VOA News: ព័ត៌មាន: “ប្រាំបួន​ឆ្នាំ​ក្រោយ​ពី​ការ​ព្យាយាម ​អ្នក​ឆ្នៃ​រថយន្ត​ទទួល​ជោគជ័យ” plus 1 more

VOA News: ព័ត៌មាន: “ប្រាំបួន​ឆ្នាំ​ក្រោយ​ពី​ការ​ព្យាយាម ​អ្នក​ឆ្នៃ​រថយន្ត​ទទួល​ជោគជ័យ” plus 1 more


ប្រាំបួន​ឆ្នាំ​ក្រោយ​ពី​ការ​ព្យាយាម ​អ្នក​ឆ្នៃ​រថយន្ត​ទទួល​ជោគជ័យ

Posted: 25 Mar 2011 03:59 PM PDT

កម្ពុជា​នឹង​ផលិត​រថយន្ត​ដោយ​ខ្លួន​ឯង​នៅ​ឆ្នាំ​២០១២​ខាង​មុខ​នេះ។ រថយន្ត​ដែល​នឹងចូល​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​នា​ពេលអនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​គឺ​ជា​ប្រភេទ​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គីសនី​ ហើយ​គឺ​ជា​រថយន្ត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ខ្មែរ​ម្នាក់​ដែល​បាន​ប្រឹង​ប្រែង​តស៊ូ​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​ដើម្បី​ផលិត​រថយន្ត​តាម​ការ​ស្រមៃ​របស់​ខ្លួន។

ក្រោយ​ពី​តស៊ូ​ផលិត​រថយន្ដ​ម៉ាក​ អង្គរ​ តាម​របៀប​សិប្បកម្ម​អស់​រយៈ​​ពេល​​ឆ្នាំ៩​មក​ ​ក្តី​ស្រមៃ​​របស់​លោក ញាន ផល្លឹក បាន​ក្លាយ​ជា​ការ​ណ៍ពិត​ ដោយ​លោក​​បាន​​រក​​​​ឃើញ​​ក្រុម​ហ៊ុន​ចម្រុះ​មួយ​ដែល​សុខ​ចិត្ត​​ដាក់​ទុន​វិនិយោគ​​លើការ​បង្កើត​រោងចក្រ​​ដំឡើង​​រថយន្ដ​​ដែល​លោក​ជា​អ្នក​​គូស​​ម៉ូតដោយ​ផ្ទាល់។

ក្រុមហ៊ុនហេងអភិវឌ្ឍន៍​នៅ​​កម្ពុជា​ និង​ក្រុមហ៊ុន​ជូលាង អ៊ីនធើប្រាយចំកាត់ (Chau Leong​ Enterprise Co,Ltd)​​ នៅ​ទី​ក្រុង​ហុងកុង បាន​ចុះហត្ថលេខា​កាល​ពី​ថ្ងៃ​ច័ន្ទ​ លើ​កិច្ច​​ព្រម​ព្រៀង​វិនិយោគ​រួម​គ្នា​ ដើម្បី​បង្កើត​​រោង​ចក្រ​​ផលិត​​​​​រថយន្ត​ដំបូង​បំផុត​នៅ​កម្ពុជា ដោយ​ដាក់​ឈ្មោះ​រថយន្ដ​នោះ​ថា​​​រថយន្ដអង្គរ ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី ឬ​ជា​រថយន្ដ​ប្រើ​អាគុយ។

លោក ញាន ផល្លឹក មាន​ប្រសាសន៍​ថា លោក​សប្បាយរីករាយ​នឹង​បង្ហាញ​ស្នាដៃ​របស់​លោក​។ លោក​បន្ត​ថា៖

«ជា​មោទនភាព​របស់​ខ្ញុំ។ ​សប្បាយចិត្តណាស់​ក្នុង​មួយ​ជីវិត​ខ្ញុំ។ ខ្ញុំ​ខំ​ប្រឹង​ធ្វើ​អ្វីៗ​ដែល​ជា​ស្នាដៃ​របស់​ខ្ញុំ​នេះ​បាន​ត​ជា​ស្នាដៃ​សម្រាប់​ជា​កេរដំណែល​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ។ សប្បាយ​ចិត្ត​ត្រង់​ថា មួយ​ជីវិត​យើង​មាន​ស្នាដៃ​សម្រាប់​ប្រទេស​ខ្មែរ»។

លោក ញាន ផល្លឹក​ មាន​ដើម​កំណើត​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​គ្រួសារ​ជា​អ្នក​ជំនួញ​មាន​ជីវភាព​ធូរ​ធារ។ នៅ​ក្នុង​ឆ្នាំ១៩៧៥ ​លោក​រៀន​បាន​ថ្នាក់​ទី១​ទំនើប​ដែល​ស្នើ​នឹង​មធ្យម​សិក្សាកំរិត​២​ ឬ​ទុតិយភូមិ​ហើយ​លោក​ក៏​មិន​បាន​រៀន​បន្ថែម​អី​លើស​ពី​នេះ​ទៀត​ដែរ។

នៅ​ក្នុង​អំឡុង​ពេល​សិក្សា​លោក​បាន​ឲ្យ​ដឹង​ថា លោក​ជា​សិស្ស​ពូកែ​ប្រចាំ​សាលា​ផ្នែក​គណិតវិទ្យា​និង​រូបវិទ្យា។

កាល​ពី​ចុង​ឆ្នាំ​២០០២ លោក​ ញាន ផល្លឹក បាន​ខិត​ខំ​ផលិត​រថយន្ត​​ធុន​នេះ​តាមរយ:​​ការ​កាត់ផ្សា​ត​​ដែក​​ដែល​​លោក​​ទិញ​នៅ​ទីផ្សារ​ក្នុង​ប្រទេស​ឲ្យ​ចេញ​ជា​គ្រោង​រថយន្ដ​​ប្រើ​ដោយ​ដៃ​​ទាំងពីរ​របស់​លោក​សុទ្ធសាទ។ រថយន្ដ​ទី​១​របស់​លោក​​មាន​ពីរ​កៅអី​ ​រាង​តូច​​​ច្រឡឹង ​ដែល​ដើរ​​​ដោយ​​​ម៉ាស៊ីន​​ម៉ូតូ​​កម្លាំង​សេ១០០។ លោក​បាន​ចំណាយ​ពេលប្រាំមួយ​ខែ​ដើម្បី​​ផលិត​​រថយន្ដ​​នោះ។ ​នៅ​ចុងឆ្នាំ ២០០៣ លោក ផល្លឹក ក៏​បាន​បង្កើត​រថយន្ត​ធ្វើ​ដោយ​​ដៃ​​ជា​លើក​ទី​ពីរ ទៀត​ដោយ​ចំណាយ​ពេល​អស់​១៥​ខែ។ រថយន្ដម៉ាក​អង្គរទី​ពីរ​នេះ អាច​ផ្ទុក​​មនុស្ស​បាន​ចំនួន​បួន​នាក់ ប៉ុន្ដែ​វា​ដើរ​ដោយ​ម៉ាស៊ីន​រថយន្ដ​ដែល​មាន​កម្លាំង​៦៦០CC និង​​អាច​បើកបរ​ក្នុង​ល្បឿន​ខ្ពស់​បំផុត​១២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ លោក​តែងតែ​បើក​រថយន្ដ​របស់​​លោក​បង្អូត​គេ​អែង​ក្នុង​ទីក្រុង​ភ្នំពេញ និង​នៅ​តាម​ទី​សារធារណ:​ដទៃ​ទៀត។

ទោះជាយ៉ាងណា មហិច្ឆិតា​របស់​លោក មិន​បាន​បញ្ចប់​នៅ​ត្រឹម​រថយន្ដ​ទី​២​នេះ​ទេ។ នៅ​ឆ្នាំ​​២០១០ រថយន្ត​អង្គរ​ស៊េរី​ថ្មី​មួយ​ទៀត​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រើ​បច្ចក​វិទ្យា​អេឡិច​ត្រូនិក​​ថ្មីៗ​​​យ៉ាង​ទំនើប​ដូចជា​ការ​បញ្ឆេះ​រថយន្ដ​ដោយ​មិន​ចាំបាច់​ប្រើ​កូន​សោរ គឺ​គ្រាន់​តែ​ប្រើ​កាត​​ស៊ក​ចូល​​ប្រអប់​កុងតាក់​តែ​ប៉ុណ្ណោះ។ រី​ឯទ្វារ​រថយន្ត​ត្រូវ​​បាន​​បញ្ជា​​ស្វ័យ​ប្រវត្តិ​ដោយ​គ្រាន់​តែ​​លើក​ដៃ​ដាក់​​ក្បែរ​ទ្វារ​រថយន្ត​ទ្វារ​នោះ​នឹង​របើក​​​ភ្លាម​​ព្រម​ទាំង​មាន​ដំបូល​លើក​ចុះ​ឡើង​បាន​ដោយស្វ័យ​ប្រវត្តិទៀតផង។ រថយន្ដអង្គរ​ឆ្នាំ ២០១០ របស់​លោក ញាន ផល្លឹក អាច​ស្គែន​ក្រយៅ​ដៃ​​បាន​ចំនួន ៥០​ក្រយ៉ៅ​ដៃ​ខុសៗ​គ្នា​​ដែល​ជា​ប្រពន្ធ័​សុវត្ថិភាព​មួយ​សម្រាប់​ការពារ​ទប់ទល់​នឹង​ការ​​លួយ​រថយន្ដ។

បន្ទាប់ពីលោក ញាន ផល្លឹក ​បាន​បង្កើត​រថយន្តទី​៣​នេះ​ហើយ ​នៅ​ដើម​ឆ្នាំ​២០១០​ លោក​ក៏​បាន​ដាក់​តាំង​ពិព៌ណ​នៅ​ទីលាន​មុខ​វត្តបុទុម​ក្នុង​ពិពណ៌​ភូមិ​មួយ​ផលិត​ផល​មួយ។

លោក​បាន​មាន​ប្រសាសន៍​ថា នៅ​ពេលនោះ​​បណ្ដាញ​ផ្សព្វ​ផ្សាយ​នានា​ចាប់​អារម្មរណ៍​លើ​រូបលោក​ជា​ច្រើន។ លោក​ថ្លែង​ដូច្នេះ​ថា៖

«ការ​តាំង​ពិព័រណ៍​នៅ​វត្តបុទុម​នោះ​ ក្នុង​កម្មវិធី​ភូមិ​មួយ​ផលិតផល​មួយ​នោះ​មក​មាន​​ការ​​ចាប់​អារម្មណ៍​​ពី​​ក្រុមហ៊ុន​​ហេង​​អភិវឌ្ឍន៍ គាត់​​​អញ្ជើញ​​​ខ្ញុំ​​​មក​​​ដើម្បី​​​សហការ​ដើម្បី​​​បង្កើត​​​ជា​​​រោងចក្រ​ផលិត​​រថយន្ត​​នៅ​ស្រុក​​ខ្មែរ»។

លោក ញាន ផល្លឹក គឺ​ជា​ម្ចាស់​ស្ថានីយ​លាង​រថយន្ដ​​មួយ​​ក្នុង​ទីក្រុង​ភ្នំពេញ។ លោក​បាន​​យក​កន្លែង​លាង​រថយន្ដ​នេះ​ជា​កន្លែង​ផលិត​រថយន្ដ​របស់​លោកទាំង​បី​គ្រឿង​នេះ។​ លោក​មាន​​ប្រសាសន៍​​ថា នេះ​គឺ​ជា​មោទនភាព​របស់​លោក​​ ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប​។

អាជីវកម្ម​លាង​រថយន្ដ​​ជា​ទី​​ដែល​​លោក​បាន​ឃើញ​រថយន្ដ​ជា​ច្រើន​ប្រភេទ​​ក្នុង​រយ:​ពេល​​ជា​​ច្រើន​ឆ្នាំ​​មក​​នេះ​​ ដែល​ការ​ឃើញ​នេះទំនង​ជា​​ជំរុញ​ឲ្យ​ឧបនិស្ស័យរបស់​លោក​​ដែល​ស្រឡាញ់​​ផ្នែក​​គ្រឿង​​អេឡិចត្រូនិក​កាន់​តែខ្លាំង​ថែម​​ទៀត។ លោក បញ្ជាក់​ថា លោក​​មិន​​បាន​​ឆ្លង​​កាត់​​ការ​​បណ្ដុះ​​បណ្ដាល ឬ​​ការ​រៀន​​សូត្រ​​​ផ្នែក​​​អេឡិច​ត្រូនិក​​នៅ​​តាម​​សាលា​​នោះ​​ទេ​ ក៏​​ប៉ុន្ដែ​​លោក​​បាន​​ព្យាយាម​​ស្វ័យ​​សិក្សា​លក្ខណៈ​បច្ចេកទេស​​រថយន្ដ​​ផ្សេងៗ​​របស់​អតិថិជន​ដែលចូលមកស្ថានីយលាងរថយន្ដ របស់ លោក​យ៉ាង​ចិត្ត​ទុកដាក់អស់រយ:ពេលពីរឆ្នាំ មុន​នឹង​អាច​បង្កើត​រថយន្ដ​ដំបូង​របស់​លោក​នៅ​ឆ្នាំ ២០០២ ហើយ​លោក​បាន​ពង្រីក​ការ​ស្រាវជ្រាវ​របស់​លោក​ជា​បន្ដ​បន្ទាប់​បន្ថែម​ទៀត​​ដោយ​មាន ជំនួយ​ពី​​កូន​ស្រី​​របស់​​លោក​​ ដែល​​ជា​អ្នក​ជួយ​គូស​ប្លង់ និង​រូបរាង​រថ​យន្ដ។

រថយន្ដ​អង្គរ​ដែល​ដើរ​ថាមពល​អគ្គិសនី​បញ្ចេញ​ដោយ​អាគុយ​​នឹង​ក្លាយ​ជា​រថយន្ដ​​​ដំបូង​គេ​ដែល​ផលិត​នៅកម្ពុជា។​ លោក ញាន ផល្លិត​ បញ្ជាក់​​ថា​ប្រមាណ​ជា​៩០​​ភាគរយ​​នៃ​ធាតុ​ផ្គុំ​របស់​​រថយន្ត​នឹង​ត្រូវ​​ផលិត​​នៅ​កម្ពុជា ចំណែក​ឯ​១០​ភាគរយ​ទៀត​​នឹង​ត្រូវ​នាំ​មក​ពី​ទីក្រុង​ហុងកុង​ដូចជា​វត្ថុ​ធាតុ​ដើម​ផ្សំឲ្យ​ទៅ​ជា​អាគុយ​​ជាដើម។

តាម​គម្រោង​ រោងចក្រ​ផលិត​រថយន្ដអង្គរ​នេះ​នឹងត្រូវ​បាន​ស្ថាបនា​​ឡើង​នៅ​ក្នុង​​ស្រុក​​កណ្ដាល​ស្ទឹង​ ខេត្តកណ្ដាល​​ ដែល​នឹង​ប្រើ​កម្មករ​ជំហាន​ដំបូង​ប្រមាណ​ជា​៣០០នាក់ និង​អាច​ផល្លិត​រថយន្ដធុន ២កៅអី ៤កៅអី បាន​ចំនួន​ពី៥០០ ទៅ១០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ ដោយ​មាន​តំលៃ​ទាប​បំផុត​​ប្រមាណ​​ជា​៥០០០ដុល្លា​ក្នុង​មួយ​គ្រឿង។ ជំហាន​ដំបូង​ក្រុមហ៊ុន​ចម្រុះ​នឹង​ផលិត​​ត្រឹម​​តែ​ប្រភេទ​​រថយន្ត​​ធុន​​ពីរ​​កៅអី ដែល​អាច​បើកបរ​ក្នុង​ល្បឿន​៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​ប្រភេទ​បួន​កៅអី ដែល​អាច​​បើក​បរ​​ក្នុង​ល្បឿន​១២០គីឡូម៉ែត្រក្នុង​មួយ​ម៉ោង។

រថយន្ត​នេះ​នឹង​ត្រូវ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្នែក​អេឡិចត្រូនិក​យ៉ាង​ទំនើប​ដែល​​លោក​ ញាន ផល្លឹក ​ប្រើ​ប្រាស់​​លើ​រថយន្ដ​ចុង​ក្រោយ​​សេរី​ឆ្នាំ ២០១០ របស់​លោក។​ រថយន្ដ​នេះ​អាច​បើកបរ​បាន​ចំងាយ​ប្រមាណ​ជា​៥០០​គីឡូម៉ែត្រ។ ហើយ​ក្នុង​ករណី​ដែល​រថយន្ដ​ចុះ​ខ្សោយ​ថាមពល ឬ​អស់​ថាមពល​​អាគុយ​ គេ​អាច​បញ្ចូល​ភ្លើង​ឡើង​វិញ​ ដែល​នឹង​ត្រូវ​ប្រើរយ:ពេលពី៣ ទៅ ៦ម៉ោង។

លោកស្រី សៀង ចាន់ហេង អគ្គ​នាយិកា​ក្រុមហ៊ុនហេងអភិវឌ្ឍន៍ មាន​ប្រសាសន៍​ថា​ រថយន្ដ​នេះ​នឹង​មាន​​វត្តមាន​យ៉ាង​យូរបំផុត​​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១២។ លោក​ស្រី​បាន​បញ្ជាក់​ថា ​ក្រុមហ៊ុនចម្រុះ​​ជា​មួយនឹង​ក្រុមហ៊ុន​មក​ពី​ទីក្រុង​ហុងកុង​​នេះ គ្រោង​នឹង​​បង្កើន​​ដើម​​ទុន​ពី​ចំនួន​​២០ លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ដល់​ចំនួន​២០០​លាន​​ដុល្លារ​ នៅ​ពេល​ដែល​ការ​ផល្លិត​មាន​ការរីក​ចម្រើន។​ លោក​ស្រី​ ចាន់​ហេង​មាន​ប្រសាសន៍​ថា៖

«ការ​ធ្វើ​អាជីវកម្ម​រថយន្ត​នេះ​ លក់​យក​ចំណេញ​គឺ​មិន​ចំណេញ​ប៉ុន្មាន​នោះ​ទេ ពីព្រោះ​តម្លៃ​ដែល​យើង​ផលិត​ចេញ​ហើយ​ យើង​លក់​តម្លៃ​ទាប​ តែ​សំខាន់​បំផុត​គឺ​យើង​ចង់​ធ្វើ​ដូចម្តេច​ចង់​បញ្ជេញ​​ស្នាដៃ​កូន​ខ្មែរ​ឲ្យ​បរទេស ​​​និង​ពិភពលោក​គេ​ស្ងើច​ថា ខ្មែរ​យើង​ក៏​ផលិត​រថយន្ត​បាន​ប្រើ​ ហើយ​មាន​គុណភាព​ល្អ​ទៀត​ហើយ​ម្យ៉ាង​ទៀត​ថា យើង​ចង់​លើក​ស្ទួយ​ប្រទេស​ជាតិ​យើង ​ហើយនិង ចង់​រួម​ចំណែក​ជួយ​កាត់​បន្ថយភាព​ក្រីក្រ​ឲ្យ​កម្មករ​មានការងារ​ធ្វើ។

លោកញាន ផល្លឹក​និយាយ​ថា​ រថយន្ត​ប្រើ​​ថាមពល​អាគុយ​នេះ​នឹង​ផ្ដល់​​ផល​ចំណេញ​​ផ្នែក​​ថវិកា​ប្រមាណ​​៨០​ភាគរយ​បើ​ធៀប​ទៅ​នឹង​រថយន្ត​ប្រើ​ដោយ​ប្រេង​ឥន្ធន: ក្នុង​ការ​បើកបរ​ចម្ងាយ​១០០​គីឡូម៉ែត្រ​ដូចគ្នា។​ លោក​អះអាង​ថា ក្នុង​រយ:​ចម្ងាយ​១០០គីឡូម៉ែត្រ រថយន្ដ​នេះ​នឹង​ប្រើ​ថាមពល​អគ្គិសនី​​អស់​៧​គីឡូវ៉ាត់​ ឬ​ប្រមាណ​ជា​២ដុល្លារ​អាមេរិក ​តែ​​ឡានដែល​​ប្រើ​ប្រេង​ឥន្ធនៈ ត្រូវ​ចំណាយយ៉ាង​ហោច​ណាស់​ក៏​១០ដុល្លារដែរ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ បញ្ហា​ប្រឈម​មួយ​សម្រាប់​រថយន្ដ​នេះ​​ គឺ​​កម្ពុជា​​​មាន​​បណ្ដាញ​​អគ្គិសនី​​គ្រប​ដណ្ដប់​​នៅ​​ទូទាំង​​ប្រទេស​​ទើប​​តែ​​បាន​​ប្រមាណ​​ជាង​​​២០​ភាគរយ​តែប៉ុណ្ណោះ ដូច្នេះ​​ការ​​ស្វែង​រក​ការ​បញ្ចូល​ភ្លើង​នៅ​ពេល​ដែល​ថាមពល​អាគុយ​រថយន្ដ​ចុះ​ខ្សោយ​​នឹង​ក្លាយ​ជា​កង្វល់​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​។

លោក ញាន ផល្លឹក​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​អនាគត​ក្រុមហ៊ុន​នឹង​បង្កើត​​ស្ថានីយ៍​​​បញ្ចូល​អាគុយ​នៅ​គ្រប់​កន្លែង។

កម្ពុជា​គឺ​ជា​ប្រទេសត្រូវ​គេមើល​ឃើញ​ថា តម្លៃ​ប្រេង​ឥន្ធន:​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង និង​​មាន​ការ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស។

លោក អ៊ិត ប្រាង រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ បង្កើត​រោង​ចក្រ​ផលិត​រថយន្ដ​ថា រថយន្ដ​ប្រើ​ថាមពលអគ្គិសនី នឹង​ជួយ​ដល់​ការ​បន្សុត​​បរិដ្ឋាន​ រួម​ទាំង​សម​ស្រប​តាម​ស្ថានភាព​ចរាចណ៍​នៅកម្ពុជា​ទៀត​ផង៕

This posting includes an audio/video/photo media file: Download Now

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​មាន​ព័ត៌មាន​បន្ថែម​លើ​គេហទំព័រ​ថ្មី​ស្តី​ពី​ឥន្ធនៈ​

Posted: 25 Mar 2011 03:59 PM PDT

អាជ្ញាធរ​ប្រេងកាត​កម្ពុជា​បាន​បង្កើត​គេហទំព័រ​ថ្មី​មួយ​សំដៅ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​ដល់​សាធារណៈជន​អំពី​ការ​វិវឌ្ឍ​ប្រេង​ ឧស្ម័ន​ និង​រ៉ែ​នៅ​កម្ពុជា។​ គេហទំព័រ​ថ្មី​ http://www.cnpa-cambodia.com/ ​របស់​អាជ្ញាធរ​ប្រេងកាត​កម្ពុជា​បាន​រួម​បញ្ចូល​ព័ត៌មាន​អំពី​ការវិវឌ្ឍ ​ប្រេង​ ឧស្ម័ន​ និង​រ៉ែ​នៅ​កម្ពុជា​ និង​ភ្ជាប់ទៅ​គេហទំព័រ​ជាច្រើន​ទៀត​ដូចជាគេហទំព័រ​ http://www.crrt-cambodia.org/ ​របស់​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​ច្បាប់​ ការ​បង្កើត​គោលនយោបាយ​ និង​ច្បាប់​ និង​ការ​បង្កើត​ឱ្យ​មាន​ឱកាស​ការងារ​សម្រាប់​ប្រជាពល​រដ្ឋ​ខ្មែរ។

លោក​ម៉ម​ សម្បត្តិ ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ បាន​បញ្ជាក់​ថា​ ការ​ភ្ជាប់​គេហទំព័រ​របស់​សម្ព័ន្ធភាព​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ទៅ​គេហទំព័រ​របស់​អាជ្ញាធរ​ប្រេងកាត​កម្ពុជា​នេះ​គឺជា​សញ្ញា​ដ៏​ល្អ​ និង​ជា​ការ​ចំណុច​ចាប់ផ្តើម​មួយ​ក្នុង​ការ​ធ្វើការ​ជាមួយ​គ្នា​ ដើម្បី​ធានា​តម្លាភាព ​និង​គណនេយ្យភាព​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ។​ លោក​ម៉ម​ សម្បត្តិ ​បាន​បន្ថែម​ថា លោក​សូម​ឱ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ព័ត៌មាន​លំអិត​អំពី​ប្រេង​ ឧស្ម័ន​ និង​រ៉ែ​ ដោយសារ​វិស័យ​នេះ​ គឺ​មាន​សារសំខាន់​ចំពោះ​សាធារណជន ​និង​សង្គម​ស៊ីវិល ​ដើម្បី​ជ្រួតជ្រាប​ និង​ទទួល​បាន​ព័ត៌មាន​ទាំងឡាយណា​ដែល​ទាក់ទង​នឹង​វិស័យ​នេះ។

សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​បាន​កោត​សរសើរ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​បោះ​ជំហ៊ាន​ដ៏​សំខាន់​ទៅលើ​ការ​ពង្រឹង​តម្លាភាព​លើ​ការ​រាយការណ៍​លម្អិត​ដែល​ទាក់ទងនឹង​ក្រុមហ៊ុន​ប្រេង​ ឧស្ម័ន​ និង​រ៉ែ​ នៅកម្ពុជា។​ ប៉ុន្តែ​រដ្ឋាភិបាល​គួរតែ​បង្កើន​ កិច្ច​ប្រឹងប្រែង​ដើម្បី​ផ្សព្វផ្សាយ​ចំណូល​ និង​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​លើ​វិស័យ​នេះ​ឱ្យ​មាន​ភាព​ច្បាស់លាស់​ជូន​សាធារណជន​ខ្មែរ។

លោក​ប៊ុន​ ឆៃ​ តំណាង​ក្រុមហ៊ុន​រុករក​ប្រេង​ Metco ​ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ បាន​ថ្លែង​ថា​គេហទំព័រ​ថ្មី​នេះ​ជា​ជំហ៊ាន​វិជ្ជមាន​សម្រាប់​ការ​បើក​ព័ត៌មាន​ទូលំ​ទូលាយ​ និង​តម្លាភាព​ ក្នុង​ការ​លើក​ទឹកចិត្ត​ដល់​អ្នកវិនិយោគ​ផ្នែក​ប្រេង​ ឧស្ម័ន​ និង​រ៉ែ ឱ្យមក​វិនិយោគ​នៅ​កម្ពុជា។ លោក​ថ្លែង​ដូច្នេះ​ថា៖

«ខ្ញុំ​យល់​ថា​ វា (ការ​បង្កើត​គេហទំព័រ​ថ្មី​)​ ជា​ការផ្តល់​ឱកាស​មួយ​ដល់​ក្រុមហ៊ុន​ផ្សេង​ៗ​ដែល​ចង់​មក​វិនិយោគទុន​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​រ៉ែ ប្រេង​ និង​ហ្គាស។ ការបង្កើត​គេហទំព័រ​ថ្មី​នេះ​ជា​មធ្យោបាយ​ដ៏សំខាន់​មួយ​សម្រាប់​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នកវិនិយោគទុន​ដែល​ចង់​មក​វិនិយោគទុន​នៅ​កម្ពុជា។ វា​ជា​ព័ត៌មាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគទុន​ចាប់អារម្មណ៍»។

លោក​ព្រំ​ ដាធី​ ម្ចាស់​ស្ថានីយ​ប្រេងសាំង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​បាន​និយាយ​ថា​ គេហទ័ព័រ​នេះ​គ្រាន់​តែ​ជា​ការបង្ហាញ​ផ្លូវ​សម្រាប់​អ្នក​វិនិយោគ​ផ្នែក​ប្រេង​ និង​ឧស្ម័ន​ដែល​មាន​បំណងចង​មក​វិនិយោគ​ក្នុង​វិស័យ​នេះ។​ ប៉ុន្តែ​វា​មិន​អាច​ជួយ​ទាក់ទាញ ​ឬលើក​ទឹកចិត្ត​អ្នកវិនិយោគ​ទេ។

លោក​បាន​បន្ត​ថា វិធី​ប្រសើរ​បំផុត​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​គឺ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ ដើម្បី​ធានា​ឱ្យបាន​នូវ​ឱកាស​ ស្មើគ្នា​ និង​តម្លាភាព។ ​ប៉ុន្តែ​ឥឡូវនេះ​ យើង​មិន​អាច​និយាយ​បាន​ថា គេហទំព័រ​នេះ​បង្ហាញ​ពី​តម្លាភាព​នៅក្នុង​ការ​ធ្វើ​អាជីវកម្ម​ប្រេង​​និង​ឧស្ម័ននោះ​ទេ។

គេហទំព័រ​ថ្មី​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ និង​ការ​ធ្វើ​ឱ្យប្រសើរ​ឡើង​ដោយ​អាជ្ញាធរ​ប្រេងកាត​កម្ពុជា​បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​ក្រុមហ៊ុន​ប្រេង​ CHEVRON​ ដ៏ធំ​របស់​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​បើក​ការិយាល័យ​អចិន្ត្រៃយ៍​នៅ​កម្ពុជា​នៅ​ក្នុង​ខែ​ឧសភា។ មន្ត្រី​រដ្ឋាភិបាល​បាន​ស្វាគមន៍​ចំពោះ​ការ​បើក​ការិយាល័យ​នេះ។

សេចក្តីថ្លែងការណ៏​ថ្មី​ៗ​របស់​ក្រុមហ៊ុន​ CHEVRON​ បាន​អះអាង​ថា សេចក្តីសម្រេច​កាវិនិយោគ​នៅ​ឈូង​សមុទ្រ​ប្លុក​ A​ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​នេះ។​ ការអនុញ្ញាត​ឱ្យ​ដំណើរ​ការ​ផលិតកម្ម​រយៈពេល​៣០​ឆ្នាំ​គ្រោង​នឹង​យល់ព្រម​ដោយ​រដ្ឋាភិបាល​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១១។ មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា កម្ពុជា​សង្ឃឹម​ថា នឹង​បាន​ឃើញ​ដំណក់​ប្រេង​លើក​ទី១​នៅ​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១២៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!