Koh Santipheap Daily |
- ក្រោយការបង្ក្រាបពួកបាតុករប្រឆាំងពួកអ្នកគាំទ្រលោកកាដាហ្វីលើកគ្នាធ្វើបាតុកម្មម្តង
- មនុស្សច្រើននាក់ស្លាប់ក្នុងការបង្ក្រាបបាតុកម្មនៅបារ៉ែន
- លោកអូបាម៉ា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចក្រភពអង់គ្លេសថ្ងៃទី២៤ ឧសភា
- ល្បែងស៊ីសងបញ្ជល់មាន់ និងបៀអាប៉ោងបើកលេងលួចលាក់នៅស្រុកមង្គលបុរី
- យកថ្នាំញៀនឱ្យម៉ូយត្រូវប៉ូលិសខណ្ឌឫស្សីកែវ ចាប់ខ្លួនបីនាក់
- ឈូសឆាយដីក្នុងបរិវេណសាលាខេត្តប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
- សារឆ្ពោះទៅភាគីសៀម កម្ពុជាស្វាគមន៍អ្នកសង្កេតការណ៍អាស៊ានលើទឹកដីរបស់ខ្លួន ប្រសិនបើភាគីសៀមមិនព្រម
- ស្រូវប្រាំងជិត២០០ហិកតាកំពុងប្រឈមនឹងការងាប់ដោយសារគ្មានទឹក
- អាប់ភីស៊ីត ច្រានចោលសំណើ៤ចំណុចរបស់សម្តេចតេជោហ៊ុន សែន ខណៈមេទ័ពសៀមត្រៀមបញ្ជូនទាហានបន្ថែម
- ពលរដ្ឋកម្ពុជានៅប្រទេសកាណាដាធ្វើបាតុកម្មប្រឆាំងការឈ្លានពាន របស់សៀម ខណៈពលរដ្ឋនៅក្រុងវ៉ាស៊ីនតោន ប្តឹងទៅប្រធានសន្និសីទក្រុងប៉ារីស
- ផ្ទះផលិតស្រាក្លែងក្លាយមួយកន្លែងក្នុងក្រុងបាត់ដំបងត្រូវបង្ក្រាប និងឃាត់ខ្លួនមនុស្សពាក់ព័ន្ធ
- នគរបាលវត្តភ្នំចុះបង្ក្រាបស្ត្រីរកស៊ីផ្លូវភេទឃើញតែមុខដដែលៗ
- សមត្ថកិច្ចចំរុះចុះរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារក្រុងតាខ្មៅ
- ប៉ូលិសកំពុងប៉ះទង្គិចពាក្យសម្តីជាមួយអាជីវករលក់បន្លែ នៅប៉ុស្តិ៍ទួលស្វាយព្រៃទី២
- ម៉ូតូបុករថយន្តក្រុង២នាក់ផ្លោងទំលុះកញ្ចក់រថយន្ត ម្នាក់ចូលក្រោមស្លាប់ទាំង៣
- ផឹកស៊ីនៅខាងក្រៅមិនអស់ចិត្ត ចូលផ្ទះផឹកស៊ីឡូឡាថែមទៀត ឪពុកមាបង្កើតបាញ់ចំក្បាល
- ខ្ចីប្រាក់អង្គការបាន៧០ម៉ឺនរៀលទាស់គ្នាជាមួយប្រពន្ធចាក់សាំងដុតខ្លួន
- ម្ចាស់ដេប៉ូចែកចាយផលិតផល ប្តឹងក្រុមហ៊ុនសាយ៉ាម របស់ថៃ រំលោភលើកាតព្វកិច្ច
- ក្រុមក្មេងទំនើងសរសេរបំផ្លាញស្ពានឆ្លងកាត់ទន្លេសេកុង
- រដ្ឋសភាអះអាងថា ការសំរេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាជោគជ័យរបស់កម្ពុជា
ក្រោយការបង្ក្រាបពួកបាតុករប្រឆាំងពួកអ្នកគាំទ្រលោកកាដាហ្វីលើកគ្នាធ្វើបាតុកម្មម្តង Posted: 17 Feb 2011 11:40 PM PST ការប៉ះទង្គិចគ្នាបានផ្ទុះឡើងកាលពីថ្ងៃទី១៧ កុម្ភៈ ក្នុងទីក្រុងជាច្រើនរបស់លីប៊ីដែលពួកប្រឆាំងអំពាវនាវឱ្យមានការប្រមូលផ្តុំមនុស្សចូលរួមក្នុង«ទិវាចងកំហឹង» ប្រឆាំងនឹងរបបលោកមូអាមម៉ាកាដាហ្វីដែលប្រមូលផ្តុំពួកអ្នកគាំទ្រលោកធ្វើបាតុកម្មដែរនៅទីក្រុងទ្រីប៉ូលី។ យោងតាមប្រជាជនក្រុងបេនហ្គាហ្ស៊ីម្នាក់ថា តុល្យការអ្នកស្លាប់នៅទីក្រុងនោះពេលនេះឡើងដល់៥នាក់នៅអាល់ បៃអ៊ីដា គឺមនុស្ស៣នាក់ទៀតស្លាប់នាថ្ងៃទី១៧ កុម្ភៈ ក្នុងឱកាសនៃការប៉ះទង្គិចគ្នានៅខាងក្រៅពិធីបុណ្យសពរបស់យុវជន២នាក់ដែលស្លាប់នាពេលមុននេះ។ ប្រភពដដែលនេះរៀបរាប់ពីមនុស្សស្លាប់ជាច្រើននាក់នៅទីក្រុង AJDABYA ស្ថិតនៅចំងាយ១៦០គីឡូម៉ែត្រខាងលិចទីក្រុងបេនហ្គាលី។ ក៏ប៉ុន្តែបណ្តាញទូរស័ព្ទត្រូវកាត់ផ្តាច់ ហើយតំបន់ទាំងនោះហាមឃាត់មិនឱ្យពួកអ្នកកាសែតចូលដែលញាំុងឱ្យមានការលំបាកក្នុងការកំណត់ពីចំនួនអ្នកស្លាប់ និងរបួសពិតប្រាកដ។ ក្នុងរដ្ឋធានីលីប៊ីពុំមានសញ្ញានៃការធ្វើបាតុកម្មរបស់ពួកប្រឆាំងឡើយ ក៏ប៉ុន្តែពួកអ្នកគាំទ្រលោកកាដាហ្វីជាច្រើនរយនាក់បានប្រមូលផ្តុំគ្នានៅទីលានបៃតង។ ពួកគេបានស្រែកពាក្យស្លោកថា «យើងការពារលោកកាដាហ្វី និងបដិវត្តន៍»។ យោងតាមកាសែត BENGHAZI KOURINA ថា កូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសលោកកាដាហ្វីជាប្រមុខកងកំលាំងសន្តិសុខតំបន់ត្រូវដកចេញពីតំណែងក្រោយការស្លាប់មុននេះនូវយុវជន២នាក់។ យោងតាមសកម្មជនប្រឆាំងលីប៊ីម្នាក់ថា បាតុកម្មទាមទារឱ្យលោកមូអាមម៉ាកាដាហ្វី ចុះចេញពីតំណែងកើតមានក្នុងទីក្រុង៤របស់ប្រទេសនាថ្ងៃទី១៧ កុម្ភៈ ជា «ទិវាចងកំហឹង» តាមការអំពាវនាវរបស់ពួកប្រឆាំង។ តាមសកម្មជនរូបនោះថា មនុស្សដល់ទៅ១៤នាក់អាចស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយកងកំលាំងស្និទ្ធរដ្ឋាភិបាល ៕ |
មនុស្សច្រើននាក់ស្លាប់ក្នុងការបង្ក្រាបបាតុកម្មនៅបារ៉ែន Posted: 17 Feb 2011 11:36 PM PST សមាជិកសភាមួយរូបរបស់ពួកប្រឆាំងស៊ីអ៊ីតបារ៉ែននិយាយថា មនុស្សប្រមាណជា៦០នាក់ត្រូវបាត់ខ្លួនក្រោយពីកងកំលាំងប៉ូលិសកំទេចកន្លែងបោះទីតាំងរបស់ពួកបាតុករកាលពីថ្ងៃទី១៧ កុម្ភៈ។ កងទ័ពប្រកាសកាលពីថ្ងៃទី១៧ កុម្ភៈ ថាបានត្រួតត្រាផ្នែកមួយធំនៃរាជធានីម៉ាណាម៉ា ហើយហាមឃាត់ការធ្វើបាតុកម្ម។ យោងតាមសេចក្តីថ្លែងការណ៍អានតាមទូរទស្សន៍រដ្ឋប៉ុន្មានម៉ោងក្រោយប៉ូលិសបង្ក្រាបពួកបាតុករដែលកាន់កាប់មហាទីលានក្រុងម៉ាណាម៉ាដើម្បីទាមទារការកែទម្រង់នយោបាយក្នុងព្រះរាជាណាចក្រតូចនេះជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់អាមេរិកថាតំបន់គន្លឹះទាំងឡាយនៃក្រុងម៉ាណាម៉ាស្ថិតក្រោមការត្រួតត្រារបស់កងយោធា។ យោងតាមបណ្តាអ្នកទទួលខុសត្រូវមន្ទីរពេទ្យថា មនុស្ស៤នាក់បានត្រូវស្លាប់ក្នុងការបង្ក្រាបពួកបាតុករនាពេលយប់។ បណ្តារថយន្តរបស់ប៉ូលិសបានឡោមព័ទ្ធទីលាន PERLE ជាកន្លែងប្រមូលផ្តុំមនុស្សប្រឆាំងរដ្ឋាភិបាលចាប់តាំងពីថ្ងៃទី១៤ កុម្ភៈ មក។ លួសបន្លាត្រូវបានដាក់រាយតាមវិថីនានាទៅកាន់ទីលាននោះ ដែលកងកំលាំងប៉ូលិសប្រដាប់ដោយដំបង និងគ្រាប់បែកបង្ហូរទឹកភ្នែកបានបង្ក្រាបនាពេលយប់នូវពួកបាតុករដែលបោះទីតាំងនៅទីនោះ។ ការបង្ក្រាបពួកបាតុករយ៉ាងសាហាវកាលពីយប់ថ្ងៃទី១៦ មក១៧ កុម្ភៈ នៅកណ្តាលរាជធានីម៉ាណាម៉ា បើតាមរដ្ឋមន្ត្រីសុខាភិបាលបារ៉ែនថា មានមនុស្ស៣នាក់ស្លាប់ និង២៣១នាក់ត្រូវរបួស។ សមាជិកសភាបារ៉ែនម្នាក់រៀបរាប់ពីមនុស្សស្លាប់៤នាក់ ៕ |
លោកអូបាម៉ា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចក្រភពអង់គ្លេសថ្ងៃទី២៤ ឧសភា Posted: 17 Feb 2011 11:33 PM PST ប្រធានាធិបតិសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចក្រភពអង់គ្លេសរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ឧសភា ខាងមុខ ។ នេះបើតាមការឱ្យដឹងដោយលោក Jay Carney អ្នកនាំពាក្យរបស់សេតវិមាន ។ លោក Carney ថ្លែងថា ទស្សនកិច្ចនោះនឹងជាទស្សនកិច្ចនៅអឺរ៉ុបលើកដំបូងរបស់លោកអូបាម៉ា ចាប់តាំងពីលោកឡើងកាន់តំណែងប្រធានាធិបតីមក ហើយទស្សនកិច្ចនេះគឺបង្ហាញពីសន្ទុះនៃទំនាក់ទំនងពិសេសរវាងអាមេរិក និងចក្រភពអង់គ្លេស ជាពិសេសបង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះអឺរ៉ុប សម្ព័ន្ធមិត្តអង្គការអូតង់ និងដៃគូរបស់ខ្លួន ។ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចក្រភពអង់គ្លេសដើម្បីតបទៅនឹងការអញ្ជើញរបស់ព្រះមហាក្សត្រីយានីអេលីហ្សាប៊ែតទី២ ។ លោកស្រីមីសែល អូបាម៉ា ស្ត្រីទី១ សហរដ្ឋអាមេរិកក៏នឹងអញ្ជើញទៅកាន់ចក្រភពអង់គ្លេសជាមួយលោកអូបាម៉ាដែរ ៕ |
ល្បែងស៊ីសងបញ្ជល់មាន់ និងបៀអាប៉ោងបើកលេងលួចលាក់នៅស្រុកមង្គលបុរី Posted: 17 Feb 2011 11:30 PM PST ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីប្រជាកសិករបានប្រមូលផលស្រូវរួចរាល់ គេឃើញមានល្បែងភ្នាល់បញ្ជល់មាន់ និងបៀអាប៉ោងត្រូវបានបើកលេងលួចលាក់៤កន្លែងនៅស្រុកមង្គលបុរី ។ មានការកត់សំគាល់ថា រយៈពេលកន្លងមក ល្បែងស៊ីសងនៅខេត្តបន្ទាយមានជ័យ បានស្ងប់ស្ងាត់នៅពេលដែលលោកអភិបាលខេត្តបានដាក់វិធានការដល់សមត្ថកិច្ចពាក់ព័ន្ធឱ្យលុបបំបាត់រាល់ល្បែងស៊ីសង ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ដល់ប្រជាពលរដ្ឋ ពីព្រោះចោរលួចចោរប្លន់ តែងតែកើតចេញពីល្បែងស៊ីសងទាំងនេះ ។ ទោះបីជាមានការស្ងប់ស្ងាត់មួយរយៈមែន តែពេលនេះមានព័ត៌មានថា ក្រោយពីប្រជាកសិករប្រមូលផលស្រូវរួច គេឃើញមានល្បែងបញ្ជល់មាន់ និងបៀអាប៉ោងត្រូវបានបើកលេងលួចលាក់៤កន្លែងនៅស្រុកមង្គលបូរី ក្នុងនោះនៅឃុំគោកបល្ល័ង្ក១កន្លែង ឃុំបន្ទាយនាង១កន្លែង ឃុំអូរប្រាសាទ១កន្លែង និងឃុំរហាត់ទឹក១កន្លែង ។ ក្រៅពីនេះគេឃើញមានបើកលេងនៅខាងកើតផ្សារអូរអំបិល ក្រុងសិរីសោភ័ណ ឯនៅក្រុងប៉ោយប៉ែតក៏មានបើកបញ្ជល់មាន់យ៉ាងចំហនៅក្នុងបរិវេណកាស៊ីណូ ហាក់មិនខ្លាចញញើតសមត្ថកិច្ច ឬអាជ្ញាធរក្រុង-ខេត្តឡើយ ។ រយៈពេលកន្លងមក លោកអ៊ុង អឿន អភិបាលខេត្ត នៅពេលប្រជុំគណៈបញ្ជាការឯកភាពខេត្ត តែងតែពង្រឹង និងដាស់តឿនដល់មន្ត្រី សមត្ថកិច្ចដែលពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ មិនឱ្យកើតមានល្បែងស៊ីសងបណ្តាលឱ្យមានចោរលួច ចោរប្លន់ឡើយ ជាពិសេសបញ្ហាគ្រឿងញៀនក៏ជាមុខសញ្ញាសំខាន់ដែលត្រូវតែលុបបំបាត់ផងដែរ៕ |
យកថ្នាំញៀនឱ្យម៉ូយត្រូវប៉ូលិសខណ្ឌឫស្សីកែវ ចាប់ខ្លួនបីនាក់ Posted: 17 Feb 2011 11:24 PM PST រាជធានីភ្នំពេញ ៖ បុរស២នាក់រួមទាំងស្ត្រីជាសង្សារម្នាក់ត្រូវប៉ូលិសខណ្ឌឫស្សីកែវ ឃាត់ខ្លួនកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៦ កុម្ភៈ នៅពេលដែលបុរសម្នាក់ក្នុងចំណោម៣នាក់ បានយកថ្នាំញៀនប្រភេទម៉ាទឹកកកទៅចែកចាយឱ្យម៉ូយនៅមុខភោជនីយដ្ឋានបុប្ផាជាយដែន ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ក្នុងព្រឹត្តិការណ៍បង្ក្រាបក្រុមជួញដូរគ្រឿងញៀននោះក៏មានការសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកបានចំនួន៨កញ្ចប់តូច ។ ជនសង្ស័យដែលត្រូវចាប់ខ្លួន ១-ឈ្មោះវ៉ាត ចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកចែកចាយគ្រឿងញៀន មានលំនៅផ្ទះលេខ៣៩៣ វិថីម៉ៅសេទុង សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទូលគោក ២-ឈ្មោះមាស ស៊ីនិមល ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះជួលសង្កាត់បឹងត្របែក ខណ្ឌ ចំការមន ជាសង្សារឈ្មោះវ៉ាត ចិត្រា និង៣-ឈ្មោះស៊ិន ចំរ៉ុង ហៅឡុង ភេទប្រុស អាយុ២២ឆ្នាំ ជាសិស្សមានលំនៅភូមិអណ្តូងក្រាំង ឃុំស្រម៉ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ តាមប្រភពពីមន្ត្រីប៉ូលិសខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជនសង្ស័យឈ្មោះវ៉ាត ចិត្រា ជាមុខសញ្ញាចែកចាយគ្រឿងញឿន ហើយត្រូវបានកំលាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ស្រាវជ្រាវ និងតាមដានឃ្លាំមើលសកម្មភាពកន្លងមក ។ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៦ កុម្ភៈ ជនសង្ស័យបានធ្វើសកម្មភាពចែកចាយថ្នាំញៀនប្រភេទម៉ាទឹកកកទៅឱ្យស្ត្រីម្នាក់នៅមុខភោជនីយដ្ឋានបុប្ផាជាយដែន ក្នុងសង្កាត់បឹងត្របែក ។ ក្នុងសកម្មភាពនោះ សមត្ថកិច្ចខណ្ឌ ឫស្សីកែវ ក៏បង្ក្រាបបានជាក់ស្តែងនៅពេលដែលជននោះព្យាយាមរត់គេចខ្លួនទៅសំងំលាក់ខ្លួននៅក្នុងផ្ទះជួលស្ត្រីជាសង្សារនៅក្បែរនោះ ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៨កញ្ចប់តូច ។ ក្នុងហេតុការណ៍នោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសម្នាក់ទៀតដែលទើបតែទិញថ្នាំញៀនពីជនខាងលើ ហើយកំពុងសំងំសេពនៅក្បែរនោះផងដែរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះវ៉ាត ចិត្រា បានសារភាពថា ខ្លួនបានប្រកបមុខរបរចែកចាយគ្រឿងញៀននេះរយៈពេល៤ទៅ៥ខែមកហើយ ដែលថ្នាំទាំងនេះខ្លួនទិញពីប្លុកបូឌីង យកមកលក់បន្តទៀត ៕ |
ឈូសឆាយដីក្នុងបរិវេណសាលាខេត្តប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ Posted: 17 Feb 2011 11:16 PM PST ខេត្តពោធិ៍សាត់ ៖ រូបភាពដែលលោកអ្នកឃើញបុរសជាមន្ត្រីស៊ីម៉ាក់កាន់យួរនឹងដៃនេះ មិនមែនសាច់ក្លែមទេ គឺជាគ្រាប់បែក និងគ្រាប់មីនមិនទាន់ផ្ទុះ ដែលគេប្រទះឃើញខណៈពេលគ្រឿងចក្រឈូសឆាយពង្រាបដីក្នុងទីធ្លាបរិវេណសាលាខេត្ត ។ មន្ត្រីសាលាខេត្តមួយរូបឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៥ កុម្ភៈ ២០១១ ខណៈពេលគ្រឿងចក្រកំពុងឈូសឆាយពង្រាបដីទីធ្លាជុំវិញអគារសាលប្រជុំថ្មីរបស់សាលាខេត្ត ដែលទើបតែសាងសង់រួចនោះ ស្រាប់តែប្រទះឃើញគ្រាប់បែកដៃមួយគ្រាប់ និងគ្រាប់កាំភ្លើងមួយទុសសៀនៅក្នុងគំនរអាចម៍ដី ធ្វើឱ្យអ្នកបញ្ជាគ្រឿងចក្រ និងអ្នកឈរមើលភ័យបះសក់ ។ បន្ទាប់មកយើងបានរាយការណ៍ទៅខាងអង្គការស៊ីម៉ាក់ ឱ្យគេមកពិនិត្យ និងយកចេញជាបន្ទាន់ ចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ។ មន្ត្រីសាលាខេត្តឱ្យដឹងទៀតថា គ្រាប់បែកនេះអាចបន្សល់ទុកកាលពីសម័យសង្គ្រាមក្នុងរបបលន់ នល់ ឬរបបប៉ុល ពត ឬក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ ដែលកងទ័ពស្ម័គ្រចិត្តវៀតណាមបោះទីតាំងនៅទី មន្ត្រីស៊ីម៉ាក់និយាយថា គ្រាប់បែកនេះគឺជាប្រភេទគ្រាប់បែកទឹកដោះ ផលិតនៅសហរដ្ឋអាមេរិក ឯគ្រាប់កាំភ្លើងគឺប្រភេទអាកាដែលទាំងពីរប្រភេទនេះ ទោះបីច្រែះចាប់យ៉ាងណាក៏ដោយ ប៉ុន្តែនៅមានគុណភាពផ្ទុះបានប្រសិនបើមានការប៉ះទង្គិចខ្លាំង ឬយកវាមកដំ ។ សំណាងល្អដែលគ្រឿងចក្រចូកដី ឬឈូសដីមិនប៉ះចំខ្លាំងបណ្តាលឱ្យផ្ទុះ បើសិនជាមានការផ្ទុះវិញអាចនឹងបង្កគ្រោះថ្នាក់ដល់អ្នកឈរមើល និងអ្នកបញ្ជាគ្រឿងចក្រនោះជាមិនខានឡើយ ៕ |
Posted: 17 Feb 2011 11:15 PM PST រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១ បានធ្វើសន្និសីទកាសែតដ៏កម្រមួយនៅវិមានសន្តិភាពនៃទីស្តីការនាយករដ្ឋមន្ត្រី ដើម្បីបកស្រាយប្រាប់អ្នកកាសែតជាតិនិងអន្តរជាតិ ក៏ដូចជាមជ្ឈដ្ឋានអន្តរជាតិពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា និងពាក់ព័ន្ធនឹងការប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ដោយសារតែមានការនិយាយបំផ្លើសការពិតរហូតមកប្រដៅកម្ពុជាឱ្យស្តាប់អន្តរជាតិ ឬក៏បញ្ចុះបញ្ចូលកម្ពុជាឱ្យទៅប្រជុំនៅក្របខណ្ឌអាស៊ាន ខ្ញុំគួរតែត្រូវនិយាយ ហើយខ្ញុំក៏បានប្រាប់ឧបនាយករដ្ឋមន្ត្រីថៃឱ្យរូបគាត់ពាំនាំបញ្ហាខ្លះជូនទៅនាយករដ្ឋមន្ត្រីថៃ ។ ខាងភាគីថៃបែរជាចាត់ទុកថា រឿងនេះគឺជារឿងដែលគេចង់បាន។ ទូរទស្សន៍ថៃក៏មាននៅទីនេះដែរ គួរតែត្រូវបានកត់ត្រាទុកថា «អ្នកណាប្រឆាំងនឹងយន្តការអន្តរជាតិ អ្នកណាប្រឆាំងនឹងក្របខណ្ឌសហប្រជាជាតិក្តី និងក្របខណ្ឌអាស៊ានក្តី» ។ ខ្ញុំគិតថា បើសិនជាគេបោកប្រាស់ប្រជាពលរដ្ឋរបស់គេ ឬសាធារណមតិគឺជារឿងមួយ ក៏ប៉ុន្តែការកុហកខ្លួនឯងទៀត គឺហាក់ដូចជាមិនស័ក្តិសម ។ សម្តេចតេជោក៏បានលើកឡើងថា តើអ្នកណាជាអ្នកស្នើឱ្យកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ? តើមិនមែនជាលិខិតរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន ស្នើទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេឬ? នៅពេលដែលសំណើរបស់ខ្ញុំទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថៃបានជំទាស់រហូតដល់ទីបញ្ចប់ ។ ជំទាស់ទី១ គឺជំទាស់កុំឱ្យមានការប្រជុំតែម្តង ជំទាស់ទី២-ការប្រជុំមិនត្រូវមានឱ្យចេញសេចក្តីថ្លែងការណ៍ណាមួយនោះទេ។ តើនេះគឺជាជោគជ័យរបស់ថៃ ឬយ៉ាងណា? ខ្ញុំមិនចង់និយាយដោយសារខ្ញុំចង់ថ្នាក់ថ្នម ខ្ញុំមិនចង់ដេញទាន់ជាន់កែង ប៉ុន្តែខ្ញុំគិតថា លោកអាប់ភីស៊ីតក្តីឬកាស៊ីត ភីរម្យក្តី ពិតជាបានយល់បញ្ហានេះបានខ្លួនឯង ហើយខ្លួនបានធ្វើសកម្មភាពអ្វីខ្លះ? រារាំងការប្រជុំក្រុមប្រឹក្សាសន្តិសុខ អ.ស.ប រារាំងការចេញសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ។ ឥឡូវគេប្រជុំរួចទៅហើយ គេបានចេញសេចក្តីប្រកាសព័ត៌មាន ដែលមនុស្សមួយចំនួនថា សេចក្តីសំរេចរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ។ សុំឱ្យមានការកែតំរូវ ប៉ុន្តែខាងសារព័ត៌មានខាងថៃច្រើនតែប្រើពាក្យថា ជាសេចក្តីសំរេចក្រុមប្រឹក្សាសន្តិសុខ ។ តែនេះជាសេចក្តីប្រកាសព័ត៌មាននៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប សូមប្រើពាក្យឱ្យត្រូវ ។ តើនេះជាជោគជ័យរបស់ថៃ ឬជាជោគជ័យរបស់អ្នកណា ? ខ្ញុំមិនចង់ទទួលថាជោគជ័យទេ យើងយល់ហើយនូវអ្វីក្រុមប្រឹក្សាសន្តិសុខនោះមិនមែនតែមានបញ្ហាអ្វីចេះតែកោះប្រជុំទេ ។ ជាពិសេសជម្លោះព្រំដែនបែបនេះ មិនមែនរឿងអ្វីក៏សុទ្ធតែលើកទៅក្រុមប្រឹក្សាសន្តិសុខទាំងអស់នោះទេ ។ សម្តេចមានប្រសាសន៍ថា ប៉ុន្តែហេតុអ្វីបានជាកម្ពុជាអំពាវនាវទៅក្រុមប្រឹក្សាសន្តិសុខ ឱ្យប្រជុំបន្ទាន់ ។ ស្ថិតនៅត្រង់ថា នេះវាជាទំហំសង្គ្រាម ខ្ញុំបានប្រើពាក្យថា បើវាប៉ះទង្គិច គឺវាប៉ះទង្គិចទ្រង់ទ្រាយធំ ឬវាជាសង្គ្រាមតូចមួយ ។ និយមន័យនៃសង្គ្រាមមានអ្នកខ្លះបានលើកនៅឯទីក្រុងបាងកកថា ទាល់តែប្រើយន្តហោះមកទម្លាក់គ្រប់បែកដល់ភ្នំពេញនោះទើបគេហៅថាសង្គ្រាម។ ដូច្នេះហើយឃើញទិដ្ឋភាពសង្គ្រាមបែបនេះ ទើបក្រុមប្រឹក្សាគេកោះប្រជុំបន្ទាន់ ដូច្នេះការកោះប្រជុំនេះ គឺមិនមែនការកោះប្រជុំតាមសំណូមពរថៃទេ គឺតាមសំណូមពររបស់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា តើអ្នកណាត្រូវការអាស៊ាន អ្នកណាជំទាស់ អាស៊ាន ? សម្តេចបានលើករំលឹកថា តាំងពីឆ្នាំ២០០៨ ពេលប្រជុំនៅសាំងហ្គាពួរ ជម្លោះព្រំដែនកងទ័ពថៃបានលើកទ័ពឈ្លានពានចូលមកកម្ពុជា ហើយកម្ពុជាបានដាក់សំណើនេះទៅអាស៊ាន នៅពេលនោះកំពុងតែប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ។ ថៃបានជំទាស់រហូតនូវការចូលពាក់ព័ន្ធរបស់អាស៊ាន ។ នៅពេលដែលកើតហេតុនេះឡើង សូម្បីតែសុរិនពិនសុវណ្ណ ដែលជាអគ្គលេខាធិការអាស៊ានបានលើកអំពីការចូលរួមកង្វល់របស់អាស៊ាន ចូលពាក់ព័ន្ធ។ ពេលនោះអាប់ភីស៊ីត នាយករដ្ឋមន្ត្រីថៃខ្លួនឯងបានលើកថា មិនទាន់ដល់ពេលអាស៊ានចូលពាក់ព័ន្ធទេ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ខ្ញុំស្នើសុំឱ្យមេដឹកនាំថៃកត់ត្រាឱ្យបានច្បាស់ ថ្ងៃណាខ្លួននិយាយអី ថ្ងៃណាខ្លួននិយាយពីអី ? ឥឡូវវាដល់ចំណុចហើយ ខ្លួនសុទ្ធតែជាបញ្ញវន្ត មិនគួរបោកប្រាស់គេទេ ហើយក៏មិនត្រូវឱ្យគេបោកប្រាស់ខ្លួនដែរ ។ ឥឡូវអាស៊ានគេលើកកិច្ចប្រជុំនៅថ្ងៃទី២២ ខែកុម្ភៈ ខាងមុខនេះ បែរជាខាងថៃលើកឡើងថា ត្រូវតែខំបញ្ចុះបញ្ចូលកម្ពុជា ប្រដៅកម្ពុជាឱ្យទៅចូលរួមប្រជុំអាស៊ាន។ សម្តេចមានប្រសាសន៍ថា ខ្ញុំសំណើត្រង់ទៅរកអាស៊ាន តែអាស៊ានដោះស្រាយមិនចេញដោយសារអាស៊ានត្រូវមានកុងសង់ស៊ុស ។ កម្ពុជាមានភាពបន្ទាន់របស់ខ្លួន ដូច្នេះកម្ពុជាត្រូវយកបញ្ហាទៅញូវយ៉ក ប៉ុន្តែគោលដៅរបស់វានៅហ្សាការតា ត្រូវយល់ បើមិនដឹងគេត្រូវស្វែងយល់ឱ្យបានជ្រៅជ្រះ ។ មានអ្នកអតីតការទូតថៃ ម្នាក់ដែលជាតំណាងអចិន្ត្រៃយ៍ថៃ នៅអ.ស.ប បានលើកថា នេះមិនមែនជាបំណងរបស់ថៃទេ តែជាបំណងរបស់កម្ពុជា ។ ខ្ញុំក៏មិនចង់យកប្រៀបលើអ្នកណាដែរ ក៏ប៉ុន្តែនិយាយឱ្យសុចរិតឱ្យយុត្តិធម៌ ។ ត្រង់កថាខណ្ឌដែលលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានថ្លែងនៅឯក្រុមប្រឹក្សាសន្តិសុខអ.ស.ប ថា «ទោះបីជាការអត់ធ្មត់និងការប្រឹងប្រែងរបស់កម្ពុជា ដើម្បីរកដំណោះស្រាយដោយសន្តិវិធី តាមការចរចាទ្វេភាគីត្រូវបរាជ័យក៏ដោយ ក៏កម្ពុជានៅតែមានបំណងជានិច្ចចង់រកដំណោះស្រាយដោយសន្តិវិធីតាមរយៈក្របខណ្ឌតំបន់ដូចជាអាស៊ាន ព្រោះកម្ពុជា និងថៃសុទ្ធតែជាសមាជិកអង្គការនេះ ។ តើពីមុនភាគីថៃមានបានបង្ហាញបំណងដូច្នេះទេ? សហប្រជាជាតិក៏អត់ អាស៊ានក៏អត់ ។ កម្ពុជាទេ ដែលជាអ្នកបង្ហាញបំណង ហេតុអ្វីបានជានៅពេលនេះវាទៅជាជ័យជំនះរបស់ថៃ? ហើយត្រូវបញ្ចុះបញ្ចូលកម្ពុជាទៅវិញ? កន្លងទៅប្រជុំនៅសៀមរាប នៅហួហ៊ីន បានគេហៅទ្វេភាគី លុះដល់ប្រជុំនៅហ្សារតាកាគេលែងហៅថាទ្វេភាគីហើយ ។ កម្ពុជាបានប្រកាសថា យន្តការទ្វេភាគីត្រូវបានបញ្ចប់ ហើយត្រូវមានភាគីទី ៣ ពេលនេះប្រធានអាស៊ាន គឺឥណ្ឌូណេស៊ី ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាសន្តិសុខ «ចំណុចសំខាន់មួយគឺបង្កើតឡើងឱ្យមានការឈប់បាញ់គ្នាជាអចិន្ត្រៃយ៍»។ ដូច្នេះនៅពេលប្រជុំអាស៊ានខាងមុខនេះ កម្ពុជាស្នើសុំឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់រវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសថៃ ដោយអ្នកធ្វើសាក្សីជាអាស៊ានរួម ឬប្រធានអាស៊ាន ព្រោះត្រូវតែមានក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃហើយបើប្រធានអាស៊ានចុះហត្ថលេខាជាមួយក៏ជាការល្អ ។ នៅលើការចរចាទៀត ត្រូវមានបែបបទឈប់បាញ់ដែលកម្ពុជាស្នើ៤ចំណុច ៖ ទី១-ភាគីកម្ពុជា និងថៃព្រមព្រៀងគ្នាឈប់បាញ់ជាស្ថាពរ និងជាអចិន្ត្រៃយ៍ ដូច្នេះត្រូវមានការចុះហត្ថលេខាជាក់លាក់រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ។ ទី២-រក្សាស្ថានភាពដដែលនៃទីតាំងឈរជើងរបស់កងកម្លាំងរៀងៗខ្លួន មិនចល័តកម្លាំងមិនបំពានគ្នា រង់ចាំរហូតមានដំណោះស្រាយជាស្ថាពរលើការបោះបង្គោលកំណត់ព្រំដែន ។ ទី៣-លើកទឹកចិត្តឱ្យមានការសន្ទនាគ្នារវាងអង្គភាពនៅទល់មុខគ្នា ឱ្យវិលទៅរកសភាពការណ៍ មុនថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨ ឬមុនថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០១១ ឱ្យប្រកួតកីឡាមិត្តភាពជាមួយគ្នា ។ ទី៤-ដើម្បីធានាប្រសិទ្ធភាពនៃបទឈប់បាញ់ ភាគីទាំងពីរស្នើសុំឱ្យមានការត្រួតពិនិត្យបទឈប់បាញ់ដោយបណ្តាប្រទេសអាស៊ាន ។ ខ្ញុំប៉ាន់ស្មានរួចទៅហើយថា ភាគីថៃនឹងមិនព្រមចំណុចទី៤នេះទេ ប៉ុន្តែខ្ញុំសូមប្រកាសទុកឱ្យហើយ បើភាគីថៃមិនព្រមចំណុចទី៤-ឱ្យមានការត្រួតពិនិត្យបទឈប់បាញ់ដោយបណ្តាប្រទេសអាស៊ាន កម្ពុជាសូមស្វាគមន៍ទទួលយកកងទ័ពនៃបណ្តាប្រទេសអាស៊ានមកនៅលើទឹកដីរបស់ខ្លួនតែម្នាក់ឯង ដើម្បីឱ្យគេមកធ្វើប៉ូលិសត្រួតពិនិត្យកងទ័ពកម្ពុជា ។ សំរាប់កម្ពុជា មកពីសហប្រជាជាតិក៏បាន មកពីអាស៊ានក៏បាន មកពីខាងណាក៏បានដែរ ឱ្យតែមានភាគីទី៣ចូលរួម ។ នេះជាចំណុចដែលកម្ពុជាស្នើធ្វើជាសេចក្តីព្រាងនៃកិច្ចព្រមព្រៀងឈប់បាញ់នៅពេលប្រជុំអាស៊ាននោះតែម្តង ។ ចំណុចទាំង៤នេះ ខ្ញុំបានផ្ញើជូនតាមលោកឧបនាយករដ្ឋមន្ត្រីថៃ សុវណ្ណគិរី ជូនទៅលោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត ថា កម្ពុជាស្នើដូចគ្នា ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ពិភពលោកកំពុងយកចិត្តទុកដាក់ថា អ្នកណាម្ចាស់ការឈប់បាញ់ពិតប្រាកដ អ្នកណាទប់ស្កាត់ឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់ ។ សុំឱ្យពិភពលោកពិចារណាអំពីចំណុចនេះ បើភាគីថៃទាត់ចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ មានន័យថាអ្វីដែលខ្លួនកំពុងនិយាយឱ្យថាកម្ពុជាអនុវត្ត ដែលលោកកាស៊ីត ភីរម្យ ឱ្យស្តាប់គោរពអន្តរជាតិ ឥឡូវកម្ពុជា បានធ្វើហើយ ។ នេះជាប្រតិបត្តិការទូតរបស់កម្ពុជា ដែលមានគំនិតផ្តួចផ្តើម ដូចជានៅក្រុមប្រឹក្សាសន្តិសុខអ.ស.បមិនមែនថៃជាអ្នកផ្តួចផ្តើមទៅទេ ។ កម្ពុជា សុំភាគីថៃផ្តល់សច្ចាប័នពីមុនឱ្យហើយសិន កុំឱ្យផុតអាណត្តិនាយករដ្ឋមន្ត្រីហើយក៏នៅតែមិនផ្តល់ឱ្យ ។ ដូច្នេះមានតែតុលាការអន្តរជាតិទេបកស្រាយសាលក្រម បើសិនជាទឹកដីរបស់ថៃ កម្ពុជាសុខចិត្តចេញ ។ ប៉ុន្តែបញ្ហាធំ គឺបញ្ហាផែនទី មកគូសផែនទីឯកតោភាគីដោយបំពាន ។ នៅលើពិភពលោកនេះមានតែហ៊ីទ្លែរទេដែលគូសផែនទីហើយវាយយក។ ឥឡូវនេះ កម្ពុជាមានព្រំដែនដែលអន្តរជាតិទទួលស្គាល់ ហើយក្នុងនោះសាលក្រមតុលាការអន្តរជាតិទីក្រុងឡាអេ កំណត់ប្រើផែនទីដងរែក។ កុំមកបកស្រាយថា គេកាត់តែប្រាសាទទេ ត្រង់ដីគឺអត់ វាមិនដែល ជាពិសេសស៊ុនធិលឹមថងគុលចម្លងស្រ៊ីមឿង និងក្បាលក្តៀបកំពុងរៀននៅមហាវិទ្យាល័យព្រៃសនេះ អត់ដឹងទេត្រូវជាប់គុក កុំមកបញ្ចុះបញ្ចូលឱ្យព្រះរាជទានទោសគឺអត់ទេ។ យើងការពារមរតកជាតិខ្មែររួមជាមួយរាជរដ្ឋាភិបាលយើងដង្ហែជាមួយព្រះមហាក្សត្របច្ចុប្បន្ន យើងមិនអាចដើរថយក្រោយបានទេ ព្រោះនេះជាដីពីដូនតាមក។ ពាក់ព័ន្ធនឹងអ្នកសង្កេតការណ៍ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា យើងកំពុងតែស្ថិតនៅក្នុងស្ថានភាពនៃការដាក់បញ្ហាចេញ ដូច្នេះអ្នកសង្កេតការណ៍វាស្ថិតនៅលើការចរចា តើអ្នកសង្កេតការណ៍បែបណា ជាយោធា ឬជានគរបាល មកជាក្រុមប្រទេស ឬមកជាប្រទេសមួយៗដែលគេស្ម័គ្រចិត្តបញ្ជូនមក និងស្ថិតនៅក្នុងដំណាក់កាលនៃការចរចានៅឡើយ។ ប៉ុន្តែសំរាប់ភាគីកម្ពុជាមករបៀបណាក៏បាន និយាយបើកទូលាយ ជាសីុវិល យោធា នគរបាលក៏បានជាក្រុមប្រទេសក៏បាន ប្រទេសមួយៗក៏បាន ឱ្យតែមក។ ទាក់ទិននឹងអាស៊ានគ្មានសាច់ដុំ សម្តេចបញ្ជាក់ថា អាស៊ានគ្មានសាច់ដុំមែន ក៏ប៉ុន្តែអាស៊ានមានឆន្ទៈ អាស៊ានចង់ដោះស្រាយបញ្ហារបស់អាស៊ាន ឱ្យអាស៊ានក្លាយទៅជាសហគមន៍។ អាស៊ានមានឆន្ទៈចង់ឱ្យមានការឈប់បាញ់ ចង់សំរុះសំរួល ព្រោះជាបំណងប្រាថ្នារបស់អាស៊ានដែលចង់ក្លាយទៅជាសហគមន៍ ហើយទើបនឹងមានធម្មនុញ្ញមួយផង ។ ដូច្នេះទោះបីជាគ្មានសាច់ដុំដូចជាអង្គការសហប្រជាជាតិ ក៏ប៉ុន្តែបើសិនជាការព្រមព្រៀងការឈប់បាញ់រវាងកម្ពុជា-ថៃ អាស៊ានអាចឆ្លើយតបទៅ នឹងសំណូមពរបានតាមរយៈការបញ្ជូនមកនៃអ្នកសង្កេតការណ៍ដែលអាចជាផ្នែកមួយនូវការទប់ស្កាត់ជម្លោះសាជាថ្មី៕ |
ស្រូវប្រាំងជិត២០០ហិកតាកំពុងប្រឈមនឹងការងាប់ដោយសារគ្មានទឹក Posted: 17 Feb 2011 11:09 PM PST ខេត្តកំពង់ឆ្នាំង ៖ ស្រូវស្រែប្រាំងជិត២០០ហិកតា នៅឃុំចំនួន៣ គឺឃុំមេលំ ឃុំខុនរ៉ង់ និងឃុំផ្សារ កំពុងក្រៀមស្វិត ចេញពណ៌ក្រហមងាប់ដើមជាបណ្តើរៗហើយ ដោយសារតែគ្មានទឹកស្រោចស្រព ដែលបញ្ហានេះត្រូវបានប្រជាពលរដ្ឋកំពុងសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាធរខេត្ត មេត្តាជួយដល់សន្ទូង និងសំណាបរបស់ពួកគាត់ផង ព្រោះតែការខ្វះទឹកនេះ ។ ពួកគាត់ជាប្រជាពលរដ្ឋបាននិយាយឱ្យដឹងថា កន្លងមករៀងរាល់ឆ្នាំ ពួកគាត់មិនដែលខ្វះទឹកដូចឆ្នាំនេះទេ ។ លោកឃួន សៅរុំ អភិបាលរងស្រុកបរិបូរណ៌បាននិយាយឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យខ្វះទឹកសម្រាប់ស្រូវប្រាំងឆ្នាំនេះ គឺមានកត្តាពីរយ៉ាង ទី១-គឺទឹកទន្លេឆ្នាំនេះតូច ទាបជាងឆ្នាំកន្លងទៅ ដែលនេះគឺជាបាតុភូតធម្មជាតិ ទី២-គឺបណ្តាលមកពីប្រភពដែលជាតម្រូវការចាំបាច់នោះគឺទឹកស្ទឹងបរិបូណ៌ត្រូវបានក្រុមហ៊ុនចិន ដែលនៅផ្នែកស្រុកខាងលើបានទប់ទឹកស្ទឹងមិនឱ្យធ្លាក់ចុះ ដើម្បីគេបូមទឹកដាក់ចំការដំឡូងមីរបស់ក្រុមហ៊ុនចិននោះ ម៉្លោះហើយទឹកស្ទឹងដែលជាប្រភពទឹកយ៉ាងសំខាន់របស់ប្រជាកសិករសម្រាប់ធ្វើស្រូវប្រាំងនោះបែរជាស្រូវខ្វះខាតទាំងស្រុងទៅវិញ ។ លោកក៏បានបញ្ជាក់ផងដែរថា ផ្ទៃដីស្រូវប្រាំងក្នុងឃុំទាំង៣របស់ស្រុកបរិបូណ៌ដែលកំពុងជួបគ្រោះថ្នាក់ដោយខ្វះទឹកនោះ មានចំនួនជាង១៨០ហិកតា ៕ |
Posted: 17 Feb 2011 11:07 PM PST យោងតាមបណ្តាញព័ត៌មានពីប្រទេសថៃឯណោះវិញ បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វ៉េចាជីវ៉ា បានច្រានចោលសំណើឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ។ នេះបើយោងតាមគេហទំព័របាងកកប៉ុស្តិ៍ចេញផ្សាយកាលពីវេលាម៉ោង៥និង២៥នាទីល្ងាចថ្ងៃទី១៧ កុម្ភៈ គឺនៅក្រោយរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើសន្និសីទកាសែតកាលពីវេលាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ កុម្ភៈ ២០១១ ម្សិលមិញនេះដោយបង្ហាញពីជំហររបស់កម្ពុជាក្នុងការបញ្ចៀសមិនឱ្យមានការប្រយុទ្ធគ្នា តាមរយៈបង្កើតឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់មួយ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ និងមានអមដោយប្រធានអាស៊ានជាសាក្សីផង ។ |
Posted: 17 Feb 2011 10:46 PM PST ចាប់ពីវេលាព្រឹកថ្ងៃសុក្រ ទី១៨ កុម្ភៈ ២០១១ នេះ ប្រជាពលរដ្ឋខ្មែរនៅទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដារាប់ពាន់នាក់ នឹងដង្ហែក្បួនទៅកាន់រដ្ឋធានីអូតាវ៉ាធ្វើបាតុកម្មប្រឆាំងថៃដែលឈ្លានពានបូរណភាពទឹកដីខ្មែរនិងចង់បានប្រាសាទព្រះវិហារ ។ នេះបើយោងតាមគេហទំព័រមួយឈ្មោះ KI-media ដែលមានមូលដ្ឋាននៅក្រៅប្រទេសចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ។ គេហទំព័រដែលបានបញ្ជាក់ឱ្យដឹងដែរថា បាតុកម្មនេះប្រជាពលរដ្ឋខ្មែរនឹងប្រារព្ធធ្វើនៅមុខវិមានរដ្ឋសភាក្រុងអូតាវ៉ា និងបន្ទាប់មកដង្ហែក្បួនឆ្ពោះទៅតវ៉ានៅស្ថានទូតថៃប្រចាំក្រុងអូតាវ៉ា ប្រទេសកាណាដាតែម្តង ។ |
Posted: 17 Feb 2011 10:36 PM PST ខេត្តបាត់ដំបង ៖ ផ្ទះលួចលាក់ផលិតក្លែងក្លាយខុសច្បាប់មួយកន្លែងលេខ២៩ ក្រុម២ ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ត្រូវសមត្ថកិច្ចចំរុះមានប៉ូលិសមូលដ្ឋាន ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្ត ដឹកនាំដោយលោកជេត វណ្ណនី ស្នងការរង សហការជាមួយមន្ត្រីតុលាការ មានលោកអ៊ុយ សំភារ ព្រះរាជាអាជ្ញារងនៃសាលាដំបូងខេត្ត ចូលបង្ក្រាបឃាត់ខ្លួនមនុស្ស និងផ្អាកសកម្មភាពធ្វើអាជីវកម្មខុសច្បាប់នេះ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ កុម្ភៈ ២០១១ ។ |
នគរបាលវត្តភ្នំចុះបង្ក្រាបស្ត្រីរកស៊ីផ្លូវភេទឃើញតែមុខដដែលៗ Posted: 17 Feb 2011 10:30 PM PST រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តភ្នំសហការជាមួយសាលាសង្កាត់វត្តភ្នំបានចុះបង្ក្រាបស្ត្រីរកស៊ីផ្លូវភេទ និងក្រុមស្ទាវបោយដៃហៅម៉ូយបង្កភាពអធិបតេយ្យលើដងផ្លូវលេខ១០៦-១០៨ និងរមណីយដ្ឋានវត្តភ្នំ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៧ កុម្ភៈ ២០១១ ។ |
សមត្ថកិច្ចចំរុះចុះរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារក្រុងតាខ្មៅ Posted: 17 Feb 2011 07:13 PM PST ខេត្តកណ្តាល ៖ ផ្លូវមួយចំនួននៅជុំវិញផ្សារតាខ្មៅចាស់ ក្រុងតាខ្មៅ ត្រូវអាជីវករមួយចំនួនយកធ្វើជាកន្លែងលក់ដូរ និងចតម៉ូតូ កង់ រញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ធ្វើឱ្យបាត់បង់សោភ័ណភាព និងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើចរាចរណ៍ បើទោះបីជាកន្លងមក អាជ្ញាធរ និងសមត្ថកិច្ចបានចុះទៅធ្វើការណែនាំជាច្រើនលើកច្រើនសាក៏ដោយ។ ដោយសារតែភាពអត់សណ្តាប់ធ្នាប់នៅជុំវិញផ្សារតាខ្មៅនេះ កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ សមត្ថកិច្ចចំរុះរបស់អាជ្ញាធរក្រុងដឹកនាំដោយលោកអនុសេនីយ៍ឯកឡាង លន់ អធិការរងក្រុងទទួលបន្ទុកសណ្តាប់ធ្នាប់ និងចរាចរណ៍បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវជុំវិញផ្សារតាខ្មៅឱ្យមានសណ្តាប់ធ្នាប់ និងសោភ័ណភាពឡើងវិញ គឺផ្លូវលេខ១០៥, ១០៦ និងផ្លូវលេខ២០៣, ២០៤ និង២០៥។ កំណាត់ផ្លូវទាំង៥ខ្សែនេះមានភាពរញ៉េរញ៉ៃជាងគេ ដោយសារតែប្រជាពលរដ្ឋជាអាជីវករបានយកចិញ្ចើមផ្លូវដាក់តាំងលក់ទំនិញ និងបើកលក់កាហ្វេ ហើយយកចិញ្ចើមផ្លូវធ្វើជាចំណតម៉ូតូ រថយន្ត ។ លោកឡាង លន់ បានឱ្យដឹងថា កន្លងមកកំលាំងចំរុះរបស់អាជ្ញាធរក្រុងតាខ្មៅ ធ្លាប់បានធ្វើការផ្សព្វផ្សាយ និងជូនដំណឹងជាច្រើនលើកច្រើនសា ប៉ុន្តែប្រជាពលរដ្ឋទាំងនោះពុំស្តាប់ឡើយ គឺនៅពេលកំលាំងចុះទៅរៀបចំទើបពួកគាត់លើកទំនិញតាំងលក់ចូលផុតពីផ្លូវ លុះពេលកំលាំងចេញគាត់យកមកដាក់វិញដដែល គឺពិបាកខ្លាំងណាស់ ដូចវែកចកអ៊ីចឹង ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋដែលមកទិញទំនិញនៅផ្សារបានចតម៉ូតូ កង់នៅលើដងផ្លូវសាធារណៈមិនព្រមយកទៅផ្ញើនៅកន្លែងផ្ញើទេ។ លោកឡាង លន់ បានបញ្ជាក់ទៀតថា ចាប់ពីពេលនេះតទៅបើប្រជាពលរដ្ឋណានៅតែមិនធ្វើតាមការណែនាំដូចសេចក្តីជូនដំណឹងរបស់គណៈបញ្ជាការឯកភាពក្រុងទេ យើងនឹងចាប់យកសំភារ និងទំនិញទៅស្នាក់ការ ហើយធ្វើកិច្ចសន្យាឱ្យបញ្ឈប់។ ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋក៏ដូចជាអាជីវករនៅជុំវិញផ្សារតាខ្មៅតាមដងផ្លូវទាំង៥ខ្សែខាងលើ សូមឱ្យមានការយោគយល់ និងចូលរួមសហការជាមួយ សមត្ថកិច្ចក្នុងការរៀបចំសណ្តាប់ធ្នាប់នេះដើម្បីជាប្រយោជន៍ឱ្យផ្លូវនៅ ក្នុងក្រុងមានសណ្តាប់ធ្នាប់របៀបរៀបរយ និងសោភ័ណភាពល្អប្រសើរថែមទៀត ៕ |
ប៉ូលិសកំពុងប៉ះទង្គិចពាក្យសម្តីជាមួយអាជីវករលក់បន្លែ នៅប៉ុស្តិ៍ទួលស្វាយព្រៃទី២ Posted: 17 Feb 2011 07:13 PM PST រាជធានីភ្នំពេញ ៖ ក្រុមអាជីវករតូចតាចលក់បន្លែ ប្រមាណជាង១០០នាក់ បានកើតការប្រទាំងប្រទើសជាមួយប៉ូលិសប៉ុស្តិ៍រដ្ឋបាលទួលស្វាយព្រៃទី២ ដោយមានការប្រកែក និងស្រែកជំទាលដាក់គ្នាខ្លាំងៗ ខណៈប៉ូលិសរៀបចំសណ្តាប់ធ្នាប់បណ្តេញពួកគេចេញមិនឱ្យដាក់អីវ៉ាន់លក់ដូរតាមចិញ្ចើមផ្លូវ ឬចូលមកលើផ្លូវកាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី១៨ កុម្ភៈ ២០១១ នៅលើកំណាត់ផ្លូវលេខ៣១០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។ ខណៈពេលអ៊ូអរនៅមុខស្នាក់ការប៉ុស្តិ៍ទួលស្វាយព្រៃទី២ ប៉ូលិសបាននិយាយថា តាមបណ្តោយផ្លូវលេខ៣១០នេះ គឺត្រូវហាមឃាត់ពួកអាជីវករមិនឱ្យដាក់អីវ៉ាន់លក់ដូរជាយូរមកហើយ ព្រោះវាបង្កឱ្យផ្លូវកាន់តែតូចចង្អៀត គ្មានសណ្តាប់ធ្នាប់ស្ទះចរាចរដល់អ្នកដំណើរ...ហើយសមត្ថកិច្ចក៏បានសំរួលឱ្យមានកន្លែងផ្សេង (កន្លែងដែលមិនប៉ះពាល់) សម្រាប់លក់ដូរផងដែរ គឺនៅលើកំណាត់ផ្លូវលេខ៣៧៤ ក្បែរស្ថានីយប្រេងឥន្ធនៈកាល់តិច ផ្សារដើម.គ ប៉ុន្តែក្រុមអាជីវករលក់បន្លែ ទាំងនោះមិនព្រមទៅលក់ដូរនៅទីនោះទេ បែរជាចង់លក់ដូរនៅលើកំណាត់ផ្លូវលេខ៣៦៤វិញ គឺស្រឡាញ់តែកន្លែងដែលគេហាមឃាត់ ព្រោះកំណាត់ផ្លូវលេខ៣៦៤នោះមានកន្លែងក្រុមហ៊ុនឯកជន មន្ត្រីរាជការធ្វើការច្រើន...ជាពិសេសអគារសាខាកាកបាទក្រហមដែលមានមនុស្សចេញ-ចូលច្រើនតែម្តង ។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព |
ម៉ូតូបុករថយន្តក្រុង២នាក់ផ្លោងទំលុះកញ្ចក់រថយន្ត ម្នាក់ចូលក្រោមស្លាប់ទាំង៣ Posted: 17 Feb 2011 07:09 PM PST ខេត្តបាត់ដំបង ៖ មនុស្ស៣នាក់បានស្លាប់ដោយសារតែជិះម៉ូតូបុករថយន្តដឹកអ្នកដំណើរកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ កុម្ភៈ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិអូរគ្រាត ឃុំគារ ស្រុកម៉ោងប្ញស្សី ក្នុងខណៈបើកបញ្ច្រាសទិសគ្នា។ មន្ត្រីនគរបាលស្រុកមោងប្ញស្សីឱ្យដឹងថា គេសង្ស័យថាអ្នកជិះម៉ូតូស្រវឹងស្រា។ ពួកគេជិះម៉ូតូទៅបុករថយន្ត ខណៈពេលរថយន្តដឹកអ្នកដំណើរបើកបរលើចំណែកផ្លូវខាងស្តាំរបស់ខ្លួន។ អ្នកជិះម៉ូតូដែលស្លាប់ទាំង៣នាក់នោះ ១-ឈ្មោះផាត ចំណារ ភេទប្រុស អាយុ២៥ឆ្នាំ អ្នកឌុប, ២-ឈ្មោះភឿត សេមសាន ភេទប្រុស អាយុ២១ឆ្នាំ និង៣-ឈ្មោះភឿត ម៉ាប់ ភេទប្រុស អាយុ២០ឆ្នាំ ២នាក់នេះជាបងប្អូនជីដូនមួយ។ ពួកគេទាំង៣នាក់រស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងប្ញស្សី។ ដោយឡែករថយន្តដឹកអ្នកដំណើរជារបស់ក្រុមហ៊ុនផារ៉ាម៉ោនអង្គរ ធ្វើដំណើរពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត បើកបរដោយឈ្មោះថ្លៃ រស់នៅខេត្តស្វាយរៀង តែបានរត់ចោលរថយន្តក្រោយកើតហេតុ។ សមត្ថកិច្ចបញ្ជាក់ថា ឧប្បត្តិហេតុនេះធ្វើឱ្យអ្នកជិះក្នុងរថយន្តក្បែរអ្នកបើកបរម្នាក់ឈ្មោះតុប តែង ភេទប្រុស អាយុ៥១ឆ្នាំ រងរបួស ដោយសារតែអ្នកជិះម៉ូតូ២នាក់ផ្លោងទំលុះកញ្ចក់ចូលទៅបុកចំគាត់។ តាមការបំភ្លឺពីបុរសរងរបួសឈ្មោះតុប តែង ដែលជិះក្នុងរថយន្ត និងសាក្សីផ្សេងៗទៀតថា ពីដំបូងឃើញអ្នកស្លាប់៣នាក់នោះជិះម៉ូតូមកពីមុខតំរង់រថយន្ត ហើយបត់ឆ្វេងចូលផ្លូវលំ តែភ្លាមនោះមិនដឹងយ៉ាងម៉េចស្រាប់តែបត់ឡើងមកលើថ្នល់វិញ ជ្រុលទៅបុកចំពីមុខរថយន្តក្រុងពេញទំហឹងតែម្តង។ លោកតុប តែង បញ្ជាក់ថា ពេលបុកអ្នកជិះម៉ូតូ២នាក់ផ្លោងបុកទំលុះកញ្ចក់រថយន្តផ្នែកខាងមុខមកប៉ះគាត់បណ្តាលឱ្យរបួសដែរ ខណៈគាត់អង្គុយក្បែរអ្នកបើកបរ។ រថយន្តក្រុង និងម៉ូតូត្រូវនគរបាលការិយាល័យចរាចរណ៍ខេត្តយកទៅរក្សាទុករង់ចាំដោះស្រាយ។ សមត្ថកិច្ចនិយាយថា កំហុសមួយផ្នែកធំអាចបណ្តាលមកពីអ្នកជិះម៉ូតូដែលគេសង្ស័យថាស្រវឹងស្រា ហើយជិះម៉ូតូស្ថិតលើចំណែកផ្លូវដែលជាអាទិភាពរបស់រថយន្ត។ បើគិតពីដើមខែមករា ដល់ថ្ងៃទី១៣ កុម្ភៈ មានរថយន្តក្រុង៥គ្រឿងហើយដែលជួបគ្រោះថ្នាក់ចរាចរណ៍៕ |
ផឹកស៊ីនៅខាងក្រៅមិនអស់ចិត្ត ចូលផ្ទះផឹកស៊ីឡូឡាថែមទៀត ឪពុកមាបង្កើតបាញ់ចំក្បាល Posted: 17 Feb 2011 06:58 PM PST រាជធានីភ្នំពេញ ៖ ការផឹកស៊ីអ៊ូអូរក្ឌុងក្ខាំងដ៏គ្មានសណ្តាប់ធ្នាប់របស់យុវជនមួយក្រុមក្នុងពេលរាត្រីរំខានអ្នកជិតខាងដេកពួនបានឈានទៅដល់ការប្រើអំពើហិង្សាជូរចត់ គឺឪពុកមាទាញកាំភ្លើងខ្លីបាញ់ទៅលើក្មួយប្រុសបង្កើតម្នាក់ចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រយ៉ាងប្រញិបប្រញាប់បំផុត ។ អំពើហិង្សាដោយគ្រាប់កាំភ្លើងនេះបានកើតឡើងកាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ កុម្ភៈ ២០១១ នៅមុខផ្ទះដីឡូត៍ (រស់នៅច្រើនគ្រួសារ) លេខ៤៨ តាមបណ្តោយផ្លូវលេខ២៨៩ សង្កាត់បឹងកក់២ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងទាំងយប់ ។ បុរសអ្នកបាញ់ប្រហារឈ្មោះសឹង សុផា អាយុ៣៨ឆ្នាំ ជាអនុសេនីយ៍ទោ បំរើការនៅការិយាល័យទី២ នៃទីបញ្ជាការដ្ឋានកងទ័ពជើងគោក បានគេចខ្លួនបាត់ក្រោយពេលទប់ចិត្តមិនបានប្រើកាំភ្លើងខ្លីម៉ាកកា៥៤ បាញ់ទៅលើក្មួយបង្កើតចំចិញ្ចើមខាងឆ្វេងធ្លាយទៅចិញ្ចើមខាងស្តាំ ។ បុរសរងគ្រោះឈ្មោះស៊ុន សុភាសិត អាយុ២៦ឆ្នាំ ជាកម្មករលីសែងនៅផ្សារធំថ្មី ស្នាក់នៅផ្ទះកើតហេតុខាងលើ ឥឡូវកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងឈ្មោះស៊ុន សុភាសិត ប្អូនប្រុសរបស់គេ និងមិត្តភក្តិ២-៣នាក់ទៀតបានវិលត្រឡប់មកពី ផឹកស៊ីច្រៀងខារ៉ាអូខេនៅម្តុំផ្សារមាន់អាំង...ពេលមកដល់ផ្ទះវេលាម៉ោងជិត៣រំលងអធ្រាត្រពួកគេបានបន្តការផឹកស៊ីថែមទៀត និយាយឡូឡាក្ឌុងក្ឌាំងរំខានដល់អ្នកជិតខាងពន់ពេកណាស់...ឃើញបែបនេះលោកស៊ឹង សុផា (ជនដៃដល់) បានចេញទៅណែនាំ និងស្តីបន្ទោសកុំឱ្យក្ឌុងក្ឌាំងរំខានគេឯង...ពេលនោះទំនាស់ពាក្យសម្តីបានកើតឡើង ហើយឈ្មោះស៊ុន សុភាសិតនិងប្អូនប្រុស ព្រមទាំងបក្សពួកសរុបទៅ៤-៥នាក់ បានហក់មកប្រវាយប្រតប់ជាមួយលោកសឹង សុផា ធ្វើឱ្យលោកសឹង សុផា ដកកាំភ្លើងបាញ់ការពារខ្លួន ទើបត្រូវស៊ុន សុភាសិត រងរបួសធ្ងន់ធ្ងរបែបនេះ ។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព. |
ខ្ចីប្រាក់អង្គការបាន៧០ម៉ឺនរៀលទាស់គ្នាជាមួយប្រពន្ធចាក់សាំងដុតខ្លួន Posted: 17 Feb 2011 06:56 PM PST រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែការស្រវឹងស្រា ហើយយកសាំងចាក់ដុតខ្លួន បណ្តាលឱ្យឆេះខ្លោចសព្វពេញខ្លួនប្រាណ សូម្បីតែសក់ក្បាល និងប្រដាប់ភេទក៏ឆេះរួញអស់រលីងដែរ។ ចំណែកមុខវិញឆេះខ្លោចខ្មៅមើលស្ទើរមិនស្គាល់ថា ជាមុខ ឯដងខ្លួនទាំងមូលឆេះខ្លោចខ្មៅដែរ ហើយត្រឹមចង្កេះចុះក្រោមរលាត់ស្បែកក្រហមរងាលដូចកូនកណ្តុររលូត ។ រឿងរ៉ាវដុតខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៦ កុម្ភៈ ហើយក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យប្រតិបត្តិស្រុកកំពង់ត្រឡាច តែដោយសារការឆេះខ្លួននេះធ្ងន់ធ្ងរពេក ទើបមន្ទីរពេទ្យបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។ តាមប្រភពព័ត៌មានពីអ្នកដែលនៅជិតផ្ទះកើតហេតុបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះមឿន ធា អាយុ២៤ឆ្នាំ ជាកសិករ មានស្រុកកំណើតនៅភូមិសារាយអណ្តែត ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានប្រពន្ធឈ្មោះថោ រ៉ា អាយុ២៣ឆ្នាំ និងមានកូនប្រុសម្នាក់ ។ ប្រភពព័ត៌មានដដែលបានបន្តទៀតថា កាលពីថ្ងៃទី១៦ កុម្ភៈ ប្រពន្ធជនរងគ្រោះបានទៅខ្ចីប្រាក់ពីអង្គការចំនួន៧០ម៉ឺនរៀល បន្ទាប់ពីខ្ចីប្រាក់បានហើយ ជនរងគ្រោះបានយកប្រាក់នេះទៅទិញទូរស័ព្ទដៃមួយគ្រឿង រួចទៅផឹកស្រានៅភូមិអូរ ឃុំច្រេស ចំងាយពីផ្ទះប្រមាណ៣គីឡូម៉ែត្រ ពេញមួយថ្ងៃ ទើបត្រឡប់មកផ្ទះវិញ ។ លុះមកដល់ផ្ទះម៉ោងប្រមាណ៧និង២០នាទីយប់ ឈ្មោះមឿន ធា ជាប្តី និងប្រពន្ធឈ្មោះថោ រ៉ា បានឈ្លោះប្រកែកគ្នា ។ បន្ទាប់ពីឈ្លោះប្រកែកគ្នារួច ឈ្មោះមឿន ធា បានទៅផ្ទះប្អូនស្រីឈ្មោះមឿន ផាត អាយុ១៣ឆ្នាំ រួចប្រើឱ្យទៅទិញសាំង១លីត្រ យកមកចាក់ម៉ូតូ ។ ប្អូនស្រីក៏ដើរទៅទិញសាំងយកមកឱ្យ ហើយត្រឡប់ទៅផ្ទះវិញ ស្មានថា បងយកសាំងទៅចាក់ម៉ូតូ បែរជាបងប្រុសនេះ ពេលបានសាំងហើយ ដើរទៅមុខផ្ទះរួចយកសាំងចាក់ស្រោចលើខ្លួនប្រាណ ហើយកេះដែកកេះដុតឆេះឆាបសន្ធោសន្ធៅតែម្តង ដោយគ្មាននរណាជួយពន្លត់ ព្រោះអ្នកភូមិរវល់ធ្វើស្រែ និងមិនបានមកសំរាកនៅផ្ទះទេ ហើយអ្នកដែលនៅផ្ទះសុទ្ធតែចាស់ជរា ដូច្នេះហើយទើបគ្មានអ្នកជួយ ទាល់តែភ្លើងឆេះស្ទើរខ្លោចពេញខ្លួនរលត់ទៅវិញទើបបានដឹង។ បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារបាននាំជនរងគ្រោះមកដល់មន្ទីរពេទ្យព្រះកុសុមៈ នៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ កុម្ភៈ ។ ពេលមកដល់មន្ទីរពេទ្យ គ្រូពេទ្យបានធ្វើការជួយសង្គ្រោះជាបន្ទាន់ តែមកដល់វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៧ កុម្ភៈ ជនរងគ្រោះក៏បានស្លាប់ ។ លោកវេជ្ជបណ្ឌិតសូ វុន អគ្គានុរក្សរងប្រចាំមន្ទីរពេទ្យព្រះកុសុមៈ បានមានប្រសាសន៍ឱ្យដឹងថា ដោយសារជនរងគ្រោះត្រូវភ្លើងឆេះពេញខ្លួនទាំងអស់ ដូច្នេះកំរិតនៃការឆេះឆាបឈានដល់១០០ភាគរយទៅហើយ គ្រូពេទ្យមិនអាចជួយសង្គ្រោះបានទេ ។
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារភ្លើងឆេះផ្ទះបណ្តែតទឹកកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៦ កុម្ភៈ នៅភូមិត្អួររលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខណៈដែលស្ត្រីរូបនោះ អុជចង្កៀងបំភ្លឺដើម្បីយកប្រេងសាំងទៅចាក់ម៉ាស៊ីនកាណូត ហើយបណ្តាលឱ្យឆាបឆេះឡើង ។ តាមប្រភពពីលោកប៉ាល់ ជឿន អធិការស្រុកកំពង់លែង បានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះហ៊ីង ជឿន អាយុ៥៣ឆ្នាំ បានរងរបួសឆេះរលាកខ្លួនមួយកំណាត់ត្រឹមចង្កេះចុះក្រោម និងមនុស្សពីរនាក់ទៀតបានរងរបួសស្រាល។ ចំណែកផ្ទះបណ្តែតទឹកនោះក៏បានឆេះអស់មួយកំណាត់ខាងក្រោយផងដែរ ។ លោកបានបញ្ជាក់ពីមូលហេតុនៃអគ្គីភ័យនោះថា នៅវេលាម៉ោងប្រហែល៨យប់ ស្ត្រីរងគ្រោះបានយកសាំងចំនួនពីរលីត្រដាក់ក្នុងដបទឹកក្រូច ហើយយកនៅចាក់ម៉ាស៊ីនកាណូតរបស់ខ្លួន។ ពេលចាក់នោះក៏បានយកចង្កៀងប្រេងកាតទៅបំភ្លឺផងដែរ ។ ភ្លាមនោះដោយសារសាំងនិងភ្លើងចង្កៀងនៅក្បែរគ្នាក៏បានបណ្តាលឱ្យឆាបឆេះធ្វើឱ្យស្ត្រីរូបនោះភ្ញាក់ដូចចាក់សាំងស្រោចខ្លួនឯងមួយកំណាត់ក្រោម និងរាលដាលឆេះដល់ផ្ទះបាយផ្នែកខាងក្រោយ ។ ភ្លាមនោះអ្នកជិតខាងរួមនឹងក្រុមគ្រួសារនាំគ្នាជួយពន្លត់បានទាន់ពេលវេលា តែទោះជាយ៉ាងណា ផ្ទះបណ្តែតទឹកបានឆេះអស់មួយកំណាត់ក្រោយទៅហើយ ចំណែកស្ត្រីរងគ្រោះត្រូវគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តផងដែរ ៕ |
ម្ចាស់ដេប៉ូចែកចាយផលិតផល ប្តឹងក្រុមហ៊ុនសាយ៉ាម របស់ថៃ រំលោភលើកាតព្វកិច្ច Posted: 17 Feb 2011 06:51 PM PST រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនសាយ៉ាម អ៊ិនធើរណេសិនណល (SAYAM INTERNATIONAL) មានអាសយដ្ឋានផ្ទះលេខ១១៦ ABC មហាវិថីព្រះសីហនុ សង្កាត់បឹងកេងកេង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលតំណាងដោយជនជាតិថៃឈ្មោះសា យ៉ាម រ៉ាម៉ាស៊ូត ភេទប្រុស ត្រូវបានទទួលរងនូវការប្តឹងទាមទារប្រាក់ពីសំណាក់ម្ចាស់ដេប៉ូចែកចាយផលិតផលរបស់ក្រុមហ៊ុនប្រចាំផ្សារអូរប្ញស្សី និងផ្សារអូឡាំពិក ដោយសារតែក្រុមហ៊ុននេះរំលោភទៅលើកាតព្វកិច្ចរបស់ខ្លួន ដែលបានសន្យាជាមួយម្ចាស់ដេប៉ូចែកចាយ។ តាមប្រភពពីអ្នកលក់នៅផ្សារអូឡាំពិក និងផ្សារអូរប្ញស្សីបានឱ្យដឹងថា លោកឈិន លន់ ដែលជាម្ចាស់ដេប៉ូចែកចាយផលិតផលរបស់ក្រុមហ៊ុន មានដូចជា 12Plus, Baby Mild, Exit, Sofy និង Mamypoko បានរកស៊ីជាមួយក្រុមហ៊ុនរបស់ជនជាតិថៃនេះអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ ឃើញថាមិនដែលមានបញ្ហាអ្វីកើតឡើងជាមួយគ្នានោះទេ ទើបតែនៅក្នុងឆ្នាំ២០១០នេះ នៅពេលដែលលោកទទួលចែកចាយផលិតផលរបស់ក្រុមហ៊ុនជិតនឹងគ្រប់ចំនួនទៅតាមផែនការដែលក្រុមហ៊ុនបានដាក់ឱ្យ ដើម្បីទទួលបានប្រាក់លើកទឹកចិត្តពីក្រុមហ៊ុនចំពោះស្នាដៃលក់របស់គាត់ហើយនោះ ស្រាប់តែក្រុមហ៊ុនដែលគ្រប់គ្រងដោយជនជាតិថៃនេះ បែរជាប្រែក្រឡាស់ ដោយយកលេសមិនសមហេតុផលមកបញ្ឈប់គាត់មិនឱ្យចែកចាយផលិតផលបន្តទៀត ហើយថែមទាំងមិនព្រមបង់ប្រាក់លើកទឹកចិត្តតាមកិច្ចសន្យារបស់ខ្លួនដែលធ្លាប់បានធ្វើជារៀងរាល់ឆ្នាំជាមួយគាត់ទៀតផង។ ទង្វើរបស់ជនជាតិថៃរូបនេះក៏បានធ្វើឱ្យម្ចាស់ដេប៉ូចែកចាយប្រចាំផ្សារ និងខេត្ត ក្រុងនានាផ្សេងៗទៀតមានការប្រុងប្រយ័ត្នខ្លាចក្រែងទទួលរងនូវការរំលោភបំពាន (ការក្បត់) ដូចជាអាជីវករដែលជាម្ចាស់ដេប៉ូចែកចាយប្រចាំផ្សារអូរប្ញស្សី និងផ្សារអូឡាំពិកខាងលើ។ ពាក់ព័ន្ធការរំលោភលើកិច្ចសន្យាពីសំណាក់សាយ៉ាម រ៉ាម៉ាស៊ូត តាមប្រភពពីតុលាការបានឱ្យដឹងថា នឹងមានបណ្តឹងមួយទៀតប្តឹងទៅលើបុគ្គលសាយ៉ាម រ៉ាម៉ាស៊ូតទៀត៕ |
ក្រុមក្មេងទំនើងសរសេរបំផ្លាញស្ពានឆ្លងកាត់ទន្លេសេកុង Posted: 17 Feb 2011 06:41 PM PST ខេត្តស្ទឹងត្រែង ៖ ស្ពានមិត្តភាពកម្ពុជា-ចិន ឬហៅថា ស្ពានសេកុង គឺជាស្ពានឆ្លងកាត់ទន្លេសេកុងដែលមានប្រវែង១.០៥៧ម៉ែត្រ កាត់ពីក្រុងស្ទឹងត្រែងឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ឡាវ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាំងពីខែមេសា ឆ្នាំ២០០៨ កន្លងមកនេះ ។ ចាប់តាំងពីស្ពាននេះសម្ពោធបើកឱ្យដំណើរការបានផ្តល់នូវភាពងាយស្រួលដល់អ្នកដំណើរគ្រប់ទិសទីឆ្លងកាត់ ទាំងភ្ញៀវទេសចរ ប្រជាពលរដ្ឋ ក៏ដូចជាពាណិជ្ជករដែលមានទំនាក់ទំនងពាណិជ្ជកម្ម បានដឹកទំនិញឆ្លងកាត់យ៉ាងងាយស្រួល ។ អ្នកដំណើរជាភ្ញៀវទេសចរជាច្រើនបានឱ្យដឹងថា ពួកគាត់សប្បាយចិត្តជាមួយការធ្វើដំណើរតាមស្ពាននេះទៅប្រទេសឡាវ ដោយសារបច្ចុប្បន្នខុសពីប៉ុន្មានឆ្នាំមុន ពេលដែលពួកគាត់មកដល់ខេត្តស្ទឹងត្រែង ហើយចង់ឆ្លងទន្លេសេកុងទៅកាន់ប្រទេសឡាវ គឺត្រូវឆ្លងសាឡាង។ ប៉ុន្តែឥឡូវនេះយើងមានស្ពានអាចឱ្យយើងធ្វើដំណើរឆ្លងកាត់បានយ៉ាងងាយស្រួល ហើយនៅពេលមកដល់ស្ពាននេះ មិត្តភក្តិរបស់គាត់ដែលពុំធ្លាប់មកតែងតែថតរូបនៅលើស្ពានទុកជាអនុស្សាវរីយ៍ផងដែរ។ តែអ្វីដែលពួកគាត់កត់សំគាល់នោះ គឺពួកគាត់បានឃើញអក្សរមានខ្លឹមសារមិនគួរគប្បីជាច្រើនសរសេរនៅលើបង្កាន់ដៃស្ពាននូវពាក្យចំអាសចំអូងមើលទៅមិនសមភ្នែកភ្ញៀវដែលកំពុងធ្វើដំណើរសោះ។ ម្យ៉ាងទៀតតាមប៉មនីមួយៗសំរាប់សន្តិសុខយាមលើស្ពានបានក្លាយទៅជាកន្លែងបន្ទោរបង់អស់ទៅហើយ ឱ្យតែធ្វើដំណើរទៅជិតប៉មម្តងៗតែងតែធុំក្លិនឆ្អេះឆ្អាបធ្វើឱ្យអ្នកដំណើរទាំងនោះលាន់មាត់គ្រប់ៗគ្នា ។ ពួកគាត់បានសំណូមពរសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយពិនិត្យមើលតាមបង្កាន់ដៃស្ពាន និងមានវិធានការយ៉ាងណាទៅលើប៉មយាមទាំងអស់នៅលើស្ពាននោះផង ។ លោកវរសេនីយ៍ត្រី ឈូក កុម៉ល់ អធិការក្រុងស្ទឹងត្រែងបាននិយាយសារភាពថា លោកមិនដឹងថា មានគេសរសេរអក្សរក្រវេមក្រវាមនូវពាក្យមិនគប្បីនៅតាមបង្កាន់ដៃស្ពានសោះ ទើបតែភ្នាក់ងារកោះសន្តិភាពសួរ ទើបដឹងពីហេតុការណ៍នេះ។ លោកនឹងចាត់វិធានការស្រាវជ្រាវដើម្បីចាប់ខ្លួនក្រុមក្មេងទំនើងទាំងនោះមកធ្វើការអប់រំណែនាំ ។ ចំណែកឯតាមប៉មរបស់សន្តិសុខយាមស្ពានដែលមានក្លិនឆ្អេះទឹកនោមនោះ លោកអធិការបានបញ្ជាក់ថា តាមប៉មនីមួយៗនៅលើស្ពានតែងតែមានការលាងសំអាតជានិច្ច ហើយមិនដឹងជាហាមឃាត់យ៉ាងដូចម្តេចចំពោះជនអគតិដែលលួចទៅនោមនៅតាមប៉មនោះ ពីព្រោះសព្វថ្ងៃប៉ូលិសយាមតែនៅចំណុចជើងស្ពានប៉ុណ្ណោះ ចំណែកនៅកណ្តាលស្ពានប៉ូលិសពិបាកចងអង្រឹងយាមនៅពេលយប់ណាស់ ទើបធ្វើឱ្យជនខិលខូចយកប៉មទាំងនោះធ្វើជាកន្លែងបន្ទោបង់។ ទោះបីជាបែបណា លោកនឹងមានវិធានការដើម្បីកុំឱ្យជនខិលខូចយកប៉មនៅលើស្ពានធ្វើជាកន្លែងនោម ឬបន្ទោបង់បានតទៅទៀតឡើយ ៕ |
Posted: 17 Feb 2011 06:27 PM PST រាជធានីភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៧ កុម្ភៈ ២០១១ បានចេញសេចក្តីថ្លែងការណ៍មួយចាត់ទុកថា ការសំរេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ជាការចាត់វិធានការត្រឹមត្រូវក្នុងការរក្សាសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់ពិភពលោករបស់អង្គ ការនេះ ហើយវាជាជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធដើម្បីយុត្តិធម៌ការពារបូរណភាពទឹកដី កេរដំណែលពីដូនតាប្រឆាំងនឹងការឈ្លានពានរបស់ចោរវាតទីនិយមនៃរដ្ឋាភិបាលទីក្រុងបាងកក ។ រដ្ឋសភាបន្តថា ពិភពលោកមិនជឿការភូតកុហកគ្រប់ជំហានរបស់ថៃដែលកំពុងបំប្លែងសភាពការណ៍ពិតមកលើកម្ពុជានោះទេ ហើយការសំរេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺជាការចាប់ផ្តើមបកអាក្រាត្រឧបាយកលពិសពុលរបស់សៀមដែលប៉ុនប៉ងបិទទ្វារអន្តរជាតិដើម្បីឈ្លានពានទឹកដីកម្ពុជា ។ សេចក្តីសំរេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះជាការគាំទ្រដល់ជំហររដ្ឋាភិបាលកម្ពុជាដែលកំពុងរងគ្រោះដោយទាហានសៀមឈ្លានពានទឹកដី និងលែងទទួលយកឧបាយកលនៃយន្តការចរចាទ្វេភាគីជាមួយសៀមក្រឡេចក្រឡុចផងដែរ ៕ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |