VOA News: ព័ត៌មាន: “មេធាវីការពារក្តីមេខ្មែរក្រហមប្ដឹងសើរើប្រឆាំងចៅក្រមប្រធានអង្គជំនុំជម្រះ” plus 4 more |
- មេធាវីការពារក្តីមេខ្មែរក្រហមប្ដឹងសើរើប្រឆាំងចៅក្រមប្រធានអង្គជំនុំជម្រះ
- ការប្រយុទ្ធគ្នាតាមព្រំដែនមិនបានផ្អាកការតាំងពិព័រណ៍ពាណិជ្ជកម្មខ្មែរ-ថៃទេ
- កម្ពុជានឹងយកកិច្ចព្រមព្រៀងបទឈប់បាញ់ជាអចិន្ត្រៃយ៍ទៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន
- ខ្មែរនៅព្រំដែនមិននិយាយភាសាខ្មែរ
- កម្ពុជារួមមតិគ្នាតែមួយពេលដែលមានទំនាស់ជាមួយថៃ
មេធាវីការពារក្តីមេខ្មែរក្រហមប្ដឹងសើរើប្រឆាំងចៅក្រមប្រធានអង្គជំនុំជម្រះ Posted: 18 Feb 2011 12:21 PM PST ភ្នំពេញ៖ ក្រុមមេធាវីការពារក្ដីឲ្យអៀង សារី អតីតរដ្ឋមន្ដ្រីការបរទេសសម័យខ្មែរក្រហម បានប្ដឹងសើរើប្រឆាំងនឹងចៅក្រមប្រធានអង្គជំនុំជម្រះសាលាដំបូងទាក់ទងទៅនឹងការចោទប្រកាន់អំពីអំពើពុករលួយ។ មន្ដ្រីសាលាក្ដីខ្មែរក្រហមមិនធ្វើអត្ថាធិប្បាយទៅលើការដាក់បណ្ដឹងនេះទេ។ សហមេធាវីលោកអាង ឧត្តម និងលោកMicheal Karnavas ការពារក្តីឲ្យជនជាប់ចោទអៀង សារី ទើបតែបានដាក់ពាក្យបណ្តឹងមួយទៅកាន់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម និងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារឲ្យមានការព្យួរតួនាទីរបស់លោកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហម។ លោកអាង ឧត្តមមានប្រសាសន៍ថា លោកចៅក្រមនិល ណុនធ្លាប់បានទទួលប្រាក់សំណូកក្នុងពេល ដែលលោកបំពេញការងាររបស់លោកជាចៅក្រមនៅក្នុងតុលាការខេត្តបាត់ដំបង ហើយប្រការនេះអាចជិះឥទ្ធិពលមិនល្អទៅដល់ការកាត់ក្តីលោកអៀង សារី។ «យើងឲ្យគណៈកម្មាធិការ និងក្រុមប្រឹក្សាធ្វើការស៊ើបអង្កេតទៅលើលោកចៅក្រមនិល ណុនថា គាត់ ធ្លាប់បានទទួលប្រាក់រឿងផ្សេង ដែលគាត់ធ្វើយ៉ាងម៉េច?» នៅក្នុងឯកសារដែលVOAសំឡេងសហរដ្ឋអាមេរិកទទួលបាន សហមេធាវីទាំងពីររូបបានស្នើទៅដល់អង្គភាពប្រឆាំងអំពើពុករលួយនិងឧត្តមក្រុមប្រឹក្សាអង្គចៅក្រមឲ្យបើកការស៊ើបអង្កេតទៅលើការចោទប្រកាន់អំពីការទទួលសំណូករបស់លោកចៅក្រមនិល ណុន ហើយស្នើឲ្យមានការព្យួរតួនាទីរបស់លោកចៅក្រមរូបនេះចេញពីសំណុំរឿង០០២ ដែលនៅក្នុងនោះមានអៀង សារី និងជនជាប់ចោទ ដែលជាអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនបីនាក់ផ្សេងទៀត ដូចជានួន ជា ខៀវ សំផន និងអៀង ធារិទ្ធ។ សហមេធាវីទាំងពីររូបបានលើកឡើងថា កូនក្តីរបស់ខ្លួនមានសិទ្ធិទទួលបានការកាត់ក្តីដោយឯករាជ្យ និងប្រកបទៅដោយភាពស្អាតស្អំ។ លោកកែវ រ៉េមី អ្នកនាំពាក្យនៃអង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៍ថា លោកមិនបានដឹងថា តើបណ្តឹងរបស់សហមេធាវីទាំងពីររូបបានទៅដល់អង្គភាពរបស់លោកហើយឬនៅទេ។ ក៏ប៉ុន្តែទោះជាយ៉ាងណា លោកមានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយរបស់លោកនឹងសើរើបណ្តឹងទាំងនោះ។ «រឿងរកបណ្តឹងគឺយើងសូមស្វាគមន៍១០០ភាគរយ ហើយគេពិនិត្យមើលតាមលំដាប់ មុនក្រោយ ពីព្រោះប្រជាជនលោកប្តឹងច្រើនណាស់ឥឡូវ»។ សូមបញ្ជាក់ថា បណ្តឹងទាមទារឲ្យមានការព្យួរតួនាទីរបស់លោកចៅក្រមនិល ណុនធ្វើឡើងស្រប ពេលដែលសាលាក្តីខ្មែរក្រហមគ្រោងនឹងបើកសវនាការសំណុំរឿង០០២នេះ នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០១១នេះ។ កាលពីថ្ងៃទី១ខែកុម្ភៈ សហមេធាវីរបស់លោកស្រីអៀង ធារិទ្ធ ភរិយារបស់លោកអៀង សារីបានប្តឹង ដិតចិត្ត សុំឲ្យដកចៅក្រមចំនួន៥រូបរបស់អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហម ដោយចោទប្រកាន់អំពីភាពលម្អៀងរបស់ចៅក្រមទាំង៥រូបនោះ នៅក្នុងការកាត់ទោសឌុច នាពេលកន្លងទៅ។ លោករាជ សម្បត្តិ ប្រធានផ្នែកទំនាក់ទំនងកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហម មានប្រសាសន៍ថា លោកមិនធ្វើអត្ថាធិប្បាយទៅលើសំណុំរឿងនេះទេ៕ This posting includes an audio/video/photo media file: Download Now |
ការប្រយុទ្ធគ្នាតាមព្រំដែនមិនបានផ្អាកការតាំងពិព័រណ៍ពាណិជ្ជកម្មខ្មែរ-ថៃទេ Posted: 18 Feb 2011 11:54 AM PST ភ្នំពេញ៖ បើទោះបីជាមានការប្រយុទ្ធគ្នានៅតាមបណ្ដាយព្រំដែន ក៏ប៉ុន្ដែប្រទេសកម្ពុជា និងប្រទេសថៃមិនបានផ្អាកការតាំងពិព័រណ៍ពាណិជ្ជកម្មរយៈពេលបួនរួមគ្នានោះទេ។ មន្ដ្រីរដ្ឋាភិបាលនៃប្រទេស ទាំងពីរបានជំរុញការពង្រឹងបណ្ដូរពាណិជ្ជកម្មរវាងគ្នាបន្ថែមទៀត។ ក្រុមហ៊ុនមកពីប្រទេសថៃ សរុបចំនួន៥៣ បានបើកការតាំងពិព័រណ៍ពាណិជ្ជកម្មមួយនៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ក្នុងបរិបថដែលប្រទេសកម្ពុជា និងថៃកំពុងឈ្លោះប្រកែកគ្នាយ៉ាងតានតឹង បន្ទាប់ពីការបាញ់គ្នាមួយឈុតអស់រយៈពេលពីរសប្ដាហ៍កន្លងមក នៅតាមតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហាររបស់ខ្មែរ។ ពិព័រណ៍ពាណិជ្ជកម្មដែលមានរយៈពេលបួនថ្ងៃនេះនឹងបន្ដរហូតដល់ថ្ងៃអាទិត្យទី២០ ខែកុម្ភៈនេះ។ លោកចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ជម្លោះព្រំ ដែនមិនមែនជាឧបសគ្គនៃការធ្វើសេដ្ឋកិច្ចនោះទេ។ «ជម្លោះនៅកន្លែងព្រំដែនគឺមួយចំណែកតូចនៃព្រំដែនប៉ុណ្ណោះ មិនមែនជម្លោះក្នុង៨០០គីឡូម៉ែត្រទាំងអស់ទេ។ អញ្ចឹងគឺយើងធ្វើដូចម្តេចឲ្យជម្លោះនោះឋិតតែក្នុងតំបន់នោះគឺក្រៅពីនោះគឺអ្វីៗទាំងអស់ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ទេសចរណ៍ គឺយើងនៅតែទៅមករកស៊ីជាមួយគ្នា។អញ្ចឹងវាបញ្ជាក់ហើយថា ពាណិជ្ជកម្មយើងត្រូវតែទៅវិញទៅមកជាមួយគ្នា បំរើផលប្រយោជន៍ពិតបា្រកដរបស់ប្រជាជនទាំងសងខាង»។ មានស្តង់សរុបចំនួន១៧៨ ក្នុងនោះកម្ពុជាមានស្តង់ចំនួន២៥ ដែលតំណាងឲ្យក្រុមហ៊ុនចំនួន២៥ របស់កម្ពុជាចូលរួមសហការក្នុងការតាំងពិព័រណ៍ពាណិជ្ជកម្មនេះ។ ផលិតផលដែលត្រូវបានយកមកដាក់តាំងបង្ហាញនោះ មានជាអាទិ៍ ដូចជាទំនិញ ម្ហូបអាហារនិងភេសជ្ជៈ សម្ភារៈសំណង់ សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ផលិតផលស្បែក សម្ភារៈសិក្សា និងគ្រឿងសម្អាងជាដើម»។ យោងតាមលោកចម ប្រសិទ្ធឲ្យដឹងថា ប្រទេសថៃគឺជាប្រទេសដែលឈរនៅលំដាប់ទីមួយដែលមានបណ្ដូរពាណិជ្ជកម្មច្រើនជាងគេជាមួយប្រទេសកម្ពុជាក្នុងចំណោមបណ្ដាប្រទេសសមាជិកអាស៊ាន ទាំង១០។ តួលេខនៃបណ្ដូរពាណិជ្ជកម្មកម្ពុជា និងថៃកាលពីឆ្នាំ២០១០បានកើនដល់ជាង២១៤៤លានដុល្លារ ក្នុងនោះកម្ពុជាបានធ្វើការនាំចេញទៅកាន់ប្រទេសថៃមានទឹកប្រាក់ចំនួនជាង១៤៧លានដុល្លារ។ លោកត្រៃរ៉ុង សុវណ្ណគីរី ឧបនាយករដ្ឋមន្រ្តីនៃប្រទេសថៃ បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធន៍ពិព័រណ៍ពាណិជ្ជកម្មថៃនេះថា តួលេខនៃបណ្ដូរពាណិជ្ជកម្មនេះបានបង្ហាញពីការរីកចម្រើនយ៉ាងឆាប់នៃការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសកម្ពុជា ហើយក៏បង្ហាញអំពីសក្ដានុពលកិច្ចសហប្រតិបត្តិការនៃព្រះរាជាណាចក្រទាំងពីរនេះដែរ។ លោកនិយាយថា រដ្ឋាភិបាលថៃមានចំណងចង់ឲ្យមានកិច្ចសហការផ្នែកពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែរីកចម្រើនថែមទៀត។ «យើងចង់ឃើញបណ្ដូរពាណិជ្ជកម្ម និងការវិនិយោគឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរកាន់តែរីកចម្រើនថែមទៀត ហើយយើងដាក់ទំនាក់ទំនងជាមួយប្រទេសជិតខាងជាអាទិភាពខ្ពស់បំផុតរបស់យើង»។ ជាមួយគ្នានេះដែរ នៅក្នុងវេទិកាជំនួបពាណិជ្ជកម្មកម្ពុជា ថៃឆ្នាំ២០១១ កាលពីថ្ងៃព្រហស្បតិ៍ លោក ឧបនាយករដ្ឋមន្រ្តីគាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសកម្ពុជា ថៃនឹងនៅតែមានការវិវត្តល្អ។ ប្រទេសកម្ពុជា និងប្រទេសថៃមានជម្លោះព្រំដែនជុំវិញប្រាសាទព្រះវិហាររបស់ខ្មែរអស់រយៈពេល ជិត៣ឆ្នាំកន្លងមកហើយ។ ជម្លោះនេះធ្វើឲ្យមានភាពតានតឹងជាខ្លាំងនៅតាមព្រំដែន ហើយបានបង្កឲ្យមានការប្រយុទ្ធគា្នដោយប្រដាប់អាវុធពីថ្ងៃទី៤រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ។ លោកគ្រិត មួងវង្ស ប្រធានផ្នែកលក់និងទីផ្សារ របស់ក្រុមហ៊ុនលក់សម្ភារៈសាងសង់ SCG មកពី ប្រទេសថៃ ដែលកំពុងធ្វើការតាំងពិព័រណ៍ផលិតផលរបស់ខ្លួនក្នុងការតាំងពិព័រណ៍នេះ ក៏បានឲ្យដឹង ដែរថា លោកមិនមានការព្រួយបារម្ភចំពោះការប្រកបអាជីវកម្មរបស់លោកក្នុងប្រទេសកម្ពុជានោះ ទេ បើទោះជាប្រទេសទាំងពីរកំពុងមានជម្លោះព្រំដែនក៏ដោយ។ ជាមួយគ្នានេះដែរ អ្នកស្រីសុខ លីនដា ជាប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ ដែលកំពុងទិញ ផលិតផលមួយចំនួនក្នុងការតាំងពិព័រណ៍នេះដើម្បីយកទៅប្រើប្រាស់ បានចាត់ទុកថា ជម្លោះព្រំដែនមិន ទាក់ទងនឹងការដើរទិញឥវ៉ាន់នេះទេ។ «នោះជារឿងមេដឹកនាំដោះស្រាយគ្នាគាត់។ យើងប្រជាជនចេះតែទិញប្រើ អត់ប្រកាន់អីទេ។ប្រជាជនរាប់អានគ្នាធម្មតា»។ ថ្វីបើប្រទេសកម្ពុជា និងប្រទេសថៃកំពុងឋិតក្នុងសភាពតានតឹងដាក់គ្នាជុំវិញវិបត្តិព្រំដែននៅតំបន់ ប្រាសាទព្រះវិហារក៏ដោយ ក៏អ្នកក្រុងភ្នំពេញដែលចូលទស្សនាការតាំងពិព័រណ៍ពាណិជ្ជកម្មថៃនេះ មិនបានបង្ហាញប្រតិកម្មណាមួយនោះទេ៕ This posting includes an audio/video/photo media file: Download Now |
Posted: 18 Feb 2011 11:21 AM PST ភ្នំពេញ៖ ប្រទេសកម្ពុជានឹងនាំយកកិច្ចព្រមព្រៀងបទឈប់បាញ់ជាអចិន្ត្រៃយ៍ទៅកាន់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងទីក្រុងហ្សាកាតានៅសប្តាហ៍ក្រោយ។ សំណើឈប់បាញ់នេះបានស្នើឡើងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប៉ុន្តែលោកនាយករដ្ឋមន្ត្រីថៃបានបដិសេធ។ ក្រុមអ្នកសង្កេតការណ៍សង្ស័យថា កិច្ចព្រមព្រៀងបទឈប់បាញ់នេះអាចនឹងទទួលបរាជ័យ។ លោករដ្ឋមន្ត្រីការបរទេសហោ ណាំហុងកំពុងរៀបចំខ្លួនចូលរួមនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងទីក្រុងហ្សាកាតា នៅសប្តាហ៍ក្រោយនេះ។ ក្រុមអ្នកសង្កេតការណ៍បាននិយាយនៅថ្ងៃសុក្រនេះថា កិច្ចព្រមព្រៀងបទឈប់បាញ់នឹងមានភាពស្មុគស្មាញនិង ប្រហែលជាមិនអាចទទួលជោគជ័យបានទេ។ លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា អាស៊ានមិនអាចបញ្ជូនអ្នកសង្កេតការណ៍មកកាន់តំបន់ជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃបានទេ បើមានប្រទេសណាមួយនៅក្នុងសមាគមអាស៊ានវេតូ ឬប្រឆាំងនោះ។ «ការស្នើសុំបទឈប់បាញ់ជាអចិន្ត្រៃយ៍ដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនគឺជាយន្តការមួយសម ស្រប។ លទ្ធផលនៃការសម្រេចលើកិច្ចព្រមព្រៀងបទឈប់បាញ់នេះនឹងមានការស្មុគស្មាញ។ ប៉ុន្តែបន្ទុកសម្ពាធ ដំបូងនឹងធ្លាក់ទៅលើអាស៊ាន និងបន្ទាប់មកធ្លាក់ទៅលើប្រទេសថៃ ហើយប្រទេសថៃ គ្មានជម្រើសណាដែលចំណេញទេ ក្នុងពេលបច្ចុប្បន្ននេះ ដោយសារតាមផ្លូវច្បាប់ យើងឈ្នះ។ ដូច្នេះប្រទេសថៃឆ្លើយតបយ៉ាងម៉េចក៏យើងឈ្នះដែរ»។ ប្រទេសសមាគមអាស៊ានមានប្រទេសប្រូណេ ប្រទេសកម្ពុជា ប្រទេសឥណ្ឌូនេស៊ី ប្រទេសលាវ ប្រទេសម៉ាឡេស៊ី ប្រទេសភូមា ប្រទេសហ្វីលីពីន ប្រទេសសិង្ហបូរី ប្រទេសថៃ និងប្រទេសវៀតណាម។ លោកហង្ស ឆៃយ៉ា នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ បានថ្លែងថា លទ្ធផលនៃសេចក្តីសម្រេចអំពីកិច្ចព្រមព្រៀងបទឈប់បាញ់នេះនឹងមានលក្ខណៈជាពាក្យសន្យា ប៉ុន្តែមិនអាចមើលឃើញនូវអ្វីដែលជាយន្តការច្បាស់លាស់សម្រាប់បញ្ជូនអ្នកសង្កេតការណ៍មកត្រួតពិនិត្យបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃនោះទេ។ «អាស៊ានអត់មានកាតព្វកិច្ចសំខាន់ផ្នែកសន្តិសុខទេ។ ម៉្លោះហើយវាអត់ប្រយោជន៍ទេ។ អាស៊ានមិនដែលមានបទពិសោធន៍ ឬ កាតព្វកិច្ចផ្នែកសន្តិសុខ ដើម្បីដោះស្រាយបញ្ហាជម្លោះរវាងប្រទេសកម្ពុជា និងថៃទេ។ អាស៊ានអត់មានអំណាច អត់មានយន្តការ អត់មានកាតព្វកិច្ច អត់មានធនធាន អត់មានកម្លាំងសន្តិសុខជួយបានទេ។ អាស៊ាននិយាយតែនឹងមាត់ និងនយោបាយ»។ លោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងថា លោករដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Marty Natalegawa ប្រធានអាស៊ានបានគាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននេះ។ «បទឈប់បាញ់ជាអចិន្ត្រៃយ៍គឺជាចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ផ្សេងៗនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅសប្តាហ៍ក្រោយ ពីព្រោះបទឈប់បាញ់ជាអចិន្ត្រៃយ៍ គឺជាអនុសាសន៍ជាអាទិភាពរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ មុននឹងយើងដោះស្រាយបញ្ហាអ្វីក៏ដោយ យើងត្រូវការទាមទារឱ្យមានសន្តិសុខ និងសន្តិភាពជាអចិន្ត្រៃយ៍សិន»។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនស្នើសុំឱ្យប្រទេសថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី២២ ខែកុម្ភៈ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីថៃ Abhisit Vejjajiva បានបដិសេធសំណើបទឈប់បាញ់នេះ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃច័ន្ទ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃថ្មីៗនេះ នៅតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហារ និងបានអំពាវនាវដល់ភាគីទាំងពីរឱ្យបង្កើតបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងដោះស្រាយជម្លោះដោយសន្តិវិធី៕ This posting includes an audio/video/photo media file: Download Now |
ខ្មែរនៅព្រំដែនមិននិយាយភាសាខ្មែរ Posted: 18 Feb 2011 11:08 AM PST ព្រះវិហារ៖ អ្នកភូមិខ្មែរ នៅក្នុងឃុំដាច់ស្រយាលមួយ ក្នុងខេត្តព្រះវិហារជាប់ព្រំដែនលាវប្រើប្រាស់ភាសាលាវច្រើនជាងភាសាខ្មែរ ហើយពួកគេនាំគ្នាអនុវត្តទំនៀមទម្លាប់តាមប្រជាជនលាវស្ទើរតែទាំងស្រុង។ បច្ចុប្បន្នការប្រើភាសានិងទំនៀមទម្លាប់តាមបែបប្រជាជនលាវនេះបានបន្តទៅឲ្យកូនចៅជំនាន់ក្រោយរបស់ពួកគេថែមទៀត ដែលញ៉ាំងឲ្យមានការព្រួយបារម្ភពីសំណាក់អ្នកភូមិខ្លះចំពោះការបាត់បង់ភាសានិងអត្តសញ្ញាណខ្មែរនៅក្នុងតំបន់នោះ នាពេលដ៏ខ្លីខាងមុខ។ ក្មេងប្រុសៗមួយក្រុមមានគ្នា៦នាក់ស្ថិតក្នុងវ័យប្រហែល១០ឆ្នាំប្លាយ កំពុងប្រឡែងគ្នាលេងនៅអែបនឹងអណ្តូងទឹកមួយក្នុងភូមិកំពង់ព្រះឥន្ទ្រ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ចម្ងាយជាង១០០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ភាគខាងជើងប្រទេសកម្ពុជាជាប់ព្រំដែនលាវ។ រូបរាងនិងពណ៌សម្បុរស្បែករបស់ពួកគេមិនខុសពីក្មេងភាគច្រើននៅតាមជនបទដទៃទៀតក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែអ្វីដែលប្លែកនោះគឺពួកគេមិនចេះនិយាយភាសាខ្មែរ តែបែរជានិយាយភាសាលាវទៅវិញ។ ដូចក្មេងៗទាំងនេះដែរ ប្រជាជនជាង៩០%ក្នុងចំណោមប្រជាជនជាង៣៨០គ្រួសារឬស្មើនឹងចំនួនមនុស្សសរុបជិត១៩០០នាក់នៅក្នុងឃុំកំពង់ស្រឡៅ២នេះ ក៏សុទ្ធតែនិយាយភាសាលាវ ជាជាងភាសាខ្មែរដែរ នៅក្នុងការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ នេះបើផ្អែកតាមអាជ្ញាធរឃុំនេះ។ មូលហេតុគឺដោយសារឃុំនេះនៅឆ្ងាយដាច់ស្រយាល ស្ទើរតែគ្មានការប្រាស្រ័យទាក់ទងជាមួយនឹងប្រជាជនខ្មែរនៅតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសទេ។ ដោយមានចៅៗនៅអង្គុយជុំវិញអែបនឹងជណ្តើរផ្ទះ អ្នកស្រីនាង ផាន់ អាយុប្រមាណ៦០ឆ្នាំ ជាអ្នកភូមិម្នាក់ បានមានប្រសាសន៍ថា ក្មេងៗនៅក្នុងភូមិនេះ ដោយរួមទាំងចៅទាំងបីនាក់របស់អ្នកស្រីផង មិនអាចនិយាយភាសាខ្មែរបានទេ ដោយអ្នកស្រីអះអាងថា ឪពុកម្តាយរបស់ពួកគេនិយាយតែភាសាលាវប៉ុណ្ណោះជាមួយពួកគេ។ «និយាយតែលាវដាក់ អត់មាននិយាយខ្មែរទេ។ ឪពុកម្តាយហ្នឹងក៏មិនចេះខ្មែរទេ ចេះតែលាវហ្នឹង»។ លោក ថូ ហាំ ជាកសិករម្នាក់នៅក្នុងឃុំនេះនិងជាឪពុកនៃកូន៥នាក់ ក៏មានប្រសាសន៍ដែរថា វាបានក្លាយជាទម្លាប់ទៅហើយសម្រាប់ប្រជាជននៅក្នុងឃុំនេះ ក្នុងការនិយាយភាសាលាវជាមួយកូនៗ និងជាមួយអ្នកភូមិដូចគ្នានោះ។ «ពីព្រោះ វាទម្លាប់មួយភូមិអញ្ចេះហើយ។ មួយភូមិៗទម្លាប់តែនិយាយលាវអញ្ចឹងឯង។ បើនិយាយខ្មែរ វាអត់ចូលចិត្តស្តាប់យើងទៀត។ វាពិបាកអញ្ចឹងឯង។ បើគ្រប់គ្នា គ្រប់ភូមិ គ្រប់ផ្ទះអញ្ចឹងទៅហើយ»។ ឃុំកំពង់ស្រឡៅ២ ដែលគ្រប់ដណ្តប់ភូមិចំនួន៤នេះ មានព្រំប្រទល់ជាប់នឹងស្រុកម៉ឺងឃង ក្នុងខេត្តចម្ប៉ាស័ករបស់ប្រទេសលាវ ដែលខណ្ឌពីគ្នាដោយទន្លេមេគង្គ។ ជាច្រើនទសវត្សមកហើយ ប្រជាជនខ្មែរនៅក្នុងឃុំនេះប្រាស្រ័យទាក់ទងភាគច្រើនតែជាមួយប្រជាជនលាវ តាមរយៈការប្តូរទំនិញ ឬកសិផលទៅវិញទៅមកឆ្លងកាត់ទន្លេមេគង្គ ដោយសារកន្លងមកពុំទាន់មានផ្លូវពីទីរួមខេត្តឬស្រុកចូលមកដល់ឃុំដែលនៅឆ្ងាយដាច់ពីគេឯងនេះឡើយ។ ដោយស្ទើរតែត្រូវបានកាត់ផ្តាច់ចេញពីសហគមន៍ខ្មែរដទៃទៀត អ្នកភូមិនៅទីនេះដែលភាគច្រើនជាកសិករ និងអ្នកនេសាទ និងខ្លះលក់ដូរឥវ៉ាន់បន្តិចបន្តួចក្នុងភូមិ បានទទួលឥទ្ធិពលស្ទើរតែទាំងស្រុងពីទំនៀមទម្លាប់របស់ប្រជាជនលាវ មានជាអាទិ៍ ពិធីរៀបអាពាហ៍ពិពាហ៍ពិធីបុណ្យសពនិងបញ្ចុះសព និងការសាងសង់ផ្ទះតាមរចនាបទលាវជាដើម។ ប្រជាជននៅទីនេះក៏ប្រើប្រាស់ក្រដាសប្រាក់គីបលាវដែរ រួមជាមួយនឹងប្រាក់រៀលខ្មែរផងដែរ សម្រាប់ការទិញដូរទំនិញផ្សេងៗនោះ ពោលគឺពួកគេចាយលុយខ្មែរក៏បាន លុយលាវក៏បាន។ លើសពីនេះទៅទៀត ការនិយាយភាសាលាវ ជាជាងភាសាខ្មែរពីសំណាក់មនុស្សជំនាន់ចាស់បន្តទៅមនុស្សជំនាន់ក្រោយ បានធ្វើឲ្យក្មេងៗលែងចេះនិយាយភាសាខ្មែរតទៅទៀត ហើយបានញ៉ាំងឲ្យមានការព្រួយបារម្ភចំពោះការបាត់បង់ភាសានិងអត្តសញ្ញាណជាតិខ្មែរនៅពេលខាងមុខ។ យុវជនឌីន ខា វ័យ១៨ឆ្នាំ ជាកសិករម្នាក់ ដែលអាចនិយាយភាសាខ្មែរបានតិចតួច បាននិយាយថា លោកត្រូវបានអូសទាញឲ្យនិយាយភាសាលាវ ដោយសារមិត្តភក្តិរបស់លោកទាំងអស់សុទ្ធតែនិយាយភាសានេះ។ «មានតែគេនាំនិយាយលាវ ក៏និយាយលាវជាមួយគេ»។ សូមបញ្ជាក់ថា មានសាលាបឋមសិក្សាបង្រៀនភាសាខ្មែរមួយសម្រាប់ភូមិនីមួយៗក្នុងឃុំនេះ ប៉ុន្តែពុំទាន់មានគ្រូបង្រៀនជាប់លាប់នៅឡើយ ហើយនៅក្នុងការបង្រៀនទៀតសោត គ្រូត្រូវនិយាយភាសាលាវដើម្បីឲ្យកូនសិស្សយល់ បើទោះជាការបង្រៀនតម្រូវឲ្យសរសេរអក្សរខ្មែរក៏ដោយ នេះបើផ្អែកតាមអ្នកភូមិនៅទីនេះ។ លោកឃួន ផាន់ ជំទប់ទី១ ឃុំកំពង់ស្រឡៅ២ មានប្រសាសន៍ថា ប្រជាជននិងទឹកដីនៅទីនេះអាចនឹងក្លាយជាបំណែកមួយរបស់ប្រទេសលាវនៅពេលខាងមុខ ប្រសិនបើគ្មានវិធានការដើម្បីកែប្រែអ្នកភូមិនៅទីនេះ ឲ្យនាំគ្នាងាកមកនិយាយភាសាខ្មែរវិញទេនោះ។ «ប្រសិនបើប្រជាពលរដ្ឋយើងនៅតែបន្តមាត់ភាសាលាវ វាត្រូវក្លាយជាប្រទេសលាវ។ បាទ បាត់ទាំងអត្តសញ្ញាណ បាត់ទាំងឈ្មោះគ្រួសារ។ វាក្លាយជាប្រជាជនលាវទាំងអស់ បាទ។ ខ្ញុំភ័យបារម្ភណាស់»។ ក្រុមអាជ្ញាធរអះអាងថា អាជ្ញាធរនៅទីនេះកាលពីសម័យមុន ធ្លាប់បានដាក់ពិន័យចំពោះអ្នកភូមិណាដែលនិយាយភាសាលាវជំនួសភាសាខ្មែរ ដោយផាកពួកគេជាប្រាក់នៅរាល់ពេលណាដែលពួកគេប្រើប្រាស់ភាសាលាវម្តងៗ។ ប៉ុន្តែវិធានការនេះហាក់ដូចជាមានលក្ខណៈបង្ខិតបង្ខំពេកនិងហាក់ពុំមានប្រសិទ្ធិភាពឡើយដូច្នេះអាជ្ញាធរឃុំបច្ចុប្បន្នមិនអាចអនុវត្តវិធានការនេះជាមួយអ្នកភូមិបានទេ នៅពេលនេះ នេះបើយោងតាមលោកផិង ថុង មេឃុំកំពង់ស្រឡៅ២។ លោកអ៊ុង វុទ្ធី អភិបាលស្រុកឆែប មានប្រសាសន៍ថា អាជ្ញាធរស្រុករបស់លោកគ្រោងនឹងរៀបចំឲ្យមានកម្មវិធីផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរតាមរយៈការប្រគុំតន្ត្រី ឬវេទិកាអប់រំសុខភាពផ្សេងៗ នៅក្នុងតំបន់នេះ ដើម្បីជួយទាក់ទាញអ្នកភូមិឲ្យងាកមកចាប់អារម្មណ៍និងប្រើប្រាស់ភាសាខ្មែរជំនួសភាសាលាវវិញ។ «គួរតែមានកម្មវិធីដូចដែលយើងប្រុងនឹងរៀបចំខាងមុខនេះ ជាបែបវប្បធម៌ ប្រពៃណីខ្មែរ។យើងចូលឲ្យបានច្រើននៅទីនេះបន្តិច ដើម្បីជួយអូសទាញ ឬក្រើនរំឭកដល់គាត់ ព្រោះបើយើងទុកឲ្យគាត់នៅតែឯងស្ងាត់ៗអញ្ចឹង យូរៗទៅ វាពិបាក»។ លោកអ៊ុង វុទ្ធីមានប្រសាសន៍បន្ថែមថា អាជ្ញាធរខេត្តក៏កំពុងគិតគូរស្ថាបនាផ្លូវចូលមកកាន់តំបន់ទឹកធ្លាក់ល្បាក់ខោន នៅក្នុងឃុំកំពង់ស្រឡៅ២នេះផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកក្នុងតំបន់នេះ ប្រយោជន៍ដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រជាជនក្នុងឃុំដែលនៅដាច់ស្រយាលមួយនេះ ជាមួយប្រជាជនខ្មែរនៅតាមតំបន់ផ្សេងៗឲ្យបានទូលំទូលាយឡើង ជាងការមានទំនាក់ទំនងតែជាមួយប្រជាជនលាវនេះ៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជារួមមតិគ្នាតែមួយពេលដែលមានទំនាស់ជាមួយថៃ Posted: 18 Feb 2011 07:00 AM PST ក្រុមអ្នកសង្កេតការណ៍កម្ពុជានិយាយថាចលនាជាតិនិយមដែលភាគីខ្មែរទាំងអស់បានបង្ហាញឲ្យឃើញតាមរយៈសាមគ្គីភាពក្នុង«សំឡេងរួមតែមួយ»បានកើនឡើងដល់កម្រិតខ្ពស់ច្រើនជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រកម្ពុជា ខណៈពេលដែលកម្ពុជាមានជម្លោះព្រំដែនចុងក្រោយជាមួយប្រទេសថៃកាលពីដើមខែកុម្ភៈឆ្នាំ២០១១។ ស្របគ្នាជាមួយនឹងនយោបាយអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រុមអ្នកនយោបាយកម្ពុជា គណបក្សជំទាស់ គណបក្សគ្រប់គ្រងប្រទេស ពលរដ្ឋកម្ពុជាទូទៅ មន្ត្រីសង្គមស៊ីវិល រាជវង្សានុវង្ស មន្ត្រីរាជការជាដើម បានសម្តែងការមិនពេញចិត្តនិងថ្កោលទោសរួមគ្នា ទៅនឹងអ្វីមួយដែលគេចោទប្រកាន់ថាប្រទេសថៃបានឈ្លានពានទឹកដីកម្ពុជា។ ការថ្កោលទោសព្រមៗគ្នារបស់ជនជាតិកម្ពុជាប្រឆាំងនឹងថៃដូចនេះ ត្រូវគេចាត់ទុកថាបានបង្ហាញឲ្យឃើញជាលើកដំបូងក្នុងរយៈពេលជាង៣ទសវត្សរ៍ចុងក្រោយថាទំនាស់ផ្ទៃក្នុងទាំងឡាយត្រូវគេទុកចោលមួយឡែកមកគិតគូរពីបញ្ហារួម គឺ បូរណភាពទឹកដី។ ដោយមិនទាន់គិតពីទម្ងន់ផ្លូវច្បាប់ដែលកម្ពុជាមានប្រៀបលើប្រទេសថៃ លោក ស្រី ជា វណ្ណាតអតីតនាយិកាមជ្ឈមណ្ឌលអភិវឌ្ឈន៍សង្គមនិងជាអ្នកវិភាគឯករាជ្យបានទទួលស្គាល់ថាកម្លាំងរួបរួមគ្នា មានសន្ទុះខ្លាំងនៅពេលមានបញ្ហាពាក់ព័ន្ធនឹងការថែរក្សាបូរណភាពទឹកដី អធិបតេយ្យភាពដែនដី។ «ដោយសារជាភាសារបស់រដ្ឋាភិបាលផងហើយក៏ស្របគ្នាជាមួយនឹងភាសារបស់ប្រជាពលរដ្ឋទូទៅផង សាធារណជនដែរ ដល់អញ្ចឹងហើយសំឡេងរបស់ រដ្ឋាភិបាល ហើយនឹងសំឡេងសាធារណជនហ្នឹងស្របគ្នាអញ្ចឹងហើយឲ្យមើលទៅ ឃើញសំឡេងអ្នកជាតិនិយមហ្នឹងខ្លាំងក្លាដោយសារចេញពីបេះដូងប្រជាពលរដ្ឋផងហើយក៏ជាគោលការណ៍របស់រដ្ឋាភិបាលស្របជាមួយគ្នា»។ លោកស្រីបានបញ្ជាក់បន្ថែមថា ស្ថានភាពព្រំដែនពេលនេះ កម្ពុជាគ្មានការបែកបាក់ផ្ទៃក្នុងទេដែលលោកស្រីហៅថានេះជា«កម្លាំង»ដែលកម្ពុជា អាចតវ៉ាជាមួយប្រទេសថៃដោយងាយស្រួល។ លោក បណ្ឌិត ឡៅ ម៉ុងហៃ អតីតអ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអាស៊ីនិងជាអ្នកវិភាគឯករាជ្យម្នាក់ក្នុងនយោបាយកម្ពុជាបានថ្លែងថា លោកបាន សង្កេតឃើញថាជនជាតិកម្ពុជាមានការជាប់ជំពាក់ខ្លាំងជាមួយនឹងបញ្ហាទឹកដីជាយូរមកហើយដោយសារតែកម្ពុជាបានបាត់បង់ទឹកដីច្រើនទាំងខាងកើតនិងខាងលិច។ កត្តានេះហើយបានជាធ្វើឲ្យមានការសស្រាក់សស្រាំគាំទ្ររដ្ឋាភិបាលហើយគ្មានសំឡេងប្រឆាំង។ ក៏ប៉ុន្តែលោកឡៅ ម៉ុងហៃបានចាត់ទុកថាការបំផុស ជាតិនិយមជ្រុលហួសពេកអាចជារឿងល្អផងនិងមិនល្អផង ដែលលោកព្រមានថាវាអាចនាំឲ្យមានផលប៉ះពាល់ដូចសម័យខ្មែរក្រហម។ «កាលជំនាន់ខ្មែរក្រហមនោះ ជាតិនិយមខ្លាំងពេកទៅជាជ្រុលទៅណាស់ មិនជា ការណ៍ល្អទេ។ ខ្ញុំថាអាចយករឿងហ្នឹងពង្រឹងឯកភាពជាតិក៏ថាបាន តែវាអាចជ្រុល។ ហើយគេអាចរកមធ្យោបាយអីផ្សេងដើម្បីដោះស្រាយដោយសន្តិវិធី ហើយជៀសវាងការបំផុសបំផុលអ្នកជាតិនិយមខ្លាំងពេកណាស់»។ លោកឡៅ ម៉ុងហៃ ពុំបានបញ្ជាក់ថាការណ៍មិនល្អនោះជារឿងអ្វីខ្លះទេ។ ក៏ប៉ុន្តែគេបានដឹងថាក្រុមខ្មែរក្រហមដែលមិនសូវមានអ្នកមានអ្នកចេះដឹងនៅថ្នាក់ក្រោមច្រើន បានចាប់ផ្តើមកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងអស់ជិត២លាននាក់ក្នុងទសវត្សរ៍១៩៧០ ក្រោយពីចលនាជាតិនិយមមួយនេះបានទទួលជោគជ័យក្នុងសង្គ្រាមហើយ តែពុំមានរចនាសម្ព័ននយោបាយរដ្ឋបាលមួយដ៏រឹងមាំ។ ក្រុមមេដឹកនាំគណបក្សនយោបាយវិញបានបញ្ជាក់ថាបញ្ហាទឹកដីជារឿងសំខាន់ជាងរឿងវិវាទនយោបាយផ្ទៃក្នុងនិងរឿងហេតុផ្សេងៗ។ ការរួមគ្នាគ្រប់និន្នាការ នយោបាយដើម្បីពង្រឹងឯកភាពជាតិឲ្យបានរឹងមាំ តតាំងនឹងការឈ្លានពាន របស់បរទេសនិងការការពារទឹកដីឲ្យមានប្រសិទ្ធភាពខ្ពស់ជារឿងចាំបាច់។ លោក សម រង្ស៊ី មេដឹកនាំគណបក្សជំទាស់ដ៏ធំជាងគេក្នុងប្រទេសកម្ពុជា ដែល ត្រូវតុលាការកាត់ទោសថ្មីៗឲ្យជាប់គុក១២ឆ្នាំពីបទដកតម្រុយបង្គោលព្រំដែន កម្ពុជា-វៀតណាមកាលពីចុងឆ្នាំ២០០៩នោះ កំពុងនិរទេសខ្លួននៅក្រៅប្រទេស។ ទោះជាធ្លាប់បានវាយប្រហារពាក្យសម្តីធ្ងន់ៗជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន អំពីរឿងព្រំដែនជាមួយប្រទេសវៀតណាមកាលពីពេលថ្មីៗនេះក្តី ក៏គណបក្សរបស់លោកសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសថៃ ហើយមានជំហរស្របនឹងរដ្ឋាភិបាលកម្ពុជាដែរអំពីរឿងព្រំដែនកម្ពុជា-ថៃ ក្រោយពីមានការវាយប្រយុទ្ធគ្នារវាងកងទ័ពទាំងពីប្រទេសគឺ កម្ពុជានិងថៃកាលពីថ្ងៃ៤ដល់ថ្ងៃ៧កុម្ភៈ ដែលធ្វើឲ្យខូចខាតប្រាសាទព្រះវិហារ និងស្លាប់របួសជនស៊ីវិលនិងទាហានមួយចំនួន។ លោក សម រង្ស៊ីបានថ្លែងពីប្រទេសបារាំងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសាថា៖ «បាទ! ជាទូទៅពេលដែលប្រទេសយើងប្រឈមមុខនឹងគ្រោះថ្នាក់មកពីក្រៅគឺ យើងតែងតែហើយត្រូវតែរួបរួមគ្នាដើម្បីប្រឆាំងបរទេសឈ្លានពាន ចំពោះបញ្ហា ផ្ទៃក្នុងនៃខ្មែរនិងខ្មែរយើងទុកមួយអន្លើសិនក្នុងគ្រាអាសន្នដែលយើងត្រូវតែតទល់ជាមួយនឹងបរទេសឈ្លានពាន»។ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សដែលជាគណបក្សជំទាស់ផងដែរ បានថ្លែងថានៅក្នុងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សគណបក្សទាំងអស់មាន ទស្សនៈផ្ទុយគ្នាតែពេលរឿងជាតិធំៗដូចជាមានការឈ្លានពានពីបរទេសគឺត្រូវ គិតពីការរួមសាមគ្គីគ្នា។ «ខ្ញុំយល់ថាគ្រប់គណបក្សទាំងអស់ គ្រប់និន្នាការ ទាំងអស់ត្រូវតែបង្ហាញពីឯកភាពជាតិដើម្បីកុំឲ្យបរទេសមើលងាយយើង កាលណាយើងបែកបាក់គ្នាគឺបរទេសងាយស្រួលក្នុងការមកត្រួតត្រាយើងដូច្នេះជំហរខ្ញុំផ្ទាល់ក៏ដូចជាគណបក្សសិទ្ធិមនុស្ស យើងនៅតែមានការរិះគន់នូវចំណុចខ្សោយ ចំណុចខ្វះខាតរបស់រដ្ឋាភិបាលក្នុងការដឹកនាំប្រទេសអញ្ចឹង ប៉ុន្តែចំពោះមុខការប្រឈមមុខជាមួយប្រទេសថៃ ប្រទេសមួយដែលឈ្លានពានខ្មែរតាំងពីដើមមកយើងត្រូវតែឯកភាពជាតិ»។ លោក ជៀម យាប មន្ត្រីជាន់ខ្ពស់នៃគណបក្សគ្រប់គ្រងប្រទេស និងជាសមាជិក សភាបានបង្ហាញពីការរីករាយដោយសារការរួបរួមគ្នាសាមគ្គីគ្នារវាងខ្មែរនិងខែ្មរទាំងក្នុងនិងក្រៅប្រទេសនៅពេលមាន បញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ។ លោកបានថ្លែងថាប្រវត្តិសាស្ត្របាន បង្ហាញច្បាស់ណាស់ពីផលប៉ះពាល់ដល់ការ រួបរួមនិងការបែកបាក់ ដោយលើកយកសុភាសិតខ្មែរមួយឃ្លាយ៉ាងខ្លីមកបញ្ជាក់ ថា«ខ្មែររួបរួម ខ្មែររស់ បើខ្មែរបែកបាក់ខ្មែរស្លាប់»។ លោកជៀម យាបថ្លែងដូច្នេះ ដោយយោល ថាភាពគង់វង្សទឹកដីនិងការអភិវឌ្ឍ រីកចម្រើនកើតឡើងពីការ ឯកភាពជាតិ តាំងពីសម័យមុនមកទល់បច្ចុប្បន្ននេះ។ ក្រៅពីអះអាងថាមានតែអ្នកមានឈាមខ្មែរដូចគ្នាដែលអាចជឿទុកចិត្តបាននោះ លោកយាបបានទទូចដល់ពលរដ្ឋខ្មែរថា «កុំទុកចិត្តបរទេស កុំទុកចិត្តមេឃ កុំ ទុកចិត្តផ្កាយ»។ លោកថ្លែងដូច្នេះដោយយកឧទាហរណ៍មកបញ្ជាក់ថាទោះបីជា មានការជេរប្រមាថ រិះគន់គ្នានៅទីក្រុងភ្នំពេញយ៉ាងណាក៏ដោយតែខ្មែរនៅតែ រួបរួមគ្នាបានដោយសារបញ្ហាបូរណភាពទឹកដី។ លោកបណ្ឌិត រស់ ចន្ត្រាបុត្រអ្នកប្រវត្តិសាស្ត្រខ្មែរមួយរូបបានចាត់ទុកថាជាការណ៍ល្អដែលកូនខ្មែរគ្រប់រូបមានការបែងចែកច្បាស់លាស់ចំពោះនយោបាយផ្ទៃក្នុងនិងអធិបតេយ្យភាពជាតិ បញ្ហាអាយុជីវិតជាតិ។ «ដូច្នេះនៅក្នុងពេលនេះហើយយើងឃើញថាជាលើកទីពីរហើយនៅក្នុងអ្វីហៅថាអណត្តិរបស់សម្តេចតេជោ ហ៊ុន សែននៅក្នុងពេលនេះគឺលើកទីពីរហើយដែល អ្វីដែលជាសាមគ្គីភាពកំពុងតែបានរីកចម្រើនហើយកំពុងតែបោះគ្រឹះឬមួយថា មានឫសគល់មួយយ៉ាងច្បាស់លាស់នៅក្នុងការទប់ទល់នឹងការឈ្លានពានរបស់ថៃហើយអ្វីដែលជាសាមគ្គីភាពនៅពេលនេះគឺជាសាមគ្គីភាពមួយយ៉ាងខ្លាំងក្លា សាមគ្គីភាពមួយយ៉ាងច្បាស់លាស់ហើយដែលមានទម្ងន់ធ្ងន់ៗ ជាងពេលមុនៗទៅទៀត»។ ក្រុមអ្នកវិភាគនិងអ្នកប្រវត្តិសាស្រ្តបានលើកឡើងស្រដៀងគ្នាថាចលនាជាតិនិយម សាមគ្គីភាពនិងឯកភាពជាតិឬមានសំឡេងតែមួយកើតមានយ៉ាងខ្លាំងក្លា ផងដែរក្នុងប្រវត្តិសាស្ត្រដែលពលរដ្ឋខ្មែរនាំគ្នាក្រោកឈរឡើងដើម្បីបណ្តេញ បរទេសចេញពីប្រទេសកម្ពុជាដូចជា ក្នុងសតវត្សរ៍ទី១៩ និងទី ២០ ការទាមទារយកប្រាសាទព្រះវិហារនៅទីក្រុងឡាអេពីប្រទេសថៃឆ្នាំ១៩៦២ដែលដឹកនាំដោយសម្តេចឪ ព្រះនរោត្តម សីហនុ និងការទាមទារបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ដែលដឹកនាំដោយសម្តេចឪជាដើមផងនោះ។ ក៏ប៉ុន្តែអ្នកវិភាគខ្លះបានរិះគន់របបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ ដែលបាន អំណាចចេញពីចលនាជាតិនិយមមួយក្នុងទសវត្សរ៍១៩៧០ ដោយរដ្ឋប្រហារ ទម្លាក់សម្តេចឪហើយបែរជាពុំបានគិតគូរអភិវឌ្ឍប្រទេសតែបង្កឲ្យមានអំពើពុករលួយពាសពេញប្រទេសគិតតែការបែងចែកអំណាចគ្នាមិនបានបម្រើពីឧត្តមប្រយោជន៍ជាតិនោះហើយដែលបង្កទៅរកការបែកបាក់ផ្ទៃក្នុងជាតិនាំប្រទេសធ្លាក់ក្នុងគ្រោះមហន្តរាយដ៏ធំធេង។ លោកបណ្ឌិត រស់ ចន្ត្រាបុត្របានបញ្ជាក់អំពីរឿងទាំងឡាយនេះដូច្នេះថា៖ «ដូច្នេះអ្វីដែលហៅថាកម្លាំងអ្នកស្នេហាជាតិកម្លាំងអ្នកជាតិនិយមនៅពេលនោះ ត្រូវតែរុះរោយជាលំដាប់លំដោយដោយសារតែរដ្ឋាភិបាល លន់ នល់អសមត្ថភាពហើយដែលមិនចេះផ្តល់នូវអ្វីដែលជាសេចក្តីសង្ឃឹមដល់ប្រជាពលរដ្ឋផ្ទុយទៅវិញមានតែបង្កឲ្យមានសង្រ្គាមរឹតតែធំឡើងៗ មានការវិនាសរិតតែច្រើនទៅទៀត»។ ទោះជាពុំបានពន្យល់លម្អិតពីការបែកបាក់ក្នុងប្រវត្តិសាស្រ្តកន្លងមកដែលនាំឲ្យខ្មែររួញទឹកដីកាន់តែតូចទៅៗក្តី តែលោក បណ្ឌិត រស់ ចន្ត្រាបុត្របានលើកយក ឧទាហរណ៍ ក្នុងប្រវត្តិសាស្ត្រមួយចំនួនទៀតមកបញ្ជាក់ដូចជាការតស៊ូរបស់ខ្មែរកើតចេញពីឯកភាពជាតិខ្ពស់នៅក្នុងសតវត្សរ៍ទី១២ដឹកនាំដោយព្រះបាទ ជ័យវរ្ម័នទី៧ដើម្បីវាយបណ្តេញកងទ័ពនគរចម៉្បាពេលមានការរំលោភបំពាននិង បំផ្លិចបំផ្លាញកម្ពុជា។ ប្រទេសកម្ពុជាដែលបានអត់ធ្មត់មួយរយៈយូរជាមួយប្រទេសថៃ ពេលនេះបាន សម្រេចនាំយកបញ្ហាជម្លោះព្រំដែនទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ដើម្បីដោះស្រាយក្រោយពីមានការវាយប្រយុទ្ធគ្នាកាលពីថ្ងៃទី៤ដល់ថ្ងៃទី៧កុម្ភៈដែលកម្ពុជាបានចោទប្រកាន់ថាថៃបានឈ្លានពានចង់កាន់កាប់ទឹកដីកម្ពុជាក្បែរប្រាសាទព្រះវិហារ។ តែភាគីថៃបានប្រកែកថាខ្លួនការពារបូរណភាពទឹកដីរបស់ខ្លួនដែរ។ ក្រុមអ្នកវិភាគនិងអ្នកប្រវត្តិសាស្រ្តនិងមេដឹកនាំគណបក្សជំទាស់កម្ពុជាគាំទ្ររដ្ឋាភិបាលក្នុងការនាំយករឿងជម្លោះព្រំដែនទៅកាន់អ.ស.ប តែព្រមានថា ពុំគួររាថយមកចរចាទ្វេរភាគីដែលអូសបន្លាយគ្មានលទ្ធផលនោះទេ។ ពួកគេបានអះអាងស្រដៀងគ្នាថា យន្តការផ្សេងទៀតតាមរយៈកិច្ចព្រមព្រៀងទីក្រុងបារីសក៏ជាជម្រើសមួយដែរ។ អ្នកវិភាគខ្លះទៀតនិយាយថាជារឿងប្រពៃដែលកម្ពុជាពុំបានតស៊ូក្នុងសមរភូមិ២ក្នុងពេលតែមួយ។ ប្រទេសកម្ពុជានិងថៃដែលមានជម្លោះព្រំដែនជាប្រវត្តិសាស្ត្រនោះបានចាប់ផ្តើមតានតឹងជាថ្មីទៀតក្រោយពេលកម្ពុជាបានដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO កាលពីខែកក្កដាឆ្នាំ២០០៨ដែលថៃបានជំទាស់ដោយសំអាងថាដីក្បែរបរិវេណប្រាសាទព្រះវិហារជាដីរបស់ខ្លួនដែរតែកម្ពុជាវិញបានបដិសេធដោយយោងតាមផែនទីអន្តរជាតិឆ្នាំ១៩០៤និង១៩០៧ ដែលប្រទេសសៀម ដែលពេលនេះបានប្តូរឈ្មោះមកជាប្រទេសថៃបានទទួលស្គាល់ដែរ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |