Koh Santipheap Daily |
- សកម្មភាពដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ បិទភ្លើងរយៈពេល១ម៉ោង នៅថ្ងៃទី២៦ មីនា វេលាម៉ោង៨និង៣០នាទីយប់
- ច្រកទ្វារអន្តរជាតិជាំនឹងត្រូវបិទទំនិញសៀមទាំងស្រុងចូលកម្ពុជានៅថ្ងៃស្អែកនេះ
- ផ្ទុះធុងបូមខ្យល់នៅសង្កាត់ភ្នំពេញថ្មី កក្រើកផ្អើលមនុស្សម្នាល្បីថា ផ្ទុះមីនតោន
- ឈើប្រណីតដ៏កម្រជាច្រើនប្រភេទក្នុងប្រាសាទព្រះខ័នទទូលរងការបំផ្លាញ
- ចៅសង្កាត់ស្ទឹងមានជ័យចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ
- ស្មៀនសង្កាត់ផឹកស៊ីឡូឡាត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមជាមួយមនុស្ស៤នាក់
- អតីតប្រធានាធិបតីអាមេរិកលោកជីមីខាទ័រ អាចទៅកូរ៉េខាងជើងឆាប់ៗ
- ប្រតិភូសារព័ត៌មាន និងវិទ្យុសំឡេង «កោះសន្តិភាព» ចូលរួមមរណទុក្ខនៅស្ថានទូតជប៉ុន លេខាទី១ស្ថានទូតជប៉ុនទទួលការដាក់បាច់ផ្កា និងការជួយឧបត្ថម្ភ៥០០ដុល្លារ
- បញ្ជូនរថយន្ត និងម្ចាស់ទៅសាលាដំបូងខេត្ត ឯសាច់ខូចគុណភាពដុតកម្ទេចចោល
- យុត្ថារា ឆាន្នី អំពាវនាវសុំឱ្យប្រជាពលរដ្ឋកម្ពុជាបិទភ្លើងសម្រាប់ទិវា Earth Hour
- លោកទេព រិនដារ៉ូ ចូលរួមទិវា Earth Hour ២០១១ ក្នុងនាមជាឯកអគ្គរាជទូត
- ចាប់អ្នកចែកចាយថ្នាំញៀនផ្ញើតាមរថយន្តតាក់ស៊ីពីប៉ោយប៉ែតទៅខេត្តសៀមរាប
- ប៉េអឹម និងប៉ូលិសខណ្ឌសែនសុខចាប់ក្រុមជនជួញដូរថ្នាំញៀន
- ក្រសួងការបរទេសកម្ពុជា ច្រានចោលការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី
- បាតុកម្មនានានៅបន្តទៀតក្នុងប្រទេសស៊ីរីមនុស្សស្លាប់កាន់តែច្រើន
- ការប៉ះទង្គិចគ្នារវាងពួកបាតុករស្និទ្ធ និងប្រឆាំងលោកមូបារ៉ាក់ នៅក្រុងគែរ
- ថៅកែលក់សំបកកង់រថយន្តត្រូវចាប់ខ្លួនពីបទបង្ករបួសស្នាម
- ដើមទ្រាំងកំពុងប្រឈមមុខនឹងការវិនាសហិនហោចគប្បីនាំគ្នាអភិរក្ស
- មេដឹកនាំក្រុមអាវលឿង១៣នាក់មានចម្លង ស្រ៊ីមឿង និងសុនធិ ត្រូវតុលាការ បញ្ជាឱ្យបង់ប្រាក់ជាង៥០០លានបាត ចំពោះការកាន់កាប់ព្រលានយន្តហោះ២
- វិលត្រឡប់ទៅរកជីវភាពធម្មតាឡើងវិញនៅភាគខាងជើងជប៉ុន
Posted: 25 Mar 2011 05:00 PM PDT Earth Hour គឺជាយុទ្ធនាការលើកកម្ពស់ការយល់ដឹងផ្នែកបរិស្ថានធំជាងគេបំផុតលើសាកលលោក ដែលមានមនុស្សចូលរួមរហូតដល់ប្រមាណ១,៣ពាន់លាននាក់ ពីគ្រប់បណ្តាទ្វីបទាំងអស់។ នៅវេលាម៉ោង៨និង៣០យប់ នាថ្ងៃសៅរ៍ ទី២៦ មីនា ឆ្នាំ២០១១ បណ្តាប្រជាជន សហគមន៍ ក្រុមហ៊ុនឯកជន និងរដ្ឋាភិបាលទាំងឡាយនៅជុំវិញពិភពលោក នឹងបិទភ្លើងរយៈពេល១ម៉ោង សម្រាប់ទិវា Earth Hour ដោយមិនប្រកាន់ជាតិសាសន៍ សាសនា វប្បធម៌ សង្គមរស់នៅ ភេទ វ័យ និងភូមិសាស្ត្រដើម្បីប្រារព្ធការអបអរសាទរជាសាកលក្នុងបុព្វហេតុរួមតែមួយគឺការការពារផែនដីរបស់យើង។ Earth Hour ឆ្នាំ២០១១ សូមស្វាគមន៍ភ្នំពេញ ដែលត្រូវបានគេប្រសិទ្ធនាមថា ជារាជធានីដ៏ស្រស់ឆើតឆាយ បណ្តាប្រជាពលរដ្ឋ សហគមន៍ និងក្រុមហ៊ុនឯកជននៅក្នុងរាជធានីនេះឱ្យចូលរួមជាមួយនឹងទីក្រុង ប្រជាជន សហគមន៍ និងក្រុមហ៊ុនឯកជនដទៃទៀតនៅជុំវិញពិភពលោកក្នុងការបិទភ្លើងរយៈពេល១ម៉ោង ដើម្បីប្រារព្ធសកម្មភាពបរិស្ថានជាប្រយោជន៍ដល់ភពផែនដី។ មានទីតាំងនៅលើវិថីស៊ីសុវត្ថិនាមាត់ទន្លេ ដែលជាទីចំណាប់អារម្មណ៍នៃអ្នកទេសចរ ភោជនីយដ្ឋានបុប្ផាភ្នំពេញ ជាសេវាកម្មសំខាន់មួយដែលបានស្វាគមន៍យុទ្ធនាការ Earth Hour ដោយសារការចូលរួមក្នុងយុទ្ធនាការនេះនឹងរួមចំណែកក្នុងការការពារបរិស្ថាន។ លោកមុត សារ៉េត ជាប្រធានគ្រប់គ្រងភោជនីយដ្ឋានបុប្ផាបានប្រាប់ថា ភោជនីយដ្ឋានរបស់គាត់នឹងស្ថិតក្នុងភាពងងឹតរយៈពេល១ម៉ោង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១១ វេលាម៉ោង៨និង៣០នាទីយប់ ដើម្បីអបអរទិវា Earth Hour ជាមួយនឹងមនុស្សជាច្រើនទៀតនៅរាជធានីភ្នំពេញ និងនៅលើពិភពលោក។ លោកបានបន្ថែមថា ការរៀបចំកម្មវិធីអាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀនជំនួសភ្លើងអគ្គិសនីសម្រាប់ភ្ញៀវរបស់ភោជនីយដ្ឋានខ្ញុំនៅថ្ងៃប្រារព្ធទិវា Earth Hour នឹងធ្វើឱ្យការបំរើសេវាកម្មកាន់តែមានភាពទាក់ទាញ ពីព្រោះវាស៊ីនឹងបរិយាកាសនៅក្នុងហាង។ ក្នុងនាមជាប្រជាពលរដ្ឋសាមញ្ញម្នាក់នៅរាជធានីភ្នំពេញ អ្នកស្រី មៀន សំអាង ជឿជាក់ថា ការចូលរួមរបស់គាត់ក្នុងទិវា Earth Hour នឹងរួមចំណែកដល់ការធ្វើសកម្មភាពជាសាកលចំពោះការប្រែប្រួលអាកាសធាតុ។ អ្នកស្រីបាននិយាយថា ខ្ញុំនឹងចូលរួមបិទភ្លើងរយៈពេល១ម៉ោង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១១ សម្រាប់ទិវា Earth Hour និងបន្តប្រកាន់ខ្ជាប់ក្នុងការរស់នៅប្រចាំថ្ងៃនូវទង្វើដែលជួយការពារបរិស្ថាន ដែលមានដូចជា បិទភ្លើង និងដកឌុយភ្លើងនៅពេលមិនប្រើប្រាស់ ធ្វើដំណើរដោយថ្មើរជើង ឬជិះកង់ជំនួសឱ្យការប្រើយានយន្តនៅពេលមិនចាំបាច់។ គេប្រារព្ធទិវា Earth Hour ដំបូងបង្អស់ក្នុងឆ្នាំ២០០៧ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលនៅពេលនោះមានមនុស្សចំនួន២,២លាននាក់ និងក្រុមហ៊ុនឯកជនចំនួន២ពាន់បានបិទភ្លើងរយៈពេល១ម៉ោង។ ក្នុងឆ្នាំ២០១០ មានមនុស្សរាប់រយលាននាក់នៅក្នុង១២៨ប្រទេសជុំវិញពិភពលោកបានចូលរួមប្រារព្ធទិវា Earth Hour។ នា Earth Hour ឆ្នាំ២០១១ នឹងមានមនុស្សរាប់រយលាននាក់ក្នុងបណ្តាទីក្រុង និងរាជធានី ពីគ្រប់ទ្វីបទាំងអស់ចូលរួមប្រារព្ធការបិទភ្លើងរយៈពេល១ម៉ោង ដើម្បីអបអរសាទរភាពវិជ្ជមានដែលពួកគេធ្វើឡើងជាប្រយោជន៍ភពផែនដី។ លោកអែនឌី រីដលី ជាសហស្ថាបនិក និងនាយកប្រតិបត្តិនៃយុទ្ធនាគារ Earth Hour បានមានប្រសាសន៍ថា សន្ទុះនៃការចូលរួមក្នុងចលនា Earth Hour ដែលកើនឡើងដ៏ឆាប់រហ័សក្នុងរយៈពេល៤ឆ្នាំនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា មានមនុស្សរាប់រយលាននាក់នៅជុំវិញពិភពលោកចង់ធ្វើសកម្មភាពបន្ថែមទៀត ដើម្បីការពារភពផែនដីរបស់ពួកគេ។ តាមរយៈការលើកទឹកចិត្ត ប្រជាជន សហគមន៍ ក្រុមហ៊ុនឯកជន និងរដ្ឋាភិបាលនៅលើពិភពលោកឱ្យប្តេជ្ញាចិត្តចំពោះទង្វើដើម្បីនិរន្តរភាពបរិស្ថាន ហើយបង្ហាញការប្តេជ្ញាចិត្តនេះតាមរយៈការបិទភ្លើងរយៈពេល១ម៉ោង យុទ្ធនាការ Earth Hour បញ្ជូនសារដ៏សំខាន់មួយបង្ហាញថា ពួកគេកំពុងធ្វើសកម្មភាពដើម្បីថែរក្សាបរិស្ថាន។ លោកសេង ទៀក នាយកអង្គការ WWF នៅកម្ពុជា មានប្រសាសន៍ថា ការបិទភ្លើងរយៈពេល១ម៉ោង ពិតជាបង្ហាញនូវការធ្វើសកម្មភាពសំខាន់មួយសម្រាប់ភពផែនដី ប៉ុន្តែគេត្រូវធ្វើសកម្មភាពផ្សេងៗទៀតបន្ថែមលើការបិទភ្លើងមួយឆ្នាំម្តងរយៈពេល១ម៉ោងនេះ។ លោកបានបន្តថា យើងត្រូវធ្វើសកម្មភាពទាំងឡាយដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ និងត្រូវធ្វើការរួមគ្នាដើម្បីកសាងបាននូវអនាគតប្រសើរមួយសម្រាប់ភពផែនដីរបស់យើង ពីព្រោះមិនថាតូច ឬធំ សកម្មភាពរបស់យើងទាំងអស់គ្នានឹងអាចនាំឱ្យមានការផ្លាស់ប្តូរ។ ទិវា Earth Hour ឆ្នាំ២០១១ សូមអំពាវនាវដល់ពិភពលោកឱ្យ៖ |
ច្រកទ្វារអន្តរជាតិជាំនឹងត្រូវបិទទំនិញសៀមទាំងស្រុងចូលកម្ពុជានៅថ្ងៃស្អែកនេះ Posted: 25 Mar 2011 04:02 AM PDT ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយទៅសាធារណជន និងទៅអាជ្ញាធរថៃឱ្យដឹងថា ច្រកទ្វារអន្តរជាតិជាំនឹងត្រូវបិទទំនិញរបស់ថៃទាំងស្រុងចូលមកកម្ពុជានៅថ្ងៃស្អែកទី២៦ មីនា ២០១១ នេះ។ ការបិទទំនិញថៃទាំងស្រុងនេះ គឺជាការឆ្លើយតចំពោះអាជ្ញាធរថៃ ដែលបានបិទមិនឱ្យទំនិញកសិផល (ទំនិញកសិកម្ម) កម្ពុជា នាំចូលទៅក្នុងទឹកដីថ្ងៃ ក៏ដូចជាទីផ្សារថៃកាលពីប៉ុន្មានថ្ងៃមុន។ ចាំមើលអ្នកណាខាតប្រាក់ចំណូលច្រើនជាងអ្នកណា? ហើយតើអ្នកណាថប់ដង្ហើមសេដ្ឋកិច្ចជាងអ្នកណា? |
ផ្ទុះធុងបូមខ្យល់នៅសង្កាត់ភ្នំពេញថ្មី កក្រើកផ្អើលមនុស្សម្នាល្បីថា ផ្ទុះមីនតោន Posted: 25 Mar 2011 03:33 AM PDT រាជធានីភ្នំពេញ ៖ សំឡេងផ្ទុះបានលាន់កក្រើកឡើងនៅឯយានដ្ឋានជួសជុលរថយន្តមួយកន្លែងគ្មានយីហោ ព្រោះទើបបើកថ្មី បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្នកខ្លះបាននិយាយតគ្នាថា ផ្ទុះមីនតោន ធ្វើឱ្យល្បីស្ទើរតែពេញរាជធានីភ្នំពេញ និងអ្នកខ្លះទៀតឆ្ងល់ថា ក្នុងរាជធានីភ្នំពេញដូច្នេះ តើមានមីនតោនឯណាផ្ទុះកើតទៅហ្ន៎? សំឡេងផ្ទុះ និងការបន្លឺឱ្យល្បីតៗគ្នានេះកើតឡើងនៅភូមិភ្នំពេញថ្មី ផ្លូវលេខ១០០៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល តាមការពិតគឺជាការផ្ទុះធុងបូមខ្យល់សម្រាប់បូមកង់រថយន្តនៅឯយានដ្ឋានជួសជុលរថយន្តមួយកន្លែងដែលទើបបើកថ្មីមិនទាន់មានយីហោត្រឹមត្រូវ ។ ការផ្ទុះនោះត្រូវបានមនុស្សម្នាមួយចំនួនយកទៅបំប៉ោង ឬនិយាយលេងជ្រុលហួសថា ផ្ទុះមីនតោននៅសង្កាត់ភ្នំពេញថ្មី ធ្វើឱ្យល្បីតៗគ្នាស្ទើរតែពេញរាជធានីភ្នំពេញ ។ លោកអធិការខណ្ឌសែនសុខម៉ក់ ហុង បាននិយាយឱ្យដឹងថា ពិតជាមានការផ្ទុះមែន...ប៉ុន្តែមិនមែនផ្ទុះមីនតោនទេ គឺផ្ទុះធុងបូមខ្យល់តែប៉ុណ្ណោះ...ការផ្ទុះនោះមិនបណ្តាលឱ្យមនុស្សណាម្នាក់ស្លាប់ ឬរងរបួសនោះទេ ៕ |
ឈើប្រណីតដ៏កម្រជាច្រើនប្រភេទក្នុងប្រាសាទព្រះខ័នទទូលរងការបំផ្លាញ Posted: 25 Mar 2011 03:21 AM PDT ខេត្តព្រះវិហារ ៖ ឈើប្រណីតដ៏កម្រដែលដុះព័ទ្ធជុំវិញបរិវេណប្រាសាទព្រះខ័ន មានអាយុស្ទើរតែរាប់ពាន់ឆ្នាំ បច្ចុប្បន្នកំពុងទទួលរងការកាប់បំផ្លាញពីក្រុមឈ្មួញទុច្ចរិតរស់នៅក្នុងតំបន់នោះយ៉ាងអនាធិបតេយ្យដោយសារគ្មានវិធានការទប់ស្កាត់ឱ្យបានជាក់ស្តែងទេ។ ប្រាសាទព្រះខ័នគឺជាប្រាសាទដែលមានវ័យចំណាស់មួយនៅក្នុងទឹកដីខេត្ដព្រះវិហារ។ បើតាមអ្នកស្រុករស់នៅក្នុងតំបន់នោះជាច្រើនឆ្នាំមកហើយឱ្យដឹងថា មិនថាតែរូបចម្លាក់ផ្សេងៗទេ ដែលពួកគាត់ជួយថែរក្សា សូម្បីតែដើមឈើដ៏មានតម្លៃដុះពេញក្នុងតំបន់បុរាណនោះ ដូចជាដើមផ្ចិក រាំងភ្នំ សុក្រំ ឈើទាល បេង នាងនួន ធ្នុង គ្រញូងជាដើម គឺពួកគាត់មិនហ៊ានប៉ះពាល់ទេ ធ្វើឱ្យដើមឈើខ្លះមានមុខកាត់ដល់ទៅ១,៦០ម៉ែត្រ តែបច្ចុប្បន្នឈើទាំងនោះត្រូវឈ្មួញទុច្ចរិតកាត់ផ្ដួល អារច្រៀកយកទៅលក់ពាសពេញផ្ទៃប្រទេសធ្វើឱ្យបរិវេណប្រាសាទ ស្ថិតនៅកណ្ដាលវាល ព្រោះគ្មានគម្របព្រៃឈើពណ៌បៃតង សម្រាប់លំអប្រាសាទទៀតទេ ។ រឿងនេះធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភណាស់។ ជុំវិញការកាប់បំផ្លាញឈើប្រណីត ដ៏កម្រនៅក្នុងបរិវេណប្រាសាទព្រះខ័នកំពង់ស្វាយ ស្ថិតក្នុងឃុំរណសិរ្សស្រុកសង្គមថ្មីនេះ លោកក្រូច ប៊ុនឌុល មេឃុំរណសិរ្សឱ្យដឹងថា ប្រភេទឈើប្រណីតដ៏កម្រនៅក្នុងប្រាសាទព្រះខ័ននេះ គឺមានអាយុយូរលង់ណាស់មកហើយ មានមុខកាត់ខ្លះរហូតដល់ទៅ១,៦០ម៉ែត្រឯណោះ ។ ពលរដ្ឋក្នុងឃុំរណសិរ្សទាំងមូលតែងតែថែរក្សាទុកក្នុងនោះមានដើមឈើ ខ្លះអ្នកមានជំនឿបានបំបួសឱ្យទៅជាដើមឈើដែលមានបុណ្យបារមី និងរៀងរាល់រដូវបុណ្យទានម្ដងៗអ្នកស្រុកតែងតែនាំគ្នាធ្វើពីធីសែនព្រេន បួងសួងសុំសេចក្ដីសុខពីឈើទាំងនោះ។ លោកមេឃុំក្រូច ប៊ុនឌុល បង្ហើបឱ្យដឹងថា ជនទុច្ចរិតដែលលួចកាត់ឈើប្រណីតនៅក្នុងបរិវេណប្រាសាទព្រះខ័ន តែងតែធ្វើឡើងនៅវេលាម៉ោង១២អធ្រាត្រ ខណៈពេលឆ្មាំប្រាសាទមិននៅការពារពេលយប់ ។ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវនិងរកឃើញមេខ្លោងមួយចំនួន។មេខ្លោងដែលហ៊ានលួចកាត់ឈើប្រណីតក្នុងបរិវេណប្រាសាទនេះ កាលពីមុនជាមុខសញ្ញាជាប់ជំពាក់បទឧក្រិដ្ឋលួចដាប់អារកាត់រូបបដិមាក្នុងបរិវេណប្រាសាទយកទៅលក់។ លោកមេឃុំឱ្យដឹងថា នាពេលឆាប់ៗខាងមុខប្រជាពលរដ្ឋក្នុងឃុំរណសិរ្សនឹងពាក្យបណ្ដឹងដាក់ទៅតុលាការ ដើម្បីវែកមុខបក្សពួកដែលសមគំនិតបំផ្លិចបំផ្លាញសម្បត្ដិជាតិដ៏កម្រ យកទៅវិនិច្ឆ័យទោសតាមច្បាប់ បើទោះជាគេមានបុណ្យស័ក្តិធំប៉ុនណាក៏ដោយ។ ប្រជាពលរដ្ឋរស់នៅក្នុងឃុំរណសិរ្ស ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្ដរជាតិដែលបានចូលទៅទស្សនាប្រាសាទព្រះខ័ន ហើយឃើញមហន្តរាយនោះបានសំណូមពរដល់រាជរដ្ឋាភិបាលឱ្យប្រញាប់សើុបអង្កេតរកជនល្មើសនាំទៅផ្ដន្ទាទោសតាមច្បាប់ និងមានវិធានការការពារប្រាសាទព្រះខ័ន និងតំបន់បុរាណនេះ កុំឱ្យពួកជនទុច្ចរិតបំផ្លិចបំផ្លាញ៕ |
ចៅសង្កាត់ស្ទឹងមានជ័យចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ Posted: 25 Mar 2011 03:19 AM PDT រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៤ មីនា ឆ្នាំ២០១១ លោកជំទាវឡោក ខេង តំណាងឱ្យសាខាកាកបាទក្រហមរាជធានីភ្នំពេញ និងលោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានយកថវិកាទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា បានធ្លាក់ខ្លួនឈឺកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មុនពេលដែលអ្នកជំងឺ បានទទួលមរណភាពនាវេលាល្ងាចថ្ងៃដដែលនេះ ។ អ្នកជំងឺដែលទទួលបានការចូលរួមចុះសួរសុខទុក្ខមុនជីវិតចុងក្រោយនេះ ឈ្មោះសឿន សុង ភេទប្រុស អាយុ៤០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យ ។ ថវិកាដែលប្រតិភូខាងលើនាំយកទៅជួយឧបត្ថម្ភដល់អ្នកជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនោះ មានចំនួន១២០ដុល្លារ និង៥៣ម៉ឺនរៀល ក្នុងនោះថវិកាលោកជំទាវឡោក ខេង ចំនួន៤០ម៉ឺនរៀល ។ ក្នុងឱកាសនោះ លោកជំទាវឡោក ខេង ក៏បានឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យម្នាក់ទៀតដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែរចំនួន២០ម៉ឺនរៀល ។ គួររំឭកថា ជារឿយៗ លោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ តែងតែបានចូលរួមឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជួបប្រទះការលំបាកម្តងម្កាល ។ លើសពីនេះ លោកចៅសង្កាត់ក៏បានចលនាសប្បុរសជនក្នុងមូលដ្ឋាននាំយកថវិកាចូលរួមឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋដែលជួបការលំបាកជាក់ស្តែងក្នុងជីវិតរស់នៅ ។ ពិសេសគឺបុណ្យសពប្រជាពលរដ្ឋក្រីក្រក៏មានវត្តមានលោកចៅសង្កាត់ចូលរួមបុណ្យសពពុំដែលខានឡើយ ។ តាមរយៈកាយវិការខាងលើនេះធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានក្តីអាណិតស្រឡាញ់ហើយបោះឆ្នោតជ្រើសរើសលោកសេង សាញ់ ធ្វើជាចៅសង្កាត់បន្តនៅអាណត្តិក្រោយៗទៀត ៕ |
ស្មៀនសង្កាត់ផឹកស៊ីឡូឡាត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមជាមួយមនុស្ស៤នាក់ Posted: 25 Mar 2011 03:16 AM PDT រាជធានីភ្នំពេញ ៖ មនុស្សចំនួន៥នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងត្របែកសហការជាមួយនគរបាលខណ្ឌចំការមន ឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ មីនា ឆ្នាំ២០១១ នៅក្នុងភោជនីយដ្ឋានខមហ្វតស្តា ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ដែលជាប់ពាក់ព័ន្ធពីបញ្ហាផឹកស៊ីស្រវឹងហើយអុកឡុកភោជនីយដ្ឋាន និងបង្កទំនាស់ហិង្សា ។ ជនទាំង៥នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននេះ ម្នាក់ជាស្មៀនសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ជនទាំង៥នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ ១-ឈ្មោះឃុន ស៊ីណាត អាយុ៣១ឆ្នាំ ជាស្មៀនសង្កាត់ទន្លេបាសាក់ ២-ឈ្មោះបូរ៉ា អាយុ៣០ឆ្នាំ ៣-ឈ្មោះសុខ សុភាព អាយុ១៧ឆ្នាំ ៤-ឈ្មោះវីរៈ អាយុ២៣ឆ្នាំ និង៥-ឈ្មោះសុភី រីយ៉ាអាយុ២២ឆ្នាំ ។ ទាំង៥នាក់នេះមានទីលំនៅផ្សេងៗគ្នាក្នុងខណ្ឌចំការមន ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលខណ្ឌចំការមនបានឱ្យដឹងថា មូលហេតុដែលសមត្ថកិច្ចឈានទៅធ្វើការឃាត់ខ្លួនពួកគេទាំង៥នាក់ខាងលើ គឺបណ្តាលមកពីពួកគេបាននាំគ្នាចូលទៅផឹកស៊ីនៅក្នុងភោជនីយដ្ឋានខមហ្វតស្តា ហើយពេលស្រវឹងស្រាក៏ឡូឡាខ្លាំងៗ ប៉ះពាល់ដល់តុភ្ញៀវដទៃទៀត ក៏មានការប្រទូស្តរ៉ាយគ្នាឡើងបង្កជាទំនាស់ហិង្សា មានអ្នករងរបួសក្នុងហេតុការណ៍នោះតែម្តង ។ បន្ទាប់ពីមានទំនាស់ហិង្សាកើតឡើងសមត្ថកិច្ច បានចុះទៅអន្តរាគមន៍ឃាត់បានមនុស្សចំនួន៥នាក់នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសួរនាំ និងឃុំខ្លួនបណ្តោះអាសន្ននៅក្នុងអធិការដ្ឋាននគរបាលខណ្ឌ ។ ប្រភពព័ត៌មានពីក្រុមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ម្ចាស់ភោជនីយដ្ឋានខាងលើបានប្តឹងទាមទារសំណងការខូចខាតរបស់របរពីក្រុមជនខាងលើនេះ ចំនួន៣.០០០ដុល្លារ ។ ប៉ុន្តែបញ្ហានេះពុំទាន់ដឹងថា ក្រុមជើងខ្លាំងផឹកស៊ីឡូឡាខាងលើមានលុយសងទៅម្ចាស់ភោជនីយដ្ឋាន ឬក៏យ៉ាងណាឡើយទេ ៕ |
អតីតប្រធានាធិបតីអាមេរិកលោកជីមីខាទ័រ អាចទៅកូរ៉េខាងជើងឆាប់ៗ Posted: 25 Mar 2011 03:07 AM PDT លោក MARK TONER អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាេមរិករាយការណ៍កាលពីថ្ងៃទី២៤ មីនា ថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោកជីមីខាទ័រ នឹងអាចទៅ បំពេញទស្សនកិច្ចមួយនៅកូរ៉េខាងជើងក្នុងខែមេសាខាងមុខនេះ ។ |
Posted: 25 Mar 2011 03:01 AM PDT រាជធានីភ្នំពេញ ៖ ប្រតិភូសារព័ត៌មាន និងវិទ្យុសំឡេង «កោះសន្តិភាព» វេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ មីនា ឆ្នាំ២០១១ ដឹកនាំដោយលោកឧកញ៉ា ថុង អ៊ុយប៉ាង ជាស្ថាបនិក បានទៅកាន់ស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញ ដើម្បីដាក់កម្រងផ្កា និងផ្តល់ជូនប្រាក់ឧបត្ថម្ភ ព្រមទាំងសម្តែងនូវទឹកចិត្តក្រៀមក្រំចូលរួមរំលែកទុក្ខជាមួយរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះជនរងគ្រោះក្នុងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី នាពេលកន្លងមក។ លេខាទី១ នៃស្ថានឯកអគ្គរាជទូតជប៉ុន លោក KAMADA Yasuhiko បានស្វាគមន៍និងសម្តែងនូវការរាក់ទាក់ ស្និទ្ធស្នាល ទទួលយកការចូលរួមរំលែកទុក្ខពីសំណាក់អ្នកសារព័ត៌មាន និងវិទ្យុសំឡេងកោះសន្តិភាព ក្នុងឱកាសដែលប្រជាជនជប៉ុនកំពុងជួបនូវគ្រោះមហន្តរាយដោយធម្មជាតិ។ លោក KAMADA បានជម្រាបជូនប្រតិភូដោយសង្ខេបពីមហាវិនាសកម្មដោយគ្រោះធម្មជាតិនេះ ដែលបានធ្វើឱ្យប្រទេសរបស់លោកជួបការលំបាកដ៏ធ្ងន់ធ្ងរកន្លងមក។ លោកលេខាទី១ បានថ្លែងអំណរគុណដែលអ្នកសារព័ត៌មាន និងវិទ្យុសំឡេង «កោះសន្តិភាព» បានចូលរួមសម្តែងនូវសមានចិត្តក្រៀមក្រំចំពោះប្រជាជនជប៉ុនដែលជួបប្រទះគ្រោះមហន្តរាយ។ លោកជា ហ្គារូដា នាយកវិទ្យុសំឡេងកោះសន្តិភាព និងក្នុងនាមសារព័ត៌មានកោះសន្តិភាពផងដែរ បានជម្រាបជូនលោក KAMADA Yasuhiko វិញថា នាយកគ្រប់គ្រងសារព័ត៌មានកោះសន្តិភាព ការិយាល័យនិពន្ធ អ្នកឆ្លើយឆ្លងសារព័ត៌មាន និងវិទ្យុផ្សាយសំឡេងកោះសន្តិភាព សូមសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅចូលរួមមហាទុក្ខ និងរំលែកទុក្ខប្រកបដោយភាពក្រៀមក្រំឥតឧបមា ចំពោះប្រជាជនជប៉ុនទាំងមូល ជាពិសេសក្រុមគ្រួសារអ្នករងគ្រោះដែលស្លាប់បាត់បង់ជីវិត និងបាត់ខ្លួនក្រោមគ្រោះមហន្តរាយរញ្ជួយព្រះធរណី និងរលកយក្សស៊ូណាមី បង្កឱ្យមានមហាវិនាសកម្មយ៉ាងធំធេង និងធ្ងន់ធ្ងរបំផុត។ បន្ទាប់មកក៏មានពិធីដាក់បាច់ផ្កាជានិមិត្តសញ្ញា ព្រមទាំងឧបត្ថម្ភប្រាក់ចំនួន៥០០ដុល្លារសហរដ្ឋអាមេរិក ចូលរួមរំលែកទុក្ខ និងជូនពរឱ្យប្រជាជន និងរាជរដ្ឋាភិបាលជប៉ុនកសាង និងស្តារឡើងវិញនូវប្រទេសបានរីកចំរើនឆាប់រហ័ស ព្រមទាំងចូលរួម ថតរូបរួមគ្នាជាអនុស្សាវរីយ៍ផងដែរ៕ |
បញ្ជូនរថយន្ត និងម្ចាស់ទៅសាលាដំបូងខេត្ត ឯសាច់ខូចគុណភាពដុតកម្ទេចចោល Posted: 25 Mar 2011 02:55 AM PDT ក្រុងប៉ោយប៉ែត ៖ សាច់មាន់ និងប្រហិតខូចគុណភាពប្រមាណជាង១០០គីឡូក្រាម ត្រូវមន្ត្រីជំនាញកាំកុងត្រូលសហការជាមួយមន្ត្រីគយ និងរដ្ឋាករ ព្រមទាំងប៉ូលិសអន្តោប្រវេសន៍ឈរជើងខ្លោងទ្វារប្រាសាទកំពូលបីនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតនាំយកទៅដុតកម្ទេចចោលកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៤ មីនា បន្ទាប់ពីសាច់ខូចគុណភាពទាំងនេះត្រូវបានក្រុមមន្ត្រីសហការចាប់ពីរថយន្តមួយគ្រឿងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៣ មីនា នៅចំណុចផ្សារកណ្តាលក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ។ សាច់ខូចគុណភាពទាំងនេះ រួមមានសាច់មាន់ចម្រុះ៧៦គីឡូក្រាម និងប្រហិតចម្រុះ៥០គីឡូក្រាម ។ ពាក់ព័ន្ធសាច់ខូចគុណភាពដែលចាប់យកទៅដុតកម្ទេចចោលនេះ បើតាមការឱ្យដឹងពីលោកអ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានប្រាប់កោះសន្តិភាពថា សាច់ទាំងនេះត្រូវបានរកឃើញក្រោយពេលឆែកឆេររថយន្តមួយគ្រឿងម៉ាកអ៊ីស៊ុយហ្ស៊ុយ ចង្កូតស្តាំ មួយបាំងកន្លះ ដែលក្រុមរបស់លោកសហការគ្នាជាមួយមន្ត្រីគយ និងរដ្ឋាករស្ទាក់ចាប់បាន ។ លោកអ៊ុត សុភាព បន្តថា ក្រោយពេលការចាប់រថយន្តមួយគ្រឿងខាងលើ គឺបាននាំយកទៅស្នាក់ការគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយមិនមែនមានតែសាច់មាន់ខូចគុណភាពប៉ុណ្ណោះទេ នៅលើរថយន្តនោះក៏មានទាំងទឹកក្រូចជាច្រើនយួរដែលពុំទាន់បង់ពន្ធផងដែរ ប៉ុន្តែលោកប្រាប់ថា ទឹកក្រូចទាំងនោះត្រូវរក្សាទុកនៅស្នាក់ការគយ ដើម្បីធ្វើការពិនិត្យតាមជំនាញ ។ លោកអ៊ុត សុភាព បញ្ជាក់ថា សាច់ខូចគុណភាពទាំងនោះត្រូវបានកម្លាំងសហការជាមួយជំនាញពាក់ព័ន្ធយកទៅដុតកម្ទេចចោល ឯរថយន្ត និងម្ចាស់ទំនិញត្រូវបានធ្វើសំណុំរឿង និងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕ |
យុត្ថារា ឆាន្នី អំពាវនាវសុំឱ្យប្រជាពលរដ្ឋកម្ពុជាបិទភ្លើងសម្រាប់ទិវា Earth Hour Posted: 25 Mar 2011 02:46 AM PDT រាជធានីភ្នំពេញ ៖ លោកយុត្ថារា ឆាន្នី ដែលជាតារាភាពយន្តដ៏មានឈ្មោះបោះសំឡេងបំផុតម្នាក់នៅក្នុងវិស័យសិល្បៈភាពយន្តកម្ពុជា និងជាអនុប្រធានសមាគមសិល្បករខ្មែរកំពុងដើរតួនាទីជាឯកអគ្គរាជទូតសម្រាប់ទិវា Earth Hour ហើយនឹងចូលរួមបិទភ្លើងនៅថ្ងៃសៅរ៍ ទី២៦ មីនា វេលាម៉ោង៨និង៣០នាទីយប់ និងធ្វើសកម្មភាពជាវិជ្ជមានសម្រាប់ភពផែនដី ។ ការធ្វើសកម្មភាពសម្រាប់ភពផែនដីដោយតារាសម្តែងដ៏មានប្រជាប្រិយភាពក្នុងចំណោមមហាជនទាំងក្នុង និងក្រៅប្រទេសរូបនេះ ជាទង្វើ និងគំរូមួយដ៏ប្រសើរ ដែលនឹងជំរុញទឹកចិត្តអ្នកគាំទ្រលោក និងក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ ឱ្យចូលរួមជាមួយប្រជាជាតិដទៃៗទៀតនៅលើពិភពលោក ក្នុងការប្រារព្ធសកម្មភាពជាវិជ្ជមានសម្រាប់ប្រយោជន៍ដល់ភពផែនដី ។ លោកឆាន្នី បាននិយាយថា «ភពផែនដីជារបស់យើងទាំងអស់គ្នា ហើយយើងមានលទ្ធភាពអាចធ្វើសកម្មភាព ដើម្បីរួមចំណែកក្នុងការការពារ» ។ លោកបានអំពាវនាវថា «នៅថ្ងៃសៅរ៍ ទី២៦ មីនា វេលាម៉ោង៨និង៣០នាទីយប់ សូមចូលរួមប្រារព្ធសកម្មភាពវិជ្ជមានសម្រាប់ភពផែនដីតែមួយគត់របស់យើង ជាមួយប្រជាជាតិដទៃៗនៅលើពិភពលោក ។ ក្នុងនាមជាប្រជាពលរដ្ឋសាមញ្ញ យើងអាចធ្វើសកម្មភាពទោះតូច ឬធំដើម្បីរួមចំណែកក្នុងការកាត់បន្ថយបរិមាណឧស្ម័នកាបូនិច ដែលសាយភាយទៅក្នុងបរិយាកាស និងធ្វើសកម្មភាពផ្សេងៗទៀត ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុក្នុងការរស់នៅប្រចាំថ្ងៃ» ។ ស្របពេលជាមួយនឹងទិវា Earth Hour ជិតចូូលមកដល់ ក្រុមហ៊ុនឯកជនប្រមាណជាង៦០កន្លែង នៅក្នុងរាជធានីភ្នំពេញ ព្រមទាំងក្រុមប្រជាពលរដ្ឋដទៃជាច្រើនទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជានឹងចូលរួមបិទភ្លើងរយៈពេល១ម៉ោង ដើម្បីប្រារព្ធសកម្មភាពដែលពួកគេធ្វើឡើងក្នុងការការពារបរិស្ថាននៃភពផែនដី ។ សកម្មភាពដែលអ្នកអាចធ្វើបានជាប្រយោជន៍សម្រាប់ភពផែនដីចាប់ផ្តើមជាមួយការ ចូលរួមទិវា Earth Hour ដោយបិទភ្លើង១ម៉ោងនៅថ្ងៃទី២៦ មីនា វេលាម៉ោង៨និង៣០នាទីយប់ ហើយជួយផ្សព្វផ្សាយបន្តអំពី Earth Hour ដល់ក្រុមគ្រួសារ មិត្តភក្តិ មិត្តរួមការងារ និងបន្តធ្វើសកម្មភាពជាវិជ្ជមានក្នុងជីវិតរស់នៅប្រចាំថ្ងៃដើម្បីនិរន្តរភាពភពផែនដី ៕ |
លោកទេព រិនដារ៉ូ ចូលរួមទិវា Earth Hour ២០១១ ក្នុងនាមជាឯកអគ្គរាជទូត Posted: 25 Mar 2011 02:37 AM PDT រាជធានីភ្នំពេញ ៖ លោកទេព រិនដារ៉ូ ដែលជាតារាភាពយន្តដ៏មានប្រជាប្រិយបំផុតម្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងបិទភ្លើងនៅថ្ងៃទី២៦ មីនា ឆ្នាំ២០១១ ដើម្បីចូលរួមអបអរទិវា១ម៉ោងសម្រាប់ភពផែនដី (Earth Hour) ចូលរួមផ្សព្វផ្សាយយុទ្ធនាការបរិស្ថាននេះដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យចូលរួម និងធ្វើសកម្មភាពជាវិជ្ជ មានសម្រាប់ភពផែនដី ។ លោកដារ៉ូ បានចាប់យកអាជីពជាអ្នកសម្តែងសិល្បៈភាពយន្តចាប់តាំងពីទសវត្សឆ្នាំ៨០មក ។ លោកជាតារាសម្តែងជើងចាស់មួយរូបដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈភាពយន្តកម្ពុជា ទាំងក្នុងអតីតកាល និងក្នុងពេលបច្ចុប្បន្ន សម្រាប់ទាំងនៅក្នុង និងក្រៅប្រទេស ។ ក្រៅពីការបំពេញភារកិច្ចជាតារាសម្តែង និងជាអ្នកជំនួញមួយរូប លោកដារ៉ូ យកប្រជាប្រិយភាពរបស់ខ្លួនដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជាក្នុងការធ្វើការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ភពផែនដី ។ សម្រាប់ទិវា Earth Hour ឆ្នាំនេះ លោកដារ៉ូ បានចូលរួមធ្វើយុទ្ធនាការជាមួយក្រុមការងារនៃអង្គការ WWF ដើម្បីនាំឱ្យមានការចូលរួមពីប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជាក្នុងទិវា Earth Hour ថ្ងៃទី២៦ មីនា ជាមួយនឹងបុព្វហេតុតែមួយរួមគ្នា គឺការការពារភពផែនដីរបស់យើង ។ លោកទេព រិនដារ៉ូ បាននិយាយថា «យើងម្នាក់ៗមានការទទួលខុសត្រូវរួមចំណែកធានា និរន្តរភាពនៃភពផែនដី ហើយយើងម្នាក់ៗសុទ្ធតែអាចធ្វើសកម្មភាពដើម្បីឱ្យមានការផ្លាស់ប្តូរ»។ លោកបានបន្តថា «ខ្ញុំពេញចិត្តក្នុងការក្លាយខ្លួនជាឯកអគ្គរាជទូតកម្ពុជាសម្រាប់យុទ្ធនាការ Earth Hour ឆ្នាំនេះ ហើយខ្លួនខ្ញុំផ្ទាល់នឹងចូលរួមបិទភ្លើងសម្រាប់ Earth Hour ថ្ងៃទី២៦ មីនា ឆ្នាំ២០១១ ព្រមទាំងបន្តប្រកាន់ខ្ជាប់ក្នុងការរស់នៅប្រចាំថ្ងៃនូវទង្វើដែលជួយការពារបរិស្ថាន» ។ Earth Hour ជាយុទ្ធនាការធំជាងគេបង្អស់នៅលើសាកលលោកដែលស្តែងឱ្យឃើញនូវសកម្មភាពដែលប្រជាជាតិនៃពិភពលោកធ្វើឡើងចំពោះការប្រែប្រួលអាកាសធាតុ ។ ក្នុងនាមជាប្រជាពលរដ្ឋសាមញ្ញ ក្រុមហ៊ុនឯកជន សហគមន៍ សមាគម សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល អ្នកអាចធ្វើសកម្មភាពដើម្បីការពារភពផែនដីបាន ។ លោកសេង ទៀក នាយកអង្គការ WWF នៅកម្ពុជាបានមានប្រសាសន៍ថា «មនុស្សគ្រប់រូបមានលទ្ធ ភាពធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ» ។ លោកបានបន្តថា «ការចូលរួមរបស់លោកទេព រិនដារ៉ូ ក្នុងការបិទភ្លើងសម្រាប់ទិវា Earth Hour ព្រមទាំងក្នុងការបន្តធ្វើសកម្មភាពលើសពីការបិទភ្លើងនេះ គឺជាទង្វើ និងគំរូដ៏ប្រសើរមួយ ដើម្បីបង្ហាញថា យើងទាំងអស់គ្នាអាចធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ភពផែនដីយើង»។ Earth Hour ជាយុទ្ធនាការលើកកម្ពស់ការយល់ដឹងផ្នែកបរិស្ថានធំជាងគេបំផុតលើសាកលលោក ។ ក្នុងឆ្នាំ២០១០ មានមនុស្សរាប់រយលាននាក់ក្នុង១២៨ប្រទេសជុំវិញពិភពលោក បានចូលរួម ។ ឆ្នាំនេះទិវា Earth Hour សូមស្វាគមន៍ប្រជាជនពិភពលោកក្នុងការធ្វើសកម្មភាពមិនថាតូច ឬធំ ប៉ុន្តែរួមចំណែកធានានិរន្តរភាពនៃភពផែនដីសម្រាប់ថ្ងៃអនាគត ហើយចូលរួមបិទភ្លើងរយៈពេល១ម៉ោងនៅថ្ងៃសៅរ៍ ទី២៦ មីនា វេលាម៉ោង៨និង៣០នាទីយប់ ។ ស្របពេលជាមួយនឹងទិវា Earth Hour ជិតចូលមកដល់ ក្រុមហ៊ុនឯកជនប្រមាណជាង៦០កន្លែងនៅក្នុងរាជធានីភ្នំពេញ នឹងចូលរួមបិទភ្លើងរយៈពេល១ម៉ោង ។ ការបិទភ្លើងរយៈពេល១ម៉ោងនេះនឹងបង្ហាញឱ្យពិភពលោកឃើញនូវសកម្មភាពជានិមិត្តរូបមួយដែលពួកគេធ្វើឡើងដើម្បីថែរក្សាបរិស្ថានភពផែនដី ។ ដើម្បីចូលរួមជាមួយប្រជាជនពិភពលោកក្នុងការការពារភពផែនដី ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ម្ចាស់គេហដ្ឋាន សមាគម ក្រុមហ៊ុនឯកជន សង្គមស៊ីវិល ព្រមទាំងបណ្តាអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាស្ថាប័ននៃរាជរដ្ឋាភិបាល ត្រូវបានលើកទឹកចិត្តឱ្យចូលរួម ធ្វើសកម្មភាពដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈការបិទភ្លើងរយៈពេល១ម៉ោង នៅថ្ងៃសៅរ៍ ទី២៦ មីនា វេលាម៉ោង៨និង៣០នាទីយប់ ។ សកម្មភាពដែលអ្នកអាចធ្វើបានជាប្រយោជន៍សម្រាប់ភពផែនដីចាប់ផ្តើមជាមួយ ៖ ១-ចូលរួមទិវា Earth Hour ដោយបិទភ្លើងរយៈពេល១ម៉ោង នៅថ្ងៃទី២៦ មីនា វេលាម៉ោង៨និង៣០នាទីយប់ ហើយជួយផ្សព្វផ្សាយបន្តអំពី Earth Hour ដល់ក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមការងារ ២-បន្តធ្វើសកម្មភាពជាវិជ្ជមានក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីនិរន្តរភាពភពផែនដី។ ក្រុមហ៊ុនឯកជនប្រមាណជាង៦០កន្លែង នៅក្នុងរាជធានីភ្នំពេញនឹងបិទភ្លើងរយៈពេល១ម៉ោងនៅថ្ងៃសោរ៍ ទី២៦ មីនា ឆ្នាំ២០១១ វេលាម៉ោង៨និង៣០នាទីយប់ ។ ខាងក្រោមនេះជាឈ្មោះក្រុមហ៊ុនមួយចំនួនដែលនឹងចូលរួមប្រារព្ធទិវា Earth Hour ២០១១ ៖ ១-សណ្ឋាគារ Amanjaya Pancam ២-ភោជនីយដ្ឋាន K-West ៣-ភោជនីយដ្ឋាន Le Moon Terrace ៤-សណ្ឋាគារ កាំបូឌីយ៉ាណា ៥-សណ្ឋាគារ Imperial ៦-ផ្សារទំនើបសូរិយា ៧-សណ្ឋាគារ Sunway ៨-សណ្ឋាគារ Himawari ៩-ផ្សារទំនើប សុវណ្ណា ១០-សណ្ឋាគារ Intercontinental ១១-The Pizza Company ១២-ភោជនីយដ្ឋាន La Croisette ១៣-ក្លឹបកម្សាន្ត Riverhouse ១៤-ភោជនីយដ្ឋាន Riverhouse ១៥-ភោជនីយដ្ឋាន Taboo ១៦-ភោជនីយដ្ឋាន ខ្មែរបុរាណ ១៧-ហាងកាហ្វេ Pop ១៨-ភោជនីយដ្ឋាន Vieyo Tonle ១៩-ហាងកាហ្វេ និងនំ Camory ២០-ភោជនីយដ្ឋានខ្មែរសារ៉ាវ៉ាន់ ២១-ភោជនីយដ្ឋាន Happy Herb Pizza ២២-ភោជនីយដ្ឋាន Elmundo ២៣-ភោជនីយដ្ឋាន Chill ២៤-ផ្ទះសំណាក់ Riverview ២៥-ភោជនីយដ្ឋាន King’s Court ២៦-ភោជនីយដ្ឋាន Phnom Penh Indian ២៧-ភោជនីយដ្ឋាន P & K ២៨-ហាង V-Silk ២៩-ភោជនីយដ្ឋាន បុប្ផាភ្នំពេញ ៣០-ផ្ទះសំណាក់ និងភោជនីយដ្ឋានស៊ីញ ហ៊្វូ ៣១-ហាង Tutti Fruit Frozen Yogurt ៣២-សណ្ឋាគារ Raffles Hotel Le Royal (Phnom Penh) ៣៣-សណ្ឋាគារ Raffles Grand Hotel D’Angkor (Siem Reap) ៣៤-សណ្ឋាគារ Bougainvillier ៣៥-សណ្ឋាគារ The Quay ៣៦-ភោជនីយដ្ឋាន Chow ៣៧-ក្លឹប FCC ៣៨-ហាងកាហ្វេ Fresco ៣៩-ហាងកាហ្វេ Kandal House ៤០-ហាងកាហ្វេ Metro ៤១-ហាងកាហ្វេ និងនំ Le Quay ៤២-ភោជនីយដ្ឋាន Anjali ៤៣-សណ្ឋាគារ Riverstar ៤៤-ភោជនីយដ្ឋាន Karma ៤៥-ភោជនីយដ្ឋាន Garden Bar ៤៦-ភោជនីយដ្ឋាន River Street ៤៧-ភោជនីយដ្ឋាន Cantina ៤៨-ភោជនីយដ្ឋាន Pink Elephant Pub ៤៩-ភោជនីយដ្ឋាន Mekong River ៥០-សណ្ឋាគារ Cozyna Phnom Penh ៥១-មីនីម៉ាត Only You ៥២-ហាងលក់ស៊ីឌី 9 Movie World ៥៣-មីនីម៉ាត Reak Ray Beverage ៥៤-ហាងកាហ្វេ និងកន្លែងពិព័រណ៍ Java ៥៥-សណ្ឋាគារ Cirea 51 ។ |
ចាប់អ្នកចែកចាយថ្នាំញៀនផ្ញើតាមរថយន្តតាក់ស៊ីពីប៉ោយប៉ែតទៅខេត្តសៀមរាប Posted: 25 Mar 2011 02:23 AM PDT ក្រុងប៉ោយប៉ែត ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែត ឃាត់ខ្លួនពីបទចែកចាយថ្នាំញៀន។ លោកអនុសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ នាយផ្នែកព្រហ្មទណ្ឌឱ្យដឹងថា ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង២១និង១៧នាទី ថ្ងៃទី២៣ មីនា នៅចំណតរថយន្តក្រុងប៉ោយប៉ែត។ ជននោះឈ្មោះកែវ វណ្ណៈ អាយុ១៨ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត បានយកថ្នាំញៀនប្រភេទខេទឹកកកចំនួន២ថង់តូចផ្ញើតាមរថយន្តតាក់ស៊ីពីប៉ោយប៉ែត ទៅខេត្តសៀមរាប។ អ្នកបើកតាក់ស៊ីមានការសង្ស័យបានបើកមើល ហើយឃើញថ្នាំញៀននៅក្នុងកញ្ចប់បញ្ញើរបស់គេក៏រាយការណ៍ជូនសមត្ថកិច្ច។ សមត្ថកិច្ចពេលទៅដល់ចំណតរថយន្តបានប្រាប់ឱ្យម្ចាស់រថយន្តតាក់ស៊ីទូរស័ព្ទទៅប្រាប់ម្ចាស់បញ្ញើថា រថយន្តខ្លួនអត់បានចេញទៅសៀមរាបទេ ដូច្នេះឱ្យមកទទួលយកអីវ៉ាន់វិញ។ ពេលម្ចាស់អីវ៉ាន់ឈ្មោះកែវ វណ្ណៈ ទៅទទួលត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ សមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទខេទឹកកកចំនួន២ថង់តូច ពណ៌ស និងម៉ូតូម៉ាកវ៉េវពណ៌ឈាមជ្រូកស៊េរីឆ្នាំ២០០៦ មួយគ្រឿង របស់ឈ្មោះប៊ន ភេទប្រុស ជាបក្សពួកកែវ វណ្ណៈ ដែលគេចខ្លួនបាត់។ ជនសង្ស័យបានឆ្លើយសារភាពថា គេប្រព្រឹត្តល្មើសបែបនេះមិនមែនជាលើកទី១ទេ។ លោកអនុសេនីយ៍ឯក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែតឱ្យដឹងថា ជនល្មើសរួមទាំងវត្ថុតាងត្រូវជំនាញរបស់លោកកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។ ចំពោះបក្សពួកជនល្មើសដែលរត់គេចខ្លួននោះសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន៕ |
ប៉េអឹម និងប៉ូលិសខណ្ឌសែនសុខចាប់ក្រុមជនជួញដូរថ្នាំញៀន Posted: 25 Mar 2011 02:22 AM PDT រាជធានីភ្នំពេញ ៖ បន្ទាប់ពីកងរាជអាវុធហត្ថខណ្ឌស្រាវជ្រាវចាប់ពួកជួញដូរគ្រឿងញៀនបាន២នាក់កាលពីថ្ងៃទី១៥ មីនា នៅផ្ទះលក់កាហ្វេមួយស្ថិតនៅភូមិឌួង សង្កាត់ព្រែកព្នៅនោះ នៅថ្ងៃទី២២ មីនា ប៉ូលិសខណ្ឌសែនសុខ តាមស្រាវជ្រាវបន្តរហូតឃាត់ខ្លួនអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ទៀត ព្រមទាំងដកហូតបានថ្នាំញៀន និងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន។ យោងតាមរបាយការណ៍របស់ប៉ូលិសខណ្ឌសែនសុខឱ្យដឹងថា នៅថ្ងៃទី១៥ មីនា ឆ្នាំ២០១១ ក្រោមការដឹកនាំរបស់លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សុខ រឿន គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានទៅផ្ទះលក់កាហ្វេមួយស្ថិតនៅភូមិឌួង សង្កាត់ព្រែកព្នៅ ឃាត់ខ្លួនអ្នកប្រើប្រាស់ថ្នាំញៀន២នាក់ ឈ្មោះផល សីវា និងឈ្មោះសំ ចុង រួចប្រគល់ទៅឱ្យកងរាជអាវុធហត្ថខណ្ឌ។ ឈ្មោះផល សីវា សារភាពថា គេទិញថ្នាំញៀនពីឈ្មោះឡា យ៉ាំងឌែក ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម ជាកម្មករ មានទីលំនៅក្នុងភូមិក្រួស សង្កាត់សំរោង ខណ្ឌសែនសុខ ដូច្នេះនៅថ្ងៃទី២២ មីនា វេលាម៉ោង២២និង៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះឡា យ៉ាំងឌែក ទៀត។ សមត្ថកិច្ចឱ្យដឹងថា ឈ្មោះឡា យ៉ាំងឌែក សារភាពថា គេទិញថ្នាំញៀនបន្តពីឈ្មោះប៊ុន សុវណ្ណ ហៅវ៉ាត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ជាកម្មកររោងចក្រ ដូច្នេះហើយសមត្ថកិច្ចទៅចាប់ខ្លួនឈ្មោះប៊ុន សុវណ្ណ ទៀត។ ជនសង្ស័យទាំង២នាក់នោះកំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ |
ក្រសួងការបរទេសកម្ពុជា ច្រានចោលការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី Posted: 25 Mar 2011 02:16 AM PDT រាជធានីភ្នំពេញ ៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើការបំភ្លឺចំពោះព័ត៌មានទាក់ទងនឹងការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៤ មីនា តាមរយៈការផ្សាយរបស់ទីភ្នាក់ងារ AFP ដែលនិយាយថា កម្ពុជា និងថៃ មិនទាន់យល់ព្រមអំពីការដាក់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅតាមព្រំដែននោះ គឺផ្ទុយពីការពិតទាំងស្រុង ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា កម្ពុជាបានយល់ព្រមភ្លាមៗអំពីការដាក់អ្នកសង្កេតការណ៍មកខាងកម្ពុជា ព្រមទាំងបានបង្ហាញពីចំណុចដែលអ្នកសង្កេតការណ៍ឈរជើងទៀតផង ។ ផ្ទុយទៅវិញ ភាគីថៃទេ ដែលទាត់ចោលអ្នកសង្កេតការណ៍មិនឱ្យមានលើទឹកដីរបស់ខ្លួន ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រកាសទាត់ចោលយ៉ាងដាច់ខាតនូវការប្រកាសដ៏អកុសលរបស់អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ីនេះ ។ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី២៥ មីនា ២០១១ ថា ក្រសួងការបរទេសកម្ពុជារហូតដល់ពេលនេះនៅមិនទាន់ទទួលព័ត៌មានពីវត្តមានរបស់មន្ត្រីនៃក្រុមអ្នកសង្កេតការណ៍របស់ឥណ្ឌូណេស៊ីមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការត្រួតពិនិត្យនៅតាមព្រំដែនកម្ពុជា-ថៃនៅឡើយទេ ។ លោកបានថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទបន្តទៀតថា លោកមិនបានទទួលព័ត៌មានអ្វីជាផ្លូវការពីបញ្ហាវត្តមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីថា តើពួកគេនឹងមកដល់កម្ពុជានៅពេលណានោះទេ ។ ទោះបីយ៉ាងណា លោកមិនបានបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់នៅឡើយទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ក្រសួងការបរទេសនៅមិនទាន់បានទទួលព័ត៌មានជាផ្លូវការទេ ។ ក្រុមអ្នកវិភាគបានកត់សម្គាល់ថា បញ្ហាអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីអាចត្រូវជាប់គាំងដោយសារតែភាគីសៀមក្រឡិចក្រឡុចហើយបានធ្វើការប្រកាសមិនទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី និងបានហាមមិនឱ្យអ្នកសង្កេតការណ៍ចូលទៅកាន់តំបន់ដែលសៀមអះអាងថា ជាដី៤,៦គីឡូម៉ែត្រ នៅតំបន់ប្រាសាទព្រះវិហារផងដែរ ។ គួររំឭកថា កាលពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១១ មានការកោះប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានជាបន្ទាន់មួយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ាន និងប្រធានកិច្ចប្រជុំបានអះអាងថា អាស៊ានគ្រោងនឹងបញ្ជូនអ្នកសង្កេតការណ៍អាស៊ានមកកាន់តំបន់ដែលមានការប៉ះទង្គិចគ្នារវាងប្រទេសកម្ពុជា និងថៃ ។ ការបញ្ជូននេះត្រូវបានគេអះអាងថា អ្នកសង្កេតការណ៍ទាំងនោះគ្រោងនឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១១ កន្លងទៅនោះ ប៉ុន្តែរហូតមកដល់ពេលនេះគេនៅមិនទាន់បានឃើញវត្តមានអ្នកទាំងនោះទេ ៕ |
បាតុកម្មនានានៅបន្តទៀតក្នុងប្រទេសស៊ីរីមនុស្សស្លាប់កាន់តែច្រើន Posted: 25 Mar 2011 01:49 AM PDT បាតុករជាច្រើនពាន់នាក់បានលើកគ្នាហែក្បួនទៀតកាលពីថ្ងៃទី២៤ មីនា នៅទីក្រុង DERAA ជាកន្លែងមានការតវ៉ានៅភាគខាងត្បូងស៊ីរីដែលនៅទីនោះការបង្ក្រាបរបស់កងកម្លាំងសន្តិសុខបណ្តាលឱ្យមនុស្សស្លាប់៣៧នាក់ គ្រាន់តែនៅថ្ងៃទី២៣ មីនា មួយ ។ |
ការប៉ះទង្គិចគ្នារវាងពួកបាតុករស្និទ្ធ និងប្រឆាំងលោកមូបារ៉ាក់ នៅក្រុងគែរ Posted: 25 Mar 2011 01:48 AM PDT ទីភ្នាក់ងារព័ត៌មានផ្លូវការអេហ្ស៊ីប MENA រាយការណ៍ថា ការប៉ះទង្គិចគ្នាយ៉ាងសាហាវនានាបានផ្ទុះឡើងកាលពីថ្ងៃទី២៤ មីនា រវាងពួកអ្នកគាំទ្រ និងពួកអ្នកប្រឆាំងអតីតប្រធានាធិបតីលោកហូស្នី មូបារ៉ាក់ ។ |
ថៅកែលក់សំបកកង់រថយន្តត្រូវចាប់ខ្លួនពីបទបង្ករបួសស្នាម Posted: 25 Mar 2011 01:39 AM PDT ខេត្តកណ្តាល ៖ ថៅកែលក់សំបកកង់រថយន្តម្នាក់នៅក្រុងតាខ្មៅត្រូវកងរាជអាវុធហត្ថខេត្តកណ្តាលនាំខ្លួនតាមអំណាចរបស់តុលាការខេត្តកណ្តាល កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ មីនា ពីបទបង្ករបួសស្នាមដោយចេតនា ។ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាលឱ្យដឹងថា ជនសង្ស័យឈ្មោះឈាន សុខែម ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ជនសង្ស័យនោះបង្ករបួសស្នាមដោយចេតនាកាលពីថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១០ នៅភូមិតាខ្មៅ ។ តុលាការបានចេញដីកាបង្គាប់ឱ្យឈ្មោះឈាន សុខែម និងឈ្មោះសួន ភារម្យ ភេទប្រុស ជាជនរងគ្រោះចូលខ្លួនទៅបំភ្លឺកាលពីថ្ងៃទី៣១ មករា ឆ្នាំ២០១១ ប៉ុន្តែជនសង្ស័យមិនចូលខ្លួន ទើបត្រូវតុលាការចេញដីកាបង្គាប់ឱ្យនាំខ្លួនចុះថ្ងៃទី១៥ មីនា ឆ្នាំ២០១១ ចេញដោយលោកហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ។ មន្ត្រីអាវុធហត្ថខេត្តឱ្យដឹងពីមូលហេតុរហូតឈានដល់ការប្តឹងប្តល់គ្នានោះថា កាលពីយប់ថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១០ ឈ្មោះឈាន សុខែម មកពីផឹកស្រាវិញស្រវឹងហៅប្រពន្ធឱ្យបើកទ្វារផ្ទះ ប៉ុន្តែប្រពន្ធមិនបើកឱ្យចូល ក៏យកដុំថ្មគប់ទ្វារផ្ទះ ។ ដុំថ្មបានខ្ទាតទៅប៉ះរថយន្តរបស់ឈ្មោះសួន ភារម្យ ដែលជាអ្នកនៅផ្ទះជិតខាងគ្នា បណ្តាលឱ្យក្រពឹតជញ្ជាំង ។ ឈ្មោះសួន ភារម្យ បានចេញទៅសួរនាំ ក៏កើតជារឿងវាយតប់គ្នាបណ្តាលឱ្យឈ្មោះសួន ភារម្យ រងរបួស ៕ |
ដើមទ្រាំងកំពុងប្រឈមមុខនឹងការវិនាសហិនហោចគប្បីនាំគ្នាអភិរក្ស Posted: 25 Mar 2011 01:20 AM PDT ខេត្តក្រចេះ ៖ ទ្រាំងជាប្រភេទរុក្ខជាតិកម្រ និងអាចប្រឈមមុខផុតពូជ កំពុងដង្ហោយឱ្យមានការជួយអភិរក្ស ខណៈរងការកាប់យកកំពូលលក់ឱ្យឈ្មួញ និងទន្ទ្រានកាប់គាស់កាយចោលយកដី ហើយម្យ៉ាងទៀត ស្របពេលរដូវប្រាំងប្រឈមនឹងភ្លើងឆេះព្រៃដែលកំពុងតែរីករាលដាល។ ទ្រាំងជាប្រភេទរុក្ខជាតិព្រៃម្យ៉ាងដែលចាស់ពីបុរាណយកស្លឹកទៅចារទុកជាគម្ពីរ និងមានអ្នកខ្លះយកទៅច្នៃធ្វើជាជញ្ជាំងផ្ទះ និងដំបូលផ្ទះ ។ សំរាប់ខេត្ដក្រចេះ គេសង្កេតឃើញទ្រាំងដុះមានជាគុម្ពតូចធំបែកមែកធាងសាខានៅតាមព្រៃក្នុងភូមិសាស្ដ្រឃុំស្វាយជ្រះ ឃុំឃ្សឹម ស្រុកស្នួល។ បុរសវ័យចំណាស់ម្នាក់រស់នៅភូមិស្វាយជ្រះរៀបរាប់ថាក្រោយសំរាកពីការងារបង្កបង្កើនផលគាត់តែងតែបររទេះទៅកាប់កំពូលទ្រាំងក្នុងព្រៃសំរាប់ទុកលក់ឱ្យឈ្មួញដោយគេទិញក្នុងមួយគីឡូក្រាមតំលៃពី១៥០ ទៅ២០០រៀល ។ ការកាប់យកកំពូលទ្រាំងនេះ គឺត្រូវជ្រើសរើសយកប្រភេទដើមវ័យកណ្ដាលមិនឱ្យចាស់ពេក ឬខ្ចីពេក ។ ក្នុងដៃប្រដាប់ដោយកាំបិតវែងយ៉ាងមុតមួយកំពុងតែកាប់សកកំពូលដើមទ្រាំងបណ្ដើរ គាត់និយាយបណ្តើរថា គាត់ប្រកបរបរកាប់កំពូលទ្រាំងលក់ជាយូរណាស់មកហើយ ហើយប្រជាពលរដ្ឋនៅក្នុងភូមិនេះក៏ដូចគ្នា ។ អ្នកភូមិបន្ទាប់ពីប្រកបរបរបង្កបង្កើនផលរួច គឺឆ្លៀតឱកាសមកកាប់ដើមទ្រាំងដឹកទៅដាក់មុខផ្ទះសំរាប់លក់។ រាល់ល្ងាចតែងតែមានរថយន្ដធុនធំរបស់ឈ្មួញដើរប្រមូលថ្លឹងទិញតាមផ្ទះ ។ បុរសវ័យចំណាស់រូបនេះបន្ដថា ប្រសិនបើត្រឹមការកាប់យកកំពូលលក់ដូចជាពួកគាត់គឺមិនវិនាសទេ ព្រោះដើមទ្រាំងកើតតកូនចៅបែកគុម្ពច្រើនពីមួយឆ្នាំទៅមួយឆ្នាំតែវាអាចប្រឈមមុខទៅនឹងការវិនាសហិនហោចក្រោមស្នាដៃអ្នកកាប់គាស់យកដី និងដុតព្រៃដែលកំពុងតែកើតមាន ។ ជារៀងរាល់ថ្ងៃជាពិសេសវេលាល្ងាចគេសង្កេតឃើញមានរថយន្ដតូចធំគ្រប់ប្រភេទរបស់ឈ្មួញប្រមូលទិញយកកំពូលទ្រាំងតាមផ្ទះប្រជាពលរដ្ឋចាប់ពីឃុំស្វាយជ្រះរហូតដល់ឃុំឃ្សឹម និងឃុំស្នួល ស្រុកស្នួល ។ គេទិញដាក់ពេញរថយន្ដដឹកសំដៅចូលទៅប្រទេសវៀតណាម តាមច្រករបៀងតូចធំ តែពុំឃើញសមត្ថកិច្ចណាមួយចេញសួរនាំរកច្បាប់ទំលាប់អ្វីទេ ទោះបីជាគេដឹងថា រុក្ខជាតិទ្រាំងនេះស្ថិតនៅក្នុងអនុផលព្រៃឈើយ៉ាងណាក៏ដោយ ។ កំពូលទ្រាំងដែលត្រូវគេដឹកចូលទៅប្រទេសវៀតណាមនេះ គឺយកទៅច្នៃធ្វើជារបស់របរប្រើប្រាស់ដូចជាមួក កន្ទេល ព្រមទាំងរបស់របរមួយចំនួនទៀត ។ បន្ទាប់ពីកែច្នៃរួចគេបញ្ជូនមកលក់នៅស្រុកខ្មែរវិញ។ ជុំវិញការប្រឈមមុខនឹងការវិនាសរបស់រុក្ខជាតិទ្រាំងនេះ មន្ដ្រីរដ្ឋបាលព្រៃឈើសង្កាត់ស្វាយជ្រះមួយរូបបង្ហើបប្រាប់ថា ដើមទ្រាំងត្រូវបានចាត់ទុកជាអនុផលព្រៃឈើមួយប្រភេទ ហើយកន្លងមកសមត្ថកិច្ចជំនាញធ្លាប់ណែនាំឈ្មួញធំៗដែលដើរប្រមូលទិញត្រូវទៅបំពេញឯកសារដឹកជញ្ជូនត្រឹមត្រូវ និងត្រូវបង់ពន្ឋចូលរដ្ឋតាមការកំណត់ ។ ម្យ៉ាងវិញទៀត អាជ្ញាធរកំពុងតែបង្កើតឱ្យមានការអភិរក្សទ្រាំងដោយសហគមន៍ ។ ទោះបីជាបែបណា ប្រសិទ្ធភានៃការអភិរក្សហាក់ដូចជានៅឆ្ងាយណាស់ ព្រោះមិនឃើញសកម្មភាពជាក់ស្តែងណាមួយក្នុងការការពាររុក្ខជាតិមួយនេះឱ្យមាននិរន្តរភាពទេ ៕ |
Posted: 25 Mar 2011 01:14 AM PDT យោងតាមកាសែតឌឹណេស្សិនរបស់ថៃផ្សាយជាភាសាអង់គ្លេសនៅថ្ងៃទី២៥ មីនា ឱ្យដឹងថា មេដឹកនាំក្រុមសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យហៅក្រុមអាវលឿង១៣នាក់ កាលពីថ្ងៃទី២៥ មីនា ត្រូវតុលាការរដ្ឋប្បវេណីបញ្ជាឱ្យបង់ប្រាក់ចំនួន៥២២លានបាត ចំពោះការខូចខាតពាក់ព័ន្ធជាមួយនឹងការកាន់កាប់ព្រលានយន្តហោះដនមឿង និងព្រលានយន្តហោះសុវណ្ណភូមិ ដោយក្រុមអាវលឿង កាលពីឆ្នាំ២០០៨កន្លងមក ។ មេដឹកនាំក្រុមជ្រុលនិយមសៀមអាវលឿង ដែលត្រូវបញ្ជាឱ្យបង់ប្រាក់ដ៏ច្រើននោះក៏មានលោកចម្លងស្រ៊ីមឿង និងលោកសុនធិលឹមថងគុន ហៅ «ក្បាលជ្រូកខ្វៃ» ផងដែរ ។ គេនៅចាំបានថា ក្នុងអំឡុងពេលនៃការធ្វើបាតុកម្មនៅតាមផ្លូវក្នុងទីក្រុងបាងកក រាជធានីថៃ ដើម្បីបណ្តេញរដ្ឋាភិបាលរបស់លោកស៊ុមឆៃវង្សាវ៉ាត់ ចេញពីតំណែងកាលពីឆ្នាំ២០០៨ ក្រុមជ្រុលនិយមសៀមអាវលឿងបានប្រមូលផ្តុំគ្នាសម្រុកចូលកាន់កាប់ព្រលានយន្តហោះសំខាន់ពីររបស់ក្រុងបាងកកគឺព្រលានយន្តហោះដនមឿង និងព្រលានយន្តហោះសុវណ្ណភូមិបណ្តាលឱ្យព្រលានយន្តហោះទាំងពីរត្រូវបិទ ។ ព្រលានយន្តហោះទាំងពីរនោះបានដាក់ពាក្យបណ្តឹងប្តឹងមេដឹកនាំក្រុមអាវលឿងដែលដឹកនាំបាតុករកាន់កាប់ព្រលានយន្តហោះទាំងពីរ ទៅតុលាការរដ្ឋប្បវេណីទាមទារឱ្យមេដឹកនាំក្រុមអាវលឿងទាំងនោះបង់ប្រាក់សំណងសម្រាប់ការខូចខាត ៕ |
វិលត្រឡប់ទៅរកជីវភាពធម្មតាឡើងវិញនៅភាគខាងជើងជប៉ុន Posted: 25 Mar 2011 01:07 AM PDT ជំនួយស្បៀងហូរចូលមកកាន់តែច្រើនប្រជាជនជប៉ុនដែលរងគ្រោះដោយការរញ្ជួយដី និងស៊ូណាមីបានដំណើរការជីវភាពរបស់ពួកគេឡើងវិញបន្តិចម្តងៗ ហើយធនាគារទាំងឡាយក៏បានស្តារវិញនៅភាគខាងជើងជប៉ុន ។ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |