្នាក់ៗ​ត្រូវខំ​រក​ទិញ​នា​ពេល​នេះ។ មានប្រជាជនខ្លះ បានទិញអំបិល​ពីប្រជា​ជន​​ដូចគ្នាតាមផ្ទះដែល​រក្សាទុកជា​ច្រើន​ឆ្នាំមក​ហើយ។  ជាលទ្ធផល តម្លៃអំបិល​បានកើនឡើង​ពី​តម្លៃ១,៥យ៉ាន់ ក្នុងមួយកញ្ចប់​ដល់ទៅ២០​យ៉ាន់ ក្នុងមួយកញ្ចប់​នៅ​ក្នុងទីក្រុងមួយ​ចំនួន។ អ្នក​ជំនាញ​សុខភាពបាននិយាយថា វាគ្មាន​អ្វី​ដែល​​ត្រូវ​​ភ័យខ្លាចនោះទេ។ នេះបើតាមសម្តី​របស់​លោក​​វេជ្ជបណ្ឌិត ហ្វីលីប ប្រូក ដែលមក​ពី​មន្ទីរ​ពេទ្យ Beijing United Family។  គាត់​បន្ត​ថា ​ ពេលនេះក្នុងប្រទេសចិន គ្មានហេតុផល​អ្វី​មួយ​​ដែល​ត្រូវឲ្យមានការភ័យខ្លាចទេ។ បើទោះ​ជា​​ពេល​ថ្មី​ៗ​នេះ​មានឧបទ្ទវ​ហេតុ​ផ្ទុះ​ឆេះ​​រោង​ចក្រ​នុយ​ក្លេអ៊ែរ​ក្នុងប្រទេសជប៉ុនក្តី។ រឿងដំបូង​ដែល​អ្នកត្រូវធ្វើ គឺ​នៅឲ្យស្ងៀម ហើយត្រូវដឹងថា គ្មាន​សញ្ញាការ​រង​សំពាធឬ និងអាចរងសំពាធ​ដល់​តំបន់ក្បែរ​ខាងក្នុងពេល​ឆាប់ៗនេះឡើយ។

លោក Song Zhangjing អ្នកនាំពាក្យ​របស់សមាគម​អំបិលចិននៃអង្គការឧស្សាហ​កម្ម​បាន​ខិតខំ​កាត់​បន្ថយ​ការ​​ភ័យខ្លាចដែលអាច​នឹង កើតមានឡើង​ដោយសារការសាយ​ភាយ​សារ​ធាតុវិទ្យុសកម្ម។
ក្នុងប្រទេសចិន អំបិលទាំងអស់​យក​ចេញពី​អណ្តូង​​រ៉ែអំបិល។ មានតែអំបិល​ម៉ដ្ឋ​ទេ​ដែល​លាយ​ជាមួយអំបិល​ចម្រាញ់​ចេញ​ពី​ទឹក​សមុទ្រ។
នេះជាពាក្យចចាមអារ៉ាមចុងក្រោយបំផុត​ក្នុងចំណោមពាក្យចចាមអារ៉ាមដែលកើតមាន​ឡើងក្នុងតំបន់អាស៊ីទាំងមូល បន្ទាប់ពីមាន​គ្រោះ​ថ្នាក់រញ្ជួយដីលើរោងចក្រថាមពលនុយក្លេអ៊ែរ​ក្នុងប្រទេសជប៉ុន។ ដូចជានៅក្នុង​ប្រទេស​ហ្វុីលី​ពីន​​មាន​សារ​​បំភ័យ​​ស្តី​ពី​ការរីកសាយភាយសារ ធាតុ​នុយក្លេអ៊ែរ ដែលបង្កឲ្យមានការភ័យខ្លាច និង​ចលា​ចល​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ ៕

មិនទាន់មាន​ពន្លឺ​​យ៉ាង​ណាទេ សម្រាប់​ការ​​សុំ​លើក​លែងទោស​​របស់​​វីរ៉ា ស៊ុមខ្វាម​ឃីត និង​ស្ត្រី​រ៉ាទ្រី

Posted: 19 Mar 2011 11:40 PM PDT

រាជធានីភ្នំពេញ ៖ សំណើ​សុំ​ព្រះមហា​ក្សត្រ​​កម្ពុជាលើក​លែង​ទោស​​ដល់​អ្នកទោស​​ជន​ជាតិ​ថៃ​​​២នាក់ ​ដែល​បាន​និង​កំពុង​​ជាប់ពន្ធនា​គារ​ព្រៃ​សនោះ ​នៅមិនទាន់​ទៅដល់​ខុទ្ទកាល័យ​​​ក្រសួង​​​យុត្តិធម៌​​នៅឡើយ​ទេ ។ ​នេះបើ​​យោង​តាម​​​​​លោក​សំ ប្រជាមានិត ​​នាយក​ខុទ្ទកាល័យ​​​រដ្ឋ​មន្ត្រី​​ក្រសួង​យុត្តិធម៌​​​ ដែលថ្លែង​​តាមទូរស័ព្ទ​​ប្រាប់​កោះសន្តិភាព​​​​កាលពី​​ព្រឹកថ្ងៃ​សៅរ៍ ទី​​១៩ មីនា  ។​

អ្នកទោស​ជនជាតិថៃ​ឈ្មោះ​​វីរ៉ា ស៊ុមខ្វាម​ឃីត ​និង​ស្ត្រី​ជំនួយការ​របស់​លោកម្នាក់ទៀត​​​គឺ លោកស្រី​​រ៉ាទ្រី ​​ត្រូវបាន​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​ផ្តន្ទាទោស​​​កាលពីថ្ងៃទី​​​១ កុម្ភៈ ​ពីបទ​ឆ្លង​​ដែន​ខុសច្បាប់​​ចូលក្នុងទីលានយោធា​ក្នុង​បំណង​​​ទុច្ចរិត​​​ និង​ពីបទ​​ចារ​កម្ម ។ អ្នកទោសទាំង​​២​នេះ​​​បានសម្រេច​​មិនធ្វើ​​​បណ្តឹង​​ឧទ្ធរណ៍​​ជំទាស់​​សាល​ក្រម​​​នេះ​ទេ ហើយ​បានសរសេរ​​លិខិត​ស្នើសុំ​ព្រះ​​រាជ​ទាន​លើក​​​លែង​ទោស​ពីព្រះ​​ករុណា ព្រះបាទ ​សម្តេច​​ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី ​តាម​រយៈ​​​រដ្ឋាភិបាល​​កម្ពុជា ។ បើ​តាម​លោក​សំ​ ប្រជា​​មានិត នៅ​ពេលសំណើ​សុំ​​លើកលែង​ទោស​បាន​មក​ដល់​​ក្រសួង​យុត្តិធម៌ ​គឺរដ្ឋ​មន្ត្រី​​​ក្រសួង​យុត្តិ​ធម៌​​គ្រាន់តែ​​​​ពិនិត្យ​​លើទិដ្ឋ​​ភាពច្បាប់ ​ហើយ​រាយ​ការណ៍​​​ជូនសម្តេចតេជោ​ហ៊ុន សែន ​តែប៉ុណ្ណោះ។ ​

គួរបញ្ជាក់​ថា​​ សំណើ​នោះ​​បាន​​ទៅដល់​ក្រសួង​ការបរទេស​​​កាលពីល្ងា​ចថ្ងៃទី​​​​១៦ មីនា ​ដោយ​មាន​អម​​​ជាមួយនូវកំណត់​ទូត​របស់ស្ថាន​ទូត​​ថៃផង ។ យោង​​តាមអ្នក​នាំពាក្យក្រសួង​ការ​បរទេស​​ លោក​កុយ គួង ​​ឱ្យ​​​ដឹង​ថា អ្នក​ទោស​​​​ទាំង​​​​២នាក់​​​​មានសិទ្ធិ​ក្នុង​​ការស្នើសុំ​​ព្រះរាជ​ទាន​​​​ទោស​ពី​​ព្រះមហាក្សត្រ​​ ប៉ុន្តែ​កម្ពុជា​​នឹង​ពិចារណា​​ករណី​នេះ​​ស្រប​តាម​ច្បាបស់​​របស់​កម្ពុជា​ដែរ ​​។ ទោះ​​ជា​យ៉ាង​ណា​​​សំណើរបស់​​​អ្នកទោស​​ថៃទាំង​​​​​២​នាក់​នេះ មិនទាន់​​មានពន្លឺ​​នៅ​​ឡើយទេ ក្នុង​ពេល​ដែល​​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រីហ៊ុន សែន ​​ធ្លាប់​​បាន​មានប្រសាសន៍​ថា ​អ្នកទោស​​​ជនជាតិ​ថៃ​​​ទាំង​២នាក់ ​ត្រូវអនុវត្ត​​​​ទោស​ឱ្យបាន​​​​២ភាគ​​៣​សិន ​មុននឹង​​មានការ​ពិចារណា​​អំពីការ​លើកលែង​ទោស​​នោះ ៕

ក្រុមហ៊ុន Nukepills.com បញ្ជូនថ្នាំប៉ូតាស្យូម អ៊ីអូឌីត​ (Potassium iodide)​ ទៅជប៉ុន

Posted: 19 Mar 2011 11:36 PM PDT

ថ្នាំប៉ូតាស្យូម អ៊ីអូឌីត​ (Potassium iodide)​

ប្រភេទថ្នាំដែលជួយការពារជំងឺ​មហារីក​​បង្កពីសារធាតុវិទ្យុសកម្មត្រូវបានក្រុមហ៊ុន​Nukepills.comបញ្ជូនទៅកាន់មន្ទី​រ​ពេទ្យទីក្រុង​កូត្យូ។ ចំនួនថ្នាំ Potassium iodide សរុបមាន​ប្រហែល​៥០.០០០គ្រាប់​ និងត្រូវចែកចាយ​តាម​រយៈក្រុមគ្រូពេទ្យសង្គ្រោះ Tokushukai។
គ្រាប់ថ្នាំទាំងអស់ នឹងបាន​ដល់ដៃ​​មនុស្ស​ដែល​ទទួលរងផលប៉ះពាល់នៃវិបត្តិ​នុយក្លេអ៊ែរ។ នេះបើ​តាម​សម្តីរបស់លោក Troy Jones ប្រធាន​​ក្រុម ហ៊ុន Nukepills.com។ ការ​ខិតខំ​ប្រឹងប្រែង របស់​លោកវេជ្ជបណ្ឌិត Han ក្រុម​គ្រូ​ពេទ្យ​សង្គ្រោះ Tokushukai ដែល​ពោរពេញ​ដោយ​សមត្ថភាព​ បាន​​រួមគ្នា​ធ្វើការ​ដើម្បី​ធានា​ដល់​សុខភាព និងជីវិត​​មនុស្សដែល​ត្រូវ​ការ​ថ្នាំ​នោះ។

ជំងឺ​មហារីកក្រពេញទីរ៉ូអ៊ីត គឺជាជំងឺ​ដ៏គ្រោះ​ថ្នាក់ពេលមនុស្សទទួលរងសារធាតុវិទ្យុសកម្មក្នុងកម្រិត​ខ្ពស់ ដូចជាពេលមានឧបទ្ទវហេតុរ៉េអាក់​ទ័រ​នុយក្លេអ៊ែរ។ FDA បានរកឃើញថ្នាំប៉ូតា​ស្យូម iodide ក្នុងឆ្នាំ១៩៨២ ហើយ​យើង​អាច​ទទួលទានវា​បាន​ដោយ​គ្មានវេជ្ជបញ្ជា។
ថ្នាំនោះនឹងជួយទប់ស្កាត់ក្រពេញទីរ៉ូអ៊ីតកុំឲ្យ​មានបញ្ហាដែលបង្កឡើងដោយ Radioiodine។ គ្រាប់ថ្នាំនេះគ្រាន់តែការពារក្រពេញទីរ៉ូអ៊ីត តែ​មិនអាចការពារបញ្ហាផ្សេងៗដែលបង្កឡើង​ដោយ​សារធាតុពុលនៃវិទ្យុសកម្ម​បាន​ទេ។ WHO មិន​យល់ស្របឲ្យមនុស្សធំអាយុលើសពី​៤០​ឆ្នាំទទួលទាន​ថ្នាំនេះឡើយ។

ការទទួលទានថ្នាំគ្រប់ដុសដែលធានាសុវត្ថិ​ភាពពេលអ្នកទទួលទាន​ថ្នាំនេះ គឺ​ក្មេង​ទើប​នឹង​កើតរហូតអាយុ១ឆ្នាំ ទទួលទាន​កន្លះ​គ្រាប់​សម្រាប់ថ្នាំទម្ងន់៦៥មិល្លីក្រាម ចំណែក​មនុស្ស​ចាប់ពីអាយុ១ឆ្នាំឡើងដល់​​ពេញវ័យ​ទទួល​ទាន​១​គ្រាប់រាល់ថ្ងៃ សម្រាប់ថ្នាំទម្ងន់​១៣០​​មិល្លីក្រាម។ ការ​ទទួលទាន​ក្នុងកម្រិត​តិច​តែអាចការពារ​សារ​ធាតុវិទ្យុសកម្មiodideបាន។ មនុស្ស​ចាប់​ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​ ទទួល​ទាន​មួយ​គ្រាប់រាល់ថ្ងៃ​សម្រាប់​ថ្នាំ​ទម្ងន់​១៣០​មិល្លី​ក្រាម ។ មនុស្សអាយុ​ចាប់​ពី៣ឆ្នាំ​ដល់​១៨​ឆ្នាំ ទទួលទាន​កន្លះ​គ្រាប់​រាល់​ថ្ងៃ​សម្រាប់​ថ្នាំ​ទម្ងន់​៦៥មិល្លីក្រាម ចំណែកក្មេង​អាយុ​​១​ខែដល់​៣ឆ្នាំទទួល​ថ្នាំ១ភាគ៤រាល់ថ្ងៃ សម្រាប់​ថ្នាំ​ទម្ងន់​៣២​មិល្លីក្រាម។ ដោយ​ឡែក​ក្មេង​ដែល​ទើប​នឹង​កើតរហូត​​ដល់​អាយុ​៣ខែ ត្រូវ​ទទួល​ទាន​១ភាគ​៨​​សម្រាប់គ្រាប់ថ្នាំ​ទម្ងន់១៦​មិល្លី​ក្រាម ៕

លោកនាយ​រងប៉ុស្តិ៍​​​អន្តោប្រវេសន៍​​ច្រក​ទ្វារ​​អន្តរជាតិ​បើក​រថយន្ត​​ទំនើង​​រេ​ពេញ​ផ្លូវ​​​​​ផ្អើល​​អ្នកក្រុង​​ប៉ោយប៉ែត

Posted: 19 Mar 2011 11:30 PM PDT

​ខេត្ត​បន្ទាយ​មានជ័យ​ ៖ ​ពី​ក្រុង​ប៉ោយ​ប៉ែត​​​​ខេត្ត​បន្ទាយមានជ័យ មានសេចក្តីរាយការណ៍​​​មក​ថា ​នាយរងប៉ុស្តិ៍​អន្តោប្រវេសន៍​​ប្រចាំ​​ច្រក​ទ្វារ​អន្តរជាតិ​​​ប៉ោយប៉ែត ​លោក​វរ​សេនីយ៍​​ត្រី​ជុំ សារ៉េត ​​ហៅហេង ​ស្រវឹង​ស្រា​បាន​​បើក​រថយន្ត​​រេជ្រែពេញផ្លូវ​​ និងបាន​​ជ្រុលចង្កូត​​​ទៅប៉ះ​​ម៉ូតូ​​១​គ្រឿង​​​ បង្ក​ឱ្យ​​មានការភ្ញាក់​ផ្អើល​​​ដល់​ប្រជាពល​រដ្ឋ​​ និង​ភ្ញៀវ​ទេសចរ​កាលពី​​វេលាម៉ោង​​​​៥​ល្ងាច​ថ្ងៃសៅរ៍ ទី​​១៩ មីនា ​ម្សិល​មិញ​នេះ ។

បើ​តាម​​អ្នក​​យក​ព័ត៌​មានកោះសន្តិភាព​​​ប្រចាំ​ក្រុង​ប៉ោយប៉ែត​​​បាន​បញ្ជាក់​​​ឱ្យ​​ដឹង​ថា ​​រថ​យន្ត​ដែល​​​នាយ​​រង​ប៉ុស្តិ៍​​អន្តោប្រវេសន៍​​ស្រវឹងស្រាបើក​រេ​​ពេញផ្លូវ​​បង្ក​ឱ្យ​មាន​​​ការ​ភ្ញាក់​ផ្អើល​នោះ​​ម៉ាក​មែរ​សឺ​ដេស ​ពណ៌កណ្តុរ​ល្មែះ ​ចង្កូត​ឆ្វេង ពាក់ស្លាក​លេខ ​ភ្នំពេញ​ 2H-4929 ហើយ​ម៉ូតូដែល​លោកជុំ ​សារ៉េត ​​ជ្រុលចង្កូត​​​ទៅប៉ះ​​​បណ្តាល​​​ឱ្យមាន​​ការ​ខូចខាត បន្តិច​បន្តួច​​នោះ​ម៉ាក C125 ស៊េរី​​២០០៩ ​ពាក់​ស្លាកលេខ ពោធិ៍សាត់ 1B-5544 ​ជា​កម្មសិទ្ធិ​​របស់​​ឈ្មោះ​​​យាយម៉ាប់ ​ជាអាជីវករ​​ជ្រែ​ទំនិញ​​​ចេញ­-ចូល​នៅច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ។

សេចក្តី​​​រាយការណ៍​​​បានបន្ត​ថា បន្ទាប់ពី​​បើក​​រថយន្ត​​រេ​ពេញផ្លូវ ​​និងប៉ះពារ​ប្រជា​ពល​រដ្ឋ​​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​​រួចមក ​លោក​នាយ​​​រងប៉ុស្តិ៍​​អន្តោប្រវេសន៍​​​ប្រចាំ​​​ច្រកទ្វារ​​អន្តរជាតិ​​ប៉ោយ​ប៉ែត​​ឈ្មោះជុំ ​សារ៉េត ​នេះ​ បាន​បើក​​រថយន្ត​​​ចូល​ក្នុង​​កាស៊ីណូ​​​ហូលី​ដេ ​ផាឡេស ​​បន្ត​​ផឹកស៊ី​​ ធ្វើ​ហាក់​​​ដូចជា​គ្មាន​រឿង​អ្វី​កើត​ឡើង ។ ​គេនៅ​មិន​​ទាន់​​​បានដឹង​នៅ​​ឡើយទេ ​ថា តើ​​ខាង​មន្ត្រី​​ថ្នាក់​លើ ​​នឹង​មាន​​វិធានការ​​​តាមច្បាប់​​យ៉ាង​ណា​ ដើម្បី​​ចាត់ការ​​លោកជុំ សារ៉េត​ ​មន្ត្រីនគរ​បាល​​ទំនើង​​ម្នាក់​នេះ ៕​

ខ្មាន់កាំភ្លើង​​​បាញ់សម្លាប់​​​ឪពុក​ ម្តាយ និង​កូនក្រមុំ ​​សមត្ថកិច្ច​​សង្ស័យ​​គំនុំ និង​ពាល​ស៊ីពាល

Posted: 19 Mar 2011 11:27 PM PDT

ខេត្តបាត់ដំបង​ ៖ ​ការបាញ់​សម្លាប់​​​សមា​ជិក​គ្រួសារ​​ចំនួន​​​៣នាក់ ​នៅតំបន់​ឆ្ងាយ​​ដាច់​ស្រយាល​​មួយ​កន្លែង​ក្នុងភូមិ​​​ត្រាវ​ជូរ ​ឃុំ​​សិរី​​មាន​ជ័យ ​ស្រុក​សំពៅលូន ​កាលពីវេលារំលង​អធ្រាត្រ​​ឈាន​ចូលថ្ងៃទី​​​​​១៩ មីនា ​២០១១ សមត្ថកិច្ច​​​បាន​ដាក់​​ការ​សង្ស័យ​ថា វាកើត​ចេញពីរឿងគំនុំ ​និង​អាច​ជា​ក្រុម​​​​ពាល​ស៊ីពាល​​សុទ្ធសាធ ។​
លោកជេត ​វណ្ណ​នី ស្នងការ​​​រង និង​ជា​ប្រធាន​​ការិយាល័យ​​​កណ្តាល​​នគរបាល​​យុត្តិធម៌​​បានថ្លែង​ថា ​ខ្មាន់កាំភ្លើង​​​​មួយក្រុម​​​ប្រើប្រាស់​កាំភ្លើង AK បានបាញ់​​សម្លាប់​សមាជិក​គ្រួសារ​ចំនួន​​៣នាក់ ទាំង​​​កំរោល​ ក្នុងនោះ​​រួម​មាន ១-​ឈ្មោះ​​គង់ គី អាយុ​​​៥០​ឆ្នាំ ​​ជា​ឪពុក ​២-​ឈ្មោះ​​ពុំ ច្រិន អាយុ​​៤៩​ឆ្នាំ ជា​ម្តាយ ​​និង​​​៣-ឈ្មោះ​​​គង់ ចាន​់នី ​អាយុ​​១៧​ឆ្នាំ ជា​កូនស្រី ។ លោកស្នងការ​​រង​បាន​បញ្ជាក់​ថា ​​ក្រោយពេល​​បាញ់ប្រហារ​​​​​គ្មាន​ទ្រព្យស​ម្បត្តិ​​​ប​ន្តិ​ចណា​​​​ដែល​​ត្រូវបាត់​​បង់​ទេ ប៉ុន្តែ​​ម៉ូតូមួយគ្រឿង​​របស់​ជន​​រងគ្រោះ​ត្រូវ​ខ្មាន់កាំ​ភ្លើង​​​​បាញ់កម្ទេចម៉ាស៊ីនចោល​ ហើយ​ប្រាក់​ចំនួន​​​៦.០០០​ដុល្លារ ​របស់ជនរងគ្រោះ ត្រូវ​សាច់​ញាតិ​​​​​រកឃើញ​នៅលើ​ផ្ទះដែល​​មិន​មានបាត់​​​បង់​មួយ​​​សេនឡើយ ។​
លោកជេត ​វណ្ណនី បានថ្លែង​​​​បញ្ជាក់ថ​ា យោង​​តាម​​ការ​ស្រាវជ្រាវ​​​យើង​រកឃើញ​ថា ​ឈ្មោះ​គង់ ​គី នេះជា​មុខសញ្ញា​​​ប្លន់​ប្រដាប់​អាវុធ​ដែល​សមត្ថកិច្ច​តាម​ប្រមាញ់​​យូរហើយ​។ ​ជននេះ​​ និងគ្រួសារ​​​​​មានស្រុក​​កំណើត​នៅ​​​ឃុំ​អូរ​​​តាប៉ោង ស្រុកបាកាន ​​ខេត្ត​ពោធិ៍សាត់ ​​។ ជន​នេះ​មាន​ដីកា​​ចាប់ខ្លួន​​របស់​តុលាការ​​ខេត្តពោធិ៍សាត់លេខ​០៧ ​ចុះថ្ងៃទី​៣០ មករា ​២០​០៨ ​ពីបទ​​​ប៉ុនប៉ង​​មនុស្សឃាត ​ដែល​ប្រព្រឹត្ត​​នៅភូមិ​​​ស្រះ​ម្កាក់ ​ឃុំអូរតាប៉ោង ​​ស្រុក​បា​កាន ​ខេត្តពោធ៍សាត់ ​ចេញ​​​ដោយ​លោក​​គង់ សុខុម ​​ចៅ​ក្រ​ម​ស៊ើប​សួរ​​តុលាការ​​​ខេត្តពោធិ៍​សាត់ ។​
លោកជេត វណ្ណនី ​បានសន្និដ្ឋាន​ថា ករណី​ឃាត​​កម្មនេះ​កើតចេញ​ពីរឿងគំនុំ ​និងអាចសន្និ​ដ្ឋាន​​​ទៀត​ថា ជារឿង​​ពាលស៊ីពាល​​សុទ្ធសាធ ។ ​កន្លងមក ​​យើង​​បានប្រឹង​ប្រែង​​​យ៉ាង​ខ្លាំង​​​ក្នុងការ​តាម​ប្រមាញ់​​ជន​នេះ ៕

នគរបាល​​រាជធានីភ្នំពេញបំបែក​សំណុំ​រឿង​​ចោរ​ប្លន់​ប្រាក់​ក្រុមហ៊ុន​​ប្រេង​សាវីម៉ិច​៦​ម៉ឺន​ដុល្លារ

Posted: 19 Mar 2011 09:15 PM PDT

​រថយន្ត​​ម៉ាក​វីហ្គោរបស់បុរស​​ម្នាក់ជា​បុគ្គលិក​ក្រុម​ហ៊ុនប្រេង​​​​សាវី​ម៉ិច

រាជធានីភ្នំពេញ ៖ ​កម្លាំង​នគរបាល​​ការិ​យា​ល័យ​​ព្រហ្មទណ្ឌកម្រិត​ស្រាល​​នៃ​ស្នងការ​​​ដ្ឋាន​នគរ​​បាល​​រាជធានីភ្នំពេញ​​បានខិតខំស្រាវជ្រាវ​​ទាំង​​ថ្ងៃ​​ទាំង​យប់ ​ក្រោយ​ពី​មាន​​សកម្ម​ភាព​ប​ទល្មើស​​​ប្លន់​គ្រឿង​​អលង្ការប្រាក់​តាម​ផ្ទះហាង​កាត់សក់​​យាន​ដ្ឋាន​​ជួសជុល​រថយន្ត​​ និង​តាម​រថយន្ត​​ដោយ​ប្រើ​​​រូប​ភាព​​​ប្លែកៗ ដើម្បី​បំភ័ន្ត​​​ភ្នែក​សមត្ថកិច្ច​​​ ពាក្យ​​ចាស់​បានពោល​ថា «កុក​ភ្លេច​ជុង ប៉ុន្តែ​ជុង​មិន​ភ្លេច​កុកនោះទេ» ជាក់ស្តែង​​​កាលពី​​យប់ថ្ងៃទី​​១៨ មីនា ​២០១១ ​ជនសង្ស័យ​​​ជា​មេ​ខ្លោង​​​ក្នុងអំពើ​​​​ប្លន់ប្រដាប់អាវុធ​​​ម្នាក់ និង​បក្សពួក​២​នាក​់ទៀត​​ត្រូវបាន​ក្របួច​​ជាប់​នៅលើ​​​កំណាត់​ផ្លូវ​​​លេខ​​៨១ ស្ថិត​ក្នុង​​សង្កាត់ផ្សារ​​ថ្មីទី​២ ​ខណ្ឌ​ដូនពេញ ខណ​ៈ​ពេល​ជន​នោះ​​កំពុងតែ​ជិះ​រថយន្ត​​ហ្ស៊ីប ហើយ​ដក​ហូត​បាន​អាវុធ​ខ្លី​​​ចំនួន​៣​ដើមទៀត​ផង ។​

ក្រោយពី​​សមត្ថកិច្ច​​តាមប្រមាញ់​មេ​ខ្លោង​​​ប្លន់​​ប្រដាប់អាវុធ​​​​ និង​ដក​ហូត​​អាវុធ​ដល់ទៅ​​​៣ដើម​រួចមក នៅ​យប់ថ្ងៃ​ដដែល​ បក្សពួក​​ចោរ​ប្លន់​​​ម្នាក់ទៀត​​​ត្រូវ​បាន​ក្របួច​​ជាប់​លើ​​កំណាត់​ផ្លូវ​​មួយក្នុង​សង្កាត់​ស្ទឹង​មានជ័យ ​​ខណ្ឌ​មានជ័យ ​។ ​ជន​សង្ស័យ​​ជាមេ​ខ្លោង​​​​ឈ្មោះ​ណិល និង​​​​​ម្នាក់​ទៀត​​ឈ្មោះ​​ពេជ្រ ​ពួកគេ​​មានអាយុជាង​​​២០​ឆ្នាំ ។ ឈ្មោះ​​ពេជ្រ នេះ​​បាន​ធ្វើ​​សកម្ម​​​ប្លន់​​​គ្រឿង​អលង្ការ​​​របស់​លោកជួង​ ជី ហៅ​កុយ ​​ទទួល​បាន​ផល​ចំណែក​​៣.៥០០​ដុល្លារ ​​ចំណែក​​ជនសង្ស័យ​​ឈ្មោះណិល ជា​មេ​ខ្លោង​​ក្នុង​ការធ្វើ​​សកម្ម​ភាព​ប្លន់​​ប្រាក់​ចំនួន​​៦ម៉ឺន​ដុល្លារ កាលពី​​ថ្ងៃទី​៧ កុម្ភៈ ​​២០១១ ​វេលាម៉ោង​​៩​និង​​១០នាទី​​​ព្រឹក​នៅ​លើ​​កំណាត់​វិថី​ព្រះស៊ីសុវត្ថិ ​​សង្កាត់ស្រះចក ​ខណ្ឌ​ដូន​ពេញ ខណៈ​​​បុរស​​ម្នាក់ជា​បុគ្គលិក​ក្រុម​ហ៊ុនប្រេង​​​​សាវី​ម៉ិច ​បើក​រថយន្ត​​ម៉ាក​វីហ្គោ ​ពណ៌ទឹកប្រាក់ ពាក់​ស្លាកលេខ ​ភ្នំពេញ 2K-1688 មក​ដល់​​មុខក្រុម​​ប្រឹក្សា​​​អភិវឌ្ឍន៍​​កម្ពុជា (CDC) ​ក៏​មាន​ជន​ប្រដាប់​​​អាវុធ​​​២នាក់ជិះ​ម៉ូតូម៉ាក​ C125 ពណ៌​ខ្មៅ ​​ស៊េរី​​២០១០ ​​គ្មាន​ពាក់​ម៉ាស់ បាន​បើក​ម៉ូតូ​​​កៀរ​​​​រថយន្ត​​ឱ្យឈប់​​​ និង​ដក​កាំភ្លើង​​​​ភ្ជង់​គំរាម​​មិន​ឱ្យ​​ស្រែក​​ រួច​បាញ់​មួយគ្រាប់ ​ព្រមទាំង​​​​វាយ​បំបែក​​​កញ្ចក់​​ទ្វារ​រថ​យន្ត​​​ខាង​ឆ្វេង​​​យកស្បោង​លុយជិះ​ម៉ូតូ​​​គេ​ច​បាត់​​ដោយមិន​​​រំខាន​ដល់​​នគរ​បាល​ប៉ុស្តិ៍​​នោះទេ ។

ជនសង្ស័យ​​រូប​នេះក៏​ជា​​​​​អ្នកធ្វើ​​​​សកម្ម​ភាព​​ប្លន់​គ្រឿង​​អលង្ការ​​ពីនាយ​​ទាហានម្នាក់​​ដែល​កំពុង​​អង្គុយ​កាត់​​សក់​នៅ​ក្នុង​​ហាង​មួយ​ទល់​មុខ​​កំពង់​ផែថ្ម ​វិថី​ព្រះ​​ស៊ីសុវត្ថិ ​សង្កាត់ស្រះចក ​ខណ្ឌ​ដូន​ពេញ ​​ក្នុងអំឡុង​ខែ​តុលា ​២០១០ និង​បាញ់​​​គំរាម​​មួយគ្រាប់​​​មុន​នឹង​ចាក​ចេញទៅ​ ។

សូមបញ្ជាក់​ថា ​ក្រោយ​ពេលប៉ូលិស​​សួរនាំ ​ឈ្មោះណិល ​បានសារ​ភាព​ចង្អុល​បង្ហាញ​​​មុខ​មាត់​​​គ្នា​របស់​​​​គេ​​​ម្នាក់ទៀត ​គឺជា​កូន​​ប្រុស​នាយក​រង​​ក្រុមហ៊ុន​​ប្រេង​សាវីម៉ិចតែម្តង ​​ហើយ​ប៉ូលិស​​​​បាន​ទៅ​​ចាប់​ខ្លួនដល់​​ក្រុមហ៊ុន​​កាលពីព្រឹកថ្ងៃទី​​​១៩ មីនា ២០១១ ។ កូនប្រុស​នាយក​​រង​ក្រុម​ហ៊ុន​​ប្រេង​សាវីម៉ិច​​នេះមិន​​​ទាន់ត្រូវ​បាន​សមត្ថ​កិច្ច​​ប្រាប់ឈ្មោះ​ទេ ​ដោយទុក​ស្រាវជ្រាវ​​​ចាប់​បក្ស​ពួក​​បន្ត​..​. ប៉ុន្តែគេ​​ថា ជននេះ​​ជា​រនុក​​ក្នុង​ជា​អ្នក​​​​ឱ្យ​ដំណឹង​​ទៅក្រុម​​​ចោរ​​ប្លន់​​ប្រដាប់អាវុធ ៕​

បញ្ជូន​ម្ចាស់​ផ្ទះសំណាក់​​​រស្មី​ផ្កា​ឈូក​​​២​ទៅ​តុលាការ​​ និង​​អ្នកប្រើប្រាស់​​គ្រឿង​ញៀន​​​១១​នាក់

Posted: 19 Mar 2011 08:55 PM PDT

​ផ្ទះ​សំណាក់​​រស្មីផ្កា​ឈូក​​២ ​​ដែល​​មានទីតាំង​​លេខ​​៧៦ ​ផ្លូវ​លេខ​​១៧២ ភូមិ​​១១ ​​សង្កាត់ផ្សា​រថ្មីទី​​​៣ ខណ្ឌ​​ដូនពេញ
ក្រុម​​អ្នក​ប្រើប្រាស់​​គ្រឿង​ញៀន

រាជធានីភ្នំពេញ ៖ ​លោក​សុខ សម្បត្តិ ​អភិ​បាល​​ខណ្ឌ​ដូនពេញ បានបញ្ជាក់​ថា ម្ចាស់​ផ្ទះ​សំណាក់​​រស្មីផ្កា​ឈូក​​២ ​​ដែល​​មានទីតាំង​​លេខ​​៧៦ ​ផ្លូវ​លេខ​​១៧២ ភូមិ​​១១ ​​សង្កាត់ផ្សា​រថ្មីទី​​​៣ ខណ្ឌ​​ដូនពេញ ​ឈ្មោះព្រំ ​សុធា ភេទ​ប្រុស អាយុ​​៣៦​ឆ្នាំ ​ជនជាតិខ្មែរ រួមទាំង​​អ្នក​ប្រើប្រាស់​​គ្រឿង​ញៀន​​​ចំនួន​១១នាក់ ​​ត្រូវ​​​បញ្ជូនទៅ​តុលា​ការ​​ ដើម្បី​​ផ្តន្ទាទោស​​ ហើយ​ផ្ទះ​សំណាក់​​​​នឹង​បិទ​​​អាជីវ​កម្ម​បណ្តោះអាសន្ន ព្រោះមិន​​គោរព​​តាម​ការ​ណែ​នាំ​របស់សាលា​រាជធានីភ្នំពេញ ​ក៏​ដូច​ជា​ផែនការ​​អនុ​វត្តភូមិ​-​សង្កាត់​​មានសុវត្ថិភាព ដែល​​សាលា​ខណ្ឌ​​​ដូនពេញ​​បានធ្វើការ​​ផ្សព្វផ្សាយ​​​ដល់​ផ្ទះ​សំណាក់​កន្លងមក​ ។​

គួរ​​រំលឹក​ថា កាលពីថ្ងៃទី​​​១៨ មីនា ២០១១ ​វេលាម៉ោង​​​១០​យប់​​ គណៈ​បញ្ជា​ការ​​ឯក​ភាព​​ខណ្ឌ​ដូនពេញ ​ដឹកនាំ​ដោយ​លោកសុខ សម្បត្តិ ​​អភិបាល​​ខណ្ឌ​ដូន​ពេញ បានឆ្មក់​ចូល​ផ្ទះសំណាក់​រស្មី​ផ្កាឈូក​​​២ ​ដែល​មានទីតាំង​​លេខ​​​៧៦ ​ផ្លូវ​លេខ​​​១៧២ ​ភូមិ​​១១ សង្កាត់ផ្សា​រ​ថ្មីទី​៣ ​ហើយ​ឃាត់ខ្លួន​​​​ជន​​ជន​សង្ស័យ​ប្រើ​ប្រាស់គ្រឿងញៀន​​ក្នុងបន្ទប់​លេខ​​​៣១១ ជាន់​ទី​៣ ចំនួន​៤នាក់ ​ស្រី​ម្នាក់ ​បន្ទប់​លេខ​​១០៣ ជាន់​ទី​១ ​ចំនួន​​៣នាក់ ប្រុស​​​ទាំង​​៣​ និង​​នៅ​​ក្រៅ​​បរិវេណ​​​ផ្ទះសំណាក់​​ចំនួន​​៤​នាក់ ​​មាន​ស្រី​ម្នាក់ ។ ​សមត្ថកិច្ច​​​មូលដ្ឋាន​និយាយ​ថា ​ជនសង្ស័យ​​​ប្រើប្រាស់គ្រឿងញៀន​ដែល​ឃាត់​​​ខ្លួន​១១​នាក់ ក្នុងនោះ​​​មាន​ជន​ជាតិ​​វៀតណាមផងដែរ​ ហើយ​ម្ចាស់​ផ្ទះសំណាក់​​​រស្មី​ផ្កាឈូក​​​២ ឈ្មោះ​​​ព្រំ​សុធា ​ភេទ​ប្រុស ​អាយុ​​​​៣៦​ឆ្នាំ ​ត្រូវបានឃាត់​ខ្លួន​​ព្រោះជា​​អ្នក​​ផ្តល់​​​ទីតាំង​​​ឱ្យ​គេ​​ប្រើប្រាស់គ្រឿង​ញៀន ។​

​ជនសង្ស័យ​​​ខាងលើ​ត្រូវ​​បា​ន​ឃាត់ខ្លួន​​​​បណ្តោះអាសន្ន​​​នៅអធិការដ្ឋាន​​​នគរ​បាលខណ្ឌ​​​ដូនពេញ ​ដើម្បីកសាង​​សំណុំរឿង​​បញ្ជូនទៅ​​សាលា​ដំបូង​​រាជធានីភ្នំពេញ ​ក្រោម​​​​ការ​ចោទ​ពី​​បទ​ផ្តល់​ទីតាំង​​​ និង​ប្រើប្រាស់​គ្រឿងញៀន ។​ លោកអភិបាល​ខណ្ឌ​ដូនពេញ​បាន​រំលឹក​ផង​ដែរ​ថា ​កាលពីព្រឹកថ្ងៃទី​​១១ មីនា ​​២០១១ ​ដោយ​មានការ​​​សហកា​ល្អ​​ពីម្ចាស់​ផ្ទះសំណាក់​​​អិល អេស ​ដែលមានទីតាំង​​លេខ​​១C ​ផ្លូវលេខ​​​៥៣ ភូមិ​​​៥ ​សង្កាត់ផ្សារ​ថ្មីទី​​៣ បានរាយការណ៍​​​​ឱ្យ​នគរ​បាល​ប៉ុស្តិ៍រ​ដ្ឋ​បាល​​ផ្សារ​ថ្មទី​​​៣ ខណៈ​​ជន​បរទេស​នាំ​ក្មេងស្រីចូលបន្ទប់ ហើយ​​​ភ្លាមៗ​នោះ​គណៈ​កម្ម​ការ​ចម្រុះ​​ធ្វើការឃាត់ខ្លួន​​​ជនជាតិអាមេរិក​ម្នាក់ និងស្ត្រី​​​ខ្មែរ​​២នាក់ ព្រមទាំង​ដកហូត​​រូប​ថត​អាស​អាភាស​​​ គ្រឿងញៀន​​ផងដែរ ​។ បច្ចុប្បន្ន​​​ជន​ទាំង​​​៣នាក់​នោះត្រូវ​​បានតុលាការ​​​ចេញដីកា​​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​​​ព្រៃស​រង់ចាំ​​បើក​​សវនាការ ៕​

ទទួល​ទាន​សាន់​វិច​ធ្វើ​ពី​ត្រី​ធូ​ណា​ការពារ​ងងឹត​ភ្នែក​​ក្នុង​វ័យ​ចាស់

Posted: 19 Mar 2011 08:30 PM PDT

សាន់​វិច​ធ្វើ​ពី​ត្រី​ធូ​ណា

បណ្តា​អ្នក​ស្រាវ​ជ្រាវ​បាននិយាយថា​ ​ការ​ទទួល​ទាន​សាន់​វិច​ធ្វើ​ពី​សាច់​ត្រី​​ធូណា​ អាច​ជួយ​ការ​ពារ​ការ​ងងឹត​ភ្នែក​ក្នុង​វ័យ​ចាស់​ ។​
តាម​ការ​សិក្សា​របស់​សាកល​វិទ្យា​ល័យ​Harvard បាន​រក​ឃើញ​ថា​ ការទទួល​ទាន​សាច់​ត្រី​ជា​ប្រចាំ​ដែល​ក្នុង​នោះ​មាន​ត្រី​ធូណា​ដាក់​កំប៉ុង​ក៏​ដូចជា​អាហារ​ដទៃ​ទៀត​ដែល​សំបូរ​អាស៊ី​ដ​ខ្លាញ់អូ​មេហ្កា​៣ អាច​កាត់​បន្ថយ​អត្រា​ប្រ​ឈម​​នឹង​ជំងឺ​ងងឹត​ភ្នែក​ដោយ​អាយុ​បាន​៤២ភាគ​រយ ។​វា​ជា​បញ្ហា​ដ៏​សាមញ្ញ​បំផុត​ ដែល​មនុស្ស​មាន​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង​ទៅ​ប្រឈម​នឹង​ការ​មើល​មិន​ឃើញ ។

លទ្ធផល​នៃ​ការ​សិក្សា​ខាង​​​នេះ ​កើត​ចេញ​ពី​ការ​ធ្វើ​ពិ​សោធន៍​ទៅ​លើ​ស្រ្តី​ចំនួន​៣៨.០០០​នាក់។ អ្នក​ដឹក​នាំ​ការ​សិក្សា​វេជ្ជ​បណ្ឌិត​ វីលៀម គ្រីស​ស្ទេន​បាននិយាយ​ថា ៖«អត្រា​ប្រឈម​ដ៏​តិចតួច​ចំពោះ​ការ​ងងឹត​ភ្នែក​​​កើត​មាន​ឡើង​ដោយ​សារ​តែ​ការទទួល​ទាន​សាច់​ត្រី​ធូណា​ច្រក​កំប៉ុង​និង​ប្រភេទ​សាច់​ត្រី​ដទៃ​ទៀត »។
បើទោះ​បី​ជា​ ត្រី​ធូណា​ច្រកកំប៉ុង​មិន​មាន​ប្រសិទ្ធភាព​ស្មើ​នឹង​ត្រី​ធូ​ណាស្រស់​ក៏​ដោយ តែ​ការ​រក​ឃើញ​ពេល​នេះ​គឺ​ពិត​ជា​មាន​សារ​​សំខាន់​ ដ្បិត​អាហារ​សាន់​វិច​ពេញ​និយម​នៅក្នុង​បណ្តា​ប្រ​ទេស​​ជាច្រើន​៕

ស្ថា​ន​ភាព​​នៅរោងចក្រ​​នុយក្លេអ៊ែរ​​ហ្វូគូស៊ីម៉ា ​កំពុង​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ

Posted: 19 Mar 2011 08:20 PM PDT

ទីភ្នាក់ងារ​ព័ត៌មាន​​ចិន​ស៊ីនហួ​បាន​​ចេញ​ផ្សាយ​​​ព័ត៌​មាន​​ដោយ​ដក​ស្រង់​សម្តី​​​រដ្ឋ​មន្ត្រី​​ការ​ពារ​ប្រទេស​ជប៉ុន លោក Toshimi Kitazawa ដែល​ថ្លែង​​កាលពីថ្ងៃទី​​​១៩ មីនា ថា លក្ខខណ្ឌ​​ និងស្ថានភាព​​​នៃម៉ាស៊ីន​រ៉េ​អាក់​​ទ័រ​ចំនួន​​៤​នៅ​រោង​ចក្រ​​ថាមពល​នុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ​ដែល​​​រង​ផល​ប៉ះពាល់​​ដោយការ​រញ្ជួយដី​​កម្រិត​​​៨,៩​រិច​ស្ទ័រ ​បង្ក​ឱ្យ​​​កើតមាន​​រលក​យក្ស​​​​ស៊ូណាមី​នោះ​កំពុង​មាន​​ភាពល្អប្រសើរ​​វិញហើយ ។ ​លោក Kitazawa ថ្លែង​ថា ​ប្រតិបត្តិការ​​នៃការ​ទប់ស្កាត់​​​ការ​​បញ្ចេញ​វិទ្យុ​សកម្ម​នៅ​រោងចក្រ​​​នុយ​ក្លេ​អ៊ែរ​នោះ​ទទួលបាន​ជោគជ័យ​​យ៉ាង​ធំធេង ​ក្រោយ​ពី​​កង​​កម្លាំង​​ស្វ័យការពារជាតិ​ និង​​​អ្នក​ពន្លត់​​អគ្គីភ័យ​​បាញ់ទឹក​​ដាក់​​ម៉ាស៊ីន​រ៉េ​អាក់ទ័រ​​លេខ​​៣ ដែល​រង​​ផលប៉ះពាល់​​ធ្ងន់ធ្ងរ​​​ជាង​គេ​កាលពី​រសៀលថ្ងៃទី​​១៩ មីនា ។​
ថ្លែង​នៅ​ក្នុង​​ឱកាស​​សន្និសីទ​​កាសែត​មួយ​ លោក Toshimi Kitazawa ថ្លែង​ថា ​ស្ថាន​ការណ៍​​​ម៉ាស៊ីន​​រ៉េ​អាក់ទ័រ​​លេខ៧ និង​លេខ​​៤ ​មាន​ស្ថិរ​ភាព​​​ជាង​ការ​រំពឹងទុក ចំណែក​​សីតុណ្ហ​ភាព​​​​​ម៉ាស៊ីន​រ៉េ​អាក់ទ័រ​​ទាំង​​៤ គឺក្រោម​​​​១០០​អង្សា​
សេ ។​
នាយករដ្ឋ​មន្ត្រី​ជប៉ុន​​ លោក​ណា​អូតូ​ កាន បាន​ណែនាំ​​​​ឱ្យលោក Toshimi Kitazawa តាម​ដាន​ស្ថាន​ការណ៍​នៅ​រោងចក្រ​​នុយក្លេអ៊ែរ​​​ហ្វូគូ​ស៊ី​ម៉ា ​ឱ្យ​​បាន​ដិត​ដល់ ។ ប៉ុន្តែ​​ទោះបីជា​បែបណា អ្នកនាំ​​ពាក្យ​​រដ្ឋាភិបាលជប៉ុន​ថ្លែង​ថា ​គេ​មិន​​មាន​កំណត់​​​ពេលជាក់លាក់​ថាតើនៅពេលណា​​ទើប​​​បណ្តាញ​​ថាមពល​អគ្គិសនី​​នៅរោងចក្រ​​នុយ​ក្លេ​អ៊ែរ​​ហ្វូគូស៊ីម៉ា ត្រូវជួសជុល​​ឱ្យ​​​ដំណើរ​​​ការ​ពេញ​លេញ​​​ដើម្បី​​​ឱ្យប្រព័ន្ធ​​ត្រជាក់​អាច​ដំណើរការ​​​​បាន​ដោយ​​ស្វ័យប្រវត្តិ​​​នោះទេ ប៉ុន្តែ​ស្ថានការណ៍​​​នៅ​រោងចក្រ​​នេះ​កំពុង​​មានភាពល្អប្រសើរ​​​ឡើ​ងវិញ​​គួរ​ឱ្យកត់សម្គាល់ ។​
ក្នុងប្រតិបត្តិការ​​​​បាញ់ទឹក​​បញ្ចុះ​កម្តៅ​​ម៉ាស៊ីន​​រ៉េ​អាក់ទ័រ​​នៅរោងចក្រ​​​នុយក្លេអ៊ែរ​​​ហ្វូគូស៊ីម៉ា រថ​យន្ត​គ្មាន​មនុស្ស​​​បើក​មួយ​គ្រឿង​​ត្រូវបាន​​យក​មក​ប្រើប្រាស់​ ដើម្បី​​កុំ​ឱ្យ​​​អ្នកពន្លត់អគ្គីភ័យ​ប៉ះ​​វិទ្យុ​សកម្ម ៕

មាក់​ងាយ​កូនក្រមុំ​គេ ពេលសួរនាំ​​២នាក់​​ឪពុក​កូន​​ព្រួត​គ្នា​​កាប់ ប៉ូលិ​ស​ចាប់​ខ្លួន

Posted: 19 Mar 2011 08:20 PM PDT

រាជធានីភ្នំពេញ ៖ ​បុរស​​២នាក់​​ឪពុក​ និង​កូន​​ត្រូវបានប៉ូលិស​​​​ខណ្ឌ​ដង្កោ​ចាប់​​ឃាត់ខ្លួន បន្ទាប់​​ពី​​​ពួកគេ​ទាំង​​​២នាក់​នេះ ​មាក់​ងាយ​​កូន​ក្រមុំ​ គេ និង​ព្រួតគ្នា​​​កាប់​​ប្រហារ​ទៅលើ​​​បុរស​​ម្នាក់​ទៀត បណ្តាល​​ឱ្យ​រង​របួសក្បាល​ធ្ងន់​​ត្រូវ​បញ្ជូន​ទៅ​​​​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​យ៉ាង​​ប្រញាប់​ប្រញាល់​​​កាលពី​​វេលាម៉ោង​​​១០ព្រឹក​​​ថ្ងៃទី​១៩ មីនា ​​២០១១ ​នៅផ្ទះជួល​ក្រុមទី​៨ ភូមិ​ចំការ​​​ឪឡឹក ​សង្កាត់កាកាប ខណ្ឌដង្កោ ។​
បុរស​​រងគ្រោះ​​ឈ្មោះ​ចៀវ ​ពុទ្ធី អាយុ​​២៥​ឆ្នាំ ​ជា​កម្មក​រសំណង់​​ ស្នាក់នៅ​​កន្លែងកើតហេតុ​​ខាង​លើ ​រង​របួស​​ក្បាល​ធ្ងន់​​ដោយ​​គូជម្លោះ​​​កាប់​
ច្រើន​​ ។ ជនដៃ​ដល់​ឈ្មោះ​​​ឆាង ​សាមុន ​អាយុ​​១៩​ឆ្នាំ ​​ជា​កម្មករ​សំណង់ ​​និង​​ម្នាក់ទៀត​​ជា​ឪពុក​​ឈ្មោះ​​​ឆាង សុភាព ​អាយុ​​៥០​ឆ្នាំ ​ស្នាក់នៅ​បន្ទប​់​ជួល​​​ក្បែរ​​ជនរងគ្រោះ​​​ត្រូវ​សមត្ថ​កិច្ច​​ចាប់​ខ្លួន​​​កសាង​សំណុំរឿង​​បញ្ជូនទៅ​តុលាការ​​​ឆាប់​ៗ​នេះ។
អ្នក​នៅ​​​កន្លែង​​កើតហេតុ​​​បាន​ឱ្យ​​ដឹង​ថា ​មុន​ដំបូង​ឈ្មោះ​ឆាង ​សាមុន ​ឃើញនារី​​២-៣​នាក់​ ​​ដើរ​កាត់ពីមុខ​​ខ្លួន​ ក្នុងនោះ​មាន​​ប្អូនស្រី​​​ជីដូន​មួយ​​របស់​ជន​រងគ្រោះ​​​​ម្នាក់​ផង ​ស្រាប់តែ​​ឆាង​ សា​មុន ​​​បោះ​សម្តី​​ជេរ​មាក់​ងាយ​​​ថា ​​«មេ​ចោរ​​គូទ.ង ​គូទ​អីក៏ងៗ​ម៉្លេះ» ។ ​ឮ​បែបនេះ​​​ជនរងគ្រោះ​​​​ឈ្មោះ​ចៀវ ​​ពុទ្ធី ក៏​​ទៅ​​​ប្រាប់​ម្តាយ​នារី​នោះ​...​ភ្លាមៗ​នោះ​ម្តាយ​​នារីដែល​​គេ​ថា គូទ.ង​​បាន​មក​​ដល់សួរនាំ​ទៅឈ្មោះ​​​ឆាង សាមុន ក៏កើត​​ទៅជា​ការ​ឈ្លោះប្រកែក​គ្នា​​តឹង​សរសៃ.ក ​ហើយ​ឈ្មោះ​​ចៀវ ​ពុទ្ធី ​បាន​​លូក​មាត់ជួយម្តាយមីង​​របស់គេ​​... ​ស្រាប់តែ​​​ឈ្មោះ​ឆាង ​សាមុន ទាញកាំបិត (ជិត​ប៉ុនប័ង​តោ) ស្ទុះ​កាប់ទៅលើ​​ពុទ្ធី ​​ឥត​បណ្តាក់​ដៃ​​បណ្តាល​ឱ្យ​​រងរបួស​ក្បាល​ធ្ងន់​...​​ជាមួយនោះ​ឪពុក​​របស់ឆាង​ សាមុន ឈ្មោះ​​ឆាង សុភាព ​បាន​ទាញ​ពូថៅ​​ប្រុង​ស្ទុះទៅកាប់​ពុទ្ធី ​ថែមទៀត ​​តែត្រូវ​​​អ្នក​ជិត​ខាង​ស្រែក​ឆោឡោ​​​​ឡើង​ក៏​បង្អាក់​​​ទៅវិញ ។ បន្តិច​​ក្រោយ​​មក​ ប៉ូលិស​​មក​ដល់​ល្មម​​ចាប់ខ្លួន​​​ជន​ដៃ​ដល​់​​​២នាក់​ឪពុក-​កូន ​យកទៅកាន់​អធិការ​ដ្ឋាន​នគរបាល​​ខណ្ឌ ៕

ប៉ូលិស​ឃាត់​ខ្លួន​​បុរស​ម្នាក់​ពី​បទ​លាក់​ទុក​អាវុធ​​អាកា​​កាត់​ស្វាយ​​ខុស​ច្បាប់

Posted: 19 Mar 2011 08:04 PM PDT

ប៉ូលិសបាន​ឃាត់ខ្លួន​បុរស​ម្នាក់​​ពី​បទ​លាក់​ទុក​អាវុធ​ខុសច្បាប់

ខេត្ត​ក្រចេះ ៖ ប៉ូលិសបាន​ឃាត់ខ្លួន​បុរស​ម្នាក់​​ពី​បទ​លាក់​ទុក​អាវុធ​ខុសច្បាប់ ខ​ណៈ​​ពេល​​​ចុះ​ឆែក​ឆេរ​ក្នុង​លំនៅ​ឋាន​ក៏​ប្រទះ​ឃើញ​មាន​លាក់​ទុក​​​កាំភ្លើង​​​អាកា​កាត់​ស្វាយ​មួយ​​ដើម​។ ការ​ចុះ​ឆែក​ឆេររ​ក​ឃើញ​អាវុធ​ខុសច្បាប់​​ដោយ​កម្លាំង​​នគរបាល​ស្រុក​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មីនា នៅ​លើ​ផ្ទះ​ចាំចំការ​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​គីឡូ​ម៉ែ​ត្រ​លេខ​២២ ខាងក្រោយ​ភូមិ​ព្រែក​ប្រសព្វ ឃុំ​ព្រែក​ស្រ​ព្វ ស្រុក​ប្រែក​សឮ​ប្រសព្វ ព្រមទាំង​​បាន​ឃាត់​ខ្លួន​​​​បុរស​ម្នាក់​ឈ្មោះ​ប៊ុ​ន កុយ​ជាន អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​អាំ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ដែល​បច្ចុប្បន្ន​មក​ធ្វើ​ចំការ​នៅ​ចំណុច​ខាងលើ​។

 លោក​វរសេនីយ៍ត្រី ស៊ុម សុ​ឃី​ម អធិការ​នគរ​បាល​​ស្រុក​ព្រែក​ប្រសព្វ​បានឱ្យ​ដឹង​ថា ដោយ​អនុវត្ដ​​គោល​នយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិ​​ភាព និង​បន្ទាប់​ពី​មានការ​យល់​ដឹង​ច្រើន​​​នូវ​គោ​លន​យោ​បាយ​នេះ ប្រជាពល​រដ្ឋ​បាន​ផ្ដល់​ព័​ត៌​មាន​ជា​សំងាត់​មក​កាន់​នគរបាល​​ពី​​សកម្មភាព​លាក់​ទុក​អាវុធ​ខុសច្បាប់​របស់​បុរស​រូប​នេះ​។ ក្រោយ​ពី​ទទួល​​​បាន​ព័ត៌​មាន​នេះ​ កម្លាំង​​នគរ​បាល​ស្រុក បាន​ចុះ​ទៅ​ដល់​ផ្ទះ​បុរស​ខាង​លើ និង​បាន​​ឆែកឆេរ​រក​ឃើញ​អាវុធ​​អាកា​កាត់​ស្វាយ​​មួយ​ដើម​ផលិត​នៅ​ប្រទេស​ហុង​គ្រី មាន​គ្រាប់​ចំនួន​២៤​គ្រាប់ ដែល​នៅ​សល់​គុណភាព​ប្រើ​ប្រាស់​៧០​ភាគរយ ហើយ​កាំភ្លើង​មួយ​ដើម​នេះ គឺ​បុរស​ជាប់ចោទ​បាន​​​លាក់​ទុក​នៅ​ក្រោម​ហិប​ខោ​អាវ​លើ​ផ្ទះ ដោយ​មាន​រុំកំណាត់ ដូច​តាម​ការ​ផ្ដល់​ព​័ត៌​មាន​ពី​ប្រជាពលរដ្ឋ​មែន​។

​ចំណែក​បុរស​ជាប់ចោទ​​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា កាំភ្លើង​មួយ​ដើម​នេះ​គឺ​គេ​បាន​ទិញ​ពី​ជន​ម្នាក់​តាំងពី​ឆ្នាំ​២០០៤​មក​ម៉្លេះ ក្នុង​តំលៃ​១៦​ម៉ឺន​រៀល ដើម្បី​ទុក​គ្រាន់​ការ​ពារ​ខ្លួន​ព្រោះ​គេ​ឧស្សាហ៍​ចេញចូល​ទៅ​ប្រកប​របរ​រកស៊ី​ក្នុង​ព្រៃ។ លោក​អធិការ​ស្រុក​បាន​បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​ជន​ជា​ម្ចាស់​កាំភ្លើង​ដែល​​បាន​លក់​​ឱ្យ​ជនជាប់​ចោទ ដើម្បី​មាន​វិធាន​ការ​​បន្ដ៕

ប៉េអឹម​ក្រុង​ចាប់​រថយន្ត​​ដឹក​ឈើ​មួយ​គ្រឿង​​ប្រគល់​ឱ្យ​មេ​ព្រៃ

Posted: 19 Mar 2011 07:52 PM PDT

​ឈើ​គ្រញូង​ចំនួន​៤១​ដុំ ស្មើ​នឹង​០,៦៧២​ម៉ែត្រ​គូប
ប៉េអឹម​ក្រុង​ចាប់​រថយន្ត​​ដឹក​ឈើ​មួយ​គ្រឿង​​ប្រគល់​ឱ្យ​មេ​ព្រៃ​

ខេត្ត​ពោធិ៍​សាត់ ៖ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ មីនា កង​រាជ​អាវុធ​ហត្ថ​ក្រុង​ពោធិ៍​សាត់ បាន​​ធ្វើ​ពិធី​ប្រគល់​​​រថយន្ត​កាមរី​ពណ៌​សំបក​ឪឡឹក ​ស៊េរី​៩៣ ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-6558 មួយ​គ្រឿង និង​ឈើ​គ្រញូង​ចំនួន​៤១​ដុំ ស្មើ​នឹង​០,៦៧២​ម៉ែត្រ​គូប ឱ្យ​ទៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ ​ដើម្បី​​រក្សា​ទុក​​ជា​សម្បត្តិ​រដ្ឋ បន្ទាប់​ពី​ចាប់​ឃាត់​បាន​ពី​ឈ្មួញ​ទុច្ច​រិត​រក​ស៊ី​ខុស​ច្បាប់ ។

តាម​ប្រភព​ពី​លោក​អនុ​សេនីយ៍​​ឯក សំ ថា មេ​បញ្ជា​ការ​កង​រាជ​អាវុធ​​ហត្ថ​ក្រុង​ពោធិ៍​សាត់ ដែល​ដឹក​នាំ​បង្ក្រាប​​ផ្ទាល់​​បាន​ឱ្យ​ដឹង​​ថា បន្ទាប់​​ពី​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​​ណា​ចក្រ​កម្ពុជា មាន​ប្រតិ​កម្ម​ខ្លាំងៗ​ចំពោះ​រថយន្ត​ដឹក​ឈើ និង​កុង​ត្រូល​ជជុះ​ឡើង​វិញ​ភ្លាម​ លោក​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស​ និង​មេ​បញ្ជា​ការ​ខេត្ត​បាន​ដាក់​វិធាន​ការ​ពង្រឹង​កម្លាំង​បន្ថែម​ទៀត​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស ។ ជាក់​ស្តែង ​កាល​ពី​​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​២០១១ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ពោធិ៍​សាត់ បាន​ធ្វើ​ការ​​ចាប់ឃាត់​រថយន្ត​ដឹក​ឈើ​មួយ​​គ្រឿង​នៅ​ចំណុច​ចំការ​ដើម​អាកាស្យា ស្ថិត​ក្នុ​ងភូមិ​ទួល​គ្រួស សង្កាត់​​ចំរើន​ផល យក​មក​ប្រគល់​ជូន​​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​នា​ពេល​នេះ ។ ​

លោក​​បន្ត​​ថា នៅ​យប់​​នោះ​ភ្នាក់​ងារ​បាន​ផ្តល់​ព័ត៌​មាន​​មក​ថា មាន​រថយន្ត​​ម៉ាក​កាមរី​៤​ គ្រឿង​ផ្ទុក​​ឈើ​​ប្រណីត​ ក្នុង​នោះ​​ធុន​ឆ្លាម​មួយ​គ្រឿង ​អាហើម​ចង្កូត​ស្តាំ​២​គ្រឿង ចង្កូត​ឆ្វេង​១​គ្រឿង ដោយ​មាន​អាបាឡែន​​បិទ​គូថ​ពី​ក្រោយ​​កំពុង​ធ្វើ​ដំណើរ​​ពី​ស្រុក​ភ្នំ​ក្រវាញ សំដៅ​ទៅ​ផ្លូវ​ជាតិ​លេខ​៥។ ពេល​នោះ​លោក​បាន​ចាត់​វិធាន​ការ​ឱ្យ​កម្លាំង​​របស់​លោក​ចាំ​ស្ទាក់ ។ លុះ​មួយ​សន្ទុះ​ក្រោយ​​មក​ឃើញ​មាន​រថយន្ត​កាមរី​ពណ៌​សំបក​ឪឡឹក​ ចង្កូត​ឆ្វេង​​​ស៊េរី​៩៣ ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-6558 មួយ​គ្រឿង ​ពេល​​បើក​មក​ដល់​ខាង​មុខ​ទី​បញ្ជា​ការ​​​ភូមិ​ស្ទឹង​តូច ឃើញ​កម្លាំង​របស់​លោក​ច្រើន​​ក៏​ត្រឡប់​ក្រោយ​វិញ​យ៉ាង​លឿន​ ។ ឃើញ​ដូច្នោះ​​ដោយ​មាន​ការ​សង្ស័យ​​កម្លាំង​របស់​លោក​បាន​បើក​រថយន្ត​ប្រដេញ​​​តាម​ក្រោយ​ជាប់​រហូត ។ ​លុះ​ទៅ​ដល់​ភូមិ​ទួល​គ្រួស រថយន្ត​នោះ​បាន​ចូល​ក្នុង​ចំការ​​ដើម​អាកាស្យា រួច​​ឈប់​រថយន្ត​​ទុក​ទី​នោះ ​អ្នក​បើក​​បរ​មិន​ស្គាល់​ឈ្មោះ​រត់​គេច​​ខ្លួន​បាត់ ។ ​នៅ​ពេល​ពិនិត្យ​​ក្នុង​រថយន្ត​ឃើញ​មាន​ផ្ទុក​ឈើ​គ្រញូង​ខុស​ច្បាប់​​ហើយ​​ក៏​បាន​យក​មក​រក្សា​ទុក​នៅ​ក្នុង​ទី​បញ្ជា​ការ​បណ្តោះ​អាសន្ន​​សិន ។ ​​លុះ​ព្រឹក​​ឡើង​ទើប​​ប្រគល់​ឱ្យ​ខាង​មេ​ព្រៃ​​ចាត់​ចែង​តាម​នីតិ​វិធី​ ។

​ប្រភព​ព័ត៌​មាន​និយាយ​ថា នៅ​គល់ស្ពាន​​ខាង​មុខ​ផ្លូវ​ចូល​​មណ្ឌល​ពុទ្ធិក​សិក្សា​មណី​រ័ត្ន ភូមិ​មាន់​ចែ សង្កាត់​​ព្រៃ​ញី ក្រុង​ពោធិ៍​សាត់ ​ជា​រៀង​រាល់​យប់​តាំងពី​ដើម​មក​ គេ​តែង​ឃើញ​មនុស្ស​មួយ​​ក្រុម​​មាន​រថយន្ត​២​ទៅ​៣គ្រឿង​ ដេក​ចាំ​យក​លុយ​​ពី​រថយន្ត​ដឹក​​ឈើ​ ដឹក​ត្រី ផ្លែ​ឈើ ជង្គង់​មាន់ សត្វ​ព្រៃ ​ដឹក​ជ្រូក ដឹក​គោ ​និង​ដឹក​សាច់​ កំណាត់​ជា​ដើម ​មិន​​​ដឹង​សមត្ថ​កិច្ច​ខាង​ណា​ទេ ។ ប៉ុន្តែ​មាន​ការ​អះ​អាង​​ថា ជា​ប៉ូលិស​​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​​ខេត្ត​ពោធិ៍​សាត់ លួច​ដាក់​កុង​ត្រូល​ជជុះ​យ៉ាង​ព្រហើន​បំផុត ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!