VOA News: ព័ត៌មាន: “អៀង ធីរិទ្ធ មិនអាចចូលរួមសវនាការបាន” plus 2 more |
- អៀង ធីរិទ្ធ មិនអាចចូលរួមសវនាការបាន
- តុលាការកាត់ទោសមេនគរបាលប្រឆាំងគ្រឿងញៀនពីបទជួញគ្រឿងញៀន
- ព័ត៌មានអន្តរជាតិ៖ ១៧ វិច្ឆិកា
អៀង ធីរិទ្ធ មិនអាចចូលរួមសវនាការបាន Posted: 17 Nov 2011 10:36 AM PST អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមបានប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះថា អៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច នៅក្នុងរបបខ្មែរក្រហម មិនមានសម្បទាគ្រប់គ្រាន់សម្រាប់ចូលរួមការកាត់ទោសទៅលើរូបគាត់នោះទេ ហើយបានបង្គាប់បញ្ជាឲ្យដោះលែង អៀង ធីរិទ្ធ ចេញពីមន្ទីរឃុំឃាំងពីសាលាក្តីខ្មែរក្រហម។ ការសម្រេចនេះធ្វើឡើងតែបួនថ្ងៃប៉ុណ្ណោះ មុននឹងសាលាដំបូងចាប់ផ្តើមដំណើរការពេញអង្គសេចក្តីទៅលើសំណុំរឿង០០២ ដែលមានអៀង ធីរិទ្ធ នៅក្នុងនោះដែរ។ នៅក្នុងសេចក្តីសម្រេចកម្រាស់៣០ ទំព័រ នៅល្ងាចនេះ លោកចៅក្រម ណិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូង បានបញ្ជាឲ្យបំបែបសុំណុំរឿងអៀង ធីរិទ្ធិ ចេញពីជនជាប់ចោទបីនាក់ផ្សេងទៀត នៅក្នុងសំណុំរឿង០០២ គឺអៀង សារី ដែលជាប្តីរបស់គាត់ និងខៀវ សំផន។ ក៏ប៉ុន្តែលោកចៅក្រម ណិល ណុន បញ្ជាប់ថានីតិវិធីប្រឆាំងទៅនឹងជនជាប់ចោទអៀង ធីរិទ្ធនៅតែបន្តដដែល។ យ៉ាងណាក៏ដោយក្រុមចៅក្រម មិនបានរកឃើញកិច្ចព្រមព្រៀងគ្នាថាតើត្រូវដាក់អៀង ធីរិទ្ធនៅមន្ទីរពេទ្យ ឬដោះលែងដោយគ្មានលក្ខខណ្ឌនោះ។ លោក ផាត់ ពៅស៊ាង សហមេធាវីកម្ពុជារបស់អៀង ធីរិទ្ធ បានអបអរសាទរការសម្រេចនេះ។ យ៉ាងណាក៏ដោយសហព្រះរាជអាជ្ញាមានលទ្ធភាពប្តឹងឧទ្ធរណ៍ជំទាស់នឹងការសម្រេចនេះ។ «បញ្ហានេះ គឺជាគោលដៅរបស់មេធាវីហើយ»។ លោកស្រី ជា លាង សហព្រះរាជអាជ្ញាកម្ពុជា មានប្រសាសន៍ថាសហព្រះរាជអាជ្ញា នឹងត្រូវពិនិត្យសើររើទៅនឹងសេចក្តីសម្រេចរបស់សាលាដំបូងនេះជាមុនសិន។ «ខ្ញុំពិនិត្យទៅលើការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងសិន ហើយបើមានហេតុផលគ្រប់គ្រាន់ក៏យើងមិនមានបំណងប្តឹង ក៏ប៉ុន្តែបើមិនមានហេតុផលគ្រប់គ្រាន់ ក៏យើងសម្រេចប្តឹងដែរ។ ដូច្នេះ ខ្ញុំឥតទាន់ហ៊ាននិយាយថាប្តឹង ឬក៏មិនប្តឹងនោះទេ»។ លោក នេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមពន្យល់ថា វាត្រូវការយៈពេល១៦ថ្ងៃទៀតមុននឹងដឹងថាអៀង ធីរិទ្ធិ ត្រូវដោះលែងពីមន្ទីឃុំឃាំងរបស់សាលាក្តីខ្មែរក្រហម។ «សហព្រះរាជអាជ្ញានឹងធ្វើការប្តឹងឧទ្ធរណ៍ជំទាស់ទៅនឹងការសម្រេចរបស់អង្គជំណុំជំរះសាលាដំបូងនេះ គឺគាត់មានរយៈពេល២៤ម៉ោង ហើយបន្ទាប់មកគឺអង្គជំណុំជំរះតុលាការកំពូល មានរយៈពេល២៤ ម៉ោង នៅក្នុងការសម្រេច ថាតើ បណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញាហ្នឹង អាចទទួលយកបាន ឬមួយក៏យ៉ាងម៉េច។ បន្ទាប់មកនៅក្នុងនីតិវិធី គឺអង្គជំនុំជម្រះតុលាការកំពូល លោកនឹងមានរយៈពេល១៥ថ្ងៃ នៅក្នុងការសម្រេចទៅលើបណ្តឹងឧទ្ធរណ៍នេះ»។ លោកស្រី គ្លែរ ដាហ្វ៊ី (Clair Daffy) អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមមកពីអង្គការអ្នក ផ្តោចផ្តើមគំនិតយុត្តិធម៌សង្គមសេរី OSJI របស់សហរដ្ឋអាមេរិកចាត់ទុកថា នេះគឺជាការសម្រេចចិត្ត របស់អង្គជំនុំជម្រះសាលាដំបូងស្របទៅនឹងស្តង់ដាអន្តរជាតិ។ «លោកស្រី គ្លែរ ដាហ្វ៊ី អត្ថិប្បាយថា ខ្ញុំគិតថា ទាំងអស់គ្នាបានរំពឹងទុកការសម្រេចទាំងអស់នេះ នឹងកើតឡើង ហើយដោយផ្អែកទៅលើភស្តុតាងនៃការវាយតម្លែផ្នែកវិជ្ជសាស្ត្រ អៀង ធីរិទ្ធ មិនមានសម្បទាគ្រប់គ្រាន់ សម្រាប់ចូលរួមសវនាការទេ។ ខ្ញុំគិតថា ហេតុដែលអង្គជំនុំជម្រះសាលាដំបូង រកឃើញដូច្នេះគឺជាសញ្ញាដ៏ល្អមួយបង្ហាញពីការអនុវត្តរបស់តុលាការនៃស្តង់ដាអន្តរជាតិស្តីពីការ កាត់ទោសប្រកបដោយភាពត្រឹមត្រូវ»។ អៀង ធីរិទ្ធ អាយុ៧៩ឆ្នាំ ជាប់ចោទពីបទឧក្រិដ្ឌកម្មសង្គ្រាម ឧក្រិដ្ឌកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ទាក់ទងទៅនឹងការស្លាប់របស់ប្រជាជនកម្ពុជាជិតពីរលាននាក់។ ក្រុមគ្រូពេទ្យ បានបង្ហាញនៅក្នុងសវនាការស្តីពីកាយសម្បទាសម្រាប់ចូលរួមការកាត់ទោស របស់អៀង ធីរិទ្ធ កាលពីខែតុលាកន្លងទៅថា ជនជាប់ចោទរូបនេះបានបាត់ការចងចាំ មានបញ្ហាខួរក្បាល និងពិបាកចូលរួមសវនាការឲ្យបានត្រឹមត្រូវ។ កាលពីថ្ងៃពុធ សាលាដំបូងរបស់សាលាក្តីខ្មែរក្រហមបានសម្រេចថា នួន ជា អតីតបងធំទីពីរ នៃរបបខ្មែរក្រហម អាយុ៨៥ឆ្នាំ មានកាយសម្បទាគ្រប់គ្រាន់សម្រាប់ចូលរួមសវនាការ។ នួន ជា និង អៀង ធីរិទ្ធ គឺជាជនជាប់ចោទតែពីរនាក់គត់ នៅក្នុងចំណោមជនជាប់ចោទបួននាក់ ដែលទទួលបានការជំនុំជម្រះទៅលើកាយសម្បទាមុននឹងសវនាការពេញអង្គសេចក្តី នៃសំណុំរឿង០០២ ចាប់ផ្តើមនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ៕ This posting includes an audio/video/photo media file: Download Now |
តុលាការកាត់ទោសមេនគរបាលប្រឆាំងគ្រឿងញៀនពីបទជួញគ្រឿងញៀន Posted: 17 Nov 2011 10:42 AM PST តុលាការខេត្តបន្ទាយមានជ័យនៅថ្ងៃព្រហស្បតិ៍នេះបានចាប់ផ្តើមបើកសវនាការជំនុំជម្រះលោកឧត្តមសេនីយឯកមឹក តារា អតីតមន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនចំនួន៣៨ករណីពាក់ព័ន្ធនឹងការស៊ីសំណូក និងការជួញដូរគ្រឿងញៀន ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត។ លោក មឹក តារា អតីតអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងលោក ជា ឡេង អតីតអនុប្រធានការិយាល័យមន្ទីរប្រឆាំងនៃក្រសួងមហាផ្ទៃត្រូវប្រឈមនឹងការចោទប្រកាន់ករណីពាក់ព័ន្ធនឹងការស៊ីសំណូក និងការជួញដូរគ្រឿងញៀនចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១១។ ជនត្រូវចោទទាំងពីរនាក់នេះ ត្រូវបានចាប់ខ្លួននៅក្នុងខែមករា ឆ្នាំ២០១១។ ជនជាប់ចោទទី៣ លោក ម៉ម ឌឿន មន្ត្រីប្រឆាំងគ្រឿងញៀនដែលបានរត់គេចខ្លួននឹងត្រូវបានកាត់ទោសកំបាំងមុខចំពោះការចោទប្រកាន់ចំនួន៣៨ករណីដូចគ្នានេះដែរ។ សាក្សី បាននិយាយថា កងសន្តិសុខប្រដាប់ដោយអាវុធជាង១០០នាក់ត្រូវបានដាក់ពង្រាយនៅជុំវិញបរិវេណតុលាការខេត្តបន្ទាយមានជ័យដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ដល់ដំណើរការជំនុំជម្រះករណីគ្រឿងញឿននេះ។ លោក អ៊ិត សម្ជស្ស ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការខេត្តបន្ទាយមានជ័យបានថ្លែងនៅក្នុងសវនាការថា សំណុំរឿងចំនួន៣៨ករណីប្រឆាំងនឹងលោក មឹក តារា នេះនឹងត្រូវប្រើរយៈពេល៧៥ថ្ងៃចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១២។ នៅក្នុងសវានាការនេះ មានវត្តមានសាក្សីយ៉ាងតិច១២០នាក់រួមមាននគរបាលចំនួន៣៧នាក់ និងទណ្ឌិតចំនួន៨៣នាក់។ លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងកាលពីថ្ងៃអង្គារថា លោក មឹក តារា គ្រាន់តែសំណុំរឿងពីរប៉ុណ្ណោះអាចជាប់ពន្ធនាគារអស់មួយជីវិត ពីព្រោះលោកបានយកមន្ទីរប្រឆាំងគ្រឿងញៀនធ្វើជារចនាសម្ព័ន្ធ នៃការជួញដូរគ្រឿងញៀន។ លោក ស៊ុំ ចាន់គារ មន្ត្រីសម្របសម្រួលនៃសមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បានថ្លែងថា ការកាត់សេចក្តីអំពើពុករលួយ និងការជួញដូរគ្រឿងញៀនចំពោះអតីតមន្ត្រីនគរបាលជាន់ខ្ពស់ ដូចលោកមឹក តារា នេះ គឺជាការព្រមានដល់មន្ត្រីរដ្ឋាភិបាល មន្ត្រីនគរបាល និងមន្ត្រីយោធាកុំឱ្យប្រព្រឹត្តបទល្មើសបែននេះតទៅទៀត។ «ការកាត់សេចក្តីនេះ គឺជាការកាត់សេចក្តីមួយរកយុត្តិធម៌ដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារគ្រឿងញៀន និងដល់សង្គមជាតិដែលមន្ត្រីខិលខូច បានធ្វើឱ្យខាតបង់ថវិកាជាតិ ហើយជាការពង្រឹងនៅក្នុងការអនុវត្តច្បាប់។ នេះគឺជាការព្រមានដល់មន្ត្រីផ្សេងៗទៀតកុំឱ្យប្រព្រឹត្តបទល្មើសតូចតាចណាក៏ដោយ ក៏មិនគួរណាប្រព្រឹត្ត។ បើប្រព្រឹត្តឡើងគេនឹងយកមកបើកសវនាការកាត់សេចក្តី ដូចលោកមឹក តារានេះដែរ»។ លោក អ៊ុង សុមិទ្ធិ មន្ត្រីសម្របសម្រួល នៃអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា បើការកាត់ទោសនេះ មានយុត្តិធម៌ត្រឹមត្រូវតាមផ្លូវច្បាប់នោះ ប្រទេសកម្ពុជាអាចរួចផុតពីអំពើពុករលួយ និងជួញដូរគ្រឿងញៀន។ «ការព្យាយាមរបស់រាជរដ្ឋាភិបាលខិតខំកាត់ទោសមន្ត្រីពុករលួយ និងមន្ត្រីពាក់ព័ន្ធនឹងគ្រឿងញៀន។ យើងគិតថានេះជាជំហ៊ានមួយឆ្ពោះទៅរកដំណើរការល្អ ដែលអាចកាត់បន្ថយ ឬ អាចបំបាត់ទាំងស្រុងនូវអំពើជួញដូរគ្រឿងញៀន និងកាត់បន្ថយអំពើពុករលួយបានផងដែរ»។ កាលពីថ្ងៃអង្គារ តុលាការខេត្តបន្ទាយមានជ័យ បានកាត់ទោសលោកហ៊ុន ហ៊ាន អតីតស្នងការនគរបាលខេត្តបន្ទាយមានជ័យឱ្យជាប់ពន្ធនាគារចំនួនបួនឆ្នាំ និងពិន័យចំនួន៣២០.០០០ដុល្លារអាមេរិកចំពោះការទទួលសំណូកពីអ្នកជួញដូរគ្រឿងញៀនចំនួនពីរដងក្នុងឆ្នាំ២០០៩ និងឆ្នាំ២០១០ ហើយសហសេវឹកបួននាក់របស់លោកឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួនបីឆ្នាំ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិ៖ ១៧ វិច្ឆិកា Posted: 16 Nov 2011 08:31 PM PST ព័ត៌មានចុងក្រោយបំផុត៖ ថៃ៖ លោកស្រីគ្លីនតុន រដ្ឋមន្ត្រីការបរទេសសរអា បានជួបជាមួយជនរងគ្រោះដោយទឹកជំនន់នៅប្រទេសថៃ គឺមួយថ្ងៃក្រោយពីសរអាបានសន្យាផ្តល់ជំនួយមានទឹកប្រាក់១០លានដុល្លារ។ កូរ៉េខាងត្បូង៖ មន្ត្រីរុស្ស៊ីនិយាយថា សមាជិកក្រុមនាវិក៨៩នាក់របស់កប៉ាល់កូរ៉េខាងត្បូង ត្រូវរុស្ស៊ីសង្គ្រោះ ក្រោយពីមានភ្លើងឆេះក្នុងនាវារបស់គេ នៅ Bering Sea នៅសមុទ្រខាងកើតរុស្ស៊ី។ តៃវ៉ាន់៖ កងទ័ពតៃវ៉ាន់ធ្វើសមយុទ្ធដ៏សំខាន់មួយនៅថ្ងៃព្រហស្បតិ៍ដើម្បីបង្ហាញសមត្ថភាពការពារខ្លួន ប្រសិនបើមានការវាយប្រហារពីប្រទេសចិន ។ ប៉ាគិស្ថាន៖ ឯកអគ្គរដ្ឋទូតប៉ាគិស្ថានប្រចាំនៅសរអាបានសុំលាលែងពីតំណែង នៅពេលមានរបាយការណ៍ថា រដ្ឋាភិបាលប៉ាគិស្ថានស្វះស្វែងរកជំនួយអាមេរិក ក្នុងការទប់ស្កាត់ការដណ្តើមអំណាចដោយកងទ័ព។ ភូមា៖ ក្រុមតាមឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchនិយាយថា អាស៊ាន ត្រូវកំណត់អាណត្តិឲ្យបានច្បាស់ប្រាប់ប្រទេសភូមា មុនប្រទេសនេះកាន់តំណែងជាប្រធានអាស៊ាន ដែលមានប្រទេសចំនួន១០ជាសមាជិក។ សរអា៖ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានកោតសរសើរសម្ព័ន្ធភាពរវាងសរអានិងប្រទេសអូស្ត្រាលី អំឡុងទស្សនកិច្ចកាលពីថ្ងៃព្រហស្បតិ៍នៅមូលដ្ឋានយោធា នៅDarwinជាទីក្រុងដែលក្នុងពេលឆាប់ៗនេះ នឹងមានទាហានអាមេរិកាំងដល់ទៅ២៥០០នាក់ឈរជើងនៅទីនោះ។ អាស៊ាន៖ មេដឹកនាំក្នុងតំបន់អាស៊ានបានសម្រេចទទួលយកប្រទេសភូមាធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នយ៍ហៅកាត់ថា អាស៊ានក្នុងឆ្នាំ២០១៤។ ស៊ិរី៖ អសបកំពុងត្រូវប្រទេសខ្លះជំរុញឲ្យបន្ថែមសម្ពាធជាពាក្យសម្តីថ្កោលទោស របស់រដ្ឋាភិបាលស៊ីរី ដែលធ្វើការបង្ហូរឈាមយ៉ាងច្រើន ក្នុងការបង្ក្រាបបាតុករប្រឆាំងរដ្ឋាភិបាលនោះ។ អ៊ីរ៉ង់៖ សរអានិងប្រទេសអឺរ៉ុបមួយចំនួនកំពុងឲ្យក្រុមតាមដានសកម្មភាពនុយក្លេអ៊ែរធ្វើសកម្មភាពខ្លាំងឡើងតាមដានកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អាហ្វហ្កាននិស្ថាន៖ មន្ត្រីអាហ្វហ្កាននិស្ថាននិយាយថា ក្រុមបះបោរបានបាញ់រ៉ុកកែតពីរគ្រាប់ចូលរដ្ឋធានីកាប៊ុល នៅពេលមេដឹកនាំប្រជុំគ្នានៅថ្ងៃទី២នៃកិច្ចពិភាក្សាអំពីទំនាក់ទំនងជាមួយសរអា។ សរអា៖ បាតុករប្រឆាំងមូលធនដែលត្រូវបានបណ្តេញចេញពីសួនច្បារនៅក្រុងញូយ៉កនៅដើមសប្តាហ៍នេះ កំពុងធ្វើការតាំងចិត្តថា នឹងធ្វើការឆ្លើយបតទៅវិញនៅថ្ងៃព្រហស្បតិ៍នេះ ដោយធ្វើបាតុកម្មរំឭកខួបពីរខែរបស់ចលនាដែលគេហៅថា Occupy Wall Streetនេះ។ ស៊ូដង់៖ ក្រសួងការបរទេសសរអា កំពុងអំពាវនាវឲ្យមានកិច្ចពិភាក្សាជាបន្តរវាងរដ្ឋាភិបាលស៊ូដង់ និងចលនាបះបោរនៅតំបន់Darfur។ ក្រិក៖ ប្រទេសក្រិកបានពង្រាយកម្លាំងប៉ូលិសរាប់ពាន់នាក់ទៅក្រុង Athenដើម្បីទប់ស្កាត់អំពើហិង្សាអំឡុងមានការដង្ហែរក្បួនតវ៉ាប្រចាំឆ្នាំនៅថ្ងៃព្រហស្បតិ៍នេះ។ ក្បួនដង្ហែនេះគ្រោងដើរទៅរកស្ថានទូតសរអា។ គេរំពឹងថា ក្នុងក្បួនដង្ហែនោះរួមមានបាតុករដែលអន់ចិត្តនឹងវិធានការកាត់បន្ថយចំណាយរបស់រដ្ឋាភិបាលអន្តរកាលថ្មី។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> ថៃ៖ រដ្ឋមន្រ្តីក្រសួងការបរទេសរដ្ឋអាមេរិក ហ៊ីលឡារី គ្លីនតុន បានសន្យាផ្តល់ជំនួយនិងឧបត្ថម្ភនាវារដ្ឋអាមេរិកសម្រាប់ទឹកជំនន់ដែលបានបំផ្លាញប្រទេសថៃ។ ភូមា ៖ រដ្ឋមន្រ្តីក្រសួងការបរទេសសមាគមប្រទេសជាតិអាស៊ីអាគ្នេយ៍និយាយថា នឹងធ្វើអនុសាសន៍ទៅកាន់មេដឹកនាំរបស់ខ្លួនថាប្រទេសភូមាដែលគ្រប់គ្រងដោយពួកយោធា នឹងត្រូវគេអនុញ្ញាតិឲ្យធ្វើជាប្រធានប្លុកតំបន់របស់ខ្លួនក្នុងឆ្នាំ២០១៤។ តួកគី៖ និងសមាគមប្រទេសអារ៉ាប់បានអំពាវនាវឲ្យមាន «វិធានការជាបន្ទាន់» ដើម្បីបញ្ឈប់ការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើក្រុមបាតុករអ្នកប្រឆាំងនៅស៊ីរី ពេលដែលការបះបោរក្នុងរយៈពេល៨ខែកន្លងទៅនេះបានឡើងទៅដល់ការវាយប្រហារដោយក្រុមអ្នករត់ចោលជួរយោធាទៅលើទីតាំងយោធា។ អូស្ត្រាលី ៖ មេដឹកនាំអាមេរិកនិងអូស្រ្តាលីបានប្រកាសអំពីកិច្ចព្រមព្រៀងមួយដើម្បីរក្សាកងកម្លាំងអាមេរិកក្នុងទឹកដីអូស្រ្តាលី។ អឺរ៉ុប ៖ មន្រ្តីជាន់ខ្ពស់នៃសហភាពអឺរ៉ុបបានថ្លែងថា ទ្វីបនេះត្រូវការត្រួតពិនិត្យការចំណាយរបស់ប្រទេសនីមួយៗ ដើម្បីធានាឲ្យប្រាក់ អឺរ៉ូ អាចនៅរស់ជីវិតបានតទៅទៀត និងដោះស្រាយវិបត្តិប្រាក់បំណុលដ៏មហិមារបស់ខ្លួន។ អាហ្វហ្គានីស្ថាន ៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន Hamid Karzai ថ្លែងថា ប្រទេសលោកចង់បានអធិបតេយ្យភាពនិងទីបញ្ចប់នៃការវាយប្រហារនៅពេលយប់ ដើម្បីជាលក្ខខណ្ឌសម្រាប់ការចូលធ្វើជាដៃគូជាមួយអាមេរិកដែលនឹងអនុញ្ញាតឲ្យកងទ័ពអាមេរិកាំងខ្លះស្ថិតនៅក្នុងប្រទេសនេះ។ កាហ្សាក់ស្ថាន ៖ ប្រធានាធិបតីកាហ្សាក់ស្ថាន Nursultan Nazarbayev បានរំលាយរដ្ឋសភាជាន់ទាប ហើយអំពាវនាវឲ្យមានការបោះឆ្នោតយ៉ាងឆាប់រហ័ស នៅថ្ងៃទី១៥ មករា ក្នុងកិច្ចប្រឹងប្រែងដើម្បីផ្លាស់ប្តូរសមាសភាពនៃរដ្ឋសភាដែលភាគច្រើនជាសមាជិកនៃគណបក្សតែមួយ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |