VOA News: ព័ត៌មាន: “អតីត​អ្នក​ភូមិ​បឹង​កក់​ទាមទារ​សំណង​បន្ថែម” plus 6 more

VOA News: ព័ត៌មាន: “អតីត​អ្នក​ភូមិ​បឹង​កក់​ទាមទារ​សំណង​បន្ថែម” plus 6 more


អតីត​អ្នក​ភូមិ​បឹង​កក់​ទាមទារ​សំណង​បន្ថែម

Posted: 16 Nov 2011 03:11 PM PST

អតីត​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​បឹង​កក់​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ជា​ថ្មី​ម្តង​ទៀត​បន្ទាប់​ពី​ការ​តវ៉ា​លើក​មុន​មិន​បាន​សម្រេច។ ការ​តវ៉ា​លើក​នេះ​បាន​ប្រើ​ប្រាស់​ពេល​វេលា​ចំនួន​បី​ថ្ងៃ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ដើម្បី​ទាម​ទារ​សាលា​ក្រុង​ភ្នំពេញ និង​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន​ផ្តល់​សំណង​បន្ថែម​ចំនួន​២០.០០០ដុល្លារ​ក្នុង​មួយ​គ្រួសារ។ ពួក​គេ​និយាយ​ថា គេ​ព្រម​ទទួល​សំណង​លើក​មុន​ដោយសារ​ការ​​គំរាម​កំហែង និង​បង្ខិត​បង្ខំ។

នៅ​ក្នុង​រង្វង់​ខ្សែ​មួយ​ដែល​ចង​ព័ទ្ឋ​ជុំ​វិញ​ក្រោម​ម្លប់​ដើម​ឈើ​តូចៗ និង​មាន​ការ​តាម​ឃ្លាំ​មើល​ពី​កម្លាំង​សម្ថកិច្ច​ប្រមាណ​ជាង​២០​នាក់​ក្រុម​អ្នក​ស្រុក​បាន​ឈរ​កាន់​បដារូប​ថត​លោក​នាយរដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ និង​ភរិយា​របស់​លោក និង​រូប​ព្រះឆាយាល័ក្ខណ៍​សម្តេចឪ​សម្តេច​ម៉ែ​ព្រម​ទាំង​ពាក្យ​ស្លោក​ដែល​រិះ​គន់​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។

«ត្រូវ​តែ​មាន​តម្លាភាព និង​យុត្តិ​ធម៌​ដល់​ប្រជា​ពលរដ្ឋ​ដែល​បាន​ចាក​ចេញ​នៅ​តំបន់​បឹង​កក់»។

ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៤.០០០​គ្រួសារ​កាល​ពី​អំឡុង​ឆ្នាំ​២០០៨​បាន​ចាក​ចេញ​ពី​តំបន់​បឹង​កក់​ជា​ថ្នូរ​នឹង​ទឹក​ប្រាក់​ខុសៗ​គ្នា​ដោយ​គ្រួសារ​ខ្លេះ​ទទួល​សំណង​១.០០០​ដុល្លារ​ ហើយ​គ្រួសារ​ខ្លះ​ទទួល​បាន​៨.០០០​ដុល្លារ និង​ទឹក​ប្រាក់​ចំនួន​២​លាន​រៀល។

លោក​ស្រី​ សំ វណ្ណា​អាយុ​៥០​ឆ្នាំ​ដំណាង​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹង​កក់​បាន​និយាយ​ថា​សំណង​ដែល​ផ្តល់​កន្លង​មក​បាន​ធ្វើ​ឡើង​តាម​ការ​បង្ខិត​បង្ខំ​និង​គំរាម​កំហែង។ លោក​ស្រី​បាន​និយាយ​ថា ប្រជាពលរដ្ឋ​ភាគច្រើន​មិន​អាច​យក​ប្រាក់​ទាំង​នេះ​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជី​វិត​បាន​ទេ​ហើយ​ការ​តវ៉ា​របស់​ពួក​យើង​នៅ​ថ្ងៃ​នេះ​គឺ​ចង់​ទាមទារ​ដល់​សាលា​ក្រុង​និង​ក្រុម​ហ៊ុន​ស៊ូការគូអ៊ីន​ឲ្យ​ផ្តល់​សំណង​បន្ថែម​រហូត​ដល់​២.០០០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ។

«អ្នក​ខ្លះ​បាន​ត្រឹម​៤.០០០ អ្នក​ខ្លះ​រុះ​រើ​ទៅ​ក៏​អត់​បាន​លុយ​ដែរ។ អញ្ចឹង​ហើយ​ពួក​យើង​ខ្ញុំ​មក​នេះ​ដើម្បី​ឲ្យ​រាជរដ្ឋា​ភិបាល​ធ្វើ​ការ​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌​ចំពោះ​អ្នក​ចាក​ចេញ»។

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​បាន​ចាក​ចេញ​ពី​តំបន់​បឹង​កក់​បាន​ទៅ​រស់​នៅ​កន្លែង​ផ្សេងៗ​ពី​គ្នា​ជាយ​ក្រុង​ភ្នំពេញ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​និង​មាន​អ្នក​ខ្លះ​ទៅ​រស់​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន។

អ្នក​ស្រី​ដួង ម៉ារីន អាយុ​៥៩​ឆ្នាំ​កំពុង​អង្គុយ​ក្រោម​ម្លប់​ដើម​ឈើ​មួយ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ហើយ​បច្ចុប្បន្ន​នេះ​កំពុង​រស់​នៅ​បូរី​សន្តិភាព​ពីរ​ក្នុង​ខ័ណ្ឌ​ដង្កោ​បាន​និយាយ​ថា​ប្រជា​ពលរដ្ឋ​មាន​ជី​វភាព​ដុនដាប​បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​តំបន់​បឹងកក់។​ អ្នក​ស្រី​បាន​និយាយ​ថា អ្នក​ស្រី​បាន​ទទួល​សំណង​ជា​ផ្ទះ​មួយ​ល្វែង​៤មគុណ​នឹង​១២​ក៏​ប៉ុន្តែផ្ទះ​នេះ​គ្មាន​គុណភាព។

«ផ្ទះ​ហ្នឹង​វា​ពុក​ឥឡូវ​ដំបូល​វាផ្ទុះ​ហើយ។ ដូច​ជ្រាប​ស្រាប់​ហើយ​សុទ្ឋ​តែ​កម្មករ​អ្នក​ទូល​កញ្ច្រែង​គ្មាន​លុយ​ជួស​ជុល​ទេ។ មួយ​រដូវ​ភ្លៀង​ហ្នឹង​វា​លិច​ហើយ​ឡើង​ប្រេះ​ខ្មៅៗ​អស់​ហើយ»។

លោក កើត ឆែ​ នាយក​រង​រដ្ឋបាល​សាលា​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា លោក​មិន​បាន​ដឹង​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​អតិត​រស់​នៅ​តំបន់​បឹង​កក់​ទេ។

«ខ្ញុំ​សួរ​បង​ឯង​វិញ បើ​បង​ឯង​អត់​ដឹង​រឿង បង​ឯង​ឆ្លើយ​យ៉ាង​ម៉េច​ដែរ។ រឿង​ហ្នឹង​គាត់​ប្រគល់​ឲ្យ​សាលា​ខ័ណ្ឌ​ប្រជុំ​ធ្វើ​ម៉េច​ខ្ញុំ​ដឹង​ទៀត»។

លោក​ សុខ ពេញ​វុធ អភិបាល​រង​ខ័ណ្ឌ​ដូន​ពេញ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​ដោយ​លោក​បាន​និយាយ​ថា ​កំពុង​ជាប់​រវល់​ប្រជុំ។

លោក​បណ្ឌិត​ឡៅ ម៉ុង​ហៃ​ អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​ដែល​បាន​ឃ្លាំ​មើល​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​បាន​និយាយ​ថា ទាំង​អាជ្ញាធរ ទាំង​ក្រុម​ហ៊ុន​ ទោះ​បី​ជា​ពួក​គេ​រស់​នៅ​តំបន់​ណា​ក៏​ដោយ​ត្រូវ​តែ​ផ្តល់​ជីវភាពឲ្យ​ដលើ​កម្រិត​​ដើម​របស់​ពួកគេ​វិញ​នៅ​ពេល​មាន​ការ​បណ្តេញ​ចេញ​ពី​កន្លែង​ចាស់។

«គេ​ធ្លាប់​រស់​នៅ​ស្រួល​ត្រឹម​ណា​គឺ​ប្រញាប់​ប្រញាល់​អភិវឌ្ឃន៍​កន្លែង​ហ្នឹង​ដើម្បី​ឲ្យ​ជី​វភាព​រស់​នៅ​របស់​ពួកគេ​រស់​នៅ​ឲ្យ​បាន​ស្រួល​ដូច​ដើម​វិញ​បើ​មិន​បាន​ប្រសើរ​ជាង​ទេ។ នេះ​គោលការណ៍​សុភមង្គល​របស់​ប្រជា​ពលរដ្ឋ»។

ក្រុម​ហ៊ុន​ស៊ូ​ការ​គូអ៊ីន​បាន​ជួល​ដី​បឹងកក់​ពី​សាលា​ក្រុង​ភ្នំពេញ​រយៈ​ពេល​៩៩​ឆ្នាំ​សម្រាប់​ធ្វើ​ការ​អភិវឌ្ឃ​ឲ្យ​ទៅ​ជា​មជ្ឃមណ្ឌល​ពាណិជ្ជ​កម្ម​សណ្ឋាគារ និង​ផ្ទះ​សម្បែង​ក៏​ប៉ុន្តែការ​អភិវឌ្ឃ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ឲ្យ​ពួកគេ​ដែល​ធ្លាប់​រស់​នៅ​បឹងកក់​បាន​ធ្លាក់​ខ្លួន​ក្រ​និង​ខ្វះ​ទី​ជម្រក​សមរម្យ៕

This posting includes an audio/video/photo media file: Download Now

មេ​បក្ស​សម រង្ស៊ី​គំរាម​ធ្វើឲ្យ​មាន​វិបត្តិ​រដ្ឋ​ធម្មនុញ្ញ​

Posted: 16 Nov 2011 11:50 AM PST

លោក ​សម​ រង្សី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ដាក់​ការ​គាប​សង្កត់​ទៅ​លើ​គណបក្ស​គ្រប់គ្រង​អំណាច ឱ្យ​បង្អាក់​ការរំលោភ​ដី​ធ្លី ​និង​ការ​បណ្តេញ​ដោយ​បង្ខំ​ ដោយ​ប្រកាស​ថា​សមាជិក​សភា​គណបក្ស​សម​ រង្សី​ទាំងអស់​គ្រោងនឹង​លាលែង ​ដើម្បី​បង្កើត​ឱ្យមាន​វិបត្តិ​រដ្ឋធម្មនុញ្ញ។

លោក​ សម ​រង្សី ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​តាមរយៈ Video Conference ​ពី​ប្រទេស​បារាំង​មក​ថា​ សមាជិក​សភា​គណបក្ស​ប្រឆាំង​សម្រេច​ចិត្ត​បង្កើត​ឱ្យមាន​វិបត្តិ​រដ្ឋធម្មនុញ្ញ​ដោយ​លាលែង​ជា​ក្រុម ​និង​រាំងខ្ទប់​រដ្ឋសភា​​ក្នុង​ការ​អនុម័ត​ផ្សេងៗ​ពីព្រោះ​ពួក​គេ​មិន​អាច​ចរចា​ជាមួយ​រដ្ឋាភិបាល។

លោក​ សម​ រង្សី ​ប្រធាន​គណបក្ស​សម ​រង្សី ​បានថ្លែង​ថា គណបក្ស​សម ​រង្សី​នឹង​ធ្វើឱ្យ​រដ្ឋសភា​បាត់បង់​ភាពស្របច្បាប់​ និង​ធ្វើឱ្យ​សេចក្តីសម្រេច​របស់​រដ្ឋសភា​ខ្វះ​លក្ខណៈ​ច្បាប់​ពេញ​លេញ។

«រឿង​វិបត្តិ​ធម្មនុញ្ញ។ ​វិបត្តិ​ធម្មនុញ្ញ​នេះ​គឺ​បណ្តាលមក​ពី​ការ​ផ្តួចផ្តើម​គំនិត​របស់​គណបក្ស​សម​ រង្សី​ ហើយ​យើង​ផ្អែកលើ​មាត្រា​៧៦ ​និង​មាត្រា​៩៥​នៃ​រដ្ឋធម្មនុញ្ញ»។

លោក ​សម ​រង្សី ​មិន​បាន​លម្អិត​អំពី​ពេលវេលា ​និង​របៀប​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ថ្មី​របស់​លោក​ទេ។

លោក​ សម ​រង្សី ​បានថ្លែង​ថា គណបក្ស​សម ​រង្សី​នឹង​បន្ត​រាំងខ្ទប់​ការបោះឆ្នោត​ ឬ​ការសម្រេច​ណាមួយ​ដោយ​រដ្ឋសភា​រហូតដល់​រដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​យក​ទៅ​អនុវត្ត​នូវ​ការ​បង្អាក់​ការរំលោភ​ដី​ធ្លី​ និង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ​ហើយ​ផ្លាស់ប្តូរ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

លោក ​សម រង្សី ​បាន​គំរាម​ថា បើ​រដ្ឋាភិបាល​មិន​ដោះស្រាយ​ការ​ទាមទារ​របស់​គណបក្ស​សម​ រង្សី​ នេះ​ទេ ​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២​មិន​អាច​ត្រូវ​បាន​អនុម័ត ​ហើយ​គេ​មិន​អាច​ផ្តល់​សច្ចាប័ន​ស្របតាម​រដ្ឋធម្មនុញ្ញ​បាន​ដល់​កិច្ច​ព្រមព្រៀង​ស្តីពី​កម្ចី​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ថ្មីៗ​នេះ​ដោយ​រដ្ឋាភិបាល​ជាមួយ​បរទេស និង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​នា​នា​នោះ​ទេ។

លោក ​ជាម ​យៀប ​សមាជិក​សភា​ជាន់ខ្ពស់​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​​បានថ្លែង​ថា​ បើ​សមាជិក​សភា​ចំនួន​២៦​រូប​របស់​គណបក្ស​សម ​រង្សី​លាលែង ​រដ្ឋសភា​នៅតែ​មាន​សមាជិក​ចំនួន​១២៣​រូប​ដដែល​គ្មាន​វិបត្តិ​រដ្ឋធម្មនុញ្ញ​កើត​ឡើង និង​មិន​រាំងស្ទះ​ដល់​ការអនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២​ និង​ការផ្តល់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​កម្ចី​នោះ​ទេ។

«ខ្ញុំ​សូម​ជម្រាប​ថា អ្វី​ដែល​ជា​Video Conference ​ដែល​លោក​សម ​រង្សី​ ធ្វើ​គឺជា​សិទ្ធិ​របស់​គាត់។ តែ​នេះ​ជា​ភាព​ទាល់ច្រក ​ភាពទុទិដ្ឋិនិយម​ ហើយ​នឹង​ការ​អស់​សង្ឃឹម​របស់​គាត់​ ដែល​គាត់​លើក​ឡើង​ទាំង​អម្បាលមាណ។ ​គាត់​អត់​យល់ដឹង​អំពី​ច្បាប់​របស់​កម្ពុជា​តាំង​ពី​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​១៩៩៧ ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ ​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋ

សភា ​ការ​រៀបចំ ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​និង​ការរៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ ​គាត់​មិន​យល់​ពី​ច្បាប់​ទាំង​អស់​នេះ​ទេ»។

លោក សុខ សំអឿន ​នាយកប្រតិបត្តិ​នៃ​អង្គការ​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​បញ្ជាក់​ថា​សមាជិក​សភា​គណបក្ស​សម ​រង្សី​ មាន​សិទ្ធិ​លាលែង​ពី​តំណាងរាស្ត្រ​ ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ មានសិទ្ធិ​តែងតាំង​បេក្ខជន​លេខ​បន្ទាប់​ឱ្យ​ធ្វើ​តំណាងរាស្ត្រ​ជំនួស​បាន។

លោក ​សុខ ​សំអឿន ​បាន​បន្ត​ថា ការ​លាលែង​របស់​តំណាងរាស្ត្រ​គណបក្ស​សម​ រង្សី ​មិន​អាច​រាំង​ខ្ទប់​ដំណើរការ​រដ្ឋសភា​បាន​ទេ ​ដោយសារ​សំឡេង​អនុម័ត​តម្រូវ​ឱ្យ​មាន​៥០​ភាគរយ​បូក​មួយ។

គណបក្ស​សម ​រង្សី​ មាន​សមាជិក​សភា​ចំនួន​២៦​រូប​ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ មានសមាជិក​សភា​ចំនួន​៩០​រូប ​ក្នុងចំណោម​១២៣​រូប៕

This posting includes an audio/video/photo media file: Download Now

នួន ជា មាន​សុខភាព​អាច​ចូល​រួម​សវនាការ​បាន

Posted: 16 Nov 2011 11:39 AM PST

អង្គ​ជំនុំជម្រះ​សាលាដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម ​បាន​សម្រេច​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​នួន​ ជា ​មាន​សម្បទា​គ្រប់គ្រាន់​ក្នុង​ការចូលរួម​ការកាត់ទោស​លើ​រូប​គាត់។ ​ការសម្រេច​នេះ​ធ្វើឡើង​ប្រាំ​ថ្ងៃ​ប៉ុណ្ណោះ​មុន​នឹង​ការកាត់ទោស​ពេញអង្គ​សេចក្តី​សំណុំរឿង​០០២​ ចាប់ផ្ដើម។

កាលពី​ខែ​សីហា ​អង្គជំនុំជម្រះ​សាលាដំបូង​បានបើក​សវនាការ​ស្ដីពី​កាយសម្បទា​របស់​ជន​ជាប់​ចោទ​ចំនួន​បី​នាក់​ គឺ​នួន​ ជា ​អៀង ​សារី និង​អៀង ​ធីរិទ្ធ ប៉ុន្ដែ​ខៀវ ​សំផន ​បានបដិសេធ​ការធ្វើ​កោសល្យ​វិច័យ​ពី​កាយសម្បទា​របស់​គាត់​សម្រាប់​ចូលរួម​សវនាការ។

នៅ​ក្នុង​សវនាការ​រយៈពេល​បី​ថ្ងៃ លោក​សាស្ដ្រាចារ្យ​ ចន ខាំបែល (John Campbel) ​គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​មនុស្ស​ចាស់​ បាន​បញ្ជាក់​ថា ផ្នែក​សំខាន់ៗ​ទាំង​បួន​ក្នុង​រាង្គកាយ​ដែល​ជា​មូលដា្ឋន​បញ្ជាក់​ពី​សម្បទា​មាំទាំ​របស់​នួន ជា​ គឺ​បេះដូង ​ខួរក្បាល ​សាច់ដុំ​ និង​គ្រោងឆ្អឹង ​រួមទាំង​ប្រពន្ធ័​ផ្សេងៗ​ទៀត ​មិនមាន​បញ្ហា​ ដែល​អាច​រារាំង​រូប​គាត់​ ក្នុង​ការចូលរួម​សវនាការ​ពេញអង្គ​សេចក្ដី​នោះ​ទេ។

នៅ​ក្នុង​សេចក្ដី​សម្រេច​ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ ​លោក​ចៅក្រម​និល​ ណុន ​ប្រធាន​អង្គជំនុំ​ជម្រះ​សាលាដំបូង​សរសេរ​ថា ​នួន​ ជា​៖ «​មាន​កាយសម្បទា​គ្រប់គ្រាន់​សម្រាប់​ចូលរួម​សវនាការ»។

លោក​ចៅក្រម ​និល ​ណុន ​បញ្ជាក់​បន្ថែម​ថា ​អង្គជំនុំ​ជម្រះ​សាលាដំបូង​កត់សម្គាល់​ថា គ្រូពេទ្យ​ជំនាញ​មិន​បាន​រក​ឃើញ​អសមត្ថភាព​របស់​នួន ​ជា ​សម្រាប់​ចូលរួម​សវនាការ​ក្នុង​ពេល​នេះ​ទេ។

អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​អាយុ​៨៥ ​ឆ្នាំ​រូប​នេះ​ត្រូវ​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ឧក្រិដ្ឋកម្ម​សង្រ្គាម ​និង​បទប្រល័យ​ពូជសាសន៍​ជាមួយ​នឹង​ជន​ជាប់ចោទ​បី​នាក់​ផ្សេង​ទៀត​ក្នុង​សំណុំរឿង​០០២។ ការ​ចោទប្រកាន់​ដែល​ទាក់ទង​ទៅនឹង​ការស្លាប់ ​និង​ការ​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​ជិត​ពីរ​លាន​នាក់​ ចន្លោះ​ឆ្នាំ ​១៩៧៥ ​និង​ឆ្នាំ ​១៩៧៩។

សហមេធាវី​កម្ពុជា​របស់​ នួន ​ជា ​លោក ​សុន ​អារុណ ​មិន​បាន​ច្រានចោល​ការសម្រេច​របស់​សាលាដំបូង​នេះ​ទេ។

«ត្រឹមត្រូវ​ហើយ។ សុខភាព​កូនក្ដី​ខ្ញុំ​គ្រាន់តែ​ចាស់​ប៉ុណ្ណោះ។​ ប៉ុន្ដែ​គាត់​នៅ​មានបញ្ញា ​និង​អាច​ឆ្លើយ​ឆ្លង​បាន»។

ជាមួយ​គ្នា​នេះ​លោក​មេធាវី ​សុន ​អារុណ ​បញ្ជាក់​ថា ​លោក​បានត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ចូលរួម​សវនាការ​ពេញអង្គ​សេចក្ដី ​ដែល​នឹងចាប់ផ្ដើម​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​នេះ៕

This posting includes an audio/video/photo media file: Download Now

ជន​រងគ្រោះ​ខ្មែរ​នៅ​អាមេរិក​នឹង​ចូលរួម​ស្តាប់​សវនាការ​សំណុំ​រឿង​០០២

Posted: 16 Nov 2011 03:12 PM PST

ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​ពី​សហរដ្ឋ​អាមេរិក​ ដែល​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ នឹង​ចូលរួម​ក្នុង​ពេល​បើក​សវនាការ​សំណុំ​រឿង​លេខ​០០២​ដែល​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ។

អ្នក​ស្រី​នៅ​ សារឹម​ អតីត​អ្នកទោស​នៃ​មន្ទីរ​ឃុំ​ឃាំង​បឹងត្របែក​ លោកស្រី​បៃ សុផានី​ និង​លោកស្រី​ជា ម៉ារី​គ្រោង​នឹង​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ចំនួន​មួយ​សប្តាហ៍​ដើម្បី​ចូលរួម​និង​តាមដាន​ដំណើរការ​សាលាក្តី​ខ្មែរ​ក្រហម។ ​អ្នក​ទាំងបី​បាន​ដាក់​ពាក្យ​បណ្តឹង​តាម​រយៈ​វិទ្យាស្ថាន​ស្រាវជ្រាវ​អនុវត្តន៍​សង្គម​នៃ​កម្ពុជា​​ ប្តឹង​មេដឹកនាំ​ទាំង​បួន​នាក់​ ដែល​មាន​នួន ជា​ ខៀវ សំផន អៀង​ សារី​ និង​អៀង​ ធីរិទ្ធ។

អ្នក​ស្រី​នៅ សារឹម​បាន​បញ្ជាក់​ថា​​ ​នេះ​ជាការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ឱ្យ​អ្នក​ដែល​ស្លាប់​បាត់​បង់​ជីវិត​និង​ជនរងគ្រោះ​ដែល​នៅ​រស់​រាន​មាន​ជីវិត។

«យើង​នឹង​ស្តាប់​ ហើយ​យើង​នឹង​ធ្វើការ​វិនិច្ឆ័យ​ទៅ​តាម​ហ្នឹង​គឺ​យើង​មិន​យក​កំហឹង​ទៅ​ទល់​កំហល់​ទៅ​រក​អ្នក​ទាំង​អស់​នោះ​ទេ ​ព្រោះ​គ្រាន់​តែ​ប៉ុណ្ណឹង​ក៏អាច​ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហ្នុង​ក៏​មាន​ការ​ញញើត​ខ្លះ​ដែរ​ (ហើយ)​សម្រាប់​អ្នក​បន្ត​ជំនាន់​ក្រោយ​នេះ​​ អំពើ​ដែល​ខ្លួន​បាន​ធ្វើ​អាក្រក់​ហ្នឹង​គឺ​ថា​ថ្ងៃ​ណា​មួយ​គឺ​វា​នឹង​លេច​ចេញ​មក​សម្រាប់​ឱ្យ​ខ្លួន​រង​ទុក្ខទោស​វិញ»។

លោកស្រី​បៃ​ សុផានី​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​អនុវត្តន៍​សង្គម​នៃ​កម្ពុជា​ថា​ លោកស្រី​ចង់​ដឹង​ថា​ ហេតុអ្វី​បាន​ជា​ពួកខ្មែរ​ក្រហម​សម្លាប់​មនុស្ស​ច្រើន​ម៉្លេះ​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ ពួក​មេដឹកនាំ​ទាំង​នោះ​មិន​បាន​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ប្រល័យ​ពូជ​សាសន៍។​ លោកស្រី​ចង់​បាន​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ទាំង​អស់។

សវនាការ​កាត់​ទោស​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង​លេខ​០០២​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ច័ន្ទ​ទី​២១​ខែ​វិច្ឆិកា​ ហើយ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១៦​ខែ​ធ្នូ​ មុន​នឹង​តុលាការ​សម្រាក​រយៈ​ពេល​ខ្លី។​ ក្នុង​រយៈ​ពេល​នេះ​គឺ​មាន​ការ​អាន​បទ​ចោទ​ប្រកាន់​ពី​តុលាការ​ ការ​អាន​សេចក្តី​ថ្លែង​ការណ៍​ការពារ​ខ្លួន​របស់​មេធាវី​ជន​ជាប់​ចោទ​និង​ការ​ពិនិត្យ​មើល​លើ​ភស្តុតាង​ជាដើម។ ​នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរ​ក្រហម។

មេ​ដឹកនាំ​ទាំង​បួន ​ដែល​បច្ចុប្បន្ន​នេះ​មាន​វ័យ​ចំណាស់​ខ្លាំង​ណាស់​ហើយ​នោះ​​ ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

លោក​ហ៊ុយ វណ្ណៈ ​មន្រ្តី​អ្នក​នាំ​ពាក្យ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ បាន​បញ្ជាក់ថា​ កម្រិត​នៃ​ការ​ចាប់​អារម្មណ៍​លើ​សំណុំ​រឿង​លេខ​០០២​មាន​ការ​កើត​ឡើង​ច្រើន​ បើ​ប្រៀប​ធៀប​នឹង​សំណុំ​រឿង​លេខ​០០១។ ​លោក​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ចុះ​ឈ្មោះ ចូល​រួម​ស្តាប់​អង្គ​សវនាការ​ជាង​១០០០​នាក់​ហើយ។

«យើង​ឃើញ​ថា​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ចំពោះ​សាធារណជន។​ ហើយ​រហូត​មកដល់​ពេលនេះ​ យើង​ទទួល​បាន​ការចុះ​ឈ្មោះ​ជា​ផ្លូវការ​គឺ​ជាង​មួយពាន់​នាក់​ហើយ​សម្រាប់​សាធារណ​ជន។​ ហើយ​ដំណើរ​ការ​នៃ​ការចុះ​ឈ្មោះ​នេះ​ យើង​មិនទាន់​បញ្ចប់​នៅ​ឡើយ​ទេ​គឺ​នឹង​បន្ត​រហូត​ទៅ​ដល់​ថ្ងៃ​ព្រហស្បតិ៍​ និង​ថ្ងៃ​សុក្រ។​ ហើយ​ជាទូទៅ​សាធារណជន​គាត់​អញ្ជើញ​មក​ដោយ​មាន​ការ​ចុះ​ឈ្មោះ ​ឬ​ក្រុម​មួយ​ចំនួន​ទៀត​ ដែល​មិន​មក​តាម​រយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឬស្ថាប័ន​ដែល​ធ្វើ​កិច្ច​ការ​ទាក់​ទង​នឹង​តុលាការ​នេះ​គឺ​លោក​អញ្ជើញ​មក​ដោយ​ខ្លួន​គាត់​ផ្ទាល់​ តាម​មធ្យោបាយ​គាត់​ផ្ទាល់»។

វិទ្យាស្ថាន​ស្រាវជ្រាវ​អនុវត្តន៍​សង្គម​នៃ​កម្ពុជា​ឱ្យ​ដឹង​ថា​ ជន​រងគ្រោះ​ពី​របបខ្មែរ​ក្រហម​ដែល​រស់​នៅ​សហ​រដ្ឋ​អាមេរិក​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សំណុំ​រឿង​លេខ​០០២។​ ពួក​គេ​បាន​ដាក់​ពាក្យ​បណ្តឹង​ចំនួន​១៧០​តាម​រយៈ​វិទ្យាស្ថាន​នេះ​ ក្នុងនោះ​មាន​អ្នក​សុំ​តាំង​ខ្លួន​ជាដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ចំនួន​៤១​នាក់។

«អ្វី​ដែល​វិទ្យាស្ថាន​យើង​សម្រេច​បាន​គឺ​ពិត​ជា​ការ​សាទរ​ចំពោះ​ស្មារតី​នៃ​មនុស្ស​ជាតិ​ ​ ជាការ​សាទរ​ចំពោះ​ការ​ក្លាហាន​មិនរាថយ​ដែល​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ត្រូវ​ពុះពារ​ដើម្បី​យុត្តិធម៌។ ​ខ្ញុំ​សូម​សរសើរ​អ្នក​នៅ​រស់​រាន​មាន​ជីវិត​របស់​យើង ​មិន​គ្រាន់​តែ​លើ​សេចក្តី​ក្លាហាន​របស់​ពួកគេ​ទេ​ ក៏​ប៉ុន្តែ​លើ​ការ​ស៊ូទ្រាំ​របស់​ពួកគេ​ក្នុង​ការ​ធ្វើ​ជា​គម្រូ​ចំពោះ​ជន​កម្ពុជា​ដទៃ​ទៀត​ កុំ​ឱ្យ​បោះបង់​ការ​តស៊ូ​ ហើយ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ពួកគេ​គួរ​តែ​មាន​មោទនភាព»។

លោក​ស្រី​ នូស្ស៊ីន ​សាការ៉ាទី ​មេធាវី​របស់​មជ្ឈមណ្ឌល​សម្រាប់​យុត្តិធម៌​និង​ការ​ទទួល​ខុសត្រូវ​​​ដែល​ជាក្រុម​មេធាវី​តំណាង​ឱ្យ​ជន​រងគ្រោះ​ជា​ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង​ ​បាន​បញ្ជាក់​ថា៖

«បញ្ហា​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​កូនក្តី​របស់​យើង​ខ្ញុំ​នៅ​សហ​រដ្ឋ​អាមេរិក​គឺ​ថា​ ទោះ​បី​ជា​ពួក​គេ​នៅ​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា ​ពួកគេ​នៅ​តែ​​មាន​រោគ​សញ្ញា​នៃ​ជម្ងឺ​បាក់​ស្បាត​ គឺ​ដូ​ច​ជា​អ្នក​ដែល​នៅ​ប្រទេស​កម្ពុជា​ដែរ។​ ការ​សិក្សា​បង្ហាញ​ថា​ ជន​ភៀសខ្លួន​កម្ពុជា​ប្រហែល​៨៦​ភាគរយ​ដែល​មក​នៅ​អាមេរិក​ ក្រោយ​ពី​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម​នៅ​តែ​រងគ្រោះ​ពី​ជំងឺ​បាក់​ស្បាត​រហូត​ដល់​សព្វថ្ងៃ​នេះ។​ ដូច្នេះ​ទាំង​នេះ​គឺ​ជាអ្វី​ដែល​យើង​ចង់​បញ្ជាក់​ប្រាប់​តុលាការ​ថា​ បើ​ទោះ​បី​ជា​ពួកគេ​មក​នៅ​ឆ្ងាយ​ដាច់​ស្រយ៉ាល​ពី​ប្រទេស​កម្ពុជា ​និង​ពី​ទី​ឧក្រិដ្ឋកម្ម​ក៏​ដោយ​ ក៏​អ្វី​ដែល​ពួកខ្មែរ​ក្រហម​ធ្វើ​ចំពោះ​ពួកគេ​គឺ​នៅ​ជាប់​អារម្មណ៍​ពួកគេ​ជានិច្ច»។

លោកស្រី​នូស្ស៊ីន​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ជាមួយ​នឹង​កូនក្តី​ទាំង​បី​នាក់​ដែរ​ហើយ​លោកស្រី​បន្ថែម​ថា​ ជាយុទ្ធសាស្រ្ត​គឺ​លោកស្រី​នឹង​ជំរុញ​យ៉ាង​ណា​ឱ្យ​តុលាការ​ទទួល​ជន​រងគ្រោះ​ពី​អាមេរិក​បាន​ចូល​រួម​ផ្តល់​សក្ខីកម្ម ​យ៉ាងហោច​ណាស់​ក៏​បាន​ម្នាក់​ដែរ។

ទូទាំង​សហរដ្ឋ​អាមេរិក​ មាន​អ្នក​ដាក់​ពាក្យ​ជាដើមបណ្តឹង​រដ្ឋ​ប្បវេណី​ចំនួន​៥០​នាក់​ ក្នុង​នោះ​មាន​ខ្មែរ​អាមេរិកាំង​ចំនួន​៤៨​នាក់​និង​ជន​ជាតិ​អាមេរិកាំង​ចំនួន​២នាក់។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​​មជ្ឈមណ្ឌល​សម្រាប់​យុត្តិធម៌​ និង​ការ​ទទួល​ខុសត្រូវ៕

This posting includes an audio/video/photo media file: Download Now

តំណាងរាស្ត្រ​លក្ខខណ្ឌ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​មិន​ត្រូវ​បាន​អនុវត្ត

Posted: 16 Nov 2011 10:20 AM PST

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ សំឡេង​ស.រ.អា. ​ លោក​គឹម សួរភីរិទ្ធ ​តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី ​ពន្យល់​ថា ​មាន​ចំណុច​ខ្វះខាត​ជាច្រើន​ដែល​​មិន​បាន​បំពេញ​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​ដូចជា​បញ្ហា​សិទ្ធិ​មនុស្ស​ សេរីភាព​បញ្ចេញ​មតិ ​លទ្ធិ​ប្រជាធិបតេយ្យ​ បញ្ហា​ព្រំដែន​ និង​ប្រព័ន្ធ​តុលាការ​ដែល​មិន​ឯករាជ្យ។

កិច្ច​សម្ភាសន៍​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៤​ ខែតុលា ​ឆ្នាំ​២០១១​ អំឡុង​ពេល​លោក​គឹម សួរភីរិទ្ធ​មក​ស.រ.អា.​ចូល​រួម​ខួប​លើក​ទី២០​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ និង​ជួប​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នេះ។

លោក​និយាយ​ថា ​«មាន​តែ​ការ​ផ្លាស់​ប្តូរ​ទេ​ ទើប​នាំ​ឲ្យ​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិតប្រាកដ​នៅ​ប្រទេស​កម្ពុជា»។

ទោះជា​យ៉ាងណាក្តី ​លោក​បន្ថែម​ថា​ ដើម្បី​សម្រេច​បាន​ជោគជ័យ​​ ការ​ផ្លាស់ប្តូរ​នេះ​ត្រូវតែ​ធ្វើ​ឡើង​ដោយ​អហិង្សា។

 

 

This posting includes an audio/video/photo media file: Download Now

សហ​ព្រះរាជ​អាជ្ញា​រក្សា​ជំហ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​០០៣​និង​០០៤

Posted: 16 Nov 2011 09:20 AM PST

សហ​ព្រះរាជ​អាជ្ញា​សាលាក្តី​ខ្មែរក្រហម​ភាគី​អង្គការ​សហប្រជាជាតិ​ ​លោក​ អាន់ឌ្រូ ខេយលី​ (Andrew Cayley) ​ការពារ​ការចោទ​ប្រកាន់​របស់​លោក​ ទោះបី​មាន​ការច្រានចោល​ពី​អតីត​កម្មាភិបាល​ខ្មែរក្រហម​ឬ​ក្រុមជនសង្ស័យ​ក្នុង​សំណុំរឿង​បន្ថែម​០០៣​និង​០០៤​ខ្លះ​ថា​ពួកគេ​ទទួលរង​ការចោទប្រកាន់​មិនត្រឹមត្រូវ​ពី​បទកាប់សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​សម័យ​ខ្មែរក្រហម​នៅ​ទសវត្សរ៍​១៩៧០​ក្តី។​ លោក​ព្រះរាជអាជ្ញា​ អាន់ឌ្រូ ខេយលី​ អះអាង​ដោយផ្ទុះ​សំណើច​តិចៗថា​ ការបដិសេធ​ដូច្នេះ​គឺជា​រឿង​ធម្មតា។

«បាទ​! សុំ​សង្កេត​មើល​ចុះ។​ ខ្ញុំ​គិត​ថា​ ជា​ការ​ធម្មតា​ទេ​ មនុស្ស​ដែល​ត្រូវ​ចោទ​ប្រកាន់​អំពី​បទ​ឧក្រិដ្ឋ​ធ្ងន់ៗ​ តែង​តែ​បដិសេធ​ពាក្យ​ចោទ​ទាំង​នោះ»។

លោក​ អាន់ឌ្រូ ខេយលី​បានថ្លែង​ដូច្នេះ​ប្រាប់វីអូអេ​សំឡេង​សរអា​ កាលពី​សប្តាហ៍​កន្លង​ទៅក្នុង​កិច្ចសម្ភាស​ជាពិសេស​មួយនៅ​ឯ​សាកលវិទ្យាល័យ​ Rutgers ​រដ្ឋNew Jersey ​សរអា​ពេល​លោក​ធ្វើបទឧទ្ទេសនាម​ អំពី​រឿង​សាលាក្តី​ខ្មែរក្រហម​ទៅកាន់​ក្រុមនិស្សិត ​និង ​សាស្ត្រាចារ្យ​អាមេរិកាំង។

សំណុំរឿង​០០៣​និង​០០៤​មានជនជាប់​ចោទ៥នាក់​ដែលជា​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់​កណ្តាល។​ ជនសង្ស័យ​ទាំងនេះ​ត្រូវគេផ្សាយ​ឈ្មោះឲ្យដឹង​ក្រោយពី​មានការ​បែកធ្លាយ​ឯកសារ​សម្ងាត់​របស់​ តុលាការ។​ ជនទាំងនោះ​មាន​ លោក ស៊ូ ម៉េត​ ជា​អតីត​មេបញ្ជាការ​កងពល​៥០២​ទទួល​បន្ទុក​ផ្នែក ​ទ័ពអាកាស​ផងដែរ​ និង​ លោក​ មាស មុត​ មេបញ្ជាការ​កងពល​១៦៤​ លោក​ យឹម ទិត​ ជាអតីត​ប្រធាន ​ស្តីទី​ភូមិភាគ​ពាយ័ព្យ​ លោក​ អោម អាន​ ឬ​ តាអាន​ អនុប្រធាន​តំបន់មជ្ឈិម​និង​អ្នកស្រី​អ៊ឹម ចែម​គណៈ ស្រុក​ព្រះនេតព្រះ។ ​ពួកគេ​ត្រូវចោទ​ប្រកាន់​ដោយ​សហ​ព្រះរាជអាជ្ញា​អ.ស.ប​ពីបទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​ប្រល័យពូជ​សាសន៍​ និង​ឧក្រិដ្ឋកម្ម ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត​ ដែលមាន​ការកាប់​សម្លាប់​ពលរដ្ឋខ្មែរ​ស្លូតត្រង់​ជាច្រើន​ពាន់នាក់ ​និង​ជាច្រើន​ម៉ឺននាក់​សម្រាប់​ជនសង្ស័យខ្លះ​​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ​និង ​១៩៧៩។ នេះជា​ការបញ្ជាក់​នៃ​ដីកា​បញ្ជូន​រឿងឲ្យ​ស៊ើបសួរ​ក្នុង​សំណុំរឿង​០០៣​និង​០០៤​ ឬ​ ជាឯកសារ​សម្ងាត់​របស់​សហ​ព្រះរាជអាជ្ញា​ផ្ញើ​ជូន​សហ​ចៅក្រម​ស៊ើបអង្កេត​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០០៨​ដែល​វីអូអេ​ទទួល​បាន។ ឯកសារ​សម្ងាត់​ដដែល​នោះ​បានរៀបរាប់​ពីតួនាទី​ ការពាក់ព័ន្ធ​យ៉ាង​លម្អិត​របស់​ជន​សង្ស័យ​នីមួយៗ។ ឯកសារ​ដដែលបាន​បញ្ជាក់​ថា​អ្នកស្រី​ អ៊ឹម ចែម​ អាយុ៦៥ឆ្នាំ​ជាអតីត​ចៅហ្វាយ​ស្រុក​ព្រះនេតព្រះ​នៅក្នុង​ខេត្តនៅ​ភាគពាយ័ព្យ​និងធ្លាប់​ជា​ប្រធាន​គុក​ភ្នំត្រយូង​ដែលមាន​មនុស្ស​យ៉ាងតិច​៤០.០០០​នាក់​ស្លាប់។ ​ដីកា​សន្និដ្ឋាន​របស់​សហ​ព្រះរាជ​អាជ្ញា​ដដែល ​ដែល​​វីអូអេ​​ផ្នែក​ខេមរ​ភាសា​ទទួលបាន​ពី​ប្រភព​ស្និទ្ធ​នឹង​តុលាការ​(ដែល​សុំ​លាក់​ឈ្មោះ​ព្រោះជារឿង​រសើប​នោះ)​ សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ចោទប្រកាន់​ជា​បឋម​ថា​ អ្នកស្រី​អ៊ឹម ចែម​មាន​ជាប់​ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម​ជាច្រើន​មានដូច​ជា​មនុស្សឃាត ​ធ្វើទារុណកម្ម​ ធ្វើទុក្ខ​បុកម្នេញ​ផ្នែក​សាសនា​ជាពិសេស​ជនជាតិចាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដូច​ជនសង្ស័យ​ផ្សេងទៀត​ក្នុង​សំណុំរឿង​០០៣​ និង​០០៤។

ក៏ប៉ុន្តែ​ថ្លែងប្រាប់​វីអូអេ​ផ្នែក​ខេមរភាសា​កាលពី​ពាក់កណ្តាល​ខែ​កក្កដា​ឆ្នាំ២០១១​ ក្នុង​កិច្ចសម្ភាស​ជាពិសេស​ដ៏កម្រ​មួយ​នៅផ្ទះ​របស់​អ្នកស្រី​នៅក្នុង​ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ​អ្នកស្រី ​អ៊ឹម ចែម ​បានថ្លែង​ថា​ការចោទ​ប្រកាន់​អ្នកស្រី​ថា​មានជាប់​ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម​នានា​សម័យ​ខ្មែរក្រហម​គឺជារឿង​ធ្ងន់ធ្ងរ​ខុសពី​ការណ៍​ពិត​ ជារឿង​ចោទ​សម្លាប់​អ្នកស្រី​ឲ្យ​អស់​ជីវិត។

«អស់ជីវិត​ដូចថា​ចោទខ្ញុំ​គ្រប់គ្រង​គុកអី​ ខ្ញុំអត់បាន​ដឹងផង។​ បើអញ្ចឹង​ព្រះរាជ​អាជ្ញា នេះថា​ខ្ញុំនេះ​ប្រព្រឹត្ត​អំពើ​អាក្រក់​ យក(ខ្ញុំ)​ទៅ​តុលាការ​ កាត់ទោស​អញ្ចឹងទៅ​ ខ្ញុំមិនត្រូវអស់​ជីវិត​ហើយ»។

អ្នកស្រី​អ៊ឹម ចែម​បានអះអាង​បន្ត​ថា​អ្នកស្រី​ជា​អ្នកចូល​ទៅ​គ្រប់គ្រង​ថ្មី​គ្មានជាប់​ទាក់ទិន​នឹង​អំពើ ឧក្រិដ្ឋកម្ម​ហើយ​ក៏​មិន​ដឹងពី​អំពើ​កាប់​សម្លាប់​នោះ​ដែរ។

«មូលហេតុ​ដែលខ្ញុំ​ថាអត់ដឹង​គឺអត់ដឹង​មែន។ តែអ្នក​ដែល​ទទួល​មុនខ្ញុំ​គេប្រព្រឹត្ត​ក៏ ​ខ្ញុំ​អត់ដឹង​ព្រោះខ្ញុំ​ទៅ​ពីឆ្ងាយ​ទៅ​ខ្ញុំ​គិតតែ​ទៅ​ដើម្បី​បំផុស​ ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​ខំ​ដាំដុះ​ ខំធ្វើ​ ខំ​ដក​ខំ​ស្ទូង​ដើម្បី​ចិញ្ចឹម​ជីវិត​កូនចៅ​តែប៉ុណ្ណឹង។​ ភារកិច្ច​ខ្ញុំ​មានតែ​ដឹកនាំ ​ប្រជាជន​ធ្វើស្រែ​ធ្វើចំការ​ដើម្បីចិញ្ចឹម​ជីវិតតែ​ប៉ុណ្ណឹង។​ ឯរឿង​អីទៀត​គេធ្វើមុន​មកខ្ញុំ ​អត់ដឹង»។

ជនសង្ស័យ​ម្នាក់ទៀត​គឺ តា អាន ឬ ​អោម អាន​អាយុ​៧៨ឆ្នាំ​ជា​អតីត​អនុប្រធាន​តំបន់​មជ្ឈិម​ ឬ​ខេត្ត​កំពង់ចាម​ដែល​មាន​មនុស្ស​ជាង​១៥០.០០០​នាក់​ស្លាប់​ក្នុង​របប​ខ្មែរក្រហម។ ជិត​ពាក់​កណ្តាល​នៃ​ចំនួន​នេះ​ជា​ជនជាតិ​ចាម។ ​បើ​យោងតាម​ដីកា​សន្និដ្នាន​ជា​សម្ងាត់​របស់​សហព្រះរាជ​អាជ្ញា​បរទេស​ដែល​វីអូអេ​ខ្មែរ​ទទួល​បាន​ពី​ប្រភព​ស្និទ្ធ​នឹង​តុលាការ​ខ្មែរក្រហម​បានភ្ជាប់​លោក​ អោម អាន​ទៅនឹង​បទឧក្រិដ្ឋកម្ម​នា​សម័យ​នោះ។

តែថ្លែង​ប្រាប់វីអូអេ​ខ្មែរកាលពី​ល្ងាចថ្ងៃ២៧​ ខែកក្កដា​ ឆ្នាំ២០១១​ ក្នុងកិច្ចសម្ភាស​ជាពិសេស​ដ៏កម្រ​មួយ នៅផ្ទះ​របស់​លោក​នៅក្នុង​ភូមិ​មួយ​ជាប់នឹង​ផ្លូវធំ​មួយ​ នៃ​ស្រុកកំរៀង​ ខេត្ត​បាត់ដំបង​ តា អាន ​បដិសេធ​ ពី​ការជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​សម័យ​ខ្មែរក្រហម​ដែល​ព្រះរាជ​អាជ្ញា​បានចោទ​ប្រកាន់នោះ។ តា អាន​បាន​ថ្លែង​ថា ​លោក​មិន​ព្រួយ​បារម្ភ​នឹង ​តុលាការ​ និង​យមបាល​ដែល​កាត់ទោស​មនុស្ស​ មាន​បាប​ និង​ប្រព្រឹត្ត​អាក្រក់​បន្ទាប់​ពី​ស្លាប់​ទៅ​នោះ​ទេ។

«បច្ចុប្បន្ន​នេះ​ក៏​ខ្ញុំ​អត់ភ័យ​នឹង​តុលាការ។ ទៅអនាគត​ទៀត​ ពេល​ខ្ញុំ​ស្លាប់ ​ក៏​ខ្ញុំ​អត់​ភ័យ​នឹង​យមបាល។​ អត់ភ័យទេ។​ បុណ្យ​ឥឡូវ​ខ្ញុំ​ធ្វើ។​ សីល​ខ្ញុំ​កាន់។​ ពី​មុន​មក ខ្ញុំ​អត់​មាន​កាប់​សម្លាប់។​ ខ្ញុំ​ខ្លាច​យមបាល?​ ខ្ញុំ​អត់​ខ្លាច​ទេ»។

តា អាន​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា លោក​បាន​ផ្លាស់​ពី​ខេត្ត​កំពត​ទៅ​កាន់​កាប់​តំបន់​មជ្ឈិម​នៅ​កំពង់ចាម​ដែល​មាន​ស្រុក​ជា​ច្រើន​ ដែល​រួម​មាន ​ស្រុកព្រៃឈរ ​ពាមជីកង ​កំពង់​សៀម ​និង​បាធាយ ​កាល​ពី​ចុង​ឆ្នាំ​១៩៧៧។ តា អាន​និយាយ​ថា ​ពេលនោះ​ គាត់​ពុំ​ដឹង​ថា​គេ​ដក​ប្រជាពលរដ្ឋ​ ទៅ​ណា​អស់​នោះ​ទេ។ តា អាន​ បញ្ជាក់​ថា​ មុន​ពេល​គាត់​ទៅ​ដល់​តំបន់​នោះ​ស្ថិត​ក្រោម​ការគ្រប់​គ្រង​របស់​កែ ពក​ដែល​ជា​ប្រធាន​ភូមិភាគ។ តា អាន ​បាន​ថ្លែង​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ខ្ញុំ ​បើ​មាន​សិទ្ធិ​តវ៉ា​ដូច​ខ្ញុំ​ថា​អញ្ចឹង​គឺ​ខ្ញុំអត់​មាន​បញ្ហា​អី​ទាក់​ទិន​នឹង​ឃាតកម្ម​អស់​ហ្នឹង​ទេ។​ អត់​មាន​ទេ​ដូច​ខ្ញុំ​ជម្រាប​ប្រសាសន៍​អញ្ចឹង​គឺ​ថា​ពេល​ដែល​ខ្ញុំ​ទៅ​គឺ​អស់​ហើយ​ពីក្រោម​រហូត​ដល់​លើ​នៅ​តែ​កែ ពក​មួយ​ទេ។​ រួច​ខ្ញុំ​ទៅ​រៀប​ចំ​ភូមិ​ ឃុំ​ថ្មី។ ខ្ញុំ​មាន​ការទាក់​ទិន​រឿង​អី?​ អត់»។

នៅ​ពេល​សួរ​បញ្ជាក់​តា អាន​ជា​ថ្មីថា​តើ​ពេល​គេ​ផ្លាស់​គាត់​ឲ្យ​ទៅ​កាន់​កាប់​តំបន់​កំពង់ចាម​នោះ​ ប្រជាពលរដ្ឋ​ត្រូវ​គេ​សម្លាប់​អស់​ក្នុង​ពេល​ច្របូក​ច្របល់​នោះ​មែន​ឬ​យ៉ាង​ណា?​ តា អាន​បាន​បញ្ជាក់​ថា៖

«បាទ!​ គេ​ដោះស្រាយ ​(សម្លាប់) ​អស់​ហើយ​ រួច​បាន​ខ្ញុំ​ទៅ​ក្រោយ។ ទៅ​អស់​ហើយ។ ខ្ញុំ​រៀប​ចំ​ក្រោយ។ នៅ​តែ​ កែ ពក​មួយ។ ភូមិ ​ឃុំ​​ ស្រុក ​តំបន់​ រួច​ខ្ញុំ​អត់​មាន​ទៅ​ប្រឡាក់​ប្រឡូស​អី​ទេ។​ អាហ្នឹង​ដែល​ខ្ញុំ​ចង់​តវ៉ា​អញ្ចឹង​ឯង​ តើ​ខ្ញុំ​មាន​បញ្ហា​អី​ទាក់​ទិន?​ ហើយ​មក​ដល់​ឆ្នាំ​១៩៧៧ ​ឆ្នាំ​១៩៧៨​ ហើយនឹង​ឆ្នាំ​១៩៧៩​អស់​ហើយ»។

ជនសង្ស័យ​ម្នាក់​ទៀត​គឺ​លោក ​មាស មុត​អាយុ​៧១​ឆ្នាំ​ជា​អតីត​មេបញ្ជាការ​កងពល​១៦៤​ទទួល​បន្ទុក​ទាហាន ​ជើងទឹក​នៅ​ខេត្ត​ព្រះសីហនុ​និង​កំពត​នៅក្នុង​ទសវត្សរ៍​១៩៧០។ បើតាម​ដីកា​សន្និដ្ឋាន​ដដែល​ សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ចោទប្រកាន់​ជាបឋម​ លើ​រូប​លោក​មាស មុត​ថា​មាន​ជាប់​ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម​ជាច្រើន​មានដូច​ជា​ការធ្វើ​មនុស្សឃាត​ កម្ចាត់​ជនសង្ស័យ​ដែលក្បត់​បក្ស​ឬ​អង្គការ​ ធ្វើទារុណកម្ម​ ធ្វើទុក្ខ​បុកម្នេញ​ផ្នែក​សាសនា​ ជាតិសាសន៍​ នយោបាយ ​បញ្ជូនឲ្យ​គុក ស​២១ សម្លាប់​ ឬ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដូច​ជនសង្ស័យ​ម្នាក់​ទៀតគឺ​លោក ស៊ូ ម៉េត​ អតីត​មេបញ្ជាការ​កងពល​៥០២​ ដែល​តុលាការ​បានចោទ​ប្រកាន់​ដូចគ្នា​ទៅនឹង ​លោក​មាស មុត​ដែរ។ ដីកា​សន្និដ្ឋាន​ដដែល​បាន​ និយាយ​ថា​មាន​មនុស្ស​ជាច្រើន​ពាន់​នាក់​ដែល​ស្លាប់​ក្រោម​ការកាន់កាប់​របស់​លោក​ មាស មុត។

ក៏​ប៉ុន្តែ​នៅក្នុង​ដីការ​បញ្ជូនរឿង​ឲ្យស៊ើបសួរ​លើកទី៣​ជា​ឯកសារ​សម្ងាត់​របស់​សហ​ព្រះរាជ​អាជ្ញា​ អន្តរជាតិ​ដែលមាន​ចំនួន​១១២​ទំព័រ​ជា​ភាសា​អង់គ្លេស​ដែល​ វីអូអេ​ខេមរភាសា​ទទួលបាន​ពី​ប្រភព​ស្និទ្ធ នឹង​តុលាការ​ សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​បានសរសេរ​ពី​ការទទួល​ខុសត្រូវ​របស់​លោក​ មាស មុត​ ថា​ជា ​ប្រធាន​គុក​ វត្តអង់តាញឹម​ ខេត្តព្រះសីហនុ​ និង​ជាប់សង្ស័យ​ពី​ការកម្ចាត់​ ក្រុមមន្ត្រី​កងទ័ព​ក្នុង​កងពល ១៦៤​ ឯកសារ​ដដែល​នោះ​បានបញ្ជាក់​ថា​លោក​ មាស មុត ​បានទាក់ទង​ជា​លិខិត​ ទូរស័ព្ទ​ជា​ប្រចាំ ​ជាមួយ​ សុន សេន​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ខ្មែរក្រហម​ដែលកាន់​កាប់​កងទ័ព​ទាំងមូល។ ហើយពេល​ខ្លះ​ទាក់ទង​ជាមួយ​ប៉ុល ពត​និង​មេដឹកនាំ​ជាន់ខ្ពស់​របស់​ខ្មែរក្រហម​ផងដែរ​ក្រៅពីបាន បញ្ជាក់​ពីការដឹងឮ​ទាំងអស់​ទាក់ទង​នឹង​ការចាប់ខ្លួន​ ការបញ្ជូន​ខ្លួន​ទៅ​កាន់​គុក ​ស២១។ ឯកសារ​ដដែល​បានបញ្ជាក់​ថា៖

«ជា​ផ្នែក​មួយ​នៃ​ការសម្លាប់​ក្នុង​កងពល​១៦៤ ​លោក​ មាស មុត ​បានចាប់​កងទ័ព​នៃ​កងពល​១៦៤ ​និង បញ្ជូន​ពួកគេ​ទៅកាន់​គុកស ២១​ ដែល​ជន​ទាំងនោះ​ត្រូវគេ​ឃុំ ​គេធ្វើ​ទារុណកម្ម​ហើយនឹង​សម្លាប់ ទៀត​ផង​នៅ​ទីបំផុត។ កងទ័ព​ជិត​៤០០នាក់​មកពី​កងពល​១៦៤​ត្រូវចាប់ខ្លួន ​ហើយ​បញ្ជូន​ទៅគុក​ស២១ ដោយ​លោក​ មាស មុត»។

ប៉ុន្តែ​នៅពេល​ថ្លែងប្រាប់​វីអូអេ​ផ្នែក​ខេមរភាសា​កាលពី​ពាក់កណ្តាល​ខែ​កក្កដា​ឆ្នាំ២០១១​ ក្នុង​កិច្ចសម្ភាស​ជាពិសេស​មួយ​នៅផ្ទះ​របស់​លោក​នៅក្នុង​ស្រុកសំឡូត​ខេត្ត​បាត់ដំបង​លោក មាស មុត​ អះអាង​ថា​លោកពុំ​ជាប់​ពាក់ព័ន្ធ​បទឧក្រិដ្ឋកម្ម​ដូច​ការចោទ​ប្រកាន់​របស់​សហ​ព្រះរាជ​អាជ្ញា​នៃ​តុលាការ​ខ្មែរក្រហម​នោះ​ទេ។​ លោក ​ថ្លែងថា​មិនបាន​ដឹងពី​ឧក្រិដ្ឋកម្ម​កើតឡើង​ទេ​ព្រោះ​នៅ​កន្លែង​លោក​គ្មាន​ប្រជា​ពលរដ្ឋ​ទេ​មានតែ​ទាហាន។​ តែលោក​ទទួលស្គាល់​ថា​អង្គភាព​របស់​លោក​ មាន​ការកើតឡើង​មួយ​ករណី​ឬ​ពីរ​ករណី​ដែរ​ ពេល​សេនាធិកា​ជា​ថ្នាក់លើ​បានចាត់​វិធានការ។

«ដែល​ខ្ញុំ​ថា​អាច​​មាន​ខ្លះ​តាមវិធី​អញ្ចេះ​ ខាង​សេនាធិការ​គេហៅឲ្យ​ទៅ​រៀនសូត្រ។​ ដល់រួចទៅ​គេប្រាប់ ​មក​អង្គភាព​វិញថា​ឈ្មោះ​នេះៗ​ ប៉ុន្មាន​នាក់​នេះ​គេមិនឲ្យ​ត្រឡប់​ទៅ​អង្គភាព​វិញ​ទេ។​ ហើយ​ខាង ​សេនាធិការ​គេបញ្ជូន​ទៅ​ស ២១​ទៅ។ ​ហើយ​ខាង​អង្គភាព​អត់ដឹងថា​រឿងហ្នុង​វា​យ៉ាងម៉េច​អីយ៉ាង ​ម៉េច​ទេ។​ នេះ​ខ្ញុំ​និយាយ​ពី​អង្គភាព​ដែល​ខ្ញុំ​ទទួល​ខុសត្រូវ​មាន​បញ្ហា​ហ្នឹង​ខ្លះ ​មួយ​ករណី ​ពីរ​ករណី»។

ទោះជា​មាន​ការបដិសេធ​ពីក្រុម​ជនសង្ស័យ​ដូច្នេះ​មែន​តែ​លោក​ ព្រះរាជអាជ្ញា ​Andrew Cayley​ ដែល ​ការិយាល័យ​របស់​លោក​ជាអ្នកចោទ​ប្រកាន់​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ទាំងនេះ​បានថ្លែង​ទៀត​ថា៖

«ខ្ញុំ​គិត​ថា​រឿង​ទាំង​នេះ​ ជា​ញឹក​ញយ​អាច​ដោះស្រាយ​បាន​នៅ​ក្នុង​តុលាការ​ ពីព្រោះ​នឹង​មាន​សវនាការ​ មួយ​ស្តីពី​ភស្តុតាង ​ បុគ្គល​ម្នាក់​នឹង​មាន​អ្នក​ការពារ។​ ដូច្នេះ​អ្នក​ជាប់​ចោទ​នឹង​មាន​មេធាវី​ការពារ​ម្នាក់​ ដែល​អាច​សួរ​ចម្លើយ​កសិណ​សាក្សី​ ដោយ​សួរ​ពួក​គេ​ថា​តើ​អ្នក​ជាប់​ចោទ​នេះ​ បាន​និយាយ​អ្វី​ខ្លះ​ជា​មួយ​អ្នក​ «នែ៎​ ខ្ញុំ​មិន​ទទួល​ខុស​ត្រូវ​ក្នុង​រៀង​នេះ​ទេ។​ ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ទេ។​ ខ្ញុំ​មិន​បាន​ដឹង​រឿង​នេះ​ទេ»។​ ក្រោយ​មក​ចៅក្រម​សម្រេច​ថា​តើ​ ជន​នោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ឬ​មិន​ទទួល​ខុស​ត្រូវ។ តែ​ខ្ញុំ​គិតថា​ នៅក្នុង​អាជីព​របស់​ខ្ញុំ​ ខ្ញុំ​មិនអាច​ចាំបាន​រឿងក្តី​ណាមួយ​ទេ​ លើកលែង​តែ​សំណុំរឿង​ ឌុច ​ចេញ​ គឺថា​គ្រប់​សំណុំរឿង​ទាំងអស់​ដែល​ខ្ញុំប្តឹងឡើង​តុលាការ​ ជនជាប់ចោទ​បានអះអាង​ដូចៗ​គ្នា ​ថា​ពួកគេ​មិនជា​អ្នក​ទទួល​ខុសត្រូវ​ទេ»។

លោក​ Cayley​ បានថ្លែង​​ដែរថា​មានភស្តុតាង​ សាក្សី​ច្រើន​ណាស់​ដែល​បន្សល់​ទុក​ពីរបប​ខ្មែរក្រហម ដែល​គាំទ្រ​ការចោទ​ប្រកាន់​របស់​លោក​ ឲ្យ​ក្លាយជា​សំណុំរឿង​ដ៏​រឹងមាំ។ នេះ​បើ​តាម​ការបញ្ជាក់​ របស់​លោក​ Cayley​ឆ្លើយតប​ទៅនឹង​សំណុំរឿង​០០២ ​ឬ​សំណុំរឿង​មេដឹកនាំ​ខ្មែរក្រហម​កំពូលៗ​៤នាក់​ដែល​ត្រៀម​ប្រឈមមុខ​នឹង​ការកាត់ទោស​នៅចុង​ខែ​នេះ។

«ខ្ញុំ​មិនអាច​និយាយ​ថា​ជា​ចន្លោះ​ដ៏​ធំ​ទេ។​ ខ្ញុំ​មាន​ន័យ​ថា​សំណុំរឿង​នេះ​មាន​ទម្ងន់​ណាស់​ដើម្បី​​តតាំង ជាមួយ​ជនជាប់ចោទ​ទាំងនេះ​ពីព្រោះតែ​ទំហំ​នៃ​បទឧក្រិដ្ឋ​ដែល​គេ​ប្រព្រឹត្ត។​ មានភស្តុតាង​ជា​ខ្សែភាព យន្ត​ដែល​ភ្ជាប់​ពួកគេ​នឹង​បទឧក្រិដ្ឋ​នៅនឹង​កន្លែង​ រួមទាំង​ការបោះពុម្ភ​ផ្សាយ​ជាច្រើន​នៃ​របប​ខ្មែរក្រហម​ផង​ ហើយរួម​ទាំង​ភស្តុតាង​ជាឯកសារ​ដែលគេ​បានឃើញ​ផង។​ លោក​ដឹងទេ​ យើង​បាន និយាយ​សំអាង​លើ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។​ ខ្ញុំ​មាន​ន័យ​ថា​មជ្ឈមណ្ឌល​ នេះមាន​ ឯកសារ​ជិត ​៥ម៉ឺន​កើត​ចេញ​ពី​អំឡុង​ពេលនោះ​ដែល​បង្កើត​ជា​ភស្តុតាង​ពាក់ព័ន្ធ​​ដែលយើង​កំពុង​និយាយ។​ ជា​អវសាន​ រឿង​នេះ​សម្រេច​លើ​ចៅក្រម​ក្នុង​ការសម្រេច​ថា​តើ​បុគ្គល​ទាំងបី​នេះ​មានជាប់​ទាក់ទង​នឹង​ បទឧក្រិដ្ឋ​ឬ​ទេ។ គេ​គ្មានទោស​រហូត​ទាល់​តែមាន​ភស្តុតាង​ដាក់ទោស។​ ក្រុមរដ្ឋអាជ្ញា​យើង​ហៅថា​ភស្តុតាង​ដាក់​បន្ទុក។ យើង​ត្រូវតែ​ផ្តល់​ភស្តុតាង​អំពី​បទឧក្រិដ្ឋ​ និង​ការជាប់​ពាក់ព័ន្ធ​របស់​ពួកគេ​ ដល់​ពួកគេ​ដោយមាន​ភស្តុតាង​ជាក់ច្បាស់។​ក៏​ប៉ុន្តែ​ ខ្ញុំ​មាន​ក្តី​សង្ឃឹម​ថា​យើង​នឹង​ផ្តល់​ភស្តុតាង​បញ្ជាក់​បាន​ពី​សំណុំ​រឿង​យើង​នៅក្នុង​ពេល​សវនាការ»។

ចំណែក​ជនសង្ស័យ​២នាក់​ផ្សេងទៀត​នៃ​សំណុំ​រឿង​បន្ថែម​គឺ​លោក​ យឹម ទិត ​និង​ លោក ស៊ូ ម៉េត​ដែល​ជា​មន្ត្រីយោធា​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​មិនបាន​ឆ្លើយតប​នឹង​ការសុំ​ធ្វើ​កិច្ចសម្ភាស​របស់​វីអូអេ​ទេ។ទោះបីជា​យ៉ាងណា​ក៏ដោយ​ជនសង្ស័យ​ទាំងនាក់​ទៀត​ក្នុងសំណុំរឿង​០០៣/០០៤​ គឺស្ថិត​ក្នុងដៃ​ សហ ​ចៅក្រម​ស៊ើបអង្កេត​ដែលត្រូវ​សម្រេច​ថា​ នឹង​ចាប់ខ្លួន​មកឃុំ​បណ្តោះ​អាសន្ន​ ស៊ើបអង្កេត​ ឬ​ក៏​មិន​ធ្វើ ​តាម​សហ​ព្រះរាជអាជ្ញា​បរទេស។ សហ​ព្រះរាជអាជ្ញា​ បរទេស​បានស្នើឲ្យ​សហចៅក្រម​ស៊ើបអង្កេត​ចាប់ឃុំខ្លួន​ជនសង្ស័យ​ក្នុង​សំណុំរឿង​បន្ថែមឬ​សំណុំរឿង​០០៣/០០៤​ តាំងពីខែ​វិច្ឆិកា​ឆ្នាំ​២០០៨​ម៉្លេះ នៅក្នុង​ដីកា​បញ្ជូនរឿង​ឲ្យស៊ើបសួរ​ចុងក្រោយ។ ក៏ប៉ុន្តែ​សហចៅក្រម​ស៊ើបអង្កេត​ពុំបាន​ធ្វើតាម​នោះទេ រហូត​ទាល់តែ​មាន​ការលាឈប់​ពី​មុខតំណែង​របស់​សហចៅក្រម​ស៊ើបអង្កេត​ Siegfried Blunk​ដោយ​ចោទ​ថាមាន​ការជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ធ្វើឱ្យ​លោក​មិនអាច​បំពេញ​កិច្ចការ​បាន។ សំណុំរឿង​០០៣​និង​០០៤​គឺជា​សំណុំរឿង ​ដ៏ចម្រូង​ចម្រាស​ពេលដែល​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ជាតិ​មានជំហរ​ដូច​រដ្ឋាភិបាល​កម្ពុជា​ដែល​មិនចង់ឃើញ​ជនសង្ស័យ​ណាផ្សេង​ទៀត​ត្រូវគេ​នាំ​យកមក​ជុំនំជម្រះ​ទោស។​ ការសម្រេច​របស់​រដ្ឋាភិបាល ​គឺ​ឈរ​លើ​សន្តិភាព​ ការបង្រួប​បង្រួម​ជាតិ​ ដែលផ្ទុយពី​ភាគី​អ.ស.ប​ដែលអះអាង​ តាមច្បាប់​ថាជន​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ត្រូវតែ​នាំយក​មកកាត់​ទោស។

ក្រៅពីបាន​ជំនុំជម្រះទោស​ប្រធានគុក​ទួលស្លែង​ខ្មែរក្រហម​ កាំង ហ្កេកអ៊ាវ ​ហៅឌុច​ឬសំណុំ​រឿង​០០១ នោះ ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែលចំណាយ​លុយអស់​ជិត២០០​លាន​ដុល្លារ​ គ្រោង​នឹង​ចាប់ផ្តើម ​កាត់ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម​៤នាក់​នៅចុង​ខែ​វិច្ឆិកា​នេះ​ពីបទជាប់​សង្ស័យ​ ថា​មានពាក់ព័ន្ធ​នឹង​ការកាប់​សម្លាប់​ពលរដ្ឋខ្មែរ​ស្លូតត្រង់​ជិត​២លាន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០។​ ជនជាប់ចោទ​ ទាំងនោះ​មាន​ នួន ជា​ បងធំទី២​ ខៀវ សំផន​ ប្រមុខរដ្ឋ ​អៀង សារី ​រដ្ឋមន្ត្រី​ការបរទេស​ និង ​អ្នកស្រី​អៀង ធីរិទ្ធ​ រដ្ឋមន្ត្រី​សង្គមកិច្ច​ការងារ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ៖ ១៦ វិច្ឆិកា

Posted: 15 Nov 2011 10:33 PM PST

ព័ត៌មានចុងក្រោយបំផុត៖

ស.រ.អា៖ ក្រុម​មេដឹកនាំ​ស.រ.អា​និង​អូស្ត្រាលី ​បាន​ប្រកាស​អំពី​កិច្ចព្រមព្រៀង​ដើម្បី​ទុក​កងទ័ព​ស.រ.អា​នៅ​លើ​ទឹកដី​អូស្រ្តាលី។

ចិន៖ ប្រទេស​ចិន​ឲ្យ​ដឹង​ថា​ សេចក្ដី​សម្រេច​របស់​ស.រ.អា​ចង់​ពង្រីក​វត្ដមាន​យោធា​របស់​ខ្លួន​នៅ​ប្រទេស​អូស្រ្តាលី​គួរ​ពិនិត្យ​មើល​ឲ្យ​បាន​ទូលំទូលាយ​ថែម​ទៀត ហើយ​អាច​មិន​ត្រឹមត្រូវ។

ស៊ិរី៖ ក្រុម​សកម្មជន​ជំទាស់​ស៊ិរី​និយាយ​ថា​ក្រុម​អ្នក​រត់​ចោល​ជួរ​កងទ័ព​បាន​វាយ​ប្រហារ​មូលដ្ឋាន​យោធា​នៅ​ជិត​រដ្ឋធានី​ Damasque ​ ដែល​ទំនង​ជា​ការ​បះបោរ​៨​ខែ​ដែល​កើន​ឡើង​ប្រឆាំង​រដ្ឋាភិបាល​អត្ដធិបតេយ្យ​របស់​លោក​ប្រធានាធិបតី​ Bashar al-Assad ​នៃ​ប្រទេស​ ស៊ិរី។

អាហ្វហ្កាននិស្ថាន៖ លោក​ប្រាធានាធិបតី​ Hamid Karzai ​នៃ​ប្រទេស​ អាហ្វហ្កាននិស្ថាន​និយាយ​ថា​ប្រទេស​របស់​លោក​ចង់​យក​អធិបតេយ្យភាព ហើយ​នឹង​ការ​បញ្ចប់​ការវាយ​ប្រហារ​នៅ​ពេល​យប់​ធ្វើ​ជា​លក្ខខណ្ឌ​សម្រាប់​ភាព​ជា​ដៃ​គូ​គ្នា​ខាង​យុទ្ធសាស្ដ្រ​ជា​មួយ​ស.រ.អា​ ។ យោង​តាម​លក្ខខណ្ឌ​នេះ​ កងទ័ព​ស.រ.អា​ខ្លះ​នឹង​ស្ថិត​នៅ​ក្នុង​ប្រទេស​ អាហ្វហ្កាននិស្ថាន។

ប៉ាគិស្ថាន៖ ក្រុម​មន្ដ្រី​ស៊ើប​ការណ៍​សម្ងាត់​និយាយ​ថា​ គេ​សង្ស័យ​ថា​ការ​ទម្លាក់​គ្រាប់​បែក​របស់​យន្ដហោះ​គ្មាន​អ្នក​បើក​របស់​ស.រ.អា​ឬ​ drone​នៅ​ក្នុង​ប្រទេស​ ប៉ាគិស្ថាន​ភាគ​ពាយ័ព្យ​បាន​សម្លាប់​ពួក​សកម្ម​ប្រយុទ្ធ​យ៉ាងតិច​១៦​នាក់។

អ៊ឺរ៉ុប៖ ក្រុម​មេដឹកនាំ​នៃ​ប្រទេស​អ៊ីតាលី​ និង​ក្រិក ដែល​ទើប​តែ​ជាប់​ឆ្នោត​ថ្មី​កំពុង​តែ​ប្រឈម​នឹង​បទ​ពិសោធន៍​សំខាន់​លើសលប់​ ខណ: ដែល​អស់​លោក​ខំ​ប្រឹងប្រែង​ជួយ​តំបន់​ប្រើ​ប្រាក់​អ៊ឺរ៉ូ​ ចេញ​ពី​មហន្ដរាយ​សេដ្ឋកិច្ច​ដែល​ហៀប​តែ​នឹង​កើត​ឡើង។

ស.រ.អា៖ ក្រុម​អ្នក​តវ៉ា​ចលនា​កាន់កាប់​ Wall street​ បាន​ទទួល​ការ​អនុញ្ញាត​ទៅ​កាន់​សួន​ឧទ្យាន​ នៅ​ទីក្រុង​ New York​ដែល​ពួក​គេ​ត្រូវ​បាន​បណ្ដេញ​ចេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ប៉ុន្ដែ​មិន​អាច​បោះ​តង់​នៅ​ថ្ងៃ​អង្គារ​ទេ។

អាស៊ាន៖ ក្រុម​រដ្ឋមន្ដ្រី​ក្រសួង​ការទេស​នៃ​សមាគម​ ASEAN​ផ្ដោត​អារម្មណ៍​លើបញ្ហា​សន្ដិសុខ​តំបន់​ នៅ​កិច្ចប្រជុំ​របស់​អស់​លោក​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ពុធ។

ហ្វីលីពីន៖ ស.រ.អា​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ថា​ គួរ​មាន​ដំណោះស្រាយ​គ្នា​អំពី​ ជម្លោះ​ដណ្ដើម​ដែន​សុទ្រ​នៅ​សមុទ្រ​ចិន​ខាង​ត្បូងយោង​តាម​ច្បាប់​អន្ដរជាតិ​នៃ​សន្ធិសញ្ញា​ដែន​សមុទ្រ​ ដែល​ជា​ឥរិយាបទ​ដែល​គាំទ្រ​ប្រទេស​ហ្វីលីពីន​ក្នុង​ជម្លោះ​ជា​មួយ​ប្រទេស​ចិន។

ហ្វីលីពីន៖ លោកស្រី​ Gloria Arroyo​ អតីត​ប្រធានាធិបតី​ហ្វីលីពីន​គ្រោង​ធ្វើ​ដំណើរ​ដើម្បី​ព្យាបាល​ខ្លួន មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋាភិបាល​មិន​ធ្វើ​តាម​បទ​បញ្ជា​របស់​តុលាការ​ ហើយ​បាន​រារាំង​ខ្ទប់​ដំណើរ​របស់​លោកស្រី។

<!--AV-->

ព័ត៌មាននៅពេលមុននេះ៖

<!--IMAGE-RIGHT-->

ភូមា ៖ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​​ភូមិភាគ​អាស៊ី​អាគ្នេយ៍​បាន​ផ្តល់​ការ​យល់​ព្រម​​ការ​ស្វះស្វែង​របស់​ភូមា​ធ្វើ​ជា​ប្រធាន​សមាគម​ប្រទេស​ជាតិ​អាស៊ី​អគ្នេយ៍​​ក្នុង​ឆ្នាំ​២០១៤។

ភូមា ៖ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​កំពុង​សម្តែង​នូវ​ការ​សង្ស័យ​លើការ​អះអាង​របស់​គណ​កម្មការ​​សិទ្ធិមនុស្ស​ថ្មី​របស់​ភូមា​ថា​អ្នកទោស​៣​រយ​នាក់​នៃ​អ្នកទោស​នយោបាយ​ទាំងអស់​ចំនួន​៣​ពាន់​នាក់​ស្ថិត​នៅ​គុក​នៅឡើយ​នោះ។

ស៊ីរី ៖ ក្រុម​អង្គការ​សិទ្ធិ​មនុស្សស៊ីរី​ប្រាប់​ឲ្យ​ដឹងថា​កងកម្លាំង​សន្តិសុខស៊ីរី​បាន​សម្លាប់​មនុស្ស​​ជាង​៨០​នាក់​​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ ដោយធ្វើ​ឲ្យ​ការ​សម្លាប់​នេះ​ក្លាយ​ជា​ការ​ស្លាប់​ដ៍​ច្រើន​បំផុត​​ក្នុង​ការ​បះបោរ​​រយៈពេល​៨​ខែ​ប្រឆាំង​​ប្រធានាធិបតី​ Bashar al – Assad។

អាហ្វហ្គានីស្ថាន ៖ ​មន្រ្តី​អាហ្គានីស្ថាន​និយាយ​ថា​អង្គការ​មូលនិធិ​រូបីប័ណ្ណ​​អន្តរជាតិ​ ( IMF) ​​បាន​ឈោង​ដល់​កិច្ច​ព្រមព្រៀង​​មួយ​ដើម្បី​ស្តារ​កម្មវិធី​ឥណទាន​សម្រាប់​ប្រទេស​អាហ្គានីស្ថាន​ ជាង​រយៈពេល​មួយ​ឆ្នាំ​បន្ទាប់ពី​ប្រទេស​នោះ​បាន​បាត់​ប្រាក់​អន្តរជាតិ​​រាប់​លាន​ដុល្លា​បណ្តាល​មកពី​រឿង​អាស្រូវ​ធនាគារ​ក្រុង​កាប៊ុល។

អ៊ីរ៉ាក់ ៖ មន្រ្តី​យោធា​កំពូល​សហរដ្ឋ​អាមេរិក​ម្នាក់​និយាយ​ថា​ លោក​មាន​ការ​ព្រួយ​កង្វល់​អំពី​អនាគត​អ៊ីរ៉ាក់​បន្ទាប់ពី​​ការដក​កងទ័ព​សហរដ្ឋ​អាមេរិក​​ចេញ​ពីប្រទេស​នោះ។

អ៊ីតាលី ៖ ​សេដ្ឋកិច្ច​តំបន់​ចាយ​ប្រាក់​ Euro ​រីក​ចម្រើន​តិចតួច​បំផុត​​ពីខែ​កក្កដា​ដល់​ខែ​កញ្ញា​​ដែល​បណ្តាល​មកពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៍ធ្ងន់​ធ្ងរ​នៃ​ប្រទេស​ក្រិក​និង​ប្រទេស​អ៊ីតាលី។

សហរដ្ឋ​អាមេរិក ៖ អភិបាល​ក្រុង​ញូយ៉ក​ Michael Bloomberg ​មាន​ប្រសាសន៍​ថា​​ពួកបាតុករ​នៃ​ចលនា​កាន់កាប់​ Wall Street ​នឹង​ត្រូវ​អនុញ្ញាតិ​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​សួន​ឧទ្យាន​នៅ​កណ្តាល​ក្រុង​វិញ ​ជាទី​កន្លែង​​ពួកគេ​បាន​បោះជំរុំ​​អស់​រយៈពេល​២​ខែ​ តែពួកគេ​នឹង​មិន​អនុញ្ញាតិ​ឲ្យ​យក​តង់​ស្នាក់នៅ​ឬ​ស្បោង​សម្រាប់​ដេក​ទៅ​ជាមួយ​ទេ។

សហរដ្ឋ​អាមេរិក ៖ ការលក់​ទំនិញ​រាយ​របស់​សហរដ្ឋ​អាមេរិក​ ​បាន​កើន​ឡើង​​យឺត​ៗ​ក្នុង​ខែ​តុលា​ ដោយ​មកពី​ការ​ចំណាយ​របស់​ពួក​អ្នក​ប្រើប្រាស់​ទំនិញបាន​ឡើង​ជាមធ្យម​ដែល​ធ្វើ​ឲ្យ​​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​មាន​សកម្មភាព​បំផុត។

សហរដ្ឋ​អាមេរិក ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ កំពុ​ងធ្វើ​តំណើរ​ទៅ​កាន់​ប្រទេស​អូស្រ្តាលី​ដែល​ជា​តំណើរ​បំពេញ​ទស្សនៈ​កិច្ច​​ដែល​បាន​ពន្យា​ពេល​ជាយូរ​យា​មក​ហើយ​ដើម្បី​ពិភាក្សា​ការ​ព្រួយ​កង្វល់​ខាង​សេដ្ឋកិច្ច​និង​សន្តិសុខ។

ឥណ្ឌា​និង​ប៉ាគីស្ថាន៖​ បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​​មាន​ភាព​ជា​ប្រ​ក្រតី​ឡើង​វិញ​ ដែល​ជាទំនាក់​ទំនង​ដ៍​សំខាន់​រវាង​គូ​ប្រកួត​ប្រជែង​បរមាណូ​ទាំង​ពីរ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!