VOA News: ព័ត៌មាន: “វិទ្យាស្ថានស្លឹករឹតនឹងរក្សាការចងចាំអំពីរបបខ្មែរក្រហមឱ្យនៅអចិន្ត្រៃយ៍” plus 6 more |
- វិទ្យាស្ថានស្លឹករឹតនឹងរក្សាការចងចាំអំពីរបបខ្មែរក្រហមឱ្យនៅអចិន្ត្រៃយ៍
- នាយករដ្ឋមន្ត្រីហ៊ុន សែនព្រមានអ្នកប្រៀបធៀបលោកទៅនឹងហ្កាដាហ្វ៊ី អតីតមេដឹកនាំលីប៊ី
- ប្រធានអង្គភាពប្រឆាំងអំពើពុករលួយចង់កំណត់តម្លៃសេវាសាធារណៈ
- មន្រ្តីនគរបាលជាប់គុកបួនឆ្នាំពីបទពុករលួយ
- មន្រ្តីនគរបាលលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្តឹងការផាកពិន័យមិនត្រឹមត្រូវ
- ដើមបណ្តឹងរដ្ឋប្បវេណីនាំមុខម្នាក់ដកពាក្យបណ្តឹងពីតុលាការខ្មែរក្រហម
- ព័ត៌មានអន្តរជាតិ៖ ១៥ វិច្ឆិកា
វិទ្យាស្ថានស្លឹករឹតនឹងរក្សាការចងចាំអំពីរបបខ្មែរក្រហមឱ្យនៅអចិន្ត្រៃយ៍ Posted: 15 Nov 2011 01:53 PM PST មជ្ឈមណ្ឌលឯកសារកម្ពុជាដែលធ្វើការងារប្រមូលឯកសារនិងស្រាវជ្រាវពីរបបខ្មែរក្រហមនឹងពង្រីកការងាររបស់ខ្លួនថែមទៀតឱ្យទៅជាកន្លែងមួយដែលបង្រៀនអំពីរបបខ្មែរក្រហមតាមរយៈការប្រែខ្លួនជាវិទ្យាស្ថានមួយមានឈ្មោះថា «ស្លឹករឹត»។ វិទ្យាស្ថាន«ស្លឹករឹត»នឹងត្រូវស្ថិតនៅក្នុងអគារអចិន្ត្រៃយ៍ថ្មីមួយដែលនឹងផ្តល់ការសិក្សាអំពីរបបខ្មែរក្រហមនិងការសិក្សាអំពីបញ្ហាជាច្រើនទៀតដែលកើតមាននៅក្នុងតំបន់។ លោកឆាង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានពន្យល់ពីការបន្តបេសកកម្មដូចមុន បើទោះបីជានឹងមានការវិវត្តថែមទៀតក៏ដោយ។ «មជ្ឈមណ្ឌលឯកសារកម្ពុជានឹងប្រែខ្លួនជាវិទ្យាស្ថានស្លឹករឹត ដែលតួនាទីក្នុងការប្រមែប្រមូលឯកសារនៅតែបន្ត។ កិច្ចការអ្វី ដែលយើងធ្វើនៅតែបន្ត។ ប៉ុន្តែយើងបានបន្ថែមនូវតួនាទីធំៗដាច់ដោយឡែកចំនួនបី»។ តួនាទីបន្ថែមទាំងនោះរួមមានការបង្រៀនអំពីរបបប្រល័យពូជសាសន៍ ជម្លោះនិងសិទ្ធិមនុស្ស ការសិក្សាស្រាវជ្រាវអំពីគោលនយោបាយអភិវឌ្ឍន៍ថ្នាក់ជាតិនិងថ្នាក់តំបន់ និងជាសារមន្ទីរចងចាំអំពីរបបខ្មែរក្រហម។ សម្រាប់លោកឆាំង យុ វិទ្យាស្ថានស្លឹករឹតមិនគ្រាន់តែតំណាងឱ្យការចងចាំពីអតីតកាលដ៏ជូរចត់ដែលប្រទេសកម្ពុជាឆ្លងកាត់ក្នុងរបបខ្មែរក្រហមទេ ប៉ុន្តែវាក៏តំណាងឱ្យភាពដ៏អស្ចារ្យនៃស្ថាបត្យកម្មរបស់ខ្មែរ។ ការគូរប្លង់នេះធ្វើឡើងក្រោមគោលគំនិតហៅថា ដំណើរវិវត្តន៍ពីសាលាឆទានទៅកាន់សាកលភាវូបនីយកម្ម។ តាមការរៀបរាប់របស់លោកអាសា សាស្រ្ត ស្ថាបត្យករដែលបានគូរប្លង់នេះពន្យល់ថា នៅផ្នែកខាងមុខមានសង់អគារទំនើបធំៗពីរសងខាងផ្លូវចូលដែលមានរចនាលម្អជាប៉ាណូ ទ្រង់ទ្រាយដូចស្លឹករឹតទម្លាក់ចុះពីដំបូលសំយ៉ាកមកក្រោម។ នៅបន្ទាប់ពីនោះ មានអគារមូលមួយដែលមានរាងជាតុមកំបោរដែលមានកម្ពស់៣០ម៉ែត្រពីផ្ទៃរាបខាងក្រោមដល់ក្បាលតុម ដោយនៅពីលើក្បាលតុមមានបន្ថែមកំពូលស្រួច មានប្រវែង១៥ម៉ែត្រទៀត។ វានឹងក្លាយជារូបតុមកំបោរដែលតំណាងវប្បធម៌ដ៏ចំណាស់របស់ខ្មែរ ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅលើពិភពលោកនេះ។ អគារភ្លោះទាំងពីរនិងអគារតុមកំបោរត្រូវសាងសង់នៅលើផ្ទៃដីទំហំ១០០ម៉ែត្រគុណនឹង១០០ម៉ែត្រលើផ្ទៃរាបមួយដែលមានរាងដូចផ្កាចន្ទន៍។ នៅផ្នែកទីពីរជាផ្នែកខាងក្រោយ មានសាងសង់ជាសាលាឆទានដែលមានកន្លែងខ្លះមានកម្ពស់រហូតដល់ទៅបីជាន់។ សម្រាប់តួវិទ្យាស្ថានទាំងមូល ចាប់ពីខាងមុខរហូតដល់ផ្នែកខាងក្រោយមានប្រវែង១៦០ម៉ែត្រ។ លោកអាសា សាស្រ្តពន្យល់ពីរបៀបដែលលោកគូរប្លង់នេះឡើងដោយមានការគិតគូរប្រើប្រាស់ធម្មជាតិដែលមានដូចជាពន្លឺព្រះអាទិត្យជាដើមដើម្បីជាប្រយោជន៍សម្រាប់ការបំភ្លឺផ្ទៃខាងក្នុងផងដែរ។ «កន្លែងបើកឆ្នុកវាមានគំនិតល្អៗណាស់។ កន្លែងហ្នឹងយើងអាច ពេលថ្ងៃ យើងមិនចាំបាច់បើកអំពូល ក៏យើងឃើញ។ ពន្លឺព្រះអាទិត្យចូលក្នុងប្រហោងទៅក្រោមគឺប្រើពន្លឺព្រះអាទិត្យតែម្តង។ យើងមិនចាំបាច់ប្រើភ្លើងទេ។ យើងអាចប្រើភ្លើងគឺយើងអាចប្រើដើម្បីយកពន្លឺព្រះអាទិត្យធម្មជាតិចាំងទៅក្រោម ហើយកម្ពស់ពីខាងហ្នឹងទៅក្រោមមាន៣០ម៉ែត្រ ហើយធ្លាក់ទៅដល់កន្លែងក្រោមបំផុតដែលមានរង្វង់មូលធំ គេហៅថា សារមន្ទីរខ្មែរក្រហម»។ សារមន្ទីរនេះនឹងស្ថិតនៅជម្រៅ៧ម៉ែត្រពីផ្ទៃខាងលើ។ លោកឆាង យុពន្យល់បន្ថែមថា៖ «យើងហៅថា សារមន្ទីរនៃការចងចាំ។ នៅក្នុងសារមន្ទីរនេះគឺយើងដាក់សារមន្ទីរខ្មែរក្រហមនៅក្រោម ទៅបាតដី នៅខាងក្រោមដី ហាក់ដូចជាកប់មិនឱ្យខ្មែរក្រហមនេះងើបឡើង។ ហើយយើងបានធ្វើសារមន្ទីរនេះគឺនៅក្រោមវប្បធម៌គឺនៅក្រោមអកកំបោរ។ អញ្ចឹងពេលដែលយើងចូលក្នុងអគារអកកំបោរហ្នឹង យើងអាចចុះទៅក្រោមគឺអាចមើលឃើញពិព័រណ៍អចិន្ត្រៃយ៍មួយដែលនិយាយអំពីការជម្លៀសប្រជាជនថ្ងៃ១៧មេសា ហើយនៅក្នុងជុំវិញ នៅក្នុងផ្ទៃខាងក្រោមបាតនៃអគារអកកំបោរហ្នឹងគឺមានតាំងពិព័រណ៍របបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាមានតាំងពិព័រណ៍ផ្សេងៗដែលមានលក្ខណៈចល័ត»។ មជ្ឈមណ្ឌលឯកសារកម្ពុជាបានសិក្សាស្រាវជ្រាវអំពីរបបខ្មែរក្រហមតាំងពីឆ្នាំ១៩៩៥ ដោយបានចងក្រងឯកសារជិតមួយលានទំព័រអំពីរបបនេះ ហើយឯកសារមួយចំនួនរបស់មជ្ឈមណ្ឌលនេះត្រូវបានប្រើប្រាស់ក្នុងតុលាការខ្មែរក្រហមដើម្បីជាទុនក្នុងការកាត់ទោសអតីតមេដឹកនាំរបបនេះ។ លោកជុំ ម៉ី អតីតអ្នកទោសម្នាក់នៃមន្ទីរឃុំឃាំងស២១ និងជាប្រធានសមាគមក្សេមក្សាន្ត ដែលជាសមាគមតំណាងជនរងគ្រោះពីរបបខ្មែរក្រហម បាននិយាយថា វិទ្យាស្ថាននេះនឹងសមតាមការទាមទាររបស់ជនរងគ្រោះដែលចង់ឱ្យមានការចងចាំអំពីរបបដ៏សាហាវឃោរឃៅនោះ ហើយប្រសិនបើអាចត្រូវបានគេស្នើដាក់ជាផ្នែកមួយនៃសំណងផ្លូវចិត្តក្រោយពីការកាត់ទោសក្រុមមេដឹកនាំខ្មែរក្រហមគឺកាន់តែជួយដល់អារម្មណ៍ផ្សះផ្សាររបស់ជនរងគ្រោះ។ «បើបានគេជួយអញ្ចឹងហើយ យើងមិនយកម៉េចនឹងកើត? បើយើងមិនយក ដូចជាយើងហ្នឹងនៅតែមានការគំនុំដដែល»។ រីឯលោកហុង គឹមសួន មេធាវីដើមបណ្តឹងរដ្ឋប្បវេណីតំណាងឱ្យជនរងគ្រោះនៅ តុលាការខ្មែរក្រហមបានបញ្ជាក់ថា៖ «វាគឺជាកិត្តិយសមួយដ៏ធំធេងណាស់ដែលគាត់អាចធ្វើជំនួសតុលាការបាន។ មានន័យថា តុលាការអត់មានលទ្ធភាព សមត្ថភាពបង្ខំជនជាប់ចោទ ឬមានសមត្ថភាពទៅស្វែងរកទ្រព្យសម្បត្តិពួកអាជនទណ្ឌិតហ្នឹងយកមកសម្រាប់ធ្វើជាសំណងនិមិត្តរូបឱ្យប្រជាពលរដ្ឋបាននោះទេ។ អញ្ចឹងខ្ញុំគាំទ្រ ប្រសិនបើលោកឆាង យុគាត់ធ្វើអញ្ចឹងបានមែន...គឺល្អណាស់»។ តាមគម្រោង វិទ្យាស្ថានស្លឹករឹតត្រូវបានរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យសាងសង់នៅក្នុងផ្នែកមួយនៃវិទ្យាល័យបឹងត្របែក។ ប៉ុន្តែបើតាមទំហំនិងបេសកម្មដ៏ធំ វិទ្យាស្ថាននេះអាចនឹងត្រូវការទីតាំងមួយធំជាងនេះ។ យ៉ាងណាក៏ដោយ ការសាងសង់វិទ្យាស្ថានថ្មីនេះនឹងមិនអាចចាប់ផ្តើមបានឆាប់ទេ យ៉ាងហោចណាស់ក៏ប្រហែលពីរឆ្នាំទៀតដែរទើបចាប់ផ្តើម។ នេះបើតាមការបញ្ជាក់របស់លោកឆាង យុ៕ This posting includes an audio/video/photo media file: Download Now |
នាយករដ្ឋមន្ត្រីហ៊ុន សែនព្រមានអ្នកប្រៀបធៀបលោកទៅនឹងហ្កាដាហ្វ៊ី អតីតមេដឹកនាំលីប៊ី Posted: 15 Nov 2011 01:06 PM PST នៅក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៣ពីទីក្រុងភ្នំពេញឆ្ពោះទៅខេត្តកំពត លោកនាយករដ្ឋមន្ត្រីបានព្រមានជាសាធរណៈថា លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីប្រឆាំងនឹងអ្នករិះគន់ដែលបានប្រដូចជោគវាសនារបស់គាត់ទៅនឹងលោកកាដាហ្វី។ «កុំលេងកាដាហ្វី ខ្ញុំនឹងធ្វើសកម្មភាព។ អត់ឱនមិនបានទេ ព្រោះនេះគឺជាការប្រមាថអាយុជីវិត។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំនឹងមិនធ្វើសកម្មភាពហិង្សាទេ ខ្ញុំនឹងធ្វើសកម្មភាពតាមផ្លូវច្បាប់។ ឲ្យតែចាប់បានការធ្វើសកម្មភាពបែបនេះទៀត ខ្ញុំនឹងធ្វើសកម្មភាព»។ លោក ម៉ូម៉ា កាដាហ្វី មេដឹកនាំផ្តាច់ការនៃប្រទេសលីប៊ី ក្រោយពីបានដឹកនាំប្រទេសអស់រយៈពេលជាង៤២ឆ្នាំ ត្រូវបានបាញ់សម្លាប់ដោយក្រុមបដិវត្តន៍លីប៊ី ហើយសាកសពរបស់លោកត្រូវបានដាក់ជាសាធារណៈមុនពេលយកទៅបញ្ចុះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចអស់រយៈពេលជាង៣០ឆ្នាំ មានប្រសាសន៍ថា នេះគឺជាការប្រមាថដល់អាយុជីវិតរបស់លោក ហើយលោកនឹងចាត់វិធានការតាមផ្លូវច្បាប់ដើម្បីប្រឆាំងនឹងអ្នកនោះ។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បើទោះបីជាលោកមិនបានបញ្ចេញឈ្មោះក៏ដោយ ក៏ត្រូវ បានគេដឹងថា កាលពីថ្ងៃទី២៣ ខែតុលា កន្លងទៅនេះ លោក គង់ គាំ ប្រធានស្តីទីគណបក្សប្រឆាំង បានមានប្រសាសន៍នៅទីស្នាក់ការគណបក្សសម រង្សី ដោយបានធ្វើការប្រដូចចំៗថា វាសនារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាពេលអនាគត នឹងអាចដូចមេដឹកនាំផ្តាច់ការកាដាហ្វី។ លោក គង់ គាំ ប្រធានស្តីទីគណបក្សប្រឆាំងនៅថ្ងៃច័ន្ទនេះ មិនអាចស្នើសុំបំភ្លឺបានទេចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ក៏ប៉ុន្តែលោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្សី បានមានប្រសាសន៍ថា វិធានការជាច្រើនដែលលោកហ៊ុន សែន ត្រូវចាត់វិធានការផ្លូវច្បាប់ដូចជា ការកាប់បំផ្លាញព្រៃឈើ ការរឹបអូសដីធ្លីប្រជាពលរដ្ឋដោយខុសច្បាប់ ការប្រព្រឹត្តិអំពើពុករលួយនឹងការជួញដូរថ្នាំញៀនជាដើម ហើយលោកហ៊ុន សែន មិនគួរចាប់ អារម្មណ៍ចំពោះអ្វីដែលមន្ត្រីគណបក្សសម រង្សី បានលើកឡើងទេ។ «យើងរិះគន់ ដើម្បីផ្តល់ន័យស្ថាបនា ដើម្បីកសាងសង្គមជាតិ។ អ្នកណាមានមតិយ៉ាងណា គឺជារឿងរបស់គេ។ ខ្ញុំមិនខ្វល់ខ្វាយ រឿងកាដាហ្វី រឿងមិនកាដាហ្វីទេ ប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍ខាងដីធ្លី ខាងអំពើពុករលួយ»។ លោក ធន់ សារ៉ាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុក បាននិយាយថា ការបញ្ចេញមតិត្រូវគោរពតាមសេរីភាពបញ្ចេញមតិ ហើយយើងមិនត្រូវធ្វើការប្រមាថអាយុជីវិតទេ ជាពិសេសលើថ្នាក់ដឹកនាំ។ លោកបានមានប្រសាសន៍ថា ការដួលរលំនៃរបបមេដឹកនាំប្រទេសមួយមិនមានជោគវាសនាដូចគ្នាទាំងអស់នោះទេ។ «ការស្លាប់នេះ មិនមែនសុទ្ធតែដួលរបបមួយទៅ អ្នកដឹកនាំមានវាសនាដូចលោកកាដាហ្វីនោះទេ។ មិនមែនទេ វាខុសៗគ្នាមិនដូចនៅអារ៉ាប់ទាំងបួន ក៏មែនដួលរលំ សុទ្ធតែត្រូវស្លាប់ដូចលោកកាដាហ្វីទាំងអស់នោះទេ»។ លោកបណ្ឌិត ឡៅ មុងហៃ អ្នកវិភាគឯករាជ្យបានមានប្រសាសន៍ថា ជាបុគ្គល លោកនាយករដ្ឋមន្ត្រីហ៊ុន សែន យ៉ាចយល់ឃើញថា ជាការប៉ះពាល់ដល់កិត្តិយសរបស់លោក វាអាស្រ័យលើបរិបទអ្នកនិយាយតែប៉ុណ្ណោះ។ «អានេះ ស៊ីសងអ្នកបញ្ចេញមតិនេះ។ បញ្ចេញមតិតិះតៀនត្រង់ៗ របៀបប្រមាថគឺអាហ្នឹង គេអាចចោទទ្រកាន់បាន។ ទៅប្រៀបធៀបបរិបទ និងការគ្រប់គ្រង់រដ្ឋផ្សេងៗ។ អាហ្នឹងគឺជាការបញ្ចេញមតិ ជាការប្រៀបធៀបត្រឹមត្រូវ»។ លោក សុខ សំអឿន នាយកក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បាននិយាយថា តាមផ្លូវច្បាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អាចប្តឹងបាន ក៏ប៉ុន្តែវាអាស្រ័យលើចៅក្រម វាអាស្រ័យលើចៅក្រម និងព្រះរាជអាជ្ញា ថាតើការបំពេញការងាររបស់ខ្លួន ឯករាជ្យ ឬមិនឯរាជ្យ។ «បើប្តឹង ប្តឹងបទបរិហាកេរ្តិ៍។ បរិហាកេរ្តិ៍ត្រឹមពិន័យហ្នឹង ហើយបើសិនគ្រាន់តែប្រៀបប្រដូចអីញ្ចឹង។ ទស្សនៈដូចជាមិនបរិហាកេរ្ត៍ទេ។ ប៉ុន្តែមិនដឹងដែរ គ្រាន់ច្បាប់វាខុសគ្នា។ គេយល់ឃើញខុសគ្នា»។ ការដួលរលំនៃរបបពិភពគ្រប់គ្រងនៃអារ៉ាប់ បានបង្កឲ្យមេដឹកនាំគណបក្សប្រឆាំង និងមន្ត្រីគណបក្សប្រឆាំងមួយចំនួនវាយប្រហារទៅលើរបបគ្រប់គ្រងកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ស្រដែងគ្នាទៅនឹងបណ្តាលប្រទេសដែលបានដួលរលំទាំងនោះ។ ក៏ប៉ុន្តែ លោកហ៊ុន សែន បាននិយាយថា កម្ពុជាផ្ទុយស្រឡះ ដោយកម្ពុជា មាននាយករដ្ឋមន្ត្រី បានជ្រើសចេញពីការបោះឆ្នោត៕ This posting includes an audio/video/photo media file: Download Now |
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយចង់កំណត់តម្លៃសេវាសាធារណៈ Posted: 15 Nov 2011 12:50 PM PST លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃអង្គារនេះ បានស្នើសុំដល់ក្រសួងស្ថាប័នរដ្ឋាភិបាលទាំងអស់ឱ្យធ្វើការកំណត់តម្លៃសេវាកម្មរដ្ឋភិបាលរបស់ខ្លួន ដើម្បីជៀសវាងការប្រព្រឹត្តអំពើពុករលួយ។ សំណើរនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងអង្គភាពប្រឆាំងអំពើពុករលួយជាមួយតំណាងជាង១០០នាក់ មកពីក្រសួងស្ថាប័នរដ្ឋាភិបាលនៅទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ។ លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងនៅក្នុងកិច្ចនេះថា ការបង្កើតតារាងកំណត់តម្លៃសេវាកម្មរដ្ឋបាល នេះសំដៅធ្វើឱ្យស្របច្បាប់នូវកម្រៃសេវាកម្មទាំងអស់ ហើយអង្គភាពប្រឆាំងអំពើពុករលួយ និងយកតារាងកំណត់តម្លៃសេវាកម្មនោះ ទៅធ្វើការពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច។ «រឿងការលុបបំបាត់រឿងយកប្រាក់ក្រៅផ្លូវការនេះ ជារឿងមួយធំ និងស្មុគស្មាញ។ ប៉ុន្តែយើងជឿជាក់ថា យើងអាចធ្វើបាន។ យើងរួមគ្នាដោះស្រាយ (អំពើពុករលួយ) ដោយបីជំហ៊ាន៖ ទី១ អង្គភាពប្រឆាំងអំពើពុករលួយ ក្រុមជនបង្គោល និងប្រធានស្ថាប័ននីមួយៗ រួមគ្នាកំណត់តម្លៃសេវា ហើយសូមប្រគល់មកឱ្យខាងយើងខ្ញុំពិនិត្យពិចារណា»។ លោក គឹម សួរភិរិទ្ធ តំណាងរាស្ត្រគណបក្សសម រង្សី បានថ្លែងថាផែនការរបស់លោកឱម យិនទៀង នេះល្អ ប៉ុន្តែការអនុវត្តផែនការនេះនឹងមិនមានប្រសិទ្ធិភាពទេ។ «ខ្ញុំគិតថាផែនការដែលលោក ឱម យិនទៀង បានប្រជុំល្អ ប៉ុន្តែសំខាន់ត្រង់ប្រសិទ្ធភាពក្នុងការអនុវត្តមានកម្រិតប៉ុន្មាន ពីព្រោះយើងឃើញថារដ្ឋាភិបាលបច្ចុប្បន្នមិនមែនអត់មានវិធានការ ផែនការនយោបាយ ឬច្បាប់ទម្លាប់ទេ មានច្រើនណាស់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ និងការជម្រិតទារប្រាក់ក្រៅផ្លូវការ។ ប៉ុន្តែប្រសិទ្ធភាពក្នុងការអនុវត្តមានទាបបំផុត។ ការឆ្លើយតបមក យើងមិនអាចទទួល យកបាន។ អញ្ចឹង ខ្ញុំគិតថា ការមានផែនការគ្រាន់តែមានទៅ ប៉ុន្តែការរំពឹងទុកថា ប្រសិទ្ធភាព ដែលត្រឡប់មកបានវិញ គឺយើងខ្ញុំអត់មានរំពឹងទុកទេ ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ។ ជាពិសេសអំពើពុករលួយ យើងឃើញថាអំពើពុករលួយខ្លះមានភស្តុតាង ប៉ុន្តែមិនទាន់បានចាត់វិធានការ»។ លោកស្រី ម៉ម ស៊ីថា ប្រធានគណៈកម្មាធិការឯករាជ្យប្រឆាំងអំពើពុករលួយនៅកម្ពុជា បានថ្លែងថាការកំណត់តម្លៃសេវាកម្មរដ្ឋបាលនេះគឺជាជំហានវិជ្ជមានឆ្ពោះទៅរកការលុបបំបាត់អំពើពុករលួយនៅតាមក្រសួងស្ថាប័នរបស់រដ្ឋាភិបាល។ «ខ្ញុំគាំទ្រការរៀបចំរបស់គាត់។ យើងនឹងតាមដានរាល់នីតិវិធីអនុវត្តន៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាស្ថាប័នដទៃទៀត ដែលជាសមត្ថកិច្ចដែរ។ ការអនុវត្តជាក់ស្តែងទៅនឹងការសន្យា និងការប្តេជ្ញាចិត្ត»។ របាយការណ៍របស់ទីភ្នាក់ងារបានរាយការណ៍ កាលពីឆ្នាំថ្មីៗនេះថា កម្ពុជាបានបាត់បង់ចំណូលរហូតដល់៥០០លានដុល្លារក្នុងមួយឆ្នាំដោយសារតែអំពើពុករលួយ។ ច្បាប់ប្រឆាំងអំពើពុករលួយរបស់កម្ពុជាបានចូលជាធរមាននៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១១៕ This posting includes an audio/video/photo media file: Download Now |
មន្រ្តីនគរបាលជាប់គុកបួនឆ្នាំពីបទពុករលួយ Posted: 15 Nov 2011 12:27 PM PST តុលាការខេត្តបន្ទាយមានជ័យនៅថ្ងៃអង្គារនេះបានសម្រេចផ្តទ្ទាទោសលោកហ៊ុន ហ៊ាន អតីតស្នងការនគរបាលខេត្តបន្ទាយមានជ័យឲ្យជាប់ពន្ឋនាគារយៈពេលចំនួន៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន២៨០.០០០ដុល្លារ និង១៦០លានរៀលតាមមាត្រាទី៣៨នៃច្បាប់ព្រហ្មទណ្ឌអន្តរកាលពីបទទទួលសំណូក។ លោក អ៊ឹម វណ្ណៈប្រធានចៅក្រមជំនុំជម្រះនៃតុលាការខេត្តបន្ទាយមានជ័យបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមទូរស័ព្ទថាតុលាការបានសម្រេចផ្តន្ទាទោសមន្រី្តនគរបាលបួនរូបផ្សេងទៀតដែលរួមមានលោក ឈៀន សុន អតីតស្នងការរងនគរបាលខេត្តឲ្យជាប់ពន្ឋនាគាររយៈពេលបួនឆ្នាំពិន័យជាប្រាក់១០.៦០០ដុល្លា លោក ហែន សុផល អតីតនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឲ្យជាប់ពន្ឋនាគារបីឆ្នាំ អនុវត្តទោសមួយឆ្នាំ ពិន័យជាប្រាក់៣.២០០ដុល្លារ លោក ខៀវ សារ៉ា អតីតនាយផ្នែកការិយាល័យប្រឆាំងគ្រឿងញៀន ឲ្យជាប់ពន្ឋនាគារបីឆ្នាំ អនុវត្តទោស៦ខែ ពិន័យជាប្រាក់៤០០ដុល្លារ និងលោកម៉ម ឌឿន អតីតមន្ត្រីនគរបាលក្រសួងមហាផ្ទៃបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ឋនាគារ៣ឆ្នាំពិន័យជាប្រាក់៦៤.០០០ដុល្លារ។ «ការសម្រេចនេះដោយក្រុមប្រឹក្សាបានសម្រេចដោយឆ្លងតាមសវនាការជាសាធារណៈហ្នឹងហើយគាត់បានឆ្លើយសារភាពហើយពាក់ព័ន្ឋនិងសំអាងហេតុយើងមាននៅក្នុងសេចក្តីសម្រេចដែលខ្ញុំបានប្រកាសរួចហើយ។ ខ្ញុំគិតថា វាសមល្មមពាក់ព័ន្ឋ និងអំពើទាំងអស់ហ្នឹង»។ កាលពីថ្ងៃច័ន្ទសប្តាហ៍មុននេះ តុលាការខេត្តបន្ទាយមានជ័យបានប្រើពេលវេលាចំនួនពីរថ្ងៃបើកសវនាការជំនុំជម្រះជនជាប់ចោទដែលជាមន្ត្រីនគរបាលចំនួនប្រាំរូបពីបទពុករលួយទាក់ព័ន្ឋនឹងការទទួលសំណូកជួញដូរគ្រឿងញៀនជាប្រព័ន្ឋ។ មន្ត្រីនគរបាលទាំងប្រាំរូបត្រូវបានចាប់ខ្លួនដាច់ដោយឡែកៗពីគ្នាកាលពីដើមឆ្នាំ២០១១រហូតឈានទៅរកការចាប់ខ្លួនលោកមឹកតារាអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀនតាមបណ្តឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ លោក វ៉ាន់ បូរ៉ាត មេធាវីការពារក្តីលោក ហ៊ុន ហ៊ានមិនអាចទាក់ទងដើម្បីបំភ្លឺបានទេនៅថ្ងៃអង្គារនេះ។ លោក ស៊ុំ ចាន់គា មន្ត្រីសម្របសម្រួលរបស់អង្កការសិទ្ឋិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យបានមានប្រសាន៍ថា ការកាត់សេចក្តីនេះស្រដៀងគ្នាទៅនឹងសាលាក្តីខ្មែរក្រហមពីព្រោះយុត្តិធម៌នៅតុលាការមានកម្រិត។ «ពីព្រោះថាអ្នកដែលរកលុយ អ្នកដែលប្រព្រិត្តបទល្មើស និងអ្នកដែលរកឲ្យលោកហ៊ុន ហ៊ានក្នុងមួយខែឡើងរហូតដល់៥.០០០ ទៅ៦.០០០ដុល្លារ។ លោកហ៊ុន ហ៊ានចាំតែយក។ មានន័យថាអ្នករក និងអ្នកទទួលសំណូកត្រូវមានទោសដូចគ្នា»។ តុលាការខេត្តបន្ទាយមានជ័យនៅថ្ងៃព្រហស្បតិ្តខាងមុខនេះគ្រោងនឹងបើកសវនាការជំនុំជម្រះករណីលោក មឹក តារាពាក់ព័ន្ឋនឹងអំពើពុករលួយ។ លោក អ៊ឹម វណ្ណៈ ចៅក្រមតុលាការខេត្តបន្ទាយមានជ័យបាននិយាយថា តុលាការអាចប្រើពេលវេលាយូរថ្ងៃក្នុងការការត់ទោសលោកមឹក តារាពីព្រោះមានសាក្សីរហូត១០០នាក់ហើយសំណុំរឿងនេះមានរហូតដល់៨៦អង្គហេតុ។ លោក ឧិម យិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយមានប្រសាន៍ក្នុងពិធីជួបជាមួយមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័នទាំងអស់ ថាលោកមឹក តារា គ្រាន់តែពីរសំណុំរឿងប៉ុណ្ណោះអាចជាប់ពន្ឋនាគារអស់មួយជីវិតពីព្រោះលោកមានយកមន្ទីរប្រឆាំងគ្រឿងញៀនធ្វើជារចនាសម្ព័ន្ឋនៃការរកស៊ីជួញដូរថ្នាំញៀន៕ This posting includes an audio/video/photo media file: Download Now |
មន្រ្តីនគរបាលលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្តឹងការផាកពិន័យមិនត្រឹមត្រូវ Posted: 15 Nov 2011 01:57 PM PST លោកឧត្តមសេនីយឯក គៀត ច័ន្ទថារិទ្ធិ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យមន្ត្រីប៉ូលីសចរាចរណ៍ ផាកពិន័យបទល្មើសចរាចរណ៍នៅហ្នឹងកន្លែង ហើយមិនអនុញ្ញាតឲ្យដឹកនាំយកមធ្យោបាយទៅផាកពិន័យ នៅការិយាល័យរបស់ខ្លួននោះទេ។ នេះចំពោះបទល្មើសតិចតួច។ បទល្មើសចរាចរណ៍តិចតួច ដែលលោកគៀត ចាន់ថារិទ្ធិយកមកនិយាយនេះ រួមមាន អ្នកបើកបរទោចក្រយានយន្តគ្មានពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់។ ចំណែកឯគ្មានស្លាកលេខម៉ូតូ ប៉ូលីសអាចយកទៅរក្សាទុកនៅឯការិយាល័យរបស់ខ្លួនបាន។ លោក គៀត ច័ន្ទថារិទ្ធិ បានមានប្រសាសន៍ថា ប្រសិនបើមន្ត្រីប៉ូលីសចរាចរណ៍ណាមួយ ផាកពិន័យលើសច្បាប់កំណត់ ប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹង ដើម្បីប្រឆាំនឹងមន្ត្រីប៉ូលីសទាំងនោះ។ «បងប្អូនមានអត្តលេខ មានឈ្មោះ។ ប្រសិនបើមានសកម្មភាពបែបហ្នឹង។ សំណូមពរប្រជាពលរដ្ឋ កត់ឈ្មោះធ្វើពាក្យប្តឹង យើងមានក្រុមប្រឹក្សាតាមលំដាប់ថ្នាក់តាមអង្គភាព ហើយយើងនឹងចាត់ការតាមហ្នឹង»។ ការលើកឡើងរបស់លោក គៀត ច័ន្ទថារិទ្ធិ បានធ្វើឡើងក្រោយពីប៉ូលីសនៅក្រុងភ្នំពេញ ត្រូវបានកាសែតនៅក្នុងស្រុកមួយ ចុះផ្សាយថា ការផាកពិន័យបទល្មើសចរាចរណ៍ធ្វើខុសទៅនឹងច្បាប់កំណត់ និងបានចាប់ម៉ូតូរបស់ប្រជាពលរដ្ឋដាក់លើរថយន្ត ទៅរក្សាទុកនៅការិយាល័យរបស់ខ្លួន។ យោងតាមលិខិតមួយច្បាប់របស់ក្រសួងមហាផ្ទៃ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានស្នើដល់រាជធានីភ្នំពេញចាត់វិធានការ ផ្អាក់ការអនុវត្តចាប់តូចចក្រយានយន្ត នៅពេលដែលអ្នកបើកបរមិនពាក់មួកសុវត្ថិភាព ហើយយកទោចក្រយានយន្ត ទៅរក្សាទុកបណ្តោះអាសន្ននៅអង្គភាពរដ្ឋបាល និងផាកពិន័យអ្នកបើបរចំនួនពីរម៉ឺនរៀលនៅក្នុងមួយថ្ងៃ។ លោក ចេវ ហាក់ អនុប្រធានការិយាល័យប៉ូលីសចរាចរណ៍ជើងគោកក្រុងភ្នំពេញ មិនបានធ្វើអត្ថាធិប្បាយទេ ហើយលោកបានបង្វែរសំណួរនេះឲ្យទៅសួរលោក ហេង ចាន់ធារី។ លោក ហេង ចាន់ធារី ប្រធានការិយាល័យប៉ូលីសចរាចរណ៍ជើងគោក មិនទាក់ទងដើម្បីបំភ្លឺបានទេនៅថ្ងៃសៅរ៍នេះ។ ក៏ប៉ុន្តែលោក ទិន ក្រសា អនុប្រធានសណ្តាប់ធ្នាក់របស់ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការផាកពិន័យកន្លងមកជាគោលការណ៍របស់អភិបាលក្រុងភ្នំពេញ ដើម្បីព្រមានដល់អ្នកបើកបរឲ្យចេះគោរពច្បាប់។ លោកបានបេដិសេធទៅនឹងការចោទប្រកាន់ថា ប៉ូលីសធ្វើការផាកពិន័យខុសទៅនឹងផ្លូវច្បាប់។ «អាហ្នឹងជាការត្រឹមត្រូវហើយ ព្រោះគោលការណ៍គេមិនឲ្យផាកពិន័យលើសពីកំរិតលហុទេ។ ឥតពាក់មួកសុវត្ថិភាព គេពិន័យតែប្រាំពាន់ទេ។ អត់ស្លាកលេខឃាត់ទុក»។ ពលរដ្ឋមួយរូបរស់នៅសង្កាត់ទឹកថ្លា បានស្នើសុំមិនបញ្ចេញឈ្មោះថា ការផាកពិន័យរបស់ប៉ូលីសចរាចរណ៍កន្លងមក មិនអនុវត្តត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់ទេ។ លោកបានបញ្ជាក់ថា មិត្តិភក្តិរបស់លោកម្នាក់មកពីខេត្តកំពត ត្រូវបានបង់ពិន័យរបស់ប៉ូលីសចរាចរណ៍ចំនួន១០ដុល្លារសហរដ្ឋអាមេរិច នៅពេលដែលម៉ូតូមិនបានដាក់កញ្ចក់។ «គាត់មកពីស្រែអញ្ចឹងគាត់មិនដឹងតវ៉ាយ៉ាងម៉េច។ គាត់ខ្លាចគេយកម៉ូតូ គាត់ក៏បង់១០ដុល្លារទៅ។ ដោយតាមពិតទៅតម្លៃគឺពី៣.០០០ ឬ៦.០០០ ឬក៏ទៅ១០.០០០។ ក៏ប៉ុន្តែគាត់អត់ដែរ គាត់ខ្លាចគេ»។ លោក សែម បញ្ញាវុទ្ធ ប្រធានគំរោងប្រព័ន្ធទិន្ន័យគ្រោះថ្នាក់ចរាចណ៍ផ្លូវគោក នៃអង្គការជនពិភពលោកបែលសិច បានគាំទ្រចំពោះវិធានការ ដែលជំរុញឲ្យប្រជាពលរដ្ឋ និងមន្រ្តីរាជការដែលអនុវត្តផ្ទុយខុសពីច្បាប់។ «ដើម្បីឲ្យនគរបាលចរាចរណ៍មួយចំនួនតូចដែលគាត់អនុវត្តន៍មិនត្រឹមត្រូវហ្នឹង គាត់មានធ្វើការកែតម្រូវខ្លូនគាត់ ដើម្បីធ្វើយ៉ាងណាឲ្យកំហុសឆ្គងរបស់គាត់ហ្នឹងមានម៉ត់ចត់ត្រឹម និងការអនុវត្តរបស់គាត់ហ្នឹងត្រឹមត្រូវ»។ យោងតាមច្បាប់ចរាចរណ៍ផ្លូវគោកបានឲ្យចែងថា អ្នកបើកបរមិនពាក់មួកសុវត្ថិភាព គឺផាកពិន័យចំនួន៣.០០០រៀលតែប៉ុណ្ណោះ។ លោក សែម បញ្ញាវុទ្ធ បានបញ្ជាក់ថានៅក្នុងទីក្រុងភ្នំពេញមានប្រមាណ៨៥ភាគរយ បានពាក់មួកសុវត្ថិភាព សម្រាប់អ្នកបើកបរនៅពេលថ្ងៃ និង៦០ភាពរយទៀតសម្រាប់អ្នកបើកបរ និងសម្រាប់អ្នករួមដំណើរ៕ This posting includes an audio/video/photo media file: Download Now |
ដើមបណ្តឹងរដ្ឋប្បវេណីនាំមុខម្នាក់ដកពាក្យបណ្តឹងពីតុលាការខ្មែរក្រហម Posted: 15 Nov 2011 09:22 AM PST «អស់ចិត្តហើយ!» ឬ "Enough!" ជាភាសាអង់គ្លេសគឺជាពាក្យតែពីរបីម៉ាត់គត់ ដែលត្រូវបានសរសេរជាអក្សរធំៗពណ៌ខ្មៅ ដែលកញ្ញាសេង ធារី អ្នកច្បាប់ខ្មែរសញ្ជាតិអាមេរិកាំង បានដាក់ជូនសាលាក្ដីខ្មែរក្រហមជាផ្លូវការកាលពីព្រឹកថ្ងៃអង្គារនេះ ដើម្បីបញ្ជាក់ពីការដកខ្លួន ពីដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០២ និងដកពាក្យបណ្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការច្រានចោលរូបនាងជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៣ និង០០៤។ នាយិកានៃសមាគមជនរងគ្រោះក្នុងរបបខ្មែរក្រហមនៅកម្ពុជា និងជាអតីតអ្នកទោសកុមារនៅក្នុងរបបនោះដែរ កញ្ញាសេង ធារី បានបញ្ជាក់នៅក្នុងលិខិតដែលនាងសរសេរលើក្រដាសតែមួយសន្លឹកគត់យ៉ាងដូច្នេះថា "ខ្ញុំជូនដំណឹងថា ខ្ញុំដកខ្លួនចេញពីអ.វ.ត.ក. ទាំងស្រុង។ កញ្ញា សេង ធារី គឺជាដើមបណ្ដឹងរដ្ឋប្បវេណីទី១ ក្នុងចំណោមជនរងគ្រោះកម្ពុជាចំនួនជាង ៣.៨៦០ នាក់ជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ០០២។ ការដកខ្លួននេះធ្វើឡើងតែប្រាំមួយថ្ងៃប៉ុណ្ណោះ មុននឹងអង្គជំនុំជម្រះសាលាដំបូងចាប់ផ្ដើមបើកសវនាការពេញអង្គសេចក្ដីលើសំណុំ រឿងនេះ។ កញ្ញា សេង ធារី បានថ្លែងក្នុងសន្និសីទព័ត៌មានក្នុងទីក្រុងភ្នំពេញក្រោយពីជូនដំណឹងដល់សាលាក្ដីខ្មែរក្រហមថា សាលាក្ដីខ្មែរក្រហមមិនអាចផ្ដល់យុត្តិធម៌ដល់រូបនាង និងជាតុលាការឆាកល្ខោនដោយនាងចោទប្រកាន់ពីជំហរទន់ជ្រាយរបស់អង្គការសហប្រជាជាតិ។ «តុលាការនេះមិនអាចផ្ដល់យុត្តិធម៌ជូនដល់ជនរងគ្រោះទេ។ ខ្ញុំចង់ថ្កោលទោសលើអង្គការសហប្រជាជាតិមកពីពួកគាត់បានបិទភ្នែកចំពោះភាពមិនប្រក្រតី ភាពជាល្ខោន ដែលគេកំពុងលេងសើចជាមួយអារម្មណ៍របស់យើង។ នេះហើយជាការបដិសេធរបស់ខ្ញុំនៅក្នុងថ្ងៃនេះ»។ សំណុំរឿង០០២ មានអតីតមេដឹកនាំកំពូលខ្មែរក្រហមបួននាក់គឺនួន ជា អតីតប្រធានសភាខ្មែរក្រហម ខៀវ សំផង អតីត ប្រមុខរដ្ឋ អៀង សារី អតីតឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេស និងប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច។ ពួកគេត្រូវចោទប្រកាន់ពីបទដែលពាក់ព័ន្ធនឹងការបណ្ដាលឲ្យប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧ លាននាក់ស្លាប់បាត់បង់ជីវិតចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ កញ្ញាសេង ធារី បានប្ដឹងសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីប្រឆាំងនឹងអតីតមេដឹកនាំកំពូលខ្មែរក្រហមទាំងបួននាក់ខាងលើនេះសម្រាប់ការស្លាប់បាត់បង់ជីវិតនៃឱពុកម្ដាយរបស់នាង និងរូបនាងផ្ទាល់ត្រូវពួកខ្មែរក្រហមចាប់ដាក់គុករយៈពេលប្រាំខែក្នុងខេត្តស្វាយរៀង។ អតីតនាយិការមជ្ឈមណ្ឌលអភិវឌ្ឈន៍សង្គម បានស្នើឲ្យអង្គការសហប្រជាជាតិដាក់លក្ខខណ្ឌឲ្យរដ្ឋាភិបាលខ្មែរឈប់ជ្រៀតជ្រែកលើសាលាក្ដីខ្មែរក្រហម និងទុកឱកាសឲ្យតុលាការនេះចាត់ការលើសំណុំរឿងបន្ថែម ០០៣ និង០០៤ បន្ដទៀត។ ប៉ុនែ្តអង្គការសហប្រជាជាតិ បានព្រមានរួចទៅហើយការពីខែតុលា ឲ្យរដ្ឋាភិបាលខ្មែរបញ្ឈប់ធ្វើសេចក្ដីថ្លែងការណ៍នានា ដែលនាំឲ្យរំខានដល់ដំណើរការក្ដីក្នុងសំណុំរឿង ០០៣ និង០០៤នេះ។ លោក ហ៊ុយ វណ្ណៈ មន្រ្ដីផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា អង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា បានប្ដេជា្ញរួមគ្នារួចហើយថា ទុកឲ្យសាលាក្ដីពិសេសនេះ ដំណើរការដោយឯករាជ្យ។ លោក ឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហម បានបញ្ជាក់ថា សាលាក្ដីខ្មែរក្រហមបានទទួលពាក្យសុំដកខ្លួនពីដំណើរការក្ដីរបស់កញ្ញាសេង ធារី រួចហើយ។ លោក ឡុង បញ្ញាវុធ មន្ដ្រីគម្រោង នៃអង្គការគម្រោងយុត្តិធម៌សង្គមសេរី ដែលជាផ្នែកមួយរបស់ អង្គការ OSJI យល់ថា ការដកខ្លួនរបស់កញ្ញា សេង ធារី គឺជាការដាស់តឿនមួយដល់សាលាក្ដីខ្មែរក្រហមឲ្យពិចារណាឡើងវិញដល់ការយកចិត្តទុកដាក់ និងការគិតគូសម្រាប់ជនរងគ្រោះ ដែលជាដើមបណ្ដឹងរដ្ឋប្បវេណី។ លោក ឡុង បញ្ញវុធ គិតថា អាចនឹងមានការដកខ្លួនរបស់ដើមបណ្ដឹងរដ្ឋប្បវេណីបន្ថែមទៀត ប្រសិនបើពុំមានការពិចារណាលើបញ្ហានេះ៕
This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិ៖ ១៥ វិច្ឆិកា Posted: 14 Nov 2011 11:02 PM PST ព័ត៌មានចុងក្រោយបំផុត៖ អាហ្វហ្កានិស្ថាន៖ ក្រសួងការបរទេសស.រ.អ. និយាយថាខ្លួនមានការទុកចិត្តថាការប្រជុំតាមបែបប្រពៃណីនៃពួកមេដឹកនាំ អាហ្វហ្កានិស្ថានក្នុងសប្តាហ៍នេះនឹងបញ្ជាក់ជាថ្មីអំពីចំណងទាក់ទងជិតស្និទ្ធរវាងស.រ.អ.និងប្រទេសអាហ្វហ្កានិស្ថាន។ អ៊ឺរ៉ុប៖ លោកស្រី Angela Merkel អធិការបតីនៃប្រទេសអាល្លឺម៉ង់បានមានប្រសាន៍ថាបញ្ហាហិរញ្ញវត្ថុនៃតំបន់ប្រើប្រាក់អ៊ឺរ៉ូប្រហែលជាវិបត្តិធំបំផុតក្នុងទ្វីបអ៊ឺរ៉ុបចាប់ទាំងពីសង្គ្រាមលោកលើកទីពីរមក។ លោកស្រី Merkel បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា ទ្វីបអឺរ៉ុបបង្រួបបង្រួមអាចគ្មានជោគជ័យទេប្រសិនបើតំបន់ប្រើប្រាក់អឺរ៉ូដែលមានប្រទេស១៧ជាសមាជិកបែកបាក់ ដោយសារបញ្ហាជំពាក់បំណុលក្នុងប្រទេសក្រិក ប្រទេសអ៊ិតាលីនិងកន្លែងឯទៀតៗ។ ស៊ិរី៖ពួកអ្នកការពារសិទ្ធិមនុស្សស៊ិរីមួយក្រុមនិយាយថា អំពើឃោរឃៅមួយចំនួនបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៦៩នាក់ស្លាប់ក្នុងផ្នែកខាងត្បូងនៃប្រទេសស៊ិរីកាលពីថ្ងៃច័ន្ទ ដែលបានធ្វើឱ្យថ្ងៃនោះជាថ្ងៃមួយមានមនុស្សស្លាប់ច្រើនបំផុតក្នុងបណ្តាថ្ងៃមានមនុស្សបាត់បង់ជីវិតច្រើនក្នុងការបះបោរ៨ខែមកហើយប្រឆាំងនឹងប្រធានាធិបតីស៊ិរី Bashar al-Assad។ អ៊ីរ៉ង់៖ កាលពីថ្ងៃច័ន្ទ ពួករដ្ឋមន្ត្រីការបរទេសនៃសហភាពអឺរ៉ុបបានគំរាមថា នឹងបន្តឹងការដាក់ទ័ណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់អំពីកម្មវិធីបរមាណូចម្រូងចម្រាសរបស់ខ្លួន ក៏ប៉ុន្តែបាននិយាយថា ពួកគេចង់រង់ចាំរហូតដល់ការប្រជុំលើកក្រោយរបស់ពួកគេក្នុងខែធ្នូនៅមុនពេលចាត់វិធានការថែមទៀត។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> សហរដ្ឋអាមេរិក ៖ ចំនួននិស្សិតអន្តរជាតិ ដែលចូលសិក្សានៅមហាវិទ្យាល័យនិងសកលវិទ្យាល័យសហរដ្ឋអាមេរិក កំពុងបន្តកើនឡើង ដោយមានចំនួនសរុបទាំងអស់៧សែន២ម៉ឺននាក់នៅក្នុងឆ្នាំសិក្សាកាលពីឆ្នាំទៅ។ ភូមា ៖ មនុស្ស១០នាក់ខ្លះជាកូនក្មេងបានស្លាប់នៅក្នុងការផ្ទុះគ្រាប់បែកនៅក្នុងរដ្ឋធានីរបស់រដ្ឋ Kachin ភាគខាងជើង។ ស៊ីរី ៖ ស៊ីរីបានចោទប្រកាន់សម្ព័ន្ធភាពអារ៉ាប់ពីការចាត់វិធានការណ៍ប្រកបដោយគ្រោះថ្នាក់ដោយការបោះឆ្នោតព្យួរសមាជិកភាពរបស់ស៊ីរីនៅក្នុងប្លុកនោះ ព្រោះតែការបង្ក្រាបដ៍ប្រល័យរបស់រដ្ឋាភិបាលលើការបះបោររបស់ពួកប្រឆាំង។ អាហ្វហ្គានីស្ថាន ៖ កងកម្លាំងសន្តិសុខអាហ្គានីស្ថានបានសម្លាប់អ្នកប៉ុនប៉ងដាក់គ្រាប់បែកអត្តឃាតុម្នាក់នៅក្នុងទីក្រុងកាប៊ុលនៅជិតទីកន្លែងដែលមេដឹកនាំកុលសម្ព័ន្ធជួបជុំគ្នានៅសប្តាហ៍នេះ។ អឺរ៉ុប ៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហភាពអឺរ៉ុបកំពុងគំរាមកំហែងបង្កើនការដាក់សម្ពាធលើអ៊ីរ៉ង់ឲ្យបញ្ឈប់កម្មវិធីនុយក្លេអ៊ែរដ៍ចម្រូងចម្រាស់របស់ប្រទេសនោះ តែ មិនទាន់មានការមិនចុះសម្រុងគ្នាលើសកម្មភាពខាងយោធា។ អង់គ្លេស ៖ សហរដ្ឋអាមេរិកកំពុងប្រុងប្រៀបបញ្ជូនភ្នាក់ងារសន្តិសុខរហូតដល់១ពាន់នាក់ទៅកាន់ពហុកីឡាដ្ឋានអូឡាំពិកក្នុងទីក្រុងឡុងដ៍ ឆ្នាំ២០១២៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |