Koh Santipheap Daily |
- ប្រទេសន័រវ៉េសផ្តល់ជំនួយសំភារព័ត៌មានវិទ្យាដល់អាជ្ញាធរមីនកម្ពុជា
- រស់នៅក្បែរគ្នាក្លាយជាសត្រូវវាយកាប់ចាក់ផ្អើលពេញភូមិ
- ផល បាយ័ន វិលរកសង្វៀនម្តងទៀតជួបជាមួួយពេជ្រ សម្បត្តិ
- រាជធានីភ្នំពេញឆ្នាំ២០១០ មានមនុស្សកើត១២.៩៨៩នាក់ រៀបការ៦.១៤៦គូ និងស្លាប់២.៤៩៧នាក់
- តារាសម្តែងឌុច សុភា ឈានចូលដំណាក់កាលលែងលះស្វាមី ខណៈទើបតែមានកូនស្រីតូចមួយ...
- អង្គការខុមហ្វ្រែលបង្ហាញរបាយការណ៍ឃ្លាំមើលសភា និងតំណាងរាស្ត្រឆ្នាំ២០១០
- កុមារីអាយុ៤ឆ្នាំដើរវង្វេងផ្លូវស្រែកយំទាំងកណ្តាលអធ្រាត្រ
- ឪពុកម្តាយនាងមិននៅឡើងទៅចាប់រំលោភត្រូវជាប់ខ្នោះ
- កម្ពុជានៅតែរក្សាមិត្តភាពជាមួយសៀមជាពិសេសមានការអត់ធ្មត់
- រថយន្តអេស្កាឡែតបើកប្រណាំងគ្នារំលងអធ្រាត្របុកស្លាកសញ្ញាចរាចរ និងបង្គោលភ្លើង
- សុខភាពរបស់លោកហ៊ូស្នី មូបារ៉ាក់ ស្រុតចុះក្រោយចាកចេញពីអំណាច
- ស៊ីរីគ្រោងកសាងមជ្ឈមណ្ឌលនុយក្លេអ៊ែរមួយ
- ការប៉ះទង្គិចគ្នារវាងប៉ូលិសនិងពួកបាតុករនៅអាហ្វ្រិកខាងត្បូង
- រឿង RUBYGATE លោកប័រលូស្កូនីត្រូវឡើងតុលាការដើមខែមេសា
- ប្រទះឃើញសពបុរសម្នាក់អត់ស្គាល់អត្តសញ្ញាណ ដង្កូវចោះទៅហើយ
- លោកហោ ណាំហុង ៖ កម្ពុជានឹងលើកយកការរំលោភបទឈប់បាញ់ទៅប្រកាសក្នុងកិច្ចប្រជុំអាស៊ាន
- បាតុករបារ៉ែនច្រើនពាន់នាក់ប្រមូលផ្តុំគ្នានៅមហាទីលានក្រុងម៉ាណាម៉ា
- ផ្ទះស្តុកពងទាត្រូវអគ្គីភ័យឆាបឆេះអស់គ្រឿងក្នុងខ្លះផ្អើលមនុស្សទាំងអធ្រាត្រ
- ប្រមុខការទូតកម្ពុជាមកដល់ភ្នំពេញវិញហើយ គឺភាគីថៃបរាជ័យ និងមិនគោរពក្រុមប្រឹក្សាសន្តិសុខ អ.ស.ប
- ព្រះអង្គម្ចាស់វីល្លៀមយកព្រះអនុជធ្វើជាអ្នកកំដរកូនកំលោះ ខណៈអនាគតព្រះជាយាយកប្អូនស្រីជាអ្នកកំដរកូនក្រមុំ
ប្រទេសន័រវ៉េសផ្តល់ជំនួយសំភារព័ត៌មានវិទ្យាដល់អាជ្ញាធរមីនកម្ពុជា Posted: 15 Feb 2011 11:39 PM PST រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៥ កុម្ភៈ កន្លងមក នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីនកម្ពុជា អង្គការ NPA នៃប្រទេសន័រវ៉េស បាននាំយកជំនួយជាសំភារទំនើបផ្នែកព័ត៌មានវិទ្យាផ្តល់ជូនអាជ្ញាធរមីនកម្ពុជាដែលគិតជាទឹកប្រាក់ប្រហែល១៧.០០០ដុល្លារសហរដ្ឋអាមេរិកដែលសំភារនេះសំរាប់បំពាក់ឱ្យមជ្ឈមណ្ឌលទិន្នន័យរបស់អាជ្ញាធរមីនកម្ពុជាជំនួសឱ្យសំភារមួយចំនួនដែលចាស់ប្រើការមិនសូវមានប្រសិទ្ធភាព ។ ពិធីនេះក្រោមការអញ្ជើញចូលរួមពី លោកជុំ ប៊ុនរ៉ុង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន អគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា លោក Tang Sun Hao ប្រធានអង្គការ NPA និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត ។ លោក Tang Sun Hao បានមានប្រសាសន៍ថា នេះជាលើកទី២ហើយ ដែលអង្គការ NPA បានផ្តល់នូវជំនួយទាំងនេះដល់អាជ្ញាធរមីនកម្ពុជា សំភារទាំងនេះមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងព័ត៌មាន ។ គោលបំណងរបស់លោកដែលបានផ្តល់នូវសំភារទំនើបផ្នែកព័ត៌មានវិទ្យានាពេលនេះ គឺជាផ្នែកមួយក្នុងការគាំទ្រ លើវិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ។ លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២នឹងបានល្អប្រសើរជារៀងរហូត ។ លោកជុំ ប៊ុនរ៉ុង បានសំដែងនូវក្តីសោមនស្សរីករាយចំពោះការផ្តល់ជំនួយថវិកា មធ្យោបាយ និងបច្ចេកទេស ដែលរដ្ឋាភិបាលប្រទេសន័រវ៉េសបានគាំទ្រវិស័យសកម្មភាពកំចាត់មីននៅកម្ពុជាជារៀងរហូតមក ដែលមកទល់ពេលនេះគិតជាទឹកប្រាក់ជាង៦លានដុល្លារសហរដ្ឋអាមេរិកហើយ ។ លោកបានបញ្ជាក់បន្ថែមថា ចាប់តាំងពីឆ្នាំ២០០៧ មក អង្គការ NPA បានជួយដល់អាជ្ញាធរមីនកម្ពុជាក្នុងការគាំទ្រនូវមជ្ឈមណ្ឌលទិន្នន័យ បានធ្វើឱ្យផ្នែកនេះមានភាពរឹងមាំក្នុងការគ្រប់គ្រងប្រព័ន្ធព័ត៌មានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា រក្សាទុកនូវមជ្ឈមណ្ឌលទិន្នន័យ អាជ្ញាធរមីនកម្ពុជានឹងបានបញ្ចេញឱ្យក្រសួង ស្ថាប័នប្រតិបត្តិការដោះមីន និងអង្គការពាក់ព័ន្ធនានា រៀបចំផែនការសកម្មភាពរបស់ខ្លួននៅតាមតំបន់ដែលសង្ស័យថា មានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ។ ការផ្តល់ជំនួយរបស់ប្រទេសន័រវ៉េសតាមរយៈអង្គការ NPA លើគំរោងគ្រប់គ្រងប្រព័ន្ធ ព័ត៌មានមីនរបស់អាជ្ញាធរមីនលើកនេះ គឺបានឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងការអំពាវនាវរបស់កម្ពុជាក្នុងការស្វែងរកជំនួយគាំទ្រដល់ការបោសសំអាតមីនរយៈពេល១០ឆ្នាំបន្តទៀត ។ ក្នុងការអនុវត្តជាយុទ្ធសាស្ត្រសកម្មភាពកំចាត់មីនដែលរាជរដ្ឋាភិបាលកម្ពុជាទើបបានសំរេចដាក់ចេញនាចុងឆ្នាំ២០១០កន្លងទៅថ្មីៗនេះ ។ លោកបានបញ្ជាក់ថា បើទោះជាលទ្ធផលបោសសំអាតមីនចាប់តាំងពីឆ្នាំ១៩៩២ មកដល់ចុងឆ្នាំ២០១០នេះ សំរេចបានលើផ្ទៃដីប្រមាណ៩១៤គីឡូម៉ែត្រក៏ដោយ យើងនៅមានផ្ទៃដីចំនួនជាង៦៥០គីឡូម៉ែត្រក្រឡាទៀត ដែលជាអាទិភាពត្រូវបោសសំអាត ហើយទាមទារកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា រយៈពេលពី១០ ទៅ១៥ឆ្នាំទៀត ។ តាមរយៈគំរោងដែលគាំទ្រដោយរដ្ឋាភិបាលន័រវ៉េស លោកជឿជាក់ថា ល្បឿននៃកិច្ចប្រតិបត្តិការបោសសំអាតមីននឹងត្រូវបង្កើនយ៉ាងឆាប់រហ័ស៕ |
រស់នៅក្បែរគ្នាក្លាយជាសត្រូវវាយកាប់ចាក់ផ្អើលពេញភូមិ Posted: 15 Feb 2011 11:36 PM PST ខេត្តព្រៃវែង ៖ ដោយសារការផឹកស្រាស្រវឹងដៀមដាមគ្នាក៏ក្លាយជាទំនាស់កាប់ចាក់គ្នាផ្អើលពេញភូមិ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៤ កុម្ភៈ នៅមុខផ្ទះមួយខ្នងស្ថិតក្នុងភូមិ១ ឃុំព្រែកខ្សាយ«ខ» ស្រុកពាមរក៍ ។ ក្នុងហេតុការណ៍នេះ បណ្តាលឱ្យបុរសជាម្ចាស់ផ្ទះឈ្មោះតឹង ចំរើន អាយុ២៥ឆ្នាំ រងរបួសធ្ងន់ត្រង់ឆ្អឹងជំនីរខាងឆ្វេង និងស្ត្រីម្នាក់ឈ្មោះសោ សុភាព អាយុ៥០ឆ្នាំ ត្រូវជាម្តាយបុរសរងគ្រោះខាងលើរងរបួសបែកក្បាល និងដាច់រយះដៃខាងស្តាំ ។ ចំណែកឯជនបង្កត្រូវបានគេស្គាល់ថា ឈ្មោះពៅ រ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ មានផ្ទះជាប់របងគ្នា ។ តាមលោកស៊ុន ស៊ីហ៊ន នាយប៉ុស្តិ៍រដ្ឋបាលឃុំព្រែកខ្សោយ«ខ» បានប្រាប់ថា ជនបង្កនិងជនរងគ្រោះធ្លាប់មានទំនាស់វាយតប់គ្នាម្តងរួចមកហើយកាលពីខែមុន ប៉ុន្តែពុំមានរបួសអ្វីធ្ងន់ធ្ងរទេ ហើយសមត្ថកិច្ចក៏ហៅភាគីទាំង២មកណែនាំអប់រំ និងសម្រុះសម្រួលគ្នាដើម្បីបញ្ចប់រឿង ប៉ុន្តែពេលត្រឡប់ទៅផ្ទះវិញភាគីទាំងពីរនៅតែមានគំនុំគុកួនគ្នាក្នុងចិត្តដដែល ។ ដោយឡែកនៅល្ងាចថ្ងៃទី១៤ កុម្ភៈ ជនរងគ្រោះបានអង្គុយផឹកស៊ីនៅមុខផ្ទះរបស់ខ្លួនជាមួយឪពុកនិងមិត្តភក្តិម្នាក់ ឯឈ្មោះពៅ រ៉ា ដែលស្រវឹងស្រាអង្គុយចាំស្តាប់នៅមុខផ្ទះរបស់ខ្លួនដែលនៅជាប់គ្នានោះ ក្រែងលោឈ្មោះតឹង ចំរើន និយាយប៉ះពាល់ដល់ខ្លួន ។ ប្រភពដដែលបន្តថា ដោយដឹងថា ឈ្មោះពៅ រ៉ា អង្គុយចាំស្តាប់ ឈ្មោះតឹង ចំរើន ក៏ធ្វើជាផឹកបណ្តើរនិយាយដៀមដាមបណ្តើរធ្វើឱ្យឈ្មោះពៅ រ៉ា ទ្រាំលែងបានក៏យកដបស្រាទៅវាយបំបែកគូទដបហើយយកមកចាក់ឈ្មោះតឹង ចំរើន ចំឆ្អឹងជំនីរខាងឆ្វេងលិចជំរៅមួយថ្នាំងដៃហូរឈាមជោកខ្លួន ។ ដោយឃើញបែបនេះ ស្ត្រីឈ្មោះសោ សុភាព ដែលត្រូវជាម្តាយឈ្មោះតឹង ចំរើន ក៏ស្ទុះចូលទៅជួយកូនហើយត្រូវប្រពន្ធរបស់ឈ្មោះពៅ រ៉ា យកឈើជ្រុងវាយត្រូវក្បាលបណ្តាលឱ្យបែកហូរឈាមពេញផ្ទៃមុខ ។ បន្ទាប់មក ក៏ត្រូវឈ្មោះពៅ រ៉ា យកអំបែងដបដែលខ្លួនកាន់មកចាក់ឆូតត្រូវដៃខាងស្តាំបណ្តាលឱ្យដាច់រយះប្រមាណ៣សង្ទីម៉ែត្រថែមទៀត រួចក៏មានការប្រវាយប្រតប់គ្នាទៅវិញទៅមកពេញមុខផ្ទះនោះ ។ ពេលឃើញបែបនេះ លោកមេភូមិក៏រត់ទៅហៅសមត្ថកិច្ចឱ្យមកកាន់កន្លែងកើតហេតុធ្វើអន្តរាគមន៍ លុះសមត្ថកិច្ចទៅដល់ឈ្មោះពៅ រ៉ា បានព្យាយាមរត់គេចខ្លួន តែរត់មិនរួចនិងត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកកាន់ប៉ុស្តិ៍រដ្ឋបាលឃុំព្រែកខ្សាយ«ខ»ដើម្បីចាត់ចែងទៅតាមនីតិវិធីច្បាប់ រីឯប្រពន្ធឈ្មោះទូច ម៉ាន់ អាយុ៣៣ឆ្នាំ មិនត្រូវបានឃាត់ខ្លួនទេ ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗបន្ទាប់ពីកើតហេតុ ។ នេះជាមេរៀនជាក់ស្តែងមួយក្នុងជីវភាពរស់នៅក្នុងសង្គម ដែលនរណាម្នាក់ក៏គេចមិនរួចពីអ្នកជិតខាងគ្នាដែរ គប្បីរាប់អានគ្នាឱ្យបានល្អហើយវាងាយណាស់ក្នុងការរស់នៅក្បែរគ្នាត្រូវមានការអធ្យាស្រ័យល្អរវាងគ្នានឹងគ្នា តែបើយកគ្នាជាសត្រូវនោះមិនបានសុខឡើយ៕ |
ផល បាយ័ន វិលរកសង្វៀនម្តងទៀតជួបជាមួួយពេជ្រ សម្បត្តិ Posted: 15 Feb 2011 11:30 PM PST ខេត្តកណ្តាល ៖ ផល បាយ័ន មកពីក្លឹបសិង្ហកីឡា ដែលជាកីឡាករប្រដាល់ជើងចាស់១រូបដែលបានបាត់មុខពីសង្វៀនជាច្រើនឆ្នាំមកហើយនោះពេលនេះបានមកកាន់សង្វៀនប្រដាល់សាជាថ្មី ដោយជួបប្រកួតជាមួយពេជ្រ សម្បត្តិ មកពីក្លឹបក្រសួងការពារជាតិ នៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ នារសៀលថ្ងៃអាទិត្យទី២០ កុម្ភៈ ខាងមុខនេះ ។ ពីមុនផល បាយ័ន ជាអ្នកប្រដាល់ស្ថិតក្នុងលំដាប់អ្នកខ្លាំង១រូបដែរ ប៉ុន្តែឆ្លងកាត់ពេលវេលានៃការបាត់មុខយូរបែបនេះ មិនដឹងថាគេនៅរក្សាវិជ្ជាគុនបានកំរិតណាឡើយ ។ ចំពោះពេជ្រ សម្បត្តិវិញបើប្រៀបធៀបជីវិតនៅលើសង្វៀនក៏ប្រហាក់ប្រហែលបាយ័នដែរ តែសម្បត្តិនៅបន្តបង្ហាញមុខរហូតទោះបីម្តងម្កាលក្តីមិនបាត់ឈឹងដូចបាយ័នទេ ។ សម្បត្តិក៏ជាជើងខ្លាំង១រូបដែរ មិនងាយអ្នកណាបំបាក់បានដោយងាយឡើយ។ លើកនេះទៀត គេនៅតែមានជំនឿលើសម្បត្តិក្នុងការដណ្តើមជ័យជំនះ ។ មៀច សុខរ៉ា មកពីក្លឹបតាព្រហ្មមានជ័យ ត្រូវប្រកួតជាមួយខុន រិទ្ធ មកពីក្លឹបកងពលធំ អន្តរាគមន៍លេខ៣ខេត្តព្រះវិហារ ។ សុខរ៉ា និងខុន រិទ្ធ ក៏មានប្រវត្តិប្រកួតប្រហាក់ប្រហែលគ្នាដែរ ប៉ុន្តែពួកគេមិនធ្លាប់បានប្រកួតគ្នាពីមុនមកទេ ។ អ្នកទាំង២មានជំនាញប្រើជង្គង់ដូចគ្នា នៅពេលចូលកៀកនរណាមានកម្លាំងជាង អ្នកនោះអាចមានឱកាសចាប់ទាញគូប្រកួតអុកជង្គង់បាន ។ គូនេះមិនអាចទស្សន៍ទាយលទ្ធផលទុកជាមុនបានឡើយ ព្រោះពួកគេមានបទពិសោធន៍ បច្ចេកទេស មិនលើសខ្វះគ្នាទេ ។ ឆាំ រ៉ែម មកពីក្លឹបសិង្ហកីឡា ត្រូវប្រកួតជាមួយហ៊ុល ដារ៉ា មកពីក្លឹបសាលវ័ន្តកីឡា ។ អ្នកទាំង២នេះមានជំនាញខុសគ្នា ឆាំ រ៉ែម ពូកែដៃ រីឯដារ៉ាពូកែជើង ។ កណ្តាប់ដៃនិងកែងរបស់ឆាំ រ៉ែម មិនអាចមើលស្រាលឬប្រហែសបានឡើយ ហើយរន្ទះជើងនិងជង្គង់របស់ដារ៉ាក៏មិនត្រូវបង្អាប់បានដែរ ។ ទោះបីយ៉ាងណា ហ៊ុល ដារ៉ា ខ្ពស់និងវែងជាងឆាំ រ៉ែម ដូចនេះគេមានឱកាសជាងឆាំ រ៉ែម ។ សល់ អាម៉ា មកពីក្លឹបអាស៊ីកីឡា ត្រូវប្រកួតជាមួយម៉ៃ សុខនឿន មកពីក្លឹបយុវកីឡាខេត្តកណ្តាល ។ ឈុំ វាសនា មកពីក្លឹបអប្សរា(ក្លឹបថ្មី) ត្រូវប្រកួតជាមួយកែប សំបូរ មកពីក្លឹបបុរីមានឫទ្ធិ ។ រីឯការប្រកួតជាលក្ខណៈសាកល ផល ផាន មកពីក្លឹបឥន្ទ្រីកីឡា ប្រកួតជាមួយពេជ្រ បូរ៉ា មកពីក្លឹបអារុណរះ ៕ |
រាជធានីភ្នំពេញឆ្នាំ២០១០ មានមនុស្សកើត១២.៩៨៩នាក់ រៀបការ៦.១៤៦គូ និងស្លាប់២.៤៩៧នាក់ Posted: 15 Feb 2011 11:27 PM PST រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញ បានបង្ហាញថា នៅរាជធានីភ្នំពេញរយៈពេលមួយឆ្នាំក្នុងឆ្នាំ២០១០នេះ ប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍ចំនួន៦.១៤៦គ្រួសារ កើត១២.៩៨៩នាក់ និងមរណភាព ២.៤៩៧នាក់ ។ របាយការណ៍នេះ ត្រូវបានអានដោយលោកលី សាវេត នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ២០១០ និងទិសដៅឆ្នាំ២០១១ របស់សាលារាជធានីភ្នំពេញ ដែលធ្វើឡើងនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ កុម្ភៈ ២០១១ អធិបតីភាពលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញដោយមានការចូលរួមពីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទសាលារាជធានីភ្នំពេញ ។ របាយការណ៍នេះបានឱ្យដឹងទៀតថា នៅរាជធានីភ្នំពេញប្រជាពលរដ្ឋដែលបានចុះបញ្ជីស្នាក់នៅមានចំនួន២៣៦.៧៧០គ្រួសារ មានមនុស្ស១.២៧០.៥៣៦នាក់ ប្រុសចំនួន៥៩៧.៣៨០នាក់ ចំណែកអាយុ១៥ឆ្នាំឡើង ចំនួន៩៧៦.៩២២នាក់ ក្នុងនោះប្រុស ចំនួន៨៥២.៣៥៧នាក់ ។ ប្រជាពលរដ្ឋមានការកើនឡើងចំនួន៣៦.២៧៩គ្រួសារ មានមនុស្ស១៦០.៩៥១នាក់ ស្មើនឹង១៤,៥% ។ បានផ្តល់សៀវភៅឱ្យប្រជាពលរដ្ឋបានចំនួន១.០០០សហព័ទ្ធ សរុប១៤៨.៧៣៦ សហព័ទ្ធស្មើនឹង៦២% នៃចំនួនគ្រួសារដែលបានចុះបញ្ជីស្នាក់នៅ ។ ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបាន២៦.២១៣នាក់ សរុប៧១២.៩៤១នាក់ ស្មើនឹង៧៣% នៃចំនួនប្រជាពលរដ្ឋខ្មែរអាយុ១៥ឆ្នាំឡើង ៕ |
តារាសម្តែងឌុច សុភា ឈានចូលដំណាក់កាលលែងលះស្វាមី ខណៈទើបតែមានកូនស្រីតូចមួយ... Posted: 15 Feb 2011 11:17 PM PST រាជធានីភ្នំពេញ ៖ អ្នកនាងឌុច សុភា តារាសម្តែងស្រស់ស្រាយមានប្រជាប្រិយភាពល្បីឈ្មោះម្នាក់ ត្រូវបានប្រភពព័ត៌មានពីមន្ត្រីតុលាការបង្ហើបឱ្យដឹងថា កំពុងមានបញ្ហាប្រះឆាក្នុងរង្វង់គ្រួសារជីវិតគូ ខណៈរួមរស់សុខទុក្ខជាមួយស្វាមីអស់រយៈពេលជិត១ឆ្នាំ ហើយបន្សល់ទុកនូវកូនស្រីមួយរូប សំរាប់ជាចំណងដៃនៃអាពាហ៍ពិពាហ៍ ។ តាមប្រភពព័ត៌មានពីមន្ត្រីតុលាការរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី១៥ កុម្ភៈ ២០១១ គេឃើញអ្នកនាងឌុច សុភា បានចូលខ្លួនទៅកាន់ការិយាល័យរដ្ឋបាលរបស់តុលាការ ហើយត្រូវបានគេអះអាងថា គឺជាការចូលខ្លួន ស្របតាមការកោះហៅរបស់លោកចៅក្រមដែលតំរូវឱ្យតារាសំដែងល្បីឈ្មោះបោះសម្លេងរូបនេះ បំភ្លឺលើសំណុំរឿងសុំលែងលះស្វាមីរបស់នាង បន្ទាប់ពីមានរឿងចំរូងចំរាសរស់នៅមិនចុះសម្រុងនឹងគ្នារយៈពេលប៉ុន្មានខែកន្លងមកនេះ ។ អ្នកនាងឌុច សុភា អំឡុងពេលមានស្វាមី និងកូនស្រីតូចមួយ (តាមការប្រាប់ឱ្យដឹងពីតារាសម្តែងកុល ដាវី) គេមិនសូវឃើញនាងចូលរួមសម្តែងញឹកញាប់ទេ នៅតាមវេទិកាផ្សេងៗ ក៏ដូចជាឈុតឆាកខារ៉ាអូខេផងដែរ...គួររំលឹកថា អ្នកនាងឌុច សុភា បានសម្តែងជាតារាលេចធ្លោល្បីឈ្មោះ និងធ្វើឱ្យមានការចាប់អារម្មណ៍នោះគឺតាមរយៈការថតផ្សព្វផ្សាយពាណិជ្ជកម្ម ។ ចំណែកអ្នកនាងឌុច សុភា ទៀតសោត ខណៈដែលលេចឮព័ត៌មានបែបនេះ កោះសន្តិភាពមិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយទេ ព្រោះទូរស័ព្ទច្រើនខ្សែហើយ ប៉ុន្តែអត់ចូល... កោះសន្តិភាពសង្ឃឹមថា នឹងបានជួបតារាសម្តែងរូបនេះដើម្បីទទួលបានព័ត៌មានខ្លះៗជុំវិញការលែងលះរវាងនាង និងស្វាមី ៕ |
អង្គការខុមហ្វ្រែលបង្ហាញរបាយការណ៍ឃ្លាំមើលសភា និងតំណាងរាស្ត្រឆ្នាំ២០១០ Posted: 15 Feb 2011 11:17 PM PST រាជធានីភ្នំពេញ ៖ អង្គការខុមហ្វ្រែលបានផ្សព្វផ្សាយរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១១ ស្តីពីការឃ្លាំមើលសភា និងតំណាងរាស្ត្រក្នុងឆ្នាំ២០១០ ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០១០ គឺស្របពេលជាមួយសម័យប្រជុំសភាលើកទី៥ នីតិកាលទី៤ ។ គណបក្សប្រជាជនកម្ពុជាត្រូវបានរកឃើញថា មានតំណាងរាស្ត្ររបស់ខ្លួនបានចុះមូលដ្ឋានច្រើនជាងបក្សដទៃរហូតដល់១៩២លើក ស្មើនឹង៦៨% ផ្តោតទៅលើការសួរសុខទុក្ខ ចែកអំណោយ សម្ពោធសមិទ្ធផល និងការពង្រឹងបក្សមានចំនួន៣២លើក ។ យោងតាមរបាយការណ៍ខុមហ្វ្រែល ដែលមានចំនួន១០ទំព័រ ផ្សាយតាមគេហទំព័ររបស់ខ្លួនឱ្យដឹងថា ការចុះមូលដ្ឋានភាគច្រើនរបស់អ្នកតំណាងរាស្ត្រ គឺផ្តោតទៅលើគោលបំណងសាកសួរសុខទុក្ខ ចែកអំណោយ និងការសម្ពោធសមិទ្ធផលនានាដែលសរុបមានរហូតដល់២៤៧លើក ឬ៦០% នៃការចុះមូលដ្ឋានសរុប ។ ការចុះពង្រឹងផ្ទៃក្នុង និងបណ្តាញគណបក្សមាន២១%។ ការចុះអមដំណើរថ្នាក់ដឹកនាំ១៥% និងការចូលរួមវេទិកា ឬសិក្ខាសាលាសាធារណៈមានតែ៣% ។ ចំណែកការអន្តរាគមន៍ និងដោះស្រាយបញ្ហានានាគឺតិចជាងគេមានតែ៦លើក ឬស្មើនឹង១% ប៉ុណ្ណោះ ។ អង្គការខុមហ្វ្រែលបានរកឃើញទៀតថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលមានអ្នកតំណាងរាស្ត្ររបស់ខ្លួនបានចុះទៅកាន់មូលដ្ឋានច្រើនលើសលប់បំផុត បើប្រៀបធៀបទៅនឹងគណបក្សនយោបាយដទៃទៀត ។ គណបក្សសម រង្ស៊ី មានតំណាងរាស្ត្រចុះមូលដ្ឋានចំនួន៤៥លើក ស្មើនឹង៤៦% នៃការចុះមូលដ្ឋានរបស់គណបក្សនេះសរុប ។ គណបក្សហ៊្វុន ស៊ិនប៉ិច មានតំណាងរាស្ត្រចុះមូលដ្ឋាន១៨លើក ក្នុងនោះ៨លើកផ្តោតទៅលើការចុះពង្រឹងបណ្តាញបក្ស។ ការសួរសុខទុក្ខប្រជាពលរដ្ឋមាន៦លើក ស្មើនឹង៣៣% ដោយឡែកមាន៣លើកសំរាប់ការចុះអមដំណើរ ។ អង្គការខុមហ្វ្រែលបានកោតសរសើរចំពោះយន្តការទំនាក់ទំនងរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា និងអ្នកតំណាងរាស្ត្រតាមរយៈលិខិតអញ្ជើញអ្នកតំណាងរាស្ត្រមកប្រជុំនៅរដ្ឋសភា និងការទូរស័ព្ទជូនដំណឹង ។ រយៈពេលនៃការប្រជុំសភាពីខែតុលាដល់ខែធ្នូ ឆ្នាំ២០១០ រដ្ឋសភាបានបើកសម័យប្រជុំចំនួន៦ពេល (ព្រឹក, ថ្ងៃ) ដោយបានពិភាក្សា ឬនិងអនុម័តរបៀបវារៈសរុបចំនួន១៣ ក្នុងនោះរួមមានសេចក្តីព្រាងច្បាប់ និងស្នើច្បាប់ចំនួន៧ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ។ ក្នុងចំណោមតំណាងរាស្ត្រទាំង៧៥រូប ដែលបានចុះមូលដ្ឋាន មានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាសរុប៥៥រូបក្នុងចំណោម៩០រូប។ តំណាងរាស្ត្រគណបក្សសម រង្ស៊ីសរុប១៤រូប ក្នុងចំណោម២៦រូប ។ តំណាងរាស្ត្រគណបក្សសិទ្ធិមនុស្សមាន៣រូប និងតំណាងរាស្ត្រគណបក្សហ៊្វុន ស៊ិនប៉ិច ២រូប បានចុះមូលដ្ឋានទាំងអស់ ។ ចំណែកតំណាងរាស្ត្រគណបក្សនរោត្តម រណឫទ្ធិមួយរូបបានចុះមូលដ្ឋានក្នុងចំណោម២រូប ៕ |
កុមារីអាយុ៤ឆ្នាំដើរវង្វេងផ្លូវស្រែកយំទាំងកណ្តាលអធ្រាត្រ Posted: 15 Feb 2011 11:11 PM PST រាជធានីភ្នំពេញ ៖ កុមារីម្នាក់អាយុប្រមាណជា៤ឆ្នាំ សម្បុរខ្មៅ សក់រួញអង្គាដី បានដើរយំតែម្នាក់ឯងដោយអត់មានស្លៀកពាក់ខោអាវ ហើយត្រូវសន្ដិសុខយាមមុខក្រុមហ៊ុនមួយតាមបណ្ដោយដងវិថីលេខ១៩៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន ប្រទះឃើញកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ កុម្ភៈ ក៏ហៅសួរនាំហើយឃាត់ទុករហូតដល់ម៉ោង៤ទៀបភ្លឺទើបយកក្មេងនោះទៅប្រគល់ឱ្យអ្នកលក់បបរសនៅជិតនោះ ។ ស្ដ្រីឈ្មោះវ៉ន ហេង អាយុ៥១ឆ្នាំ មានកូនពីរនាក់ ជាអ្នកលក់បបរសបានរៀបរាប់ឱ្យដឹងថា គាត់ស្នាក់នៅផ្ទះលេខ៣៤២Eo ផ្លូវលេខ១៩៣ ក្រុមទី១៧ មណ្ឌល៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន។ នៅព្រឹកថ្ងៃទី១៣ កុម្ភៈ វេលាម៉ោង៤ទៀបភ្លឺ ពេលគាត់ក្រោកពីដំណេករៀបចំដាំបបរសលក់ ស្រាប់តែសន្ដិសុខដែលយាមនៅមុខក្រុមហ៊ុនជិតកន្លែងគាត់លក់នោះ នាំកុមារីម្នាក់អាយុប្រមាណ៤ឆ្នាំមកប្រគល់ឱ្យដោយនិយាយថា កុមារីនេះបានដើរយំកាលពីវេលាម៉ោង១រំលងអធ្រាត្រ ដោយអត់មានស្លៀកពាក់ខោអាវទេ ហើយសួរនាំទៅកុមារីនេះអត់និយាយស្ដីអ្វីទាំងអស់គិតតែពីយំ ឃើញដូច្នេះសន្ដិសុខនោះក៏ឃាត់ទុកមិនឱ្យនាងតូចដើរទៅណាទៀត។ ស្ដ្រីអ្នកលក់បបរសបានរៀបរាប់ទៀតថា ការដែលសន្ដិសុខយកកុមារីនោះមកប្រគល់ឱ្យគាត់ ដោយសារឃើញគាត់ជាមនុស្សស្រឡាញ់ក្មេង ព្រោះកូនរបស់គាត់ធំៗអស់ហើយ។ បន្ទាប់មក គាត់ក៏ទិញខោអាវឱ្យកុមារីនោះស្លៀកពាក់ត្រឹមត្រូវ និងសួរនាំថា ដើរមកពីណា ហើយឪពុកម្ដាយនៅឯណា តែកុមារីនោះមិននិយាយទេ ឱ្យតែសួររឿងនេះនាងយំរហូត។ លុះព្រឹកឡើងគាត់ក៏នាំកុមារីនោះទៅប៉ុស្ដិ៍ប៉ូលិសអូឡាំពិកដើម្បីជួយសួររកឪពុកម្ដាយឱ្យផង តែប៉ូលិសនិយាយថា មិនមានអ្នកមកសួររកកូនទេ ដូច្នេះបូ៉លិសក៏ឱ្យគាត់យកកុមារីនោះត្រឡប់មកទុកនៅផ្ទះវិញសិន ចាំស៊ើបសួរឱ្យបន្តទៀត ។ ដោយគាត់មានការអាណិតអាសូរកុមារីនេះខ្លាំងពេក គាត់តែងតែយកនាងទៅស៊ើបសួរគេឯងក្រែងលោបាត់កូន សូម្បីតែអ្នកសុំទានដែលដើរដេកតាមសំយាបផ្ទះគេ ក៏គាត់ទៅសួរដែរក្រែងមានវង្វេងបាត់កូន ប៉ុន្តែនៅតែមិនមានអ្នកស្គាល់កុមារីនេះដដែល។ អ្នកជិតខាងផ្ទះគាត់បាននាំគ្នានិយាយថា កុមារីនេះប្រហែលជាកូនអ្នកលក់បន្លែពេលយប់នៅផ្សារដើមគ ពេលដែលកំពុងលក់បន្លែឬក៏សំរាកលង់លក់ កុមារីនេះភ្ញាក់ក្រោកដើរវង្វេង ចេះតែដើរទៅ។ ដោយមានការសន្និដ្ឋានដូចនេះនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ កុម្ភៈ គាត់ក៏ដឹកដៃកុមារីយកមកសួរនៅស្នាក់ការផ្សារដើមគក្រែងលោមានអ្នកបាត់កូន តែពេលនាំទៅក៏គ្មានអ្នកស្គាល់ ហើយខាងស្នាក់ការផ្សារក៏និយាយថា មិនមានអ្នកមកប្រាប់ថាមានបាត់កូនដែរ តែគេនឹងព្យាយាមជួយស៊ើបសួរឱ្យបន្ថែមទៀត ។ អ្នកយកព័ត៌មានយើងបានជួបកុមារីនេះនៅស្នាក់ការផ្សារដើមគ ហើយបានសួរនាំតែនាងមិននិយាយស្ដីអ្វីទាំងអស់គិតតែពីយំ និងហៅស្ដ្រីលក់បបរសនោះថា ម៉ែ ។ ដូច្នេះបើបងប្អូនណាមានបាត់កូនមានភិនភាគដូចក្នុងរូបថតនេះ សូមទាក់ទងមកអាសយដ្ឋានខាងលើ ឬតាមរយៈទូរស័ព្ទលេខ ០៨៥ ៤៥ ៩២ ១១ ៕ |
ឪពុកម្តាយនាងមិននៅឡើងទៅចាប់រំលោភត្រូវជាប់ខ្នោះ Posted: 15 Feb 2011 11:08 PM PST ខេត្តកណ្តាល ៖ យុវជនម្នាក់ដែលដឹងថា ឪពុកម្តាយនាងក្រមុំទៅចូលរួមមង្គលការបងប្អូននៅឯរាជធានីភ្នំពេញ ក៏លួចឡើងលើផ្ទះទាំងកណ្តាលយប់ប៉ុនប៉ងចាប់រំលោភនាង តែមិនបានសម្រេច ហើយត្រូវសមត្ថកិច្ចប៉ូលិសស្រុកមុខកំពូលឃាត់ខ្លួននៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៤ កុម្ភៈ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង២៧នាទីយប់ថ្ងៃទី១៣ កុម្ភៈ នៅភូមិបឹងជន្លេន ឃុំប្ញស្សីជ្រោយ ស្រុកមុខកំពូល ។ ជនសង្ស័យឈ្មោះបូ សុជាតិ អាយុ២១ឆ្នាំ ជាកសិករ មានទីលំនៅភូមិបឹងជន្លេន ។ នាងក្រមុំជានិស្សិតដែលគេប៉ងចាប់រំលោភនោះប្រាប់អោយដឹងថា ពេលនាងដេកនៅលើផ្ទះតែម្នាក់ឯងដោយឪពុកម្តាយ និងបងប្អូនជាប់រវល់ទៅចូលរួមពិធីមង្គលការបងប្អូននៅឯរាជធានីភ្នំពេញ ស្រាប់តែឮសំរឹបជើងដើរនៅលើផ្ទះ ហើយបន្ទាប់មកឃើញឈ្មោះបូ សុខជាតិ កំពុងអង្គុយលើធ្នឹមបន្ទប់ ។ ភ្លាមនោះជនសង្ស័យលោតចូលក្នុងបន្ទប់ចាប់ខ្ទប់មាត់នាងផ្តួលទៅលើពូក។ ក្នុងស្ថានភាពគ្រោះថ្នាក់នោះនាងស្រែកហៅអ្នកជិតខាងអោយជួយ ហើយត្រូវបូ សុជាតិវាយចំចុងដង្ហើមមួយដៃ កំភួនដៃឆ្វេងមួយដៃ និងឆ្អឹងជំនីរមួយដៃ ។ នារីរងគ្រោះបន្តទៀតថា បុរសឈ្មោះយឹម សារឿន អាយុ៥៣ឆ្នាំ ដែលជាអ្នកជិតខាងបានឮសំលេងនាងស្រែកអោយជួយ ក៏ច្របាច់ពិលមើលលើផ្ទះនាង ធ្វើឱ្យជនសង្ស័យឈ្មោះបូ សុខជាតិ ភ័យលោតចុះពីលើផ្ទះគេចខ្លួនបាត់ ។ លុះព្រឹកឡើងថ្ងៃទី១៤ កុម្ភៈ នាងបានដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចប៉ូលិសបានឃាត់ខ្លួនជនជាប់ចោទតែម្តង។ ជនសង្ស័យឈ្មោះបូ សុជាតិ សារភាពថា គេបានផឹកស្រាជាមួយមិត្តភក្តិរហូតដល់ម៉ោង៧យប់ទើបឈប់ ហើយឡើងទៅដេកជាមួយប្រពន្ធនិងកូន ។ លុះដល់វេលាម៉ោង១០ និង២៧នាទីយប់ គេបានប្រព្រឹត្តដូចការចោទប្រកាន់នោះមែន ៕ |
កម្ពុជានៅតែរក្សាមិត្តភាពជាមួយសៀមជាពិសេសមានការអត់ធ្មត់ Posted: 15 Feb 2011 10:53 PM PST រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៥ កុម្ភៈ ២០១១ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបធ្វើសវការជាមួយសមាជិកមជ្ឈិមបក្សកុម្មុយនីស្ត និងប្រធានទំនាក់ទំនងកិច្ចការបរទេសវៀតណាមនៅឯវិមានរដ្ឋសភាជាតិ។ នៅក្នុងជំនួបនោះសម្តេចបានប្រាប់ភ្ញៀវថា កម្ពុជាបានប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអង្គការយូណេស្កូ ព្រោះកម្ពុជាអស់ជំនឿលើការចរចាទ្វេភាគីជាមួយសៀម។ កម្ពុជាប្រកាន់ជំហរប្តេជ្ញាខ្ពស់ការពារអធិបតេយ្យជាតិបូរណភាពទឹកដី។ កម្ពុជាគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ។ យោងតាមមន្រ្តីរដ្ឋសភាបានឲ្យដឹងថា លោកហ្វាង ប៊ិញគ្វាន់ បេសកជនពិសេសរបស់លោកង្វៀន ភូចុង ប្រធានរដ្ឋសភា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានកោតសរសើរចំពោះជំហររបស់កម្ពុជាដែលប្រកាន់យកការចរចាដោយភាពអត់ធ្មត់ ការដោះស្រាយដោយសន្តិវិធីឈរលើមូលដ្ឋានច្បាប់ និងធ្វើលិខិតូបករណ៍ច្បាប់ទៅអន្តរជាតិ។ នេះជាជោគជ័យមួយរបស់កម្ពុជាលើផ្នែកការទូត។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានមានប្រសាសន៍ជំរាបជូនភ្ញៀវបន្តថា កម្ពុជានៅតែរក្សាមិត្តភាពជាមួយសៀម ជាពិសេសមានការអត់ធ្មត់ ដើម្បីបញ្ចៀសសង្គ្រាម ដោយយកគោលការណ៍ច្បាប់ជាមូលដ្ឋាន។ កម្ពុជាបានចរចាជាច្រើនលើកមកហើយ តែលទ្ធផលទៅមុខមិនរួច។ អ្នកចរចាឯកភាពគ្នា តែពួកយោធាសៀមចេះតែគឃ្លើនទន្ទ្រានឈ្លានពានចូលទឹកដីកម្ពុជាជាច្រើនលើកច្រើនសា និងបានធ្វើសមយុទ្ធយោធាបង្ហាញកម្លាំងសាច់ដុំទៀតផង។ លោកហ្វាង ប៊ិញគ្វាន់ បានមានប្រសាសន៍ថា រូបលោកផ្ទាល់ និងគណៈប្រតិភូសូមថ្លែង អំណរគុណចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូវៀតណាមចូលជួបធ្វើសវនាការ ហើយក្នុងនោះលោកបានលើកឡើងពីជោគជ័យនៃមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាម។ ក្នុងមហាសន្និបាតនោះបានជ្រើសរើសលោកង្វៀន ភូចុង ជាអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម។ មហាសន្និបាតក៏បានដាក់ចេញនូវកម្មវិធីយុទ្ធសាស្រ្ត និងទិសដៅយូរអង្វែងសំរាប់អភិវឌ្ឍន៍ប្រទេសវៀតណាម។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍បន្តថា កម្ពុជាក៏សូមជំរាបអំពីសភាពការណ៍មួយចំនួនស្តីពីការឈ្លានពានរបស់សៀមនៅតំបន់ប្រាសាទព្រះវិហារ។ កម្ពុជាបានប្តេជ្ញាខ្ពស់ការពារអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួនមិនឲ្យបាត់បង់ឡើយ។ ទន្ទឹមនឹងនេះកម្ពុជានៅតែរក្សាមិត្តភាពជាមួយសៀម កម្ពុជាគោរពធម្មនុញ្ញ អ.ស.ប និងធម្មនុញ្ញអាស៊ាន ព្រមទាំងច្បាប់អន្តរជាតិ។ កម្ពុជាអត់ធ្មត់យកការចរចាដោយសន្តិវិធីជាមួយប្រទេសជិតខាងភូមិផង របងជាមួយដើម្បីបញ្ចៀសសង្រ្គាមដោយយកគោលការណ៍ច្បាប់ជាមូលដ្ឋាន៕ |
រថយន្តអេស្កាឡែតបើកប្រណាំងគ្នារំលងអធ្រាត្របុកស្លាកសញ្ញាចរាចរ និងបង្គោលភ្លើង Posted: 15 Feb 2011 10:48 PM PST រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើប៣គ្រឿងដែលគេអះអាងថា បើកបរដោយក្រុមក្មេងទំនើងបានប្រណាំងគ្នាបង្អួតស្រីស្នេហ៍លើកំណាត់មហាវិថីព្រះនរោត្តម ឆ្ពោះទៅវិមានឯករាជ្យ លុះមកដល់កែងផ្លូវលេខ២១៤ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ស្រាប់តែជ្រុលចង្កូតទៅបុកស្លាកសញ្ញាចរាចរ និងបង្គោលភ្លើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ កុម្ភៈ ២០១១។ ក្នុងហេតុការណ៍នេះ បណ្តាលឱ្យរថយន្តម៉ាកអេស្កាឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-1034 ខូចខាតយ៉ាងដំណំ រីឯអ្នកបើកបរ និងស្រីស្នេហ៍២នាក់ទៀតរបួសបែកមាត់រៀងៗខ្លួន ដោយសារពោងការពារសុវត្ថិភាពមិនបានផ្ទុះ ។ សាក្សីបានឱ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុមានរថយន្តស៊េរីទំនើបៗចំនួន៣គ្រឿង បានបើកប្រណាំងគ្នាលើកំណាត់មហាវិថីព្រះនរោត្តម ឆ្ពោះទៅវិមានឯករាជ្យ លុះដល់កែងផ្លូវលេខ២១៤ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រថយន្តទំនើប២គ្រឿងបានបើកហួសទៅ មុខយ៉ាងលឿន ។ នៅសល់រថយន្តម៉ាកអេស្កាឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-1034 ដែលព្យាយាមតាមពីក្រោយ បានចាក់កួរ ត្រង់ចំណុចផ្លូវកែងលេខ២១៤ ដើម្បីបង្អួតស្រី ស្នេហ៍នោះ ស្រាប់តែជ្រុលចង្កូតទៅបុកស្លាកសញ្ញាចរាចណ៍ លើចិញ្ចើមផ្លូវហើយបង្ហួសទៅបុកបង្គោលភ្លើងលាន់គ្រាំងហ៊ុយផ្សែងទ្រលោមទៅមុខលែងរួច ។ ភ្លាមៗនោះគេឃើញមានយុវជនម្នាក់ជាអ្នកបើកបរ និងស្រីស្នេហ៍ពីរនាក់បើកទ្វារចេញមកខាងក្រៅ ដោយមានស្នាមរបួសមាត់ចេញឈាម ហើយពួកគេបានទូរស័ព្ទហៅគូកនឱ្យរថយន្តមកដឹកទៅកាន់មន្ទីរពេទ្យបាត់ទៅ។ |
សុខភាពរបស់លោកហ៊ូស្នី មូបារ៉ាក់ ស្រុតចុះក្រោយចាកចេញពីអំណាច Posted: 15 Feb 2011 10:35 PM PST ភៀសទៅរស់នៅក្នុងនិវេសនដ្ឋានរបស់លោកឯទីក្រុង CHARM EL-CHEIKH ចាប់តាំងពីលោកចាកចេញពីអំណាចកាលពី១០ថ្ងៃមុននេះ លោកហ៊ូស្នី មូបារ៉ាក់ ពុំដែលលេចមុខជាសាធារណៈឡើយ ។ កាសែតអេហ្ស៊ីប GOLFE ACH CHARK AL AOUSSAT សរសេរថា សុខភាពរបស់លោកមូបារ៉ាក់ ស្រុតចុះយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែលោកបដិសេធពុំព្រមចាកចេញពីប្រទេសទៅព្យាបាលខ្លួននៅឯបរទេសឡើយ ។ ប្រភពព័ត៌មានរបស់គ្រួសារលោកនិយាយថា អតីតប្រធានាធិបតីអាយុ៨២ឆ្នាំរូបនេះ មានសុខភាពល្អទេ ក៏ប៉ុន្តែប្រភពដទៃទៀតទាក់ទិននឹងអ្នកនៅជុំវិញលោកមូបារ៉ាក់ អះអាងថា លោកពុំមានសុខភាពល្អឡើយ ។ ប្រភពព័ត៌មានយោធាមួយអះអាងថា លោកមូបារ៉ាក់ កំពុងធ្លាក់ខ្លួនឈឺនៅឯមាត់សមុទ្រក្រហម ក្រោយពីលោកខិតខំទប់ទល់នឹង «បដិវត្តន៍ទន្លេនីល» ដែលក្នុងរយៈពេលតែ១៨ថ្ងៃ បណ្តេញលោកចេញពីអំណាចដែលលោកធ្លាប់កាន់អស់រយៈពេល៣០ឆ្នាំមកហើយ។ លោកចង់ស្លាប់នៅក្នុងទឹកដីអេហ្ស៊ីប ៕ |
ស៊ីរីគ្រោងកសាងមជ្ឈមណ្ឌលនុយក្លេអ៊ែរមួយ Posted: 15 Feb 2011 10:35 PM PST ឯកសារមួយរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិចេញផ្សាយកាលពីថ្ងៃទី១៥ កុម្ភៈ ឱ្យដឹងថា ប្រទេសស៊ីរីគ្រោងកសាងមជ្ឈមណ្ឌលនុយក្លេអ៊ែរដំបូងរបស់ខ្លួនក្នុងឆ្នាំ២០២០ ដើម្បីឆ្លើយតបចំពោះការកើនឡើងយ៉ាងឆាប់រហ័សនៃសេចក្តីត្រូវការខាងអគ្គិសនី។ |
ការប៉ះទង្គិចគ្នារវាងប៉ូលិសនិងពួកបាតុករនៅអាហ្វ្រិកខាងត្បូង Posted: 15 Feb 2011 10:29 PM PST ប៉ូលិសអាហ្វ្រិកខាងត្បូងបានបាញ់គ្រាប់កៅស៊ូ គ្រាប់ពិត និងឧស្ម័នបង្ហូរទឹកភ្នែកកាលពីថ្ងៃទី១៥ កុម្ភៈ ប្រឆាំងនឹងពួកបាតុករដែលតវ៉ាប្រឆាំងនយោបាយរបស់រដ្ឋាភិបាលទាក់ទិនដល់លំនៅឋាន និងការអប់រំ ។ |
រឿង RUBYGATE លោកប័រលូស្កូនីត្រូវឡើងតុលាការដើមខែមេសា Posted: 15 Feb 2011 10:29 PM PST ពពកខ្មៅបានគ្របដណ្តប់ហើយលើប្រមុខរដ្ឋាភិបាលអ៊ីតាលី លោកស៊ីលវីយ៉ូ ប័រលូស្កូនី លើរណសិរ្សតុលាការ។ លោកត្រូវទទួលការចោទប្រកាន់កាលពីថ្ងៃទី១៥ កុម្ភៈ ក្នុងរឿង «RUBYGATE» ទាក់ទិនដល់ទំនាក់ទំនងផ្លូវភេទរបស់លោកជាមួយនឹងនារីរកស៊ីផ្លូវភេទមិនទាន់ពេញវ័យម្នាក់ និងពីបទរំលោភបំពានអំណាច។ |
ប្រទះឃើញសពបុរសម្នាក់អត់ស្គាល់អត្តសញ្ញាណ ដង្កូវចោះទៅហើយ Posted: 15 Feb 2011 10:26 PM PST រាជធានីភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្តូកស្តឹងក្បែរដើមត្នោតដែលគេកាប់រំលំងាប់មួយដើម ស្ថិតនៅខាងក្រោយផ្ទះមានព្រៃរបោះ ហើយសពត្រូវដង្កូវចោះធុំក្លិនស្អុយសាយភាយរអើមពេកណាស់ ទៅហើយ កាលពីព្រឹកព្រលឹមក្នុងភូមិជ្រោយអម្ពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ។ |
លោកហោ ណាំហុង ៖ កម្ពុជានឹងលើកយកការរំលោភបទឈប់បាញ់ទៅប្រកាសក្នុងកិច្ចប្រជុំអាស៊ាន Posted: 15 Feb 2011 10:26 PM PST រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានថ្លែងប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីលោក និងគណៈប្រតិភូអមដំណើរបានវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃពុធ ទី១៦ កុម្ភៈ នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា កម្ពុជានឹងលើកយកការរំលោភសេចក្តីប្រកាសឈប់បាញ់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៤ កុម្ភៈ ទៅប្រកាសប្រាប់កិច្ចប្រជុំអាស៊ាននៅថ្ងៃទី២២ កុម្ភៈ ខាងមុខ ពីការរំលោភបំពានរបស់ថៃមកលើកម្ពុជាគឺថៃនៅតែបាញ់កាំភ្លើងត្បាល់ និងបោកគ្រាប់បែកជាច្រើនគ្រាប់កាលពីយប់ថ្ងៃទី១៤ និង១៥ កុម្ភៈ កន្លងទៅនេះ ហើយភាគីកម្ពុជាបានធ្វើការអត់ធ្មត់មិនតបតនោះទេ ។ |
បាតុករបារ៉ែនច្រើនពាន់នាក់ប្រមូលផ្តុំគ្នានៅមហាទីលានក្រុងម៉ាណាម៉ា Posted: 15 Feb 2011 10:24 PM PST បាតុករជាច្រើនពាន់នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃទី១៥ កុម្ភៈ នៅឯមហាទីលានក្រុងម៉ាណាម៉ា រាជធានីប៉ារែន ជាប្រទេសដីកោះតូចមួយនៃតំបន់មជ្ឈិមបូព៌ាដើម្បីទាមទារ សេរីភាពនយោបាយកាន់តែច្រើនថែមទៀតយកគំរូតាមចលនាតវ៉ានៅទុយនីស៊ី និងអេហ្ស៊ីប ។ យោងតាមអ្នកទទួលខុសត្រូវទាំងឡាយនៃភ្នាក់ងារជួយសង្គ្រោះថា ការប៉ះទង្គិចគ្នារវាងកងកំលាំងសន្តិសុខ និងពួកបាតុករចាប់តាំងពី២ថ្ងៃមកហើយ បណ្តាលឱ្យមនុស្សស្លាប់២នាក់នៅបារ៉ែន ។ |
ផ្ទះស្តុកពងទាត្រូវអគ្គីភ័យឆាបឆេះអស់គ្រឿងក្នុងខ្លះផ្អើលមនុស្សទាំងអធ្រាត្រ Posted: 15 Feb 2011 10:24 PM PST រាជធានីភ្នំពេញ ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះល្វែងជាន់ទី១ជាផ្ទះស្តុកពងទាបោះដុំ និងរាយ ទៅឱ្យម៉ូយ បណ្តាលឱ្យខូចខាតគ្រឿងក្នុងតិចតួច និងខ្លោចរោលជញ្ជាំងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ កុម្ភៈ ២០១១ នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ បុរសម្ចាស់ផ្ទះឈ្មោះលី សំអាន អាយុ៣៥ ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ លេខ៤៣០A ក្រុមទី៣ ភូមិ-សង្កាត់ខាងលើ បានឱ្យដឹងថា ផ្ទះរបស់ខ្លួននៅជាន់ខាងលើនេះ គឺជាកន្លែងស្តុកពងទាសំរាប់លក់ដុំ-រាយ ឬបោះឱ្យម៉ូយ ដែលពោរពេញទៅដោយចំបើងជាច្រើនសំរាប់ដាក់ពង ទា...ពេលនោះទុស្សេប្រព័ន្ធខ្សែភ្លើង បណ្តាលឱ្យមានផ្កាភ្លើងរួចហើយឆេះសន្ធោសន្ធៅមួយភ្លែតតែម្តង ។ រថយន្តពន្លត់អគ្គីភ័យ៣គ្រឿងបានចេញទៅបាញ់ទឹកពន្លត់ គឺបាញ់អស់២គ្រឿង ភ្លើងក៏រលត់ជាស្ថាពរទៅ... ៕ |
Posted: 15 Feb 2011 10:18 PM PST រាជធានីភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញវិញហើយ កាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៦ កុម្ភៈ ២០១១ ដោយលើកឡើងថា ភាគីថៃពិតជាទទួលបរាជ័យក្នុងជម្លោះឈ្លានពាននេះ ព្រោះថា មុននេះភាគីថៃបានទៅបញ្ចុះបញ្ចូលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកុំឱ្យបើកកិច្ចប្រជុំ ប៉ុន្តែគេនៅតែបើកកិច្ចប្រជុំ...ភាគីថៃបញ្ចុះបញ្ចូលកុំឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញប្រកាសសេចក្តីថ្លែងការណ៍ ប៉ុន្តែគេនៅតែចេញប្រកាសដដែល...នេះបញ្ជាក់ភាគីថៃបរាជ័យ ។ |
Posted: 15 Feb 2011 09:08 PM PST ព្រះអង្គម្ចាស់វីល្លៀម បានស្នើឱ្យព្រះអង្គម្ចាស់ហែរ៍រី ជាព្រះអនុជ ទទួលតួនាទីជាអ្នកកំដរកូនកំលោះនៅពេលដែលព្រះអង្គទ្រង់រៀបអភិសេកជាមួយនាងខេតមីតដលតុននៅថ្ងៃទី២៩ មេសា ខាងមុខ ។ ចំណែកនាងខេតក៏ស្នើសុំឱ្យនាងហ្វីលីបប៉ាប្អូនស្រីរបស់ខ្លួនធ្វើជាអ្នកកំដរកូនក្រមុំ នៅឯព្រះរាជវាំង«សេនជេម» នៃប្រទេសអង់គ្លេសដែរ ។ នៅក្នុងសេចក្តីថ្លែងការណ៍ពីព្រះរាជវាំង«សេនជេម» បានបញ្ជាក់ថា ព្រះអង្គម្ចាស់វីល្លៀមទ្រង់ស្នើសុំឱ្យព្រះអនុជព្រះអង្គម្ចាស់ហែរ៍រី ទទួលធ្វើជាអ្នកកំដរកូនកំលោះ ។ ក្រៅពីនេះថែមទាំងបង្ហើបឱ្យដឹងទៀតថា «កូនក្រមុំមីតដលតុន បានសុំឱ្យប្អូនស្រីរបស់ខ្លួននាងហ្វីលីបប៉ា មីតដលតុន ទទួលជាអ្នកកំដរកូនក្រមុំ »។
|
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |