VOA News: ព័ត៌មាន: “កម្ពុជា​ស្នើ​ឱ្យ​មាន​អ្នក​សង្កេតការណ៍​អាស៊ាន​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ” plus 3 more

VOA News: ព័ត៌មាន: “កម្ពុជា​ស្នើ​ឱ្យ​មាន​អ្នក​សង្កេតការណ៍​អាស៊ាន​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ” plus 3 more


កម្ពុជា​ស្នើ​ឱ្យ​មាន​អ្នក​សង្កេតការណ៍​អាស៊ាន​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ

Posted: 16 Feb 2011 12:15 PM PST

ប្រទេស​កម្ពុជា​នឹង​ស្នើសុំ​ឱ្យ​បណ្តា​ប្រទេស​អាស៊ាន​បញ្ជូន​ក្រុម​អ្នក​សង្កេត​ការណ៍​មកកាន់​តំបន់​ជម្លោះ​ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ដើម្បី​ត្រួតពិនិត្យ​មើល​បទ​ឈប់បាញ់​គ្នា​ខណៈ​ដែល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នឹង​បើក​កិច្ចប្រជុំ​នៅ​សប្តាហ៍​ក្រោយ​នេះ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ។

លោក​រដ្ឋមន្ត្រី​ការបរទេស​ហោ ណាំហុង​ បាន​ថ្លែង​នៅ​ថ្ងៃពុធ​នេះ​ថា​ប្រទេស​កម្ពុជា​នឹង​ស្នើសុំ​ឱ្យ​សមាគម ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​បញ្ជូន​ក្រុម​អ្នក​សង្កេត​ការណ៍​មកកាន់​តំបន់​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ ដើម្បី​ធានា​នូវ​បទ​ឈប់បាញ់​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ។

លោក​ហោ ណាំហុង​ បាន​ថ្លែងប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ក្រោយពី​វិល​ត្រឡប់​មក​ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ថា​លោក​នឹង​ធ្វើ​សំណើ​ទៅកាន់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដែល​គ្រោងនឹង​ធ្វើឡើង​នៅថ្ងៃ​ទី២២​ ខែ​កុម្ភៈ​នៅក្នុង​ទីក្រុង​ហ្សាកាតា​ឱ្យ​ដាក់​ពង្រាយ​ក្រុម​អ្នក​សង្កេតការណ៍​របស់​ខ្លួន​នៅតំបន់​ជម្លោះ​ព្រំដែន​សម្រាប់​ត្រួតពិនិត្យ​មើល​បទ​ឈប់បាញ់​គ្នា។

«ការប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ទីក្រុង​ហ្សាកាតា​ ថ្ងៃទី២២​ ខែកុម្ភៈ​ នឹង​ជជែក​បញ្ហា​ជម្លោះ ព្រំដែន​ កម្ពុជា​-ថៃ​នេះ។ ខ្ញុំនឹង​ស្នើ​ឱ្យ​មាន​អ្នក​សង្កេត​ការណ៍​របស់​អាស៊ាន​មក​ត្រួតពិនិត្យ​មើល​បទ​ឈប់ បាញ់​ដើម្បី​ឱ្យ​មាន​ការឈប់​បាញ់»។

ប្រទេស​សមាគម​អាស៊ាន​មាន​ប្រទេស​ប្រ៊ុយណេ​ កម្ពុជា​ ឥណ្ឌូនេស៊ី ​​ឡាវ ​ម៉ាឡេស៊ី ​ភូមា ​​ហ្វីលីពីន​ សិង្ហបូរី ​​ថៃ ​និង​​វៀតណាម​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ អង្គការ​សហ​ប្រជាជាតិ​បាន​សម្តែង​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង​អំពី​ការវាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ​កាល​ពេលថ្មីៗ​នេះ​នៅ​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​និង​បាន​អំពាវនាវ​ដល់​ភាគី​ទាំងពីរ​ឱ្យ​បង្កើត​បទ​ឈប់បាញ់​ជា​អចិន្ត្រៃយ៍។ សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បាន អំពាវនាវ​ដល់​ភាគី​ទាំងពីរ​បង្ហាញ​នូវ​ភាព​អត់ធ្មត់​ជា​អតិបរមា​និង​បញ្ចៀស​សកម្មភាព​ណាមួយ​ដែល​អាច ធ្វើ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ហោ ណាំហុង ​បាន​បន្ថែមថា​ប្រទេស​កម្ពុជា​ត្រូវតែ​ចរចា​ជាមួយ​ថៃ​ដើម្បី​ដោះ ស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន។ ប្រទេស​កម្ពុជា​មិនអាច​ជៀសវាង​ការចរចា​ជាមួយ​ថៃ​បានទេ។ ប៉ុន្តែ​ការ​ចរចា​ជាមួយ​ថៃ​ត្រូវ​មាន​ការ​ចូលរួម​ពី​ភាគី​ទីបី​ ជាពិសេស​អាស៊ាន​នេះ។

«ក្នុង​កិច្ចប្រជុំ​នៅ​ហ្សាកាតា​ខាងមុខ​នេះ ​ខ្ញុំនឹង​ស្នើ​ឱ្យ​មាន​វត្តមាន​របស់​តំណាង​អាស៊ាន ​ឬ ​ប្រធាន​អាស៊ាន​ ចូលរួម​គ្រប់​កិច្ចប្រជុំ​ស្តីពី​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ។ សូម្បី​តែ​កិច្ច​ប្រជុំ​គណៈកម្មការ​ព្រំដែន កម្ពុជា​-ថៃ​ក៏​ត្រូវ​តែ​មាន​វត្តមាន​របស់​តំណាង​ប្រធាន​អាស៊ាន​ចូលរួម​ដែរ។ ដូច្នេះ​ ការចាំបាច់​ត្រូវឱ្យ​មាន អ្នកទីបី​ចូលរួម​ស្តាប់​មើល​ការព្រមព្រៀង​ និង​ថាតើ​នរណា​អនុវត្ត​ និង​នរណា​មិន​អនុវត្ត»។

សំណើ​របស់​ប្រទេស​កម្ពុជា​នេះ​ផ្ទុយនឹង​គោលជំហរ​របស់​ប្រទេស​ថៃ​ដែល​បាន​អំពាវនាវ​ឱ្យ​មាន​ការចរចា​ទ្វេភាគី​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។

ការវាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​ថៃ​ពីថ្ងៃ​ទី៤​ដល់​ថ្ងៃទី៧​ ខែកុម្ភៈ ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១០ នាក់ ​និង​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ច្រើន​រាប់ពាន់​គ្រួសារ​នៃ​ប្រទេស​ទាំងពីរ​គ្មាន​ទី​ជម្រក។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបទេស​កម្ពុជា​បាន​បញ្ជាក់​ថា​កាលពី​យប់ថ្ងៃ​អង្គារ​និង​ព្រឹក​ថ្ងៃពុធ​នេះ​ កងទ័ព​ថៃ​បាន​គប់គ្រាប់​បែក​ បាញ់​កាំភ្លើង​ត្បាល់​ទំហំ​៨១​មីលីម៉ែត្រ ​និង​កាំភ្លើង​យន្ត​ជាច្រើន​គ្រាប់មក តំបន់​ភ្នំ​ទ្រព្យ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១.៦០០​ម៉ែត្រ​ពី​ព្រំដែន​ក្នុង​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ។ប៉ុន្តែ​កងទ័ព​កម្ពុជា​មិនបាន​បាញ់​តបត​វិញ​ទេ។

លោក​ សានសើន កែវកំណើត (Sansern Kaewkamnerd) ​អ្នកនាំពាក្យ​កងទ័ព​ជើងគោក​ថៃ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ៕

This posting includes an audio/video/photo media file: Download Now

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ស្នើ​សុំ​ឲ្យ​កម្ពុជា​និង​ថៃ​ឈប់​បាញ់​គ្នា​ជា​អន្ត្រៃយ៍

Posted: 16 Feb 2011 06:24 AM PST

ការិយាល័យអ.ស.ប.៖ ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ និង​ថៃ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ដែល​កំពុង​កើត​មាន​ឡើង​នេះ​ ​ហើយ​ឲ្យ​មាន​បទ​ឈប់​បាញ់គ្នា​ជា​អចិន្ត្រៃយ៍។

ការ​ប្រយុទ្ធ​គ្នា​នា​ពេល​ថ្មីៗ​នេះ ​បាន​បញ្ឆេះ​ជម្លោះ​ដែល​មាន​រាប់​ទសវត្សរ៍​ និង​បាន​នាំ​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​ហោចណាស់​១០​នាក់​ដែរ​ ​ក្នុង​ពេល​ប៉ះទង្គិច​រវាង​ទាហាន​របស់​ប្រទេស​ជាតិ​អាស៊ី​អាគ្នេយ៍​ទាំង​២​នេះ។

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា ​និង​ថៃ​បាន​ជួបគ្នា​យ៉ាង​សម្ងាត់​ជាមួយ​​សមាជិក​ទាំង​១៥​របស់​ក្រុម​ប្រឹក្សា​នេះ​ ហើយ​និង​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ជា​ប្រធាន​អង្គការ​​តំបន់​ASEAN​នេះ។

បន្ទាប់​ពីជំនួប​នោះ​ ​ប្រធាន​ក្រុម​ប្រឹក្សា​សម្រាប់​ខែ​កុម្ភៈ​នេះ​គឺ​លោកស្រី​ Marai Luiza​ Ribeiro​ Viotti​ ឯក​អគ្គ​រដ្ឋទូត​ប្រទេស​ប្រេស៊ីល​ ​បាន​អានសេចក្តី​ថ្លែង​ការណ៍​ ​ដែល​សម្តែង​នូវ​ការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ ​អំពី​ការ​ប្រយុទ្ធ​គ្នា​នា​ពេល​ថ្មីៗ​នេះ​ក្នុង​តំបន់​ដាច់ស្រយាល​មួយ​នៅ​ជិត​ប្រាសាទ​ហិណ្ឌូរបស់​ខ្មែរ​គឺ​ប្រាសាទ​ព្រះវិហារ​ ​ដែល​មាន​អាយុ​ជាង​៩០០​ឆ្នាំ។

«សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​អំពាវនាវ​ឲ្យ​ភាគីទាំង​២​សម្តែង​នូវ​ការ​អត់ធ្មត់​ជា​អតិបរមា​ ​ហើយ​ឲ្យ​បញ្ចៀស​សកម្មភាព​ដែល​អាច​ធ្វើ​ឲ្យ​ស្ថានភាព​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។ ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​បាន​ជំរុញ​បន្ថែម​ទៀត​ឲ្យ​ភាគី​ទាំងពីរ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​ ​ហើយនិង​អនុវត្ត​បទ​ឈប់​បាញ់​​គ្នានេះ​ឲ្យ​បាន​ពេញ​លេញ​និង​ដោះស្រាយ​ស្ថានភាព​នេះ​ដោយ​សន្តិវិធី​ និង​តាម​រយៈ​ការ​សន្ទនា​ដ៏មាន​ប្រសិទ្ធិភាព។​ សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​បាន​សម្តែង​ការ​គាំទ្រ​ដល់​ការ​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម​របស់​ ​ASEAN​ ​នៅ​ក្នុង​បញ្ហា​នេះ​ ​ហើយ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ភាគី​ទាំង​ពីរ​បន្ត​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អង្គការ​នេះ​ក្នុង​បញ្ហា​នេះ»។

ថ្លែង​តាង​នាម​ឲ្យ​សមាគម​ ASEAN​ ​លោក​ Marty Natalagawa ​រដ្ឋមន្រ្តី​​ក្រសួង​ការ​បរទេស​ឥណ្ឌូនេស៊ី​ ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា​ ​លោក​មាន​សុទិដ្ឋិ​និយម​កាន់​តែ​ច្រើន​ឡើង​អំពី​ស្ថាន​ការណ៍​នោះ​ បន្ទាប់​ពី​ជំនួប​របស់​អង្គការ​សហ​ប្រជាជាតិ។

«នៅ​ថ្ងៃនេះ​ក្នុង​អំឡុង​ពេល​នៃ​ការ​ពិភាក្សា​របស់​ក្រុម​ប្រឹក្សា​ ​ខ្ញុំ​បាន​ឮ​យ៉ាង​ខ្លាំង​ ​ហើយ​យ៉ាងច្បាស់​នូវ​បំណង​ប្រាថ្នា​របស់​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​ ​ដែល​ពិត​ជា​ចង់​ឲ្យ​បញ្ហា​នោះ​ត្រូវ​បាន​ដោះស្រាយ​ដោយ​សន្តិវិធី​ ​តាមរយៈ​ការ​សន្ទនា​ ​និង​ការ​ចរចា​គ្នា​ ហើយ​នេះ​ជា​ចំណុច​មួយ​ដែល​ប្រទេស​ឥណ្ឌូណេ​ស៊ី​ ​ជា​ប្រធាន​ ASEAN​ ​បាន​បញ្ជាក់​ជា​ច្រើន​ដង​ ​និង​ជា​ច្រើន​លើក។ ​ហើយ​ក៏មាន​ការទទួល​ស្គាល់​​ដែរ​ថា​ ​​ត្រូវតែ​មាន​ការ​ឈប់បាញ់​គ្នា​ ​ហើយ​​ថា​ ​ត្រូវតែ​មាន​ប្រភេទ​គំរូ​ខ្លះ​ ឬ​ប​ង្កើត​ប្រព័ន្ធ​ទាក់ទង​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ​មាន​ការឈប់បាញ់​គ្នា»។

លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ASEAN ​នឹង​​ពិភាក្សា​បញ្ហា​នេះ​នៅ​សប្តាហ៍​ក្រោយ​ក្នុង​រដ្ឋធានី​ Jarkarta។

ភាគី​ទាំង​២​បាន​ស្តី​បន្ទោស​គ្នា​ទៅវិញ​ទៅមក​ចំពោះ​ការ​ចាប់ផ្តើម​អរិភាព​នេះ។​ កម្ពុជា​ក៏​បាន​ចោទ​ប្រកាន់​ថា​ ​ប្រទេស​ថៃ​ប្រើប្រាស់​គ្រាប់មីន​ចង្កោម។

ការ​ចោទប្រកាន់​នេះ​បាន​ត្រូវ​លោក Kasit Piromya រដ្ឋមន្រ្តី​ការ​បរទេស​ថៃ​ ​បដិសេធ​យ៉ាង​ដាច់​អហង្ការ។

លោក​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា​ ​មិន​មាន​ហេតុផល​ដែល​ថា​ ​ជម្លោះ​ព្រំដែន​គួរ​បន្ត​ទៀត​ទេ​ ​ក៏ប៉ុន្តែ​លោក​និយាយ​ទៀត​ថា​ ​ជម្លោះ​បែប​នេះ​ត្រូវការ​ពេល​វេលា​ ​និង​ឆន្ទៈ​នយោបាយ​ ​ទើប​ដោះស្រាយ​​បាន។

ឧបនាយក​រដ្ឋមន្រ្តី​ ​និង​រដ្ឋន្រ្តី​ក្រសួង​ការ​បទេស​កម្ពុជា​ ​លោក ​ហោ​ ណាំហុង ​បាន​និយាយ​សង្កត់ធ្ងន់​ប្រាប់​ពួក​អ្នក​យក​ព័ត៌​មាន​អំពី​ការ​ប្រើប្រាស់​គ្រាប់​មីន​ចង្កោម​ ​ដោយ​លោក​មាន​ប្រសាសន៍​ថា​ ​អ្នក​ជំនាញការ​២​នាក់​បាន​កំណត់​ថា​ ​ភាគី​ថៃ​បាន​ប្រើប្រាស់​គ្រាប់​មីន​ចង្កោម។ ​លោក​ក៏​បាន​សម្តែង​នូវ​ការ​អាក់អន់​ចិត្ត​របស់​​លោក​ដែរ ​​ពីព្រោះ​​​ក្រុម​ប្រឹក្សា​សន្តិសុខ​មិន​មាន​ផែនការ​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ ​ឬ​បេសកកម្ម​ស្វែងរក​ការណ៍​ពិត​នៅ​តំបន់​នោះ​ ​ដើម្បី​ធានា​ឲ្យមា​នការ​អនុវត្ត​បទឈប់​បាញ់​គ្នា​នេះ៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

This posting includes an audio/video/photo media file: Download Now

តុលាការ​ក្រុងភ្នំពេញ​ផ្តន្ទាទោស​ជន​បរទេស​បីនាក់​​រឿង​គំរាម​ទូតអាមេរិក

Posted: 16 Feb 2011 01:09 PM PST

តុលាការ​ក្រុងភ្នំពេញ​នៅ​ថ្ងៃពុធ​នេះ​បាន​សម្រេច​ផ្ដន្ទាទោស​ជនបរទេស​ចំនួន​បីនាក់​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​ទៅដល់​ប្រាំបីឆ្នាំ។ ជន​ទាំងបី​នាក់​ត្រូវ​ចោទប្រកាន់​ពីបទ​បាន​គំរាម​ធ្វើ​ការវាយ​ប្រហារ​ទៅ​លើ​ស្ថានទូត​បស្ចិម​ប្រទេស​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ប្រាំបី​ខែ​មុន​នេះ។

ជនទាំងនោះ​គឺ​មាន​ជនជាតិ​បង់ក្លាដេស​ចំនួន​ពីរនាក់ ​គឺ​លោក​ រ៉ាហ្វីកល អ៊ីស្លាម​ (Rafiqul Islam) ​អាយុ​៤២​ឆ្នាំ​និង​លោក​ មីយ៉ាស មហាម៉េដ ហ៊ុយម៉ាយុន កាឌៀ (Miah Mohammad Huymayun Kadir) អាយុ​៤៥​ឆ្នាំ​និង​ជនសង្ស័យ​សញ្ជាតិ​នេប៉ាល់​ម្នាក់​គឺលោក ​ ឌីប ប៉ូឌីយ៉ាល់ (​D.P Paudyal) អាយុ​៤៤​ឆ្នាំ។

ការផ្ដន្ទា​ទោស​ក្រោម​ការចោទ​ប្រកាន់​ពីបទ​ភេរវកម្ម​បន្ទាប់ពី​ក្រុម​អាជ្ញាធរ​បាន​រក​ឃើញ​កាលពី​ក្នុង​អំឡុង​ខែ​មេសា ​ឆ្នាំ២០១០​ ថា​ជន​សង្ស័យ​ទាំងបី​នាក់​បាន​ផ្ញើ​លិខិត​គំរាម​កំហែង​ព្រមាន​ពីការវាយ​​ប្រហារ​ប្រឆាំង​​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ ​ស្ថានទូត​អូស្រ្តាលី ​និង​ស្ថានទូតរ​បស់​​​ប្រទេស​​អង់គ្លេស។ ជន​បរទេស​ទាំងបី​ត្រូវ​នាំ​យក​មក​កាត់ទោស​ជា​បន្ដបន្ទាប់​ក្នុង​អំឡុងខែ​មករា​កន្លង​ទៅ​នេះ។

លោក​ ស៊ីន វិសាល​ ​ប្រធាន​ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ ​បាន​អះអាង​ក្រោយ​ពី​ការ​ប្រកាស​សាលក្រម​កាលពី​ព្រឹក​ម៉ិញថា​តុលាការ​មាន​ភស្ដុតាង​គ្រប់គ្រាន់​ទាក់ទង​នឹង​ការបង្ហាញ​អំពី ចេតនា​ប៉ុនប៉ង​គំរាម​កំហែង​ផ្នែក​ភេរវកម្ម។

«មាន​កំហុស ​មាន​សំអាង​ហេតុ​ហើយ​ បាន​ជា​តុលាការ​ហ៊ាន​សម្រេច​នេះ»។

លោក​មេធាវី ​មួង សុគន្ធ ​ការពារ​ក្ដី​ឲ្យ​ជន​ជាប់ចោទ ​រ៉ាហ្វីកល​ អ៊ីស្លាម​ មាន​ប្រសាសន៍​ថា ​តុលាការ​មិន​មាន​ភស្ដុតាង​​សំអាង​រឹងមាំ​ណា​មួយ​ក្រៅ​ពី​លិខិត​ដែល​អាជ្ញាធរ​ប្រមូល​បាន​នោះ​ទេ។

«ភស្ដុតាង​ដែល​ដាក់​បន្ទុក​ដូចជា​ការឆែកឆេរ​ (អ្វី) ដែល​ត្រូវ​ចាប់បាន​ដោយ​សមត្ថកិច្ច​គឺអត់​មាន​ទាំង​អស់។ កូនក្ដី​ខ្ញុំ​និង​ខ្ញុំ​មិនអាច​ទទួល​យក​បានទេ​ដូច្នេះ​ខ្ញុំ​នឹង​រៀបចំ​ដាក់​បណ្ដឹង​ឧទ្ធរណ៍​ក្នុងពេល​ឆាប់ៗ​ ជូន​កូន​ក្ដី​ខ្ញុំ»។

ជនជាប់​សង្ស័យ​ក៏បាន​បដិសេធ​ផងដែរ​ចំពោះ​ការ​ចោទប្រកាន់​របស់​តុលាការ​ក្នុង​អំឡុង​ពេល​សវនការ​ដោយ​លើកឡើង​ថា​ពួកគេ​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទ​ប្រកាន់​នោះ​ទេ។

សូម​បញ្ជាក់​ថា D. P. Poudyal ​លោក Miah Mohammad Huymayun Kadir និង​លោក ​Rafigul Islam​ ត្រូវ​ចាប់​ខ្លួន​ដោយ​ប៉ូលីស​ក្រសួង​មហាផ្ទៃ​​កាលពី​ខែ​មិថុនា​និង​ខែកញ្ញា​ឆ្នាំ២០១០ ​គឺចន្លោះ​ពី​ពីរ​ទៅ​ប្រាំខែ​ បន្ទាប់ពី​ក្រុមអាជ្ញាធរ​រកឃើញ​លិខិត​ព្រមាន​ពី​ការវាយ​ប្រហារ។

នៅក្នុង​លិខិត​នោះ​បាន​សរសេរ​ថា​មាន​ភេរវករ​ចំនួន​បួននាក់​នៅ​ក្រុម​អាល់កៃដា​​ កំពុង​មាន​វត្តមាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ហើយ​ប៉ុនប៉ង​វាយ​ប្រហារ​ទៅ​លើ​ស្ថានទូត​បស្ចិម​ប្រទេស​ទាំងបី​ខាងលើនេះ។

អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​លោក​ ម៉ាក វ៉េនិក​ (Mark Wenig) មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​ដាក់​ទោស​ជនជាប់​សង្ស័យ​ទាំងបីរូប​នោះ​ទេ ​ក៏ប៉ុន្ដែ​លោក​មាន​ប្រសាសន៍​តាម​សារ​អេឡិចត្រូនិក​ (អ៊ីម៉ែល)​ ថា ​នៅពេល​ដែល​យើង​មិនគិត​ថា ​ភេរវកម្ម​មិនមែន​ជា​បញ្ហា​សម្រាប់​ប្រទេស​កម្ពុជា​នោះ បញ្ហា​ដូចជា​ការចន្លោះ​ប្រហោង​តាម​ព្រំដែន​ត្រូវបាន​ភ្ជាប់​ទៅនឹង​អំពើ​ភេរវកម្ម​កាលពី​ក្នុង​អំឡុង​អតីត​កាល។ លោក ​ម៉ាក វ៉េនិក ​បញ្ជាក់​យ៉ាង​ដូច្នេះថា៖​ «យើង​កំពុង​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​នៅគ្រប់​កម្រិត​លើ​បញ្ហា​ភេរវកម្ម​នេះ​ហើយ​ប្រទេស​កម្ពុជា​នៅតែ​ជាដៃគូ​ដ៏មាន​សារៈសំខាន់​នៅក្នុង​តំបន់​ក្នុង​ការដោះស្រាយ​ការគំរាម​កំហែង​ភេរវកម្ម»៕

This posting includes an audio/video/photo media file: Download Now

តុលាការ​កំពូល​លើក​ពេល​ប្រកាស​សាលក្រម​រឿង​សម្លាប់​មេ​សហជីព​ខ្មែរ

Posted: 16 Feb 2011 11:07 AM PST

តុលាការ​កំពូល​បាន​លើក​ពេល​ប្រកាស​សាលក្រម​ជន​ជាប់ចោទ​ដែលជាប់​ពាក់​ព័ន្ធ​នឹង​ការ បាញ់​សម្លាប់​លោក​ រស់ សុវណ្ណារ៉េត ​ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ទ្រីណុងហ្កាល់​កុមារា ​ទៅ ថ្ងៃទី២​ខែមិនា​ខាងមុខ​នេះ។

ការលើក​ពេល​ប្រកាស​សាលក្រម​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ពុធនេះ​ហើយ​​ស្របពេល​ដែល​លោក ស៊ូយ៉ា​ ប្រាសាទ ​ស៊ូប៊ែឌី (Surya Subedi) ​អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​មាន​វត្តមាន​នៅ​ក្នុង​តុលាការ​កំពូល​ដែល​ជា​ផ្នែក​មួយ​នៃ​បេសកម្ម​របស់​លោក​ចំនួន​១០ថ្ងៃ​នៅ​កម្ពុជា​ដើម្បី​ឃ្លាំមើល​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ។

តុលាការ​កំពូល​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​រឿងក្តី​នេះ​ កាលពី​ថ្ងៃ​ទី០៩​កុម្ភៈ​កន្លង​ទៅ​នេះ ​ក៏​ប៉ុន្តែ​មិនទាន់​បាន​សម្រេច​ប្រកាស​សាលក្រម​ទេ ​ដោយ​លោក​ឃឹម ប៉ុណ្ណ ​ប្រធាន​ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​បាន​ប្រកាស​ថា​សាលក្រម​នេះ​នឹង​ប្រកាស​ជាផ្លូវការ​នៅថ្ងៃ​ទី១៦​ខែ​កុម្ភៈ​នេះ។ ក៏​ប៉ុន្តែ​ក្រោយ​មក​តុលាការ​កំពូល​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ម្តង​ទៀត។

លោក​ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី ​នៅ​ថ្ងៃពុធ​នេះ​បាន​ទៅដល់​ខ្លោងទ្វារ​របង​របស់​តុលាការ​កំពូល​ដើម្បី​ចូលរួម​ស្តាប់​ការប្រកាស​សាលក្រម​របស់​តុលាការ។ ក៏​ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​មន្រ្តី​តុលាការ​ប្រាប់​ថា​បាន​លើក​ពេល​ប្រកាស​សាលក្រម​ហើយ។

លោក​ស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី​ បាន​មក​ធ្វើ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ដើម្បី​ស្វែងយល់​អំពី​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ ​និង​ការគោរព​សិទ្ធិមនុស្ស។

លោក​ជា មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ​របស់​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ការលើក​ពេល​ប្រកាស​សាលក្រម​របស់​តុលាការ​កំពូល​បាន​បង្ហាញ​ឲ្យឃើញ​ថា​តុលាការ​មិន​ឯករាជ្យ។

«នេះ​ បញ្ជាក់​ថា​ តុលាការ​ក្នុង​ប្រទេស​កម្ពុជា​មិនមាន​ភាព​ឯករាជ្យ ​មិនមាន​ភាពច្បាស់លាស់​ មិនអាច​យក​វិជ្ជាជីវៈ​របស់​ខ្លួន​ទៅប្រើប្រាស់​បាន​ទេ។ អញ្ចឹង​ករណី​ហ្នឹង​ហើយ​ដែល​យើង​ឃើញ​ថា​រាល់ការ​ដែល​កាត់​សេចក្តី​កន្លងមក​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​ដែល​មិនបាន​ប្រព្រឹត្ត​នូវ​បទល្មើស​ទទួលនូវ​បទល្មើស​ជំនួស​អ្នក​ដែល​បង្ក​បទល្មើស»។

លោក​ឃឹម ប៉ុណ្ណ​ ប្រធាន​ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​កំពូល ​មិនអាច​ស្នើសុំ​អត្ថាធិប្បាយ​បាន​ទេ​ នៅ​ថ្ងៃពុធ​នេះ។ ក៏ប៉ុន្តែ​បើតាម​ការបញ្ជាក់​របស់​លោក​ផៃ ស៊ីផាន ​អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​បាន​ច្រាន​ចោល​ការលើក​ឡើង​នេះ។

លោក​ផៃ ស៊ីផាន ​បាន​មាន​ប្រសាសន៍​ថា​តុលាការ​មាន​ឯករាជ្យ​ភាព​គ្រប់គ្រាន់​ក្នុង​ការ​សម្រេច​ប្រកាស​ សាលក្រម​ ឬ​មិនប្រកាស​សាលក្រម។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ វត្តមាន​របស់​មន្រ្តី​អង្គការ​សហប្រជាជាតិ​គ្មាន​ប្រយោជន៍​អ្វី​ដល់​តុលាការ​កម្ពុជា​ទេ។

«អ្នក​ដទៃទៀត ​ទោះជា​ឥស្សរជន​មកពី​ខាងណា​ក៏​មិន​អាច​មាន​ឥទ្ធិពល​ជះ​ទៅលើ​ការសម្រេច​របស់​តុលាការ​ដែរ​នេះ​ចំណុច​ទីមួយ។ ចំណុច​ទីពីរ ​តុលាការ​មាន​ឯករាជ្យ​គ្រប់គ្រាន់​សម្រាប់​ខ្លួន​គេ​ក្នុង​ការងារ​ប្រកាស​ឬ​ មិនប្រកាស។​ នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ»។

លោក​រស់ សុវណ្ណារ៉េត ​ប្រធាន​សហជីព​សេរីកម្មករ​របស់​ប្រទេស​កម្ពុជា​ ប្រចាំ​រោងចក្រ​ទ្រីណុង​ហ្គាល កុមារា ​ត្រូវបាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃទី០៤ ​ខែ​ឧសភា ​ឆ្នាំ២០០៤ នៅ​ជិត​ម្តុំ​តោពីរ​ សង្កាត់​ទឹកល្អក់​ ក្រុង​ភ្នំពេញ។

អាជ្ញាធរ​ប៉ូលីស​ បាន​ចាប់ខ្លួន​លោក​ថាច់ សាវ៉េត​ ហៅ​ចាន់ សុភ័ក្រ ​ដែល​សង្ស័យ​ថា​ ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឃាតកម្ម​ខាងលើ​នេះ។

លោក​ថាច់ សាវ៉េត ​អាយុ២៨ ឆ្នាំ​ ត្រូវបាន​តុលាការ​ក្រុង​ភ្នំពេញ​ និង​សាលា​ឧទ្ធរណ៍​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៥ឆ្នាំ ​និង​ពិន័យ​ជាប្រាក់​ជិត​២.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក។

អ្នកស្រី​ហួន ផល្លា ​អាយុ៤៩ឆ្នាំ ​ម្តាយ​បង្កើត​របស់​លោក​ថាច់ សាវ៉េត ​បាន​មាន​ប្រសាសន៍​ថា​ កូនប្រុស​របស់​អ្នកស្រី​មិនជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឃាតកម្ម​នេះ​ទេ។

អ្នកស្រី​បាន​និយាយ​ទាំង​អួល​ដើម​ក​នៅក្នុង​បរិវេណ​របស់​តុលាការ​កំពូល​ថា ​អ្នកស្រី​ចង់​ឲ្យ​តុលាការ​កំពូល​ប្រកាស​សាលក្រម​ឲ្យ​បានឆាប់ៗ​ដើម្បី​បញ្ចប់​នូវ​មន្ទិល​សង្ស័យ​ចំពោះ​ករណី​ឃាតកម្ម​នេះ។

«ខ្ញុំ​ចង់​ដឹង ​អាឃាតករ ​ដែល​បាញ់​ រស់ សុណ្ណារ៉េត​ មិនមែន​កូនខ្ញុំ​អ្នក​បាញ់។ ហើយ​តាម​សាម៉ី​ខ្លួនវា​និយាយ​ថា ​ដែល​គេប្តឹង។ អា​ប៉ូលីស​វា​ថា ​មិនមែន​ប្តឹង​កូន​ខ្ញុំ​ឯ​ណា។ តែ​អាប៉ូលីស​តើ​វា​មក​ចាប់​កូនខ្ញុំ។ ឥឡូវ​អាប៉ូលីស​ខណ្ឌ​ទួល​គោក​ជាប់គុក​អស់​ហើយ​នៅតែ​កូនខ្ញុំ​អត់​រួចទៀត»។

លោក​សំ ចំរើន​ មេធាវី​ការពារ​ក្តី​ជន​ជាប់ចោទ​ បាន​មាន​ប្រសាសន៍​ថា​ រយៈពេល​មួយ​សប្តាហ៍​មក ហើយ​ តុលាការ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការប្រកាស​សាលក្រម​នេះ។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​ ក៏ដោយ​ក៏ លោក​បាន​មាន​ប្រសាសន៍​ថា ​ការ​ពន្យារ​ពេល​ គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!