|
- អ្នកកាសែតខ្មែរទទួលរង្វាន់ជាអ្នកកាសែតឆ្នើមអន្តរជាតិសម្រាប់ឆ្នាំ២០១១
- ព្រះរាជអាជ្ញាអន្តរជាតិ៖ ការកាត់ទោសសំណុំរឿង០០២និងការស៊ើបអង្កេតសំណុំរឿងពីរទៀតអាចជួយដោះស្រាយភាពស្មុគស្មាញរបស់តុលាការខ្មែរក្រហម
- សហផលិតកររឿង «សត្រូវរបស់ប្រជាជន»ផ្សព្វផ្សាយលក់ DVD រឿងនេះ និងផ្សព្វផ្សាយរឿងទីពីរ
- ពលរដ្ឋធ្វើញត្តិសុំឲ្យក្រុងភ្នំពេញជាតំបន់គ្មានការបណ្តេញចេញ
- លោកហ៊ុន សែន ព្រមានការប្រដូចវាសនាលោកទៅនឹងកាដាហ្វ៊ី
- ព័ត៌មានអន្តរជាតិ៖ ០២ វិច្ឆិកា
អ្នកកាសែតខ្មែរទទួលរង្វាន់ជាអ្នកកាសែតឆ្នើមអន្តរជាតិសម្រាប់ឆ្នាំ២០១១ Posted: 02 Nov 2011 02:13 PM PDT សហផលិតករខ្សែភាពយន្តរឿង«សត្រូវរបស់ប្រជាជន»និងជាអ្នកកាសែតជើងចាស់របស់កម្ពុជាគឺលោកថេត សម្បត្តិត្រូវបានមជ្ឈមណ្ឌលអន្តរជាតិសម្រាប់អ្នកសារព័ត៌មាន (ICFJ) ផ្តល់រង្វាន់ដែលទទួលស្គាល់ថា ជាអ្នកកាសែតឆ្នើមក្នុងការងារសម្រាប់ឆ្នាំ២០១១នេះ។ រង្វាន់ដែលមានឈ្មោះថា អ្នកកាសែតឆ្នើមថ្នាក់អន្តរជាតិសម្រាប់ឆ្នាំ២០១១ ឬ2011 Knight International Journalism Award ត្រូវបានផ្តល់ដើម្បីជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់លោកថេត សម្បត្តិក្នុងការផលិតខ្សែភាពយន្តឯកសាររឿង«សត្រូវរបស់ប្រជាជន» ដែលជាខ្សែភាពយន្តរៀបរាប់ពីក្បាលម៉ាស៊ីនកាប់សម្លាប់ក្នុងរបបខ្មែរក្រហម និងមានបទសម្ភាសន៍ដ៏កម្រជាមួយនួន ជា មេមនោគមវិជ្ជាខ្មែរក្រហម។ ថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកនៅឯពិធីប្រគល់រង្វាន់នៅឯអគាររ៉ូណាល់រីហ្កេននិងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីយប់ថ្ងៃអង្គារ លោកថេត សម្បត្តិបានបញ្ជាក់ថា៖ «ខ្ញុំមានចិត្តសប្បាយរីករាយ ក្រោយពីបានទទួលរង្វាន់នេះពី International Center for Journalists (មជ្ឈមណ្ឌលអន្តរជាតិសម្រាប់អ្នកសារព័ត៌មាន) ព្រោះនេះជាកិត្តិយសមួយសម្រាប់ខ្ញុំដែលបានទទួលរង្វាន់នេះ ហើយក្នុងរង្វាន់នេះ យើងមានតែគ្នាបីនាក់ទេ ពីកម្ពុជាគឺមានខ្ញុំម្នាក់និងពីខាងម៉ិកស៊ិកូគឺមានពីរនាក់»។ ក្រោយពីបានចេញផ្សាយជាលើកដំបូងកាលពីឆ្នាំ២០១០ក្នុងមហោស្រពភាពយន្តក្រុងសាន់ដានក្នុងរដ្ឋយូតា និងទទួលបានពានរង្វាន់ World Cinema Special Jury Prize for Documentary ភាពយន្តឯកសារនេះបន្តទទួលបានជោគជ័យជាបន្តបន្ទាប់ ដោយទទួលបានរង្វាន់សិទ្ធិមនុស្សរបស់អង្គការ Human Rights Watch ហើយក៏ជាប់បានជាជម្រើសចុងក្រោយក្នុងការប្រកួតពានរង្វាន់អូស្កាជាដើម។ លោករ៉ប់ លឹមគិន សហផលិតករជាតិអង់គ្លេសដែលមានវត្តមាននៅក្នុងពិធីប្រគល់រង្វាន់នោះដែរបានបញ្ជាក់ថា៖ «គាត់សមនឹងទទួលបានរង្វាន់នេះណាស់។ នេះគឺជាកិត្តិយសដ៏សម្បើមណាស់ដែលគេប្រគល់រង្វាន់នេះដល់គាត់។ នេះគឺជាការទទួលស្គាល់យ៉ាងពិតប្រាកដដល់ការងារសារព័ត៌មាន ការស្រាវជ្រាវ និងការស៊ើបអង្កេតដ៏អស្ចារ្យរយៈពេល១០ឆ្នាំរបស់គាត់។ វាជាការអស្ចារ្យណាស់ដែលគាត់ទទួលបានរង្វាន់នេះ នៅយប់នេះ ហើយបានឃើញទស្សនិកជនទះដៃអបអរសាទរគាត់។ នេះជាការគោរពដល់ការងាររបស់គាត់ ក្រោយពីរយៈពេលជាច្រើនឆ្នាំដែលគាត់ធ្វើការដោយខ្លួនឯង ហើយតស៊ូដោយមិនដឹងថា តើគាត់អាចបញ្ចប់ភារៈកិច្ចនោះឬទេ»។ ជ័យលាភីពីរនាក់ទៀតដែលទទួលរង្វាន់ដូចលោកថេត សម្បត្តិដែរគឺនាង Rocío Idalia Gallegos Rodríguez និងនាង Sandra Rodríguez Nieto ជាអ្នកកាសែតបែបស៊ើបអង្កេតមកពីប្រទេស Mexico ដែលរាយការណ៍ជាច្រើនអំពីសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់។ សម្រាប់ឆ្នាំនេះក៏មានរង្វាន់បន្ថែមដល់លោកស្រី គ្រីស្ទីណា អាម៉ាន់ព័រ អតីតអ្នកសារព័ត៌មានរបស់ទូរទស្សន៍ស៊ីអឹនអឹន ហើយពេលឥឡូវនេះកំពុងបម្រើការនៅទូរទស្សន៍ ABC។ លោកស្រីអាម៉ាន់ព័រទទួលបានពានរង្វាន់ចំពោះឧត្តមភាពក្នុងវិស័យសារព័ត៌មាន។ លោកស្រី Joyce Barnathan ប្រធានមជ្ឈមណ្ឌលអន្តរជាតិសម្រាប់អ្នកសារព័ត៌មាន បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «អ្នកកាសែតដ៏ឆ្នើមទាំងនេះហ៊ានប្រាប់រឿងរ៉ាវដែលមានមនុស្សតែពីរបីនាក់ទេដែលមានសេចក្តីក្លាហានយកមកនិយាយ ហើយពួកគេយើងមានការយល់ដឹងដ៏មានសារៈសំខាន់អំពីរឿងរ៉ាវខ្លោចផ្សាដែលពលរដ្ឋជួបប្រទះនៅម៉ិកស៊ិកកូនិងកម្ពុជា»។ អ្នកដែលដាក់បេក្ខភាពអ្នកកាសែតដើម្បីទទួលការតែងតាំងនេះគឺជាអ្នកកាសែតដែលមានបទពិសោធន៍ជាយូរឆ្នាំ និងអ្នកដែលទទួលបានការឧបត្ថម្ភពីមជ្ឈមណ្ឌលអន្តរជាតិសម្រាប់អ្នកកាសែត។ លោកថេត សម្បត្តិបានផ្តែផ្តាំដល់អ្នកកាសែតកម្ពុជាដទៃទៀតថា៖ «ការស្រាវជ្រាវរបស់ខ្ញុំគ្រាន់តែមួយផ្នែកតូចទេអំពីរបបខ្មែរក្រហម ដូច្នេះនៅច្រើនណាស់។ អញ្ចឹងប្រសិនបើជាអ្នកកាសែតខ្មែរយើងជួយចុះស្រាវជ្រាវអំពីរបបខ្មែរក្រហមគឺនៅសល់ច្រើនណាស់។ អញ្ចឹងអាចធ្វើឱ្យរឿងពិតភាគច្រើនក្នុងរបបខ្មែរក្រហមកាន់តែបង្ហាញឡើង ព្រោះខ្ញុំធ្វើនេះគ្រាន់តែផ្នែកតូចមួយទេ មិនបានទូទាំងប្រទេសទេ។ ដូច្នេះនៅសល់ច្រើនណាស់។ ប្រសិនបើមានឱកាស សូមឱ្យបងប្អូនជាអ្នកកាសែតបន្តស្រាវជ្រាវទៅទៀត។ វាជាឱកាសមួយ បើយើងរង់ចាំដល់៣០ឆ្នាំទៀតគឺចប់ហើយ។ ម្ភៃ សាមសិបឆ្នាំទៀតគឺប្រវត្តិសាស្រ្តខ្មែរក្រហម អ្នកដែលដឹងរឿងពិតអ្នកដែលជាប់ទាក់ទិនហ្នឹង គឺចប់អស់ហើយ យើងអត់មានឱកាសទៀតទេ។ ដូច្នេះនេះជាឱកាសសម្រាប់យើងគ្រប់ៗគ្នា»។ ក្រៅពីការផ្តល់រង្វាន់ប្រចាំឆ្នាំដល់អ្នកកាសែតឆ្នើមៗដូចនេះ មជ្ឈមណ្ឌលអន្តរជាតិសម្រាប់អ្នកកាសែតក៏មានកម្មវិធីជាច្រើនទៀត មានដូចជាពលរដ្ឋសារព័ត៌មាន ការបណ្តុះបណ្តាលអ្នកសារព័ត៌មាន ការធ្វើសេចក្តីរាយការណ៍ព័ត៌មានបែបស៊ើបអង្កេត និងការគ្រប់គ្រងបណ្តាញព័ត៌មានដែលមានគោលដៅធ្វើឱ្យប្រសើរឡើងដល់វិស័យសារព័ត៌មាននិងសង្គមជាដើម៕ This posting includes an audio/video/photo media file: Download Now |
Posted: 02 Nov 2011 12:45 PM PDT សហព្រះរាជអាជ្ញានៃសាលាក្តីកាត់ទោសខ្មែរក្រហមរំពឹងថាការចាប់ផ្តើមកាត់ទោសពួកអតីតមេដឹកនាំ របបវាលពិឃាតចំណាស់ៗក្នុងសំណុំរឿង០០២ ដ៏ឆាប់ខាងមុខនិងការបន្តស៊ើបអង្កេតសំណុំរឿងបន្ថែម០០៣/០០៤ អាចធ្វើឲ្យស្ថានភាពស្មុគស្មាញរបស់តុលាការនឹងត្រូវថមថយហើយគេចផុតពីអ្វីដែលលោកព្រមានថា អាចនឹងបង្កើតស្ថានភាព «ស្មុគស្មាញដ៏ធំ»។ នេះបើតាមការអះអាងរបស់លោកសហព្រះរាជអាជ្ញា អាន់ឌ្រូ ខេយលី (Andrew Cayley) ដែលការិយាល័យរបស់លោកបានចោទប្រកាន់ជនជាប់ចោទនិងជនសង្ស័យសរុប១០នាក់មកដល់ពេលនេះ។ «ខ្ញុំអាចនិយាយបានថាខ្ញុំគិតថាការចាប់ផ្តើមសំណុំរឿង០០២ នឹងជាបញ្ហាមួយដែលធ្វើឲ្យគ្រប់គ្នារវល់។ នេះជាសំណុំរឿងដែលតម្រូវឲ្យដំណើការទៅមុខ។ ហើយខ្ញុំសង្ឃឹមថារឿងនេះនឹងបំបាត់ស្ថានភាពមិនល្អខ្លះដែលវិលវល់ក្នុងតុលាការចំពោះសំណុំរឿង០០៣/០០៤។ ក៏ប៉ុន្តែខ្ញុំនៅតែរក្សានូវអ្វីដែលខ្ញុំបាននិយាយរៀងមកគឺថាសំណុំរឿង០០៣/០០៤ ចាំបាច់ត្រូវមានបែបផែនខ្លះនៃការសន្និដ្ឋានប្រកបដោយគតិយុត្តិ។ គេត្រូវការធ្វើតាមច្បាប់ ដើរតាមច្បាប់។ ហើយនីតិវិធីតម្រូវឲ្យធ្វើតាម បើមិនដូច្នោះទេរឿងនេះនឹងបង្កើតភាព«ស្មុគស្មាញដ៏ធំ» ដែលគ្មាននរណាម្នាក់នៅខាងជាតិនិងអន្តរជាតិ ចង់បានទេ»។ សំណុំរឿង០០២ មានអតីតមេដឹកនាំខ្មែរក្រហម៤នាក់ ជាប់ពាក់ព័ន្ធនឹងបទចោទប្រកាន់រឿងឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលធ្វើឲ្យពលរដ្ឋខ្មែរជិត២លាននាក់ស្លាប់។ សំណុំរឿងនេះត្រូវគេរំពឹងថានឹងកាត់ទោសជនចាប់ចោទទាំងនេះ នៅចុងខែវិច្ឆិកា។ ជនជាប់ចោទទាំងបួនរូបដែលចាស់ជរា មាននួន ជា បងធំទី២ អៀង សារី រដ្ឋមន្ត្រីការបរទេស ខៀវ សំផន ប្រមុខរដ្ឋ និង អៀងធីរិទ្ធ រដ្ឋមន្ត្រីសង្គមកិច្ចនឹងត្រូវតតាំងជាមួយចុងចោទនិងរកអំណះអំណាងដោះបន្ទុក ឬជំទាស់នឹងការចោទប្រកាន់របស់សហព្រះរាជអាជ្ញា។ លោក Andrew Cayley បានសម្តែងឲ្យឃើញពីសុទិដ្ឋិនិយមថាលោកមានភស្តុតាង ឯកសារដើម្បី ដាក់បន្ទុកជនជាប់ចោទទាំង៤រូបក្នុងសំណុំរឿង០០២ ជាច្រើន។ «ខ្ញុំមិនអាចនិយាយថាជាចន្លោះដ៏ធំទេ។ ខ្ញុំមានន័យថាសំណុំរឿងនេះមានទម្ងន់ណាស់ដើម្បីតតាំង ជាមួយជនជាប់ចោទទាំងនេះពីព្រោះតែទំហ៊ុំនៃបទឧក្រិដ្ឋដែលគេប្រព្រឹត្ត។ មានភស្តុតាងជាខ្សែភាព យន្តដែលភ្ជាប់ពួកគេនឹងបទឧក្រិដ្ឋនៅនឹងកន្លែង រួមទាំងការបោះពុម្ភផ្សាយជាច្រើននៃរបបខ្មែរក្រហមផង ហើយរួមទាំងភស្តុតាងជាឯកសារដែលគេបានឃើញផង។ លោកដឹងទេ យើងបាន និយាយសំអាងលើមជ្ឈមណ្ឌលឯកសារកម្ពុជា។ ខ្ញុំមានន័យថាមជ្ឈមណ្ឌល នេះមាន ឯកសារជិត ៥ម៉ឺនកើតចេញពីអំឡុងពេលនោះដែលបង្កើតជាភស្តុតាងពាក់ព័ន្ធដែលយើងកំពុងនិយាយ។ ជាអវសាន រឿងនេះសម្រេចលើចៅក្រមក្នុងការសម្រេចថាតើបុគ្គលទាំងបីនេះមានជាប់ទាក់ទងនឹង បទឧក្រិដ្ឋឬទេ។ គេគ្មានទោសរហូតទាល់តែមានភស្តុតាងដាក់ទោស។ ក្រុមរដ្ឋអាជ្ញាយើងហៅថាភស្តុតាងដាក់បន្ទុក។ យើងត្រូវតែផ្តល់ភស្តុតាងអំពីបទឧក្រិដ្ឋ និងការជាប់ពាក់ព័ន្ធរបស់ពួកគេ ដល់ពួកគេដោយមានភស្តុតាងជាក់ច្បាស់។ក៏ប៉ុន្តែ ខ្ញុំមានក្តីសង្ឃឹមថាយើងនឹងផ្តល់ភស្តុតាងបញ្ជាក់បានពីសំណុំរឿងយើងនៅក្នុងពេលសវនាការ»។ លោក Andrew Cayley ថ្លែងដូច្នេះកាលពីថ្ងៃទី២៦ ខែតុលាប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកក្នុងបទសម្ភាសជាពិសេសមួយនៅក្រោយពេលលោកបានថ្លែងអំពីដំណើរការកាត់ទោសខ្មែរក្រហមពីបទឧក្រិដ្ឋកម្មដ៏ឃោរឃៅក្រោយរយៈពេល៣០ឆ្នាំ ប្រាប់ក្រុមនិស្សិតនិងសាស្ត្រាចារ្យអាមេរិកាំងក្នុងសាកលវិទ្យាល័យ Rutgers រដ្ឋ New Jersey។ សាលាក្តីកាត់ទោសខ្មែរក្រហមទទួលរងការរិះគន់ខ្លាំងៗពីក្រុមអ្នកឃ្លាំមើលចំពោះឯករាជ្យភាព ការជ្រៀតជ្រែកផ្នែកនយោបាយពីរដ្ឋាភិបាល ដែលនាំឲ្យមានការលាឈប់ពីមុខតំណែងរបស់មន្ត្រីតុលាការនិងចៅក្រមដែលថាពួកគេមិនអាចបំពេញកិច្ចការបាន។ ការលាឈប់នេះនិងបញ្ហានានារបស់តុលាការបានបង្កឲ្យមានដំណើរទស្សនកិច្ចរបស់លោកស្រីអគ្គលេខាធិការរងអ.ស.ប Particia O' Brien ទៅកាន់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ដើម្បីជួបជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាស្មុគស្មាញរឿងលូកដៃចូលក្នុងកិច្ចការតុលាការ។ នៅក្នុងសេចក្តីថ្លែងការណ៍ពេលបញ្ចប់ទស្សនកិច្ចកាលពីសប្តាហ៍ទី៣ខែតុលា លោកស្រី O' Brien បានទទូចដល់រដ្ឋាភិបាលកុំឲ្យលូកដៃចូលក្នុងប្រព័ន្ធតុលាការខ្មែរក្រហម ហើយបញ្ឈប់ធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីសំណុំរឿង០០៣និង០០៤។ ក៏ប៉ុន្តែមិនបានបញ្ជាក់ពីការណ៍ដែលមានការទាមទារសុំឲ្យមានការស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងការិយាល័យសហចៅក្រមស៊ើបអង្កេតដែលអ្នកឃ្លាំមើលបានចាត់ទុកថាមានភាពមិនប្រក្រតី មិនបានស៊ើបអង្កេតសំណុំរឿងបន្ថែមនោះទេ។ សហចៅក្រមស៊ើបអង្កេត Siegfried Blunk ដែលដាក់ពាក្យសុំលាឈប់ពីការងារនោះបានការពារខ្លួនលោកដោយហេតុផលថាមានការជ្រៀតជ្រែកផ្នែកនយោបាយដែលលោកមិនអាចបំពេញកិច្ចការរបស់លោកបាន។ ការលាឈប់ចំពេលមានភាពមិនប្រក្រតីនានា រួមទាំងការខកខានមិនបានស៊ើបអង្កេតសំណុំរឿងបន្ថែម ០០៣/០០៤នេះ អាចនាំឲ្យមេធាវីការពាក្តីជនជាប់ចោទយកធ្វើជាសំអាងដ៏ធំថាការស៊ើបអង្កេតសំណុំរឿង០០២ និងភស្តុតាងមិនអាចយកជាការបានហើយក៏មិនអាចកាត់ក្តីលើកូនក្តីរបស់ពួកគេឲ្យបានយុត្តិធម៌តាមស្តង់ដាអន្តរជាតិផងដែរ។ ពួកគេក៏មានការតវ៉ាលើបញ្ហាជាច្រើនផ្សេងៗទៀតផងដែរ។ ទោះជាយ៉ាងណាក៏ដោយការលាឈប់របស់សហចៅក្រមស៊ើបអង្កេត Siegfried Blunk ដោយសារការបំភ្លឺថាមានការជ្រៀតជ្រែកផ្នែកនយោបាយពីរដ្ឋាភិបាល កម្ពុជានិងបញ្ហាមិនដំណើរការសំណុំរឿងបន្ថែម០០៣/០០៤និងការប្រទាញប្រទង់គ្នាជាច្រើននាំឲ្យមានការខកចិត្តពីក្រុមអ្នកឃ្លាំមើលមួយចំនួននៅសរអា។ សំណុំរឿង០០៣/០០៤ដែលមានអតីតមេដឹកនាំខ្មែរក្រហម៥នាក់បន្ថែមទៀតជាឧទាហរណ៍មួយ។ សហព្រះរាជអាជ្ញាអន្តរជាតិបានដាក់ដីកាសន្និដ្ឋានឬ ការចោទប្រកាន់របស់ខ្លួនទៅកាន់ការិយាល័យសហចៅក្រមស៊ើបអង្កេតកាលពីឆ្នាំ២០០៨ដើម្បីឲ្យមានការចាប់ខ្លួនជនសង្ស័យមកឃុំដើម្បីបន្តការស៊ើបអង្កេត។ តែសហចៅក្រមស៊ើបអង្កេតពុំបានធ្វើនោះទេរហូតទាល់ការប្រកាសលាឈប់របស់លោកសហចៅក្រមស៊ើប ប៊្លុង ដោយបន្សល់ពាក្យធ្វើកិច្ចការមិនបានដោយសារការជ្រៀតជ្រែកផ្នែកនយោបាយ។ លោក អាឡិច ហ៊ិនតុន (Alex Hinton) សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Rutgers និងជានាយកមជ្ឈមណ្ឌលសិក្សាអំពីប្រល័យពូជសាសន៍និងការដោះស្រាយទំនាស់និងសិទ្ធិមនុស្ស។ លោកជាអ្នករៀបចំសន្និសីទរវាងលោក Andrew Cayley និងនិស្សិត។ លោក Hinton បានសម្តែងការខកចិត្តចំពោះបញ្ហាប្រទាញប្រទង់គ្នាដែលកើត ឡើងក្នុងសាលាក្តីកាត់ទោសខ្មែរក្រហមជាពិសេសក្នុងដំណាក់កាលដែលសំណុំរឿង០០២កំពុងតែហៀបដំណើរការហើយការមិនត្រូវគ្នារឿងចាប់ឃុំជនសង្ស័យសំណុំរឿងបន្ថែមគឺសំណុំរឿង០០៣និង០០៤។លោកថ្លែងថាបញ្ហាក្នុងតុលាការជាច្រើននេះកើតឡើងជាយូរដែរហើយភាគីកម្ពុជានិងអ.ស.បគួរដោះស្រាយមុនពេលបញ្ហាទាំងនេះធ្លាក់ចូលទៅក្នុងសភាពទ្រេតទ្រោតធ្ងន់ធ្ងរ។ «ខ្ញុំមានអារម្មណ៍ខកចិត្តណាស់ ហើយខ្ញុំសង្ឃឹមថាអ្នកធ្វើការនៅតុលាការ មន្ត្រី មកពីរដ្ឋាភិបាល នឹងប្តូរផ្តាច់រឿងនេះ។ ខ្ញុំសង្ឃឹមថាគ្រប់គ្នានឹងរួមគ្នាព្រមព្រៀងគ្នាយោគយល់គ្នាថាបញ្ហានានាត្រូវតែដំណើរការតាមបទដ្ឋានអន្តរជាតិ។ តែដំណាក់កាលខ្លះ គេត្រូវតែនិយាយថា ការកាត់ទោសប៉ុន្មានដែលត្រូវធ្វើ។ ខ្ញុំគិតថាគ្រប់គ្នាត្រូវតែមូលមាត់គ្នា សម្រេចដូច្នោះ បន្ទាប់មកត្រូវធ្វើឲ្យការស៊ើបអង្កេតកើតឡើង ហើយចាំមើលថាតើបញ្ហានឹងដំណើរការទៅយ៉ាងណា»។ លោក Hinton បានអះអាងថាលទ្ធផលដែលកើតចេញពីរឿងរ៉ាវដែលពាក់ព័ន្ធទាំងនេះ គឺការធ្វើឲ្យគេយល់ដឹងច្បាស់អំពីរឿងរ៉ាវដែលកើតឡើងក្នុងតុលាការខ្មែរក្រហមព្រោះនេះជាបញ្ហាដ៏សំខាន់។ «គេត្រូវមានការសម្រេចចិត្តមួយដែលថាតើពេលណាតុលាការនេះត្រូវបញ្ចប់? ហើយថាតើគេត្រូវដំណើរការយ៉ាងម៉េចដើម្បីឲ្យសំណុំរឿង០០២មានប្រសិទ្ធភាព ហើយការស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤ ដំណើរការទៅមុខបានបើទោះ បី ជាគេមិនអាចកាត់ក្តីដោយតុលាការនេះបានមែនតែគេអាចថាតុលាការក្នុង ស្រុកអាចធ្វើកិច្ចការទាំងនេះបាន។ នេះជាដំណើរការច្បាប់ដែលខ្ញុំ គិតថាវាមាន សារៈសំខាន់បំផុតសម្រាប់ជាគតិយុត្តិរបស់តុលាការ និងកេរ្តិ៍តំណែល តុលាការ»។ ថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសាក្នុងឋានៈផ្ទាល់ខ្លួនរបស់លោកហើយមិនឆ្លុះបញ្ចាំង ពីទស្សនៈរដ្ឋាភិបាលអាមេរិកាំងលោក អ៊ា សុផល សាស្រ្តាចារ្យសាលាបណ្ឌិត សភាកងទ័ពជើងទឹកសរអាដែលមានដើមកំណើតខ្មែរបានដាក់ពាក្យប្តឹងតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី តទល់នឹងជនជាប់ចោទដើម្បីរកយុត្តិធម៌ដល់ឪពុក បងប្អូនលោកដែលត្រូវខ្មែរក្រហមសម្លាប់ក្នុងទសវត្សរ៍១៩៧០។ លោកថ្លែងថាអ្វីដែលលោកចង់បានពីតុលាការគឺ «ការពិត»ដែលបានកើតឡើង ហើយត្រូវកាត់ទោសរកយុត្តិធម៌ត្រឹមត្រូវចំពោះជនប្រព្រឹត្តឧក្រិដ្ឋកម្មដែលលោកចាត់ទុកថាប្រពៃណីមួយគួរត្រូវកើតមាននៅកម្ពុជា។ «ពីព្រោះចុងក្រោយបំផុត ប្រសិនបើគេសម្លាប់មនុស្ស១លាន៧សែននាក់ហើយ មិនបានទទួលទោស នោះគេអាចសម្លាប់មនុស្ស២ពាន់នាក់ហើយជម្លៀសប្រជាជនចេញពីតំបន់បឹងកក់ ធ្វើអ្វីៗដែលគេចង់ធ្វើដោយគ្មានការភ័យខ្លាចថាមាន នរណាមួយតាមចាប់ខ្លួនគេ»។ លោកសុផលបានបង្ហាញពីការមិនសប្បាយចិត្ត ចំពោះតុលាការកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអសប ជាពិសេសបញ្ហាទាក់ទងនឹងរឿងកាត់ប្រាក់ខែបុគ្គលិក សូកប៉ាន់មន្ត្រីកម្ពុជា បញ្ហានយោបាយចូលពាក់ព័ន្ធក្នុងតុលាការ ការដាក់មន្ត្រីមិនត្រឹមត្រូវខ្លះក្នុងសាលាក្តី ដែលបញ្ហាទាំងនោះជាអ្វីលោក សុផលចាត់ទុកថាជាការប៉ះពាល់ដល់មុខមាត់តុលាការ។ «ការប៉ះពាល់ជានិច្ចកាលគឺកេរ្តិ៍ឈ្មោះតុលាការ។ តើគេធ្វើប្រាកដប្រជាទេអំពីយុត្តិធម៌? ឬមួយជាសាមញ្ញគេដំណើរការតាមអ្វីជាសកម្មភាពដ៏ងាយស្រួលហើយចំណាយលុយ១៥លានឬ២០០លានដុល្លារជាការបរិច្ចាករបស់ពិភពលោក ក្នុងរឿងរកយុត្តិធម៌នេះ។ នេះជាអ្វីដែលខ្ញុំមិនអាចទទួលយកបាន»។ លោក សុផលបានសរសើរដល់កិច្ចការរបស់លោក Andrew Cayley សហព្រះរាជអាជ្ញាសាលាក្តីកាត់ទោសខ្មែរក្រហម និងបានបញ្ជាក់ស្រដៀងគ្នាទៅនឹងប្រសាសន៍លោក Cayley ដែរ ដែលជំរុញតាមច្បាប់ឲ្យសំណុំរឿង០០៣និង០០៤ ដំណើការទៅមុខ ហើយបន្ថយបញ្ហាចោទប្រកាន់នានាក្នុងតុលាការ ស្តារជំនឿទុកចិត្តជាដើម។ លោក អ៊ា សុផល បានបញ្ជាក់ថាអ្វីៗគឺស្រេចលើដំណើរការសំណុំរឿង០០៣និង០០៤។ ប្រសិនបើគេមិនដំណើរការពេលនោះ គ្រប់គ្នានឹងមានការសង្ស័យថាគេមិនដំណើរការតាមច្បាប់តែធ្វើតាមហេតុផលនយោបាយ។ «សកម្មភាពនៃសាលាក្តីខ្មែរក្រហមត្រូវតែធ្វើតាមមូលដ្ឋានច្បាប់ មិនត្រូវធ្វើតាម មូលដ្ឋាននយោបាយទេ។ បច្ចុប្បន្ននេះរឿងនេះរំលេចឲ្យឃើញពីការធ្វើតាមមូលដ្ឋាននយោបាយ»។ លោក សុផលបានថ្លែងយ៉ាងដូច្នេះប្រាប់វីអូអេក្រោយពេលដែលលោកបានចូលរួមធ្វើបទបង្ហាញពីបញ្ហាខ្មែរក្រហមប្រាប់ក្រុមនិស្សិត សាស្ត្រាចារ្យនៅមហាវិទ្យាល័យ Bard College ក្នុងរដ្ឋ New York កាលពីសប្តាហ៍មុន។ លោក Peter Maguire អ្នកគ្រប់គ្រងម្នាក់នៃមហាវិទ្យាល័យ Bard College បាន ស្តីបន្ទោសអ.ស.បចំពោះភាពយឺតយ៉ាវក្នុងការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។ «ខ្ញុំរន្ធត់ពីដំណើរការយឺតយ៉ាវដែលគេបានធ្វើ ជាពិសេសគឺគេដឹងហើយ ពីការដែលគេមានពេលវេលាតិចតួច ធនធានតិចតួច និងឆន្ទៈនយោបាយតិចតួច។ អារម្មណ៍របស់ខ្ញុំរំពឹងថាគេជំរុញយ៉ាងលឿននិងយ៉ាងខ្លាំងដើម្បីបញ្ចប់ការកាត់ទោសមេដឹកនាំជាន់ខ្ពស់ តែគេមិនបានធ្វើទេ»។ លោក Maguire បានបន្តទៀតថាអសបគួរត្រូវបញ្ចប់សំណុំរឿង០០២ឲ្យបានឆាប់មិនគួរធ្វើឲ្យរឿងដ៏ល្អឥតខ្ចោះក្លាយជាសត្រូវនឹងរឿងល្អទេ។ លោកថ្លែងយ៉ាងដូច្នេះដោយយោងថាមិនគួរព្រោះតែការទាមទារសំណុំរឿង០០៣និង០០៤ធ្វើឲ្យខូចខាតដំណើរការទាំងស្រុងទេ។ លោក Maguire បានអះអាងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបញ្ជាក់ច្បាស់ហើយៗក៏មិនដែលកែប្រែជំហរដែរថាគ្មានសំណុំរឿង០០៣និង០០៤។ «អសបគ្មានជម្រើសផ្សេងណាក្រៅពីទទួលយកអ្វីដែលបានចាប់ផ្តើមទេនិងអ្វីដែលគេគួរនឹងធ្វើទេ។ ដូចខ្ញុំបាននិយាយ ខ្ញុំគឺជាមនុស្សទីមួយដែលសរសើរអសប។ ប្រសិនបើអសបបានជោគជ័យក្នុងការកាត់ទោសពួកមេដឹកនាំខ្មែរក្រហមដែលពួកគេកំពុងរស់នៅ។ ខ្ញុំសង្ឃឹមថាអសបអាចធ្វើបាន។ ដូចខ្ញុំ និយាយខ្ញុំមានការគោរពខ្លាំងណាស់ចំពោះអ្នកធ្វើការក្នុងតុលាការ។ ខ្ញុំដឹងពីការងារលំបាករបស់គេ។ ខ្ញុំមិនយល់ស្របជាមួយពួកគេទាំងស្រុងមែនតែគេត្រូវការបញ្ចប់សំណុំរឿង០០២ទោះជាមានរឿងអ្វីកើតឡើងក្តី។ ប្រសិនបើអសបបញ្ចប់សំណុំរឿង០០២ គេអាចហៅថាជារឿងជោគជ័យ និងមោទនភាព។ តែប្រសិនបើគេមិនបញ្ចប់ សំណុំរឿង០០២ទេ ហើយរអ៊ូរទាំ អំពីសំណុំរឿង០០៣និង០០៤ រឿងនេះបរាជ័យទាំងស្រុង ហើយពួកគេនឹងវេចបង្វេចគេទៅកាន់ទីក្រុងហ្ស៊ឺណែវឬ New York ឬកន្លែងណាដែលពួកគេមក»។ ទោះជាយ៉ាងណាក៏ដោយ លោក Adrew Cayley បានថ្លែងពីសមិទ្ធិផលជាច្រើន ដែលតុលាការបានធ្វើរួមទាំងការរកយុត្តិធម៌ជូនជនរងគ្រោះតាមរយៈការកាត់ទោសកាំង ហ្កេកអ៊ាវ ហៅឌុច ដោយមានការផ្សព្វផ្សាយដល់ពលរដ្ឋនិងការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងដំណើរការកាត់ទោស៕ This posting includes an audio/video/photo media file: Download Now |
សហផលិតកររឿង «សត្រូវរបស់ប្រជាជន»ផ្សព្វផ្សាយលក់ DVD រឿងនេះ និងផ្សព្វផ្សាយរឿងទីពីរ Posted: 02 Nov 2011 01:34 PM PDT កាលពីថ្ងៃអាទិត្យ សហផលិតករខ្សែភាពយន្ត «សត្រូវរបស់ប្រជាជន» បានឆ្លៀតឱកាសយកខ្សែភាពយន្តនេះមកបញ្ចាំងនៅវត្តពុទ្ធិការាម នៅទីក្រុង Silver Spring រដ្ឋ Maryland ពេលលោកថត សម្បត្តិត្រូវមករដ្ឋធានីវ៉ាស៊ីនតោនមួយសប្តាហ៍ ដើម្បីទទួលរង្វាន់ពី International Center for Journalism គឺមជ្ឍមណ្ឌលអ្នកសារព័ត៌មាន។ លោកមកទទួលរង្វាន់នេះជាមួយអ្នកយកព័ត៌មានឆ្នើមៗផ្សេងៗទៀតក្នុងពិភពលោកដែលបានទទួលរង្វាន់ប្រចាំឆ្នាំនេះដែរ។ ឈុតខ្លះធ្វើឲ្យអ្នកទស្សនាតក់ស្លុតរន្ធត់ ហើយឈុតដដែលនេះក៏បានធ្វើឲ្យអ្នកផ្សេងទៀតផ្ទុះសំណើចដែរ ព្រោះថា ក្នុងខ្សែភាពយន្តនេះ អ្នកធ្វើត្រាប់ជាជនរងគ្រោះនៃអំពើឃាតកម្ម បានបង្ហាញការញើតញញើម ហើយប្រយ័ត្នប្រយែង។ ក្រោយការបញ្ចាំងខ្សែភាពយន្តនេះ លោកទាំងពីរបានអនុញ្ញាតឲ្យអ្នកទស្សនាជិត៥០នាក់សួរអំពីខ្សែភាពយន្តនេះ និងអំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដែលគេបានឮតែគ្មានការបកស្រាយកន្លងមក។ លោកថេត សម្បត្តិសហផលិតករខ្សែភាពយន្ត«សត្រូវរបស់ប្រជាជន»បានប្រាប់ពីមូលហេតុដែលលោកសម្រេចយកខ្សែភាពយន្តនេះមកបញ្ចាំងជូនជនជាតិខ្មែរទស្សនា។ លោកបានឲ្យដឹងថា៖ «បញ្ចាំងនៅវត្តខ្មែរ ព្រោះវត្តគឺជាទីកន្លែងខ្មែរយើងមកជួបជុំ។ ហេតុដូច្នេះយើងសម្រេចយកវត្តហ្នឹងដើម្បីផ្សព្វផ្សាយដំណឹងដល់បងប្អូនខ្មែរយើង ព្រោះបងប្អូនខ្មែរយើងជាជនរងគ្រោះ។ តាមខ្ញុំដឹងបងប្អូនខ្មែរយើងទាំងអស់គ្នានៅមន្ទិលសង្ស័យ មិនទាន់បានយល់ច្បាស់ច្បាស់ថា ហេតុអ្វីបានមានការសម្លាប់រង្គាលពីឆ្នាំ១៩៧៥ដល់១៩៧៩នោះ»។ លោកRob Lemkin សហផលិតករខ្សែភាពយន្តនេះជាមួយនឹងលោកថេត សម្បត្តិបានពន្យល់ថា៖ «នេះជាលើកទីមួយហើយ ព្រោះកន្លងមកមិនដែលមានអ្នកណានិយាយប្រាប់រឿង បែបនេះ ហើយបានសារភាពពីមេដឹកនាំថ្នាក់កំពូល ដូចជានួន ជារហូត ដល់កម្មាភិបាលថ្នាក់ទាប ដូចជាឃួន និងសួន។ គេនិយាយដោយស្មោះត្រង់ និងបើកចំហអំពីការណ៍ពិត។ នេះជាប្រវត្តិសាស្ត្រ ដែលកំពុងកើតឡើង»។ អ្នកស្រីឈុន ឆោមម៉ាណា លេខាគណៈកម្មការវត្តពុទ្ធិការាម និយាយថា អ្នកស្រីមិនបានរងទុក្ខក្នុងរបបខ្មែរក្រហមទេ តែឪពុកម្តាយ បងប្អូនសរុប១៣នាក់បានស្លាប់ក្នុងរបបវាលពិឃាតនេះ។ អ្នកស្រីនិយាយថា៖ «នៅពេលដែលខ្ញុំមើលកុនដែលលោកថេត សម្បត្តិយកខ្សែភាពយន្ត«សត្រូវប្រជាជន»មកបញ្ចាំងនៅក្នុងទីវត្តពុទ្ធិការាមនេះ ខ្ញុំមានអារម្មណ៍រន្ធត់។ គេយកមនុស្សមកសម្តែងធ្វើជាសម្លាប់ចាក់ក ខ្ញុំរន្ធត់ខ្លាំង ហើយស្រមៃទៅដល់ពេលដែលប៉ុល ពត ឬក៏ក្រុមខ្មែរក្រហមសម្លាប់ប្រជាជនយើងរបៀបហ្នឹងគឺថា គួរឲ្យខ្លាច»។ ឧបាសកគង់ ហេងក៏បាត់បង់ឪពុកម្តាយនិងសាច់ញាតិមិនតិចដែរគឺ១២នាក់ ដោយការកាប់សម្លាប់ និងបង្អត់អាហារក្នុងរបបកម្ពុជាប្រជាធិបតេយ្យនេះ។ លោកមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងអ.ស.ប.បានសម្រេចថា កាត់ទោសតែអ្នកធំៗទេ ណា៎។ បើកាត់ទោសអ្នកតូចៗដូចពួកអម្បាញ់មិញដែលខ្ញុំឃើញនោះ ច្រើនណាស់ពួកហ្នឹងនោះ មិនតិចទេ។ ថ្វីបើខ្ញុំមានបងប្អូនឪពុកម្តាយឯងស្លាប់ ក៏ប៉ុន្តែខ្ញុំយល់ឃើញថា បើធ្វើតទៅទៀត វាកើតអសន្តិសុខទៀត។ ម្ល៉ោះហើយគឺថា បើចប់ត្រឹមហ្នឹងទៅក៏វាម៉្យាងដែរ»។ លោកថេត សម្បត្តិនិងលោក Rob Lemkin បានផ្សព្វផ្សាយលក់DVD«សត្រូវប្រជាជន»នេះដើម្បីប្រមូលថវិកាផលិតខ្សែភាពយន្តមួយទៀត ដែលនិយាយអំពីមូលហេតុនយោបាយ និងអ្នកនៅពីក្រោយការសម្លាប់ប្រជាជនខ្មែរក្នុងសម័យខ្មែរក្រហម។ ខ្សែភាពយន្ត «សត្រូវប្រជាជន» នេះគ្រាន់តែបង្ហាញអ្នកអនុវត្តការកាប់សម្លាប់ និងបទសម្ភាសន៍ជាមួយនួន ជា ដែលសារភាពថា មានការកាប់សម្លាប់មែន។ អ្នកចូលរួមភាគច្រើនចង់ជាវ DVD«សត្រូវប្រជាជន»នេះ ហើយក៏ទន្ទឹងរង់ចាំ DVDរឿងទី២ដែរ។អ្នកស្រីឈុន ឆោមម៉ាណានិយាយថា៖ «នៅក្នុងខ្សែភាពយន្តទីមួយគឺ«សត្រូវប្រជាជន»នេះ ខ្ញុំមើលទៅនៅមិនយល់។ គេមានបង្ហាញមនុស្សប្រុសម្នាក់ ស្រីម្នាក់ តែខ្ញុំនៅមិនទាន់ដឹងថា អ្នកណាជាអ្នកបញ្ជា និងបង្គាប់ឲ្យសម្លាប់ខ្មែរយើងទាំងអស់នោះទេ ចា៎។ នេះជារឿងអាថ៌កំបាំងដែលលោកនិយាយថា នឹងផ្សាយក្នុងខ្សែភាពយន្តទីពីរ ដែលគាត់នឹងធ្វើក្នុងពេលអនាគត ចា៎»។ ក្រោយពីបានទស្សនារឿង«សត្រូវប្រជាជន»នេះ អ្នកចូលរួមកាន់តែឆ្ងល់អំពីរឿងរ៉ាវក្នុងសម័យខ្មែរក្រហម និងមិនអស់ចិត្តថា តើមានរឿងអ្វី មាននយោបាយអ្វីនៅពីក្រោយអំពើប្រល័យពូជសាសន៍នេះ៕ This posting includes an audio/video/photo media file: Download Now |
ពលរដ្ឋធ្វើញត្តិសុំឲ្យក្រុងភ្នំពេញជាតំបន់គ្មានការបណ្តេញចេញ Posted: 02 Nov 2011 11:38 AM PDT ប្រជាពលរដ្ឋប្រមាណ១០០នាក់ដែលប្រឈមនឹងការបណ្តេញចេញ បានប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញនៅថ្ងៃពុធនេះ ដើម្បីដាក់ញត្តិទាមទារឱ្យរាជធានីភ្នំពេញជាតំបន់គ្មានការបណ្តេញចេញ ខណៈដែលតុលាការបានសាកសួរតំណាងអ្នកភូមិបឹងកក់ពីរនាក់អំពីបទចោទប្រកាន់រឿងបរិហារកេរ្តិ៍។ ប្រជាពលរដ្ឋទាំងនេះមកពីសហគមន៍បឹងឈូក ផ្លូវរថភ្លើង១០៤ និង១០៥ ក្នុងខណ្ឌឫស្សីកែវ សហគមន៍ទួលរ៉ាដាក្នុងខណ្ឌសែនសុខ អតីតសហគមន៍ដីក្រហមក្នុងខណ្ឌដូនពេញ សហគមន៍ស្ទឹងមានជ័យក្នុងខណ្ឌមានជ័យ អតីតសហគមន៍បឹងកក់ និងសហគមន៍បឹងកក់។ ញត្តិនេះ បានបញ្ជាក់ថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាបណ្តេញចេញចេះតែបន្តកើតមាន ដែលសហគមន៍នានានៅក្នុងទីក្រុងភ្នំពេញកំពុងតែប្រឈម»។ ញត្តិនេះបានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញច្រើនជាង១០ភាគរយត្រូវបានភៀសខ្លួនក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយសារតែតម្លៃដីធ្លីឡើងថ្លៃកប់ពពក ប្រជាពលរដ្ឋចំនួន១៥០.០០០នាក់គ្មានទីជម្រក ហើយក្នុងករណីខ្លះធ្វើឱ្យមានការឈឺផ្សាយ៉ាងខ្លាំង នៅពេលដែលបានឃើញលំនៅដ្ឋានរបស់ខ្លួន និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនត្រូវបានបំផ្លាញដោយគ្រឿងចក្រនោះ។ ញត្តិនេះបានអំពាវនាវដល់មេដឹកនាំឱ្យបញ្ចប់ការបណ្តេញចេញដែលមិនមែនជារូបភាពល្អ និងមិនមែនជាកិត្តិយស។ អ្នកស្រីទន់ ស្រីពៅ តំណាងសហគមន៍បឹងកក់ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន បន្ទាប់ពីការដាក់ញត្តិនៅសាលារាជធានីភ្នំពេញយ៉ាងដូច្នេះថា៖ «ញត្តិនេះ យើងមានគោលបំណងថាឱ្យបញ្ឈប់ការបណ្តេញប្រជាពលរដ្ឋចេញពីទីក្រុង ព្រោះថាប្រជាពលរដ្ឋទាំងអស់មានការលំបាកវេទនាណាស់ នៅពេលដែលចាកចេញពីទីក្រុង ឆ្ងាយពីមុខរបរ ឆ្ងាយពីកន្លែងធ្វើការ ឆ្ងាយពីសាលារៀនរបស់កូន។ ដូច្នេះ យើងធ្វើញត្តិនេះមួយ ដើម្បីឱ្យឯកឧត្តមអភិបាលសាលារាជធានីភ្នំពេញជួយអន្តរាគមន៍ និងបញ្ឈប់ការជន្លៀសប្រជាពលរដ្ឋចេញពីទីក្រុង»។ លោកលឹម សំបូរ អាយុ៥៧ឆ្នាំ អតីតអ្នកភូមិដីក្រហម បាននិយាយថា សាលាក្រុងគួរតែបញ្ឈប់ការបណ្តេញប្រជាពលរដ្ឋចេញពីទីក្រុងដែលបន្ថែមបន្ទុកនៃភាពក្រីក្រកាន់តែខ្លាំងឡើង ដូចជា រូបលោកត្រូវបានបណ្តេញឱ្យទៅនៅជាយទីក្រុងភ្នំពេញកាន់តែវេទនាខ្លាំងឡើង។ «ខ្ញុំដាក់ញត្តិនេះដើម្បីសហគមន៍ទាំងអស់សុំឱ្យសាលាក្រុងឱ្យប្រជាពលរដ្ឋអភិវឌ្ឍនៅនឹងកន្លែង និងឈប់បណ្តេញចេញ។ បើអាជ្ញាធរដេញប្រជាពលរដ្ឋហើយ ប្រជាពលរដ្ឋនៅតែវិលត្រឡប់មកទីក្រុងរកស៊ីដដែល ដេញទៅឱ្យប្រជាពលរដ្ឋក្រ និងមិនបានធ្វើឱ្យប្រជាពលរដ្ឋមានទេ»។ លោក សៀ ភារ៉ុម នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានថ្លែងថា រដ្ឋាភិបាលគួរតែពិចារណាលើញត្តិរបស់ប្រជាពលរដ្ឋដែលប្រឈមនឹងការបណ្តេញនេះ។ «ខ្ញុំគិតថា នេះគឺជាវិធីសាស្ត្រថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋ ឬ ការដាស់តឿនដល់រដ្ឋាភិបាលឱ្យពិចារណាផលប៉ះពាល់លើពួកគាត់។ អ្នកដែលរងគ្រោះដោយសារការបណ្តេញចេញនេះមានទុក្ខលំបាកច្រើនណាស់»។ លោក ចាន់ សាវ៉េត ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុក បានបញ្ជាក់ថារដ្ឋាភិបាលត្រូវតែបញ្ឈប់ការបណ្តេញចេញ ហើយរកវិធានការដ៏សមស្របមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ។ «ការដោះស្រាយដោយយុត្តិធម៌ គឺគួប្បីមិនមានការបណ្តេញចេញតទៅទៀតទេ។ ត្រូវតែមានឱកាសមួយសម្រាប់អ្នកក្រអាចមានសិទ្ធិរស់រាននៅទីក្រុងភ្នំពេញដូចគេដែរ»។ លោក កែវ កុសល មន្ត្រីរដ្ឋបាលសាលារាជធានីភ្នំពេញ បាននិយាយថាលោកទទួលយកញត្តិពីប្រជាពលរដ្ឋហើយ ដើម្បីយកទៅចាត់ការតាមនីតិវិធី៕ This posting includes an audio/video/photo media file: Download Now |
លោកហ៊ុន សែន ព្រមានការប្រដូចវាសនាលោកទៅនឹងកាដាហ្វ៊ី Posted: 02 Nov 2011 06:54 AM PDT នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន ដែលកាន់កាប់អំណាចយូរ បានព្រមាននៅថ្ងៃពុធនេះ មិនឲ្យមានការប្រៀបធៀបវាសនារបស់លោកទៅនឹងវាសនាមេដឹកនាំផ្ដាច់ការនៅប្រទេសលីប៊ី គឺលោក មូអាម៉ា កាដាហ្វ៊ី (Moammar Gadhafi)។ លោក កាដាហ្វ៊ី ដែលត្រូវបានសម្លាប់កាលពីថ្ងៃទី ២០ ខែតុលា កន្លងទៅដោយកំហឹងកងទ័ពតស៊ូ ដែលចាប់ខ្លួនរូបលោកបាន បន្ទាប់ពីមានអន្ដរាគមន៍របស់កងទ័ព ណាតូ ជាច្រើនខែ។ <!--IMAGE-RIGHT--> ម៉ូអាម៉ា កាដាហ្វ៊ី បានកាន់កាប់អំណាចផ្ដាច់ការក្នុងដៃយ៉ាងណែនអស់រយៈពេល ៤២ ឆ្នាំ មុននឹងលោកត្រូវបណ្ដេញចេញពីអំណាចដោយកម្លាំងប្រជាជនដែលងើបឡើងបះបោរតៗគ្នាក្នុងពិភពនៃបណ្ដាប្រទេសអារ៉ាប់។ លោក នាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីសម្ពោធការដ្ឋានសាងសង់ស្ពានជ្រោយចង្វារទីពីរក្នុងទីក្រុងភ្នំពេញ ដោយយោងទៅរកការរិះគន់ការកាន់អំណាចរយៈពេលយូររបស់លោក។ លោក ហ៊ុន សែន យល់ថា ការប្រៀបធៀបរូបលោកជាមួយនឹងវាសនារបស់ កាដាហ្វ៊ី គឺជាចេតនាចង់ឲ្យមានសង្រ្គាម។ «យកខ្ញុំទៅប្រៀបធៀបជាមួយ កាដាហ្វ៊ី! ពីព្រោះ កាដាហ្វ៊ី ស្លាប់ដោយសារគេវាយ(គេបាញ់) ដូច្នេះ លោកឯងចង់លោកឯងចង់វ៉ៃគ្នា? លោកឯងចង់វ៉ៃគ្នា អូខេ។ បើអ្នកឯងចង់សង្រ្គាម ខ្ញុំសុំជូនអាវុធ មួយឃ្លាំង។ កុំសង្ឃឹមថា ហ៊ុន សែន ឆាប់ងាប់»។ លោក ហ៊ុន សែន បានកាន់កាប់អំណាចអស់រយៈពេល២៦ឆ្នាំហើយ គិតមកទល់នឹងឆ្នាំ២០១១នេះ។ កាលពីថ្ងៃអាទិត្យទី ២៣ ខែតុលា ក្នុងពិធីរំលឹកខួបទី២០ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោក គង់ គាំ អនុប្រធានគណបក្ស សម រង្ស៊ី និងជាសមាជិកព្រឹទ្ធសភា បានថ្លែងដោយមិនបញ្ចេញចំឈ្មោះ ដោយសំដៅទៅលើការកាន់អំណាចយូររបស់មេដឹកនាំកម្ពុជា នឹងនាំឲ្យមានវាសនាដូចលោក កាដាហ្វ៊ី ដែរ។ លោក គង់ គាំ បានបដិសេធថា សេចក្ដីថ្លែងការណ៍របស់លោកជាចេតនាដែលនឹងនាំឲ្យមានសង្រ្គាមនោះ។ ប៉ុន្ដែលោកអះអាងថា ការកាន់អំណាចយូរដែលមិនសុចរិតនឹងនាំទៅរកទីបញ្ចប់។ «នៅកម្ពុជាបើមានមេដឹកនាំកាន់អំណាចយូរ ហើយធ្វើបាបប្រជារាស្ត្រ មុខជាមិនមានវាសនាយូរអង្វែង និងល្អទេ»។ លោកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យ មានប្រសាសន៍ថា ប្រតិកម្មរបស់លោកនាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែន នោះគឺជាប្រតិកម្មធម្មតាតបទៅនឹងការរិះគន់លើរូបលោក។ ប៉ុន្ដែលោកស្រីកត់សម្គាល់ ជាទូទៅថា នៅក្នុងប្រទេសផ្ដាច់ការ «មេដឹកនាំមិនចង់ឲ្យមានការរិះគន់លើខ្លួនទេ»៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិ៖ ០២ វិច្ឆិកា Posted: 01 Nov 2011 07:23 PM PDT ព័ត៌មានចុងក្រោយបំផុត៖ ហ្រ្គិក៖ គណ:រដ្ឋមន្ដ្រីហ្រ្គិកកំពុងតែគាំទ្រផែនការរបស់លោកនាយករដ្ឋមន្ដ្រី George Papandreouដើម្បីបោះប្រជាមតិស្ដីអំពីករណីសម្រាលប្រាក់បំណុលរបស់សហភាពអឺរ៉ុប។ តួកគី៖ អ្នកការទូតកំពុងតែធ្វើសន្និសីទមួយនៅប្រទេសតួកគីដែលនឹងផ្ដោតការយកចិត្ដទុកដាក់ទៅលើសន្ដិសុខនៅពេលអនាគតហើយនឹងការអភិវឌ្ឃន៍សេដ្ឋកិច្ចនៅប្រទេស Afghanistanនាពេលដែលកងកម្លាំងបរទេសរៀបចំចេញពីប្រទេសនេះត្រឹមឆ្នាំ២០១៤។ អ៊ីស្រាអែល / ប៉ាឡេស្ទីន ៖ ក្រុមមន្ដ្រីប៉ាឡេស្ទីននិយាយថា អស់លោករៀបចំដាក់ពាក្យសុំចូលជាសមាជិកក្នុងអសបដែលមានសមាជិក១៦ប្រទេស ក្រោយពីដែនដីនេះចូលនៅក្នុងទីភ្នាក់ងារវប្បធ៌មនៃអសបនៅថ្ងៃច័ន្ទ។ ស៊ិរី៖ ប្រទេស Syrieឲ្យដឹងថាខ្លួននឹងប្រកាសអំពីផែនការមួយនៅថ្ងៃពុធដែលអាចបញ្ចប់ការរំជើបរំជួលយ៉ាងប្រល័យជាច្រើនខែ នៅឯការប្រជុំរបស់សម្ព័ន្ធភាពអារ៉ាប់នៅទីក្រុងឡឺគែរ៍។ ជប៉ុន៖ ក្រុមមន្ដ្រីជប៉ុនកំពុងតែធានាជាថ្មីចំពោះសាធារណជនក្រោយពីអ្នកវិទ្យាសាស្ដ្រនៅរោងចក្រនុយក្លេអ៊ែរ Fukushima បានរកឃើញឧស្ម័នxenonដែលជាឧស្ម័នវិទ្យុសកម្មដែលអាចបង្ហាញថាមានការផ្ទុះបរមាណូដែលកំពុងតែកើតមានឡើងនៅក្នុងម៉ាស៊ីនរ៉េអាក់ទ័រមួយ។ចិន៖ ប្រទេសចិនកំពុងតែសុំឲ្យអង្គការឃ្លាំមើលនុយក្លេអ៊ែរនៃអសបធ្វើអ្វីៗច្រើនថែមទៀតដើម្បីធានាឲ្យថាមពលនុយក្លេអ៊ែរមានសុវត្ថិភាពនិងគ្មានគ្រោះថ្នាក់។ ថៃ៖ អ្នកស្រុកនៅទីក្រុង បាងកកដែលព្រួយបារម្ភនិយាយថា ទឹកជំនន់បន្ដឡើងតទៅទៀតនៅថ្ងៃពុធនេះនៅក្នុងតំបន់ខ្លះៗស្ថិតនៅភាគខាងលិចនិងខាងជើងនៅទីក្រុងបាងកកភាគកណ្ដាលនៅខាងក្រៅរបាំងដែលបានការពារភាគកណ្ដាលនៃទីក្រុងនេះមិនឲ្យលិចទឹក។ អង់គ្លេស៖ តុលាការជាន់ខ្ពស់នៃទីក្រុងឡុងដ៍ចង់ចោទសួរលោកAssange ពាក់ព័ន្ធនឹងការអះអាងអំពីការរំលោភផ្លូវភេទស្ដ្រីម្នាក់ហើយនឹងស្ដ្រីម្នាក់ទៀត។ មានសេចក្ដីរាយការណ៍ថា ករណីនៅឆ្នាំ២០១០ដែលកើតមានឡើងនៅទីក្រុងStockholm។ ចិន៖ បណ្ដាញផ្សាយព័ត៌មានរបស់រដ្ឋនៃប្រទេសចិនឲ្យដឹងថាកម្មករកសិករនិងអ្នកមានវិជ្ជាជីវ:នឹងដើរតួនាទីធំជាងមុននៅពេលដែលគណបក្សកម្មុយនិស្ដកាន់កាប់អំណាចជ្រើសរើសមេដឹកនាំជំនាន់ក្រោយនៅដំណាច់ឆ្នាំក្រោយ។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> សហរដ្ឋអាមេរិក៖ រដ្ឋមន្ដ្រីក្រសួងការបរទេសអាមេរិក ហ៊ីលឡារី គ្លីនតុន បានលុបចោលដំណើររបស់លោកស្រីនៅអាទិត្យនេះទៅទីក្រុងឡុងដ៍ និងប្រទេសតួកគី ហើយស្ថិតនៅផ្ទះដើម្បីកាន់មរណ:ទុក្ខម្ដាយរបស់លោកស្រីដែលបានទទួលអនិច្ចកម្មក្នុងអាយុ៩២ឆ្នាំ។ ចិន ៖ ក្រុមអ្នកស៊ើបអង្កេតអង្គការសិទ្ធិមនុស្សដែលអង្គការសហប្រជាជាតិបានតែងតាំងកំពុងតែអំពាវនាវឲ្យប្រទេសចិនបញ្ឈប់ការបង្ក្រាបរបស់ខ្លួនដែលកំពុងបន្ដប្រព្រឹត្ដិធ្វើទៅលើព្រះសង្ឃពុទ្ធសាសនាទីបេ នៅវត្ដអារាមនៅភាគនីរតីនៃប្រទេសចិន។ ស៊ីរី ៖ ទូរទស្សន៍ជាតិស៊ីរី ផ្សាយថាទីក្រុង Damasque បានព្រមព្រៀងចំពោះផែនការរបស់សម្ព័ន្ធភាពអារ៉ាប់ ដែលចង់បញ្ចប់ការបង្ក្រាបរបស់ខ្លួនទៅលើក្រុមអ្នកជំទាស់ដែលបះបោរប្រឆាំងរបបគ្រប់គ្រង១១ឆ្នាំរបស់លោកប្រធានាធិបតី Bashar al-Assad។ អ៊ីស្រាអែល ៖ នាយករដ្ឋមន្ដ្រី Benjamin Netanyahu នៃប្រទេស Israel បានបញ្ជាឲ្យសង់អគារដែលមានបន្ទប់ថ្មី២០០០នៅទីក្រុង Jerusalem ខាងកើត និងតំបន់ West Bank។ កែនយ៉ា ៖ ឲ្យដឹងថា ខ្លួនស៊ើបអង្កេតអំពីសេចក្ដីរាយការណ៍អំពីការមានជនស៊ីវីលដែលស្លាប់ ហើយដែលបណ្ដាលមកពីយុទ្ធនាការយោធារបស់ខ្លួននៅក្នុងប្រទេសសូម៉ាលី។ ស៊ីមបាវ៉េ៖ ស៊ីមបាវ៉េបានយល់ព្រមលក់រ៉ែពេជ្រនៅវាល Marange យ៉ាងចម្រូងចម្រាស់។ អឺរ៉ុប ៖ ផ្សារហ៊ុននៅក្នុងពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងនៅថ្ងៃអង្គារ ដោយមកពីប្រទេសអំពាវនាវឲ្យបោះប្រជាមតិស្ដីពីកិច្ចព្រមព្រៀងសម្រាលប្រាក់បំណុលអឺរ៉ុប នៅពេលដែលក្រុមមេដឹកនាំនៃទ្វីអឺរ៉ុបខ្នះខ្នែងរកមធ្យោបាយឆ្លើយតបតទៅនឹងព្រិត្ដិការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |