VOA News: ព័ត៌មាន: “រដ្ឋសភាកម្ពុជាអនុម័តច្បាប់គ្រប់គ្រងទឹកអាស៊ីដ” plus 3 more |
- រដ្ឋសភាកម្ពុជាអនុម័តច្បាប់គ្រប់គ្រងទឹកអាស៊ីដ
- មេធាវីថាអៀង ធីរិទ្ធ នឹងមិនអាចផ្តល់សក្ខីកម្មដល់សាលាក្តីខ្មែរក្រហមទេ
- ព័ត៌មានអន្តរជាតិ៖ ០៤ វិច្ឆិកា
- ដំណើរប្រគុំតន្ត្រីរបស់ក្រុម Dengue Fever ឈ្មោះ«Electric Mekong Tour»
រដ្ឋសភាកម្ពុជាអនុម័តច្បាប់គ្រប់គ្រងទឹកអាស៊ីដ Posted: 04 Nov 2011 07:30 AM PDT នៅថ្ងៃសុក្រនេះ រដ្ឋសភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់អាស៊ីដ ដ៏ពិសេសមួយសម្រាប់បើកផ្លូវឱ្យមានការព្យាបាលជនរងគ្រោះដោយការវាយប្រហារទឹកអាស៊ីដរហូតដល់ជាសះស្បើយ និងផ្តន្ទាទោសជនល្មើសវាយប្រហារទឹកអាស៊ីដឱ្យជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំ។ សមាជិករដ្ឋសភាចំនួន៨១រូប នៃសមាជិកមានវត្តមានចំនួន៨៥រូប បានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់គ្រប់គ្រងអាស៊ីដខ្លាំងនេះ ដែលមានចំនួន ២៧មាត្រា តម្រូវឱ្យមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ ឬ គ្រឹះស្ថានព្យាបាលសាធារណៈផ្សេងទៀត ត្រូវផ្តល់ការសង្គ្រោះ និងការព្យាបាលដល់ជនរងគ្រោះ ដោយអាស៊ីដខ្លាំងដោយឥតគិតថ្លៃ ហើយតម្រូវឱ្យផ្តន្ទាទោសឧក្រិដ្ឋជនវាយប្រហារទឹកអាស៊ីដឲ្យជាប់ពន្ធនាគារពី២ឆ្នាំរហូតដល់៣០ឆ្នាំ តាមកម្រិតនៃទោស។ លោក តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងសម័យប្រជុំសភាថា លោកទទួលយកសំណូមពរ និងអនុសាសន៍របស់តំណាងរាស្ត្រ មកពង្រឹងការអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាព។ លោករដ្ឋលេខាធិការ តេង សាវង្ស បានបញ្ជាក់ថា ច្បាប់គ្រប់គ្រងអាស៊ីដខ្លាំងនេះ គឺជាឧបករណ៍ច្បាប់ដ៏មានសារៈសំខាន់សម្រាប់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងអាស៊ីដខ្លាំងឱ្យមានប្រសិទ្ធភាព និងផ្តន្ទាទោសឱ្យបានតឹងរ៉ឹងចំពោះឧក្រិដ្ឋជន ដែលឆ្លៀតឱកាសប្រើប្រាស់អាស៊ីដខ្លាំងប្រឆាំងនឹងគូសត្រូវ។ «យើងនឹងខិតខំពង្រឹងការអនុវត្តច្បាប់គ្រប់គ្រងអាស៊ីដខ្លាំងឱ្យកាន់តែល្អប្រសើរ»។ លោក យឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងនៅក្នុងសម័យប្រជុំសភាថា ច្បាប់នេះនៅមានភាពចន្លោះប្រហោង ដែលជាការបើកឱកាសឱ្យមានអំពើពុករលួយនៅក្នុងតុលាការ។ ជាពិសេស ចៅក្រមមួយចំនួនដែលខ្វះសតិសម្បជញ្ញៈប្រើប្រាស់ភាពខ្វះចន្លោះប្រហោងនៃច្បាប់នេះ ដើម្បីកាត់បន្ថយទោសជាប់ពន្ធនាគាររបស់ជនឧក្រិដ្ឋវាយប្រហារទឹកអាស៊ីដ។ លោក យឹម សុវណ្ណ បានបញ្ជាក់ថា ក្នុងទោសប្បញ្ញត្តិ មាត្រាមួយចំនួនមានខ្លឹមសារសមរម្យ ដែលអាចទទួលយកបាន ប៉ុន្តែមាត្រា២០បានផ្តន្ទាទោសស្រាលពេកដល់ជនល្មើសវាយប្រហារទឹកអាស៊ីដ។ «មាត្រា២០នេះ ស្នើឯកឧត្តមមេត្តាពិចារណា យើងគួរតែដកមាត្រា២០នេះចេញ។ យើងទុកតែមាត្រា១៦ទោស ជាប់ពន្ធនាគារពី១០ឆ្នាំ ទៅ២០ឆ្នាំ ចំពោះបទទារុណកម្ម អំពើឃោរឃៅដែលប្រើអាស៊ីដខ្លាំងទៅលើបុគ្គលណាម្នាក់»។ មាត្រា២០ បានចែងថា អំពើហិង្សាដោយចេតនាទៅលើអ្នកដទៃដោយប្រើអាស៊ីដខ្លាំង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ។ លោក ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានពន្យល់នៅក្នុងសម័យប្រជុំសភាថា មាត្រា២០នេះ មិនអាចលុបចោលបានទេ ពីព្រោះច្បាប់ត្រូវចែងអំពីទោសជាប់ពន្ធនាគារនេះ តាំងពីទោសកម្រិតទាបបំផុតរហូតដល់ទោសជាប់ពន្ធនាគារកម្រិតខ្ពស់បំផុត ស្របតាមកម្រិតនៃបទល្មើស ដើម្បីទុកសិទ្ធិឱ្យចៅក្រមពិចារណា និងសម្រេចក្តីនោះ។ លោកវេជ្ជបណ្ឌិត ហង ឡៃរ៉ាប៉ូ ប្រធានផ្នែកពេទ្យ និងច្បាប់នៃអង្គការជួយសង្គ្រោះជនរងគ្រោះអាស៊ីដ បានថ្លែងយ៉ាងដូច្នេះថា៖ «យើងខ្ញុំមានការត្រេកអរចំពោះការអនុម័តច្បាប់អាស៊ីដនេះដែលជាបឋម។ ប៉ុន្តែនៅក្នុងអត្ថន័យខ្លឹមសារនៅក្នុងមាត្រា១១ មាត្រា១៣ មាត្រា១៦ មាត្រា១៩ និងមាត្រា២០ក្តី យើងឃើញមានខ្វះចន្លោះខ្លះៗ។ ប៉ុន្តែយើងព្យាយាមតស៊ូមតិសុំឱ្យមានការដាក់អត្ថន័យឱ្យពេញលេញដែរ ប៉ុន្តែខាងបច្ចេកទេសបាននិយាយថា ច្បាប់នេះអាចធ្វើបានត្រឹមប៉ុណ្ណឹង»។ លោក អ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា អាជ្ញាធរត្រូវអនុវត្តន៍ច្បាប់អាស៊ីដឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ ឬ កាត់បន្ថយបទល្មើសវាយប្រហារទឹកអាស៊ីដប្រឆាំងនឹងគូសត្រូវ ខណៈដែលប្រទេសកម្ពុជាមានជនរងគ្រោះ ដោយការជះទឹកអាស៊ីដកាន់តែច្រើនឡើង។ «យើងស្វាគមន៍នូវការណ៍ដែលសភាបានអនុម័តច្បាប់អាស៊ីដខ្លាំងព្រឹកមិញនេះ។ យើងសង្ឃឹមថា ក្រោយពីច្បាប់នេះចេញទៅ នឹងអាចមានការកាត់បន្ថយនៃការប្រើប្រាស់អាស៊ីដ ក្នុងការវាយប្រហារទៅលើជនរងគ្រោះនេះ»។ លោក សោម ប៊ុនណារិទ្ធ អាយុ៤០ឆ្នាំ រស់នៅភូមិក្បាលហុង ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ដែលបានពិការភ្នែកទាំងពីរដោយការវាយប្រហារទឹកអាស៊ីដពីភរិយារបស់លោកក្នុងរឿងស្នេហាត្រីកោណនៅដើមឆ្នាំ២០០៦នោះ បានសម្តែងនូវក្តីសប្បាយរីករាយចំពោះការអនុម័តសេចក្តីព្រាងច្បាប់អាស៊ីដនេះ ដើម្បីការពារប្រជាពលរដ្ឋកុំឱ្យរងគ្រោះដោយសារអាស៊ីដដូចរូបលោក។ លោកវេជ្ជបណ្ឌិត ហង ឡៃរ៉ាប៉ូ បានបញ្ជាក់ថា អង្គការជួយសង្គ្រោះជនរងគ្រោះអាស៊ីដបានទទួលជនរងគ្រោះដោយសារទឹកអាស៊ីដចំនួន ៣៤៥នាក់រហូតមកដល់ពេលនេះ។ លោក អ៊ំ សំអាត បានបញ្ជាក់ថា ការវាយប្រហារទឹកអាស៊ីដនៅទូទាំងប្រទេសកម្ពុជាអាចមានដល់ទៅ៤០ករណីក្នុងមួយឆ្នាំ៕ This posting includes an audio/video/photo media file: Download Now |
មេធាវីថាអៀង ធីរិទ្ធ នឹងមិនអាចផ្តល់សក្ខីកម្មដល់សាលាក្តីខ្មែរក្រហមទេ Posted: 04 Nov 2011 07:10 AM PDT សហមេធាវីកម្ពុជា លោក ផាត់ ពៅស៊ាង និងសហមេធាវីអន្ដរជាតិ លោកស្រី ដាយអាណា អេលលីស (Diana Ellis) បានរំឭកដល់អង្គជំនុំជម្រះសាលាដំបូង កាលពីថ្ងៃព្រហស្បតិ៍ថា កូនក្ដីរបស់ផងខ្លួន គឺ អៀង ធីរិទ្ធ មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមសវនាការនោះទេ ហើយព្រមទាំងនឹងមិនអាចផ្ដល់សក្ខីកម្មដល់តុលាការទៀតផង។ សេចក្ដីជូនដំណឹងនេះធ្វើឡើងពីរសប្ដាហ៍ប៉ុណ្ណោះ មុនពេលអង្គជំនុំជម្រះសាលាដំបូងនឹងចាប់ផ្ដើមបើកសវនាការពេញអង្គសេចក្ដីលើសំណុំរឿង ០០២ គឺ សំណុំរឿងដែលមានជនជាប់ចោទ អៀង ធីរិទ្ធ ខៀវ សំផន នួន ជា និងអៀង សារី។ ក្រុមគ្រូពេទ្យជំនាញធ្លាប់បានា បញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថា អៀង ធីរិទ្ធ មានជំងឺបាត់ការចងចាំ និងពិបាកនឹងចូលរួមសវនាការកាត់ទោសរូបគាត់។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួនដែលវីអូអេសំឡេងសហរដ្ឋអាមេរិកទទួលបាននៅថ្ងៃសុក្រនេះ ក្រុមមេធាវីបានរំឭកថា ខ្លួនមិនអាចទទួលបានការណែនាំពី អៀង ធីរិទ្ធ បានទេ ដោយសារតែស្ថានភាពស្មារតីរបស់គាត់ និងជាពិសេសដោយសារការចុះអន់ថយនៃការចងចាំរបស់គាត់។ ហើយដោយសារតែមូលហេតុនេះ អៀង ធីរិទ្ធ មិនអាចរៀបចំការពារខ្លួនសម្រាប់ការជំនុំជម្រះ ព្រមទាំងមិនអាចបង្ហាញករណីរបស់ខ្លួននៅចំពោះមុខអង្គជំនុំជម្រះបានឡើយ។ លោក ផាត់ ពៅស៊ាង សហមេធាវីកម្ពុជារបស់អៀង ធីរិទ្ធ មានប្រសាសន៍ថា សេចក្ដីជូនដំណឹងរបស់ក្រុមមេធាវីទៅកាន់អង្គជំនុំជម្រះសាលាដំបូង គឺជាការបញ្ជាក់ឡើងវិញពីស្ថានភាពសុខភាពនៃកូនក្ដីរបស់ខ្លួនប្រឈមទៅនឹងការកាត់ទោស។ «ចង់បញ្ជាក់ទៅអង្គជំនុំជម្រះថា កូនក្ដីខ្ញុំអត់បានយល់ដឹងអំពីអ្វី ដែលត្រូវចោទលើរូបគាត់ និងការផ្ដល់សក្ខីកម្មត្រឡប់ទៅវិញ»។ អៀង ធីរិទ្ធ អាយុ ៧៩ ឆ្នាំ ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ ក្នុងតួនាទីរបស់គាត់ជារដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម។ របបនេះបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់អស់ជិតពីរលាននាក់ចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ កាលពីថ្ងៃទី១៩ និងទី២០ ខែតុលា សាលាដំបូងបានបើកសវនាការជាលើកទីពីរ ស្ដីពីសម្បទានៃការចូលរួមសវនាការរបស់ អៀង ធីរិទ្ធ។ ប៉ុន្ដែនៅមិនទាន់មានការកំណត់ពីការប្រកាសការសម្រេចលើបញ្ហានេះនៅឡើយទេ។ ប្រសិនបើតុលាការទទួលស្គាល់ថា ជនជាប់ចោទ អៀង ធីរិទ្ធ មានបញ្ហាសុខភាព ដែលធ្វើឲ្យប៉ះពាល់ដល់ការចូលរួមក្នុងដំណើរការកាត់ទោសលើរូបគាត់នោះ តុលាការអាចនឹងសម្រេចបំបែកសំណុំរឿងរបស់គាត់ចេញពីជនជាប់ចោទបីនាក់ផ្សេងទៀត ក្នុងសំណុំរឿង០០២។ ប៉ុន្ដែនៅក្នុងពេលនេះ អៀង ធីរិទ្ធ នៅតែស្ថិតក្នុងចំណោមជនជាប់ចោទទាំងបួនសម្រាប់ការកាត់ទោសក្នុងសំណុំរឿងទីពីរនេះ។ នេះបើយោងតាមសេចក្ដីបញ្ជាក់របស់លោក ហ៊ុយ វណ្ណៈ មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម។ «ជាការប្រកាសជាផ្លូវការរបស់តុលាការសាលាដំបូងគឺថា សវនាការនេះនឹងចាប់ផ្ដើមដោយមានជនជាប់ចោទចំនួនបួនរូប ដែលក្នុងនោះរួមមានលោកស្រី អៀង ធីរិទ្ធផងដែរ»។ ទោះជាយ៉ាងនេះក្ដីលោកមេធាវី ផាត់ ពៅស៊ាង រំពឹងថា អង្គជំនុំជម្រះសាលាដំបូងនឹងធ្វើសេចក្ដីសម្រេចលើបញ្ហាសុខភាពរបស់អៀង ធីរិទ្ធ មុនការចាប់ផ្ដើមការកាត់ទោសពេញអង្គសេចក្ដី។ យោងតាមច្បាប់អន្ដរជាតិ ជនជាប់ចោទពីបទឧក្រិដ្ឋធ្ងន់ធ្ងរត្រូវមានសម្បទាគ្រប់គ្រាន់ក្នុងការចូលរួមការកាត់ទោសលើរូបខ្លួន ដើម្បីធានាពីភាពត្រឹមត្រូវនៃការកាត់សេចក្ដី៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិ៖ ០៤ វិច្ឆិកា Posted: 03 Nov 2011 06:52 PM PDT ព័ត៌មានចុងក្រោយបំផុត៖ កម្ពុជា៖ នៅថ្ងៃសុក្រនេះ អង្គការស្បៀងអាហារពិភពលោកបានអំពាវនាវសុំជំនួយម្ហូបអាហារសម្រាប់ក្រុមជនរងគ្រោះដោយសារទឹកជំនន់ក្នុងប្រទេសកម្ពុជា ដោយនិយាយថា ដោយសារអង្ករចេះតែទ្បើងថ្លៃ គ្រួសារក្រីក្របំផុតប្រឈមមុខនឹងការមានម្ហូបអាហារបរិភោគមិនគ្រប់គ្រាន់។ ហ្រ្គិក៖ លោកនាយករដ្ឋមន្ត្រីហ្គិ្រក George Papandreou ប្រឈមមុខនឹងការបោះឆ្នោតក្នុងសភាស្តីពីការទុកចិត្ត ឬមិនទុកចិត្តលោកនៅថ្ងៃសុក្រនេះ មួយថ្ងៃក្រោយពីលោកបានលុបចោលការបោះឆ្នោតប្រជាមតិចម្រូងចម្រាសមួយដែលបានធ្វើឱ្យពួកមេដឹកនាំពិភពលោកខឹងសំបារ។ ពួកមេដឹកនាំពិភពលោកទាំងនេះបានខិតខំព្យាយាមរៀបចំឱ្យមានមូលនិធីជួយសង្គ្រោះខាងហិរញ្ញវត្ថុមួយសម្រាប់ប្រទេសក្រិកដែលខ្វះប្រាក់កាស។ បារាំង៖ ពួកមេដឹកនាំពិភពលោកដែលចូលរួមក្នុងថ្ងៃទីពីរនិងជាថ្ងៃបញ្ចប់នៃសន្និសីទកំពូលសេដ្ឋកិច្ច G20 ក្នុងប្រទេសបារាំងគ្រោងនឹងផ្តោតការយកចិត្តទុកដាក់លើការធ្វើឱ្យសេដ្ឋកិច្ចសាកលមានស្ថិរភាពនៅក្រោយពេលមួយថ្ងៃដែលគ្របដណ្តប់ដោយភាគច្រើនដោយជម្លោះនយោបាយខាងក្នុងប្រទេសហ្រ្គិក ដែលបានគំរាមកំហែងជំរុញតំបន់ប្រើប្រាស់ប្រាក់អ៊ឺរ៉ូឱ្យធ្លាក់ក្នុងមហន្តរាយសេដ្ឋកិច្ច។ ស៊ិរី៖ កងកម្លាំងស៊ិរីបានសម្លាប់មនុស្សយ៉ាងតិចណាស់បីនាក់នៅក្នុងក្រុង Homs កាលពីព្រឹកថ្ងៃសុក្រនេះ នៅពេលដែលពួកមេដឹកនាំក្រុមប្រឆាំងបានអំពាវនាវឱ្យមានបាតុកម្មរបស់មហាជន ដើម្បីធ្វើការពិសោធន៍មើលការប្តេជ្ញារបស់រដ្ឋាភិបាលអំពីផែនការសន្តិភាពថ្មីមួយ។ បារាំង៖ នៅថ្ងៃសុក្រនេះគេរំពឹងថាប្រទេសបារាំងនឹងពន្យល់អំពីសេចក្តីសម្រេចចិត្តរបស់ខ្លួនក្នុងការបោះឆ្នោតអនុប្បវាទក្នុងការបោះឆ្នោតទាំងទ្បាយណាស្តីអំពីសមាជិកភាពរបស់ប៉ាទ្បេស្ទីនក្នុងអ.ស.ប.។ អ៊ីស្រាអែល៖ នាវាដែលដឹកពួកសកម្មជនលំអៀងទៅខាងប៉ាទ្បេស្ទីនដែលខិតខំព្យាយាមទំលាយការរាំងខ្ទប់តំបន់ Gaza ដោយអ៊ីស្រាអែលមានកំណត់ធ្វើដំណើរទៅដល់តំបន់នោះនៅថ្ងៃសុក្រនេះហើយនេះជាវិធានការមួយដែលអាចនាំឱ្យមានការប្រឈមមុខជាមួយអ៊ីស្រាអែល។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> បារាំង៖ មេដឹកនាំប្រទេសមានសេដ្ឋកិច្ចជឿនលឿនក្នុងពិភពលោក បានជួបប្រជុំគ្នានៅថ្ងៃព្រហស្បត៍នេះនៅទីក្រុងលំហែកាយ Cannes នៅបារាំង ដើម្បីពិភាក្សាគ្នាអំពីបញ្ហាសេដ្ឋកិច្ចពិភពលោក ដោយបានជជែកគ្នាយ៉ាងច្រើនអំពីវិបត្តិប្រាក់បំណុលរបស់ទ្វីបអឺរ៉ុប និងសំណួរ អំពីកិច្ចព្រមព្រៀងជំនួយសង្គ្រោះសម្រាប់ក្រិក។ គុយបា ៖ និយាយថា ខ្លួននឹងអនុញ្ញាតឲ្យមនុស្សអាចទិញនិងលក់ផ្ទះសម្បែងបាន ជាលើកដំបូងក្នុងពេលជាង៥០ឆ្នាំកន្លងទៅនេះ។ ក្រិក៖ នាយករដ្ឋមន្រ្តីប្រទេស ក្រិក (Greece) លោក George Papandreou មានប្រសាសន៍ថាក្រិក ត្រូវតែប្រតិបត្តិផែនការសង្គ្រោះដែលសហភាពអឺរ៉ុបបានស្នើឡើង ហើយលោកបានព្រមានថាការអំពាវនាវឲ្យមានការបោះប្រជាមតិមួយក្នុងពេលឆាប់ពេកនឹងអាចជាគ្រោះមហន្តរាយមួយ។ ស៊ីរី ៖ ពួកសកម្មជននិយាយថា កងកម្លាំងសន្តិសុខស៊ីរីបានសម្លាប់មនុស្សយ៉ាងតិច១០នាក់ កាលពីថ្ងៃព្រហស្បត៍ នៅពេលមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបានយល់ព្រមតាមផែនការមួយដែលអំពាវនាវឲ្យមានការបញ្ចប់អំពើហិង្សាទៅលើក្រុមបាតុករអ្នកប្រឆាំង។ អ៊ីរ៉ង់ ៖ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ថ្លែងថាកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ជា «ការគំរាមឥតឈប់» មួយ ហើយថាលោកនិងលោកប្រធានាធិបតីបារាំង បានយល់ស្របគ្នាលើសេចក្តីត្រូវការក្នុងការរក្សាឲ្យមាន «សម្ពាធអន្តរជាតិមួយដែលមិនធ្លាប់មានពីមុនមក»ទៅលើក្រុងតេរ៉ង់ (Tehran) ដើម្បីឲ្យគោរពតាមកាតព្វកិច្ចនុចក្លេអ៊ែររបស់ខ្លួន។ សហរដ្ឋអាមេរិក ៖ របាយការណ៍ថ្មីមួយរបស់ក្រសួងស៊ើបការណ៍អាមេរិក និយាយថាចិននិងរុស្ស៊ី កំពុងធ្វើចារកម្មតាមអ៊ិនធឺណែត ដើម្បីលួចព័ត៌មានសម្ងាត់ខាងពាណិជ្ជកម្មនិងបច្ចេកវិជ្ជារបស់សហរដ្ឋអាមេរិកដើម្បីជួយស្ថាបនាសេដ្ឋកិច្ចរបស់ខ្លួន។ នីហ្សេរីយ៉ា៖ អ្នកនាំពាក្យម្នាក់របស់កងយោធានីហ្សេរីយ៉ា និយាយថាកងកម្លាំងសន្តិសុខកំពុងធ្វើការឆែកឆេរពីផ្ទះមួយទៅផ្ទះមួយ ដើម្បីស្វែងរកគ្រឿងអាវុធខុសច្បាប់នៅក្នុងទីក្រុង Maiduguri នៅភាគខាងជើង ក្នុងគោលដៅដើម្បីបញ្ឈប់ការវាយប្រហារ របស់ជនសកម្មប្រយុទ្ធអ៊ីស្លាម៕ This posting includes an audio/video/photo media file: Download Now |
ដំណើរប្រគុំតន្ត្រីរបស់ក្រុម Dengue Fever ឈ្មោះ«Electric Mekong Tour» Posted: 04 Nov 2011 05:55 AM PDT ក្រុមតន្រ្តីDengue Feverនឹងធ្វើដំណើរទៅប្រទេសកម្ពុជានៅដើមខែវិច្ឆិកាដើម្បី សំដែងតន្ត្រី។ ក្រុមតន្រ្តីដែលមានទីតាំងនៅក្រុងLos Angelesនេះ បានប្រកាសថាក្រុមខ្លួននឹងធ្វើដំណើរទៅប្រទេសកម្ពុជា ឡាវ និងវៀតណាម ក្រោមការប្រគុំតន្ត្រីឈ្មោះ«Electric Mekong Tour»។ ការប្រគុំតន្ត្រីនេះឧបត្ថម្ភ ដោយក្រសួងការបរទេសអាមេរិកនិងស្ថានទូតអាមេរិកនៅភ្នំពេញក្នុងគោលបំណងកសាងស្ពានមេត្រីភាពរវាងសហរដ្ឋអាមេរិកនិងប្រទេសទាំងបីនៅអាស៊ីអាគ្នេយ៍តាមរយៈការចែករំលែកសិល្បៈនិងវប្បធម៌។ <!--IMAGE-LEFT--> កញ្ញា ឆោម និមល អ្នកចំរៀងប្រចាំក្រុមDengue Feverបានផ្តល់បទសម្ភាសជាមួយវីអូអេខ្មែរតាមរយៈទូរស័ព្ទ មុនពេលក្រុមតន្រ្តីរបស់នាងចេញដំណើរ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |