VOA News: ព័ត៌មាន: “ការដោះ​ស្រាយ​ជម្លោះ​កម្ពុជា-ថៃ​ជា​ការសាកល្បង​សមត្ថភាព​អាស៊ាន” plus 3 more

VOA News: ព័ត៌មាន: “ការដោះ​ស្រាយ​ជម្លោះ​កម្ពុជា-ថៃ​ជា​ការសាកល្បង​សមត្ថភាព​អាស៊ាន” plus 3 more


ការដោះ​ស្រាយ​ជម្លោះ​កម្ពុជា-ថៃ​ជា​ការសាកល្បង​សមត្ថភាព​អាស៊ាន

Posted: 19 Feb 2011 05:28 AM PST

ស្របគ្នា​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​រុញ​បន្ថែម​ឲ្យ​ប្រទេស​ថៃ​ទទួល​យក​កិច្ច​ឈប់​បាញ់​គ្នា​ដោយ​ការចុះ​ហត្ថ​លេខា​​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​សប្តាហ៍​ខាង​មុខ។​ ភ្លាមៗ​ប្រទេស​ថៃ​បាន​បដិសេធ​សំណើ​របស់​កម្ពុជា។ ការ​មិន​ចុះ​សម្រុង​គ្នា​ចុង​ក្រោយ​នេះ​បាន​នាំ​ទៅ​ដល់​ការមន្ទិល​សង្ស័យ​លើ​តួ​នាទី​អាស៊ាន​ក្នុង​ការជួយ​ដោះ​ស្រាយ​ទំនាស់​ប្រទេស​ទាំងពីរ​នេះ។

លោក​ កឹម​ សុខា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា​ភាពផ្ទុយ​គ្នា​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​នៅ​មាន​លក្ខណៈ​ផ្ទុយ​គ្នា​ខ្លាំង​ណាស់​ដែល​ពិបាក​នឹង​បង្កើត​ឲ្យ​មាន​លទ្ធផល​ក្នុង​ពេល​ប្រជុំ​អាស៊ាន។

«ហើយ​ស្អី​ដែល​ថា​ការ​កំណត់​របស់​ភាគី​នីមួយៗ​ហ្នឹង​ វា​មិន​មែន​ភាគី​កណ្តាល​ណា​មួយ​ ភាគី​ទី៣​ណា​មួយ​ ដើម្បី​ជួយ​សម្រប​សម្រួល​ផង​ហ្នឹង។ អត់​ទាន់​ឃើញ​អី​ច្បាស់​លាស់​ផង​ហ្នឹង។​ ខ្ញុំ​ឃើញ​អាស៊ាន​ហ្នឹង​ ក៏​មិន​មែន​ជា​អ្នក​សម្រប​សម្រួល​អី​ដែរ​គ្រាន់​គេ​ថា​គេ​រៀប​ចំ​កន្លែង​ឲ្យ​យើង​ជួប​គ្នា​ហ្នឹង»។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា​ក្នុង​ករណី​ដែល​គ្មាន​ភាគី​ទី៣ ​សង្កេតការណ៍​ប្រទេស​ទាំង​ពីរ​នឹង​នៅ​តែ​ចោទ​ប្រកាន់​គ្នា​ដដែលៗ​អំពី​អ្នក​នេះ​បាញ់​មុន អ្នកនោះ​រំលោភ​បំពាន​មុន​អ្នក​នេះ។

ក្រោយ​ពី​ជំនួប​ជា​មួយ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ថៃ​ត្រៃរុង ស៊ូវ៉ាន់គីរី (Trairong ​Suwankiri) ​ក្នុងទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​នៃ​ប្រទេស​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ដ៏​កម្រ​មួយ​ ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ចំពោះ​ការស្វែងរក​ការ​ប្រថាប់​ត្រា​ពី ​ប្រទេស​ថៃ​នៅ​ចំពោះ​មុខ​ភាគី​ទីបី​នៅ​ឯ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ ការ​បរទេស​អាស៊ាន​នៅ​ថ្ងៃទី​២២​ ខែកុម្ភៈ​ខាង​មុខ​ក្នុង​ទី​ក្រុង​ហ្សាការតា ​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ជា​ប្រទេស​ប្រធាន​អាស៊ាន​ប្តូរ​វេន​ពេល​នេះ។​ សំណើរ​៤​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នោះ​គឺ​ស្រប​គ្នា​នឹង​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ កាល​ពី​ថ្ងៃទី១៤​ ខែកុម្ភៈ។​ សំណើ​ទាំងនោះ​ទី១​ គឺ​ការ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​និង​មិន​ឲ្យ​មាន​ការផ្ទុះ​អាវុធ។​ ទី២​គឺ​រក្សា​កម្លាំង​ឈរ​ជើង​គ្មាន​ការ​ចល័ត​រង់ចាំ​ការ​បោះ​បង្គោល​ព្រំដែន ​ចប់​ជា​មុន។ ​ទី៣​ ការបន្ត​ពិភាក្សា​រវាង​មេបញ្ជាការ​កងទ័ព​ដើម្បី​កាត់បន្ថយ​ភាពតាន​តឹង។​ ទី៤ ​ធានា​កិច្ចឈប់​បាញ់​គ្នា​ដោយ​មាន​អ្នក​សង្កេតការណ៍​អាស៊ាន​ចូល​រួម។ ​តែ​នាយក​រដ្ឋមន្ត្រី​ថៃ អាប់ភីស៊ីត​ វីចាជីវ៉ា​ត្រូវ​គេ​រាយការណ៍​មក​ថា​បាន​បដិសេធ​សំណើ​របស់​លោក​នាយក​ រដ្ឋមន្ត្រី​ហ៊ុន​ សែន​ភ្លាមៗ​ដែរ​កាលពី​ថ្ងៃពុធ​ដោយ​ចាត់ទុក​ថា​ជា​សំណើ​មិន​ច្បាស់​លាស់។​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​អះអាង​ថា​បញ្ហា​កម្ពុជា​និង​ថៃ​ត្រូវ​ដោះ​ស្រាយ​តាម​ទ្វេភាគី​ផង​ និង​ពហុភាគី​ផង​យោង​ទៅ​តាម​ជម្លោះ​ផង​នោះ​បាន​បញ្ចាក់​ថា៖

«ខ្ញុំ​ប៉ាន់​ស្មាន​ទុក​ជា​មុន​ថា​ប្រទេស​ថៃ​នឹង​មិន​យល់​ព្រម​អា​ចំណុច​ ទី​បួន​នេះ​ទេ។ ប៉ុន្តែ​ខ្ញុំ​សូម​ប្រកាស​ទុក​ឲ្យ​ហើយ​បើ​ភាគី​ថៃ​មិន​ព្រម​អា​ចំណុច​ទី​បួន ​ឲ្យ​មាន​ការព្រម​ព្រៀង​បទ​ឈប់​បាញ់​ដោយ​ប្រទេស​អាស៊ាន​ កម្ពុជា​សូមស្វាគមន៍​ទទួល​យក​កងទ័ព​នៃ​បណ្តា​ប្រទេស​អាស៊ាន​មក​នៅ​លើ​ទឹកដី​ របស់​ខ្លួន​តែ​ម្នាក់​ឯង​ជា​ឯកតោ​ភាគី​ដើម្បី​ឲ្យ​គេ​មក​ធ្វើ​ប៉ូលីស​ត្រួត​ ពិនិត្យ​កងទ័ព​កម្ពុជា»។

លោក​ យឹម សុវណ្ណ​អ្នកនាំ​ពាក្យ​គណបក្ស​ជំទាស់​របស់​លោក ​សម រង្ស៊ី​បាន​ដាក់​សំណួរ​លើ​យន្តការ​អាស៊ាន​ក្នុង​រឿង​បញ្ចប់​បញ្ហា​ជម្លោះ​រវាង​កម្ពុជា-ថៃ។

«ពី​ព្រោះ​ថា​យើង​ឃើញ​មាន​នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ក៏​មាន​ភាព​មិន​ស្រប​គ្នា​ច្រើន​ណាស់​ដែរ។​ វា​មាន​និន្នាការ​នយោបាយ​ខុស​គ្នា។​ វា​មាន​ផល ប្រយោជន៍​ខុស​គ្នា។ ​ដូច្នេះ​យើង​ពិបាក​ហ្នឹង​ពឹង​ផ្អែក​ទៅ​លើ​អាស៊ាន​ដើម្បី​ចរចា​ដោះស្រាយ​បញ្ហា​ហ្នឹង​ឲ្យ​បាន​ចប់​បាន​ឆាប់​រហ័ស»។

លោក ​យឹម ​សុវណ្ណ​ និង​លោក ​កឹម​ សុខា​បាន​ដាក់​ជំនឿ​លើ​យន្តការ​​អ.ស.ប។

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​មាន​សមាជិក​​​១០​​ប្រទេស​ រួម​មាន​ ​កម្ពុជា​ ​ថៃ​ ​វៀតណាម​​ ឡាវ ​​ភូមា ​​សឹង្ហបូរី​ ម៉ាឡេស៊ី​​ ប្រ៊ុយណេ ​​ហ្វីលីពីន​​​និង​ឥណ្ឌូនេស៊ី។ ​ក្រុម​អ្នក​វិភាគ​ចាត់​ទុក​ថា​នេះ​ជា​ការសាក​ល្បង​សម្រាប់​ អាស៊ាន​លើក​ដំបូង​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ផ្ទៃ​ក្នុង​សមាជិក​របស់​ខ្លួន​ដែល​ប្រកាន់​តឹង​នឹង​ជំហរ​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​គ្នា​ទៅ​វិញ​ទៅ​មក។

លោក ​បណ្ឌិត ​ឈាង​ វណ្ណារិទ្ធ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​និង​សន្តិភាព​បាន​អះអាង​ថា​សមាគម​អាស៊ាន​ត្រូវ​តែ​ផ្លាស់​ប្តូរ​ជំហរ​របៀប​របប​ធ្វើ​ការងារ​​និង​នីតិវិធី​របស់​ខ្លួន​ដើម្បី​អាច​នឹង​ដោះ​ស្រាយ​ជម្លោះ​មាន​ប្រសិទ្ធភាព។

«ដូច្នេះ​​ខ្ញុំ​​គិត​ថា​អាស៊ាន​ត្រូវតែ​ផ្លាស់​ប្តូរ​នូវ​អាកប្ប​កិរិយា​របស់​ខ្លួន​ក៏​ដូច​ជា​លក្ខន្តិកៈ​នៅ​ក្នុង​ក្របខណ្ឌ​អាស៊ាន​ដើម្បី​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​តំបន់។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​អាស៊ាន​នឹង​ប្តូរ​ទាក់ទិន​នឹង​គោល​នយោបាយ​នេះ»។

ក៏​ប៉ុន្តែ​លោក​ ផៃ ​ស៊ីផាន​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​បាន​អះអាង​ថា​បញ្ហា​កម្ពុជា​និង​ថៃ​លែង​ជា​រឿង​ផ្ទៃក្នុង​របស់​ប្រទេស​មួយ​ក្នុង​សមាគម​អាស៊ាន​ទៀត​ទេ​តែ​ជា​បញ្ហា​របស់​សមាជិក​ទៅវិញ​ហើយ។

«ដូច្នេះ​អានេះ​ជា​ការ​ប្រជែង​ជំនឿ​ទាំងអស់​គ្នា​នៅ​ក្នុង​ករណី​រឿង​កម្ពុជា​នេះ​ថា​តើ​យើង​ទាំង​អស់​គ្នា​ជា​អាស៊ាន​យើង​អាច​មាន​សមត្ថភាព​ក្នុង​ការដោះ​ស្រាយ​យក​យុត្តិធម៌​​ជា​តួ​មុខ​ឬ​យក​ផល​ប្រយោជន៍​ជា​តួ​មុខ»។

ប្រទេស​ថៃ​និង​កម្ពុជា​មាន​ជម្លោះ​ព្រំដែន​ជា​មួយ​គ្នា​ជា​ច្រើន​ទសវត្សរ៍​ដែល​ឈាន​ដល់​ការវាយ​ប្រយុទ្ធ​គ្នា​ផង​ហើយ​ពេល​ខ្លះ​មាន​ការផ្តាច់​ចំណង​ការទូត​ផង​ដែរ​នៅ​ក្រោយ​ពេល​ដែល​កម្ពុជា​បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​កាល​ពី​ឆ្នាំ​២០០៨។​ ការវាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ទាំង​ពីរ​ចុងក្រោយ​គឺ​ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី​៤​​ដល់​ថ្ងៃទី៧​ខែកុម្ភៈ។ ហើយ​បាន​កើត​ឡើង​តិច​តួច​មួយ​ លើក​ទៀត​កាល​ពី​ពាក់​កណ្តាល​សប្តាហ៍​នេះ​ដែល​បង្ក​ឲ្យ​ខូច​ខាត​ប្រាសាទ ​ព្រះវិហារ ​របួស​និង​ស្លាប់​ទាំង​សង​ខាង​និង​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ទាំង​សង​ខាង​ដែល​រស់​នៅ​ក្បែរ​តំបន់​ជម្លោះ៕

This posting includes an audio/video/photo media file: Download Now

អ.ស.ប​ឱ្យ​កម្ពុជា​និង​ថៃ​អត់​ធ្មត់​ហើយ​ដោះស្រាយ​តាម​យន្តការ​អាស៊ាន

Posted: 19 Feb 2011 05:19 AM PST

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ (អ.ស.ប) ​បាន​សម្រេច​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ភាគី​ថៃ​និង​កម្ពុជា​ចាំ​បាច់​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​ ត្រូវ​ដោះស្រាយ​តាម​យន្តការ​សមាគម​អាស៊ាន​ ហើយ​ឈរ​លើ​ដំណោះស្រាយ​ដោយ​សន្តិភាព។​ លទ្ធផល​ដូច្នេះ​គឺ​បាន​កើត​ឡើង​បន្ទាប់​ពី​កម្ពុជា​និង​ថៃ​បាន​រាយការណ៍​ជូន​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ក្នុង​កិច្ច​ប្រជុំ​នៅ​ឯ​ទី​ក្រុង​ញូវយ៉ក​ អំពី​ឧបទ្ទវហេតុ​ដែល​បាន​ឈាន​ដល់​ការ​វាយ​ប្រហារ​គ្នា​នៅ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​៤ថ្ងៃ​ រហូត​ដល់​មាន​ការ​ស្លាប់​ របួស​ទាំង​សង​ខាង​ ខូចខាត​ប្រាសាទ​និង​ធ្វើ​ឲ្យ​អ្នក​ស្រុក​ទាំង​ពីរ​ប្រទេស​ជា​ច្រើន​ពាន់​គ្រួសារ ​ភៀស​ខ្លួន​ ចេញ​ពី​ផ្ទះ​សម្បែង​ជា​ដើម។

លោក​បណ្ឌិត​ឈាង​ វណ្ណារិទ្ធ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ច​សហ​ប្រត្តិបត្តិការ​និង​សន្តិភាព​បាន​ថ្លែង​ថា ដំណោះស្រាយ​របស់​អ.ស.ប​មិន​បាន​ជួយ​ពេញលេញ​ដល់​ជម្លោះ​ថៃ​និង​កម្ពុជា​ទេ។

«ដូច្នេះ​អ្វី​ដែល​កម្ពុជា​សង្ឃឹម​នោះ​គឺ​សង្ឃឹម​ឲ្យ​អ.ស.ប​ជា​ពិសេស​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប​បង្កើត​ក្រុម​ការងារ​មួយ​ក៏​ដូច​ជា​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​កងទ័ព​ថែរក្សា​សន្តិភាព​អន្តរជាតិ​ចូល​មក​ដោះ​ស្រាយ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​ដោយ​បង្កើត​ជា​តំបន់​ទ្រនាប់​ដើម្បី​កុំ​ឲ្យ​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ហ្នឹង​ប៉ះ​ទង្គិច​គ្នា»។

លទ្ធភាព​មួយ​ផ្សេង​ទៀត​ដែល​ជា​បំណង​របស់​កម្ពុជា​ផង​នោះ​គឺ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​គួរ​ស្នើ​ឲ្យ​តុលាការ​អន្តរជាតិ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់។​នេះ​ជា​ការ​អះអាង​របស់​លោក​ វណ្ណារិទ្ធ។

«គឺ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ហ្នឹង​អាច​កោះ​ហៅ​អ្នក​តំណាង​មក​ពី​តុលាការ​អន្តរជាតិ​ដើម្បី​ធ្វើការ​បក​ស្រាយ​លើ​សាលក្រម​តុលាការ​អន្តរជាតិ​ឆ្នាំ​១៩៦២​ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​មិន​បាន​ធ្វើ​ករណី​ហ្នឹង​ទេ​ដូច្នេះ​ហ្នឹង​គឺ​ជា​ការ​សោកស្តាយ​មួយ»។

ក៏​ប៉ុន្តែ​លោក​ ហង្ស​ ឆៃយ៉ា ​នាយក​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ យល់​ឃើញ​ផ្ទុយ​គ្នា។ លោក​អះអាង​ថា​ការ​សម្រេច​របស់​អ.ស.ប​ទំនង​ជា​រឿង​មួយ​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ពិចារណា​ឃើញ​ថា​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​នេះ​មិនមែន​ជា​រឿង​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឲ្យ ​មាន​កង​កម្លាំង​រក្សា​សន្តិសុខ​ចូល​រួម​ពាក់​ព័ន្ធ​ទេ​ឬ​យល់​ថា​បញ្ហា​នេះ​អាច​ដោះស្រាយ​បាន​ក្នុង​ថ្នាក់​តំបន់​គឺ​អាស៊ាន។

«ម៉្លោះ​ហើយ​រឿង​នេះ​គឺ​ថា​អ.ស.ប​ទាមទារ​ហ្នឹង​មិនមែន​ជា​រឿង​ហួស​ហេតុ​ពីអ្វី​ដែល​យើង​បាន​ស្មាន​ទេ។​ ហើយ​គេ​ចង់​ឲ្យ​ឃើញ​នៅ​ក្នុង​តំបន់​នេះ ​ដូច​ជា​ សមាគម​អាស៊ាន​ហ្នឹង​ឲ្យ​មាន​តួនាទី​សំខាន់»។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា​អ.ស.ប​ទំនង​ជា​យល់​ពី​ស្ថានការណ៍​នយោបាយ​ផ្ទៃ​ក្នុង​ថៃ​ហើយ​នឹង​ត្រូវ​ចំណាយ​ច្រើន​ប្រសិន​បើ​ដាក់​កងកម្លាំង​អ.ស.ប​មក​កម្ពុជា​ម្តង​ទៀត។ លោក​បាន​លើក​យក​ឧទាហរណ៍​ពី​ការ​ចំណាយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​គឺ​២ពាន់​លាន​ដុល្លារ​សម្រាប់​កិច្ចការ​ការពារ​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ ដើម​ទសវត្សរ៍​​១៩៩០​ របស់​កងទ័ព​អ.ស.ប​ដែល​ហៅ​កាត់​ថា​អ៊ុនតាក់។

ទាំង​គណបក្ស​ជំទាស់​និង​អ្នក​វិភាគ​បាន​ចាត់​ទុក​ថា​បញ្ហា​ព្រំដែន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ផុយស្រួយ​ដោយសារ​ក្រោយ​ពេល​បញ្ចប់​ការ​វាយ​ប្រហារ​គ្នា​កាល​ពី​ថ្ងៃ​ទី៧​ខែកុម្ភៈ​មុន​ពេល​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​អ.ស.ប​អំពី​រឿង​ព្រំដែន​មក​ទល់​ពេល​នេះ​ កងទ័ព​កម្ពុជា​និង​ថៃ​រាប់ពាន់​នាក់​កំពុង​ត្រៀម​លក្ខណៈ​ខ្ពស់​នៅ​ឡើយ​ ជា​ពិសេស​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​ ជា​បេតិកភណ្ឌ​ពិភពលោក​ដែល​អន្តរជាតិ​និង​កម្ពុជា​មាន​ភារកិច្ច​ការពារ។​ ទោះ​ជា​កម្ពុជា​និង​ថៃ​បាន​ព្រមព្រៀង​ជាមួយ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ពី​ការ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​ក៏​ដោយ ​ក៏​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​មិន​ត្រូវ​បាន​ដក​ចេញ​ពី​តំបន់​ជម្លោះ​នៅ​ឡើយ​ដែរ។

ដំណោះ​ស្រាយ​របស់​អ.ស.ប​ត្រូវ​កម្ពុជា​និង​ថៃ​ចាត់​ទុក​ថា​ជា​ជោគជ័យ​រៀងៗ​ខ្លួន។ ក៏​ប៉ុន្តែ​មន្ត្រី​គណបក្ស​ជំទាស់​កម្ពុជា​ចាត់ទុក​ថា​មិនមែន​ជា​ជោគជ័យ​នៅ​ឡើយ​ទេ។

លោក ​កឹម ​សុខា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ជា​គណបក្ស​ជំទាស់ ​បាន​អះអាង​ថា​ភាគី​ទាំងពីរ​មិន​បាន​ជោគ​ជ័យ​ដូចគ្នា​ក្នុង​ដំណោះ​ស្រាយ​ព្រំដែន​នៅ​ឯ​អ.ស.ប​ នេះ។ ​លោក​ កឹម សុខា​ បញ្ជាក់​ថា​កម្ពុជា​ត្រូវ​ប្រឹង​ប្រែង​តទៅ​ទៀត។

«ខ្ញុំ​ថា​អត់​ទាន់​បាន​ទទួល​លទ្ធផល​អី្វ​ទាំង​អស់។ ​ទាំងពីរ​ ទាំង​សង​ខាង​ហ្នឹង​ នៅ​តែ ​មាន​រឿង​ទំនាស់​ដដែល។ ហើយ​អត់​មាន​នរណា​ទទួល​ជោគ​ជ័យ​លើ​នរណា​ទេ។ ហើយ​អន្តរជាតិ​គេ​បង្ហាញ​ការ​គាប​សង្កត់​មួយ​ដែល​ស្រាល​បំផុត​សិន​ក្នុង​ជំហាន​ទី​មួយ​ហ្នឹង។ តែ​ដល់​ពេល​ណា​មាន​បញ្ហា​តទៅ​ទៀត​ បាន​គេ​លើក​មួយ​កម្រិត​ទៀត»។

លោក​ កឹម​ សុខា​ បាន​អះអាង​ថា​លោក​ពុំ​​ឃើញ​ក្រុម​ប្រឹក្សា​អ.ស.ប​ដាក់​ ទណ្ឌកម្ម​ប្រទេស​ថៃ​ ឬ​ធ្វើអ្វី​មួយ​នោះ​ទេ។ ​លោក ​ថ្លែង​ថា​រឿង​សំខាន់​គឺ​ការ​លើក​ទឹកចិត្ត​ កងទ័ព​របស់​កម្ពុជា​ក្នុង​ការ​ការពារ​បូរណ​ភាព​ទឹកដី​ ហើយ​រដ្ឋា​ភិបាល​ខ្លួន​ឯង ក៏​ត្រូវ​ប្រកាន់​យក​ការ​ជំរុញ​យក​យន្តការ​អ.ស.ប​និង​ពហុភាគី​តទៅ​ទៀត​ មិន​ត្រូវ​នៅ​ស្ងៀម​ និង​មិន​ត្រូវ​រា​ថយ​ទៅ​រក​កិច្ច​ចរចា​ទ្វេ​ភាគី​ទៀត​ទេ។

លោក ​យឹម ​សុវណ្ណ​មន្ត្រី​នាំ​ពាក្ស​គណបក្ស​ជំទាស់​ដែរ​គឺ​គណបក្ស ​សម រង្ស៊ី​បាន ថ្លែង​ថា​ស្ថានភាព​កម្ពុជា​ធ្ងន់​ធ្ងរ​ដោយ​សារ​មាន​ការ​រំលោភ​បំពាន​មិន​ត្រឹម​តែ​ច្បាប់ កម្ពុជា​ទេ​គឺ​ច្បាប់​អន្តរជាតិ​ផង​ដែរ។ រឿងនេះ​តម្រូវ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​រួមគ្នា​ទាំង​អ.ស.ប​និង​អាស៊ាន​តែ​ម្តង។ ​«អញ្ចឹង​ហើយ​ភាគី​ណា​ក៏​ដោយ​ដែល​បាន​រំលោភ​​សេចក្តី​សម្រេច​របស់​ UNESCO​ រំលោភ​​ក្របខណ្ឌ​ច្បាប់​ ផែនទី ​សាល​ក្រម​តុលាការ​ទីក្រុង​ឡាអេ ​រំលោភ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​បារីស​ភាគី​នោះ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ។ តែ​ខ្ញុំ​យល់​ថា​នេះ​ជា​ជំហាន​ទី​មួយ​ទេ។​ នៅ​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ»។

លោក ​ផៃ ​ស៊ីផាន​ អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​និង​ជា​រដ្ឋលេខា​ធិការ​ បាន ​អះអាង​ថា​ សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ជា​ សេចក្តី​សម្រេច​ដែល​កម្ពុជា​ចង់​បាន​ គឺ​ឈប់​បាញ់​គ្នា​ជា​អចិន្រ្តៃយ៍​ ដោះ​ស្រាយ​ដោយ​សន្តិវិធី​ និង​តាម​យន្តការ​អាស៊ាន​ដែល​ជា​ភាគី​ទី៣។

លោក​អះអាង​ថា​ការ​ចរចា​ទ្វេ​ភាគី​រឿង​ព្រំដែន​កន្លង​មក​ភាគី​ថៃ​មិន​ដែល​យក​ទៅ​ពិចារណា​ទេ​ គឺ​ទុក​ចោល​នៅ​​រដ្ឋាភិបាល​និង​រដ្ឋសភា។ ​ដូច្នេះ​បើ​មាន​ភាគី​ទី៣​ចូលរួម​ លោក​ផៃ ​ស៊ីផាន​បាន​អះអាង​ថា​នឹង​ធ្វើ​ឲ្យ​មាន​ការ​កត់​ត្រា​ជា​លាយ​លក្ខណ៍​អក្សរ ​និង​មាន​អ្នក​សង្កេត​ការណ៍​សម្របសម្រួល។

ជាមួយ​នឹង​ការ​ទទូច​ឲ្យ​រដ្ឋា​ភិបាល​ត្រូវ​​ពង្រឹង​កម្លាំង​ទ័ព​ប្រទេស​កម្ពុជា​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ជិត​ខាង​ដែល​មាន​គំនិត​មិន​ល្អ​ខណៈ​ពេល​ដែល​មាន​ការ​ចរចា​នោះ លោក ​យឹម ​សុវណ្ណ​ បាន​បញ្ជាក់​ថា​ការដោះ​ស្រាយ​ព្រំដែន​ខាង​កើត​ជាមួយ​ ប្រទេស​វៀតណាម​ក៏​​ត្រូវ​ដោះ​ស្រាយ​ដែរ​នៅ​ក្នុង​ពេល​ដែល​អន្តរជាតិ​ចូលរួម​នេះ។

«យ៉ាង​ណា​ម៉ិញ​ នៅ​ព្រំដែន​ខាង​កើត​ក៏​ដូច​គ្នា​ដែរ​យើង​ក៏​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ហ្មត់​ចត់​នូវ​ការបោះ​បង្គោល​ព្រំដែន។ បើ​សិន​ជា​មាន​ការ​ប៉ះ​ទង្គិច​ទៅ​លើ​ប្រជា​ពលរដ្ឋ​ត្រូវ​តែ​ដោះ​ស្រាយ​ជា​បន្ទាន់​ស្រប​ពេល​ដែល​អ.ស.ប​ និង​សមាគម​អាស៊ាន​កំពុង​តែ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​នេះ​យើង​ក៏​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​ទាំង​ព្រំដែន​ខាង​កើត​ ទាំង​ព្រំដែន​ខាង​លិច​រួម​ជា​មួយ​គ្នា​ផង​ ដើម្បី​បញ្ចប់​បញ្ហា​ក្នុង​ពេល​តែ​មួយ​តែ​ម្តង»។

កម្ពុជា​និង​វៀត​ណាម​ កំពុង​ដំណើរការ ​ការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​ចប់​ នៅ​ឆ្នាំ​២០១២ ​ទោះបី​ក្រុម​គណបក្ស​ជំទាស់​កម្ពុជា​បាន​ចោទ​ប្រកាន់​ថា​ព្រំដែន​កម្ពុជា​ ត្រូវ​មាន​ការ​រំលោភ​បំពាន​ពី​ប្រទេស​ប្រទេស​វៀត ​ណាម​ក្តី ​តែ​ប្រទេស​វៀតណាម​បាន​បដិសេធ​អំពី​រឿង​នេះ​ដោយ​លើក​ឡើងថា​ប្រទេស​ទាំង​ពីរ​មាន​គណៈ​កម្មា​ធិការ​ព្រំដែន​ដែល​កំពុង​បន្ត​កិច្ចការ​ព្រំ​ដែន។

អាស៊ាន​ធ្លាប់​បាន​ខកខាន​ក្នុង​ការផ្សះ​ផ្សារ​ជម្លោះ​ព្រំដែន​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​កម្ពុជា​ជា​ច្រើន​លើក។ ការ​ខក​ខាន​នេះ​​ទំនង​ជា​បង្ក​ពី​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា​ទៅវិញ​ទៅមក​ក្នុង​ចំណោម​សមាជិក​ ទាំង​១០​ប្រទេស​នោះ។ បទ​ពិសោធន៍​នេះ​ ធ្វើ​ឲ្យ​មាន​សំណួរ​ថា​តើ​អាស៊ាន​និង​ដោះ​ស្រាយ​យ៉ាង​ណា​ ពេល​អ.ស.ប​បាន​ផ្ទេរ​​ភារកិច្ច​ មក​ឲ្យ​អាស៊ាន​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា​និង​ថៃ។

លោក ​បណ្ឌិត ​ឈាង​ វណ្ណារិទ្ធ​បាន​អះអាង​ថា​តួនាទី​​របស់​អាស៊ាន​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​គឺ​ជា​របត់​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​របស់​អាស៊ាន​ ហើយ​អាស៊ាន​គួរ​ប្រុងប្រៀប​ដើម្បី​ផ្លាស់​ប្តូរ​គោល​ការណ៍​របៀប​របប​នីតិ​វិធី​របស់​ខ្លួន។ បើ​ពុំ​ដូច្នោះ​ទេ​នឹង​មិន​អាច​ដោះ​ស្រាយ​ជម្លោះ​បាន​ទេ។

«ដូច្នេះ​ខ្ញុំ​គិត​ថា​អាស៊ាន​ត្រូវ​តែ​ផ្លាស់​ប្តូរ​នូវ​អាកប្ប​កិរិយា​របស់​ខ្លួន​ក៏​ដូច​ជា​លក្ខន្តិកៈ​នៅ​ក្នុង​ក្របខណ្ឌ​អាស៊ាន​ដើម្បី​ធ្វើ​អន្តរាគមន៍​ដោះ​ស្រាយ​ជម្លោះ​នៅ​ក្នុង​តំបន់។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​អាស៊ាន​នឹង​ប្តូរ​ទាក់ទិន​នឹង​គោល​នយោបាយ​នេះ»។

សមាគម​អាស៊ាន​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​សប្តាហ៍​ខាង​មុខ​ក្នុង​ទី​ក្រុង​ចាការតា (Jakarta) ប្រទេស​ឥណ្ឌូនេស៊ី​ដើម្បី​ពិភាក្សា​បញ្ហា​នានា​ជា​ពិសេស​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ រួម​នឹង​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​និង​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​ដ៏​រ៉ាំរ៉ៃ​នោះ​ផង។ សមាជិក​អាស៊ាន​មាន​១០​ប្រទេសរួម ​កម្ពុជា​ ថៃ​ វៀតណាម​ ឡាវ ​ភូមា ​សិង្ហបូរី​ ម៉ាឡេស៊ី​ ប្រ៊ុយណេ ​ហ្វីលីពីន​​ និង​ឥណ្ឌូនេស៊ី៕

This posting includes an audio/video/photo media file: Download Now

យូណេស្កូ​នឹង​បញ្ជូន​ក្រុម​បេសកម្ម​ទៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ប៉ុន្តែ​មិន​ទាន់​កំណត់​ពេល

Posted: 19 Feb 2011 05:18 AM PST

អង្គការ​យូណេស្កូ ​(UNESCO)​​និយាយ​ថា​ខ្លួន​នឹង​នៅតែ​បញ្ជូន​ក្រុម​អ្នក​ជំនាញ​ ទៅ​វាយ​តម្លៃ​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ​ដោយសារ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ថៃ​និង​កម្ពុជា​ដដែល​ក៏​ប៉ុន្តែ​អះអាង​ថា​បេសកកម្ម​នេះ​អាច​ធ្វើ​ទៅ​បាន​លុះត្រា​តែ​ស្ថានភាព​យោធា​នៅ​ព្រំដែន​ប្រទេស​ទាំងពីរ​វិល​ទៅ​រក​សភាព​ធម្មតា​វិញ។ នេះ​បើ​តាមការ​អះអាង​របស់​លោក​ស្រី​ Sue​ William​ អ្នកនាំ​ពាក្យ​របស់​ UNESCO​ ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ​ខ្មែរ។

«មិន​មាន​បេសកកម្ម​ត្រូវ​ដឹង​ជា​មុន​ថា​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ទីប្រាសាទ​ព្រះវិហារ​នៅ​ពេល​នេះ។​ ហើយ​ជាក់​ស្តែង​នឹង​គ្មាន​បេសកកម្ម​អាច​នឹង​កើត​ឡើង​នៅ​ប្រាសាទ​ទេ​រហូត​ទាល់​តែ​ជម្លោះ​បញ្ចប់​ជាមុន​សិន​រវាង​គូ​ភាគី​ទាំង​ពីរ»។

ប្រទេស​កម្ពុជា​បាន​ចោទ​ប្រកាន់​ប្រទេស​ថៃ​ថា​បាន​បាញ់​កាំភ្លើង​ត្រូវ​ចំ​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភព​លោក​ដែល​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ប៉ះពាល់​ក្នុង​ពេល​សង្គ្រាម​ហើយ​បានប្តឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ​ស្នើ​សុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​កាល​ពី​សប្តាហ៍​មុន​ឲ្យ​មាន​ការ​កោះ​ប្រជុំ​ជា​បន្ទាន់​អំពី​ការណ៍​ដែល​កម្ពុជា​បាន​ចោទ​ប្រកាន់​កងទ័ព​ថៃ​ថា​បាន​ឈ្លាន​ពាន​រំលោភ​អធិបតេយ្យ​ភាព​កម្ពុជា។ ក៏​ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​ថៃ​អាប់ភីស៊ីត​ វីចាជីវ៉ា​បាន​បដិសេធ​ថា​ថៃ​ពុំបាន​ឈ្លានពាន​កម្ពុជា​ទេ។ ប្រទេស​ថៃ​បាន​ថ្លែង​ការពារ​ជំហរ​របស់​ខ្លួន​ផង​ដែរ​ថា​កងទ័ព​ថៃ​គ្រាន់​តែ​ឆ្លើយតប​ទៅ​នឹង​ចំណុច​ដែល​កងទ័ព​កម្ពុជា​វាយ​ប្រហារ​មក​លើ​ខ្លួន​តែ​ប៉ុណ្ណោះ​ នៅ​ពេល​សួរ​ពី​ការ​ទទួល​ខុស​ត្រូវ​រឿង​ខូចខាត​ប្រាសាទ​ព្រះវិហារ។ ​ថៃ​បាន​ចោទ​ប្រកាន់​ត្រឡប់​វិញ​ថា​កម្ពុជា​យក​បេតិ​កភណ្ឌ​ជា​មូលដ្នាន​ទ័ព​ក្នុង​ការ​វាយ​ប្រហារ។ ប៉ុន្តែ​កម្ពុជា​បាន​បដិសេធ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​អគ្គនាយិកា​ UNESCO គឺ​លោកស្រី​ អ៊ីរីណា បូគូវ៉ា (Irina Bokova) ​ បាន​សម្រេច​បញ្ជូន​បេសកជន​ពិសេស​គឺ​លោក​គូអ៊ីជីរ៉ូ ម៉ាត់ស៊ូរ៉ា ​(Koïchiro ​Matsuura) ​ជា​អតីត​អគ្គនាយក​ UNESCO ​ទៅ​កាន់​ប្រទេស​ថៃ​និង​កម្ពុជា​ដើម្បី​ស្ទាបស្ទង់​ស្ថានការណ៍​ថា​ត្រូវ​ធ្វើ​ម៉េច​អាច​ឲ្យ​ជម្លោះ​រវាង​កម្ពុជា-ថៃ​មាន​ការ​ថមថយ។

ក្រសួង​ការ​បរទេស​ថៃ​កាល​ពី​ថ្ងៃទី​៩​ ខែកុម្ភៈ​បាន​ជំទាស់​ចំពោះ​ការប៉ុនប៉ង​បញ្ជូន​បេសកកម្ម​ UNESCO​ ទៅ​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​ដោយ​ចាត់​ទុក​ថា​ស្ថានការណ៍​នៅ​មាន​ភាព​តាន​តឹង​នៅ​ឡើយ​ក្រៅពី​ព្រមាន​ថា ​UNESCO​ គួរ​ស្វែងរក​ការ​យល់​ព្រម​ពី​ថៃ​ជាមុន។ ការ​បញ្ជាក់​ដូច្នេះ​កើត​ឡើង​ក្រោយ​ពេល​ដែល​កម្ពុជា​បាន​ស្នើ​ទៅ ​UNESCO​ កាល​ពី​ថ្ងៃ​ទី៧​ខែកុម្ភៈ​ ដើម្បី​សុំ​អន្តរាគមន៍​ដោយសារ​មាន​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ​ដែល​ជា ​បេតិកភណ្ឌ​វប្បធម៌​អន្តរជាតិ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​បាន​ជួប​ប្រជុំ​ពិភាក្សា​កាល​ពី​ថ្ងៃ​ច័ន្ទ​ក្នុង​ទី​ក្រុង ​New York​ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​យោធា​រវាង​ ភាគី​កម្ពុជា ​និង​ថៃ​ដែល​បាន​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​រឿង​ការផ្ទុះ​អាវុធ​កាលពី​ថ្ងៃ​ទី​៤​​ដល់​ថ្ងៃ​៧​ ខែកុម្ភៈ​នោះ។

ក្រៅពី​បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ថៃ​និង​កម្ពុជា​ ក្រុម​ប្រឹក្សា នេះ​បាន​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​បញ្ឈប់​ការវាយ​ប្រយុទ្ធ​គ្នា​ជា​អចិន្ត្រៃយ៍។​ ស្ថាប័ន​សហ​ប្រជាជាតិ​នេះ​ក៏​ពុំ​បាន​សម្រេច​តាម​សំណើ​កម្ពុជា​ក្នុង​ការបញ្ជូន​កង​កម្លាំង​របស់​ខ្លួន​ទៅ​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​ដែរ។

ក៏​ប៉ុន្តែ​លោក ​បណ្ឌិត​ឈាង​ វណ្ណារិទ្ធ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាខ្មែរ​សម្រាប់​កិច្ច​សហ ប្រតិបត្តិការ​និង​សន្តិភាព​បាន​ថ្លែង​ប្រាប់​ វីអូអេ​ខ្មែរ ​កាលពីមុន​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ថា៖ ​ស្ថានភាព​យោធា​រវាង​កម្ពុជា​និង​ថៃ​កំពុង​មាន​ហានិភ័យ​ក្រៅពី​បញ្ជាក់​ថា​មាន​វត្តមាន​កងទ័ព​អ.ស.ប​ជា​ការ​ល្អ​ តែ​លោក​អះអាង​ថា​ការបញ្ជូន​ឬ​យ៉ាងណា​គឺ​អាស្រ័យ​ទៅ​លើ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ទេ។

«ខ្ញុំ​គិត​ថា​បើ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​យល់​ថា​ភាព​តានតឹង​ឬ​ក៏​សង្គ្រាម​នៅ​តាម​ព្រំដែន​ជា​ការ​គំរាម​កំហែង​មួយ​ដល់​សន្តិសុខ​និង​សន្តិភាព​ក្នុង​តំបន់​និង​ក្នុង​សាកល​លោក​នោះ​គឺ​ក្រុម​ប្រឹក្សា​សន្តិសុខ​អាច​នឹង​ចាត់​វិធានការ​បញ្ជូន​កងទ័ព​មក​តំបន់​ហ្នឹង​បាន​ដោយ​មិន​បាច់​មាន​ការយល់ព្រម​ពី​ភាគី​ដែល​មាន​ជម្លោះ»។

លោក​បាន​លើក​យក​ឧទាហរណ៍​ស្រដៀង​គ្នា​មួយ​គឺ​ជម្លោះ​រវាង​ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន​ចាប់​តាំង​ពី​ទសវត្សរ៍​១៩៥០​ទល់​បច្ចុប្បន្ន​មក​បញ្ជាក់​ថា ​អ.ស.ប បាន​បញ្ជូន​កង​កម្លាំងរបស់​ខ្លួន​ទៅ​កាន់​តំបន់​ជម្លោះ​ដោយ​មិន​ចាំ​បាច់​មាន​ការ យល់​ព្រម​ពី​ភាគី​ជម្លោះ​ទាំង​ពីរ​ទេ៕

This posting includes an audio/video/photo media file: Download Now

រដ្ឋាភិបាល​កម្ពុជា​បដិសេធ​ថា​មិន​បាន​​បញ្ជា​ឲ្យ​រារាំង​គេហទំព័រ​ទេ

Posted: 18 Feb 2011 04:02 PM PST

ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ​ គេ​មិន​អាច​បើក​មើល​គេហទំព័រ​មួយ​ចំនួន​ដែល​រិះគន់​រដ្ឋាភិបាល​បាន​ទេ​ ដែល​ការ​ផ្សព្វផ្សាយ​គេហទំព័រ​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​​តាម​រយៈ​ក្រុម​ហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​មួយ​ចំនួន។ ទោះ​បី​ជា​រដ្ឋាភិបាល​បាន​បដិសេធ​ថា​មិន​មាន​ការ​បញ្ជា​ពិនិត្យ​ចាប់​ពិរុទ្ធ​​គេហទំព័រ​ក៏​ដោយ​ កំណត់​ហេតុ​ដែល​ធ្លាយ​ចេញ​​បង្ហាញ​ថា​​រដ្ឋាភិបាល​ពិត​ជា​បាន​បញ្ជា​ឲ្យ​កាត់​ផ្តាច់​ការ​ប្រើប្រាស់​គេហទំព័រ​ទាំង​នេះ​ដែរ។

ក្នុងស​ប្តាហ៍​នេះ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​បោះពុម្ព​ផ្សាយ​ ការ​ដកស្រង់​មួយ​ចំនួន​ ពី​កំណត់ហេតុ​ប្រជុំ​មួយ​ ដែល​នៅ​ក្នុង​អង្គ​ប្រជុំ​នោះ ​ក្រសួង​ប្រៃសណីយ៍​និង​​ទូរគមនាគមន៍​បាន​សើ្ន​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​មួយ​ចំនួន​រារាំង​ការ​ចូល​មើល​​គេហទំព័រ​ទាំង​ឡាយ​ណា​ដែល​​មាន​លក្ខណៈ​រិះគន់។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ក៏​បាន​បោះពុម្ព​ផ្សាយ​ផង​ដែរ​នូវ​ការ​ដកស្រង់​ពី​សារ​អេឡិកត្រូនិក​មួយ​ ដែល​ផ្ញើ​ដោយ​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​នេះ​ ដែល​បាន​អបអរសាទរ​ដល់​ក្រុម​ហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ចំនួន​១០​ ដែល​បាន​ទប់​ស្កាត់​ការ​ចេញផ្សាយ​របស់​គេហទំព័រ​មួយ​ចំនួន​ ហើយ​ព្រមាន​ក្រើន​រំឭក​ដល់​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​បី​ទៀត​ដែល​មិន​បាន​អនុវត្ត​សំណើ​របស់​ខ្លួន។

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​បាន​ចេញផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​វាយ​តម្លៃ​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​កម្ពុជា​ បាន​ជំទាស់​នឹង​ការ​ពិនិត្យ​ចាប់​ពិរុទ្ធ​គេហទំព័រ​នេះ។

ម៉ាធូ ភែលើរីន (Mathieu Pellerin) អ្នក​ផ្តល់​ប្រឹក្សា​នៃ​អង្គការ​លីកាដូ​ និយាយ​ថា​ ការ​លេចធ្លាយ​អំពី​ការ​ពិនិត្យ​ចាប់​ពិរុទ្ធ​របស់​រដ្ឋាភិបាលនេះ​ គឺ​សំខាន់​ណាស់។ លោក​ ភែលើរីន និយាយ​ថា៖

«ការ​ចាប់​ផ្តើម​ពិនិត្យ​ចាប់​ពិរុទ្ធ​អ៊ីនធឺណិត ​ជា​មូល​ដ្ឋាន​គឺ​​ជា​ការ​កំពុង​ពិនិត្យ​ចាប់​ពិរុទ្ធ​កន្លែង​ដែល​មិន​ទាន់​​មាន​ការ​ត្រូតពិនិត្យ​ចុង​ក្រោយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​សម្តែង​មតិ និង​ដែល​ជា​កន្លែង​តែ​មួយ​គត់​​ដែល​ពួក​គេ​ទទួល​បាន​ព័ត៌មាន​ដែល​មិន​អាច​រក​បាន​តាម​មធ្យោបាយ​ផ្សេង​ទៀត។ វា​ជា​ជំហាន​ដ៏​ធំ​និង​ធ្ងន់ធ្ងរ​មួយ​ក្នុង​ការ​បង្ក្រាប​ដែល​មាន​ជា​បន្តបន្ទាប់ ​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​ការ​ទទួល​បាន​ព័ត៌មាន»។

តាម​លក្ខណៈ​បច្ចេកទេស​ បណ្តាញ​ព័ត៌មាន​បោះពុម្ព​មាន​សេរីភាព​ ប៉ុន្តែ​គ្រប់​​ស្ថានីយ៍​ទូរទស្សន៍​ និង​វិទ្យុ​ភាគច្រើន​គាំទ្រ​រដ្ឋាភិបាល។ រដ្ឋាភិបាល​ប្រើប្រាស់​ការ​គំរាម​ចោទ​ប្រកាន់​​ពី​បទ​ឧក្រិដ្ឋ​បរិហារ​កេរ្តិ៍​ ដើម្បី​បន្ថយ​កម្រិត​នៃ​ការ​រិះគន់។

ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ EZECOM ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីធឺណិត​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​រាប់​សប្តាហ៍​មក​ហើយ​​ថា រដ្ឋាភិបាល​មិន​បាន​ប្រាប់​​ខ្លួន​ឲ្យ​ទប់ស្កាត់​ការ​ផ្យព្វផ្សាយ​របស់​គេហទំព័រ​ទេ​ ហើយ​ថា​ ខ្លូន​មិន​បាន​រារាំង​​គេហទំព័រ​ណាមួយ​ទេ។

ប៉ុន្តែ​ក្រុម​ហ៊ុន EZECOM គឺ​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​​ក្រុមហ៊ុន​ផ្តល់សេវា​អ៊ីនធឺណិត​ចំនួន​១០​ ដែល​​សារ​អេឡិកត្រូនិក​របស់​មន្ត្រី​រដ្ឋាភិបាល​នោះ​បាន​សរសើរ​ដល់​ការ​ទប់​ស្កាត់​ការ​ចេញ​ផ្សាយ​គេហទំព័រ​មួយ​ចំនួន​ រួមមាន​គេហទំព័រ​របស់​ KI-Media ផង​ដែរ។

មន្រ្តី​ប្រតិបត្តិការ​សំខាន់​ម្នាក់​នៃ​ក្រុមហ៊ុន​ EZECOM​ មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​សេចក្តី​រាយការណ៍​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទេ។

គេហទំព័រ​ប្រាំ​ ប្រាំមួយ ​ដែល​ត្រូវ​បាន​រារាំង​ការ​ចេញផ្សាយ​ ជា​រឿយៗ​រិះគន់​គណបក្ស​កាន់​អំណាច។ ឧទាហរណ៍​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ត្រូវ​បាន​​ចុះ​ក្នុង​គេហទំព័រ​ KI-Media នៅ​ក្នុង​ទំព័រ​មួយ​ដែល​មាន​ចំណង​ជើង​ថា​«មេក្បត់ជាតិ»។

គេហទំព័រ​នោះ​បង្ហាញ​លោក​សម រង្ស៊ី​ ដែល​ជា​មេ​ដឹកនាំ​ប្រឆាំង​និរទេស​ នៅ​ក្នុង​ទំព័រ​«វីរជន​ស្នេហាជាតិ»​របស់​ខ្លួន។

គេហទំព័រ​ KI-Media ជា​រឿយៗ​ផ្សាយ​អត្ថបទ​រិះគន់​គណបក្ស​គ្រប់​គ្រង​អំណាច​ និង​អ្នក​គាំទ្រ​របស់​ខ្លួន។

ម៉ាធូ ភែលើរីន​ នៃ​អង្គការ​លីកាដូ​ និយាយ​ថា​ ពីព្រោះតែ​ទី​ផ្សារ​អ៊ីនធឺណិត​កម្ពុជា​នៅ​តូច ផល​ប៉ះពាល់​នៃ​ការ​រារាំង​ការ​ទទួល​ព័ត៌មាន​ពី​គេហទំព័រ​ទាំង​នេះ​ មាន​ភាព​ធ្ងន់ធ្ងរ​ជាង​ការ​គិត​ទៅ​ទៀត។

«អ្នក​មិន​មាន​គេហទំព័រ​ច្រើន​ដូច​ប្រទេស​ដទៃ​ទៀត​ទេ។ ដូច្នេះ​​ចំនួន​គេហទំព័រ​ដ៏​តិចតួច​បំផុត​នេះ​មាន​ផល​ប៉ះពាល់​ដល់​អ្នក​មើល​ អ្នក​អាន​យ៉ាង​ច្រើន​ ហើយ​គេហទំព័រ​ដែល​ទទួល​រងការ​ពិនិត្យ​ចាប់​ពិរុទ្ធ​ទាំង​នេះ​ មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​សហគមន៍​កម្ពុជា»។

រដ្ឋមន្ត្រី​ក្រសួង​​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​ប្រាប់​វីអូអេ​ម្តង​ទៀត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​ថា​ គ្មាន​គោល​នយោបាយ​រារាំង​គេហទំព័រ​ទេ៕

ប្រែ​សម្រួល​ដោយ អ៊ឹម សុធារិទ្ធ

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!