VOA News: ព័ត៌មាន: “អតីត​សមាជិក​សភា​គណបក្ស​សម​រង្ស៊ី​​ ចូល​គណបក្ស​សិទ្ធិមនុស្ស” plus 3 more

VOA News: ព័ត៌មាន: “អតីត​សមាជិក​សភា​គណបក្ស​សម​រង្ស៊ី​​ ចូល​គណបក្ស​សិទ្ធិមនុស្ស” plus 3 more


អតីត​សមាជិក​សភា​គណបក្ស​សម​រង្ស៊ី​​ ចូល​គណបក្ស​សិទ្ធិមនុស្ស

Posted: 23 Mar 2011 02:41 PM PDT

នៅ​ថ្ងៃ​ពុធ​នេះ​ លោក ម៉ៅ មុនីវណ្ណ​ អតីត​សមាជិក​សភា​តំណារាស្រ្ត​ខាង​គណបក្ស​សម រង្ស៊ី និង​សមាជិក​គណបក្ស​សម រង្ស៊ី​ សំខាន់ៗ​ចំនួន​ជាង​១០​រូប​ផ្សេង​ទៀត ​បាន​ប្រកាស​ជា​សាធារណៈ​ថា​ លោក​នឹង​ចុះ​ចូល​ជាមួយ​គណបក្ស​សិទ្ឋិមនុស្ស​របស់​លោក​ កឹម សុខា​ បន្ទាប់ពី​លោក​បរាជ័យ​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ផ្ទៃ​ក្នុង​របស់​គណបក្ស​សម រង្ស៊ី។​ ការ​ប្រកាស​ចុះ​ចូល​នេះ​បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​បាន​លា​ឈប់​ពី​សមាជិក​សភា​តំណាងរាស្ត្រ​ខាង​គណបក្ស​សម រង្ស៊ី ​មណ្ឌល​កំពង់ចាម។

ថ្លែង​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​នៅ​មុខ​អគារ​រដ្ឋសភា​ជាតិ ​លោក​បាន​មាន​ប្រសាសន៍​ថា​ ការ​ចាក​ចេញ​របស់​លោក​នេះ​ គឹ​ដើម្បី​ចង់​ដាក់​សម្ពាធ​ដល់​គណបក្ស​ សម រង្ស៊ី ​ឲ្យ​រូប​រួម​ជាមួយ​ និង​គណបក្ស​ដែល​ប្រកាន់​និន្នាការ​ប្រជាធិបតេយ្យ​ដូចគ្នា។

លោក​ម៉ៅ មុនីវណ្ណ ​បាន​មានប្រសាសន៍​ទៀតថា​ គណបក្ស​សិទ្ឋិ​មនុស្ស​មាន​គោលការណ៍​ និង​ប្រព័ន្ឋ​ដឹកនាំ​របៀប​ប្រជាធិបតេយ្យ​ជាង​គណបក្ស​សម រង្ស៊ី ។ លោក​ មុនីវណ្ណ​ថ្លែង​ថា៖

«ព្រោះ​ឥឡូវ ​ខ្ញុំ​ជាមួយ​នឹង​កម្លាំង​មូលដ្ឋាន​មក​រួម​ជាមួយ​គណបក្ស​សិទ្ឋិមនុស្ស។ បើ​មេដឹកនាំ​វៃឆ្លាត​ស្រប​ទៅ​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ត្រូវ​មក​រួម​ជាមួយ​គណបក្ស​សិទ្ឋិមនុស្ស​មក។ ទុក​ឲ្យ​ពីរ​គ្រួសារ​នៅ​ទៅ។ ពីរ​គ្រូសារនៅ​នឹង​បាន​ជើងកៅ​អ៊ី​មួយម្នាក់»។

បន្ទាប់​ពី​ធ្វើ​សន្និសីទ​ពត៌មាន លោក ម៉ៅ មុនីវណ្ណ ​ព្រមទាំង​អតីត​សមាជិក​គណបក្ស​សម រង្ស៊ី ​មួយ ចំនួន​ផ្សេង​ទៀត ​បាន​ដើរ​កាន់​បដា​ ដែល​មាន​សរសេរ​រិះគន់​គណបក្ស​សម រង្ស៊ី។

លោក​ញយ វ៉ៃ ​ជំនួយការ​របស់​លោក ម៉ៅ មុនីវណ្ណ ដែល​កំពុង​កាន់​បដា​មួយ​ផ្ទាំង​បាន​និយាយថា ​ពាក្យ​សច្ចៈធម៌ ​យុត្តិធម៌ ​លែងមាន​ន័យ​ទៀត​ហើយ​ នៅ​ក្នុង​គណបក្ស​សម រង្ស៊ី។ លោក វ៉ៃ បន្ត​ថា៖

«ផ្លាក​ហ្នឹង​បាន​ន័យ​ថា ​វា​មិនយុត្តិធម៌​ចំពោះ​ប្រជាពល​រដ្ឋ ​ដែល​ខំប្រឹង​តស៊ូ​ក្នុង​គណបក្ស​សម រង្ស៊ី ​ទាំងអស់​ចង់​បង្ហាញ​ថា​ កុំឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ជឿ​នៅ​លើ​ផ្លាក​សញ្ញា​ដែល​ថា សច្ចៈធម៌ ​យុត្តិធម៌»។

ឆ្លើយតប​ទៅនឹង​ការ​ចាក​ចេញ​នេះ លោន សុន ឆៃ ​ប្រធាន​ក្រុម​អ្នក​តំណាងរាស្រ្ត​គណបក្ស​សម រង្ស៊ី ​បាន​ប្រាប់​អង្គសន្និសីទ​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ពុធនេះ​ដែរ​ថា ​ការ​ចាក​ចេញ​នេះ​ មិន​ធ្ងន់ធ្ងរ​ពេក​ទេ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ចលនា​ចាកចេញ​កាលពី​ឆ្នាំ២០០៨ ​។ លោក​ស៊ុន ឆៃ ​បាន​មាន​ប្រសាសន៍​ទៀត​ថា គណបក្ស​សម រង្ស៊ី នឹង​មាន​វិធានការ​កែ​លម្អ​ឡើង​វិញ​បន្ទាប់ពី​ការ​ចាកចេញ​របស់​លោក​ម៉ៅ មុនីវណ្ណ។ លោក​សុន ឆៃ បន្ត​ទៀត​ថា៖

«អ្វី​ដែល​មាន​ការ​ចាក​ចេញ​ទៅ ក៏​គណបក្ស​សម រង្ស៊ី​ ថ្នាក់ដឹកនាំ​ក៏មើល​ខ្លួន​ឯងដែរ។ ខ្ញុំ​បាន ជំរុញ​ឲ្យ​ថ្នាក់​ដឹកនាំ​ចេះ​មើល​ខ្លួន​ឯង។ តើ​យើង​មាន​កំហុស​អ្វី​ខ្លះ ​ជា​ជាង​ចេះ​តែ​បន្តោស​អ្នក​ចេញ​ទៅ​ថា​ខុស​១០០ភាគរយ។ ថា​តើ​យើង​ជា​អ្នក​ដឹកនាំ​បាន​ធ្វើ​អ្វីខ្លះទេ​ ខ្វះ​ខាត​អ្វីទេ​ ដែល​នាំឲ្យ​សមាជិក​ដ៏​សំខាន់ បែប​ហ្នឹង​ត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​គណបក្ស​ទៅ»។

លោក​កឹម សុខា ​ប្រធាន​គណបក្ស​សិទ្ឋិមនុស្ស​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​ចូល​រួម​របស់​អតីត សមាជិក​សភា​តំណាងរាស្រ្ត​ខាង​គណបក្ស​សម រង្ស៊ី។ លោក​កឹម សុខា​ បាន​មាន​ប្រសាសន៍​ទៀតថា​ លោក​នឹង​ស្នើ​សុំ​ទៅ​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​នៅ​ថ្ងៃ​ទី​០៨​ខាង​មុខ​នេះ​ដើម្បី​ឲ្យ​លោក​ម៉ៅ​មុនីវណ្ណ​ ចូល​ជា​សមាជិក​គណកម្មាធិការ​នាយក​អនុប្រធាន​គណកម្មាធិការ​នាយក ​និង​ទីបី​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​សិទ្ឋិមនុស្ស​ប្រចាំ​ខេត្ត​កំពង់ចាម។ លោក​កឹម សុខា ​បាន​មាន​ប្រសាសន៍​ទៀតថា ​លោក​សង្ឃឹម​ថា​ សំឡេង​ឆ្នោត​របស់​គណបក្ស​សិទ្ឋិ មនុស្ស​នឹង​កើន​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់ចាម។ លោក សុខា​និយាយ​ថា៖

«ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ ដែល​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ ​ចង់​ឲ្យ​ឈ្នះ​គណបក្ស​កាន់​អំណាច បច្ចុប្បន្ន​ដើម្បី​កែ​ទម្រង់​ប្រទេស​ជាតិយើង​ដើម្បី​ធានា​អធិបតេយ្យភាព​បូរណភាព​ទឹកដី។ យើង​ត្រូវតែ​រួប រួមគ្នា​ឲ្យបាន។ ហើយ​រួមគ្នា ប្រសិន​ជា​មេដឹកនាំ​ជាប់​ជំពាក់រឿង​អ្វី​រក​មិន​បាន ​យើង​ខ្ញុំ គណបក្ស​យើង​ខ្ញុំ​ សូម​អំពាវនាវ​ស្វាគមន៍​ដើម្បី​រួម​នៅ​ក្នុង​ប្រព័ន្ឋ​ប្រជាធិបតេយ្យ»។

ការ​ចាក​ចេញ​របស់​មន្រ្តី​គណបក្ស​សម រង្ស៊ី​ នេះ ​បាន​កើត​មានឡើង ​បន្ទាប់ពី​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សម រង្ស៊ី ​ត្រូវ​បាន​រដ្ឋសភា​បាន​ប្រកាស​លុប​ឈ្មោះ​ចេញពី​បញ្ជី​សមាជិក​សភា​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កំពង់ចាម ​បន្ទាប់​ពី​តុលាការ​កំពូល ​បាន​កាត់ទោស​ឲ្យ​លោក​សម រង្ស៊ី ​ជាប់​ពន្ឋនាគារ​ រយៈពេល​ពីរ​ឆ្នាំ ​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ ​រវាង​កម្ពុជា ​និង​វៀតណាម​ និង​ញុះញ៉ុង​ឲ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍ ៕

This posting includes an audio/video/photo media file: Download Now

កម្ពុជា​បញ្ជាក់​ថា​បេសកកម្ម​របស់​អាស៊ាន​គឺ​ផ្តោត​តែ​លើ​ការ​ឈប់​បាញ់​គ្នា​ទេ

Posted: 23 Mar 2011 02:25 PM PDT

ប្រទេស​កម្ពុជា​អះអាង​ថា​បេសក​កម្ម​អ្នក​សង្កេត​ការណ៍​អាស៊ាន​នៅ​តំបន់​ជម្លោះ​មិន​ទាក់​ទិន​គ្នា​នឹង​បញ្ហា​វិវាទ​ព្រំដែន​ទេ​ នៅ​ក្រោយ​ពេល​ដែល​ប្រទេស​ថៃ​បាន​ អះអាង​ថា​ចំណុច​មិន​ទាន់​ព្រម​ព្រៀង​គ្នា​គឺ​ទាក់​ទិន​នឹង​ទំហំ​នៃ​ការ​ត្រួត​ពិនិត្យ​របស់​អ្នក​សង្កេត​ការណ៍​​និង​ទី​កន្លែង​ណា​ដែល​អ្នក​សង្កេត​ការណ៍​ត្រូវ​ដាក់​ពង្រាយ។

លោក​ទេស​រដ្ឋ​មន្ត្រី​ វ៉ា​ គឹមហុង​ ប្រធាន​គណៈ​កម្មា​ធិការ​ព្រំដែន​កម្ពុជា​​បាន​អះអាង​ឲ្យ​ដឹង​ថា៖​ ការ​ដាក់​អ្នក​សង្កេត​ការណ៍​តាម​គោល​ការណ៍​ដែល​បាន​ព្រមព្រៀង​គ្នា​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ជា​បញ្ហា​ផ្សេង​មួយ​ពី​បញ្ហា​រក​ដំណោះ​ស្រាយ​រឿង​វិវាទ​ព្រំ​ដែន​រវាង​កម្ពុជា​និង​ថៃ។

«អ្នក​សង្កេត​ការណ៍​ឥណ្ឌូ​នេស៊ី​មិន​មែន​គាត់​មក​រឿង​រក​ដំណោះ​ស្រាយ​រឿង​ព្រំដែន​ទេ​គាត់​មក​តែ​រឿង​ផ្នែក​ខាង​សង្កេត​ការណ៍​រឿង​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍»។

ក្រោយ​ពី​លើក​ពេល​ប្រជុំ​ម្តង​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៤​ និង​ថ្ងៃ​ទី​២៥​ខែ​មិនា​ ភាគី​ថៃ​និង​កម្ពុជា​បាន​ព្រមព្រៀង​ជា​ថ្មី​ថា​នឹង​ជួប​ប្រជុំ​គណៈ​កម្មា​ធិការ​ព្រំដែន​ទាំង​ពីរ​របស់​ខ្លួន​ តាម​សំណើ​និង​ការ​រៀបចំ​របស់​ឥណ្ឌូ​នេស៊ី​ ជា​ប្រធាន​ប្តូរ​វេន​​របស់​អាស៊ាន​​ឆ្នាំ​នេះ​នៅ​ថ្ងៃ​ទី​៧​និង​ថ្ងៃ​ទី​៨ខែ​មេសា​ក្នុង​ទី​ក្រុង​បូហ្គ័រ​ប្រទេស​ឥណ្ឌូនេស៊ី​ ដើម្បី​ពិភាក្សា​គ្នា​អំពី​ការបញ្ជូន​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន​ជាង​៣០​នាក់​មក​កាន់​ប្រទេស​ទាំង​ពីរ​ ម្ខាង​ពាក់​កណ្តាល​ ដើម្បី​ធានា​កិច្ច​ឈប់​បាញ់​គ្នា​ជា​ស្ថាពរ​តាម​អ្វី​ដែល​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អសប​និង​អាស៊ាន​ ប្រាថ្នា​ចង់​បាន។

ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ​ ថានី​ ថោង​ភក្ឌី​បាន​ប្រាប់​ VOA​ ខ្មែរ​ កាល​​ពី​សប្តាហ៍​ថ្មីៗ​ថា​ចំណុច​ចុង​ក្រោយ​មួយ​ដែល​តម្រូវ​ឲ្យ​​មាន​ការ​ជជែក​គ្នា​រវាង​ប្រទេស​​ទាំង​ពីរ​គឺ​ទំហំ​នៃ​ការ​ត្រួត​ពិនិត្យ​របស់​អ្នក​សង្កេត​ការណ៍​និង​ទី​កន្លែង​ណា​ដែល​​អ្នក​សង្កេត​ការណ៍​ត្រូវ​ដាក់​ពង្រាយ។

ថ្លែង​ប្រាប់​ VOA ​ខ្មែរ​កាល​ពី​ថ្ងៃ​អង្គារ​លោក​ វ៉ា ​គឹមហុង​ បាន​បញ្ជាក់​ថា​តាម​សំណើ របស់​ឥណ្ឌូ​នេស៊ី​ដែល​ត្រូវ​ការ​ព័ត៌មាន​ស្តីពី​ទីតាំង​របស់​អ្នក​សង្កេត​ការណ៍​នោះ​ កម្ពុជា​បាន​ស្នើ​ដល់​ឥណ្ឌូ​នេស៊ី​ នូវ​ទី​តាំង​ចំនួន​១៥​នៅ​ឯ​តំបន់​ជម្លោះ​ប្រដាប់​អាវុធ​ ក្បែរ​ប្រាសាទ​ព្រះវិហារ​ សម្រាប់​ដាក់​អ្នក​សង្កេត​ការណ៍។

«យើង​អត់​មាន​លាក់​ទេ​ យើង​ចង់​ឲ្យ​គេ​មិន​ត្រួត​ពិនិត្យ​ទាំង​អស់​ កន្លែង​ណា​ក៏​បាន ដែរ​ តែ​ថៃ​ទេ​ ម៉េច​ក៏​មិន​ឆ្លើយ​ទៅ។​ លោក​ថា​ទេ​កម្ពុជា​ឈ្លាន​លោក​ លោក​ឆ្លើយ មក​ថា​ចង់​បន្ថែម​ត្រង់​នេះ​ទៀត​ ខ្វះ​ត្រង់​នេះ​ទៀត​ចង់​ដាក់​ត្រង់​នោះ​ មាន​អ្វី​ចម្លែក​កម្ពុជា​សុំ​ដាក់​១៥​ចំណុច​ហើយ​កម្ពុជា​ឲ្យ​លទ្ធភាព​ទៀត​ បើ​ថា​ឥណ្ឌូ​នេស៊ី ចង់​បន្ថែម​ទៀត​យើង​ស្វាគមន៍​ទៅ​ទៀត​ អស់​ប៉ុណ្ណឹង​ យើង​អត់​មាន​អី​ ព្រោះ​យើង​ជា​មនុស្ស​ត្រង់​ មនុស្ស​អត់​មាន​កំហុស​យើង​តែង​តែ​បើក​ទ្វារ​ចំហ​ជា​ដរាប​ វា​អត់ មាន​អី​លាក់​លៀម​ទេ​បាទ»។

លោក​ វ៉ា ​គឹមហុង​រិះ​គន់​ភាគី​ថៃ​ថា​មិន​បាន​ឆ្លើយ​តប​ពី​រឿង​បែប​បទ​ការងារ​ទៅ​កាន់​​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ឡើយ​ទេ។​ តែ​ លោក​ម៉ៃខល​ ធែនី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ឥណ្ឌូ​នេស៊ី​បញ្ជាក់​ជា​ថ្មី​កាល​ពី​ថ្ងៃ​អង្គារ​ថា​ភាគី​ទាំង​ពីរ​កម្ពុជា និង​ថៃ​ ​មាន​ការ​ជឿន​លឿន​ទៅ​មុខ​ ទាក់​ទង​នឹង​បែប​បទ​ការងារ។​ កាល​ពី​សប្តាហ៍​ថ្មីៗ​លោក​ ម៉ៃខល​បាន​បញ្ជាក់​ថា​មាន​តែ​មួយ​ចំណុច​ប៉ុណ្ណោះ​ដែល​ភាគី​ទាំង​ពីរ​នៅ​មិន​ទាន់​ព្រម​ព្រៀង​គ្នា។​ តែ​លោក​ សង្ឃឹម​ថា​ភាគី​ទាំង​ពីរ​នឹង​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​គ្នា​ពេល​គណៈ​កម្មាធិការ​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​៧​ថ្ងៃ​ទី​៨​ ខែ​មេសា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក្រុម​មន្ត្រី​កម្ពុជា​សម្តែង​ការភ្ញាក់​ផ្អើល​ខ្លះៗ​នៅ​ពេល បាន​ទទួល​ព័ត៌មាន​តាម​បណ្តាញ​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​របស់​ថៃ​ដែល​បាន​ដក​ស្រង់​សំដី​អគ្គ​មេបញ្ជាការ​យោធា​ថៃ​ ប្រយុទ្ធ​ ចាន់​អូចា មក​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ​ថា​ យោធា​ថៃ​នៃ​គណៈ​កម្មាធិការ​ព្រំដែន​ GBC​ នឹង​មិន​ទៅ​ប្រជុំ​នៅ​ប្រទេស​ទី​បី​ទេ​ ដោយ​បញ្ជាក់​ ថា​ថៃ​ចង់​ប្រជុំ​ទ្វេ​ភាគី​ជា​មួយ​កម្ពុជា​ដែល​បរទេស​មិន​គួរ​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​នៃ​ប្រទេស​ទាំង​ពីរ។

លោក​ឧប​នាយក​រដ្ឋមន្ត្រី​ទៀ​ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ដែល​ត្រូវ​ចូល​រួម​ប្រជុំ​ជា​មួយ​សម​ភាគី​ថៃ​របស់​លោក​ ប្រាវីឌ​ វង្សាវណ្ណ​ បាន​អះអាង​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ថា​ លោក​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន​ផ្លូវ​ការ​ទេ​ ហើយ​ដំណឹង​ដែល​ថៃ​មិន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ ​GBC​ នោះ​គ្រាន់​តែ​ជា​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​ តែ​លោក​ថ្លែង​ថា​ជា​រឿង​លឿន​ពេក​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ។

«ឥឡូវ​ដំណឹង​ហ្នឹង​ដំណឹង​វា​ទើប​តែ​ (កើតឡើង)​ អម្បាញ់​មិញ​នេះ​សោះ ​ដូច្នេះ​ត្រូវ​តែ​ឲ្យ​វា​ជាក់​លាក់​បន្តិច​សិន​ មុន​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ច្រើន»។

លោក​ទៀ បាញ់​ អះអាង​ថា​កម្ពុជា​នឹង​នៅ​តែ​ត្រៀម​ទៅ​កាន់​កិច្ចប្រជុំ​ក្រោម​ការ​រៀបចំ​របស់​ឥណ្ឌូនេស៊ី​ដដែល។

ទាំង​លោក ​វ៉ា ​គឹមហុង​និង​ លោក​ កុយ​ គួង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​អះអាង​កាល​ពី​ថ្ងៃ​អង្គារ​ថា​កម្ពុជា​កំពុង​រង់​ចាំ​មើល​ការ​ជូន​ដំណឹង​ជា​ផ្លូវ​ការ​ពី​ឥណ្ឌូ​នេស៊ី​ ដែល​បាន​ជូន​ដំណឹង​ថា​ភាគី​ទាំង​អស់​នឹង​ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​ទី​៧​ទី​៨​​ខែ​មេសា​ ទោះ​ជា​មាន​ដំណឹង​តាម​រយៈ​កាសែត​បាង​កក ប៉ុស្តិ៍​ដែល​ផ្សាយ​ថា​ក្រុម​យោធា​ថៃ​មិន​ចូល​រួម​កិច្ច​ប្រជុំ​ក្តី។

«ខាង​ព័ត៌មាន​ពី​ភាគី​ឥណ្ឌូ​នេស៊ី​យើង​អត់​ទាន់​បាន​ទទួល​ទេ​ តែ​ក្នុង​បាង​កក​ប៉ុស្តិ៍ ល្ងាច​នេះ​ខ្ញុំ​គ្រាន់​តែ​ឃើញ​ថា​ ប្រយុទ្ធ​ ចាន់អ៊ូចា ​និង​ប្រាវីឌ​ វង្សា​វណ្ណ ​ហ្នឹង​គេ​បញ្ជាក់​ថា​ គេ​អត់​ទៅ​ចូល​រួម​ទេ​ក្នុង​កិច្ច​ប្រជុំ ​GBC​ (គណៈ​កម្មការ​ ព្រំដែន​ទូទៅ ហ្នឹង)»។

លោក​ កុយ​ គួង ​បាន​បន្ថែម​ថា​ លោក​​មិន​ទាន់​មាន​ព័ត៌មាន​ពី​ខាង​គណៈ​កម្មការ​ព្រំដែន​ការ​បរទេស​របស់​ថៃ​ JBC​ និង​មាន​ជំហរ​យ៉ាង​ណា​ទេ។ ក្រុម​មន្ត្រី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ​ពុំអាច​ទាក់ទង​បាន​ទេ​កាលពី​ថ្ងៃអង្គារ។ តែ​លោក​ម៉ៃខល ​ធែនេ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ ឥណ្ឌូ​នេស៊ី​បាន​ អះ​អាង​ថា ​លោក ​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន​ជា​ផ្លូវការ​ណា​មួយ​ពី​ ភាគី​ថៃ​ដែរ​អំពី​ការ​មិន​ចូលរួម​ប្រជុំ​នោះ​ ដូច្នេះ​លោក​ពុំ​អាច​ផ្តល់​អត្ថាធិប្បាយ​អ្វី​បាន​ទេ។

«តាម​អ្វី​ដែល​ខ្ញុំ​ដឹង​វិញ​គឺ​ថា​មក​ទល់​ពេល​នេះ​ មិន​មាន​ទំនាក់​ទំនង​ពី​រដ្ឋាភិបាល​ពាក់​ព័ន្ធ​​អំពី​រឿង​នេះ​ទេ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គេ​បាន​ដឹង​ថា​រដ្ឋា​ភិបាល​របស់​លោក ​អាប់ភីស៊ីត​ វីចាជីវ៉ា​ ទទួល​រង​នូវ​ការ​ស្តី​បន្ទោស​ពី​សមាជិក​សភា​ថៃ​យ៉ាង​ធ្ងន់​ធ្ងរ​អំពី​អសមត្ថភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​បញ្ហា​ប្រាសាទ​ព្រះវិហារ​ជា​មួយ​កម្ពុជា​ ហើយ​និង​បំផុស​គំនិត​ជាតិនិយម​ជ្រុល​ ក្រៅ​ពី​បង្ក​ឲ្យ​មាន​អរិភាព​រវាង​ថៃ​និង​កម្ពុជា។​ តែ​នៅ​ក្នុង​សម្រង់​ព័ត៌មាន​លើ​គេហ​ទំព័រ​របស់​រដ្ឋា​ភិបាល​ថៃ​ លោក​ នាយករដ្ឋមន្ត្រី​ អាប់ភីស៊ីត​ បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​រដ្ឋាភិបាល​មុន។

កង​ទ័ព​នៃ​ប្រទេស​កម្ពុជា​និង​ថៃ​​ធ្លាប់​វាយ​ប្រយុទ្ធ​៤​ថ្ងៃ​ជាប់​គ្នា​កាល​ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​៧​ខែ​កុម្ភៈ​នៅ​ក្បែរ​តំបន់​ប្រាសាទ​ ព្រះវិហារ​ ដោយ​សារ​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​រឿង​រំលោភ​បំពាន​បូរណភាព​ទឹក​ដី​។ កងទ័ព​ទាំង​ពីរ​ប្រទេស​ កំពុង​បន្ត​ភាព​តាន​តឹង​នៅ​ឡើយ​ ដែល​តម្រូវ​ឲ្យ​មាន​វត្តមាន​ក្រុម​អ្នក​សង្កេតការណ៍​ ដើម្បីជា​ការ​ធានា​ដល់​សន្តិភាព​ហើយ​បើក​ផ្លូវ​ឲ្យ​ថៃ​និង​កម្ពុជា​បន្ត​ចរចា​ដោះស្រាយ​រឿង​វិវាទ​ព្រំដែន៕

This posting includes an audio/video/photo media file: Download Now

រដ្ឋសភា​បើក​សម័យ​ប្រជុំដើម្បី​ធើ្វ​វិសោធនកម្ម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ

Posted: 23 Mar 2011 12:05 PM PDT

នៅថ្ងៃពុធនេះ រដ្ឋសភា​នឹង​អនុម័ត​ការ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយចំនួន​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ ដើម្បី​ជំរុញ​ប្រសិទ្ធិភាព​ការងារ​របស់​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ។

ការធ្វើ​វិសោធនកម្ម​នេះ​ សំដៅ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ ដើម្បី​តែងតាំង និង​ផ្លាស់ប្តូរ​មន្ត្រី​នៅ​ក្រោម​នាយកដ្ឋាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ បង្វែរ​ថវិកា​របស់ ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ដែល​បច្ចុប្បន្ន​នៅ​ក្រោម​ទីស្តីការ​គណៈរដ្ឋមន្ត្រី មក​ជា​ថវិកាជាតិ​វិញ​ និង លុបចោល​មាត្រា​៥៧​ដែល​រាំងស្ទះ​ដល់​ការអនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ។

មាត្រា​៥៧​បាន​ចែងថា បទល្មើស​ពុករលួយ​ និង​ទោស​មាន​អានុភាព​អនុវត្ត​ក្នុង​រយៈពេល​១២ខែ ​បន្ទាប់​ពី​ក្រម​ព្រហ្មទណ្ឌ​ត្រូវ​បាន​អនុវត្ត​ទាំងស្រុង។ បទល្មើស​ពុករលួយ​ត្រូវ​បាន​ចែង​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ ដែល​បាន​ចូល​ជា​ធរមាន​នៅ​ក្នុង​ខែធ្នូ​ ឆ្នាំ២០១០។

លោក ស៊ិច ប៊ុនហុក​ អនុប្រធានគណៈ​កម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​ដែល​ជា​អ្នក​ត្រួតពិនិត្យ​មើល​ការធ្វើ​វិសោធនកម្ម​នេះ បាន​ថ្លែង​ប្រាប់​វីអូអេ​ខ្មែរ​ថា ​ការ​ធ្វើ​វិសោធនកម្ម​នេះ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ជំរុញ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ឱ្យ​មាន​ប្រសិទ្ធិភាព​ និង​ទាន់​ពេល​វេលា។ លោក​ប៊ុនហុក​បន្ត​ថា៖

«ជារួម ការ​ធ្វើ​វិសោធនកម្ម​មាត្រា​ទាំងបី​នេះ​នឹង​ធ្វើ​ឱ្យ​ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ក្រុម​ប្រឹក្សា​ប្រឆាំង​អំពើ​ពុករលួយ​កាន់​តែ​មាន​ប្រសិទ្ធិភាព ដោយសារ​តែ​ថវិកា​មិន​ពិបាក​ និង​ពេលវេលា​យើង​អនុវត្ត​បាន​ភ្លាម តែ​ម្តង​ជាពិសេស​ទោសបញ្ញត្តិ​ចែង​នៅ​ក្នុង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ។ យើង​រៀបចំ​ធ្វើ​វិសោធនកម្ម មាត្រា​បី​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នេះ ​ដើម្បី​ជំរុញ​ការងារ​ឱ្យ​មាន​ប្រសិទ្ធិភាព»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងហេតុ​ជូន​រដ្ឋសភា​ថា​ ការ​ធ្វើ​វិសោធនកម្ម​ លើ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើពុក​រលួយ​នេះ​​សំដៅ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ចាំបាច់​នៃ​ការអនុវត្ត​ច្បាប់​នេះ​ឱ្យមាន​ប្រសិទ្ធិភាព​ និង​ទាន់​ពេលវេលា។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​បន្តថា ការ​ធ្វើ​វិសោធនកម្ម​នេះ​ផ្តោត​ជាសំខាន់​ទៅលើ​ការ​កែ​សម្រួល​បទ​បញ្ញត្តិ​មួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើ​ពុករលួយ ​ដើម្បីឱ្យ​ការផ្តន្ទាទោស​ពី​បទ​ល្មើស​ពុករលួយ តាម​ច្បាប់​ថ្មី​នេះ​មាន​អានុភាព​អនុវត្តភ្លាមៗ​ ក្រោយ​ពី​ក្រម​ព្រហ្មទណ្ឌ​ត្រូវ​បាន​អនុវត្ត។

លោកស្រី​ម៉ម ស៊ីថា​ ប្រធាន​គណៈកម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើ​ពុករលួយ ​បា​នថ្លែងថា ការ​ធ្វើវិសោធនកម្ម​នេះ​ ជា​ជំហាន​វិជ្ជមាន​មួយ​ ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​ជាក់ស្តែង​ស្ថិត​នៅ​លើ​ឆន្ទះ​ពិត​ប្រាកដ។ លោក​ស្រី​ថ្លែង​ថា៖

«តាមពិត​ការ​អនុវត្ត​ទៅបាន ​វាទាល់តែ​គោរព​គោលការណ៍​ច្បាប់។ ប៉ុន្តែ​ការអនុវត្ត​នេះ​ទៅ​បាន និង​មាន​ប្រសិទ្ធិភាព​ទៅ​កើត អាស្រ័យ​ទៅ​លើ​ឆន្ទះ​ទៅ​វិញ»។

លោកស្រី​បាន​បន្ថែម​ថា អង្គការ​សង្គមស៊ីវិល​នឹង​តាម​ឃ្លាំមើល​ការអនុវត្ត​ច្បាប់​របស់​ស្ថាប័ន​ប្រឆាំង​អំពើពុក​រលួយ​នេះ​ បន្ទាប់​ពី​ការ​ធ្វើ​វិសោធនកម្ម។

លោក​កែវ រ៉េមី​ អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​បា​នថ្លែង​ថា ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​កំពុង​តែ​ដំណើរ​ទៅ​មុខ​យ៉ាង​រលូន ហើយ​ការ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​រដ្ឋាភិបាល​ជាប់​កាតព្វកិច្ច​ ជាង​១០០.០០០​នាក់នឹង​ឈាន​ដល់​ទីបញ្ចប់​នៅថ្ងៃ​ទី៧ ​ខែ​មេសា​ខាងមុខ​នេះ។

រហូត​មកដល់​ពេលនេះ​ មន្ត្រី​រដ្ឋាភិបាល​យ៉ាងតិច​ប្រាំមួយ​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទពុករលួយ​ ដោយ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ រួម​មាន​លោក​ឧត្តមសេនីយ៍​ឯក ​មឹក តារា ​អតីត​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​ លោក​ឧត្តមសេនីយ៍​ត្រី ហ៊ុន ហ៊ាន ​មេប៉ូលីស​ខេត្ត​បន្ទាយ​មានជ័យ​ និង​មេប៉ូលីស​រង​របស់​លោក​គឺ​លោក​ឈាង ស៊ុន នៅ​ក្នុង​ខែ​មករា​ព្រមទាំង​លោក​តុប សេរីវុឌ្ឍ ​ប្រធាន​ព្រះរាជ​អាជ្ញា​អមតុលាការ​ខេត្ត​ពោធិសាត់ អង្គរក្ស ​និង​បើកបរ​របស់​លោក​នៅក្នុង​ខែធ្នូ៕

This posting includes an audio/video/photo media file: Download Now

អ្នកនិពន្ធ​ខ្មែរ​​សិក្សា​ខាងផ្នែក​តែងនិពន្ធ​នៅសាកល​វិទ្យាល័យ​ Brown

Posted: 23 Mar 2011 08:15 AM PDT

ការទទួល​អាហាររូបករណ៏​ទៅសិក្សា​នៅបរទេស​ ជារឿង​ធម្មតា​ សម្រាប់​និស្សិត​ខ្មែរ។​ តែ​ការទទួល​អាហាររូបករណ៏​ សម្រាប់​សិក្សា​ខាងផ្នែក​តែងនិពន្ធ​​ជារឿង​ដែល​កម្រ​មានមួយ។ ​លោក ប៉ូច​ រាសី​ រាយការណ៍​ ពី​អ្នកនិពន្ធ​ខ្មែរម្នាក់​ដែលបាន​ទទួល​អាហាររូបករណ៍​ពី​សាកលវិទ្យាល័យ​Brownដ៍​ល្បី​ឈ្មោះ​ដើម្បី​សិក្សា​ផ្នែក​ការតែងនិពន្ធ​ចំនួន​មួយឆ្នាំ។ លោក ខូ តារាឫទ្ធិ​ ជាអ្នក​និពន្ធ​ខ្មែរ​ទីមួយ​ដែល​សិក្សា​នៅ​សាកល​វិទ្យាល័យ​ដ៍ល្បីឈ្មោះ​នៅ​ភាគ​ខាង​កើត​ស.រ.អា។

លោក​ ខូ តារាឫទ្ធិ​ ធ្លាប់បាន​ឆ្លងកាត់​ការលំបាក ជាច្រើន។ លោកធ្លាប់​រត់​ម៉ូតូឌុបនិងធ្វើការ​ជា​កម្មករ​សំណង់​ដើម្បី​រកប្រាក់​ចិញ្ចឹម​ជីវិត និងបន្ត​ការសិក្សា​ខាងនិពន្ធ​មុនពេល​លោក​ទទួលបាន​អាហារ​រូបករណ៍​មក​សិក្សា​នៅសាកល​វិទ្យាល័យ​Brown។ លោក​ដឹងថា​ជីវភាព​របស់​អ្នកនិពន្ធ​មាន​ការលំបាក​ក៏ប៉ុន្តែ​លោកថា​កើតមក​ជាអ្នកនិពន្ធ​លោក​មិនអាច​ផ្លាស់ប្តូរ​រឿងនេះ​បានទេ។

«បើយើង​ដុះមក​ជា​ឈូកហើយ​ យើង​មិនអាច​ប្រែក្លាយ​ទៅជាអ្វី​ផ្សេងទេ។ បើ​និយាយ​ឲ្យចំ​គឺថា​វាមាន​សារជាតិ​ពី​កំណើត​មក​ ថាយើង​និង​ធ្វើ​អញ្ចឹងណា។  ហើយ​យើង​ធ្វើហ្នឹង​មិនមែន​ដើម្បី​ គាំទ្រ​ឬ​ប្រឆាំង​និង​គណបក្ស​នយោបាយ​ណាមួយទេ។ ខ្ញុំ​គឺ​ជា​អ្នកនិពន្ធ​ឯករាជ្យ»។

ស្នាដៃ​របស់​លោក រួមមាន​ប្រលោមលោក​ខ្លីៗ​ ដូចជា​រឿង​ដែលមាន​ចំណងជើងថា "ស្តាយ" ​ដែល​ជួយដាស់តឿន​យុវជនខ្មែរ​ កុំឲ្យ​យល់ច្រឡំ​ពី​អត្ថន័យ​នៃបុណ្យ​ថ្ងៃទី​១៤​កុម្ភះ​ ឬ​ Valentine's Day ។

លោក​ តារាឫទ្ធិ​ ថ្លែងថា​ អ្នកនិពន្ធ​មានផ្លូវដើរ​ទៅរក​ជោគជ័យ​ច្រើន​ណាស់ ​ប៉ុន្តែ​លោកថា​ផ្លូវ​ទាំងនោះ​ត្រូវគេ​ត្រួសត្រាយ​រួចហើយ ។​ ដូច្នេះ​លោកថ្លែងថា​ដើម្បី​ទទួល​ជោគជ័យ​ លោក​ត្រូវ​ត្រួសត្រាយផ្លូវ​មួយ​សម្រាប់​ខ្លួនឯង។

«យើងត្រូវ​កាប់ព្រៃ​បង្កើតផ្លូវ​ខ្លួនឯងមួយ។ ខ្ញុំកំពុង​ធ្វើ​រឿងហ្នឹង។ ខ្ញុំកំពុង​សរសេរ​តាម​បែបបទ​របស់ខ្ញុំ។ ខ្ញុំឃើញបញ្ហាសង្គម​ខ្ញុំសរសេរ។ ហើយ​ការ​ដែលបាន​អាហារ​រូបករណ៏​មកសិក្សា​នៅ​ស.រ.អាមួយរយះ​ពេលហ្នឹង គឺដោយសារតែ​ការប្រឹងប្រែង​ និង​ដោយសារ​តែខ្ញុំមាន​អត្តសញ្ញាណ​ជា​អ្នកនិពន្ធ​ផងដែរ»។

ក្រៅពី​ការផ្តល់​អាហាររូបករណ៏​ សាកលវិទ្យាល័យ​ Brown ថែមទាំងបាន​រៀបចំ ជា​មហោស្រព​សេរីភាព​សរសេរ​អក្សរសិល្ប៍​អន្តរជាតិ​មួយ ចំនួន៤ថ្ងៃ​ នៅ​ពេល​ថ្មីៗនេះ​ដោយ​ផ្តោតលើ​សេរីភាព​នៃ​អក្សរសិល្ប៍​ខ្មែរ។

<!--IMAGE-->

លោក​ ខូ តារាឫទ្ធិ​ និង​អ្នកនិពន្ធ​ខ្មែរ​ឯទៀត​ បានចូលរួម​នៅក្នុង​ ការពិភាក្សា​គ្នា​អំពី​បញ្ហា​ផ្សេងៗ​ដែល​អ្នកនិពន្ធខ្មែរ​ប្រឈមមុខ​ ដូចជា​សេរីភាព​ក្នុង​ការសម្តែង​មតិ​ និង​ការសរសេរ​អំពី​បទពិសោធន៍​ របស់​ជនភៀសខ្លួន​​​​​ជាដើម។

វាគ្មិន​មាន​រួមទាំង​អ្នកស្រី កែវ​ ចាន់បូ អ្នក​និពន្ធ​មកពីរដ្ឋ​ Minnesota ​លោក ឃឿន​សំខាន់ អ្នកនិពន្ធ​មកពី​ទីក្រុង Lowell​ រដ្ឋ​Massachusetts ​លោក​ ប្រាជ្ញលី​ អ្នក​ចម្រៀង​ប្រភេទ​rap​ មកពី​ទីក្រុង Long Beach​រដ្ឋ​California ​លោក​កង​ រិទ្ធីសាល​ អ្នក​សិក្សា​ខាង​សិល្បៈខ្មែរ​ ក្នុង​កម្មវិធី Fullbright ​ព្រមទាំង​សាស្ត្រាចារ្យអង់គ្លេស Geoff Ryman ដែល​ជា​អ្នក​និពន្ធ​រឿង​ប្រលោមលោក​វិទ្យាសាស្ត្រ ​និង​អ្នកនិពន្ធ​រឿងល្ខោន​ Catherine​ Filloux ​ដែលបាន​និពន្ធ​រឿងល្ខោន​ជាច្រើន​រឿង ទាក់ទង​និង​ប្រទេស​កម្ពុជា​ និង អ្នកនិពន្ធ​បរទេស​មួយចំនួនទៀត។

លោក តារាឫទ្ធិ​ បញ្ជាក់​ថា​លោក​ជា​អ្នកនិពន្ធ​ឯករាជ្យ ​ដែលមាន​បំណង​ចង់ជួយ​លើកស្ទួយ​​អក្សរសិល្ប៍ខ្មែរ។

«រហូត​មកដល់​ដំណាក់ការ​នេះ​គឺខ្ញុំធ្វើ​ដើម្បីខ្មែរ​ដើម្បី​អក្សរសិល្ប៍ខ្មែរ​ទូទៅ។​ ខ្ញុំអត់​នៅក្នុង​ក្រុម​អ្នកនយោបាយ​ណាមួយ​ទេ។ ការដែល​ខ្ញុំ​សម្រេចចិត្ត​ធ្វើបែបនេះ គឺ​ដោយសារថា​បើសិនជា​ខ្ញុំ​ចូលទៅក្នុង​គណបក្ស​នយោបាយ​ ខ្ញុំអត់មានសេរីភាព​ក្នុង​ការសរសេរទេ។ ខ្ញុំ​ទាល់តែ​សរសេរ​តាមដែល​មេគណបក្ស​គេចង់បាន»។

លោក​ ខូ តារាឫទ្ធិ​ ថ្លែងថា លោក​មាន​បំណង​ចង់បន្ត​ការសិក្សា​នៅស.រ.អាក្រោយ​ពេល​លោក​បញ្ចប់​ការសិក្សា​ នៅសាកលវិទ្យាល័យ​ Brown ​ដើម្បី​យក​ចំណេះដឹង​ខាង​ការតែង​និពន្ធ ទៅជួយ​បង្រៀន​និស្សិត​នៅប្រទេស​កម្ពុជា៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!