Koh Santipheap Daily

Koh Santipheap Daily


សមត្ថកិច្ចចំរុះ​ឆ្មក់​ចូលបបង្រ្កាបអ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ក្នុង​ផ្ទះ​សំណាក់​មួយ​ឃាត់​ខ្លួន​មនុស្ស​១១​នាក់

Posted: 18 Feb 2011 07:47 PM PST

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​ចំរុះ មានប៉ូលិស​ ប៉េអឹម មន្រ្តី​អាជ្ញាធរ​មូល​ដ្ឋាន​ និងមន្រ្តី​តុលាការ​ដឹកនាំ​ដោយ​លោក​ ​ជេត ខេមរា ព្រះរាជអាជ្ញារងសាលាដំបូង​រាជធានី​ចុះឆ្មក់​ចូល​បង្រ្កាប​ឆែក​ឆេរ​បទ​ល្មើស​ប្រើប្រាស់​ជួញដូរគ្រឿង​ញៀន​នៅក្នុង​អគារ​លេខ​៦០៤​ នៃផ្ទះសំណាក់​យីហោ ១៣៣ ភូមិ​ទួលសង្កែ​ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សីកែវ​ ឃាត់​ខ្លួន​មនុស្ស​សុទ្ធតែក្រុម​ក្មេង​ស្ទាវ​១១នាក់​ គឺស្រី៤នាក់​ ប្រុស៧នាក់​ ក្នុងនោះ​មានកូនប្រុស​ម្ចាស់​ផ្ទះសំណាក់ម្នាក់ផង​ដែរ​​ ។

ការឆ្មក់​ចូល​បង្រ្កាបសកម្មភាព​លួចលាក់ប្រើ​ប្រាស់​គ្រឿង​ញៀននេះ​បានធ្វើឡើង​កាលពី​វេលាម៉ោង​១២ និង៣០នាទី​រំលងអធ្រាត្រ ឈានចូលថ្ងៃ​ទី១៩ កុម្ភៈ ២០១១​ និងបន្តរហូតមកវេលាម៉ោង​៩ព្រឹក​ថ្ងៃដដែលនេះ ទើប​ព្រះរាជអាជ្ញា​បាន​សម្រេច​ប្លុំបេផ្ទះសំណាក់នេះ​ចោល​ផ្អាកធ្វើ​អាជីវកម្ម​ រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមច្បាប់ ។ យុវជន​ស្ទាវប្រើ​ប្រាស់​គ្រឿងញៀន​ដែលឃាត់​ខ្លួននេះ​ត្រូវ​បញ្ជូនទៅកាន់​អធិការដ្ឋានប៉ូលិសខណ្ឌ​ឬស្សីកែវ​ដើម្បីកសាង​សំណុំ​រឿង​ចាត់ការ​តាម​ច្បាប់ ៕

ជនផឹកស៊ីស្រែកឡូឡា​ដែលឪពុក​មាបាញ់​ត្រូវក្បាល​បានស្លាប់​ហើយ

Posted: 18 Feb 2011 07:47 PM PST

រាជធានីភ្នំពេញ ៖ យុវជន​ស៊ុន សុភាសិត ដែលត្រូវ​ឪពុកមាបង្កើតបាញ់​ត្រូវ​ក្បាល​បណ្តាល​ឱ្យរងរបួស​ធ្ងន់​ដោយ​សារ​ជម្លោះ​រឿង​ផឹក​ស៊ី​ឡូឡា​រំខាន​គេដេក​ពួន​យប់​ព្រលប់នោះ​ បានស្លាប់បាត់បង់​ជីវិត​ហើយ​កាល​ពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃ​ទី១៩ កុម្ភៈ ២០១១ នៅមន្ទីរ​ពេទ្យ​កាល់​ម៉ែត​បន្ទាប់​ពីគ្រូ​ពេទ្យ​បាន​យក​ចិត្តទុកដាក់​ព្យាបាល​យ៉ាង​អស់ពីលទ្ធភាព ។

ការផឹកស៊ី​អ៊ូអូរ​ក្ឌុងក្ខាំង​ដ៏​គ្មាន​សណ្តាប់ធ្នាប់​​​​របស់យុវជន​​ មួយក្រុម​​​​ក្នុង​ពេលរាត្រី​​រំខាន​​អ្នក​​ជិត​ខាង​ដេក​ពួន​បាន​ឈាន​ទៅ​​ ដល់ការ​ប្រើអំពើ​​ហិង្សា​ជូរចត់ គឺ​ឪពុក​មា​​​ទាញ​កាំភ្លើង​​ខ្លីបាញ់ទៅលើ​ក្មួយ​​ប្រុស​បង្កើត​​ម្នាក់​​ចំ​ ក្បាល​​ បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់ធ្ងរ​​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ កាល់ម៉ែត្រ​យ៉ាង​ប្រញិប​ប្រញាប់​​បំផុត ។

អំពើហិង្សា​​ដោយ​គ្រាប់​កាំភ្លើង​​នេះ​បានកើត​ឡើង​​កាលពី​វេលាម៉ោង​​៣​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១១ នៅមុខ​ផ្ទះ​​ដីឡូត៍ (រស់នៅ​​ច្រើនគ្រួសារ) លេខ​​៤៨ តាម​បណ្តោយ​ផ្លូវ​លេខ​​២៨៩ សង្កាត់​បឹងកក់​​២ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​អ្នកជិត​ខាង​​ទាំងយប់ ។ បុរស​អ្នក​បាញ់​​ប្រហារ​ឈ្មោះ​​សឹង សុផា អាយុ​​​៣៨​ឆ្នាំ ជា​​អនុសេនីយ៍​​ទោ បំរើការ​​នៅការិយាល័យ​ទី​២ នៃ​ទីបញ្ជា​ការ​​ដ្ឋានកង​ទ័ពជើង​គោក ​បានគេ​ចខ្លួន​​បាត់​ក្រោយ​​ពេល​ទប់ចិត្ត​​មិន​បាន​​ប្រើ​កាំភ្លើង​​ខ្លី​ ម៉ាក​កា​៥៤ បាញ់ទៅ​លើ​ក្មួយ​​បង្កើតចំចិញ្ចើម​​ខាង​ឆ្វេង​ធ្លាយ​ទៅចិញ្ចើម​​ខាង​ស្តាំ ។

បុរស​រងគ្រោះឈ្មោះ​​ស៊ុន សុភា​សិត អាយុ​​​២៦​ឆ្នាំ ជា​កម្មករ​​លីសែង​​នៅផ្សារ​​ធំ​ថ្មី ស្នាក់នៅ​ផ្ទះកើតហេតុខាងលើ ឥឡូវ​កំពុងស្ថិត​ក្នុងការ​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរពេទ្យ​​កាល់ម៉ែត ។ ប្រភព​ព័ត៌​មាន​​នៅ​កន្លែង​កើតហេតុ​​​បាន​ឱ្យ​​ដឹង​ថា ​មុន​ដំបូង​ឈ្មោះ​ស៊ុន សុភាសិត ​ប្អូន​ប្រុស​​របស់គេ​​ និង​មិត្តភក្តិ​​២-៣​នាក់ទៀត​​បាន​វិល​​​ត្រឡប់​មក​​​​ពី ផឹក​ស៊ី​ច្រៀង​ខារ៉ាអូខេ​នៅម្តុំ​​ផ្សារ​មាន​់​អាំង​...​ពេល​មក​​ដល់​ផ្ទះ​​ វេលាម៉ោងជិត​​៣រំលង​​អធ្រាត្រ​ពួកគេ​​បាន​បន្ត​​ការ​ផឹកស៊ី​ថែមទៀត និយាយ​ឡូ​ឡា​ក្ឌុង​ក្ឌាំង​រំខាន​ដល់​អ្ន​កជិត​ខាង​ពន់​ពេ​ក​ណាស់...​ ឃើញបែបនេះ​​លោកស៊ឹង​ សុផា​ (ជន​ដៃ​ដល់​) បាន​ចេញទៅណែនាំ​ និងស្តី​បន្ទោស​​កុំ​ឱ្យ​​​ក្ឌុងក្ឌាំង​រំខានគេឯង​...​ពេលនោះ​ទំនាស់ពាក្យ​ សម្តី​​បានកើតឡើង​​ ហើយ​ឈ្មោះ​​ស៊ុន សុភាសិត​​និង​ប្អូន​ប្រុស​​ ព្រមទាំង​​បក្សពួក​សរុប​ទៅ​៤-៥​នាក់ ​បាន​​ហក់​មក​ប្រវាយ​​ប្រតប់​ជាមួយ​លោក​សឹង សុផា ធ្វើ​ឱ្យ​​លោក​សឹង សុផា ដក​កាំភ្លើង​​បាញ់​​ការពារខ្លួន ទើបត្រូវ​ស៊ុន សុភាសិត រង​របួស​​ធ្ងន់ធ្ងរ​បែបនេះ ។

ព័ត៌​មានលំអិត​នឹងផ្សាយ​ជូន​នៅពេលក្រោយ​ និងនៅលើទំព័រ​កាសែតកោះ​សន្តិភាព.

 

ដឹក​កម្មករជាង​៣០នាក់​ទៅធ្វើ​ការ​ បើកបរ​លឿន​ពេក​ចាក់ចោល​តាមផ្លូវ

Posted: 18 Feb 2011 05:47 PM PST

រាជធានីភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បាន​ចាក់​មនុស្ស​ចោល​ជាង៣០នាក់​ បណ្តាល​ឱ្យរងរបួស​ធ្ងន់​គ្រាន់បើ​ចំនួន៨នាក់​ ត្រូវបញ្ជូន​ទៅសង្រ្គោះ​នៅមន្ទីរ​ពេទ្យ​ភ្លាមៗ​បង្កឱ្យមានការរន្ធត់​និងភ្ញាក់​ផ្អើល​យ៉ាងខ្លាំង​កាលពីវេលាម៉ោង​៦ និង១០នាទី​ព្រឹក​ថ្ងៃទី១៩ កុម្ភៈ ២០១១​ លើកំណាត់ផ្លូវ​ជាតិលេខ៣​ ស្ថិតក្នុងភូមិ​ស្រែញរ សង្កាត់​ពងទឹក​ ខណ្ឌដង្កោ ។

តាមប្រភពព័ត៌មាន​នៅកន្លែងកើត​ហេតុជំហានដំបូង​បានឱ្យដឹងថា​ រថយន្ត​ដេលក្រឡាប់ចាក់មនុស្សចោល​នេះម៉ាក​ទីតាន​ ប្រភេទ១តោនកន្លះ ពណ៌ខៀវ​ដឹកកម្មករជាង៣០នាក់​ចេញទៅដាក់នៅតាមរោងចក្រកាត់ដេរ​ដើម្បីឱ្យពួកគេចូលធ្វើការ​ដូច​សព្វមួយដង...ប៉ុន្តែរថយន្តនេះ​បើកបរលឿនពេក​ជ្រែគេជ្រែឯងទៅមុខហាក់​ប្រញាប់​ប្រណាល់​ណាស់​ លុះគេចចុះគេចឡើង​មិនដឹងជាយ៉ាង​ម៉េច​ក៏ជាន់ហ្រ្វាំងបង្ខំ​បណ្តាលឱ្យ​វេរបោកខ្លួនក្រឡាប់​ផ្អៀងពោះតែម្តង​។ ក្រោយ​ពេលកើត​ហេតុ​អ្នកបើក​បរ​បាន​បិទសាប៊ូ​គេចខ្លួន​បាត់​ទៅហើយ​បន្សល់ទុកឱ្យ​មនុស្សម្នា​ចោមរោម​មើលរថយន្ត​ដេកផ្អៀង​ចង្រ្គុងចង្រ្គាង​ និងអ្នក​របួស​រដូក​រណែល ៕

នារីបើករថយន្តវង្វេងស្មារតីចូល​មន្ទីរពេទ្យ​ស្គាល់​អត្តសញ្ញាណ​ហើយ ​ប៉ូលិស​ប្រគល់​រថយន្ត​ជូន​សាច់​ញាតិ​វិញ

Posted: 18 Feb 2011 03:31 AM PST

នារីបើករថយន្តវង្វេងស្មារតីចូល​មន្ទីរពេទ្យ​ស្គាល់​អត្តសញ្ញាណ​ហើយ ​ប៉ូលិស​ប្រគល់​រថយន្ត​ជូន​សាច់​ញាតិ​វិញ

ខេត្តកំពង់ចាម​ ៖ ​តាម​ការ​​ផ្សាយ​​គេហទំព័រ​​កោះសន្តិភាព ​​នៅវេលាម៉ោង​​​៥ល្ងា​ចថ្ងៃទី​​​១៧ កុម្ភៈ ២០១១ ក្រុម​សាច់ញាតិ​​​​ដែលបាន​បាត់​សមាជិក​​ម្នាក់​នោះ ​ទទួលបាន​នូវ​ដំណឹង​ភ្លាមៗ ​ពី​នារីម្នាក់​​ដែលមានស្មារតី​​​វង្វេង និង​មិន​​​និយាយ​ស្តី​​បានរត់​​ចូលមន្ទីរពេទ្យ ​ក៏ប្រញាប់ប្រញាល់​នាំ​គ្នា​​ចេញ​​ដំណើរ​មកកាន់​ក្រុង​កំពង់​ចាម ។ អត្ដសញ្ញាណ​របស់​នារីរូបនេះ​ត្រូវ​បានដឹងថា ​នាង​ឈ្មោះ​​ជា​ សុខ​លីន អាយុ​​២៩ឆ្នាំ ​មាន​ទីលំ នៅ​​​ក្នុង​សង្កាត់បឹង​រាំង ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ ។​

លោកជា សេង​លី អាយុ​​៣២​ឆ្នាំ ​ដែល​ត្រូវ​ជា​​បង​ប្រុស​​របស់នាង​បានរៀបរាប់ប្រាប់​ថា ​នៅវេលាម៉ោង​​ជាង​​១២​ថ្ងៃ​ត្រង់​​ថ្ងៃទី​​​១៦ កុម្ភៈ ២០១១ ​ប្អូនស្រី​ឈ្មោះ​​សុខលីន ​បានបើក​រថយន្ត​​របស់​​នាង​ម៉ាក RAV-4 ពណ៌ទឹកប្រាក់​​ចេញពី​ផ្ទះ​​ តែ​មិនមាន​អ្នកណា​​ម្នាក់​ចាប់​​អារម្មណ៍​​ឡើយ ​ និងនឹកស្មាន​តែ​នាង​ទៅ​ដើរ​លេងជាមួយ​មិត្តភក្តិ​ ។ លុះ​​ដល់​វេលាម៉ោង​​ជាង​៨​យប់​​ មិន​ឃើញ​​នាង​ត្រឡប់​មក​ផ្ទះវិញ ហើយទូរស័ព្ទ​​​ក៏នាង​មិនបាន​យក​ទៅ​ជាមួយទៀត​ ទើបនាំគ្នា​​ស្វែង​តាមរក​នៅក្នុង​​រាជធានីភ្នំពេញ តែ​​មិន​មាន​​តំរុយ​ទាល់តែ​សោះ ។

លោក​ជា សេងលី បាន​​បន្ត​ថា ​លុះមក​​ដល់​វេលាម៉ោង​​ប្រហែល​៥ល្ងាច​ថ្ងៃទី​១៧ កុម្ភៈ ក្រុម​សាច់ញាតិ​​បាននាំ​បើក​គេហទំព័រ​​សារ​ព័ត៌មាន​កោះសន្តិភាព​​ ដែលផ្សាយ​​​ថា មាន​ស្ត្រី​ម្នាក់​មិន​​ស្គាល់​ឈ្មោះ​​បើក​រថយន្ត​ម៉ាកRAV-4 ​ទៅចូល​ដេក​នៅ​ក្នុង​​​គ្លីនិក​​ឯក​ជន​មួយ​ ស្ថិត​នៅ​​ភូមិទី១០ សង្កាត់​កំពង់​ចាម ក្រុង​កំពង់​ចាម ទើប​ដឹង​ច្បាស់​ថា ពិតជា​​ប្អូន​ស្រី​​របស់​លោក​​ក៏នាំគ្នា​ឡើង​ជិះ​រថ​យន្ត​មក​កាន់​ក្រុង​កំពង់​ចាម ជាបន្ទាន់​និង​មក​ដល់​មន្ទីរពេទ្យ​ខេត្ត​នៅវេលា​ម៉ោង​​៨​យប់ហើយ​​នៅ​​ព្រឹក​​ថ្ងៃទី​១៨ កុម្ភៈ ​ក៏​បាន​សុំ​ការ​អនុញ្ញាត​​ពីគ្រូ​ពេទ្យ​យក​ប្អូន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

នៅ​វេលា​​រសៀល​​ថ្ងៃទី​១៨ កុម្ភៈ ​នគរ​បាល​​ក្រុងកំពង់​ចាម​ ​​បាន​ប្រគល់​រថយន្ត​​របស់​នាង​ដល់​បុរស​ជាបង​ប្រុស​ ។ នាង​ជា សុខលីន ​ជាបុគ្គ​លិក​នៅ​ក្រុម​ហ៊ុនឯកជនមួយ​​ក្នុង​រាជធានីភ្នំពេញ។​ តាម​បុរស​ជា​បង​និយាយ​ថា ​ប្អូន​ស្រី​គាត់​​ជិះ​រថ​យន្ត​​មក​លេង​បងប្អូន​នៅ​ក្រុង​កំពង់​ចាម លុះ​​ដឹងថា មិន​ស្រួល​ខ្លួន ក៏​បើក​រថយន្ត​ចូល​​រកពេទ្យ​តែម្តង ចំណែក​​រូប​លោក​ក៏​មាន​ការព្រួយ​បារម្ភ​​​ដែរ​ខ្លាច​តែប៉ះ​គេ​ឯង​ ព្រោះ​កន្លង​មក​នាង​ធ្លាប់​​មាន​ជំងឺ​បែបនេះ ។ ទោះជាយ៉ាងណា ការ​ប្រាប់​ឱ្យ​ដឹង​ពី​មូល​ហេតុ​​នៅតែ​មាន​មន្ទិល​​ដដែល​ដោយសារ​នាង​​មិនមាន​ជំងឺ​​ធម្មតា​ទេ ព្រោះ​តែ​នាង​មិន​​និយាយ​ស្តី​ សូម្បី​​តែ​ឈ្មោះ​ក៏​មិន​ស្គាល់​​​​ខ្លួន​ឯងផង​ ។​

គួររំលឹក​​ថា ​នារីរូបនេះ​បាន​បើករថយន្ត​ម៉ាក​​ RAV-4 ពណ៌​​ទឹក​ប្រាក់​​មួយគ្រឿង​ ពាក់​ស្លាក​​លេខ​​ភ្នំពេញ​ 2K-9789 ​មក​ឈប់​​នៅអែប​​ចិញ្ចើម​​ថ្នល់​ ហើយ​ដើរ​ចូលទៅ​ដេក​​លើ​គ្រែ​អ្នក​ជំងឺ​នៅ​ក្នុង​​គ្លីនិកឯកជន​មួយ​​នៅភូមិ​ទី១០ សង្កាត់​​​​កំពង់​ចាម​​ ក្រុងកំពង់​ចាម កាលពី​វេលា​ម៉ោង​​៣​រសៀល​ថ្ងៃទី​១៦ កុម្ភៈ ២០១១ ។ ​ដោយសារ​នាង​មិន​និយាយ​ស្តី​អ្វីទាំងអស់​​ បង្ក​ឱ្យ​មាន​ការ​សង្ស័យ​ខ្លាច​មាន​បញ្ហា​មិន​ល្អ ​ម្ចាស់​គ្លីនិកក៏​​​បាន​ទាក់ទង​ទៅ​អាជ្ញាធរ​​សង្កាត់​​កំពង់​ចាម និង​សមត្ថ​កិច្ច​ឱ្យ​មក​ពិនិត្យ​និង​បាន​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ជា​បន្ទាន់​ផងដែរ ។

តាម​លោក​ឃុត រុន នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​កំពង់​ចាម និយាយ​ថា គេ​មិន​ទាន់​បាន​ដឹងថា ស្ត្រីនេះ​ជិះ​​រថយន្ត​ចេញ​មក​ពី​កន្លែង​ណា​ទេ តែរថយន្ត​ផ្នែក​ខាង​មុខ​​មានស្នាម​ក្រពឹត​នៅខាង​ស្តាំ ដូចជា​ប៉ះ​នឹង​អ្វី​មួយ ​​ហើយ​ព្យាយាម​​បើក​រថយន្ត​មក​ឈប់​អែប​ចិញ្ចើម​ថ្នល់​រួច​ចូលទៅ​​ដេក​លើគ្រែនៅ​ក្នុង​គ្លីនិក ៕​

ក្មេង​ប្រុសតូច​ៗ​២នាក់​បងប្អូន​​លង់ទឹក​​ស្លាប់​​ ខណៈ​ឪពុក​​អុំ​ទូក​ទៅកណ្តាល​​ព្រែក​​ដាក់មង

Posted: 18 Feb 2011 03:11 AM PST

ក្មេង​ប្រុសតូច​ៗ​២នាក់​បងប្អូន​​លង់ទឹក​​ស្លាប់​​

​ខេត្តព្រះសីហនុ​ ៖ ​ក្មេង​ប្រុស​​២នាក់​​បង​ប្អូន​បង្កើត​​បានលង់ទឹក​​ព្រែក​​ស្លាប់យ៉ាង​អាណោច​អាធ័ម ខណៈ​ទៅលេង​​ក្បែរច្រាំង​​តាម​ឪពុក​​​ ហើយ​ឪពុក​​បានអុំ​ទូក​ចូលទៅកណ្តាល​ព្រែក ដើម្បី​​​ដាក់មង​​ចាប់ត្រី ​ដែល​ពេលនោះ​​ឪពុក​​ភ្លេច​ខ្លួន​​ក្រឡេក​មើលកូន បណ្តាល​ឱ្យកូនប្រុស​​តូចៗ​ទាំង​២​ចុះ​ទៅលេងទឹក​​ រួចហើយ​​លង់ទឹកស្លាប់​​​ជា​មួយគ្នា​​តែម្តង​...​មើលទៅ​គួរ​ឱ្យ​អាណិតណាស់ ។​

ហេតុការណ៍​​​ក្មេងប្រុស​​​លង់ទឹក​​ស្លាប់នោះ បាន​កើតឡើង​​កាលពីវេលាម៉ោង​​២​និង​​៣០នាទី​​​រសៀលថ្ងៃទី​​​១៨ កុម្ភៈ ២០១១ នៅ​ចំណុច​​គល់​ស្ពានព្រែក​​ត្រែង (ឆ្នេរ​សួន​ច្បារ​​សម្តេច​អគ្គ​មហា​សេនាបតីតេជោហ៊ុន សែន) ស្ថិត​ក្នុង​​ក្រុម​​២ ភូមិ​​៣ ​សង្កាត់លេខ​១ ក្រុងព្រះសីហនុ ។ ក្មេង​ប្រុស ​បង​​​ឈ្មោះ​ចេង លីហួ អាយុ​​១១​ឆ្នាំ ​ក្មេង​ប្រុស​​​ប្អូន​ឈ្មោះ​​ចេង លី​ហេង អាយុ​​​៣​ឆ្នាំ ពួកគេ​ទាំង​​២នេះ ​នៅតូចៗ មិន​យល់អ្វីទេ​...​អ្នកភូមិ​​បាន​​សន្និដ្ឋាន​​ថា ដំបូង​អាច​​ក្មេង​ប្រុស​​ប្អូន​ចុះទៅ​​លេង​ទឹក​​ជ្រុល​រអិល​ដួល​ធ្លាក់​​​ចូលទឹក ​​ហើយ​ក្មេង​​បង​ឃើញ​បែបនេះ ក៏​​រត់ទៅជួយ​...​ប៉ុន្តែពួក​គេ​ពុំ​អាច​​ជួយ​គ្នា​​បាន​ក៏លង់ស្លាប់​​ទាំង​​២​តែម្តង ។ ព័ត៌​មាន​​លម្អិត​នឹងផ្សាយជូននៅពេលក្រោយ និង​នៅ​លើ​ទំព័រកាសែត​កោះសន្តិភាព.

ឃាត់ខ្លួន​​​ម្ចាស់ផ្ទះ​​ខារ៉ាអូខេ​ និង​ភ្ញៀវ​សង្ស័យ​ពាក់ព័ន្ធ​​គ្រឿងញៀន

Posted: 18 Feb 2011 02:06 AM PST

ផ្ទះ​​​ខារ៉ាអូខេ​តូចមួយ​ខាង​ជើង​​​ផ្លូវជាតិ​​លេខ​​៤ ចំណុចភូមិ​ចំបក់ ​ឃុំ​​វល្លិ.ស ស្រុក​សំរោង​ទង

​ខេត្តកំពង់ស្ពឺ​ ៖ ​ជនសង្ស័យ​​២នាក់​ ដែលម្នាក់​​​ជា​ម្ចាស់ផ្ទះ​​បើក​ខារ៉ាអូខេ និង​ម្នាក់​ទៀត​ជា​ភ្ញៀវ​​ត្រូវ​កម្លាំង​​សមត្ថ​កិច្ច​​នគរបាល​​ខេត្ត​កំពង់ស្ពឺ ​ចាប់​ខ្លួន​កាលពី​វេលាម៉ោង​​​៧​និង​​៣០​នាទី​​ថ្ងៃទី​១៧ កុម្ភៈ ​នៅ​ផ្ទះ​​​ខារ៉ាអូខេ​តូចមួយ​ខាង​ជើង​​​ផ្លូវជាតិ​​លេខ​​៤ ចំណុចភូមិ​ចំបក់ ​ឃុំ​​វល្លិ.ស ស្រុក​សំរោង​ទង ​​ជាប់​​ចោទ​ពី​​បទលក់ និង​ប្រើ​ប្រាស់​គ្រឿងញៀន ។​

លោកលី ឡាង មេ​ភូមិ​​​ចំបក់ ដែលបានសហ​ការ​​​​​ជា​មួយ​​សមត្ថ​កិច្ច​​បាន​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះបើក​ខារ៉ា​អូខេនោះឈ្មោះ​​នៅ ស៊ីថា ​ភេទស្រី អាយុ​​​៤៨​ឆ្នាំ ​និង​យុវជន​ម្នាក់ទៀត​​ឈ្មោះ​​សុវណ្ណ អាយុ​ប្រហែល​​១៧​ឆ្នាំ ជា​ជាង​ជួស​ជុលម៉ូតូ ។ អ្នកទាំង​​២​រស់នៅ​ភូមិ​ចំបក់ជាមួយគ្នា ។ នៅ​​​ផ្ទះជន​សង្ស័យ​ សមត្ថ​កិច្ច​​បានរកឃើញ​​​​ថ្នាំញៀនប្រភេទ​​ផ្កាឈូក​​១គ្រាប់ និង​កំប៉ុង​ទុយោ​​សំរាប់​ប្រើ​ប្រាស់​​​​ថ្នាំញៀនផងដែរ​ ។​ លោក​មេភូមិ​​បន្ត​ថា ជន​សង្ស័យ​​ម្ចាស់​​ខារ៉ាអូខេ​មាន​កូ​​នប្រុស​​២ ស្រី​២ ប្តី​ទៅ​បំរើការ​ងារ​​នៅ​ខេត្តព្រះ​សីហនុ​ ។

ប្រភព​​​ពីក្រុ​ម​គ្រួសារ​​​ស្ត្រី​​សង្ស័យ​​បាន​ឱ្យ​ដឹង​ថា ​នៅយប់​ថ្ងៃកើតហេតុ​​នោះ​ ពួកគេ​​កំពុង​លក់​ដូរ​​តាម​ធម្មតា ដូចជា​នំបុ័ង​ទឹកក្រឡុក បង្អែម​​នៅ​ខាង​មុខ​​ផ្ទះ​ ក៏​​ស្រាប់តែ​​មាន​យុវជន​​​៣​នាក់ ជិះ​ម៉ូតូ​​១គ្រឿង ​ចូល​សំដៅទៅ​ច្រក​ផ្ទះ​​ខាង​ក្រោយ​​បានប្រហែល​​ជា​​២០នាទី​ ក៏ស្រាប់តែ​​មាន​​សមត្ថ​កិច្ច​​ជាច្រើន​​ប្រដាប់​ដោយ​អាវុធ បាន​ចាប់​ឃាត់​ខ្លួន​​​យុវជន​​ម្នាក់ និង​​ម្ចាស់​ផ្ទះតែម្តង ។ ​

នៅព្រឹកថ្ងៃទី​​១៨ កុម្ភៈ ប្រជាជន​​​ភូមិ​ចំបក់ ​ក៏​​​ដូច​ជាអាជីវករ​លក់​ដូរនៅ​ផ្សារ​​កំពង់ស្ពឺ ​​​បាន​ដឹង​​អំពីព័ត៌មាន​​បង្ក្រាប​​កន្លែង​ប្រើប្រាស់​​គ្រឿង​ញៀន ហើយថែមទាំង​​​​ស្វាគមន៍​​សាទរ​ដល់​អាជ្ញា​ធរ​​​សហការ​​ជាមួយកំលាំង​​សមត្ថ​កិច្ចបង្ក្រាប​ទាន់​ពេល​។ ទាក់ទិន​​នឹងការ​​ចាប់ឃាត់ខ្លួន​​​ដែល​សង្ស័យ​​​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន​​នេះ កោះ​សន្តិ​ភាព​​​ពុំអាច​​សុំ​ការ​​អត្ថាធិប្បាយ​​ពី​កម្លាំង​​សមត្ថ​កិច្ច​​ជំនាញ​​បានទេ នៅថ្ងៃទី​​១៨ កុម្ភៈ ២០១១នេះ ៕​

ជំនួប​សវនាការ​សំខាន់ៗ​ចំនួន​៣របស់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី

Posted: 18 Feb 2011 01:57 AM PST

លោក​ស៊ូយ៉ា​ប្រាសាទ ស៊ូភើឌី អ្នក​សរសេរ​​របាយ​ការណ៍​​ពិសេស​​របស់​អង្គការ​​​សហប្រជាជាតិ​​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស
នៅ​ក្នុង​ជំនួបពិភាក្សា​​​ការ​ងារ​​ជាមួយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន
លោក​TRAIRONG SOWANN NAKHIRI ​ឧបនាយក​រដ្ឋ​មន្ត្រី​ថៃ ទទួល​បន្ទុក​សេដ្ឋ​កិច្ច
សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ក៏​បាន​ជួបពិភាក្សា​​​ការងារ​ជាមួយ​​លោក​TRAIRONG SOWANN NAKHIRI ​
លោក​ម៉ាស្សា​​ហ៊ីកូ គូមូរ៉ា​ អតីត​​រដ្ឋ​មន្ត្រី​​​ការ​បរទេស​ជប៉ុន
ក្នុង​ជំនួប​ពិភាក្សា​​​​​​​​​ការងារ​ជាមួយ​សម្តេច​​អគ្គ​មហា​សេនា​​បតីតេជោ​​ហ៊ុន សែន ​នៅ​វិមាន​​សន្តិភាព​ទីស្តីការ​នាយក​រដ្ឋ​មន្ត្រី

រាជធានីភ្នំពេញ​ ៖ លោក​អ៊ាង សុផល្លែត​ ជំនួយ​ការ​សម្តេច​​អគ្គ​មហា​សេនាបតីតេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​​ បាន​ប្រាប់​​​ឱ្យ​ដឹងថា នៅ​ក្នុង​ជំនួបពិភាក្សា​​​ការ​ងារ​​ជាមួយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​នាព្រឹក​​ថ្ងៃទី​១៧ ខែកុម្ភៈ​​ ឆ្នាំ​២០១១​ នៅ​វិមាន​សន្តិភាព​ទីស្តីការ​​នាយក​រដ្ឋ​មន្ត្រី​ លោក​ស៊ូយ៉ា​ប្រាសាទ ស៊ូភើឌី អ្នក​សរសេរ​​របាយ​ការណ៍​​ពិសេស​​របស់​អង្គការ​​​សហប្រជាជាតិ​​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស ​បាន​សម្តែង​នូវ​ការ​រីករាយ​ចំពោះ​​កិច្ច​សហប្រតិបត្តិការ​​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា​ ជាមួយ​រូប​លោក​​ផ្ទាល់ ។ លោក​បាន​​​សម្តែង​​​នូវ​ការរីក​រាយ​​ចំពោះ​អ្វីដែល​កម្ពុជា​​ទទួល​បាន​ជោគ​ជ័យ ​​​ពិសេស​ការ​ដោះ​ស្រាយ​ជម្លោះ​​និង​ស្វែង​រក​​សុខ​សន្តិភាព​ជូន​​ប្រជាជន​កម្ពុជា ​តាម​រយៈ​នាំ​មក​នូវ​ការ​បោះ​ឆ្នោត​​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា ។​

ក្នុង​ន័យ​​នេះ​ លោក​បាន​មាន​ប្រសាសន៍​ស្វាគមន៍​​ចំពោះ​ដំណើរ​ការលទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ។ លោក​ស៊ូភើឌី បន្ត​ថា អ្វីដែល​នៅ​សេស​សល់​នោះគឺ​ការពង្រីក​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ដោយ​ផ្តោត​លើ​ចំណុច​សំខាន់​ៗ​ពីរ​គឺ​ការ​យក​ចិត្ត​ទុក​ដាក់​​​ទៅ​លើ​ឯករាជ្យ​​ភាព​របស់​តុលាការ និង​ការពិភាក្សា​ដោយ​ផ្ទាល់​រវាង​សង្គម​ស៊ីវិល​ជាមួយ​រាជ​រដ្ឋាភិបាល ។ ​មាន​អង្គការ​​សង្គម​ស៊ីវិល​​​ប្រមាណ​៣០០​ដែល​បាន​រួម​គ្នា​ និង​កំពុង​រៀបចំ​​ឯកសារ​ពិភាក្សា​​ពាក់ព័ន្ធ​​នានា​ដើម្បី​ធ្វើ​ការ​ពិភាក្សា​​ជាមួយ​នឹងរាជរដ្ឋាភិបាល​កម្ពុជា។​

ទាក់ទិន​នឹង​បញ្ហា​នេះ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍​ថា តើ​សង្គម​ស៊ីវិល​​ ជ្រើស​រើស​យក​អង្គការ​ក្រៅរដ្ឋា​ភិបាល​​ទាំង​៣០០នោះ​តាម​របៀប​ណា បើ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​នៅ​កម្ពុជា​​មាន​ជាង​៣​ពាន់​អង្គការ ។ តើ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ជាង​២ពាន់​ទៀត នឹងត្រូវ​គិត​ដោយ​របៀបណា ហើយ​សិទ្ធិ​និង​​សំឡេង​​​របស់​​​អង្គការ​ក្រៅ​​រដ្ឋា​ភិបាល​​​​​​​ជាង​២​​ពាន់​ទៀត​នោះ​ ត្រូវ​បាន​បដិសេធ​​​ចោល​យ៉ាង​ដូចម្តេច​ ?  ពីព្រោះ​ពួកគេ​មាន​សិទ្ធិ​និង​កាតព្វ​កិច្ច​​​ក្នុង​ការ​បំរើ​សង្គម​ដូចគ្នា ។

សម្តេច​មាន​ប្រសាសន៍​​សង្កត់​ធ្ងន់​ថា សម្តេច​​ផ្ទាល់​មិន​គ្រាន់​តែ​មានការ​សោក​ស្តាយ​​យ៉ាង​ខ្លាំង​​​នោះទេ ប៉ុន្តែ​ការ​អនុវត្ត​បែបនេះ​​វាមិន​​មែន​​ជួយ​​ពង្រីក​​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅកម្ពុជា​​ឡើយ​​ ផ្ទុយ​ទៅ​វិញ​វាបាន​បង្រួញ​ដំណើរ​​លទ្ធិ​ប្រជា​ធិប​តេយ្យ​​នៅ​កម្ពុជា តាម​រយៈ​ការ​លុប​​​បំបាត់​ចោល​​សិទ្ធិ​និង​​ការ​បញ្ចេញ​​មតិ​របស់​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​​​ទាំង​ជាង​២​ពាន់ ។ សម្តេច​​តេជោ​​មាន​ប្រសាសន៍​​បន្ត​ថា វាជា​ការ​គួរ​ឱ្យ​​សោក​ស្តាយ​​ដែល​អន្តរជាតិ​​​នានា​បាន​លើក​ឡើង​​​និង​ជំរុញ​ឱ្យ​កម្ពុជា​ពង្រឹង​និងពង្រីក​​​លទ្ធិ​ប្រជា​ធិបតេយ្យ​ ពិសេស​តាម​រយៈ​លោក​​ផ្ទាល់​ដែល​ជា​​​សាស្ត្រា​ចារ្យ​ខាង​ច្បាប់​​ជាអ្នក​លើក​ស្ទួយ​លទ្ធិ​ប្រជាធិប​តេយ្យ​​​ផង​នោះ​ បែរជា​បំភ្លេច​​នូវ​សិទ្ធិ​​និង​សំឡេង​​​របស់អង្គការ​​​ក្រៅរដ្ឋា​ភិបាល​​ជាង​២​ពាន់ ដោយ​ជ្រើសរើស​​យក​តែអង្គការ​​ក្រៅរដ្ឋា​ភិបាល​​៣០០​ ដែល​មិន​ត្រូវ​ទទួល​​កា​របោះ​ឆ្នោត​​ពីសំណាក់​អង្គការ​ក្រៅរដ្ឋា​ភិបាល​​ផ្សេង​ទៀត​​សំរាប់​ធ្វើ​ជាតំណាង​របស់​ខ្លួន​នោះ​ ។​

សម្តេច​​មាន​ប្រសាសន៍​បន្ត​ថា ចំពោះ​បញ្ហា​នេះ រូប​​សម្តេច​ផ្ទាល់​​មិន​អាច​​ទទួល​​យក​បាន​​ទេ​​ដរាប​ណា​មាន​តំណាង​អង្គការ​​ក្រៅ​រដ្ឋា​ភិបាល​ដែល​ត្រូវ​​បាន​បោះ​​ឆ្នោត​ជ្រើស​តាំង​ដោយ​អង្គ​ការ​​ក្រៅ​​រដ្ឋា​ភិបាល​​ទាំងអស់​​នៅ​កម្ពុជា ។ សម្តេច​​​តេជោ​​នាយក​​រដ្ឋ​មន្ត្រី​​បាន​សង្កត់​ធ្ងន់​​ថា អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​ទាំងអស់​តែងតែមាន​ការ​ចុះ​​បញ្ជី​​និង​មាន​​សិទ្ធិ​រៀងៗ​ខ្លួន​ និង​នៅ​ក្នុង​ប្រទេស​ប្រជាធិប​តេយ្យ​​ ជន​គ្រប់​រូបសុទ្ធ​សឹង​​តែជា​អ្នក​បញ្ចេញ​មតិ​និង​ចូលរួម​​បម្រើ​​សង្គម​​ ស្មើៗគ្នា​ទាំងអស់ ។ ពាក់ព័ន្ធ​​ទៅ​នឹង​ឯករាជ្យ​ភាព​របស់​​តុលាការ​​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា ជា​ការ​ពិតណាស់​បញ្ហា​វានៅ​តែ​មាន​​ ព្រោះ​កម្ពុជា​​កំពុងតែ​ធ្វើ​កំណែទម្រង់​​លើ​ប្រព័ន្ធ​​តុលាការ​​ និង​យុត្តិធម៌​​ ហើយ​បើ​ទោះ​បីជាយ៉ាង​ណា​ក៏​ដោយ ការ​កែទំរង់​វា​​គ្រាន់​បើជាង​គ្មានការ​កែទម្រង់​​ ។ ជាមួយ​គ្នានេះ រាជរដ្ឋា​ភិបាល​​កម្ពុជា​ មិន​លូក​ដៃ​ទាល់តែសោះ​​ ទៅក្នុង​កិច្ច​ការ​របស់​តុលាការ ។

បន្ទាប់​ពី​បាន​ជួបពិភាក្សា​ជាមួយ​អ្នក​​សរសេរ​របាយ​ការណ៍​​ពិសេស​របស់​អង្គការ​សហប្រជា​ជាតិ​​រួចមក​​ នៅព្រឹក​ថ្ងៃដដែល​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ក៏​បាន​ជួបពិភាក្សា​​​ការងារ​ជាមួយ​​លោក​TRAIRONG SOWANN NAKHIRI ​ឧបនាយក​រដ្ឋ​មន្ត្រី​ថៃ ទទួល​បន្ទុក​សេដ្ឋ​កិច្ច ។

លោក​​ឧបនាយក​រដ្ឋ​មន្ត្រី​ថៃទទួល​​បន្ទុក​សេដ្ឋ​កិច្ច​មាន​ប្រសាសន៍​ថា រូប​លោក​សូម​ថ្លែង​​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​​​ចំពោះ​សម្តេច​តេជោ​​នាយក​​រដ្ឋ​មន្ត្រី​ និងរាជ​រដ្ឋា​ភិបាល​កម្ពុជា ដែល​បានគាំទ្រ​ឱ្យ​មាន​ការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជ​កម្ម​​ថៃ-កម្ពុជា​​នៅ​កម្ពុជា ។ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​​ ថៃ​មាន​ប្រសាសន៍​បន្ត​ថា រូប​លោក​ផ្ទាល់​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​បាន​ល្អជាមួយ​​លោក​ទេស​រដ្ឋ​មន្ត្រី​ចម ប្រសិទ្ធ ​​ដើម្បី​ធ្វើ​យ៉ាងណា​​ឱ្យ​ការ​​រៀបចំ​ពិព័រណ៍ពាណិជ្ជកម្ម​នេះប្រព្រឹត្ត​ទៅ​​ដោយ​​ជោគជ័យ ។​

សម្តេចតេជោ​នាយករដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​​បញ្ជាក់​ថា គោល​ដៅ​របស់​កម្ពុជា​គឺធ្វើ​យ៉ាងណា​បង្រួញ​ទំនាស់​ ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ ​ចៀស​​វាង​​ការ​ពង្រីក​ទំនាស់​​ក្នុង​តំបន់​ព្រំដែន​​ពី​កន្លែង​​មួយ​ រីករាល​ដាល​​ទៅ​កាន់​ទីកន្លែង​​​ដទៃ ពិសេស​ពាក់​ព័ន្ធ​ទៅ​ដល់​ការ​វិនិយោគ​ និង ពាណិជ្ជ​​កម្ម​​នៃ​​ប្រទេស​ទាំង២ ។ សម្តេច​មាន​ប្រសាសន៍​​​បន្ត​ថា ជាការ​​ពិត​ណាស់ ប្រទេស​ទាំង​២​កម្ពុជា​និង​ថៃ​ ប្រៀប​ដូច​អណ្តា​តនិងធ្មេញ​មិន​អាច​ដក​មួយ​ទុកមួយ​បានទេ  យើង​​គប្បី​​បង្កើន​កិច្ច​សហប្រតិបត្តិការ​​ជាមួយ​គ្នា​​ឱ្យ​កាន់​តែ​​រឹង​មាំ​ថែមទៀត ។ ជាមួយគ្នា​នេះ សម្តេច​​តេជោ​​បាន​ផ្ញើ​សារ​តាម​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ថៃទៅ​ជូន​​លោក​អាប់​ភីស៊ីត​ នាយក​រដ្ឋ​មន្ត្រី​​ថៃ​លើ​ចំណុច​​សំខាន់ៗ​ចំនួន​៤គឺ ៖
ទី១-​ភាគី​កម្ពុជា​-ថៃព្រម​​ព្រៀងគ្នា​​ឈប់​បាញ់​ជាស្ថាពរ​​ និងជា​អចិន្ត្រៃយ៍​ ។​
ទី២-រក្សា​​ស្ថា​ភាព​ទីតាំង​​ឈរ​ជើង​​ដដែល​​​នៃ​កងទ័ព​​រៀងៗខ្លួន​ មិនចល័ត​​កងទ័ព​ មិន​បំពាន​​គ្នា​ទៅវិញ​ទៅមក រង់​ចាំ​រហូត​ដល់​មាន​ដំណោះ​ស្រាយ​​​ជាស្ថាពរ​​លើការ​បោះបង្គោល​កំណត់​ព្រំដែន​ ។​
ទី៣-​ភាគី​ទាំង២ លើក​ទឹក​ចិត្ត​​ឱ្យ​មេបញ្ជា​ការ​​នៅតំបន់​​សមរភូមិ​ពិភាក្សា​ក្នុង​កិច្ច​សហការគ្នា​ រក្សា​ស្ថិរភាព​​នៅ​តាម​ព្រំដែន​ ។
ទី៤-​​​ដើម្បី​ធានា​​​ឱ្យ​មាន​ប្រសិទ្ធភាព​នូវ​បទ​ឈប់​បាញ់​​ ភាគី​ទាំង២​ត្រូវ​ពិនិត្យ​​បទ​ឈប់​បាញ់​​នៅ​​នឹង​កន្លែង​ដោយ​មាន​ការ​ចូលរួម​ពីបណ្តា​ប្រទេស​​​អាស៊ាន ។​

នៅរសៀល​ថ្ងៃទី​​១៧ ខែកុម្ភៈនោះដែរ ក្នុង​ជំនួប​ពិភាក្សា​​​​​​​​​ការងារ​ជាមួយ​សម្តេច​​អគ្គ​មហា​សេនា​​បតីតេជោ​​ហ៊ុន សែន ​នៅ​វិមាន​​សន្តិភាព​ទីស្តីការ​នាយក​រដ្ឋ​មន្ត្រី​ លោក​ម៉ាស្សា​​ហ៊ីកូ គូមូរ៉ា​ អតីត​​រដ្ឋ​មន្ត្រី​​​ការ​បរទេស​ជប៉ុន​ មាន​ប្រសាសន៍​ថា រូប​​លោក​មិន​បាន​មក​កាន់​ប្រទេស​កម្ពុជា​​រយៈ​ពេល​​១០ឆ្នាំ​មក​ហើយ មក​ដល់​ពេល​នេះ លោក​បាន​​សង្កេត​ឃើញ​​ផ្ទាល់​ភ្នែក​​ពីការ​​រីក​ចម្រើន​​​​យ៉ាង​ខ្លាំង​​របស់​ប្រទេស​កម្ពុជា ពិសេស​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​​មាន​ការ​កើន​ឡើង​​ ដែល​នេះ​ឆ្លុះ​បញ្ចាំង​​​​​ពីការ​ដឹកនាំ​ដ៏ត្រឹម​ត្រូវ​​​របស់​​ថ្នាក់​ដឹក​នាំ​កម្ពុជា ។ លោក​​មាន​​ប្រសាសន៍​បន្តថា ​ពី​ប្រទេស​​មួយដែល​​ធ្លាប់​​​ទទួល​យក​កម្លាំង​​អន្តរជាតិ​មក​ចូលរួម​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា ប៉ុន្តែ​នៅពេល​នេះ​កម្ពុជា​​មាន​សមត្ថ​ភាព​​គ្រប់​គ្រាន់​និង​កំពុង​បញ្ជូន​កម្លាំង​របស់​ខ្លួន ទៅជួយ​ដល់​បេសកកម្ម​អង្គការ​​សហ​ប្រជា​ជាតិ ។​

ទាក់ទិនទៅនឹង​​​ប្រទេស​ទាំង​២ កម្ពុជា-​ជប៉ុន លោកម៉ាស្សាហ៊ីកូ មាន​ប្រសាសន៍​​ថា ចាប់​តាំងពី​ដើម​រៀងមក​ ជប៉ុន​បាន​ប្តេជ្ញា​​​​ចិត្ត​​ក្នុង​ការ​ជួយ​ដល់​ប្រទេស​កម្ពុជា ចំពោះ​ការ​ស្តារ​និង​​កសាង​ប្រទេស​ឡើងវិញ ប៉ុន្តែ​​​ខាង​​​វិស័យ​ឯកជន​នៅ​មាន​ភាព​ទន់​ខ្សោយ​​នៅ​ឡើយ ។ ក្នុង​ន័យ​នេះ​ ដំណើរ​របស់​លោក​​មក​កាន់​​ព្រះ​រាជាណាចក្រកម្ពុជា​នៅពេល​នេះ គឺដើម្បី​ជំរុញ​ការ​វិនិយោគ​​​​​​​លើ​វិស័យ​​ឯកជន​​​មកកាន់​ប្រទេស​​កម្ពុជា ។​​ លោក​មាន​ប្រសាសន៍​បន្ត​ថា សហគ្រាស​​​ធុន​តូច​​ និង​សហគ្រាស​ធុនធំ​ នឹងអាច​នាំមក​ជួយដល់​ការ​អភិវឌ្ឍ​កម្ពុជា​ផង និង​នាំ​ទៅ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជប៉ុន​ផង ក្នុង​ន័យ​​នេះ លោក​បាននាំ​អ្នក​វិនិយោគ​ជប៉ុន​មក​កាន់​​កម្ពុជា ។​

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍​ ថា ជប៉ុន​​គឺជា​ប្រទេស​មួយ​ដែល​ផ្តល់​ជំនួយ​ដ៏ធំំ​ជាង​គេ​​​ដល់​កម្ពុជា ប៉ុន្តែ​នៅពេល​នេះជា​ការពិត​ការវិនិយោគ​របស់​ជប៉ុន​​នៅ​មាន​​តិច​​​តួច​នៅ​ឡើយ ។  សម្តេច​​សូម​​ស្វាគមន៍​​​ចំពោះ​​​ក្រុមហ៊ុន​​​របស់​ជប៉ុន​ដែល​បាន​​សំរេច​ចិត្ត​​​មក​បណ្តាក់ទុន​​នៅ​កម្ពុជា។ តាម​រយៈ​នេះសម្តេច​មាន​ប្រសាសន៍​​​ថ្លែង​អំណរគុណ​​​ចំពោះ​លោក​ម៉ាស្សា​ហ៊ីកូ គូមូរ៉ា លោក​ស៊ី​ណូហារ៉ា អតីត​ឯកអគ្គ​​រាជ​ទូត​​ជប៉ុន​​ប្រចាំ​កម្ពុជា​ ដែល​​កំពុង​តែ​មាន​​សកម្ម​ភាព​​យ៉ាង​សកម្ម​​ក្នុង​ការ​ជួយ​ជំរុញ​អ្នក​វិនិយោគ​​ និង​​វិស័យ​អប់រំ​​​នៅ​កម្ពុជា ។​

សម្តេច​មាន​ប្រសាសន៍​​បន្ត​ថា តំបន់​សេដ្ឋ​កិច្ច​​ពិសេស​នៅ​ខេត្ត​ព្រះសីហនុ​ ដែល​ប្រើ​ប្រាស់​ប្រាក់​​​ជំនួយ​របស់​ជប៉ុន​ គឺជា​ចំណុច​​ចាប់​ផ្តើមរបស់​​​អ្នក​វិនិ​យោគ​​ជប៉ុន​​មក​កាន់​​ប្រទេស​កម្ពុជា​ ។ ជាមួយ​គ្នា​នេះ កម្ពុជា​​​បាន​ចុះ​ហត្ថ​លេខា​លើ​​វិស័យ​ពាណិជ្ជ​​កម្ម​​រវាង​ជប៉ុន​និង​កម្ពុជា​ និង​ដែល​បាន​​​ចូល​ជាធរមាន​កាលពី​ឆ្នាំ២០០៧ គឺជា​កត្តា​មួយ​ក្នុង​ការ​ជំរុញ​លើ​​ក​ទឹក​ចិត្ត​​មក​កាន់​កម្ពុជា ។​

សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​​សង្កត់​ធ្ងន់​ថា​ ជំនួយ​ ODA ​មកកាន់​កម្ពុជា​មិន​ទាន់​គ្រប់​គ្រាន់​ទេ ចាំបាច់​ត្រូវ​ការ​វិនិយោគ​ទុន​ជប៉ុន ហើយ​នៅពេល​​​នេះទៀតសោត កត្តា​សំខាន់​​របស់​កម្ពុជា​​​ ដែល​ជា​ជំនឿទុក​ចិត្ត​របស់​អ្នក​វិនិយោគជ​ប៉ុន​នោះគឺ​សុខ​សន្តិភាព ស្ថិរភាព​ នយោបាយ និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច ។ ជាមួយ​​គ្នា​នេះ​ កម្ពុជា​កំពុង​ជំរុញ​ហេដ្ឋា​រចនា​​​​សម្ព័ន្ធ​​សេដ្ឋ​កិច្ច​ ធ្វើ​យ៉ាងណា​​បង្ក​លក្ខណៈ​ងាយ​ស្រួល​​ដល់​អ្នក​​វិនិយោគ​​ដែល​​មាន​​បំណង​មក​កាន់​​កម្ពុជា​ ។ ពាក់ព័ន្ធ​​នឹង​ការ​វិនិយោគ​​នេះ​ទៀត​​សោត​​​ កម្ពុជា​​មាន​ការ​ជួប​រវាង​វិស័យ​​ឯកជន​ និង​រាជរដ្ឋា​ភិបាល​រៀងរាល់​​៦ខែម្តង ហើយ​​អ្វីដែល​ជា​កត្តា​​ពិសេស​​និង​សំខាន់​បំផុត​នោះ​គឺ​កម្ពុជា​អនុញ្ញាត​ឱ្យ​ជនជាតិ​បរទេស​ដាក់​ទុន​​វិនិយោគ​​១០០%នៅ​កម្ពុជា​ ។ តាម​​រយៈ​​​នេះ សម្តេច​ស្នើ​សុំ​ឱ្យ​លោក​​អតីត​រដ្ឋ​មន្ត្រី​​ការ​បរទេស​ជប៉ុន​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​​ទេសចរណ៍​ តាម​រយៈ​ការជំរុញ​​ឱ្យ​មាន​ការ​ហោះហើរ​​ត្រង់ពី​ប្រទេស​​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា ៕​

បុរសជនជាតិ​អង់គ្លេស​ម្នាក់​ដួលស្លាប់​ក្នុងបន្ទប់​ទឹកនៃ​សណ្ឋាគារ​រី​ចេនប៉ាក

Posted: 18 Feb 2011 01:56 AM PST

រាជធានីភ្នំពេញ ៖ ​បុរសជនជាតិ​អង់គ្លេស​ម្នាក់បាន​ដួលស្លាប់​នៅក្នុង​បន្ទប់​ទឹកនៃ​​បន្ទប់​ស្នាក់នៅ​របស់ខ្លួន​​លេខ​៤០៥ ជាន់ទី​៤នៃសណ្ឋា​គាររី​ចេនប៉ាក ស្ថិតនៅ​តាមបណ្តោយវិថី​ព្រះសុធា​រស ​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​យ៉ាង​ខ្លាំង​​ដល់​​បុគ្គលិក​​សណ្ឋាគារ ​ហើយ​បាន​ទៅ​រាយការណ៍​​ជូនសមត្ថ​កិច្ច​​​ចុះមក​ត្រួតពិនិត្យ​​កាលពីវេលាម៉ោង​​​១១​និង​​​៣០នាទី​​ថ្ងៃត្រង់ទី​១៨ កុម្ភៈ ២០១១ ។​

បុរសជនជាតិអង់គ្លេសម្នាក់នេះ មានឈ្មោះ TARROLL DAVID KENNETH អាយុ​​​៤៥​ឆ្នាំ ​ត្រូវគេប្រទះឃើញ​ដេកដួលស្លាប់ក្នុង​​​បន្ទប់ទឹក​​ដោយមាន​ស្លៀក​​កន្សែងពោះគោ​​ពណ៌.ស ។ នៅលើរាង​កាយ​សព​ពុំឃើញ​មាន​​​ស្នាមជាំ ឬស្នាម​​វាយដំ​ធ្វើទារុណ​កម្ម​អ្វីទេ ក្រៅពី​ការ​​សន្និដ្ឋាន​ថា ​បុរសនេះ​​រអិលជើង​ដួល​​បោក​ក្បាល​​ស្លាប់​...​នៅក្នុងប្ទប់​ស្នាក់នៅ​​របស់ជន​រងគ្រោះ គេរកឃើញ​​មានម្សៅ​ពណ៌ស​​មួយ​ចំនួន... ។​

សមត្ថ​​កិច្ច​​បាន​សន្និដ្ឋាន​ថា ការស្លាប់នេះ​អាច​បណ្តាលមក​ពី​​ការគាំង​បេះដូង​​ ងងឹត​មុខដួល បោក​ក្បាល ​ប៉ះទង្គិច​ថ្ម​ក្នុងបន្ទប់ទឹក​...​អ្នកខ្លះ​​ធ្វើ​ការ​សន្និដ្ឋាន​​ក្រៅផ្លូវការ​​ថា បុរស​​ជនជាតិអង់​គ្លេស​​​ម្នាក់នេះ​​អាចស្លាប់​​បណ្តាលមក​ពីការប្រើ​ប្រាស់គ្រឿង​ញៀន​លើ​​ស​កំណត់ ហើយគាំងបេះ​ដូង​​តែម្តង ។ ព័ត៌មានលំអឹតនឹងផ្សាយជូននៅ​ពេល​ក្រោយ និងនៅ​លើទំព័រកាសែតកោះសន្តិ​ភាព .

អង្គ​ការ COCD ចែក​ធុង​ចំរោះ​ទឹក​ស្អាត​ដល់​ប្រជា​ជន​ស្រុក​ភ្នំក្រវាញ

Posted: 18 Feb 2011 01:22 AM PST

អង្គ​ការ COCD ចែក​ធុង​ចំរោះ​ទឹក​ស្អាត​ដល់​ប្រជា​ជន​ស្រុក​ភ្នំក្រវាញ
អង្គ​ការ COCD ចែក​ធុង​ចំរោះ​ទឹក​ស្អាត​ដល់​ប្រជា​ជន​ស្រុក​ភ្នំក្រវាញ

ខេត្ត​ពោធិ៍​សាត់​​ ៖ ដើម្បី​ឱ្យ​ប្រជា​ជន​នៅ តាម​ជន​បទ​មាន​ទឹក​ស្អាត​បរិ​ភោគ​ កាត់​បន្ថយ​នូវ​ជំងឺ​រាក​ ជំងឺ​ផ្សេងៗ​ទៀត និង​កាត់​បន្ថយ​នូវ​ថ្លៃ​ព្យាបាល​ជំងឺ​ក្នុង​គ្រួសារ​នោះ កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ​ ២០១១ អង្គ​ការ​កម្ពុជា​ដើម្បី​កុមារ​និង​ការ​អភិវឌ្ឍ (COCD)បាន​ធ្វើ​ពិធី​ចែក​ធុង​ចំរោះ​ទឹក​ស្អាត​ចំនួន​៤៥០​ធុង​ ដល់​ប្រជា​ពល​រដ្ឋ​៤៥០​គ្រួសារ​នៅ​ភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំ​ក្រវាញ​​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​របស់​រដ្ឋា​ភិ​បាល​អូស្ត្រា​លី​។

លោក​ប៊ិន បូរ៉ា ប្រធាន​សម្រប​សម្រួល​អង្គ​ការ​ COCD ប្រចាំ​ស្រុក​ភ្នំ​ក្រវាញ​បាន​បញ្ជាក់​ថា  អង្គ​ការ​កម្ពុជា​ដើម្បី​កុមារ​និង​ការ​អភិវឌ្ឍ​ជា​អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​ក្នុង​ស្រុក​ មិន​រក​ប្រាក់​ចំណេញ​ មិន​ប្រកាន់​សាសនា​ និង​មិន​បំរើ​ឱ្យ​​គណ​បក្ស​នយោ​បាយ​ណាមួយ​ឡើយ​។ អង្គ​កា​រ​នេះ​ទទួល​ស្គាល់​ដោយ​ក្រសួង​មហា​ផ្ទៃ​នៅឆ្នាំ​​២០០៨​កំពុង​អនុវត្ត​កម្ម​វិធី​ធំៗ​ចំនួន​៤​នៅ​ស្រុក​ភ្នំ​ក្រវាញ​ គឺ​ ១-លើក​កំពស់​ការ​អប់រំ, ២-លើក​កំពស់​សុខ​ភាព​បឋម​, ៣-លើក​កំពស់​កំរិត​ជីវ​ភាព​ប្រជា​ជន​ និង​៤-កម្ម​វិធី​ប្រឆាំង​ការ​ជួញ​ដូរ​កុមារ​។ លោក​ឱ្យ​ដឹង​ថា ក្នុង​កម្ម​វិធី​លើក​កំពស់​សុខ​ភាព​បឋម​នេះ​ ក្រៅ​ពី​ចែក​ធុង​ចំរោះ ​អង្គ​ការ​បាន​ផ្តល់​បង្គន់​អនា​ម័យ​ និង​ជីក​អណ្តូង​ទឹក​ឱ្យ​ប្រជា​ជន​បាន​ប្រើ​ប្រាស់​ទៀត​ផង​។ ដោយ​ការ​អនុ​​វត្ត​កម្ម​វិធី​បាន​ជោគ​ជ័យ​ រដ្ឋា​ភិ​បាល​ប្រទេស​អូស្ត្រា​លី​បាន​ផ្តល់​ថវិកា​ដល់​អង្គ​ការ​ COCD ដើម្បី​អនុវត្ត​កម្ម​វិធី​លើក​កំពស់​សុខ​ភាព​បឋម​ និង​កម្ម​វិធី​លើក​កំពស់​កំរិត​ជីវ​ភាព​ប្រជា​ជន​ចាប់​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១១​នេះ នៅ​ភូមិ​ចំនួន​៥​ ក្នុង​ឃុំ​ផ្ទះ​រុងបន្ថែម​ទៀត​។

លោក​ទូច សំបូរ អភិ​បាល​ស្រុក​ភ្នំ​ក្រវាញ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​អង្គ​ការ​ COCD ដែល​បាន​ផ្តល់​ធុង​ចំរោះ​ទឹក​ស្អាត​​ដល់​ប្រជា​ជន​ឃុំ​​សំរោង​នា​ពេល​នេះ​សំរាប់​​ប្រាស់​។ អង្គ​ការ​ COCD ចូល​មក​អភិវឌ្ឍក្នុង​ស្រុក​ភ្នំ​ក្រវាញនា​ឆ្នាំ​២០០៩ ដែល​មាន​កម្ម​វិធី​ធំៗ​ទាំង​៤​ខាង​លើ​ គឺ​ពិត​ជា​បាន​លើក​កំពស់​សុខ​ភាព​ប្រជា​ជន​តាម​តំបន់​គោល​ដៅ​ជាមួយ​មន្ត្រី​សុខា​ភិ​បាល​ខេត្ត​ពោធិ៍​សាត់​ និង​ចូល​រួម​ចំណែក​ជាមួយ​រាជ​រដ្ឋា​ភិ​បាល​ក្នុង​ការ​អភិវឌ្ឍប្រទេស​ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ពល​រដ្ឋ​។

លោក​អភិ​បាល​ស្រុក​ ​បាន​ផ្តាំ​ផ្ញើ​សូម​ឱ្យ​ប្រជា​ជន​ដែល​ទទួល​បាន​ធុង​ចំរោះ​ទឹក​ស្អាត​ពី​អង្គ​ការ​ COCD នេះ​យក​ទៅ​ប្រើ​ប្រាស់​តាម​ការ​ណែ​នាំ​របស់​មន្ត្រី​អង្គ​ការ​ ដើម្បី​​បាន​ទឹក​ស្អាត​​គ្មាន​មេរោគ​ប្រើ​ប្រាស់​ និង​ទទួល​ទាន​។ មាន​ធុង​ចំរោះ​​កាត់​បន្ថយ​ជំងឺ​ ចំណេញ​ពេល​វេលា​ ចំណេញ​ថវិកា និង​ត្រូវ​ថែ​ទាំ​ឱ្យ​បាន​គង់​វង្ស​។ ជាមួយ​គ្នា​នេះ​លោក​បាន​សំណូម​ពរ​ឱ្យ​មាតា​ បិតា អាណា​ព្យា​បាល​​ បញ្ជូន​កូនទៅ​​ចូល​រៀន​ឱ្យ​បាន​គ្រប់ៗ​គ្នា​ ហើយ​ត្រូវ​ចេះ​គោរព​ច្បាប់​ចរា
ច​រ​ណ៍ផង​ដែរ ៕

បុរស​ម្នាក់​ប្រចណ្ឌ​​វាយ​ប្រពន្ធ​ និង​ម្នាក់​ស្រវឹង​ស្រា​វាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ

Posted: 18 Feb 2011 01:16 AM PST

បុរស​ម្នាក់​ប្រចណ្ឌ​​វាយ​ប្រពន្ធ​ និង​ម្នាក់​ស្រវឹង​ស្រា​វាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​

ខេត្ត​កណ្តាល ៖ អំពើ​ហិង្សា​ក្នុង​​គ្រួសារ​បាន​កើត​ឡើង​​២លើក​បន្ត​បន្ទាប់​គ្នា​ ដែល​បង្ក​ឡើង​ដោយ​បុរស​ជា​ប្តី ព្រោះ​តែ​​ស្រវឹង​ស្រា​ និង​ប្រចណ្ឌ​ ហើយ​បានវាយ​ធ្វើ​បាប​ប្រពន្ធ​ និង​វាយ​បំផ្លិច​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​​ក្នុង​ផ្ទះ​ត្រូវ​បាន​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ស្រុក​អង្គ​ស្នួល ចាប់​ឃាត់​ខ្លួន​ដើម្បី​​កសាង​សំណុំ​រឿង និង​ធ្វើ​ការ​អប់រំ ។ ​ហេតុ​ការណ៍​ខាង​លើ​បាន​កើត​ឡើង​​នៅ​កន្លែង​​​ពីរ​ផ្សេង​គ្នា ដោយ​លើក​ទី​១​កើតឡើង​កាល​ពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៥ កុម្ភៈ នៅ​ក្នុង​ភូមិ​​ព្រៃ​សំរោង ឃុំ​ទួល​​ព្រិច ស្រុង​​អង្គ​ស្នួល ដែល​បុរស​ជា​ប្តី​​បាន​​ផឹក​ស្រា​ស្រវឹង​អួទី​នួរាល់​ថ្ងៃ​រក​រឿង​ប្រពន្ធ​ និង​វាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​​នៅ​ក្នុង​ផ្ទះ ។

បុរស​ជា​ប្តី​ឈ្មោះ​យ៉ង់ អាត អាយុ​​៥២​ឆ្នាំ ​​ជា​​កសិ​ករ​ត្រូ​វ​ប៉ូលិស​​ចាប់ខ្លួន​ ចំណែក​ឯ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ញ៉ិល ​បូរាណ អាយុ​៥២​ឆ្នាំ សព្វថ្ងៃ​​ស្នាក់​នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ ហើយ​សំភារ​​ដែល​ត្រូវ​បុរស​ជា​ប្តី​វាយ​បំផ្លិច​បំផ្លាញ​នោះ​មាន​ចាន​ ឆ្នាំង ខ្ទះឆា និង​ចាក់​ស្រូវ​ចោល​បណ្តាល​ឱ្យ​កំពប់​​ខ្ទេច​ខ្ទី​អស់​ទៀត​ផង គឺ​មាន​តែ​ប៉ុណ្ណឹង​ដែល​ត្រូវ​បំផ្លាញ​អស់​។

តាម​ប្រភព​​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា កន្លង​មក​បុរស​រូប​នេះ ចេះ​តែ​ដើរ​ស៊ីផឹក​​ស្រវឹង​អួ​ទី​នួ​រាល់​ថ្ងៃ​​មិន​ចេះ​ដើរ​រក​ស៊ី​នោះ​ទេ។ ​នៅ​ថ្ងៃ​កើត​ហេតុ​ពេ​លត្រឡប់​មក​ពី​ដើរ​ស៊ី​ផឹក​វិញ ប្រពន្ធ​មិន​ទាន់​ដាំ​ស្ល​​​ឆ្អិន​ក៏​បាន​រក​រឿង​ជេរ​បញ្ចោរ​ ហើយ​ក៏​ត្រូវ​ប្រពន្ធ​តបត​វិញ ធ្វើ​ឱ្យ​បុរស​នោះ​​​ខឹង​យ៉ាង​ខ្លាំង​ក៏​​វាយ​បំផ្លិច​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​​ក្នុង​ផ្ទះ​ទាំង​កំរោល។ ដោយ​សារ​តែកន្លង​មក​ធ្លាប់​ធ្វើ​របៀប​នេះ​ញឹក​ញាប់​ និង​ត្រូវប៉ូលិស​​ចាប់ខ្លួន​ម្តង​មក​ហើយ ពេល​នេះ​អត់​​រាង​ចាល​​​ ទើប​​ប្រពន្ធ​លែង​​អនុ​​គ្រោះ​​​ក៏​បាន​ប្តឹង​ឱ្យ​ប៉ូលិស​ចាប់ខ្លួន​ទៅ​ធ្វើ​ការ​អប់រំ​តែ​ម្តង ។

ដោយ​ឡែក ​អំពើ​ហិង្សា​​ទី​២ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៧ កុម្ភៈ នៅ​ក្នុង​ភូមិ​ថ្លើក ឃុំ​ពើក ស្រុក​អង្គ​ស្នួល ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​ព្រោះ​តែ​ការ​ប្រចណ្ឌ​​ប្រពន្ធ​គ្មាន​មូល​ហេតុ​ ហើយ​បុរស​ជា​ប្តី​បាន​វាយ​ធ្វើ​បាប​ប្រពន្ធ​របស់ខ្លួន​បណ្តាល​ឱ្យ​រង​របួស​ប៉ោង​មុខ និង​ជាំ​ខៀវ​​ភ្នែក​យ៉ាង​ដំណំ​​​ត្រូវ​ប្រពន្ធ​ប្តឹង​ឱ្យ​ប៉ូលិស​​ចាប់ខ្លួន​​​យក​ទៅ​​អប់រំ ។ ​បុរស​ដែល​ប្រើ​កណ្តប់​ដៃ​ដាល់​ចំៗ​មុខ​ប្រពន្ធ នោះ​ឈ្មោះ​ស៊ុម សៅ អាយុ​៣៥​ឆ្នាំ ជា​​​សន្តិ​សុខ​រោង​ចក្រ​ រស់​នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខា​ងលើ ចំណែក​ឯ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​​ខុន ស៊ី​នួន អាយុ​៣១​​ឆ្នាំ ​ជា​កម្ម​ករ​រោង​ចក្រ​ មាន​កូន​៣​នាក់ រង​របួស​ហើម​មុខ​ និង​ជាំ​ភ្នែក​យ៉ាង​ដំណំ។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ ស្ត្រី​ជា​ប្រពន្ធ​បាន​ទៅ​ធ្វើ​ការ​រោង​ចក្រ​ ចំណែក​ឯ​បុរស​ជា​ប្តី​បាន​ទៅ​​យាម​នៅរោង​ចក្រ​ផ្សេង​ទៀត។​ ប៉ុន្តែ​ជា​រៀង​រាល់​ថ្ងៃ​​នៅ​ពេល​ចេញ​ពី​ធ្វើ​ការ​​ស្ត្រីជា​ប្រពន្ធ​តែង​តែ​ទូរស័ព្ទ​ហៅ​​ឱ្យ​ប្តី​ជិះ​ម៉ូតូ​​មក​ទទួល​រូប​នាង​ត្រឡប់​ទៅ​ផ្ទះវិញ ។ ប្រភពដដែល​បាន​បន្ត​ទៀត​ថា ​​នៅ​ថ្ងៃ​​​​កើត​ហេតុ​​ក្រោយ​ពី​ចេញ​​ពី​​ធ្វើ​ការ​​ស្ត្រី​ជា​ប្រពន្ធ​បាន​ខ្ទី​ទូរស័ព្ទ​​​មិត្តភក្តិ​​របស់​នាង​​ហៅ​​ឱ្យ​ប្តី​​មក​ទទួល​យក​នាង​ត្រឡប់​ទៅ​ផ្ទះ ។  ពេល​នោះ​បុរស​ជា​ប្តី​បាន​​មក​ឌុប​ប្រពន្ធ​​​​ត្រឡប់​​ទៅ​ផ្ទះ ​បន្ទាប់​​​មក​បាន​​សួរ​នាំ​ពី​លេខ​ទូរស័ព្ទ​ដែល​នាង​ជា​ប្រពន្ធ​​ហៅ​មក​រក​ខ្លួន​នោះ ដោយ​​ប្តី​រូប​​នោះ​​នឹក​ស្មាន​ថា ប្រពន្ធ​យក​ទូរស័ព្ទ​​ប្រុ​ស​ផ្សេង​ហៅ​រក​ខ្លួន ។ ប្រភព​ដដែល​បាន​បន្តថា ​ពេលប្តី​សួរ​ដេញដោល​ពី​រឿង​លេខ​ទូរស័ព្ទ​​នាង​បាន​ប្រាប់​ថា ទូរស័ព្ទ​នោះ​នាង​ខ្ចី​មិត្ត​ភក្តិ​ស្រី​ទេ មិន​មែន​ជា​ទូរស័ព្ទ​របស់​ប្រុស​ណា​ឡើយ ​ប៉ុន្តែ​ពេល​នោះ​បុរស​ជា​ប្តី​មិន​ជឿ​​​ប្រពន្ធ​ទេ ហើយ​បាន​បង្ក​ឱ្យ​មាន​ទំនាស់​កើត​ឡើង​​តែ​ម្តង ។ ខណៈ​នោះ​បុរស​ជា​ប្តី​ចិត្ត​ស្រាល​អត់​គិត​វែង​ឆ្ងាយ​ក៏​បាន​ប្រើ​កណ្តាប់​ដៃ​វាយ​ និង​ដាល់​ចំ​ផ្ទៃ​មុខ​​ស្ត្រី​ជា​ប្រពន្ធ​ជា​ច្រើន​ដៃ​បណ្តាល​ឱ្យ​ដួល​អុក​​គូទ​​រង​របួសយ៉ាង​ដំណំ និង​ខាង​ទាំង​ពេលវេលា​ទៅ​ធ្វើ​ការ​ទៀត។

ក្រោយ​ពេល​កើត​ហេតុ​​ស្ត្រី​ជា​ប្រពន្ធ​បាន​​ប្តឹង​ឱ្យ​ប៉ូលិស​ចាប់​ប្តី​នាំ​យក​ទៅ​ធ្វើការ​អប់រំ ហើយ​ក៏​ត្រូវ​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ស្រុក​អង្គ​ស្នួល ចុះ​ចាប់ខ្លួន​​ភ្លាម​ៗ​រួច​នាំ​យក​ទៅ​កាន់​អធិ​ការ​ដ្ឋាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ដើម្បី​ធ្វើ​សាវតា​រ​ជាតិ និង​អប់រំ​ដោយ​ឱ្យ​​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​​​អំពើ​ហិង្សា​តទៅ​ទៀត ៕

ផែន​ទី​បង្ហាញ​ផ្លូវ​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ អ.ស.ប សម្រាប់​​សន្តិ​ភាព

Posted: 18 Feb 2011 12:47 AM PST

យើង​បាន​ឈាន​ដល់​ និង​រស់​ក្នុង​សត​វត្ស​ទី​២១ ហើយ ។ ​ពេល​នេះ​ជា​ឱកាស​ដែល​សន្តិ​ភាព​អាច​នឹង​ត្រូវ​បាន​​កសាង​​ឡើង​ជា​អចិន្ត្រៃយ៍​​នៅ​តាម​តំបន់​​ព្រំ​ដែន​​កម្ពុជា និង​ថៃ ជា​ពិសេស​​នៅតំបន់​ប្រាសាទ​ព្រះវិហារ ។

នៅ​ពេល​ដែល​លោក​ស្រី Maria Luiza Ribeiro Viotti ប្រធាន​​ក្រុម​ប្រឹក្សា​​សន្តិ​​សុខ​​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ជា​ឯក​អគ្គ​រដ្ឋ​ទូត​ប្រេស៊ីល បាន​ធ្វើ​សេច​ក្តី​​ប្រកាស​ព័ត៌​មាន​មួយ​ បន្ទាប់​ពី​ប្រជុំ​​ក្រុម​ប្រឹក្សា​​សន្តិ​សុខថា៖ «សមា​ជិក​នៃ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អំពាវនាវ​ឱ្យ​ភាគី​ទាំង​ពីរ​បង្កើត​​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​ ហើយ​អនុ​វត្ត​ន៍​បទ​​ឈប់​បាញ់​គ្នា​នោះ​ឱ្យ​បាន​​ពេញ​លេញ» ក្រុម​ប្រឹក្សា​​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​កត់​សំគាល់​ថា ១-សង្គ្រាម​បាន​​ផ្ទុះ​ឡើង ២-​មាន​ការ​បាត់​បត់​ជីវិត និង​ទ្រព្យ​សម្បត្តិ ៣-​ប្រជា​ជន​រាប់​ម៉ឺន​នាក់​ប្រឈម​មុខ​នឹង​អសន្តិ​សុខ និង​ជីវ​ភាព​​មិន​ច្បាស់​លាស់​រៀង​រាល់​ថ្ងៃ ហើយ​មហន្ត​រាយ​ទាំង​នេះ ត្រូវ​តែ​​បញ្ឈប់​ ។ នៅ​ពេល​ដែល​​លោក​ស្រី​ប្រធាន​​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​ថ្លែង​បន្ថែម​ថា៖ «ក្នុង​ន័យ​នេះ​គឺ​ថា ត្រូវ​យើង​​ធ្វើ​ការ​ដោយ​មាន​ការ​ចូល​រួម​សហ​ការ​ឱ្យ​​បាន​ខ្លាំង​ក្លា​បំផុត​ជា​មួយ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​តំបន់​ ដែល​បច្ចុ​ប្បន្ន​​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​​​ក្នុង​តំបន់​​កំពុង​តែ​ត្រូវ​បាន​អនុ​វត្ត​ពេញ​ទំហឹង គឺ​គេ​ត្រូវ​ដោះ​ស្រាយ​ស្ថាន​ការណ៍​​ដោយ​សន្តិ​វិធី​​តាម​រយៈ​កិច្ច​សន្ទនា​ដ៏​មាន​ប្រសិទ្ធ​ភាព» នោះ ក្រុម​ប្រឹក្សា​​សន្តិ​សុខ​​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​ដាក់​ចេញ​នូវ​ដំណើរ​ការ​នៃ​ការ​ងារ​សម្រាប់​​ឱ្យ​ភាគី​ទាំង​ពីរ​អនុ​វត្ត​តាម ដែល​ក្នុង​នោះ គឺ «ការ​សម្រុះ​សម្រួល​​របស់​ភាគី​ទី​៣» ដែល​ត្រូវ​បាន​គាំទ្រ​ និង​ទាម​ទារ​យ៉ាង​ទទូច​របស់​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ។

រដ្ឋ​មន្ត្រី​​ការ​បរទេស​​ឥណ្ឌូ​ណេ​ស៊ី Marty Natalegawa ដែល​ជា​ប្រធាន​​អាស៊ាន​​បាន​ទទួល​បក​​ស្រាយ​នូវ​បញ្ហា​​​ដ៏​ក្តៅ​គគុក និង​ស្មុគ​ស្មាញ​នេះ​ដោយ​ភាព​រួស​​រាយ ប៉ុន្តែ​ម៉ឺង​ម៉ាត់ ដើម្បី​ជួយ​ដោះ​ស្រាយ​​បញ្ហា ដោយ​ឆ្លើយ​​បញ្ជាក់​គាំទ្រសេច​ក្តី​ថ្លែង​ការណ៍​របស់​លោក​​ស្រី​ប្រធាន​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​ដូច​នេះ​ថា៖ «ជា​ការ​ពិត​ណាស់ បញ្ហា​​នេះ​គឺ​ជា​បញ្ហា​ដែល​​នឹង​ត្រូវ​ដោះ​ស្រាយ​ក្នុង​ដំណាក់​កាល​ចុង​​ក្រោយ ក្នុង​ន័យ​​ទ្វេ​​ភាគី​រវាង​ភាគី​ទាំងពីរ ប៉ុន្តែ​មិន​មាន​ន័យ​ថា គ្មាន​ច្រក និង​តួនាទី​សម្រាប់​​ប្រទេស​ក្នុង​តំបន់​នោះ​ទេ» ។

ឥឡូវ​នេះ​ទម្រង់​បែប​បទ​ការ​ងារ​ គឺ​បាន​ចេញ​ជា​រូប​រាង​ហើយ ហើយ​នីតិ​វិធី​នៃ​ការ​ចរចា​​ទ្វេ​ភាគី​​ នឹង​សម្រុះ​សម្រួល​ប្រាកដ​ណាស់​និង​ត្រូវ​បង្កើត​ឡើង​នៅ​ឯ​កិច្ច​ប្រជុំ​អាស៊ាន​​ នា​ថ្ងៃ​ទី​២២ កុម្ភៈ​ក្នុង​ប្រទេស​​ឥណ្ឌូ​ណេ​ស៊ី ។ នៅ​ទី​នោះ​ហេតុ​ផល​ ភាព​យុត្តិ​ធម៌​ នីតិ​ច្បាប់​ នឹង​លេច​ចេញ​​ច្បាស់​​បង្ហាញ​ឱ្យ​គេ​ដឹង​ពី​ភាព​កុហក​ភូត​ភរ ការ​បង្ហាញ​ព័ត៌​មាន​ខុស ការ​ក្រឡៃ​ការ​ពិត ការ​ប្រមាថ​មើល​ងាយ ការ​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ ​និង​ការ​លើក​ឡើង​ដោយ​​​មិន​សម​ហេតុ​ផល​របស់​ថៃ ៕
សាស្ត្រា​ចារ្យ​ប៉ែន ងឿន

រដ្ឋ​មន្ត្រី​ថោង ខុន រិះ​រក​វិធាន​ការ​លុប​បំបាត់​អំពើ​ឆក់​​កាបូប​ពី​អ្នក​ទេស​​ចរ

Posted: 18 Feb 2011 12:42 AM PST

ខេត្ត​សៀម​រាប ៖ រដ្ឋមន្ដ្រី​ក្រសួងទេស​ចរណ៍​​​​បាន​ថ្លែង​ថា​ លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​អា​ជា្ញ​ធរ​ខេត្ដសៀមរាប​ ដើម្បី​រិះរក​វិធានការ​រឹត​បន្ដឹង​ផ្នែក​សន្ដិសុខ​​ដើម្បី​ធានា​​សុវត្ថិ​ភាព​ជូន​ភ្ញៀវ​ទេសចរ​ បន្ទាប់​ពី​មាន​ព័ត៌​មាន​រាយ​ការណ៍​ថា ​មាន​​ភ្ញៀវ​ទេសចរ​​មួយ​​ចំនួន​បាន​រង​គ្រោះ​បាត់​បង់​​សំភារ​​លុយកាក់ ដោយសា​រ​តែ​ក្រុម​ក្មេង​ស្ទាវ​ធ្វើ​​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​ជា​ច្រើន​ករណី​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​​នេះ​។

លោក​ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១៦ កុម្ភៈ​ ​​ថា ​លោក​នឹង​ពិភាក្សា​ជាមួយ​លោក​ស៊ូ ភិ​រិ​ន្ទ អភិបាលខេត្ដ​សៀមរាប​ ដើម្បី​ពង្រឹង​កិច្ចការ​សន្ដិ​សុខ​ឡើង​វិញ ​បន្ទាប់​ពី​​លោក​បាន​ទទួល​ព័ត៌​មាន​ថា ​មាន​ក្រុម​ក្មេង​ស្ទាវ​ធ្វើ​សកម្មភាព​ឆក់​កាបូប​​ភ្ញៀវ​ទេសចរ​​ជា​ច្រើន​ករណី​រួច​មក​ហើយ​នៅ​ក្នុង​ខេត្ដ​ទេសចរណ៍​​​មួយ​នេះ​។ លោក​រដ្ឋមន្ដ្រី​បាន​មាន​​ប្រសាសន៍​បន្ដ​ថា​ សកម្ម​ភាព​ឆក់​កាបូប​ភ្ញៀវ​​ទេសចរ​​គួរតែ​ត្រូវ​បាន​ទប់ស្កាត់ និង​បង្រ្កាប​​ឱ្យ​បាន​ទាន់​ពេល​មិន​អាច​បណ្ដែត​បណ្ដោយ​​បាន​ទេ ព្រោះ​វា​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សុវត្ថិ​ភាព​ភ្ញៀវ និង​ប៉ះពាល់​ជា​ពិសេស​​ដល់​មុខមាត់​ និង​កិត្ដិយស​ប្រទេស​ជាតិ ក៏​​ដូច​ជា​គោល​នយោ​បាយ​ទេសចរណ៍​របស់​យើង​ផង​ដែរ​​។

អធិការ​នគរ​​បាល​ក្រុង​សៀមរាប លោក​​ភឹង ចិន្ដា​រិ​ទ្ធិ កាលពី​រសៀល​ថ្ងៃ​ទី​១៦ កុម្ភៈ ​ពុំ​បាន​ទទួល​ទូ​រស័ព្ទ​​នៅ​ពេល​មាន​ការ​​ហៅ​ចូល​ដើម្បី​សុំ​ការ​ពន្យល់​ពី​ហេតុ​ការ​ណ៍​​ឆក់ ដែល​កំពុង​តែ​កើតឡើង​យ៉ាង​ផុស​ផុល​នៅ​ក្នុង​ក្រុង​សៀមរាប​ នា​ពេល​បច្ចុប្បន្ន​នេះ​​​ទេ​។ ទោះ​ជា​​យ៉ាងណា​ លោក​​អនុ​សេនីយ៍​​ទោ ឆឹង សុភា មេ​​ប៉ូលិស​ប៉ុ​ស្ដិ៍​សង្កាត់​ស្វាយ​ដង្គំ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​សកម្មភាព​ឆក់​កាបូប​​ភ្ញៀវ​ទេសចរ​​នៅ​ក្នុង​ក្រុង​សៀមរាប​កំពុង​តែ​កើតឡើង​គួរ​ឱ្យ​កត់​សម្គាល់​នា​រយៈពេល​ចុង​ក្រោយ​នេះ គឺ​៥​ករណី​ហើយ ក្នុង​សង្កាត់​គោក​ចក ២​ករណី សង្កាត់​សាលា​កំរើក ២​ករណី និង ករណី​ឆក់​ចុង​ក្រោយ​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​១៥ កុម្ភៈ នៅ​ចំណុច​ក្រោយ​ស្ដា​ត​ចាស់​ក្នុង​សង្កាត់​ស្វាយ​ដង្គំ ។

លោក​បាន​បញ្ជា​ក់​បន្ថែម​ថា ​មុខសញ្ញា​ក្រុម​ចោរឆក់​ទាំងនោះ​ភាគច្រើន​ជា​ក្រុម​ក្មេង​ស្ទាវ និង​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះអាសន្ន ​ស្ថិត​​ក្នុង​​ចំណោម​អ្នក​សេព​គ្រឿងញៀន ​ផឹកស្រា ឬ​​ជា​អ្នក​ញៀន​ល្បែង​ផង​ដែរ ដោយ​ប្រើប្រាស់​មធ្យោ​បាយ​​ម៉ូតូ​ពុំ​មាន​កំណត់​សម្គាល់​ត្រឹម​ត្រូវ​​ ហើយ​សកម្មភាព​ឆក់​ភាគច្រើន​ទៅ​លើ​ភ្ញៀវ​ទេសចរ​​បរទេស ។ តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ដែល​ឃើញ​ហេតុ​ការណ៍​​ឆក់​កន្លង​មក​បាន​និយាយ​ថា មាន​ភ្ញៀវ​ទេសចរ​​មួយ​ចំនួន​បាន​ស្រែក​ទ្រ​ហោ​​យំ​នៅ​ពេល​ដែល​កាបូប​របស់​គេ​ត្រូវ​បាន​ក្រុម​ចោរឆក់​យក​ទៅ​បាត់​ ដែល​​នៅ​ក្នុង​កាបូប​នោះ សុំមាន​លុយ​កាក់​​ច្រើន​ប៉ុន្មាន​ទេ តែ​របស់​សំខាន់​គឺ​លិខិតឆ្លងដែន និង​ឯក​សារ​ផ្សេង​ៗ​បូក​រួម​ទាំង​កា​ម៉ា​រ៉ា​ថត​​រូប​ផង​ដែរ ។

អនុប្រធាន​សហ​ព័ន្ធសហជីព​កម្មករ​និ​យោ​ជិក​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា លោក​ម៉​ម រិ​ទ្ធី បាន​ថ្លែង​ទាក់ទិន​ទៅ​នឹង​សកម្មភាព​ឆក់​ទៅ​​លើ​ភ្ញៀវ​ទេសចរ​​នោះ​ថា លោក​មានការ​ព្រួយ​បារម្ភ​យ៉ាង​​ខ្លាំង​​ទៅ​លើស​កម្ម​ភាព​ឆក់​កាបូប​ភ្ញៀវ​ពី​សំណាក់​​ក្រុម​ក្មេង​ស្ទាវ​ទាំង​នោះ មិន​ថា ​ឆក់​យូ​រៗ​​ម្ដង ឬ​ឆក់​ជា​ញឹកញាប់​ទេ វា​គួរ​ណាស់​​តែ​ត្រូវ​បាន​យកចិត្ដទុកដាក់​ទ​ប់​ស្កាត់​ពី​សមត្ថកិច្ច​ពាក់​ព័ន្ធ។ លោក​បន្ដ​ថា បើ​ក្នុង​ករណី​អាក្រក់​បែប​ហ្នឹង​កើតឡើង​ច្រើន​ទៅ​ៗ​នោះ វា​នឹង​ធ្វើ​​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេស​ចរ​ដែល​គេ​មក​ទស្សនា​ប្រាសាទ​​អង្គរ ឬក៏​ស្រុក​ខ្មែរ​យើង ​ធ្វើ​ឱ្យ​ពួក​គេ​លែង​ចង់​មក ព្រោះ​គេ​មានការ​ខ្លាចរអា​​ពី​សន្ដិ​សុខ​ផ្ទាល់ខ្លួន ​ដល់​ពេល​​នោះ​វា​នឹង​ប៉ះពាល់​ដល់​វិស័យ​ជា​ច្រើន​ទៀត ដែល​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​នេះ​។

ទាក់ទិន​ទៅ​នឹង​បញ្ហា​អស់ទាំង​ហ្នឹង ​លោក​ឧត្តម​សេនី​យ៍​ត្រី​ សត ណា​ឌី ស្នងការ​នគ​របាល​ខេត្ដសៀមរាប​បា​ន​ថ្លែងប្រាប់​តាម​ទូ​រស័ព្ទថា ចំពោះ​​ករណី​ឆក់​ហ្នឹង​ លោក​កំពុង​តែ​បញ្ជា​ឱ្យ​​កម្លាំង​​តាម​ស្វែងរក​មុខសញ្ញា​ហើយ ដោយ​សង្ឈឹម​​ថា​ ពួក​​គេ​គេច​មិន​ផុត​ពី​ការ​ចាប់ខ្លួន​ទេ ដូច​ឃើញ​ស្រាប់​ហើយ​ប៉ុន្មាន​ថ្ងៃមុន​ កម្លាំង​​លោក​ចាប់​បាន​៣​នាក់​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​​តាម​ច្បាប់​រួច​ហើយ​ដែរ៕

សមត្ថ​កិច្ច​ចំរុះ​ត្រួត​ពិនិត្យ​​ជាតិ​អាល់​កុល​នៅ​ខណ្ឌ​៧មករា

Posted: 18 Feb 2011 12:21 AM PST

សមត្ថ​កិច្ច​ចំរុះ​ត្រួត​ពិនិត្យ​​ជាតិ​អាល់​កុល​នៅ​ខណ្ឌ​៧មករា
សមត្ថ​កិច្ច​ចំរុះ​ត្រួត​ពិនិត្យ​​ជាតិ​អាល់​កុល​នៅ​ខណ្ឌ​៧មករា

រាជធានីភ្នំពេញ ៖ សមត្ថ​កិច្ច​ចម្រុះ​មាន​ប៉ូលិស​​ចរា​ចរ​រាជ​ធានី​​ ប៉ូលិស​ចរា​ចរ​ខណ្ឌ​៧​មករា ប្រមាណ​​ជា​៥០​នាក់ ដឹក​នាំ​ដោយ​លោក​ទី សុឡេង ​អភិ​បាល​រង​ខណ្ឌ​៧​មករា និង​លោក​ឡុង សាវុធ ​អធិ​ការ​រង​ប៉ូលិស​ខណ្ឌ​៧​មករា នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ កុម្ភៈ បាន​ចុះ​ត្រួត​ពិនិត្យ​​​រក​ជាតិ​អាល់​កុល​​នៅ​ចំណុច​មុខ​ផ្សារ​ស៊ីដ​នី​មហា​វិថី​កម្ពុជា​ក្រោម ដោយ​រក​ឃើញ​អ្នក​បើក​បរ​រថយន្ត​ និង​ម៉ូតូ​មាន​ជាតិ​ស្រវឹង​ចំនួន​២​នាក់ អ្នក​បើក​បរ​ម៉ូតូ​ចំនួន​១៤​នាក់ មិន​ពាក់​​មួក​សុវត្ថិ​ភាព និង​ពិនិត្យ​លើ​ម៉ូតូ​មិន​ដាក់​កញ្ចក់​សំរាប់​មើល​ក្រោយ​ ហើយ​មិន​ពាក់​ស្លាក​លេខ​​ផង​ដែរ ។ តាម​តួ​លេខ​នេះ បង្ហាញ​ថា ការ​បើក​​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​បាន​ថយ​ចុះ​គួរ​កត់​សំគាល់​ ។

​លោក​ឡុង សាវុធ ​អធិ​ការ​រង​ប៉ូលិស​ខណ្ឌ​៧​មករា បាន​ឱ្យ​ដឹង​ថា ​ការ​ចុះ​​ត្រួត​ពិនិត្យ​ជាតិ​អាល់​កុល​​លើ​​អ្នក​​បើ​ក​បរ​ និង​ឃាត់​​ម៉ូតូ​ដែល​មិន​ពាក់​មួក​សុវត្ថិ​ភាព​ អត់​ដាក់​កញ្ចក់​ និង​អត់​ស្លាក​លេខ​នេះ គឺ មាន​ការ​ចូល​រួម​ដោយ​​ប៉ូលិស​ចរា​ចរ​មក​ពី​តាម​ខេត្ត​ដែល​ជា​សិក្ខា​កាម​ចំនួន​១០​​នាក់​ផង​ដែរ។ លោក​បន្ត​ថា សិក្ខា​កាម​​ដែល​ជា​ប៉ូលិស​ចរា​ចរ​មក​ពី​ខេត្ត ​មក​បណ្តុះ​បណ្តាល​ដើម្បី​​យក​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​ទៅ​អនុវត្ត​ ខណៈ​​ពួក​គេ​ទៅ​បំពេញ​​ការ​ងារ​នៅតាម​​ខេត្តវិញ ។

លោក​បន្ត​ថា ប៉ូលិស​បាន​រក​ឃើញ​អ្នក​បើក​បរ​ម៉ូតូ​ដែល​មាន​ជាតិ​អាល់​កុល​ចំនួន​ម្នាក់ និង​អ្នក​បើក​​បរ​រថយន្ត​ចំនួន​ម្នាក់ ​ចំណែក​ឯ​ម៉ូតូ​​​អត់​កញ្ចក់​ និង​អ្នក​បើក​បរ​មិន​ពាក់​មួក​សុវត្ថិ​ភាព​ រួម​ទាំង​ម៉ូតូ​​អត់​ស្លាក​លេខ​ផង​នោះ ​មាន​ចំនួ​ន​១៤​នាក់ ហើយ​​សមត្ថ​កិច្ច​បាន​​ដឹក​​ម៉ូតូ​តាម​​រថយន្ត​ទៅ​​ពិន័យ​​នៅ​អធិ​ការ​ដ្ឋាន​​ខណ្ឌ ម៉ូតូ​​មួយ​គ្រឿង​ត្រូវ​ផាក​ពិន័យ​​២.៣០០​រៀល។ ចំពោះ​អ្នក​បើក​រថយន្ត​​មាន​ជាតិ​អាកុល​០,២៥​ទៅ​​​០,៣៩​ត្រូវ​ពិន័យ​១.២០០​រៀល ចំពោះ​អ្នក​បើក​ម៉ូតូ​មាន​ជាតិ​​​អាល់​កុល​០,២៥ ទៅ​ដល់​០,៣៥​ ពិន័យ​៦.០០០​រៀល ។ ​គួរ​បញ្ជាក់​ថា បើ​ទោះ​បី​ជា​សមត្ថ​កិច្ច​ធ្វើ​ការ​ចាប់​ម៉ូតូ​ផាក​ពិន័យ​​ជា​រៀង​រាល់​ថ្ងៃ យា៉ង​ណា​ក៏​ដោយ​ នៅ​តែ​មាន​អ្នក​ប្រពឹត្ត​​ជិះ​ម៉ូតូ​​មិន​​ពាក់​មួក​សុវត្ថិ​ភាព​ ឬ​ដាក់​កញ្ចក់​​​ដែល​មាន​ចំនួន​ច្រើន​​​ដដែល ៕

តុលាការ​សំរេច​ឃុំ​ខ្លួន​ជន​ស្ទើរ​ភ្លើង​ចាប់​ក្មេង​​ជំរិត​ទារ​ប្រាក់​៣.០០០ដុល្លារ

Posted: 18 Feb 2011 12:17 AM PST

តុលាការ​សំរេច​ឃុំ​ខ្លួន​ជន​ស្ទើរ​ភ្លើង​ចាប់​ក្មេង​​ជំរិត​ទារ​ប្រាក់​៣.០០០ដុល្លារ​

រាជ​ធានី​ភ្នំពេញ​ ៖ តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ កុម្ភៈ បាន​សំរេច​ឃុំ​ខ្លួន​ជន​ស្ទើរ​ភ្លើង​ម្នាក់​ដែល​ពាក់​ព័ន្ធ​ចាប់​ក្មេង​ទៅ​លាក់​ទុក​ ហើយ​គំរាម​ទារ​ប្រាក់​ពី​អាណា​ព្យា​បាល​ចំនួន​៣.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​។ យុវ​ជន​ស្ទើរ​ភ្លើង​ដែល​តុលាការ​សំរេច​ឃុំ​ខ្លួន​ដាក់​ពន្ធ​នា​គារ​ជា​បណ្តោះ​អាសន្ន​នោះ​មាន​ឈ្មោះ​ប៊ូ​ សារ៉េន អាយុ​២២​ឆ្នាំ​ ជា​កម្មករ​រោង​ចក្រ។

គួរ​បញ្ជាក់​ថា ជន​ជាប់​សង្ស័យ​ដែល​តុលា​ការ​សំរេច​ឃុំ​ខ្លួន​នោះ​បាន​ធ្វើ​សកម្ម​ភាព​​ចាប់​ក្មេង​​​ប្រុស​ជំរិត​​ទារប្រាក់ ហើយត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​​ស្ទឹង​​មានជ័យ សហការជាមួយ​ប៉ូលិស​​ខណ្ឌ​មាន​ជ័យ រៀប​ចំ​អន្ទាក់​​​តាមចាប់ខ្លួន​ បន្ទាប់ពី​ជន​នេះ​បាន​ល្បួង​ក្មេងប្រុស​​ពង្រាត់​ចេញពីឪពុក​-​ម្តាយ ​ហើយ​ទូរស័ព្ទ​​ទៅគំរាម​​ទារ​ប្រាក់​​​ចំនួន​​​៣.០០០​ដុល្លារ ។​

ជន​នេះ​ត្រូវ​បាន​ធ្លាក់​ក្នុង​អន្ទាក់ប៉ូលិស​នៅ​វេលាម៉ោង​​១​និង​​៣០នាទី​​រសៀល​ថ្ងៃទី​១៤ កុម្ភៈ កន្លង​មក​នៅ​ហាង​កាហ្វេ​មួយកន្លែង​​ស្ថិត​ក្នុង​ភូមិ​ទ្រា សង្កាត់​​ស្ទឹង​មានជ័យ ​ខណ្ឌ​មានជ័យ ។​ ជនជាប់សង្ស័យ​​ឈ្មោះ​​ប៊ូ សារ៉េន អាយុ​​២២​ឆ្នាំ ​ស្នាក់នៅ​​​ផ្ទះជួល ​ម្តុំ​ផ្សារ​​កាណាឌីយ៉ា សង្កាត់​ចោមចៅ ​ខណ្ឌ​ដង្កោ​ រី​ឯ​​ក្មេង​ប្រុសរង​គ្រោះ​​ឈ្មោះ​​យឹម សារី អាយុ​​​១០​ឆ្នាំ ​ស្នាក់​នៅ​​​ភូមិ​​ដំណាក់​ធំ ​សង្កាត់ស្ទឹ​ងមានជ័យ ​ខណ្ឌ​មានជ័យ ​៕

មន្ទីរ​សុខា​ភិបាល​​​បូកសរុប​​ការងារ​​ឆ្នាំ​២០១០ ​​ដុត​​កម្ទេច​​ឱសថ​ក្លែងក្លាយ​​ និង​ខូច​​សុខភាព

Posted: 18 Feb 2011 12:14 AM PST

ឱសថ​ក្លែងក្លាយ​​ និង​ខូច​​សុខភាព​​​
ពិធី​ដុត​កម្ទេច​​​ចោលនូវ​ឱសថ​ក្លែង​ក្លាយ​ ឱសថ​គ្មា​នបញ្ជិកា​ និង​ឱសថ​ហួសកំណត់​
​​ដុត​​កម្ទេច​​ឱសថ​ក្លែងក្លាយ​​ និង​ខូច​​សុខភាព​​​

​ខេត្តកំពត​ ៖ ​មន្ទីរសុខាភិបាល​​ខេត្ត នៅថ្ងៃ​ទី​​១៧ កុម្ភៈ ២០១១ បានធ្វើ​​​សន្និបាត​ពេញមួយ​ថ្ងៃ បូកសរុប​​លទ្ធ​ផល​​ការងារ​សុខាភិបាល​​ឆ្នាំ​​២០១០ និង​ធ្វើ​​ពិធី​ដុត​កម្ទេច​​​ចោលនូវ​ឱសថ​ក្លែង​ក្លាយ​ ឱសថ​គ្មា​នបញ្ជិកា​ និង​ឱសថ​ហួសកំណត់​នៃការ​​​ប្រើប្រាស់​​​ជា​ច្រើនទៀត ​ក្រោម​អធិបតី​ភាព​​​លោកជូ យិនស៊ីម ​រដ្ឋលេខាធិការ​​​ក្រសួង​សុខា​ភិ​បាល​ និង​លោក​​សូត យា អភិបាល​រង​ខេត្ត​កំពត ​​និង​មានការ​​ចូលរួម​ពីមន្ត្រី​​​អធិការកិច្ច​​ក្រសួងសុខា​ភិបាល​​ មន្ត្រី​​មន្ទីរពាក់ព័ន្ធ​​ តំណាង​ក្រុមហ៊ុន​​ឱសថ​ និងបុគ្គលិក​​​មន្ទីរសុខាភិបាល​​​ខេត្តកំពត​យ៉ាង​ច្រើនកុះករ ។​

ឱសថ​​គ្មា​ន​បញ្ជិកា​​​មាន​​ចំនួន​​​២០មុខ និង​ឱសថ​​ហួស​ពេល​ប្រើ​​​ប្រាស់​ចំនួន​​​៧៩មុខ សរុប​ទឹកប្រាក់​​​​​៧.៧៣៨.៨០០​រៀល ត្រូវ​ដុត​កម្ទេច​​ចោល​ ។ ឃាត់​ទុក​ឱសថ Guu Tongwann ចំនួន​​៣៥៤.៦០០គ្រាប់ ។ ​មន្ទីរ​​សុខាភិបាល​​បាន​ចុះ​​បិទ​សេវា​​ព្យាបាល​ឯកជន​​ដែលពុំ​មាន​​លក្ខណៈ​​និងបច្ចេកទេស​​គ្រប់គ្រាន់​​​ចំនួន​​៣កន្លែង ចុះបិទ​​​ផ្ទះ​​​លក់​ឱសថ​​មួយកន្លែង​​ពុំ​មាន​​លក្ខណៈ​សម​ស្រប ​បញ្ឈប់ការ​​ផ្សាយ​​ផលិត​ផល​គ្រឿង​សំអាង​ ពុំមាន​ច្បាប់​អនុញ្ញាត​​​ពីក្រសួង​​សុខាភិបាល​​ចំនួន​២​កន្លែង ​បញ្ឈប់ស​កម្មភាព​របស់​សមាគម​​គ្រូ ពេទ្យ​​គុណធម៌ ​ដែលចុះ​ទៅព្យាបាល​​នៅក្នុងស្រុក​​កំពង់ត្រាច ពុំ​អនុវត្ត​​តាម​គោលការណ៍​​ស្តីពី​កិច្ច​​សហប្រតិបត្តិការ​​​រួម ​និង​​ខាង​មន្ទីរ​បាន​​អនុ​វត្ត​ការ​ងារ​​​ជា​ច្រើនទៀត ៕​

ធ្លាប់​​ទំនាក់ទំនង​ស្រឡាញ់គ្នា​​បាន​​រូប​បាន​កាយ​ ម្តាយប្តឹង​​ឱ្យប៉ូលិស​​ចាប់

Posted: 18 Feb 2011 12:10 AM PST

បុរស​ជា​កម្ម​ករ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​​ប៉ូលិស​​ក្រុង​ប៉ោយ​ប៉ែត​ឃាត់​ខ្លួន​តាមពាក្យ​បណ្តឹង​​របស់នារី​រងគ្រោះ

ក្រុង​ប៉ោយ​ប៉ែត ៖ បុរស​ជា​កម្ម​ករ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​​ប៉ូលិស​​ក្រុង​ប៉ោយ​ប៉ែត​ឃាត់​ខ្លួន​តាមពាក្យ​បណ្តឹង​​របស់នារី​រងគ្រោះ​​ដោយចោទ ប្រកាន់​ពីបទ​ចាប់រំលោភ​សេពសន្ថវៈ​រហូត​បាន​សំរេច ។ តាមការ​បំភ្លឺ​របស់​លោក​អនុសេ​នីយ៍​ព្រហ្ម ​ពិសិដ្ឋ នាយ​ផ្នែក​​ព្រហ្ម​ទណ្ឌ​នគរ​បាល ​យុត្តិ​ធម៌​​​ក្រុង​ប៉ោយ​ប៉ែតបានឱ្យ​ដឹង​ថា បុរស​ជា​កម្ម​ករ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​នេះ​ឈ្មោះ​ឈុន ​​លី អាយុ​២៧​ឆ្នាំ មុខ​របរ​​ជា​កម្ម​ករ​ជ្រែ​ខោ​អាវ​ស្នាក់​នៅ​ចំណុច​ឡ​ធ្យូង​ក្នុង​ភូមិ​បាលិលេយ្យ សង្កាត់​ប៉ោយ​ប៉ែត ​​និង​ត្រូវ​​បាន​ឃាត់​ខ្លួន​​នៅ​​កន្លែង​ស្នាក់​នៅខាងលើ​​​កាល​ពី​​រសៀល​ថ្ងៃទី១៦ កុម្ភៈ ​​​ ។

បុរស​ម្នាក់​នេះ​បាន​ជាប់ចោទ​ពី​បទ​ចាប់​រំលោភ​​នារី​រង​គ្រោះ​​អាយុ​២១​ឆ្នាំ​នៅ​ក្នុង​បន្ទប់​ជួលស្នាក់នៅ​របស់​ខ្លួនរហូត​បានសំរេច​ ហើយ​បន្ទាប់មក ក៏ត្រូវ​ភាគី​ខាង​ស្រី​ដាក់ពាក្យ​​បណ្តឹង​​​ឱ្យសមត្ថកិច្ច​​ជួយ​រកយុត្តិធម៌​​ ។ តាម​ការ​បំភ្លឺ​​ពីស្ត្រី​ម្នាក់​​អះ​អាង​ថា ជា​ម្តាយ​ក្រោយ​ (ចុង) របស់​នាង​​ក្រមុំ​​រង​គ្រោះ​បានរៀបរ​ាប់​ឱ្យ​ដឹង​ថា កូនស្រី​របស់​គាត់​ជា​បុគ្គ​លិក​បំរើ​ការ​នៅក្នុង​កា​ស៊ីណូ​ក្រុង​ប៉ោយ​ប៉ែត​​ ចំណែក​​បុរស​ដែល​ជា​ជន​ល្មើស​​​​គឺ​ជា​អ្នក​ជួល​បន្ទប់​ស្នាក់​នៅ​ជិតគ្នា​ ហើយ​បុរស​នេះ​បាន​អះ​អាងថា រូបគេ​ជា​បុរស​ពោះ​ម៉ាយ​ និង​ព្យាយាម​​​តាម​​ស្រឡាញ់​កូនរបស់គាត់​ តែ​កូន​ស្រីគាត់​មិនព្រមស្រឡាញ់​វិញទេ គឺ​គ្រាន់​តែ​រាប់អាន​​​គ្នា​ធម្មតា​ប៉ុណ្ណោះ ហើយ​បន្ទាប់​មក​​ក៏​ត្រូវ​​បុរស​នោះ​ចាប់រំលោភ​​​រហូ​ត​បានសំរេច​​ទើប​​រូបគាត់​មកប្តឹង​សមត្ថកិច្ច​​៕

ផ្ទុះគ្រាប់បែក​​ជា​បន្តបន្ទាប់​​នៅមូលដ្ឋានយោធា​​តង់ហ្សានី​​ស្លាប់​​២០នាក់

Posted: 18 Feb 2011 12:08 AM PST

នាយករដ្ឋ​មន្ត្រី​​តង់ហ្សានី លោក Mizengo Pinda ថ្លែង​កាលពីល្ងាច​ថ្ងៃទី​១៧ កុម្ភៈ ថា ការ​ផ្ទុះ​​ជា​បន្តបន្ទាប់​នៅមូលដ្ឋាន​​យោធាក្នុង​ប្រទេស​​បណ្តាល​ឱ្យស្លាប់​​​មនុស្ស​​២០នាក់ និង​ជំរុញ​​ឱ្យ​​មនុស្ស​​​ជាង​​៤.០០០​នាក់ទៀត​រត់ភៀសខ្លួនពី​ផ្ទះ​សម្បែង ។ ​ក្នុង​សេចក្តីថ្លែង​ការណ៍​​មួយដែលធ្វើ​ឡើង​នៅ​ពេល​ពន្យារ​ពេល​ការប្រជុំ​​សភា លោក Pinda ថ្លែងថា ​ការផ្ទុះ​​​កើត​ឡើង​​​តាំង​ពីយប់ថ្ងៃទី​​១៦ កុម្ភៈ ​មាន​នៅកន្លែង​ស្តុក​​គ្រឿង​ផ្ទុះ​​នៃមូល​ដ្ឋាន​​យោធា​ក្នុងរដ្ឋធានី​​ដាអេស សាឡាអាម​។

ការ​ផ្ទុះទាំង​នេះ​បានបំផ្លាញ​​កន្លែង​ស្តុក​គ្រឿង​ផ្ទុះ​​២៣កន្លែង ព្រមទាំង​​​សាលា​​រៀន និង​​ផ្ទះ​សម្បែង​​ដែលនៅក្បែរ​​នោះ ហើយ​​បង្ខំ​ឱ្យ​មនុស្ស​​​​៤.០០០នាក់ រត់ភៀស​ខ្លួន​ចេញ​​ពីផ្ទះសម្បែង ​ទៅ​ជ្រក​កោន​​នៅពហុកីឡដ្ឋាន​​ជាតិ ។​ លោក​នាយករដ្ឋ​មន្ត្រី​​ Pinda ថ្លែង​ទៀត​ថា ចំនួន​អ្នកស្លាប់​​អាច​កើនឡើង​​ថែមទៀត ។ ​មន្ត្រី​​មួយរូប​បាន​និយាយ​ថា ​មនុស្ស​យ៉ាង​ហោច​ណាស់​​​១៨៤នាក់ ​​រង​របួសក្នុង​​ការផ្ទុះ​ទាំង​នោះ​​ ៕​

ស្លាប់​​៤នាក់នៅ​យេម៉ែន​ដែលការ​ប្រឆាំង​តវ៉ា​កាន់តែ​​ខ្លាំងឡើង

Posted: 18 Feb 2011 12:06 AM PST

ការប៉ះទង្គិចគ្នា​​​យ៉ាងខ្លាំង​​ក្លា​​បាន​​ផ្ទុះ​ឡើងកាលពីថ្ងៃទី​​១៧ កុម្ភៈ ​នៅ​ទីក្រុង​សាណា​អា

ចូលដល់​ថ្ងៃទី​៧ នៃ​បាតុកម្ម​​តវ៉ា​​នៅយេម៉ែន​​ប្រឆាំង​នឹង​ប្រធានាធិបតី​លោកអាលី អាប់ដាល់​ឡាហ៍ សាឡាហ៍ ការប៉ះទង្គិចគ្នា​​​យ៉ាងខ្លាំង​​ក្លា​​បាន​​ផ្ទុះ​ឡើងកាលពីថ្ងៃទី​​១៧ កុម្ភៈ ​នៅ​ទីក្រុង​សាណា​អា រវាង​​​ពួក​អ្នក​គាំទ្រ​​ និង​​ពួកប្រឆាំង​​រដ្ឋាភិបាល​​ចំណែក​​ឯ​បាតុករ​​៤នាក់​បាន​ត្រូវ​ស្លាប់នៅទីក្រុង​​អាដេន ភាគខាងត្បូង​ប្រទេស ។​

បាតុករ​ប្រឆាំង​​ប្រមាណជា​៣.០០០​នាក់ ​បាន​ប្រមូល​​ផ្តុំគ្នា​​​នៅក្នុងទីក្រុង​​កំពង់ផែ​អាដេន ភាគខា​ងត្បូង​ប្រទេស ។ ប៉ូលិស​បាន​បាញ់​​ទៅ​លើ​​អាកាស​​ ដើម្បី​​បំបែក​ពួកគេ ក៏ប៉ុន្តែ​​បណ្តា​អ្នក​ទទួលខុសត្រូវ​​របស់មន្ទីរ​​ពេទ្យ​​២នៃទីក្រុង​​​នេះ អះអាង​ថា មនុស្ស​​៣នាក់​ស្លាប់ក្រោយ​​ត្រូវ​​របួស​ធ្ងន់​​ដោយសារ​គ្រាប់​កាំភ្លើង ។ អ្នកទទួលខុស​ត្រូវ​​​ម្នាក់ទៀត​​​និយាយពី​មនុស្ស​ស្លាប់​​​៤​នាក់ ​ហើយ​​២០នាក់ទៀត​​ត្រូវ​របួស​ ។ ពួក​​បាតុ​ករ​​ក្រុង​​អាដេន បាននាំគ្នា​​ស្រែក​ថា «បដិសេធ​​ការគាប​សង្កត់ បដិសេធ​អំពើ​ពុករលួយ​ ប្រជាជន​ទាម​ទារ​​ផ្តួល​រំលំរបប» ។​

នៅទីក្រុង​សាណាអា រដ្ឋធានី​​យេម៉ែន អ្នក​គាំទ្រ​​លោក​ប្រធានាធិបតី​​សាឡេហ៍ ជា​ច្រើន​រយ​នាក់​​ប្រដាប់ដោយ​​​កាំបិត​ស្នៀត និង​ព្រនង់​​បាន​វាយប្រហារ​​​ពួក​​​ប្រឆាំង​​ប្រមាណ​ជា​១.៥០០​នាក់ ដែល​​តប​តវិញ​​ដោយគប់ដុំ​ថ្ម ។ មនុស្សយ៉ាង​​តិច​​៤០នាក់ ត្រូវរបួស​ក្នុងការប៉ះ​ទង្គិចគ្នា​​ទាំង​នេះ ដែលចាប់​ផ្តើម​​នៅ​ក្នុង​​បរិវេណ​សាកល​វិទ្យាល័យ​​មុន​ឆ្លងរាលដាល​នៅតាមដង​វិថី​ទាំងឡាយ ។​ លោក​សាឡេហ៍ ជា​សម្ព័ន្ធ​​​មិត្ត​មួយ​រូប​របស់​សហរដ្ឋ​​អាមេរិក ក្នុងការ​តស៊ូ​​ប្រឆាំង​​អាល់កៃ​ដា នៅឧបទ្វីប​​​អារ៉ាប់នោះ​​បាន​ខិតខំចាប់​តាំង​ពី​​១ខែ​មកហើយ ប្រយុទ្ធ​​ទប់ទល់​​នឹង​បាតុកម្ម​ដែលកើត​មាន​ស្ទើរ​​រាល់ថ្ងៃ ៕​

បណ្តា​មេ​ខ្លោង​ប្រឆាំង​អ៊ីរ៉ង់​នឹង​ត្រូវ​កាត់ទោស

Posted: 17 Feb 2011 11:43 PM PST

លោក​ SADEQ LARIJANI

ប្រមុខ​នៃ​ប្រព័ន្ធ​តុលាការ​អ៊ីរ៉ង់​ដក​ស្រង់​សំដី​ដោយ​ទូរ​ទស្សន៍​ជាតិអះ​អាង​កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ​ថា បណ្តា​មេ​ខ្លោង​ប្រឆាំង​អ៊ីរ៉ង់​នឹង​ត្រូវ​កាត់​ទោស​ពី​បទ​ធ្វើ​វិច្ឆេទ​កម្ម​ប្រឆាំង​នឹង​បដិ​វត្តន៍​អ៊ិស្លាម។ ដោយ​ពុំ​អើ​ពើ​ចំពោះ​ការ​ហាម​ឃាត់​របស់​អាជ្ញា​ធរ​ ចលនា​បៃ​តង​របស់​លោក​មៀរ​​ហូសេន មូសាវី និង​លោក​មឺហ៍​ឌី ការ៉ូ​ប៊ី ដែល​កើត​ក្រោយ​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​ជុំ​ទី​២​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០០៩ បាន​អំពាវ​នាវ​ដល់​ពួក​អ្នក​គាំ​ទ្រ​ខ្លួន​ឱ្យ​ធ្វើ​បាតុ​កម្ម​កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ កន្លង​មក​នេះ​នៅ​ក្រុង​តេហេ​រ៉ង់​ និង​ទី​ក្រុង​ដទៃៗ​​ទៀត​របស់​ប្រទេស​ដើម្បី​សំដែងសា​មគ្គី​ភាព​ជាមួយ​ការ​បះ​បោរ​នៅ​អេហ្ស៊ីប​ និង​ទុយ​នី​ស៊ី។ នេះ​ជា​​លើក​ដំបូង​ហើយ​តាំង​ពី​ជាង​១​ឆ្នាំ​កន្លង​មក​នេះ​ដែល​ពួក​ប្រឆាំង​អ៊ីរ៉ង់​បាន​នាំ គ្នា​ធ្វើ​បាតុ​កម្ម​ទៀត​។ មនុស្ស​ជា​ច្រើន​សិប​នាក់​ត្រូវ​របួស​ ហើយ​ជា​ច្រើន​នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន​។

លោក​ SADEQ LARIJANI ជា​ចៅ ក្រម​ជាន់​ខ្ពស់​នៃ​ប្រព័ន្ធ​តុលាការ​អ៊ីរ៉ង់​បានព្រមាន​កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ​ថា អំពើ​ក្បត់​របស់​ពួក​មេ​ដឹក​នាំ​ប្រឆាំង​ គឺបង្ហាញ​យ៉ាង​ច្បាស់​ ហើយ​ប្រព័ន្ធ​​អ៊ិស្លាម​នឹង​មិន​អត់​អោន​ឱ្យ​ពួក​គេ​ប្រមាថ​ដល់​បដិ​វត្តន៍​ឡើយ​។ ពួក​គេ​ពិត​ណាស់​ជាកម្ម​វត្ថុ​នៃ​ការ​កាត់​ទោស​។ សមា​ជិក​សភា​អ៊ីរ៉ង់​នៃ​ក្រុម​រ៉ា​ឌី​កាល់​បាន​ទាម​ទារ​ឱ្យកាត់​ទោស​ប្រហារ​ជីវិត​ប្រឆាំង​លោក​ការូប៊ី និង​លោក​មូសាវី ដែល​រដ្ឋ​អំណាច​ហៅ​ពួកគេ​ថា ជា​អ្នក​រួម​គំនិត​ជាមួយ​សហ​រដ្ឋ​អាមេរិក​ និង​អ៊ី​ស្រា​អែល​។ ពួក​ប្រឆាំង​អ៊ីរ៉ង់គ្រោង​ប្រមូល​ផ្តុំ​មនុស្ស​ជា​ថ្មី​នា​ថ្ងៃ​ទី​២០ កុម្ភៈ ដែល​នា​ថ្ងៃ​ទី​១៨ កុម្ភៈ នឹង​មាន​បាតុ​កម្ម​ជាតិ​ទាំង​ឡាយ​នៅ​អ៊ីរ៉ង់​តាម​ការ​អំពាវ​នាវ​របស់​អាជ្ញាធរ​ ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!