Koh Santipheap Daily

Koh Santipheap Daily


ជា សំនៀង ជួប​​ជា​មួយ​​ វង្ស ​ណយ ខណៈ ​ខុន ឆៃ​លាង ជួប​ ហេង​ វិឆ័យ

Posted: 14 Feb 2011 11:39 PM PST

ខេត្ត​កណ្តាល ៖ នៅ​លើ​សង្វៀន​ប្រដាល់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ​សំរាប់​ល្ងាច​ថ្ងៃ​សុក្រ ទី​១៨ កុម្ភៈ​ ខាង​មុខ​នេះ ជា សំនៀង ​មក​ពី​ក្លឹប​​កង​ពល​តូច​ឆត្រ​យោង​៩១១ ត្រូវ​បាន​ផ្គូ​ផ្គង​ឱ្យ​ជួប​ប្រកួត​ជា​មួយ​វង្ស ណយ ​មក​ពី​​ក្លឹប​កង​ពល​តូច​លេខ​៣១ ។ ជា សំនៀង ​ជា​អ្នក​ប្រដាល់​​ជើង​​ចាស់​​ធ្លាប់​​អង្រួន​សង្វៀន​ឱ្យ​កក្រើក​​តាម​រយៈ​ស្នៀត​​គុន​ដ៏​ពូ​កែ​របស់​គេ ។ ទោះ​បី​ជា​ឃ្លាត​ឆ្ងាយ​ពី​សង្វៀន​​ប្រដាល់​មួយ​រយៈ​មក​ហើយ​ក្តី ពេល​ត្រឡប់​មក​វិញ​គេ​នៅ​រក្សា​បាន​វិជ្ជា​គុន​ល្អ​​ដដែល។ កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ កន្លង​ទៅ​ ជា​ សំនៀង បាន​យក​ឈ្នះ​វា៉ន់ ចាន់​វ៉េត មក​ពី​ក្លឹប​​សិង្ហ​កីឡា និង​មាន​ឱកាស​ប្រើ​ជង្គង់​ឱ្យ​អាជ្ញា​កណ្តាល​រាប់ ចាន់​វ៉ែត ទៀត​ផង ។ សំនៀង ជា​អ្នក​មាន​ជំនាញ​​ខាង​ជង្គង់​ និង​កែង​យ៉ាង​ប៉ិន​ប្រសប់ ។ ចំណែក​វង្ស ណយ​វិញ នៅ​ខណៈ​ ពេល​ដែល​គ្មាន​វត្ត​មាន​ជា​ សំនៀង មួយ​រយៈ​នេះ​គេ​ដើរ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ខ្លាំង​​ណាស់ ។ បច្ចុ​ប្បន្ន​​វង្ស ណយ ក្លាយ​ជា​ខ្លា​​កំណាច​ដែល​មិន​ងាយ​មាន​អ្នក​ណា​បង្ក្រាប​បាន​ទេ គេ​ក៏​ជា​អ្នក​​​លេង​ស្នៀត​​កែង​ដ៏​ពូកែ​ម្នាក់​ដែរ​។ កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ កន្លង​ទៅ​វង្ស ណយ បាន​ប្រើ​ស្នៀង​កែង​ដ៏​​មុត​ស្រួច​របស់​ខ្លួន​បំបាត់​​អ៊ឹង បូរិន មក​ពី​ក្លឹប​​សិង្ហ​កីឡា​ ត្រូវ​គ្រូ​ពេទ្យ​បញ្ឈប់​​ក្នុង​ទឹក​​ទី​៣ ។ រវាង​​ជា សំនៀង និង​វង្ស ណយ ពិត​ជា​ខ្លាំង​ដូច​គ្នា ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ចុង​ក្រោយ​ពិត​ជា​មាន​អ្នក​ខ្លោច ។

ខុន ឆៃ​លាង មក​ពី​ក្លឹប​​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣ ខេត្ត​ព្រះ​វិហារ ត្រូវ​ប្រកួត​ជា​មួយ​ហេង វិឆ័យ មក​ពី​ក្លឹប​កង​ពល​តូច​លេខ​៧០ ។ ឆៃ​លាង និង​វិឆ័យ ​​មាន​​សមត្ថ​​ភាព​​ប្រហាក់ប្រហែល​​គ្នា ប៉ុន្តែ​វិឆ័យ​ហាក់​​មាន​ចិត្ត​ធំ​ជាង ​ហើយ​ផ្នែក​​កម្លាំង​ក៏​គ្រាន់​បើ​ជាង​ដែរ ។ សំរាប់​អ្នក​​លេង​ភ្នាល់​លុយ​ក្រៅ​សង្វៀន​​មាន​ជំនឿ​លើ​វិឆ័យ​​ច្រើន​ជាង​ក្នុង​ការ​ដណ្តើម​ជ័យ​ជំនះ ។ ស៊ូ វណ្ណៈ មក​ពី​ក្លឹប​​យុវ​កីឡា​ខេត្ត​កណ្តាល ត្រូវ​ប្រកួត​ជា​មួយ ឡុង ​វណ្ណៈ មក​ពី​ក្លឹប​​សាល​វ័ន្ត​កីឡា ។ ​ស៊ូ វណ្ណៈ មាន​ផ្លែ​ជង្គង់​ល្អ ប៉ុន្តែ​យឺត​ រីឯ​ឡុង វណ្ណៈ ​គេជា​អ្នក​​លេង​កណ្តាប់​ដៃ​យ៉ាង​ពូកែ។ ​តើ​អ្ន​ក​ល្អ​ជង្គង់​ និង​អ្នក​ល្អ​កណ្តាប់​ដៃ​នរណា​ឈ្នះ? ជា ឆៃ​យ៉ា មក​ពី​ក្លឹប​​ខេមរិន​មាន​ឫទ្ធិ ត្រូវ​ប្រកួត​ជា​មួយ​ពេជ្រ ​សំពៅ មក​ពី​ក្លឹប​​ក្រសួង​ការ​ពារ​ជាតិ ។ រីឯ​​ការ​ប្រកួត​ជា​លក្ខណៈ​សាកល​ សូ សុផាត មក​ពី​ក្លឹប​​តោ​មាស ត្រូវ​ប្រកួត​ជា​មួយ​ប៉ី យីម មក​ពី​ក្លឹប​តា​ព្រហ្ម​មាន​ជ័យ ៕

ប៉ូលិស​ខណ្ឌ​ចំការ​មន​បន្ត​បើកប្រតិបត្តិ​ការ​បង្ក្រាប​ថ្នាំញៀន

Posted: 14 Feb 2011 11:31 PM PST

ជន​ជាតិ​វៀត​ណាម​២​នាក់​ប្តី​ប្រពន្ធ​បានត្រូវសមត្ថ​កិច្ច​នគរបាល​ខណ្ឌ​ចំការ​មនឡោម​ព័ទ្ធ​ចាប់​ខ្លួន​​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល

រាជធានីភ្នំពេញ ៖ ជន​ជាតិ​វៀត​ណាម​២​នាក់​ប្តី​ប្រពន្ធ​បានត្រូវសមត្ថ​កិច្ច​នគរបាល​ខណ្ឌ​ចំការ​មន​ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍​ឯក​ហៀង ថា​រ៉េត ​និងលោក​អនុ​សេនីយ៍ឯក​គល់ យី អធិ​ការ​​រងនគរបាល​ខណ្ឌ​ជំនួស​​មុខ​ឱ្យ​​លោ​ក​អ៊ុច សុខុន អធិ​ការ​​នគរ​បាល​ខណ្ឌឡោម​ព័ទ្ធ​ចាប់​ខ្លួន​​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ​ស្ថិត​ក្នុង​ភូមិ​​១០ សង្កាត់​ផ្សារ​​​ដើមថ្កូវ ខណ្ឌ​ចំការមន ​កាលពី​ព្រឹក​ថ្ងៃទី១៤ កុម្ភៈ​​ ឆ្នាំ​២០១១ ខណៈពួកគេ​កំពុង​ធ្វើសកម្ម​ភាព​ជួញ​ដូរ​​ថ្នាំញៀន ។

​ជន​ជាតិ​​វៀត​ណាម​​ទាំង២​នាក់នេះ ប្តី​ឈ្មោះ​ហេង ពិសិដ្ឋ អាយុ​២៥​ឆ្នាំ ​ប្រពន្ធ​ឈ្មោះ​សុក្រ ​ស្រីពៅ អាយុ​២២​ឆ្នាំ ។ ​ជាមួយនឹងការ​ឃាត់ខ្លួន​នេះដែរ ​​​សមត្ថ​កិច្ច​​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​​គ្រាប់​ពណ៌​ផ្កា​ឈូក​​ចំនួន​៧២​គ្រាប់ និងថ្នាំ​កញ្ចប់​ម្សៅ​ចំនួន​៦កញ្ចប់​តូចៗ ​ហើយបច្ចុប្បន្ន​សមត្ថ​កិច្ច​​បានកសាងសំណុំ​រឿង​​​បញ្ជូនខ្លួន​ពួក​គេ​ទៅ​​កាន់សាលាដំបូង​រាជធានីភ្នំពេញ​ ដើម្បីផ្តន្ទា​ទោស​​តាម​ច្បាប់​​ ។ មន្ត្រី​នគរ​បាលប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​​ដែលជា​ម្ចាស់​ករណី​បង្ក្រាប​មុខសញ្ញា​ខាងលើ​នេះ​និយាយ​ថា ​​សមត្ថកិច្ច​បានដាក់​កំលាំង​ចុះ​ច្បាម​​ទាំង​យប់ ទាំង​ថ្ងៃ​​​ទើបចាប់​បានពួក​គេ​ជាក់​ស្តែង​តែ​ម្តង ។

​សូមរំលឹកថា ​រយៈ​ពេលប៉ុន្មានថ្ងៃ​​ជាប់ៗ​គ្នា​នេះ សមត្ថកិច្ច​​នគរបាល​ខណ្ឌ​ចំការ​មន​បាន​បើក​​​ប្រតិបត្តិ​ការ​​ទ្រង់​ទ្រាយ​ធំបង្ក្រាប​​មុខសញ្ញា​ជួញ​ដូរ ​ថ្នាំញៀន​​បានជាបន្តបន្ទាប់​សរុប​ចំនួន១២​នាក់​ហើយ។ ​​ទន្ទឹម​នឹង​សកម្ម​ភាពនេះ ប្រជា​ពល​រដ្ឋ​បានសំណូម​ពរ​​ឱ្យសមត្ថកិច្ច​​ និង​អាជ្ញា​ធរ​​មូល​ដ្ឋានលុ​បបំបាត់​​ល្បែង​ហ្គេម​គ្រប់ប្រភេទ​នៅ​ក្នុង​មូលដ្ឋាន​ដែលកំពុង​ពង្វក់​អារម្មណ៍​​សិស្ស​សាលា​​ និងបង្កការរំខាន​​​ដល់ការរស់​នៅ​របស់​​អ្នក​ជិត​ខាង​ ជាពិសេស​នៅប្លុក​អគារ​ប៊ូលឌិញ​តែ​ម្តង ៕

លោក​កែប ជុតិ​មា ចុះសួរសុខទុក្ខ​​និង​ផ្តល់​​អំណោយ​​ដល់​កងទ័ព​ការពារតំបន់​ប្រាសាទព្រះវិហារ

Posted: 14 Feb 2011 11:23 PM PST

លោក​កែប ជុតិ​មា ចុះសួរសុខទុក្ខ​​និង​ផ្តល់​​អំណោយ​​ដល់​កងទ័ព​ការពារតំបន់​ប្រាសាទព្រះវិហារ​
លោក​កែប ជុតិ​មា ចុះសួរសុខទុក្ខ​​និង​ផ្តល់​​អំណោយ​​ដល់​កងទ័ព​ការពារតំបន់​ប្រាសាទព្រះវិហារ​

ខេត្ត​ព្រះវិហារ​ ៖ ដើម្បី​​ផ្សារ​ភ្ជាប់​​រវាង​​សមរភូមិ​ក្រោយ​​និង​សមរភូមិ​​​មុខ ​​កាល​ព្រឹក​ថ្ងៃ​ទី​​១២ កុម្ភៈ​​ ប្រតិភូ​សាលា​រាជធានីភ្នំពេញ​ដឹកនាំ​ដោយ​​​លោក​កែប ជុតិមា អភិបាល​រាជធានី​​ និង​លោក​ម៉ប់ សារិន ប្រធាន​ក្រុម​​ប្រឹក្សា​រាជ​ធានី​ បាន​អញ្ជើញ​​ទៅ​​សួរសុខទុក្ខ​​​ និង​នាំ​យក​អំណោយ​​ទៅផ្តល់​​ជូន​ដល់​កងយោធពល​ខេមរ​ភូមិន្ទ​ ក្នុង​កងពល​ធំ​អន្តរាគមន៍​​លេខ​៣ ប្រចាំ​​ទិស​​ប្រាសាទ​​ព្រះវិហារ​​ ស្របពេល​ដែល​សភាព​ការណ៍​​តាម​ព្រំដែន​​កម្ពុជា​-សៀម​កំពុង​មាន​សភាព​តាន​តឹង​ផ្នែក​យោធា​ ។​

លោ​កឧត្តម​សេនីយ៍​ត្រី​សួង កុសល មេបញ្ជា​ការ​​​រង​កងពល​ធំអន្តរាគមន៍​​លេខ​៣​បាន​ឱ្យ​ដឹង​ថា​ ក្រោយពី​មាន​ការ​បង្ក​ហេតុ​ពីសំណាក់​ទាហាន​សៀម​ បង្ខំ​ឱ្យ​កម្លាំង​យើង​​ប្រើ​សិទ្ធិ​ការពារ​​បូរណ​ភាព​ទឹកដី​ ឆ្លើយ​​តបទៅ​នឹង​អំពើ​ឈ្លាន​ពាន​​របស់​សៀម​​យ៉ាង​មាន​ប្រសិទ្ធភាព​ និង​បាន​ធ្វើ​ម្ចាស់​​​​ការ​លើសមរភូមិ​ទាំង​ស្រុង​។ លោក​ឧត្តមសេនីយ៍​ត្រី​​​បាន​បញ្ជាក់​​ទៀត​ថា ​យើង​ស្អប់​សង្គ្រាម​​តែយើង​​មិន​បណ្តោយ​​ឱ្យពួកឈ្លាន​ពាន​​រំលោភ​​ទឹក​ដី​យើង​​​បាន​ជា​ដាច់​​​ខាត ។ ​កងទ័ព​របស់​យើង​បាន​និង​កំពុង​តែ​អនុវត្ត​បទ​បញ្ជា​ដ៏​មាន​ប្រសិទ្ធ​ភាពរបស់​​​សម្តេច​​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន សែន ជាប់​ជានិច្ច ។

មាន​ប្រសាសន៍​​ទៅ​កាន់​កងកម្លាំង​នា​ឱកាស​នោះ​ លោក​កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​ ក្នុង​នាម​ថ្នាក់​ដឹកនាំ​ មន្ត្រី​រាជការ ​និង​ប្រជាពល​រដ្ឋ​រាជធានីភ្នំពេញ​ សូមគោរព​កោត​សរសើរ​​ដ៏​ស្មោះ​​ចំពោះ​វីរភាព​ដ៏អង់​អាច​ក្លាហាន​​របស់​វីរកងទ័ព​​យើងទាំង​អស់​ ដែល​ឈរជើង​យ៉ាង​​រឹងមាំ​ការពារ​បូរណភាព​ទឹកដី​ ដោយ​លះ​បង់​សាច់​​ស្រស់​​ឈាម​ស្រស់​​ដើម្បី​ជាតិមាតុភូមិ​និង​ជា​របង​ការពារ​ព្រំដែន​​​ដ៏រឹងមាំ ។ លោក​កែប ជុតិមា​ ​បាន​​លើក​ឡើង​ថា សង្គ្រាម​​រវាង​កម្ពុជា​និង​ពួកសៀម​ឈ្លាន​ពាន​​ជា​សង្គ្រាម​យូរអង្វែង​ហើយ​ដែល​ធ្វើ​ឱ្យ​​យើង​គ្មាន​​ជំរើស​អ្វី​ក្រៅពី​ការ​ប្រឆាំង​​តប​វិញ​ ហើយ​ក្នុង​​សម័យ​តេជោ​​នេះ​យើង​មាន​​​កងទ័ព​ដ៏អង់​អាច​ក្លាហាន​​ធ្វើ​ឱ្យ​ពួក​សៀម​ឈ្លានពាន​​មិន​អាច​​មើល​ស្រាល​ជា​ដាច់​ខាត ។​

ក្នុង​ពិធី​សំណេះ​សំណាល​​នោះ លោក​កែប ជុតិមា បាន​នាំយក​អំណោយ​មួយ​ចំនួន​ទៅ​ផ្តល់​ជូន​កងទ័ព​របស់​យើង​​ ក្នុង​នោះ​មាន​កង​ពលធំ​​អន្តរាគមន៍​លេខ​៣​ទទួល​បាន​​​ថវិកា​២០​លាន​​រៀល​ បារី​៤​ប៊ិច​ កងពលតូច​អន្តរាគមន៍​​លេខ​៧ ថវិកា​៥​លាន​រៀល បារី​៣​ប៊ិច កងពល​តូច​អន្តរា​គមន៍​​លេខ​៨​ ថវិកា​៥​លាន​រៀល បារី​៣​ប៊ិច កង​​ពល​តូច​អន្តរាគមន៍​​លេខ​៩ និង​វរសេនា​​តូច​ចំណុះចំនួន​​​​១២​ ក្នុង​មួយ​វរៈទទួល​​បាន​​ថវិកា​​​២​លាន​រៀល បារី​១ប៊ិច ។ ផ្តល់​​ជារួម​នូវ​​ឆៃប៉ូវ​ ៨២០គីឡូក្រាម​ សៀង​២០២០​គីឡូក្រាម​ ទឹក​ស៊ីអ៊ីវ​៤១២​យួរ ទឹក​ត្រី​៤០​២​យួរ ត្រីខ​៣៤០​កេស មី​១០៧០​កេស ត្រីងៀត​​១០០​គីឡូក្រាម​ ទឹក​បរិសុទ្ធ​​៥០០កេស បារី​​២៥​ប៊ិច ផ្ទាំង​ថាម​ពល​​​ព្រះអាទិត្យ​​៩​ផ្ទាំង​ ម៉ាស៊ីន​​ភ្លើង​​២​គ្រឿង ថ្នាំ​​ពេទ្យ​ចំរុះ​​ស្មើ​នឹង​ទឹក​ប្រាក់​​ជាង​៧​លាន​រៀល​ ព្រម​ទាំង​​បាន​ផ្តល់​រថយន្ត​ភីក-អាប់​​មួយ​គ្រឿង​ ដល់​​កង​ពលធំ​​អន្តរាគមន៍​លេខ​៣​ផងដែរ ៕​

សមា​គម​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទី​ផ្សារ​អន្តរ​ជាតិ​ត្រូវ​បាន​បង្កើត

Posted: 14 Feb 2011 11:16 PM PST

រាជ​ធានី​ភ្នំពេញ ៖ ក្នុង​គោល​បំណង​គាំទ្រ​ដល់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ដែល​មាន​ផែន​ការ​នាំ​អង្ករ​ចេញ​ទៅ​លក់​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​ ក្រុម​ពាណិជ្ជ​ករ​កម្ពុជា​បាន​ឆ្លើយ​តប​យុទ្ធ​សាស្ត្រ​ថ្មី​នេះ​ដោយ​រួម​គ្នា​បង្កើត​សមា​គម​នាំ​អង្ករ​ចេញ​។ កិច្ច​ប្រជុំ​ស្តី​ពី​ការ​បង្កើត​សមា​គម​នាំ​អង្ករ​ចេញ​​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ នៅការិយា​ល័យ​ក្រុម​ហ៊ុន​ហេង អភិវឌ្ឍន៍​ រាជ​ធានី​ភ្នំពេញ​។​

លោក​លឹម​ ប៊ុន​ហេង​ ប្រធាន​សមា​គម​ស្បៀង​ និង​​នាំ​ចេញ​អង្ករ​កម្ពុជា​មាន​ប្រសាសន៍​ថា ក្រុម​ពាណិជ្ជ​ករ​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់​អារម្មណ៍ និង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​នាំ​អង្ករ​ចេញ​ពី​កម្ពុជា​ទៅ​លក់​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​។ ដូច្នេះ​សមា​គម​ដែល​នឹង​ត្រូវ​​បង្កើត​ឡើង​នេះ គឺធ្វើ​ការ​គាំ​ទ្រ​ចំពោះ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ដែល​មាន​ផែន​ការ​ក្នុង​ការ​នាំ​ចេញ​អង្ករ​ទៅ​លក់​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​។ លោក​បញ្ជាក់​ថា វិស័យ​កសិ​កម្ម​នៅកម្ពុជា​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​កំណើន​ពី​៥%​ទៅ​៧%​ ដែល​ជា​អំណោយ​ផល​ដល់​សកម្ម​ភាព​សមា​គម​ដែល​នឹង​ត្រូវ​បង្កើត​ឡើង​នេះ​។ លោក​លឹម ប៊ុន​ហេង បាន​បន្ត​ថា សមា​គម​ស្បៀង​​នេះ​ គឺ​មាន​ការ​នាំ​ចេញ​នូវ​កសិ​ផល​ដែល​ទាក់​ទង​ទៅ​នឹង​វិស័យ​កសិ​កម្ម​រួម​មាន​អង្ករ​ ពោត សណ្តែក​ និង​ផលិត​ផល​កសិ​កម្ម​ជា​ច្រើន​មុខ​ទៀត​ដែល​​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​បាន​ចុះ​ហត្ថ​លេខា​ជាមួយ​ប្រទេស​ចិន។ ដូច្នេះ ​​យើង​នឹង​ខិត​ខំ​ប្រឹង​ប្រែង​រក​ទី​ផ្សារ​ក្រៅប្រទេស​សំរាប់​​សមា​គម​នេះ ហើយ​ធ្វើ​យ៉ាង​ណា​ឱ្យ​សមា​គម​​មាន​លទ្ធ​ភាព​នាំ​ចេញ​អង្ករ​យ៉ាង​តិច​ចំនួន​១​សែន​តោន​ក្នុង​មួយ​ឆ្នាំៗ​។

លោក​ជំទាវ​សៀង ចាន់​ហេង ប្រធាន​​ក្រុម​ហ៊ុន​​ហេង​អភិវឌ្ឍន៍​ និង​ជា​ក្រុម​ប្រឹក្សា​​ភិ​បាល​នៃ​សមា​គមស្បៀង​​ និង​នាំ​អង្ករ​ចេញ​កម្ពុជា​មាន​ប្រសាសន៍​ថា គោល​បំណង​​របស់​សមា​គម​គឺ​ចូល​រួម​ចំណែក​ជាមួយ​រាជ​រដ្ឋា​ភិ​បាល​ដែល​មាន​គោល​ការណ៍​ក្នុង​ការ​នាំ​អង្ករ​ចេញ​ទៅ​ទី​ផ្សារ​ក្រៅ ប្រទេស​។ ទន្ទឹម​នោះ ​យើង​ក៏​នឹង​រួម​ចំណែក​​ផង​ដែរ​ក្នុង​ការ​ជំរុញ​វិស័យ​កសិ​កម្ម​ និង​វិស័យ​ពាណិជ្ជ​កម្ម​​នៅកម្ពុជា​។ លោក​ជំទាវ​បញ្ជាក់​ថា សមា​ជិក​​​ពាណិជ្ជ​ករ​ដែល​បាន​ចូល​រួម​សហការ​​ក្នុង​ការ​បើក​សមា​គម​នេះ គឺ​រួម​មាន​ពាណិជ្ជ​ករ​មក​ពី​ក្រុម​ហ៊ុន​ផ្សេងៗ​ប្រមាណ​​ជាង​២០០​ក្រុម​ហ៊ុន​​ ដែល​នឹង​ធ្វើ​ឱ្យ​សមា​គម​នេះមាន​លទ្ធ​ភាព​ និង​សក្តា​នុពល​ក្នុង​ការ​នាំ​អង្ករ​ចេញ​ និង​រក​ទី​ផ្សារ​នៅក្រៅ​ប្រទេស​។​

លោក​ជំទាវ​គឹង ចាន់​ឌី​ ក្រុម​ប្រឹក្សា​ភិ​បាល​នៃ​​សមា​គម​ស្បៀង​ និង​នាំអង្ករ​​ចេញ​កម្ពុជា​មាន​ប្រសាសន៍​នា​ឱកាស​នោះ​ ដោយ​ធ្វើ​ការ​គាំ​ទ្រ​​ចំពោះ​សមា​គម និង​ជំរុញ​ឱ្យ​សមា​គម​​ខិត​ខំ​បង្ក​បង្កើត​នូវ​ផ្នែក​កសិ​កម្ម​​តាម​គោល​ការណ៍​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​​អគ្គ​មហា​សេនាបតី​​តេជោ​ហ៊ុន សែន​។ លោក​ជំទាវ​បន្ត​ថា ទន្ទឹម​នឹង​ការ​ពង្រីក​ និង​ពង្រឹង​​សមា​គម​ យើង​គប្បី​ធ្វើ​យ៉ាង​ណា​បំផុស​ និង​លើក​ទឹក​ចិត្ត​ដល់​ប្រជា​កសិករ​ឱ្យ​ចូល​រួម​​កាន់​តែ​ច្រើន​ក្នុង​ការ​ផលិត​ស្រូវ​ដើម្បី​បំពេញ​បាន​តាម​តំរូវ​ការ​នៃ​ការ​នាំ​ចេញ​របស់​សមា​គម​។

យោង​​តាម​លក្ខន្តិកៈរបស់​​​សមា​គម​ស្បៀង​ និង​នាំ​អង្ករ​ចេញ​កម្ពុជា​បាន​ចែង​ថា សមា​គម​នេះ​គឺ​ជា​អង្គ​ភាព​មិន​មែន​រដ្ឋា​ភិ​បាល ​មិន​ស្វែង​រក​ផល​ចំណេញ​ជា​លក្ខណៈ​ឯក​ជន​ អព្យា​ក្រឹត​ មិន​ប្រកាន់​ពូជ​សាសន៍​ សាសនា​ និន្នា​ការ​នយោ​បាយ​ និង​មិន​ធ្វើ​ជា​ឧប​ករណ៍​នយោ​បាយ​ ក្នុង​នោះ​នឹង​មិន​ផ្តល់​មធ្យោ​បាយ​ជា​សំភារ ហិរញ្ញវត្ថុ​ ធន​ធាន​មនុស្ស​ដើម្បី​គាំ​ទ្រ​គណ​បក្ស​​នយោ​បាយ​ ឬ​បេក្ខ​ជន ​តែ​ជា​អង្គ​ភាព​បំរើ​ផល​ប្រយោជន៍​សាធារណៈ​។

តាម​រចនា​សម្ព័ន្ធ​សមា​គម​ស្បៀង​ និង​នាំ​អង្ករ​ចេញ​កម្ពុជា​ គឺ​រួម​មាន​លោក​នាយ​ឧត្តម​សេនីយ៍​គន់​ គីម អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជា​ប្រធាន​កិត្តិ​យស​ លោក​ជំទាវ​គឹង ចាន់​ឌី និង​លោក​ជំទាវ​ឧក​ញ៉ា​សៀង ចាន់​ហេង​ ជា​ក្រុម​ប្រឹក្សា​ភិ​បាល​ លោក​ជា​ ចំរើន និង​លោក​គីម រិទ្ធី ជា​ទី​ប្រឹក្សា​ លោក​លឹម ប៊ុន​ហេង ជា​ប្រធាន​សមា​គម​ លោក​លឹម ប៊ុន​សេង ជា​អគ្គ​លេខា​ធិការ​ និង​មាន​អគ្គ​លេខា​ធិការ​រង​ និង​ថ្នាក់​ដឹក​នាំ​សមា​គម​ជា​ច្រើនរូប​​ទៀត ៕

JCI រៀប​ចំ​ការ​ប្រគំ​តន្ត្រី​ប្រមូល​មូល​និធិ​ជួយ​ដល់​ទណ្ឌិត​ជាប់​មន្ទីរ​ឃុំ​ឃាំង

Posted: 14 Feb 2011 11:10 PM PST

ខេត្ត​​កំពង់​ចាម ៖ សភា​យុវ​ពាណិជ្ជ​ករ​អន្តរ​ជាតិ​កម្ពុជា (JCI) សហ​ការ​ជា​មួយ​ផលិត​ផល Chameleon Music ​បាន​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​ Rock’n Roll Sharing Smile ដើម្បី​ប្រមូល​មូល​និធិ​ឧបត្ថម្ភ​ដល់​ទណ្ឌិត​ជាប់​នៅ​មន្ទីរ​ឃុំ​ឃាំង CC3 ក្នុង​ខេត្ត​កំពង់​ចាម ។ ការ​ប្រគំ​តន្ត្រី​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​២០១១ នៅ​មជ្ឈ​មណ្ឌល​​មេតា​ហោស ។

​លោក​សោម សំបូរ ប្រធាន​គណៈ​​​កម្មាធិ​ការ​សង្គម​កិច្ចរបស់​សភា​​យុវ​ពាណិជ្ជ​ករ​អន្តរ​ជាតិ​កម្ពុជា​បាន​មាន​ប្រសាសន៍ថា នេះជាលើក​ទី​១ ហើយ​ដែល JCI បាន​រៀប​ចំ​កម្ម​​វិធី​នេះ​ឡើង​ដើម្បី​ប្រមែ​ប្រមូល​រក​ថវិកា​ទិញ​នូវ​សំភារ​ផ្សេងៗ​ជួយ​ដល់​ទណ្ឌិត​ដែល​កំពុង​ជាប់​នៅ​មន្ទីរ​​ឃុំ​ឃាំង CC3 ក្នុង​ខេត្ត​កំពង់​ចាម ។ លោក​បន្ត​ថា ក្នុង​កម្ម​វិធី​នេះ​គឺ​តម្រូវ​​ឱ្យ​​សម្តែង​​ស្លៀក​ពាក់​ និង​យក​បទ​ចម្រៀង​​ក្នុង​ទស​វត្ស​ទី​៦០ និង​៧០ ដើម្បី​ជា​ការ​​រំលឹក​ដល់​តារា​ចម្រៀង​​ជំនាន់​ដើម​ ពិសេស​នោះ​គឺ ចង់​ធ្វើ​ឱ្យ​ប្លែក​​សម្រាប់​ទស្ស​និក​ជន​ដែល​ចូល​រួម ។ ​លោក​បញ្ជាក់​ថា ​ទឹក​ប្រាក់​ដែល​បាន​មក​ពី​ការ​ប្រគំ​តន្ត្រី​​នេះ ​នឹង​យក​មក​ប្រើ​ប្រាស់​​ដើម្បី​ទិញ​​សំភារ​ដូច​ជា ថ្នាំ​ដុស​ធ្មេញ ច្រាស​ដុស​ធ្មេញ និង​គ្រឿង​​ឧប​ភោគ​បរិ​ភោគ​មួយ​ចំនួន​​ចែក​​​ជូន​ដល់​ទណ្ឌិត​ដែល​កំពុង​​ជាប់​ឃុំ​ឃាំង​នៅ CC3 ។

លោក​ឯក ស៊ីដេរ តារា​ចម្រៀង​ដែល​បាន​ចូល​រួម​​ក្នុង​​កម្ម​វិធី​នេះ​បាន​និយាយ​ថា ក្នុង​នាម​លោក​ជា​សិល្ប​ករ​ម្នាក់​ លោក​មាន​ការ​សប្បាយ​រីក​រាយ​យា៉ង​ខ្លាំង​ដែល​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​ប្រគំ​តន្ត្រី​ ដើម្បី​ស្វែង​រក​មូល​និធិ​​ជួយ​ដល់​ទណ្ឌិត​ជាប់​មន្ទីរ​​ឃុំ​ឃាំង CC3 ។ ​​លោក​បន្ត​​ថា លោក​សូម​​ផ្ញើ​ក្តី​ស្រលាញ់​ និង​លើក​ទឹក​ចិត្ត​​ដល់​ពួក​គាត់​ទាំង​អស់​ ដើម្បី​ឱ្យ​ពួក​គាត់​ខិត​ខំ​កសាង​ខ្លួន​ឱ្យ​​ក្លាយ​ជា​មនុស្ស​ល្អ​សម្រាប់​សង្គម​​ពេល​ចេញ​ពី​ពន្ធ​នា​គារ​​​វិញ ៕

ស្ត្រី​២នាក់មានជំនាញ​ខាងលូកហោប៉ៅ​អាជីវករ​ផ្សារ​សេរីភាព​ចាប់ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស

Posted: 14 Feb 2011 11:07 PM PST

រាជធានីភ្នំពេញ ៖ ​ស្ត្រី​២នាក់​​ដែល​ល្បីថា ពូកែ​ខាង​ទម្លាក់​សំណ​បោក​បញ្ឆោត​ប្រជា​ពលរដ្ឋ​​ដូរ​យក​មាស ឬ​គ្រឿងអលង្ការ​ និងពូកែ​ខាងលូក​ហោប៉ៅលួច​យកទ្រព្យសម្បត្តិ​នោះ ​ត្រូវបាន​គេ​តាម​​ទាន់​ចាប់ជាប់ ព្រមាន​ម្នាក់​មួយដៃ​ម្នាក់​មួយ​ជើង ខណៈ​​លូកហោប៉ៅ​អាជីវករ​ម្នាក់​យក​ប្រាក់​​ជាង​១០០​ដុល្លារ ​រួចហើយ​ប្រគល់​ឱ្យ​ប៉ូលិស​​ចាត់​ការ​តាមច្បាប់​​កាលពីវេលាម៉ោង​​ជាង​៩ព្រឹក​ថ្ងៃ​ទី​​១៥ កុម្ភៈ ២០១១ នៅ​ក្នុងផ្សារ​សេរីភាព​ ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​

ស្ត្រីដៃ​ឆើត​២នាក់​នេះ​ម្នាក់ឈ្មោះ​​កែវ ស្រស់ អាយុ​៤៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​តាម​បណ្តោយ​​ផ្លូវ​លេខ​​៦A សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ ​និង​ម្នាក់ទៀត​​​ឈ្មោះកែវ ចិន្តា អាយុ​​​៤៤​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​​​ជួល​លេខ​៥AEo ផ្លូវលេខ​២៩២ សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌ​​ចំការមន ។ ស្ត្រីទាំង​២​នេះ ល្បី​ថា ជា​ចោរជំនាញ​​ខាងលូក​ហោប៉ៅ​​ និង​ទម្លាក់​កាឡៃ​បោក​បញ្ឆោត​គេ​ឯង​ដូរយក​​មាស និង​គ្រឿង​​អលង្ការ រហូត​គេ​ស្គាល់​ច្បាស់​​ទៅ​ហើយ ​ហើយ​ក៏​មាន​មនុស្ស​​មិនតិច​នាក់ដែរ ដែល​រង​គ្រោះ​​ដោយសារ​​​ចោរ​ស្រី​​ដៃ​ឆើត​នេះ ប៉ុន្តែ​​​ពេលនេះ​អស់លក្ខណ៍​​ដោយសារ​គេ​ចំណាំមុខ​​។

ចំណែក​ម្ចាស់​​​ទ្រព្យសម្បត្តិ​​ឈ្មោះហុង លីជូ ភេទ​ស្រី អាយុ​​៣៨​ឆ្នាំ ស្នាក់នៅ​ផ្ទះ​លេខ​​២៨Eo ផ្លូវ​លេខ​​១០៧​ សង្កាត់មនោរម្យ ខណ្ឌ​៧​មករា ​បាន​ឱ្យ​​ដឹង​ថា ​ចោរស្រី​ដៃឆើត​២នាក់នេះ​បាន​​លូក​ហោ​ប៉ៅរបស់គាត់​លួច​យកកាបូប​​ដែលមាន​លុយ​​១០២​ដុល្លារ និង​លុយ​​ខ្មែរ​៧.០០០​រៀល គឺ​គាត់ និង​អាជីវករ​ជា​ច្រើននាក់​ចាប់​បាន​​ ខណៈ​ពេល​​លួច​​ជាក់ស្តែ​ងតែម្តង ៕​

ចាប់ឃាត់​ខ្លួន​​នារី​វ័យ​ក្មេង​​ពាក់ព័ន្ធ​​​ជួញ​ដូរ​គ្រឿង​នៅក្នុង​បន្ទប់ផ្ទះសំណាក់

Posted: 14 Feb 2011 10:51 PM PST

នារីវ័យក្មេង​​ម្នាក់​​ត្រូវ​បានប៉ូលិសនិង​មន្ត្រី​តុលាការ​​ធ្វើ​ការ​ឃាត់ចាប់ខ្លួន​​​ពាក់ព័ន្ធ​​នឹង​បទល្មើស​​ជួញ​ដូរ​គ្រឿង​ញឿន

រាជធានីភ្នំពេញ ៖ ​នារីវ័យក្មេង​​ម្នាក់​​ត្រូវ​បានប៉ូលិស​​ខណ្ឌ​៧​មករា ​​សហការ​ជាមួយ​ប៉ូលិស​នៃ​​មន្ទីរប្រឆាំងគ្រឿងញៀន​​ និង​មន្ត្រី​តុលាការ​​ធ្វើ​ការ​ឃាត់ចាប់ខ្លួន​​​ពាក់ព័ន្ធ​​នឹង​បទល្មើស​​ជួញ​ដូរ​គ្រឿង​ញឿន​នៅក្នុងបន្ទប់​​ផ្ទះសំណាក់​​លេខ​​១A នៃ​ផ្ទះសំណាក់​ឈ្មោះ​ម៉ីហួរ ​ស្ថិតនៅ​​តាម​បណ្តោយ​​មហា​វិថី​​ព្រះមុនីវង្ស ​សង្កាត់​ច្រក​​ ខណ្ឌ​ដូនពេញ ។​

នារីជាប់សង្ស័យ​​​ជួញដូរគ្រឿងញៀន​​​ម្នាក់នេះឈ្មោះ​​វ៉ាង ស្រីមុំ ​អាយុ​​២៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​​​មនោរម្យ ​ខណ្ឌ​៧​មករា​...​​ពេល​ចាប់ខ្លួន​​សមត្ថ​កិច្ច​​ដកហូត​បាន​​ថ្នាំញៀន​​ប្រភេទ​ម៉ា​ទឹកកក ​​៧​កញ្ចប់​​​តូច ដែល​ក្នុង​កញ្ចប់​​តូច​នេះ​មាន​តំលៃ​​ពី​​៣៥​ទៅ​​៤០​ដុល្លារ ​និង​រឹបអូស​​​សំភារ​​ប្រើប្រាស់​​​​គ្រឿង​​ញៀនជា​ច្រើន​​ជាច្រើនទៀត​...​។ នៅ​មាន​បក្សពួក​​ជនជាប់​សង្ស័យជួញដូរ​​គ្រឿងញៀន​​​ជា​ច្រើន​​នាក់ទៀត ​កំពុង​​ត្រូវបានប៉ូលិស​​តាម​ប្រមាញ់​​នៅឡើយ ។ ព័ត៌​មានលំអិត​នឹងផ្សាយ​​ជូននៅពេលក្រោយ និង​នៅលើទំព័រកាសែត​កោះ​សន្តិភាព .

សម្តេច​តេជោ​ហ៊ុន សែន ៖ ប្រទេស​​ជិត​ខាង​គ្នា​គួរតែ​​ប្រែក្លាយ​​តំបន់ព្រំដែន​​ទៅការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​​​ពាណិជ្ជ​កម្ម និង​សន្តិ​ភាព

Posted: 14 Feb 2011 10:47 PM PST

សម្តេច​នាយករដ្ឋ​មន្ត្រី​​ហ៊ុន សែន ខណៈ​​​​ដឹក​នាំ​ក្រុម​​មន្ត្រី​​​អញ្ជើញ​​ជា​អធិបតី​​​ក្នុងពិធី​បើកការ​ដ្ឋាន​​ស្ថាបនា​ផ្លូវជាតិ​មួយខ្សែ​​​លេខ​​៥៩

​ក្រុងប៉ោយប៉ែត​ ៖ ​សម្តេច​នាយករដ្ឋ​មន្ត្រី​​ហ៊ុន សែន បានលើកឡើង​នៅ​​ចំពោះមុខ​ក្រុម​មន្ត្រី​​​​ជាន់ខ្ពស់​រដ្ឋាភិបាល តំណាង​ស្ថានទូត អង្គ​ការ​​ជាតិ-​អន្តរជាតិ សិស្សានុសិស្ស​ និង​​ប្រជា​ពល​រដ្ឋ​​រាប់ពាន់​នាក់​​ថា ប្រទេសជិត​ខាង​​ជាប់ព្រំ​ប្រទល់​​ដែន​គ្នា គួរតែ​​រិះរក​​មធ្យោបាយ​​អភិវឌ្ឍន៍​​នៅតាមខ្សែ​បន្ទាត់ព្រំដែន​​​ ដើម្បី​ឱ្យ​​​​ប្រជា​ពលរដ្ឋ​​ទាំ​​ង​សង​ខាង​ទទួល​បាន​​​​​ភាពកក់ក្តៅ​​មួយហៅ​ថា ព្រំដែន​​សន្តិភាព សន្តិសុខ និងការរីកចំរើន​​ពាណិជ្ជ​កម្ម សេដ្ឋ​កិច្ច ព្រមទាំង​​វិស័យ​​ផ្សេងៗ​ជា​ច្រើន​ទៀត ។​

សម្តេច​​តេជោ​​នាយករដ្ឋ​មន្ត្រី​បានលើកឡើង​​បែបនេះ​កាលពីព្រឹក​​​​ថ្ងៃ​ទី​​១៥ កុម្ភៈ ២០១១ ​​ខណៈ​​​​ដឹក​នាំ​ក្រុម​​មន្ត្រី​​​អញ្ជើញ​​ជា​អធិបតី​​​ក្នុងពិធី​បើកការ​ដ្ឋាន​​ស្ថាបនា​ផ្លូវជាតិ​មួយខ្សែ​​​លេខ​​៥៩ ដែល​មាន​​​ប្រវែង​ជាង​​១៤៤គីឡូម៉ែត្រ ​ស្ថិត​ក្នុង​​ភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ។​ ផ្លូវ​​ជាតិលេខ​​​៥៩​នេះ នឹង​ផ្តល់​​​អត្ថ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​​ងាយស្រួល​​ក្នុងការធ្វើ​​ដំណើរ​​ចំណេញ​​ពេល​​វេលា ​​ទំនាក់ទំនង​សេដ្ឋកិច្ច ​ពាណិជ្ជ​​​​​កម្ម​ ពិសេស​​ជួយសំរួល​​ដល់ជីវភាព​​គ្រួសារ​​​​ប្រចាំ​ថ្ងៃ​​របស់​ប្រជា​ពលរដ្ឋ​​ ដោយសារ​​វា​បាន​ភ្ជាប់​ទំនាក់ទំនងទៅ​​​ច្រើន​តំបន់​ដូចជា ស្រុក​​សំពៅលូន ​ម៉ាឡៃ ​ភ្នំព្រឹក ​កំរៀង ​ប៉ៃ​លិន​...។

សម្តេច​​តេជោ​នាយករដ្ឋ​មន្ត្រី​​បានមាន​ប្រសាសន៍​ថា ​ផ្លូវមួយ​ខ្សែនេះ​គឺ​ជា​ការ​អភិវឌ្ឍន៍​មុំ​​៣ ដែល​វា​នឹង​​ផ្តល់​​ការអភិវឌ្ឍន៍​​សំរាប់​​ខេត្ត​​៣ គឺ​​ខេត្ត​បាត់​ដំបង់ ​បន្ទាយមានជ័យ ​និង​ប៉ៃ​លិន ​ហើយ​សង្ឃឹម​​ថា ប្រជាពលរដ្ឋ​​នឹង​ទទួល​បាន​​នូវ​ភាព​ងាយ​ស្រួលយ៉ាង​ច្រើន​​សំរាប់ជីវភាព​​ប្រចាំ​ថ្ងៃ​របស់​​ពួក​គេ ។​ លើសពីនេះទៀត សម្តេច​តេជោ​​​​បានសង្កត់​ធ្ងន់​ថា យើងមិន​គួរ​ប្រែក្លាយ​​តំបន់​ព្រំដែន​​ជាមួយ​ប្រទេស​​ជិត​ខាង​​ទៅជា​សមរ​ភូមិ​​ផ្ទុះអាវុធ​​ឡើយ ព្រោះ​វា​នឹង​នាំមកនូវ​​មហន្ត​រាយ​ ជម្លោះ​​យូរ​អង្វែង​​ពិបាក​​រកទីបញ្ចប់ ប្រជា​ពល​រដ្ឋ​​រង​គ្រោះ ការអភិវឌ្ឍន៍​​រេចរឹល​ បង្ក​​អសន្តិ​សុខ​​ដល់​ក្នុង​តំបន់​ ទីបំផុត​​សង្គម​​របស់​ផងខ្លួននឹង​​អន់​ថយ​...៕

ប៉ូលិស​​​បង្ក្រាប​​​សង្វៀន​​បញ្ជល់មាន់​​ ឃាត់ខ្លួន​​បុរស​​១០នាក់​​​យ៉ាង​​ប៉ផាប់​ពភីង

Posted: 14 Feb 2011 10:30 PM PST

ប៉ូលិស​​​បង្ក្រាប​​​សង្វៀន​​បញ្ជល់មាន់​​ ឃាត់ខ្លួន​​បុរស​​១០នាក់​​​យ៉ាង​​ប៉ផាប់​ពភីង

រាជធានីភ្នំពេញ ៖ បុរស​​១០​នាក់​ដែល​ចូល​លេង​ល្បែង​​ភ្នាល់​​បញ្ជល់​មាន់នៅសង្វៀន​​ធំ​មួយ​លាក់ខ្លួន​ពួន​អាត្មា​​​យូរគ្រាន់​បើហើយ​នោះ ត្រូវបានប៉ូលិស​​ខណ្ឌ​សែនសុខព័ទ្ធ​ចាប់​ខ្លួន​​យ៉ាង​ប៉ផាប់ពភីង កាលពី​វេលាម៉ោង​​១០​និង​​១០នាទី​ព្រឹកថ្ងៃទី​​​១៥ កុម្ភៈ ២០១១ នៅភូមិ​បឹង​​បាយាប ​សង្កាត់​ភ្នំពេញថ្មី ​​ខណ្ឌ​សែនសុខ ។​

ពេលនេះ​ប៉ូលិស​កំពុង​​​តែ​សាកសួរ​​បុរស​ញៀន​​ល្បែង​​បញ្ជល់​មាន់​​​ទាំង​១០​នាក់នេះ ដើម្បី​​​ចាត់ការ​​​តាចម្បាប់ និង​​កំពុង​​តែ​តាមប្រមាញ់​​អ្នក​​ញៀន​​ល្បែង​​​ដែលរត់​គេ​ចរួច​ជា​បន្ត​ទៀត ។ ព័ត៌​មានលំអិត​នឹងផ្សាយជូនពេល​ក្រោយ​និង​នៅលើ​ទំព័រកាសែតកោះសន្តិភាព.

ប្រេសិត​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិ​​មនុស្ស​បានមក​​​បំពេញ​ទស្សន​កិច្ច​​​នៅ​កម្ពុជា​​​ជាលើកទី​៤

Posted: 14 Feb 2011 08:04 PM PST

រាជធានីភ្នំពេញ ៖ ​អ្នករាយការណ៍​​​ពិសេស​អង្គ​ការ​សហប្រជាជាតិ​​​ទទួលបន្ទុក​​សិទ្ធិមនុស្ស​​​នៅកម្ពុជា​​ លោក​ស៊ូយ៉ា ​ប្រាសាត ​ស៊ូ​ប៊ែឌី នឹង​មក​បំពេញ​ទស្សនកិច្ច​​នៅកម្ពុជា​កាលពី​​វេលា​​ម៉ោង​១០ព្រឹក​​​ថ្ងៃ​អង្គារ ទី​​១៥ កុម្ភៈ នេះ​ ។ នេះ​បើ​យោង​តាម​​សេចក្តី​​ប្រកាស​ព័ត៌មាន​​​ពីទីក្រុង​​​ហ្សឺណែវ កាលពី​សប្តាហ៍​មុន ។​

សេចក្តី​ប្រកាស​​ព័ត៌​មាន​​ក៏បានបញ្ជាក់​ផងដែរ​ថា ​​នៅក្នុងដំណើរ​បំពេញទស្សនកិច្ច​​លើកទី​​​៤ ​​របស់​​អ្នក​រាយការណ៍​​​ពិសេស​អង្គការ​សហប្រជា​ជាតិ​​ទទួល​បន្ទុក​​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​ស៊ូ​ប៊ែឌី នឹង​ពិនិត្យ​មើលអនុសាសន៍​​​របស់​លោក​អំពី មុខ​​ងារ​របស់​​តុលាការ ។ ​លោកនឹង​​ពិនិត្យ​​មើល​​ផងដែរ​​អំពី​​​ភាពរីកចំរើន​​​ដែលទទួល​បានពី​ការ​​ដក​បទ​​បរិហាកេរ្តិ៍​​ចេញពី​​បទល្មើស​​​ព្រហ្មទណ្ឌ​​ និង​ការ​បង្កើត​​​យន្តការ​​អចិន្ត្រៃយ៍​​​មួយសំរាប់​កិច្ច​សន្ទនា​​រវាង​រដ្ឋាភិបាល​ និងសង្គម​​ស៊ីវិល ​​ព្រម​ទាំង​​​​ការ​សិក្សា​​លើ​​អង្គ​នីតិប្បញ្ញតិក្នុង​បរិបទ​​លើក​ស្ទួយ​​សិទ្ធិ​មនុស្ស ។

ជាមួយគ្នា​​នេះ លោកស៊ូប៊ែឌី ​នឹង​ចូលរួម​​ពិភាក្សា​​ផងដែរលើ​សេចក្តី​ព្រាង​ច្បាប់ស្តីពី​សមា​គម​ និងអង្គការ​​​​មិនមែនរដ្ឋាភិបាល លើ​ទំនាស់​ដីធ្លី និង​​​ការបណ្តេញ​ចេញ ។ ក្រៅពីនេះ​​​លោក​គ្រោង​​នឹងជួបជាមួយ​​មន្ត្រីរដ្ឋាភិបាល តំណាង​ស្ថាប័ន​​នីតិប្បញ្ញត្តិ​ សង្គមស៊ីវិល ​តំណាង​​​សហ​ប្រជាជាតិ​​ និងម្ចាស់​ជំនួយ​ផងដែរ ។ ​លោកស៊ូ​យ៉ា ​ប្រាសាន ស៊ូប៊ែឌី ​​នឹង​ចាកចេញពី​កម្ពុជា​​​នៅ ថ្ងៃទី២៤ កុម្ភៈ ឆ្នាំ​​​២០១១ ខាង​មុខនេះ ៕​

ផលិត​ផល​ផ្តៅ​​កម្ពុជា​​ជួប​​អ្នកទិញ​​​នៅ​ទីផ្សារ​​អន្តរជាតិ​ហើយ

Posted: 14 Feb 2011 07:59 PM PST

ផលិតផលផ្តៅកំពុងឈានចូលទីផ្សារអន្តរជាតិ

ទីក្រុង​​ហ្វ្រេង​ហ្វឺត ប្រទេស​អាល្លឺម៉ង់ ថ្ងៃ ទី​​​១១-១៥ កុម្ភៈ ២០១១ ៖ ​នាពិធីតាំង​ពិព័រណ៍​ពាណិជ្ជ​កម្ម​​​ធំ​មួយ​លំដាប់​​អន្តរជាតិ​​​អំពី​សំភារ​បន្ទាប់​​​បន្សំ​មាន​ឈ្មោះ​ថា ​អាម​ប្យ៊ាង​តេ (Ambiente) ដែលប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​​​​៥​ថ្ងៃ ​គិត​ចាប់​ពីថ្ងៃ​នេះ សមាគម​ផ្តៅ​កម្ពុជា កំពុង​ដាក់​​តាំង​បង្ហាញ​​​​នូវ​ផលិត​ផល​​ផ្តៅ​​កម្ពុជា​ក្នុង​គោល​ដៅ​​​ផ្សព្វផ្សាយ​​ម៉ូដ​ផលិត​ផល​​​ផ្តៅ​​ប្រក​ប​ដោយ​​​​លក្ខណៈ​​ច្នៃប្រឌិត​​ខ្ពស់ ​ហើយគោរព​​​គោ​ល​ការណ៍​​​និរន្តរ​ភាព ។ ដោយ​មាន​ការ​ជ្រោម​ជ្រែង​​ពីអង្គការ WWF សិប្បករ​​ផ្តៅ​​​​កម្ពុជា​ចូល​រួម​ក្នុង​​​ការ​តាំង​ពិព័រណ៍​នេះ ដើម្បី​បង្ហាញ​​​ដល់​អន្ត​រជាតិ​​​ឱ្យឃើញ​អំពី​សមិទ្ធ​ផល​នៃ​ការ​ខិតខំ​​​ប្រឹង​ប្រែង​ក្នុង​ការ​អនុវត្ត​​ប្រព័ន្ធ​ផលិត​កម្ម​ដែលការ​ពារ​បរិ​ស្ថាន ។ ផលិត​​ផល​ប្រើប្រាស់​​បន្ទាប់​បន្សំ​រួម​មាន ​​កញ្ច្រែង​ច្រើន​ប្រភេទ ​គោម​​អំពូល​ភ្លើង ​ទ្រនាប់ និង​​ទម្រ ​ថូ​ផ្កា​​ធ្វើពីផ្តៅ ​បាន​ចូល​ខ្លួន​​ក្នុងពិធី​តាំង​ពិព័រណ៍​​នេះ​ក្នុង​គោល​បំណង​​ដើម្បី​​ទាក់ទាញ​​​ពាណិជ្ជ​ករ​អន្តរជាតិ ។ ​ផលិត​ផលផ្តៅ​​ទាំង​អស់​​​សុទ្ធសឹង​​ត្រូវបាន​កែច្នៃ​​​យ៉ាង​​សម្រិត​សម្រាំង​​ដោយ​អនុ​លោម​​ទៅតាមគោល​​ការណ៍​​​បរិស្ថាន​​ស្អាត ​និង​លក្ខខណ្ឌ​​​ស្តង់ដា​គុណ​ភាព​នៃ​ទីផ្សារ​​អឺរ៉ុប ។​ ​លោកឃុន ថន អនុប្រធាន​​​សមាគម​ផ្តៅ​កម្ពុជា មានប្រសាសន៍​​ថា ​«ដោយមានការ​ជួយ​ជ្រោម​ជ្រែង​​​ពីគំរោង​​ផ្តៅ​នៃ​​អង្គការ WWF យើង​​បាន​កែ​ច្នៃ​​​ចេញ​ជាម៉ូដ​​​ផលិត​ផល​ផ្តៅ​ច្រើន​​ប្រភេទ​​ប្លែកៗ ហើយ​មាន​ភាពទាក់ទាញ​​ខ្ពស់​​សំរាប់​​អតិថិជន​​អន្តរជាតិ ​ដែល​ចូល​រួម​ក្នុង​ការ​តាំង​ពិព័រណ៍​​ពាណិជ្ជកម្ម​​​ដែលជា​ឱកាស​​​ដ៏មាន​តំលៃ​​សំរាប់​​ផលិត​​ករ​ផ្តៅ​កម្ពុជា​​ក្នុងការ​ស្វែង​​យល់​បន្ថែម​​​​អំពីតំរូវការ និង​ការពេញ​និយម​​នៃ ​ទីផ្សារ​​​អន្តរជាតិ ​ក៏ដូចជា​កិច្ច​ការងារ​​ផ្សព្វផ្សាយ​​​រកទីផ្សារ» ។​ លោកឃុន ថន ​សង្ឃឹម​​ថា ផលិត​ផល​​ផ្តៅ​​​ខ្មែរ​នឹង​​​អាច​ស្វែង​​​​រកបាន​នូវអតិថិជន​​ក្នុង​ឱកាស​​ពិព័រណ៍​​​​មួយនេះ ។​ ទន្ទឹម​នឹង​ការ​ផ្សព្វផ្សាយ​​ផលិត​ផល អង្គការ WWF នឹង​ជួយ​​សម្រប​សម្រួល​​​ឱ្យ​ក្រុម​​​​អ្នក​ជំនួញ​​​ផ្តៅ​កម្ពុជា​​​បានជួប​ជាមួយ​ពាណិជ្ជករ​អន្ត​រជាតិ​​​មួយ​ចំនួន ​តួ​យ៉ាង​​​ដូចជា​​ក្រុម​ជំរុញ​​ការ​នាំ​ចូល​​មក​ពី​ប្រទេ​សស្វីស ​ក្នុងគោល​ដៅ​​ឃោស​នា​​ម៉ូដ​​ផលិត​ផល​​ផ្តៅ​ខ្មែរ​​ជាមួយនឹង​​ក្តីសង្ឃឹម​​ថា នឹង​​បង្កើត​​បានទំនាក់ទំនងពាណិជ្ជ​កម្ម​​ជា​ផ្លែ​ផ្កា ។​ ផ្អែក​តាម​សំដី​​លោកអ៊ូ រតនៈ ប្រធាន​គំរោង​ផ្តៅនៃ​អង្គការ​ WWF ឥឡូវនេះ​​​​សិប្បករ​ផ្តៅ​​កម្ពុជា​​​អាច​ប្រាប់​​អ្ន​កបញ្ជា​​ទិញ​អំពី​ឆន្ទៈ​​របស់​ពួក គេ​​ក្នុងការអនុវត្ត​បច្ចេកទេស​កែច្នៃ​ផ្តៅ​​ដែលការ​ពារ​បរិស្ថាន​ ហើយ​​ពួកគេ​បាន​​សមត្ថ​​ភាពក្នុង​ការ​​ឆ្លើយ​តប​នឹង​​តំរូវការ​​របស់​អ្នកបញ្ជាទិញ ។​ លោករតនៈ ​បាន​​​អះអាង​ថា ​«សិប្បករ​ផ្តៅ​​កម្ពុជា​ត្រៀម​​ខ្លួនរួចជា​ស្រេច​​ក្នុងការ​ផ្គត់​ផ្គង់​​​​នូវ​ផលិត​​ផលប្រកបដោយ​​គុណភាព​​ស្តង់​ដា ព្រម​ទាំង​​​ការ​រចនា​ម៉ូដ​​​ប្លែកៗ ប្រកប​ដោយ​​ភាពច្នៃ ប្រឌិត» ។ ​​លោក​បន្ថែមថា «ការ​​ផ្សារ​ភ្ជាប់​​​​វិស័យផ្តៅ​កម្ពុជា​​ទៅនឹង​​​ទីផ្សារ​​​សាកល គឺជា​គោល​​​ដៅ​សំខាន់​​មួយរបស់​​គំរោង» ។ គំរោងនិរន្តរ​ភាពផ្តៅរបស់​​​អង្គការ WWF ​មានគោល​ដៅ​ធ្វើការ​គ្រប់គ្រង​​​តំបន់​ព្រៃ​ធម្មជាតិ ដែលផ្តៅ​​កំពុងដុះ​​លូតលាស់​​នៅទីនោះ ​ព្រម​ទាំង​​លើក​កំពស់​ផលិត​កម្ម​ស្អាត ។ ​ដើម្បី​​​ធ្វើកិច្ច​ការ​​ទាំង​នេះ ​គេត្រូវ​​លើក​ទឹកចិត្ត​​​​ដល់​ការ​ប្រើប្រាស់​​ឱ្យ​​អស់​​លទ្ធ​ភាព​នូវ​វត្ថុ​ធាតុ​ដើម​​​ និងជំរុញ​ឱ្យ​​ខ្សែ​សង្វាក់​​​​ផលិត​​កម្ម​មាន​ប្រសិទ្ធ​​ភាព​​ដោយកាត់បន្ថយ​​​ឱ្យ​​អស់​លទ្ធ​ភាព​ដែលអាច​ធ្វើទៅ​បាន​​នូវការ​ខ្ជះខ្ជាយ​​​​វត្ថុ​ធាតុដើម ការប្រើ​​សារធាតុ​គីមី និង​​ការបញ្ចេញ​​ចោលនូវ​ឧស្ម័ន​។​ លោកសេង ទៀក ​​នាយក​អង្គការ WWF មានប្រសាសន៍​ថា ​«ការ​​រក្សា​​​បានគង់វង្ស​នូវ​ធន​ធាន​​ព្រៃឈើ​​ដែលមានផ្តៅ​​​ដុះ​លូតលាស់​នៅ​ទីនោះ និងការ​ស្វែង​រក​​បាន​នូវ​ទីផ្សារ​​​ជា​កត្តា​​​សំខាន់ដែល​ធានា​បាន​នូវ​និរន្ត​រ​ភាព​ផ្តៅ» ។​ កម្ម​វិធី​​និរន្តរ​ភាព​ផ្តៅ​របស់​​អង្គការ WWF បានទទួលថវិកា​៨០% ​ពីថវិកា​​​សរុបនៃ​កម្ម​វិធី EU SWITCH-Asia ចំនួន​​​២,៤​​លានអឺរ៉ូ ។ ​​SWITCH-Asia មានគោល​បំណង​​លើក​កំពស់​​​​​​ផលិត​​កម្ម​ស្អាត ​និងគោលការណ៍​​​​​ប្រើប្រាស់ធន​ធាន​​​ដែលការពារ​បរិស្ថាន​​ ។ កម្មវិធី​​និរន្ត​រភាព​​ផ្តៅ​​​របស់អង្គការ WWF កំពុងអនុវត្ត​​​​សកម្ម​ភាព​នេះប្រកបដោយ​​ភាពជោគជ័យ​ក្នុងការ​​សំរេច​គោល​បំណង​របស់ខ្លួន​ ​ដោយធ្វើការ​​​ជាមួយ​ដៃ​គូ​ពាក់ព័ន្ធ​​​​ទាំង​អស់​នៅក្នុង​​ខ្សែ​សង្វាក់​​​ផលិត​កម្ម​​ផ្តៅ​​​​ព្រមទាំង​​​ជំរុញ​​ឱ្យ​មាន​ប្រព័ន្ធ​​ទទួលស្គាល់​​​ផលិត​​ផល​​ស្តង់​ដា ។ កម្មវិធី​នេះត្រូវបាន​សហការ​ផ្តល់​​ហិរញ្ញវ​ត្ថុ​​ដោយក្រុមហ៊ុន IKEA និង DEG ។ សំរាប់​ព័ត៌មាន​​​បន្ថែម​​​សូមទាក់ទង ៖ លោកទេព ​អស្នារិទ្ធ ការិយាល័យ​​​សារព័ត៌មាន​​ និងកិច្ច​ការ​សាធា​រណៈ អង្គការ WWF មហា​តំបន់​​មេគង្គ ការិយា​ល័យ​​កម្មវិធី​​អភិរក្ស​នៅ​កម្ពុជា​ ទូរស័ព្ទ ០២៣ ២១៨ ០៣៤ អុីម៉ែល asnarith.tep@wwf.panda.org គេហទំព័រ www.cambodia.panda.org ព័ត៌មាន​​សំរាប់​​អ្នក​និពន្ធ ៖ -​​ការចូលរួម​​ក្នុងពិធីតាំង​ពិព័រណ៍​ Ambiente នេះគឺជា​ឱកាស​​លើកទី​ពីរ​សំរាប់​សិប្បករ​ផ្តៅ​កម្ពុជា ​ក្នុងក្របខណ្ឌ​​​ពិព័រណ៍​​ពាណិជ្ជ​កម្ម​ដែល​មាន​​លក្ខណៈ​សាកល ។ ​កាលពីឆ្នាំ​​២០១០ ​សិប្ប​ករ​​ផ្តៅកម្ពុជា​​​បានដាក់តាំង​​ផលិត​ផល​​ផ្តៅរបស់​ខ្លួន​​នៅទីក្រុង​ Cologne ប្រទេស​អាល្លឺម៉ង់ ​ដែល​ពេលនោះ​មាន​អ្នក​ចូលរួម​​ប្រមាណ​ជាង​​៤៥.០០០​នាក់ មកពី​ជុំវិញ​​ពិភពលោក ។ ​សំរាប់​ព័ត៌​មាន​​បន្ថែម​​អំពីពិព័រណ៍ Ambiente សូម​ទៅ​កាន់ http://ambiente.messefrankfurt.com/ frankfurt/en/besucher/willkommen/ erleben.html -គំរោង​ផ្តៅ​​នៃអង្គការ WWF ធ្វើការជាមួយ​​អ្នក​រចនា​​​​ម៉ូដ​​​ជនជាតិ​ស៊ុយអែត ​មកពីសាកល​វិទ្យាល័យ Lund និង​អ្នក​​រចនាម៉ូដ​​ជនជាតិ​កម្ពុជា ​ដើម្បីជួយជ្រោមជ្រែងសិប្បករ​​​​ផ្តៅ​កម្ពុជា ក្នុងការបង្កើត​ម៉ូដ​ផលិត​​​ផល​ផ្តៅ​ដែលមាន​​លក្ខណៈ​​និរន្តរ​ភាព​តំរូវ​​​តាម​តំរូវការ​​ទីផ្សារ​អន្ត​រ​ជាតិ ។ ​ការបង្កើត​ម៉ូដ​ផលិត​ផល​​ផ្តៅ រាប់​មាន​ទាំង​ផលិត​ផល​​ប្រើប្រាស់​បន្ទាប់បន្សំ​​ក្នុងផ្ទះ ​និង​ក្នុង​ការិយាល័យ​​​ ព្រមទាំង​​គ្រឿង​សង្ហា​រិម ។​ -ដោយសហការ​​​ជាមួយការិ​យាល័យ​​​ជាតិ​​ផលិត​​កម្ម​ស្អាត​នៃក្រសួង​​ឧស្សាហ​កម្ម​ រ៉ែ និង​ថាម​ពល ​ជាមួយ​មជ្ឈ​មណ្ឌល​​​ផលិត​កម្ម​ស្អាត​នៃ​ប្រទេស​វៀតណាម ​​និងជា​មួយ​សមាគម​​សិប្បករ​កម្ពុជា គំរោង​ផ្តៅ​នៃ​អង្គការ WWF ខិតខំ​​​​ធ្វើ​យ៉ាង​ណា​​ឱ្យ​​សហគ្រាស​ខ្នាត​តូច និង​មធ្យម​​​មាន​ការ​យល់ដឹង ព្រមទាំង​​​អនុវត្ត​តាម​គោល​ការណ៍​​ផលិត​​កម្ម​​ស្អាត​ពាក់ព័ន្ធ​​​នឹងការប្រើប្រាស់​​​បច្ចេក​ទេស​​កែច្នៃ​​ដែលអាច​ធានា​បាន​​គុណ​ភាពខ្ពស់ ហើយ​ធានា​​​​បាន​នូវ​​និរន្ត​រភាព​ធនធាន ៕

ពួកប្រឆាំង​អ៊ីរ៉ង់​នៅតែ​ធ្វើបាតុ​កម្ម​​ទោះមានការ​ហាមឃាត់

Posted: 14 Feb 2011 07:59 PM PST

ប្រភពព័ត៌មាន​​ពីពួកប្រឆាំង​​រាយ​ការណ៍​​​ថា ​សកម្ម​ជន​ប្រឆាំង​អ៊ីរ៉ង់​ជាច្រើន​​សិប​នាក់​បានត្រូវ​ចាប់ខ្លួន​កាលពីថ្ងៃទី​​១៤ កុម្ភៈ ​​ខណៈ​​ដែល​កង​កំលាំង​សន្តិសុខ​​​បាន​ពង្រាយ​​កំលាំង​ជាច្រើន​​ដើម្បីរារាំង​​ការប្រមូលផ្តុំ​​​មនុស្ស​​ធ្វើបាតុ​កម្ម​​​អប​អរ​​សាទរជោគជ័យ​​នៃការ​​បះបោរ​​នៅ​​អេហ្ស៊ីប និង​​នៅ​​ទុយនីស៊ី ។

នៅក្រុង​​តេហេរ៉ង់​​​ដែលកង​កំលាំង​​​សន្តិសុខ​​​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​​​ភ្នែក ​បាតុករ​​ជាច្រើន​​សិបនាក់​​ត្រូវ​​​ចាប់ខ្លួន​​ខណៈដែល​​ពួកគេ​ប៉ុនប៉ង​​​លើកទៅ​កាន់​​​មហា​ទីលាន​​សាហ្សាឌី (សេរីភាព) ទោះបី​មានការ​​ហាមឃាត់​​​របស់អាជ្ញាធរ​​​ក្តី ។​

ទីភ្នាក់ងារ​​សារព័ត៌​មាន​អ៊ីរ៉ង់ FARS រាយ​ការណ៍​​ថា បុរស​អ៊ីរ៉ង់​​​ម្នាក់​បានត្រូវ​​ស្លាប់​ដោយ​​គ្រាប់​កាំភ្លើង​ក្នុង​ឱកាស​នៃបាតុកម្ម​​​របស់ពួក​ប្រឆាំង​​ក្នុង​​​រដ្ឋធានី​​តេហេរ៉ង់ ។ ​FARS សរសេរ​ថា មនុស្ស​ម្នាក់​​ស្លាប់ដោយ​​សារគ្រាប់កាំភ្លើង​ ហើយ​ច្រើន​​នាក់ទៀត​​ត្រូវរបួស​ដោយសារ​ពួក​​សកម្មជន​​ប្រឆាំង ដែលប្រមូលផ្តុំ​គ្នា​​នៅ​ក្រុង​​​តេហេរ៉ង់ ។​

នៅទីក្រុង​​​អ៊ីស្ប៉ាហាន ជា​ទីក្រុង​​ធំទី​៣ របស់​ប្រទេស​​​មាន​​ឧប្បត្តិហេតុ​​​នានា​ផ្ទុះឡើង​​រវាង​កង​កំលាំង​​សន្តិសុខ និង​ពួកប្រឆាំង​​ដែលពុំអើពើ​ចំពោះ​​ការ​ហាមឃាត់​​របស់អាជ្ញាធរ​​ ហើយលើក​គ្នា​​ធ្វើបាតុ​កម្ម​៕​

ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប​ស្នើ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​អចិន្ត្រៃយ៍​មួយ​រវាង​កម្ពុជា​ និង​ថៃ

Posted: 14 Feb 2011 07:55 PM PST

លោក​ស្រីដែល​ជា​ប្រធាន​ប្តូរ​វេន​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប

ដោយ​សំដែង​ពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​នា​ពេល​ថ្មីៗ​នេះ​រវាង​កម្ពុជា​ និង​ថៃ​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះ​វិហារ​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​២​បណ្តា​សមា​ជិក​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប បាន​ស្នើ​កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ ដល់​រដ្ឋ​ទាំង​២​ឱ្យ​ប្រកាស​បទ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​មួយ​ ។

ឯក​អគ្គ​រដ្ឋ​ទូត​ប្រេ​ស៊ីល​ លោក​ស្រី MARIA LUIZA RIBEIRO VIOTTI ដែល​ជា​ប្រធាន​ប្តូរ​វេន​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប សំរាប់​ខែ​កុម្ភៈ​គូស​បញ្ជាក់​ថា បណ្តា​សមា​ជិក​​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អំពាវ​នាវ​ដល់​ភាគី​ទាំង​២​ឱ្យ​ប្រកាន់​យក​ការ​អត់​ធ្មត់​ខ្លាំង​បំផុត ហើយ​ចៀស​វាង​រាល់​សកម្ម​ភាព​ដែល​នឹង​អាច​ធ្វើ​ឱ្យ​សភាព​ការណ៍​កាន់​តែ​ធ្ងន់​ធ្ងរ ​។

ក្រោយ​កិច្ច​ប្រជុំ​ជា​សំងាត់​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប មាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​អាន​ដល់​សារ​ព័ត៌​មាន​ដោយ​លោក​ស្រី​ MARIA LUIZA RIBEIRO VIOTTI ដោយ​សេចក្តី​ថ្លែង​ការ​ណ៍​រួម​នេះ​លើក​ឡើង​ថា បណ្តា​សមា​ជិក​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ស្នើ​ដល់​ភាគី​ទាំង​២​ឱ្យ​បង្កើត​បទ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​មួយ​ អនុវត្ត​ទាំង​ស្រុង​ និង​ដោះ​ស្រាយ​ដោយ​​សន្តិ​វិធី​នូវជំលោះ​តាម​រយៈ​ការ​ចរចា​ដ៏​មាន​ប្រសិទ្ធ​ភាព​មួយ​ ។

ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​នេះ​​ក្រុម​ប្រឹក្សា​សន្តិ​សុខ​បាន​ស្តាប់​សេចក្តី​រាយ​ការណ៍​របស់​លោក​ហោ​ ណាំ​ហុង រដ្ឋ​មន្ត្រី​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​របស់​កម្ពុជា និង​របស់​សម​ភាគី​​ថៃ​ លោក​កាស៊ីត ភិរម្យ​ ព្រម​ទាំង​របស់​អង្គ​លេខា​ធិការ​រង​អ.ស.ប​ទទួល​បន្ទុក​កិច្ច​ការ​នយោ​បាយ​លោក B-LYNN PASCOE និង​ប្រសាសន៍​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌូ​ណេ​ស៊ី​ លោក MARTY NATALEGAWA ដែល​ប្រទេស​របស់​លោក​ជា​ប្រធាន​របស់​អាស៊ាន​។

ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប​សំដែង​នូវ​ការ​គាំ​ទ្រ​របស់​ខ្លួន​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម​របស់​អាស៊ាន​ដើម្បី​​ដោះ​ស្រាយ​វិបត្តិ ​។ ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប​ក៏​លើក​ទឹក​ចិត្ត​ផង​ដែរ​ដល់​បណ្តា​ភាគី​ឱ្យ​បន្ត​រួម​សហ​ការ​គ្នា​ជាមួយ​អង្គ​ការ​តំបន់​ចំពោះ​រឿង​នេះ​មុន​ពេល​បញ្ហា​អាច​លើក​យក​ទៅ​​ពិភាក្សា​គ្នា​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី ការ​បរទេស​អាស៊ាន​នា​ថ្ងៃ​ទី​២២ កុម្ភៈ ខាង​មុខ​នេះ​។

កាល​ពី​ដើម​ខែកុម្ភៈ​ ការ​ប្រយុទ្ធ​គ្នា​នានា​បាន​ផ្ទុះ​ឡើង​នៅ​ជិត​ប្រាសាទ​ព្រះ​វិហារ​ដែល​បញ្ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​របស់​អង្គ​ការ​យូ ណេ​ស្កូ​កាល​ពី​ឆ្នាំ​២០០៨​។

អគ្គ​លេខា​ធិការ​អ.ស.ប​លោក​បាន​គី​មូន ធ្លាប់​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​អត់​ធ្មត់​ ។ អគ្គ​នាយិ​កា​អង្គ​ការ​យូណេ​ស្កូ​ លោក​ស្រី អ៊ីរី​ណា បូកូ​វ៉ា​ បាន​តែង​តាំង​បេសក​ជន​ពិសេស​មួយ​រូប​ជន​ជាតិ​ជប៉ុន​ លោក​កូ​អ៊ី​ជី​រ៉ូ ម៉ាត​ស៊ូ​អ៊ូ​រ៉ា អតីត​អគ្គ​នាយក​យូ​ណេ​ស្កូ​មក​កាន់​កម្ពុជា និង​ថៃ ៕

លោក​អែល​បារ៉ាដេ​បង្ហាញ​ពីជំហរ​​លោកចំពោះ​​អនាគត​នៃប្រទេស​អេ​ហ្ស៊ីប

Posted: 14 Feb 2011 07:49 PM PST

លោក​ម៉ូ​ហាម៉េដ ​អែល​បា​រ៉ា​ដេ

លោក​ម៉ូ​ហាម៉េដ ​អែល​បា​រ៉ា​ដេ អតីត​​នាយក​របស់​ទី​ភ្នាក់​ងារ​ថាមពលបរមាណូ​អន្តរ​ជាតិ​ថ្លែង​​កាលពីថ្ងៃទី១៤ កុម្ភៈ ថា ​ទិស​ដៅ​​របស់​លោក​គឺ​រួមចំណែក​ឱ្យ​មានលទ្ធិប្រជា​ធិបតេយ្យ​​នៅអេ​ហ្ស៊ីប​​ជា​ជាង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធា​នា​ធិបតី​​ដែល​តំណែង​​នេះ​លោកថា យក​ល្អគួរ​ជ្រើស​រើស​​មនុស្ស​ដែល​មានអាយុ​ប្រមាណ​ជា​​៤០​ ឬ៥០​ឆ្នាំ ។
លោក​អែល​បារ៉ាដេ ​ដែលមាន​អាយុ​៦៨​ឆ្នាំ បានថ្លែង​ថា ខ្ញុំ​សង្ឃឹមថា ប្រធានាធិបតី​នឹងជា​​មនុស្ស​អាយុត្រឹម​​៤០ ឬ៥០​ឆ្នាំម្នាក់ ។ ​លោក​អែល​បា​រ៉ាដេ ​ដែល​ជា​អ្នក​​គាំទ្រ​​ឱ្យ​មានការ​កែ ទំរង់​បានវ​ិលត្រលប់​មកកាន់​អេហ្ស៊ីប​វិញ​កាល​ពី​ពេលចាប់​ផ្តើម​មានចលនា​តវ៉ា​នៅអេហ្ស៊ីប​នា​​ដំណាច់​ខែ​មករា ដើម្បីចូលរួម​ក្នុងបាតុកម្ម​នានា។ តាំងពីពេល​វិលចូលស្រុក​វិញ លោក​បាន​ទាមទារ​ឱ្យ​មានការចាកចេញ​ពី​អំណាច​របស់​លោក​ប្រធា​នាធិបតី​ហ៊ូស្នី មូបារ៉ាក់​ដែល​បានដក​ខ្លួនថយ​កាលពីថ្ងៃទី១១ កុម្ភៈ ​កន្លង​មកនេះ ។
ក្នុងបទ​សំភាសន៍​មួយជាមួយ​ទូរទស្សន៍​​អាល់​ហ្សា​ហ្ស៊ី​រ៉ា លោកបន្តថា ទិស​ដៅ​តែ​មួយ​​គត់​របស់​ខ្ញុំ​គឺ​ចង់​ឃើញ​ប្រទេស​​ចាកចេញ​​​ផុត​ពី​លទ្ធិ​​ផ្តាច់ការ​គាបសង្កត់​ក្លាយ​ជា​រដ្ឋ​ស៊ីវីល័យ និង​ប្រជា​ធិបតេយ្យ​ ។ ខ្ញុំ​ពុំ​ចង់​ក្លាយ​ជាប្រធានាធិបតី​ឡើយ។
ម៉ា​ស៊ីន​ឃោសនា​ក្នុង​ស្រុក​រាយ​ការណ៍​កាល​ពីថ្ងៃទី​១៤ កុម្ភៈ ថា ក្នុង​ចលនា​​បាតុកម្ម​នៅអេ​ហ្ស៊ីប​ដែល​ចាប់​​​ផ្តើម​ពីថ្ងៃទី២៥ មករា មក បណ្តាល​​​ឱ្យប៉ូលិស​ស្លាប់​៣២​នាក់ ហើយ​ប៉ូលិស​​​និង​ទាហាន​១០៧៩​នាក់ ត្រូវរបួស ។ ប៉ុសិ៍្ត​​ប៉ូលិស​​៧០​កន្លែង​ និងពន្ធ​នា​គារ​៦កន្លែង ក្នុង
ទូ​ទាំង​ប្រទេស​ត្រូវ​រង​ការ​ខូចខាត ។
ចំណែក​​កង​ទ័ព​អេហ្ស៊ីប​ដែលពេលនេះ​ក្លាយ​ជាអ្នក​កាន់​អំណាច​ក្នុង​ប្រទេស​បានអំពាវនាវ​​នា​ថ្ងៃទី១៤ កុម្ភៈ​ដល់​ពលរដ្ឋ​​ និងបណ្តា​សហជីពឱ្យ​បញ្ឈប់​ចលនា​ធ្វើកូដកម្ម ​ដើម្បី​ឱ្យ​មាន​សន្តិស​ុខ និងស្ថេរ​ភាព​ក្នុង​ប្រទេស​និង​ដើម្បី​ធានា​​ផលិត​កម្ម​ក្នុងគ្រប់​យន្តការ​រដ្ឋ ។
ដោយឡែកអាជ្ញា​ធរ​អេហ្ស៊ីប​បានស្នើ កាល​ពី​ថ្ងៃទី​១៤ កុម្ភៈ ​ដល់​បារាំងព្រម​ទាំង​ដល់​សហ​ភាព​អឺរ៉ុប​ឱ្យផ្អឹប​ទុក​ទ្រព្យ​សម្បត្តិរបស់​បណ្តា​អតីត​​អ្នកទទួលខុសត្រូវ​អេហ្ស៊ីប ។ ក៏ប៉ុន្តែ​​​សំណើ​នេះ ពុំ​ទាក់​ទិន​ដល់​មូលនិធិ​ទាំងឡាយ​របស់​ អតីត​​​ប្រធានាធិបតី​លោក​ហ៊ូ​ស្នី​ មូបារ៉ាក់ និង​របស់គ្រួសារ​លោកឡើយ ៕

កម្មក​រសំណង់​​-លីសែង​​នៅ​ទីក្រុង​កោះ​ពេជ្រ​ប្រមាណ​​ជាង​១​០០​នាក់ ​នៅតែ​ធ្វើ​បាតុ​កម្ម​​ប្រឆាំង​​កង​សន្តិសុខ

Posted: 14 Feb 2011 07:47 PM PST

កម្មក​រសំណង់​​-លីសែង​​នៅ​ទីក្រុង​កោះ​ពេជ្រ​ប្រមាណ​​ជាង​១​០០​នាក់ ​នៅតែ​ធ្វើ​បាតុ​កម្ម​​ប្រឆាំង​​កង​សន្តិសុខ​

រាជធានីភ្នំពេញ ៖ កម្មក​រសំណង់​-លីសែង​​ដែល​បំរើ​ការ​សាង​សង់​​អគារ​ផ្សេងៗ​នៅ​ក្នុង​តំបន់អភិវឌ្ឍន៍​​ទីក្រុងកោះពេជ្រប្រមាណ​​ជាង​១០០​នាក់ ​នៅតែ​ប្រមូលផ្តុំ​គ្នា​​ធ្វើ​ការ​តវ៉ាយ៉ាង​​​ខ្លាំង​ក្លា​​​ដដែល​​​នៅមុខការិយាល័យ​​រដ្ឋបាលនៃ​ទីក្រុងកោះ​ពេជ្រ​ កាលពីវេលាម៉ោង​​៨​និង​​៣០​នាទី​ព្រឹកថ្ងៃទី​​​១៥ កុម្ភៈ ​២០១១ ​ប្រយោជន៍​​ទាមទារ​កុំ​ឱ្យ​កង​​សន្តិសុខ​​ដែល​យាមកាម​​នៅក្នុង​មូលដ្ឋាន​កោះពេជ្រ​​នេះ​ធ្វើ​ការ​​ជំរិត​​យកអីវ៉ាន់​ គ្រឿង​ឧប​ភោគ បរិភោគ ​​របស់ពួក​គាត់​​ទៅ​ទៀត និង​សុំ​​ឱ្យ​ដក​ឈ្មោះ​​ប៉ូ សុខ​ម៉េង ជា​ប្រធាន​សន្តិសុខ ចេញពីតំបន់​កោះពេជ្រ​ជា​បន្ទាន់​​ ព្រោះ​ជន​នេះ​ជើងខ្លាំង​ខាង​គំរាម​ជំរិត​។

​សូមបញ្ជាក់​​ថា ការធ្វើ​​​​បាតុកម្ម​តវ៉ា​​កាលពី​ម្សិល​មិញ​​ក្រុម​​កម្មករ​សំណង់-លីសែង ​មានគ្នា​​ប្រមាណ​​៦០០នាក់ ​​បាន​តវ៉ា​​យ៉ាង​ផុស​ផុល​សុំ​ឱ្យ​​ប្រធាន​ក្រុម​​ហ៊ុន​បញ្ឈប់​​សកម្មភាព​​គំរាមកំហែង​​ និងជំរិត​​យកអីវ៉ាន់​របស់​កម្មករ​​ពី​សំណាក់​ក្រុម​សន្តិសុខ​​យាម​កាម​ទីក្រុង​​​កោះពេជ្រ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធ​ផល​​ទេ ដោយ​ខាង​ក្រុម​ហ៊ុន​ប្រាប់​ថា ​រង់ចាំ​​ដោះស្រាយ​​ជូន​កម្មករ​តំរូវ​ឱ្យ​​ទៅធ្វើ​ការ​​សិន​ទៅ​...​រហូត​មក​ដល់​ពេលនេះ​​នៅតែ​មិន​ទាន់​មាន​​ដំណោះស្រាយ​ទៀត។​
តំណាង​កម្មករ​​សំណង់​​-លីសែង​ម្នាក់​​បាន​និយាយ​​ឱ្យ​ដឹង​ថា ​​​មានបង​ប្អូន​​កម្មករ​សំណង់​​-លី​សែង​​ខ្លះ​គាត់ទិញ​អីវ៉ាន់​​គ្រឿង​ហូបចុក​​មួយ​ចំនួន​មករក្សា​ទុក​នៅ​​បន្ទប់​ស្នាក់នៅ​ ​​​គ្រាន់ដាំ​​ស្ល​ហូប​ដូច​ជា​​​ស្រា សាច់ មី ​គឺទុក​​គ្រាន់ពេល​​​ហេវ​ហ​ត់​​​ថ្មើរ​ណា​ធ្វើហូប​ថ្មើរហ្នឹង មិន​ចាំ​បាច់​ទៅទិញ​​នៅ​កន្លែង​​​ឆ្ងាយ​​នាំ​ឱ្យ​​ខាត​ពេល ។

ចំណែកស្រា​ទុក​គ្រាន់​ផឹក​រំលាយ​​ឈាម ឬ​គ្រាំក្នុង​ ​ក្រោយ​ពេល​ធ្វើ​​​ការ​​លីសែង​​ហត់នឿយ​​តែប៉ុណ្ណោះ ប៉ុន្តែ​​ជា​មួយ​​គ្នា​នេះ​​ក៏​មានបង​ប្អូន​កម្មករ​​សំណង់​-លីសែង​​មួយ​ចំនួនគាត់បាន​ទិញគ្រឿង​​​ហូបចុក​ពីខាង​ក្រៅ​​មក​ទុក​លាក់​​​ឱ្យ​កម្មករ​​ដូចគ្នា​នៅក្នុងទីនេះ​​ផងដែរ​...​​ចំណែក​​កង​សន្តិសុខ​​​របស់​ក្រុម​​ហ៊ុន​ទីក្រុងកោះ​ពេជ្រជា​ច្រើន​នាក់ ​មាន​ប្រដាប់​ដោយ​កាំ​ភ្លើង​​​គ្រប់​ដៃ​​តែ​ងតែ​​​​ដើរ​ឆែក​ឆេរ​​រៀង​រាល់​យប់ ​ហើយ​គំរាម​​​កំហែង​​ប្រមូល​យកគ្រឿង​​​ហូប​ចុក​​របស់​បង​ប្អូន​​កម្មករយ៉ាង​សន្ធឹកសន្ធាប់​ទៅ​ផឹក​ស៊ីខ្ជះ​ខ្ជាយ ​ដូច្នេះ​ពួកគាត់​​ជា​កម្មករ​​ត្រូវតែ​​​តវ៉ា​ចំពោះ​​រឿង​នេះ ។​

ចំណែកកង​សន្តិសុខ​​ម្នាក់​​ប្រចាំ​នៅ​ទីក្រុង​កោះ​ពេជ្រ​​​​បាននិយាយ​​​ផងដែរ​ថា ​តាមគោលការណ៍​​របស់​ក្រុម​ហ៊ុន​ទីក្រុងកោះពេជ្រ​​បាន​កំណត់​ថា មិន​អនុញ្ញាត​​ឱ្យ​ប្រជា​ពលរដ្ឋ​​ ឬ​កម្មករ​​ណា​ប្រមូល​យកគ្រឿង​​ហូបចុក ឬគ្រឿង​ទេស​
ផ្សេងៗ​​មក​លាក់​ទុក​ក្នុងបន្ទប់​​ ឬ​លក់ដូរ​នៅ​ក្នុង​តំបន់​​ទីក្រុងកោះពេជ្រនេះ​ទេ លើកលែង​ត្រូវ​បាន​អនុញ្ញាត​​ពីក្រុមហ៊ុន ។ ព័ត៌មានលំអិតនឹងផ្សាយ​ជូននៅពេលក្រោយ និងនៅលើទំព័រ​កាសែត​កោះ​សន្តិភាព.

យុវជន​ម្នាក់​​តូចចិត្ត​​ទៅ​​​​លោតទឹក​សម្លាប់ខ្លួន​ចំថ្ងៃ​បុណ្យ​​នៃក្តីស្រលាញ់

Posted: 14 Feb 2011 07:39 PM PST

យុវជន​ម្នាក់​​តូចចិត្ត​​ទៅ​​​​លោតទឹក​សម្លាប់ខ្លួន​

រាជធានីភ្នំពេញ ៖ ​យុវជន​​​ម្នាក់​ទំនង​ជា​​​ខឹង​ស្រីសេ្នហ៍​​​បានមក​អង្គុយ​ផឹកស្រា​​​ម្នាក់​ឯងចំថ្ងៃ​បុណ្យ​​នៃក្តីស្រលាញ់ នៅលើ​កៅអីថ្មម៉ាប ​ត្រង់​ចំណុច​​ច្រាំង​​​ទន្លេ​​កែង​វិថី​ព្រះស៊ីសុវត្ថិ ​និង​​ផ្លូវ​លេខ​​១៣៦ សង្កាត់ផ្សារ​​កណ្តាលទី​១ ខណ្ឌ​ដូនពេញ​។ បន្តិច​ក្រោយ​មក​ស្រាប់តែ​​យុវជន​​នោះ​លោត​ពី​​ច្រាំង​​ទន្លេ​ចូលទឹក​ ដើម្បីធ្វើ​អត្តឃាត​​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​​​កាលពី​វេលាម៉ោង​​៧យប់ថ្ងៃទី​​១៤ កុម្ភៈ ​២០១១ ប៉ុន្តែ​ត្រូវ​​បាន​​ទូក​អ្នកនេសាទ​​ជួយ​​ស្រង់ចេញ​ពី​ទឹក​បញ្ជូន​​​ទៅមន្ទីរពេទ្យសង្គ្រោះ​ទាន់ពេលវេលា​។

គូស្នេហ៍មួយគូដែលឃើញ​ហេតុការណ៍​​នេះ​បាន​និយាយ​​ឱ្យ​សមត្ថ​កិច្ច​​ដឹង​ថា មុនពេល​កើត​ហេតុ​​ពួកគេ​​បាន​ឃើញ​យុវជន​ម្នាក់​​មានកាន់​ដប​ស្រា​នៅ​នឹង​ដៃ បានដើរ​ទៅ​​អង្គុយ​លើ​ថ្ម​ម៉ាប​ច្រាំង​​​​ទន្លេ​​ដោយ​មានទឹក​​មុខក្រៀម​ក្រំ​​​ទំនង​​ជា​អាក់​អន់​​​ចិត្តនឹង​ស្រីស្នេហ៍​មិន​បាន​​​ឱ្យ​ផ្កា​កុលាប​​ថ្ងៃ​បុណ្យ​ក្តី​ស្រលាញ់​​ហើយ​មើល​ទៅ ។ ក្រោយពី​​ផឹកស្រា​​អស់​​មួយដប​​ ហើយ​យុវជន​នោះ​ដើរ​តាម​​កាំ​ជណ្តើរ​​ចុះ​ទៅ​មាត់ទន្លេ ​ឈរ​បាន​បន្តិច​ក៏​លោត​​​ទម្លាក់​​ខ្លួន​​ចូលទឹក​​តែម្តង ហើយ​ពេលនោះ​​មានការ​ភ្ញាក់​ផ្អើល​​ដល់​ស្រទាប់​យុវជន​​ យុវនារី ដែល​កំពុង​​នាំ គ្នា​​​​ខ្លះឈរ ខ្លះអង្គុយ​​​អបអរសាទរ​ថ្ងៃ​បុណ្យ​​នៃក្តី​ស្រលាញ់​តាម​​មាត់ទន្លេ នាំគ្នា​​មើល​យុវជន​​គិតខ្លី ដែលអណ្តែត​​រសាត់​​​តាមខ្សែ​ទឹក​ចុះទៅ​ទិសខាង​ត្បូង ។​

មន្ត្រី​​នគរបាល​​មូលដ្ឋាន​​បាន​ឱ្យ​​​ដឹង​ថា ភ្លាមៗ​នោះ មានទូកនេសាទ​​មួយគ្រឿង​​បានបើក​តាម​យុវជន​រងគ្រោះ និង​ស្រង់​គេ​ចេញពី​ទន្លេ ទាន់​ពេល​​វេលា រួចហើយ​នាំយកទៅ​សង្គ្រោះ​...​យុវ​ជន​​មានវិបត្តិ​​​ឈ្មោះភឿក ថូ អាយុ​​​១៨​ឆ្នាំ ​បាន​និយាយ​ថា ​រូបគេ​មិនមែន​តូចចិត្ត​​នឹង​សង្សារ​អ្វីទេ គឺខឹង​ឪពុក​ម្តាយ​​ក្រុមគ្រួសារ​តែប៉ុណ្ណោះ ៕​

ខ្លាញ់​ត្រី«អូមេហ្គា3»​ជួយ​ការពារ​​ជំងឺ​រលាក​អញ្ចាញធ្មេញ

Posted: 14 Feb 2011 07:34 PM PST

ខ្លាញ់​ត្រី«អូមេហ្គា3»

តាមការ​ស្រាវជ្រាវ​​ពីក្រុមអ្នកជំនាញ​​វេជ្ជ​សាស្ត្រ​​ទៅលើ​​​ក្រុម​គំរូ​ជាង​១​ម៉ឺននាក់​ មានអាយុ​​ចាប់​ពី​២០​ឆ្នាំ​ឡើង​ឃើញ​ថា ការ​​​ទទួល​ទាន​ខ្លាញ់​ត្រី​«អូមេហ្គា៣» ជា​ប្រចាំ​អាច​ជួយ​ការ​ពារ​​ជំងឺ​រលាក​​អញ្ចាញ​ធ្មេញ​បាន ពីព្រោះ​អ្នក​ដែល​ទទួល​​​ទាន​ខ្លាញ់​ត្រី អូមេហ្គា៣ ជាប្រចាំ​នឹង​កើត​ជំងឺ​​រលាក​អញ្ចាញ​​ធ្មេញ​តិច​ជាង​អ្នក​ដែល​មិន​ទទួល​​ទាន​​សោះ​ដល់ទៅ​៣០% ព្រោះ​សារធាតុ​ក្នុង​ខ្លាញ់​ត្រី​អូមេហ្គា៣ មាន​ចំណែក​ជួយ​កាត់​បន្ថយ​ការ​កើត​​ជំងឺរលាក ។​ ក្រៅពីនេះ អ្នកជំនាញ​មកពី​មហាវិទ្យា​ល័យ​​វេជ្ជ​សាស្ត្រ​​«​ហាវ៉ើល​» បាន​​ធ្វើ​ការ​ណែនាំ​ឱ្យ​បរិភោគ​ខ្លាញ់ត្រី​អូមេហ្គា​៣​ជាប្រចាំ ប៉ុន្តែ​មិនគួរ​​បរិភោគ​​ច្រើនពេកនោះទេ​​ ព្រោះ​វានឹង​​មិន​ផ្តល់​​ផល​ល្អឡើយ​ ។ ក្មេង​និង​​ស្ត្រី​គួរ​បរិភោគ​ក្នុង​បរិមាណ​កំណត់​​គឺ​​យ៉ាង​តិច​ក្នុង​​មួយ​សប្តាហ៍​២​ដង ទើប​ធ្វើ​​ឱ្យ​រាង​កាយ​​មាន​សុខភាព​​ល្អ​និង​​ជួយ​ការពារ​​ភាព​ប្រថុយ​ប្រថាន​ក្នុង​ការ​កើត​ជំងឺ​បេះដូងដោយ​ កាត់​បន្ថយ​កំរិត​កូឡេស្តេរ៉ូល និងជួយ​ដល់​ការ​ធ្វើ​ការ​​របស់​ខួរ​ក្បាល​ ថ្លើម និង​ប្រព័ន្ធ​សរសៃ​​ប្រសាទ ។​ ​ខ្លាញ់​ត្រី​អូមេហ្គា៣ ប្រទះ​ឃើញ​មាន​នៅ​​​ក្នុង​​ខ្លួន​ត្រី​សមុទ្រ​ដូចជា​ត្រី​សាឌីន ត្រី​ទឹក​សាប​​មួយ​ចំនួន​ រួមទាំង​សណ្តែក​និង​គ្រាប់​ធញ្ញ​ជាតិ ៕

បុរស​ចិនម្នាក់​ស្រាតឡើង​លើ​បង្គោល​ខ្សែ​ភ្លើង​ធ្វើបាតុកម្ម

Posted: 14 Feb 2011 07:24 PM PST

បុរសជនជាតិចិនដែលស្រាតឡើងបង្គោលភ្លើង

បុរស​ជនជាតិចិន​ម្នាក់​កាលពីពេលថ្មីៗ​កន្លង​មក​ បានធ្វើ​​​ឱ្យ​​មនុស្ស​​​ផងទាំងឡាយ​មានការ​ភ្ញាក់​ផ្អើល​​​យ៉ាងខ្លាំង ​ដោយស្រាត​សំលៀក​បំពាក់​​​​ចេញអស់​រួច​​តោងឡើង​​លើ​បង្គោល​ខ្សែ​ភ្លើង​​យ៉ា​ងខ្ពស់​ ដើម្បី​​ធ្វើបាតុ​កម្ម​ប្រឆាំង​​ប៉ូលិស​​ដែល​បង្ក្រាប​​​អ្នក​សុំទាន ។​ បុរស​រូបនេះ​ឈ្មោះ Mir Wei អាយុ​​​​៤៣​ឆ្នាំ ​រស់នៅ​​ក្នុងទីក្រុង Hechi បានស្រាត​​ធ្វើបាតុ​កម្ម​ដូច្នេះដោយ​​សារ​លោកខឹង​ប៉ូលិស​​ធ្វើបាប​​អ្នក​សុំទាន ។ ​​នៅពេលស្រាត​​ហើយឡើង​លើ​​បង្គោល​ខ្សែ​​​ភ្លើង​នោះ ប៉ូលិស​​ស្នើ​សុំ​​ឱ្យ​​លោក​ចុះ​​មកដី​​វិញ ប៉ុន្តែ​​​លោកនៅ​តែ​មិន​ព្រម​ធ្វើ​​ឱ្យប៉ូលិស​​​ខឹង​​ប្រើ​កាំភ្លើង​​បាញ់សត្វ​​បាញ់​កំញើញ​​លោក​ឱ្យ​ចុះ​​ដី ហើយ​​​ចាប់ខ្លួនតែម្តង ៕

តារាម៉ូដែល​ប្រេស៊ីល​​មានដើមទ្រូង​ធំបំផុត​​ប៉ុនប៉ងធ្វើ​​អត្តឃាត

Posted: 14 Feb 2011 07:24 PM PST

តារាម៉ូដែល​​ជនជាតិ​ប្រេស៊ីលនាង Sheyla Hershy

តារាម៉ូដែល​​ជនជាតិ​ប្រេស៊ីល​មួយ​រូប​ដែល​ជាប់ឯតទគ្គ​កម្ម​​ជា​ស្ត្រី​មាន​សុដន់​​​ធំបំផុត​​​លើ​ពិភព លោក​​​បានប៉ុនប៉ង​​ធ្វើអត្តឃាត​​សំលាប់ខ្លួន ក្រោយ​​ពីវេជ្ជបណ្ឌិត​​ធ្វើ​ឱ្យ​សុដន់​​របស់នាង​​រួម​តូច​វិញ ។ តាម​​ប្រភពព័ត៌មាន​​ថា ​​តារាម៉ូដែល​រូបនេះ​ឈ្មោះ Sheyla Hershy អាយុ​​​៣១​ឆ្នាំ កាលពី យប់ថ្ងៃទី​​១៤ កុម្ភៈ​ កន្លងមក​ ​បាន​សន្លប់​ធំលែង​ដឹង​ខ្លួូន​ ក្រោយ​ពី​​លេបថ្នាំ​​ងងុយ​ដេក​ច្រើន​​ជ្រុល​ប៉ុន​ប៉ងធ្វើ​​អត្តឃាត ។​
នាង Heshey រស់នៅ​ក្នុង​​ទីក្រុង​​ហ៊ូស្តុន ​រដ្ឋតិច​សាស់ ​​ត្រូវបាន​វេជ្ជ​​បណ្ឌិត​​ធ្វើ​ឱ្យ​​សុដន់​​របស់នាង​រួមតូចវិញ ​កាលពីខែ​​កញ្ញា​កន្លងមក ​ក្រោយពី​​រកឃើញ​ថា ការវះកាត់​​ពង្រីក​ដើមទ្រូង​​របស់នាង​​ឆ្លង​​រោគ ។ ​ការធ្វើ​​​ឱ្យ​សុដន់​​របស់នាង​​រួម​​តូចវិញ​​ធ្វើ​​ឱ្យនាង Hershey មានការ​ខក​ចិត្ត​​យ៉ាងខ្លាំង​​រហូតធ្វើ​​ឱ្យនាង​ប៉ុនប៉ងធ្វើ​​អត្ត​ឃាត។ ​នេះ​ជាលើក​​ទី​២ហើយ​​​ដែលនាង Hershey បានប៉ុន​ប៉ងធ្វើអត្តឃាត​​ដោយ​សារ​ដើមទ្រូង​​របស់​នាង ៕

ប្រមុខ​ការទូត​កម្ពុជា​ត្រៀម​​នឹង​ជួប​ចរចា​គ្នា​ម្តងទៀត នៅក្រុង​​ហ្សាការតា​ថ្ងៃទី​​២២ កុម្ភៈ ក្រោម​ការ​​សំរប​សំរួល​អាស៊ាន

Posted: 14 Feb 2011 07:01 PM PST

លោកម៉ាទី ​ណាហ្គាលីហ្គាវ៉ា រដ្ឋ​មន្ត្រី​​ការ​បរទេស​​ឥណ្ឌូណេស៊ីនិងជា​ប្រធាន​អាស៊ាន

​លោក​​​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំ​ហុង ​រដ្ឋ​មន្ត្រី​​ការបរទេស​កម្ពុជា​ ​បានមាន​ប្រសាសន៍​ថា ​កម្ពុជា​ស្វាគមន៍​​ចំពោះ​លទ្ធ​ផលនៃ​កិច្ចប្រជុំ​​ក្រុម​ប្រឹក្សា​​​សន្តិសុខ​​​អង្គការ​​សហ​ប្រជាជាតិ​​ ដែល​រុញ​​ការ​ចរចា​​​​ជម្លោះ​​នេះ​មក​ឱ្យ​​អាស៊ានដើរ​តួ ដោះ​ស្រាយ​​​​សម្របសម្រួល​​សំរាប់​​​ប្រទេស​ក្នុង​​តំបន់​អាស៊ាន​​ខ្លួន​ឯង ហើយ​លោកត្រៀម​​នឹង​ជួបចរចា​​គ្នា​ម្តង​​ទៀត​រវាង​ក្រុមអាស៊ាន​​នៅក្រុង​​ហ្សាការតា នា​ថ្ងៃទី​​​២២ កុម្ភៈ ​២០១១ ។

លោក​ប្រមុខការ​ទូត​កម្ពុជា​បានលើកឡើង​​ថា កិច្ចប្រជុំ​​​ក្រុមប្រឹក្សា​​​សន្តិសុខ​​អង្គការ​​​សហ​ប្រជា​ជាតិ​​ដែល​ប្រើ​​ពេលជាង​​២​ម៉ោង​នៅបុរី​ញូវយ៉ក​ សហរដ្ឋ​អាេមរិក​នេះ កម្ពុជា​​ទទួល​បាន​​ជោគជ័យ​​ ប៉ុន្តែ​​លោក​ប្រមុខ​ការ​ទូត​​បញ្ជាក​់​ថា ​​​ទោះជា​យ៉ាង​ណា​ក៏ដោយ យន្ត​ការ​​នៃ​ការ​​ចរចា​ទ្វេភាគី​ជាមួយថៃ​​តទៅទៀត​នោះគឺ​​កម្ពុជា​មិន​អាច​​ទទួលយកបាន​នោះទេ ពីព្រោះ​​ការ​ចរចា​​​ជា​ច្រើន​​លើក​នៅ​តែ​មិន​​ទទួលបាន​ជោគ​ជ័យ​​​ដោយ​សារ​តែ​​ភាគី​ថៃ​​​មិនអនុវត្ត​​​​តាមការ​​​ព្រម​ព្រៀង ។​

លោកម៉ាទី ​ណាហ្គាលីហ្គាវ៉ា រដ្ឋ​មន្ត្រី​​ការ​បរទេស​​ឥណ្ឌូណេស៊ី និងជា​ប្រធាន​អាស៊ាន​​​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​​​កិច្ចប្រជុំ​​​ក្រុមប្រឹក្សា​​សន្តិសុខ​​​អង្គការ​សហប្រជាជាតិ​​នោះដែរ បាន​មាន​ប្រសាសន៍​​​​នៅក្នុង​សន្និសីទ​កាសែត​​នា​គ្រា​​ជាមួយ​គ្នា​នោះដែរ​ថា លោកស្វាគមន៍​​ចំពោះការ​​ជួយ​សំរប​សំរួល​​បញ្ហា​​កម្ពុជា​-ថៃ​​​ក្នុងនាម​​ប្រទេស​ឥណ្ឌូណេស៊ី​ជា​ប្រធានអាស៊ាន​ បើទោះ​ណា​យើង​ត្រូវ​​វះកាត់​​ឧបសគ្គ​ក្នុង​​​ដំណាក់​កាល​ដំបូង​​​ក៏​ដោយ ។ គួរបញ្ជាក​ដែរ​ថា ​​តាមការអញ្ជើញ​​​​របស់​រដ្ឋ​​មន្ត្រី​ការ​បរទេស​ឥណ្ឌូណេស៊ី លោករដ្ឋ​មន្ត្រី​ការ​​បរទេស​កម្ពុជា​-ថៃ គ្រោង​នឹង​ជួបគ្នា​​ម្តង​ទៀត​​​នៅទីក្រុង​​​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ​នៅ​ថ្ងៃ​ទី​​២២ កុម្ភៈ ខាងមុខនេះ ដើម្បីរិះ​រក​មធ្យោ​​​បាយ​​​​បញ្ចប់​​​ជម្លោះ​​​សៀមឈ្លានពាន​​​ទឹកដី​កម្ពុជា ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!