VOA News: ព័ត៌មាន: “សកម្មជន​ការ​ពារ​ព្រៃ​ឡង់​បារម្ភ​ថា​អាច​ប្រឈម​នឹង​ការ​ចាត់​វិធានការ​តាម​តុលាការ” plus 6 more

VOA News: ព័ត៌មាន: “សកម្មជន​ការ​ពារ​ព្រៃ​ឡង់​បារម្ភ​ថា​អាច​ប្រឈម​នឹង​ការ​ចាត់​វិធានការ​តាម​តុលាការ” plus 6 more


សកម្មជន​ការ​ពារ​ព្រៃ​ឡង់​បារម្ភ​ថា​អាច​ប្រឈម​នឹង​ការ​ចាត់​វិធានការ​តាម​តុលាការ

Posted: 14 Nov 2011 01:57 PM PST

សកម្មជន​ការពារ​ព្រៃឡង់​ និង​មន្ដ្រី​សិទ្ធិមនុស្ស​បាន​សម្តែង​កង្វល់​ថា ពួកគេ​អាច​នឹង​ប្រឈម​មុខ​នឹង​ការចាត់ការ​តាម​ផ្លូវ​តុលាការ​ក្រោយ​ពី​ការ​ព្យាយាម​ធ្វើ​ការការពារ​ព្រៃឡង់​កាល​ពី​សប្ដាហ៍​កន្លង​ទៅ។ ​ប៉ុន្ដែ​ក្រុម​អាជ្ញាធរ​បាន​ឆ្លើយ​បដិសេធ​ភ្លាមៗ​ថា ​ពុំ​មាន​ការ​តាម​ធ្វើ​ទុក្ខ​បុកម្នេញ​នោះ​ទេ។ ប៉ុន្តែ​មន្ដ្រី​សិទ្ធិមនុស្ស ​និង​ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាង​ថា ​យ៉ាង​ហោច​ណាស់​មាន​អ្នក​តវ៉ា​ប្រឆាំង​ការ​កាប់​ព្រៃឡង់​មា្នក់​កំពុង​លាក់​ខ្លួន​នៅ​កន្លែង​សុវត្ថិភាព​ដោយ​ការ​ភ័យខ្លាច​ការ​តាម​ចាប់​ខ្លួន។

ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣០០​នាក់​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ចេញ​ពី​ខេត្ត​ក្រចេះ ព្រះវិហារ ស្ទឹងត្រែង​ និង​ខេត្ត​កំពុង​ធំ​កាល​ពី​ដើម​ខែ​វិច្ឆិកា ​នេះ​ដោយ​ណាត់ជួប​គ្នា​នៅ​កណ្ដាល​ព្រៃឡង់​ក្នុងបំណង​បើក​យុទ្ធនាការ​មួយ​ការពារ​ព្រៃ​ដ៏​កម្រ​នេះ​ ដែល​ពួកគេ​អះអាង​ថា​ កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ខុស​ច្បាប់។

ក្រុម​ប្រជាពលរដ្ឋ​បាន​រក​ឃើញ​ថា ​មាន​ការ​កាប់​ឈើ​គរ​ចោល ​ហើយ​បាន​ដុត​កម្ទេច​ឈើ​ទាំង​នោះ​ចោល​ចំនួន​ប្រាំ​កន្លែង​សរុប​ប្រមាណជា​៦០​ម៉ែត្រ​គូប ​ហើយ​ក្រុម​ប្រជាពលរដ្ឋគ្រោង​នឹង​ធ្វើ​វេទិកា​សាធារណៈ​មួយ​ស្រុក​សណ្តាន់​ ខេត្ត​កំពង់ធំ ​ក៏ប៉ុន្ដែ​ត្រូវ​អាជ្ញាធរ​ហាមឃាត់​ដោយ​សំអាង​ថា ​វេទិកា​នោះ​គឺ​ជា​របៀប​ធ្វើ​បាតុកម្ម។ ក្រុម​អ្នក​តវ៉ា​បានបែកខ្ញែក​គ្នា​ត្រឡប់​ទៅ​កាន់​ខេត្ត​រៀងៗ​ ខ្លួន​របស់​ពួកគេ​វិញ​កាលពី​ថ្ងៃ​សៅរ៍ ​កន្លងទៅ​នេះ។

លោក ​ហឿន ​សុភាព ​និង​លោក​ ស៊ឹម ​សៀន ​ដែល​ជា​អ្នក​តវ៉ា​យ៉ាង​ខ្លាំងក្លា​ចំនួន​ពីរ​រូប​ប្រឆាំង​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ព្រៃឡង់​បាន​អះអាង​ដូច​គ្នា​ថា ​ក្រុម​អាជ្ញាធរ​បាន​ព្យាយាម​ស្វែងរក​អត្តសញ្ញាណ និង​សាកសួរ​ពីប្រវត្តិ​ពួក​គាត់​ដោយ​សង្ស័យ​ថា ​ពួក​គាត់​គឺ​ជា​អ្នក​ដឹកនាំ​ចលនា​តវ៉ា​ក្នុង​ព្រៃឡង់។

លោក ​ស៊ឹម ​សៀន ​ដែល​ស្វែងរក​ទី​សុវត្ថិភាព​បាន​បង្ហាញ​ថា​ គាត់​កំពុង​រស់នៅ​ដោយ​មាន​ការព្រួយ​បារម្ភ។

«ខ្ញុំ​គ្រាន់តែ​មាន​ការព្រួយបារម្ភ​មួយ​ថា ​គេ​ប្រហែល​ជា​គេ​ចោទ​ប្រកាន់​មក​លើ​រូប​ខ្ញុំ។ ​ក៏ប៉ុន្ដែ​ខ្ញុំ​គ្រាន់​តែ​ជួយ​តាម​ឃ្លាំមើល​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ»។

លោក​ឈឹម ​សាវុធ ​អ្នក​សម្របសម្រួល​កម្មវិធី​វេទិការ​សាធារណៈ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ដែល​បាន​តាម​ឃ្លាំមើល​ការការតវ៉ា​របស់​ក្រុម​អ្នក​ភូមិ ​មាន​ប្រសាសន៍​ថា ​មនុស្ស​បួន​នាក់​អាច​នឹង​ប្រឈម​នឹង​ការចាត់ការ​តាម​ផ្លូវ​ច្បាប់។ ​ក្នុងនោះ​អាច​មាន​រូប​លោក​ផង​ដែរ។

«​តាម​ខ្ញុំ​ដឹង​ប្រហែល​ជា​បួន​នាក់​ដែល​ត្រូវ​រង​ចោទ​ប្រកាន់​ ឬ​ការ​ធ្វើរបាយការណ៍​ដាក់​ទៅ​គ្រប់​ស្ថាប័ន​ ឬ​ក្រសួង​មហាផ្ទៃ​ ប៉ុន្ដែ​យើង​មិន​ទាន់​ដឹង​ជា​ផ្លូវការ»។

យ៉ាង​ណា​ក៏​ដោយ​លោក​ស៊ឹម ​វណ្ណា ​អភិបាល​ស្រុកសណ្ដាន់​ខេត្ត​កំពង់ធំ ​មានប្រសាសន៍​ថា ​ពុំ​មាន​ការចាត់ការ​លើ​ក្រុម​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​នោះ​ទេ។

«​មាន​អ្នក​ណា​តាម​ចាប់​ពួក​គាត់។​ គាត់​ដើរ​ពេញ​ក្នុង​ព្រៃ​មាន​អ្នក​ណា​តាម​រក​រឿង»។

ដោយឡែក ​លោក​ អួង ​ម៉ាលី ​អធិការ​ប៉ូលីស​ស្រុក​សណ្ដាន់​ ក៏បាន​ច្រានចោល​ការតាម​ស៊ើប​អង្កេត​របស់​ក្រុម​សមត្ថកិច្ច​លើ​សកម្មជន​ព្រៃឈើ​នោះដែរ។

មានការ​ប្រឈម​ដាក់​គ្នា​រវាង​ក្រុម​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​ដើរ​ជា​ក្បួន​ក្នុង​ព្រៃ​នោះ។ ក្រុម​អាជ្ញាធរ​ចាប់​ខ្លួន​សកម្មជន​ព្រៃឈើ​ម្នាក់​មិន​បាន​សម្រេច។ ​ប៉ុន្ដែ​លោក ​អួង ​ម៉ាលី ​ច្រានចោល​ការលើក​ឡើង​នោះ។

ព្រៃឡង់​គឺ​ជា​ព្រៃ​យ៉ាង​ធំ​ដែល​ភ្ជាប់​ខេត្ត​ព្រះវិហារ កំពង់ធំ ​ក្រចេះ​ និង​ខេត្ត​ស្ទឹងត្រែង។ ក្រុម​អ្នក​តវ៉ា​បាន​អះអាង​ថា ​ពួក​គេ​រស់​ពឹង​អាស្រ័យ​លើ​អនុផល​នៃ​ព្រៃ​ដ៏​ក្រាស់​នេះ​ ហើយ​មាន​ការ​កាប់​បំផ្លាញ​យ៉ាង​រីក​រាលដាល​នៅ​ក្នុង​ដែន​ព្រៃ​នេះ។​ ក៏ប៉ុន្ដែ​ពួក​គេ​បាន​ស្វែង​រក​អន្ដរាគម​ពី​រដ្ឋាភិបាល​តែ​មិន​បាន​ផល៕

This posting includes an audio/video/photo media file: Download Now

ក្រសួងការ​បរទេស​កម្ពុជា​ប្តឹង​ឯកអគ្គរាជទូត​របស់​ខ្លួន​ប្រចាំ​ប្រ៊ុយណេ​ពីបទ​ពុករលួយ

Posted: 14 Nov 2011 01:25 PM PST

ក្នុង​ពេល​ផ្តល់​បទ​សម្ភាស៍​ជាមួយ​នឹង​វី​អូ​អេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ខេមរៈភាសា​តាមរយៈ​ប្រព័ន្ធ ​អ៊ីនធឺណិត​ កាលពី​ដើម​សប្តាហ៍​នេះ​អស់​រយៈពេល​ជាង​មួយ​ម៉ោង ​លោក​ណាន់ស៊ី អតីត​ឯកអគ្គ​រដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេស​ប្រ៊ុយណេ​ បាន​បដិសេធ​ថា ​លោក​មិន​ជាប់​ពាក់ព័ន្ធ​ការ​ធ្វើ​​ឲ្យ​បាត់បង់​ថវិកា​ជាតិ​ទេ។ ​ការលើក​ឡើង​របស់​លោក​ណាន់ស៊ី ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​តុលាការ​ក្រុងភ្នំពេញ ​បាន​កាត់​ទោស​កំបាំង​មុខ​លោក​ពី​បទ​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ដែល​បាន​ធ្វើ​ឲ្យ​បាត់បង់​ថវិកា​ក្រសួង​ការ​បរទេស​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រ៊ុយណេ​នូវ​ទឹក​ប្រាក់​ចំនួន​ជាង​៤៣​ម៉ឺន​ដុល្លារ​អាមេរិក។

លោក​ណាន់ស៊ី ​បាន​មាន​ប្រសាសន៍​ថា លោក​បានទូទាត់​ថវិកា​សម្រាប់​សាងសង់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រ៊ុយណេ​ឲ្យ​ក្រុមហ៊ុន​ចិន​ទាំង​ប្រាំ​ដំណាក់កាល​រួច​មក​ហើយ​ ព្រមទាំង​មាន​វិក័យបត្រ​ត្រឹម​ត្រូវ។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​ការ​ចោទប្រកាន់​ថា លោក​បានធ្វើ​ឲ្យ​បាត់បង់​ថវិកា​របស់​ក្រសួង​ការបរទេស​នេះ​គឺ​មិន​ត្រឹមត្រូវ​ទេ ​ហើយ​លោក​បាន​អះអាង​ថា ការ​ចោទប្រកាន់​នេះ​ធ្វើ​ឡើង​ជា​ការ​សង​សឹក​ពី​មន្ត្រី​មួយ​រូប​នៅ​ក្រសួង​ការ​បរទេស។

«​សរុប​ទាំងអស់​ប្រាំ​ដំណាក់កាល​ ឈ្នួល​នៃ​ការសាងសង់​អស់​ទឹកប្រាក់​ ១.៧៩៦.២០៧,៣០​ដុលា្លរ​សហរដ្ឋអាមេរិក។ ​ឯកសារ​នៃ​ទូទាត់​ទាំង​ប្រាំសន្លឹក​ នៅ​ក្នុង​ដំណាក់​កាល​នេះ​នៅ​នឹង​ខ្ញុំ។ ​តើ​តុលាការ​បាន​ទទួល​ឯកសារ​ពី​ខ្ញុំ​ទេ? ​មានយក​ឯកសារ​ខ្ញុំ​ទៅ​ពិនិត្យ​មើល​ទេ ដែល​ក្រុមហ៊ុន​សំណង់​ លោក​បាន​បិទ​ទទួល​ប្រាក់​នេះ។ ​ចុះ​ហត្ថលេខា ​នឹង​វាយត្រា​ក្រុមហ៊ុន»។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស ​គឺ​លោក​កុយ ​គួង ​នៅ​ពេល​ដែល​ព្យាយាម​ទាក់ទង​ទូរស័ព្ទ​ជា​ច្រើន​លើក​មិនអាច​សុំ​សេចក្តីអត្ថាធិប្បាយ​បំភ្លឺ​បាន។

លោក ​គី ​ទិច​ មេធាវី​ការពារក្តី​របស់​រដ្ឋាភិបាល​បាន​និយាយ​ថា ​ប្រាក់​ចុងក្រោយ​សម្រាប់​ទូទាត់​សាងសង់​ស្ថានទូត​កម្ពុជា ​ប្រចាំ​ប្រ៊ុយណេ​នោះ​ លោក​ណាន់ស៊ី ​មិន​បាន​ទូទាត់​ដល់​ក្រុមហ៊ុន​សំណង់​ទេ។​ លោក​បាន​មាន​ប្រសាសន៍​ថា ​ក្រុមហ៊ុន​បាន​មក​ទាមទារ​ប្រាក់​សំណង​ចុង​ក្រោយ​នេះ ​នៅ​ក្រសួង​ការបរទេស​ ទើប​ក្រសួងការបរទេស ​សម្រេច​ប្តឹង​លោក​ណាន់ស៊ី​តែ​ម្តង។

«ក្រសួង​ការបរទេស​ហ្នឹង​ក៏​បាន​ឲ្យ​ចុះ​ធ្វើ​អធិការកិច្ច​ជា​បន្ទាន់។ ​ដោយ​ចុះ​ទៅ​ឃើញ​ថា ​លោក​ណាន់ស៊ី​បាន​យកថវិកា​​ដែល​ត្រូវ​ប្រគល់​ឲ្យ​ក្រុម​ហ៊ុន​សាងសង់​ហ្នឹង​ត្រៀមទុក​ឲ្យ​ក្រុមហ៊ុន​សំណង់

ហ្នឹង ​ហើយ​គាត់​យក​ទៅ​ចាយវាយ​ក្រៅ​ផ្លូវការ​ជា​លក្ខណៈ​ឯកជន​ផ្ទាល់​ខ្លួន​ហ្នឹង ​ហើយ​អត់​មានប្រាក់​ទូទាត់​ឲ្យ​គេ»។

លោក ​គី ​ទិច ​បាន​មាន​ប្រសាសន៍​ថា​ ក្រសួង​ការបរទេស ​បាន​ទាមទារ​ឲ្យ​លោក​ណាន់ស៊ី ​សង​ប្រាក់​ជាង​សែសិបបី​ម៉ឺន​ដុល្លារ​អាមេរិក ​និង​ផ្តល់​សំណង​ជា​ការ​ខាតបង់​និង​ពិន័យ​ទាំងអស់​ជាង​​មួយរយ​លាន​រៀល​គឺ​ស្មើ​ជាង​ពីរ​ម៉ីន​ដុល្លារ។

តុលាការ​ក្រុងភ្នំពេញ ​គ្រោង​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​នេះ​ នៅ​ថ្ងៃ​ទី​២៥​ខាង​មុខ​នេះ។ ក្រសួង​ការបរទេស​បាន​ផ្តឹង​លោក​ណាន់ស៊ី​ចំនួនពីរ​ករណី​ផ្សេង​គ្នា។ ​ករណី​ទី​១​ពី​បទព្រហ្មទណ្ឌ ​ពាក់ព័ន្ធ​នឹង​ការ​កេង​បំបាត់​ថវិកា​រដ្ឋ​ និង​បណ្តឹង​រដ្ឋប្បវេណី​ដោយ​ទាមទារ​សំណង​ជាង​មួយរយ​លាន រៀល។

លោក​ គី​ ទិច​ មេធាវី​របស់​រដ្ឋាភិបាល ​បាន​មាន​ប្រសាសន៍​ថា ​លោក​បាន​ជូនដំណឹង​ ចំពោះ​សវនាការ​នេះ​ដែរ​ ប៉ុន្តែ​លោក​ណាន់ស៊ី​ បាន​គេច​ខ្លួន​ហើយ​ចុង​ក្រោយ​នេះ ​តុលាការ​បាន​ចេញ​ដីកា បង្គាប់​ឲ្យ​ចាប់​ខ្លួ។

លោក ​ណាន់ស៊ី ​អតីត​ឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រ៊ុយណេ​បាន​មាន​ប្រសាសន៍​ថា ​តុលាការ​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​កន្លង​មក​នេះ ​លោក​មិន​បាន​ដឹង​អ្វី​ទាំង​អស់។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​មក​កាន់​មាតុ​ប្រទេស​វិញ ​បាន​ពាក់​កណ្តាល​ផ្លូវ​ត្រូវ​ក្រសួង​ការបរទេស ​ចេញ​លិខិត​នារាការណ៍​លិខិត​ឆ្លង​ដែន​របស់​លោក៕

This posting includes an audio/video/photo media file: Download Now

តំណាង​រាស្រ្ត​ខ្មែរ​ស៊ើប​អង្កេត​រឿង​មរណភាព​ពលករ​ខ្មែរ​នៅ​ម៉ាឡេស៊ី

Posted: 14 Nov 2011 11:38 AM PST

លោក​ស្រី​ មូរ​ សុខហួរ ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ លោកស្រី​បាន​ចាប់​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​ពលករ​ស្ត្រី​បម្រើ​តាម​ផ្ទះ​កម្ពុជា​ចំនួន​១០​នាក់​ នៅ​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​២០១១​នេះ​សម្រាប់​ប្តឹង​ទៅ​គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​រដ្ឋសភា​ម៉ាឡេស៊ី ​បន្ទាប់​ពី​លោកស្រី​បាន​បញ្ចប់​ទស្សនកិច្ច​ក្រៅផ្លូវការ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ កាលពី​សប្តាហ៍​មុន។

លោកស្រី​ មួរ​ សុខហួរ ​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ នៅ​ទីស្នាក់ការ​គណបក្ស​ថា លោកស្រី​ បាន​ចាប់​ស្រាវជ្រាវ​រក​ព័ត៌មាន​ច្បាស់លាស់​អំពី​អ្នក​ស្លាប់​មួយ​ករណី​ម្តងៗ ​ដើម្បី​ផ្តល់​របាយការណ៍ ​និង​ពាក្យបណ្តឹង​ជូន​ទៅ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ នៃ​រដ្ឋសភាម៉ា​ឡេស៊ី។

«យើង​ត្រូវ​តែ​យក​ឯកសារ​ឱ្យ​បាន​ច្បាស់លាស់​ពី​ឯកអគ្គ​រដ្ឋទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី ​ឱ្យ​បាន​ច្បាស់​លាស់​ណាស់​ ទើប​យើង​បញ្ជូន​ជា​របាយការណ៍​ ជា​ពាក្យបណ្តឹង​ទៅ​ប្រទេស​ម៉ាឡេស៊ី​ តាមរយៈ​គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​សភា​ប្រទេស​ម៉ាឡេស៊ី»។

លោក​ អាន ​ប៊ុនហាក់ ​ប្រធាន​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​បានស្វាគមន៍​កិច្ច​ខំ​ប្រឹងប្រែង​របស់​លោកស្រី​មូរ សុខហួរ ​ក្នុង​ការរក​យុត្តិធម៌​ដល់​ពលករ​ស្ត្រី​កម្ពុជា​បម្រើ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី។

«យើង​ធ្វើការ​ជាមួយ​នីតិ​ប្រតិបត្តិ​របស់​ប្រទេស​ម៉ាឡេស៊ី ​ហើយ​លោក​ជំទាវ​បាន​ទំនាក់​ទំនង​ជាមួយ​នីតិប្បញ្ញត្តិ​ទៀត វា​រិតតែ​ល្អ​ ហើយ​ជួយ​ការពារ​ដល់​សិទ្ធិ​ជាមូលដ្ឋាន​របស់​ពលការិនី​យើង»។

ពលករ​ស្ត្រី​កម្ពុជា​បម្រើ​តាម​ផ្ទះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​ត្រូវ​បាន​ទទួលរង​ការធ្វើទារុកម្ម​ ការ​រំលោភ​ផ្លូវ​ភេទ ​ការ​រំលោភ​សិទ្ធិការងារ​ ការ​ផ្តល់​ប្រាក់​ខែ​មិន​បាន​ពេញ​លេញ ​និង​ការបង្អត់​ចំណី​អាហារ។

ក្នុង​កិច្ច​ខំប្រឹងប្រែង​ដើម្បី​លុប​បំបាត់​ការ​ធ្វើ​ទារុណកម្ម ​និង​ការរំលោភសិទ្ធិ​ការងារ​របស់​ពលករស្ត្រី​កម្ពុជា​បម្រើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ​លោកស្រី​មួរ​ សុខហួរ​ បាន​បន្តថា​លោកស្រី​បាន​សហការ​ជាមួយ​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​រដ្ឋសភា​ម៉ាឡេស៊ី ​ដើម្បី​យក​ប្រភពពិត​នៃ​ការស្លាប់​ ឬ​ ការ​ធ្វើ​ទារុណកម្ម។

លោក​ អាន ​ប៊ុនហាក់​បានថ្លែងថា ពលការិនី​កម្ពុជា​បម្រើការ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី​ចំនួន​១០​នាក់​នេះ​ បាន​ស្លាប់​ដោយសារ​ជំងឺ​ និង​ការ​ធ្វើ​អត្តឃាត​ដោយ​ការផឹក​ថ្នាំ ​ឬ​ការ​លោត​ពី​លើ​អាគារ​ជាន់​ទី​៩។

«ពលការិនី​ស្លាប់​១០​នាក់​នេះ ​យើង​ស្នើសុំ​ទៅ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ ទៅ​អាជ្ញាធរ​នគរបាល ​ហើយ​បាន​ធ្វើ​កោសល្យវិច្ឆ័យ។ ​ពេល​ខ្លះ ​យើង​ធ្វើ​កោសល្យវិច្ឆ័យ​រហូត​ដល់​ពីរ​ដង​មិន​តែ​ប៉ុណ្ណោះ​ យើង​អញ្ជើញ​ឪពុក​ម្តាយ ​ឬ​សាច់​ញាត្តិ​របស់​គាត់​(សព) ទៅ​ពិនិត្យ​ផ្ទាល់ ​នៅ​ប្រទេស​ម៉ាឡេស៊ី»។

លោក​ មឿន​ តុលា ​ប្រធាន​ផ្នែក​កម្មវិធី​ពលកម្ម​0នៃ​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍​ បាន​បញ្ជាក់​ថា​លោក​បាន​ព្យាយាម​រក​ព័ត៌មាន​លម្អិត​អំពី​ការ​ស្លាប់​ពលការិនី​កម្ពុជា​នៅ​ម៉ាឡេស៊ី ​ប៉ុន្តែ​វា​នៅ​តែ​ជា​ការស្រពិច​ស្រពិល​នៅ​ឡើយ។

វា​ហាក់បីដូចជា​មាន​ភាព​មិន​ច្បាស់​លាស់​ច្រើន​ពាក់ព័ន្ធ​នឹង​មូលហេតុ​នៃ​ការស្លាប់​នេះ​ ហើយ​នៅ​ក្នុង​ហ្នឹង​ក៏​អាច​មាន​ពលករ​ ដែល​អាច​នឹងសម្លាប់​ខ្លួន​ដោយ​ខ្លួន​ឯង។

លោក​ ហូ​ វុទ្ធី​ អនុប្រធាន​នាយកដ្ឋាន​ការងារ​ នៃ​ក្រសួងការងារ​ បាន​ថ្លែងថា​ លោក​មិនទាន់​មាន​ព័ត៌មាន​អំពី​បញ្ហា​នេះ​ទេ៕

This posting includes an audio/video/photo media file: Download Now

ស្ថានភាព​របស់​ពលការិនី​ខ្មែរ​បំរើ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី

Posted: 14 Nov 2011 11:10 AM PST

កំណត់​អ្នក​ក្រែ​សម្រួល៖ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ផ្អាក​ការ​បញ្ជូន​ពលការិនី​កម្ពុជា​ទៅ​ធ្វើ​ជា​ស្ដ្រី​បម្រើ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី​បន្ទាប់​ពី​មាន​ពលការនី​កម្ពុជា​ទទួល​រងគ្រោះ​ជា​បន្ដ​បន្ទាប់។ លោក​ស្រី មួ សុខហួរ តំណាង​រាស្ដ្រ​គណបក្ស​សម រង្ស៊ី​បាន​បំពេញ​ទស្សនកិច្ច​ក្រៅផ្លូវ​ការ​រយៈ​ពេល​បួនថ្ងៃ​មួយ​នៅ​ម៉ាឡេស៊ី​ដើម្បី​អ្វី​ដែល​លោក​ស្រី​បញ្ជាក់​ថា ជា​ការ​ស្វែង​រក​វិធីសាស្ដ្រ​បន្ថែម​ទៀត​សម្រាប់​ការពារ​ពលការិនី​កម្ពុជា​ទៅ​ធ្វើការ​នៅ​ទីនោះ។ លោក គង់ សុឋានរិទ្ធ​បាន​សម្ភាស​តាម​ទូរស័ព្ទ​ជាមួយ​លោក​ស្រី មួរ សុខហួរ​នៅ​ពេល​ដែល​លោក​ស្រី​បញ្ចប់​ទស្សនកិច្ច​របស់​លោកស្រី​នៅ​ថ្ងៃ​សុក្រ​នេះ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ទីក្រុង​ឡូវ៉ែល​រៀបចំ​បង្កើត «ទីក្រុងខ្មែរ»

Posted: 14 Nov 2011 10:36 AM PST

កំណត់​អ្នក​កែសម្រួល៖ គណៈកម្មាការ​ប្រតិបត្តិ​ស្ម័គ្រចិត្ត​នៃ​ការបង្កើត​ក្រុងខ្មែរ​ (Cambodia Town Executive Committee) ហៅ​កាត់​ថា​ (CTEC) នៅ​ទីក្រុង​ឡូវែល្ល (Lowell) ម៉ាស្សាជូស៊ែតស៍ (Massachusetts)​ បាន​រៀបចំ​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា ដំណើរការ​ថ្មីៗ​ ទាក់ទង​ទៅនឹង​គម្រោង​បង្កើត​ក្រុងខ្មែរ​ ទស្សនៈ​របស់​សហគមន៍ និង​អនុសាសន៍​ ស្តី​អំពី​គោលដៅ​អនាគត​របស់​គម្រោង​បង្កើត​ក្រុងខ្មែរ​នេះ។

តទៅ​នេះ ជា​បទសម្ភាសន៍​តាម​ទូរស័ព្ទ​រវាង​នាង លី មូរីវ៉ាន់នៃ​វីអូអេ​ ជាមួយ​លោក​បណ្ឌិត​ គង់ សេងលី​ ដែល​ជា​នាយក​គណៈកម្មាការ​ប្រតិបត្តិ​ស្ម័គ្រចិត្ត​នៃ​ការបង្កើត​ក្រុងខ្មែរ​ CTEC អំពី​អត្ថប្រយោជន៍​នៃ​ការបង្កើត​ក្រុងខ្មែរ​នៅ​ទីក្រុង​ឡូវ៉ែល្ល។

<!--AV-->

This posting includes an audio/video/photo media file: Download Now

កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ជា​ការ​ធានា​និរន្តរភាព​កម្ពុជា

Posted: 14 Nov 2011 08:00 AM PST

បទ​សម្ភាសន៍​ជាមួយ​លោក​បណ្ឌិត ​ឡៅ ​ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​ថ្ងៃទី២៤​ខែតុលា​ ឆ្នាំ​២០១១​អំឡុង​ពេល​លោក​មក​ស.រ.អា.​ចូល​រួម​ខួប​លើកទី​២០​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស។

លោក​ឡៅ​ ម៉ុងហៃ​ បកស្រាយ​អំពី​ចំណុច​ខ្វះខាត ដែល​មិន​បាន​បំពេញ​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ដូចជា​ បញ្ហា​សិទ្ធិមនុស្ស ​សេរីភាព​បញ្ចេញ​មតិ ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​បញ្ហា​ប្រព័ន្ធ​តុលាការ​ដែល​មិន​ឯករាជ្យ។

<!--AV-->

លោក​និយាយ​ថា កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​២០ឆ្នាំ​មុន ​ហើយ​ដែល​បាន​បញ្ចប់​សង្គ្រាម​ច្រើន​ទសវត្សរ៍​ គឺ​ជា​គន្លឹះ​នៃ​និរន្តរភាព​កម្ពុជា។ កិច្ច​ព្រមព្រៀង​នេះ​បាន​បញ្ចប់​ការ​គំរាម​កំហែង​ដោយ​ខ្មែរក្រហម​ និង​នាំឲ្យ​កម្ពុជា​ទទួល​បាន​ជំនួយ​កសាង​ប្រទេស​ឡើង​វិញ។

<!--AV-->

លោកឡាវ ម៉ុងហៃ​ប្រាប់​វីអូអេ​ សំឡេង​ស.រ.អា.​ថា​ «ខ្ញុំ​យល់​ថា​ កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ជា​ការ​ធានា​និរន្តរភាព​អាយុ​ជីវិត​ប្រទេស​កម្ពុជា​ ប្រសិន​បើ​យើង ជា​ពិសេស​ប្រទេស​កម្ពុជា​ បន្ត​គោរព​កិច្ច​ព្រមព្រៀង​នេះ»។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ៖ ១៤ វិច្ឆិកា

Posted: 13 Nov 2011 07:56 PM PST

ព័ត៌មានចុងក្រោយបំផុត៖

អ៊ីរ៉ង់៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​បារ៉ាក់ អូបាម៉ា​ថ្លែង​ថា​ ការដាក់​ទណ្ឌកម្ម​ទៅ​លើ​អ៊ីរ៉ង់​ មាន​ភាព​ធំទូលំទូលាយ​ណាស់ ហើយ​លោក​នឹង​សួរ​យោបល់​ពី​ប្រទេស​ចិន​ និង​ រុស្ស៊ី​អំពី​វិធានការ​បន្ថែម​ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ទី​ក្រុង​តេហេរ៉ង់ ឲ្យ​បញ្ឈប់​កម្មវិធី​បរមាណូ​។

អ៊ីស្រាអែល /ប៉ាឡេស្ទីន៖ ប្រធានាធិបតី​ បារ៉ាក់អូបាម៉ា​ មាន​ប្រសាសន៍​ថា​ លោក​បាន​ប្រើ​កិច្ច​ប្រជុំ​ផ្ទាល់​ដើម្បី​ពិភាក្សា​ជា​មួយ​ប្រធានាធិបតី​បារាំង​ លោក ​នីកូឡាស សាកូហ្សី​ កាល​ពី​ដើម​ខែ​នេះ​ ដើម្បី​សំដែង​ឲ្យ​ឃើញ​ ការ​ខក​ចិត្ដ​ធំធេង​លើ​ការណ៍​ដែល​បារាំង​ បាន​បោះឆ្នោត​គំាទ្រ​ក្រុម​ប៉ាឡេស្ទីន​ ដែល​ចង់​ចូល​ធ្វើ​ជា​សមាជិក​របស់​ទីភ្នាក់ងារ​កេរ្ដ៍​ដំណែល​វប្បធម៌​របស់​អសប ឬ​UNESCO។

ស.រ.អា៖ ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ថ្លែង​ថា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ​ដែល​និយាយ​ថា​ លោក​មាន​ចិត្ដចង់​តម្លើង​វិញ​នូវ​វិធានការ​សួរចម្លើយ​ ដោយ​ចាក់ទឹក​លើ​ក្បាល​ឬ waterboarding ​ថា​ ជា​កំហុស។ លោក​ បាន​ហៅ​ ការចាប់​ជ្រមុជ​ទឹក​ ឬ Waterboarding មិន​ស្រប​ទៅ​តាម​ប្រពៃណី​របស់​សហរដ្ឋអាមេរិក​ទេ។

ស.រ.អា៖ ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ មាន​ប្រសាសន៍​ថា​លោក​សង្ឃឹម​ថា​មេដឹកនាំ​នៃ​គណ​កម្មាធិការ​សភា ​ទទួលបន្ទុក​ខាង​ការកាត់បន្ថយ​ឱនភាព​ថវិកា​សហព័ន្ធ​តាម​តួលេខ​ ១ កន្តក់​សញ្ញា​២ ពាន់​ ពាន់​ លាន​ដុល្លារ ​នឹង​បំពេញ​កិច្ចការ​ចាំបាច់​ ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ​ដើម្បី​យល់​ស្រប​ជា​មួយ​គម្រោងការ​របស់​លោក។

សេដ្ឋកិច្ចពិភពលោក៖ ផ្សារ​ហ៊ុន​ស្ដុក​អាស៊ី ​ មាន​សកម្មភាព​ខ្លាំង​ដោយ​តម្លៃ​ឡើង​ខ្ពស់​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ដោយសារ​តែ​មាន​ដំណឹង​ល្អ​ពី​ប្រទេស​អ៊ីតាលី​ ក្រិក​ ចិន​ និង​​ជប៉ុន។

អេប៉ិច៖ ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ បាន​ភ្ជាប់​អនាគត​សេដ្ឋកិច្ច​របស់​តំបន់​អាមេរិក​ ទៅ​ នឹង​អាស៊ី​ដោយ​លោក​ថ្លែង​សង្កត់​ថា​ សរអា​ជា​ប្រទេស​ប៉ាស៊ីហ្វិក​ នៅ​ពេល​បច្ចុប្បន្នកាល និង​នៅ​ពេល​អនាគតកាល​ផងដែរ។

ចិន/អេប៉ិច៖ ប្រទេសចិន​ឲ្យ​ដឹង​ថា ​ខ្លួន​នឹង​ធ្វើ​ការ​សិក្សា​ឲ្យ​បាន​ដិតដល់​ ថា​តើ​ត្រូវ​ស្វែង​រក​សមា​ជិកភាព​នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​ នៅ​តំបន់​ប៉ាស៊ីហ្វិក​ ឬ​ក៏​ដូចម្ដេច។ នៅ​ក្នុងសន្និសីទ​សារព័ត៌មាន​ ក្នុង​ទី​ក្រុង​ហូណូលូលូ ​កាល​ពី​ថ្ងៃ​អាទិត្យ​ មន្ដ្រី​ក្រសួង​ ការបរទេស​ចិន​ លោក​ ប៉ាង សេន​ថ្លែង​ថា​ រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​ប្រកាន់​ឥរិយាបទ​បើកចំហរ​ជា​និច្ច​ ចំពោះ​ការ​រៀបចំ​តំបន់​ ដែល​នាំ​ឲ្យ​មាន​សុពលភាព​និង ​ការ​ចូលរួម​គ្នា​ខាង​សេដ្ឋកិច្ច​របស់​តំបន់។

ស៊ិរី៖ ប្រទេស​ស៊ិរី បាន​ចោទ​ប្រកាន់​អង្គការ​អារ៉ាប់​លីគ្ហ​ថា បាន​ប្រកាន់​យក​វិធានការដ៏​គ្រោះថ្នាក់​ ដោយ​បាន​ព្យួរ​សមាជិកភាព​របស់​ស៊ីរី​ ឲ្យ​នៅ​ក្រៅ​ប្លុក​តំបន់​ដោយសារតែ​រដ្ឋាភិបាល​ទីក្រុង​ដាមាស បាន​វាយបង្រ្កាប​ទៅ​លើ​ក្រុមបាតុករ​ប្រឆាំង។

អាហ្វហ្កានិស្ថាន៖ កងកម្លាំង​សន្ដិសុខ​ក្នុង​ប្រទេស​អាហ្វហ្កានិស្ថាន បាន​បាញ់​សម្លាប់​ អត្ដឃាតជន​ដែល​ប៉ុនប៉ង​វាយប្រហារ​ទៅ​លើ​កិច្ចប្រជុំ​របស់​ក្រុម​ព្រឹទ្ធាចារ្យ​ ហៅ​ជើហ្គា​ នៅ​ក្នុង​ទីក្រុង​កាប៊ុល​នៅ​ក្នុង​សប្ដាហ៍​នេះ។

អ៊ីតាលី៖ ប្រទេស​អ៊ីតាលី បាន​សម្រេច​គោលដៅ​របស់​ខ្លួន​ថា នឹង​ប្រម៉ូល​ថវិកា​ឲ្យ​បាន៤​ពាន់ លាន​ដុល្លារ​ក្នុងការ​លក់​ប័ណ្ណ​ជាតិ​កាលពី​ថ្ងៃច័ន្ទ។

ចិន៖ អាជ្ញាធរ​ចិន​ខាង​អយស្ម័យយាន​ នឹង​ចាប់ផ្ដើម​ឡើង​វិញ​នូវ​កិច្ចប្រតិបត្ដិការ​ក្នុង​សប្ដាហ៍​នេះ លើ​រថភ្លើង​លឿន​ស្លេវ​៥៤ គ្រឿង​ដែល​ត្រូវបាន​ផ្អាក​ក្រោយពី​មាន​គ្រោះថ្នាក់​ផ្លូវដែក​កាលពី​ខែកក្កដា។

ព័ត៌មាននៅពេលមុននេះ៖

<!--IMAGE-RIGHT-->

អ៊ីតាលី ៖ លោក​ប្រធានាធិបតី​ Giorgio Napolitano នៃ​ប្រទេស​អ៊ីតាលី​បាន​សុំ​ឱ្យ​​សេដ្ឋវិទូ Mario Monti បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​។​ ការ​តែងតាំង​នេះ​ត្រូវ ​បាន​រំពឹង​ទុក​យ៉ាង​ខ្លាំង​ទ្បើង​កាល​ពី​ល្ងាច​​ថ្ងៃ​អាទិត្យ​ក្នុងរយៈពេល​ខ្លី ​ក្រោយ​ពី​លោក​ប្រធានាធិបតី​បាន​អញ្ជើញ​អ្នក​ការិយាធិបតេយ្យ​អាយុ​៦៨​ឆ្នាំ​រូប​នេះ​ឱ្យ​ទៅ​កាន់​វិមាន​ប្រធានាធិបតី​។ លោក Mario Monti ប្រុង​ប្រៀប​នឹង​ដឹកនាំ​រដ្ឋាភិបាល​អ៊ីតាលី​ បាន​ត្រូវ​ព៌ណនា​ថា​ជា​មនុស្ស​ម្នាក់​មាន​ការ​ប្រុង​ប្រយ័ត្ន​និង​ស្រគត់ស្រគំ​ដែល​ជា​ការ​ផ្ទុយ​គ្នា​ពី​លោក Silvio Berlusconi ដែល​ជា​មហា​សេដ្ឋី​ហ៊ឺហានិង​ចូល​ចិត្ត​ធ្វើ​ដំណើរ​តាម​យន្តហោះ​។

សហរដ្ឋ​អាមេរិក ៖ ពួក​ប៉ូលីស​នៅ​ក្នុង​ក្រុងផតឡេន រដ្ឋ​អូរ៉េហ្គន នា​ទិស​ពាយ័ព្យ​​បាន​ទាមទារ​ឱ្យ​បាតុករ​រាប់​រយ​នាក់​ដែល​ទាក់ទងនឹង​​ចលនា​ «កាន់កាប់ Wall Street» ចាកចេញ​ពី​ឱទ្យាន​មួយ​នៅ​កណ្តាល​ក្រុង​ឬ​មួយ​ប្រឈម​មុខ​នឹង​លទ្ធភាព​នៃ​ការបណ្តេញ​ចេញ​ដោយ​បង្ខំ។

សហរដ្ឋ​អាមេរិក ៖ លោក​ប្រធានាធិបតី​ស.រ.អ.​បារ៉ាក់ អូបាម៉ា​បាន​បើក​ជា​ផ្លូវ​ការ​សន្និសីទ​កំពូល​នៃ​ពួកមេ​ដឹកនាំ​២១​នាក់​ក្នុង​ភូមិភាគ​ Asie-Pacifique ក្នុង​រដ្ឋហាវ៉ៃ​ដោយ​លោក​បាន​មាន​ប្រសាស​ន៍​ថា​គោលដៅ​ខ្ពស់​បំផុត​របស់​ពួក​គេ​គឺ​ការបង្កើត​សេដ្ឋកិច្ច​តំបន់​រួមបញ្ចូល​គ្នា​មួយ។

ប៉ាគីស្ថាន ៖ ពួក​មន្ត្រី​ប៉ាគីស្ថាន​និយាយ​ថា​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​ក្នុង​តំបន់​ពាយ័ព្យ​ដាច់​ស្រយាល​របស់​ប្រទេស​បាន​បណ្តាល​ឱ្យ​មនុស្ស​៦​នាក់​ស្លាប់​។

ស៊ីរី ៖ ​ពួក​អ្នក​គាំទ្រ​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ីរី​បាន​ធ្វើការ​ប្រជុំ​មហាជន​នៅ​ក្នុង​ក្រុង​ធំៗ​ក្នុងថ្ងៃ​ទី​ ពីរ​នៃ​ការ​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​សម្រេច​ចិត្ត​របស់​សម្ព័ន្ធ​អារ៉ាប់​ក្នុង​ការ​ព្យួរ​សមាជិកភាពនៃ​ប្រទេស​ស៊ីរី នៅ​ពេល​ដែល​អាជ្ញាធរ​ស៊ីរី​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ប្រជុំ​មួយ​គ្រា​មាន​អាសន្ន​របស់​អង្គការ​ក្នុង​តំបន់​នេះ។

ប្រេស៊ីល ៖ ​អាជ្ញាធរប្រេស៊ីលនិយាយ​ថា​ពួក​ប៉ូលីស​បាន​ត្រួតត្រា​កន្លែង​ពួក​ជន​ក្រីក្រ​រស់​នៅ​ធំ​បំផុត​ក្នុង​ក្រុង Rio de Janeiro ដែល​បានត្រូវ​កាន់​កាប់​ដោយ​ពួក​ជួញដូរ​គ្រឿង​ញៀន​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!