Koh Santipheap Daily |
- បំផ្ទុះគ្រាប់នៅក្នុងបរិវេណសំណង់កំពស់៤ជាន់ កណ្តាលក្រុងព្រះវិហារ
- រដ្ឋាភិបាលបង្ហាញតួលេខផ្លូវការនៃការស្លាប់ និងការខូចខាតដោយសង្គ្រាមឈ្លានពានរបស់សៀម
- ម្ចាស់ធ្វើទារុណកម្មកាមរីដឹកខ្ពស់ហួសមាឌ
- រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុនទស្សនកិច្ចសាលាក្តីខ្មែរក្រហមក្រោយពេលជប៉ុនផ្តល់ថវិកាប្រមាណ១១,៧លានដុល្លារអាមេរិកដល់សាលាក្តី
- ទិញគោ៤ក្បាលក្រឡាប់រថយន្តរបួស៧នាក់ងាប់គោ២ក្បាល
- លូកហោប៉ៅលួចយកកាបូបលុយគេនៅក្នុងផ្សារគេចមិនរួចពីដៃប៉ូលិស
- វាយប្រហារប្រឆាំងពួកស៊ីអ៊ីតអ៊ីរ៉ាក់នៅក្រុងសាម៉ារ៉ា ស្លាប់៣៨នាក់
- រត់ជាន់គ្នាក្នុងការប្រមូលផ្តុំមនុស្សឃោសនាបោះឆ្នោតនៅនីហ្សេរីយ៉ាស្លាប់១១នាក់
- កងទ័ពអេហ្ស៊ីបសន្យាមិនរក្សាអំណាចក្រោយការចាកចេញរបស់លោកមូបារ៉ាក់
- ពួកជនអត្តឃាតតាលីបង់វាយប្រហារលើទីបញ្ជាការដ្ឋានប៉ូលិសក្រុងកាន់ដាហារស្លាប់១៩នាក់
- យុវជនម្នាក់ត្រូវក្រុមជនទំនើង៣នាក់ចាក់មួយកាំបិតយកលុយ និងទូរស័ព្ទ
- គណៈមេធាវីថ្កោលទោសការឈ្លានពានរបស់សៀមរំលោភអធិបតេយ្យភាពកម្ពុជា
- មានប្រពន្ធមិនស្កប់ប៉ងចាប់រំលោភប្រពន្ធគេថែមទៀត
- លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចេញទៅអ.ស.ប បេសកកម្មជាប្រវត្តិសាស្ត្រប្រឆាំងមហិច្ឆតាសៀមឈ្លានពាន
- ទូរទស្សន៍ហុងកុងផ្សាយរូបភាពស្ត្រីចុងភៅស្រាតចំអិនអាហារ
- មេធាវីដាក់ពាក្យស្នើសុំពន្យារពេលប្រកាសសាលក្រមភរិយាលោកឧកញ៉ាខូវ ជីលី
- ខណ្ឌទួលគោកមានបទល្មើសកើតឡើង២៤លើកក្នុងឆ្នាំ២០១០
- ជំហរកម្ពុជាមិនដកថយ កម្ពុជាស្នើឱ្យមានការបញ្ជូនអ្នកសង្កេតការណ៍យោធាមកកាន់ប្រាសាទព្រះវិហារ
- សភាពការណ៍យោធាតាមបន្ទាត់ព្រំដែន ទាហានសៀមនៅតែបន្តឆាឆៅ
បំផ្ទុះគ្រាប់នៅក្នុងបរិវេណសំណង់កំពស់៤ជាន់ កណ្តាលក្រុងព្រះវិហារ Posted: 12 Feb 2011 11:21 PM PST ខេត្តព្រះវិហារ ៖ ហេតុការណ៍បំផ្ទុះគ្រាប់ទាំងព្រឹកនៅកណ្តាលក្រុងព្រះវិហារធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជននៅទូទាំងក្រុង ។ ហេតុការណ៍នោះកើតឡើងនៅវេលាម៉ោង១០ព្រឹក ស្ថិតក្នុងបរិវេណសំណង់អគារកំពស់បួនជាន់ នៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ ការបំផ្ទុះគ្រាប់នេះបានឮយ៉ាងខ្លាំងប្រហែលគ្រាប់កាំភ្លើងធុនធ្ងន់១៥៥មីល្លីម៉ែត្រ របស់សៀមផ្លោងដាក់តំបន់ព្រះវិហារ កាលពីពេលថ្មីៗនេះ ធ្វើឱ្យអ្នកក្រុងព្រះវិហារភ័យខ្លាច ព្រោះគេគិតថា ទាហានសៀមផ្លោងដាក់។ សំណង់អគារដ៏ធំមួយនេះគឺគេកំពុងតែសំរុកសង់ឱ្យហើយនៅពេលឆាប់ៗខាងមុខនេះ ដើម្បីជួលទៅឱ្យធនាគារអេស៊ីលីដា ប្រចាំខេត្តព្រះវិហារទៀតផង ។ ការបំផ្ទុះគ្រាប់ក្នុងបរិវេណសំណង់អគារខាងលើនេះគេមិនទាន់ដឹងថា ផ្តើមចេញពី មូលហេតុអ្វីនៅឡើយទេ គឺសមត្ថកិច្ចប៉ូលិសខេត្តកំពុងតែដាក់ការស្រាវជ្រាវយ៉ាងសកម្មទៅលើហេតុការណ៍នេះ ។ ទោះបីជាមានការបំផ្ទុះបែបនេះក្តី សំណង់អគារដ៏ធំរឹងមាំមួយនេះ ពុំបណ្តាលឱ្យមានការខូចខាតធំដុំឡើយ វាគ្រាន់តែជាការបំផ្ទុះនៅខាងក្រៅ ដើម្បីគំរាមកំហែងសំដៅទៅលើអ្វីមួយប៉ុណ្ណោះ ៕ |
រដ្ឋាភិបាលបង្ហាញតួលេខផ្លូវការនៃការស្លាប់ និងការខូចខាតដោយសង្គ្រាមឈ្លានពានរបស់សៀម Posted: 12 Feb 2011 11:20 PM PST រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០១១ ឱ្យដឹងថា មានទាហាន៤នាក់ និងប៉ូលិសម្នាក់បានស្លាប់ ចំណែកទាហាន៣០នាក់ បានរងរបួស ។ ជនស៊ីវិលពីរនាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ។ ប្រជាពលរដ្ឋ២.៩៥៦គ្រួសារត្រូវបានជម្លៀសទៅកាន់ជំរំចំនួន៧ ស្ថិតក្នុងស្រុកចំនួន៣ ។ សេចក្តីប្រកាសព័ត៌មានបន្តថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ១.០០០នាក់ដែលភៀសខ្លួន រួមមានស្ត្រីចំនួន៧០ភាគរយ កុមារ១០ភាគរយ និងមនុស្សចាស់៥ភាគរយ ។ ជនភៀសខ្លួនចំនួន៥០នាក់ បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីការវាយប្រហារស្ថានីយប៉ូលិសចំនួន២ ដែលត្រូវបានបំផ្លាញ ។ ផ្ទះចំនួន៣ខ្នង ត្រូវបានបំផ្លាញ ។ គួររំលឹកផងដែរថា ផ្ទះទាំងនេះត្រូវបានសាងសង់ឡើងតាមរយៈជំនួយរបស់អង្គការយូណេស្កូ បន្ទាប់ពីប្រជាជនចំនួន៣១៧គ្រួសារ ត្រូវបានបង្ខំឱ្យជំលៀសចេញ ក្រោយការវាយប្រហាររបស់ថៃកាលពីខែមេសា ឆ្នាំ២០០៩ ៕ |
ម្ចាស់ធ្វើទារុណកម្មកាមរីដឹកខ្ពស់ហួសមាឌ Posted: 12 Feb 2011 10:59 PM PST ក្រុងប៉ោយប៉ែត ៖ រថយន្តកាមរី នីស្សាន់និងទួរីស១២កៅអីច្រើនគ្រឿងនៅក្រុងប៉ោយប៉ែតជារៀងរាល់យប់ត្រូវបានម្ចាស់ធ្វើទារុណកម្ម ព្រោះតែលុយដោយដឹកទំនិញខ្ពស់ហួសមាឌ។ រថយន្តទាំងនោះដឹកទំនិញចេញពីក្រុងប៉ោយប៉ែតទៅតាមបណ្តាខេត្តនានានៅពេលយប់ ឯពេលថ្ងៃពួកគេមិនហ៊ានធ្វើសកម្មភាពបែបនោះទេ ព្រោះខ្លាចសមត្ថកិច្ចតាមដងផ្លូវចាប់ផាកពិន័យឬចាត់ការតាមផ្លូវច្បាប់ ។ ចំពោះរថយន្តដែលដឹកទំនិញធ្ងន់និងខ្ពស់ហួសមាឌនៅក្រុងប៉ោយប៉ែតនាពេលយប់គឺមានច្រើនមិនខ្វះ១០គ្រឿងនោះទេ មានទាំងប្រភេទនីស្សាន់ ទួរីស១២កៅអី និងកាមរី។សំរាប់រថយន្តនីស្សាន់ពេលខ្លះផ្ទុកទំនិញចង់ច្រើនជាងរថយន្តកាម៉ាស្សទៅទៀត ពីព្រោះគេមិនត្រឹមតែដាក់ទំនិញផ្នែកខាងក្រោយនោះទេ សូម្បីតែលើដំបូលនិងលើក្បាលរថយន្តក៏ត្រូវគេដាក់ទំនិញយ៉ាងពេញដែរ ។ ឯរថយន្តទួរីស១២កៅអីវិញគេឃើញទំនិញផ្នែកខាងក្នុងដាក់យ៉ាងពេញ ឯខាងលើដំបូលក៏ត្រូវគេដាក់យ៉ាងខ្ពស់ដែរ សូម្បីតែផ្នែកខាងក្រោយក៏ត្រូវបានគេដាក់តសំពីងសំពោងទៀតផង ។ ចំណែករថយន្តកាមរីវិញបច្ចុប្បន្នមានជាច្រើនគ្រឿងដែលផ្នែកខាងក្នុងរថយន្តត្រូវគេដាក់ពេញស្ទើរតែអ្នកបើកបរអង្គុយលែងចង់កើត ឯខាងលើដំបូលដាក់របស់របរសំពីងសំពោងយ៉ាងខ្ពស់មើលទៅគួរឱ្យខ្លាចបំផុត តែនេះក៏គឺដើម្បីលុយនិងមិនឱ្យចាញ់ពួកប្រភេទនីស្សាន់ ។ ពាក់ព័ន្ធនឹងបញ្ហាទាំងអស់ខាងលើនេះប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងច្រើនទៅលើសមត្ថកិច្ចថា មិនបានចាត់វិធានការតាមផ្លូវច្បាប់ បង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់និងសុវត្ថិភាពចរាចរណ៍ ។ ជាក់ស្តែងការគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវជាតិលេខ៥ពីក្រុងប៉ោយប៉ែតទៅខេត្តបន្ទាយមានជ័យគឺតែងតែកើតឡើងនៅពេលយប់ ។ ចំណែកឯសមត្ថកិច្ចកន្លងមកបានប្រាប់ថា រថយន្តទាំងនោះលួចដឹកទំនិញដូចខាងលើតែក្នុងពេលយប់ជ្រៅប៉ុណ្ណោះខណៈសមត្ថកិច្ចសំរាកពីការងារ ៕ |
Posted: 12 Feb 2011 10:53 PM PST រាជធានីភ្នំពេញ ៖ លោកយូតាកា បានណូ រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុនកាលពីថ្ងៃទី១១ កុម្ភៈ ២០១១ បានមកទស្សនកិច្ចនៅ សាលាក្តីខ្មែរក្រហមក្នុងរយៈពេលខ្លីមួយ ។ ការមកបំពេញទស្សនកិច្ចផ្លូវការនេះ ស្របពេលដែលប្រទេសជប៉ុនបានផ្តល់ជំនួយថវិកា១១,៧លានដុល្លារអាមេរិក ឱ្យមកភាគីជាតិ និងអន្តរជាតិ ដើម្បីដំណើរការកិច្ចការរបស់ខ្លួនទៅមុខទៀត ។ ប្រទេសជប៉ុនបានផ្តល់ថវិកាច្រើនជាងគេក្នុងចំណោមប្រទេសដែលបានផ្តល់ថវិកាដល់សាលាក្តី ។ ដំណើរទស្សនកិច្ចរបស់លោកយូតាកា បានណូ ដែលអមដំណើរដោយលោកម៉ាសាហ្វូ៊គី គូរ៉ូគី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា និងប្រតិភូ៤រូបទៀត ត្រូវបានទទួលការស្វាគមន៍ ពីលោកក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃសាលាក្តី និងលោកស្រីរ៉ាជីវ គុមរ៉ា លោកឃ្លុត រ៉ូសិនហក អនុប្រធានការិយាល័យរដ្ឋបាលនៃសាលាក្តីខ្មែរក្រហម ។ លោកក្រាញ់ តូនី បានថ្លែងជំរាបជូនប្រតិភូអំពីដំណើរការវិវត្តន៍របស់សាលាក្តី ព្រមទាំងការបំបែកឯតទគ្គកម្មពិភពលោក ដោយតុលាការបានទទួលការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋជិត១០ម៉ឺននាក់ ។ ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងពេលដែលរដ្ឋាភិបាលជប៉ុន ទើបតែផ្តល់ថវិកាបន្ថែមដល់សាលាក្តីចំនួន១១,៧លានដុល្លារអាមេរិក ឱ្យភាគីជាតិ និងអន្តរជាតិ ដើម្បីបន្តកិច្ចការរបស់ខ្លួនតទៅមុខទៀត ៕ |
ទិញគោ៤ក្បាលក្រឡាប់រថយន្តរបួស៧នាក់ងាប់គោ២ក្បាល Posted: 12 Feb 2011 10:46 PM PST រាជធានីភ្នំពេញ ៖ បុរសពីរនាក់នៅផ្ទះជិតគ្នាក្នុងខេត្ដមណ្ឌលគិរី បានធ្វើដំណើរទៅរកទិញគោដល់ខេត្ដព្រៃវែង លុះពេលទិញបានហើយ ក៏ជួលរថយន្ដដឹកគោមកខេត្ដមណ្ឌលគិរីវិញ។ ប៉ុន្ដែមកដល់ភ្នំបាយឆៅដែលជាកន្លែងចុះចំណោតខ្លាំង ស្រាប់តែរថយន្ដក្រឡាប់បណ្ដាលឱ្យបុរសពីរនាក់នេះរងរបួសបាក់ដៃ បាក់ជើង បែកក្បាល ហើមមុខ ហើយ៥នាក់ទៀតរបួសស្រាល និងងាប់គោអស់២ក្បាលផង ។ ឧបទ្ទវហេតុនេះ កើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១០ កុម្ភៈ នៅចំណុចភ្នំបាយឆៅ ដែលសល់ប្រមាណ៤០គីឡូម៉ែត្រទៀតដល់ស្រុកកោះញែក ខេត្ដមណ្ឌលគិរី។ ប្រភពព័ត៌មានពីស្ដ្រីឈ្មោះសន ស្រីស អាយុ២៥ឆ្នាំ ជាប្រពន្ធជនរងគ្រោះបានឱ្យដឹងថា គាត់រស់នៅភូមិអូរ៤ ឃុំអូរ៤ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី ហើយប្ដីឈ្មោះបៀន ប៊ុនគី អាយុ៣៨ឆ្នាំ និងបុរសរងគ្រោះម្នាក់ទៀតឈ្មោះពេជ្រ សុផាន អាយុ៣៦ឆ្នាំ នៅផ្ទះជិតគ្នា បានបបួលគ្នាទៅរកទិញគោនៅខេត្ដព្រៃវែង តាំងពីថ្ងៃទី៦ កុម្ភៈ រហូតដល់ថ្ងៃទី៩ កុម្ភៈ ទើបទិញបានគោចំនួន៤ក្បាល ក៏ជួលរថយន្ដធុនកូរ៉េ ទម្ងន់២តោនកន្លះដឹកពីខេត្ដព្រៃវែងមកខេត្ដមណ្ឌលគិរីវិញ ក្នុងតម្លៃមួយលានរៀល ។ គោដែលទិញបាននោះ ជាចំណែកប្ដីគាត់ មានចំនួនពីរតំលៃ៣លាន២០ម៉ឺនរៀល ឯគោរបស់ឈ្មោះពេជ្រ សុផាន ទិញបានពីរតំលៃ៦លាន២០ម៉ឺនរៀល។ ពេលដឹកចេញពីខេត្ដព្រៃវែង វេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១០ កុម្ភៈ មានអ្នកសុំធ្វើដំណើរមកជាមួយចំនួន៥នាក់ ហើយអ្នកបើកបររថយន្ដមានកូនមកជាមួយម្នាក់ទៀត ដូច្នេះអ្នកជិះទាំងអស់មានគ្នា៩នាក់ តែនៅពេលក្រឡាប់រថយន្ដនោះ រងរបួសតែ៧នាក់ដែលជិះនៅខាងក្រោយជាមួយគោ។ ចំណែកឯអ្នកបើកបរនិងកូនដែលជិះខាងមុខមិនមានគ្រោះថ្នាក់អ្វីទេ ខណៈប្ដីរបស់គាត់រងរបួសបាក់ដៃឆ្វេង និងបែកក្បាលនោះ ។ ស្ដ្រីឈ្មោះសារ៉ន ញាញ់ អាយុ៣០ឆ្នាំ ជាប្រពន្ធរបស់បុរសរងគ្រោះឈ្មោះពេជ្រ សុផាន បានឱ្យដឹងថា គាត់បានលក់ម៉ូតូយកទៅទិញគោមកចិញ្ចឹមទុកធ្វើស្រែ ហើយប្តីគាត់ទិញគោបានពីរក្បាលអស់៦លាន២០ម៉ឺនរៀល ស្រាប់តែមកដល់ភ្នំបាយឆៅត្រូវក្រឡាប់រថយន្ដបណ្តាលឱ្យងាប់គោទាំងពីរនោះទៅទៀត ចំណែកប្ដីគាត់ត្រូវបាក់ដៃស្ដាំ បែកក្បាល និងហើមមុខហើមមាត់ទៀត។ បន្ទាប់មកអ្នករងរបួសទាំង៧នាក់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ដមណ្ឌលគិរី ។ រីឯស្ត្រីទាំងពីរជាប្រពន្ធបានបញ្ជូនប្ដីរបស់ខ្លួនមកព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត នៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១១ កុម្ភៈ។ ប្រភពព័ត៌មានពីប្រពន្ធអ្នករងគ្រោះទាំងពីរនាក់និយាយថា អ្នកបើកបររថយន្ដបានប្រាប់ថា ពេលបើកមកដល់ចំណុចភ្នំបាយឆៅ ដែលជាកន្លែងដែលចុះចំណោតខ្លាំងទាញចង្កូតមិនឈ្នះក៏បណ្ដាលឱ្យក្រឡាប់តែម្ដង។ អ្នកមិនធ្លាប់បើកបរកាត់ចំណុចនេះគួរតែប្រុងប្រយ័ត្នផង ៕ |
លូកហោប៉ៅលួចយកកាបូបលុយគេនៅក្នុងផ្សារគេចមិនរួចពីដៃប៉ូលិស Posted: 12 Feb 2011 10:44 PM PST ខេត្តសៀមរាប ៖ ក្រុមជនសង្ស័យប្រុសស្រីលូកហោប៉ៅលួចយកកាបូបលុយប្រជាពលរដ្ឋនៅក្នុងផ្សារជនបទចំនួន៣នាក់ បានត្រូវកំលាំងសមត្ថកិច្ចអធិការដា្ឋននគរបាលស្រុកក្រឡាញ់ ឃាត់ខ្លួនប្រគល់ឱ្យការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង កាលពីរសៀលថ្ងៃទី១០ កុម្ភៈ កន្លងទៅនេះ។ ជនជាប់ចោទដែលត្រូវសមត្ថកិច្ចប៉ូលិសឃាត់ខ្លួនទាំង៣នាក់នោះ ១-ឈ្មោះមុំ ភី ភេទស្រី អាយុ២៥ឆាំ្ន ២-ឈ្មោះសេង ពិសី ភេទប្រុស អាយុ២៩ឆាំ្ន ជនទាំង២នាក់នេះ ជាប្តីប្រពន្ធនឹងគា្នមានទីលំនៅភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ និង៣-ឈ្មោះលី ប្រុស អាយុ៤៨ឆាំ្ន មានទីលំនៅភូមិកោះ ឃុំកោះអណែ្តត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ លោកវរសេនីយ៍ត្រី ចាន់ សារ៉េន អធិការនគរបាលស្រុកក្រឡាញ់ បានឱ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង៣នាក់ ត្រូវកំលាំងសមត្ថកិច្ចឃាត់ខ្លួនក្នុងអំពើល្មើសជាក់សែ្តងនាវេលាព្រឹកថ្ងៃទី៩ កុម្ភៈ ខណៈដែលស្រី្តឈ្មោះមុំ ភី ជាប្រពន្ធរបស់បុរសឈ្មោះសេង ពិសី បានធើ្វសកម្មភាពបន្លំលូកហោប៉ៅខោលួចយកកាបូបដែលមានប្រាក់ខែ្មរចំនួន៥០ម៉ឺនរៀល និងប្រាក់ដុលា្លរ ចំនួន២៥០ដុលា្លរអាមេរិក របស់ឈ្មោះធ្នឿម ធ្នង់ ភេទប្រុស អាយុ៣៣ឆាំ្ន ខណៈពេលគាត់កំពុងតថែ្លទិញសែ្បកជើងនៅក្នុងផ្សារស្រុកក្រឡាញ់នោះ ។ លោកវរសេនីយ៍ត្រី ចាន់ សារ៉េន បានឱ្យដឹងបន្តថា ពេលលួចបានស្រី្តឈ្មោះមុំ ភី បានគេចចេញមកជួបបក្សពួកខ្លួនចំនួន២នាក់ទៀតនៅខាងក្រៅផ្សារ តែចៃដន្យត្រូវម្ចាស់កាបូបប្រាក់ និងសមត្ថកិច្ចតាមរកឃើញនិងឃាត់ខ្លួនភា្លមៗ រួចដកហូតបានកាបូប និងទឹកប្រាក់នោះប្រគល់ឱ្យមា្ចស់ដើមវិញ។ ជនជាប់ចោទទាំង៣នាក់ ត្រូវបានប្រគល់ឱ្យការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង កាលពីរសៀលថ្ងៃទី១០ កុម្ភៈ កន្លងទៅនេះ៕ |
វាយប្រហារប្រឆាំងពួកស៊ីអ៊ីតអ៊ីរ៉ាក់នៅក្រុងសាម៉ារ៉ា ស្លាប់៣៨នាក់ Posted: 12 Feb 2011 08:08 PM PST ប៉ូលិស និងអាជ្ញាធរអ៊ីរ៉ាក់រាយការណ៍ថា ការវាយប្រហារអត្តឃាតមួយ ដែលសំដៅពួកអ្នកធ្វើធម្មយាត្រាស៊ីអ៊ីត នៅស្ថានីយរថយន្តមួយ បណ្តាលឱ្យមនុស្សស្លាប់៣៨នាក់ និងរបួស៧៤នាក់ កាលពីថ្ងៃទី១២ កុម្ភៈ ក្នុងទីក្រុងសាម៉ារ៉ា របស់អ៊ីរ៉ាក់ ។ នៅមន្ទីរពេទ្យទីក្រុងនេះ ដែលស្ថិតនៅចំងាយ១០០គីឡូម៉ែត្រ ភាគខាងជើងក្រុងបាដាដ ប៉ូលិសម្នាក់និយាយថា បណ្តានារី និងកុមារ ស្ថិតក្នុងចំណោមជនរងគ្រោះ ។ ជនអត្តឃាតបានធ្វើឱ្យផ្ទុះចំកណ្តាលកន្លែងប្រមូលផ្តុំគ្នារបស់ពួកអ្នកធ្វើធម្មយាត្រា ។ យោងតាមប្រភពមួយជិតដិតនឹងភ្នាក់ងារសន្តិសុខថា ជនអត្តឃាតនេះជាបុរសម្នាក់ដោយនៅជាប់ខ្លួនគេមានគ្រឿងផ្ទុះយ៉ាងតិច១០គីឡូក្រាម ។ ក្នុងសាម៉ារ៉ាកាលពីថ្ងៃទី១០ កុម្ភៈ កន្លងមកនេះ ធ្លាប់រងការវាយប្រហារដោយគ្រាប់បែកមួយដែលបណ្តាលឱ្យមនុស្សស្លាប់៨នាក់ និងរបួស៣០នាក់ ។ ទីក្រុងនេះមានព្រះវិហារ និងកន្លែងបញ្ចុះសពអាល់អាស្ការីជាឈ្មោះរបស់អ៊ីម៉ាម ហាសាន់ អាល់អាស្ការី ជាមនុស្សគោរពបូជារបស់ពួកអ៊ិស្លាមស៊ីអ៊ីតដែលទទួលមរណភាពកាលពីឆ្នាំ៨៧៤ ៕ |
រត់ជាន់គ្នាក្នុងការប្រមូលផ្តុំមនុស្សឃោសនាបោះឆ្នោតនៅនីហ្សេរីយ៉ាស្លាប់១១នាក់ Posted: 12 Feb 2011 08:04 PM PST មនុស្សយ៉ាងហោចណាស់១១នាក់ បានស្លាប់បាត់បង់ជីវិត និងច្រើននាក់ទៀតរងរបួសនៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយ ក្នុងអំឡុងពេលនៃការប្រមូលផ្តុំធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងទីក្រុងកំពងផែ Port Harcourt ភាគខាងត្បូង ប្រទេសនីហ្សេរីយ៉ា កាលពីល្ងាចថ្ងៃទី១២ កុម្ភៈ កន្លងមក ។ ការរត់ជាន់គ្នានេះកើតឡើងនៅពេលពួកអ្នកគាំទ្រគណបក្សកំពុងកាន់អំណាចជាច្រើនម៉ឺននាក់បានប្រមូលផ្តុំគ្នានៅពហុកីឡដ្ឋានមួយ ដើម្បីស្តាប់ការថ្លែងការណ៍របស់លោកប្រធានាធិបតី Goodluck Jana-than ខណៈពេលមនុស្សជាច្រើនរយនាក់ទៀតប្រមូលផ្តុំគ្នានៅខ្លោងទ្វារចូលពហុកីឡដ្ឋាននោះ ។ តាមសេចក្តីរាយការណ៍ថា ហេតុការណ៍រត់ជាន់គ្នាននេះកើតឡើងនៅពេលប៉ូលិសបាញ់ឡើងលើ ដើម្បីព្យាយាមបំបែកហ្វូងមនុស្សបណ្តាលឱ្យអ្នកនៅទីនោះមានការភ័យស្លន់ស្លោរត់ជាន់គ្នាតែម្តង ៕ |
កងទ័ពអេហ្ស៊ីបសន្យាមិនរក្សាអំណាចក្រោយការចាកចេញរបស់លោកមូបារ៉ាក់ Posted: 12 Feb 2011 07:53 PM PST ក្រុមប្រឹក្សាជាន់ខ្ពស់របស់កងទ័ពអេហ្ស៊ីបដែលកាន់អំណាចចាប់តាំងពីការសុំលាលែងពីតំណែងរបស់លោកហ៊ូស្នី មូបារ៉ាក់ កាលពីថ្ងៃទី១១ កុម្ភៈ កន្លងមកនេះ បានប្រកាសកាលពីថ្ងៃទី១២ កុម្ភៈ ថា ទិសដៅរបស់ខ្លួនគឺប្រគល់អំណាចដល់រដ្ឋាភិបាលស៊ីវិល ហើយអះអាងថា អេហ្ស៊ីប នឹងគោរពរាល់សន្ធិសញ្ញាអន្តរជាតិ ដែលនេះជាកិច្ចសន្យាចង់សំដៅ ជាពិសេសលើបណ្តាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក ។ ក្នុងសេចក្តីប្រកាសមួយអានតាមទូរទស្សន៍នាយទាហានមួួយរូបថ្លែងថា សាធារណរដ្ឋអារ៉ាប់ អេហ្ស៊ីបនៅគោរពរាល់កាតព្វកិច្ច និងសន្ធិសញ្ញា តំបន់ និងអន្តរជាតិទាំងឡាយ ។ សារនេះច្បាស់ណាស់សំដៅរំងាប់ចិត្តអីុស្រាអែលដែលអេហ្ស៊ីបជាប្រទេសអារ៉ាប់ដំបូងគេដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមួយកាលពីឆ្នាំ ១៩៧៩ ។ នាយករដ្ឋមន្ត្រីអីុស្រាអែលលោកបេនចាមីនណេតាន់យ៉ាហ៊ូ បានអបអរសាទរចំពោះសេចក្តីថ្លែងការណ៍ ម្យ៉ាងវិញទៀតកងទ័ពអេហ្ស៊ីបបានធានាពីដំណាក់កាលអន្តរកាលដោយសន្តិវិធីមួយនៃការផ្ទេរអំណាចក្នុងក្របខណ្ឌនៃប្រព័ន្ធសេរី និងប្រជាធិបតេយ្យកើតចេញពីការបោះឆ្នោតសំរាប់ដឹកនាំ ប្រទេស និងកសាងរដ្ឋប្រជាធិបតេយ្យសេរីមួយ ។ ពួកបងប្អូនអ៊ិស្លាមបានបញ្ចេញប្រតិកម្មចំពោះសេចក្តីថ្លែងការណ៍នេះ ដោយអះអាងថា ពួកគេមិនស្វែងរកអំណោយឡើយ ហើយពួកគេនឹងគោរពដល់បណ្តាមេដឹកនាំយោធាថ្មីៗ ដែលបានសន្យាប្រគល់អំណាចដល់ជនស៊ីវិល ។ លោកហ៊ូស្នី មូបារ៉ាក់ អាយុ៨២ឆ្នាំ នឹងស្នាក់នៅក្នុងនិវេសនដ្ឋានរបស់លោកក្នុងទីក្រុង CHARM EL CHEIKH ជាប់មាត់សមុទ្រក្រហម ។ រដ្ឋអំណាចថ្មីប្រកាសពីការបើកការស៊ើបអង្កេតលើអតីតនាយករដ្ឋមន្ត្រី អតីតរដ្ឋមន្ត្រីមហាផ្ទៃ និងអតីតរដ្ឋមន្ត្រីព័ត៌មាន ។ អតីតនាយករដ្ឋមន្ត្រីលោកណាប៊ីប អាល់អាដលី ដែលលោកមូបារ៉ាក់ដកហូតតំណែងត្រូវគេហាមឃាត់មិនឱ្យចាកចេញពីប្រទេស ។ រដ្ឋមន្ត្រីព័ត៌មានលោកណាស់ អែល ហ្វេកគីដែលចូលរួមក្នុងរដ្ឋាភិបាលថ្មីក៏ប្រឈមមុខនឹងវិធានការដូចគ្នានេះដែរ ៕ |
ពួកជនអត្តឃាតតាលីបង់វាយប្រហារលើទីបញ្ជាការដ្ឋានប៉ូលិសក្រុងកាន់ដាហារស្លាប់១៩នាក់ Posted: 12 Feb 2011 07:45 PM PST កងកំលាំងចំរុះអន្តរជាតិគូសបញ្ជាក់ថា ពួកជនអត្តឃាតតាលីបង់ បានសម្លាប់មនុស្ស១៩នាក់ ក្នុងនោះមានសមាជិកកងកំលាំងសន្តិសុខអាហ្វហ្គានីស្ថាន១៧នាក់ ហើយមនុស្ស៤៩នាក់ ទៀតត្រូវរបួសកាលពីថ្ងៃទី១២ កុម្ភៈ ក្នុងឱកាសនៃការវាយប្រហារមួយប្រឆាំងនឹងទីបញ្ជាការដ្ឋានប៉ូលិសខេត្តកាន់ដាហារភាគខាងត្បូងអាហ្វហ្គានីស្ថាន ។ ពួកបះបោរបានប្រើកាំភ្លើង គ្រាប់បែក និងរថយន្តផ្ទុកគ្រឿងផ្ទុះ ដើម្បីវាយប្រហារលើទីតាំងប៉ូលិសនេះ ។ យោងតាមកងទ័ពចំរុះថា ជនស៊ីវិល២៣នាក់ និងកុមារ៩នាក់ ស្ថិតក្នុងចំណោមមនុស្សត្រូវរបួសទាំង៤៩នាក់ ។ ការវាយប្រហារនេះមានរយៈពេលជាច្រើនម៉ោង ។ ពួកវាយប្រហារចាប់ផ្តើមវាយប្រហារលើបណ្តាបង្អួចរបស់បន្ទប់រៀបការនៅជិតខាងមួយ ។ ជនអត្តឃាត៣នាក់បានបំផ្ទុះគ្រាប់បែក ។ រថយន្តផ្ទុកគ្រឿងផ្ទុះមួយក៏ផ្ទុះដែរនៅជិតទីបញ្ជាការដ្ឋានប៉ូលិស ។ ជនអត្តឃាតទី៤ ត្រូវរបួសមុនពេលធ្វើឱ្យគ្រឿងផ្ទុះដាក់ជាប់ខ្លួនគេផ្ទុះឡើង ហើយជននេះត្រូវប៉ូលិសចាប់បាន ។ នេះជាការវាយប្រហារមួយមានការរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ប្រឆាំងនឹងនិមិត្តរូបមួយរបស់រដ្ឋអាហ្វហ្គានីស្ថាន ដែលបញ្ជាក់ពីសមត្ថភាពរបស់ពួកបះបោរនៅភាគខាងត្បូងប្រទេស ។ ពួកតាលីបង់ជាអ្នកប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ ៕ |
យុវជនម្នាក់ត្រូវក្រុមជនទំនើង៣នាក់ចាក់មួយកាំបិតយកលុយ និងទូរស័ព្ទ Posted: 12 Feb 2011 07:38 PM PST រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានត្រូវជនមិនស្គាល់មុខមានគ្នាបីនាក់ចាប់ក្របួច.កអាវ និងលូកហោប៉ៅខោយកអស់ប្រាក់១០០ដុល្លារអាមេរិក និង១៤ម៉ឺនរៀល ព្រមទាំងទូរស័ព្ទដៃមួយគ្រឿង ហើយចាក់ឱ្យរបួសមួយកូនកាំបិតចំខ្នងខាងឆ្វេង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី១០ កុម្ភៈ នៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ប្រភពព័ត៌មានពីស្ត្រីឈ្មោះហុង សាលួន អាយុ៣៦ឆ្នាំ ត្រូវជាម្តាយមីង បានឱ្យដឹងថា យុវជនរងគ្រោះឈ្មោះថង់ រស្មី អាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង ។ នៅវេលាម៉ោងប្រមាណ៩និង៣០នាទីយប់នោះ គាត់បានឮសំឡេងក្មួយឈ្មោះថង់ រស្មី ហៅគាត់ឱ្យបើកទ្វារ លុះពេលបើកទ្វារឃើញក្មួយស្រែក រួចក៏ដួលផ្កាប់មុខទៅដី និងឃើញកូនកាំបិតដោតជាប់នៅនឹងឆ្អឹងខ្នង ។ ដោយឃើញបែបនេះ គាត់ក៏ស្រែកហៅឱ្យអ្នកជិតខាងឱ្យជួយ និងនាំគ្នាដកកូនកាំបិតចេញ តែដកមិនរួច ទើបនាំយកមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ យុវជនរងគ្រោះឈ្មោះថង់ រស្មី បានឱ្យដឹងថា ខ្លួនទើបនឹងមកភ្នំពេញកាលពីថ្ងៃទី៥ កុម្ភៈ កន្លងមកនេះ គឺមកលេងបងស្រីរបស់ខ្លួន ជាកម្មការិនីរោងចក្រកាត់ដេរនៅកាណាឌីយ៉ា ហើយនៅថ្ងៃទី១០ កុម្ភៈ វេលាម៉ោង៦ល្ងាច ខ្លួនបានជិះម៉ូតូឌុបទៅលេងផ្ទះបងថ្លៃ នៅចំការដូង លុះដល់ម៉ោង៨យប់ទើបត្រឡប់មកផ្ទះម្តាយមីងវិញ។ ពេលជិះម៉ូតូឌុបមកដល់មាត់ច្រកចូលជិតដល់ផ្ទះជួលរបស់ម្តាយមីង ប៉ុន្តែផ្លូវចូលផ្ទះនោះតូចចង្អៀត ខ្លួនក៏ឱ្យម៉ូតូឌុបឈប់ហើយចុះដើរប៉ុន្តែគ្រាន់តែដើរបានចំងាយប្រមាណ១០ម៉ែត្រ ស្រាប់តែឃើញជនមិនស្គាល់មុខមានគ្នា៣នាក់ ជិះម៉ូតូម៉ាកស្មាស់ស៊េរី២០០៩ ពណ៌ទឹកប៊ិចចាស់ ក្នុងទិសដៅបញ្ច្រាសគ្នា បានឈប់ម៉ូតូដើរចុះមកចាប់ក្របួច.កអាវខ្លួនយកកូនកាំបិតភ្ជង់គំរាមអារ.កសំលាប់ចោល បើហ៊ានស្រែក ចំណែកម្នាក់ទៀតជាអ្នកលូកហោប៉ៅខោយកប្រាក់ និងទូរស័ព្ទដៃ ។ ពេលនោះដោយសារខ្លួនរើបំរះក៏ត្រូវគេចាក់មួយកូនកាំបិតតែយកដៃរងផុតមុតតែចុងមេដៃខាងឆ្វេងបន្តិច ហើយខ្លួនរត់ចេញបានប្រមាណ៣០ម៉ែត្រ ក៏ត្រូវជនទាំង៣នាក់ដេញតាមចាក់មួយកូនកាំបិតពីក្រោយទៀត ទើបពួកនោះឡើងជិះម៉ូតូគេចខ្លួនទៅបាត់ ឯខ្លួនក៏រត់ទៅចាក់សោទ្វាររបងស្រែកហៅម្តាយមីងឱ្យបើកទ្វារផ្ទះ។ តាមការឱ្យដឹងពីម្តាយមីងជីដូនមួយថា បន្ទាប់ពីនាំជនរងគ្រោះមកដល់មន្ទីរពេទ្យ ទើបគ្រូពេទ្យជួយសង្គ្រោះដោយធ្វើការវះកាត់ដកយកកាំបិតចេញ តែកូនកាំបិតដែលចាក់នោះលិចចូលទៅក្នុងពួរឆ្អឹងខ្នងខាងឆ្វេងសើយឡើងទៅខាងលើប្រវែងប្រហែល១តឹក ។ កូនកាំបិតនោះមានដងដែកទំហំ២ធ្នាប់ដៃ ប្រវែងជាង២តឹក មានមុខពីរ ម្ខាងមុខធម្មតា ម្ខាងទៀតមុខផ្លែរណារ ហើយមានចុងស្រួច ៕ |
គណៈមេធាវីថ្កោលទោសការឈ្លានពានរបស់សៀមរំលោភអធិបតេយ្យភាពកម្ពុជា Posted: 12 Feb 2011 07:20 PM PST រាជធានីភ្នំពេញ ៖ គណៈមេធាវីកម្ពុជាកាលពីថ្ងៃទី១១ កុម្ភៈ ២០១១ បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសការឈ្លានពានរបស់សៀមមកលើអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា និងបូរណភាពទឹកដីកម្ពុជាម្តងហើយម្តងទៀត កាលពីថ្ងៃទី៤ កុម្ភៈ រហូតដល់ថ្ងៃទី៧ កុម្ភៈ២០១១ នៅតំបន់ប្រាសាទព្រះវិហារដែលបង្កឱ្យមានការខូចខាតដល់សម្បត្តិបេតិកភណ្ឌពិភពលោកគឺប្រាសាទព្រះវិហារ ព្រមទាំងវត្តអារាម និងធ្វើឱ្យមានទុក្ខលំបាកជាទម្ងន់ដល់ប្រជាជនរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំង២ ។ គណៈមេធាវីកម្ពុជាឱ្យដឹងទៀតថា គណៈមេធាវីកម្ពុជាគាំទ្រសម្តេចតេជោហ៊ុន សែន ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដីនៃមាតុភូមិកម្ពុជា ដោយប្រើប្រាស់សិទ្ធិការពារខ្លួនត្រឹមត្រូវតាមផ្លូវច្បាប់ ។ យើងខ្ញុំទាំងអស់គ្នាសូមថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការធ្វើសង្គ្រាមឈ្លានពាន រំលោភអធិបតេយ្យភាព និង បូរណភាពទឹកដីកម្ពុជារបស់សៀម។ ម្យ៉ាងទៀតសម្តេចបានប្រើប្រាស់យន្តការដោះស្រាយដោយសន្តិវិធីស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃតាមរយៈការស្នើសុំឱ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ធ្វើអន្តរាគមន៍ជាបន្ទាន់ចំពោះការធ្វើសង្គ្រាមឈ្លានពានរបស់កងទ័ពសៀម ៕ |
មានប្រពន្ធមិនស្កប់ប៉ងចាប់រំលោភប្រពន្ធគេថែមទៀត Posted: 12 Feb 2011 07:15 PM PST ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់មានប្រពន្ធកូនទៅហើយ ប៉ុន្តែមិនស្កប់នឹងតណ្ហារបស់ខ្លួនប៉ុនប៉ងរំលោភប្រពន្ធគេទៀតខណៈពេលប្តីមិននៅ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៨ កុម្ភៈ នៅឃុំសារង្គ ស្រុកស្វាយចេក ។ តាមរបាយការណ៍របស់លោកវរសេនីយ៍ត្រីស៊ី ឌី អធិការនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា ជនជាប់ចោទឈ្មោះផង់ ពលឹក អាយុ២៥ឆ្នាំ នៅភូមិផ្លាស់កង់ ឃុំសារង្គ ស្រុកស្វាយចេក ។ ចំណែកស្ត្រីរងគ្រោះអាយុ២៦ឆ្នាំ បានចោទប្រកាន់ឈ្មោះផង់ ពលឹក ថា ពេលគេស្រវឹងស្រាបានដើរចូលទៅក្នុងបន្ទប់ដេករបស់នាងប៉ុនប៉ងចាប់រំលោភ ។ ប្រភពព័ត៌មានដដែលឱ្យដឹងថា ស្ត្រីរងគ្រោះនិយាយប្រាប់សមត្ថកិច្ចថា នៅយប់កើតហេតុនាងបានដេកជាមួយកូនក្នុងបន្ទប់ខណៈប្តីនាងមិននៅផ្ទះ ដោយរវល់ទៅចាក់មេក្រូនិងធុងបាស់ឱ្យគេ ។ ខណៈនោះឈ្មោះផង់ ពលឹក ដែលស្រវឹងស្រាបានដើរចូលទៅក្នុងបន្ទប់ដេករបស់នាង ហើយចាប់អោបនិងសុំដេកជាមួយនាងតែនាងនិយាយថា នាងមានប្តីនិងកូន ចំណែករូបគេក៏មានប្រពន្ធនិងកូនដែរ ។ ស្ត្រីដដែលបន្តថា នាងខំរើបំរះចុះពីលើគ្រែដើម្បីទៅហៅយាយៗនៅផ្ទះក្បែរនាងឱ្យជួយ ប៉ុន្តែត្រូវឈ្មោះពលឹកចាប់ច្របាច់ក។ ទោះជាយ៉ាងណាក្តី ដោយកូនប្រុសនាងភ្ញាក់ស្រែកយំទើបជននោះចេញទៅផ្ទះបាត់ ។ បន្ទាប់មកនាងបានរត់ទៅរាយការណ៍ប្រាប់លោកមេភូមិពីរឿងនេះ។ លោកវរសេនីយ៍ទោ សិទ្ធិ ឡោះ នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះរួចមកនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ នគរបាលស្រុកស្វាយចេកបានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះផង់ ពលឹក នាំទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យមិនបានសារភាពដូចការចោទប្រកាន់នោះទេ។ គេអះអាងថា នៅយប់នោះក្រោយពីរូបគេ និងមិត្តភក្តិចំនួន៥នាក់ផឹកស្រាស្រវឹងរួចមក គេនិងឈ្មោះម៉េត បានជិះម៉ូតូទៅផ្ទះ ហើយចូលដេក។ |
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចេញទៅអ.ស.ប បេសកកម្មជាប្រវត្តិសាស្ត្រប្រឆាំងមហិច្ឆតាសៀមឈ្លានពាន Posted: 12 Feb 2011 07:09 PM PST រាជធានីភ្នំពេញ ៖ លោកកុយ គួង អនុរដ្ឋលេខាធិការក្រសួងការបរទេសបានមានប្រសាសន៍ប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីថ្ងៃទី១១ កុម្ភៈ ថា លោកហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសបានដឹកនាំគណៈប្រតិភូកម្ពុជា និងឯកសារជាច្រើនទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិដែលមានទីស្នាក់ការនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយគណៈប្រតិភូបានចេញដំណើរពីរាជធានីភ្នំពេញនៅវេលាម៉ោង៦ល្ងាច ។ លោកកុយ គួង បន្តថា លោកមិនអាចបញ្ជាក់ប្រាប់ថា តើលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង យកទៅជាមួយនូវឯកសារអ្វីខ្លះដាក់ជូនអ.ស.បទេ ។ ទោះបីជាបែបណាក្តី លោកបញ្ជាក់ថា កម្ពុជាបានរៀបចំរួចរាល់អស់ហើយ ។ តាមរបៀបវារៈនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រីនឹងថ្លែងដោយផ្ទាល់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអ.ស.បនៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១១ តាមការគ្រោងទុក ហើយកម្មវិធីប្រជុំមិនមានការប្រែប្រួលទេ។ នៅក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) មានចំនួន១៥ប្រទេស ព្រមទាំងភាគី ជំលោះកម្ពុជា និងថៃ និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីក្នុងនាមជាប្រធានអាស៊ាន ។ លោកកុយ គួង បន្តទៀតថា លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នឹងបញ្ជាក់ប្រាប់កិច្ចប្រជុំដោយផ្តោតសំខាន់លើសកម្មភាពឈ្លានពានរបស់ថៃមកលើបូរណភាពដែនដីកម្ពុជាម្តងហើយម្តងទៀត ជាពិសេសកងទ័ពថៃបានបាញ់លើប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ ចំពោះលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិនាថ្ងៃចន្ទខាងមុខ ក្រសួងការបរទេសនឹងផ្សព្វផ្សាយដល់ប្រព័ន្ធព័ត៌មាននៅកម្ពុជាផងដែរ។ ស្របពេលជាមួយគ្នានេះដែរ ការិយាល័យអ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជាបានបដិសេធចំពោះការផ្សាយរបស់កាសែតថៃបាងកកប៉ុសិ៍្តចេញកាលពីថ្ងៃទី៩ កុម្ភៈ ២០១១ ថា លោកហោ ណាំហុង បានជួបពិភាក្សាជាមួយលោកកាស៊ីត ភិរម្យ រដ្ឋមន្ត្រីការបរទេសថៃដែលកាសែតនោះបានអះអាងថា ភាគីទាំងពីរបានព្រមព្រៀងគ្នាពិភាក្សានៅក្នុងប្រទេសទី៣ ។ ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងទៀតថា លោកហោ ណាំហុង មិនបានជួបជាមួយលោកកាស៊ីត ភិរម្យទេ ។ ប៉ុន្តែកាលពីថ្ងៃទី៩ កុម្ភៈ ២០១១ ឯកអគ្គរាជទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានជួបជាមួយលោកហោ ណាំហុង ដើម្បីប្រគល់ជូនសំណើរបស់លោកកាស៊ីត ភិរម្យ តែរហូតដល់ពេលនេះលោកហោ ហាំ ហុង មិនទាន់បានឆ្លើយតបនឹងសំណើនោះនៅឡើយទេ ព្រោះបញ្ហានេះកំពុងស្ថិតនៅក្នុងដៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប ។ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនចេញដំណើរលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី១៤ កុម្ភៈ គឺជាជោគជ័យមួយរបស់កម្ពុជា ដែលមានឱកាសនិយាយពីការឆបោក ពីការគាបសង្កត់ខាងយោធារបស់សៀមមកលើកម្ពុជា ។ លោកមានប្រសាសន៍ថា តាមព័ត៌មានថា សៀមបានបញ្ជូនរថក្រោះថែមមកទៀតទៅកាន់ព្រំដែន ។ ជាមួយនេះ លោកក៏បានបញ្ជាក់ថា ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់សៀមនិងត្រូវលាតត្រដាងនៅក្នុងកិច្ចប្រជុំនោះដែរ ។ លោកឧបនាយករដ្ឋមន្ត្រីបន្តថា មកដល់ពេលនេះម៉ោងនេះ សៀមនៅតែប្រឹងប្រែងបញ្ចុះបញ្ចូលប្រទេសនានាឬអង្គការនានាកុំឱ្យចូលរួមប្រជុំ។ លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនេះលោកនឹងលើកឡើងពីការរំលោភបំពានរបស់សៀមនិងដើមចមនៃសង្គ្រាម ហើយនិងសុំឱ្យមានបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍ ។ ការពិតទាំងអាប់ភីស៊ីត ទាំងកាស៊ីត ភីរម្យ មិនចង់ឱ្យមានកិច្ចប្រជុំជាអន្តរជាតិបែបនេះទេ គឺចង់តែទ្វេភាគី ។ លោកឧបនាយករដ្ឋមន្ត្រីក៏មានប្រសាសន៍ដែរថា លោកមិនអាចជួបភាគីថៃជាទ្វេភាគីដោយគ្មានប្រធានអាស៊ានចូលរួមនោះទេ ៕ |
ទូរទស្សន៍ហុងកុងផ្សាយរូបភាពស្ត្រីចុងភៅស្រាតចំអិនអាហារ Posted: 12 Feb 2011 07:02 PM PST តាមកាសែតសៅឆាយណា ម័រនីងប៉ុស្តិ៍ បានផ្សាយថា ប៉ុស្តិ៍ទូរទស្សន៍សំរាប់ចាស់ជរាមួយនៅហុងកុងចាប់ផ្តើមចុះផ្សាយពីកម្មវិធីអនុវត្តចំអិនម្ហូបអាហារដ៏ស្រើបស្រាល ដោយបានអនុញ្ញាតឱ្យនាងផ្លូរ៉ាឈីង អាយុ២៦ឆ្នាំ ស្រាតសំលៀកបំពាក់ធ្វើជាពិធីការិនីចំអិនអាហារក្នុងគោលបំណងទាក់ទាញបុរសឱ្យមានចំណាប់អារម្មណ៍ក្នុងការចំអិនអាហារកាន់តែច្រើន ។ នាងឈីង បានបង្ហើបឱ្យដឹងថា មិនធ្លាប់ធ្វើការជាចុងភៅកាលពីមុនមកទេ ។ ចំណែកអ្នកបង្កើតកម្មវិធីបង្ហើបឱ្យដឹងថា ប្រសិនបើបានទទួលការពេញនិយមក៏មានកម្មវិធីយកគំរូតាមរីករាលដាលដូចផ្សិត ៕ |
មេធាវីដាក់ពាក្យស្នើសុំពន្យារពេលប្រកាសសាលក្រមភរិយាលោកឧកញ៉ាខូវ ជីលី Posted: 12 Feb 2011 07:02 PM PST រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១០ កុម្ភៈ លោកលឹម វណ្ណា និងលោកកា សាវុត្ត មេធាវីការពារក្តីឱ្យអ្នកស្រីសេង ច័ន្ទដា ដែលជាភរិយាលោកឧកញ៉ាខូវ ជីលី បានដាក់ពាក្យទៅសាលាដំបូងរាជធានីភ្នំពេញស្នើសុំពន្យារពេលប្រកាសសាលក្រមរបស់កូនក្តីលោក។ លោកមេធាវីលឹម វណ្ណា ឱ្យដឹងថា លោក និងលោកកា សាវុត្ត ឯកភាពគ្នាដាក់ពាក្យស្នើសុំឱ្យតុលាការពន្យារពេលប្រកាសសាលក្រមនេះ ដើម្បីរង់ចាំឱ្យតុលាការថ្នាក់កណ្តាល គឺសាលាឧទ្ធរណ៍បើកសវនាការជំរះលើពាក្យបណ្តឹងទាស់សុំនៅក្រៅឃុំសិន។ ពេលឃុំខ្លួនកូនក្តីលោកគឺអ្នកស្រីសេង ច័ន្ទដា ដោយសាលាដំបូងរាជធានីភ្នំពេញ លោកបានដាក់ពាក្យស្នើសុំឱ្យនៅក្រៅឃុំបន្ត ប៉ុន្តែសាលាដំបូងមិនយល់ព្រមទេ ពោលគឺនៅបន្តឃុំខ្លួនដដែល មិនតែប៉ុណ្ណោះតុលាការបានបើកសវនាការជំនុំជំរះរឿងក្តីនេះរហូតដល់៦ដំណាក់កាល ទើបឈានដល់ទីបញ្ចប់។
|
ខណ្ឌទួលគោកមានបទល្មើសកើតឡើង២៤លើកក្នុងឆ្នាំ២០១០ Posted: 12 Feb 2011 06:43 PM PST រាជធានីភ្នំពេញ ៖ ខណ្ឌទួលគោកនៅក្នុងឆ្នាំ២០១០ កន្លងទៅនេះ មានបទល្មើសកើតឡើងចំនួន២៤លើក គឺថយចុះចំនួន២២លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០០៩ ។ នេះបើតាមរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០១០ និងទិសដៅអនុវត្តន៍ឆ្នាំ២០១១របស់រដ្ឋបាលខណ្ឌទួលគោក ដែលបានធ្វើពិធីបូកសរុបលទ្ធផលការងារកាលពីព្រឹកថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១១ ។ លោកពេជ្រ កែវមុនី អភិបាលរងខណ្ឌទួលគោក បានឱ្យដឹងថា សភាពការណ៍សន្តិសុខនៅក្នុងខណ្ឌទួលគោក មានបទល្មើសកើតឡើងចំនួន២៤លើក បើប្រៀបធៀបឆ្នាំ២០០៩ មានការថយចុះចំនួន២២លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន៥នាក់ របួស១៥នាក់ ។ នៅក្នុងនោះបទល្មើសឧក្រិដ្ឋ១៨លើក រួមមានប្លន់ប្រដាប់អាវុធ១៣លើក ឃាតកម្ម១លើក ជះទឹកអាស៊ីត១លើក ផ្ទុះអាវុធស្លាប់២លើក និងទំនាស់ចាក់សំលាប់១លើក ។ បទល្មើសមជ្ឈិម៦លើក រួមមានអំពើឆក់១លើក ផ្ទុះអាវុធ៣លើក ទំនាស់បង្ករបួសស្នាម២លើក។ លោកវរសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ អធិការខណ្ឌទួលគោក បានឱ្យដឹងថា បទល្មើសគ្រប់ប្រភេទក្នុងនោះមានអំពើឆក់ប្លន់នៅក្នុងឆ្នាំ២០១០ បានថយចុះដោយសារតែមានការខិតខំប្រឹងប្រែងអនុវត្តន៍គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពពីផ្នែកពាក់ព័ន្ធនានា ។ លោកអធិការបានបញ្ជាក់ទៀតថា ដោយសារតែយើងបានសហការគ្នាយា៉ងល្អរវាងសង្កាត់-ភូមិរួមជាមួយកំលាំងសមត្ថកិច្ចមានប៉ូលិស និងកងរាជអាវុធហត្ថ ជាពិសេសមានការចូលរួមពីប្រជាពលរដ្ឋទើបសកម្មភាពល្មើសមានការថយចុះ ។ លោកសេង រតនៈ ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌទួលគោក បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១០ កន្លងទៅនេះ យើងសំរេចបានលទ្ធផលល្អ និងមានស្នាដៃជាច្រើន ។ ទាំងនេះបានមកពីការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការជុំវិញសាលាខណ្ឌ សង្កាត់ និងភូមិ ដូច្នេះអ្វីៗទាំងអស់បានមកពីការខិតខំរបស់យើងទាំងអស់គ្នា ។ ទោះបីជាយ៉ាងណា យើងត្រូវខិតខំបន្តទៀត ធ្វើយ៉ាងណាអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព ទើបប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខសប្បាយ។ លោកសេង រតនៈ បានបញ្ជាក់ទៀតថា ដើម្បីអនុវត្តន៍គោលនយោបាយនេះឱ្យបានល្អយើងត្រូវពង្រឹងមន្ត្រីសមត្ថកិច្ចដែលជាអ្នកអនុវត្តផ្ទាល់ ហើយបន្តសហការគ្នាឱ្យបានល្អរវាងកងកំលាំង មន្ត្រី រាជការ និងមានការចូលរួមរបស់ប្រជាពលរដ្ឋ ព្រមទាំងបន្តការផ្សព្វផ្សាយពីគោលនយោបាយនេះ ឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋ និងទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ។ ជាពិសេសបង្ក្រាបឱ្យបានការប្រើប្រាស់អាវុធខុសច្បាប់ ការជួញដូរគ្រឿងញៀន ក្មេងទំនើង ចោរឆក់ ប្លន់ និងការជួញដូរស្ត្រី កុមារ ព្រមទាំងបទល្មើសគ្រប់ប្រភេទ ៕ |
ជំហរកម្ពុជាមិនដកថយ កម្ពុជាស្នើឱ្យមានការបញ្ជូនអ្នកសង្កេតការណ៍យោធាមកកាន់ប្រាសាទព្រះវិហារ Posted: 12 Feb 2011 06:28 PM PST រាជធានីភ្នំពេញ ៖ ឥរិយាបថរបស់ភាគីសៀម កាន់តែបង្ហាញកាឡាសាឈ្លានពានពេញទំហឹងតែម្តងមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា ដោយសារតែការបដិសេធមិនទទួលយកដំណោះស្រាយជាអន្តរជាតិស្តីពីជម្លោះកម្ពុជា-សៀម ហើយចង់ឱ្យបន្តយន្តការទ្វេភាគីដែលលែងមានតម្លៃទៅហើយ ។ ការជំទាស់មួយទៀតនោះ គឺការប្រកាសមិនទទួលខុសត្រូវចំពោះសុវត្ថិភាពប្រតិភូរបស់អង្គការយូណេស្កូ ដែលមានគម្រោងទៅពិនិត្យការខូចខាតប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក ។ ឆ្លើយតបទៅនឹងការបង្ករឿងពីសំណាក់សៀមនេះ សារលិខិត១ច្បាប់ដែលធ្វើឡើងដោយលោកឧបនាយករដ្ឋមន្ត្រីសុខ អាន ក្នុងនាមប្រធានគណៈកម្មការយូណេស្កូកម្ពុជា បានផ្ញើជូនលោកជំទាវ IRINA BOKOVA អគ្គនាយកអង្គការយូណេស្កូ ដែលមានទីស្នាក់ការកណ្តាលយូណេស្កូនៅក្រុងប៉ារីស ប្រទេសបារាំង។ សារលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រីសុខ អាន នេះ បានផ្តោតទៅលើការស្នើឱ្យមានអ្នកសង្កេតការណ៍យោធារបស់អង្គការសហប្រជាជាតិនៅតំបន់ប្រាសាទព្រះវិហារផងដែរ ។ សារលិខិតបានសរសេរថា យើងខ្ញុំសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការហៅទូរស័ព្ទពីប្រទេសសេណេហ្គាល់ របស់លោកជំទាវអគ្គនាយកនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១១ ហើយនេះជាការលើកទឹកចិត្តយើងខ្ញុំយ៉ាងខ្លាំង ។ ការឆ្លើយតបភ្លាមៗ និងវិជ្ជមានរបស់លោកជំទាវអគ្គនាយក ស្របតាមសំណើរបស់យើងខ្ញុំ ក្នុងការរៀបចំបេសកកម្មតាមដានជាបន្ទាន់មួយ របស់អ្នកជំនាញនៃអង្គការយូណេស្កូមកដល់តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ ធ្វើឱ្យយើងខ្ញុំកាន់តែជឿជាក់ម្តងទៀតចំពោះការគាំទ្ររបស់អង្គការយូណេស្កូ ។ យើងខ្ញុំសូមវាយតម្លៃយ៉ាងខ្ពស់ចំពោះសេចក្តីថ្លែងការណ៍របស់លោកជំទាវចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១១ ដែលបានគាំទ្រដល់ការបញ្ជូនបេសកកម្មនេះភ្លាមៗ ក្នុងគោលបំណងមកពីនិត្យស្ថានភាពនៅប្រាសាទព្រះវិហារ និងវាយតម្លៃទៅលើការខូចខាត ដែលបង្កឡើងដោយទាហានថៃ ។ យោងតាមលិខិតលេខ១៥/១១ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១១ រាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជាបានអំពាវនាវយ៉ាងខ្លាំង ឱ្យមានការចូលរួមរបស់អ្នកសង្កេតការណ៍យោធារបស់អង្គការសហប្រជាជាតិ ដែលស្របតាមសន្ធិសញ្ញាក្រុងឡាអេឆ្នាំ១៩៥៤ ។ សូមជំរាបជូនលោកជំទាវថា បច្ចុប្បន្ននេះ ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោកកំពុងស្ថិតក្នុងការបំផ្លិចបំផ្លាញ ហើយគ្មាននរណាម្នាក់អាចចូលទៅជិតប្រាសាទបានទេ ពីព្រោះមានការវាយប្រហារយោធា ។ សារលិខិតបន្តថា សំណូមពរជាចំបង របស់រាជរដ្ឋាភិបាលកម្ពុជា គឺសូមឱ្យមានការជួយសង្គ្រោះបេតិកភណ្ឌពិភពលោកនេះ ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា ចង់ឱ្យបេសកកម្មរបស់អ្នកជំនាញការនៃអង្គការយូណេស្កូ និងបេសកជននៃគណៈកម្មការបេតិកភណ្ឌពិភពលោក ប្រព្រឹត្តទៅដោយគ្មានការរំខាន និងការយាយីណាមួយឡើយ ហើយក៏ត្រូវធានាបាននូវសុវត្ថិភាពខ្ពស់ ជូនក្រុមរបស់គាត់ផងដែរ ។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ថា ការងារទាំងអស់នៃក្រុមអ្នកជំនាញអន្តរជាតិ ហើយការធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារនឹងធ្វើឡើងក្នុងទឹកដីនៃអធិបតេយ្យភាពរបស់កម្ពុជាសុទ្ធសាធ ។ ទាំងនេះគឺដើម្បីចៀសវាងនូវការបង្ករឿងទាំងអស់ពីសំណាក់ថៃ ។ វត្តមានរបស់អ្នកសង្កេតការណ៍យោធា នៃអង្គការសហប្រជាជាតិ នឹងជាការធានានូវតម្លាភាពនូវរាល់សកម្មភាពដែលមាននៅលើប្រាសាទ ហើយក៏ជាការពង្រឹងការទុកចិត្តគ្នារវាងប្រទេសទាំងពីរផងដែរ ។ ការធ្វើបែបនេះ គឺមិនចង់ឱ្យថៃចេះតែនិយាយថាមានការយកប្រាសាទព្រះវិហារជាមូលដ្ឋានយោធា ។ ទាំងនេះហើយជាមូលហេតុ ដែលយើងខ្ញុំចង់ឱ្យមានបេសកកម្មនៃអ្នកសង្កេតការណ៍យោធារបស់អង្គការសហប្រជាជាតិ ។ ជាព័ត៌មានសំរាប់លោកជំទាវ ចំពោះបញ្ហានេះ នាយករដ្ឋមន្ត្រីយើងខ្ញុំបានសរសេរលិខិតមួយច្បាប់រួចហើយទៅកាន់លោកស្រីប្រធានក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ហើយក៏បានទាក់ទងផងដែរ ជាមួយអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោកបានគីមូន ។ យើងខ្ញុំ សូមអរគុណទុកជាមុនចំពោះការជួយសហការជាមួយលោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ដើម្បីឱ្យមានការបញ្ជូនអ្នកសង្កេតការណ៍យោធាមកកាន់ប្រាសាទព្រះវិហារ ៕ |
សភាពការណ៍យោធាតាមបន្ទាត់ព្រំដែន ទាហានសៀមនៅតែបន្តឆាឆៅ Posted: 12 Feb 2011 06:13 PM PST សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍មុនបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១១ នៅសាល ប្រជុំនៃវិមានសន្តិភាពរបស់ទីស្តីការនាយករដ្ឋមន្ត្រីថា «កងកម្លាំងប្រដាប់អាវុធរបស់យើងក៏ដូចជាប្រជាពលរដ្ឋយើងដែរបានប្រយុទ្ធដ៏អង់អាចក្លាហាននៅទិសប្រាសាទព្រះវិហាររបស់យើង ។ យើងសូមគោរពវិញ្ញាណក្ខន្ធអ្នកដែលបានពលី» ។ សម្តេចតេជោនាយករដ្ឋមន្ត្រីនិងអង្គគណៈរដ្ឋមន្ត្រីទាំងមូលបានក្រោកឈរស្មឹងស្មាធិ៍មួយនាទី សំដែងការគោរពចំពោះវិញ្ញាណក្ខន្ធយុទ្ធជន និងប្រជាពលរដ្ឋរបស់យើង ។ សម្តេចមានប្រសាសន៍ថា «ជាពលិកម្មដ៏អង់អាចក្លាហានឧត្តុង្គឧត្តមរបស់កងកម្លាំងប្រដាប់អាវុធ និងប្រជាជនយើងប្រឆាំងនឹងការឈ្លានពានរបស់ថៃ ហើយដែលពេលនេះមិនមែនជាស្ថានភាពដូចកាលៈទេសៈមុនដែលថៃចង់វ៉ៃយកកន្លែងណាក៏ស្រេចតែចិត្តនោះទេ ។ឥឡូវសូម្បីតែដីមួយចំអាមក៏គេមិនអាចយកបានផង »។ សម្តេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា «ប្រតិបត្តិការលើកនេះគឺជាប្រតិបត្តិការសឹកដែលមានចារឹកជាសង្គ្រាមទ្រង់ទ្រាយធំ ព្រោះជាការប្រើអាវុធធុនធ្ងន់ ថៃនៅសេសសល់តែយន្តហោះទេ ដែលមិនទាន់ប្រើ ហើយបើសិនជាប្រើយន្តហោះនោះក៏វាកាន់តែឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីអ្វីដែលជាការឈ្លានពានទាំងងងើល។ ឥឡូវថៃកំពុងតែអះអាងថា មិនទាន់ជាសង្គ្រាមទេ ដោយសារតែពេលខ្លះមិនទាន់បានប្រើយន្តហោះ ដូច្នេះវាមិនគ្រប់គ្រាន់នឹងទឡ្ហីករណ៍ដែលថៃបានប្រើប្រាស់មកលើកម្ពុជា »។ សង្គ្រាមរយៈពេល៤ថ្ងៃ កាលពីដើមខែកុម្ភៈ កន្លងមកថ្មីៗនេះ បានបង្កឱ្យមានមហន្តរាយដ៏ធ្ងន់ធ្ងរនឹងធ្វើឱ្យប្រជាពលរដ្ឋខ្មែររត់ភៀសខ្លួនចោលលំនៅឋានរាប់ពាន់គ្រួសារទៅរកទីកន្លែងសុវត្ថិភាព ដែលមកដល់ពេលនេះនៅមិនទាន់បានវិលត្រឡប់ ទៅកាន់លំនៅឋានរបស់ខ្លួនវិញនៅឡើយទេ ។ ដោយឡែក នៅឯសមរភូមិជួរមុខក្នុងតំបន់ប្រាសាទព្រះវិហារ ក្រោយពេលប៉ះទង្គិចគ្នាដោយអាវុធដ៏ធ្ងន់ធ្ងរកាលពីប៉ុន្មានថ្ងៃដើមខែនេះ ស្ថានការណ៍យោធាបានស្ងាត់បន្តិចហើយតាមរយៈការអត់ធ្មត់ពីសំណាក់កងទ័ពកម្ពុជា ។ តែទោះជាបែបណា ចំពោះទាហានសៀមដែលឈរជើងនៅទល់មុខតំបន់ប្រាសាទព្រះវិហារ តែងតែបានបង្កការបាញ់បោះធ្វើឱ្យភ្ញាក់ផ្អើលស្ទើរតែរាប់យប់ ពេលខ្លះឮការបាញ់រះ ឬផ្ទុះគ្រាប់បែកនៅក្បែរខ្សែត្រៀមកងទ័ពកម្ពុជាទៀតផង ។ ជាក់ស្តែងកាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីល្ងាចថ្ងៃទី១០ កុម្ភៈ ទ័ពសៀមដែលឈរជើងខ្សែត្រៀមជួរមុខទល់ចំណុចវាលឥន្ទ្រីក្បែរភ្នំទ្រព្យ បានលែងឆ្កែហិតមីនរបស់ពួកគេឱ្យចូលមកខ្សែត្រៀមកងទ័ពកម្ពុជា ហើយបានជាប់អន្ទាក់ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ឆ្កែហិតមីនរបស់ទាហានសៀមនោះមិនត្រូវបានយកចេញទេ គឺបានជាប់រហូតពេញ១ថ្ងៃទី១១ កុម្ភៈ ក្នុងជំរៅទឹកដីកម្ពុជាជាង២០០ម៉ែត្រ និងស្ថិតនៅចន្លោះភ្នំទ្រព្យ និងវាលឥន្ទ្រី ហើយភាគីសៀមមិនហ៊ានចូលទេ ។ នេះជាការកត់សំគាល់មួយដែលសៀមនៅតែចល័តគ្រប់សកម្មភាព ទោះបីមិនហ៊ានចូលផ្សងនឹងចុងកាណុងកងទ័ពកម្ពុជា ក៏គេឱ្យឆ្កែចូលមកឈ្លានពានដែរ ។ តាមប្រភពព័ត៌មានពីសមរភូមិជួរមុខដដែលបានឱ្យដឹងថា កងទ័ពឈ្លានពានសៀមបានបាញ់កាំភ្លើង ប្រភេទ AK46 និង M79 ជាច្រើនគ្រាប់មកលើខ្សែត្រៀមកងទ័ពកម្ពុជាដែលឈរជើងត្រង់ចំណុចអូរចាក់ច្រែង ខ្នងភ្នំដងរែកខាងលិចភ្នំទ្រព្យក្នុងគោលបំណងឱ្យកងទ័ពកម្ពុជាយើងតបត តែកងទ័ពយើងបានរក្សាភាពអត់ធ្មត់មិនតបតក៏ស្ងាត់ទៅវិញ ។ ជុំវិញស្ថានការណ៍យោធានៅតំបន់ប្រាសាទព្រះវិហារខាងលើនេះដែរ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១១ កុម្ភៈ លោកវរសេនីយ៍ទោចាន់ សុឃុន ហៅការ៉េ២ ជាមេបញ្ជាការវរលេខ៣៨២ នៃកងពលតូចអន្តរាគមន៍លេខ៨ ប្រចាំការលើភ្នំទ្រព្យ បានឱ្យដឹងតាមទូរស័ព្ទដែរថា នៅមុខខ្សែត្រៀមជួរមុខភ្នំទ្រព្យទ័ពសៀមតែងតែគប់គ្រាប់បែក បង្កឱ្យមានការភ្ញាក់ផ្អើលដល់កងទ័ពកម្ពុជា ដូចជានៅវេលាម៉ោង៦ទៅម៉ោង៧យប់ ដែលជាសញ្ញាឱ្យកងទ័ពកម្ពុជាមានការតបត តែទោះជាយ៉ាងណាកងទ័ពដែលឈរជើងនៅខ្សែត្រៀមមុខភ្នំទ្រព្យមិនតបតជាដាច់ខាត ល្គឹកណាទ័ពសៀមបាញ់ចូលទីតាំងរបស់ខ្លួន ទើបយើងស្វាគមន៍ទៅវិញដោយគ្មានញញើតបន្តិចឡើយ ។ ប្រភពព័ត៌មានពីមន្ត្រីយោធាប្រចាំការលើប្រាសាទព្រះវិហារបានឱ្យដឹងអំពីស្ថានការណ៍យោធានៅប្រាសាទព្រះវិហារនាថ្ងៃទី១១ កុម្ភៈ ថា តំបន់ប្រាសាទព្រះវិហារមិនមានអ្វីកើតឡើងគួរឱ្យកត់សំគាល់ទេ គឺមានសភាពស្ងាត់ស្ងៀម ប៉ុន្តែទោះជាយ៉ាងណា កងទ័ពកម្ពុជាដ៏ច្រើនសន្ធឹកសន្ធាប់ដែលកំពុងឈរជើងនៅជុំវិញតំបន់នោះនៅតែប្រុងជើងការជានិច្ច ។ តាមកាសែតថៃផ្សាយថា កាលពីថ្ងៃទី១១ កុម្ភៈ លោកថេគីងសាក់ វ៉ាងកែវ សេនាធិការកងទ័ពជើងទឹកសៀមបានបង្ហើបឱ្យដឹងពីកិច្ចការពារតាមព្រំដែនក្នុងខេត្តច័ន្ទបុរី-ត្រាតថា កងទ័ពជើងទឹកបានបញ្ជាឱ្យកងកំលាំងការពារព្រំដែន និងអធិបតេយ្យភាពរបស់ថៃឱ្យបាន១០០% ទោះបីជាស្ថានការណ៍បច្ចុប្បន្នមានភាពធូរស្បើយក៏ដោយ ។ សេនាធិការខាងលើបានបន្តថា ក្រៅពីមាននាវាល្បាតជាប្រក្រតីក្នុងដែនសមុទ្រ ក៏នៅមានបទបញ្ជាឱ្យនាវាដែលមានរ៉ាដាឈ្លបយកការណ៍ចាកចេញពីកំពង់ផែទ័ពត្រៀមទៅតាមតំបន់គោលដៅនានាដើម្បីត្រួតពិនិត្យ និងការពារដែនទឹករបស់យើងផងដែរ ។ តាមកាសែតថៃដដែលថា នៅបរិវេណភូមិស្រល់របស់សៀម មានបរិយាកាសស្រដៀងនឹង «ផ្ទះគ្មានមនុស្សនៅ ផ្លូវគ្មានមនុស្សដើេរ» ដោយផ្ទះស្ទើរតែទាំងអស់ ត្រូវបានចាក់សោ ខណៈពេលហាងលក់ដូរផ្សេងៗនៅបន្តបិទទ្វារ ។ ដោយឡែកអ្នកស្រុកថៃនៅតាមភូមិមួយចំនួនជាប់ព្រំដែនក្បែរប្រាសាទតាមាន់ធំបាននិងកំពុងនាំគ្នាជីកត្រង់សេ ដើម្បីការពារខ្លួន ទប់ទល់នឹងការប៉ះទង្គិចគ្នាជាយថាហេតុ ។ ស្របពេលជាមួយគ្នានេះ ស្ថានការណ៍នៅតាមព្រំដែនក្នុងខេត្តសុរិន្ទស្ថិតនៅបរិវេណចន្លោះរវាងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទាហានសៀម ក៏បានដាក់កំលាំងការពារយ៉ាងតឹងរ៉ឹងដែរ។ ចំណែកបរិយាកាសព្រំដែននៅភ្នំព្រះវិហារក្នុងស្រុកកាន់ថាឡាក់ ទាហានសៀមបានបង្កើនចំនួនរថពាសដែក២៥គ្រឿង រួមទាំងកាំភ្លើងធំជាច្រើនដើម ដាក់ពង្រឹងកំលាំងនៅបរិវេណព្រំដែន ៕ (ត្បែងមានជ័យ+សេង) |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |