VOA News: ព័ត៌មាន: “មានការផ្សព្វផ្សាយតិចតូចអំពីការធ្វើអាជីវកម្មលើធនធានធម្មជាតិ” plus 3 more |
- មានការផ្សព្វផ្សាយតិចតូចអំពីការធ្វើអាជីវកម្មលើធនធានធម្មជាតិ
- យុទ្ធជនកម្ពុជាហើយនឹងថៃពើបប្រយុទ្ធគ្នាជាថ្មីនៅព្រំដែន
- អ្នករាយការណ៍ពិសេសអំពីសិទ្ធិមនុស្សរបស់អ.ស.ប.បានមកដល់កម្ពុជា
- កម្ពុជានិងថៃនឹងយកសេចក្តីថ្លែងការណ៍អ.ស.ប.ជាមូលដ្ឋានដោះស្រាយជម្លោះព្រំដែន
មានការផ្សព្វផ្សាយតិចតូចអំពីការធ្វើអាជីវកម្មលើធនធានធម្មជាតិ Posted: 15 Feb 2011 03:02 PM PST ការស្ទង់មតិមួយបង្ហាញថា ក្រុមអ្នកជំនួញខ្មែរក្នុងសហគ្រាសធុនតូចនិងមធ្យមមានការយល់ដឹងតិចតួចអំពីការធ្វើអាជីវកម្មលើធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា មូលហេតុដោយសារតែកង្វះការផ្ដល់ព័ត៌មានដល់ពួកគេ។ ការស្ទង់មតិមួយដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃអង្គារនេះបានបង្ហាញថា មា្ចស់សហគ្រាសធុនតូច និងមធ្យមភាគច្រើន មិនបានដឹងអំពីនីតិវិធី និងការរីកចម្រើនជឿនលឿននានានៅជុំវិញការធ្វើអាជីវកម្មធនធានរ៉ែ ឧស្ម័ន និងធនធានប្រេង ឬហៅថា ឧស្សាហកម្មនិស្សារណកម្មនោះទេ។ ក៏ប៉ុន្តែរបាយការណ៍ស្ទង់មតិទៅលើម្ចាស់សហគ្រាសចំនួន៥៤៨នាក់ នៅក្នុងខេត្តក្រុងចំនួន១៦បង្ហាញថា អ្នកជំនួញទាំងនោះត្រូវការឲ្យរដ្ឋាភិបាលគ្រប់គ្រងឲ្យបានល្អនូវចំណូលធនធានធម្មជាតិ។ លោកនៅ សីហា ប្រធានក្រុមស្ទង់មតិ បានបង្ហាញរបាយការណ៍នេះនៅក្នុងទីក្រុងភ្នំពេញថា ក្រៅពីក្រុមហ៊ុនរុករកប្រេង Chivron របស់សហរដ្ឋអាមេរិក ក្រុមសហគ្រឹនធុនតូច និងមធ្យមមិនបានយល់ដឹងអំពីនីតិវិធីបន្ថែមច្រើននោះទេ។ «មិនដឹងថា គេកំពុងរុករកនៅតំបន់ណា? គេកំពុងដេញថ្លៃនៅតំបន់ណា? ហើយក្រុមហ៊ុនណាជាអ្នកទទួលអាជ្ញាប័ណ្ណ? កំពុងត្រូវបានជ្រើសរើស? មិនសូវដឹងរឿងទេ។ ភាគច្រើនអត់សូវមានអ្នកដឹងទេ។ ហើយដល់ពេលដឹងស្រាប់តែឮអំពី Chivron ដែលល្បីជាងគេ»។ លទ្ធផលនៃការស្ទង់មតិបង្ហាញថា កង្វះការយល់ដឹងទាំងនោះគឺដោយសារតែខ្វះការផ្តល់ព័ត៌មាន តាមបណ្តាញផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា។ ការស្ទង់មតិដដែលលើកឡើងថា ៧០ភាគរយនៃអ្នកទទួលសម្ភាសន៍រំពឹងថា ការធ្វើអាជីវកម្មប្រេង ឧស្ម័ន និងរ៉ែនៅក្នុងប្រទេសកម្ពុជានឹងជួយកាត់បន្ថយភាពក្រីក្រ។ ក៏ប៉ុន្តែពួកគេនៅខ្វល់ខ្វាយអំពីអំពើពុករលួយ ដែលរីករាលដាលនៅក្នុងប្រទេសសព្វថ្ងៃនេះ។ ៣៨ភាគរយនៃសហគ្រឹនចំនួន៥៤៨នាក់យល់ថា រដ្ឋាភិបាលអាចនឹងគ្រប់គ្រងចំណូលពីការធ្វើ អាជីវកម្មធនធានធម្មជាតិទាំងនេះ។ រីឯ៣១ភាគរយទៀតគិតថា រដ្ឋាភិបាលពុំមានលទ្ធភាពគ្រប់គ្រង ចំណូលនោះទេ ដោយសារតែអំពើពុករលួយ។ ហើយអំពើពុករលួយនេះនៅមិនទាន់មានយន្តការគ្រប់គ្រងឲ្យបានល្អនៅឡើយ។ យ៉ាងណាក៏ដោយ ៣១ភាគរយនៃអ្នកត្រូវបានសម្ភាសន៍ផ្សេងទៀតមិនផ្តល់យោបល់អំពីការគ្រប់គ្រងចំណូលនៃឧស្សាហកម្មនិស្សារណកម្មនេះទេ។ ការស្ទង់មតិនេះផ្តួចផ្តើមដោយអង្គការសម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូលធនធានធម្មជាតិ។ ប្រទេសកម្ពុជារំពឹងថា នឹងចាប់ផ្តើមធ្វើការផលិតប្រេងជាលើកដំបូងនៅក្នុងខែធ្នូឆ្នាំ២០១២ ដោយ ក្រុមហ៊ុនអាមេរិកាំង Chevron ដែលកាន់កាប់ប្លុក«A» នៅក្នុងដែនសមុទ្រកម្ពុជា។ ចំណូលពីឧស្ម័ននិងធនធានប្រេងអាចនឹងកើនរហូតទៅដល់១.៧០០លានដុល្លារនៅឆ្នាំ២០២១។ យោងតាមការស្ទង់មតិដដែលបានបង្ហាញទៀតថា ក្រុមសហគ្រឹនប្រាថ្នាចង់ឲ្យមានការគ្រប់គ្រងចំណូលអំពីឧស្សាហកម្មនិស្សារណកម្មនេះ ឲ្យបានល្អ ហើយចំណូលទាំងនេះគួរតែត្រូវយកទៅប្រើប្រាស់សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបញ្ចុះតម្លៃប្រេងសាំង និងបន្ធូរបន្ថយពន្ធអាករជាដើម។ លោកម៉ម សម្បត្តិ ប្រធានអង្គការសម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូលធនធាន រំពឹងថាប្រទេសកម្ពុជាអាចនឹងគេចផុតពីបណ្តាសារធនធានធម្មជាតិ។ «យើងសង្ឃឹមថា ប្រទេសដែលពោរពេញទៅដោយទឹកចិត្តមេត្តា ករុណា មុទិតា និងឧបេក្ខានេះនឹង បានទទួលពរជ័យពីធនធានធម្មជាតិ ដែលមានច្រើនសន្ធឹកសន្ធាប់ទាំងនេះ»។ ដោយឡែក លោកស្មាន ទៀត តំណាងរាស្រ្តមកពីគណបក្សកាន់អំណាច និងជាអនុប្រធាន គណៈកម្មាធិការហិរញ្ញវត្ថុ និងធនាគាររបស់រដ្ឋសភា មានប្រសាសន៍ថា នៅមិនទាន់ដល់ពេលវេលាជជែកលម្អិតអំពីចំណូលធនធានធម្មជាតិនៅឡើយទេ។ ដោយឡែក លោក Glenn Kandle ទីប្រឹក្សានយោបាយ និងគ្រប់គ្រងឧស្សហកម្មនិស្សារណកម្ម របស់អង្គការកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP មានប្រសាសន៍ថា គេគួរតែយល់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជានៅក្មេងខ្ចីណាស់ក្នុងផលិតកម្មប្រេងនិងឧស្ម័ន៕ This posting includes an audio/video/photo media file: Download Now |
យុទ្ធជនកម្ពុជាហើយនឹងថៃពើបប្រយុទ្ធគ្នាជាថ្មីនៅព្រំដែន Posted: 15 Feb 2011 02:41 PM PST បាងកក៖អាជ្ញាធរខ្មែរហើយនឹងថៃ និយាយថា ការប្រយុទ្ធគ្នាថ្មីៗ បានផ្ទុះឡើងរវាងយុទ្ធជនរបស់គេ ហើយជាថ្មីម្ដងទៀតភាគីម្ខាងៗ ដាក់កំហុសទៅលើភាគីមួយទៀត។ ការពើបប្រយុទ្ធគ្នាថ្មីៗកើតមានឡើង ក្រោយបន្ដិចពីការសុំរបស់ក្រុមប្រឹក្សាសន្ដិសុខអសបឲ្យប្រទេសទាំងពីរ បញ្ជាដាក់បទឈប់បាញ់គ្នានៅជុំវិញព្រំដែនមានជម្លោះ ដែលមានការប្រយុទ្ធគ្នានៅដើមខែនេះ។ យោធាថៃនៅថ្ងៃអង្គារឲ្យដឹងថានៅពេលព្រឹក យុទ្ធជនកម្ពុជាបានវាយប្រហារទៅលើច្រកចេញចូលព្រំដែន បណ្ដាលឲ្យយុទ្ធជន៥នាក់របួស មានម្នាក់របួសជាទម្ងន់។ លោកវរសេនីយ៍ឯក (Werachon Sukondhapatipak) អ្នកនាំពាក្យយោធាថៃ និយាយថាមានគ្រាប់បែកដៃយ៉ាងតិចមួយគ្រាប់ត្រូវបានគ្រវែងទៅលើច្រកចេញចូលព្រំដែន ហើយយុទ្ធជនថៃបានបាញ់តទៅវិញដោយប្រើកាំភ្លើងវែង។ លោកនិយាយថា ពួកគេរំពឹងថានឹងមានការវាយប្រហារ ក្រោយពីក្រុមប្រឹក្សាសន្ដិសុខអសបបដិសេធសំណើរបស់ប្រទេសកម្ពុជាសុំឲ្យបញ្ជូនកងទ័ពរក្សាសន្ដិភាពទៅកាន់តំបន់នោះ។ «យើងជឿថាថ្នាក់មេដឹកនាំកម្ពុជាមិនពេញចិត្ដនឹងលទ្ធផលនោះទេ ហើយគេនឹងព្យាយាមធ្វើអ្វីៗដែលជាការបង្ករហេតុ ដើម្បីនឹងធ្វើឲ្យយោធាថៃឆ្លើយតបតវិញ»។ ទោះជាយ៉ាងនេះក៏ដោយ លោកផៃស៊ីផានអ្នកនាំពាក្យនៃទីស្ដីការគណ:រដ្ឋមន្ដ្រីខ្មែរ បដិសេធថាយុទ្ធជនកម្ពុជាមិនបានបាញ់មុនទេ។ លោកនិយាយថា យុទ្ធជនថៃបានបាញ់មុន។ «យប់មិញពីម៉ោង១០:៣០នាទី ខ្ញុំចង់និយាយថា នៅពេលល្ងាច ទៅដល់ម៉ោង៥:២០នាទីព្រឹក យុទ្ធជនថៃបានគ្រវែងគ្រាប់បែកដៃ១១គ្រាប់»។ លោកផៃស៊ីផានមានប្រសាសន៍ថា គ្មានយុទ្ធជនខ្មែររបួសទេ ហើយពួកគេមិនបានបាញ់តទៅវិញ ទេ។ ការប្រយុទ្ធគ្នាបានផ្ទុះឡើង២អាទិត្យកន្លងមក នៅតំបន់ព្រំដែនមានជម្លោះនៅជិតប្រាសាទព្រះវិហារតាមបែបហ៊ិនឌូ មានចំណាស់៩០០ឆ្នាំដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយហៅថា(Phra Viharn) នៅប្រទេសថៃ។ យោធាខ្មែរនិងថៃបាញ់កាំភ្លើងធំ ហើយនិងកាំភ្លើងស្វ័យប្រវត្តិដាក់គ្នាទៅវិញទៅមក បណ្ដាលឲ្យមនុស្សមួយចំនួនស្លាប់ ហើយនឹងធ្វើឲ្យមនុស្សរាប់ពាន់នាក់រត់ចេញពីតំបន់ព្រំដែន។ ភាគីទាំងពីរដាក់កំហុសទៅលើភាគីមួយទៀតថាបាន ចាប់ផ្ដើមការប្រយុទ្ធគ្នានេះ។ ប្រទេសកម្ពុជាចង់បានជំនួយរបស់អន្ដរជាតិ ដើម្បីរាំងខ្ទប់ការប្រយុទ្ធគ្នាតទៅទៀត។ រីឯប្រទេសថៃ ចង់ឲ្យបញ្ហានេះ ត្រូវបានដោះស្រាយជាទ្វេភាគី។ កាលពីថ្ងៃច័ន្ទរដ្ឋមន្ដ្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ បានជួបជាមួយក្រុមប្រឹក្សាសន្ដិសុខនៃអសប។ ក្រុមប្រឹក្សាសន្ដិសុខនៃអសបសុំឲ្យប្រទេសទាំងពីរអនុវត្ដតាមបទឈប់បាញ់គ្នាជាអចិន្ដ្រៃយ៍ ហើយនឹងធ្វើការជាមួយសមាគមនៃប្រទេសអាស៊ីភាគអគ្នេយ៍ដើម្បីបញ្ចប់ជម្លោះនេះ។ ក្រុមរដ្ឋមន្ដ្រីក្រសួងការបរទេសនៃសមាគមអាស៊ាននឹងពិភាក្សាគ្នាអំពីបញ្ហានេះនៅអាទិត្យក្រោយនៅទីក្រុងហ្សាការតា៕ ប្រែសម្រួលដោយ កងស៊ីវន This posting includes an audio/video/photo media file: Download Now |
អ្នករាយការណ៍ពិសេសអំពីសិទ្ធិមនុស្សរបស់អ.ស.ប.បានមកដល់កម្ពុជា Posted: 15 Feb 2011 02:38 PM PST អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សបានមកដល់ប្រទេសកម្ពុជាហើយនៅថ្ងៃអង្គារនេះ ក្នុងដំណើរទស្សនកិច្ចលើកទីបួន ដើម្បីធ្វើការវាយតម្លៃនិងរាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ចលើកនេះ លោកសាស្ត្រាចារ្យស៊ួយ៉ាប្រាសាធ ស៊ួប៊ែឌី គ្រោងនឹងជូបជាមួយមន្ត្រីរដ្ឋាភិបាលនិងមន្ត្រីសង្គមស៊ីវិល ដើម្បីធ្វើរបាយការណ៍ជូនសម័យប្រជុំលើកទី១៨របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ លោកនឹងស្វែងយល់អំពីស្ថានភាពសិទ្ធិមនុស្ស នេះបើតាមការបញ្ជាក់របស់មន្រ្តីក្រសួងការប្រទេស និងមន្រ្តីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ សេចក្តីប្រកាសព៌ត័មានរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានឲ្យដឹងថា លោកសាស្ត្រាចារ្យស៊ូយ៉ា ប្រាសាធស៊ូប៊ែឌីនឹងស្នាក់នៅក្នុងប្រទេសកម្ពុជាចំនួន១០ថ្ងៃ ដោយចាប់ផ្តើមពី ថ្ងៃ១៥រហូតដល់ថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះ។ ដំណើរទស្សនកិច្ចលើកទីបួនរបស់លោកស៊ូយ៉ាប្រាសាធស៊ូប៊ែឌីមានគោលបំណងតាមដានលើអនុសាសន៍របស់លោកស្តីអំពីការងាររបស់តុលាការ ធ្វើការវាយតម្លៃអំពីភាពរីកចម្រើនដែលសម្រេច បានលើការដកបទបរិហារកេរ្តិ៍ចេញពីបទល្មើសព្រហ្មទណ្ឌ និងការបង្កើតនូវយន្តការអចិន្ត្រៃយ៍មួយសម្រាប់កិច្ចសន្ទនារវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ព្រមទាំងសិក្សាការងារនៃអង្គការនីតិបញ្ញត្តិ នៅក្នុងបរិបទនៃការវាយតម្លៃលើគ្រឹះស្ថាននានាក្នុងការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកគ្រោងនឹងជួបលោកនាយករដ្ឋមន្តី្រហ៊ុន សែន និងមន្រ្តីរដ្ឋាភិបាលមួយចំនួនទៀត ហើយនិងអង្គការសង្គមស៊ីវិល តំណាងនានានៃទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ម្ចាស់ជំនួយ ព្រមទាំងក្រុមអ្នកការទូតនានាផងដែរ។ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា លោកស៊ូយ៉ាប្រាសាធស៊ូប៊ែឌីគ្រោងនឹងជួបលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ខាងមុខនេះ។ ក៏ប៉ុន្តែលោកកុយ គួងមិនបានបញ្ជាក់អំពីរបៀបវារៈនៃកិច្ចប្រជុំជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែនទេ។ លោកកុយ គួងបានមានប្រសាសន៍ទៀតថា កម្ពុជានឹងបន្តសហការជាមួយអង្គការសហប្រជាជាតិ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស។ «មានការសហការ។ មកដល់ពេលនេះក៏យើងនៅតែបន្តសហការជាមួយគាត់ ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសកម្ពុជា»។ នៅថ្ងៃពុធស្អែកនេះ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលរួមមានអង្គការសិទ្ធិមនុស្ស LICADHO និងសមាគមសិទ្ធិមនុស្ស ADHOC គ្រោងនឹងជួបដាច់ដោយឡែកមួយជាមួយលោកស៊ួយ៉ាប្រាសាធស៊ូប៊ែឌី។ លោកធន សារ៉ាយ ប្រធានសមាគមសិទ្ធិមន្ស ADHOC បាននិយាយថា លោកនឹងលើកយកបញ្ហាប្រព័ន្ធតុលាការ ជម្លោះដីធ្លីនិងអំពើហិង្សាក្នុងគ្រួសារមកពិភាក្សា នៅពេលជួបជាមួយលោកស៊ូយ៉ា ប្រាសាធស៊ូប៊ែឌីនោះ។ «បញ្ហាដទៃទៀត ប្រសិនបើយើងអាចមានយន្តការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល ជាមួយសង្គមស៊ីវិល អញ្ចឹងប្រហែលជាយើងអាចប្រមើលមើលឃើញ និងដោះសា្រយជាមួយគ្នាបានច្រើន។ ហើយអាចជួយឲ្យមានការដោះស្រាយបញ្ហាសិទ្ធិមនុស្សធំៗបានច្រើនដែរ ប្រសិនបើមានឆន្ទៈនយោបាយនៅក្នុងការពិគ្រោះយោបល់ពិតប្រាកដ»។ ចំណែកអ្នកស្រីពុង ឈីវកេក នាយិកាអង្គការសិទ្ធិមនុស្ស LICADHO វិញ បានមានប្រសាសន៍ថា អ្នកស្រីនឹងលើកឡើងអំពីច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល និងបញ្ហាជម្លោះដីធ្លី។ «យើងខំជំរុញគាត់ ឲ្យគាត់ធ្វើម៉េច និយាយអំពីរឿង NGO Law ឲ្យគាត់ជួយសម្រួល។ ចង់ជួយNGO ត្រូវធ្វើច្បាប់ឲ្យវាស្របទៅតាមហ្នឹង។ យើងឃើញច្បាប់ស្រុកគេ ដូចស្រុកបារាំងស្រួលណាស់»។ លោកស៊ូយ៉ា ប្រាសាធស៊ូប៊ែឌីមកប្រទេសកម្ពុជានៅក្នុងបេសកកម្មទៀងទាត់រយៈពេល៦ខែម្តង ដើម្បីប្រមូលព័ត៌មានអំពីបញ្ហាសិទ្ធិមនុស្ស សម្រាប់ដាក់បញ្ចូលក្នុងរបាយការណ៍របស់អ្នករាយការណ៍ពិសេសដើម្បីដាក់ជូនសម័យប្រជុំលើកទី១៨របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជានិងថៃនឹងយកសេចក្តីថ្លែងការណ៍អ.ស.ប.ជាមូលដ្ឋានដោះស្រាយជម្លោះព្រំដែន Posted: 15 Feb 2011 01:57 PM PST ប្រទេសកម្ពុជា និងប្រទេសថៃបានអះអាងថា ខ្លួននឹងគោរពតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់យកមកធ្វើជាមូលដ្ឋានដោះស្រាយជម្លោះព្រំដែន រវាងប្រទេសជាតិទាំងពីរ ដោយសន្តិវិធី។ សមាគមអាស៊ាននឹងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅសប្តាហ៍ក្រោយ ដើម្បីស្វែងរកដំណោះស្រាយបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ មន្ត្រីផ្លូវការក្រសួងការបរទេសកម្ពុជាបានថ្លែងនៅថ្ងៃអង្គារនេះថា ប្រទេសកម្ពុជាគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីបទឈប់បាញ់ អំពីការចរចាដោះស្រាយជម្លោះដោយសន្តិវិធីនិងអំពីតួនាទីអាស៊ាននៅក្នុងបញ្ហាជម្លោះខ្មែរ-ថៃនេះ។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឲ្យភាគីទាំងពីរបង្ហាញនូវភាពអត់ធ្មត់ជាអតិបរមា និងជៀសវាងសកម្មភាពណាមួយដែលអាចធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានទទូចបន្ថែមទៀតឲ្យភាគីទាំងអស់បង្កើតយន្តការបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍ ហើយអនុវត្តបទឈប់បាញ់គ្នាឱ្យបានពេញលេញ និងដោះស្រាយស្ថានភាពដោយសន្តិភាព និងតាមរយៈការចរចាប្រកបដោយប្រសិទ្ធិភាព។ លោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ VOA ថា ប្រទេសកម្ពុជាអនុវត្តតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ «ខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានឆ្លុះបញ្ចាំងនូវឆន្ទៈរបស់ប្រទេសកម្ពុជាច្រើនណាស់។ ដូចជា បទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍ ការដោះស្រាយជម្លោះដោយសន្តិវិធី ការគាំទ្រតួនាទីសកម្មរបស់អាស៊ានក្នុងជម្លោះខ្មែរ-ថៃ និងជំរុញឱ្យភាគីជម្លោះទាំងពីរសហការជាមួយអង្គការអាស៊ាន។ ជំហរនេះបានធ្វើឡើងស្របនឹងឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាដែលចង់ឱ្យមានភាគីទីបីគឺអាស៊ានក៏បាន អង្គការសហប្រជាជាតិក៏បាន មួយណាក៏បាន ឱ្យតែចូលរួមដោះស្រាយក្នុងបញ្ហាជម្លោះខ្មែរ-ថៃ។ មួយណាដែលអាចដោះស្រាយឱ្យកម្ពុជាបាន កម្ពុជាសូមស្វាគមន៍»។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្តែងការគាំទ្រចំពោះកិច្ចខំប្រឹងប្រែងយ៉ាងសកម្មរបស់អាស៊ានក្នុងបញ្ហានេះ និងលើកទឹកចិត្តឲ្យភាគីទាំងអស់បន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការអាស៊ានក្នុងករណីនេះ។ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានស្វាគមន៍កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២២ ខែកុម្ភៈនេះ។ លោកកុយ គួងបានបញ្ជាក់ថា ក្រោយពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសកម្ពុជានឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងកោះប្រជុំដោយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ាន នៅថ្ងៃទី២២ ខែកុម្ភៈនេះ ដើម្បីដោះស្រាយជម្លោះខ្មែរ-ថៃ។ «បើយើងអាចទទួលយកការចរចាទ្វេភាគីបាន យើងមិនចាំបាច់ប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីកោះប្រជុំជាបន្ទាន់នោះទេ ហើយមកដល់ពេលនេះ អាស៊ានគួរយល់ថាអាស៊ានមិនអាចរុញឱ្យកម្ពុជា-ថៃដោះស្រាយជម្លោះដោយទ្វេភាគី ដោយគ្មានភាគីទីបីចូលរួមនោះទេ»។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួនចំពោះការវាយប្រយុទ្ធគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានរាយការណ៍នៅថ្ងៃអង្គារនេះថា លោកកាស៊ីត ភិរម រដ្ឋមន្ត្រី ការបរទេសថៃ បានអំពាវនាវឲ្យប្រទេសកម្ពុជាអនុវត្តតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទទូលឲ្យភាគីទាំងពីរឱ្យដោះស្រាយបញ្ហាព្រំដែនដោយការចរចា។ ប្រទេសកម្ពុជា និងប្រទេសថៃបានអះអាងរៀងៗខ្លួនអំពីការទទួលបានជោគជ័យនៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅបូរីញួយ៉កនេះ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |