Koh Santipheap Daily

Koh Santipheap Daily


គណៈ​ប្រតិភូ​​បក្សកុំមុយនីស្ត​​វៀត​ណាម​ជួប​ពិភាក្សា​​​ជាមួយសម្តេច​តេជោ​ហ៊ុន សែន ពង្រឹង​​កិច្ច​សហ​ប្រតិបត្តិ​​ការ

Posted: 13 Feb 2011 10:22 PM PST

រាជធានីភ្នំពេញ ៖ ​លោក HOANG BING QUAN សមាជិក​គណៈ​កម្មាធិ​ការ​​បក្ស​កុំមុយនីស្ត​​វៀតណាម ​ប្រធាន​ទំនាក់ទំនង​មជ្ឈិម​បក្ស​​ និងជា​​បេសក​ជន​ពិសេស​​​​របស់​លោក​អគ្គ​លេខាធិការ​មជ្ឈិ​ម​បក្ស​​​វៀតណាម បានដឹក​នាំ​​គណៈ​ប្រតិភូ​​មួយ​ក្រុម​​អញ្ជើញ​​ចូលជួប​សំណេះ​សំណាល​​ពិភាក្សា​​ការងារ​ជាមួយ​សម្តេចតេជោ​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​​​ កាលពី​វេលាម៉ោង​​១០​ព្រឹកថ្ងៃទី​​​១៤ កុម្ភៈ ២០១១ នៅ​ភូមិ​​គ្រឹះ​​របស់​សម្តេច​​ក្បែរ​វិមាន​​ឯករាជ្យ​​រាជធានី​ភ្នំពេញ។​
លោក HOANG BINH QUAN បាន​មាន​​ប្រសាសន៍​​ថា វត្ត​មាន​​របស់​លោក​នា​ពេល​នេះ​គឺ​ចង់​​រាយការណ៍​ប្រាប់​​​សម្តេច​តេជោហ៊ុន សែន​​ អំពី​​​ការរីកចំរើន​​នៃកិច្ច​​សហប្រតិបត្តិការ​​​​​នយោបាយ​​ទ្វេភាគី​​ ទំនាក់ទំនង​លើ​គ្រាប់​វិស័យ និង​​ធ្វើយ៉ាង​ណា​រឹត​ចំណង​សាមគ្គី​​ភាព ព្រមទាំង​​​ពង្រីក​កិច្ច​​​សហការ​​​​ឱ្យ​កាន់​តែ​ខ្លាំងក្លាថែមទៀត ។ ​សម្តេច​តេជោហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​​ សូម​ថ្លែង​​​​អំណរ​គុណ​ និងស្វាគមន៍​​យ៉ាងកក់ក្តៅ​​​ចំពោះ​​បំណង​ល្អ​​​​របស់លោក​​​​បេសក​ជន ។​
ក្នុង​​ដំណើរ​​ទស្សនកិច្ច​នេះ លោកបេសក​ជន​​​ ព្រមទាំង​​គណៈ​ប្រតិភូ​​​គ្រោង​​ចូលបង្គំ​​គាល់​​ព្រះ​មហា​ក្សត្រ​​​ខ្មែរ ព្រះ​​បរម​នាថ នរោត្តម ​សីហមុនី ​ជួបសំណេះ​សំណាល​​​ជាមួយសម្តេច​ហេង សំរិន ​ប្រធាន​​រដ្ឋសភា ​​សម្តេច​ជា ស៊ីម ​​ប្រធាន​​ព្រឹទ្ធ​សភា ​និង​ឥស្សរ​ជន​​​ថ្នាក់ដឹកនាំ​​​រដ្ឋាភិបាល​​​មួយ​ចំនួន​ទៀត ៕

ថ្ងៃបុណ្យនៃក្តីស្រលាញ់បង្កើតសន្តិភាព សាមគ្គីភាព ការភ្លើតភ្លើនរបស់យុវវ័យខ្លះធ្វើឱ្យពិធីបុណ្យប្រែធាតុ

Posted: 13 Feb 2011 08:36 PM PST

នៅកន្លែងលក់ផ្កានាថ្ងៃបុណ្យ​នៃ​ក្ដី​ស្រលាញ់​១៤ កុម្ភៈ

បុណ្យ​នៃ​ក្ដី​ស្រលាញ់​១៤ កុម្ភៈ ដែល​ហៅ ម្យ៉ាងទៀត​ថា ថ្ងៃ​បុណ្យ​សង្សារ​ហាក់ដូចជាមាន​ប្រជាប្រិយភាព​កាន់តែ​ច្រើន​ឡើង​ក្នុងស្រទាប់​យុវវ័យ ឬ​មនុស្ស​វ័យក្មេង ។ ពិតណាស់​ការ​ចេះ​ស្រលាញ់​រាប់អាន​គ្នា​ទៅ​វិញទៅ​មក គឺជា​ប្រការ​ល្អ​មួយ​ក្នុង​សង្គម​ជា​ជាងការ​ស្អប់ខ្ពើម​គ្នា​ដូច​ជា​ការ​ស្រលាញ់​រវាងម្ដាយ ឪពុក និង​កូនប្រុស​ស្រី បងប្អូនស្រលាញ់​គ្នា មិត្ដភក្ដិ​ស្រលាញ់​គ្នា គ្រួសារ មួយ​ទៅ​គ្រួសារ​មួយ​ក៏​ចេះ​ស្រលាញ់ដែលប្រការ​​នេះ​មិន​ថា​ពូជសាសន៍​ណា​ទេ គឺ​ចង់បានបែប​នេះ ព្រោះ​វា​បង្កើត​នូវ​សន្ដិភាព និងសាមគ្គីភាព ។

ប៉ុន្ដែ​កា​រកំ​ឡាយ​ពី​ខ្លឹមសារ​បុណ្យ​នេះ​ទៅ ជា​​ថ្ងៃ​បុណ្យ​សង្សារ​មិន​មាន​ន័យ​គ្រប់គ្រាន់ នោះ​ទេ ហើយ​ពិត​ណាស់​វា​បាន​ប្រាសចាក​ពីទំនៀម​ទំលាប់​ខ្មែរ​ដែល​បាន​ចាត់​ទុក​ថា ម្ដាយទុក​ឪពុក​ដាក់ ។ ការ​យល់​បែប​នេះ​យុវវ័យមួ​ួ​យ​ចំនួន​ពិតជា​ចោទ​ថា ជា​គំនិត​អភិរក្សចាស់​គំ​រិល ឬ​ជា​តម្រា​នំ​មិនធំ​ជាង​នាឡិ និងហួស​សម័យ​សំរាប់​បច្ចុប្បន្ន ។ ទោះបីជា​បែបណា​មិត្ដភក្ដិ គឺ​សំខាន់​ណាស់​មិន​ថា​ស្រី ឬ​ប្រុសទេ ហើយ​និយម​ន័យ​នៃ​ការ​ស្រលាញ់​មានភាព​ទូលំទូលាយ​ណាស់​មិន​មែន​​ត្រឹមតែ​ជាស្នេហា​រវាង​បុរស នារី​នោះ​ទេ ។ អ្វី​ដែល​ចង់ឱ្យ​គ្រប់​គ្នា​លើក​ស្ទួយ​តំលៃ​នៃ​ថ្ងៃ​បុណ្យ​​នៃ​ក្ដីស្រលាញ់ គឺ​ត្រូវ​តែ​យល់​ន័យ និង​ប្រវត្ដិ​នៃ​ការធ្វើ​ពិធីបុណ្យ​នេះ​ដែល​នៅ​លើ​ពិភព​លោកតែង​ប្រារឰ​ធ្វើ​នៅ​ថ្ងៃ​១៤ កុម្ភៈ ដែល​ក្នុង​នោះនៅ​កម្ពុជា​ក៏​បាន​ទទួលយក​ពិធីបុណ្យ​នេះ​រួច ទៅ​ហើយ​ដែរ ពិសេស​គឺ​ស្រទាប់​យុវវ័យ ។ ខាង​ក្រោម​នេះ​គឺជា​អត្ថន័យ​ថ្ងៃ​បុណ្យ​នៃ​ក្ដីស្រលាញ់​ដែល​បាន​ស្រាវជ្រាវ​ដោយ​លោក​ឌិ​ត សុធី ។

នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ រៀង​រាល់​ឆ្នាំ​នៅ​បស្ចិម ប្រទេស ជា​ពិសេស​បណ្ដា​ប្រទេស ឬ​ប្រជាជន មាន​ជំនឿ​លើ​គ្រឹ​ស្ដ​សាសនា​តែងតែ​ឈប់សំរាក​ដើម្បី​ប្រារឰ​ពិធីបុណ្យ​នៃ​ក្ដី​ស្រលាញ់ដែល​ភាសា​អង់គ្លេស​ហៅ​ថា Valentine’s Day ។ ឱ្យ​តែ​មក​ដល់​ថ្ងៃនេះ មនុស្ស​ដែលមាន​ដៃគូ​ស្នេហា​តែងតែ​បញ្ជាក់​ពី​មនោស​ញ្ចេ​ត​នា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយមនុស្ស​ម្នា​ទាំងឡាយ​ផ្សេង​ទៀត​បាន​ផ្ញើ​លិខិតវ៉ា​ឡេ​ទី​ន (​សេចក្ដី​ស្រលាញ់​)​ទៅ​ឱ្យ​មនុស្សដែល​ខ្លួន​ចង់​ប្រគល់​ឱ្យ ឬ​ក៏​ផ្ដល់​ស្ករ​គ្រាប់​ដ៏មាន​រសជាតិ​ទៅ​ឱ្យ​មនុស្ស​ជាទី​ស្រលាញ់ របស់​ខ្លួន ។ ជា​ទូទៅ​ថ្ងៃនេះ​មាន​អត្ថន័យណាស់​ក្នុង​ការ​ជូន​ផ្កា​ទៅ​ឱ្យ​នរណា​ម្នាក់ ។ ដូច្នេះ​វា​ជា​ពិធីបុណ្យ​ប្រពៃណី​ដ៏​សំខាន់​របស់ពួក​អឺរ៉ុប និង​ប្រទេស ឬ​ប្រជាជន​គោរព​គ្រឹ​ស្ដសាសនា ។ សព្វ​ថ្ងៃនេះ​សូ​ម្បី​តែ​ប្រទេសកម្ពុជា ពិធីបុណ្យ​នេះ​ហាក់ដូចជា​មាន​ប្រជាប្រិយភាព​ណាស់​នៅ​ក្នុង​ចំណោម​ស្រទាប់​យុវវ័យ​នៅ​តាម​ទីក្រុង ។ តើ​លោក​អ្នក​បានដឹងអ្វីខ្លះ​ទាក់ទង​ទៅ​នឹង​ពិធីបុណ្យ​នៃ​សេចក្ដីស្រលាញ់​នេះ ?

ទាក់ទង​ទៅ​នឹង​ពិធីបុណ្យ​នៃ​ក្ដី​ស្រលាញ់នេះ​មាន​មតិ​លេចឡើង​ខុស​ៗ​គ្នា​ជា​ច្រើន ​។ តាម​អ្នក ឯកទេស​មួយ​ចំនួន​បាន​លើក​ឡើង​ថា ពិធីបុណ្យ​នេះ​មាន​ប្រភព​ចេញពី​លោក​សាំង វ៉ា​ឡេ​ទី​ន (​Saint Valentine​) គឺជា​ជនជាតិរ៉ូ​ម​មួយ​រូប​ដែល​បាន​ទទួល​រង​ទុក្ខទោសដោយសារ​តែ​លោក​មិន​ព្រម​លះបង់​ចោលភាព​ជា​គ្រឹ​ស្ដ​សាស និក ។ លោក​សាំង វ៉ា​ឡេទី​ន បាន​បាត់បង់​ជីវិត​នៅ​ចំ​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ២៦៩ នៃ​គ្រឹ​ស្ដ​សករាជ គឺ​ត្រូវ​នឹង​ថ្ងៃ​ដែល​ជនជាតិ​រ៉ូ​ម​ប្រារឰ​ពិធី​រំលឹក​ដល់​ទេពធីតា​ហ្សូ​ណូដែល​ជា​ទេពធីតា​តំណាង​ស្ដ្រី និង​ចំណងអាពាហ៍ពិពាហ៍ ។ តាម​រឿងព្រេង​ក៏​បាន និយាយ​ដែរ​ថា លោក​វ៉ា​ឡេ​ទី​ន គឺជា​បព្វជិត ជន ជាតិ​រ៉ូ​ម​នៅ​អំឡុង​សតវត្សរ៍​ទី​៣​នៃ​គ្រឹ​ស្ដសក
រាជ ។ នៅ​ពេល​នោះ​ចក្រភព​រ៉ូ​ម​ស្ថិត នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ​ចៅ​អធិរាជក្លូ​ឌី​យូ​ស​ទី​២​ដែល​មិន​បាន​ទទួល​ការ​គាំទ្រ​ពីប្រជារាស្ដ្រ​ឡើយ ។ លោក​វ៉ា​ឡេ​ទី​ន ក៏​ដូច មនុស្ស​ម្នា​ជា​ច្រើន​ទៀត​ដែរ មិន​ពេញចិត្ដ​នឹង របប​គ្រប់គ្រង​របស់​ព្រះ​ចៅ​អធិរាជ​ក្លូ​ឌី​យូ​ស​ទី​២​ទេ ពីព្រោះ​គេ​ចាត់​ទុក​ថា របប​គ្រប់គ្រងរបស់​ព្រះ​ចៅ​អធិរាជ​ក្លូ​ឌី​យូ​ស​ទី​២​ពោរពេញទៅ​ដោយ​ភាព​ឃោរឃៅ និង​ការ​បង្ហូរឈាម​។

ព្រះ​ចៅ​អធិរាជ​ក្លូ​ឌី​យូ​ស​ទី​២​ចង់​រៀបចំ​ឱ្យ មានកំ​លាំង​ទ័ព​ដ៏​ធំ​មួយ ។ ហេតុនេះ​ទ្រង់ សង្ឃឹម ថា បុរស​ជនជាតិ​រ៉ូ​ម​នឹង​ស្ម័គ្រចិត្ដ​ចូលបំរើកង ទ័ព ។ ការ​រំពឹង​ទុក​របស់​ទ្រង់​មិន​សមដូច​ព្រះ រាជ​បំណង​ឡើយ ពីព្រោះ​មនុស្ស​ប្រុសយ៉ាង ច្រើន​មិន​ចង់​ធ្វើសង្គ្រាម​ឡើយ ដោយហេតុ​ថា ពួក​គេ​មិន​ចង់​ចាក​ចេញពី​ប្រពន្ធ​កូន គ្រួសារ និង​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ​។ ដោយហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ព្រះ​ចៅអធិរាជ​ក្លូ​ឌី​យូ​ស​ទី​២​ខឹងសម្បា​យ៉ាង​ខ្លាំង និងនាំ​ឱ្យ​ទ្រង់​ឈាន​ទៅ​មាន គំនិត​ឆ្កួត​ៗគឺ​ការបង្កើត​ច្បាប់​មិន​អនុញាត​ឱ្យ​មាន​អា​ពា​ហ៍ពិពាហ៍​តទៅ​ទៀត​ឡើយ ។ មនុស្ស​ម្នា​ទាំងឡាយ​យល់​ឃើញ​ថា ច្បាប់​ថ្មី​របស់​ព្រះ​ចៅ អធិរាជ​ក្លូ​ឌី​យូ​ស​ទី​២មាន​ភាព​ឃោរឃៅណាស់ ហើយ​ពួក​គេ​យល់​ថា ច្បាប់​នេះ​មិនសម​ហេតុ ផល​ឡើយ ។ ហេតុនេះ​ប្រជាជន មិន​គាំទ្រ​ដល់​ច្បាប់​នេះ​ឡើយ ។ ច្បាប់​នេះ មិន​អនុញាត​ឱ្យ​មាន​អាពាហ៍ពិពាហ៍​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​លោក​សាំង វ៉ា​ឡេ​ទី​ន ដែល​ជាបព្វជិត​បាន​ជួយ​រៀប​មង្គលការ​ឱ្យ​គូ​ស្វាមីភរិយា​ជា​ច្រើន​គូ​ដោយ​ស្ងាត់​ៗ ។ ចូរ​អ្នក​នឹងស្រមៃ​មើល​ពិធី​មង្គលការ​មួយ​ដែល​ធ្លាប់តែអ៊ូរ​អរ​អធិកអធម បែរជា​ត្រូវ ធ្វើ​ដោយ​លួចលាក់​នៅ​ក្នុង​បន្ទប់​តូច​មួយ​ដែល​មាន​តែ​កូនកំលោះ កូនក្រមុំ និង​បព្វជិត​សាំង​វ៉ា​ឡេ​ទី​ន និង​ក្រោម​ពន្លឺ​ភ្លើងទៀន​តូច​មួយ​ប៉ុណ្ណោះ និងត្រូវ​បួងសួង​ក្នុង​សំលេង​ស្ងាត់​ៗ ហើយ​ក្នុង ខណៈ​ពេល​ដែល​មាន​សំ​រឹប​ជើង​ពួក​កងទ័ពចូល​មក តើ​លោក​អ្នកមាន​អារម្មណ៍​បែបណា? នេះ​ពិតជា​គួរ​ឱ្យ​ភ័យ​ខ្លាច​មែន​។

លោក​សាំង វ៉ា​ឡេ​ទី​ន បាន​ជួយ​រៀបចំ មង្គលការ​ឱ្យ​គូ​ស្វាមីភរិយា​ជា​ច្រើន​គូ ។ តែនៅ​យប់​មួយ​ខណៈ​ពេល​លោក​កំពុង​តែ​រៀបចំ​មង្គល ការ​ឱ្យ​គូ​ស្វាមីភរិយា​មួយគូ​ស្រាប់តែពេល​នោះ​លោក​ឮ​សូរ​សំលេង​ជើង​របស់ទាហាន​ចូល​មក ។ គូ​ស្វាមីភរិយា​ថ្មី​នោះ​ត្រូវបាន​លោក​សាំង វ៉ា​ឡេ​ទី​នជួយ​ឱ្យ​គេចខ្លួន​ផុតពី​ការ​តាម​ចាប់​របស់​ទាហាន ។ តែ​ផ្ទុយ​ទៅវិញ​ខ្លួន​លោក​ផ្ទាល់​ត្រូវ​បាន​ទាហាន​ចាប់ខ្លួន ហើយ​បញ្ជូន​គាត់​ចូល​ក្នុង​ពន្ធនាគារ​ ។ ទាហានទាំងនោះ​បាន​ប្រាប់​គាត់​ថា ទោស​កំហុស​របស់គាត់​នឹង​ត្រូវ​ប្រហារជីវិត ។ បើ​ទោះបី​លោករស់នៅ​ក្នុង​គុក​ក៏​ដោយ ប៉ុន្ដែ​លោក​សាំងវ៉ា ឡេ​នទី​ន បាន​ព្យាយាម​ធ្វើ​ឱ្យ​ជីវិត​មាន​ភាពរីករាយ មិនតែប៉ុណ្ណោះ​មាន​មនុស្ស​ជា​ច្រើនបាន​ចូល​មក​សួរសុខទុក្ខ​គាត់​នៅ​ក្នុង​គុក​ទៀតផង ។ មនុស្ស​ម្នា​ទាំងនោះ​បាន​យក​ផ្កា និង សំបុត្រ​មក​ដាក់​នៅ​តាម​មាត់​បង្អួច​ក្នុង​បន្ទប់គុក​របស់​គាត់ ។ ពួក​គេ​ទាំងនោះ​សុទ្ធតែ​ចង់បញ្ជាក់​ថា ពួក​គេ​ក៏​មាន​មនោសញ្ចេតនា​ដែរ ហើយ​
ពួក​គេ​ស្រលាញ់​លោក​សាំង វ៉ា​ឡេ​ទី​ន ខ្លាំង​ណាស់ ។ ក្នុង​ចំណោម​អ្នក​មក​សួរ​សុខទុក្ខ​គាត់​ក៏​មាន​នារី​ម្នាក់​ដែរ ដែល​ជា​កូន​របស់ឆ្មាំ​យាមគុក ។ ឪពុក​របស់​នារី​ម្នាក់​នោះ​បានអនុញាត​ឱ្យ​នាង​ចូល​ទៅ​មើល​លោក​សាំង វ៉ាឡេ​ទី​ន នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ដោយ​ផ្ទាល់ ។  ជួនកាល​អ្នក​ទាំង​ពីរ​បាន​អង្គុយ​ជជែក​គ្នា​រាប់ម៉ោង​ទៀត​ផង។ នារី​ម្នាក់​នេះ​បាន​ជួយ​ធ្វើ​ឱ្យលោក​សាំង វ៉ា​ឡេ​ទី​ន មាន​ស្មារតី​រឹងប៉ឹង​ឡើង ហើយ​នាង​យល់​ឃើញ​ថា ទ​ង្វើ​របស់​លោក​ជាទ​ង្វើ​ត្រឹមត្រូវ​ដែល​ហ៊ាន​ប្រឆាំង​នឹង​ព្រះ​ចៅអធិរាជក្លូ​ឌី​យូ​ស​ទី​២ និង​បាន​ជួយ​រៀប​មង្គលការ​ស្ងាត់​ៗ​ឱ្យ​មនុស្ស​ទាំងឡាយ ។ នៅ​ថ្ងៃដែល​លោក​សាំង វ៉ា​ឡេ​ទី​ន ទទួលមរណភាពគាត់​បាន​បន្សល់​ទុក​សំបុត្រ​មួយ​សន្លឹក​សំរាប់មិត្ដ​របស់​គាត់ គឺ​នារី​ម្នាក់​ដែល​ជា​កូន​ឆ្មាំ​យាមគុក ។ លោក​បាន​សរសេរ​នៅ​លើ​សំបុត្រ​នោះថា «សេចក្ដី​ស្នេហា​ពី​មនុស្ស​ជាទី​ស្រលាញ់» ។

ក្រោយ​មរណភាព​របស់​លោក​សាំង វ៉ាឡេ​ទី​ន ពាក្យ​នៅ​ក្នុង​សំបុត្រ​នោះ​ត្រូវ​បាន​គេចាត់​ទុក ជា​លិខិត​ស្នេហា​សំរាប់​ផ្ញើ​ទៅ​ឱ្យមនុស្ស​ជាទី​ស្រលាញ់​នៅ​ក្នុង​ថ្ងៃ​បុណ្យ​នៃសេចក្ដី​ស្រលាញ់​នេះ។ លោក​សាំង វ៉ា​ឡេ​ទី​ន បាន​ទទួល​មរណភាព នៅ​ចំ​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ២៦៩ នៃ​គ្រឹ​ស្ដ​សករាជ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​សង្គម​រ៉ូ​ម​បុរាណ ប្រជាពលរដ្ឋ​តែងតែ​ឈប់​សំរាក​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ដើម្បី​ប្រារឰ​ពិធីបុណ្យ​រំលឹក​ដល់​ទេពធីតា​ហ្សូ​ណូ​ដែល​ជា​ទេពធីតា​តំណាង​ឱ្យ​ស្ដ្រី និង​ចំណង​អាពាហ៍ពិពាហ៍ ។ នៅ​ក្នុង​ពិធីបុណ្យ គេ​បាន​សរសេរ​ឈ្មោះ​ក្មេង​ស្រី​ក្រមុំ​នៅលើ​ក្រដាស​តូច​មួយ រួច​ហើយ​ដាក់​ក្នុង​ក្អមមួយ ។ បន្ទាប់​មក​គេ​ឱ្យ​ក្មេង​ប្រុស​កំលោះចូល​ទៅ​ចាប់​ឈ្មោះ​ក្មេង​ស្រី​ក្រមុំ​នៅ​ក្នុង​ក្អមនោះ ។ បើ​ចាប់​បាន​ឈ្មោះ​នារី​ក្រមុំ​ណាមួយក្មេង​កំលោះ​ម្នាក់​នោះ​ត្រូវ​ចាប់​ដៃគូ​ជាមួយនារី​ក្រមុំ​ម្នាក់​នោះ​នៅ​ក្នុង​ពិធីបុណ្យ​នេះ ។ នេះ​ជា​ពិធី​ដើម្បី​ធ្វើ​ឱ្យ​ក្រមុំ​កំលោះ​លួច​ប្រ​តិព័ទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក និង​ឈាន​ទៅ​មានអាពាហ៍ពិពាហ៍ ។ ក្រោយ​ពី​លោក​សាំង វ៉ាឡេ​ទី​ន ទទួលមរណភាព​ទៅ​គណៈ​គ្រប់គ្រង វិហារ​គ្រឹ​ស្ដ​សាសនា​នៅ​ទីក្រុង​រ៉ូ​ម​ដំបូង​បានខិត​ខំ​ប្រឹងប្រែង​ដើម្បី​យក​ថ្ងៃ​ទី​១៤ កុម្ភៈ ដាក់​ជា​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​ដើម្បី​ជាកិត្ដិយស​រំលឹក​ដល់​លោក​សាំង វ៉ា​ឡេ​ទី​ន ។ ដូចនេះ​ប្រពៃណី​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់បាន​ចាប់ផ្ដើម​មាន​តាំង​ពី​សម័យ​ចក្រភព​រ៉ូ​មបុរាណ​មក​ម្លេ៉ះដោយ​គ្រាន់​តែ​ពី​មុន​មរណភាព​របស់​លោក​សាំង វ៉ា​ឡេ​ទី​ន គេ​ធ្វើ​ពិធីបុណ្យ​នេះ​ដើម្បី​រំលឹក​ដល់​ទេពធីតា​ហ្សូ​ណូ និងក្រោយមក​បាន​ក្លាយទៅជាValentine’s Day ។

រីឯ​ការ​ប្រារឰ​ពិធីបុណ្យ​ត្រូវ​បាន​រៀបចំ​ធ្វើ ខុស​ប្លែក​ៗ​ពី​គ្នា​ទៅ​តាម​ប្រទេស​នីមួយ​ៗ​ ។ ជា ឧទាហរណ៍​នៅ​ប្រទេស​អង់គ្លេស​កាលពី​ប៉ុន្មាន រយ​ឆ្នាំ​មុន គេ​បាន​ស្លៀកពាក់​ឱ្យ​កូន​ក្មេងតូច​ៗ​ឱ្យ​ដូច​មនុស្ស​ជំទង់​យ៉ាង​ដូច្នេះ​ដែរ ក្នុងឱកាស​ពិធីបុណ្យ​នៃ​សេចក្ដី​ស្រលាញ់​នេះ​។ ពួកក្មេង​ទាំង​អស់នោះ​បាន​ចេញ​ទៅ​ដើរច្រៀង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នូវ​ចំរៀង​មួយបទ​ដែល​មាន​ទំនុក​ថា «Good morning to you, Valentine, Girl your locks as I do mine... Two before and three behind. Good morning to you, Valentine.​» ​។ រីឯនៅ​ប្រទេស​វែ​ល​វិញ គេ​បាន​ឆ្លាក់​ពាក្យ «Love» នៅ​លើ​ស្លាបព្រា​ឈើ បន្ទាប់​មក​គេបាន​យក​ស្លាបព្រា​ឈើ​នោះ​ប្រគល់​ឱ្យ​មនុស្ស​ជាទី​ស្រលាញ់​ទុកជា​អំណោយ​សំរាប់​ថ្ងៃ​ទី​១៤ កុម្ភៈ ។ រូបភាព «បេះដូង កូនសោ និង​រន្ធសោ» គឺជា​រូបភាព​ដ៏​គួរ​ឱ្យ​ចូល​ចិត្ដ​ដែល​ត្រូវបាន​គេ​ឆ្លាក់​នៅ​លើ​ស្លាបព្រាដែល​នេះ​មាន ន័យ​ថា «អ្នក​មិន​ចាក់សោ​បេះដូង​នោះឡើយ»។

នៅ​ម​ជ្ឈឹ​ម​សម័យ​គេ​ឱ្យ​យុវជន និង​យុវតី ចាប់​យកឈ្មោះ​ពី​ក្នុង​ចាន​មួយ​ដើម្បី​រក​មើលថា តើ​នរណា​ជា​មនុស្ស​ជាទី​ស្រលាញ់​របស់ពួក​គេ ។ ពួក​គេ​ត្រូវ​ដាក់​ឈ្មោះ​នេះ​នៅ​លើដៃ​អាវ​ក្នុង​រយៈ​ពេល​មួយ​សបា្ដហ៍ ។ ការបំពាក់​រូបភាព​បេះដូង​នៅ​លើ​ដៃ​អាវ​របស់យុវវ័យ​សព្វ​ថ្ងៃនេះ​មាន​ន័យ​ថា ដើម្បី​ផ្ដល់ភាព​ងាយស្រួល​ដល់​មនុស្ស​ដទៃ​ស្វែង​យល់​ពីអារម្មណ៍​របស់​គេ​ថា តើ​គេ​កំពុង​មានអារម្មណ៍​បែប​ណា? ចំណែក​នៅ​តាម​ប្រទេសមួយ​ចំនួន​ក្មេង​ស្រី​ក្រមុំ​ៗ​តែងតែ​ទទួល​បានអំណោយ​សំលៀក​បំពាក់​ពី​មនុស្ស​ប្រុស​ណា ម្នាក់ ។ប្រសិនបើ​នារី​ម្នាក់​នោះ​រក្សា​ទុកអំណោយ​​​សំលៀក​បំពាក់​នេះ នោះ​មាន​ន័យថា នាង​នឹង​យល់ព្រម​រៀប​ការ​ជាមួយ​បុរសម្នាក់​នោះ។ កៅអី​​ស្នេហា គឺជា​កៅអី​ដ៏​ធំមួយ​ដែល​ដំបូង​ឡើយ គេ​ផលិត​ឡើង​សំរាប់ឱ្យ​នារី​ស្លៀកពាក់​សំលៀក​បំពាក់​ធំ​អង្គុយ ។ តែ​វេលា​ក្រោយមក កៅអី​ស្នេហា​ត្រូវ​បានផលិត​ឡើង​បែងចែក​ជា​ពីរ​ផ្នែក​ក្នុង​ទំរង់​ជាអក្សរ «​S»​​។ កៅអី​នេះ​អាច​ឱ្យ​គូស្នេហ៍​អង្គុយជាមួយ​គ្នា​បានតែ​មិនមែន​អង្គុយ​កៀក​គ្នាពេក​នោះ​ឡើយ ។ ក្រៅពី​នេះ​នៅ​មាន​ជំនឿមួយទៀត គឺ​តំរូវ​ឱ្យ​លោក​រក​នឹក​ឈ្មោះ មនុស្ស​ប្រុស​ស្រី​ចំនួន​ប្រាំ​ទៅ​ប្រាំមួយ​នាក់ដែល​លោក​អ្នកមាន​បំណង​ចង់​រៀប​ការជាមួយ។ បន្ទាប់​មក​គេ​តំរូវ​ឱ្យ​លោក​អ្នក​មូលមែក​ដើម​ប៉ម​ជ្រុះ​អស់ ។ លោក​អ្នក​នឹង​ត្រូវរៀប​ការ​ជាមួយ​មនុស្ស​ដែល​លោក​អ្នក​សូត្រ នៅ​ពេល​ដែល​មែក​ប៉ម​ជ្រុះ​អស់ ។ ជំនឿ​មួយទៀត​ទៅ​លើ​ផ្លែ​ប៉ម​គឺថា ប្រសិនបើ​លោក​អ្នកពុះ​ច្រៀក​ផ្លែ​ប៉ម​ជា​ពីរ​ពាក់កណ្ដាល ហើយចាប់ផ្ដើម​រាប់​គ្រាប់​ប៉ម​នៅ​ខាងក្នុង​ផ្លែ​ប៉មនោះ​លោក​អ្នក​នឹង​ដឹង​ថា លោក​អ្នក​នឹង​មានកូន​ស្មើ​ចំនួន​គ្រាប់​ផ្លែ​ប៉ម ។

មួយវិញទៀតថ្ងៃ​ទី​១៤ កុម្ភៈ គឺជា​ថ្ងៃ​ដ៏ ពិសេស និង​មាន​អត្ថន័យ​ណាស់​ក្នុង​ការ​ជូន​ផ្កា កុលាប​ទៅ​ឱ្យ​មនុស្ស​ណា​ម្នាក់ ។ ផ្កា​កុលាប មាន​​​ច្រើន​ពណ៌ និង​មាន​អត្ថន័យ​រៀង​ៗ​ខ្លួនទៅ​តាម​ពណ៌​នីមួយ​ៗ ។ តើ​លោក​អ្នក​កំពុងត្រៀម​ជូន​ផ្កា​កុលាប​ទៅ​ឱ្យ​មនុស្ស​ជាទីស្រលាញ់​ណា​ម្នាក់​មែន​ឬទេ?តើ​លោកអ្នកមាន​ដឹង​អំពី​អត្ថន័យ​របស់​ផ្កា​កុលាប​ដែល​លោក​អ្នក​បំរុង​នឹង​ជូន​នោះ​ហើយ​ឬ​នៅ? បើមិន​ទាន់​ដឹង​ទេ ចូរ​ស្វែង​យល់​ជាមួយ​យើងខ្ញុំ​ ។ បើ​លោក​អ្នក​ជូន​ផ្កា​កុលាប​ពណ៌​ក្រហម​មានន័យ​ថា លោក​អ្នក​កំពុង​ប្រកាស​ថា «ខ្ញុំស្រលាញ់​អ្នក ឬ​បង​ស្រលាញ់​អូន ឬ​អូន ស្រលាញ់​បង»​។ ជា​ទូទៅ​ផ្កា​កុលាប​ពណ៌​នេះ តំណាង​ឱ្យ​សេចក្ដី​ស្នេហា​បែប​មនោសញ្ចេតនា និង​ស្ថិតស្ថេរ​ឥត​ប្រែប្រួល ។ ចំណែក​កុលាប ពណ៌​លឿង​មាន​ន័យ​ថា​លោក​អ្នក​ចង់​បញ្ជាក់​ពី​មិត្ដភាព និង​សេរីភាព ដូច្នេះ​លោក​អ្នក​មិនគួរ​ប្រគល់​ផ្កា​កុលាប​ពណ៌​លឿង​នេះ​ទៅ​ឱ្យមនុស្ស​ដែល​លោក​អ្នក​ស្រលាញ់ និង​ចង់​រស់នៅ​ជាមួយ​គេ​នោះ​ឡើយ​។ ប៉ុន្ដែ​ផ្កា​កុលាបពណ៌​លឿង​នេះ​មាន​តំលៃ​ណាស់​សំរាប់​ផ្ញើ​ជូនដើម្បី​អប​អរ​សាទរ​ដល់​អ្នក​ទើប​រៀប​ការថ្មីថ្មោងអ្នក​ទើប​បញ្ចប់​ការ​សិក្សា មិត្ដភក្ដិ និង​អ្នក​ម្ដាយ​ថ្មី ។ រីឯ​កុលាប​ពណ៌​ផ្កាឈូក គឺ​គេ​ប្រើ​សំរាប់​បញ្ជាក់​ពី​ភាព​រម្យទម សុភាពរាបសា និង​ការ​ដឹងគុណ តែ​ចំពោះ​ផ្កា​កុលាបពណ៌​ផ្កាឈូក​ស្រាល​ព្រាល​ៗ​វិញ គឺ​បញ្ជាក់​ពីភាព​សប្បាយ​រីករាយ និង​សុភ​មង្គល ។ ចំណែកឯ​ផ្កា​កុលាប​ពណ៌​ផ្កាឈូក​ឆ្អៅ គឺ​​ចង់ថ្លែង «​អំណរ​គុណ»ឬ  «​អរគុណ» ​ចំពោះ​នរណាម្នាក់ ។ ចំពោះ​ផ្កា​កុលាប​ពណ៌​ស​តំណាង​ឱ្យទំនុកចិត្ដ និង​ទឹកចិត្ដ​បរិសុទ្ធ ។ តែបើ​លោក អ្នក​ដាក់​ផ្កា​កុលាប​ចំរុះ​ពណ៌​គ្នា​មាន​ន័យ​ថា «​សូម​ខំប្រឹង​តស៊ូ​ឡើង» ហើយ​បើ​លោក​អ្នកដាក់​ផ្កា​កុលាប​ពណ៌​ស​បញ្ចូល​ជាមួយ​ផ្កាកុលាប​ពណ៌​លឿង​​នោះ​បញ្ជាក់​អំពី​ភាព​ចុះសំរុង​គ្នា ។ តើ​លោក​​អ្នក​សំរេចចិត្ដ​បាន​ហើយ ឬ​នៅ​?

ណាត់​ជួប​សង្សារ​ផ្តោះផ្តង​វាចា​«អូន​ស្នេហ៍​តែ​បង»

Posted: 13 Feb 2011 08:35 PM PST

ស្នេហា​យុវវ័យ​គេច​សាលា
ស្នេហា​យុវវ័យ​គេច​សាលា
ឋានសុខបង និងអូន មិនខ្វល់ពីអ្នកថតឡើយ
ឋានសុខបង និងអូន មិនខ្វល់ពីអ្នកថតឡើយ

ក្រុង​​ប៉ោយ​ប៉ែត ៖ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​បស្ចិម​​ប្រទេស​ក៏​ដូចជាប្រទេស​មួយ​​ចំនួន​នៅ​អាស៊ី​​ផង​ដែរ បាន​សាទរថ្ងៃ​នៃ​ក្តី​ស្រលាញ់​​​​១៤ កុម្ភៈ ប៉ុន្តែ​យុវ​វ័យ​មួយចំនួន​កំពុង​តែ​យក​ថ្ងៃ​នេះ​ធ្វើ​ជា​ថ្ងៃ​ដែល​​បំរើ​ឱ្យ​​សេច​ក្តី​ស្នេហា​​​​ភ្លើត​ភ្លើន​ក្នុង​​កាមារម្មណ៍​​ទៅ​វិញ ។ កោះ​សន្តិ​ភាព​សូម​បង្ហាញ​​រូប​ថត​គូ​ស្នេហ៍​យុវ​វ័យ​មួយ​គូ​នេះ​ដោយ​មិន​បង្ហាញ​អត្ត​​សញ្ញាណ​ទេ ដើម្បី​រក្សា​ភាព​ថ្លៃ​ថ្នូរ​របស់​បុគ្គ​ល​ ទោះ​បី​ជា​ពួក​គេ​មិន​ស្គាល់​តំលៃ​សំរាប់​អនាគត​របស់​ខ្លួន​ក៏​ដោយ។

ពិត​ណាស់​ថា ការ​ស្រលាញ់​​ក្នុង​មន្ត​ស្នេហ៍​​​វា​ជា​ច្បាប់​ធម្ម​ជាតិ​មិន​ថា ​មនុស្ស ​ឬ​សត្វ​ ​ពិសេស​​រវាង​ប្រុស និង​ស្រី ប៉ុន្តែ​​សង្គម​​មនុស្ស​​មាន​ច្បាប់​ទំលាប់​​និង​ប្រពៃណី​ត្រឹម​ត្រូវ មិន​ធ្វើ​បែប​សត្វ​បាន​នោះ​ទេ ​ហើយ​ក៏​មិន​មែន​​ភ្លើត​ភ្លើន​​តាម​តែ​អំពើ​ចិត្ត​ទាំង​វ័យ​​នៅ​សិក្សា ឬ​មិន​​ទាន់​គ្រប់​អាយុ​​កាល​នោះ​ដែរ ។ ជាក់​ស្តែង​នៅ​ម្តុំ​ដើម​ស្រល់​ក្នុង​ទឹក​ដី​កាស៊ី​ណូ​មួយ​ នៅ​ក្រុង​ប៉ោយ​ប៉ែត ​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទីព្រឹក ​ថ្ងៃ​ទី​១១​ កុម្ភៈ គេ​ឃើញ​​យុវ​សិស្ស​២​នាក់ ​ដែល​គេច​សាលា​បាន​ធ្វើ​​ខុស​ពី​គន្លង​ប្រពៃណី និង​រំលោភ​​លើ​សេច​ក្តី​ទុក​ចិត្ត​​របស់​ឪពុក​ម្តាយ​​​ដោយ​​ពួក​គេ​នាំគ្នា​​ទៅ​​ឱប​​រឹត​កៀក​កើយ​គ្នា​យា៉ង​ផ្អែម​​ត្រជាក់​​ទាំង​សំលៀក​បំពាក់​ជា​សិស្ស និង​ដេក​​​ប្រលែង​​គ្នា​​ទៀត​ផង ដោយ​បញ្ឈរ​ម៉ូតូ​​ម៉ាក Click ​​ទាំង​២​គ្រឿង និង​សំពាធ​​របស់​ពួក​គេ​នៅ​ទី​នោះ​ផង​ដែរ ។

ជុំ​វិញ​បញ្ហា​ខាង​លើ​នេះ អ្នក​ខ្លះ​​ស្តី​បន្ទោស​ទៅ​លើ​វប្ប​ធម៌​បរទេស​ដែល​​ហូរ​ចូល​មក​វាយ​លុក​ពេញ​សង្គម​​កម្ពុជា ទើប​ក្រុម​យុវ​វ័យ​បច្ចុ​ប្បន្ន​​នាំ​គ្នា​ភ្លើតភ្លើន​​​រំលោភ​ប្រពៃណី​ ហើយ​មិន​បាន​គិត​ទៅ​ដល់​ផល​ប៉ះ​ពាល់​​នៃ​អនាគត​របស់​ខ្លួន​នោះ​ទេ។ ដើម្បីរក្សា​​បាន​នូវ​តំលៃ​វប្ប​​ធម៌​​ប្រពៃណី​​ដ៏​ល្អ​ផូរ​ផង់​​របស់​ខ្មែរ ​គួរ​តែ​នាយក​សាលា​​គ្រប់​សាលា​​ និង​​អាណា​ព្យា​បាល ឬ​ឪពុ​ក​ម្តាយ មេត្តា​ធ្វើ​ការ​តាម​ដាន​​និយ័ត​ភាព​សិក្សា​​ និង​អប់រំ​​កូនៗ​ ឬ​សិស្ស​​ឱ្យ​មាន​ការ​យល់​​ដឹង ​​​ចៀស​វាង​កុំ​ឱ្យ​​ធ្លាក់​ក្នុង​រណ្តៅ​គ្រោះថ្នាក់​​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ខ្លួន​ពួក​គេ​នៅ​វ័យ​ក្មេង ។

គេ​​កត់​សំគាល់​​ថា នៅ​ម្តុំ​ដើម​ស្រល់​ក្នុង​កាស៊ីណូ​​ស្ទើរ​រៀង​​រាល់​ថ្ងៃ​ គេ​តែង​តែ​ឃើញ​មាន​​សិស្ស​សាលា​​ជា​ច្រើន​​នាក់​តែង​តែ​នាំ​គ្នា​ទៅ​លេង​ទីនោះ ប៉ុន្តែ​​ពុំ​ដឹង​ថា ពួក​គេ​គេច​​សាលា​​ ឬ​ដល់​ម៉ោង​ទំនេរ​នោះ​ទេ ។ ការ​អង្គុយ​​​លេង​តាម​ម្លប់​ដើម​ឈើ​នៅ​ទី​នោះ​បាន​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​​រិះ​គន់​ទាំង​នាយក​​សាលា​ក៏​ដូច​ជា​​​​​អាណា​ព្យា​បាល​ផង​ដែរ ។ ​មិន​មែន​មាន​តែ​នៅ​ប៉ោយ​ប៉ែត​នោះ​ទេ តាម​កន្លែង​នានា ពិសេស​​ក្នុង​រាជ​ធានី​ភ្នំពេញ ក៏​មាន​ភាព​អាវ៉ាសែ​បែប​នេះ​ដែរ ។ អ្វី​ដែល​សំខាន់​នោះ គឺ​យុវ​វ័យ​នេះ​ឯង​ដែល​គប្បី​គិត​ខ្លួន​ឯង​ថា តើ​​អ្វី​ត្រឹម​ត្រូវ​ និង​អ្វី​មិន​ត្រឹម​ត្រូវ ៕           

ប្រទះឃើញ​​គ្រាប់បែក​អំបែង​ផលិត​នៅ​​​សហភាពសូវៀត​​លើច្រាំង​​ទន្លេ​​ទីក្រុង​កោះពេជ្រ

Posted: 13 Feb 2011 08:28 PM PST

រាជធានីភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​​ធ្វើសំណង់​​​ និងអ្នក​ដំណើរ​នៅ​លើទឹកដី​ទីក្រុងកោះពេជ្រ ​បាន​ប្រទះឃើញ​​គ្រាប់បែក​​​១គ្រាប់ ពុំស្គាល់​ម៉ាក ប៉ុន្តែ​​ត្រូវបាន​​គេ​​ដឹង​ថា ​ជា​ប្រភេទ​​គ្រាប់បែក​​អំបែង មាន​ឥទ្ធិពល​​ខ្លាំង​គួរ​សម​​បង្ក​​ឱ្យ​មាន​​ការ​ភ្ញាក់ផ្អើល​​​យ៉ាងខ្លាំង​ កាលពីវេលាម៉ោង​​ជាង​​៧​​ព្រឹក ថ្ងៃទី​​​១៤ កុម្ភៈ ​​នៅលើ​​មាត់ច្រាំង​​ទន្លេ​​បា​សាក់ ប៉ែកខា​ងត្បូងនៃ​ដែន​ដីទីក្រុង​​កោះពេជ្រ ​ខណ្ឌ​ចំការមន ។​

ក្រោយ​ពី​​​រាយការណ៍​​ប្រាប់សមត្ថ​កិច្ច​​​ វេលា​ម៉ោង​​​ប្រមាណ​​​១០ព្រឹកថ្ងៃ​ដដែល ​គេឃើញ​​​មន្ត្រី​ស៊ីម៉ាក់​​ និងក្រុមអ្នកជំនាញ​​របស់ខ្លួន​បានទៅ​រៀបចំចាត់ចែង​​​យកគ្រាប់​បែកនោះ​​ទៅ​កំទេច​ចោល​រួច​រាល់​ហើយ ​។ គ្រាប់បែក​​​អំបែង​​នេះ​​ផលិត​​នៅប្រទេស​​សូវៀត​...​​សំណាង​ណាស់​​​ដែល​​​​មិនទាន់​បាន​​បង្ក​ឱ្យ​មានគ្រោះថ្នាក់​​ដល់ប្រជា​ពល​រដ្ឋ​ និងអ្នកដំណើរ​​​កំសាន្ត​ណាម្នាក់​​ពុំនោះសោត​ទេ ​នឹង​មាន​​ពាក្យ​​ពេចន៍​និយាយពីនេះ​ពីនោះ​​អំពី ទីក្រុង​​​កោះពេជ្រ​នោះ​ថែមទៀត​ ៕​

សេច​ក្តី​ប្រកាសព័ត៌​មាន របស់អង្គ​ភាព​ព័ត៌​មាន​ និង​ប្រតិ​កម្ម​រហ័ស

Posted: 13 Feb 2011 07:42 PM PST

​សេច​ក្តី​ប្រកាសព័ត៌​មាន របស់អង្គ​ភាព​ព័ត៌​មាន​ និង​ប្រតិ​កម្ម​រហ័ស
​សេច​ក្តី​ប្រកាសព័ត៌​មាន របស់អង្គ​ភាព​ព័ត៌​មាន​ និង​ប្រតិ​កម្ម​រហ័ស
​សេច​ក្តី​ប្រកាសព័ត៌​មាន របស់អង្គ​ភាព​ព័ត៌​មាន​ និង​ប្រតិ​កម្ម​រហ័ស

រាជធានីភ្នំពេញ ៖ អង្គ​ភាព​ព័ត៌​មាន​ និង​ប្រតិ​កម្ម​រហ័ស​បាន​ចេញ​សេច​ក្តី​​ថ្លែង​ការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១២​ កុម្ភៈ​ កន្លង​មក​នេះ​ ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​ក្រសួង​ការ​បរទេស​សៀម និង​​បណ្តាញ​​សារ​ព័ត៌​មាន​សៀម ​មួយ​ចំនួនដែល​​ជំទាស់​​ទៅ​នឹង​បេសក​កម្ម​របស់​មន្ត្រី​ជំនាញ​នៃ​អង្គ​​ការ​យូណេ​ស្កូ ដែល​នឹង​ធ្វើ​​បេសក​កម្ម​​នៅ​ប្រាសាទ​ព្រះ​វិហារ​ ដើម្បី​ពិនិត្យ​នូវការ​ខូច​ខាត​ពី​សំណាក់​​គ្រាប់​ផ្លោង​របស់​សៀម​ ក្នុង​សង្គ្រាម​រយៈ​ពេល​៤​ថ្ងៃ កន្លង​មក​នេះ ។

ការ​និយាយ​មិន​ចេះ​អៀន​ខ្មាស​នោះ ​គឺ​ហៅ​​ប្រាសាទ​ព្រះវិហារ​​របស់​កម្ពុជា​ជា​ប្រសាទ​មាន​ជម្លោះ ។ ខាង​ក្រោម​នេះ​គឺ​ជា​សេច​ក្តី​ថ្លែង​ការណ៍​​ទាំង​ស្រុង​ដែល​កោះ​សន្តិ​ភាព​សុំ​ពុំ​ចាំ​បាច់​ធ្វើ​អត្ថា​ធិ​ប្បាយ​បន្ថែម​ទេ និង​សូម​ថត​ចម្លង​​ចុះ​ផ្សាយ​​ដូច​​ខាង​ក្រោម​នេះ ៖

កងទ័ពអេហ្ស៊ីប​រំលាយ​សភា​និងផ្អាក​រដ្ឋធម្មនុញ្ញ

Posted: 13 Feb 2011 07:39 PM PST

ខណៈដែល​មនុស្ស​ជា​ច្រើន​ពាន់​នាក់នៅ​តែ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​លាន​ TAHRIR ​ក្រុម​ប្រឹក្សា​​ជាន់​ខ្ពស់​របស់ក​ងទ័ព​​ដែលកាន់​អំណាច​នៅ​អេ​ហ្ស៊ីប​​ប្រកាស​កាលពី​ថ្ងៃទី១៣ កុម្ភៈ ពីការ​ផ្អាក​រដ្ឋ​ធម្ម​នុញ្ញ​​ និងរំលាយ​សភា ។ ពួក​យោធា​ដែល​លោក​ហ៊ូស្នី មូបារ៉ាក់ ប្រគល់អំណាច​គ្រប់គ្រង​​ប្រទេស​ដោយ​លោកសុខចិត្ត​លា​លែង​ចេញពី​តំណែង​កាលពី​ថ្ងៃទី១១ កុម្ភៈ កន្លង​មកនេះ ​បញ្ជាក់​ថា ខ្លួន​នឹងនៅ​កាន់​អំណាច​រយៈ​ពេល​៦​ខែ ​​រហូត​ដល់​ការ​បោះ​ឆ្នោត​សភា​នាពេល​ខាងមុខ
នេះ ។
ក្នុង​សេចក្តី​ប្រកាស​មួយ​អាន​តាម​ទូរ​ទស្សន៍​​​រដ្ឋ​កង​ទ័ព​ក៏ប្រកាស​ផង​ដែរ ​ពីការបង្កើត​គណៈ កម្មា​ធិការ​មួយ​ទទួលបន្ទុក​ធ្វើ​​វិសោធនកម្ម​រដ្ឋ​ធម្ម​នុញ្ញ ហើយ​ការ​ធ្វើ​វិសោធនកម្ម​នេះនឹងត្រូវឆ្លង​កាត់​តាមរយៈ​ការបោះប្រជា​មតិមួយ ។
មនុស្សជា​ច្រើ​ពាន់នាក់​កាលពី​ទី១៣​ កុម្ភៈ ​បានវិល​មក​កាន់​ទីលាន TAHRIR នៃទីក្រុង​គែរ ទៀត​ដោយ​នៅទីលាន​នោះ​កងទ័ព​​ប៉ុនប៉ង​​បំបែក​​ពួក​​បាតុ​ករ​ដែល​​ក្រាញ​នៅកាន់​កាប់រង្វង់​មូល​នៃ​ទីលាន​នោះ​ជាចំណុច​កណ្តាល​​នៃបដិវត្ត​ន៍​រហូត​​ដល់​កង​ទ័ពគោរព​ការ​សន្យា​ទាំង​ឡាយ​របស់​
ខ្លួន ។​ ដោយ​ឡែក​របស់​របរ​ដ៏​មានតំលៃ​​បំផុត​​ចំនួន៨​មុខ ត្រូវ​បាន​គេ​លួច​​​យក​បាត់​ពី​សារ​
មន្ទី​រ​​​ក្រុងគែរ ។ ​ប្រមុខ​ផ្នែក​វត្ថុបុរាណ​អេ​ហ្ស៊ីប​លោកហ្សា​ហ៊ី ហាវ៉ាស រាយ​ការណ៍​​កាល​ពី​ថ្ងៃទី​១៣ កុម្ភៈ ថា របស់មានតំលៃ​មិន​អាច​កាត់​ថ្លៃ​បានចំនួន​៨មុខ​ត្រូវគេ​លួច​យកបាត់ ។​ ការ​លួច​បាត់នេះ​​ត្រូវបានរកឃើញ​ពេល​ធ្វើការ​ត្រួត​ពិនិត្យ​មួយដោយ​បុគ្គ​លិកសារ​មន្ទីរ​​​ក្រោយពី​ពួក​ជន​មិនស្គាល់​មុខ​អាចលុក​ចូល​ក្នុងអគារ​សារ​មន្ទីរ​​នេះ​កាលពីថ្ងៃទី២៨ មករា​កន្លង​មកនេះ នៅខាង​ក្រៅ​​​​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ។ ក្នុង​ចំណោម​​របស់របរ​ដែលលួច​បាត់​ក៏មានរូបចម្លាក់​ពី​ឈើ​ពាស​ដោយ​មាស​ជា​រូបចម្លាក់​ស្តេច​សតវត្ស​ទី១៨ ​និងរូបចម្លាក់​ប្រហាក់ប្រហែល​គ្នានេះ​មួយ​ទៀត៕

ក្រុមប្រឹក្សា​​​សន្តិសុខ​​អង្គការ​សហប្រជា​ជាតិ​​​​បានចាប់ផ្តើម​​បើកកិច្ច​​ប្រជុំ​​​ស្តីពី​បញ្ហា​​កម្ពុជា​-ថៃ ខណៈ​ទាហានសៀម​នៅ​តែ គប់​គ្រាប់បែក​ដាក់ខ្សែ​ត្រៀម​​​ទាហានកម្ពុជា

Posted: 13 Feb 2011 07:25 PM PST

​កិច្ចប្រជុំ​ពិភាក្សា​ដោះស្រាយ​​បញ្ហា​សៀម​ឈ្លានពាន​​​កម្ពុជា​ត្រូវ​បានក្រុម​ប្រឹក្សា​​​សន្តិសុខ​​អង្គ​ការ​​​សហប្រជាជាតិ​​​ចាប់ផ្តើម ធ្វើឡើង​​​នា​ព្រឹក​ថ្ងៃ​ទី​​​១៤ កុម្ភៈ ២០១១ នេះ ​​តាម​​ការ​អំពាវ​នាវ​​ជា​បន្ទាន់​​មួយរបស់​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ហ៊ុន​ សែន នាយករដ្ឋ​មន្ត្រី​​នៃព្រះរាជា​ណា​ចក្រ​​កម្ពុជា ក្រោយពេលដែលសង្គ្រាម​​​​សៀម​ឈ្លាន​ពាន​​​​នៅ​តាម​តំបន់​ព្រំដែន​​ប្រាសាទព្រះវិហារ​​បាន​កើតឡើង​​​៤លើក​ក្នុង​រយៈ​ពេល​​​៤ថ្ងៃ ជាប់ៗគ្នា កាលពី​ថ្ងៃទី​​៤ ដល់​​ព្រឹកថ្ងៃទី​​​៧ កុម្ភៈ ​២០១១ បង្ក​ឡើង​​ដោយការឈ្លានពាន​​​របស់​ទាហាន​​សៀម​​​មកលើ​បូរណភាព​ទឹកដី​កម្ពុជា​​។

មុនពេលចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​​​​បុរីញូវយ៉ក​​ សហរដ្ឋអាមេរិក ដើម្បី​ចូល​រួម​ក្នុង​កិច្ចប្រជុំ​​​ក្រុមប្រឹក្សា​​សន្តិសុខ​​​អង្គការ​សហ​ប្រ​ជាជាតិជាតិ​​​កាលពីល្ងា​ចថ្ងៃទី​​១១ កុម្ភៈ កន្ល​ង​មក​នេះ ​លោក​ឧប​​នាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង ​រដ្ឋមន្ត្រី​​ការបរទេស​​កម្ពុជា​​បាន​ថ្លែង​​​ចាត់់ទុក​ថា ​ការដែលក្រុមប្រឹក្សា​​​សន្តិសុខ​​​អង្គការ​​សហប្រជា​ជាតិ​​​បើកកិច្ចប្រជុំ​​ស្តី​ពី​​បញ្ហា​កម្ពុជា​-ថៃនេះគឺ​ជា​ជោគជ័យ​​មួយរបស់​កម្ពុជា​រួច​ជា​ស្រេច​​ទៅ​ហើយ ។​ ​នៅមុន​​និង​ទន្ទឹម​នឹង​គ្នា​ដែល​ក្រុមប្រឹក្សា​​​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​បើក​កិច្ច​ប្រជុំ​បន្ទាន់​​ស្តីពី​បញ្ហា​​​កម្ពុជា​-ថៃ ​​នាថ្ងៃ​ចន្ទ​នេះ ទាហាន​​សៀម​​​ត្រូវបាន​គេរាយការណ៍​​​មក​ថា ​បានបង្កើត​​កំលាំង​ទ័ព​​​ប្រមាណ​២ម៉ឺន​​នាក់បន្ថែម​ទៀត ​នៅតាម​ព្រំដែន​​កម្ពុជា​-ថៃ ​ក្នុងនោះ​​នៅ​តំបន់​​ព្រំដែន​​ប្រាសាទព្រះវិហារ​​​សៀម​​មាន​កំលាំង​​ទ័ពជិត​​៦ពាន់នាក់ ។

ជាមួយគ្នា​នេះ ​សៀម​ក៏បញ្ជូន​​រថក្រោះ​​​រាប់​សិប​​​​គ្រឿង​​​ និងសព្វា​វុធ​​ទំនើបៗ​​មក​កាន់​តំបន់​ព្រំ​ដែន​​​កម្ពុជា​-ថៃ​នោះ​​ផងដែរ ។ ​ពីព្រំដែន​កម្ពុជា​-ថៃ​​​តំបន់​ប្រាសាទព្រះវិហារ​​ឯណោះវិញ ​កាលពី​ល្ងាច​​​ថ្ងៃ​អាទិត្យ​​​ម្សិលមិញ ​និង​នៅវេលា​​ជិតភ្លឺ​​ព្រឹក​ថ្ងៃចន្ទ​នេះ ទាហានសៀម​​​បានគប់គ្រាប់បែក​​​ដៃ​ចំនួន​៣គ្រាប់​​នៅ​តំបន់​ភ្នំទ្រព្យ ​ក្នុងគោល​បំណង​​​​ដើម្បី​​ឱ្យទាហាន​​ខ្មែរ​តប​ត​​ ។ ទោះ​​ជា​យ៉ាង​ណា​​ គិត​ត្រឹម​វេលាម៉ោង​​​៨​និង​​​៤០នាទី​ព្រឹក​ថ្ងៃ​​ចន្ទនេះ ស្ថានភាពយោធា​​​របស់​កម្ពុជា​​​មាន​សភាព​​នៅទ្រឹង​ម៉ឺង​ម៉ាត់​​ប្រុងជើង​ការណ៍​ ៕​

អគ្គីភ័យ​ឆាបឆេះការិយាល័យប៉ូលិស អ្នក​ជាប់​ឃុំ​ម្នាក់​ស្លាប់​ខ្លោចក្នុង​​ភ្លើង

Posted: 13 Feb 2011 07:00 PM PST

ថតពីចំងាយពេលអគារកំពុងត្រូវបានឆាបឆេះ
ថតពីចំងាយពេលអគារកំពុងត្រូវបានឆាបឆេះ
ថតពីចំងាយពេលអគារកំពុងត្រូវបានឆាបឆេះ និងផ្ទុះគ្រាប់
ថតពីចំងាយពេលអគារកំពុងត្រូវបានឆាបឆេះ និងផ្ទុះគ្រាប់
ពេលឆាបឆេះថតពីចំងាយ
ពេលឆាបឆេះថតពីចំងាយ
ពេលឆាបឆេះថតពីចំងាយ
ពេលឆាបឆេះថតពីចំងាយ
​
​
​
សមត្ថ​កិច្ច​ប៉ូលិស កង​​រាជ​អាវុធ​ហត្ថ​ធ្វើការ​សង្គ្រោះ​ពន្លត់​​ភ្លើង​ឱ្យ​រលត់​ទៅ​វិញ​នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល
រូបសពដែលឆេះខ្លោច
រូបសពដែលឆេះខ្លោច

ខេត្ត​ស្ទឹង​ត្រែង ៖ សាក​សព​បុរស​ម្នាក់​នេះ​ខ្លោច​ស្លាប់​ក្នុង​​អណ្តាត​​ភ្លើង​​ ខណៈ​មាន​អគ្គី​ភ័យ​​ឆាប​ឆេះ​អគារ​អូស្កូ​១​ខ្នង​របស់​ស្នង​ការ​ដ្ឋាន​​ប៉ូលិស​ខេត្ត​​រួម​ជា​មួយ​ឃ្លាំង​ស្តុក​សំភារ​របស់​មន្ទីរ​​អភិ​វឌ្ឍន៍​​ជន​បទ​ខេត្ត​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​១២​ កុម្ភៈ ។ សាក​សព​​ដែល​ឆេះ​​ខ្លោច​​មើល​លែង​ស្គាល់​ទៅ​ហើយ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ជា​ជន​ជាប់​ចោទ​​ដែល​​​ប៉ូលិស​​ចរា​ចរ​ឃាត់​ខ្លួន​​ឈ្មោះ​កែប ប៊ុណ្ណា អាយុ​៣២​ឆ្នាំ ជា​អ្នក​បើក​បរ​តាក់​ស៊ី​ដឹក​ភ្ញៀវ​ពី​ច្រក​ទ្វារ​​អន្តរ​ជាតិ​ត្រពាំង​​ក្រៀល ព្រំ​ដែន​កម្ពុជា-ឡាវ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ ដោយ​រថយន្ត​កាមរី​ឆ្លាម ​និង​បាន​បង្ក​ឱ្យ​មាន​​ការ​ក្រឡាប់​រថយន្ត​ពេលដឹក​ភ្ញៀវ​ទេស​ចរ​២​នាក់ នៅ​ថ្ងៃ​ទី​១១ កុម្ភៈ ដែល​បង្ក​ឱ្យ​ស្ត្រី​​​ជន​ជាតិ​ស្វ៊ីស ម្នាក់​របួស​បាក់​ដៃត្រូវ​​បញ្ជូន​ទៅ​ព្យា​​បាល​នៅ​រាជធានី​ភ្នំពេញ ។ ឈ្មោះ​កែប ​ប៊ុណ្ណា ​ត្រូវ​បាន​ប៉ូលិស​ចរាចរ​ផ្លូវ​គោក​នាំ​​ខ្លួន​មក​សាក​សួរ​ជុំ​វិញ​​ការ​ក្រឡាប់​​រថយន្ត​នោះ​នៅ​ការិយា​​ល័យ​របស់​ខ្លួន​ និង​បាន​ឃុំ​ខ្លួន​មួយ​យប់​ ថ្ងៃ​ទី​១១ កុម្ភៈ។ លុះ​ដល់​ថ្ងៃទី​១២​ កុម្ភៈ ពេល​កើត​គ្រោះ អគ្គី​ភ័យ​បាន​ធ្វើ​ឱ្យ​​ក្រុម​ប៉ូលិស​ម្នាក់​ៗ​រត់​ចេញ​យក​រួច​ខ្លួន​ទាំង​​ព្រលឹង​​ចុង​សក់ ហើយ​ជន​​ជាប់​ឃុំ​​រត់​គេច​មិន​រួច​ក៏​ឆេះ​ស្លាប់​​ខ្លោច​ក្នុង​អណ្តាត​ភ្លើង។

ប្រភព​ពី​មន្ត្រី​ប៉ូលិស​ចរាចរ​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២​ កុម្ភៈ មន្ត្រី​​ជំនាញ​​បាន​សាក​សួរ​ពី​ហេតុ​ការណ៍​ក្រឡាប់​រថយន្ត​។ បន្ទាប់​ពី​​ធ្វើ​កំណត់​ហេតុ​ចប់​ស្រាប់​តែ​ធុំ​ក្លិន​ផ្សែង ​ក្រោយ​មក​អណ្តា​ត​ភ្លើង​​​បាន​ឆាប​ឆេះ​​ធ្វើ​ឱ្យ​​នគរ​បាល​ទាំង​អស់​​ដែល​កំពុង​ធ្វើ​កំណត់​ហេតុ​រត់​​ចេញ​ តែ​មិន​នឹក​ស្មាន​ថា ជន​ដែល​​ឃាត់​ខ្លួន​ឈ្មោះ​កែប ប៊ុណ្ណា ចេញ​មិន​រួច​សោះ។ ទន្ទឹម​នឹង​ហេតុ​ការណ៍​​ភ្លើង​ឆេះ​កើត​ឡើង​​ហើយ​រលត់​ទៅ​វិញ​នៅ​ម៉ោង​១៤​ថ្ងៃ​ដដែល​នោះ សាច់​ញាតិ​របស់​ឈ្មោះ​កែប ប៊ុណ្ណា ​បាន​មក​សា​ក​សួរ​ដល់​​កំលាំង​សមត្ថ​កិច្ច ទើប​ធ្វើ​ឱ្យ​​សង្ស័យ​ថា អាច​ជាប់​នៅ​ក្នុងភ្នក់​ភ្លើង​ តែ​មិន​ទាន់​ត្រួត​ពិនិត្យ​​ភ្លាមៗ​ទេ។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ទើប​កំលាំង​សមត្ថ​កិច្ច​ដែល​មាន​ការ​ចូល​រួម​ពី​ព្រះ​​រាជ​អាជ្ញា​​រង​អម​សាលា​ដំបូង​ខេត្ត​ស្ទឹង​​ត្រែង នគរ​បាល​​ជំនាញ​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ក្រុម​គ្រូ​ពេទ្យ​ ធ្វើ​ការ​ត្រួត​ពិនិត្យ​ ទើប​ដឹង​ថា ជន​រង​គ្រោះ​ដែល​ឆេះ​ខ្លោច​​ស្លាប់​​ក្នុ​ងភ្លើង​​គឺ​ឈ្មោះ​កែប ប៊ុណ្ណា ។

ប៉ូលិស​​ចរាចរ​ផ្លូវ​គោក​មួយ​រូប​បាន​រំលឹក​ថា ​ក្រោយ​កើត​​​ហេតុ​ក្រឡាប់​រថយន្ត​ ​សមត្ថ​កិច្ច​បាន​​ចុះ​វាស់​វែង​​ និង​បាន​ឃាត់​ខ្លួន​អ្នក​បើក​​រថយន្ត​មក​សាក​សួរ​អំពី​ករណី​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​នេះ​រយៈ​​ពេល​​មួយ​​យប់​ រួច​បន្ត​មក​សាក​សួរ​នៅ​ព្រឹក​​ថ្ងៃ​ទី​១២​ កុម្ភៈ ​ទៀត ក៏​ស្រាប់​តែ​កើត​មាន​ភ្លើង​​​​ឆេះ​​បែប​នេះ​តែ​​ម្តង ។ ​នៅ​ក្នុង​​បន្ទប់​​ការិយា​ល័យ​​ដែល​កំពុង​​ឃាត់​ខ្លួន​ជន​រង​គ្រោះ​នោះ​មាន​មន្ត្រី​ប៉ូលិស​​​យាម​ផង​ដែរ តែ​ក្រោយ​​ពេល​​ភ្លើង​​ឆេះ​ និង​ផ្តាច់​ចរន្ត​អគ្គិ​សនី​ក៏​​ងងឹត​ថែម​ទាំង​​ផ្សែង​​ខ្មៅ​​ឈ្លក់​​ទៀត​នោះ ​ម្នាក់ៗ​​បាន​រត់​​​ចេញ​ទាំង​មើល​ផ្លូវ​មិន​ឃើញ ​​ខ្លះ​ដួល​សន្លប់​នៅ​​មុខ​កាំជណ្តើរ​​ផ្លូវ​ចូល។ រីឯ​​​ជន​រង​គ្រោះ​​​ដែល​នៅ​ក្នុង​​បន្ទប់​បាន​រក​ផ្លូវ​​ចេញ​ដែរ តែ​ងងឹត​​រក​ទ្វារ​ដើរ​​ចេញ​មិន​​ឃើញ​ ក៏​ដួល​នៅ​​មុខ​បន្ទប់​ការិយា​ល័យ​នោះ​តែ​ម្តង ហើយ​ឮ​​ស្រែក​ឱ្យ​គេ​ជួយ​ តែ​មិន​​មាន​អ្នក​ណា​មក​ជួយ​ទាន់​នោះ​ឡើយ ហើយ​ក៏​បាន​ឆេះ​​ស្លាប់​នៅ​ក្នុង​បន្ទប់​ការិយា​ល័យ​នោះ​តែ​ម្តង ។

លោក​ធា ជា​មិត្ត​ភក្តិ​របស់​ជន​រងគ្រោះ​​​បាន​និយាយ​ថា ប៉ូលិស​ចរា​ចរ​បាន​​ឃាត់​ខ្លួន​ជន​រង​គ្រោះ​​មក​សាក​សួរ​រហូត​ដល់​​ម៉ោង​៨​យប់ ហើយ​ខ្ញុំ​សុំ​​ការ​ធានា​យក​ជន​រង​​គ្រោះ​ចេញ​មក​ក្រៅ​រង់​ចាំ​ព្រឹក​ឡើង​មក​ម្តង​ទៀត តែ​មិន​​បាន​ការ​អនុ​ញ្ញាត​ទេ​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១២​ កុម្ភៈ ប៉ូលិស​ចរា​ចរ​បាន​សាក​សួរ​បន្ត​រហូត​​ដល់​ម៉ោង​​១០​ព្រឹក ហើយ​ជន​រង​គ្រោះ​​បាន​ទូរស័ព្ទ​​​​ប្រាប់​​ថា រយៈ​ពេល​​ពីរ​ម៉ោង​ទៀត​ ទើប​អនុ​ញ្ញាត។​ លុះ​​រហូត​ដល់​​ម៉ោង​ប្រហែល​១២​ថ្ងៃ​ត្រង់ ក៏​ស្រាប់​តែ​មាន​ភ្លើង​ឆេះ​តែ​ម្តង ។

គួរ​រំលឹក​ថា ​ភ្លើង​បាន​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​​លើ​ទីតាំង​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​​ និង​ការ​ពារ​អនីតិ​ជន និង​ការិយា​ល័យ​ចរាចរណ៍​​នៃ​ស្នង​ការ​​​ដ្ឋាន​នគរ​បាល​ខេត្ត ដែល​ជាទីតាំង​អគារ​អតីត​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត ស្ថិត​នៅ​​​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។ ​អគ្គី​ភ័យ​​នេះ​បាន​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ និង​សិស្សា​នុ​សិស្ស​​រត់​​​ប្រសាច​រក​កន្លែង​សុវត្ថិ​ភាព​ ដោយ​សារ​តែ​ភ្លើង​​បាន​ឆេះ​ការិយា​ល័យ​​ប៉ូលិសដែល​នៅ​ក្នុង​ការិយា​ល័យ​នោះ​មាន​ផ្ទុះ​គ្រាប់​ជា​អាវុធ​ជាតិ​ផ្ទុះ​​ជា​ច្រើន​គ្រាប់​​ ទាំង​គ្រាប់​​តូច និង​គ្រាប់​ធំ ។ ​ការ​ឆាប​ឆេះ​​នេះ​បាន​​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១២ កុម្ភៈ ។ ​ក្នុងអំឡុង​ពេល​ភ្លើង​កំពុង​តែ​ឆេះ​ខ្មួល​ខ្មាញ់​​ផ្សែង​ខ្មៅ​ងងឹត​មេឃ​​រយៈ​៣០​នាទី ស្រាប់​តែ​គ្រាប់​កាំភ្លើង​​ធំ​បាន​ផ្ទុះ​ឡើង​​ចំនួន​៤​គ្រាប់ លាយ​ឡំ​ជា​មួយ​គ្រាប់​តូច​ៗ​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​​រត់​ក្រាប​ទាំង​ព្រលឹង​ចុង​សក់។

តាម​ប្រភព​ព័ត៌​មាន​ពី​មន្ត្រី​ប៉ូលិស​​បាន​ឱ្យ​ដឹង​ថា ក្នុង​អគារ​នោះ​មាន​ឃ្លាំង​ផ្ទុក​អាវុធ​ និ​ងគ្រាប់​​តូច​ធំ ហើយ​ក្នុ​ងចំណោម​គ្រាប់​ធំៗ​ គឺ​មាន​ចំនួន​៤០​គ្រាប់ ​​និង​មីន​តោន​ចំនួន​២​គ្រាប់ ក្រៅ​ពី​​នោះ​​មាន​គ្រាប់​កាំភ្លើង​​អាកា និង​គ្រាប់​កាំភ្លើង​​ផ្សេងៗ​ទៀត ព្រម​ទាំង​កាំភ្លើង​​ចាស់ៗ​​ជា​ច្រើន​ដើម។ មន្ត្រី​ប៉ូលិស​​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា គ្រាប់​ដែល​ផ្ទុះ គឺ​ជា​គ្រាប់​ធំ​តែ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ប្រជា​ពល​​រដ្ឋ​ទេ។ ជា​មួយ​នឹង​ការ​ឆាប​ឆេះ​នោះ សមត្ថ​កិច្ច​នគរ​បាល កង​រាជអាវុធ​​ខេត្ត​ និង​រថយន្តពន្លត់​អគ្គី​ភ័យ​​ចំនួន​២គ្រឿង​របស់​ស្នង​ការ​​ដ្ឋាន​នគរ​បាល​ខេត្ត និង​១​គ្រឿង​ទៀត​​របស់​អង្គ​​ភាព​អាកាស​ចរ​ខេត្ត​បាន​ចូល​ទៅ​​ធ្វើ​អន្តរា​គមន៍​​ តែ​មិន​អាច​ចូល​​ជិត​បាន​ទេ ​ដោយ​សារ​តែ​គ្រាប់​កាំភ្លើង​​បាន​ផ្ទុះ​ឡើង​​ពាស​វាល​ពាស​កាល​ ហើយ​សមត្ថ​កិច្ច​បាន​ត្រឹម​តែ​ឃាត់​ប្រជា​ពល​រដ្ឋ​មិន​ឱ្យ​ចូល​ទីតាំង​ដែល​ឆេះ​ប៉ុណ្ណោះ។

​ប្រភព​បាន​បន្ត​ថា អគារ​អូស្កូ​ទាំង​នេះ​ គឺ​បាន​បន្សល់​ទុក​តាំងពី​ជំនាន់​អ៊ុន​តាក់ ហើយ​ត្រូវ​បាន​មន្ទីរ​មួយ​ចំនួន ក៏​ដូច​ជា​អង្គ​ភាព​ប៉ូលិស​​យក​មក​ធ្វើ​​ជា​កន្លែង​ធ្វើ​ការ​ ​តែ​ឥឡូវ​ត្រូវ​អគ្គី​ភ័យ​បាន​លេប​ត្របាក់​អស់​អគារ​​ចំនួន​២​ខ្នង បណ្តាល​ឱ្យ​ខូចខាត និង​ឆេះ​ទាំង​ស្រុង ដែល​ក្នុង​នោះ​មាន​អគារ​ការិយា​ល័យ​របស់​ស្នង​ការ​នគរ​បាល​​ខេត្ត និង​អគារ​ជា​ឃ្លាំង​ស្តុក​សំភារ​របស់​មន្ទីរ​អភិ​វឌ្ឍន៍​ជន​បទ​ខេត្ត។ ប៉ូលិស​បាន​និយាយ​ថា ក្នុង​ការិយា​ល័យ​មាន​សំភារ​​​ជា​ច្រើន​ដូច​ជា ឯក​សារ​ត្រូវ​ភ្លើង​ឆា​ប​​ឆេះ​អស់​​គ្មាន​សល់ ។

លោក​សម្បត្តិ មុន្នី អនុ​ប្រធាន​​មន្ទីរ​អភិ​វ​ឌ្ឍន៍​​ជន​បទ ខេត្ត​បាន​ឱ្យ​ដឹង​ថា ភ្លើង​បាន​ត្របាក់​​ឃ្លាំង​ស្តុក​សំភារ​មាន ម៉ាស៊ី​នភ្លើង​​កំលាំង 12KVA ចំនួន​១​គ្រឿង ស្នប់​អាហ្វ្រី​ដេវ​១៥​កំប្លេ ទុយោ​ PVC 60mm ចំនួន​១.៥០០​ដើម ​គ្រឿង​បន្លាស់​អណ្តូង​​ និង​សំភារ​​មួយ​ចំនួន​ទៀត បើ​គិត​ជា​ទឹក​ប្រាក់​​មិន​ក្រោម​​៤០.០០០​ដុល្លារ។ ​នៅ​​​ក្នុង​ឃ្លាំង​នោះ​​ក៏​មាន​មនុស្ស​ស្នាក់​នៅ​ផង​ដែរ តែ​ពួកគាត់​មិន​អាច​យក​អ្វី​​បាន​ទេ ក្រៅ​ពី​​ខោ​អាវ​​ជាប់​ខ្លួន​ ព្រោះ​ភិត​ភ័យ​​ និង​គ្រាប់​​រំសេវ​​​ដែល​កំពុង​ផ្ទុះ​ឡើង ។

​ប្រជា​ពល​រដ្ឋ​ក៏​ឱ្យ​ដឹង​​ផង​ដែរ​ថា ភ្លើង​ឆាប​ឆេះ​ចេញពី​ក្នុង​អគាររបស់​ប៉ូលិស​ ហើយ​រាល​ដាល​ដល់​ឃ្លាំង​របស់​មន្ទីរ​អភិ​​វឌ្ឍន៍​​ជន​បទ​នៅ​ជិត​នោះ។ ​មាន​ការ​សន្និ​​ដ្ឋាន​ខុស​ៗ​​គ្នា​​ថា គ្រោះ​មហន្ត​​រាយ​បង្ក​ឡើង​ដោយ​សារ​ភ្លើង​​ឆាប​ឆេះ​នេះ ​បណ្តាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​​ក្នុ​ងអគារ។ តែ​មតិ​ខ្លះ​ថា នៅ​​ពេល​ព្រឹក​​ប៉ូលិស​បាន​ធ្វើ​ពល​កម្ម​ ហើយ​ដុត​សំរាម​​អាច​មាន​ការ​ធ្វេស​ប្រហែស​​ពន្លត់​​មិន​អស់ ទើប​ក្លាយ​ជា​ភ្លើង​ឆេះ​តែ​ម្តង ។ ប៉ូលិស​ពន្លត់​​អគ្គី​ភ័យ​មួយ​រូប​បាន​បញ្ជាក់​ថា ​ទោះ​បី​ជា​​ភ្លើង​​បាន​ឆេះ​អគារអស់​២​ខ្នង តែ​កំលាំង​​យើង​​ខ្ញុំ​​ព្យា​យាម​បាញ់​ស្កាត់​មិន​ឱ្យ​ឆេះ​​រាល​ដាល​​លើ​អគារ និង​ផ្ទះ​មួយចំនួន​ដូច​ជា​មន្ទីរ​អភិ​វឌ្ឍន៍​ជន​បទ​ខេត្ត ការិយា​ល័យ​​ទូរស័ព្ទ​ខាំ​មី​តែល ​អគារ​កាក​បាទ​ក្រហម​កម្ពុជា​សាខា​ខេត្ត​ស្ទឹង​ត្រែង មន្ទីរ​ផែន​ការ​ខេត្ត​ មន្ទីរទេស​ចរណ៍​​ខេត្ត និង​អង្គ​ការ​​ស្ការ៉ូ ដែល​អគារ​​ និង​ផ្ទះ​ទាំង​នោះ​នៅ​ជុំ​វិញ​ចំណុច​ដែល​​ឆេះ​។ សមត្ថ​កិច្ច​ប៉ូលិស កង​​រាជ​អាវុធ​ហត្ថ​ធ្វើការ​សង្គ្រោះ​ពន្លត់​​ភ្លើង​ឱ្យ​រលត់​ទៅ​វិញ​នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល ៕

(សេកុង+សាលី)

កម្មក​រសំណង់​​-លីសែង​​ប្រមាណ​​៦០០​នាក់ ​កំពុងធ្វើបាតុ​កម្ម​​ប្រឆាំង​​កង​សន្តិសុខ​ទីក្រុងកោះពេជ្រ ជំរិត​​អីវ៉ាន់

Posted: 13 Feb 2011 06:57 PM PST

​

រាជធានីភ្នំពេញ ៖ កម្មក​រសំណង់​-លីសែង​​ដែល​បំរើ​ការ​សាង​សង់​​អគារ​ផ្សេងៗ​នៅ​ក្នុង​តំបន់អភិវឌ្ឍន៍​​ទីក្រុងកោះពេជ្រប្រមាណ​​៦០០​នាក់ ​បានប្រមូលផ្តុំ​គ្នា​​ធ្វើ​ការ​តវ៉ាយ៉ាង​​​ខ្លាំង​ក្លា​​​មួយ​​នៅមុខការិយាល័យ​​រដ្ឋបាលនៃទីក្រុងកោះ​ពេជ្រ​ កាលពីវេលាម៉ោង​​៧ព្រឹកថ្ងៃទី​​​១៤ កុម្ភៈ ​២០១១ ​ប្រយោជន៍​​ទាមទារ​កុំ​ឱ្យ​កង​​សន្តិសុខ​​ដែល​យាមកាម​​នៅក្នុង​មូលដ្ឋាន​កោះពេជ្រ​​នេះ​ធ្វើ​ការ​​ជំរិត​​យកអីវ៉ាន់​ គ្រឿង​ឧប​ភោគ បរិភោគ ​​របស់ពួក​គាត់​​ទៅទៀត ។​

តំណាង​កម្មករ​​សំណង់​​-លីសែង​ម្នាក់​​បាន​និយាយ​​ឱ្យ​ដឹង​ថា ​​​មានបង​ប្អូន​​កម្មករ​សំណង់​​-លី​សែង​​ខ្លះ​គាត់ទិញ​អីវ៉ាន់​​គ្រឿង​ហូបចុក​​មួយ​ចំនួន​មករក្សា​ទុក​នៅ​​បន្ទប់​ស្នាក់នៅ​ ​​​គ្រាន់ដាំ​​ស្ល​ហូប​ដូច​ជា​​​ស្រា សាច់ មី ​គឺទុក​​គ្រាន់ពេល​​​ហេវ​ហ​ត់​​​ថ្មើរ​ណា​ធ្វើហូប​ថ្មើរហ្នឹង មិន​ចាំ​បាច់​ទៅទិញ​​នៅ​កន្លែង​​​ឆ្ងាយ​​នាំ​ឱ្យ​​ខាត​ពេល ។ ចំណែកស្រា​ទុក​គ្រាន់​ផឹក​រំលាយ​​ឈាម ឬ​គ្រាំក្នុង​ ​ក្រោយ​ពេល​ធ្វើ​​​ការ​​លីសែង​​ហត់នឿយ​​តែប៉ុណ្ណោះ ប៉ុន្តែ​​ជា​មួយ​​គ្នា​នេះ​​ក៏​មានបង​ប្អូន​កម្មករ​​សំណង់​-លីសែង​​មួយ​ចំនួនគាត់បាន​ទិញគ្រឿង​​​ហូបចុក​ពីខាង​ក្រៅ​​មក​ទុក​លាក់​​​ឱ្យ​កម្មករ​​ដូចគ្នា​នៅក្នុងទីនេះ​​ផងដែរ​...​​ចំណែក​​កង​សន្តិសុខ​​​របស់​ក្រុម​​ហ៊ុន​ទីក្រុងកោះ​ពេជ្រជា​ច្រើន​នាក់ ​មាន​ប្រដាប់​ដោយ​កាំ​ភ្លើង​​​គ្រប់​ដៃ​​តែ​ងតែ​​​​ដើរ​ឆែក​ឆេរ​​រៀង​រាល់​យប់ ​ហើយ​គំរាម​​​កំហែង​​ប្រមូល​យកគ្រឿង​​​ហូប​ចុក​​របស់​បង​ប្អូន​​កម្មករយ៉ាង​សន្ធឹកសន្ធាប់​ទៅ​ផឹក​ស៊ីខ្ជះ​ខ្ជាយ ​ដូច្នេះ​ពួកគាត់​​ជា​កម្មករ​​ត្រូវតែ​​​តវ៉ា​ចំពោះ​​រឿង​នេះ ។​

ចំណែកកង​សន្តិសុខ​​ម្នាក់​​ប្រចាំ​នៅ​ទីក្រុង​កោះ​ពេជ្រ​​​​បាននិយាយ​​​ផងដែរ​ថា ​តាមគោលការណ៍​​របស់​ក្រុម​ហ៊ុន​ទីក្រុងកោះពេជ្រ​​បាន​កំណត់​ថា មិន​អនុញ្ញាត​​ឱ្យ​ប្រជា​ពលរដ្ឋ​​ ឬ​កម្មករ​​ណា​ប្រមូល​យកគ្រឿង​​ហូបចុក ឬគ្រឿង​ទេស​
ផ្សេងៗ​​មក​លាក់​ទុក​ក្នុងបន្ទប់​​ ឬ​លក់ដូរ​នៅ​ក្នុង​តំបន់​​ទីក្រុងកោះពេជ្រនេះ​ទេ លើកលែង​ត្រូវ​បាន​អនុញ្ញាត​​ពីក្រុមហ៊ុន ។ ព័ត៌មានលំអិតនឹងផ្សាយ​ជូននៅពេលក្រោយ និងនៅលើទំព័រ​កាសែត​កោះ​សន្តិភាព.

សៀម​ប្រឆាំង​យូ​ណេ​ស្កូ ពេល​នេះ​មិនមែន​ចង់​ប្លន់​តែ​ដី​៤​,៦​នោះ​ទេ គឺ​ចង់បាន​ប្រាសាទព្រះវិហារ​ថែម​ទៀត

Posted: 13 Feb 2011 06:48 PM PST

រាជ​ធានី​ភ្នំពេញ ៖ អ្នក​នាំ​ពាក្យ​អង្គ​ភាព​ព័ត៌​មាន និង​ប្រតិ​កម្ម​រហ័ស​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​នៃ​​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​​មួយ​ចុះ​ថ្ងៃ​ទី​១២ កុម្ភៈ ជំរាប​ដល់​សាធា​រណ​មតិ​ជាតិ និង​អន្តរ​ជាតិ​ឱ្យ​បាន​ជ្រាប​អំពី​ភាព​រវើ​រវាយ​របស់​ថៃ​ ក្នុង​ការ​លើក​ឡើង​នូវ​​ទឡ្ហី​ករណ៍​ចំពោះ​ការ​វាយ​ប្រហារ​របស់​ខ្លួន​មក​លើ​ប្រាសាទ​ព្រះ​វិហារ និង​ការ​គំរាម​ប្រឆាំង​នឹង​បេសក​កម្ម​របស់​អង្គ​ការ​យូណេស្កូ​ដើម្បី​មក​ធ្វើ​ការ​ពិនិត្យ និង​វាយ​តំលៃ​នៅ​នឹង​កន្លែង​លើ​ការ​ខូច​ខាត​ប្រាសាទ។ ក្រសួង​ការ​បរ​ទេស​ថៃ និង​បណ្តាញ​សារ​ព័ត៌​មាន​ថៃ​បាន​និង​កំពុង​ធ្វើ​យុទ្ធនា​ការ​ផ្សាយ​បំភ័ន្ត​សាធា​រណ​មតិ​ជាតិ និង​អន្តរ​ជាតិ​ដោយ​ប្រើ​ប្រាស់​ពាក្យ​ភូត​កុហក​សុទ្ធ​សាធ ដូច​ដែល​​សារ​ព័ត៌​មាន The Nation Online បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​២០១១ ក្នុង​ចំណង​ជើង​ថា «រដ្ឋ​មន្ត្រី​ការ​បរ​ទេស​និយាយ​ថា ៖ អង្គ​ការ​យូណេស្កូ​មិន​គួរ​បញ្ជូន​ក្រុម​អ្នក​ជំនាញ​របស់​ខ្លួន​មក​កាន់​ប្រាសាទ​ព្រះ​វិហារ​ឡើយ» ហើយ​នៅ​ផ្នែក​ខាង​លើ​មាន​អក្សរ​ធំ​ៗ​ពណ៌​ក្រហម​សរ​សេរ​ថា «ប្រាសាទ​មាន​ជម្លោះ»។

អ្នក​នាំ​ពាក្យ​អង្គ​ភាព​ព័ត៌​មាន និង​ប្រតិ​កម្ម​រហ័ស​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​បញ្ជាក់​ជូន​ថា អង្គ​ហេតុ​ពិត​ប្រាកដ​ទាក់​ទង​ទៅ​នឹង​ប្រាសាទ​ព្រះ​វិហារ​មាន​ភាព​ច្បាស់​លាស់​បំផុត ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​ច្បាប់​ ការ​កាន់​កាប់​ជាក់​ស្តែង និង​ប្រវត្តិ​សាស្ត្រ​ពិត គឺ​ប្រាសាទ​ព្រះ​វិហារ​ជា​កម្ម​សិទ្ធិ​របស់​​ «កម្ពុជា ហើយ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក»។ ប្រសិន​បើ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ថៃ និង The Nation ខ្វាក់​ភ្នែក​​នោះ គឺ​មតិ​អន្តរ​ជាតិ​​គេ​មិន​​ខ្វាក់​ភ្នែក​ឡើយ។ ប្រសិន​បើ​រដ្ឋ​​មន្ត្រី​ការ​បរ​ទេស​ថៃ និង​ The Nation ខ្វាក់​ភ្នែក​ អាស៊ាន​គេ​មិន​ខ្វាក់​ភ្នែក​ទេ ហើយ​ប្រសិន​បើ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ថៃ និង The Nation ខ្វាក់​ភ្នែក ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ ក៏​គេ​មិន​ខ្វាក់​ភ្នែក​ដែរ។

ប្រាសាទ​ព្រះ​វិហារ​ជា​ទ្រព្យ​សម្បត្តិ​របស់​កម្ពុជា ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​ក្រោម​អធិ​បតេយ្យ​​របស់​កម្ពុជា ដោយ​ផ្អែក​លើ ១-​ផែន​ទី​ដង​រែក ដែល​បាន​កំណត់​ដោយ​គណៈ​កម្ម​ការ​ចំរុះ​កំណត់​ព្រំ​ដែន​ដែល​មាន​សមាស​ភាព​មន្ត្រី​បារាំង និង​សៀម ក្រោម​បទ​ប្បញ្ញត្តិ​នៃ​មាត្រា​១ និង​មាត្រា​៣ នៃ​អនុ​​សញ្ញា​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​១៩០៤ រវាង​បារាំង និង​សៀម និង​២-​បញ្ជាក់​ឡើង​វិញ​ដោយ​សាល​ដីកា​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ ក្នុង​ទីក្រុង​ឡាអេ ដោយ​បាន​ប្រើ​ប្រាស់​ផែន​ទីដង​រែក ដែល​ជា​ផែន​ទី​ឧប​សម្ព័ន្ធ​១ របស់​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​នេះ។ សូម​បញ្ជាក់​បន្ថែម​ទៀត​ផង​ដែរ​ថា អនុ​សញ្ញា​នេះ​មាន​កាតព្វ​កិច្ច​តំរូវ​ឱ្យ​គូ​ភាគី​ត្រូវ​តែ​អនុ​វត្ត​​ដោយ​រាប់​ទាំង​ផែន​ទី​១១ ផ្ទាំង​ដែល​ក្នុង​នោះ​ក៏​មាន​ផែន​ទី​ដង​រែក​ដែល​សៀម​បាន​ព្រម​ព្រៀង​ទទួល​យក និង​ទទួល​ស្គាល់​ផង​ដែរ។ វា​ច្បាស់​ណាស់​ថា បើ​និយាយ​ពី​កម្ម​សិទ្ធិ​ប្រាសាទ​ព្រះ​វិហារ មិន​មែន​ជា​កម្ម​វត្ថុ​នៃ​ជម្លោះ​ទៀត​ឡើយ។ កាស៊ីត​ភិរម្យ នឹង​ត្រូវ​ឆ្លើយ​ជូន​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ថា តើ​លោក​បាន​ដឹង ឬ​ក៏​មិន​បាន​ដឹង​ថា ប្រាសាទ​ព្រះ​វិហារ​គឺ​ជា​កម្ម​សិទ្ធិ​របស់​កម្ពុជា?

ប្រាសាទ​ព្រះ​វ​ិហារ​​ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​កម្ពុជា ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​ កាល​ពី​​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០០៨ ​តាម​សេច​ក្តី​សំរេច​របស់​គណៈ​កម្មាធិ​ការ​បេតិក​ភណ្ឌ​ពិភព​លោក​លេខ​៣២ COM 8B-102 ហើយ​បាន​ទទួល​ឋានៈ​ជា​រមណីយ​ដ្ឋាន​បេតិក​ភណ្ឌ​ពិភព​លោក​ចាប់​តាំង​ពី​​ពេល​នោះ​មក «ចំពោះ​​កិច្ច​ការ​ពារ​ប្រាសាទ​ គឺ​ជា​ភារ​កិច្ច​របស់​សហ​គមន៍​អន្តរ​ជាតិ​ទាំង​មូល​ដើម្បី​ធ្វើ​ការ​សហ​ប្រតិ​បត្តិ​ការ» ដូច​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​៦ នៃ​អនុ​សញ្ញា​ឆ្នាំ​១៩៧២​ស្តី​ពី​កិច្ច​ការ​ពារ​បេតិក​ភណ្ឌ​ពិភព​លោក ។ ​គោល​បំណង​ច្បាស់​លាស់​របស់ថៃ គឺ​​ដើម្បី​បំផ្លាញ​​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​នៅ​ក្នុង​សង្គ្រាម​​ឈ្លាន​ពាន​រយៈ​ ពេល​៤​​ថ្ងៃ​របស់​ថៃ​ប្រឆាំង​នឹង​ប្រទេស​កម្ពុជា និង​ប្រាសាទ​ព្រះវិហារ​​ បាន​ជំរុញ​ឱ្យ​​អគ្គ​នាយិ​កា​លោក​ជំទាវ​អ៊ី​រីណា បូកូវ៉ា របស់​អង្គ​ការ​យូណេ​ស្កូ​សំរេច​បញ្ជូន​បេសក​ជន​ពិសេស ។ ប្រទេស​ថៃ​គ្មាន​​មូល​ដ្ឋាន​ដើម្បី​ជំទាស់​ ឬរារាំង​ផែន​ការ​បេសក​កម្ម​របស់​អ្នក​ជំនាញ​ការ​សំរាប់​ធ្វើ​ការ​ពិនិត្យ​ និង​វាយ​តំលៃ​នៅ​នឹង​​កន្លែង​លើ​ប្រាសាទ​ព្រះ​វិហារ ​ហើយ​ថៃ​ក៏​គ្មាន​មូល​ដ្ឋាន​ដើម្បី​​លើក​ឡើង​ថា អង្គ​ការ​យូណេ​ស្កូ​​ត្រូវ​តែ​សុំ​ការ​អនុ​ញ្ញាត​ពី​ប្រទេស​ថៃ​នៅ​ពេល​ដែល​បំពេញ​បេសក​កម្ម​ជា​ផ្លូវ​ការ​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ​នោះ​ដែរ ។

​អ្នក​នាំ​​ពាក្យ​អង្គ​​ភាព​ព័ត៌​មាន និង​ប្រតិ​កម្ម​រហ័ស​ បាន​ធ្វើ​ការ​បដិ​សេធ​ចោល​នូវ​ហេតុ​ផល​ដែល​គ្មាន​មូល​ដ្ឋាន​ពីរ​ខាង​លើ​ដែល​បាន​លើក​ឡើង​​ដោយ​រដ្ឋ​មន្ត្រី​​ការ​បរទេស​ថៃ ​ដែល​យើង​ចាត់​ទុក​នេះ​ជា​ទង្វើ​នៃ​ការ​គំរាម​កំហែង ក្នុង​នោះ​រួម​មាន ទី១-​ផ្លូវ​ចូល​ប្រាសាទ​ព្រះ​វិហារ​​ឆ្លង​តាម​ប្រទេស​ថៃ ​និង​ទី២-ថៃ​​ និង​កម្ពុជា​បាន​និង​កំពុង​​បន្ត​ការ​ចរចា​ទ្វេ​​ភាគី​ ដូច្នេះ​មិន​ចំាំ​បាច់​ឱ្យ​មាន​អន្តរា​គមន៍​​ពី​អន្តរ​ជាតិ ឬ​តំបន់​​ឡើយ ។ អ្នក​នាំ​ពាក្យ​​អង្គ​ភាព​ព័ត៌​មាន​ និង​ប្រតិ​កម្ម​រហ័ស​ សូម​ធ្វើ​ការ​កែ​តំរូវ​ដូច​​ខាង​ក្រោម ៖
១-ការ​ធ្វើ​ដំណើរ​ទៅ​កាន់ប្រាសាទ​ព្រះ​វិហារ​ពិត​ជា​អាច​ទៅ​បាន​ពី​កម្ពុជា ទី​មួយ ប្រាសាទ​ព្រះ​វិហារ​​ស្ថិត​នៅ​ក្នុង​ទឹក​ដី​​ក្រោម​អធិប​តេយ្យ​កម្ពុជា ១០០% ដូច្នេះ​ការ​បញ្ជូន​អ្នក​ជំនាញ​ការ​​បេសក​កម្ម​​ណា​មួយ​​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​​វាយ​តំលៃ​​ពី​ការ​ខូច​ខាត​ដោយ​ការ​បាញ់​ផ្លោង​​របស់​ថៃ គឺ​មិន​ចាំ​បាច់​មាន​ការ​អនុ​ញ្ញាត​ពី​ថៃ​នោះ​ទេ ។ ទីពីរ មាន​ផ្លូវ​​បីខ្សែ​​ទៅ​កាន់​ប្រាសាទ​​ដែល​មិន​ត្រូវ​ការ​ឆ្លង​កាត់​ទឹក​ដី​ថៃ​​ទាល់​តែ​សោះ ដោយ​សារ​តែ​ផ្លូវ​ទាំង​​អស់​នោះ​​ស្ថិត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​​ទាំង​ស្រុង ។ មាន​ផ្លូវពីរ​ដែល​ងាយ​ស្រួល​ធ្វើ​ដំណើរ​​ទៅ​កាន់ប្រាសាទ​ព្រះវិហារ​​នោះ គឺ​ផ្លូវ​ដើរ​​ពី​ខាង​កើត តាម​ជណ្តើរ​ឈើ​បណ្តោះ​អាសន្ន​​ដែល​តើប​តែ​សាង​សង់​នា​ពេល​ថ្មី​ៗ​នេះ​ដោយ​អង្គ​​ការ​យូ​ណេ​ស្កូ​តាម​បណ្តោយ​ជណ្តើរ​បុរាណ ប៉ែក​ខាង​កើត ហើយ​ផ្លូវ​ដែល​ចូល​ពី​ខាង​លិច​គឺ​ផ្លូវ​ចាក់​បេតុង​ដែល​បាន​កសាង​ដោយ​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ ។ ឯ​ផ្លូវ​មួយ​ទៀត​ដែល​មក​ពី​ប៉ែក​ខាង​ត្បូង​ភ្ជាប់​ត្រង់​​ទៅ​មុខ​ប្រាសាទ​​ ជា​ផ្លូវ​ល្អ​ប្រណីត​សំរាប់​អ្នក​ចូល​​ចិត្ត​ឡើង​ភ្នំ​ ហើយ​និង​សំរាប់​អ្នក​កីឡា​ទាំង​​ប្រុស ទាំង​ស្រ្តី​​ទៅតាម​រដូវ​កាល ហើយ​ផ្លូវ​នេះ​រង់​ចាំ​​ឱ្យ​មាន​ការ​សាង​សង់​​ដើម្បីងាយ​ស្រួល​ធ្វើ​ដំណើរ ។ ​ការ​លើក​ឡើង​ដោយ​ថៃ​ដែល​និយាយ​ថា អង្គ​ការ​យូណេ​ស្កូ​ត្រូវ​មាន​ការ​អនុ​ញ្ញាត​​ពី​ប្រទេ​ស​ថៃ​នៅពេល​ធ្វើដំណើរ​​ទៅ​កាន់​ប្រាសាទ​ព្រះ​វិហារ នោះ​គឺ​ជា​កល​ល្បិច​នយោ​បាយ​​សុទ្ធ​សាធ​រំលោភ​​អធិប​តេយ្យ​កម្ពុជា និង​​ជា​ការ​ជ្រៀត​ជ្រែក​​ចូល​ក្នុង​សិទ្ធិ​​ស្រប​ច្បាប់​ និង​បូរណ​ភាព​របស់​អង្គ​ការ​យូណេ​ស្កូ និង​គណៈ​កម្ម​ការ​បេតិក​ភណ្ឌ​ពិភព​លោក ។ បើ​និយាយ​តាម​បែប​គតិ​យុត្តិ​​ ថៃ​មិន​​អាច​រារាំង​បេសក​កម្ម​​ណា​មួយ​ ហើយ​វា​គ្រាន់​តែ​ជា​ការ​បង្កើត​​កល​ល្បិច​​រំខាន​ និង​ការ​រារាំង​តែ​ប៉ុណ្ណោះ ។ ជាក់​ច្បាស់​​មែន​ហើយ​ ថៃ​ខ្លាច​ការ​ពិត​​ដែល​នឹង​​ត្រូវ​បញ្ចេញ​ដោយ​ក្រុម​​ជំនាញ​បេស​កកម្ម​​យោង​ទៅ​នឹង​តថ​ភា​ជាក់ស្តែង​​​របស់​​ប្រា​សាទ​​ព្រះវិហារ​ និង​ការ​ខូច​ខាត​របស់ប្រាសាទ​ ។

​២-ពេល​នេះ​គឺ​វា​ដល់ពេល​​ឱ្យ​មានការ​ចូល​រួម​ពីភាគី​ទីបីហើយ​ កម្ពុជា​ និងថៃ​​​ធ្លាប់​មានកិច្ច​​ពិភា​ក្សាទ្វេ​ភាគី​ជាច្រើន​​ដង​មកហើយ ស្តីអំពី​បញ្ហា​ប្រា​សាទ​ព្រះ​វិហារ​​ចាប់​​តាំង​ពីកិច្ច​ប្រជុំ​​​របស់​គណៈ​​កម្មា​ធិការ​បេតិ​ក​ភណ្ឌ​​ពិភពលោក​​ក្នុង​ឆ្នាំ ​២០០៧ ​ក្នុងទី​ក្រុង​​ក្រៃឆឺច ​ប្រទេស​នូវែល​ហ្សេ​ឡង់ ។ ប៉ុន្តែទន្ទឹម​នឹង​​កិច្ច​​ពិភាក្សា​​នោះ ថៃ​ជា​ញយៗ​បានធ្វើការ​ឈ្លានពាន​ដោយប្រដាប់​​អាវុធ។ ​ថៃ​បានធ្វើ​ការ​វាយប្រហារ​​ និង​ឈ្លាន​ពាន​​​ទឹក​ដីកម្ពុជា​ជា​លើក​ដំបូង​កាលពីថ្ងៃទី១៥ ​កក្កដា ឆ្នាំ​២០០៨ ​គឺក្រោយ​តែមួយសបា្តហ៍​​​បន្ទាប់​ពី​​​ប្រាសាទ​ព្រះវិហារ​​​ត្រូវបាន​ចុះ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ។ បន្ទាប់ពីមាន​ការ​​​​ឈប់បាញ់គ្នា និងការ​ធានា​មិន​ឱ្យ​មានការ​ឈ្លាន​ពាន​ដូច្នេះទៀត ថៃបាន​ធ្វើ​ការ​វាយប្រហារ​​ជាថ្មី​​ម្ត​ង​ទៀត នៅ​ថ្ងៃទី​៣ និង​ថ្ងៃទី៤ មេសា ឆ្នាំ​២០០៩ ​ដែលធ្វើ​ឱ្យ​ឆេះ​ផ្សារ​ និងផ្ទះ​ប្រជាជន​អស់​។ ​ឥឡូវ​នេះ​ជាថ្មីម្តង​ទៀត​ ​ថៃ​កំពុង​តែភ្ជាប់​កម្ពុជា​ជាមួយ​នឹង​ការប្រយុទ្ធ​​គ្នា​ធំមួយ ហើយ​និង​ការ​វាយ​ប្រហារ​មកលើប្រាសាទ​ព្រះវិហារ​និង​ចូល​ជ្រៅ​មក​ក្នុងទឹកដី​របស់កម្ពុជា ។

​ដោយសារ​តែការ​ភូត​ភរ​​​ និងការ​​មិនគោរព​កិច្ច​សន្យា​​ រាជ​រដ្ឋាភិបាល​​កម្ពុជា​មិនមានជំនឿ​ចិត្ត​​ក្នុងការ​ចូល​មក​ពិភាក្សា​ជាទ្វេ​ភាគី​​ណាមួយ​​ទៀតទេ​ស្តីពីបញ្ហានេះ​ដោយគ្មាន​ភាគីទីបី​​ជា​សាក្សី​នោះ​ឡើយ ។ ​ការរួញ​រា​របស់ថៃក្នុងការ​ទទួល​យក​ភាគីទីបី​ណាមួយ​ អាច​ត្រូវ​បានគេ​យល់​​ថា​ ជាឧបាយកល​ដែល​តាំង​ខ្លួនឯង​ជា​មហា​អំណាច​ដែលខ្លាំង​ជាងគេ​ និងធំជាងគេ​ ហើយ​បិទទ្វារ​វាយកម្ពុជា​បាំងពី​ក្រសែភ្នែក​របស់​​​សហគមន៍​ក្នុងតំបន់ និង​អន្តរ​ជាតិ ។

​អ្នកនាំ​ពាក្យ​អង្គភា​​ព័ត៌​មាន​ និងប្រតិកម្ម​រហ័សសូមបញ្ជាក់​ថា កម្ពុជា​សូមធ្វើការ​អំពាវ​នាវ​ដល់​សហគមន៍​អន្តរ​ជាតិ​ ទប់ស្កាត់​ថៃកុំ​ឱ្យបន្ត​​ល្បែង​សង្គ្រាម​ត​ទៅ​ទៀត ​ទន្ទឹមនឹង​ការជំរុញ​របស់​ថៃ​ឱ្យមានការ​ចរចា​ទ្វេភាគី​ដែល​គ្មានទី​បញ្ចប់​ និងគ្មានន័យនោះ ។ ​កម្ពុជាសង្ឃឹម​យ៉ាង​មុត​មាំ​ថា ប្រជាជន​ដែលពោរពេញ​​ទៅ​ដោយ​​សុច្ឆន្ទៈ​​​ទាំងនៅក្នុងតំបន់ និងនៅក្នុង​ពិភពលោក ទាំង​មូល​នឹង​ធ្វើការ​រួប​រួមគ្នា​ ដើម្បី​បញ្ចប់​ការ​គំរាម​កំហែង​ដែលកំពុង​កើតមាន​ និងធានាឱ្យ​បាន​នូវ​ការ​ការពារ​ និងជួយ​ស្រោច​ស្រង់ប្រា​សាទ​​ព្រះវិហារ​ដែលជា​​សម្បត្តិ​វប្បធម៌​មនុស្ស​ជាតិ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា ៕

បណ្តា​​រូប​ថត​​ឈ្នះ​ក្នុងការប្រកួត​រូបថត​សារព័ត៌មាន​​ពិភពលោក​ឆ្នាំ​2010

Posted: 13 Feb 2011 06:44 PM PST

នារីត្រូវគេកាត់ច្រមុះ
ឆេះផ្សារចំណាស់នៅហៃទី
គ្រួសារយំសោកក្នុងពិធីបុណ្យសព
រូបថតពេលប្រកួតបាល់
ទឹកជំនន់នៅប៉ាគីស្ថាន

លទ្ធ​ផល​នៃការប្រកួត​ប្រជែង​រូបថត​សារ​ព័ត៌មាន​ពិភពលោក​ WPP លើក​ទី​៥៤ ត្រូវបាន​ចេញ​ផ្សាយ​​នាពេលថ្មីៗ​នេះ ​។ ការប្រកួត​ប្រជែង​​រូបថត​​សារព័ត៌មាន​​ពិភពលោក​នេះជា​ព្រឹត្តិ​ការណ៍​​​ដ៏មាន​ឥទ្ធិពល​​​មួយលើពិភពលោក ។ ទាំង​នេះ​ជា​​រូបថត​​​សំរាំងៗ ប្រចាំ​ឆ្នាំ​ដែលគេ​យក​ទៅ​ប្រកួតឈ្នះ​ ។​
យោង​តាម​​លទ្ធ​ផល​​នៃការ​​ប្រកួត​នេះ រូបថត​​យុវនារី​​អាហ្វហ្គានីស្ថាន​​​ម្នាក់នាង BIBI AISHA ដែល​​ច្រមុះ និង​​ត្រចៀក របស់នាង​ត្រូវ​​ពួកតាលីបង់​​កាត់ ហើយត្រូវ​បានជ្រើសរើស​​យក​មក​​​ដាក់​ផ្សាយនៅ​លើ​ក្រប​ទស្សនាវដ្តី​​​អាមេរិក​ថែម​​កាលពីខែ​សីហា ឆ្នាំ​២០១០ ដណ្តើម​បាន​ពាន​រង្វាន់​​​លេខ​១ នៃ​ប្រភេទ​​រូបថត​​បុគ្គល​​ម្នាក់ ។ ​រូបថត​នេះ​ថត​ដោយ​​​លោក JODI BIEBER ជន​ជាតិ​​អាហ្វ្រិក​​​ខាង​ត្បូង​​ជា​អ្នក​​ថត​រូប​ឱ្យ​ទស្សនាវដ្តី​ TIME ។
រូបថត​​​បច្ចុប្បន្ន​​​​ភាព​ទូទៅដែល​​ទទួល​បាន​ពាន​រង្វាន់​​​លេខ​មួយ គឺ​រូបថ​ត​នៃ​​អគ្គីភ័យ​​ឆេះ​ផ្សារ​​ចាស់មួយកាលពី​​ថ្ងៃទី​​១៨ មករា ២០១០ ក្នុងទីក្រុង​​ព័រអូប្រាំង រដ្ឋធានី​ហៃទី ថត​ដោយ​​លោក RICCARDO VENTURI ជនជាតិ​អ៊ី​តាលី ធ្វើការ​ឱ្យកាសែត CONTRASTO ។
រូបថត​​​អំពី​មនុស្ស​​​បង្កើត​​​បច្ចុ​​ប្បន្ន​ភាព ពាន​រង្វាន់​​លេខ​មួយ​បាន​ទៅ​​លើ​រូបថត​របស់​អ្នក​​កាសែត លោក ALTAF QADRT ធ្វើការ​ឱ្យ​ទីភ្នាក់ងារ​​ព័ត៌​មាន​អាមេរិក AP ថត​កាលពី​ថ្ងៃទី​​៦ កញ្ញា ។ រូបថត​​នេះជា​រូបថត​​នៃគ្រួសារ​​មួយ​ដែល​​យំសោក​​ពេល​បុណ្យ​​សព​បុរស​ម្នាក់ នៅ​ក្រុង​​ PATTAN តំបន់​កាស្មៀរ​​ឥណ្ឌា ។​
រូបថត​​​ប្រភេទ​កីឡា​ពាន​រង្វាន់​លេខ​មួយ​បាន​ទៅលើ​​រូបថត​​របស់អ្នក​​ថត​រូប​ជន​ជាតិ​អាហ្វ្រិក​​​ខាង​ត្បូង ធ្វើ​ការ​ឱ្យ​​​រ៉យទ័រ​​ លោក MIKE HUTCHINGS ។ រូបថត​នេះ​ថត​នា​ថ្ងៃទី​​៦ មិថុនា ២០១០ ​បង្ហាញ​​កីឡាករ​បាល់ទាត់​​ហុល្លង់​​​ម្នាក់ លោក DEDY DE ZEEUW ត្រូវកីឡា​ករ​​បាល់ទាត់​​​អ៊ូរូហ្គាយ លោក MARTIN CACERES ទាត់​មួយ​ជើង​ត្រូវ​ចំ​​មុខ ក្នុង​ពេល​ប្រកួត​បាល់ទាត់​​ពិភពលោក​​​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ។
រូបថត​​បណ្តា​មនុស្ស​​​ដែលបង្កើត​​បច្ចុប្បន្ន​ភាព​ពាន​រង្វាន់​​លេខ​មួយ​បានទៅលើ​រូបថត​​របស់​លោក DANIEL BEREHULAK ជន​ជាតិ​​អូស្ត្រាលី ធ្វើ​ឱ្យ​កាសែត GETTY IMAGES កាលពី​​ខែ​កញ្ញា ជា​ទិដ្ឋ​ភាព​ទឹកជំនន់​​យ៉ាង​អាក្រក់​​នៅប៉ាគីស្ថាន ៕

ក្រុម​ប្រដាប់អាវុធបាញ់​សំលាប់​មនុស្ស​​8នាក់នៅម៉ិចស៊ិក

Posted: 13 Feb 2011 06:44 PM PST

ទីភ្នាក់ងារ​​សន្តិសុខ​​រដ្ឋ​រាយការណ៍​​ថា ជន​ប្រដាប់អាវុធ​​​​មួយក្រុម​​កាលពីល្ងាច​ថ្ងៃទី​​​១៣ កុម្ភៈ ​បានបាញ់​​សំលាប់មនុស្ស​​​៨​នាក់ ក្នុងទីក្រុង​​​ម៉ិចស៊ីកូ ​ប្រទេសម៉ិចស៊ិក ។ ​ហេតុ​ការណ៍​​បាញ់​​ប្រហារ​ដ៏សាហាវ​នេះកើតឡើង​ក្នុងសង្កាត់​​ San Agustin Atlapuulco ។ ជនរងគ្រោះ​​មាន​អាយុ​​ចន្លោះ​​ពី​​១៦​ឆ្នាំ​ទៅ​​២៥​ឆ្នាំ ​ត្រូវបានបាញ់ស្លាប់ ដោយ​​បាញ់​​ចំថ្ងាស ។​
តាមអាជ្ញាធរ​​សង្កាត់​នោះ​ឱ្យ​ដឹង​ថា ការ​បាញ់​ប្រហារ​នោះ​​កើតឡើង​ជាការ​សង​​សឹក​​គ្នា​រវាង​​ក្រុម​​អ្នកជួញដូរ​គ្រឿងញៀន​ដែល​​ប្រយុទ្ធគ្នា​​​ដើម្បី​ដណ្តើម​​​ទីផ្សារ​​លក់គ្រឿង​ញៀន​នៅ​តំបន់​នោះ ។​
តាម​របាយការណ៍​​​មួយ​ថា នៅដើម​ឆ្នាំ​២០១១ ​នេះ មនុស្ស​​យ៉ាងហោចណាស់​៨០០​នាក់ ​បានស្លាប់ ក្នុង​​អំពើ​ហិង្សា​ទាក់ទង​នឹង​បទ​ឧក្រិដ្ឋ​​​​ជួញដូរគ្រឿងញៀននៅទូទាំង​​ប្រទេស​​ម៉ិច​ស៊ិក ៕

ប្រទេស​អ៊ីតាលី​ជាទីកន្លែង​​​ដ៏​មាន​មនោសញ្ចេត​នា​បំផុត​ថ្ងៃបុណ្យ​​នៃ​ក្តី​​ស្រឡាញ់

Posted: 13 Feb 2011 06:39 PM PST

កន្លែងទេសចរណ៍នៅកណ្តាលស្ទឹង ប្រទេសអ៊ីតាលី

តាម​ទីភ្នាក់​ងារ​​បរទេស​បាន​ផ្សាយ​ពី​ លទ្ធ​ផល​​​នៃការ​ស្រាវ​ជ្រាវ​​របស់​​គេហទំព័រ​​​​​ដ៏ល្បី​​ឈ្មោះ​ ផ្នែក​ហោះ​ហើរ​ «ស្កាយ​ស្កេន​ណ័រ​» ថា ជាង​១​ភាគ៣​នៃអ្នក​ឆ្លើយ​សំណួរ​​ចំនួន​១.០០០​​នាក់​ឬ​ប្រហែល​​៣៣%​ មានគំនិត​​យល់​​ឃើញ​ថា​ ប្រទេស​​អុីតាលី​ ​ជាទីកន្លែង​​​ទេស​ចរណ៍​​​ដ៏​មាន​មនោសញ្ចេត​នា​​បំផុត​នៅលើ​​សាកល​​​លោក ខណៈ​ប្រទេស​បារាំង​​ស្ថិត​​នៅ​​​​​លំដាប់​ទី២​ ដោយ​ទទួល​សម្លេង​​គាំទ្រ​​​ប្រហែល​​១៩​%​ ក្នុង​អំឡុង​​ពេល​​បុណ្យ​​នៃក្តី​ស្រឡាញ់​២០១១ ។ សំរាប់​​ប្រទេស​​ប្រជុំ​កោះ​​ក្នុង​តំបន់​​សមុទ្រ​​​​ការីបៀន​​ ស្ថិត​​នៅ​លំដាប់​​​ទី៣ ខណៈ​ប្រទេស​​អេស្ប៉ាញ ​​និង​ប្រទេស​​ក្រិច​ ស្ថិត​ក្នុង​លំដាប់​​ទី​៤ និងទី៥តាម​លំដាប់នោះ ។ ចំណែក​​ប្រទេស​​ថៃ​ត្រូវ​បាន​បញ្ជាក់​ថា​ ជា​ដែនដី​ដ៏​មាន​មនោសញ្ចេត​នា​នៅ​លំដាប់​ទី​៦ នៅលើ​ពិភព​លោក​ មាន​សម្លេង​ប្រហែល​៣% ។​ លទ្ធផល​​ស្រាវ​ជ្រាវ ​​បញ្ជាក់​​ឱ្យ​ដឹង​ទៀត​ថា ​​ទីកន្លែង​ដែល​មាន​ស្ថាន​ភាព​​មនោសញ្ចេត​នា​​​បំផុត​​ សំរាប់​​សុំ​​រៀប​អាពិពាហ៍ពាហ៍​​ គឺ​ការ​​សុំ​​រៀបចំ​​​អាពាហ៍ពិពាហ៍​​នៅលើ​​នាវា​​«ហ្គុន​ដូឡា» កណ្តាល​​ស្ទឹង​​ក្នុងទីក្រុង​វេនីស ប្រទេស​អ៊ីតាលី​ ទទួល​​បាន​​សម្លេង​​​ច្រើ​នបំផុត ។ បន្ទាប់​មក​គឺការ​​​សុំ​រៀប​ការ​នៅ​អគារ​ទ្វារ​អេហ្វហ្វែល​ ក្រុង​ប៉ារីស​ ប្រទេស​​បារាំង​ និង​ការ​​សុំ​រៀប​ការ​​នៅ​បរិវេណ​​ជណ្តើរ​​អសស្ប៉ាញ​​ ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លទ្ធផល​អង្កេត​​តាម​​ផ្នែក​សណ្ឋាគារ​ កន្លែង​ស្នាក់​នៅ​​ដ៏​មាន​មនោ​សញ្ចេត​នា​បំផុត​នៅលើ​​ពិភព​លោក ដោយ​​យោង​​លើការ​​ប្រកាស​រង្វាន់​ «ត្រា​វែល​ល័រ​ឆយ ២០១១ បញ្ជាក់​ឱ្យ​ដឹងថា សណ្ឋាគារ​ «​ហ្គាប៉ា​ញ៉ា អ៊ិច​តាប៉ា» ក្នុង​រដ្ឋ​ហ្គេរ៉េរ៉ូ របស់​ម៉ិច​ស៊ិក​ មាន​ឈ្មោះ​ថា ជា​សណ្ឋាគារ​​ «​ភូលេ​ បេ​ រីស៊ត​ អ៊ែន​ស្ប៉ា » ក្នុង​​ខេត្ត​ក្រាប៊ី ប្រទេស​ថៃ​ ស្ថិត​នៅ​​លំដាប់ទី​៧ ៕

បើកការដ្ឋានសាងសង់ស្ពានអ្នកលឿងឆ្លងកាត់ទន្លេមេគង្គក្រោម

Posted: 13 Feb 2011 06:36 PM PST

សម្ដេច​តេ​ជោ និង​លោក​រដ្ឋលេខាធិការ​ក្រសួងការបរទេស​ជប៉ុន​ចុច​ប៊ូ​តុង​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អ្នក​លឿង
ពិធី​សម្ពោធ​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​នៅ​អ្នក​លឿង​នេះ​បាន​ប្រារព្ធ​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ ២០១១

ខេត្តកណ្តាល ៖ ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​នៅ​អ្នក​លឿង ក្រោម​គំរោង​ហិរញ្ញ​ប្បទាន​សហ​ប្រតិ​បត្តិ​ការ​ជំនួយ​ឥត​សំណង​របស់​រាជ​រដ្ឋា​ភិបាល​ជប៉ុន បាន​ផ្តល់​ដល់​ប្រទេស​កម្ពុជា​ចំនួន​ជាង​៩២​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ព្រម​ទាំង​ថវិកា​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ចំនួន​២,៩​លាន​ដុល្លារ​អាមេរិក មាន​ប្រវែង​២.២១៥​ម៉ែត្រ ដែល​ជា​ស្ពាន​វែង​ជាង​គេ​នៅ​កម្ពុជា ដែល​ពុំ​ធ្លាប់​មាន​ទាល់​តែ​សោះ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។ ពិធី​សម្ពោធ​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​នៅ​អ្នក​លឿង​នេះ​បាន​ប្រារព្ធ​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ ២០១១ ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​លោក BANNO Yutaka រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​បរ​ទេស​នៃ​ប្រទេស​ជប៉ុន ស្ថិត​នៅ​ភូមិ​ដើម​អំពិល ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្ត​កណ្តាល ដែល​រយៈ​ពេល​​ការ​សាង​សង់​នេះ​៥១​​ខែ។

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាកច្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​សាង​សង់​ស្ពាន​អ្នក​លឿង គឺ​ការ​តភ្ជាប់​សមា​ហរណ​កម្ម​ផ្ទៃ​ក្នុង​ខ្លួន ​រវាង​ត្រើយ​ខាង​កើត និង​ត្រើយ​ខាង​លិច រវាង​ខេត្ត​កណ្តាល និង​ខេត្ត​ព្រៃ​វែង និង​សមា​ហរណ​កម្ម​នៅ​ក្នុង​តំបន់ និង​ពិភព​លោក។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​​ថា ទៅ​ថ្ងៃ​អនា​គត​ ស្ពាន​អ្នក​លឿង​ និង​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ភ្នំពេញ​-អ្នក​លឿង​នេះ​នឹង​ក្លាយ​ជា​មធ្យោ​បាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​រួម​ចំណែក​បាន​យ៉ាង​ទូលំ​ទូលាយ​ដល់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច និង​សង្គម​កម្ពុជា ពីព្រោះ​ថា ស្ពាន​អ្នក​លឿង​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​សំរាប់​បំពេញ​លក្ខ​ខណ្ឌ​ស្តង់​ដារ​ផ្លូវ​អន្តរ​ជាតិ និង​បន្ថែម​សក្តា​នុពល​នៃ​ផ្លូវ​យាយ​វ៉េ មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ និង​ផ្លូវ​ហាយ​វ៉េ​ទី១ ដើម្បី​បំរើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ឆ្លង​កាត់​ក្នុង​តំបន់ និង​បញ្ចប់​បញ្ហា​ធំ​​គឺ​ពេល​វេលា​ក្នុង​ការ​រង់ចាំ​ឆ្លង​សាឡាង និង​ការ​ចំណាយ​ថ្លៃ​ឆ្លង​សាឡាង របស់​ប្រជា​ជន​កម្ពុជា ក៏​ដូច​ជា​អតិថិ​ជន​នៃ​ការ​ដឹក​ជញ្ជូន​ក្នុង​តំបន់​ផង​ដែរ។

ជា​មួយ​នឹង​គុណ​ប្រយោជន៍ និង​តួនាទី​ដ៏​សំខាន់​របស់​ស្ពាន​នេះ សម្តេច​តេជោ​បញ្ជាក់​ថា គឺ​ជា​ស្ពាន​នាំ​សំណាង ស្ពាន​នាំ​កាលា​នុវត្ត​ភាព​ក្នុង​ការ​បង្កើន​សន្ទុះ​ជីវ​ភាព​សេដ្ឋ​កិច្ច​ឱ្យ​ស្ទុះ​ឡើង។ ​ការ​អភិ​វឌ្ឍ​ផ្លូវ​ជាតិ​លេខ១ ដោយ​ភ្ជាប់​ជា​មួយ​នឹង​ការ​សាង​សង់​ស្ពាន​អ្នក​លឿង​នេះ ពិត​ជា​​លើក​កំពស់​​សមត្ថ​ភាព​ផ្លូវ​ដែល​អាច​ទ្រទ្រង់​នូវ​ចរា​ចរណ៍​ដឹក​ជញ្ជូន​ក្នុង​តំបន់ ហើយ​ផ្តោត​លើ​គោល​ការណ៍​តភ្ជាប់​ផ្លូវ​អាស៊ាន-​ហាយ​វ៉េធំ​ៗ​ចំនួន​២ ឬ​ផ្លូវ​ហាយ​វ៉េ​របស់​មហា​អនុ​តំបន់​មេគង្គ​​ដ៏​មាន​សក្តា​នុពល។ គឺ​ផ្លូវ​អាស៊ាន​ហាយ​វ៉េ​តភ្ជាប់​រាជ​ធានី​ភ្នំពេញ ទៅ​នឹង​ទីក្រុង​បាង​កក និង​ទីក្រុង​ហូជី​មិញ និង​ពីទីក្រុង​គុន​មីង សាធា​រណ​រដ្ឋ​ប្រជា​មានិត​ចិន តភ្ជាប់​មក​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ កាត់​តាម​ផ្លូវ​ជាតិ​លេខ​៧ និង​ផ្លូវ​ជាតិ​លេខ​៤ របស់​កម្ពុជា ឆ្ពោះ​ទៅ​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ និង​ឆ្លង​កាត់​ទន្លេ​មេគង្គ​ដែល​ជា​ទន្លេ​ដ៏​ធំ និង​ល្បី​ល្បាញ​របស់​តំបន់​នេះ ពី​ព្រោះ​ថា ក្រៅ​ពី​បាន​ផ្តល់​នូវ​ទឹក និង​ដី​ដ៏​មាន​ជី​ជាតិ​សំរាប់​ការ​រស់​នៅ​របស់​ប្រជា​ជន និង​កសិ​កម្ម ទន្លេ​មេគង្គ​នៅ​ដើរ​តួ​ជា​ផ្លូវ​ដឹក​ជញ្ជូន​ពាណិជ្ជ​កម្ម និង​ទំនាក់​ទំនង​យ៉ាង​សំខាន់​រវាង​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​ទាំង​មូល ព្រម​ទាំង​បាន​ផ្តល់​នូវ​មូល​ដ្ឋាន​វប្ប​ធម៌ អរិយ​ធម៌​ដ៏​រុង​រឿង និង​សម្បូរ​បែប​ដល់​ប្រជា​ជន​កម្ពុជា និង​ប្រជា​ជន​ក្នុង​តំបន់​ទាំង​មូល​ផង​ដែរ។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា មាន​ចំណង​តភ្ជាប់​មួយ​ទៀ​ត នោះ​គឺ​តភ្ជាប់​រវាង​​ប្រជា​ជន​កម្ពុជា និង​ជប៉ុន បន្ទាប់​ពី​ការ​តភ្ជាប់​នៅ​ឯស្ពាន​គីហ្ស៊ូណា ដែល​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ​២០០១។ នេះ​ជា​ការ​តភ្ជាប់​ក្នុង​ទំនាក់​ទំនង​រវាង​ប្រជា​ជន​កម្ពុជា និងប្រជា​ជន​ជប៉ុន ហើយ​សេដ្ឋ​កិច្ច​របស់​ប្រជា​ជន​កម្ពុជា​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ស្ថាន​ភាព​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​ស្ពាន​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ ទន្ទឹម​នេះ ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​សំដែង​នូវ​ការ​អរ​គុណ​ចំពោះ​​រដ្ឋា​ភិបាល​ជប៉ុន​ និង​ប្រជា​ជន​ប៉ុន​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា​ទៅ​លើ​គំរោង​ការ​មួយ​នេះ​បន្ថែម​ ដោយ​គំរោង​ការ​ដទៃ​ទៀត​ដែល​មានរួច​មក​ហើយ​ដែល​ជំនួយ​របស់​ជប៉ុន​រហូត​មក​ដល់​ពេល​នេះ​តាម​របាយ​ការណ៍​លោក​ឧបនាយក​រដ្ឋ​មន្ត្រី គាត ឈន់ បាន​ឱ្យ​ដឹង​មាន​ចំនួន​១,៩០០​លាន​​​ដុល្លារ​អាមេរិក​ ហិរញ្ញប្បទាន​ឥត​សំណង​ ហើយ​ប្រចាំ​ឆ្នាំ​ជា​ធម្យម​​ក្នុង​កំរិត​១៣០​​លាន​ដុល្លារ អាមេរិក ទោះបីជា​សេដ្ឋ​កិច្ច​មានការ​ធ្លាក់​ចុះ​ក៏​ដោយ​ក៏ជប៉ុន​​នៅ​បាន​រក្សា​កំរិត​​ជំនួយ​ឱ្យ​កម្ពុជា ប្រចាំ​ឆ្នាំ​អ្វីដែល​យើង​កត់​​សំគាល់​នៅត្រង់​ថា ​ជប៉ុន​ទោះបី​​ផ្លាស់​មេដឹកនាំ ឬផ្លាស់​បក្ស​នយោ​បាយ​​ក៏​ដោយ​តែជប៉ុន​​មាន​កុង​​​សង់​ស៊ីស​ក្នុង​​នយោ​បាយ​​ចំពោះ​កម្ពុជា ។ ​ផ្ទេរ​ពី​​នាយក​រដ្ឋ​មន្ត្រី​​មួយ​ទៅ​កាន់​នាយករដ្ឋ​មន្ត្រី​មួយ ផ្ទេរ​ពី​បក្ស​ប្រជា​ធិប​តេយ្យ​សេរី​ជប៉ុន មកកាន់​គណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន​បច្ចុប្បន្ន​នេះ ជប៉ុន​គ្មាន​ការ​ផ្លាស់​ប្តូរ​ណាមួយ​ក្នុង​ឥរិយា​បថ​ចំពោះ​​ការជួយដល់​ព្រះរាជាណា​​ចក្រ​កម្ពុជា​ លើ​ការ​កសាង​​ប្រទេស​នោះទេ ។ ត្រង់​​នេះ​ហើយ​ដែល​យើង​បន្ត​ធ្វើ​ការ​​ជាប់​ជាប្រចាំ​ជាមួយ​នឹង​មិត្ត​ជប៉ុន​ក្នុង​ភាព​ជា​ដៃគូ​ ហើយ​ជាអ្នក​ដែល​ផ្តល់​ជំនួយ​​ធំជាង​គេ​សំរាប់​ប្រជា​ជន​កម្ពុជា ។

សម្តេចនាយក​រដ្ឋ​មន្ត្រី​ បាន​ផ្ញើ​សារ​ជូនទៅ​ប្រជាជន​ជប៉ុន​​ថា រដ្ឋាភិបាល​ជប៉ុន​បាន​ប្រើ​ប្រាស់​​​នូវ​ថវិកា​ទាំងអស់​ចំគោល​ដៅ​ក្នុង​ការ​ជួយ​ដល់​កម្ពុជា ។ គ្រប់​ទិដ្ឋភាព​ទាំង​អស់​កម្ពុជា​បាន​ប្រើ​ប្រាស់​នូវ​ការ​ពិគ្រោះ​ពិភាក្សា​​ទាំង​កំរិត​នយោបាយ ទាំង​​កំរិត​បច្ចេកទេស ទាំង​ការ​ដោះ​ស្រាយ​ផល​ប៉ះពាល់​នានា​​ដែល​ជប៉ុន​ត្រូវ​សាងសង់​ផងដែរ ។

សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​អំពាវ​នាវ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​នៅត្រើយ​​ខាង​ជើង​​ក៏ដូចជា​នៅ​ត្រើយ​ខាង​លិច​ផងដែរ មេត្តា​សហការ​ចូលរួម​ជួយ​ទៅ​ដល់​ការដ្ឋា​ន​នេះ។ កម្លាំង​ប្រដាប់​អាវុធ​គ្រប់​​ប្រភេទ អាជ្ញាធរ​​ដែន​ដី ត្រូវ​ការ​ពារ​ឱ្យ​​ខាង​តែ​បាន​នូវ​បញ្ហា​គ្រឿង​ចក្រ និង​សុវត្ថិភាព​​នៃក្រុម​ហ៊ុន​សាងសង់​ កម្មករ-កម្មការិនី ហើយ​និង​​​​ឱ្យ​ការ​​សាង សង់​បាន​រលូន ។ នេះគឺ​ជាផល​ប្រយោជន៍​​របស់​​កម្ពុជា​ខ្លួនឯង ហើយ​ក៏ជា​ផល​របស់​តំបន់​ដែរ ។​ ក្នុងឱកាស​នោះ​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏បានប្រកាស​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ កំណាត់​ផ្លូវ​​ចាក់កៅ​ស៊ូ​លេខ​១១៨ ​ដែល​មាន​ប្រវែង​៤២​គីឡូ​ម៉ែត្រ ពីអ្នកលឿងទៅ​​​ក្អម​សំណ​ផង​ដែរ ។

​លោកត្រាំ​ អ៊ីវ​តឹក រដ្ឋ​មន្ត្រី​ក្រសួង​សាធា​រណ​ការ​ និងដឹក​​ជញ្ជូន​ថ្លែង​ឱ្យ​ដឹង​ថា ស្ពានត្រូវ​សាង​សង់​មានប្រវែង​សរុប​២.២១៥​ម៉ែត្រ ​ចែក​ចេញ​ជា​​៣​ផ្នែក​គឺ​ស្ពាន​ភ្ជាប់​ផ្លូវ​ត្រើយ​ខាងលិច ស្ពាន​ភ្ជាប់​ផ្លូវ​ត្រើយ​ខាង​កើត​ និងស្ពានមេ​នៅកណ្តាល​ដែល​ការសាង​សង់​ត្រូវ​ធានា​​ឱ្យ​​នាវា​សមុទ្រអាច​ឆ្លង​កាត់ស្ពានបាន ។ លោក​រដ្ឋមន្ត្រី​បន្តថា ស្ពានតភ្ជាប់​ត្រើយ​ខាង​លិច​​មាន​ប្រវែង​៩០០ម៉ែត្រ ជា​ប្រភេទ​ស្ពាន​ជា​បេតុង​​​​មាន២០​ប្រឡោះ​ ប្រឡោះ​នីមួយ​ៗ​មានប្រវែង​៤៥​ម៉ែត្រ​ដូចគ្នា​ ។ ស្ពាន​ភ្ជាប់ត្រើយ​ខាង​កើត​ប្រវែង​​៦៧៥​​ម៉ែត្រ មាន១៥​ប្រឡោះ ​ប្រឡោះនីមួយៗ​មាន​ប្រវែង​៤៥​ម៉ែត្រដូចគ្នា ។ ​ស្ពាន​ភ្ជាប់​ត្រើយ​ខាង​កើត​ប្រវែង​៦៧៥​ម៉ែត្រ ​​មាន​១៥ប្រឡោះ ប្រឡោះ​នី​មួយ​ៗ​មាន​៤៥​ម៉ែត្រ​ដូចគ្នា ។ ចំណែក​មេ​ស្ពានប្រវែង​៦៤០​ម៉ែត្រ មាន៣ប្រឡោះ ប្រឡោះ​សង​ខាង​មាន​ប្រវែង​១៥៥​ម៉ែត្រ​ និងប្រឡោះ​កណ្តាល​សំរាប់​ឱ្យ​នាវា​សមុទ្រ​ឆ្លង​កាត់​មានប្រវែង​៣៣០​ម៉ែត្រ ។

​ការស្ថាប​នា​ឡើង​គឺ​ជា​ការ​បើកទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​ដែល​ពុំ​ធ្លាប់​មានមកពីពេលមុនមក​របស់​​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ។​ ​លោករដ្ឋមន្ត្រី​បញ្ជាក់​ថា ការ​សាងសង់​​ស្ពាន​អ្នកលឿង​អនុវត្ត​ដោយ​ក្រុមហ៊ុន​សំណង់​ស៊ូមីតូ​មីត​ស៊ុយ ត្រួត​ពិនិត្យ​បច្ចេក​ទេស​ដោយ​ក្រុម​ហ៊ុន ចូដៃ សហការ​ជាមួយ​ក្រុមហ៊ុន​អូរីយ៉ង់​តាល​របស់​ប្រទេសជប៉ុន ។​ គំរោង​សាង​សង់​ស្ពាន​នេះ​ គ្រោង​នឹង​បញ្ចប់​ខែមីនា ឆ្នាំ​២០១៥ ។

លោក​ BANNO Yutaka រដ្ឋ​លេ​ខា​ធិការ​ក្រសួង​ការ​បរទេស​ជប៉ុន បាន​ថ្លែង​ថា តាំង​នាម​ឱ្យ​រដ្ឋា​ភិបាល​ និង​ប្រជា​ជន​ជប៉ុន ខ្ញុំ​សូម​សំដែង​នូវ​អំណរ​​សាទរ​ដោយ​ស្មោះ​សរ នៅ​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្ត​​ប្ញក្ស​នេះ ចំពោះ​ពិធី​សម្ពោធ​លើ​ការ​ដ្ឋាន​​សាង​សង់​ស្ពាន​អ្នក​​លឿង​ដែល​​ត្រូវ​បាន​អនុ​វត្ត​ដោយ​ជំនួយ​ឥត​សំណង​របស់​រដ្ឋា​ភិបាល​​ជប៉ុន​ផ្តល់​ជូន​កម្ពុជា ។

​លោក​រដ្ឋ​​លេខា​ធិការ​បន្ត​ថា ​សារ​សំខាន់​​នៃ​ស្ពាន​នេះ​គឺ​ត្រូវ​បាន​បញ្ជាក់​​អះ​អាង​ឡើង​វិញ​មិន​ត្រឹម​​តែ​នៅ​ក្នុង​កិច្ច​ប្រជុំ​​ទ្វេ​ភាគី​រវាង​ជប៉ុន-​កម្ពុជា​នោះ​ទេ តែ​ក៏​នៅ​ក្នុង​កិច្ច​​ប្រជុំ​កំពូល​​ជប៉ុន​ មេគង្គ​ផង​ដែរ ។ រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ស្នើ​សុំ​ការ​ឧបត្ថម្ភ​​ពី​រដ្ឋា​ភិបាល​ជប៉ុន​​ដើម្បី​សាង​សង់​ស្ពាន​មួយ ដើម្បីតភ្ជាប់​​ត្រើយ​ខាង​លិច និង​​ត្រើយ​ខាង​​កើត​ទន្លេ ។ ជា​ការ​ឆ្លើយ​តប​រដ្ឋា​ភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​​ឥត​សំណង​នៅ​ឆ្នាំ​២០១០ ដើម្បី​សាង​សង់​ស្ពាន​អ្នក​លឿងនេះ៕​            

ថ្ងៃ៦ តុលា ១៩៥៦ កម្ពុជាដាក់បណ្តឹងរឿងប្រាសាទព្រះវិហារ

Posted: 13 Feb 2011 06:18 PM PST

ប្រាសាទព្រះវិហារជាស្នាដៃរបស់បុព្វបុរសខ្មែរដែលចោរសៀមចង់ឈ្លានពានយក

ព័ត៌​មាន​ទាំង​ឡាយ​​ខាង​ក្រោម​នេះជា​ឯក​សារ​​ចេញ​ពី​​ការិយា​ល័យ​ក្រឡា​បញ្ជី​របស់​តុលា​ការ​​​យុត្តិធម៌​​អន្តរ​ជាតិ​​ក្រុង​ឡា​អេ​ ​ទាក់​ទិន​នឹង​រឿង​​ក្តី​ប្រាសាទ​ព្រះវិហារសំរាប់​ជូន​ដល់​សារ​ព័ត៌​មាន​​​​នានា​​ជា​ភា​សាបារាំង ។ កោះ​សន្តិ​ភាព​សូម​ធ្វើ​ការ​បកប្រែ​ក្រៅ​ផ្លូវ​ការ​ដូច​ខ​ាង​ក្រោមនេះ៖ ថ្ងៃ​ទី៦ តុលា ឆ្នាំ​១៩៥៩ ភ្នាក់​ងារ​របស់​រដ្ឋា​ភិបាល​​កម្ពុជា​បានប្រគល់​ជូន​ដល់​ការិយាល័យ​​ក្រឡា​បញ្ជី​របស់​តុលាការ​នូវ​ពាក្យ​បណ្តឹង​មួយ​ក្នុង​នាម​របស់​រដ្ឋាភិបាល​​​ខ្លួន​ប្រឆាំង​នឹង​រដ្ឋា​ភិ​បាល​ថៃ ។

ពាក្យ​បណ្តឹង​នេះ​ធ្វើ​ឡើង​​ផ្អែក​លើ​គតិយុត្តិ​របស់​តុលា​ការ​ស្តី​ពី​អំពើ​​ទូទៅ​ ដើម្បី​ដោះស្រាយ​​​ដោយ​សន្តិ​វិធី​នូវ​វិវាទ​អន្តរ​ជាតិ​ចុះ​ថ្ងៃ​ទី២៦​ កញ្ញា ឆ្នាំ​១៩២៨ ​តាម​មាត្រា​៣៦ ​នៃ​លក្ខន្តិកៈ​​របស់​តុលាការ​​ តាមសេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី២០ ឧសភា ឆ្នាំ ១៩៥០ របស់​រាជា​ណា​ចក្រ​​ថៃ និង​សេចក្តី​​ថ្លែង​ការណ៍​ថ្ងៃទី៩ កញ្ញា ឆ្នាំ​១៩៥៧ របស់​ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុជា​​ ដែល​ទទួល​​ស្គាល់​​ថា ជា​កាតព្វ​កិច្ច​​​គតិយុត្តិ​​របស់​តុលា​ការ ​​និងលើ​មាត្រា​៤០នៃ​លក្ខន្តិកៈ​​ និងមាត្រា៣២​នៃបទ​បញ្ជា​ផ្ទៃក្នុង ។

​ពាក្យបណ្តឹង​​របស់កម្ពុជា​លើក​​ឡើង​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៤៩ ​មក រា​ជា​ណា​ចក្រ​ថៃ​នៅ​តែ​ប្រកាន់​​យក​ការ​កាន់​កាប់​លើ​ផ្នែក​មួយ​នៃ​ដែន​ដី​​កម្ពុជា​ដែល​មាន​ប្រា​សាទ​ព្រះវិហារជា​កន្លែង​​គោរព​សក្ការៈ​​ និង​គោរ​ព​បូជា​សំរាប់​ប្រជា​ជន​​កម្ពុជា​ និង​ថាចាប់​តាំ​ងពីឆ្នាំ​១៩៥៤ មក ប្រទេស​ថៃ​​បានរំលោភ​បំពាន​លើ​ធម្មនុញ្ញ​របស់​អ.ស.ប ដោយបាន​បញ្ជូន​មក​កាន់​ផ្នែក​នេះ​នៃដែន​ដី​ដែលស្ថិត​​ក្រោម​អធិបតេយ្យ​​ភាព​របស់​កម្ពុជា​នូវ​កង​កំលាំង​យោធា​។ ពាក្យ​បណ្តឹង​​នោះ​​ស្នើសុំ​ឱ្យ​តុលា​ការ​និយាយ និង​ដោះ​ស្រាយៈ ១-​ឱ្យ​រា​ជា​ណា​​ចក្រ​ថៃ​ដកកង​ទ័ព​របស់ខ្លួន​ដែល​ដាក់​ពង្រាយ​​ចាប់តាំងពីឆ្នាំ​១៩៥៤មក ចេញពី​ប្រា​សាទ​ព្រះ​វិហារ ។ ២-​អធិបតេយ្យ​ភាព​ដែនដី​នៅ​ប្រា​សាទ​​ព្រះវិហារ​ជារបស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។ ក្រុង​ឡា​អេ ​ថ្ងៃទី៧ តុលា​ ១៩៥៩។

មុន​នេះ​ គណៈកម្មាធិការអចិន្ត្រៃយ៍​សន្និ​សីទ​អន្តរជាតិរបស់គណបក្សនយោបាយនៅអាស៊ី (ICAPP) បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីពេលកន្លងមកនេះ ដោយគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចរបស់​គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងការចុះ​ប្រា​សាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភព​លោក និងបានសំដែងការពេញចិត្តផងដែរ ជាមួយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទី​ក្រុងឡាអេ កាលពីថ្ងៃ​ទី១៥ មិថុនា ឆ្នាំ១៩៦២ ដែលសម្រេចថា «ប្រាសាទព្រះ​វិហារ គឺស្ថិតនៅក្នុងទឹកដីក្រោមអធិបតេយ្យ​របស់​ព្រះរាជាណាចក្រកម្ពុជា​ មិនអាចប្រកែក​បាន ហើយថែមទាំងបានធ្វើការអំពាវនាវផង​ដែរ​ដល់សហគមន៍​អន្តរជាតិ​សម្រាប់ជំនួយ​បន្ទាន់ដើម្បីយកមកធ្វើការជួសជុលឡើងវិញអភិរក្ស និងការការពារប្រាសាទ»។

ការរំលឹកឡើងវិញនូវខ្លឹមសារនៃសេចក្តីថ្លែង ការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និ សីទអន្តរជាតិសម្រាប់គណបក្សនយោបាយនៅ អាស៊ី (ICAPP) ក្នុងអំឡុងពេលធ្វើទស្សនកិច្ច នៅតំបន់អង្គរនិងប្រាសាទព្រះវិហារ​ដែលជា តំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជាកាលពី ថ្ងៃទី៤-៥ ធ្នូ ឆ្នាំ២០១០ ក៏ជាការចង់បង្ហាញ​ប្រាប់​ដល់​សាធារណៈមតិជាតិ និងអន្តរជាតិឲ្យ​បានដឹងច្បាស់ពីការទទួលស្គាល់ពីមេដឹកនាំគណ​បក្សនយោបាយ​នៅតំបន់​អាស៊ីចំនួនប្រមាណ៨៩គណបក្ស និងអង្គការអន្តរជាតិចំនួន១០ ដែលបានវាយតម្លៃថា កម្ពុជាជាគំរូនៃនយោ​បាយ​​សន្តិភាពនៅក្នុងតំបន់ និងពិភពលោក បន្ថែម​ពីលើភាពស្របច្បាប់ជាតម្លៃនីត្យានុកូល​ភាពដ៏រឹងមាំ​របស់កម្ពុជាដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ​ តបទៅនឹងការប្រកាសផ្លូវការ​របស់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលថៃដែលចិញ្ចឹមចិត្ត​ឈ្លានពានទឹកដីកម្ពុជា។

លោកនាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត វីចាជី​វ៉ា កាលពីថ្ងៃទី២៧ មករា ឆ្នាំ២០១១ បានចេញមក​អះអាងថា «កម្ពុជាគ្មានសិទ្ធិដោតទង់ជាតិ​​របស់​ខ្លួន​នៅតំបន់ព្រំដែនមានជម្លោះជាប់នឹងប្រា​សាទ​ព្រះវិហារបានឡើយ» និងនៅថ្ងៃទី៣១ មករា​ឆ្នាំ២០១១ ក្រសួងការបរទេសថៃបានចេញ​សេចក្តី​ថ្លែងការណ៍របស់ខ្លួនមាន៤ចំណុចដែល​ក្នុងនោះរួមមាន៖
១-ថៃមិនទទួលយកការអះអាងដោយ​កម្ពុជា លើផែនទីខ្នាត១/២០០.០០០ ក្នុងការធ្វើ​ជា​មូលដ្ឋានសម្រាប់កំណត់ព្រំដែន ។
២-ការសម្រេចក្តីដោយតុលាការ​យុត្តិ​ធម៌​អន្តរ​​ជាតិឆ្នាំ១៩៦២ មិនបានសម្រេចទៅលើ​បញ្ហាខ្សែបន្ទាត់ព្រំដែនរវាងថៃ-កម្ពុជា។
៣-នៅតែអះអាងថា វត្តកែវសិក្ខាគិរីស្វារៈ​ស្ថិត​នៅក្នុងទឹកដីថៃ ហើយទាមទារឱ្យកម្ពុជា​រុះរើវត្ត និងដងទង់ជាតិចេញពីទីនោះ ដូចដែល​ខ្លួន​ធ្លាប់ បានទាមទារជាច្រើនលើកច្រើនសាមកហើយ ។
៤-នឹងបន្តដោះស្រាយបញ្ហាព្រំដែនជា​មួយ​កម្ពុជាទៅតាមច្បាប់អន្តរជាតិដោយសន្តិវិធី តាម​រយៈក្របខណ្ឌ ​(JBC) ហើយថា ការងារ នោះកំពុងដំណើរការ ។

ទោះជាយាងណាក៏ដោយ ការចេញមកទាម​ទារដោយរំលោភលើដែនអធិបតេយ្យកម្ពុជា ដោយគ្មានមូលដ្ឋានច្បាប់របស់ថ្នាក់ដឹកនាំថៃ ក៏​ដូចជាការអះអាងពីអធិបតេយ្យរបស់ខ្លួនលើវត្ត​កែវសិក្ខាគិរីស្វារៈ និងការមិនទទួល​ស្គាល់​ផែន​​ទីខ្នាត១/២០០.០០០ គឺបានបង្ហាញ​យ៉ាង​ជាក់ច្បាស់ថា រដ្ឋាភិបាលអាប់ភីស៊ីត បាន​និង​កំពុងដើរផ្ទុយទៅនឹងគោលការណ៍នៃការចង់​បានសន្តិភាពនៅក្នុងតំបន់សម្រាប់ប្រជាជនទាំង​ពីរកម្ពុជា-ថៃ និងម៉្យាងទៀត ការព្រមាន​ប្រកាស​សង្គ្រាមដោយប្រើប្រាស់កម្លាំងទ័ពមកគាបសង្កត់លើប្រទេសកម្ពុជាដែលមានអធិបតេយ្យ បូរណភាពទឹកដីត្រឹមត្រូវ គឺជាការបង្ហាញនូវ​ចេតនាច្បាស់លាស់នៃការចង់បន្តជម្លោះជាមួយ​កម្ពុជា បំផ្លាញនូវភាពសុខសាន្ត​របស់ប្រជាពលរដ្ឋទាំងពីរ និងបានដើរផ្ទុយទាំងស្រុងទៅនឹង​សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០១០ របស់ថ្នាក់ដឹកនាំគណបក្សន​យោ​​​បាយនៅជុំវិញតំបន់អាស៊ី ដែលបាន​អំពាវ​នាវ​ឲ្យមានការថែរក្សា​នូវបេតិកភណ្ឌអាស៊ីទាំងមូល ។ ទង្វើទុច្ចរិតរបស់រដ្ឋាភិបាលអាប់ភីស៊ីត បានបង្ហាញពីការប្រើល្បិចកលដ៏អាក្រក់ជាទីបំផុតក្នុងការបំពុលបរិយាកាសប្រកបដោយ​គ្រោះថ្នាក់ដល់ប្រទេសជាតិទាំងពីរ និងនៅ​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ ។

ការពិត នាយករដ្ឋមន្ត្រីអាប់ភីស៊ីត និងរដ្ឋ​មន្ត្រីការបរទេសកាស៊ីត ភិរម្យ ​ពុំមានអ្វីជា​ទឡ្ហីករណ៍ដុំកំភួនណាមួយស្របច្បាប់សម្រាប់ការពារមហិច្ឆតាឈ្លានពានទឹកដីកម្ពុជានោះឡើយ ផ្ទុយទៅវិញសកម្មភាពឈ្លានពានរបស់​ថៃ​មកលើទឹកដីកម្ពុជា បានស្តែងចេញតាមរយៈ​ការបង្កើតឱ្យមានឡើងនូវផែនទីចោរ លួចគូរជា​ឯក​តោភាគី ដោយសម្ងាត់ គ្មានការទទួល​ស្គាល់​ពី​អន្តរជាតិ ។ ដូចនេះ ការលើកឡើងពីតំបន់​ជិត​ប្រាសាទព្រះវិហារ និងតំបន់នៅតាមព្រំដែន​ជាប់​នឹងកម្ពុជាថា ជា «ដីត្រួតស៊ីគ្នា៤,៦គីឡូម៉ែត្រ​ក្រឡានោះ គ្រាន់តែជាលេសនៅក្នុងមហិច្ឆតា​ឈ្លានពានទឹកដីកម្ពុជា ជាពិសេសចង់បង្វែរពី​សភាពការណ៍តានតឹងនៃវិបត្តិផ្ទៃក្នុងរបស់ខ្លួន
ដោះស្រាយពុំរួច ហើយងាកមកយកកម្ពុជា​ធ្វើជា​ចំណាប់ខ្មាំងនយោបាយក្នុងប្រទេស​របស់​ខ្លួន ស្របពេលដែលមានហ្វូងបាតុករទាំងអាវ​លឿង និងអាវក្រហមបាននិងកំពុងដឹកនាំធ្វើ​បាតុ​កម្មប្រឆាំងនឹងរដ្ឋាភិបាលនោះ នាមុនពេលបោះ​ឆ្នោតក្នុងប្រទេសថៃ ។

យោងតាមប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី​២៨ មករា ឆ្នាំ២០១១ បានបញ្ជាក់ជាថ្មីថា «វត្ត​កែវសិក្ខាគិរីស្វារៈ គឺបានកសាងឡើង​ដោយ​ប្រជា​ជនកម្ពុជាក្នុងឆ្នាំ១៩៩៨ គឺច្បាស់​ណាស់​ថា វត្តនោះពិតជាស្ថិតនៅក្នុងទឹកដីកម្ពុជា ។ ម៉្យាង​ទៀត តំបន់ប្រាសាទព្រះវិហារ ជាពិសេសវត្ត​កែវ​សិក្ខាគីរីស្វារៈ ត្រូវបានការពារតាមផ្លូវច្បាប់​ដ៏រឹងមាំ និងការគ្រប់គ្រងជាក់ស្តែងដោយកម្ពុជា (De facto et De jure) ដូច្នេះ​ទង់ជាតិរបស់ ព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបង្ហោះ​នៅ​លើ​វត្តគឺមានលក្ខណៈស្របច្បាប់» ហើយទង់​ជាតិនេះក៏ជាតំណាងឲ្យអត្តសញ្ញាណនៃឯកភាព​ជាតិខ្មែរទាំងមូល ដូចមានកំណត់នៅក្នុងឧប​សម្ព័ន្ធ​ទី១នៃមាត្រា៦ ក្នុងរដ្ឋធម្មនុញ្ញរបស់​កម្ពុជា​ផងដែរ។ ដូច្នេះការព្រមានប្រកាសសង្គ្រាម​របស់​លោកអាប់ភីស៊ីតដោយបង្ហាញកម្លាំងយោធាមកលើកម្ពុជាតាមរយៈការតម្រូវឲ្យកម្ពុជាដកទង់ជាតិរបស់ខ្លួនចេញពីវត្តកែវសិក្ខាគិរីស្វារៈដែល​ថៃអះអាង​ថា ជាទឹកដីរបស់ខ្លួន គឺមាន​តម្លៃ​ស្មើនឹងការប្រមាថយ៉ាងធ្ងន់ធ្ងរមកលើជាតិ​ខ្មែរ ហើយនេះគឺជាមហិច្ឆតាចង់ពង្រីកទឹកដី​តាម​របៀបហ៊ីទ្លែរនិយមដែលក្នុងសម័យសកល​ភាវូប​នីយកម្មទីផ្សារសេរីមិនអនុញ្ញាតឲ្យប្រព្រឹត្តបែប​នោះបានឡើយ។ ដូច្នេះ ដោយយោងទៅលើមាត្រា៥២,៥៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាមាន កាតព្វកិច្ច និងប្រកាន់ជំហរដាច់ខាតក្នុងការប្តេជ្ញា រក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដី និងសូមរក្សា​ទុកនូវសិទ្ធិកាន់អាវុធតស៊ូ ប្រឆាំងនឹងការរំលោភឈ្លានពានមកពីក្រៅ ដើម្បីការពារមាតុភូមិរបស់ខ្លួន ៕

ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​ព្រំដែន​​សំរុក​ចូល​​មក​ស្រុក​ទេសវិញខុស​ប្រក្រតី​ ខណៈ អ.ស.ប ​ចាប់ផ្តើម​​ប្រជុំ​​ស្តីពី​ជម្លោះ​​សៀម​ឈ្លានពាន

Posted: 13 Feb 2011 06:11 PM PST

​ក្រុងប៉ោយប៉ែត​ ៖ ​ចាប់តាំង​ពី​វេលាម៉ោង​៤​រសៀល​ថ្ងៃទី​​១៣ កុម្ភៈ ២០១១ គេ​សង្កេត​ឃើញ​​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ​​ប្រជា​ពល​រដ្ឋ​​​​ អាជីវករ​ខ្មែរ ​ពលករ​ខ្មែរ​សំរុក​ចូលមក​​ក្នុង​ប្រទេស​​ភូមិ​កំណើត​របស់ខ្លួន​វិញ ​​​ហាក់​ដូចជា​ខុស​​ប្រក្រតី​​​ ដែលមើលទៅ​ឃើញ​​ច្រើន​ជាង​ធម្ម​តា​ និងមានកាន់​អីវ៉ាន់​​​រយីងរយោង​​ហាក់​​ដូច​ជា​រូត​រះ​​ទៀត​ផង ។​

យោង​តាម​​​អ្នកឆ្លើយ​ឆ្លង​​ព័ត៌​របស់កោះសន្តិ​ភាព​​ប្រចាំ​នៅ​ក្រុង​​ប៉ោយប៉ែត បាន​ឱ្យ​ដឹង​ថា ​ជា​ការ​ពិតណាស់ គឺ​ប្រជា​ពលរដ្ឋ​​ខ្មែរ​​ អាជីវករ ​ពល​ករ បានសំរុក​វិល​​ត្រឡប់​​ចូលមក​ក្នុង​​ប្រទេស​កម្ពុជា​វិញយ៉ាង​ប្រញិបប្រញាប់​បំផុត​ ដើម្បី​​ជួប​ជុំ​​ក្រុមគ្រួសារ​ដោយពួកគេ​លើកឡើង​​ថា ​យ៉ាង​ម៉េច​យ៉ាង​ម៉ាគឺ​​ឱ្យ​វា​ស្ថិត​​ក្នុង​ប្រទេ​សខ្លួន​ឯង​ទៅ​ចុះ ។ ​ខេត្តកោះកុង​​​ តាម​​ច្រក​​ទ្វារ​អន្តរជាតិ​​​ចាំ​យៀម-ហាត​លិក និង​តាម​​ផ្លូវទឹក​ ក៏​មាន​ប្រជា​ពល​រដ្ឋ​​ខ្មែរ ពលករ អាជីវករ​ខ្មែរ ​សំរុក​ចូល​មក​កាន់​​​ស្រុក​​ទេស​វិញ ច្រើនជាង​​ថ្ងៃ​ផ្សេងៗ​ដែរ​...​ចំណែក​នៅ​​តាម​ខ្សែ​​បន្ទាត់ព្រំដែនខេត្តបាត់​ដំបង​ឯណោះ​វិញ ដូចជា​ស្រុក​សំពៅ​លូន និង​ស្រុក​​ភ្នំ​ព្រឹក​ ​ប្រជា​ពលរដ្ឋ​​ដែលប្រើប្រាស់​​ចរន្ត​​អគ្គីសនី​​របស់​សៀម​​ក៏ត្រូវ​បាន​​​​កាត់​ផ្តាច់​​ភ្លើង​​ផងដែរ ​ប៉ុន្តែ​​​តាមប្រភពព័ត៌​​មាន​​​ពី​មន្ត្រី​​​ទំនាក់ទំនង​តាម​ព្រំដែន​​របស់ថៃ ​បាន​ឱ្យ​​ដឹង​ថា ​ការ​ផ្តាច់​​ចរន្ត​អគ្គិ​សនី​​នេះ​ មិនមែន​​អ្នកណា​​ផ្តាច់នោះទេ គឺ​ដោយ​​សារ​តែ​វា​​ដាច់​ខ្សែ​​ភ្លើង បណ្តាល​មក​ពី​ភ្លៀង-ខ្យល់​​ខ្លាំង​ពេក​នៅ​ក្នុងទឹកដី​ថៃ​ជាប់ព្រំដែន​កម្ពុជា...។

មន្ត្រី​​អាជ្ញាធរ​​មូលដ្ឋាន​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ​ដោយឡែក​​ស្រុក​កំរៀង​មិនដាច់​ភ្លើង​ទេ...​ឯការ​ភ័យ​​ខ្លាច​​របស់ប្រជា​​​ពលរដ្ឋ​​​ពីការ​​ផ្ទះ​អាវុធ​​ ឬ​សង្គ្រាម​​នោះ​ វា​គឺជា​​​ការគិត​របស់ពួ​ក​គាត់ រហូត​មាន​អ្នកខ្លះ​​​ជីក​ត្រង់​​សេ​ក្បែរ​ផ្ទះ​ទៀត​ផង ។​ តាម​ការ​​សំភាសន៍​​របស់​​អ្នក​យក​ព័ត៌មាន​​​​កោះ​សន្តិភាព​​​បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​​ខ្លះ គាត់​បារម្ភ​​ថា ការ​​ប្រជុំ​​នៅក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​​សហ​ប្រជា​​ជាតិ​នៅថ្ងៃទី​១៤ កុម្ភៈ ​២០១១ នេះ​​សៀម​​បង្ក​​​បញ្ហា​​​នាំ​ឱ្យ​ស្ថានការណ៍​​យោធា​ក្តៅ​គគុក ឬ​ផ្ទុះ​សង្គ្រាម​តទៅទៀត ៕​

បើក​លឿន​ដូចគ្នា​​បុក​បន្ត​បន្ទាប់​​​​ពេញ​ទំហឹង​ស្លាប់​១ របួស​​ធ្ងន់ រថយន្ត​​ដាច់កង់

Posted: 13 Feb 2011 05:21 PM PST

រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​តូយ៉ូតា ប្រភេទ​​១បាំង​កន្លះ​​បាន​បើក​បុក​​គ្នា​ពេញទំហឹង​ជា​មួយ​រថយន្ត​ស៊ីទែន​សាំង បណ្តាល​​ឱ្យ​​អ្នក​ជិះ​​អែប​អ្នក​បើក​​បរ​រថយន្ត​ម៉ាកតូយ៉ូតាម្នាក់ ស្លាប់​​បាត់​បង់​ជីវិត​​ដោយ​កៀប​​ជាប់​ខាង​មុខ​​ខ្លាំងក្លា​បំផុត ​កាលពីវេលាម៉ោង​​១២​និង​​​៣០​នាទីរំលង​អធ្រាត្រ​​​ចូលថ្ងៃទី​​១៤ កុម្ភៈ ២០១១ ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៤ ស្ថិត​ក្នុង​​ភូមិ​​អូ​ដឹម​ សង្កាត់​​ចោម​ចៅ​​ ខណ្ឌ​ដង្កោ ។​

រថយន្ត​តូយ៉ូតា​ ពណ៌ស ពាក់ស្លាក​លេខ ក-៨៣៦៩ ភព​២ ​ចង្កូត​ស្តាំ បើក​បរ​ដោយ​ឈ្មោះ​​ផាត សុខា អាយុ​៣៩​ឆ្នាំ ​រង​របួស​ធ្ងន់​ ត្រូវ​បាន​បញ្ជូន​​ទៅសង្គ្រោះ​​នៅ​មន្ទីរ​​ពេទ្យ​​​មួយ​កន្លែង​ ចំណែក​​​​អ្នក​រួមដំណើរ (ជិះអែប) បានស្លាប់​​បាត់​បង់ជីវិត​​ភ្លាមៗ ដោយសារ​តែ​​​រថយន្ត​​ក្រពឹត​​រួញ​ខ្ទេច​​ខាង​មុខ​កៀបជាប់​យ៉ាង​ខ្លាំង​ក្លា ។ ​រថយន្ត​​ស៊ីទែន​សាំង​ម៉ាក​តាតា ពណ៌ស ​ពាក់ស្លាក​លេខ ក-៤៤៧៧ ភព៣ ក្រពឹត​​ខាង​មុខ​​គួរ​សម ​ដាច់​កង​​ម្ខាង​ អ្នកបើក​បរ​​រត់គេចខ្លួន​បាត់​ បន្ទាប់​ពី​កើត​​ហេតុ​​បន្សល់ទុក​​​រថយន្ត​ក្រពឹត​​រួញ ​ទាំង​សង​ខាង​ មើលទៅ​គួរ​ឱ្យ​​រន្ធត់​​​ពេក​ណាស់ ។​

អ្វីដែល​គួរ​ឱ្យ​ហួសចិត្ត​​​ថែមទៀត​នោះ គឺ​​ស្រប​ពេល​​កំពុងជួប​គ្រោះថ្នាក់​​ចរាចរ​​បែប​នេះ ​គេឃើញ​​រថយន្ត​​​របស់​ក្រុមហ៊ុន AZ ​បានបើក​បរ​​មកជួយធ្វើអន្តរាគមន៍ ​ដោយ​​ចត​រថយន្ត​​ដាក់​បាំង​​កន្លែង​គ្រោះថ្នាក់​​ចរាចរ​នោះ និង​មាន​បើក​​ភ្លើង​បំភ្លឺ​​ភ្លឹប​​ភ្លែតៗ​ជាស​ញ្ញា​​អាសន្ន​​រង់ចាំ​​ប៉ូលិស​​មក​ដល់​...​ស្រាប់តែ​​​បន្តិច​នោះ​ក៏​មាន​រថ​យន្ត​មួយគ្រឿង​ទៀត មក​បុក​រថយន្ត​​របស់​ក្រុម​ហ៊ុន AZ បណ្តាល​​ឱ្យ​ខូចខាត​​ជា​បន្ត​ទៀត​ ​ត្រូវ​បាន​ប៉ូលិស​​​នាំយកទៅធ្វើការ​​ដោះស្រាយ​​នៅ​ការិ​យាល័យ​ប៉ូលិស​​ចរាចរ​​រាជធានីភ្នំពេញ​ទាំង​អស់​គ្នា ៕​

ចាប់​ខ្លួន​បុរស​អាមេរិក​ជួល​ផ្ទះ​ស្នាក់​នៅ​ទិញ​ពេស្យា​ចារ​កុមារ

Posted: 13 Feb 2011 04:27 PM PST

ជន​ជាតិ​អាមេរិក​​​នោះ​ត្រូវ​បាន​ចោទ​ពី​បទ​ទិញ​ពេស្យា​ចារ​កុមារ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន
​ជន​រង​គ្រោះ​មាន​ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ និង​១៥​​ឆ្នាំ ព្រម​ទាំង​នារី​ម្នាក់​អាយុ​២៨​ឆ្នាំ

ខេត្ត​ព្រះ​សីហនុ ៖ បុរស​​​ជន​ជាតិ​អាមេរិក​ម្នាក់​ឈ្មោះ​ MARDY ROBERT JESSUP JR អាយុ​៤៩​​ឆ្នាំ បច្ចុ​ប្បន្ន​ស្នាក់​នៅ​ផ្ទះ​ជួល​​ក្នុង​​ក្រុម​ទី​១៤ ភូមិ​៣ សង្កាត់​លេខ៣ ក្រុង​ព្រះ​សីហនុ ​ចូល​មក​​កម្ពុជា​ក្នុង​នាម​ជា​អ្នក​ទេស​ចរ​ មាន​ទិដ្ឋាការ​​ចុះ​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១១ ផុត​កំណត់​ថ្ងៃ​ទី​១០ មីនា ឆ្នាំ​២០១១ ត្រូវ​​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ និង FBI សហ​រដ្ឋ​អាមេរិក​ សហ​ការ​ជា​មួយ​លោក​ប៊ូ ប៊ុន​ហាង ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ រួម​ជា​មួយ​សមត្ថ​កិច្ច​ប៉ូលិស​នៃ​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​ និង​ការ​ពារ​អនីតិ​ជន​របស់​ស្នង​ការ​ដ្ឋាន​​​ខេត្ត ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ វេលា​ម៉ោង​១០​និង​៣០​នាទី​​ព្រឹក នៅ​ក្នុង​ផ្ទះ​ជួល​​ ពី​បទ​ទិញ​ពេស្យា​ចារ​កុមារ។

​ជន​រង​គ្រោះ​មាន​ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ និង​១៥​​ឆ្នាំ ជា​អ្នក​លក់​ខ្សែ​.ក ខ្សែ​ដៃ​ជា​វត្ថុ​អនុ​ស្សាវរីយ៍​​តាម​ឆ្នេរ​សមុទ្រ ព្រម​ទាំង​នារី​ម្នាក់​អាយុ​២៨​ឆ្នាំ ក៏​ត្រូវ​បាន​ទិញ​ទៅ​បំរើ​ផ្លូវ​ភេទ​ដែរ។ ​ពេល​ឃាត់​ខ្លួន​ជន​ជាតិ​អាមេរិក​​នោះ សមត្ថ​កិច្ច​​ឆែក​ឆេរ​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​ កុំព្យូ​ទ័រ Laptop ១​គ្រឿង, Mouse១, USB Flas ២, កញ្ឆា​ក្រៀម​២​កញ្ចប់​តូច, ទឹក​រំអិល​ KY ២​ដប, កាំបិត​ចុច​១, ក្រដាស​មូរ​បារី ១​ប្រអប់​តូច, លិខិត​ឆ្លង​ដែន​ចាស់​១​ក្បាល និង Speaker ១​គូ។

ជន​ជាតិ​អាមេរិក​​​នោះ​ត្រូវ​បាន​ចោទ​ពី​បទ​ទិញ​ពេស្យា​ចារ​កុមារ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន ​ហើយ​សមត្ថ​កិច្ច​​បាន​ជូន​ដំណឹង​ដល់​ស្ថាន​ទូត​ ដែល​មាន​ស្នាក់​ការ​នៅ​ភ្នំពេញ និង FBI រហូត​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​​តែ​ម្តង។ ជន​ជាតិ​អាមេរិក​ម្នាក់​​នោះ​នឹង​ត្រូវ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ និង​ FBI បញ្ជូន​ខ្លួន​ទៅ​​កាត់​ទោស​នៅ​​សហ​រដ្ឋ​អាមេរិក ប៉ុន្តែ​បច្ចុ​ប្បន្ន​​ស្ថាន​ទូត​ និង FBI ​ផ្ញើ​ទុក​​បណ្តោះ​អាសន្ន​នៅ​ពន្ធនា​គារ​ខេត្ត​ព្រះ​សីហនុ រង់​ចាំ​ការ​បញ្ជូន​ខ្លួន។
ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ឃាត់​ខ្លួន​ជន​ជាតិ​អាមេរិក​​ម្នាក់​​នោះ ម្ចាស់​ផ្ទះ​ជួល​​គ្មាន​ស្លាក​យីហោ​នោះ​សំដែង​ការ​​ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង​នៅ​ពេល​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​​ចូល​ថត​យក​រូប​ភាព​​នៃ​ការ​ឃាត់​ខ្លួន និង​រូប​ភាព​​ផ្ទះ​ជួល​ដែល​ជា​កន្លែង​ធ្វើ​សកម្ម​ភាព​សេព​គ្រឿង​ញៀន និង​ទិញ​ពេស្យា​ចារ​កុមារ។ ម្ចាស់​ផ្ទះ​ជួល​​ទំនង​ចង់​លាក់​លៀម​រឿង​អ្វី​មួយ​ដែល​​មិន​ប្រក្រតី​ ដូច​នេះ​សមត្ថ​កិច្ច​គួរ​តែ​​ស៊ើប​អង្កេត​បន្ថែម​ទៀត​៕

មិន​មែន​​ជាសង្គ្រាម​​តែ​ប៉ុណ្ណោះ​ទេ​តែ​​ជា​សង្គ្រាម​បំផ្លាញ​​ប្រា​សាទ​ព្រះវិហារ

Posted: 13 Feb 2011 04:08 PM PST

មួ​យស​ប្ដា​ហ៍​បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ធ្ងន់ធ្ងរ​ផ្ទុះ​ឡើង​ក្នុង​រយៈពេល​៤​ថ្ងៃពី​ថ្ងៃ​ទី៤ ដល់ ថ្ងៃ​ទី​៧ កុម្ភៈ ឆ្នាំ២០១១ រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ ដែល​អាប់​ភី​ស៊ី​ត ​វេចា​ជីវ៉ា ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ ជា​អ្នក​មេគំនិតបាន​បញ្ជាឱ្យ​មានការ​ធ្វើ​សមយុទ្ធ​យោធា​មួយ​នៅ​ព្រំដែន​ក្បែរ​ប្រាសាទព្រះវិហារ​ ។ រយៈពេល​ពីរ​បីថ្ងៃ​ក្រោយមក អាប់​ភី​ស៊ី​តបាន​ទាមទារ​ឱ្យ​កម្ពុជា​ដក​​ទង់ជាតិ​ចេញពី​វត្ដ​កែវ​សិក្ខា​គី​រី​ស្វា​រៈ និង​រើ​វត្ដ​ចេញ​ ។ វា​ច្បាស់​ណាស់​ថា អាប់​ភី​ស៊ី​ត ពិតជា​បាន​រៀបចំ​ផែនការ​ធ្វើសង្គ្រាម​យ៉ាង​ល្អ​ប្រឆាំង​នឹង​កម្ពុជា ក្នុង​គោលបំណង​កាន់កាប់​តំបន់​ជុំវិញ​ប្រាសាទព្រះ​វិហារ ឬបំផ្លាញ​ប្រាសាទ​ឱ្យ​បាន​ឆាប់​កាន់តែ​ល្អ​មុន​សម័យប្រជុំ​នៃ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី៣៥ ដែល​នឹង​ធ្វើ​នៅ​ខែមិថុនា ឆ្នាំ២០១១ នៅ​ប្រទេស​បារេន។

ស​ង្គ្រាម​ពិតប្រាកដ​បាន​ចាប់ផ្ដើម​ផ្ទុះនៅ​ពេល​ដែលកងទ័ព​ថៃ​សំរុកចូល​ទៅ​ក្នុង​តំបន់​ដែល​កាន់កាប់​តាម​ច្បាប់ និង​ជាក់ស្ដែង​របស់​កម្ពុជា​។ កងទ័ព​ថៃ​បាន​បាញ់​គ្រាប់​កាំភ្លើង​ផ្លោង និង​គ្រាប់​ចង្កោម​ដាក់​ប្រាសាទព្រះវិហារ និង​ដាក់​តំបន់​ដទៃ​ទៀត​ក្បែរ​ប្រាសាទព្រះវិហារដែល​បាន​បណ្ដាល​ឱ្យ​មានការ​ខូចខាត​យ៉ាងដំណំ​។ វា​មិន​មាន​សារសំខាន់​អ្វី​ឡើយ​ដែល​ត្រូវ​លើក​ឡើង​ថា តើ​អ្នក​ណា​បាញ់​មុន អ្នក​ណា​បាញ់​ក្រោយ ប៉ុន្ដែ​សំខាន់បំផុត​ទាក់ទង​ទៅ​នឹង​ការ​ផ្ទុះអាវុធ​នេះគឺថា តើ​អ្នក​ណា​បង្កើត​ឱ្យ​មាន​បុព្វ​ហេតុ​នាំ​ឱ្យ​មាន​សង្គ្រាម​ផ្ទុះ​ឡើង​រវាង​កងទ័ព កម្ពុជា និង​កងទ័ព​ថៃ​នោះ? តើ​ហេតុ​អ្វី​កងទ័ព​ថៃ​បាន​បាញ់កាំភ្លើង​ធុន​ធ្ងន់​គ្រប់​ប្រភេទ​ដាក់​ប្រា​សាទ​នៅ​ពេល​ដែល​កងទ័ព​ថៃបាន​យល់​ដឹង​ច្បាស់​ថា ប្រាសាទព្រះវិហារ​ជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោកដែល​ត្រូវ​ទទួល​បាន​នូវ​កិច្ចការពារ និង​ការ​អភិរក្ស​ដែល​ត្រូវ​បាន​ធានា​ដោយ​អនុសញ្ញា​ឡាអេ​ឆ្នាំ១៩៥៤​?

មជ្ឈដ្ឋាន​ជាតិ និង​អន្ដរជាតិ​បាន​យល់​ដឹង​យ៉ាង​​ច្បាស់​ថា មាន​បុព្វហេតុ​ខ្លះ​ៗដែល​បណ្ដាល​មក​ពី​ប្រទេស​ថៃទី​១ ប្រើប្រាស់​ផែន​ទីស​ម្ងា​ត់ ឯកតោភាគី និង​ជា​ផែនទី​ដែល​អន្ដរជាតិ​មិន​បាន​ទទួលស្គាល់ ដើម្បី​យក​មក​អះអាង​ទាមទារ តំបន់​​ក្បែរ​ប្រាសាទដែល​បាន​រំលោភ​ទាំងស្រុង​ទៅ​នឹង​សាលដីកា​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ក្រុង​ឡា​អេ​ឆ្នាំ​១៩៦២​ ។ ទី​ពីរ អាប់​ភី​ស៊ី​ត​បាន​បញ្ជា​ឱ្យ​មាន​សមយុទ្ធ​យោធា​មួយ​នៅ​ក្បែរ​ព្រំ​ដែន​ដោយ​មិន​បាន​ជូនដំណឹង​ដល់​ប្រទេស​កម្ពុជា​មុនឡើយ ដែល​ជា​បំណង​ចង់​កាន់កាប់​តំបន់​ដូច​ដែល​បាន​រៀបរាប់​ខាងលើ ឬបំផ្លាញ​ប្រាសាទ​នោះ​ឱ្យ​បាន​ឆាប់​កាន់តែ​ល្អបន្ទាប់​ពី​ចលនា​អាវ​លឿង​ដាក់​សម្ពាធ​លើ​អាប់​ភី​ស៊ី​ត ​។

ក្នុង​ឆ្នាំ២០០៨បក្ស​ប្រជាធិបតេយ្យ​នៅ​ជា​បក្ស​ប្រឆាំង​ក្នុង​ពេល​នោះ អាប់​ភី​ស៊ី​ត​បាន​ញុះ ញង់​ឱ្យ​ចលនា​អាវលឿង​ប្រឆាំង​ទៅ​នឹង​ការ​ដាក់​ប្រាសាទព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោកដែល​ធ្វើ​ឱ្យ​មានការ​ឈ្លានពានរបស់​ថៃ​មក​លើ​ទឹកដី​កម្ពុជាក្នុង​តំបន់​ក្បែរ​ប្រាសាទ​កាលពី​ថ្ងៃ​ទី១៥ កក្កដា ឆ្នាំ​២០០៨​។ ដោយ​មានការ​គាំទ្រ​ពេញទំហឹង​ពី​ចលនា​អាវ​លឿងអាប់​ភី​ស៊ី​ត​បាន​សន្យា​យក​ប្រាសាទព្រះវិហារ​ត្រឡប់​មក​វិញ​ជូន​ប្រទេស​ថៃ ​។ តែ​ក្រោយមក អាប់​ភី​ស៊ី​ត​បាន​បរា​ជ័យ​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ការ​រារាំង​ផែនការ​គ្រប់គ្រង បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​ចុះបញ្ជី​ប្រាសាទ ព្រះ​វិហារ និង​បរាជ័យ​ក្នុង​ការ​ទាមទារ​ឱ្យ​មាន​ការ​ចុះបញ្ជី​ប្រាសាទ​រួម​គ្នាក្នុង​អំឡុង​សម័យប្រជុំ​របស់​កណៈក​ម្មា​ធិ​ការបេតិកភណ្ឌ​លើក​ទី៣៤ នាទី​ក្រុង​ប្រេ​ហ្ស៊ី​លី​យ៉ា​នៃ​ប្រទេស​ប្រេ​ហ្ស៊ី​ល​កាលពី​ឆ្នាំ២០១០​កន្លង​ទៅ​។

មក​ដល់​ពេល​នេះ អាប់​ភី​ស៊ី​ត និង​កា​ស៊ី​ត កំពុង​យក​កម្ពុជា​ធ្វើ​ជា​ចំណាប់ខ្មាំង​ក្នុង​ជម្លោះ​នយោបាយ​ផ្ទៃក្នុងរបស់​ថៃ ដើម្បី​បង្វែ​រការ​យក​ចិត្ដទុកដាក់​ពី​ក្រុង​បាងកកមក​ក្រុងភ្នំពេញ​វិញ ពិសេសដើម្បី​ជំរុញ​ឱ្យ​បក្ស​ប្រជាធិបតេយ្យ​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ ។ បុព្វ​ហេតុ​ពិតប្រាកដ​នៃ​ជម្លោះ​នេះ​ជាក់ស្ដែង​បាន​កើត​ចេញពី​ការដែលប្រទេស​ថៃ​បាន​ប្រើប្រាស់​ផែន​ទ​ី​សម្ងាត់ឯកតោភាគីដែល​អន្ដរជាតិ​មិន​បាន​ទទួល​​ស្គាល់​ ។ រហូត​មក​ដល់​ពេល​នេះ តាម​ដែល​យើង​បានដឹង​នោះផែនទី​នោះ​ទទួលស្គាល់​ដោយ​ថៃ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ក្នុង​បំណង​បន្ដ​ទាមទារ​យក​តំបន់​ក្បែរប្រាសាទ​។

ក្នុង​ឆ្នាំ១៩៦២ តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ក្រុង​ឡា​អេ​បាន​ប្រើប្រាស់​ផែនទី​ឧ​ប​សម្ព័ន្ធ១ជា​មូលដ្ឋាន ដើម្បីសម្រេច​ថា ប្រាសាទព្រះវិហារ និង​តំបន់​ជុំវិញ​ប្រាសាទ​ស្ថិត​នៅ​ក្នុង​ទឹ​ក​ដី​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា ​។ នៅ​ក្នុង​ហេតុផល​នៃ​ការ​សម្រេច​របស់​ខ្លួនតុលាការ​យុត្ដិធម៌​អន្ដរជាតិ បាន​បង្ហាញ​យ៉ាង​ច្បាស់លាស់​បំផុត​នូវ​នីត្យានុ​កូលភាព​នៃ​ខ្សែបន្ទាត់​ព្រំដែនដែល​ត្រូវ​បាន​គូស​លើ​ផែនទី​ឧ​ប​សម្ព័ន្ធ១ដោយ​គណៈកម្មាធិការ​ចំរុះ​បារាំង និង​សៀម ហើយ​ដែល​ភាគីទាំង​ពីរ​បាន​ព្រមព្រៀង​ទទួលយក​នៅ​ក្នុង​ឆ្នាំ១៩០៨​។ ដូច្នេះ មិន​មានការ​សង្ស័យ​ឡើយ​ដែល​វត្ដ​កែវ​សិក្ខា​គី​រី​ស្វា​រៈស្ថិត​នៅ​ក្នុង​ចម្ងាយ៣០០​ម៉ែត្រ​ពី​ប្រាសាទ និង៧០០​ម៉ែត្រ​ស្ថិត​នៅ​ជ្រៅ​ក្នុង​ទឹកដី​របស់​កម្ពុជា​ ។

អាជ្ញាធរ​ថៃ​មិន​ដែល​បាន​ធ្វើការ​ជំទាស់​ទៅ​នឹង​ការ​សាងសង់​វត្ដ​នោះ​ក្នុង​ឆ្នាំ​១៩៩៨ ព្រម​ជាមួយ​គ្នា​នឹង​ផ្សារ​មួយ បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ទទួល​នូវ​សុខ​សន្ដិភាព និង​ស្ថិរ​ភាព​នយោ​បាយ​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​ប្រវត្ដិសាស្ដ្រ​របស់ ខ្លួន ​។ ក្នុង​ន័យ​នេះ រដ្ឋាភិបាល​ថៃ​មិន​អាច​និយាយ​​បាន​ថា ពួក​គេ​មិន​បានដឹង​អំពី​ការ​សាង​សង់​វត្ដ​នោះ​តាំងពី​ឆ្នាំ​១៩៩៨ឡើយ​ ។ ចំពោះ​អត្ដភាព​នៃ​វត្ដ​នេះក្នុង​ឆ្នាំ២០០៨ អភិបាលខេត្ដ​ស៊ី​សាកេ​ត​ថៃ​បាន​ទទួលស្គាល់​ថា វត្ដ​កែវ​សិក្ខា គី​រី​ស្វា​រៈត្រូវ​បាន​សាងសង់​ក្នុង​ឆ្នាំ១៩៩៨​ ។ វា​ច្បាស់​ណាស់​ថា នីត្យានុកូលភាព​នៃ​វត្ដ​នេះមិន​ត្រូវ​បាន​អាជ្ញាធរ​ថៃជំទាស់​តវ៉ា​ឡើយរហូត​ដល់​ពេល​ប្រទេស​កម្ពុជា​បាន​ស្នើ​ដាក់​ប្រាសាទ​ព្រះ​វិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ ទីក្រុង​ក្រៃ​ឆឺ​ច​ប្រទេស​ណូ​វែ​ល​ហ្សឺ​ឡង់​ក្នុង​ឆ្នាំ ២០០៧ ហើយ​ចុង​ក្រោយ​ត្រូវ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កា​ណា​ដា​ក្នុង​ឆ្នាំ ២០០៨​។

នៅ​ក្នុង​ឆ្នាំ២០០០ប្រទេស​កម្ពុជា និង​ថៃ​បាន​ចុះហត្ថលេខា​លើ​អនុស្សរ​ណៈ​នៃ​ការ​យោគយល់​គ្នា​មួយ​ស្ដី​ពី​ការវាស់វែង និង​ខ​ណ្ឌ​សីមា​ព្រំដែន​គោកដែល​ទាំង​វត្ដ និង​ផ្សារមិន​ត្រូវ​បាន​រដ្ឋា​ភិ​បាល​ថៃ​លើក​ឡើង ឬជំទាស់​តវ៉ាឡើយ​។ យោង​តាម​មាត្រា១ (​គ​) នៃ​អនុស្សរ​ណៈ​នៃ​ការ​យោគ​យល់​គ្នាភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ប្រើប្រាស់​ផែនទីរបស់​គណៈកម្មការ​បារាំង​-​សៀម ដែល​ត្រូវ​បាន​ង្កើ​ត​ឡើង​ដោយ​អនុសញា​ឆ្នាំ១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ១៩០៧ ដែលក្នុង​នោះសំដៅ​ដល់​ផែនទី​ឧ​ប​សម្ព័ន្ធ១ដែល​ត្រូវ​បាន​តុលាការ​យុត្ដិ​ធម៌​អន្ដរជាតិ​ប្រើប្រាស់​ក្នុង​សាលដីកា​របស់​ខ្លួន​ក្នុងឆ្នាំ១៩៦២ ត្រូវ​បាន​រាប់​ប​ញ្ជូ​ល​សំរាប់​ធ្វើការ​វាស់វែង និង​ខ​ណ្ឌ​សីមា​ព្រំដែន​គោ​រវាង​ប្រទេស​ទាំង​ពីរ​ ។

ពេល​នេះ​ការ​ជឿ​ទុកចិត្ដ​របស់​ថៃ​ក្នុង​ទំនាក់​ទំនង​អន្ដរជាតិ​របស់​ខ្លួន​ជាមួយ​ប្រទេស​កម្ពុជា កំពុង​ត្រូវ​បានសហគមន៍​អន្ដរជាតិ​ឃ្លាំមើល​យ៉ាង​យកចិត្ដទុកដាក់ ហើយ​ដែល​ស​ហគមន៍​អន្ដរ​ជាតិ​បាន​មើលឃើញ​ថា ថៃ​ជាប្រទេស​គំរាម​កំ​ហែង​កម្ពុជាដែល​ជា​ប្រទេស​សមាជិក​តូច​មួយ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​។ ដោយ​សារ​តែអំពើ​ឈ្លានពាន​របស់​កងទ័ព​ថៃ​មក​លើ​កម្ពុជា ប្រទេស​ថៃ​កំពុង​ប្រឈម​មុខ​យ៉ាង​អា​ក្រ់​ទៅ​នឹង​ការ​បាក់មុខ បាត់​សេចក្ដីថ្លៃថ្នូរ​លើ​ឆាក​អន្ដរ​ជាតិ​ដោយសារ​តែ​មហិច្ឆតា​ចិញ្ចឹ​ម​ចិត្ដ​ទាម​ទារ​យក​តំបន់​ក្បែរ​ប្រាសាទរំលោភ​ទៅ​នឹង​ច្បាប់​អន្ដរ​ជាតិ​ ។ ក្នុង​ទ​ង្វើ​ដ៏​អា​ក្រ់​របស់​ថៃ​បែប​នេះ ប្រទេស​​ថៃ​កំពុង​ក្លាយទៅជា​អ្នក​គំរាម​កំហែងដ៏​ធំ​មួយ ជា​អ្នកលេង​កោងកាចអន្ដរជាតិ​ដែល​កំពុង​រំលោភច្បាប់​អន្ដរជាតិ ហើយ​តាំងខ្លួន​ដូច​ជា​អ៊ីទ្លែរជា​ឧក្រិដ្ឋជន​អន្ដរជាតិ និង​ជា​ជន​អនាធិប​តេយ្យបំផ្លាញ​របៀបរបប និង​សណ្ដាប់​ពិភព​លោក​​ដែល​ត្រូវ​បាន​ចារឹក​ក្នុង​ធម្មនុញ្ញសហ​ប្រជា​ជាតិ​។

មជ្ឈដ្ឋាន​ជាតិ និង​អន្ដរជាតិ អាប់​ភី​ស៊ី​ត​មិន​អាច​បង្កើត​ជា​លេស​ថា ​ខ្លួន​រក្សា​សិទ្ធិស្វ័យការ​ពារ​បាន​ឡើយ​នៅ​ពេលដែល​ប្រាសាទព្រះវិហារ​ត្រូវ​បាន​ទទួល​ការ​ខូចខាត​យ៉ាងដំណំដោយ​ការ​បាញ់កាំភ្លើង​ធំ​របស់​កងទ័ព​ថៃ​ដោយ​ផ្ទាល់​។ អាប់​​ភី​ស៊ី​តបាន​យល់​ដឹង​យ៉ាង​ច្បាស់​ថា ប្រា​សាទព្រះវិហារ​មិនមែន​ជា​មូលដ្ឋាន​កងទ័ព​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ប្រាសាទព្រះ​វិហារ​គឺជា​ទីកន្លែង​សំរាប់​គោរព​បូជា និង​ទេសចរណ៍ ​។ នៅ​គ្រប់ពេល​មាន​តែ​កងកំលាំង​នគរបាល​មួយ​ចំនួន​តូច​ដែលកាន់​អាវុធ​ស្រាល​ៗ ដើម្បី​ការ​ពារ​សុ​វត្ថិ​ភាព​ដល់​អ្នក​ទេសចរនៅ​ប្រាសាទ​ប៉ុណ្ណោះ ​។ ទោះ​បីជា​យ៉ាងណា​ក៏​ដោយ ក៏​អាប់​ភី​ស៊ី​ត​មិន​អាច​លើក​ឡើង​នូវ​ទឡ្ហីករណ៍ចំពោះ​ការ​បាញ់​របស់​ថៃ​មក​លើ​ប្រាសាទព្រះវិហារនៅ​ពេល​ដែល​ប្រាសាទជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភព​លោកដែល​ត្រូវ​តែ​ទទួល​បាន​នូវ​កិច្ច​ការពារ និង​ការ​អភិរក្ស​ក្នុង​ពេល​មាន​ជម្លោះ​ប្រដាប់​អាវុធ ដូច​បាន​ធានា​ក្នុង​អនុសញ្ញាឡា​អេ​ឆ្នាំ១៩៥៤ ដែល​ភាគី​ហត្ថ​លេខី​ទាំងអស់​បាន​ប្ដេជ្ញា​ចាត់​រាល់​វិធានការ​ទាំង​អស់​ដែលអាច​ធ្វើ​ទៅ​បាន​ដើម្បី​រក្សា​ការពារ​សម្បត្ដិ​​បេតិកភណ្ឌ​វប្បធម៌​។

របាយ​ការ​ការណ៍​របស់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​បាន​បង្ហាញ​ថា កងទ័ព​ថៃ​បាន​បាញ់​គ្រាប់​កាំភ្លើង​ចង្កោម​ដាក់ប្រាសាទព្រះវិហារ ដែល​គ្រាប់កាំភ្លើង​ចង្កោម​ខ្លះ​បាន​ផ្ទុះ​លើ​ប្រាសាទ ហើយ​គ្រាប់​ច​ងោ្ក​ម​ខ្លះ​ទៀត​មិន​ទាន់​ផ្ទុះ​នៅឡើយ ប៉ុន្ដែ​គ្រាប់​ចង្កោម​ដែល​មិន​ទាន់​ផ្ទុះ​ទាំងនោះ  នឹង​​សម្លាប់​ជីវិត​មនុស្ស​ច្រើន​ទៀត​ច្រើន​ទសវត្ស​ក្រោយមក បន្ទាប់​ពី​ការប្រយុទ្ធ​គ្នា​នឹង​បញ្ចប់​។ នេះ​ជា​សង្គ្រាម​យ៉ាង​ពិតប្រាកដ មិនមែន​ជា​ការ​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ​ឡើយ ពី​ព្រោះ កងទ័ព​ថៃ​បាន​បាញ់កាំភ្លើង​ផ្លោង​ធំ​ៗ​ដាក់​ប្រា​សាទ​ ។ នេះ​ជា​សង្គ្រាម​យ៉ាង​ពិតប្រាកដ​ដោយ​សារ​កងទ័ព​ថៃ​បាន​បាញ់​គ្រាប់កាំភ្លើង​ធំ​ៗ និង​​គ្រាប់​ចង្កោម​ដាក់​ប្រាសាទក្រោម​បញ្ជាធ្វើ​សង្គ្រាម​​ដោយ​អាប់​ភី​ស៊ី​ត ហើយ​អាប់​ភី​ស៊ី​ត​ត្រូវ​ទទួលខុសត្រូវចំពោះ​សង្គ្រាម​នោះ​។

ក្នុង​ន័យ​នេះ យោង​តាម​អនុសញ្ញាឆ្នាំ១៩៥៤ កិច្ចការ​សំខាន់​បំផុត និង​បន្ទាន់​នោះត្រូវ​មាន​អ្នក​ស​ង្កេត​ការយោធា​សហប្រជាជាតិ​ព្រម​ជាមួយ​និង​​ក្រុម​វាយតំលៃ​របស់​អង្គការ​យូ​ណេ​ស្កូមក​សិក្សា​វាយតំលៃ​ការ​ខូចខាត​នៅ​នឹង​កន្លែងចាប់​តាំងពី​ប្រាសាទ​បាន​ទទួល​ឋានៈ​ជា​សម្បត្ដិ​បេតិក​ភណ្ឌ​ពិភពលោក​ក្នុង​ឆ្នាំ២០០៨ នាទី​ក្រុង​កេ​បិ​ច​ប្រទេស​កា​ណា​ដា​ ។ អាស្រ័យ​ដោយការ​ខូចខាត​នេះ ប្រាសាទព្រះវិហារត្រូវ​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​អន្ដរជាតិ​សំរាប់​កិច្ច​ការពារ និង​ការ អភិ​រក្ស​ជា​បន្ទាន់​ស្រប​តាម​ការ​អនុវត្ដ​ផែនការ​គ្រប់គ្រងដែល​កម្ពុជា​បាន​ដាក់​ជូន​គណៈ​កម្មា​ធិការ​បេតិកភណ្ឌ​ពិភពលោកក្នុង​សម័យ​ប្រជុំ​លើក​ទី៣៤ នៅ​ប្រទេស​ប្រស៊ីលឆ្នាំ​២០១០​កន្លង​ទៅ​ ។​ កម្ពុជា​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​លេញ​ក្នុងការ​អនុវត្ដ​នូវ​ផែនការ​គ្រប់​គ្រង​តាម​រយៈ​របាយការណ៍​ចេញ​ដោយ​មជ្ឈ​មណ្ឌល​បេតិក​ភណ្ឌ​ពិភពលោកដែល​បំរើ​ជា​លេខាធិ​ការដ្ឋាន​របស់​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភពលោក​។

ដូច្នេះប្រទេស​ជា​សមាជិក​ទាំង២១នៃ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោកត្រូវ​ពិចារណា​យ៉ាង​យកចិត្ដ​ទុកដាក់​ដល់​កិច្ច​ការពារ និង​ការ​អភិរក្ស​ជា​បន្ទាន់​ដល់ប្រាសាទដែល​ត្រូវ​បាន​បំផ្លាញ​យ៉ាងដំណំ​ដោយ​គ្រាប់​កាំ​ភ្លើ​ផ្លោង​របស់ កងទ័ព​ថៃ​ ។ ព្រលឹង​នៅ​រស់​របស់​ប្រាសាទ​ព្រះ​វិហារកំពុង​ស្រែកហៅ​ឱ្យ​អង្គការ​យូ​ណេ​ស្កូ​ជួយ​ដែល​ជា​ស្ថាប័ន​មួយ​នៃអង្គការ​សហប្រជាជាតិ​ដ៏​មាន​អំណាច និង​សហគម​ន៍​អន្ដរជាតិ​សុំ​ការពារ និង​ការ​សង្គ្រោះ ដើម្បី​រក្សា​ឱ្យ​បាន​គង់​វង្ស​យូរ​អង្វែងទុកជា​សម្បត្ដិ​បេតិកភណ្ឌ​វប្បធម៌​របស់​មនុស្សជាតិ​ទាំងអស់​ ៕

ឡុង សុគុណ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!