VOA News: ព័ត៌មាន: “គណៈរដ្ឋមន្ត្រីបានអនុម័តអនុក្រឹត្យស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា” plus 5 more |
- គណៈរដ្ឋមន្ត្រីបានអនុម័តអនុក្រឹត្យស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា
- បណ្តាញព័ត៌មាននៅកម្ពុជាមិនសូវផ្សាយអំពីបាតុកម្មទម្លាក់លោកមូបារ៉ាក់ចេញពីអំណាចទេ
- គណៈរដ្ឋមន្រ្តីចេញរបាយការណ៍អំពីគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងការខូចខាតប្រាសាទព្រះវិហារ
- ទេសចរណ៍មិនរងការប៉ះពាល់ដោយសារសង្គ្រាមទេ
- ពលរដ្ឋខ្មែរអបអរសាទរការចុះចេញពីអំណាចដោយលោក Hosni Mubarak
- រដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃនឹងប្រឈមមុខគ្នានៅសហប្រជាជាតិ
គណៈរដ្ឋមន្ត្រីបានអនុម័តអនុក្រឹត្យស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា Posted: 14 Feb 2011 11:41 AM PST កសិករខ្មែរមានកិច្ចសន្យាថ្មីមួយអំពីផលិតផលកសិកម្មដើម្បីធានាដល់ការផលិត តម្លៃនិងទីផ្សារសម្រាប់លក់ផលិតផលកសិកម្មដែលគោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រោងនឹងនាំចេញអង្ករឱ្យបានមួយលានតោននៅក្នុងឆ្នាំ២០១៥។ អនុក្រឹត្យស្តីពីផលិតផលកសិកម្មតាមកិច្ចសន្យាថ្មីនេះសំដៅបង្កើនការផលិត ការកែច្នៃ និងការនាំចេញផលិតផលកសិកម្ម ដើម្បីចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល។ គណៈរដ្ឋមន្ត្រីបានអនុម័តអនុក្រឹត្យស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យាដ៏មានសារៈសំខាន់ថ្មីមួយសំដៅជួយកសិករស្វែងរកដៃគូវិនិយោគ និងទីផ្សារសម្រាប់លក់ផលិតផលកសិកម្មរបស់កសិករ។ អនុក្រឹត្យនេះត្រូវបានអនុម័តកាលពីថ្ងៃសុក្រដើម្បីផ្តល់តួនាទីដ៏សំខាន់ដល់ក្រសួងកសិកម្មសម្រាប់ ផលិតកម្មកសិកម្មតាមកិច្ចសន្យានេះ។ គណៈរដ្ឋមន្ត្រីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា អនុក្រឹត្យស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យានេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់កសិករជាអ្នកផលិតដែលមានភាពទន់ខ្សោយផ្នែកបច្ចេកទេស ដើមទុន និងទីផ្សារ ហើយក្រុមហ៊ុនឯកជនមានលទ្ធភាពធនធានថវិកា និងបច្ចេកទេស ប៉ុន្តែត្រូវការធនធានមូលដ្ឋាននៃផលិតកម្ម ដូចជាដីធ្លី និងពលករ សំដៅធានាបាននូវតម្លៃ ការប្រមូលទិញ និងការផ្គត់ផ្គង់ផលិតផលកសិកម្ម ទាំងបរិមាណ និងគុណភាព។ សេចក្តីថ្លែងការណ៍បានបន្ថែមថា អនុក្រឹត្យនេះសំដៅបង្កើនការផលិត ការកែច្នៃ និងការនាំចេញ ផលិតផលកសិកម្ម ដើម្បីចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល។ សេចក្តីថ្លែងការណ៍បានបន្តថា អនុក្រឹត្យនេះមានវិសាលភាពអនុវត្តលើអាជីវកម្មផលិតកម្មកសិកម្ម តាមកិច្ចសន្យាគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា។ លោកម៉ៅ សុភារ៉េត ប្រធាននាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម បានថ្លែងថា អនុក្រឹត្យនេះធ្វើឱ្យមានទំនាក់ទំនងដោយផ្ទាល់រវាងអ្នកទិញ និងកសិករក្នុងការចុះហត្ថលេខាលើកិច្ចសន្យា និងលុបបំបាត់ឈ្មួញកណ្តាល និងនាំយកអ្នកវិនិយោគទៅជួបកសិករ ឬសមាគមកសិករដោយផ្ទាល់។ កសិករតែងតែរអ៊ូរទាំអំពីតម្លៃថោកចំពោះផលិតផលកសិកម្មរបស់ពួកគេ ខណៈដែលឈ្មួញកណ្តាលទទួលបានតម្លៃទីផ្សារយ៉ាងល្អប្រសើរ។ ប៉ុន្តែដោយគ្មានយន្តការដើម្បីជួយកសិករ វាអាចជាការពិបាកសម្រាប់កសិករស្វែងរកទីផ្សារសម្រាប់លក់ផលិតផលកសិកម្មរបស់ខ្លួនឱ្យបានតម្លៃថ្លៃ។ ប្រទេសកម្ពុជាគ្រោងនឹងនាំចេញអង្ករឱ្យបានមួយលានតោននៅឆ្នាំ២០១៥។ លោកនូវ សីហា អ្នកសេដ្ឋកិច្ចប្រចាំនៅវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា បានថ្លែងថា ផលិតកម្មកសិកម្មតាមកិច្ចសន្យានេះគឺជាគោលដៅគ្រឹះនៃការជំរុញកំណើនផលិតផលកសិកម្មរបស់កសិករ។ ប៉ុន្តែក្រុមអ្នកសេដ្ឋកិច្ចព្រួយបារម្ភអំពីតម្លៃស្រូវឡើងចុះ និងការស្តុកទុកស្រូវបានតិចដោយកសិករនៅពេលដែលពួកគាត់ប្រមូលផលិតផលកសិកម្មរបស់ពួកគាត់។ លោកនូវ សីហាបានបន្ថែមថា ពួកឈ្មួញថៃ និងវៀតណាម ដែលអត់មានផលិតកម្មកសិកម្មតាមកិច្ច សន្យា បានដើរទិញស្រូវនៅតាមផ្ទះរបស់ប្រជាពលរដ្ឋដោយឲ្យតម្លៃខ្ពស់ជាងតម្លៃផលិតកម្មកសិកម្មតាមកិច្ចសន្យា។ «ឈ្មួញវៀតណាម និងថៃដែលអត់មានផលិតកម្មកសិកម្មតាមកិច្ចសន្យា បានដើរទៅដល់ផ្ទះកសិករ ឱ្យថ្លៃស្រូវខ្ពស់ជាងអ្វីដែលមាននៅក្នុងផលិតកម្មកសិកម្មតាមកិច្ចសន្យានេះ។ កសិករមួយចំនួនបាន លក់ផលិតផលស្រូវរបស់គាត់ទៅឱ្យឈ្មួញវៀតណាម និងថៃ។ ផលិតកម្មកសិកម្មតាមកិច្ចសន្យាអត់ ដើរទេ ក្នុងរយៈពេលមុនៗ។ តាមខ្ញុំដឹងមានការប្រកួតប្រជែងមែនទែនទាក់ទងនឹងតម្លៃផលិតផលរបស់គាត់»។ លោកយ៉ង់ សាំងកុមារ ប្រធានមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្ម បានថ្លែងថា អនុក្រឹត្យនេះ បានផ្តល់ផលប្រយោជន៍ដ៏ល្អសម្រាប់កសិករ និងអ្នកទិញ ដោយផ្អែកទៅលើកិច្ចសន្យា។ លោកយ៉ង់ សាំងកុមារបានបញ្ជាក់ថា កសិករមានកិច្ចសន្យាច្បាស់លាស់អំពីទីផ្សារ អំពីបរិមាណគុណភាពនិងអំពីស្តង់ដារ ជាមួយអ្នកទិញ។ ក្រុមហ៊ុនមានការបញ្ជាក់សម្រាប់ការទិញផលិតផលរបស់កសិករ ស្របតាមគុណភាព បរិមាណ និងស្តង់ដារ៕ This posting includes an audio/video/photo media file: Download Now |
បណ្តាញព័ត៌មាននៅកម្ពុជាមិនសូវផ្សាយអំពីបាតុកម្មទម្លាក់លោកមូបារ៉ាក់ចេញពីអំណាចទេ Posted: 14 Feb 2011 11:23 AM PST ព្រឹត្តិការណ៍ទម្លាក់មេដឹកនាំ ដែលកាន់អំណាចយូរដ៏ល្បីរន្ទឺពាសពេញពិភពលោកនៅប្រទេសអេហ្ស៊ីប បានធ្វើឲ្យកក្រើករញ្ជូយតិចតូចនៅក្នុងមជ្ឈដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជា។ លោកហូស្នី មូបារ៉ាក់ អតីតប្រធានាធិបតីកាន់អំណាចរយៈពេល៣០ឆ្នាំរបស់សាធារណរដ្ឋអេហ្ស៊ីប បានចុះចេញពីតំណែងកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីត្រូវរុញច្រានដោយបាតុកម្មមហាជនអស់រយៈពេល១៨ថ្ងៃជាប់ៗគ្នារួចមក។ ក្រៅពីសារព័ត៌មាននិងបណ្តាញផ្សព្វផ្សាយ ដែលមាននិន្នាការជំទាស់ ដែលមានចំនួនតិចតួចនៅក្នុងប្រទេសកម្ពុជា សារព័ត៌មាន ទូរទស្សន៍របស់រដ្ឋ ឬបណ្តាញផ្សព្វផ្សាយដែលមានទំនោរទៅកាន់គណបក្សកាន់អំណាចត្រូវគេសម្លឹងឃើញថា បានច្បិចយកព្រឹត្តិការណ៍រំលំអំណាចនៅក្នុងប្រទេសអាហ្រ្វិចខាងលើនេះ មានចំនួនតិចតូចណាស់។ នៅក្នុងការផ្សព្វផ្សាយរបស់ខ្លួននៅថ្ងៃច័ន្ទនេះ កាសែតកោះសនិ្តភាពមានទំនោររខាងរដ្ឋាភិបាល បានបង្ហាញអំពីការចាប់ផ្តើមបំបែកហ្វូងបាតុករដោយក្រុមយោធានៅក្នុងប្រទេសអេហ្ស៊ីប ហើយកងយោធាបានសន្យាថា ខ្លួនមិនរក្សាការកាន់អំណាចដឹកនាំប្រទេសទៀតទេ។ ដោយឡែកមួយថ្ងៃក្រោយពីការចុះចេញពីអំណាចដោយបង្ខំ កាសែតប្រចាំថ្ងៃកម្ពុជាថ្មី និងកាសែត រស្មីកម្ពុជា ក៏មិនបានផ្តល់តម្លៃខ្ពស់ទៅលើព្រឹត្តិការណ៍នេះនៅទំព័រមុខដែរ។ លោកប៉ែន សមិទ្ធិ និពន្ធនាយកកាសែតរស្មីកម្ពុជា និងជាប្រធានក្លឹមអ្នកកាសែតកម្ពុជា បានបកស្រាយថា ការផ្តួលរំលំអំណាចនៅប្រទេសអេហ្ស៊ីបបានធ្វើឡើងចំពេលដែលប្រទេសកម្ពុជាមានសង្គ្រាមជាមួយប្រទេសថៃអំពីបញ្ហាប្រាសាទព្រះវិហារ ដែលធ្វើឲ្យព័ត៌មានអន្តរជាតិនេះចុះតម្លៃរបស់ខ្លួន។ «ពីព្រោះកាសែតក្នុងស្រុក វិទ្យុ ទូរទស្សន៍ក្នុងស្រុកបានផ្តោតសំខាន់ទៅលើបញ្ហាសង្គ្រាមរវាងខ្មែរសៀមវិញ»។ ជាការណ៍ពិត ការប្រយុទ្ធគ្នាដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទាហានថៃនៅតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី៤ រហូតទៅដល់ថ្ងៃទី៧ ខែកុម្ភៈ បានក្លាយទៅជាព័ត៌មានធំនៅលើទំព័រមុខរបស់កាសែតនៅក្នុងស្រុកច្រើន។ ដោយឡែក វិទ្យុ និងទូរទស្សន៍នៅក្នុងស្រុក ដែលមានទំនោរទៅកាន់រដ្ឋាភិបាល បានផ្តល់ព័ត៌មានខ្លីៗបំផុតទាក់ទងទៅនឹងព្រឹត្តិការណ៍នៅប្រទេសអេហ្ស៊ីប។ លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ការផ្តល់ព័ត៌មានតិចតួចដល់ប្រជាពលរដ្ឋកម្ពុជានៅក្នុងបញ្ហាខាងលើនេះគឺជាកង្វះខាតរបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក។ «យើងពឹងផ្អែកទៅលើទូរទស្សន៍ និងវិទ្យុក្នុងការទទួលបានព័ត៌មាន។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមើលទូរទស្សន៍ច្រើនអញ្ចឹង។ អញ្ចឹងបើសិនជាការផ្សព្វផ្សាយនៅទូរទស្សន៍មិនឯករាជ្យ ប្រជាពលរដ្ឋយើងបាត់បង់ព័ត៌មាន»។ ចលនាមហាជនដែលងើបឡើងផ្តួលរំលំរបបគ្រប់គ្រងរបស់លោកប្រធានាធិបតីហូស្នី មូបារ៉ាក់ អាយុ ៨២ឆ្នាំ បានកើនឡើងបន្ទាប់ពីមានចលនាប្រជាពលរដ្ឋដូចគ្នា នៅក្នុងប្រទេសទុយនីស៊ី។ ប្រជាជននៃប្រទេសទាំងពីរនេះបានងើបឡើងប្រឆាំង ទាមទារឲ្យមានការផ្លាស់ប្តូរការគ្រប់គ្រងដើម្បីគេចផុតអំពីការគាបសង្កត់ គេចផុតពីភាពអត់ការងារធ្វើ និងដើម្បីបញ្ចប់នូវភាពអយុត្តិធម៌នៅ ក្នុងសង្គម។ កាសែតជំទាស់ពីរនៅក្នុងប្រទេសកម្ពុជា គឺកាសែតមនសិកាខ្មែរ និងកាសែតជាតិខ្មែរ បានផ្តិតយកព្រឹត្តិការណ៍នៃប្រទេសអេហ្ស៊ីប និងនៅប្រទេសទុយនីស៊ី នៅទំព័រមុខរបស់ខ្លួន ស្ទើរតែមិនលោះថ្ងៃ។ លោកបោយ រើយ ចាងហ្វាងការផ្សាយកាសែតជាតិខ្មែរ មានប្រសាសន៍ថា នេះគឺជាតម្លៃព័ត៌មាន ដែលបង្ហាញអំពីភាពក្លាហានរបស់ប្រជាពលរដ្ឋនៅក្នុងពិភពអារ៉ាប់នេះ។ «សន្ទុះនៃការចង់ឲ្យមានការផ្លាស់ប្តូរនៅក្នុងពិភពអារ៉ាប់ ដែលថ្នាក់ដឹកនាំកាន់អំណាចយូរពេក។ គេចង់ឲ្យមានការផ្លាស់ប្តូរ»។ លោកខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍នៅថ្ងៃនេះថា សារព័ត៌មាននៅក្នុងប្រទេសកម្ពុជារាប់ទាំងវិទ្យុ និងទូរទស្សន៍ផង បានចុះផ្សាយយ៉ាងគ្រប់គ្រាន់នៅព្រឹត្តិការណ៍នៅប្រទេសអេហ្ស៊ីប និងនៅប្រទេសទុយនីស៊ី ហើយព្រឹត្តិការណ៍នោះមិនមែនជាអ្វីដែលគួរឲ្យរស៊ើបសម្រាប់ការដឹកនាំនៅក្នុងប្រទេសកម្ពុជានោះទេ៕ This posting includes an audio/video/photo media file: Download Now |
Posted: 14 Feb 2011 11:18 AM PST ភ្នំពេញ៖ រយៈពេលបួនថ្ងៃបន្ទាប់ពីផ្ទុះសង្គ្រាមជាមួយប្រទេសថៃនៅតាមក្រវ៉ាត់ព្រំដែនក្បែរប្រាសាទព្រះវិហារ ប្រទេសកម្ពុជាបានបង្ហាញរបាយការណ៍ជាផ្លូវការថា ភាគីកម្ពុជាស្លាប់មនុស្សចំនួន៧នាក់និងរងរបួស៣១នាក់ ព្រមទាំងមានជនភៀសខ្លួនជាង១០០០០នាក់។ ប្រទេសកម្ពុជាបានចាត់ទុកថានេះជាសង្គ្រាមឈ្លានពានទឹកដីពីសំណាក់កងទ័ពថៃមកលើកម្ពុជា។ ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីសប្តាហ៍មុន បានចេញរបាយការណ៍មួយស្តីពីគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងការខូចខាតប្រាសាទព្រះវិហារ ដែលមានអាយុកាលប្រមាណជាង៩០០ឆ្នាំ បន្ទាប់ពីមានការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំចំនួនបួនលើករវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមក្រវ៉ាត់ព្រំដែនមានជម្លោះ។ ការបញ្ចេញរបាយការណ៍នេះធ្វើឡើងស្របពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំបិទទ្វាររមួយរវាងក្រសួងការបរទេសកម្ពុជា ក្រសួងការបរទេសថៃ និងក្រសួងការបរទេសឥណ្ឌូនេស៊ីក្នុងនាមជាប្រធានសមាគមអាស៊ាន ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា ថៃ នៅបូរីញូយ៉កសហរដ្ឋអាមេរិក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តីបានឲ្យដឹងថា ការផ្ទុះសង្គ្រាមរយៈពេលបួនថ្ងៃដែលចាប់ផ្តើមកាលពីថ្ងៃទី៤រហូតដល់ថ្ងៃទី៧កន្លងទៅនេះ បានសម្លាប់ទាហានកម្ពុជាចំនួនបួននាក់ ប៉ូលិសម្នាក់ និងជនស៊ីវិលចំនួនពីរនាក់ផ្សេងទៀត ព្រមទាំងរងរបួសទាហាន៣០នាក់ និងជនស៊ីវិលម្នាក់ផងដែរ។ របាយការណ៍ដដែលបានឲ្យដឹងថា ការវាយប្រហារទ្រង់ទ្រាយធំនេះបណ្តាលឲ្យពលរដ្ឋកម្ពុជាចំនួន២៩៥៦គ្រួសារភៀសខ្លួនទៅកាន់ជំរំជនភៀសខ្លួនចំនួនប្រាំពីរកន្លែង ហើយជនភៀសខ្លួនចំនួន៥០នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីមានការវាយប្រហារនោះ។ ប្រទេសថៃបានប្រើប្រាស់អាវុធខុសច្បាប់ ដែលរួមមានគ្រាប់បែកចង្កោម អាវុធគីមី និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ ដែលបានធ្វើឲ្យខូចខាតទៅលើគោបុរៈទាំងប្រាំរបស់ប្រាសាទព្រះវិហារ ដែល បានចុះបញ្ជីរបស់បេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨។ គ្រាប់កាំភ្លើងរាប់ពាន់គ្រាប់របស់ថៃបានបាញ់ស្រោចបណ្តាលឲ្យខូចខាតខាងក្នុងប្រាសាទនិងលំនឹងរបស់ប្រាសាទព្រះវិហារ។ លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍នៅថ្ងៃច័ន្ទនេះថា នេះគឺជាចេតនាឈ្លានពានរបស់ប្រទេសថៃ ដែលប៉ុនប៉ងធ្វើសង្គ្រាមជាមួយប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍ទៀតថា កម្ពុជាមានភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា នេះមិនមែន ជាការប៉ះទង្គិចដោយប្រដាប់អាវុធទេ ក៏ប៉ុន្តែគឺជាការធ្វើសង្គ្រាម ដើម្បីកាន់កាប់ទឹកដីប្រទេសកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារ។ «អ្វីដែលកើតឡើងនៅក្នុងទឹកដីកម្ពុជា ហើយជាការកើតឡើងដោយសារអ្នកញុះញង់ ហើយនិងបង្ករឿងដោយសារភាគីថៃ។ ចំណុចទីមួយ នៅលើសមរភូមិ វាតែងតែឈ្លានពាននៅលើតំបន់ដែលថាមិនឲ្យមានកងទ័ព ដែលគេច្រើនតែដាក់កងទ័ពពី១០ទៅ២០នាក់ ជ្រៀតជ្រែកនៅក្នុងកន្លែងហ្នឹង និងមានអាវុធគ្រប់ដៃ»។ លោកផៃ ស៊ីផានបានមានប្រសាសន៍ទៀតថា ទាហានថៃបានបន្ថែមយុទ្ឋោបករណ៍ទំនើបៗ និងទាហានជាច្រើនរាប់ម៉ឺននាក់នៅតាមក្រវ៉ាត់ព្រំដែននៃប្រាសាទព្រះវិហារ។ ក៏ប៉ុន្តែទោះជាយ៉ាងណា ស្ថានភាពនៅតាមក្រវ៉ាត់ព្រំដែនមានសភាពទ្រឹង។ ក៏ប៉ុន្តែកងទ័ពទាំងសងខាងបានត្រៀមលក្ខណៈ ប្រយុទ្ធ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃច័ន្ទនេះ បានចាប់ផ្តើមបើកកិច្ចប្រជុំបិទទ្វារ បន្ទាប់ពីមានការស្នើសុំពីភាគីកម្ពុជា ឲ្យដោះស្រាយបញ្ហាជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ប្រទេសកម្ពុជាបានទម្លាក់ចោលការចរចាជាមួយប្រទេសថៃតាមរយៈទ្វេភាគី ក៏ប៉ុន្តែបើតាមការ អះអាងរបស់លោក Panitan Wattanayagorn អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានថ្លែងប្រាប់VOAសំឡេង សហរដ្ឋអាមេរិកថា បញ្ហាជម្លោះព្រំដែនត្រូវតែដោះស្រាយដោយទ្វេភាគី។ លោក Panitan Wattanayagorn បានមានប្រសាសន៍ទៀតថា លោកសង្ឃឹមថា សហគមន៍អន្តរជាតិ នឹងបញ្ចុះបញ្ចូលឲ្យកម្ពុជាវិលត្រឡប់មកតុចរចាជាមួយថៃវិញ ពីព្រោះប្រទេសទាំងពីរមានអនុស្សរណៈនៃការយោគយល់គ្នារួចជាស្រេច។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីសប្តាហ៍មុន បានបញ្ជាក់ថា កម្ពុជាឈប់ចរចាជាមួយ ប្រទេសថៃតាមរយៈទ្វេភាគីទៀតហើយ ពីព្រោះ «យើងបានចុះហត្ថលេខាដោយដៃ តែប្រទេសថៃបែរជាលុបនឹងជើង»។ គួរបញ្ជាក់ផងដែរថា យន្តការចរចាទ្វេភាគីរវាងប្រទេសថៃ និងប្រទេសកម្ពុជាបានអូសបន្លាយអស់រយៈពេលជាងពីរឆ្នាំមកហើយ ក៏ប៉ុន្តែពុំទាន់បានទទួលលទ្ធផលនៅឡើយ៕ This posting includes an audio/video/photo media file: Download Now |
ទេសចរណ៍មិនរងការប៉ះពាល់ដោយសារសង្គ្រាមទេ Posted: 14 Feb 2011 10:57 AM PST ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា រយៈពេលបួនថ្ងៃបន្ទាប់ពីកម្ពុជានិងថៃផ្ទុះសង្គ្រាមលក្ខណៈទ្រង់ទ្រាយតូចនៅតំបន់ជិតប្រាសាទព្រះវិហារកន្លងមកនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរដែលកំពុងមកទស្សនាប្រទេសកម្ពុជាទេ។ លោក ថោង ខុនបានមានប្រសាសន៍ថា ភ្ញៀវទេសចរបានដឹងអំពីព័ត៌មានការវាយប្រហារនេះ ក៏ប៉ុន្តែពួកគេបានចាត់ទុកថា សង្គ្រាមដែលកើតឡើងនៅតំបន់ប្រាសាទព្រះវិហារនេះមិនជះឥទ្ធិពលដល់ប្រទេសកម្ពុជាទាំងមូលទេ។ «ជាទូទៅគឺភ្ញៀវទេសចរមិនមានការធា្លក់ចុះទេ ហើយពិសេសមានការកើនឡើងក្នុងដើមខែកុម្ភៈ។នៅខេត្តសៀមរាបភ្ញៀវទេសចរអន្តរជាតិកើនឡើង៣២%។ និយាយរួម ចំនួនកាន់តែច្រើនប្រហែលជិត៥០០០នាក់ក្នុងមួយថ្ងៃ»។ កាលពីសប្តាហ៍មុនប្រទេសកម្ពុជានិងប្រទេសថៃបានធ្វើសង្គ្រាមទ្រង់ទ្រាយតូចអស់រយៈពេល៤ថ្ងៃជាប់ៗគ្នាជុំវិញតំបន់ប្រាសាទព្រះវិហារ ដែលមានអាយុកាលប្រមាណជាង៩០០ឆ្នាំ។ ការវាយប្រយុទ្ធគ្នានេះ ភាគីទាំងពីរបានប្រើប្រាស់អាវុធធុនធ្ងន់ ទំនើបៗ បាញ់ដាក់គ្នាទៅវិញទៅមកបណ្តាលឲ្យភាគីទាំងសងខាងស្លាប់ និងរងរបួស។ ចំណែកឯជនភៀសខ្លួនជាច្រើនពាន់គ្រួសារនៃប្រទេសទាំងពីរក៏បានភៀសខ្លួនចេញពីកន្លែងកើតហេតុផងដែរ។ លោកថោង ខុនបានមានប្រសាសន៍ថា សង្គ្រាមមិនបានជះឥទ្ធិពលដល់វិស័យទេសចរណ៍ទេ។ ក៏ប៉ុន្តែស្របពេលដែលចំនួនភ្ញៀវទេសចរមកពីប្រទេសវៀតណាម កូរ៉េ ចិននិងប្រទេសជប៉ុនមានការកើនឡើងនោះ ចំនួនភ្ញៀវទេសចរមកពីប្រទេសថៃបែរជាធ្លាក់ចុះទៅវិញ។ «ប្រហែលជាគាត់មានការព្រួយបារម្ភអំពីសង្គ្រាមរវាងថៃ និងខ្មែរ។ ក៏ប៉ុន្តែចំពោះយើង យើងអត់មានបិទទេ។ យើងអត់មានបិទចំពោះជនជាតិថៃទេ ហើយយើងបើករហូត។ អ្នកវិនិយោគទេសចរណ៍ក៏ដោយ យើងនៅតែទទួលស្វាគមន៍ ហើយធានាសុវត្ថិភាពជូនគាត់រហូត»។ លោកហូ វ៉ាន់ឌី សហប្រធានក្រុមការងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា រហូតមកដល់ ពេលនេះគ្មានក្រុមហ៊ុនទេសចរណ៍ណាមួយលុបចោលជើងហោះហើររបស់ភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាទេ។ លោកបានមានប្រសាសន៍ទៀតថា ប្រសិនបើការផ្ទុះសង្គ្រាមនេះនៅតែបន្តអូសបន្លាយ នឹងអាចប៉ះពាល់ដល់ភ្ញៀវទេសចរដែលមកទស្សនកិច្ចប្រទេសកម្ពុជា។ «សហគមន៍អន្តរជាតិទាំងមូល សូមមេត្តាជួយអភិវឌ្ឍនិងអភិរក្សប្រាសាទព្រះវិហារជាទីសក្ការៈរបស់ យើង ក៏ដូចជារបស់មនុស្សជាតិទាំងមូលដែរ ដើម្បីឲ្យតំបន់ទីលាន ឬក៏ខ្សែប្រយុទ្ធទាំងអស់នោះក្លាយទៅជាទីលានពាណិជ្ជកម្ម ទីលានសេដ្ឋកិច្ច ឬក៏យើងហៅថា ព្រំដែនសន្តិភាពរវាងប្រទេសទាំងពីរ»។ នៅថ្ងៃច័ន្ទ ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំជាបន្ទាន់ ក្រោយពីមានការស្នើសុំពីភាគីកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងរវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាគឺលោកហោ ណាំហុង លោក កាស៊ី ភារម្យ រដ្ឋមន្រ្តីក្រសួងការបរទេសថៃនិងលោកម៉ាទី ណាតាឡេហ្គាវ៉ា រដ្ឋន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី និងជាប្រធានសមាគមអាស៊ាន៕ This posting includes an audio/video/photo media file: Download Now |
ពលរដ្ឋខ្មែរអបអរសាទរការចុះចេញពីអំណាចដោយលោក Hosni Mubarak Posted: 14 Feb 2011 09:49 AM PST ភ្នំពេញ៖ មន្រ្តីរដ្ឋាភិបាលកម្ពុជា មន្រ្តីអង្គការក្រៅរដ្ឋាភិបាល ក្រុមអ្នកវិភាគឯករាជ្យមួយចំនួនព្រមទាំងប្រជាពលរដ្ឋសាមញ្ញបានសម្តែងប្រតិកម្មចម្រុះគ្នាលាយឡំជាមួយនឹងការអបអរសាទរ ស្របពេលដែលមេដឹកនាំនៃប្រទេសអេហ្ស៊ីព គឺលោកHosni Mubarak ដែលបានកាន់អំណាចអស់រយៈពេល៣០ឆ្នាំមកនោះ បានប្រកាសលាឈប់ពីមុខតំណែង បន្ទាប់ពីមានការតវ៉ារបស់ប្រជាពលរដ្ឋអេហ្ស៊ីពអស់រយៈពេលចំនួន១៨ថ្ងៃ។ ប្រជាពលរដ្ឋអេហ្ស៊ីពច្រើន រាប់ម៉ឺននាក់បានដើរដង្ហែរតាមផ្លូវសាធារណៈនានា និងបានសម្តែងការរីករាយដើម្បីអបអរសាទរចំពោះសេចក្តីប្រកាសកាលពីថ្ងៃសុក្រ ដោយលោកអនុប្រធានាធិបតី Omar Suleiman ដែលថា អំណាចរបស់ប្រធានាធិបតីត្រូវបានប្រគល់ឲ្យក្រុមយោធាជា អ្នកគ្រប់គ្រង។ លោក ជាម យៀប អ្នកតំណាងរាស្រ្តខាងគណបក្សគ្រប់គ្រងអំណាចរបស់ប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការប្រកាសរបស់លោកHosni Mubarak បានធ្វើឡើងស្របទៅតាមឆន្ទៈរបស់ប្រជាជន ដើម្បីបញ្ជៀសអំពើហិង្សា។ លោកបានមានប្រសាសន៍ថា ប្រទេសអេហ្ស៊ីពគួរតែបញ្ឈប់នូវបាតុភាពទាំងឡាយដែលជាប់ពាក់ព័ន្ធទៅនឹងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ «យើងមើលឃើញថា បើសិនវារ៉ាំរ៉ៃតទៅទៀត វាមានតែគាត់មានបង្កទុក្ខព្រួយចំពោះប្រទេសជាតិគាត់។ ប្រជាជនក៏ត្រូវបាត់បង់ជីវិតបន្តទៅទៀត ឬក៏អាក់ខាននូវការបំពេញការងារផ្សេងៗទៀតដែរ»។ លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងស្នាក់នៅក្នុងប្រទេសបារាំង បានមានប្រសាសន៍ថា ចរន្តនៅលើពិភពលោកបច្ចុប្បន្ននេះមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីប្រឆាំង នឹងមេដឹកនាំផ្តាច់ការទាំងឡាយណា ដែលដឹកនាំប្រទេសមិនត្រឹមត្រូវ។ លោកបានមានប្រសាសន៍ថា នៅលើពិភពលោកមានតែប្រទេសពីរទៀតទេនៅសេសសល់ បន្ទាប់ពីកាន់អំណាចអស់រយៈពេលជាយូរឆ្នាំមកហើយនោះគឺប្រទេសយៀម៉ែន និងប្រទេសកម្ពុជា។ «ក្នុងពិភពលោកទាំងមូលដែលមានប្រទេសជិត២០០នោះ បន្ទាប់ពីប្រទេសទុយណេស៊ីគេផ្លាស់ប្តូរ ប្រទេសអេហ្ស៊ីពគេផ្លាស់ប្តូរ ប្រទេសដែលអត់មានការផ្លាស់ប្តូរនៅសល់តែប្រទេសពីរទេ ដែល មិនទាន់មានការផ្លាស់ប្តូរដូចគេ គឺនៅប្រទេសយៀមែន និងប្រទេសកម្ពុជា»។ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមួយរូប បានប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកពីប្រទេសអង់គ្លេស តាមរយៈទូរស័ព្ទថា បើតាមការបញ្ជាក់របស់លោកបាន គីមូន អគ្គលេខាធិការនៃ អង្គការសហប្រជាជាតិ បានឲ្យដឹងថា នេះគឺជាមេរៀនមួយដល់បណ្តាប្រទេសទាំងឡាយដែលគ្រប់គ្រងដោយអំណាចផ្តាច់ការ ដូចជាប្រទេសទុយណេស៊ី និងប្រទេសអេហ្ស៊ីព។ លោកឡៅ ម៉ុងហៃបានមានប្រសាសន៍ទៀតថា នៅកម្ពុជាមិនអាចធ្វើការទស្សទាយបានទេ ប្រសិនណាបើការដឹកនាំប្រទេសធ្វើឲ្យមានអំពើពុករលួយ មានអត្រាអត់ការងារធ្វើ និងបក្ខពួកនិយមនោះ នៅថ្ងៃអនាគតនឹងអាចមានការខឹងសម្បាជាក់ជាមិនខាន។ «រីឯនៅប្រទេសខ្មែរយើង បើសិនជាការគ្រប់គ្រង់ប្រទេសមិនបើកឲ្យមានសិទ្ធិសេរីភាពក្នុងការនិយាយស្តី មានអំពើពុករលួយច្រើន ហើយនៅពេលណាសេដ្ឋកិច្ចចុះដុនដាប មនុស្សអត់មានការងារធ្វើច្រើន ជាពិសេសក្នុងចំណោមយុវជន គឺថា យើងអត់ទៀងទេ វាអាចមានការខឹងសម្បា ហើយអាចផ្ទុះទៅថ្ងៃណាមួយ បាទ»។ អ្នកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យមួយរូបទៀត បាននិយាយថា កម្ពុជាមិនអាចយកតាមគម្រូប្រទេសទុយណេស៊ី និងប្រទេសអេហ្ស៊ីពបានទេ ពីព្រោះកម្ពុជាបានឆ្លងកាត់សង្គ្រាមជាយូរមក ហើយ ដូច្នេះប្រជាពលរដ្ឋស្អប់ខ្ពើមរបត់នយោបាយ ដែលប្រើប្រាស់អំពើហិង្សា។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកស្រីជា វណ្ណាតបានមានប្រសាសន៍ថា បទពិសោធន៍នៅក្នុងប្រទេស ទុយណេស៊ីអាចជាមេរៀនប្រយោលមួយសម្រាប់មេដឹកទាំងឡាយណា ដែលដឹកនាំប្រទេសមិនត្រឹមត្រូវ។ «ក្រោយពីប្រទេសទុយណេស៊ីក្តី ក្រោយពីប្រទេសអេហ៊្សីពក្តី ហើយសព្វថ្ងៃកំពុងតែមានប្រទេសឯទៀតៗ ខ្ញុំថា នេះជាមេរៀននៅក្នុងរបបប្រជាធិបតេយ្យ ពីព្រោះថា ពិពភលោកឥឡូវនេះកាន់តែតូចទៅៗ។ អ្វីដែលប្រជាពលរដ្ឋគ្រប់ប្រទេសចង់បាននោះគឺថា សិទ្ធិសេរីភាពចូលរួមក្នុងការដឹកនាំ ប្រទេសទៅតាមបែបផែនលទ្ធិប្រជាធិបតេយ្យ»។ ប្រជាពលរដ្ឋមួយរូប រស់នៅក្នុងទីក្រុងភ្នំពេញ ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានអះអាងថា លោកបានតាមដានព្រឹត្តិការណ៍យ៉ាងយកចិត្តទុកដាក់ តាំងពីប្រទេសទុយណេស៊ីរហូត ទៅដល់ប្រទេសអេហ្ស៊ីព។ លោកបានមានប្រសាសន៍ថា នេះគឺជាការរីករាយមួយសម្រាប់ប្រជាជនអេហ្ស៊ីព ដែលតវ៉ាបានសម្រេចនូវអ្វីដែលពួកគេគិតថា មានមេដឹកនាំមិនត្រឹមត្រូវនោះ។ លោកបានមានប្រសាសន៍ទៀតថា នេះគឺជាវីរភាពមួយ ដែលមេដឹកនាំពិភពលោកទាំងឡាយគួរតែយកគម្រូតាម។ «នេះគឺជាវីរភាពមួយ។ មេដឹកនាំទូទៅនៅក្នុងពិភពលោកគួរតែយកគម្រូតាមMubarak ដែលគិតថា គាត់មិនអាចបន្តអំណាចតទៅទៀត គាត់សុខចិត្តចុះចេញដោយសន្តិវិធី។ យើងអាចនិយាយថា ចុះចេញដោយសន្តិវិធីបានដែរ ទោះជាមានប្រទូសរាយខ្លះក្តី។ ក៏ប៉ុន្តែដោយគាត់មិនអាចទៅរួច គាត់ក៏សុខចិត្តចុះចេញដោយសន្តិវិធី»។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃសៅរ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយបាន អបអរសាទរដល់ប្រជាជនអេហ្ស៊ីព ហើយបានចាត់ទុកថា នេះគឺជាការចាប់ផ្តើមថ្មីមួយនៃសម័យកាលប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅក្នុងប្រទេសដែលមានប្រជាជនច្រើននៃពិភពអារ៉ាប់។ លោកអតីតប្រធានាធិបតី Hosni Mubarak បានកាន់អំណាចនៅក្នុងប្រទេសអេហ្ស៊ីពអស់រយៈពេលចំនួន៣០ឆ្នាំ ហើយក្រោយមកលោកបានប្រកាសលាឈប់ពីមុខតំណែង បន្ទាប់ពីមានការតវ៉ារបស់ប្រជាជនអេហ្ស៊ីពអស់រយៈពេលចំនួន១៨ថ្ងៃ។ ប្រជាពលរដ្ឋអេហ្ស៊ីពបានចោទប្រកាន់លោក Hosni Mubarak ថា បានដឹកនាំប្រទេសឆ្ពោះទៅរករបបផ្តាច់ការ អំពើពុករលួយ បក្ខពួកនិយម និងអត្រាអត់ការងារធ្វើរបស់ប្រជាពលរដ្ឋកាន់តែមានចំនួនច្រើនឡើង។ នៅលើពិភពលោកនេះ មេដឹកនាំកាន់អំណាចយូរជាងគេ រួមមានលោកហ្សាដាហ្វីនៃប្រទេសលីបីបានកាន់អំណាចអស់រយៈពេលចំនួន៤០ឆ្នាំ ប្រទេសអេហ្ស៊ីពចំនួន៣០ឆ្នាំ ប្រទេសទុណេស៊ីចំនួន២៦ឆ្នាំ និងប្រទេសកម្ពុជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានកាន់អំណាចអស់រយៈពេល២៦ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង៕ This posting includes an audio/video/photo media file: Download Now |
រដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃនឹងប្រឈមមុខគ្នានៅសហប្រជាជាតិ Posted: 14 Feb 2011 09:02 AM PST ទីក្រុងបាងកក៖ កម្ពុជានិងថៃនឹងត្រូវថ្លែងរឿងក្តីរបស់ខ្លួននៅមុខអង្គការសហប្រជាជាតិក្នុងទីក្រុង ញូយ៉ក (New York) លើការប្រយុទ្ធគ្នាដ៏សាហាវ នៅតាមព្រំដែនដែលបានផ្ទុះឡើងកាលពី១សប្តាហ៍មុន។ កម្ពុជាចង់ឲ្យបញ្ជូនកងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទៅកាន់តំបន់ព្រំដែនដើម្បីរារាំងការប៉ះទង្គិចបន្តទៅទៀត។ ប្រទេសថៃ បានបដិសេធការពាក់ព័ន្ធណាមួយរបស់អង្គការសហប្រជាជាតិ។ លោក (Kasit Piromya) កាស៊ីត ភីរុម រដ្ឋមន្រ្តីក្រសួងការបរទេសថៃ និងលោក ហោ ណាំហុងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នឹងថ្លែងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃច័ន្ទនេះ។ កម្ពុជាបានស្នើឲ្យមានកិច្ចប្រជុំជាបន្ទាន់ បន្ទាប់ពីការប្រយុទ្ធគ្នាដ៏អាក្រក់ជាទីបំផុតជាមួយប្រទេសថៃដែលមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំដែលបានផ្ទុះឡើងនៅជិតតំបន់ព្រំដែនមានជម្លោះ ។ មានមនុស្សយ៉ាងហោចណាស់ ក៏៨នាក់ដែរបានស្លាប់នៅពេលដែលទាហាន បានបាញ់កាំភ្លើងធំនិងកាំភ្លើងយន្តតគ្នា។ អ្នកភូមិរាប់ពាន់នាក់ បានរត់គេចពីគ្រោះថ្នាក់។ ភាគីទាំងពីរនិយាយថា ភាគីម្ខាងទៀតបានបាញ់មុន។ នៅថ្ងៃច័ន្ទនេះ មនុស្សជាច្រើនបានវិលត្រឡប់ទៅកាន់ផ្ទះវិញ ក៏ប៉ុន្តែភាគីទាំងពីរស្ថិតក្នុងការប្រុងប្រយ័ត្នយ៉ាងពេញទំហឹងក្រែងលោមានការប៉ះទង្គិចបន្ថែម។ កម្ពុជា ហៅការប៉ះទង្គិចជាការឈ្លានពានរបស់ថៃដែលស្រដៀងគ្នានឹងសង្គ្រាម ហើយចង់់ឲ្យអង្គការសហប្រជាជាតិបញ្ជូនកងថែរក្សាសន្តិភាពទៅតំបន់នោះ។លោកផៃ ស៊ីផាន អ្នកនាំពាក្យក្រុមប្រឹក្សារដ្ឋមន្រ្តីរបស់ប្រទេសកម្ពុជានិយាយថា វត្តមានរបស់អង្គការសហប្រជាជាតិ នឹងជួយស្ថាបនាការទុកចិត្តគ្នារវាងប្រទេសជាតិទាំងពីរ។ «អ្វីដែលយើងចង់ប្រាប់ពិភពលោកគឺថា យើងចង់បញ្ឈប់ការឈ្លានពានទាំងអស់។ យើងចង់បញ្ឈប់ការប្រយុទ្ធបាញ់គ្នាទាំងអស់ដែលប៉ះពាល់ដល់ប្រាសាទព្រះវិហារ។ ហើយយើងចង់ស្ថាបនាការទុកចិត្តគ្នារវាងប្រទេសជាតិទាំងពីរ»។ ប្រទេសថៃបដិសេធសំណើបញ្ជូនកងទ័ពអង្គការសហប្រជាជាតិ។ លោក ផានីតាន់ វតនាយ៉ាហ្កន(Panitan Wattanayagorn) អ្នកនាំពាក្យរដ្ឋាភិបាលថៃ និយាយថាបញ្ហានេះត្រូវតែដោះស្រាយដោយទ្វេភាគី។ «យើងសង្ឃឹមថាសហគមន៍អន្តរជាតិនឹងបញ្ចុះបញ្ចូលប្រទេសកម្ពុជាឲ្យវិលត្រឡប់ទៅកាន់តុចចារជាមួយយើង ដែលយើងមានអនុស្សរណៈយោគយល់គ្នារួចទៅហើយ ហើយយើងក៏មានយន្តការច្រកចេញ គឺគណៈកម្មាធិការព្រំដែនរួមដែលត្រូវជួបគ្នា មុនពេលឧប្បត្ដិហេតុបានកើតមានឡើងនៅចុងខែនេះ»។ កម្ពុជា បានចេញពីការចរចាព្រំដែន បន្ទាប់ពីការប្រយុទ្ធបានផ្ទុះឡើង។ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅជិតដែនដីមានជំលោះជុំវិញប្រាសាទខ្មែរបែបហិណ្ឌូអាយុ៩រយឆ្នាំដែលគេស្គាល់ថាប្រាសាទព្រះវិហារក្នុងប្រទេសកម្ពុជាហើយនិងប្រាសាទ (Phra Viharn) ជាភាសាថៃ ។ ប្រែសម្រួលដោយ ជឹង ប៉ូជីន This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |