VOA News: ព័ត៌មាន: “សាលាក្ដីខ្មែរក្រហមបដិសេធការទាមទារឲ្យដោះលែងអតីតមេដឹកនាំខ្មែរក្រហម” plus 2 more |
- សាលាក្ដីខ្មែរក្រហមបដិសេធការទាមទារឲ្យដោះលែងអតីតមេដឹកនាំខ្មែរក្រហម
- ឯកសាររដ្ឋាភិបាលបញ្ជាឲ្យបិទអ៊ីនធើណិតបានលេចធ្លាយ
- ថៃមិនជឿសំណើបទឈប់បាញ់របស់លោកហ៊ុន សែន
សាលាក្ដីខ្មែរក្រហមបដិសេធការទាមទារឲ្យដោះលែងអតីតមេដឹកនាំខ្មែរក្រហម Posted: 17 Feb 2011 10:55 AM PST ភ្នំពេញ៖ អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហម នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធ ការទាមទារឲ្យដោះលែងអតីតមេដឹកនាំកំពូលខ្មែរក្រហមបីនាក់ឲ្យនៅក្រៅការឃុំឃាំងជាបណ្ដោះអាសន្ន។ មេធាវីរបស់ជនជាប់ចោទទាំងបីចាត់ទុកថា សាលាក្ដីខ្មែរក្រហមបន្ដឃុំខ្លួនកូនក្ដីរបស់ពួកគេលើសនីតិវិធីនៃច្បាប់ដែលកំណត់។ នៅក្នុងសេចក្ដីសម្រេចកាលពីថ្ងៃពុធ ដែលត្រូវផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃនេះ អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមបានបដិសេធសំណើសុំដោះលែងជនជាប់ចោទដែលជាអតីតមេដឹកនាំកំពូលខ្មែរក្រហមសំខាន់ៗចំនួនបីនាក់គឺនួន ជា ខៀវ សំផន និងអៀង ធីរិទ្ធ ឲ្យនៅក្រៅការឃុំខ្លួនជាបណ្ដោះអាសន្ន ដោយភ័យខ្លាចពីការរត់គេចខ្លួនរបស់ពួកគេ។ សេចក្ដីសម្រេចបានធ្វើឡើង១៧ថ្ងៃ បន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងបានបើកសវនាការផ្ទាល់មាត់លើការស្នើសុំរបស់ក្រុមមេធាវីនៃជនជាប់ចោទទាំងបី។ ក្នុងសេចក្ដីសម្រេចនោះ លោកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះរបស់សាលាដំបូងបានលើកឡើងថា ការបន្ដឃុំខ្លួនជនជាប់ចោទទាំងបីនេះមានសារៈសំខាន់ក្នុងការធានាវត្តមានរបស់ជនជាប់ចោទក្នុងពេលបើកសវនាការកាត់ទោសពួកគេ។ លោកចៅក្រមនិល ណុន ក៏បានសំអាងលើ ឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលជនជាប់សង្ស័យទាំងបីនាក់ជាប់ពាក់ព័ន្ធ ហើយដែលអាចធ្វើឲ្យជនសង្ស័យរត់គេចខ្លួន ឬគំរាមកំហែងដល់សាក្សី ឬសណ្ដាប់ធ្នាប់សាធារណៈ ប្រសិនបើពួកគេស្ថិតនៅក្រៅមន្ទីរ ឃុំឃាំងនោះ។ ក្រុមមេធាវីការពារជនជាប់ចោទបានចាត់ទុកថា ការបន្ដឃុំខ្លួនកូនក្ដីរបស់ពួកគេលើសរយៈពេលកំណត់ដោយច្បាប់ គឺជាការខុសច្បាប់។ ច្បាប់របស់សាលាក្ដីខ្មែរក្រហមចែងថា ជនជាប់សង្ស័យនឹងត្រូវឃុំខ្លួនរយៈពេលមួយឆ្នាំជាបណ្ដោះអាសន្ន ហើយការឃុំខ្លួននឹងអាចបន្ដរហូតរយៈពេលបីឆ្នាំមុននឹងត្រូវកាត់ទោស។ ក៏ប៉ុន្ដែជនជាប់សង្ស័យទាំងនេះត្រូវបានឃុំខ្លួនហួសរយៈពេលកំណត់ជាងបួនខែទៅហើយ ដោយរាប់ចាប់ពីពេលចាប់ខ្លួនពួកគេកាលពីឆ្នាំ២០០៧មក។ លោកស សាវ៉ាន មេធាវីការពារក្ដីឲ្យខៀវ សំផន អតីតប្រមុខរដ្ឋសម័យកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម បានព្រមានពីការធ្វើសន្និសីទកាសែតប្រឆាំងនឹងការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងនេះ ដោយលោកចាត់ទុកថា ជារឿងមិនត្រឹមត្រូវ។ «បើថា គាត់មិនលែងទេ ខ្ញុំធ្វើសន្និសីទកាសែត ព្រោះតុលាការ អត់គោរពច្បាប់»។ នួន ជា អតីតបងធំទី២នៃរបបកម្ពុជាប្រជាធិបតេយ្យ អៀង ធារិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច និងខៀវ សំផនត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទាក់ទងទៅនឹងការសម្លាប់រង្គាលប្រជាពលរដ្ឋកម្ពុជាច្រើនជាង១,៧លាននាក់ ក្នុងអំឡុងពេលដែលពួកគេកាន់កាប់អំណាចចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ សាលាក្ដីខ្មែរក្រហមគ្រោងនឹងបើកសវនាការកាត់ក្ដីជនជាប់ចោទទាំងនេះ បូករួមទាំងអៀង សារីផងដែរ នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០១១នេះ៕ This posting includes an audio/video/photo media file: Download Now |
ឯកសាររដ្ឋាភិបាលបញ្ជាឲ្យបិទអ៊ីនធើណិតបានលេចធ្លាយ Posted: 17 Feb 2011 10:18 AM PST ភ្នំពេញ៖ ភស្តុតាងមួយត្រូវបានលាតត្រដាងអំពីចេតនារបស់រដ្ឋាភិបាលកម្ពុជាក្នុងការរាំងខ្ទប់មិនឲ្យគេមើលឃើញគេហទំព័រដែលមាននិន្នាការប្រឆាំងនឹងខ្លួន។ ការរាំងខ្ទប់ ឬបិទគេហទំព័រនេះបានធ្វើឲ្យមានការថ្កោលទោសពីសំណាក់អ្នកប្រើប្រាស់អ៊ីនធើណិតនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។ មន្ត្រីរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណិតនៅកម្ពុជាបិទគេហទំព័រមួយចំនួនដែលរិះគន់រដ្ឋាភិបាល ដោយរួមទាំងគេហទំព័រប្រឆាំងដ៏លេចធ្លោមួយផងដែរគឺ KI-Media នេះបើយោងតាមសារអេឡិចត្រូនិក ឬអ៊ីមេល មួយដែលបានលេចធ្លាយចេញមកពីក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ ហើយដែលវីអូអេទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ។ សារនោះ ដែលមានឈ្មោះលោកសៀង សិទ្ធី នាយករងនៃនាយកដ្ឋាននិយ័តកម្មគោលនយោបាយរបស់ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ជាអ្នកសរសេរ បានជំរុញឲ្យក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណិតចំនួន៣គឺ WiCAM, TeleSurf និងHelloបិទគេហទំព័រទាំងនោះជាបន្ទាន់។ អ៊ីមេល នោះសរសេរថា «យើងបានរកឃើញថា អស់លោក លោកស្រីនៅមិនទាន់បានចាត់វិធានការនៅឡើយទេ ដូច្នេះសូមមេត្តាចាត់វិធានការជាបន្ទាន់»។ ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណិតទាំង៣នេះមិនទាន់បានបិទគេហទំព័រប្រឆាំងរដ្ឋាភិបាលនៅឡើយ។ គេហទំព័រដែលជាគោលដៅនៃការរាំងខ្ទប់របស់ក្រសួងប្រៃណីយ៍និងទូរគមនាគមន៍នោះ គឺសុទ្ធសឹងតែជាគេហទំព័រដ៏មានប្រជាប្រិយភាពដែលប្រឆាំងរដ្ឋាភិបាលនិងគណបក្សប្រជាជនដែលកំពុងកាន់អំណាច រួមមានជាអាទិ៍ គេហទំព័រ KI-Media, Khmerization និងគេហទំព័ររូបគំនូរជាច្រើនទៀត ដូចជា Sacrava ជាដើម នេះបើយោងតាមតារាងគេហទំព័រដែលត្រូវបានរាយឈ្មោះនៅក្នុងសារអេឡិចត្រូនិកនោះ។ អ៊ីមេល នោះសរសេរទៅកាន់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិតចំនួនយ៉ាងតិច៩ផ្សេងទៀត ដោយថ្លែងអំណរគុណដល់ក្រុមហ៊ុនទាំងនោះ ដែលបានសហការជាមួយក្រសួងប្រៃណីយ៍ក្នុងការបិទគេហទំព័រប្រឆាំង មិនឲ្យគេមើលឃើញ។ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិតទាំងនោះ រួមមានក្រុមហ៊ុន Ezecom, Metfone, Citylink, Digi, AngkorNet, TC, Camnet, Online និងCamintel។ សារជាភាសាអង់គ្លេសនោះមានឈ្មោះលោកសៀង សិទ្ធីជាអ្នកសរសេរ។ សារនេះមានន័យយ៉ាងដូច្នេះថា៖ «ខ្ញុំសរសេរនេះ ដើម្បីសម្តែងការដឹងគុណដល់អស់លោក លោកស្រីចំពោះកិច្ចសហការរបស់លោក លោកស្រីជាមួយក្រសួងប្រៃណីយ៍និងទូរគមនាគមន៍»។ លោកPaul Blanche-Horgan អគ្គនាយកក្រុមហ៊ុន Ezecom មិនធ្វើអត្ថាធិប្បាយទេ ជុំវិញសំណើរបស់រដ្ឋាភិបាលឲ្យបិទគេហទំព័រទាំងនោះទេ ដោយលោកមានប្រសាសន៍ថា លោកកំពុងធ្វើដំណើរតាមផ្លូវ។ ចំណែកលោកស្រីសុខ ចាន់ដា នាយិការប្រតិបត្តិក្រុមហ៊ុន AngkorNet និង MekongNet ក៏មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានដែរ ប៉ុន្តែលោកស្រីត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ដកស្រង់សម្តីដោយបញ្ជាក់ថា លោកស្រីពិតជាបានទទួលអ៊ីមេលពីលោកសៀង សិទ្ធី ដែលស្នើឲ្យក្រុមហ៊ុនរបស់លោកស្រីចូលរួមសហការបិទគេហទំព័រប្រឆាំងទាំងនោះមែន។ សារអេឡិចត្រូនិចឬអ៊ីមេល ដែលបែកធ្លាយនេះ បាននិយាយយោងទៅដល់កិច្ចប្រជុំមួយកាលពីថ្ងៃទី១០ ខែកុម្ភៈរវាងមន្ត្រីក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ជាមួយនឹងប្រតិបត្តិករឬក្រុមហ៊ុនទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជា។ យោងតាមកំណត់ហេតុផ្លូវការនៃកិច្ចប្រជុំនោះ ដែលវីអូអេទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ លោកសូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍បានលើកឡើងថា៖ «រាជរដ្ឋាភិបាលពុំមានគោលការណ៍បិទគេហទំព័រមួយចំនួននោះទេ ប៉ុន្តែជាសំណូមពររបស់ឯកឧត្តម [សូរ ឃុន] ដល់ប្រតិបត្តិករទាំងអស់ជួយសហការទប់ស្កាត់គេហទំព័រមួយចំនួនដែលប៉ះពាល់ដល់សីលធម៌ ប្រពៃណីខ្មែរនិងរាជរដ្ឋាភិបាល តាមការប្រើប្រាស់ប្រព័ន្ធអ៊ីធើណិតរួម»។ លោកសៀង សិទ្ធីមិនធ្វើអត្ថាធិប្បាយអំពីអ៊ីមេល ដែលបែកធ្លាយនេះ ដោយលោកមានប្រសាសន៍ថា លោកកំពុងជាប់ប្រជុំ។ ចំណែកលោកសូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា លោកពុំដឹងអំពីការស្នើសុំ ឬបទបញ្ជាឲ្យក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណិត បិទគេហទំព័រប្រឆាំងនឹងរដ្ឋាភិបាលនោះទេ ដោយលោកអះអាងថា ក្រសួងរបស់លោកក៏ដូចជារដ្ឋាភិបាល គ្មានគោលការណ៍ធ្វើដូច្នោះឡើយ។ ប៉ុន្តែលោកសូរ ឃុនមានប្រសាសន៍បន្ថែមថា ការសរសេរអ៊ីមេលដោយមន្ត្រីក្រោមឱវាទរបស់លោកដើម្បីស្នើឲ្យក្រុមហ៊ុនបិទគេហទំព័រណាមួយនោះ អាចចេញមកពីគំនិតផ្ទាល់របស់មន្ត្រីនោះដែលមិនចូលចិត្តគេហទំព័រទាំងនោះ។ «ខំបង្កើតISPsហើយ ឲ្យបិទធ្វើអី? ប៉ុន្តែក្រែងលោមន្ត្រីអ្នកបច្ចេកទេសឃើញWebsitesណាដែលនិយាយតែផ្តេសតែផ្តាស់ មិនសមរម្យ គេក៏សរសេរប្រាប់ដោយខ្លួនឯង។ រឿងអ្នកបច្ចេកទេស នរណាដឹង?» យ៉ាងណាក៏ដោយ កញ្ញាហេង សុគន្ធី អ្នកប្រើប្រាស់អ៊ីធើណិតម្នាក់និងជាអ្នកចូលមើលគេហទំព័រKI Media ជាប្រចាំនោះ បានថ្លែងថា ការបិទគេហទំព័រនេះបានប៉ះពាល់ដល់ការទទួលបានព័ត៌មានដ៏សម្បូរបែបពីគេហទំព័រនេះ។ «វាប៉ះពាល់ខ្លាំង ព្រោះwebsiteហ្នឹងផ្តល់ព័ត៌មានច្រើន ទោះជាមានការបញ្ចេញមតិខ្លះប្រឆាំងរដ្ឋាភិបាលក៏ដោយ គ្រាន់តែថា វាជាប្រភពមួយដែលផ្តល់ព័ត៌មានច្រើនមែនទែន ទាក់ទងនឹងកម្ពុជា»។ អង្គការការពារសិទ្ធិមនុស្សលីកាដូ កាលពីថ្ងៃទី១៦ ខែកុម្ភៈនេះ បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសការត្រួតពិនិត្យលើគេហទំព័រដែលរិះគន់រដ្ឋាភិបាលនេះ ដោយលើកហេតុផលថា អ៊ីនធើណិតគឺជាប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់សំឡេងនិងរូបភាពដែលមិនត្រូវបានគ្រប់គ្រងទាំងស្រុងដោយរដ្ឋាភិបាល។ សេចក្តីថ្លែងការណ៍នោះបានចាត់ទុកការត្រួតពិនិត្យលើគេហទំព័រទាំងនេះថា ជា«ជំហានដ៏ធំមួយនៅក្នុងដំណើរឆ្ពោះទៅកាន់បរិស្ថាននៃប្រព័ន្ធផ្សព្វផ្សាយដែលមានការសង្កត់សង្កិនកាន់តែខ្លាំងឡើង»។ នៅថ្ងៃទី១៥ ខែកុម្ភៈនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងអង្គការArticle 19 មានមូលដ្ឋាននៅប្រទេសអង់គ្លេស ដែលធ្វើយុទ្ធនាការជាសកលដើម្បីការសម្តែងមតិដោយសេរី បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយបានហៅសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជាថា កំពុងស្ថិតក្នុងវិបត្តិ។ លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា ការបិទគេហទំព័រដែលមានទំនោរប្រឆាំងរដ្ឋាភិបាលនេះគឺជាការរារាំងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាននិងការបញ្ចេញមតិដោយសេរី។ «ការបិទនេះនឹងធ្វើ់ឲ្យប្រជាពលរដ្ឋកាន់តែតឹងទ្រូង ហើយរដ្ឋាភិបាលមិនយល់ពីឆន្ទៈរបស់ប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមិនសប្បាយចិត្តជាមួយរដ្ឋាភិបាល។ ខ្ញុំមើលទៅ វាគ្រោះថា្នក់សម្រាប់រដ្ឋាភិបាលខ្មែរហើយ»។ ដោយលើកឧទារហណ៍ពីព្រឹត្តិការណ៍ងើបឡើងបះបោររបស់ប្រជាជនទម្លាក់រដ្ឋាភិបាលនៅក្នុងប្រទេសទុយនេស៊ី អេហ្ស៊ីពនិងនៅតាមបណ្តាប្រទេសនៅក្នុងពិភពអារ៉ាប់មួយចំនួនទៀតក្នុងពេលបច្ចុប្បន្ននេះ លោកអ៊ូ វីរៈមានប្រសាសន៍ថា ការបិទគេហទំព័រប្រឆាំងនេះអាចនឹងប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជានៅពេលអនាគត៕ This posting includes an audio/video/photo media file: Download Now |
ថៃមិនជឿសំណើបទឈប់បាញ់របស់លោកហ៊ុន សែន Posted: 17 Feb 2011 10:22 AM PST ភ្នំពេញ៖ សំណើឈប់បាញ់របស់ប្រទេសកម្ពុជានឹងត្រូវដាក់ជូនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងទីក្រុងហ្សាកាតានៅសប្តាហ៍ក្រោយ ដើម្បីឱ្យបណ្តាប្រទេសអាស៊ានធ្វើជាសាក្សី។ ប្រទេសថៃបាននិយាយថា សំណើឈប់បាញ់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនទាន់ច្បាស់លាស់ទេ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវដល់ភាគីទាំងពីរបង្កើតបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងដោះស្រាយជម្លោះដោយសន្តិភាព។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកម្ពុជានឹងស្នើសុំឱ្យប្រទេសថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ជាអចិន្ត្រៃយ៍ ដោយមានការចុះហត្ថលេខាអមជាសាក្សីរបស់បណ្តាប្រទេសអាស៊ាន ឬប្រធានអាស៊ាន នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅសប្តាហ៍ក្រោយនេះ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃច័ន្ទ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងថៃថ្មីៗនេះ និងបានអំពាវនាវដល់ភាគីទាំងពីរបង្កើតបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងដោះស្រាយជម្លោះដោយសន្តិភាព។ នៅក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោយពីបានជួបជាមួយលោកឧបនាយករដ្ឋមន្ត្រីថៃ Trairong Suwankiri លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងយ៉ាងដូច្នេះថា «នៅពេលប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានខាងមុខនេះ ប្រទេសកម្ពុជានឹងស្នើសុំឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសថៃអំពីបទឈប់បាញ់ ដោយមានអ្នកធ្វើសាក្សីគឺជាអាស៊ានរួម ឬប្រធានអាស៊ាន ព្រោះវាត្រូវតែមានក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ហើយអ្នកធ្វើសាក្សី គឺរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងពេលប្រជុំនោះ ឬក៏ប្រធានអាស៊ាន។ ហើយបើប្រធានអាស៊ានចុះហត្ថលេខាអម វាជាការល្អ។ ប៉ុន្តែវាស្ថិតនៅក្នុងដំណើរការចរចាគ្នា»។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ថា ប្រទេសកម្ពុជានឹងលើកឡើងនូវចំណុចសំខាន់ចំនួនបួននៅក្នុងកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ៖ ទីមួយ៖ រាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃព្រមព្រៀងគ្នាឈប់បាញ់ជាស្ថាពរ និងជាអចិន្ត្រៃយ៍។ ទីពីរ៖ភាគីទាំងពីររក្សាស្ថានភាពដដែលនៃទីតាំងឈរជើងនៃកម្លាំងរៀងៗខ្លួន មិនចល័តកម្លាំង មិនបំពានគ្នា និងរង់ចាំរហូតមានដំណោះស្រាយជាស្ថាពរលើការបោះបង្គោលកំណត់ព្រំដែន។ ទីបី៖ភាគីទាំងពីរលើកទឹកចិត្តឱ្យមេបញ្ជាការនៅសមរភូមិជួរមុខពិភាក្សា និងសហការគ្នា ដើម្បីរក្សាស្ថិរភាពតាមព្រំដែន និងដើម្បីឱ្យសភាពការណ៍វិលទៅរក ស្ថានការណ៍មុនថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨។ ទីបួន៖ ដើម្បីធានាប្រសិទ្ធិភាពនៃបទឈប់បាញ់ ភាគីទាំងពីរស្នើសុំឱ្យមានការត្រួតពិនិត្យបទឈប់បាញ់ ដោយបណ្តាប្រទេសអាស៊ាន។ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំប៉ាន់ស្មានទុកជាមុនថា ភាគីថៃមិនព្រម ចំណុចទីបួននេះទេ ប៉ុន្តែខ្ញុំសូមប្រកាសទុកឱ្យហើយថា បើភាគីថៃមិនព្រមចំណុចទីបួន ឱ្យមានការត្រួតពិនិត្យបទឈប់បាញ់ដោយបណ្តាប្រទេសអាស៊ានទេ ប្រទេសកម្ពុជាសូមស្វាគមន៍ទទួលយកកងទ័ពនៃបណ្តាប្រទេសអាស៊ានមកនៅលើទឹកដីរបស់ខ្លួនតែម្នាក់ឯង ជាឯកតោភាគី ដើម្បីឱ្យគេមកធ្វើប៉ូលិសត្រួតពិនិត្យកងទ័ពកម្ពុជា»។ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជូនចំណុចទាំងបួននៃពង្រាងបទឈប់បាញ់ជាអចិន្ត្រៃយ៍ទៅ លោកនាយករដ្ឋមន្ត្រីថៃ Abhisit Vejjajiva តាមរយៈលោកឧបនាយករដ្ឋមន្ត្រីថៃ Trairong Suwankiri ដែលបានមកបើកការតាំងពិព័រណ៍ពាណិជ្ជកម្មថៃនៅក្នុងទីក្រុងភ្នំពេញ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ថា ការចរចាព្រំដែន និងប្រាសាទព្រះវិហារត្រូវបានធ្វើឡើងដោយមានការចូលរួមពីភាគីទីបី ប៉ុន្តែការចរចាពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌និងកិច្ចការផ្សេងទៀតត្រូវធ្វើឡើងដោយទ្វេភាគី។ លោកនាយករដ្ឋមន្ត្រីថៃ Abhisit Vejjajiva បានថ្លែងនៅក្នុងកាសែត Bangkok Post នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសទាំងពីរនៅក្នុងជម្លោះ ត្រូវធ្វើការចរចា ហើយអាស៊ានអាចធ្វើជាអ្នកសម្រួល។ លោកAbhisitបានបញ្ជាក់ថា អាស៊ានគ្មានតួនាទីចូលពាក់ព័ន្ធនៅក្នុងបញ្ហាជម្លោះនេះទេ ហើយថាសំណើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅមិនទាន់ច្បាស់លាស់ទេ។ កងទ័ពកម្ពុជាប្រចាំនៅតំបន់ប្រាសាទព្រះវិហារបានថ្លែងថា កងទ័ពកម្ពុជាត្រូវការបទឈប់បាញ់ និងមិនត្រូវការសង្គ្រាមទេ។ ប៉ុន្តែកងទ័ពកម្ពុជានៅតែមានស្មារតី និងឆន្ទៈប្រយុទ្ធការពារបូរណភាពទឹកដី បើមានការឈ្លានពានពីកងទ័ពថៃ។ លោកប្រាក់ ភី ប្រធានភូមិធម្មជាតិ នៅក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បាននិយាយថា លោកមិនចង់ឱ្យមានសង្គ្រាមកើតឡើងរវាងប្រទេស និងប្រទេសទេ។ សង្គ្រាមបានបង្កការលំបាកយ៉ាងខ្លាំង។ ប្រជាពលរដ្ឋរត់គេចចេញពីផ្ទះសម្បែង បាត់បង់អាយុជីវិត បាត់បង់មុខរបរចិញ្ចឹមជីវិត និងមានការភ័យខ្លាច។ «សម្តេចប្រកាសបទឈប់បាញ់ជាអចិន្ត្រៃយ៍នេះ ប្រជាពលរដ្ឋមានការត្រេកអរយ៉ាងខ្លាំង។ ខ្ញុំសប្បាយចិត្តណាស់ បើមានការឈប់បាញ់គ្នា ដើម្បីឱ្យប្រជាពលរដ្ឋរកស៊ី ជួបជុំបងប្អូន និងក្រុមគ្រួសារល្អូកល្អើន ពីព្រោះវាជិតដល់រដូវធ្វើស្រែហើយ»។ លោកឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានកម្ពុជា ដើម្បីកិច្ចសហប្រតិបត្តិការនិងសន្តិភាព បានថ្លែងថា កិច្ចព្រមព្រៀងបទឈប់បាញ់នេះគឺជាគោលការណ៍មួយដើម្បីទប់ស្កាត់បាននូវជម្លោះប្រដាប់អាវុធ នៅតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហារ។ «កិច្ចព្រមព្រៀងឈប់បាញ់មានសារៈសំខាន់ ដើម្បីឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរវាងភាគីជម្លោះក្នុងការថែរក្សាសន្តិភាពនៅក្នុងតំបន់ ក៏ដូចជាពិភពលោក។ ដូច្នេះ នេះគឺជាសញ្ញាល្អមួយដែលភាគីទាំងពីរ បើអាចចុះហត្ថលេខាលើបទឈប់បាញ់នៅថ្នាក់កំពូលរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ ហើយមានភាគីទីបីចូលរួមនោះ។ នេះជាសញ្ញាវិជ្ជមានមួយដល់តំបន់ និងពិភពលោក»។ ការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃកាលពីថ្ងៃទី៤ដល់ថ្ងៃទី៧ខែកុម្ភៈនេះបានសម្លាប់មនុស្សយ៉ាងតិច១០នាក់ និងជនស៊ីវិលច្រើនពាន់គ្រួសារនៃប្រទេសទាំងពីរគ្មានទីជម្រក៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |