Koh Santipheap Daily |
- ព្រឹកនេះលោកស៊ូយ៉ាប្រាសាត ស៊ូប៊ែឌី ប្រេសិត ទទួលបន្ទុកសិទ្ធិមនុស្ស អ.ស.ប ជួបពិភាក្សាជាមួយសម្តេចតេជោហ៊ុន សែន
- ប្រកាសផ្តន្ទាទោសក្រុមផ្ញើសារប៉ុនប៉ងដាក់គ្រាប់បំផ្ទុះស្ថានទូត៣នៅរាជធានី
- កម្ពុជាមានឱកាសច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈធនធាន របស់ខ្លួន
- នីស្សាន់ដឹកកុងតឺន័រវាក់នឹងម៉ូតូបុកគ្នា បួងចង្កូតគេចបណ្តាលឱ្យក្រឡាប់ខ្លួនឯង
- បក្ស នរោត្តម រណឫទ្ធិ អបអរសាទរចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំនៅ អង្គការសហប្រជាជាតិ
- សាលាក្តីខ្មែរក្រហមគ្រោងបើកកិច្ចប្រជុំលើកទី៩ ថ្ងៃទី២១ និងថ្ងៃទី២៣ កុម្ភៈ ព្រមទាំងមានការស្បថចូលកាន់តំណែងរបស់ចៅក្រមបរទេសថ្មី
- អាសំបូរ ទទួលមរណភាពចំថ្ងៃបុណ្យនៃ ក្តីស្រលាញ់នៅសួនសត្វភ្នំតាម៉ៅ
- ចាប់ខ្លួនស្រីយួនជើងល្អយកស្ពាន់បន្លំដូរមាសជាង២តម្លឹង
- ភាពអនាធិបតេយ្យនៃការចាប់ដណ្តើមម៉ូយពលករនៅតែកើតមានដដែល
- បុរសម្នាក់និងនារី២នាក់ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យព្រះកុសុមៈបន្តបន្ទាប់គ្នា
- ការភ្លើតភ្លើនរបស់យុវវ័យក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់បានកាត់បន្ថយ
- មានផ្ទុះការបះបោរក្នុងទីក្រុងមួយរបស់លីប៊ី
- ល្បែងសេះប្រយុទ្ធគ្នានៅក្រុង RONGSHUI ប្រទេសចិន
- ផ្លូវភ្លោះលើកដំបូងត្រូវបានសាងសង់ទៅកាន់អាកាសយានដ្ឋានសៀមរាប
- រកយុត្តិធម៌មិនឃើញស្ត្រីម្នាក់ប៉ុនប៉ងធ្វើអត្តឃាតសុំចាញ់អយុត្តិធម៌
- គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាធ្វើមហាសន្និបាតវិសាមញ្ញ
- ជិះម៉ូតូដល់មុខផ្ទះ គូដណ្តឹងស្រីចុះផុតបន្តិច ជនដៃដល់វាយប្រហារទឹកអាស៊ីត
- លោកអូបាម៉ា ស្នើពិភពអារ៉ាប់យកគំរូតាមអេហ្ស៊ីប
- ចិនគាំទ្រការខិតខំប្រឹងប្រែងសំដៅដោះស្រាយជំលោះរវាងកម្ពុជា និងថៃ
- យកវេទិកាយុត្តិធម៌ និងសមធម៌មកប្រឡាក់ប្រឡូសជាមួយការកាត់ទោសប្រពន្ធលោកឧកញ៉ាខូវ ជីលី
Posted: 16 Feb 2011 06:21 PM PST រាជធានីភ្នំពេញ ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស៊ូយ៉ា ប្រាសាត ស៊ូប៊ែឌី ត្រូវបានអនុញ្ញាតឱ្យចូលជួបពិភាក្សាការងារជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន នាវេលាព្រឹកម៉ោង៩ ថ្ងៃទី១៧ កុម្ភៈ ២០១១ នេះ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី បន្ទាប់ពីលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីវេលាម៉ោង១០ព្រឹកថ្ងៃអង្គារ ទី១៥ កុម្ភៈ ។ នៅក្នុងដំណើរបំពេញទស្សនកិច្ចលើកទី៤ របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនេះ លោកស៊ូប៊ែឌី នឹងពិនិត្យមើលអនុសាសន៍របស់លោកអំពីមុខងាររបស់តុលាការ ។ លោកនឹងពិនិត្យមើលផងដែរអំពីភាពរីកចំរើនដែលទទួលបានពីការដកបទបរិហាកេរ្តិ៍ចេញពីបទល្មើសព្រហ្មទណ្ឌ និងការបង្កើតយន្តការអចិន្ត្រៃយ៍មួយសំរាប់កិច្ចសន្ទនារវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ព្រមទាំងការសិក្សាលើអង្គនីតិប្បញ្ញតិក្នុងបរិបទលើកស្ទួយសិទ្ធិមនុស្ស ។ ជាមួយគ្នានេះ លោកស៊ូប៊ែឌី នឹងចូលរួមពិភាក្សាផងដែរលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លើទំនាស់ដីធ្លី និងការបណ្តេញចេញ ។ ក្រៅពីនេះលោកគ្រោងនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល តំណាងស្ថាប័ននីតិប្បញ្ញត្តិ សង្គមស៊ីវិល តំណាងសហប្រជាជាតិ និងម្ចាស់ជំនួយផងដែរ ។ លោកស៊ូយ៉ា ប្រាសាន ស៊ូប៊ែឌី នឹងចាកចេញពីកម្ពុជានៅ ថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១១ ខាងមុខនេះ ៕ |
ប្រកាសផ្តន្ទាទោសក្រុមផ្ញើសារប៉ុនប៉ងដាក់គ្រាប់បំផ្ទុះស្ថានទូត៣នៅរាជធានី Posted: 16 Feb 2011 03:50 PM PST រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៦ កុម្ភៈ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើជនបរទេស៣នាក់ ដែលជាប់ពាក់ព័ន្ធក្នុងអំពើផ្ញើសារគំរាមប៉ុនប៉ុងធ្វើភេរវកម្មលើស្ថានទូត៣ គឺអូស្ត្រាលី អង់គ្លេស និងអាមេរិក ដែលមានទីតាំងនៅកម្ពុជា ដោយការបំផ្ទុះគ្រាប់បែក ក្នុងម្នាក់ៗតម្រូវឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ។ ជនដែលត្រូវចោទ ១-ឈ្មោះឌីតូយ៉ាល់ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិនេប៉ាល់ ២-ឈ្មោះហ៊ី ហ្គាល អ៊ិស្លាម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិបង់ក្លាដេស និង៣-ឈ្មោះម៉ារី យ៉ាម៉ូម៉ាតម៉ាន់ហ៊ុយម៉ាយុន ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិបង់ក្លាដេស ។ ជនត្រូវចោទទាំង៣នាក់ ត្រូវសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីពាក់កណ្តាលឆ្នាំ២០១០ ក្នុងនោះសមត្ថកិច្ចបានស្រាវជ្រាវរកឃើញលិខិត១ច្បាប់ របៀបជាសារផ្ញើទៅហាងលក់ដូរ ជនជាតិនេប៉ាល់ ដោយមានអក្សរគំរាមដាក់គ្រាប់បែកទៅលើស្ថានទូតអូស្រ្តាលី អង់គ្លេស និងអាមេរិក ។ ក្រោយពីការចាប់ខ្លួន នគរបាលក្រសួងមហាផ្ទៃបានបញ្ជូនទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ។ កាលពីខែមុននេះតុលាការបានលើកយករឿងនេះមកបើកសវនាការ និងក្រោយពីសវនាការ តុលាការបានលើកពេលប្រកាសសាលក្រមនៅថ្ងៃទី១៦ កុម្ភៈ សាលក្រមបានប្រកាសជាសាធារណៈតម្រូវដាក់ទោសពួកគេឱ្យធ្វើការក្នុងពន្ធនាគារម្នាក់ៗរយៈពេល៨ឆ្នាំ ៕ |
កម្ពុជាមានឱកាសច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈធនធាន របស់ខ្លួន Posted: 16 Feb 2011 03:50 AM PST រាជធានីភ្នំពេញ ៖ វេទិកាសេដ្ឋកិច្ចកម្ពុជាលើកទី៤ បានប្រារព្ធពិធីពិភាក្សារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ កុម្ភៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅសាលសន្និសីទអន្តរជាតិ នៃវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី ក្រោមប្រធានបទ «សេដ្ឋកិច្ចកម្ពុជាក្នុងបរិការណ៍ក្រោយវិបត្តិ គោលនយោបាយឧស្សាហកម្មហូបនីយកម្ម ជំរើសឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព»។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បើកវេទិកាសេដ្ឋកិច្ចកម្ពុជា លើកទី៤ ថា ការជ្រើសរើសប្រធានបទសំរាប់វេទិកាលើកនេះ គឺពិតជាត្រឹមត្រូវ មានសារសំខាន់ និងទាន់ពេលវេលា ដើម្បីអាចស្វែងរកយោបល់ និងគំនិតស្ថាបនា ពីអ្នកចូលរួមជាតិ អន្តរជាតិ ទាំងអស់ក្នុងវេទិកានេះ អំពីមធ្យោបាយសំរាប់ក្តាប់យកឱកាសថ្មីៗជាច្រើនដែលកំពុងលេចចេញឡើងមក ក៏ដូចជាអំពីមធ្យោបាយផ្សេងទៀតសំរាប់កាត់បន្ថយឱ្យបានជាអតិបរមានូវហានិភ័យ និងគ្រោះគំរាមកំហែងនានាដែលអាចកើតមានក្នុងដំណើរការអភិវឌ្ឍប្រកបដោយការប្រែប្រួលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ការគិតគូរអំពីគោលនយោបាយឧស្សាហកម្ម គឺហាក់ដូចជាមានលក្ខណៈទូលាយសំរាប់យើងទាំងអស់គ្នានៅទីនេះ ដោយសារតែយើងពុំទាន់កំណត់ច្បាស់ថា តើវិស័យឧស្សាហកម្មណាមួយដែលគួរផ្តោតការយកចិត្តទុកដាក់។ ជាទូទៅការរៀបចំផែនការអភិវឌ្ឍឧស្សាហកម្មនៃប្រទេសមួួយតំរូវឱ្យមានការកំណត់ទិសដៅអាទិភាពប្រកបទៅតាមឧត្តមភាពប្រៀបធៀបនិងទាយជ្ជទានសំខាន់ៗមួយចំនួនដូចជា ធនធានទឹក ដី រ៉ែ និងកម្លាំងពលកម្មវ័យក្មេង និងមានទីតាំងភូមិសាស្ត្រសេដ្ឋកិច្ចល្អប្រសើរ គឺស្ថិតនៅចំកណ្តាលនៃតំបន់អាស៊ាន ដែលជាតំបន់ប្រកបដោយជីវភាពសេដ្ឋកិច្ច។ សម្តេចមានប្រសាសន៍បន្តថា កម្ពុជាមានឱកាសច្រើនសំរាប់អភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការប្រើប្រាស់ឧត្តមភាពទាំងអស់។ យន្តការទីផ្សារនឹងត្រូវដើរតួនាទីជាអ្នកកំណត់ចុងក្រោយទៅលើវិស័យជាក់ស្តែងដែលជាឧត្តមភាពប្រៀបធៀបពិតប្រាកដរបស់ប្រទេស។ រយៈពេលកន្លងមក វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជាដែលសំរេចបាននូវការអភិវឌ្ឍគួរជាទីកត់សំគាល់ គឺវិស័យកសិកម្ម ឧស្សាហកម្មកាត់ដេរ និងទេសចរណ៍។ ក៏ប៉ុន្តែប្រការដែលគួរឱ្យកត់សំគាល់នោះ គឺនៅក្នុងការអភិវឌ្ឍវិស័យទាំង៣នេះ មកទល់ពេលនេះ កម្ពុជាអាចចាប់យកបានតែចំណែកមួយទាបប៉ុណ្ណោះនៅក្នុងខ្សែសង្វាក់តំលៃទាំងមូលនៃវិស័យទាំងនេះ។ ឧទាហរណ៍ ក្នុងអនុវិស័យដំណាំស្រូវ កម្ពុជានាំចេញស្រូវមិនទាន់កែច្នៃស្ទើរ១០០%។ នៅក្នុងវិស័យកាត់ដេរ កម្ពុជាទទួលបានតំលៃបន្ថែមទាបដែរ ពីសេវាកម្មកាត់តម្រឹម និងដេរសម្លៀកបំពាក់ប៉ុណ្ណោះ។ រីឯវិស័យទេសចរណ៍ក៏កម្ពុជាទទួលបានតំលៃទាបដែរ ពីសេវាកម្មងាយៗដូចជាការលក់សំបុត្រយន្តហោះ សេវាភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងការដឹកជញ្ជូនក្នុងស្រុកជាដើម។ ក្រៅពីវិស័យឧត្តមភាពប្រៀបធៀបជាប្រពៃណីទាំង៣ ដូចបានគូសបញ្ជាក់ខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា កម្ពុជាក៏នៅមានសក្តានុពលក្នុងវិស័យឧស្សាហកម្មមួយចំនួនផ្សេងទៀតផងដែរ។ ឧស្សាហកម្មថ្មីៗទាំងនោះអាចនឹងងើបពន្លកឡើងថ្មីនៅក្នុងចំណោមធុរកិច្ចដែលមិនទាន់រៀបរយក្នុងប្រព័ន្ធ និងនៅដាច់ដោយដុំដោយដុំ ក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា។ ឧទាហរណ៍ ឧស្សាហកម្មគ្រឿងសង្ហារិម សិប្បកម្មកែច្នៃផ្សេងៗ ការផលិតក្រដាស សំភារសំណង់ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេឡិចត្រូនិកងាយៗ វិស័យប្រេង និងឧស្ម័ន រ៉ែ និងការផលិតជីកសិកម្មជាដើម គឺជាមុខសញ្ញាឧស្សាហកម្មដែលត្រូវបន្តធ្វើការសិក្សា ដើម្បីជំរុញឱ្យក្លាយជាឧស្សាហកម្មពេញលេញសំរាប់បំរើឱ្យទីផ្សារក្នុងស្រុក និងការនាំចេញ។ កម្ពុជា គឺជាប្រទេសដែលបានចាប់ផ្តើមក្រោយគេនៅក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មស្របគ្នា នឹងការរីកចំរើនផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស និងភាពជឿនលឿននៃការផ្សារភ្ជាប់គ្នានៅក្នុងផ្នែកប្រព័ន្ធសំរួល និងការផ្គត់ផ្គង់ ប្រព័ន្ធផលិតកម្ម និងខ្សែសង្វាក់តំលៃលើពិភពលោក ដែលកើតចេញពីចរន្តដ៏ខ្លាំងក្លា និងឥតឈប់ឈរនៃសាកលភាវូបនីយកម្ម។ពាក់ព័ន្ធនឹងបញ្ហាខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍវិស័យឧស្សាហកម្មតែមួយមុខ ពិតជាមិនអាចធានានាំមកនូវជោគជ័យបានទេ។ ដើម្បីធានានូវជោគជ័យពិតប្រាកដយើងត្រូវដាក់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនេះជាចំណែកសមាហរ័ណបេះមិនដាច់នៃនយោបាយ អភិវឌ្ឍន៍ទូទៅមួយដែលមានចរិតជាប្រព័ន្ធនៃវិធានការគោលនយោបាយប្រទាក់ក្រឡាគ្នាមានសង្គត្តិភាពជាមួយគ្នានិងជួួយគ្នាទៅវិញទៅមក ។
លោកអា ជៀ ជីបប័រ ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ ឧបការីនាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ កម្មវិធីអភិវឌ្ឍន៍ប្រជាជាតិតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា កម្ពុជាធ្វើឱ្យមានការរីកចំរើនដ៏អស្ចារ្យចាប់តាំងពីដើមទសវត្សឆ្នាំ១៩៩០មក ។ នៅពេលពិនិត្យមើលមកទសវត្សដំបូងនៃសតវត្សទី២១ កម្ពុជា បានបង្ហាញឱ្យឃើញច្បាស់ថាខ្លួនជាប្រទេសមួយដែលមានសភាពលេចធ្លោ និងវិបុលភាព។ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាបានរងការប៉ះទង្គិចយ៉ាងដំណំ ដោយសារឱនភាពសេដ្ឋកិច្ចសាកល ។ រដ្ឋាភិបាលបានចាត់វិធានការយ៉ាងសកម្មនៅក្នុងការប្រើប្រាស់គោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុរបស់ខ្លួនរួមមាន ការប្រើប្រាស់កញ្ចប់ថវិកាចំនួនប្រមាណ៤% នៃផលទុនក្នុងស្រុកសរុប ។ ការលូតលាស់គួរឱ្យកត់សំគាល់របស់កម្ពុជា នៅក្នុងពេលថ្មីៗនេះនៅពុំទាន់បានសាយភាយនៅគ្រប់ទិដ្ឋភាពសង្គមនៅឡើយ ។ វិសមភាព ដូចដែលវាស់តាមសន្ទស្សន៍ Gini មិនត្រឹមតែខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានកើនឡើងផងដែរនៅក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ពោលគឺកើនពី០,៣៥ នៅឆ្នាំ១៩៩៤ ដល់០,៤៣នៅឆ្នាំ២០០៧។ ភាគចំណែកនៃប្រាក់ចំណូលក្នុងចំណោមគ្រួសារដែលមានចំណូលខ្ពស់ជាងគេចំនួន២០% បានកើនឡើងពី៤៧% ដល់៥២% នៅក្នុងអំឡុងពេលនេះ ភាគចំណែកដែលជារបស់ក្រុមដែលមានចំណូលទាបជាងគេចំនួន២០% បានធ្លាក់ចុះបន្តិចបន្តួចពី៨% ដល់៦%។ បើទោះជាដូច្នេះក៏ដោយ អាំងស៊ីដង់ នៃភាពក្រីក្របានថយចុះច្រើន។ យោងតាមធនាគារពិភពលោក សមាមាត្រនៃប្រជាជនដែលរស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ (១,២៥ដុល្លារ) បានថយចុះពី៤៨,៦% នៅក្នុងឆ្នាំ១៩៩៤ មកត្រឹម២៥,៨% នៅក្នុងឆ្នាំ២០០៧។ សមាមាត្រនៃប្រជាជនដែលរស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រដែលកំណត់នៅថ្នាក់ជាតិ ក៏បានថយចុះជាច្រើនផងដែរ គឺ៤៧% នៅឆ្នាំ១៩៩៤ មកត្រឹម៣០% នៅឆ្នាំ២០០៧។ ភាពក្រីក្រនៅជនបទ (៣៩,២% នៅឆ្នាំ២០០៤) មានកំរិតជិត២ដងនៃតួលេខក្រីក្រនៅទីក្រុង (១៨%)។ កំណើនសេដ្ឋកិច្ចនៅពេលថ្មីៗនេះបានកើនភាគច្រើននៅតាមទីក្រុងដោយប្រមូលផ្តុំច្រើនតែលើវិស័យកាត់ដេរ ទេសចរណ៍ និងវិស័យសំណង់ដោយមានចំណងទាក់ទងតិចតួចប៉ុណ្ណោះ ជាមួយសេដ្ឋកិច្ចជនបទដែលមានប្រជាជនកម្ពុជា៨០% ទៅ៩០% នៃអ្នកក្ររស់នៅ។ ទំរង់នៃការលូតលាស់ដែលប្រមូលផ្តុំតែនៅទីក្រុងបែបនេះ ភាគច្រើនមិនបានចូលរួមវិស័យកសិកម្មឡើយ។ នៅឆ្នាំ២០០៨ កសិកម្មផ្តល់ការងារដល់៦០%នៃកម្លាំងពលកម្មសរុប ប៉ុន្តែបានផ្តល់ត្រឹមតែ៣០% នៃផលទុនក្នុងស្រុកសរុបបុ៉ណ្ណោះ៕ |
នីស្សាន់ដឹកកុងតឺន័រវាក់នឹងម៉ូតូបុកគ្នា បួងចង្កូតគេចបណ្តាលឱ្យក្រឡាប់ខ្លួនឯង Posted: 16 Feb 2011 03:35 AM PST រាជធានីភ្នំពេញ ៖ រថយន្តខ្នាតធំម៉ាកនីស្សាន់ ប្រភេទដឹកកុងតឺន័រមួយគ្រឿង បានក្រឡាប់ផ្អៀងកង់ និងពោះចង្គ្រុងចង្គ្រាង ខណៈជាន់ហ្វ្រាំងបង្ខំ និងព្យាយាមគេចពីម៉ូតូពីរគ្រឿងដែលជួបគ្រោះថ្នាក់ចរាចរណ៍ដួលច្រងេងច្រងាងកណ្តាលផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលលាយឡំនឹងការរន្ធត់ និងស្ទះចរាចរណ៍ផងដែរ ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរផ្ទួនៗគ្នានេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៦ កុម្ភៈ ២០១១ លើកំណាត់ផ្លូវភ្នំពេញ-ហាណូយ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ក្បែរអធិការដ្ឋានខណ្ឌសែនសុខ...រថយន្តម៉ាកនីស្សាន់ប្រភេទដឹកកុងតឺន័រ នេះពាក់ស្លាកលេខ ខេត្តព្រះសីហនុ 3A-0583 អ្នកបើកបរបានលោតចុះពីរថយន្តរត់គេចខ្លួនបាត់ទៅហើយ បន្សល់ទុករថយន្តក្រឡាប់ចង្គ្រុងចង្គ្រាងផ្អៀងពោះកណ្តាលផ្លូវ និងហៀរប្រេងពាសពេញកន្លែងកើតហេតុផងដែរ...ឥឡូវត្រូវប៉ូលិសស្ទូចយកទៅរក្សាទុកចាត់ការតាមច្បាប់នៅអធិការដ្ឋានខណ្ឌសែនសុខ ។ អ្នកឃើញហេតុការណ៍បាននិយាយឱ្យដឹងថា មុនដំបូងមានម៉ូតូ២គ្រឿង បានបុកគ្នាដួលច្រងេងច្រងាងកណ្តាលផ្លូវ ស្របពេលនោះរថយន្តនីស្សាន់ធំនេះបានបើកលឿនមកដល់ពីក្រោយ រួចហើយជាន់ហ្វ្រាំងបង្ខំ និងបួងចង្កូតគេចក៏បណ្តាលឱ្យក្រឡាប់ផ្អៀងពោះតែម្តង សំណាងណាស់មិនមានមនុស្សណាម្នាក់ស្លាប់ និងរងរបួសទេ៕ |
Posted: 16 Feb 2011 03:12 AM PST រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៦ កុម្ភៈ ២០១១ គណបក្សនរោត្តម រណឫទ្ធិ បានសំដែងនូវការអបអរសាទរដល់រាជរដ្ឋាភិបាលចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំនៅបុរីញូវយ៉ករបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីចាត់វិធានការដោះស្រាយជម្លោះសៀមឈ្លានពានទឹកដីរបស់កម្ពុជា។ កិច្ចប្រជុំត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកំណត់ឱ្យមានការឈប់បាញ់គ្នាជាអចិន្ត្រៃយ៍រវាងកម្ពុជា និងថៃ ដែលជាផែនការឈ្លានពានលើបូរណភាពទឹកដីកម្ពុជាពីសំណាក់រដ្ឋាភិបាលថៃបច្ចុប្បន្ន ។
|
Posted: 16 Feb 2011 02:57 AM PST រាជធានីភ្នំពេញ ៖ លោកឌឹម សុវណ្ណារុំ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានមានប្រសាសន៍ប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៦ កុម្ភៈ ២០១១ ថា សាលាក្តីនឹងរៀបចំកិច្ចប្រជុំពេញអង្គរបស់ខ្លួនលើកទី៩ ដើម្បីពិនិត្យ និងកែប្រែនូវបទបញ្ជាផ្ទៃក្នុងរបស់សាលាក្តីមួយចំនួន ដែលកិច្ចប្រជុំនេះតែងតែធ្វើជារៀងរាល់៦ខែម្តង ក្នុងឱកាសនោះក៏មានធ្វើពិធីស្បថចូលកាន់តំណែងរបស់សហចៅក្រមបរទេសបំរុងម្នាក់គឺលោកឡូរែន កាសប៉ឺ អានសឺម៉េត ផងដែរ ជំនួសលោកចៅក្រមម៉ាសែល ឡឺម៉ុង ដែលបានសុំឈប់ពីការងារកន្លងទៅនេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមបានឱ្យដឹងថា លោកចៅក្រមគង់ ស្រីុម និងលោកស្រីចៅក្រមស៊ីវៀ ខាត់រ៉ាយ ជាប្រធាននិងអនុប្រធាននៃអង្គប្រជុំនេះនឹងធ្វើសេចក្តីថ្លែងការណ៍ផ្សេងគ្នានៅព្រឹកនេះ ។ កម្មវិធីបន្ទាប់គឺការស្បថរបស់សហចៅក្រមស៊ើបអង្កេតបរទេសបំរុងគឺលោកឡូរែន កាសប៉ឺ អានសឺម៉េត ។ អ្នកសារព័ត៌មានត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីថតរូបរួចចេញពីបន្ទប់វិញ មុនកិច្ចប្រជុំចាប់ផ្តើមនៅម៉ោង៩ |
អាសំបូរ ទទួលមរណភាពចំថ្ងៃបុណ្យនៃ ក្តីស្រលាញ់នៅសួនសត្វភ្នំតាម៉ៅ Posted: 16 Feb 2011 02:53 AM PST ខេត្តតាកែវ ៖ ប្រធានសួនសត្វភ្នំតាម៉ៅ លោកញឹក រតនៈពេជ្រ បានឱ្យដឹងនៅរសៀលថ្ងៃពុធ ទី១៦ កុម្ភៈ ២០១១ ថា ឃាតកដំរីឈ្មោះអាសំបូរ បានងាប់ហើយកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៤ កុម្ភៈ កន្លងមកនេះ ។ ចំពោះមូលហេតុនៃការងាប់ លោកមិនទាន់អាចបញ្ជាក់ឱ្យបានពិតប្រាកដនៅឡើយទេ ដោយលោកអះអាងថា ពេលនេះក្រុមជំនាញពេទ្យសត្វបាននិងកំពុងធ្វើកោសល្យវិច្ច័យ ដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់ ពីព្រោះមុនពេលងាប់គឺមានរោគសញ្ញាមួយចំនួនដូចជា នៅលើក្បាល និងដងខ្លួនរបស់វាមានស្នាមរបកៗជាច្រើនកន្លែង ហើយវាមិនសូវស៊ីចំណីនោះជាដើម ។
គួរបញ្ជាក់ថា អាសំបូរ ត្រូវបានក្រុមជំនាញសត្វព្រៃចាប់ដាក់ច្រវាក់ដើម្បីអប់រំ និងផ្សាំងវាកាលពីថ្ងៃទី១៥ ធ្នូ និងបានបញ្ជូនទៅកាន់សួនសត្វភ្នំតាម៉ៅកាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១០ កន្លងមកនេះ ក្រោយពេលវាបានសម្លាប់មនុស្សម្នាក់កាលពីរសៀលថ្ងៃសៅរ៍ ទី៤ ធ្នូ នៅចំណុចជ្រោះបាក់ ស្ថិតក្នុងភូមិមន ឃុំធម្មតាអ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងធ្វើឱ្យប្រជាសហគមន៍មានការភ័យខ្លាចចំពោះវាយ៉ាងខ្លាំង។ បុរសដែលត្រូវអាសំបូរ ជាន់សំលាប់នោះឈ្មោះសែ ណុល អាយុ៥៤ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកន្លែងកើតហេតុខាងលើ ។ ហេតុការណ៍ដ៏កម្រជួបប្រទះ និងគួរឱ្យសោកស្តាយនេះបានកើតឡើង ខណៈពេលជនរងគ្រោះ និងម្ចាស់របស់វាដែលពិការជើងម្ខាង កំពុងស្រាយច្រវាក់ចេញពី.កដំរីស្រាប់តែដំរីនោះបានបុះជនរងគ្រោះឱ្យដួល រួចជាន់ពីលើរហូតដល់ស្លាប់នៅនឹងកន្លែង៕ |
ចាប់ខ្លួនស្រីយួនជើងល្អយកស្ពាន់បន្លំដូរមាសជាង២តម្លឹង Posted: 16 Feb 2011 02:23 AM PST រាជធានីភ្នំពេញ ៖ ស្រីយួន២នាក់ដែលគេស្គាល់ថា ជាមុខសញ្ញាចាស់កាលពីថ្ងៃទី១៥ កុម្ភៈ ត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនរួមទាំងវត្ថុតាងខ្សែ.កកាឡៃទំងន់ជាង២តម្លឹងចំនួន២ខ្សែ ។ លោកវរសេនីយ៍ទោសុង លី ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញឱ្យដឹងថា កាលពីថ្ងៃទី៥ មករា ២០១១ ការិយាល័យរបស់លោកបានទទួលពាក្យបណ្តឹង២ច្បាប់ពីជនរងគ្រោះផ្សេងគ្នាករណីស្រីយួន២នាក់យកស្ពាន់ទៅបន្លំដូរយកមាសតាមរូបភាពទិញលក់ និងបញ្ចាំ ។ ដើមបណ្តឹងទី១-ឈ្មោះជា វ៉ាទី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅផ្ទះលេខ២១ ផ្លូវលេខ២៩៤ កែងផ្លូវលេខ០៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ក្នុងពាក្យបណ្តឹងឱ្យដឹងថា កាលពីថ្ងៃទី២ ធ្នូ ២០១០ នៅហាងលក់មាស និងប្តូរប្រាក់យីហោពន្លឺពេជ្រត្រង់កាច់ជ្រុងខាងកើត និងខាងត្បូងផ្សារកាប់គោ មានស្រ្តីយួនម្នាក់អាយុប្រហែល៤០ឆ្នាំ បានទៅទិញគ្រឿងអលង្ការដោយបញ្ជាឱ្យអ្នកលក់ ធ្វើខ្សែ.កមាសទឹកដប់១ខ្សែ ម៉ូដច្រវាក់ឆាបទំងន់២តម្លឹង១ជី ។ ការទិញគ្រឿងអលង្ការនេះត្រូវថ្លៃគ្នាមាស១ជីតំលៃ១៦៨ដុល្លារសហរដ្ឋអាមេរិក ។ ស្រីយួនបានកក់ប្រាក់ទៅម្ចាស់ហាងចំនួន៥០ដុល្លារ និងកំណត់ពេល៥ថ្ងៃប្រគល់ និងទទួលប្រាក់គ្រប់ចំនួន ។ ដល់ថ្ងៃទី៥ ធ្នូ ២០១០ ស្រ្តីយួនឈ្មោះង្វៀង ធីឡេ បានមកយកខ្សែ.កដែលតំលៃសរុប៣.៥៦៨ដុល្លារសហរដ្ឋអាមេរិកតាមការកំណត់មែន ។ ប្រភពដដែលបន្តថា ពេលនោះអ្នកទិញបានយកខ្សែ.កកាន់មើល ខណៈម្ចាស់ហាងប្រគល់ខ្សែកមាសឱ្យ ។ ភ្លាមៗស្រីយួនរូបនោះបានយកខ្សែ.កមាសទៅក្តាប់ក្នុងដៃ ហើយប្តូរយ៉ាងរហ័សយកខ្សែ.កស្ពាន់មកកាន់វិញ ដោយបញ្ជាក់ប្រាប់អ្នកលក់ថា ខ្លួនមានលុយខ្មែរជាប់មកជាមួយតែ៦លានរៀលប៉ុណ្ណោះ មិនគ្រប់តំលៃខ្សែ.កមាសទំងន់២តម្លឹង១ជីនេះទេ ។ ដូច្នេះត្រូវទៅយកប្រាក់មកបង្គ្រប់ ។ និយាយរួច ស្រីយួនកាន់ថង់ប្រាក់ទៅវិញភ្លាមៗ ។ ក្រោយពីស្ត្រីយួននោះចេញទៅបាត់ មួយសន្ទុះមក ម្ចាស់ហាងបានយកខ្សែ.កមកមើល ទើបដឹងថា ជាខ្សែ.កកាឡៃដែលស្ត្រីឆបោកនោះបន្លំប្តូរ ប៉ុន្តែមិនដឹងតាមរកទីណាឡើយ ព្រោះចោរស្រីទៅបាត់ហើយ ។ ចំណែកបណ្តឹងមួយទៀត របស់ជនរងគ្រោះឈ្មោះជា ដានីឡា ភេទស្រី អាយុ២៨ឆ្នាំ នៅផ្ទះលេខ១៩៧ E1 ផ្លូវ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧ មករា រាជធានីភ្នំពេញ ជាអ្នកលក់មាស និងប្តូរប្រាក់យីហោពន្លឺពេជ្រនោះដែរ បានប្តឹងចោទប្រកាន់ស្រ្តីយួនម្នាក់ទៀតឈ្មោះង្វៀង ធីទៀង អាយុ៤២ឆ្នាំ ។ ពាក្យបណ្តឹងឱ្យដឹងថា កាលពីខែធ្នូ ២០១០ មានស្រី្តយួនអាយុប្រហែល៤០ឆ្នាំ យកខ្សែ.កមាស៩ជី៩ហ៊ុនទៅបញ្ចាំនៅហាងរបស់នាងបានប្រាក់ចំនួន១៣០០ដុល្លារ ។ ខ្សែ.ករបស់ស្រីយួននោះពេលដុតមើលឃើញថា ជាមាសសុទ្ធប្រាកដមែន ក៏ព្រមព្រៀងទទួលយក និងបានប្រគល់ប្រាក់ ។ ពេលនាងប្រគល់ប្រាក់រួចហើយ ស្ត្រីឆបោកនោះធ្វើជារារែកម្តងចង់ដាក់បញ្ចាំ ម្តងមិនចង់ គឺម្តងប្រគល់ប្រាក់ឱ្យនាង ម្ចាស់ហាងនិងម្តងយកមាសទុកវិញ ។ ទីបំផុតស្ត្រីចោរដែលធ្វើជារារែកនោះបានបន្លំយ៉ាងរហ័សយកស្ពាន់ជ្រលក់មាសមកដាក់ជំនួសបញ្ចាំឱ្យនាង ហើយយកប្រាក់១៣០០ដុល្លារគេចខ្លួនបាត់ ។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ម្ចាស់ហាងពន្លឺពេជ្រលក់មាស និងប្តូរប្រាក់នៅផ្សារកាប់គោរួចមក លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាស្នងការរងទទួលបន្ទុកផែនកណ្តាលព្រហ្មទណ្ឌបានដាក់បទបញ្ជាឱ្យការិយាល័យជំនាញព្រហ្មទណ្ឌកំរិតស្រាលស៊ើបអង្កេត និងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសតាមរូបភាពដែលមាននៅក្នុងកាមេរ៉ាសន្តិសុខរបស់ហាង។ លោកវរសេនីយ៍ទោសុង លី ឱ្យដឹងថា នៅថ្ងៃទី១៥ កុម្ភៈ ២០១១ សមត្ថកិច្ចជំនាញការិយាល័យរបស់លោកបានឃាត់ខ្លួនស្ត្រីជាប់ចោទ២នាក់នេះកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់ ។ ស្ត្រី២នាក់នោះបានសារភាពថា ពួកគេពិតជាបានឆបោកដូចការចោទប្រកាន់នោះមែន ហើយយកប្រាក់ទៅលេងល្បែងស៊ីសងចាញ់អស់ហើយ ។ តាមរូបភាពដែលមាននៅក្នុងកាមេរ៉ាសន្តិសុខរបស់ហាងខាងលើនេះ គឺជាល្បិចបោកយ៉ាងប៉ិនប្រសប់ដែលអាជីវករទាំងឡាយគួរតែប្រុងប្រយ័ត្នមែនទែន ៕ |
ភាពអនាធិបតេយ្យនៃការចាប់ដណ្តើមម៉ូយពលករនៅតែកើតមានដដែល Posted: 16 Feb 2011 02:20 AM PST ក្រុងប៉ោយប៉ែត ៖ ភាពអនាធិបតេយ្យនៃការដណ្តើមម៉ូយជាពលករខ្មែរខុសច្បាប់ដែលភាគីសៀមចាប់បញ្ជូនមកវិញនៅច្រកប៉ោយប៉ែត ប្រគល់ឱ្យប៉ូលិសអន្តោប្រវេសន៍ធ្វើការអប់រំណែនាំនិងដោះលែងឱ្យពួកគេវិលត្រឡប់ទៅស្រុកកំណើតវិញរៀងៗខ្លួន នៅតែឃើញកើតឡើងដដែលជាដដែល ។ ជាក់ស្តែងកាលពីថ្ងៃទី១៥ កុម្ភៈ នៅពេលសមត្ថកិច្ចឈរជើងនៅចំណុចនោះដកកម្លាំងទៅយាមការពារវេទិកាសំរាប់ទទួលសម្តេចតេជោអញ្ជើញមកជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវនៅចំណុចភូមិកូនដំរី ហេតុការណ៍រញ៉េរញ៉ៃបានកើតឡើងដោយអ្នករត់តាក់ស៊ីមួយក្រុមតូចដែលមានចំណតនៅមុខទីស្នាក់ការប៉ូលិសអន្តោប្រវេសន៍ច្រកប៉ោយប៉ែត បាននាំគ្នាប្រញាយចាប់ម៉ូយពលករទាំងអស់នោះដោយការប្រទាញប្រទង់យកអីវ៉ាន់ពីពលករទៅដាក់ក្នុងរថយន្តតាក់ស៊ីរបស់ពួកគេ ។ ពេលនោះពលករម្នាក់ដែលគេស្គាល់អត្តសញ្ញាណរស់នៅភូមិផ្សារ ឃុំផ្សារ ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានទៅទាមទារយកអីវ៉ាន់របស់ខ្លួនពីក្នុងរថយន្តមួយដែលអ្នកចាប់ម៉ូយយកទៅដាក់ មកដាក់ក្នុងរថយន្តដែលខ្លួនជិះវិញ ស្រាប់តែត្រូវអ្នកចាប់ម៉ូយជាក្រុមម្ចាស់ចំណតរថយន្តវាយ១ដៃចំគុម្ពត្រចៀកខាងឆ្វេង ហើយពលកររងគ្រោះរូបនេះបានទៅដាក់ពាក្យបណ្តឹងនៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ។ តាមការឱ្យដឹងពីប្រភពក្រុមអ្នកចាប់ម៉ូយនៅចំណុចនោះបានបង្ហើបថា នៅព្រឹកថ្ងៃទី១៦ កុម្ភៈ ជនដៃដល់បង្កហិង្សាវាយទៅលើពលករនោះត្រូវបានប៉េអឹមឃាត់ខ្លួនផងដែរ តែពុំអនុញ្ញាតឱ្យអ្នកយកព័ត៌មានថតរូបជននោះយកមកផ្សាយទេ ហើយក៏គ្មានការបំភ្លឺ ជុំវិញបញ្ហានេះដែរ ។ គួរកត់សំគាល់ផងដែរថា ចំពោះចំណតរថយន្តនៅមុខទីស្នាក់ការប៉ូលិសអន្តោប្រវេសន៍ច្រកប៉ោយប៉ែតនេះ កន្លងមកគេតែងសង្កេតឃើញមានរឿងកើតឡើងមិនចេះចប់ឡើយ។លោកអភិបាលក្រុងគួរតែមានវិធានការទប់ស្កាត់ចំពោះក្រុមចាប់ម៉ូយអនាធិបតេយ្យទាំងនោះផង ដើម្បីកុំឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលឆ្លងកាត់មាត់ច្រកប៉ោយប៉ែតនេះ ។ តាមប្រភពមួយទៀតបានបង្ហើបឱ្យដឹងថា បានជាក្រុមម្ចាស់ចំណតរថយន្តថ្មីមួយនេះនាំគ្នាចាប់ម៉ូយជាពលករដាក់រថយន្តតាក់ស៊ីដែលជាសមាជិករបស់ពួកគេ ដោយសារគេបានយកលុយពីរថយន្តតាក់ស៊ីមួយគ្រឿងពី៣ទៅ៤ម៉ឺនរៀល ហើយចំពោះរថយន្តតាក់ស៊ីប្រភេទទួរីសមួយគ្រឿងគេយកដល់១០ម៉ឺនរៀល ដូច្នេះហើយទើបពួកគេខំប្រឹងជួយចាប់ម៉ូយពលករទាំងអស់ដាក់រថយន្ត ។ ទោះបីយ៉ាងណា ក្រុមម្ចាស់ចំណតរថយន្តដែលបង្កើតថ្មីនេះមិនអាចសុំការបំភ្លឺបានឡើយជុំវិញបញ្ហាដែលបានកើតឡើងនេះ ៕ |
បុរសម្នាក់និងនារី២នាក់ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យព្រះកុសុមៈបន្តបន្ទាប់គ្នា Posted: 16 Feb 2011 02:15 AM PST រាជធានីភ្នំពេញ ៖ បុរសម្នាក់និងនារី២នាក់ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យព្រះកុសុមៈជាបន្ដបន្ទាប់កាលពីព្រឹកថ្ងៃទី១៦ កុម្ភៈ ។ ក្នុងនោះសំរាប់បុរសត្រូវបានអះអាងថា បានលេបថ្នាំប៉ារ៉ានិងថ្នាំអំពីស៊ីលីនលាយជាមួយទឹកថ្នាំស្លឹកផ្កាចំប៉ីលេបរួច ស្រាប់តែក្អួតចង្អោរ រងេរងើ ហើយប្រាប់ឱ្យប្រពន្ធកោសខ្យល់ ។ ពេលកោសរួចនៅតែមិនបានធូរស្បើយ ទើបប្រពន្ធបញ្ជូនមកមន្ទីរពេទ្យខណៈដែលសន្លប់លែងដឹងខ្លួន ។ ចំណែកនារីពីរនាក់វិញ ម្នាក់ធ្វើការនៅរោងចក្រកាត់ដេរយីហោវាយធីត បានលេបថ្នាំក្អកដែលពេទ្យផ្សំឱ្យ ខណៈកំពុងអង្គុយធ្វើការក្នុងរោងចក្រ ស្រាប់តែសន្លប់ មិត្ដភក្ដិធ្វើការជាមួយបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ ។ រីឯនារីម្នាក់ទៀតធ្វើការនៅរោងចក្រកាត់ដេរយីហោអូហ្សូន ពេលកំពុងតែឈរនិយាយទូរស័ព្ទស្រាប់តែដួល ហើយអ្នកនៅក្បែរនោះជួយនាំយកមកគ្លីនិកឯកជនជិតផ្សារទឹកថ្លា តែគ្រូពេទ្យប្រាប់ឱ្យបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។ ស្ដ្រីឈ្មោះយឿន សុខន អាយុ៥១ឆ្នាំ ជាប្រពន្ធបុរសលេបថ្នាំបានឱ្យដឹងថា ប្ដីរបស់គាត់ឈ្មោះគង់ ផាន់ណា អាយុ៥៣ឆ្នាំ មានទីលំនៅផ្ទះលេខ១៧A ផ្លូវលេខ២២៧ សង្កាត់បឹងសា ឡាង ខណ្ឌទួលគោក ។ ប្រភពបន្តថា ប្ដីរបស់គាត់ពេលឈឺម្ដងៗតែងតែទៅទិញថ្នាំដោយខ្លួនឯង មិនបានឱ្យគ្រូពេទ្យពិនិត្យឬផ្សំថ្នាំឱ្យទេ ទោះបីជាស្ដីបន្ទោសឱ្យគាត់យ៉ាងណាក៏ដោយ គាត់នៅតែទិញថ្នាំយកមកទុកជាប់ខ្លួនជានិច្ចកាលណាក្ដៅខ្លួន គាត់លេបថ្នាំប៉ារ៉ាហើយឈឺរមូលពោះគាត់លេបថ្នាំរូបក្រពះ ។ ជាក់ស្ដែងនៅព្រឹកវេលាម៉ោង៥និង៣០នាទីថ្ងៃទី១៦ កុម្ភៈ គាត់បានលេបថ្នាំប៉ារ៉ាមួយគ្រាប់ ថ្នាំអំពីស៊ីលីនមួយគ្រាប់ រួចហូបទឹកថ្នាំស្លឹកផ្កាចំប៉ីដែលគាត់ហូបជាប្រចាំធ្វើជាតែ លើកនេះដាំទឹកដាក់ស្លឹកចំប៉ីច្រើនចេញជ័រខ្លាំង ។ ពេលហូបរួចស្រាប់តែក្អួតហើយរងេរងើក៏ប្រើឱ្យស្ត្រីជាប្រពន្ធកោសខ្យល់ឱ្យ បន្ទាប់ពីកោសខ្យល់ហើយប្តីនៅតែឡេះឡះត្រដរខ្យល់ទើបបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈនៅម៉ោង៧និង៤០នាទីព្រឹក ។ ប្រភពព័ត៌មានពីស្ដ្រីលេបថ្នាំក្អកវិញ ពេលមកដល់មន្ទីរពេទ្យ គ្រូពេទ្យបានសួរនាំហើយចាក់ថ្នាំព្យួរសេរ៉ូមក៏បានដឹងខ្លួនឡើងវិញ ហើយបានរៀបរាប់ឱ្យដឹងថា ខ្លួនឈ្មោះរឿង ទេវី អាយុ២២ឆ្នាំ ស្រុកកំណើតនៅភូមិត្រពាំងទទឹម ឃុំត្រពាំងសាប ស្រុកប្រាសាទបាទី ខេត្ដតាកែវ ជារៀងរាល់ថ្ងៃនាងជិះរថយន្ដឈ្នួលមកធ្វើការពេលព្រឹក ហើយល្ងាចជិះត្រឡប់ទៅផ្ទះវិញ ។ នៅថ្ងៃទី១៦ កុម្ភៈ ពេលព្រឹករៀបចេញពីផ្ទះនាងមានជំងឺក្ដៅខ្លួន និងក្អក ហើយឱ្យគ្រូពេទ្យផ្សំថ្នាំឱ្យនាងលេបរួចទើបចេញមកធ្វើការ ពេលកំពុងអង្គុយធ្វើការបានប្រមាណមួយម៉ោង នាងមានសភាពធីងធោងរួចក៏លែងដឹងខ្លួនតែម្ដង។ បន្ទាប់មកមិត្ដភក្ដិធ្វើការជាមួយនាំនាងមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ដោយដឹកតាមរ៉ឺម៉ក ។ ចំណែកព័ត៌មានពីស្ដ្រីដែលធ្វើការនៅរោងចក្រកាត់ដេរអូហ្សូនវិញ ត្រូវបានបង់ថ្លៃស្រីឈ្មោះ ភិត ធី អាយុ២៧ឆ្នាំ ស្រុកកំណើតនៅភូមិតាឡង់ ឃុំបាន់នាវ ស្រុកឈូក ខេត្ដកំពតបានរៀបរាប់ថា នារីរងគ្រោះឈ្មោះគង់ ស្រីទូច អាយុ១៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ហើយមកធ្វើការនៅរោងចក្រកាត់ដេរអូហ្សូននេះ ដោយជួលបន្ទប់ស្នាក់នៅជិតស្ដុបផ្សារដីហុយ ។ កាលពីថ្ងៃទី១៥ កុម្ភៈ គាត់បានមកលេងផ្ទះបងនៅស្រុកកៀនស្វាយ ហើយបានទូរស័ព្ទមកឈ្មោះគង់ ស្រីទូច នាងប្រាប់ថាឈឺ អត់បានទៅធ្វើការទេ ឮដូច្នេះក៏ប្រាប់ថា ស្អែកគាត់យកនាងទៅស្រុកវិញ ។ លុះព្រឹកថ្ងៃទី១៦ កុម្ភៈ បានទូរស័ព្ទមកទៀត និយាយបានបន្ដិចស្រាប់តែមិនឮនាងនិយាយបន្ត ហើយទូរស័ព្ទមកម្ដងទៀតគ្មានអ្នកទទួលគាត់ក៏ជួលរ៉ឺម៉កជិះពីកៀនស្វាយមកភ្នំពេញ កំពុងតែជិះស្រាប់តែលេខទូរស័ព្ទរបស់នាងតេមកគាត់ ហើយសួរថា ស្គាល់លេខទូរស័ព្ទនេះទេ គាត់ថាប្អូនរបស់គាត់ ទើបគេប្រាប់ថា នាងសន្លប់យកទៅគ្លីនិកឯកជននៅជិតផ្សារទឹកថ្លា ពេលគាត់មកដល់គ្លីនិកគ្រូពេទ្យប្រាប់ឱ្យយកមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈវិញ ។ អ្នកនាំនាងមកកាន់គ្លីនិកឯកជននោះបានឱ្យដឹងថា ពេលខ្លួនកំពុងដើរជិតបន្ទប់នាងស្នាក់នៅនោះឃើញនាងកំពុងឈរនិយាយទូរស័ព្ទបន្តិចមក ស្រាប់តែនាងទ្រេតទ្រោតរកដួលក៏ទៅជួយហើយបញ្ជូននាងមកកាន់គ្លីនិកតែម្តង ៕ |
ការភ្លើតភ្លើនរបស់យុវវ័យក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់បានកាត់បន្ថយ Posted: 16 Feb 2011 02:04 AM PST ខេត្តព្រះសីហនុ ៖ ពាក្យថា «ស្រឡាញ់» សំរាប់ប្រជាពលរដ្ឋទូទៅធ្លាប់បានឮ បានស្គាល់យ៉ាងច្បាស់ទាំងកុមាររហូតមនុស្សចាស់ តែសំរាប់ពាក្យថា ពិធីបុណ្យថ្ងៃនៃក្តីស្រឡាញ់ គឺពុំត្រូវប្រជាពលរដ្ឋខ្មែរធ្លាប់ឮ ធ្លាប់ស្គាល់ទេពីមុនមក គឺទើបតែបានស្គាល់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះពិធីបុណ្យនេះជាប្រពៃណី និងទំនៀមទំលាប់របស់លោកខាងលិច។ គេតែងតែប្រារព្ធធ្វើពិធីបុណ្យនេះនៅថ្ងៃទី១៤ ខែកុម្ភៈ ជារៀងរាល់ឆ្នាំដើម្បីបង្ហាញនូវក្តីស្រឡាញ់ទៅវិញទៅមករវាងចាស់ព្រឹទ្ធាចារ្យ ឪពុក ម្តាយ បងប្អូន ញាតិមិត្ត មិត្តភក្តិ លោកគ្រូ អ្នកគ្រូ និងគូស្នេហ៍របស់គេ ។ ផ្ទុយទៅវិញ បច្ចុប្បន្ននេះទិវាបុណ្យនៃសេចក្តីស្រឡាញ់ត្រូវក្រុមយុវវ័យមួយចំនួនភ័ន្តច្រឡំថា ជាថ្ងៃបុណ្យសង្សារទៅវិញ ។ ដោយសារតែពាក្យនេះហើយ ទើបធ្វើឱ្យយុវវ័យមួយចំនួនភ្លើតភ្លើនរហូតមានយុវតីមួយចំនួនហ៊ានលះបង់ព្រហ្មចារីរបស់ខ្លួនជូនសង្សារដើម្បីបញ្ជាក់ពីក្តីស្រឡាញ់ទៅវិញ ដែលជាហេតុធ្វើឱ្យមានការអាប់អោនយ៉ាងខ្លាំងដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរក៏ដូចអាប់អោនដល់ទំនៀមទំលាប់ប្រពៃណីដ៏ផូរផង់របស់ដូនតាដែលបានបន្សល់ទុកមក ។ ជាការពិតណាស់ ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃទី១៤ កុម្ភៈ គេតែងតែឃើញយុវសិស្សក៏ដូចយុវវ័យជាច្រើនមានស្រី មានប្រុស ជិះម៉ូតូពពាក់ពពូនគ្នាជាគូៗ ទៅរកកន្លែងស្ងាត់ សាសងស្នេហា ។ ជាក់ស្តែងនៅខេត្តព្រះសីហនុក៏មិនខុសគ្នាពីនៅរាជធានី និងខេត្តនានាដែរ តាមការសង្កេតនៅរសៀលថ្ងៃទី១៤ កុម្ភៈ គេឃើញមានយុវវ័យជាច្រើនជិះម៉ូតូតាមដងផ្លូវពពាក់ពពូន និងមានយុវវ័យខ្លះនាំគ្នាទៅសាសងនៅតាមមាត់សមុទ្រ ប្រព្រឹត្តអំពើដែលសង្គមមិនផ្តល់តំលៃ ។ យុវតីដ៏ស្រស់ប្រិមប្រិយម្នាក់ជាអ្នកលក់ផ្កាឈ្មោះអាម៉ី ត្រូវអ្នកយកព័ត៌មានសួរថា មានការមមាញឹកទេ តើលក់ដាច់ទេ បើប្រៀបធៀបឆ្នាំមុន? នាងឆ្លើយថា លក់ដាច់ច្រើន តែនៅចាញ់ឆ្នាំមុនបន្តិច ចំពោះតំលៃផ្កាមានចាប់ពី១ដុល្លាររហូតដល់១០ដុល្លារ ។ បើយោងតាមមន្ត្រីនៃមន្ទីរវប្បធម៌ខេត្តព្រះសីហនុម្នាក់ឱ្យដឹងថា ចំពោះពិធីបុណ្យនៃសេចក្តីស្រឡាញ់នេះមិនមែនជាទំនៀមទំលាប់របស់ខ្មែរទេ វាជាប្រពៃណីទំនៀមទំលាប់របស់បស្ចិមប្រទេស ។ ប្រពៃណី ទំនៀមទំលាប់នេះវាទើបតែហូរចូលមកដល់ប្រទេសកម្ពុជាក្នុងអំឡុងប៉ុន្មានឆ្នាំមុននេះប៉ុណ្ណោះ តែបានជ្រាបចូលក្នុងអារម្មណ៍យុវវ័យយ៉ាងឆាប់រហ័សរហូតធ្វើឱ្យយុវជន យុវតីខ្លះភ្លេចអស់សេចក្តីថ្លៃថ្នូររបស់ខ្លួន របស់ក្រុមគ្រួសារ របស់ជាតិសាសន៍ខ្លួន ។ ប្រភពដដែលបន្តទៀតថា ក្នុងនាមរូបលោកជាមន្ត្រីវប្បធម៌ក៏ដូចជាមនុស្សចាស់មួយរូប សូមអំពាវនាវដល់ឪពុក ម្តាយគ្រប់រូប ជាពិសេសយុវវ័យទាំងអស់សូមភ្ញាក់រលឹកឡើងកុំយកវប្បធម៌ អរិយធម៌ប្រពៃណីទំនៀមទំលាប់ដ៏ល្អផូរផង់របស់ខ្មែរទៅធ្វើជាល្បែងលេងសើច។ ឪពុក ម្តាយគ្រប់រូបគួរតែណែនាំបុត្រធីតារបស់ខ្លួនឱ្យបានម៉ត់ចត់ដើម្បីរក្សាឱ្យបានសេចក្តីថ្លៃថ្នូររបស់យើងទាំងអស់គ្នា។ ទោះបីជាបែបណាក្តី ការភ្លើតភ្លើនក្នុងថ្ងៃទី១៤ កុម្ភៈ ឆ្នាំនេះតាមការកត់សំគាល់ គឺមានការថយចុះ ទោះបីមានអ្នកលក់ផ្កាព្រោងព្រាតក្តី តែមិនបង្ហាញថា ថ្ងៃនេះជាថ្ងៃបុណ្យសង្សារ ហើយហ៊ាននិយាយពេញមាត់ទៀតទេ ក្រៅតែពី ការនិយាយថា ថ្ងៃបុណ្យនៃក្តីស្រឡាញ់ដែលជាទូទៅពាក្យថា ស្រឡាញ់ គឺបង្ហាញពីសន្តិភាព មិត្តភាពប៉ុណ្ណោះ ៕ |
មានផ្ទុះការបះបោរក្នុងទីក្រុងមួយរបស់លីប៊ី Posted: 16 Feb 2011 01:59 AM PST សាក្សីទាំងឡាយ និងបណ្តាម៉ាស៊ីនឃោសនាក្នុងស្រុករាយការណ៍ថា ការប៉ះទង្គិចគ្នាយ៉ាងសាហាវបានផ្ទុះឡើងកាលពីយប់ថ្ងៃទី១៥ មក១៦ កុម្ភៈ ក្នុងទីក្រុង BENGHHAZI របស់លីប៊ី ដែលនៅទីនោះមនុស្សជាច្រើនរយនាក់បានប៉ះគ្នាជាមួយប៉ូលិសរួមទាំងជំនួយរបស់ពួកអ្នកគាំទ្ររដ្ឋាភិបាល ។ ការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សម្នាក់ក្នុងទីក្រុងស្ថិតនៅជាប់មាត់សមុទ្រភាគខាងកើតលីប៊ីនេះជាដើមចមនាំឱ្យផ្ទុះការបះបោរនោះ។ ទូរទស្សន៍រដ្ឋលីប៊ីរៀបរាប់ម្យ៉ាងទៀតពីការប្រមូលផ្តុំរបស់ពួកអ្នកគាំទ្រមេដឹកនាំលីប៊ីលោកវរសេនីយ៍ឯក មូអាមម៉ា កាដាហ្វី នៅទូទាំងប្រទេស ៕ |
ល្បែងសេះប្រយុទ្ធគ្នានៅក្រុង RONGSHUI ប្រទេសចិន Posted: 16 Feb 2011 01:57 AM PST នៅទីក្រុង RONGSHUI តំបន់ស្វយ័តហ៊្សូអាង ខេត្តហ្គង់ស៊ី ភាគនិរតីប្រទេសចិន មានរៀបចំល្បែងសេះប្រយុទ្ធគ្នាកាលពីថ្ងៃទី១៥ កុម្ភៈ ។ ល្បែងប្រយុទ្ធរបស់សេះដ៏ស្រៀវសាច់នេះ ទាក់ទាញទស្សនិកជនយ៉ាងច្រើនកុះករ ។ ការប្រយុទ្ធរបស់សេះនេះត្រូវបានរៀបចំធ្វើនៅ RONGSHUI ដើម្បីអបអរសាទរចំពោះបុណ្យ LANTERNES នាពេលខាងមុខនេះ ៕ |
ផ្លូវភ្លោះលើកដំបូងត្រូវបានសាងសង់ទៅកាន់អាកាសយានដ្ឋានសៀមរាប Posted: 16 Feb 2011 01:39 AM PST ខេត្តសៀមរាប ៖ ក្រុមមន្ដ្រីអាជា្ញធរបានអះអាងថា គម្រោងការស្ថាបនាផ្លូវភ្លោះជាលើកដំបូងប្រវែង៩គីឡូម៉ែត្រ អមសងខាងផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប នឹងត្រូវបញ្ចប់នៅពាក់កណ្ដាលឆ្នាំនេះ ហើយរំពឹងថាវានឹងនាំមកនូវភាពទាក់ទាញមួយយ៉ាងសំខាន់សំរាប់ភ្ញៀវទេសចរជាតិ-អន្ដរជាតិមកទស្សនាខេត្ដនេះ ដែលមានចំនួនរាប់លាននាក់ក្នុងមួយឆ្នាំៗ។ ថ្លែងនៅក្នុងឱកាសដឹកនាំមន្ដ្រីក្រោមឱវាទចុះទៅពិនិត្យការដ្ឋានសាងសង់ផ្លូវភ្លោះនោះកាលពីរសៀលថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១១ កន្លងទៅ លោកស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា ផ្លូវភ្លោះដែលកំពុងតែស្ថាបនានេះ វានឹងនាំមកនូវចំណាប់អារម្មណ៍សំខាន់មួយសំរាប់ភ្ញៀវទេសចរជាតិ-អន្ដរជាតិ បន្ទាប់ពីគេបានចុះពីលើយន្ដហោះជាន់លើទឹកដីអង្គរជាលើកដំបូង ហើយជិះឆ្លងកាត់ផ្លូវដ៏មានសារសំខាន់នេះ។ លោកអភិបាលខេត្ដបានបញ្ជាក់ថា ផ្លូវភ្លោះជាលើកដំបូងដែលកំពង់តែប្រឹងប្រែងស្ថាបនានេះជាប្រភេទផ្លូវបេតុង និងចាក់អ៊ុតកៅស៊ូពីលើ មានប្រវែង៩គីឡូម៉ែត្រ ចេញពីកែងស្តុបសុខា សង់អមសងខាងកំណាត់ផ្លូវជាតិលេខ៦ ឆ្ពោះទៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាប និងគ្រោងចំណាយទឹកប្រាក់ប្រមាណជាង១០លានដុល្លារអាមេរិក ដែលជាផ្នែកមួយនៃថរិកាចំណាយរបស់អាជា្ញធរអប្សរា។ ចំណែកលោកប៊ុន ថាឬទ្ធិ អភិបាលរងខេត្ដសៀមរាបដែលបានរួមដំណើរចុះទៅពិនិត្យការដ្ឋានសាងសង់ផ្លូវដ៏មានសារសំខាន់នោះដែរ បានចាត់ទុកការស្ថាបនាផ្លូវភ្លោះនោះថា ជាផ្នែកមួយនៃការប្ដេជា្ញចិត្ដរួមគ្នាក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យខេត្ដនេះក្លាយទៅជាទីក្រុងទេចរណ៍ដ៏តូចច្រឡឹងមានសោភ័ណភាពស្រស់បំព្រង ដើម្បីបំរើឱ្យវិស័យទេសចរណ៍ដែលកំពុងតែមានសក្ដានុពលនាពេលបច្ចុប្បន្ន ។ ដូច្នេះធ្វើយ៉ាងណាឱ្យបរិស្ថានស្អាត និងសណ្ដាប់ធ្នាប់ល្អ សេវាល្អ ដោយផ្ដើមចេញពីការខិតខំរៀបចំកែរំដោះនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងប្រព័ន្ធប្រឡាយសង្គ្រោះទឹកកខ្វក់ចេញពីក្រុង និងកែលម្អដងស្ទឹងប្រវត្ដិ សាស្ដ្រសៀមរាបផងដែរ។ ក្រុមសង្គមស៊ីវិលដែលបានធ្វើការឃ្លាំមើលទៅលើការអភិវឌ្ឍនានានៅក្នុងខេត្ដសៀមរាប បានសម្ដែងនូវការស្វាគមន៍ចំពោះផែនការអភិវឌ្ឍន៍ ប៉ុន្ដែគេបានផ្ដល់ជាទស្សនាទានដល់អាជា្ញធរថា គួរតែគិតគូរជាមុននូវគុណភាព ព្រោះកន្លងមកគេតែងសង្កេតឃើញការស្ថាបនាផ្លូវចាក់កៅស៊ូក្នុងក្រុងមួយចំនួនមានការខូចទៅវិញក្នុងរយៈពេលដ៏ខ្លីបំផុត។ ប្រការនេះបង្ហាញឱ្យឃើញពីការកេងវត្ថុធាតុដើម ឬការចេញថ្លៃសាងសង់មិនប្រក្រតី នាំឱ្យខាតបង់ថវិកាបដិភាគរបស់ប្រជាពលរដ្ឋ និងថវិកាជាតិឥតប្រយោជន៍៕ |
រកយុត្តិធម៌មិនឃើញស្ត្រីម្នាក់ប៉ុនប៉ងធ្វើអត្តឃាតសុំចាញ់អយុត្តិធម៌ Posted: 16 Feb 2011 01:26 AM PST ក្រុងប៉ោយប៉ែត ៖ ស្ត្រីម្នាក់ព្រោះតែខូចចិត្តដ្បិតត្រូវគេពង្រាត់កូន និងខ្លួនឯងត្រូវគេរំលោភទៀត ហើយមិនទទួលបានភាពយុត្តិធម៌ក្រោយពីដាក់ពាក្យបណ្តឹងអស់រយៈពេលជាយូរនោះ បានប៉ុនប៉ងធ្វើអត្តឃាតបន្ទាប់ពីសុំវត្តជ្រកកោនមួយយប់នៅក្រុងប៉ោយប៉ែត ។ ស្ត្រីដែលអះអាងថា ត្រូវគេពង្រាត់កូន ហើយក៏ត្រូវគេរំលោភទៀតនេះ អាយុ២៧ឆ្នាំ និងមានទីលំនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ស្ត្រីរូបនេះបានរៀបរាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១៥ កុម្ភៈ នៅក្នុងបរិវេណវត្តប្រជាធម្មត្រ័យថា រូបនាងត្រូវប្តីពង្រាត់កូនពីទ្រូងទៅឱ្យអ្នកដទៃ ហើយទៅយកប្រពន្ធចុងមួយទៀត មិនតែប៉ុណ្ណោះ នាងក៏ត្រូវរងគ្រោះ ដោយគេចាប់រំលោភនិងវាយធ្វើបាប ហើយបានដាក់ពាក្យបណ្តឹងដែរ តែមិនទទួលបាននូវភាពយុត្តិធម៌ ទើបគិតខ្លីបែបនេះ ។ ជាមួយនេះនាងក៏បានបង្ហាញរូបថតដែលគ្រួសារមួយបានវាយធ្វើបាបនាង និងកោរសក់នាងក្រោយពីចាប់នាងរំលោភ ហើយនិងមានទាំងពាក្យបណ្តឹងមួយច្បាប់ដែលនាងប្តឹងពីជនល្មើសទៅព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាបផងដែរ ។ នាងបានរៀបរាប់ថា នាងមានកូនប្រុស២នាក់ កូនច្បងអាយុ៦ឆ្នាំ ឈ្មោះគា ពេជ្រ និងកូនប្អូនអាយុ៤ឆ្នាំ តែនាងពុំស្គាល់ឈ្មោះទេ ព្រោះប្តីនាងបានយកពីនាងតាំងពីទើបតែកើតបាន១០ថ្ងៃ ទៅឱ្យអ្នកដទៃ នៅឯខេត្តកំពង់ចាម ខណៈមានជម្លោះក្នុងគ្រួសារ ។ ចំណែកឯកូនទី១ ប្តីរបស់នាងបានយកទៅឱ្យសាច់ញាតិរបស់ខ្លួននៅខេត្តសៀមរាប ។ ស្ត្រីខាងលើបន្តថា ដោយសារមានវិវាទក្នុងគ្រួសារ ហើយកូនត្រូវគេពង្រាត់ ចំណែកប្តីទៅលួចមានប្រពន្ធចុងមួយទៀតនៅក្រុងប៉ោយប៉ែត នាងគ្មានការងារធ្វើក៏ទៅសីុឈ្នួលនៅផ្ទះគ្រួសារមួយដែលនាងប្តឹងថា បានចាប់នាងរំលោភនិងវាយធ្វើបាប ។ ពាក់ព័ន្ធនឹងគ្រួសារដែលនាងប្តឹងថា បានចាប់នាងរំលោភ និងវាយធ្វើបាបនោះនាងរ៉ាយរ៉ាប់ថា បានកើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០០៦ ខណៈមានបុរសម្នាក់ឈ្មោះឡូឡូ នាំនាងទៅធ្វើការនៅគ្រួសារមួយឈ្មោះផាត់ ពេក តែមិនស្គាល់ឈ្មោះប្រពន្ធ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ នាងបន្តថា ការទៅនៅស៊ីឈ្នួលគេនោះគឺគេសន្យាថា ឱ្យកម្រៃក្នុងមួយខែ១០ម៉ឺនរៀល និងអង្ករ១ការុង។ ពេលរស់នៅជាមួយគេនោះ នៅល្ងាចមួយ ក្រោយពីនាងងូតទឹកចូលដេក ស្រាប់តែឈ្មោះផាត់ ពេក ចាប់នាងរំលោភហើយគំរាមថា បើមិនព្រម ឬស្រែកគេនឹងច្របាច់កនាងសម្លាប់ ។ ក្រោយពីត្រូវចាប់រំលោភនាងបានព្យាយាមសុំចេញពីផ្ទះនោះ ប៉ុន្តែម្ចាស់ផ្ទះមិនឱ្យនាងចេញឡើយ ហើយបានរំលោភនាងជាបន្តបន្ទាប់រហូតតាំងពីថ្ងៃទី១ រហូតដល់ថ្ងៃទី៤ កុម្ភៈ ទើបនាងសុំចេញម្តងទៀត ក៏ត្រូវគ្រួសារនោះទាំងប្តី ទាំងប្រពន្ធវាយធ្វើបាបរហូតបុរសជាប្តីនោះឱ្យប្រពន្ធរបស់ខ្លួនកោរសក់នាងអស់ទៀតផង ។ ស្ត្រីខាងលើរៀបរាប់ទៀតថា ក្រោយពីត្រូវគេវាយធ្វើបាប និងរំលោភនោះ នាងបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ប៉ុន្តែមិនទទួលបានលទ្ធផល ទើបប្តឹងទៅតុលាការ ប៉ុន្តែក្រោយពីដាក់ពាក្យបណ្តឹងនៅតុលាការបាន៨ខែ បែរជាក្រឡាបញ្ជីម្នាក់ប្រាប់នាងថា ជនដែលនាងប្តឹងចោទត្រូវបានក្របីវ័ធស្លាប់ហើយ ព្រមទាំងប្រាប់នាងថា បញ្ឈប់ត្រឹមនេះចុះ ។ នាងបញ្ជាក់ថា មូលហេតុដែលនាងចង់ធ្វើអត្តឃាត ព្រោះតែរឿងហេតុទាំងអស់ខាងលើនេះឯង ។ នាងប្រាប់ថា កន្លងមកនាងធ្លាប់លេបថ្នាំសម្លាប់ខ្លួនអស់ចំនួន២បន្ទះម្តងដែរ ប៉ុន្តែត្រូវមិត្តភក្តិជួយយកទៅមន្ទីរពេទ្យទាន់ ។ ការរៀបរាប់របស់ស្ត្រីរូបនេះមិនដឹងថា មានការពិតកំរិតណាទេ ព្រោះនេះគ្រាន់តែជាការអះអាងរបស់នាងប៉ុណ្ណោះ ៕ |
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាធ្វើមហាសន្និបាតវិសាមញ្ញ Posted: 16 Feb 2011 01:06 AM PST រាជធានីភ្នំពេញ ៖ នៅសណ្ឋាគារណាហ្គាវើល កាលពីថ្ងៃអង្គារ ទី១៥ កុម្ភៈ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំធ្វើមហាសន្និបាតវិសាមញ្ញរបស់ខ្លួន ដើម្បីធ្វើរបាយការណ៍បូកសរុបការងារសកម្មភាព និងហិរញ្ញវត្ថុប្រចាំឆ្នាំ២០១០ កន្លងមក និងលើកទិសដៅបន្តឆ្នាំ២០១១ ដើម្បីដាក់ជូនអង្គមហាសន្និបាតពិភាក្សា និងអនុម័ត ។ ពិធីនេះក្រោមការអញ្ជើញចូលរួមពីលោកថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ត្រីសមាជិកគណៈកម្មាធិការប្រតិបត្តិ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទាំងអស់ ព្រមទាំងមន្ត្រីតំណាងសហព័ន្ធកីឡាជាតិ គ្រប់ផ្នែកផងដែរ ។ លោកថោង ខុន មានប្រសាសន៍ថា អស់រយៈពេលជាង១ឆ្នាំនៃអាណត្តិទី៥ប្រចាំឆ្នាំ២០០៩-២០១៣ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទាំងអស់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើកំណែទំរង់ការងាររបស់ខ្លួន ឈានទៅរកគុណភាព និងសមត្ថភាពដឹកនាំចលនាអូឡាំពិកប្រកបដោយប្រសិទ្ធភាព ។ សមិទ្ធផលដែលបានកើតឡើងរយៈពេល១ឆ្នាំមកនេះ គឺបានមកពីការរួមចំណែករបស់អស់លោក លោកស្រី មន្ត្រីកីឡា និងកីឡាករ-កីឡាការិនី ពិតប្រាកដ ។ មហាសន្និបាតថ្ងៃនេះ នឹងបានចែករំលែកបទពិសោធន៍ ចំណេះដឹង និងការអនុវត្តប្រកបដោយជោគជ័យក្នុងវិស័យកីឡាកន្លងមក និងការបង្ហាញជូននូវកិច្ចការពារចលនាអូឡាំពិក តាមរយៈការថែរក្សាស្វ័យភាព អភិបាលកិច្ចល្អ តម្លាភាព និងការដោះស្រាយវិវាទក្នុងវិស័យកីឡា ស្របតាមស្មារតីធម្មនុញ្ញអូឡាំពិក ។ ជាមួយគ្នានេះដែរ ដោយមានការណែនាំពីអូឡាំពិកអន្តរជាតិ IOC គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើការពិនិត្យ ដើម្បីធ្វើវិសោធនកម្មធម្មនុញ្ញគណៈកម្មាធិការជាតិអូឡាំពិកឡើងវិញ ដើម្បីឱ្យបានសមស្របតាមសភាពការណ៍ថ្មីផងដែរ ។ ផែនការជាយុទ្ធសាស្ត្រ និងសកម្មភាពការងាររបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងឆ្នាំ២០១១ គឺសំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា ជាមួយអាជ្ញាធរកីឡា សហព័ន្ធកីឡា ស្ថាប័នពាក់ព័ន្ធនានាឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធ ភាពថែមទៀត ។ បច្ចុប្បន្នគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានសហព័ន្ធជាសមាជិកចំនួន៣៣ ក្នុងនោះសហព័ន្ធកីឡាអូឡាំពិកមាន១៨ និងមិនមែនអូឡាំពិក១៥ ។ សហព័ន្ធនីមួយៗមានកំរិតរីកចំរើនខុសៗគ្នា ។ មូលហេតុដែលសហព័ន្ធកីឡាជាតិមានលក្ខណៈខុសគ្នាបែបនេះ ជាការដែលធ្វើឱ្យវិស័យកីឡាទាំងមូលគ្មានមូលដ្ឋានរឹងមាំ មានគម្លាតគ្នាឆ្ងាយរវាងសហព័ន្ធខ្លាំង និងសហព័ន្ធខ្សោយ ។ ដើម្បីរកវិធានការថ្មីសំរាប់សហព័ន្ធ លោកក៏បានចង្អុលបង្ហាញនូវចំណុចសំខាន់មួយចំនួនសំរាប់អនុវត្តដូចជា ពង្រឹងការងារ រដ្ឋបាល ពង្រឹងការងារបន្ថែម នៅក្នុងសហព័ន្ធនីមួយៗ លើផ្នែកបច្ចេកទេស ការហ្វឹកហាត់ ឱ្យបានខ្លាំងក្លាថែមទៀត រួមគ្នាពិគ្រោះយោបល់ស្វែងរកជំនួយស្មារតី និងធ្វើផែនការឱ្យបានច្បាស់លាស់ លើគម្រោងសកម្មភាពដោយពិគ្រោះយោបល់ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ឬស្ថាប័នជំនាញផ្សេងៗទៀត ។ ឧបសគ្គ និងបញ្ហាប្រឈមមុខទាំងនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ធ្វើយ៉ាងណាឱ្យមានភាពល្អប្រសើរឡើងវិញ ។ អង្គមហាសន្និបាតវិសាមញ្ញនាពេលនោះក៏ជាទិសដៅមួយយ៉ាងសំខាន់ក្នុងការផ្តល់ជាគំនិតដល់សហព័ន្ធកីឡាជាតិ ដែលមានសក្តានុពលមួយចំនួន ដើម្បីទាមទារនូវជ័យជំនះដណ្តើមមេដាយឱ្យបានច្រើននៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៦ នៅឥណ្ឌូណេស៊ី នាខែវិច្ឆិកា ឆ្នាំ២០១១ ខាងមុខ ៕ |
ជិះម៉ូតូដល់មុខផ្ទះ គូដណ្តឹងស្រីចុះផុតបន្តិច ជនដៃដល់វាយប្រហារទឹកអាស៊ីត Posted: 16 Feb 2011 12:57 AM PST រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវជនដៃដល់មានគ្នា២នាក់ ធ្វើការវាយប្រហារដោយទឹកអាស៊ីត បណ្តាលឱ្យរលាករលះរលួយមុខដៃ និងដងខ្លួនយ៉ាងដំណំ កាលពីវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី១៥ កុម្ភៈ នៅចំណុចមុខផ្ទះលេខ១បេ ផ្លូវលំ ក្រុមទី៤ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ។ ក្រោយពីវាយប្រហារហើយ ជនល្មើសទាំង២នាក់ បានជិះម៉ូតូគេចខ្លួនបាត់ភ្លាមៗ ដោយគ្រាន់តែដឹងថា ពួកគេស្លៀកពាក់ស៊ីវិល មានយួរទឹកអាស៊ីត១ថង់ខ្មៅ ជិះម៉ូតូ១គ្រឿង ពណ៌ខ្មៅមិនស្គាល់ម៉ាក ។ តាមសាក្សីឃើញហេតុការណ៍បានឱ្យដឹងថា ជនដៃដល់ជាអ្នកជះទឹកអាស៊ីតនោះ មានរាងស្គមស្តើង សម្បុរខ្មៅ កម្ពស់ប្រហែល១.៦៥ម៉ែត្រ ពាក់អាវពណ៌សដៃវែង អាយុប្រហែល២១ ទៅ២២ឆ្នាំ ចំណែកជនល្មើសម្នាក់ទៀតមើលមិនច្បាស់ ។ ចំណែកបុរសរងគ្រោះដោយការវាយប្រហារទឹកអាស៊ីតនេះឈ្មោះសៀង ប៊ូឡេង ភេទប្រុស អាយុ២៤ឆ្នាំ ជាគ្រូបង្រៀននៅសាលាអាយធី ស្នាក់នៅផ្ទះលេខ១៣៧អឺ៣ ផ្លូវលេខ២៧៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រងរបួសរលាកពេញផ្ទៃមុខ ខ្លួន និងដៃទាំងសងខាង ។ សាក្សីឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនម៉ាកហុងដាវ៉េវ អាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-6884 ឌុបគូដណ្តឹងឈ្មោះលីវ ឈីវហ័ង ភេទស្រី អាយុ២៤ឆ្នាំ ធ្វើការជាមួយគ្នា ចេញពីផ្ទះមិត្តភក្តិជនជាតិហ្វីលីពីន នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ក្នុងគោលបំណងត្រឡប់មកផ្ទះកើតហេតុខាងលើ ។ លុះមកដល់មុខផ្ទះកើតហេតុ ជនរងគ្រោះក៏ឈប់ម៉ូតូ ហើយដោះមួកការពារចេញពីក្បាល ចំណែកនារីជាគូដណ្តឹងក៏ចុះពីលើម៉ូតូដើរចូលផ្ទះមុន ។ ស្រាប់តែមានជនល្មើស១នាក់ ដែលមានភិនភាគដូចខាងលើ រត់កាន់ថង់ប្លាស្ទិកពណ៌ខ្មៅដាក់ទឹកអាស៊ីត មកគប់លើជនរងគ្រោះតែម្តង បណ្តាលឱ្យរងរបួសរលាកពេញខ្លួន និងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗផងដែរ ៕ |
លោកអូបាម៉ា ស្នើពិភពអារ៉ាប់យកគំរូតាមអេហ្ស៊ីប Posted: 16 Feb 2011 12:54 AM PST ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី១៥ កុម្ភៈ បានលើកប្រទេសអេហ្ស៊ីបជាគំរូមួយ ហើយអំពាវនាវដល់បណ្តាសម្ព័ន្ធមិត្តនៃពិភពអារ៉ាប់ឱ្យឆ្លើយតបតាមបំណងប្រាថ្នាទាមទារលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន ដោយចង់ឱ្យពលរដ្ឋអ៊ីរ៉ង់បន្តប្រឆាំងនឹងបណ្តាមេដឹកនាំរបស់ខ្លួន ។ ក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាន៤ថ្ងៃក្រោយការផ្តួលរំលំប្រធានាធិបតីអេហ្ស៊ីប លោកហ៊ូស្នី មូបារ៉ាក់ លោកអូបាម៉ា ថ្លែងថា យើងបានបញ្ជូនសារខ្លាំងមួយដល់បណ្តាសម្ព័ន្ធមិត្តយើងក្នុងតំបន់ ដោយនិយាយប្រាប់ពួកគេឱ្យយកគំរូតាមអេហ្ស៊ីបកុំយកគំរូតាមអ៊ីរ៉ង់ ។ លោកអូបាម៉ា បន្តថា សារដែលយើងបានធ្វើចំពោះបណ្តាមិត្តក៏ដូចជាបណ្តាសត្រូវតាំងពីមុនបាតុកម្មនៅអេហ្ស៊ីបផង គឺថា ពិភពលោកមានការផ្លាស់ប្តូរ ។ លោកអូបាម៉ា ធ្លាប់បានថ្លែងសុន្ទរកថាមួយក្នុងន័យនេះនៅទីក្រុងគែរ កាលពីឆ្នាំ២០០៩ ។ ចាប់តាំងពីការលាលែងកាលពីថ្ងៃទី១១ កុម្ភៈ កន្លងមកនេះ របស់លោកហ៊ូស្នី មូបារ៉ាក់ មកមានផ្ទុះបាតុកម្មនានាក្នុងប្រទេសដទៃៗទៀត ក្នុងតំបន់ដូចជា អាល់ហ្សេរី យេម៉ែន បារ៉ែន និងអ៊ីរ៉ង់ជាដើម ៕ |
ចិនគាំទ្រការខិតខំប្រឹងប្រែងសំដៅដោះស្រាយជំលោះរវាងកម្ពុជា និងថៃ Posted: 16 Feb 2011 12:47 AM PST ប្រទេសចិនអះអាងជាថ្មីកាលពីថ្ងៃទី១៥ កុម្ភៈ ពីការសន្យារបស់ខ្លួនធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយជំលោះព្រំដែនរវាងកម្ពុជានិងថៃ។ លោកម៉ា ហ្សាវស៊ូ អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា យើងអបអរសាទរ និងគាំទ្រការខិតខំប្រឹងប្រែងធ្វើអាជ្ញាកណ្តាលរបស់អាស៊ានដើម្បីសំរាលភាពតានតឹងរវាងកម្ពុជា និងថៃ ហើយយើងចង់ធ្វើការជាមួយអាស៊ាន និងសហគមន៍អន្តរជាតិដើម្បីដើរតួនាទីស្ថាបនាមួយក្នុងការដោះស្រាយជំលោះ។ អត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃទី១៥ កុម្ភៈ ក្នុងឱកាសនៃសន្និសីទសារព័ត៌មានមួយធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំមួយកាលពីថ្ងៃទី១៤ កុម្ភៈ របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប អំពីការប៉ះទង្គិចបង្ហូរឈាមគ្នានៅតាមព្រំដែននៃប្រទេសទាំង២ពីថ្ងៃទី៤ដល់ថ្ងៃទី៧ កុម្ភៈ កន្លងមកនេះ។ ដោយគូសបញ្ជាក់ថា កម្ពុជា និងថៃជាមិត្តជិតខាងរបស់ចិន លោកម៉ាហ្សាវស៊ូឱ្យដឹងថា ប្រទេសចិនមានការព្រួយបារម្ភចំពោះជំលោះនេះហើយចិនមានការសោកស្តាយចំពោះការបាត់បង់ជីវិតមនុស្សទាំងឡាយ។ លោកបានអំពាវនាវដល់ប្រទេសទាំង២ឱ្យស្ថិតក្នុងភាពស្ងប់ស្ងៀម ធ្វើការអត់ធ្មត់ ហើយធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីសំរាលភាពតានតឹង។ អ្នកនាំពាក្យរូបនេះបន្តទៀតថា យើងសង្ឃឹមថា ប្រទេសទាំង២នឹងគិតទៅដល់ទំនាក់ទំនងយូរអង្វែង និងសន្តិភាព ព្រមទាំងស្ថិរភាពក្នុងតំបន់ដោយលោកវាយតំលៃថា ការចរចា និងការពិគ្រោះពិភាក្សាគ្នា គឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយទំនាស់ ៕ |
យកវេទិកាយុត្តិធម៌ និងសមធម៌មកប្រឡាក់ប្រឡូសជាមួយការកាត់ទោសប្រពន្ធលោកឧកញ៉ាខូវ ជីលី Posted: 16 Feb 2011 12:37 AM PST រាជធានីភ្នំពេញ ៖ វេទិកាពិភាក្សាតុមូល ក្រោមប្រធានបទ «យើងទាំងអស់គ្នា ដើម្បីយុត្តិធម៌ និងសមធម៌» បានរៀបចំធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៦ កុម្ភៈ ដែលមានលោកផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីជាអ្នកសំរបសំរួល ។ វាគ្មិនដែលបានចូលរួមមានលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល សមាជិករាជរដ្ឋាភិបាល ជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស៊ុយ ម៉ុងលាង អគ្គលេខាធិការក្រុមប្រឹក្សាកំណែទំរង់ច្បាប់ និងប្រព័ន្ធតុលាការ លោកប៉ាល់ ចាន់តារា មេធាវីរដ្ឋាភិបាលកម្ពុជា និងមានវាគ្មិនសំខាន់ៗជាច្រើនរូបទៀត ។ កិច្ចពិភាក្សានេះក៏បានលើកយកករណីរបស់លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ពាក់ព័ន្ធនឹងការកាត់ទោសភរិយាលោកឧកញ៉ាខូវ ជីលី ឱ្យជាប់ពន្ធនាគារ២០ឆ្នាំផងដែរ ដែលមុននេះ មានការផ្សព្វផ្សាយមួលបង្កាច់ថា ជាការរៀបចំគំរោងរបស់លោកទេសរដ្ឋមន្ត្រី ។ ទាក់ទងនឹងរឿងក្តីដ៏ចម្រូងចម្រាសដែលរូបលោក និងក្រុមគ្រួសារជាជនរងគ្រោះ លោកស៊ុន ចាន់ថុល បានលើកឡើងថា កាលពីថ្ងៃទី១៥ កុម្ភៈ តុលាការសាលាដំបូងបានចេញសាលក្រមដើម្បីដាក់ទណ្ឌកម្មចំពោះមនុស្ស៤នាក់ ដែលបានរៀបចំគំរោងប៉ងរំលោភ និងសំលាប់ប្រពន្ធ និងកូនស្រីរបស់លោកអាយុ៩ឆ្នាំ ខណៈពេលដែលលោកកំពុងចុះបំពេញការងារ ។ លោកបញ្ជាក់ថា តុលាការបានចេញសាលក្រម ហើយនេះជារឿងពិតមិនមានជាការប្រឌិតរឿងឡើងដូចការផ្សាយព័ត៌មានមួយចំនួន ដែលបានចោទថា រូបលោកបានប្រឌិតរឿងឡើងដើម្បីដណ្តើមទ្រព្យសម្បត្តិពីឪពុកក្មេករបស់លោកនោះទេ ។ គួររំលឹកថា សម្លេងទ្រហោយំបានបន្លឺឡើងពីសំណាក់ជនដែលត្រូវចោទ និងក្រុមគ្រួសារលោកឧកញ៉ាខូវ ជីលី បន្ទាប់ពីសាលក្រមត្រូវបានប្រកាសផ្តន្ទាទោសទៅលើក្រុមជនត្រូវចោទរឿងរៀបចំគំរោងធ្វើមនុស្សឃាតគិតទុកជាមុន ទៅលើភរិយាលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ។ នៅរសៀលថ្ងៃទី១៥ កុម្ភៈ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសក្រុមជនដែលត្រូវចោទពីបទឃាតកម្មគិតទុកជាមុន ដែលមានជនត្រូវចោទ១-ឈ្មោះសេង ច័ន្ទដា ភេទស្រី អាយុ៤៦ឆ្នាំ ផ្តន្ទាទោសតំរូវឱ្យធ្វើការក្នុងពន្ធនាគាររយៈពេល២០ឆ្នាំ ក្រោមបទចោទអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា៣ នៃក្រមព្រហ្មទណ្ឌថ្មី ។ ២-ឈ្មោះសុខ ឡាក់ ភេទ ប្រុស អាយុ៣០ឆ្នាំ តំរូវឱ្យធ្វើការក្នុងពន្ធនាគាររយៈពេល២០ឆ្នាំ ៣-ឈ្មោះចាន់ សុខា ភេទស្រី អាយុ៣៨ឆ្នាំ តំរូវឱ្យធ្វើការក្នុងពន្ធនាគាររយៈពេល១៨ឆ្នាំ និង៤-ឈ្មោះនាង ស៊ីណាត ភេទស្រី អាយុ២៥ឆ្នាំ ក៏តំរូវដាក់ពន្ធនាគាររយៈពេល១៨ឆ្នាំដែរ ។ ដោយឡែកឈ្មោះយាន សុធារិទ្ធ ភេទ ប្រុស អាយុ២៥ឆ្នាំ តំរូវឱ្យរួចផុតពីការចោទប្រកាន់ទាំងស្រុង ។ សាលក្រមនេះត្រូវបានប្រកាសឡើងដោយលោកស៊ិន វិសាល ប្រធានក្រុមប្រឹក្សា ដែលបានធ្វើឡើងចំពោះមុខជនដែលត្រូវចោទព្រមទាំងមេធាវីទាំងសងខាង និងសាក្សីទាំងអស់។ សាលក្រមនេះបានទុកពេល៣០ថ្ងៃសំរាប់ភាគីទាំង២ដែលកើតទុក្ខមិនសុខចិត្តប្តឹងឡើងទៅសាលាឧទ្ធរណ៍។ គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី១៣ មិថុនា ២០១០ មានជនមួយក្រុមបានលបលួចប៉ុនប៉ងចូលទៅរំលោភ-សម្លាប់កូន និងភរិយាលោកស៊ុន ចាន់ថុល គឺលោកស្រីស៊ុន សុថា ដែលស្ថិតនៅផ្ទះលេខ១B ផ្លូវណតប្រ៊ីដ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ការប៉ុនប៉ងពីសំណាក់ជនមិនស្គាល់មុខនោះ មិនបានសំរេចទេ ត្រូវបានលោកស្រីស៊ុន សុថា ប្តឹងទៅសមត្ថកិច្ចក្រសួងមហាផ្ទៃ ដោយចោទប្រកាន់មនុស្ស៤នាក់ ជាអ្នកបំរើផ្ទះលោកឧកញ៉ាខូវ ជីលី និងផ្ទះលោកស៊ុន ចាន់ថុល ។ ក្រោយពីមានពាក្យបណ្តឹង នគរបាលក្រសួងមហាផ្ទៃបានស្រាវជ្រាវ និងឈានទៅចាប់ខ្លួនមនុស្ស៤នាក់នោះគឺមានឈ្មោះចាន់ សុខា នាង ស៊ីណាត សុខឡាក់ និងយាន សុធារិទ្ធ ហើយបន្ទាប់មកទៀតបានឃាត់ខ្លួនលោកស្រីសេង ច័ន្ទដា ភរិយាលោកឧកញ៉ាខូវ ជីលី ដោយចោទថា អ្នកស្រីសេង ច័ន្ទដា ជាអ្នករៀបគំរោងឱ្យមនុស្ស៤នាក់នោះធ្វើសកម្មភាព ប៉ុន្តែមិនបានសំរេច ។ មានការចោទប្រកាន់យ៉ាងដូច្នេះហើយបានជារហូតមកដល់ពេលនេះ មនុស្ស៤នាក់ត្រូវបានផ្តន្ទាទោស និងម្នាក់ឱ្យរួចផុតពីបទចោទ ក្រោយពីដំណើរការសវនាការចំនួន៦លើក ។ ម្នាក់ៗបានស្រែកទ្រហោយំ និងវាយប្រហារទៅលើស្ថាប័នតុលាការថា ការកាត់ក្តីនេះគ្មានភាពយុត្តិធម៌ ព្រោះពួកគេស្មានមិនដល់ថា មានទោសធ្ងន់ដល់ម្លឹង ។ ព្រោះពួកគេម្នាក់ៗសុទ្ធតែសំអាងថា គ្មានកំហុសរឿងទាំងអស់ត្រូវគេប្រឌិតសោះ បែរជាមានទោសដល់ថ្នាក់នេះ ៕ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |