Koh Santipheap Daily |
- ឆេះក្រសួងមហាផ្ទៃអេហ្ស៊ីបសង្ស័យបាតុករជាអ្នកដុត
- ក្រុមជាងផ្ទះខ្វែងគំនិតគ្នាពេលផឹកស៊ីផ្ទុះហិង្សាកាប់ស្លាប់ម្នាក់
- ប្រធានាធិបតីយេម៉ែនសន្យាទៀតថានឹងចុះចេញពីតំណែងនៅដើមឆ្នាំក្រោយ តែពួកប្រឆាំងបដិសេធ
- យន្តហោះធុន F-15មួយគ្រឿងរបស់អាមេរិកធ្លាក់នៅលីប៊ី
- ប៉ូលិសបញ្ជូនខ្លួន២នាក់ឪពុកនិងកូនទៅសាលាដំបូងខេត្ត
- លោកកាដាហ្វីមានមធ្យោបាយហិរញ្ញវត្ថុសម្រាប់ធ្វើសង្គ្រាមរយៈពេលយូរ
- លោកកាដាហ្វី បង្ហាញខ្លួនជាសាធារណៈលើកដំបូងសច្ចាតស៊ូជាមួយពួកលោកខាងលិចដល់ទីបញ្ចប់
- ពួនសំងំក្រោយផ្ទះរង់ចាំយប់ចូលប្លន់ក្នុងផ្ទះ បែកការណ៍បាញ់សម្លាប់កូនស្រី
- ចាប់ស្ត្រីមេកន្ទុយលេខនៅផ្សារដើមគទាំងកណ្តាលថ្ងៃ
- រាយខ្សែភ្លើងដាក់ហ្វាថតរូបក្នុងមង្គលការឆក់ក្មេងប្រុសអាយុ៤ឆ្នាំសន្លប់
- សង្ស័យខ្មោចស្រុកឱ្យដៃចូលលួចអាវ និងរ៉ូបរោងចក្រកាត់ដេរJK
- អាជ្ញាធរដកហូតសំភារដាក់តាំងលក់តាមវិថីឧកញ៉ាទេពផន
- នាងក្អយត្រូវបានដោះលែងវេលាម៉ោង៩យប់មិញ បន្ទាប់ពីដាក់ប្លង់ដី លោះរថយន្ត២គ្រឿងប្រគល់ជូនម្ចាស់ដើមវិញ
- អាជ្ញាធរជំរុញឱ្យម្ចាស់សណ្ឋាគារនិងផ្ទះសំណាក់កត់ឈ្មោះភ្ញៀវ និងសហការជាមួយសមត្ថកិច្ច
- បុរសចំណាស់ទៅដាក់លាន់នៅមាត់ត្រពាំងរន្ទះបាញ់ស្លាប់
- លោកតំណាងរាស្ត្រម៉ៅ មុនីវណ្ណ ចាកចេញពីគណបក្សសម រង្ស៊ី ទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្ស
- ទីតាំងផលិត-ចែកចាយគ្រឿងញៀនធំមួយកណ្តាលក្រុងប៉ោយប៉ែតត្រូវបង្ក្រាបឃាត់ខ្លួនមនុស្ស៣នាក់ រឹបអូសថ្នាំញៀនជាង១ម៉ឺនគ្រាប់
- អាជីវកម្មដាប់គាស់ថ្មភក់មានតម្លៃបំផ្លាញបរិស្ថានព្រៃឈើនិងធនធានរ៉ែ
- អំណោយផ្តល់ជូនកងអង្គរក្សនៅតំបន់ប្រាសាទព្រះវិហារ និងកុមារភូមិធម្មជាតិ
ឆេះក្រសួងមហាផ្ទៃអេហ្ស៊ីបសង្ស័យបាតុករជាអ្នកដុត Posted: 23 Mar 2011 12:11 AM PDT ក្រសួងមហាផ្ទៃរបស់ប្រទេសអេហ្ស៊ីបដែលស្ថិតនៅកណ្តាលទីក្រុងគែរ ត្រូវភ្លើងឆេះសន្ធោសន្ធៅ កាលពីល្ងាចថ្ងៃទី២២ មីនា កន្លងមក ក្រោយពីមានការធ្វើបាតុកម្មយ៉ាងខ្លាំងនៅថ្ងៃនោះ ។ អណ្តាតភ្លើងអាចត្រូវគេមើលឃើញឆេះនៅដំបូលអគារក្រសួងមហាផ្ទៃនោះដែលមានកម្ពស់ច្រើនជាន់ និងផ្សែងខ្មួលខ្មាញ់ហុយលើទីក្រុងគែរ ។ នៅពេលនោះ មនុស្សជាច្រើននាក់នាំគ្នារត់ចេញពីអគារនេះ ។ |
ក្រុមជាងផ្ទះខ្វែងគំនិតគ្នាពេលផឹកស៊ីផ្ទុះហិង្សាកាប់ស្លាប់ម្នាក់ Posted: 23 Mar 2011 12:06 AM PDT ខេត្តបាត់ដំបង ៖ បុរសម្នាក់បានរត់ចោលស្រុក ក្រោយពីកាប់សម្លាប់គូបដិបក្សរបស់ខ្លួន ក្នុងជម្លោះដ៏កំរោលចូលមួយក្នុងវង់ផឹកស៊ី កាលពីវេលាម៉ោង៨យប់ថ្ងៃទី២១ មីនា នៅភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ។ មន្ត្រីនគរបាលមូលដ្ឋានបាននិយាយថា អំពើហិង្សាដ៏ឃោរឃៅនេះផ្ទុះឡើងក្នុងខណៈដែលភាគីទាំងពីរផឹកស៊ីជុំគ្នាក្នុងចំណោមមនុស្ស៥នាក់ ហើយពួកគេខ្វែងគំនិតគ្នាដែលជជែកពីរឿងធ្វើផ្ទះឱ្យគេ ព្រោះពួកគេជាជាងផ្ទះក្នុងក្រុមតែមួយ ។ មន្ត្រីនគរបាលបានប្រាប់ថា ជនដៃដល់ឈ្មោះខុម ឡន អាយុ២៥ឆ្នាំ បានប្រើពូថៅ កាប់ទៅលើឈ្មោះសូត្រ សឿត អាយុ២៩ឆ្នាំ ចំសៀតផ្កា បណ្តាលឱ្យស្លាប់មុនពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ជម្លោះនេះ បានផ្ទុះឡើងនៅផ្ទះរបស់លោកហឿត ភេត អាយុ៤៥ឆ្នាំ នៅចំណុចខាងលើ ដែលជាមេជាងរបស់ពួកគេ ។ លោកហឿត ភេត ដែលជាម្ចាស់ផ្ទះនិងជាមេជាងផ្ទះផងនោះ បាននិយាយថា ពួកគេជាកូនជាងរបស់គាត់ ហើយពេលផឹកស៊ីពួកគេទាំង២នាក់បានប្រកែកគ្នា យកឈ្នះចាញ់អំពីបច្ចេកទេសនៃការធ្វើផ្ទះ ។ លោកភេត បានបញ្ជាក់ថា ដោយម្នាក់អះអាងថា ទៅថ្ងៃអនាគតខ្លួនមិនចាំបាច់សួរមេជាងទេ ពេលទៅធ្វើផ្ទះឱ្យគេ តែម្នាក់ទៀតឆ្លើយតបវិញថា មិនអាចទៅរួចទេ យើងត្រូវតែសួរមេជាង ព្រោះយើងមិនទាន់ខ្លាំងនៅឡើយទេ ។ ការប្រកែកនេះឈានរហូតដល់តឹងសរសៃកដាក់គ្នារវាងភាគីទាំង២ និងស្ទុះទៅប្រយុទ្ធគ្នាមួយប្រាវ តែរូបលោកឃាត់បំបែកភ្លាមដែរ ហើយក៏បញ្ឈប់ការផឹកស៊ីតែម្តង ។ មេជាងរូបនេះបានបញ្ជាក់បន្ថែមថា ពេលបែកហ្វូងឈ្មោះឡន បានដើរទៅស្ទាក់ផ្លូវមុន លុះពេលឈ្មោះសឿត ដើរចេញទៅក៏ត្រូវឈ្មោះឡន កាប់មួយពូថៅចំសៀតផ្កា ដួលសន្លប់តែម្តង និងបានស្លាប់ពេលបម្រុងនាំទៅមន្ទីរពេទ្យ ។ លោកថោង ថិន អធិការរងនគរបាលក្រុងបាណន់ បានថ្លែងថា ជនដៃដល់បានរត់គេចខ្លួនទាំងយប់ដោយកាន់ពូថៅមួយទៅជាមួយផង តែយើងបានស្គាល់សាវតារជនដៃដល់នេះហើយ ហើយយើងកំពុងតាមប្រមាញ់ ។ ដោយឡែកតាមប្រភពព័ត៌មានថា ជននេះត្រូវគេប្រទះឃើញទៅដល់ក្រុងប៉ោយប៉ែត ហើយបែបទំនងកំពុងព្យាយាមចូលទៅទឹកដីប្រទេសសៀមទៀតផង ៕ |
ប្រធានាធិបតីយេម៉ែនសន្យាទៀតថានឹងចុះចេញពីតំណែងនៅដើមឆ្នាំក្រោយ តែពួកប្រឆាំងបដិសេធ Posted: 23 Mar 2011 12:05 AM PDT ប្រធានាធិបតីយេម៉ែន លោកអាលី អាប់ឌុលឡាហ៍ សាឡេហ៍ ថ្លែងប្រាប់ក្រុមប្រឆាំងដ៏ធំបំផុតរបស់ប្រទេសថា រូបលោកនឹងចុះចេញពីតំណែងនៅដើមឆ្នាំក្រោយ ។ នេះបើតាមការឱ្យដឹងដោយមន្ត្រីក្នុងគណបក្សរបស់លោកម្នាក់។ ប៉ុន្តែក្រុមប្រឆាំងបានច្រានចោលការផ្តល់នោះដោយទាមទារឱ្យលោកសាឡេហ៍ ចុះចេញពីតំណែងជាបន្ទាន់ ។ |
យន្តហោះធុន F-15មួយគ្រឿងរបស់អាមេរិកធ្លាក់នៅលីប៊ី Posted: 23 Mar 2011 12:05 AM PDT ការវាយប្រហាររបស់កងកម្លាំងចំរុះលោកខាងលិចប្រឆាំងលីប៊ីត្រូវបន្ថយក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ។ លោករ៉ូប៊ែតហ្គេត រដ្ឋមន្ត្រីការពារប្រទេសអាមេរិកថ្លែងបែបនេះពេលដែលបណ្តាប្រព័ន្ធការពារអាកាសរបស់លីប៊ីត្រូវបានកំទេច។ |
ប៉ូលិសបញ្ជូនខ្លួន២នាក់ឪពុកនិងកូនទៅសាលាដំបូងខេត្ត Posted: 23 Mar 2011 12:05 AM PDT ខេត្តតាកែវ ៖ បុរស២នាក់ជាឪពុកនិងកូនត្រូវបានប៉ូលិសស្រុកបាទីឃាត់ខ្លួនរួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការទៅតាមច្បាប់ ក្រោមការចោទប្រកាន់ពីបទញុះញង់ និងគំរាមសម្លាប់អ្នកដទៃ ខណៈពេលជនរងគ្រោះចូលទៅបេះផ្លែស្វាយចន្ទី កាលពីថ្ងៃទី១៩ មីនា វេលាម៉ោង១០និង៣០នាទីព្រឹកនៅភូមិទួលពង្រ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ។ លោកយុក សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានឱ្យដឹងថា ជនសង្ស័យ២នាក់ឪពុកកូនដែលប៉ូលិសឃាត់ខ្លួនទៅតាមពាក្យបណ្តឹងជនរងគ្រោះនោះឈ្មោះស៊ិន ស្រេង អាយុ៤៩ឆ្នាំ ជាឪពុក និងកូនឈ្មោះស្រេង វាសនា ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ ។ ជនសង្ស័យទាំង២នាក់នេះត្រូវប៉ូលិសឃាត់ខ្លួននៅថ្ងៃទី២២ មីនា វេលាម៉ោង៨ព្រឹក ឯជនរងគ្រោះដែលរងការគំរាមកំហែងនោះឈ្មោះរី ពៅ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិព្រាល ឃុំសោម ។ លោកអធិការស្រុកបានបន្តទៀតថា មុនពេលកើតហេតុឈ្មោះរី ពៅ បានសម្រាកនៅក្នុងចំការមនសហគមន៍ព្រៃឈើ ពេលនោះក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូចំនួន៤គ្រឿងមានគ្នា៨នាក់ ចូលទៅចំការមននោះ ។ ពេលទៅដល់ជនសង្ស័យឈ្មោះស្រេង វាសនា បានស្រែកគំរាមខ្លាំងៗទៅលើជនរងគ្រោះដោយចោទប្រកាន់ឈ្មោះរី ពៅ ថាបាននាំក្រុមគ្រួសារចូលទៅលួចបេះផ្លែស្វាយចន្ទី និងយកដីរបស់គេ រួចហើយពួកគេក៏ជិះម៉ូតូចេញទៅក្រៅវិញ។ លុះដល់វេលាម៉ោង១០និង១១នាទីយប់ថ្ងៃដដែល ក្រុមជនសង្ស័យបានជិះម៉ូតូប្រហែលជា១០គ្រឿង ចុះឡើងទៅមកកន្លែងចំការមនក្នុងសហគមន៍ព្រៃឈើនោះទៀត ធ្វើឱ្យឈ្មោះរី ពៅ ភ័យខ្លាចក៏បានរាយការណ៍ដល់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំសោម ធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យទាំង២នាក់ឪពុកកូនតែម្តង ។ នៅមុខសមត្ថកិច្ចប៉ូលិស ជនសង្ស័យ២នាក់ ឪពុកកូនបាននិយាយថា ឈ្មោះរី ពៅ នេះពិតជាបានចូលទៅបេះផ្លែស្វាយចន្ទីរបស់ពួកគេមែន ហើយពួកគេមិនបាននិយាយគំរាមកំហែងអ្វីទេ ។ លោកយ៉ុង ញីវ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា យើងបានកសាងសំណុំរឿងគ្រប់គ្រាន់មានទាំងវត្ថុតាងត្រឹមត្រូវ ទោះបីជាជនសង្ស័យមិនព្រមសារភាពទទួលកំហុសក៏ដោយ ក៏នៅថ្ងៃទី២៣ មីនា យើងនឹងបញ្ជូនពួកគេទៅសាលាដំបូងខេត្តចាត់ការទៅតាមច្បាប់ ៕ |
លោកកាដាហ្វីមានមធ្យោបាយហិរញ្ញវត្ថុសម្រាប់ធ្វើសង្គ្រាមរយៈពេលយូរ Posted: 23 Mar 2011 12:05 AM PDT ទោះបីជាពួកលោកខាងលិចផ្អឹបទុកទ្រព្យសម្បត្តិរបស់លីប៊ីក៏ដោយ ក៏មេដឹកនាំប្រទេសនេះលោកមូអាម៉ា កាដាហ្វី មានមាស និងប្រាក់គរទុកយ៉ាងច្រើនដែលអាចផ្គត់ផ្គង់សម្រាប់ការធ្វើសង្គ្រាមរយៈពេលយូរអង្វែងមួយ ។ |
លោកកាដាហ្វី បង្ហាញខ្លួនជាសាធារណៈលើកដំបូងសច្ចាតស៊ូជាមួយពួកលោកខាងលិចដល់ទីបញ្ចប់ Posted: 23 Mar 2011 12:05 AM PDT ក្រោយពីបណ្តាប្រទេសមហាអំណាចពិភពលោកបើកការវាយប្រហារតាមអាកាស៣លើកជាប់ៗគ្នា ប្រឆាំងលីប៊ី មេដឹកនាំប្រទេសនេះ វរសេនីយ៍ឯកមូអាម៉ា កាដាហ្វី កាលពីល្ងាចថ្ងៃទី២២ មីនា កន្លងមក បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងក្នុងទីក្រុងទ្រីប៉ូលី រដ្ឋធានីលីប៊ី ហើយលោកបានសច្ចាថា លោកនឹងបន្តតស៊ូប្រយុទ្ធប្រឆាំង ខណៈពេលប្រទេសបារាំង និងបណ្តាប្រទេសលោកខាងលិចកំពុងមមាញឹកបង្កើតក្រុមប្រឹក្សាថ្មីមួយដើម្បីដឹកនាំអន្តរាគមន៍នៅលីប៊ី ។ |
ពួនសំងំក្រោយផ្ទះរង់ចាំយប់ចូលប្លន់ក្នុងផ្ទះ បែកការណ៍បាញ់សម្លាប់កូនស្រី Posted: 22 Mar 2011 11:57 PM PDT ខេត្តតាកែវ ៖ នារីម្នាក់ត្រូវបានបាញ់ស្លាប់ និងឪពុករបស់នាងម្នាក់ទៀតរងរបួសស្រាល ខណៈចោរម្នាក់បានស្ទាក់ប្លន់មិនបានសម្រេចនៅក្នុងដីឡូត៍ក្រោយផ្ទះរបស់គ្រួសារនេះ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២២ មីនា ២០១១ ស្ថិតក្នុងភូមិអង្គសំរិទ្ធ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ។ នារីរងគ្រោះបាត់បង់ជីវិតមានឈ្មោះក្រួច ស្រីមុំ អាយុ១៩ឆ្នាំ ជានិស្សិតរៀននៅសាកលវិទ្យាល័យបៀលប្រាយតាកែវ ត្រូវចោរបាញ់១គ្រាប់ចំត្រចៀកម្ខាងធ្លាយទៅម្ខាងស្លាប់ភ្លាម មួយរំពេច។ ឪពុករបស់នាងឈ្មោះ ក្រួច ហន អាយុ៥៩ឆ្នាំ ត្រូវបញ្ឆិតក្បាល១គ្រាប់(ប៉ះថើៗ) របួសស្រាល។ សូមបញ្ជាក់ថា អំពើប្លន់ប្រដាប់អាវុធនេះចោរអាចមានបក្សពួកនៅខាងក្រៅផ្ទះ២ទៅ៣នាក់ទៀត ដោយពួកគេឱ្យគ្នាគេតែម្នាក់ប៉ុណ្ណោះ ចូលមកសំងំស៊ើបការណ៍ឱ្យដឹងពីកន្លុកកន្លៀត រង់ចាំយប់បន្តិចទៀត ធ្វើសម្មភាពប្លន់ក្នុងផ្ទះតែម្តង ប៉ុន្តែចៃដន្យឪពុក និងកូនស្រីនោះបានទៅកាប់ចេកនៅខាងក្រោយផ្ទះយកមកផ្ទុំ លុះត្រឡប់មកវិញ ក៏វាក់អើនឹងចោរកំពុងពួនសំងំ ទើបកើតការបាញ់សម្លាប់កូនស្រីតែម្តង ចំណែកឪពុកបានរត់គេចខ្លួនរួច ។ ដោយឡែក ចោរក្រោយពីបាញ់សម្លាប់មនុស្សហើយ ក៏រត់គេចខ្លួនតែម្តង ដោយមិនបានប្លន់យកទ្រព្យសម្បត្តិអ្វីទេ... ស្ត្រីរងគ្រោះជាកូនពៅក្នុងចំណោមបងប្អូន៤នាក់ ។ ផ្ទះគ្រួសារខាងលើនេះ ជាអ្នកមានធូរធារម្នាក់ប្រចាំស្រុកត្រាំកក់ ខេត្តតាកែវ មានមុខរបរលក់គ្រឿងសំណង់ ៕ |
ចាប់ស្ត្រីមេកន្ទុយលេខនៅផ្សារដើមគទាំងកណ្តាលថ្ងៃ Posted: 22 Mar 2011 11:38 PM PDT រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១១ ប៉ូលិសព្រហ្មទណ្ឌខណ្ឌទួលគោកក្រោមបញ្ជាលោកអធិការហួត ចាន់យ៉ារ៉ាន់ បានចុះចាប់ស្ត្រីមេកន្ទុយលេខដ៏ធំម្នាក់នៅចំណុចមុខបង្គន់អនាម័យផ្សារដើមគ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។ នៅកន្លែងកត់កន្ទុយលេខរបស់ស្ត្រីនោះប៉ូលិសបានដកហូតក្រដាសសំរាប់កត់កន្ទុយលេខជាច្រើនផ្ទាំង និងបានឃាត់ខ្លួនស្ត្រីមេកន្ទុយលេខនោះបញ្ជូនទៅអធិការដ្ឋានខណ្ឌតាមរយៈរថយន្តកាមរីឆ្លាមមួយគ្រឿង។ យោងតាមប្រភពពីមន្ត្រីប៉ូលិសបានបង្ហើបឱ្យដឹងថា ស្ត្រីមេកន្ទុយលេខនេះឈ្មោះឈុំ ណយ អាយុ៣៥ឆ្នាំ មានទីលំនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំពោះការចាប់ខ្លួនស្ត្រីមេកន្ទុយលេខខាងលើនេះ លោកហួត ចាន់យ៉ារ៉ាន់ បានប្រាប់ឱ្យដឹងថា លោកកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យទោសទៅតាមច្បាប់។ គួរបញ្ជាក់ថា កន្លែងកត់កន្ទុយលេខបានកើតឡើងសឹងគ្រប់ទីកន្លែងនៅជុំវិញផ្សារដើមគទៅហើយ។ បើតាមប្រភពព័ត៌មានឱ្យដឹងថា មានចំនួន៦ទៅ៧កន្លែង ប៉ុន្តែប៉ូលិសបានធ្វើការបង្ក្រាបតែ១កន្លែងនេះចាត់ទុកថា អ្នកកត់កន្ទុយលេខដទៃទៀតនៅជុំវិញផ្សារដើមគអាចបញ្ឈប់ដោយស្វ័យប្រវត្តិ ព្រោះខ្លាចមានវាសនាដូចស្ត្រីខាងលើនេះ ៕ |
រាយខ្សែភ្លើងដាក់ហ្វាថតរូបក្នុងមង្គលការឆក់ក្មេងប្រុសអាយុ៤ឆ្នាំសន្លប់ Posted: 22 Mar 2011 11:36 PM PDT ខេត្តកណ្តាល ៖ បុរសជាជាងថតរូបក្នុងមង្គលការ និងពិធីផ្សេងៗត្រូវសមត្ថកិច្ចប៉ូលិសស្រុកកណ្តាលស្ទឹងឃាត់ខ្លួនពីបទរាយខ្សែភ្លើងតដាក់ហ្វាដើម្បីថតរូបក្នុងពិធីកាត់សក់នៃមង្គលការមួយបណ្តាលឱ្យចរន្តអគ្គិសនីឆក់ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់សន្លប់ស្តូកស្តឹង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២០ មីនា នៅមុខផ្ទះការស្ថិតក្នុងភូមិអំពៅ ព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង។ តាមសាក្សីឱ្យដឹងថា ឈ្មោះវង្ស រិន បានទៅថតរូបក្នុងពិធីមង្គលការរបស់កូនអ្នកស្រីគង់ មឿន ។ នៅវេលាម៉ោង១០ និង៣០នាទីព្រឹកពេលរៀបចំកាត់សក់កូនកំលោះ កូនក្រមុំ ឈ្មោះវង្ស រិន បានរាយខ្សែភ្លើងចេញពីក្នុងផ្ទះការទៅរោងកាត់សក់ដើម្បីបើកភ្លើងហ្វាថតរូបភាព។ នៅពេលនោះកុមារឈ្មោះឃី ចាន់រាម ដែលមានផ្ទះនៅចំងាយប្រមាណជិត១០០ម៉ែត្របានទៅឈរនៅ មុខទ្វារចូលរោងការ ហើយប៉ះខ្សែភ្លើងបណ្តាលឱ្យឆក់រងរបួសដួលសន្លប់នៅនឹងកន្លែង។ ភ្លាមនោះគេនាំគ្នាស្រែកឆោឡោឡើង ឈ្មោះវង្ស រិន ស្ទុះរត់ទៅបិទបារ៉ែតភ្លើងក្នុងផ្ទះ រួចហើយជួយធ្វើចលនាឱ្យក្មេងប្រុសរងគ្រោះ។ ឪពុកម្តាយកុមារារងគ្រោះបានយកកូនទៅមណ្ឌលសុខភាពឃុំអំពៅព្រៃ តែដោយឃើញសភាពធ្ងន់ពេកគ្រូពេទ្យមិនហ៊ានពិនិត្យក៏បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផានៅឯរាជធានីភ្នំពេញ។ ឪពុក ម្តាយក្មេងប្រុសរងគ្រោះបានដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចប៉ូលិសស្រុកកណ្តាលស្ទឹងបានឃាត់ខ្លួនបុរសឈ្មោះវង្ស រិន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមច្បាប់ ៕ |
សង្ស័យខ្មោចស្រុកឱ្យដៃចូលលួចអាវ និងរ៉ូបរោងចក្រកាត់ដេរJK Posted: 22 Mar 2011 11:29 PM PDT រាជធានីភ្នំពេញ ៖ រោងចក្រកាត់ដេរចេខេ(JK) ស្ថិតនៅក្រុមទី១២ ភូមិទួលគោក សង្កាត់ទួលសង្កែ ត្រូវជន១ក្រុមធ្វើសកម្មភាពចូលលួចយកអាវ និងរ៉ូបអស់ចំនួន១៤.០០០រ៉ូប អាវកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមីនា និងធ្វើឱ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២២ ខែមីនា ដោយប្រធានរដ្ឋបាលបានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចប៉ុស្តិ៍។ ការចូលធ្វើសកម្មភាពលួចក្នុងរោងចក្របែបនេះគេសង្ស័យថា មានការឱ្យដៃពីខ្មោចស្រុកទើបពួកចោរអាចធ្វើសកម្មភាព និងដឹកយកអាវបានយ៉ាងស្រួលបែបនេះ។ តាមពាក្យបណ្តឹងរបស់ឈ្មោះខុន ណារ៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្រធានរដ្ឋបាលរោងចក្រកាត់ដេរចេខេ បានឱ្យសមត្ថកិច្ចដឹងថា មានជន១ក្រុមបានធ្វើសកម្មភាពចូលលួចនៅក្នុងរោងចក្របណ្តាលឱ្យបាត់បង់អាវ និងរ៉ូបចំនួន១៤.០០០។ ក្រុមចោរបានធ្វើសកម្មភាពនៅវេលាម៉ោង១២ និង១៥នាទីរំលងអធ្រាត្រហើយនៅព្រឹកថ្ងៃទី២២ ខែមីនា ទើបដឹងនៅពេលដែលជនជាតិចិន និងបុគ្គលិកចូលធ្វើការ។ តាមព័ត៌មានឱ្យដឹងថា នៅយប់កើតហេតុនោះមានសន្តិសុខចំនួន៤នាក់យាម ហើយសន្តិសុខចំនួន២នាក់បាននៅផ្នែកខាងមុខរោងចក្រ។ បន្ទាប់ពីភ្ញាក់ផ្អើលចោរចូលលួចសំភារក្នុងរោងចក្រ មានសន្តិសុខឯកជនចំនួន២នាក់បានគេចខ្លួនបាត់ដែលគេសង្ស័យថា ក្រុមនេះអាចពាក់ព័ន្ធក្នុងសកម្មភាពចូលលួចនោះ។ មានការលើកឡើងថា បើសិនគ្មានការបើកដៃឱ្យពីខ្មោចក្នុងទេ ចោរមិនអាចធ្វើសកម្មភាពបានឡើយ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចខណ្ឌឫស្សីកែវកំពុងធ្វើការស្រាវជ្រាវជុំវិញការចូលលួចអាវរោងចក្រជាទ្រង់ទ្រាយធំបែបនេះ៕ |
អាជ្ញាធរដកហូតសំភារដាក់តាំងលក់តាមវិថីឧកញ៉ាទេពផន Posted: 22 Mar 2011 11:20 PM PDT រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌទួលគោកដឹកនាំដោយលោកសាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ កាលពីរសៀលថ្ងៃទី២១ មីនា បានធ្វើសកម្មភាពរៀបចំសណ្តាប់ធ្នាប់តាមដងវិថីឧកញ៉ាទេពផន ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ហើយក៏បានចាប់ដកហូតយកសំភារក្បាលរថយន្ត និងគោយន្តកាប់សាច់ដែលដាក់តាំងលក់លើចិញ្ចើមផ្លូវធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពរាជធានី។ មន្ត្រីនៃអាជ្ញាធរខណ្ឌទួលគោកនិយាយថា នេះជាការព្រមានមួយ បន្ទាប់ពីអាជ្ញាធរធ្លាប់ធ្វើការណែនាំ និងចុះរៀបចំសណ្តាប់ធ្នាប់ជាច្រើនលើកមកហើយ តែអាជីវករទាំងនោះនៅតែរឹងរូសហើយដាក់តាំងលក់របស់របរដោយពុំស្តាប់ការណែនាំរបស់អាជ្ញាធរ។ លោកសាំង សុភៈវិចិត្រ បានឱ្យដឹងថា តាមការណែនាំរបស់លោកសេង រតនៈ អភិបាលខណ្ឌទួលគោក បានជំរុញឱ្យគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ចុះណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋលក់ដូរតាមដងផ្លូវឱ្យមានសណ្តាប់ធ្នាប់ ព្រមទាំងចុះរៀបចំសណ្តាប់ធ្នាប់ជាច្រើនលើកមកហើយ ។ ជាមួយនេះ បានបាញ់ថ្នាំកំណត់ឱ្យប្រជាពលរដ្ឋលក់ដូរ និងទុកចិញ្ចើមផ្លូវសំរាប់ឱ្យប្រជាពលរដ្ឋធ្វើដំណើរ តែពួកគាត់មិនស្តាប់ការណែនាំរបស់អាជ្ញាធរ ហើយបានដាក់តាំងលក់ទំនិញផ្សេងៗ រំលោភលើការកំណត់ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពតាមដងផ្លូវ។ លោកសាំង សុភៈវិចិត្រ បានឱ្យដឹងទៀតថា តាមការណែនាំរបស់ក្រសួងមហាផ្ទៃ គឺហាមយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម។ ដោយសារតែមានការយោគយល់ពីអាជ្ញាធរក៏បានធ្វើការសម្របសម្រួល និងអនុគ្រោះដល់ប្រជាពលរដ្ឋ ដោយកំណត់យក១ភាគ៣នៃចិញ្ចើមផ្លូវទៅតាមស្ថានភាពផ្លូវជាក់ស្តែងទុកឱ្យបងប្អូនប្រកបរបររកស៊ីតែពួកគាត់នៅតែមិនស្កប់ស្កល់ ហើយរំលោភយកចិញ្ចើមផ្លូវស្ទើរតែទាំងអស់ធ្វើអាជីវកម្មទើប អាជ្ញាធរអនុវត្តចាប់រឹបអូសជាការព្រមាន។ លោកសាំង សុភៈវិចិត្រ បានបន្តទៀតថា ការចុះរៀបចំសណ្តាប់ធ្នាប់ គឺដើម្បីសោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើង ដូច្នេះសុំបងប្អូនមានការយោគយល់ និងចូលរួមជាមួយអាជ្ញាធរ ធ្វើយ៉ាងណាឱ្យទីក្រុងមានសោភ័ណភាព និងអនាម័យល្អ ៕ |
Posted: 22 Mar 2011 09:18 PM PDT រាជធានីភ្នំពេញ ៖ នាងជួន ចាន់រតនា ហៅក្អយ តារាកំប្លែងល្បីឈ្មោះ ប៉ុន្តែបាត់មុខមួយរយៈលើវេទិកាក៏ដូចជាកញ្ចក់ទូរទស្សន៍ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃដោះលែងឱ្យមានសេរីភាពវិញ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២២ មីនា ២០១១ បន្ទាប់ពីនាងចរចាត្រូវរ៉ូវជាមួយម្ចាស់បំណុល (ម្ចាស់រថយន្ត) ដោយយល់ព្រមប្រគល់ប្លង់ដីនៅតាមផ្លូវជាតិលេខ៣ ម្តុំវត្តស្លែងរបស់នាងទៅឱ្យម្ចាស់រថយន្ត ដើម្បីឱ្យម្ចាស់រថយន្តបញ្ចេញលុយទៅលោះរថយន្តដែលនាងក្អយយកទៅបញ្ចាំ ។ ការដោះលែងនេះ ធ្វើឡើងគ្រាន់តែបញ្ចប់សំណុំរឿងបណ្តឹងពីម្ចាស់បំណុល (ម្ចាស់រថយន្ត) ឈ្មោះទី សុធីតា មួយម្ចាស់ប៉ុណ្ណោះ ចំណែកម្ចាស់បំណុល និងម្ចាស់រថយន្តជាច្រើននាក់ទៀត កំពុងស្ថិតក្នុងដៃព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញនៅឡើយ ដោយព្រះរាជអាជ្ញាកំពុងចាត់នីតិវិធីស៊ើបអង្កេតបឋម ដូច្នេះក្នុងរយៈពេលស៊ើបអង្កេតបឋមនេះ នាងក្អយមិនត្រូវបានឃាត់ខ្លួន ឬចាប់ខ្លួននោះទេ...ប៉ុន្តែនៅពេលស៊ើបអង្កេតច្បាស់លាស់ហើយ និងរកឃើញកំហុសឆបោកណាមួយនោះ តុលាការនឹងចេញដីកាកោះហៅ...ដីកានាំខ្លួន...និងចុងក្រោយ គឺដីកាចាប់ខ្លួន...។ គួររំឭកថា នាងជួន ចាន់រតនា ហៅអយ ឬក្អយ ដែលជាតារាកំប្លែងល្បីឈ្មោះបោះសំឡេងតាមកញ្ចក់ទូរទស្សន៍ និងកម្មវិធីផ្សេងៗ កាលពីថ្ងៃទី២១ មីនា បានត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនាំខ្លួនពាក់ព័ន្ធនឹងបណ្តឹងខ្ចីរថយន្តគេច្រើនគ្រឿងបែរជាយកទៅបញ្ចាំ ។ ទាក់ទិននឹងការនាំខ្លួននាងអយនេះ ត្រូវបានមន្ត្រីនគរបាលក្រសួងមហាផ្ទៃឱ្យដឹងថា នាងអយត្រូវបានឈ្មោះទី សុធីតា ប្តឹងចោទប្រកាន់ពីបទឆបោកយករថយន្តរបស់គេ២គ្រឿងបើគិតជាទឹកប្រាក់មានតម្លៃជាង៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ ដើមចមក្នុងបណ្តឹងនេះគឺឈ្មោះទី សុធីតា មានរថយន្ត២គ្រឿង ១គ្រឿងប្រភេទទួរីស១២កៅអី និង១គ្រឿងទៀតឡិចស៊ីស RX 300 ត្រូវនាងអយជួលយកទៅដឹកសំភារសំអាងការតាមកម្មវិធីនានាក្នុងរាជធានីភ្នំពេញ ។ ពេលជួលរថយន្ត ដើមបណ្តឹង និងនាងអយបានធ្វើកិច្ចសន្យាជួលត្រឹមត្រូវ មិនខ្វះចន្លោះពីផ្លូវច្បាប់នោះឡើយ តែក្រោយពេលជួលរថយន្តនោះហើយបានតែប៉ុន្មានថ្ងៃ នាងអយក៏យករថយន្តរបស់ដើមបណ្តឹងទៅបញ្ចាំយកប្រាក់ ។ ក្រោយពីទទួលដំណឹងថា នាងអយយករថយន្តទៅដាក់បញ្ចាំខុសពីកិច្ចសន្យាជួលយកទៅធ្វើអាជីវកម្មនោះ ដើមបណ្តឹងបានណាត់ជួបនាង ជាច្រើនលើកសុំយករថយន្តមកវិញ ប៉ុន្តែនាងអយចេះតែគេចវេះ ។ បន្ទាប់មកទើបដើមបណ្តឹងបង្ខំចិត្តដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌ កំរិតធ្ងន់ក្រសួងមហាផ្ទៃ ហើយនៅថ្ងៃទី២១ មីនា ដើមបណ្តឹងបានសហការជាមួយសមត្ថកិច្ចនាំខ្លួននាងអយទៅក្រសួងមហាផ្ទៃ ដើម្បីឱ្យនាងយករថយន្តមកប្រគល់ឱ្យវិញ ។ ប៉ុន្តែជាលទ្ធផល គឺនាងអយមានតែគ្រឿងសំអាងប៉ុណ្ណោះដាក់តម្កល់ចំពោះសមត្ថកិច្ច ។ ចំពោះបណ្តឹងមួយករណីនេះគឺគូភាគីទាំង២កំពុងធ្វើការសម្រុះសម្រួលគ្នា ព្រោះ ពេលនេះនាងអយបានប្រាប់សមត្ថកិច្ចថា នាងមានដីមួយកន្លែងនៅខេត្តកំពង់ស្ពឺ តែដីនោះមានតម្លៃត្រឹម៣.០០០ដុល្លារប៉ុណ្ណោះ និងមានសំភារសំអាងការមួយចំនួនទៀត តែអាសយដ្ឋានគ្មានទេ គឺជាផ្ទះជួល ។ ដូច្នេះ ប្រការនេះហើយបានជាដើមបណ្តឹងបង្ខំចិត្តទាមទារឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ព្រោះទឹកប្រាក់ប្រមាណជាង៣ម៉ឺនដុល្លារលើតម្លៃរថយន្តរកសងមិនបានឡើយ ។ ប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា នាងជួន ចាន់រតនា ហៅអយ ត្រូវគេប្តឹងច្រើនដែលសុទ្ធតែរឿងជួលរថយន្ត គេជិះបែរជាយកទៅបញ្ចាំដូចខាងលើ ។ មានដើមបណ្តឹងពីឈ្មោះឈុំ សុគន្ធណារិទ្ធ និងឈ្មោះឈ ប៊ុនឆាយ អស់រថយន្ត៥គ្រឿង ដែលសំណុំរឿងស្ថិតលើព្រះរាជអាជ្ញារង២រូប កំពុងស៊ើបអង្កេតបឋម ។ ប្រភពព័ត៌មានពីសាលាដំបូងដដែលបានឱ្យដឹងទៀតថា នាងអយមិនមែនមានត្រឹមតែរឿង ប៉ុណ្ណឹងទេ គឺនៅជំពាក់ប្រាក់គេវ័ណ្ឌកច្រើនទៀត ដូច្នេះទំនងមិនអាចគេចផុតពីការចោទប្រកាន់តាមផ្លូវច្បាប់នោះឡើយ ពោលគឺអាចឃុំខ្លួនបណ្តោះអាសន្នក៏ថាបាន ។ រហូតមកដល់ល្ងាចថ្ងៃទី២២ មីនា នាងអយស្ថិតនៅក្នុងការឃាត់ខ្លួនរបស់សមត្ថកិច្ចក្រសួងមហាផ្ទៃនៅឡើយ ៕ |
Posted: 22 Mar 2011 08:25 PM PDT រាជធានីភ្នំពេញ ៖ ដើម្បីធ្វើឱ្យភូមិសង្កាត់មានសុវត្ថិភាពកាលពីព្រឹកថ្ងៃទី២២ មីនា អាជ្ញាធរខណ្ឌទួលគោក បានជួបប្រជុំជាមួយម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងផ្ទះជួលនៅក្នុងមូលដ្ឋានដើម្បីជំរុញឱ្យកត់ឈ្មោះភ្ញៀវ និងសហការជាមួយសមត្ថកិច្ចចៀសវាងនៅពេលកើតមានបទល្មើស ម្ចាស់ផ្ទះសំណាក់ ឬសណ្ឋាគារមិនដឹង និងមិនស្គាល់ពីអត្តសញ្ញាណភ្ញៀវដែលអាចជាប់ពាក់ព័ន្ធបទល្មើស ។ លោកសេង រតនៈ អភិបាលខណ្ឌទួលគោកបានឱ្យដឹងថា ដើម្បីចៀសឱ្យផុតពីការចោទប្រកាន់របស់តុលាការពាក់ព័ន្ធនឹងបទល្មើសដែលបានកើតឡើង សូមម្ចាស់ផ្ទះសំណាក់ សណ្ឋាគារទាំងអស់ត្រូវកត់ឈ្មោះភ្ញៀវដែលចូលស្នាក់នៅ និងសហការរាយការណ៍ពីជនសង្ស័យដល់សមត្ថកិច្ចក៏ដូចជាអាជ្ញាធរមូលដ្ឋាន ចៀសវាងជនសង្ស័យមកធ្វើសកម្មភាពល្មើសនៅផ្ទះសំណាក់របស់ខ្លួនហើយបែរជាមិនបានស្គាល់អត្តសញ្ញាណទៅវិញ ។ លោកសេង រតនៈ អភិបាលខណ្ឌទួលគោក បានឱ្យដឹងថា មុនដំណើរការអាជីវកម្មផ្ទះសំណាក់ ឬសណ្ឋាគារទាមទារសុំច្បាប់ឱ្យបានត្រឹមត្រូវ និងធ្វើកិច្ចសន្យាជាមួយអាជ្ញាធរធានាឱ្យបានបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ និងមិនឱ្យមានបទល្មើសដូចជាការជួញដូរគ្រឿងញៀន។ល។ ក្រៅពីនោះម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារត្រូវស្តាប់តាមការណែនាំរបស់សាលារាជធានីភ្នំពេញ ដូចជាការកត់ឈ្មោះភ្ញៀវចូលស្នាក់នៅឱ្យបានត្រឹមត្រូវ ទើបជនល្មើសមិនហ៊ានចូលមកប្រព្រឹត្តបទល្មើសនៅទីកន្លែងរបស់ខ្លួន។ ម្យ៉ាងទៀតវាបានបង្ការ និងបង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចធ្វើការស្រាវជ្រាវពេលមានបទល្មើសកើតឡើង ។ លោកសេង រតនៈ បានសំណូមពរដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រកបអាជីវកម្មរបស់ខ្លួន ត្រូវសហការ និងស្តាប់ការណែនាំរបស់អាជ្ញាធរ ចៀសវាងមានបទល្មើសកើតឡើងនៅក្នុងផ្ទះសំណាក់ និងសណ្ឋាគាររបស់ខ្លួន បើមិនដូច្នោះទេ នឹងប្រឈមមុខផ្លូវច្បាប់មិនខាន។ ដូច្នេះមុននឹងបើកដំណើរការអាជីវកម្មរបស់ខ្លួនត្រូវសុំច្បាប់ឱ្យបានត្រឹមត្រូវ និងសុំយកអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនពីភ្ញៀវដែលចូលមកស្នាក់នៅដើម្បីចៀសវាងពីការប្រឈមមុខចំពោះផ្លូវច្បាប់៕ |
បុរសចំណាស់ទៅដាក់លាន់នៅមាត់ត្រពាំងរន្ទះបាញ់ស្លាប់ Posted: 22 Mar 2011 08:22 PM PDT ខេត្តបន្ទាយមានជ័យ ៖ បុរសចំណាស់ម្នាក់បានត្រូវរន្ទះបាញ់ស្លាប់ចោលប្រពន្ធ និងកូន ខណៈពេលទៅដាក់លាន់នៅត្រពាំងខាងកើតភូមិក្របៅចម្ងាយ២.៥០០ម៉ែត្រ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី២១ មីនា ឆ្នាំ២០១១ នៅភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ បើតាមការឱ្យដឹងពីលោកអនុសេនីយ៍ឯក កែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា បុរសចំណាស់រងគ្រោះដោយរន្ទះបាញ់ឈ្មោះលុន ធា អាយុ៥៣ឆ្នាំ នៅភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។ ក្រុមគ្រួសារជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា ជាទម្លាប់រៀងរាល់ល្ងាចជនរងគ្រោះតែងតែយកលាន់ទៅដាក់អន្ទង់ ដើម្បីយកមកលក់គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ នៅថ្ងៃកើតហេតុវេលាម៉ោង៦និង៤០នាទីល្ងាច មានភ្លៀងធ្លាក់យ៉ាងខ្លាំង និងមានផ្គររន្ទះ ព្រមទាំងខ្យល់ផងដែរ ។ ក្រោយពីរាំងភ្លៀងហើយមិនឃើញគាត់មកហូបបាយ ហើយយប់ងងឹតផងនោះ ក្រុមគ្រួសារក៏បាននាំគ្នាដើររកស្រាប់តែប្រទះឃើញសាកសពគាត់ដេកស្លាប់នៅមាត់ត្រពាំងចម្ងាយពីភូមិប្រហែល២.៥០០ម៉ែត្រ ។ លោកអធិការនគរបាលស្រុក បានឱ្យដឹងថា តាមការពិនិត្យ និងធ្វើកោសល្យវិច័យ ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់មែន ពុំមានទាក់ទិននឹងអ្វីផ្សេងឡើយ ។ សពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួចក៏បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ |
លោកតំណាងរាស្ត្រម៉ៅ មុនីវណ្ណ ចាកចេញពីគណបក្សសម រង្ស៊ី ទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្ស Posted: 22 Mar 2011 08:20 PM PDT រាជធានីភ្នំពេញ ៖ លោកម៉ៅ មុនីវណ្ណ បន្ទាប់ពីលាឈប់ធ្វើជាតំណាងរាស្ត្ររបស់គណបក្សសម រង្ស៊ី នាពេលថ្មីៗនេះ ឥឡូវបានប្រកាសនៅក្នុងសន្និសីទកាសែតមួយនៅទីធ្លាខាងមុខរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៣ មីនា ២០១១ ថា រូបលោក និងសមាជិកក្រុមការងារជាង១០នាក់ ទៀតប្រចាំខេត្តកំពង់ចាម និងខេត្តតាកែវ បានសម្រេចចាកចេញពីគណបក្សសម រង្ស៊ី ទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្សរបស់លោកគឹម សុខា វិញហើយ។ លោកម៉ៅ មុនីវណ្ណ បានមានប្រសាសន៍ថា ការដែលលោកទៅរួមជាមួយគណបក្សសិទ្ធិមនុស្ស គឺមកពីគណបក្សមួយនេះមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ គោរពការងារបានត្រឹមត្រូវ និងទុកចិត្តសម្រាប់អនាគត...ចំណែកគណបក្សសម រង្ស៊ី លែងមានប្រជាធិបតេយ្យទៀតហើយ ម្យ៉ាងទៀត លោកប្រធានសម រង្ស៊ី រស់នៅក្រៅប្រទេសជារបៀបនិរទេស គ្មានគោលដៅច្បាស់លាស់ គ្មានសិទ្ធិសម្រេចការងារអ្វីទេ ប្រគល់ឱ្យតែលោកយឹម សុវណ្ណ និងលោកអេង ឆៃអ៊ាង ចាត់ចែងប្រកបដោយបក្សពួកនិយម ។ សូមបញ្ជាក់ថា បន្ទាប់ពីភ្ញាក់ផ្អើលតំណាងរាស្ត្រលាឈប់ពីគណបក្សសម រង្ស៊ី នោះ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ មីនា ២០១១ នៅទីធ្លាខាងមុខរដ្ឋសភា លោកម៉ៅ មុនីវណ្ណ អតីតតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងបច្ចុប្បន្នជាប្រធានក្រុមការងារគណបក្សសម រង្ស៊ី ប្រចាំខេត្តតាកែវ បានប្រកាសនៅក្នុងសន្និសីទកាសែតថា លោកបានលាឈប់ពីតំណាងរាស្ត្រគណបក្សសម រង្ស៊ី ជាផ្លូវការហើយ និងសុំឱ្យមានការកែទម្រង់គណបក្សនេះជាបន្ទាន់ ដោយអះអាងប្រាប់អ្នកកាសែតថា គណបក្សសម រង្ស៊ី ស្ថិតនៅក្រោមឥទ្ធិពលគ្រួសារលោកយឹម សុវណ្ណ និងលោកអេង ឆៃអ៊ាង ។ លោកម៉ៅ មុនីវណ្ណ បន្តថា ខណៈដែលលោកចាកចេញពីគណបក្សសម រង្ស៊ី គឺមិនទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ឬគណបក្សណានៅឡើយទេ... ប៉ុន្តែលោកព្រមានថា បើគ្មានការកែទម្រង់ទេ លោក និងសមាជិកឯទៀតនឹងទៅចូលរួមជាមួយគណបក្សណាដែលមានប្រជាធិបតេយ្យពិតប្រាកដ ៕ |
Posted: 22 Mar 2011 07:35 PM PDT ក្រុងប៉ោយប៉ែត ៖ ទីតាំងផលិត-ចែកចាយគ្រឿងញៀន២កន្លែង កណ្តាលក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងប៉េអឹមលើផ្ទៃប្រទេសឆ្មក់ចូលបង្ក្រាបកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ មីនា ២០១១ ក្របួចបានជនពាក់ព័ន្ធ៣នាក់ ក្នុងនោះស្ត្រីម្នាក់ជាជនជាតិសៀម ព្រមទាំងរឹបអូសបានឧបករណ៍កែច្នៃផលិតថ្នាំញៀនមួយចំនួនធំ និងថ្នាំញៀនប្រភេទយ៉ាម៉ា WY ជាង១ម៉ឺនគ្រាប់។ ជនពាក់ព័ន្ធដែលកម្លាំងប៉េអឹមធ្វើការឃាត់ខ្លួនរួមមាន ១-ឈ្មោះលី សេងឡា អាយុ៣៨ឆ្នាំ មានស្រុកកំណើតស្រុកទ្រាំង ខេត្តតាកែវ ២-ឈ្មោះដាក់រ៉ូនី ខាន់តាក់គិរី ជាជនជាតិសៀម ប្រពន្ធរបស់ឈ្មោះលី សេងឡា និង៣-ឈ្មោះឆេង ដឺលីន ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល។ ពួកគេទាំង៣នាក់ស្នាក់នៅបន្ទប់ជួលម្ខាងផ្លូវពីគ្នា ដោយឈ្មោះឆេង ដឺលីន នៅបន្ទប់ជួលផ្សេងពីឈ្មោះលី សេងឡា និងស្ត្រីជនជាតិសៀម ។ ការបង្ក្រាបទីតាំងកែច្នៃ ផលិត ចែកចាយថ្នាំញៀនទាំង២កន្លែងនេះ សមត្ថកិច្ចរឹបអូសបានឧបករណ៍កែច្នៃ ផលិតច្រើនមុខ មានទាំងម៉ាស៊ីនសម្ងួត សារធាតុផ្សំជាច្រើនមុខ ជញ្ជីងសម្រាប់ថ្លឹង និងថ្នាំញៀនជាង១ម៉ឺនគ្រាប់ ។ ក្នុងបន្ទប់របស់ពួកគេទាំង២កន្លែង គេឃើញមានប្រភេទម្សៅលាយហើយពុំទាន់ផលិតជាច្រើនដាក់ក្នុងចានទៀតផង ហើយក៏មានគ្រាប់កាំភ្លើងអាកាមួយបង់២៥គ្រាប់ ក្នុងបន្ទប់របស់ប្តីប្រពន្ធនោះផងដែរ ។ ប្រតិបត្តិការបង្ក្រាបនេះ គេឃើញមានវត្តមានលោកថាច់ ចាន់បូរ៉ុម នាយរងការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងជាច្រើនទាំងខេត្ត ទាំងក្រុងចូលរួមផងដែរ ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព. |
អាជីវកម្មដាប់គាស់ថ្មភក់មានតម្លៃបំផ្លាញបរិស្ថានព្រៃឈើនិងធនធានរ៉ែ Posted: 22 Mar 2011 07:23 PM PDT ខេត្តព្រះវិហារ ៖ ថ្មភក់មានតម្លៃដែលមាននៅតាមដងផ្លូវជាតិលេខ៦២ក្បែរច្រមុះ ភ្នំត្បែងមានជ័យភាគខាងកើត ស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ បានទទួលរងនូវការកាប់គាស់យកតាមចិត្តពីសំណាក់ឈ្មួញអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ពេលនេះទៀត ថ្មភក់កំពុងត្រូវបានឈ្មួញជីកកកាយអារកាត់ និងដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងតាមដងផ្លូវជាតិលេខ៦២ ចេញពីខេត្ដព្រះវិហារយកទៅកែច្នៃលក់នៅក្រៅខេត្ដ និងខ្លះទៀតរហូតនាំចេញទៅលក់នៅឯក្រៅប្រទេសទៀតផង ដោយយកឈ្មោះមន្ត្រីនេះ ឬមន្ត្រីនោះជាអ្នកស្នើសុំ។ ថ្មភក់ដែលគេដឹកចេញម្តងៗមានរាប់ពាន់ដុំយកទៅធ្វើអាជីវកម្មពេញផ្ទៃប្រទេស និងមួយចំនួនទៀតនោះ បើតាមប្រភពពីកម្មករកាត់ថ្មឱ្យដឹងគឺនាំចេញទៅលក់នៅឯក្រៅប្រទេសតាមច្រកខេត្តកោះកុង និងប៉ោយប៉ែត។ |
អំណោយផ្តល់ជូនកងអង្គរក្សនៅតំបន់ប្រាសាទព្រះវិហារ និងកុមារភូមិធម្មជាតិ Posted: 22 Mar 2011 06:43 PM PDT ខេត្តព្រះវិហារ ៖ កាលពីរសៀលថ្ងៃទី១៩ មីនា លោកកែវ បូរេន្ទ្រ ប្រធានក្រុមប្រឹក្សាអមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធានក្រុមការងារថ្នាក់ជាតិពហុវិស័យស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះបានដឹកនាំប្រតិភូពីក្រសួងនាំយកអំណោយទៅផ្តល់ជូន និងសួរសុខទុក្ខកងអង្គរក្សនៅបញ្ជាការដ្ឋានអង្គរក្សប្រចាំទិសប្រាសាទព្រះវិហារ។ ពិធីនេះធ្វើឡើងនៅបញ្ជាការដ្ឋានអង្គរក្សប្រចាំទួល៩៥ក្បែរប្រាសាទព្រះវិហារក្រោមការទទួលបដិសណ្ឋារកិច្ចរបស់លោកឧត្តមសេនីយ៍ទោ អ៊ុង សារិទ្ធិ មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស។ លោកឧត្តមសេនីយ៍អ៊ុង សារិទ្ធិ បានថ្លែងអំណរគុណដល់ប្រតិភូដែលបានចំណាយពេលវេលា និងធនធាននាំយកទៅប្រគល់ជូនកងទ័ពនៅសមរភូមិមុខ។ លោកបានលើកឡើងអំពីការតស៊ូដ៏ក្រាញននៀលរបស់កងអង្គរក្សក្នុងការការពារទឹកដីដោយកងអង្គរក្សមិនត្រឹមតែមានភារកិច្ចក្នុងការប្រឈមទប់ទល់ជាមួយចោរសៀមឈ្លានពានប៉ុណ្ណោះទេ គឺបានជួយសង្គ្រោះរំដោះប្រជាជនចេញពីតំបន់ប្រឈមមុខទៅរកទីសុវត្ថិភាព និងជួយសង់ជំរកជូនប្រជាជនភៀសខ្លួនទៀតផង។ លោកកែវ បូរេន្ទ្រ បានកោតសរសើរដល់វីរកងទ័ពដែលបានតស៊ូយ៉ាងអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីមិនឱ្យសត្រូវសៀមឈ្លានពាន។ លោកបញ្ជាក់ថា វីរភាពរបស់កងទ័ពធ្វើឱ្យសមរភូមិក្រោយមិនអាចបំភេ្លចបាន ។ អំណោយដែលលោកកែវ បូរេន្ទ្រ ដឹកនាំប្រតិភូយកទៅប្រគល់ជូនកងអង្គរក្សរួមមានឃីតចំនួន១៥០កញ្ចប់ដែលក្នុងមួយកញ្ចប់ៗមានមី ត្រីខកំប៉ុង នំ ឆៃប៉ូវ ទឹកបរិសុទ្ធ សាប៊ូក្រអូប សាប៊ូបោកខោអាវ ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ ឡាមកោរពុកមាត់ ប្រេងកូឡា និងថវិកាក្នុងម្នាក់ៗ៥ម៉ឺនរៀល។ បន្ទាប់មកក្នុងរសៀលថ្ងៃដដែលនោះ លោកកែវ បូរេន្ទ្រ បានដឹកនាំប្រតិភូនាំយកអំណោយជាឃីតដូចគ្នាទៅចែកជូនកុមារក្នុងភូមិធម្មជាតិចំនួន៩០នាក់ ។ លោកកែវ បូរេន្ទ្រ ឱ្យដឹងថា អំណោយទាំងអស់នេះ គឺបានមកពីសប្បុរសជនក្នុងក្រុមការងារថ្នាក់ជាតិពហុវិស័យស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ និងក្រុមការងារមូលនិធិសាកលរបស់ក្រសួងសង្គមកិច្ច ក្រុមការងារខេត្តកំពង់ចាម សៀមរាប ព្រៃវែង ខេត្តកំពង់ស្ពឺ បាត់ដំបង កំពត កំពង់ឆ្នាំង ក្រចេះ កោះកុង ខេត្តព្រះសីហនុ មណ្ឌលកុមារកំព្រាកៀនឃ្លាំង មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ភ្នំពេញថ្មី ក្រុមអន្តរាគមន៍ដោះស្រាយកូដកម្ម បាតុកម្ម សហព័ន្ធសហជីព សិទ្ធិប្រយោជន៍កម្មករ និងសហព័ន្ធសហជីពយុវជនខ្មែរ ៕ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |