VOA News: ព័ត៌មាន: “រោងចក្រ​ផលិត​រថយន្ដ​ដើរ​ដោយ​ថាមពល​អគ្គិសនី​នឹង​ដំណើរការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១២” plus 1 more

VOA News: ព័ត៌មាន: “រោងចក្រ​ផលិត​រថយន្ដ​ដើរ​ដោយ​ថាមពល​អគ្គិសនី​នឹង​ដំណើរការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១២” plus 1 more


រោងចក្រ​ផលិត​រថយន្ដ​ដើរ​ដោយ​ថាមពល​អគ្គិសនី​នឹង​ដំណើរការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១២

Posted: 25 Mar 2011 02:11 PM PDT

ក្រុមហ៊ុន​ចម្រុះ​កម្ពុជា​-ចិន​បាន​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដើម្បី​បង្កើត​រោងចក្រ​ផលិត​រថយន្ដ​ដំបូង​បំផុត​នៅ​កម្ពុជា។ ​រថយន្ដ​នេះ​នឹង​ត្រូវ​គូរ​ប្លង់​ដោយ​ម្ចាស់​យានដ្ឋាន​កម្ពុជា​ ដែល​បាន​ព្យាយាម​បង្កើត​ម៉ូដ​រថយន្ដ​ស៊េរី​ថ្មីៗ​តាម​របៀប​សិប្បកម្ម​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ប្រទេស​កម្ពុជា​នឹង​ផលិត​រថយន្ដ​ដើរ​ថាមពល​អគ្គិសនី​ជាលើក​ដំបូង​នៅ​ឆ្នាំ​២០១២​ខាង​​មុខ​នេះ។​ក្រុមហ៊ុន​ហេង​អភិវឌ្ឈន៍​ដែល​មាន​ទំនាស់​ដីធ្លី​យ៉ាង​ចម្រូងចម្រាស់​និង​ក្រុមហ៊ុន​ជូលាងអ៊ីនធើ​ប្រាយ​ចំកាត់​ (Chau Leong Enterprise (Group) Co.Ltd) ​មកពី​ហុងកុង ​បាន​ចុះ​ហត្ថលេខា​ធ្វើ​ការ​វិនិយោគ​រួម​គ្នា​នៅ​ថ្ងៃ​ច័ន្ទនេះ​ ក្រោម​គម្រោង​ទឹកប្រាក់​ជំហាន​ដំបូង​ចំនួន​២០​លាន​ដុល្លារ​អាមេរិក។

គឺ​ជា​រថយន្ដ​ដែល​នឹង​មាន​ម៉ាក​"អង្គរ" ​ដែល​ច្នៃ​ប្រឌិត​ម៉ូដ​ដោយ​ម្ចាស់​ស្ថានីយ៍​លាង​រថយន្ដ​មួយ​ក្នុង​ទី ក្រុង​​​ភ្នំពេញ។

លោក​ស្រី ​សៀង ចាន់ហេង ​នាយិកា​ក្រុមហ៊ុន​ហេងអភិវឌ្ឈន៍​ មាន​ប្រសាស៍​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ថា​ រោងចក្រ​ផលិត​រថយន្ដ​នេះ​នឹង​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ ហើយ​រោង​ ចក្រ​អាច​នឹង​ផលិត​រថយន្ដ​បាន​ពី​៥០០​ទៅ​១០០០​គ្រឿង​ក្នុង​មួយ​ឆ្នាំ។

«នៅ​ដើម​ឆ្នាំ​២០១២​ខាង​មុខ ​រថយន្ដ​អង្គរ​ ដើរ​ដោយ​ថាមពល​អគ្គិសនី​ដែល​ចេញពី​រោងចក្រ​នេះ ​​នឹង​មាន​វត្តមាន​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​យើង​ហើយ»។

រថយន្ដ​ប្រើ​ថាមពល​អគ្គិសនី​នេះ​នឹង​ត្រូវ​ប្រើ​ប្រព័ន្ធ​សាកភ្លើង​បញ្ចូល​អាគុយ​ ហើយ​នឹង​អាច​បើកបរ​បាន​ចម្ងាយ​ប្រមាណ​ជា​៥០០​គីឡូ​ម៉ែត្រ​ នេះ​បើ​តាម​លោកញាន ផលិត ​ដែល​ជាអ្នក​ផ្តួចផ្ដើម​គំនិត​សម្រាប់​ការផលិត​រថយន្ដ​នេះ។​ ជា​ជំហាន​ដំបូង​ ក្រុមហ៊ុន​ចម្រុះ​នឹង​ផលិត​ត្រឹមតែ​ប្រភេទ​រថយន្ដ​ធុន​ពីរ​កៅអី ​ដែល​អាច​បើកបរ​ក្នុង​ល្បឿន​៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​ប្រភេទ​បួន​កៅអី​ដែល​អាច​បើកបរ​ក្នុង​ល្បឿន​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

លោក​លី យៀកលាង ​ប្រធាន​ក្រុមហ៊ុន​ជូលាង អ៊ីនធើ​ប្រាយ ​ចំកាត់​ ជឿជាក់​ថា ​រថយន្ដ​ប្រភេទ​ថ្មី​នេះ​ ​នឹង​មាន​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា។

លោក​អ៊ិត ប្រាង ​រដ្ឋ​លេខាធិការ​ក្រសួង​ឧស្សាហ​កម្ម ​ថាមពល​ និងរ៉ែ ​មាន​ប្រសាសន៍​ថា​ រថយន្ដ​នេះ​សមស្រប​តាម​ស្ថានភាព​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា។ ​ដោយឡែក​ លោកស្រី​ម៉ែន សំអន ​ឧប​នាយក​រដ្ឋមន្ដ្រី ​ដែល​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នៃ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ ​មាន​ប្រសាសន៍​ថា ​រថយន្ដ​អគ្គិសនី​នេះ​នឹង​ជួយ​ថែ​ទាំ​បរិដ្ឋាន​នៅ​ក្នុង​ស្រុក។

«រថយន្ដ​អង្គរ​ ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​នេះ​ពិតជា​មាន​អត្ថ​ប្រយោជន៍​ណាស់​ ព្រោះ​ថា​​វា​នឹង​ជួយ​កាត់​បន្ថយ​ជាតិ​ពុល​ក្នុង​បរិយាកាស​ ធ្វើ​ឲ្យ​បរិដ្ឋាន​ស្អាត​ និង​ផ្ដល់​ការ​សន្សំ​សំចៃ​ខ្ពស់​ដល់​ជីវភាព​អ្នក​ប្រើប្រាស់»។

លោក ​ញាន ផល្លឹក​ ដែល​ជា​អ្នក​ផ្ដួច​ផ្ដើម​បង្កើត​រថយន្ដ​អង្គរ​ដើរ​ដោយ​ថាមពល​អគ្គិសនី​នេះ​​គឺ​ជា​ម្ចាស់ ស្ថានីយ៍​លាង​រថយន្ដ​មួយ​ក្នុង​ខណ្ឌ​៧មករា​ក្រុង​ភ្នំពេញ។​ លោក​បាន​ចំណាយ​ពេល​ផលិត​រថយន្ដ​តាម​បច្ចេក​ទេស​ផ្ទាល់​ខ្លួន​ចាប់តាំង​ពី​ឆ្នាំ​២០០២​មកម្ល៉េះ​ ដោយ​ប្រើ​វិធី​ផលិត​ជា​លក្ខណៈ​សិប្បកម្ម​សុទ្ធ​សាធ​ និង​ដោយ​ស្រូប​យក​ និង​កែ​ច្នៃម៉ូដ​រថយន្ដ​តាម​រថយន្ដ​ក្នុង​ពិភព​លោក។ ​កូនស្រី​របស់​លោក​ម្នាក់​គឺ​ជា​អ្នក​ជួយ​ក្នុង​ការ​គូរ​រូបរាង​រថយន្ដ។ ​លោក​ញាន ​ផលិត​មាន​ប្រសាសន៍​ថា​ លោក​ចង់​ពង្រីក​ទីផ្សារ​រថយន្ដ​ប្រភេទ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ក្រុមហ៊ុន​ចម្រុះ​ហុងកុង​ និង​ក្រុមហ៊ុន​កម្ពុជា​នេះ​គ្រោង​នឹង​ផលិត​រថយន្ដ​ប្រើ​ដោយ​ថាមពល​នេះ​ចំនួន​ប្រាំបី ​និង​១២​កៅអី​នៅ​ក្នុង​ពេល​អនាគត​ ដែល​ជា​ទិសដៅ​ប្រកួត​ប្រជែង​ទីផ្សារ​ជាមួយ​នឹង​រថយន្ដ​នាំ​ចូល៕

This posting includes an audio/video/photo media file: Download Now

ក្រុម​និស្សិត​ខ្មែរ-អាមេរិកាំង​សម្តែង​សិល្បៈ​ដើម្បី​រក្សា​វប្បធម៌

Posted: 25 Mar 2011 01:46 PM PDT

សង្គម​និស្សិត​ខ្មែរឬ​​ហៅជា​ភាសា​អង់គ្លេស​ថា​ Cambodian Student Society នៅក្នុ​ង​សាកល​វិទ្យាល័យ​នៃ​ទីក្រុង​ឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក បាន​​ប្រារព្ធ​ពិធី​សម្តែង​សិល្បៈ​ខ្មែរ​​កាលពី​ថ្ងៃ​អាទិត្យ​ ទី១៣​ខែមិនា​កន្លង​ទៅ​នេះ។

នេះជា​លើកទី​២៧​ហើយ​ដែល​ក្រុម​និស្សិត​ខ្មែរ​ប្រារព្ធ​ធ្វើ​កម្មវិធី​នេះ​ឡើង​ដោយ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ទស្សនិកជន​ទាំង​ខ្មែរ​និង​បរទេស។

Cambodian Student Society​ ជា​ក្រុម​និស្សិត​ដែល​ភាគច្រើន​ពួកគាត់​ជា​កូន​ខ្មែរ​កើត​នៅ​លើ​ទឹកដី​អាមេរិក​និង​ខ្លះ​ទៀត​មាន​ស្រុក​កំណើត​នៅ​ប្រទេស​កម្ពុជា​តែ​ បាន​ចាកចេញ​មក​រស់នៅ​ទឹកដី​អាមេរិក​តាំង​ពី​នៅ​វ័យ​កុមារ។ សង្គម​និស្សិត​ខ្មែរ​នេះ​បាន​បង្កើត​ឡើង​នៅឆ្នាំ១៩៥៩។ ដោយ​មាន​ទឹក​ចិត្ត​ស្រឡាញ់​និង​ចង់​ថែ​រក្សា​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​ពួកគាត់​ព្យាយាម​ធ្វើ​យ៉ាងណាឱ្យ​មាន​ការ​សម្តែង​នេះ​ជារៀងរាល់​ឆ្នាំ​ជូន​ដល់​ប​ងប្អូន​ខ្មែរ​និង​បរទេស​ទស្សនា។

គោលបំណង​នៃ​កម្មវិធី​នេះ​គឺ​ចង់បង្ហាញ​ឱ្យ​ស្គាល់​ពី​វប្បធម៌​ ប្រពៃណី​ខ្មែរ​ ក៏​ដូចជា​ផ្តល់​ឱកាស​ដល់​កូនខ្មែរ​និង​ប​ងប្អូន​ខ្មែរ​បាន​ប្រាស្រ័យ​​ទាក់ទងគ្នា។

កញ្ញា អ៊ូ ឈូ ​(Ou Chhou) ​ជា​នាយិការង​របស់​ក្រុមនិស្សិត​នេះ​បានឱ្យ​ដឹងថា​ក្រុម​របស់​កញ្ញា បាន​ធ្វើការ​ហ្វឹកហាត់​មុនពេល​សម្តែង​ចាប់ផ្តើម​តាំងពី​ប្រាំមួយ​ខែ​មុន​មកម្ល៉េះ​ហើយ​ការ​សម្តែង​របាំ​ផ្សេងៗ​ទៀត​​គឺបាន​ជំនួយ​ពី​សមាគម​និង​អង្គការ​ដទៃ​ទៀត។

កញ្ញា​ អ៊ូ​ ឈូ​មាន​ស្រុកកំណើត​នៅ​ប្រទេស​កម្ពុជា​តែ​បាន​ចាកចេញ​មករស់​នៅ​​លើ​ទឹកដី​អាមេរិក​ជាមួយ​ឪពុក​ម្តាយ​នាង​តាំងពី​នាង​អាយុ៣ឆ្នាំ​មក​ម្ល៉េះ។ មក​ទល់​ពេល​នេះ​ កញ្ញា​បាន​ចូលរួម​ជាសមាជិក​អស់​រយៈពេល​៤ឆ្នាំ​មកហើយ​និង​ខិតខំ​ជំរុញ​ឱ្យ​មាន​សកម្មភាព ​បើទោះបី​ជាកញ្ញា ​មមាញឹក​នឹង​ការងារ​សាលា​និង​ការងារ​ប្រចាំថ្ងៃ​របស់​កញ្ញា​ក្តី។

សង្គម​និស្សិត​ខ្មែរ​មិនមែន​មានតែ ​សមាជិក​ជា​កូនខ្មែរ​ប៉ុណ្ណោះ​ទេ។​ កញ្ញា អ៊ូ​ ឈូ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ក្រុម​របស់​គាត់​មាន​អ្នក​ចូលរួម​ជាជនជាតិ​វៀតណាម​ ហ្វីលីពីន​ និង​សាសន៍​ដទៃ​ទៀត។

លោក​ ហ្វឺ អរឌី (Audi Fuhr) ជា​កូនកាត់​ ហុងហ្ការី​ និង​ អេត្យូពី​ មាន​អាយុ​២២ឆ្នាំ​ ដែល​ជា​គ្រូបង្វឹក​ហាត់​របាំ​ ឆៃយ៉ាំ ​បាន​ឱ្យ​ដឹង​ថា​ទោះបី​ជា​លោក​មិនមែន​ជា​ជនជាតិ​ដើម​កំណើត​ខ្មែរ​ក្តី ​ក៏​លោក​មាន​ការចាប់​អារម្មណ៍​និងចូល​ចិត្ត​​សិល្បៈ​ខ្មែរ ​តាំងពី​ពេល​ដែល​​លោក​បាន​សិក្សា​អំពី​​តំបន់​អាស៊ី​អាគ្នេយ៍។

នៅ​ក្នុង​កម្មវិធី​នេះ​មាន​ការ​សម្តែង​សិ​ល្បៈ​ខ្មែរ​ជា​ច្រើន​ដូចជា ​របាំឆៃយ៉ាំ ​របាំជូនពរ​របាំអប្សរា ​ឈុតឆាកខ្លី​ពី​សម័យ​អង្គរ ​និង​ឈុតឆាក​សម្តែង​ដែល​ឆ្លុះ​បញ្ចាំង​ពី​សង្គម​និង​ជីវិត​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក។

សមាគម​និស្សិត​ខ្មែរ​បាន​ទទួល​ការគាំទ្រ​និង​ឧបត្ថម្ភ ​ទាំង​ផ្នែក​ថវិកា ​និង ​ការ​លើក​ទឹកចិត្ត​ជា​ច្រើន​ពី​សំណាក់ ​បងប្អូន​ខ្មែរ ​ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​​ឡុងប៊ិច។

អ្នកស្រី​ ឆាយ​ ដាលីន ​មាន​អាយុ​៤៣ឆ្នាំ ​ជា​ពលរដ្ឋ​រស់នៅ​ទីក្រុង​ឡុងប៊ិច ​ដែល​អញ្ជើញ​មក​ទស្សនា​ការសម្តែង​នេះ ​ជាលើក​ទី​មួយ​ហើយ​បាន​ឱ្យ​ដឹង​ថា​ គាត់​មាន​ការ​សប្បាយ​ចិត្ត​ដែល​​ឃើញ​កូនខ្មែរ​នៅ​ស្រឡាញ់​ប្រពៃណី​ខ្មែរ។ អ្នកស្រី​ក៏​មាន​កូន​ប្រុស​ជា​អ្នករាំ​របាំ​ក្រាប​នៅ​ក្នុង​ការ​សម្តែង​នេះ​ដែរ។

កញ្ញា​ បុប្ផា​ កញ្ញរ័ត្ន ​ជា​ទស្សនិកជន​ បាននិយាយ​ថា គាត់​មានអារម្ម​ណ៍​រំភើប​និង​គាំទ្រ​ជាខ្លាំង​ដល់​ក្រុមនិស្សិត​ខ្មែរ​យើង​ហើយ​គាត់​មិន​នឹក​ស្មាន​ថា ​ពួកគេ​កើត​នៅ​អាមេរិក​តែ​អាច​និយាយ​ភាសា​ខ្មែរ​និង​សម្តែង​បានល្អ​យ៉ាង​នេះ។

គួរ​បញ្ជាក់​ផងដែរ​ថា​ ការ​ប្រារព្ធ​ពិធី​សម្តែង​សិល្បៈ​នេះ​ គឺ​ដើម្បី​ស្វាគមន៍​ បុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​ខែមេសា​ខាង​មុខ​នេះ។​ កញ្ញា​ អ៊ូ ឈូ ​ជំនួស​មុខ​ឱ្យ​ក្រុម​សង្គម​​និស្សិត​ខ្មែរ​​ក៏​ចង់​ជូនពរ​ដល់​បងប្អូន​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!